VOA News: ព័ត៌មាន: “ស្ត្រី​កម្ពុជា​បម្រើការ​នៅ​ម៉ាឡេស៊ី ​ត្រូវរង​នូវ​ការ​កេងប្រវ័ញ្ច ​រំលោភ​បំពាន” plus 5 more

VOA News: ព័ត៌មាន: “ស្ត្រី​កម្ពុជា​បម្រើការ​នៅ​ម៉ាឡេស៊ី ​ត្រូវរង​នូវ​ការ​កេងប្រវ័ញ្ច ​រំលោភ​បំពាន” plus 5 more


ស្ត្រី​កម្ពុជា​បម្រើការ​នៅ​ម៉ាឡេស៊ី ​ត្រូវរង​នូវ​ការ​កេងប្រវ័ញ្ច ​រំលោភ​បំពាន

Posted: 01 Nov 2011 11:30 AM PDT

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ HRW​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ត្រី​កម្ពុជា​បម្រើ​ការ​តាម​ផ្ទះ​រាប់​ពាន់​នាក់​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​ទទួល​រង​នូវ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ការ​ធ្វើ​ទារុណកម្ម​ ការរំលោភ​បំពាន​សិទ្ធិ​ការងារ​ និង​ការ​រំលោភ​ផ្លូវ​ភេទ​ពី​ថៅកែ​របស់​ខ្លួន។

លោក ​James Ross ​នាយក​ផ្នែក​កិច្ចការ​ច្បាប់ ​និង​គោល​នយោបាយ​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ HRW ​ដែល​មាន​មូលដ្ឋាន​ក្នុង​បូរី​ញូយ៉ក ​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា​​យ៉ាង​ដូច្នេះ​ថា «ថ្ងៃ​នេះ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​HRW ​ចេញ​ផ្សាយ​របាយ​ការក្រោម​ចំណង​ជើង​ថា​ ‏‏"ពួក​គេ​បោក​ប្រាស​យើង​គ្រប់​ជំហ៊ាន៖ ការរំលោភ​លើ​ពលករ​ស្ត្រី​កម្ពុជា​បម្រើការ​តាម​ផ្ទះ​ ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី"»។

លោកស្រី ​Jyotsna Poudyal ​អ្នក​ចងក្រង​របាយ​ការនេះ​ បាន​បញ្ជាក់​តាម​សម្តី​ដើម​ថា៖

«អ្វី​ដែល​យើង​បាន​រក​ឃើញ​គឺ​ថា​ ពលករ​ជួប​ប្រទះ​នឹង​ការ​រំលោភ​បំពាន​គ្រប់​ជំហ៊ាន​នៃ​រយៈពេល​ទេសន្ត​ប្រវេសន៍​ចាប់​ផ្តើម ​ពី​ការចាប់ផ្តើម​ដំបូង​ នៅ​ពេល​ដែល​មាន​ការ​ជ្រើសរើស​នៅ​តាម​ភូមិ​រហូត​ដល់​ធ្វើ​ដំណើរ​មក​ដល់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​រហូត​ដល់​ប្រទេស​ម៉ាឡេស៊ី ​និង​នៅ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ»។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ HRW ​បាន​រក​ឃើញ​ថា​ ស្ត្រី​ និង​កុមារី​កម្ពុជា​ជា​ច្រើន​ពាន់នាក់​​ ដែល​ទៅ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ទទួល​បាន​នូវ​ការ​ការពារ​បន្តិច​បន្តួច​ពី​ការ​បង្ខាំង​ខ្លួន​នៅ​ក្នុង​មណ្ឌល​ ពី​បន្ទុក​បំណុល​ដ៏​ធ្ងន់ធ្ងរ​ និង​ពី​លក្ខខណ្ឌ​ការងារ​មាន​លក្ខណៈ​កេង​ប្រវ័ញ្ច។

របាយ​ការនេះ​បាន​បញ្ជាក់​ថា ​ស្ត្រី ​និង​កុមារី​កម្ពុជា​បម្រើការ​តាម​ផ្ទះ​ជា​ច្រើន​នាក់​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​ពី​១៤​ម៉ោង​ទៅ​២១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយគ្មាន​ពេល​ឈប់​សម្រាក ​ឬ​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ​ ហើយ​ពលករ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​គេ​បង្ខាំង​ឱ្យ​នៅ​កន្លែង​ធ្វើការ​ មិន​បាន​ទទួល​អាហារ​គ្រប់គ្រាន់ ​មិន​បាន​ទទួល​ប្រាក់​ខែ​ពេញ​លេញ​ និង​ទទួល​រង​នូវ​ការ​រំលោភ​លើ​រាងកាយ ​និង​រំលោភ​ដោយ​ពាក្យ​សម្តី​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ថៅកែ​រំលោភ​ខាង​ផ្លូវ​ភេទ។

របាយ​ការនេះ​ ដែល​បាន​ធ្វើ​ឡើង​ផ្អែក​លើ​បទ​សម្ភាសន៍​ចំនួន​៨០​លើក​ ជាមួយ​ពលករ​ចំណាក​ស្រុក​ធ្វើការ​តាម​ផ្ទះ ​គ្រួសារ​របស់​ពួក​គេ ​មន្ត្រី​រដ្ឋាភិបាល ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ បាន​បង្ហាញ​ពី​ឧបសគ្គ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ស្ត្រី ​និង​កុមារី​ទទួល​រង​ការ​ធ្វើបាប ​មិន​ទទួល​បាន​យុត្តិធម៌ ​និង​មិន​​មាន​ការ​ដោះស្រាយ​ក្នុង​ប្រទេស​កម្ពុជា ​និង​នៅ​ប្រទេស​ម៉ាឡេស៊ី។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​HRW ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើត​ច្បាប់​ទូលំ​ទូលាយ​មួយ​ស្តីពី​ពលករ​ចំណាក​ស្រុក​ ត្រូវ​ពង្រឹង​ការឃ្លាំមើល​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ ​និង​ដាក់​ទោស​ជា​ចាំ​បាច់ ​ខណៈ​ដែល​មាន​ការ​រំលោភ​កើត​ឡើង។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​HRW ​បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការងារ​តាម​ផ្ទះ។

សន្ធិសញ្ញា​នេះ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមស្រប ​កំណត់​អាយុ​អប្បបរិមា​សម្រាប់​ពលករ​ធ្វើការ​តាម​ផ្ទះ ​និង​ការពារ​ពលករ​ធ្វើ​ការ​តាម​ផ្ទះ​ឲ្យ​រួច​ពី​អំពើ​ហិង្សា ​និង​ការ​អនុវត្ត​ការ​ជ្រើសរើស​បែប​កេង​ប្រវ័ញ្ច។

របាយ​ការនេះ​បាន​រកឃើញ​ថា ​តាំង​ពី​ឆ្នាំ​២០០៨​មក ​ស្ត្រី ​និង​កុមារី​កម្ពុជា​៤០០០​ទៅ​៥០០០​នាក់​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ​ជា​អ្នក​ធ្វើការ​តាម​ផ្ទះ។

ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ក្លែង​ឯកសារ​អត្ត​សញ្ញាណ ​ដើម្បី​ជ្រើសរើស​កុមារ​ និង​ផ្តល់​គ្រឿង​ទាក់ទាញ​ទឹក​ចិត្ត​ ជា​ប្រាក់ ​និង​អាហារ ​ដែល​នាំ​ឱ្យ​ពលករ​ចំណាក​ស្រុក​ និង​គ្រួសារ​របស់​ពួក​គេ​ជំពាក់​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​ ធ្វើ​ឱ្យ​ពួក​គេ​យល់​ខុស​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការងារ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​និង​យក​ថ្លៃឈ្នួល​ជ្រើសរើស​ច្រើន​ហួស​ប្រមាណ។

លោក​អាន ​ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ នៅ​សណ្ឋាគារ​ កាំបូឌីយ៉ាណា​ថា​ សមាគម​នឹង​ទទួល​យក​ចំណុច​មួយ​ចំនួន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​HRW ​មក​ធ្វើការ​ពិចារណា។

«យើង​ឃើញ​ថា​ អនុសាសន៍​មួយ​ចំនួន​ ដែល​ផ្តល់​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ HRW ​ទៅ​លើ​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ គឺ​ជា​អនុសាសន៍​ល្អ​ ហើយ​ខ្ញុំ​នឹង​បញ្ចូល​អនុសាសន៍​នេះ​ចូល​ទៅ​ជា​យុទ្ធសាស្ត្រ​ និង​ផែនការ​អនុវត្ត​របស់​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​យើង​អាច​ពង្រឹង​​យន្តការ​ការពារ​ពលករ​របស់​យើង​បន្ថែម​ទៀត ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស»។

លោក​ស្រី​ មូរ​ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ នៅ​សណ្ឋាគារ​ កាំបូឌីយ៉ាណា​ថា៖

«បាយការណ៍​នេះ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​រដ្ឋាភិបាល​ចាត់វិធានការ​ឱ្យ​បាន​ខ្លាំងក្លា។​ របាយ​ការនេះ​គួរតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រិតតែ​ភ្ញាក់​រឭក ​ដើម្បី​កែ​ស្ថាន​ការណ៍​នេះ​វិញ។​ ខ្ញុំ​សង្ឃឹម​ថា​ ក្រសួង​ការងារ​នឹង​យក​របាយ​ការនេះ​ទៅ​មើល។​ ខ្ញុំ​សង្ឃឹម​ថា​ សមាគម​ភ្នាក់ងារ​ជ្រើស​រើស​ពលការិនី​ទៅ​បរទេស​នឹង​យក​របាយការ​នេះ​ទៅ​មើល​ ពីព្រោះ​នេះ​ជា​របាយ​ការ​ពិត។ ​នេះ​ជា​សម្រែក ​និង​ជីវិត​ពិតៗ»។

លោក​ហូ ​វុទ្ធី ​អនុប្រធាន​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «បើ​គាត់​ចង់​ជួយ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ពិតប្រាកដ​ គាត់​ទាល់​តែ​យក​ឯកសារ​ជាក់ស្តែង​មក​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ចាត់​វិធានការ»។

លោក​ហូ ​វុទ្ធី​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ប្រហែល​ពិចារណាការ​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការងារ​តាម​ផ្ទះ ​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន៕

This posting includes an audio/video/photo media file: Download Now

ប្រជាជនបុរីកីឡាបាតុកម្មទាមទារ​ឲ្យ​ក្រុមហ៊ុម​ផានអ៊ីម៉ិច​សាង​សង់​ផ្ទះ​សម្រាប់​ពួកគេ​តាម​កិច្ចសន្យា

Posted: 01 Nov 2011 11:17 AM PDT

អ្នក​ភូមិ​១២​នៃ​ប្លុក​បូរី​កីឡា ​ក្រុង​ភ្នំពេញ​ប្រមាណ​ជិត​១០០​នាក់ ​ដែល​អះអាង​ថា​ តំណាង​ឲ្យ​អ្នក​គ្មាន​ចំណែក​ផ្ទះ​ចំនួន​៣៧៦​គ្រួសារ ​បាន​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​មុខ​សាលា​ខណ្ឌ​ ៧​មករា ​ក្រុងភ្នំពេញ ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុម​ផានអ៊ីម៉ិច​សាង​សង់​ផ្ទះ​បន្ថែម​សម្រាប់​ពួកគេ​តាម​កិច្ចសន្យា​ ដែល​មាន​ស្រាប់។

ក្រុម​ប្រជាជន​បាន​ដុត​កង់​ឡានដោយ​បាន​ទាម​ទារ​សុំ​ជួប​អាជ្ញាធរ​ធ្វើ​ការ​ដោះ​ស្រាយ​សំណើ​របស់​ខ្លួន។​ ពួក​គេ​បាន​សំអាង​ថា​ ក្រុមហ៊ុន​មិន​បាន​សាង​សង់​ផ្ទះ​ចំនួន​ដប់​អគារ​ ដូច​ដែល​បាន​សន្យា​ក្នុង​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ខ្វះ​ទី​លំ​នៅ​ជ្រក​កោន។

លោក​ សេង​ គង់​ អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​នោះ។ ​គាត់​និយាយ​ថា៖

«គេ​និយាយ​ថា​ គេ​ក្ស័យ​ធន់​ សុំ​សាង​សង់​តែ​ប្រាំ​បី​អគារ​ ហើយ​គេ​កុហក​ទៅ​សម្ដេច​ហ៊ុន​ សែន​ថា​ ប្រាំ​បី​អគារ​នេះ​គ្រប់​ចំនួន​ប្រជាជន​ហើយ។​ ការណ៍​ពិត​គឺ​សល់​ប្រជា​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ទៀត»។

ការ​តវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រទាញ​ប្រទង់​មួយ​ប្រាវ ​បន្ទាប់​ពី​បុរស​ម្នាក់​បាន​ព្យាយាម​ពន្លត់​ភ្លើង​​កង់​ឡាន​ដែល​ដុត​ឆេះ​ដោយ​ក្រុម​អ្នក​ភូមិ​ក្រី​ក្រ​នេះ។​ អ្នក​ភូមិ​បាន​ចោល​ គ្រវែង​ដុំ​ថ្ម​បន្តិច​បន្ដួច​ទៅ​កាន់​អគារ​រដ្ឋបាល​ខណ្ឌ ​ប៉ុន្ដែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ពាល់​អ្វី​ឡើយ។

ស្ត្រី​ម្នាក់​ជា​ជន​ពិការ។​ ជើង​របស់​គាត់​ទាំង​សង​ខាង​ស្វិត​ និង​មាន​សភាព​ស្លេកស្លាំង។ គាត់​បាន​ប្រឹង​ប្រែង​ស្វែង​រក​ឧឃោសន​សព្ទ​ដើម្បី​បន្លឺ​សម្លេង​របស់​ខ្លួន។​ គាត់​ផ្លាស់​ទី​ដោយ​ប្រើ​ដៃ​ទាំង​គូរ​ធាក់​រទេះ​កង់​បី។

«ហេតុ​អ្វី​ក៏​អយុត្តិធម៌​សម្រាប់​នាង​ខ្ញុំ​ជា​ជន​ពិការ​ដែល​កម្សត់ម្នាក់។​ តស៊ូ​ចិញ្ចឹម​កូន​ ដើរ​លក់​គ្រាប់​ល្ពៅ​ គ្រលីង​ឈូក​ បាន​ព្រឹក​ខ្វះ​ល្ងាច​ បើ​ខ្ញុំ​បាត់​បង់​ផ្ទះ​ ខ្ញុំ​រស់​នៅ​វិធី​ណា?»

ទំនាស់​នេះ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​ ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​ទទួល​សិទ្ធិ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ប្លុក​បុរី​កីឡា​លើ​ផ្ទៃ​ដី​ទំហំ​៤,៦​ហិចតា។​ ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា ​អ្នក​ដែល​ស្ថិត​ក្នុង​ទំនាស់​មាន​ចំនួន​ជាង​​១៧០០​គ្រួសារ​ ក៏ប៉ុន្ដែ​ក្រុមហ៊ុន ​និង​អាជ្ញាធរ​អះអាង​ថា ​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​មាន​ត្រឹមតែ​ជាង​១៤០០​គ្រួសារ​ប៉ុណ្ណោះ។ ​ក្រុមហ៊ុន​ជាប់​កុងត្រា​ក្នុង​ការ​សាងសង់​អគារ​ចំនួន​ដប់​សម្រាប់​ផ្ដល់​ជា​ជម្រក​ដល់​សហគមន៍​ក្រីក្រ​ក្នុង​ប្លុក​នេះ ​ក៏ប៉ុន្ដែ​ក្រុមហ៊ុន​បាន​ប្រកាស​កាលពី​ឆ្នាំ​២០១០​ថា ​ខ្លួន​មាន​ការ​ខាតបង់​ក្នុង​ការ​សាងសង់​អគារ​ចំនួន​ប្រាំបី ​ក្នុង​ចំណោម​អគារ​ដប់​ ហើយ​ចំនួន​ប្រជាជន​ក៏​មាន​ចំនួន​ឆ្លើយតប​ទៅ​នឹង​ចំនួន​អគារ​នេះ​ដែរ។

លោក​សោម ​សុវណ្ណ ​អភិបាល​ខណ្ឌ​៧​មករា ​មាន​ប្រសាសន៍​ថា ​មិន​មាន​ការ​ផ្ដល់​លំនៅដ្ឋាន​ដល់​ក្រុម​អ្នក​តវ៉ា​នោះ​​ទេ។

«គាត់​ជា​ប្រជាជន​ដែល​មក​រស់នៅ​ក្រោយ​ពេល​យើង​ហាមឃាត់​ ​ដូច្នេះ​គាត់​មិន​ត្រូវ​មាន​ឈ្មោះ​បាន​ផ្ទះ​ពី​រដ្ឋ​ទេ»។

លោក​ស្រី​ស៊ុយ ​សុផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​បញ្ជាក់​ថា ​អ្នក​តវ៉ា​កាល​ពី​ព្រឹកមិញ​ស្ថិត​នៅ​ក្រៅ​ក្រប​ខណ្ឌ​នៃ​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ទទួល​បាន​ចំណែក​ផ្ទះ។

«ក្រុមហ៊ុន​សង់​បាន​គ្រប់គ្រាន់​អស់​ហើយ ​ហើយ​សល់​បន្ទប់​ទៀត។ ​ចំពោះ​ការ​ដុត​កង់​ឡាន ​(តវ៉ា) ​នៅ​ពី​មុខ​ខណ្ឌកាល​ពី​ព្រឹកមិញ​គឺ​ប្រជាជន​ដែល​គាត់​ទើប​តែ​នៅ​ក្រោយ។ ​ហើយ​ខ្លះ​ទៀត​បាន​ផ្ទះ​នៅ​ខាង​លើ​ហើយ​លក់​ឲ្យ​គេ ​រួច​ចុះ​មក​នៅ​ក្រោម​ រួច​ហើយ​មក​ប្រមូល​គ្នា ​អ្នក​ទើប​មក​នៅ​ថ្មី​ដើម្បី​ប្រឆាំង»។

លោក​អ៊ូច ​ឡេង ​មន្រ្តី​ផ្នែក​កម្មវិធី​ដី​ធ្លី​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ដោយ​ទទួល​ស្គាល់​ថា ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ​ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​នេះ​ បាន​ទទួល​ដី ​ផ្ទះ​ ឬ​ជា​ថវិកា​រួច​ទៅ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​មាន​ភាព​ស្មុគ្រស្មាញ។ ​ក៏​ប៉ុន្ដែ​ភាព​ស្មុគ្រស្មាញ​ផ្សេង​ទៀត​ក៏​បណ្ដាល​មក​ពី​ក្រុម​អាជ្ញាធរ ​និង​ក្រុមហ៊ុន​ផង​ដែរ។

យ៉ាងណាក៏ដោយ​លោក​អ៊ូច ​ឡេង​កត់សំគាល់​ឃើញ​ថា ​ភាគី​ក្រុមហ៊ុន​ផានអ៊ីម៉ិច​មាន​ចំណែក​ទទួល​ខុសត្រូវ​ច្រើន​ជាង។

«រឿង​នេះ​គឺ​យើង​អាច​មើល​ឃើញ​ថា ​ជា​កំហុស​របស់​ក្រុមហ៊ុន​ទាំង​ស្រុង ​ដែល​ក្រុមហ៊ុន​អះអាង​ថា​ មិន​មាន​លទ្ធភាព​សាងសង់​២​អគារ​ថែម​ទៀត​ជូន​ប្រជា​ពលរដ្ឋ។ ​បើ​សិន​មិន​មាន​លទ្ធភាព​សាងសង់​ជូន​ប្រជាជន ​គួរ​តែ​អនុញ្ញាត​ឲ្យ​ប្រជាជន​ ដែល​សល់​ប៉ុន្មាន​រយ​គ្រួសារ​នោះ​សាងសង់​ដោយ​ខ្លួន​ឯង ​លើដី​របស់​ខ្លួន​ ហើយ​ចែក​គ្នា​ពី​ចំនួន​២​អគារ​នោះ​មក​វិញ»។

ទោះជាយ៉ាងនេះក្ដី​ លោកស្រី​ស៊ុយ ​សុផាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​លោកស្រី​បាន​រៀបចំ​ចំណែក​ដី​ដល់​ក្រុម​អ្នកតវ៉ា​ក្នុង​មួយ​គ្រួសារ​ មួយ​ឡូ​សម្រាប់​សាងសង់​លំនៅដ្ឋាន​ក្នុង​ខេត្ត​កំពង់ស្ពឺ។​ ប៉ុន្ដែ​ក្រុម​ប្រជា​ពលរដ្ឋ​ត្រូវការ​ស្ថិត​នៅ​ក្នុង​ក្រុង​ភ្នំពេញ៕

This posting includes an audio/video/photo media file: Download Now

អ្នកសង្កេតការណ៍​សាលាក្តី​ខ្មែរក្រហម​មាន​មតិ​ផ្សេង​គ្នា​អំពី​មុខនាទី​សាលាក្តី

Posted: 01 Nov 2011 09:47 AM PDT

ខណៈ​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​រៀបចំ​បើក​សវនាការ​លើ​អង្គ​សេចក្តី​ដើម្បី​ជំនុំ​ជម្រះ​សំណុំ​រឿង​ ០០២ ប្រឆាំង​នឹង​នួន ជា ខៀវ សំផន អៀង សារី និង​អៀង ធីរិទ្ធ នៅ​ថ្ងៃ​ទី២១​​ខែ​វិច្ឆិកា​ខាង​មុខ​នេះ អ្នក​សង្កេតការណ៏​សាលាក្តី​ខ្លះ​នៅ​សហរដ្ឋ​អាមេរិក​យល់​ថាសាលាក្តី​នេះ​គួរ​តែបញ្ចប់​ត្រឹម​ករណី​០០២​ នេះ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​យល់​ថា​សាលា​ក្តីនេះ​គួរ​តែបន្ត​ការស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​ករណី០០៣ និង ០០៤ បើ​មិន​ដូច្នោះ​ទេ និង​មិន​មាន​យុត្តិធ៌ម​ពេញលេញ​ជូន​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ទេ។​អ្នកសង្កេត​ការ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​សរអា​មាន​មតិ​លាយឡំ​គ្នា​អំពី​មុខ​នាទី​របស់​សាលាក្តី​នេះ។ អ្នក​ខ្លះថា​សាលាក្តីនេះ​គួរ​ផ្តោត​តែ​លើ​មេដឹកនាំ​ជាន់ខ្ពស់​៤​នាក់​តែ​ប៉ុណ្ណោះ​បាន​ហើយ។​ចំណែក​អ្នក​ខ្លះ​ទៀត​ជជែក​ថា​តុលាការ​នេះ​គួរ​កាត់ទោស​មនុស្ស​មួយ​ចំនួន​ទៀត។

<!--AV-->

ចំពោះ​លោក Peter Maguireដែល​ជា​​អ្នក​ឃ្លាំ​​​​​​​​​​​​មើល​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​យល់​ថា​សាលាក្តី​ខ្មែរ​នេះ​មាន​តួនាទី​តែ​មួយ​គត់។

«មុខ​នាទី​របស់​ពួកគេ​គឺ​កាត់ទោស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហមជាន់​ខ្ពស់។ នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា លោកមិន​ចង់ឲ្យ​មាន​ការ​កាត់ទោស​ត​ទៅ​ទៀត​ទេ។ និង​គ្មាន​ករណី​០០៣ និង ០០៤ទេ។ ដូច្នេះ​យើង​ចាំ​សង្កេត​មើល​ថាតើ​ពួកគេ​អាច​បញ្ចប់​ករណី​០០២ មុន​ជន​ជាប់​ចោទ​ស្លាប់​អស់​ឬ​ទេ។ បើសិន​ជា​ពួកគេ​បរាជ័យ​មិន​អាច​បញ្ចប់​ករណី​០០២ មុន​ជន​ជាប់​ចោទ​ស្លាប់​អស់​នោះ ការកាត់ទោស​ទាំង​អស់​នេះ និង​ជា​បរាជ័យ​មួយ​ទាំងស្រុង​ហើយ។»

ថ្លែង​នៅ​មុន​សន្និសិទ​ស្តីពី​ច្បាប់សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​មហា​វិទ្យាល័យ​ Bard នៅ​រដ្ឋ New Yorkលោក Macguire និយាយ​ថា​ការ​បន្ថែម​ករណី០០៣​និង០០៤​ និង​ធ្វើឲ្យ​សាលាក្តី​ក្លាយ​ទៅជា​​សត្វដំរី​ដែល​មាន​មាឌ​ធំ ហើយ​បោះ​ជំហាន​យ៉ឺតៗ។

លោក Douglas Irvin ជា​និសិ្សត​ថ្នាក់​បណ្ឌិត​ផ្នែក​កិច្ចការ​ពិភពលោក នៅ​សាកល​វិទ្យាល័យ Rutgers នៅ​រដ្ឋ New Jersey​នៃសរអា និងជា​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ លោក​យល់ថា​ករណី​០០២ មាន​សារះ​សំខាន់​ជាងគេ ពីព្រោះ​ជន​ជាប់​ចោទ​ទាំង​បួន គឺ នួនជា ខៀវ​សំផន អៀង​សារី  និង អៀងធីរិទ្ធ ជា​មេដឹកនាំ​ជាន់ខ្ពស់ នៃ​របប​ខ្មែរ​ក្រហម។

«បើ​សិន​ជា​ធ្វើ​ទៅ​មាន​ជោគ​ជ័យ នៅ​ក្នុង​ទស្សនវិស័យ​របស់​អសប ខ្ញុំ​គិត​ថា​ជាការ​គ្រប់គ្រាន់​ហើយ។ ហើយ​ខ្ញុំ​គិត​ថា​ការបន្ត​ហួស​ពី០០២ មិន​សំខាន់​ដូច​ការធ្វើ​ឲ្យ​មាន​ជោគជ័យ​ក្នុង០០២​ទេ។ មូលហេតុ​នោះ​គឺថា បើគេ​ចេះ​តែ​បន្ត​កាត់ទោស​ជារៀង​រហូត​នោះ គេ​និង​មាន​មនុស្ស​ជា​ច្រើន​នាក់។ វា​មិន​មាន​ប្រយោជន៏​ទេ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​មាន​តម្លៃ​នោះ​គឺ​និមិត្តរូប គឺការ​យក​អ្នក​ទទួល​ខុស​ត្រូវ​ថ្នាក់ខ្ពស់ មក​កាត់ទោស ហើយ​សង្ឃឹម​ថានិងរក​ឃើញ​ថា​ពួកគេ​មាន​ទោស។»

ប៉ុន្តែ​នាង Mary Orsini ដែល​ជា​និស្សិត​ច្បាប់​នៃ​សាកល​វិទ្យាល័យ Rutgersដែល​ធ្លាប់​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​រឿង​សាលាក្តី​ខ្មែរ​ក្រហម​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មិន​យល់​ស្របទេ។ នាង​ថ្លែង​ថា​ការ​បញ្ចប់​ត្រឹម​ករណី​០០២ និង​នាំឲ្យ​ខ្វះ​ភាព​ពេញលេញ​ក្នុង​ការ​រក​យុត្តិធ៌ម​ជូន​ពលរដ្ឋ​កម្ពុជា។

«ទោះ​ជា​អ្នក​ខ្លះ​គិតថា​អសប​គួរតែ​ផ្តោត​ទៅលើ​ករណី​តែ២​ប៉ុណ្ណោះ​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​នៅ​ពេល​ដែល​តុលាការ​នេះ​ផ្ចុងផ្តើម​ឡើង​ដំបូង មាន​ការពិភាក្សា​គ្នា​ថា យ៉ាង​ហោច​ណាស់​ក៏កាត់​ទោស ពី១០ទៅ​១៥​នាក់​ដែរ។ ការបញ្ចប់​ដោយ​កាត់ទោស​តែ៥​នាក់​បែប​នេះ មិន​មែន​ជា​គោលដៅ​ដំបូង​របស់​តុលាការ​នេះទេ។»

នាង Elena Lesley ជា​និស្សិត​នៃ​កម្មវិធី​កិច្ចការ​ពិភពលោក​នៃ​សាកល​វិទ្យាល័យ​Rutgers។ នាង​ធ្លាប់​ធ្វើការ​ស្រាវជ្រាវ​អំពីរឿង​សាលាក្តី​ខ្មែរក្រហម តាម​រយៈ​អាហារ​រូបករណ៍​Fullbright ។ នាង​ជឿថា​សាលាក្តី​គួរ​ស៊ើបអង្កេត ករណី០០៣​និង០០៤។

«ខ្ញុំ​គិត​ថា​គេ​គួរ​ធ្វើ​កិច្ចការ​ទាំង​ពីរ។ ខ្ញុំ​មិន​ជឿ​ថា​គេ​គួរ​អនុញ្ញាត្តិ​ឲ្យ​តុលាការ​ដួល​រលំ​ដោយសារ​រឿង​ចម្រូងចម្រាស់​ពាក់ពាន់​និង​ករណី០០៣​និង​០០៤​ទេ។ ខ្ញុំគិតថា​ករណី​០០២ សំខាន់​ណាស់​ ហើយ​ខ្ញុំ​គិត​ថា​ការបន្ត​ដំណើរការ​ទៅ​មុខ​ទៀត​ក៏​ជា​ការ​សំខាន់​ដូចគ្នា ពីព្រោះ​គ្មាន​មូលហេតុ​រឹង​មាំ​អ្វី​សម្រាប់ការ​មិនបន្តទៅមុខ។»

លោក Andrew Cayley ជាសហ​ព្រះរាជ​អជ្ញា​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​។ ថ្មីៗនេះ​លោក​បាន​ថ្លែង​ទៅ​កាន់​និស្សិត​ច្បាប់​​នៅ​សាកល​វិទ្យាល័យ Rutgers អំពី​រឿង​សាលា​ក្តី​ខ្មែរ​ក្រហម។ ហើយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​សម្លេង​សរអា លោក​ថ្លែង​ថា​លោក​យល់​ថា​ប្រទេស​កម្ពុជា​ចង់​បោះ​ជំហាន​ទៅមុខ​ដើម្បី​កសាង​ប្រទេស​ឡើង​វិញ។ ប៉ុន្តែ​លោក​ថា​ករណី​០០៣​និង​០០៤​បាន​ចាប់ផ្តើម​ឡើងមុន​ពេល​លោក​ចូល​ធ្វើការ ដូច្នេះ​លោក​ថា​លោក​មាន​ភារៈកិច្ច​ដើម្បី​អនុវត្តិ​តាម​ផ្លូវ​ច្បាប់ ទោះ​ជា​អ្នកខ្លះ​គិត​ថា​ករណី​០០២សំខាន់ជាង​ក៏ដោយ។

«ត្រូវ​តែ​មាន​ការស៊ើបអង្កេត​មួយ។ ចៅក្រម​ស៊ើបអង្កេត​ត្រូវតែ​ពិចារណា​អំពីភស្តុតាង​ហើយ​បន្ទាប់​មក​ត្រូវ​តែមាន​បញ្ជា​ឲ្យ​លប់​ចោល​ឬឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់។ នេះជា​ការចែង​នៅ​ក្នុង​វិន័យ។ គ្មាន​វិធី​អ្វី​ផ្សេង​សម្រាប់​ដោះស្រាយ​ករណី​ទាំងពីរ​នេះ​ទេ។»

សាលាក្តី​ខ្មែរក្រហម​និយាយថា ការស៊ើប​អង្កេតក្នុង​ករណី០០៣ និង០០៤ កំពុង​តែ​ធ្វើជា​បន្ត​ដោយ​មិន​បញ្ចាក់​ប្រាប់​ឈ្មោះ​ជន​មន្ទិល​សង្ស័យ​ទេ។ប៉ុន្តែ​នៅ​ក្នុង​ឯកសារ​សម្ងាត់​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​វីអូអេ​បាន​ទទួល ករណី​០០៣ ​និង០០៤ ពាក់ពាន់​និង​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ និង គណៈ​តំបន់​មួយ​ចំនួន​នៃរបប​ខ្មែរ​ក្រហម៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០១ វិច្ឆិកា

Posted: 31 Oct 2011 08:48 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

អឺរ៉ុប៖ ទីផ្សារ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ថ្ងៃ​អង្គារ​ ដែល​ជា​ប្រតិកម្ម​ចំពោះ​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ក្រិក​ George Papandreou​ ក្នុងការ​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ដើម្បី​ពិចារណា​លើការ​យល់ព្រម​ដល់ ​ផែនការ​បន្ធូរបន្ថយ​បំណុល​របស់​ទ្វីប​អឺរ៉ុប​ដែល​បាន​យល់ព្រម​កាលពី​ សប្តាហ៍​មុន។

លីប៊ី៖ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ជំរុញ​ប្រទេស​លីប៊ី​ឲ្យ​បញ្ចៀស​បញ្ហា​រាលដាល​អាវុធ​ក្នុង​តំបន់​ ខណៈពេល​ដែល​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​ប្រទេស​នេះ​បាន​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​ថ្មី​ម្នាក់​ដើម្បី​ដឹកនាំ​ដំណាក់កាល​អន្តរកាល​នយោបាយ។

ស៊ីរី៖ អង្គការ​អូតង់​និយាយ​ថា​ខ្លួន​គ្មាន​បំណង​ធ្វើ​សកម្មភាព​យោធា​នៅក្នុង​ប្រទេស​ស៊ីរី​ទេ​ បន្ទាប់ពី​បាន​បញ្ចប់​យុទ្ធនាការ​រយៈពេល​៧​ខែ​របស់​ខ្លួន​ដើម្បី​ការពារ​ក្រុម​ជន​ស៊ីវិល​ក្នុង​ប្រទេស​លីប៊ី​មក។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu​ កំពុង​ជួបប្រជុំ​ជាមួយ​ពួក​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ថ្លឹងថ្លែង​អំពី​លទ្ធភាព​នៃ​ការ​ឆ្លើយតប​មួយ​ចំពោះការ​សម្រេចចិត្ត​របស់​ទីភ្នាក់ងារ​វប្បធ៌ម​នៃ​អង្គការ​សហប្រជាជាតិ​ក្នុងការ​ផ្តល់​សមាជិកភាព​ពេញសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។

សហរដ្ឋ​អាមេរិក/សហគមន៍​អឺរ៉ុប៖ សហរដ្ឋ​អាមេរិក​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​ជាមួយ​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​។សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​ដែល​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​ឲ្យដឹង​ថា​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​កំពុង​ទន្ទឹង​រង់ចាំ​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​សហគមន៍​អឺរ៉ុប​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ចិន៖ ក្រុម​មន្ត្រី​ចិន​បាន​អបអរសាទរ​ដល់​ការ​បង្ហោះ​យានអវកាស​មួយ​គ្រឿង​ដោយ​ជោគជ័យ​ក្នុង​បេសកកម្ម​មួយ​ដែល​ជំរុញ​ផែនការ​របស់​ចិន​ទៅមុខ​ដើម្បី​បង្កើត​ស្ថានីយ៍​អវកាស​មួយ​ដែល​មាន​មនុស្ស​ចាត់ចែង​កិច្ចការ​មិន​ឲ្យ​ហួស​ពី​ឆ្នាំ​២០២០។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

ថៃ៖ កំហឹង​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ច័ន្ទ​នៅតាម​បណ្តោយ​របាំង​ការពារ​​រាជធានី​របស់​ថៃ​កុំ​ឲ្យ​ទឹក​ជន់​លិច ​ដោយ​ពួក​អ្នក​ស្រុក​ដែល​ខឹង​សម្បារ​ស្ថិតនៅ​ខាង​ក្រៅ​ទំនប់​ការពារ​ទឹក​ជំនន់​បាន​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ​ដើម្បី​បង្ខំ​ឲ្យ​បើក​ច្រក​ផ្លូវ​ទឹក​​ដែល​បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគេ​លិច​ទឹក។

សកលលោក ៖ ប្រជាពល​រដ្ឋ​របស់​ពិភពលោក​បាន​ឡើង​ដល់​៧ពាន់​លាន​នាក់​នៅពេល​មាន​ការ​ប្រារព្ឋ​ហើយ​នឹង​ការ​ព្រួយ​កង្វល់​អំពី​ថាតើ​ការកើន​ឡើង​នូវ​ចំនួន​ប្រជាពល​រដ្ឋ​ នឹង​ប៉ះពាល់​​ប្រភព​ធនធាន​របស់​ផែនដី​យ៉ាង​ដូចម្តេច។

សហរដ្ឋ​អាមេរិក៖ ឲ្យ​ដឹងថា​ខ្លួន​នឹង​កាត់​ផ្តាច់​ការរួម​វិភាគទាន​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ដល់​​ទីភ្នាក់​ងារ​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ ​បន្ទាប់​ពី​អង្គការ​នោះ​​បាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ច័ន្ទ​ផ្តល់​​សមាជិក​ភាព​ពេញលេញ​ដល់​ប៉ាឡេស្ទីន។

លីប៊ី ៖ ដោយ​អង្គការ​អូតង់​កំណត់​​ការ​បញ្ចប់​បេសកម្ម​របស់​ខ្លួន​នៅ​លីប៊ី​កាល​ពី​យប់​មិញ មន្រ្តី​កំពូល​របស់​សម្ព័ន្ធ​មិត្ត​បាន​សរសើរ​យុទ្ធនាការ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​រយៈពេល​៧ខែ​ក្នុង​អំឡុងពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​កាលពី​ថ្ងៃ​ច័ន្ទ។

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ប្រាប់​ឲ្យ​ដឹង​ថា​ បុគ្គលិក​របស់​ខ្លួន​បីនាក់​ស្ថិត​ក្នុង​ចំណោម​​មនុស្ស​៥​នាក់​ដែល​បាន​ត្រូវ​សម្លាប់​​នៅ​ក្នុង​ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាតនៅក្រុង​ Kandahar ​ភាគ​ខាង​ត្បូង​អាហ្វហ្គានី​ស្ថាន។

កែនយ៉ា​និងសូម៉ាលី ៖ បាន​អំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ថែមទៀត​​ដើម្បី​ជួយ​កំទិច​ពួក​ al – Shabab ដែល​ជា​ក្រុម​កងជីវពល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​ al – Qaida ​ដែល​ប្រទេស​ជិត​ខាង​ទាំងអស់​បាន​ពណ៌នា​ក្រុមនេះ​ថាជា​សត្រូវ​រួម។

កៀហ្ស៊ីស៊ីស្ថាន៖ នាយក​រដ្ឋ​មន្រ្តី​ Almazbek​ Atambayev ​នៃ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​​នឹង​ត្រូវ​ក្លាយ​ជាប្រធានាធិបតី​បន្ទាប់ពី​បាន​នាំមុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើកទីមួយ​របស់​ប្រទេស​នោះ ​ចាប់តាំង​ពី​ការបះបោរ​បង្ហូរ​ឈាម​​ដែល​បាន​បណ្តេញ​រដ្ឋាភិ​បាល​កាល​ពីឆ្នាំ​ទៅ​មក។

សហរដ្ឋ​អាមេរិក ៖ ក្រុម​ហ៊ុន Boeing ដែល​ក្រុមហ៊ុន​ធ្វើ​យន្តហោះ​​របស់​សហរដ្ឋ​អាមេរិក​ ត្រូវគេ​រំពឹង​នឹង​ប្រកាស​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​នេះ​ដើម្បី​ស្ថាបនា​​កន្លែង​អាវកាស​នៅ​រោងចក្រ​កណ្តាល​រដ្ឋ​ Florida ​ដែល​កាលពី​ពេល​មុន​បាន​ប្រើ​ប្រាស់​ជាកន្លែង​​សម្រាប់​យាន្ត​ចម្លង​អាវកាស។

សកលលោក ៖ ​ការ​អត់​កាងារ​ធ្វើ​ ការរីក​លូតលាស់​សេដ្ឋកិច្ច​យឺត​យ៉ាវ​របស់​ពិភព​លោក​ ហើយ​នឹង​បញ្ហា​បំណុល​ដ៍​ធ្ងន់​ធ្ងរ​ បាន​ប្រឈមមុខ​មេដឹកនាំ ​G-20 ​នៅពេល​ដែល​ពួក​អស់​លោក​ជួប​ជុំ​គ្នា​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​ដល់​បញ្ហា​នេះ។

អឺរ៉ុប ៖ ផែនការ​ជួយ​សង្គ្រោះ​បំណុល​អឺរ៉ុប​ ​ដែល​បាន​ព្រម​ព្រៀង​កាល​ពី​សប្តាហ៍​មុន​ បាន​ធ្លាក់​ចូល​ក្នុង​ការ​មន្ទិល​សង្ស័យ​​នៅពេល​ដែល​ក្រិក​និយាយ​នៅ​ពេល​ឥឡូវ​នេះ​ថា​ខ្លួន​ នឹង​ធ្វើ​ការ​បោះឆ្នោត​ប្រជាមត្តិ​ថាតើ​ខ្លួន​យល់​ព្រម​ក៏​អត់៕

This posting includes an audio/video/photo media file: Download Now

ឧត្តម​សេនីយ៍​ពីរ​នាក់ ​និង​ជន​សង្ស័យ​ត្រូវចាប់ខ្លួន​ដោយសង្ស័យ​ពី​បទ​ជួញ​ដូរថ្នាំញៀន

