VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិ៖ ៣០ តុលា” plus 4 more |
- ព័ត៌មានអន្តរជាតិ៖ ៣០ តុលា
- ព័ត៌មានអន្តរជាតិ៖ ២៩ តុលា
- សាលាដំបូងរាជធានីភ្នំពេញកោះហៅមេធាវី នួន ជា ឲ្យចូលបំភ្លឺរឿងប្តឹងមន្ត្រីរដ្ឋាភិបាល
- ច្បាប់ប្រឆាំងការវាយប្រហារដោយទឹកអាស៊ីដរងការរិះគន់
- WHO៖ជំងឺគ្រុនចាញ់បានចុះខ្សោយទូទាំងពិភពលោក
Posted: 29 Oct 2011 09:56 PM PDT ស៊ែប៖ ប៉ូលីសបូស្ន៊ីនិងស៊ែបស្វែងរកបក្សពួករបស់ជនប្រដាប់អាវុធម្នាក់ដែលបានបាញ់កាំភ្លើងទៅលើស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានី Sarajevo នៅបូស្ន៊ី។ ស៊ីរី៖ ពួកអ្នកការទូតនិយាយថាកិច្ចចចារក្នុងសប្តាហ៍នេះរវាងពួកមន្ត្រីស៊ីរីនិងពួកអធិការបរមាណូអង្គការសហប្រជាជាតិជាន់ខ្ពស់មិនបានទំលាយភាពទាល់ច្រកជាបន្ទាន់ក្នុងការស៊ើបអង្កេតអំពីកន្លែងដែលជាប់សង្ស័យថាជាកន្លែងបរមាណូរបស់ស៊ីរី។ លីប៊ី៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនិយាយថាពួកអន្តរការីបានទាក់ទងជាមួយកូនប្រុសម្នាក់របស់ខ្មោចមេដឹកនាំលីប៊ីឈ្មោះ Moammar Gadhafi ដែលរត់គេចខ្លួន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការប្រគល់ខ្លួនដែលអាចឱ្យលោកប្រឈមមុខនឹងការកាត់ក្តី។ តួកគី៖ មន្ត្រីតួកគីបានបន្ទោសស្ត្រីបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់់អំពីការផ្ទុះមួយនៅ តំបន់អាគ្នេយ៍នៃប្រទេសដែលមានអ្នកស្រុកភាគច្រើនជាពួកជនអំបូរ Kurde។ ផ្នែកផ្សាយជាភាសា Kurde នៃវីអូអេសំទ្បងសហរដ្ឋអាមេរិកបានរាយការណ៍ថាការផ្ទុះនោះបានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់ហើយបានធ្វើឱ្យមនុស្ស២០នាក់ទៀតត្រូវរបួស។ អាហ្វហ្គានីស្ថាន៖ មន្ត្រីអាហ្វហ្គានីស្ថាននិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានមួយគ្រឿងបានវាយប្រហារក្បួនកុងវ័រមួយរបស់ពួកទាហានបរទេសនៅក្នុងរដ្ឋធានីកាប៊ុល បណ្តាលឱ្យទាហានអូតង់១៣នាក់ ជនស៊ីវិលអាហ្វហ្គានីស្ថានបីនាក់និងប៉ូលីសម្នាក់ស្លាប់។ ស៊ីរី៖ មនុស្សយ៉ាងតិចណាស់២០នាក់បានត្រូវសម្លាប់នៅក្នុងអំពើហិង្សានៅស៊ីរីនៅក្រោយថ្ងៃមួយក្នុងបណ្តាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតនៃការបះបោរ៧ខែមកហើយប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ អ៊ីស្រាអែល៖ ការវាយប្រហារតាមអាកាសមួយដោយអ៊ីស្រាអែលទៅលើជំរុំហ្វឹកហ្វឺនពួក Jihad អ៊ីស្លាមនៅក្នុងផ្នែកខាងត្បូងនៃតំបន់ Gaza បានបណ្តាលឱ្យជនសកម្មប្រយុទ្ធ៥នាក់ស្លាប់។ This posting includes an audio/video/photo media file: Download Now |
Posted: 29 Oct 2011 01:29 AM PDT ថៃ៖ មនុស្សរាប់ម៉ឺននាក់កំពុងចាកចេញពីរាជធានីបាងកក នៅក្នុងការប៉ុនប៉ងគេចចេញពីទឹកជំនន់ដែលកំពុងលេបត្របាក់ទីក្រុងនេះ។ អ្នកក្រុងបាងកកបានផ្តុំគ្នានៅចំណតអាកាសយាន ចំណតរទេះភ្លើង និងចំណតរថយន្តក្រុងកាលពីថ្ងៃសុក្រ ខណៈដែលពលរដ្ឋឯទៀតបានព្យាយាមរកមធ្យោបាយចាកចេញ។ មនុស្សជាច្រើនចាកចេញទៅកាន់តំបន់ខាងត្បូងដែលមានដីខ្ពស់។ ទឹកដែលបានហូរកាត់លើមាត់ទន្លេចៅប្រាយ៉ាបានព័ទ្ធជុំវិញព្រះរម្យរាជវាំង ហើយពួកមន្រ្តីមានការព្រួយបារម្មណ៍ថាកម្រិតទឹកទាំងនោះនឹងឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ ថៃ៖ នៅពេលដែលទឹកជំនន់ ឡើងខ្លាំងក្នុងប្រទេសថៃ សេដ្ឋកិច្ចរបស់ថៃកំពុងតែរលាយបាត់ដែរ។ ធនាគារថៃប្រាប់ឲ្យដឹងនៅថ្ងៃសុក្រថា ទឹកជំនន់ដែលកំពុងធ្វើឲ្យលិចក្រុងបាងកក បានធ្វើឲ្យមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ធនាគារកណ្តាលប្រាប់ឲ្យដឹងថាទឹកជំនន់កំពុងមានផលប៉ះពាល់ទាំងផលប្រយោជន៍កសិកម្មនិងឧស្សាហកម្មរបស់ថៃ។ ធនាគារបានព្យាករណ៍ថាទឹកជំនន់នឹងកាត់បន្ថយការរីកចម្រើនសេដ្ឋកិច្ចរបស់ថៃយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយការទម្លាក់ពីការរីកចម្រើនពី4,1 ភាគរយមកត្រឹម 2,6 ភាគរយ។ ជប៉ុន៖ កិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើរោងចក្រនុយក្លេអ៊ែរខូច Fukushima -Daiichi នៃប្រទេសជប៉ុនអាចចំណាយ។ ទុយនីស៊ី៖ គណបក្ស Ennahda ដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសទុយនីស៊ី បានចាប់ផ្តើមចចារជាមួយគណបក្សប្រកួតប្រជែងនានាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ មួយថ្ងៃបន្ទាប់ពីបានទទួលជ័យជំនះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសេរីលើកទីមួយរបស់ប្រទេសនោះ។ ស៊ីរី៖ ពួកសកម្មជននិយាយថា កងកម្លាំងសន្តិសុខនិងពួកអ្នកបាញ់ត្រង់ស៊ីរីបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៤នាក់ដែរកាលពីថ្ងៃសុក្រ នៅពេលដែលបាតុករបានចាប់ផ្តើមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅពាសពេញប្រទេស។ តួកគី៖ ពួកអ្នកជួយសង្គ្រោះក្នុងប្រទេសតួកគីបានទាញក្មេងប្រុសម្នាក់ចេញពីកម្ទេចបាក់បែកកាលពីថ្ងៃសុក្រ ជាង១រយម៉ោងបន្ទាប់ពីការរំជួយផែនដីដែលមានកម្លាំង 7,2 កាលពីថ្ងៃអាទិត្យបានបំផ្លាញផ្នែកភាគច្រើននៃតំបន់ភាគអាគ្នេយ៍នៃប្រទេសតួកគី។ អេត្យូពី៖ សេតវិមានប្រាប់ឲ្យដឹងថាសហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) នៅក្នុងប្រទេសអេត្យូពីហើយថាយន្តហោះគ្មានមនុស្សបើក បានស្ថិតនៅទីនោះដើម្បីបំពេញបេសកម្មហោះស៊ើបយកការណ៍ មិនមែនវាយប្រហារទេ។ កែនយ៉ា៖ បុរសកែនយ៉ាម្នាក់ដែលបានសារភាពមានទោសពីការវាយប្រហារគ្រាប់បែកដៃនៅដើមសប្តាហ៍នេះក្នុងទីក្រុងណៃរ៉ូប៊ីបានត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិត នៅខណៈពេលដែលពួកបះបោរសូម៉ាលី al – Shabab បន្តគម្រាមកំហែងនៅពាសពេញប្រទេស Kenya នៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់កែនយ៉ាចូលក្នុងប្រទេសសូម៉ាលី។ This posting includes an audio/video/photo media file: Download Now |
សាលាដំបូងរាជធានីភ្នំពេញកោះហៅមេធាវី នួន ជា ឲ្យចូលបំភ្លឺរឿងប្តឹងមន្ត្រីរដ្ឋាភិបាល Posted: 28 Oct 2011 11:34 AM PDT តុលាការសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅក្រុមមេធាវីការពារក្ដីនួន ជា ឲ្យចូលបំភ្លឺនិងប្រគល់ភស្ដុតាង នៅសប្ដាហ៍ក្រោយនេះ ទាក់ទងទៅនឹងបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ពីការជ្រៀតជ្រែកផ្នែកនយោបាយលើដំណើរការសាលាក្ដីខ្មែរក្រហម។ នៅក្នុងលិខិតកោះ ដែលវីអូអេសម្លេងសហរដ្ឋអាមរិកទទួលបានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកព្រះរាជអាជ្ញារងសុខ រឿនបានហៅឲ្យលោកមេធាវី ម៉ាយឃើល ផេសម៉េន (Michael Pestman)ចូលខ្លួននៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីសាកសួរ រីឯលោកអេនឌ្រូ អ៊ាននូហ្ស៊ី (Andrew Ianuzzi) ទីប្រឹក្សាច្បាប់នៃមេធាវីការពារនួន ជា ត្រូវកោះហៅឲ្យចូលខ្លួននៅថ្ងៃបន្ទាប់។ លោកសុខ រឿនក៏បានបង្គាប់ឲ្យក្រុមការពារក្ដីរបស់អតីតប្រធានសភាខ្មែរក្រហមនេះដាក់ភស្ដុតាងសម្រាប់គាំទ្របណ្ដឹងរបស់ខ្លួនផងដែរ។ កាលពីថ្ងៃច័ន្ទ មេធាវីអន្ដរជាតិរបស់លោកនួនជាបានដាក់បណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងទៅនឹងលោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន និងលោកជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន លោកហោ ណាំហុង រដ្ឋមន្រ្ដីការបរទេស លោកគាត ឈុន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគង់ សំអុល រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង លោកអ៊ុក ប៊ុនឈឿន និងលោកស៊ីម កា សមាជិកព្រឹទ្ធសភា លោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានខៀវ កាញារិទ្ធ និងលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្នុងបណ្ដឹងនោះ ក្រុមមេធាវីការពារបានសំអាងថា លោកប្រមុខរដ្ឋាភិបាល និងមេដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់វិស័យយុតិ្តធម៌ ដោយបានធ្វើសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់គ្នាប្រឆាំងនឹងសំណុំរឿង០០៣ និង០០៤ ដែលបង្កឲ្យមានភាពចម្រូងចម្រាស់រវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិ។ លោកអាន់ឌ្រូ អ៊ាននូហ្ស៊ី មិនធ្វើអត្ថាធិប្បាយលើដីការកោះហៅនោះទេ។ «យើងមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្ដែយើងនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ»។ លោកហោ ណាំហុង ដែលមានឈ្មោះក្នុងបណ្ដឹងរបស់ក្រុមមេធាវីការពារ នួន ជា មានប្រសាសន៍ទៅកាន់អ្នកកាសែតកាលពីថ្ងៃអង្គារថា បណ្ដឹងប្រឆាំងរូបលោកគឺជាការលេងសើច។ «គឺជាការកំប្លែង ដែលមិនសមនឹងយើងឆ្លើយតបទេ»។ លោកកែវ រ៉េមី រដ្ឋលេខាធិការ និងប្រធានក្រុមអ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សប្រចាំទីស្ដីការគណៈរដ្ឋមន្ដ្រី មានប្រសាសន៍កាលពីសប្ដាហ៍មុនថា បណ្ដឹងរបស់ក្រុមការពារក្ដីនួន ជា គឺជាការឆ្លៀតឱកាសដើម្បីបង្វែរដំណើរការកាត់ក្ដីសំណុំរឿង០០២ខាងមុខ។ ការកាត់ទោសនេះគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី២១ខែវិច្ឆិកា។ ប៉ុន្ដែក្រុមមេធាវីរបស់នួន ជា ស្នើសុំពន្យារពេលការកាត់ទោសនោះ ប៉ុន្តែអង្គជំនុំជម្រះសាលាដំបូង នៅល្ងាចថ្ងៃសុក្រនេះ បានច្រានចោល ដោយជំរាបថា សំណើនោះគ្មានមូលដ្ឋានទៅរួចទេ៕ This posting includes an audio/video/photo media file: Download Now |
ច្បាប់ប្រឆាំងការវាយប្រហារដោយទឹកអាស៊ីដរងការរិះគន់ Posted: 28 Oct 2011 11:30 AM PDT អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងបានសម្តែងការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់អាស៊ីដ ដែលចែងអំពីការព្យាបាលបឋមដល់ជនរងគ្រោះដោយសារអាស៊ីដ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សគ្រប់គ្រងអំណាច បានពន្យល់ថា ការព្យាបាលបឋមមានន័យថា ត្រូវព្យាបាលភ្លាមៗនៅតាមមណ្ឌលសុខភាព ហើយបន្ទាប់មកជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលយូរអង្វែង។ ដោយសម្តែងការចង់បានច្បាប់អាស៊ីដដ៏ល្អមួយសម្រាប់អនុវត្តន៍ បន្ទាប់ពីមានការវាយប្រហារដោយទឹកអាស៊ីដកើតឡើងជាច្រើនករណីនៅក្នុងប្រទេសកម្ពុជា អង្គការសង្គមស៊ីវិលនិងតំណាងរាស្ត្រគណបក្សប្រឆាំងបានទទូចថា មាត្រាចំនួន២១គួរត្រូវកែសម្រួល ហើយចែងឱ្យបានច្បាស់លាស់អំពីការសង្គ្រោះ សេវាកម្មព្យាបាល និងការចំណាយជាដើម។ សេចក្តីព្រាងច្បាប់អាស៊ីដខ្លាំងនេះមានមាត្រាចំនួន២៧។ មាត្រា១១ និងមាត្រា១៤ដល់មាត្រា២៤គឺជាមាត្រាដែលធ្វើឱ្យមានកង្វល់ចំពោះភាពមិនពេញលេញ និងភាពមិនច្បាស់លាស់។ មាត្រា១១បានចែងថា មណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬគ្រឹះស្ថានព្យាបាលសាធារណៈផ្សេងទៀតត្រូវផ្តល់ការសង្គ្រោះ និងការព្យាបាលបឋមដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ។ <!--AV--> ការវិភាគលើមាត្រា១១នៃសេចក្តីព្រាងច្បាប់អាស៊ីដនេះបានបង្ហាញពីក្តីព្រួយបារម្ភចំពោះការព្យាបាលបណ្តោះអាសន្នរបស់មន្ទីរពេទ្យរដ្ឋដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ ហើយបន្ទាប់មក ជនរងគ្រោះដោយសារអាស៊ីតខ្លាំងនឹងត្រូវព្យាបាលដោយការចំណាយផ្ទាល់ខ្លួន ដែលមានតម្លៃខ្ពស់។ លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូ ប្រធានផ្នែកពេទ្យ និងច្បាប់នៃអង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដ បានថ្លែងកាលពីថ្ងៃពុធថា មាត្រា១១នេះគួរតែកែសម្រួលពីការព្យាបាលបឋមទៅជាការផ្តល់សេវាព្យាបាលដល់ជនរងគ្រោះដោយសារអាស៊ីដជាអាទិភាព និងជាអចិន្ត្រៃយ៍ និងដោយឥតគិតថ្លៃ។ «រដ្ឋត្រូវផ្តល់សេវាការព្យាបាលដល់ជនរងគ្រោះដោយសារអាស៊ីដ មិនមែនបឋមទេ។ សូមឱ្យផ្តល់សេវាព្យាបាលជាអាទិភាព និងជាអចិន្ត្រៃយ៍តែម្តងដល់ជនរងគ្រោះដោយសារអាស៊ីដ ដោយឥតគិតថ្លៃ ពីព្រោះគាត់ត្រូវព្យាបាលអស់មួយជីវិត។ ជនរងគ្រោះមិនមែនវះកាត់ម្តងជាទេ។ ក្នុងមួយ ឬពីរខែ ជនរងគ្រោះត្រូវធ្វើការវះកាត់ម្តង»។ <!--IMAGE-RIGHT--> លោកស្រីមូរ សុខហ៊ួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានបញ្ជាក់ថាការព្យាបាលជនរងគ្រោះដោយសារទឹកអាស៊ីដនេះត្រូវការអន្តរាគន៍របស់រដ្ឋ ជាបន្ទាន់ និងត្រូវប្រើពេលវេលាយូរ រហូតទៅដល់មួយជីវិតទៅទៀត ហើយថែមទាំងតម្រូវឱ្យមានថវិកាជាតិមួយសម្រាប់ជួយការព្យាបាលនេះ។ «មន្ទីរពេទ្យរដ្ឋ ឬគ្រឹះស្ថានព្យាបាលសាធារណៈត្រូវព្យាបាលជនរងគ្រោះដោយសារទឹកអាស៊ីដ ជាបន្ទាន់ភ្លាម និងរហូតដល់មួយជីវិត ហើយត្រូវតែមានថវិកាជាតិសម្រាប់ឱ្យមានការព្យាបាលនេះ ធានាមួយជីវិតដោយឥតគិតថ្លៃ។ ស្លាកស្នាមនោះ ដែលមានស្លាកស្នាមផ្លូវកាយ និងផ្លូវចិត្ត អារម្មណ៍ ត្រូវការនូវការព្យាបាលរហូត។ ដូច្នេះត្រូវតែមានថវិកាជាតិមួយដោយឡែកសម្រាប់ឆ្លើយតបនឹងរបួសទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍»។ លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា រដ្ឋត្រូវបណ្តុះបណ្តាលផ្នែកពេទ្យជំនាញទាក់ទងនឹងការព្យាបាលជនរងគ្រោះដោយសារអាស៊ីដនេះ ឱ្យមានប្រសិទ្ធិភាព ជាពិសេសនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា។ «អ្នករងគ្រោះដោយសារទឹកអាស៊ីដនេះអាចទទួលការព្យាបាលដោយឥតគិតថ្លៃរហូត នៅពេលដែលជម្ងឺរបស់គាត់មិនទាន់ជាស្បះស្បើយ»។ លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានញ្ជាក់ថា ការវះកាត់ម្តងមានតម្លៃជាង១០០០ដុល្លារអាមេរិក ហើយជនរងគ្រោះខ្លះមានការវះកាត់ដល់ទៅ២០ដង ដែលនៅតែមិនទាន់ជាទេ។ លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានថ្លែងថា គណៈកម្មការធ្វើកោសល្យវិច័យគួររួមមានគ្រូពេទ្យជំនាញខាងកោសល្យវិច័យអមតុលាការ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម។ «គេត្រូវធ្វើកោសល្យវិច័យសម្រាប់ជនរងគ្រោះដើម្បីផ្តល់ភស្តុតាងឱ្យតុលាការដោយឥតគិតថ្លៃ ផ្តល់មេធាវីជូនជនរងគ្រោះដោយសារអាស៊ីដដោយឥតគិតថ្លៃ។ តុលាការគួរលើកយកសំណុំរឿងរបស់ជនរងគ្រោះដោយសារអាស៊ីដមកធ្វើការវិនិច្ឆ័យជាអាទិភាព កុំកប់ចោលសំណុំរឿងរហូតដល់ពីរឆ្នាំ ហើយជនល្មើសមានឱកាសគេចខ្លួនបាត់»។ លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានបកស្រាយមាត្រា១១នេះ ផ្ទុយពីការយល់ឃើញរបស់អង្គការសង្គមស៊ីវិលនិងតំណាងរាស្ត្រគណបក្សប្រឆាំង យ៉ាងដូច្នេះថា៖ «ខ្លឹមសារនៃច្បាប់នេះគ្រាន់តែចែងថា ការសង្គ្រោះ និងការព្យាបាលបឋម ដាក់ថ្នាំកុំឱ្យស្រែក ឈឺចុកចាប់ ឈឺផ្សាខ្លាំងពេក ពីព្រោះមន្ទីរពេទ្យបង្អែកមិនអាចមានឧបករណ៍ពេទ្យ ឬថ្នាំពេទ្យគ្រប់គ្រាន់ទេ។ ក្រោយពីការព្យាបាលបឋមហើយ គេត្រូវបញ្ជូនជនរងគ្រោះដោយសារអាស៊ីដទៅមន្ទីរពេទ្យនៅភ្នំពេញ ឬមន្ទីរពេទ្យខេត្ត ដែលមានបរិក្ខាពេទ្យ ឬ ឧបករណ៍ពេទ្យ ថ្នាំពេទ្យ គ្រូពេទ្យជំនាញ និងមធ្យោបាយ ដើម្បីបន្តព្យាបាលជួយជនរងគ្រោះដោយសារអាស៊ីដ យូរអង្វែងទៅទៀត»។ ក្រៅពីការប្រើប្រាស់កាំភ្លើងបាញ់ប្រហារតារាចម្រៀង ដូចជានាងពិសិដ្ឋ ពីលីកា ទូច ស្រីនិច ពៅ បញ្ញាពេជ្រនៅចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០០៧ ប្រទេសកម្ពុជាត្រូវបានគេសង្កេតឃើញថា មានកំណើននៃការវាយប្រហារទឹកអាស៊ីដ ដោយចាប់ផ្តើមកើតឡើងខ្លាំងចាប់ពីឆ្នាំ២០០៦រហូតមក ជាពិសេសពាក់ព័ន្ធនឹងការប្រច័ណ្ឌ ឬស្នេហាត្រីកោណ។ ជនរងគ្រោះដោយការវាយប្រហារដោយទឹកអាស៊ីដមួយរូបក្នុងចំណោមជាច្រើនរូបគឺលោកសោម ប៊ុនណារិទ្ធ អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិសាត់ បានថ្លែងប្រាប់ VOAថា លោកមានការសប្បាយចិត្តចំពោះសេចក្តីព្រាងច្បាប់អាស៊ីដនេះ ដើម្បីការពារប្រជាពលរដ្ឋផ្សេងទៀតកុំឱ្យរងគ្រោះដោយសារអាស៊ីដ ដូចរូបលោក។ លោកបានពិការភ្នែកទាំងពីរដោយសារការវាយប្រហារទឹកអាស៊ីដពីសំណាក់ភរិយារបស់លោកក្នុងរឿងស្នេហាត្រីកោណ នៅដើមឆ្នាំ២០០៦។លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ច្បាប់មានទោសទណ្ឌខ្លាំង អាចគំរាមទៅដល់ជនល្មើស ដែលប៉ុនប៉ងជះទឹកអាស៊ីដទៅលើគេហ្នឹង ធ្វើឲ្យមានការភ័យខ្លាច មិនហ៊ានធ្វើការជះទឹកអាស៊ីដ។ វាកាត់បន្ថយនូវអំពើហិង្សាដោយការជះទឹកអាស៊ីដបាន។ យើងអាចរួចផុតពីអំពើហិង្សាដោយសារអាស៊ីដ។ អញ្ចឹងខ្ញុំចង់ឱ្យមានការដាក់ទោសឱ្យបានធ្ងន់ចំពោះជនល្មើសដែលជះទឹកអាស៊ីដ។ អញ្ចឹងវាជាការព្រមានមួយដល់ជនល្មើសដែលមានការប៉ុនប៉ងចង់ជះទឹកអាស៊ីដ»។ លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានបញ្ជាក់ថា អង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដបានទទួលជនរងគ្រោះដោយសារទឹកអាស៊ីដចំនួន៣៤៥នាក់រហូតមកដល់ពេលនេះ។ លោកអំ សំអាតបានបញ្ជាក់ថា ការវាយប្រហារដោយទឹកអាស៊ីដនៅទូទាំងប្រទេសកម្ពុជាអាចមានដល់ទៅ៤០ករណីក្នុងមួយឆ្នាំ។ រដ្ឋសភាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដខ្លាំងនេះនៅសប្តាហ៍ក្រោយ។ ស្របពេលជាមួយគ្នានេះ អង្គការសង្គមស៊ីវិល និងតំណាងរាស្ត្រគណបក្សប្រឆាំង បានទាមទារថា ការផ្តន្ទាទោសជននៅពីក្រោយការវាយប្រហារដោយទឹកអាស៊ីដ ត្រូវដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់អាស៊ីដនេះ។ មាត្រាចំនួន១០នៃមាត្រាសរុប២៧បានចែងពីទោសបញ្ញត្តិ ការដាក់ទោសក្នុងពន្ធនាគារពី២ឆ្នាំទៅដល់២០ឆ្នាំចំពោះជនដែលប្រព្រឹត្តបទល្មើសផ្ទាល់ តែមិនបានចែងពីការផ្តន្ទាទោសចំពោះអ្នកផ្តើមគំនិត និងអ្នកផ្សំគំនិតទេ។ ការទុកចន្លោះប្រហោងផ្លូវច្បាប់លើមាត្រានៃទោសបញ្ញត្តិទាំងនេះ បានបង្ហាញពីការខ្វះចន្លោះ និងត្រូវបានគេចាត់ទុកថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដនេះ មិនអាចលុបបំបាត់ ឬកាត់បន្ថយដោយប្រសិទ្ធិភាពនូវបទល្មើសនៃការវាយប្រហារដោយជះទឹកអាស៊ីដនោះទេ។ លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានទទួលស្គាល់ថា ច្បាប់នេះអាចកាត់បន្ថយការប្រីប្រាស់ទឹកអាស៊ីដប្រឆាំងនឹងគូសត្រូវ។ ប៉ុន្តែវានៅមានការខ្វះចន្លោះទាក់ទងនឹងការដាក់ទោសទណ្ឌ។ «ពីមាត្រា១៤ដល់មាត្រា២៤មានការចែងអំពីទោសទណ្ឌទៅលើតែអ្នកដែលប្រព្រឹត្ត។ ចំពោះអ្នកផ្តើមគំនិត អ្នកផ្សំគំនិត និងសហចារី យើងអត់ឃើញមានចែងអំពីការដាក់ទោសទណ្ឌនៅក្នុងនេះទេ។ អញ្ចឹងយើងឃើញថា វានៅមានការខ្វះចន្លោះ។ អញ្ចឹង បើច្បាប់នេះចេញទៅ យើងឃើញថា មានតែអ្នកប្រព្រឹត្តទេដែលត្រូវទទួលទោស។ ចំណែកអ្នកផ្តើមគំនិត អ្នកផ្សំគំនិត និងសហចារីគ្មានទោសទេ។ យើងសូមទទូចដល់រដ្ឋសភាសុំឱ្យលោកពិនិត្យពិចារណាទៅលើជំពូកទោសបញ្ញត្តិនេះ ហើយសូមឱ្យមានការបញ្ចូលនៃការដាក់ទោសទណ្ឌឲ្យអ្នកផ្តើមគំនិត អ្នកផ្សំគំនិត និងសហចារីមានទោសដូចអ្នកដែលបានប្រព្រឹត្តនោះ»។ លោកស្រីមួរ សុខហ៊ួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី មិនបានយល់ស្របនឹងមាត្រាក្នុងទោសបញ្ញត្តិនៃសេចក្តីព្រាងច្បាប់អាស៊ីដនេះទេ ព្រោះវាផ្តន្ទាទោសតែជនល្មើសប្រព្រឹត្តផ្ទាល់ដៃប៉ុណ្ណោះ។ ប៉ុន្តែមិនបានផ្តន្ទាទោសអ្នកផ្សំគំនិត និងអ្នកផ្តួចផ្តើមគំនិតទេ។ លោកស្រី មួរ សុខហ៊ួរបានបញ្ជាក់ថា តុលាការពិសេសមួយសម្រាប់កាត់ទោសករណីជនល្មើសវាយប្រហារដោយជះទឹកអាស៊ីដនេះគួរតែត្រូវបានបង្កើតឡើង។ លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលមិនយល់ស្របនឹងមាត្រា២០ បានថ្លែងថា អំពើហិង្សាដោយចេតនាទៅលើអ្នកដទៃ ដោយប្រើអាស៊ីដខ្លាំង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។ «បើច្បាប់នេះចេញទៅនោះ ករណីវាយប្រហារដោយទឹកអាស៊ីដមុនៗមកនោះ មានការជះទឹកអាស៊ីដដល់ស្ត្រីជាច្រើននៅក្នុងប្រទេសកម្ពុជា ត្រូវរួចខ្លួនជាផ្លូវការ ហើយការប្រើប្រាស់ច្បាប់ថ្មីនេះ ហាក់ដូចជានាំដល់ការផ្តល់និទណ្ឌភាពស្របច្បាប់តែប៉ុណ្ណោះ»។ លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានថ្លែងថា ជនល្មើសវាយប្រហារដោយជះទឹកអាស៊ីដ និងអ្នកនៅពីក្រោយខ្នង ត្រូវទទួលទោសតាមច្បាប់ដូចគ្នា បើទោះបីជាសេចក្តីព្រាងច្បាប់អាស៊ីដនេះ មិនបានចែងអំពីអ្នកនៅក្រោយនៃការវាយប្រហារដោយជះទឹកអាស៊ីដក៏ដោយ។ «យើងមិនចាំបាច់ចែងនៅក្នុងសេចក្តីព្រាងច្បាប់អាស៊ីដទៀតទេ។ ជំពូកទីបីនៃរដ្ឋធម្មនុញ្ញបានចែងថា អ្នកដៃដល់ អ្នកឃុបឃិត អ្នកផ្សំគំនិតត្រូវមានទោសដូចគ្នា។ អ្នកដែលឃុបឃិតក្នុងបទឧក្រិដ្ឋត្រួវទទួលបទឧក្រិដ្ឋ។ អ្នកដែលឃុបឃិតក្នុងបទមជ្ឈឹម ត្រូវទទួលទោសបទមជ្ឈឹម។ <!