Posted: 01 Nov 2011 10:46 AM PDT

ក្រុម​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​​នៃ​ក្រសួង​មហាផ្ទៃ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​បួន​នាក់​ ដែល​រួមមាន​លោក​ឧត្តម​សេនីយ៍​ទោ​ចំនួន​ពីរ​នាក់ ​ពី​បទ​សង្ស័យ​ថា​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរថ្នាំ​ញៀន​ ម៉េតំហ្វេតាមីន​ទឹកកក ​ចំនួន​មួយ​គីឡូ​គីក្រាម​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តីប៉ូលិស។

លោក​ឧត្តមសេនីយ៍ឯក​គាត ​ចាន់ថារិទ្ធិ​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា ​លោក​ឧត្តម​សេនីយ៍ទោ​ឡាយ​ វីរៈ ​អតីត​អភិបាលរង​រាជធានី​ភ្នំពេញ ​និង​ជា​ទីប្រឹក្សា​ក្រសួង​ការពារជាតិ ​និង​លោក​ឧត្តម​សេនីយ៍ទោ​ឃួន ​រឿន ​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​ ត្រូវ​បាន​ខ្លួន​ចាប់​ដោយឡែកៗ​ពី​គ្នា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​បួន ​ក្នុង​ខណ្ឌ​ដង្កោរ ​រាជធានី​ភ្នំពេញ។

លោក​បាន​បញ្ជាក់​ទៀត​ថា ​ប៉ូលិស​បាន​រក​ឃើញ​ថ្នាំ​ញៀន​ម៉េតំហ្វេតាមីន​ទឹក​កក​ចំនួន​មួយ​គីឡូក្រាម​ និង​អាវុធ​អាកា​៤៧​ស្វ័យប្រវត្តិ​ចំនួន​ពីរ​ដើម។

«ឥឡូវ​មក​ទល់​ម៉ោង​ហ្នឹង​ យើង​ឃាត់​ខ្លួន​បួន​នាក់។ ​ក្នុង​បួន​នាក់​ហ្នឹង ​ខ្ញុំ​ស្គាល់​ឈ្មោះ​ពីរ​គឺ​ឧត្តម​សេនីយ៍​ទោ​ឡាយ ​វីរៈ ​និង​ឧត្តម​សេទីយ៍ទោ​ឃួន​ រឿន។ ​ពីរ​នាក់​ទៀត​ឥត​បាន​ចាំ​ឈ្មោះ​ទេ​ ប្រជាជន​ធម្មតា​ទេ»។

លោក​ឧត្តមសេនីយ៍ទោ​ឃឿន​ សាម៉ន​ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​អគ្គ​ស្នងការ​នគរបាល​​ជាតិ ​បាន​មាន​ប្រសាសន៍​ថា ​ប៉ូលិស​បាន​ប្រើ​ពេល​ចំនួន​ជាង​ពីរ​សប្តាហ៍​​ដើម្បី​ឈាន​ទៅ​​រក​ការចាប់​ខ្លួន​ជនសង្ស័យ​ទាំង​បួន​រូប​នេះ។

លោក​បាន​មាន​​ប្រសាសន៍​ថា ​លោក​កំពុងតែ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត ​នៅ​ក្នុង​សំណុំរឿង​នេះ។

«ខ្សែ​រយៈ​វា​ទៀត។ ​អា​នេះ ​ថ្នាំ​យក​មក​ពីណា ​មក​ណា ​ក៏​យើង​មិន​ទាន់​បាន​ដេញ​ដោល​សាកសួរ​ជន​ល្មើស​ផង។ ​មិន​ទាន់​ចប់​សព្វគ្រប់​ទេ។ ​ហើយ​មួយ​ទៀត​ហ្នឹង​ យើង​មិនទាន់​ដឹង​ថា​ តើ​ជន​ល្មើស​ហ្នឹង ​ប្រភព​ជន​មេ​ខ្លោង​ជា​នណា​ទេ។ ​ពាក់ព័ន្ធ​ពីណា​ទៀត ​ក៏​យើង​មិន​ទាន់​​កំណត់»។

លោក​ឧត្តមសេនីយ៍​ទោ​ឡាយ ​វីរៈ​ធ្លាប់​ជា​មេទ័ព​ដ៏​ស្មោះត្រង់​មួយ​រូប​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​ធ្លាប់​ជា​អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ​​ផង​ដែរ។

វីអូអេ​ព្យាយាម​ទាក់ទង​ទៅ​លោក​ឧត្តម​សេនីយ៍​ឈុំ ​សុជាតិ​ តែមិន​អាច​ទាក់បាន​ទេ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

អាជ្ញាធរ​ប៉ូលិស​នៅ​ឆ្នាំ​២០១១​នេះ​បាន​ចាប់ម​ន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន​ស្រវឹង។ ​មន្ត្រី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កន្លង​មក ​រួមមាន​លោក​ឧត្តម​សេនីយ៍​ឯក ​ម៉ឹក ​តារា ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​លោក​ឧត្តម​សេនីយ៍ត្រី​ហ៊ុន​ ហ៊ាង ​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ​លោក​ជាង​ ស៊ុន​ ស្នងការ​រង​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ លោក​ជា ​ឡេង ​ប្រធាន​ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ​ហើយ​ចុង​ក្រោយ​គេ​លោក​ឧត្តមសេនីយ៍ទោ​ឡាយ​ វីរៈ​ ទីប្រឹក្សា​ក្រសួង​ការពារជាតិ៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ខេត្ត​បន្ទាយមានជ័យ​បើក​សវនាការ​រឿង​បាក់​បង្គោល​ព្រំដី​របស់​សុរិយោដី

Posted: 01 Nov 2011 09:57 AM PDT

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​លើក​យក​សំណុំ​រឿង​ទំនាស់​ដី​ធ្លីមួយ​កាល​ពី​ឆ្នាំ​២០០៨ ​រវាង​អ្នក​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ ​និង​អាជ្ញាធរ​ខេត្ត​ទាក់ទិន​ទៅ​នឹង​ការ​ចោទប្រកាន់​ថា​ បាន​ធ្វើ​ឲ្យ​បាក់​បង្គោល​ព្រំដី​របស់​សុរិយោដី​ខេត្ត​មួយ​ដើម។

លោក​ឡុង ​លុន ​មេធាវី​ការពារ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​បាន​ការពារ​កូន​ក្តី​ប្រជា​ពលរដ្ឋ​ចំនួន​២២​នាក់ ​បាន​និយាយ​ថា ​នៅ​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ មិន​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​មក​លើ​កូន​ក្តី​របស់​លោក​ទេ។ ​លោក​បាន​បញ្ជាក់​ថា​ តុលាការ​គួរតែ​លើក​លែង​ការ​ចោទប្រកាន់​ចំពោះ​កូន​ក្តី​របស់​លោក។

«យើង​ជា​មេធាវី​ យើង​យល់​ថា ​តុលាការ​មិន​មាន​ភស្តុតាង ​ឬ​សាក្សី​ណាមួយ​បញ្ជាក់​ចង្អុល​បង្ហាញ​ឲ្យ​ច្បាស់​ថា ​កូន​ក្តី​របស់​ខ្ញុំ​បាទ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ។ ​ប៉ុន្តែ​ខាង​តំណាង​អយ្យការ​ គាត់​លើក​ឡើង​ថា​ មាន​ការបាក់​បង្គោល​អី​មែន។​ ប៉ុន្តែ​យើង​រក​ថា ​តើ​នរណា​ដែល​ជា​អ្នក​វាយ​នោះ​ ឥត​មាន​នរណា​មួយ​ចង្អុល​បង្ហាញ​ឲ្យ​ច្បាស់​ទេ​បាទ»។

កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​មករា​ ឆ្នាំ​២០០៨ ​បង្គោល​ព្រំដី​របស់​សុរិយោដី​របស់​ខេត្ត​បន្ទាយ​មានជ័យ​មួយ​​ដើម ​ដែល​បាន​បោះ​កំណត់​ព្រំដី​នៅ​ស្រុក​អូរជ្រៅ​ បាន​បាក់ ​បន្ទាប់​ពី​មាន​រឿង​ទំនាស់​ដី​ធ្លី​មួយ​បាន​កើត​ឡើង។

ប្រជា​ពលរដ្ឋ​ប្រមាណ​១៧០​គ្រួសារ ​ដែល​មាន​ទំហំ​ដី​ប្រមាណ​ជាង​១១​ហិចតា ​នៅ​ភូមិ​ទួលប្រាសាទ ​និង​ភូមិ​ប៉ាលីល័យ ​ក្រោយមក​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិ​ច័ន្ទគីរី​ មាន​ទីតាំង​ក្នុង​ឃុំ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​បាន​ចោទប្រកាន់​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​ថា​ បាន​រំលោភ​យក​ដី​របស់​ពួក​គេ។

សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​បាន​ជួល​ដី​រដ្ឋ​ចំនួន​២៩៧​ហិចតា ​ហើយ​ក្រោយ​មក​ពង្រីក​ផ្ទៃ​ដី​របស់​ខ្លួន​រហូត​ទៅ​ដល់​ជាង​៤០០​ហិចតា ​សម្រាប់​ការ​អភិវឌ្ឍ​ដាំ​ដំណាំ​កសិកម្ម។ ​ការអភិវឌ្ឍ​នេះ​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​របស់​គេ​ចំនួន​បី​ភូមិ ​គឺ​ភូមិ​ទួលប្រាសាទ ​ភូមិ​ទួលពង្រ​ និង​ភូមិ​ច័ន្ទគីរី។

ទំនាស់​ដី​ធ្លី​នេះ​បាន​បង្ក​ឲ្យ​សុរិយោដី​ខេត្ត​ចុះ​ទៅ​ធ្វើ​ការ​វាស់វែង​ដើម្បី​កំណត់​ព្រំដី ​ហើយ​ក្រោយមក​ឈាន​រហូត​ទៅ​ដល់​បាក់​បង្គោល​ព្រំដី​របស់​មន្ត្រី​សុរិយោដី​ខេត្ត​មួយ​ដើម។

កាលពីនៅជា​​​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយ​មានជ័យ​ លោក​តុប ​ច័ន្ទសេរីវុឌ្ឍ ​កាល​ពី​ឆ្នាំ​២០០៨​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​បី​នាក់ ​ដាក់​ពន្ធនាគារ​ពី​បទ​ថា​ បាន​វាយ​បំផ្លិចបំផ្លាញ​បង្គោល​ព្រំដី​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ។ លោក​តុប​ ច័ន្ទសេរីវុឌ្ឍ​​ក្រោយ​មក​ផ្លាស់ប្តូរ​ទៅ​ជា​​ព្រះរាជអាជ្ញា​ខេត្ត​ពោធិសាត់ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ពន្ធនាគារ​តុលាការ​ខេត្ត​ពោធិសាត់ ​ដោយសារ​តែ​សំណុំរឿង​ពុករលួយ។

សាលាឧទ្ធរណ៍​បានសម្រេច​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដោះលែង​ជន​ទាំង​បី​នាក់​ឲ្យ​នៅ​ក្រៅឃុំ ​ហើយ​បង្វែ​សំណុំរឿង​នេះ​ឲ្យ​មក​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ជា​អ្នក​ចាត់ការ​បន្ត។

លោក​នៅ ​ផល្លា ​តំណាង​ប្រជាពលរដ្ឋ​ទាំង​១៧០​គ្រួសារ ​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​មិន​បាន​វាយ​បំផ្លិចបំផ្លាញ​បង្គោល​ព្រំដី​សុរិយោដី​ខេត្ត​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​ទំនង​ជា​បង្គោល​ព្រំដី​នេះ ​បាក់​ដោយ​ខ្លួន​ឯង ​ហើយ​ទម្លាក់​កំហុស​មក​លើ​ប្រជា​ពលរដ្ឋ។

«យើង​មិន​ដឹង​ថា​ បង្គោល​ណា​បាក់​ទេ​ ​បើ​បង្គោល​គាត់​បោះ​ច្រើន​បង្គោល​ម្ល៉េះ។ ​មិន​ដឹង​បាក់​បង្គោល​ណា​ បើ​ច្រើន​ម្ល៉េះ។ ​ក្រែង​ជ្រូក ​វា​ដើរ​ពារ​មិន​ដឹង ​ឬ​គាត់​ធ្វើ​ឲ្យ​បាក់​ខ្លួន​ឯង​ ហើយ​ចោទ​ប្រកាន់​ពួក​ខ្ញុំ​មិន​ដឹង»។

លោក​ស៊ុំ ​ចាន់គា ​មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា ​តាម​ការ​សាកសួរ​របស់​លោក ​ប្រជា​ពលរដ្ឋ​ចំនួន​២២​នាក់​មិន​មានវត្តមាន​នៅ​កន្លែង​កើត​ហេតុ​ទេ​ ហើយ​ពួក​គេ​មិន​ដឹង​ថា ​បង្គោល​ព្រំដី​នេះ ​បាក់​តាំង​ពី​ពេល​ណា​មក​ទេ។

«បើ​សិន​ជា​ការ​ចាប់​ចង​លក្ខណៈ​ណាមួយ​ឲ្យ​បាន​សមរម្យ​ ឲ្យ​គ្រប់គ្រាន់​ ដែល​អាច​ធ្វើ​ទៅ​បាន។ ​ហើយ​បើ​ប្រើ​អំណាច ​ដែល​ខ្លួន​ជា​ភ្នាក់ងារ​របស់រដ្ឋ​ ហើយ​មក​ធ្វើ​បាប​ប្រជា​ពលរដ្ឋ ​នោះ​គឺ​ជា​រឿង​អយុត្តិធម៌។ ​ដូច្នេះ ​យើង​ឃ្លាំង​មើល​នូវ​ការ​អនុវត្តច្បាប់​ទាំង​អស់​នោះ​បាទ»។

លោក​ខៀវ​ ចាន់ពិសិដ្ឋ ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ខេត្ត ​បាន​ប្រាប់​វីអូអេ ​តាម​រយៈ​ទូរស័ព្ទ​មក​ថា ​តុលាការ​គ្រោងនឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​នេះ ​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!