--IMAGE-LEFT--> ជនរងគ្រោះជាច្រើន ដូចជាតួសម្តែងនាងតាត ម៉ារីណា និងម្តាយមីងរបស់នាងអ៊ិន សូលីដា អតីតបវរកញ្ញាទេសចរណ៍ បានរងការវាយប្រហារដោយទឹកអាស៊ីដ ពីភរិយាមន្ត្រីជាន់ខ្ពស់នៅទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ និងអតីតមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថម្នាក់។ ជនរងគ្រោះដោយការវាយប្រហារដោយជះទឹកអាស៊ីដផ្សេងទៀតគឺនាង គីម ឡេង។ កំណើននៃការវាយប្រហារទឹកអាស៊ីដនេះត្រូវក្រុមមន្ត្រីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងជនរងគ្រោះបញ្ជាក់ថា គេត្រូវមានច្បាប់ដ៏ល្អមួយសម្រាប់ដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរដល់ជនដៃដល់ និងអ្នកពាក់ព័ន្ធនឹងការវាយប្រហារដោយទឹកអាស៊ីដ។ អ្នកស្រី គីម ឡេង អាយុ២៧ឆ្នាំ រស់នៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បាននិយាយថា អ្នកស្រីបានរលាកទឹកអាស៊ីដនៅដៃស្តាំ ក ដើមទ្រូង ភ្លៅ ដោយសារការវាយប្រហារដោយទឹកអាស៊ីដ ពីគូដណ្តឹងនៅក្នុងខែកក្កដា ឆ្នាំ២០១១នេះ បន្ទាប់ពីបានផ្តាច់ពាក្យ។ នាងគីម ឡេងបានបញ្ជាក់ថា នាងចង់ឱ្យមានការកាត់ទោសជនល្មើសវាយប្រហារដោយទឹកអាស៊ីដ ប៉ុន្តែច្បាប់នោះមិនត្រូវដាក់ទោសស្រាលដល់ជនល្មើសបែបនេះទេ។ «បើសិនជាចាប់វាបាន ខ្ញុំចង់ឱ្យដាក់ទោសវាអស់មួយជីវិតតែម្តង ពីព្រោះវាជាមនុស្សសាហាវឃោរឃៅ។ បើតាមចិត្តខ្ញុំ ខ្ញុំចង់ចាប់ជនល្មើសវាយប្រហារដោយទឹកអាស៊ីដដាក់ទោសចាប់ពី៣០ឆ្នាំឡើងទៅ»។ លោកវេជ្ជបណ្ឌិតហង ឡៃរ៉ាប៉ូបានបញ្ជាក់ថា អង្គការជួយសង្គ្រោះជនរងគ្រោះដោយអាស៊ីដនេះបានទទួលព្យាបាលជនរងគ្រោះដោយសារទឹកអាស៊ីដចំនួន៣៤៥នាក់ រហូតមកដល់ពេលនេះ។ រដ្ឋសភាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដខ្លាំងនេះនៅសប្តាហ៍ក្រោយ៕ This posting includes an audio/video/photo media file: Download Now |
WHO៖ជំងឺគ្រុនចាញ់បានចុះខ្សោយទូទាំងពិភពលោក Posted: 28 Oct 2011 12:20 PM PDT អង្គការសុខភាពពិភពលោក WHO បានរកឃើញថា មានប្រទេសចំនួនមួយភាគបីក្នុងចំណោមប្រទេសចំនួន១០៨ក្នុងពិភពលោក មានអាត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះជាង២០ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែមន្រ្តីជំនាញខ្មែរបានអះអាងថា អត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជាមានការថយចុះជាង៥៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នានេះ។ យោងតាមគេហទំព័ររបស់វិទ្យុ BBC ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ប្រទេសទាំងនោះកំពុងតែលុបបំបាត់ជំងឺគ្រុនចាញ់នេះ ហើយក្រុមអ្នកជំនាញផ្នែកសុខាភិបាលអះអាងថា ប្រសិនបើអត្រាស្លាប់នៅតែបន្ដធ្លាក់ចុះនោះ គេនឹងអាចជួយសង្រ្គោះជីវិតមនុស្សបានចំនួនបីលាននាក់ក្នុងពិភពលោក នៅត្រឹមឆ្នាំ២០១៥។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត ស្ទីវិន ប៊ីយ៉កហ្គី (Steven Bjorge ) ទទួលបន្ទុកផ្នែកជំងឺគ្រុនចាញ់ និងជំងឺគ្រុមឈាមរបស់អង្គការសុខភាពពិភពលោក (WHO) មានប្រសាសន៍ថា របាយការណ៍ខាងលើនោះមិនរាប់បញ្ចូលប្រទេសកម្ពុជាទេ ដោយសារតែប្រទេសកម្ពុជាមានអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ចំនួនតិចតួច។ «នៅប្រទេសកម្ពុជាមានចំនួនអ្នកជំងឺគ្រុនចាញ់ត្រឹមតែជិត២០០ករណីតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ បច្ចុប្បន្នមានការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់នៅប៉ែកខាងលិចនៃប្រទេសកម្ពុជា។ យើងសង្ឃឹមថា អត្រាស្លាប់នៅតែបន្ដធ្លាក់ចុះទៀត។ បើទោះជាមិនមែនជាការធ្លាក់ចុះដោយគំហុក ក៏អត្រាមរណៈនេះមានកម្រិតទាបមែនទែនក្នុងរយៈពេលប្រាំទៅដប់ឆ្នាំទៀត»។ យោងតាមតួលេខរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងថា កាលពីឆ្នាំ២០០០ ប្រទេសកម្ពុជាមានអ្នកជំងឺគ្រុនចាញ់ចំនួន ១២៩១៦៧នាក់ ហើយអាត្រានេះមានការធ្លាក់ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១០មានចំនួន៥៦២១៧នាក់។ លោកវេជ្ជបណ្ឌិតច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិក ក្រោយពីសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះស្តីពីយុទ្ធនាការបែងចែកមុងការពារនេះថា រយៈពេល១០ឆ្នាំចុងក្រោយនេះ អត្រាជំងឺគ្រុនចាញ់មានការធ្លាក់ចុះប្រមាណជា៥៦,៥ភាគរយ។ «ចំណុចសំខាន់គឺប្រជាជនយល់អំពីមូលហេតុនៃជំងឺគ្រុនចាញ់ ហើយចំពោះការព្យាបាលគឺយើងណែនាំគាត់ឲ្យទៅរកកន្លែងព្យាបាលត្រឹមត្រូវ ដូចជាមណ្ឌលសុខភាព។ យើងប្រើប្រាស់ប្រព័ន្ធអប់រំសុខភាពផ្សាយតាមវិទ្យុ ទូរទស្សន៍ ហើយនៅសហគមន៍ យើងមានមន្រ្តីនៅតាមភូមិ ឃុំ។ យើងពន្យល់ផ្ទាល់មាត់ទៀត ហើយនៅទីសាធារណៈ យើងតាំងផ្ទាំងផ្សព្វផ្សាយសម្រាប់អប់រំ»។ ជាមួយគ្នានោះដែរ លោកឃាង សូយទី ប្រធានកម្មវីធីជំងឺគ្រុនចាញ់របស់អង្គការសកលវិទ្យាល័យសហប្រតិបត្តិការណ៍ និងសិក្សាស្រាវជ្រាវ URCបានយល់ស្របពីអត្រាធ្លាក់ចុះនៃជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ដូចលោកវេជ្ជបណ្ឌិត ច ម៉េងចួដែរ ដោយលើកឡើងថា អត្រាអ្នកស្លាប់ក៏មានការថយចុះគួរឲ្យកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ២០០០មានអ្នកស្លាប់ចំនួន៦០៨នាក់។ លោកឃាង សូយទីបញ្ជាក់ថា នៅឆ្នាំ២០១០មានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់ត្រឹមតែ១៣៥នាក់ប៉ុណ្ណោះ ហើយនៅ៦ខែដើមឆ្នាំ២០១១នេះមានអ្នកស្លាប់៣៥នាក់។ «ខ្ញុំគិតថា ជាជោគជ័យមួយនៅក្នុងការប្រឹងប្រែងទាំងអស់គ្នា ក៏ប៉ុន្តែតួលេខនេះវានៅខ្ពស់ដដែលទេ។ ចុះមែន ក៏ប៉ុន្តែចុះនោះនៅកម្រិតមួយដែលថាយើងត្រូវចូលរួមទាំងអស់គ្នាគឺវានៅខ្ពស់ដដែលទេ។ ហើយទន្ទឹមពេលនេះ យើងត្រូវមានការប្រុងប្រយ័ត្នពីរឿងការស៊ាំថ្នាំដែលអាចកើតឡើងជាយថាហេតុនៅក្នុងប្រទេសរបស់យើង»។ លោកវេជ្ជបណ្ឌិតច ម៉េងចួបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណជា១៣១លានដុល្លារអាមេរិកសម្រាប់ធ្វើការទប់ស្កាត់ទៅលើជំងឺគ្រុនចាញ់។ នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងដែរថា ប្រទេសកម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅឆ្នាំ២០២៥។ ជំងឺគ្រុនចាញ់គឺជាជំងឺដ៏ប្រល័យមួយនៅទូទាំងពិភពលោក ជាពិសេសនៅទ្វីបអាហ្វ្រិក។ នៅឆ្នាំ២០០៩ ក្នុងពិភពលោកមានអ្នកស្លាប់ដោយសារជំងឺនេះចំនួនជាង៧៨ម៉ឺននាក់។ ជំងឺគ្រុនចាញ់ភាគច្រើនកើតនៅរដូវភ្លៀង ពោលគឺចន្លោះពីខែឧសភាដល់ខែឆ្នូ។ ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ប្រឈមនឹងជំងឺនេះ គួរតែស្ថិតនៅក្នុងមុងនៅចន្លោះម៉ោង៦ល្ងាចទៅដល់ម៉ោង៦ព្រឹក ពីព្រោះជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារមូសដែកគោលញីខាំ ហើយមូសនេះភាគច្រើនខាំនៅចន្លោះពីម៉ោង៦ល្ងាចទៅដល់ម៉ោង៦ព្រឹក។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងថា អ្នកដែលមានជំងឺគ្រុនចាញ់ភាគច្រើនគឺចន្លោះអាយុពី១៥ឆ្នាំទៅ៤៩ឆ្នាំ ហើយខេត្តដែលមានអាត្រាអ្នកកើតជំងឺគ្រុនចាញ់ខ្ពស់គឺខេត្តក្រចេះ ឧត្តរមានជ័យ សៀមរាប និងខេត្តរតនគីរី៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |