VOA News: ព័ត៌មាន: “សាដីកា​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុចគ្រោង​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ” plus 4 more

VOA News: ព័ត៌មាន: “សាដីកា​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុចគ្រោង​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ” plus 4 more


សាដីកា​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុចគ្រោង​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ

Posted: 31 Oct 2011 10:58 AM PDT

មន្ដ្រី​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ជូន​ដំណឹង​ពី​កាល​បរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​សំណុំរឿង​ឌុច​ក្នុង​អំឡុង​សប្ដាហ៍​ក្រោយ​នេះ។ ​ជាមួយ​គ្នា​នេះ​ប្រភព​ផ្សេង​ទៀត​យល់​ថា ​ការ​ប្រកាស​សាលដីកា​អតី​មេគុក​ទួលស្លែង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក​ឡាស ​អលសិន​ (Lars Olsen) ​មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​បញ្ជាក់​ថា ​គេ​នឹង​អាច​ដឹង​ច្បាស់​ពី​ថ្ងៃ​ប្រកាស​សាលដីកា​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​ទៅ​កាន់​តុលាការកំពូល​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

«យើង​រំពឹង​ថា ​នៅ​ក្នុង​សប្តាហ៍ក្រោយ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​សាលដីកា។​ យើង​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​នោះ​ដើម្បី​ដឹង​ថា ​តើ​ការ​ប្រកាស​សាលដីកា​ធ្វើ​ឡើង​នៅ​ពេល​ណាពិត​ប្រាកដ»។

កាំង ​ហ្កេកអ៊ាវ​ ហៅ ​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ឬ​មន្ទីរ​ស​២១​​ជាប់​ចោទ​ក្នុង​សំណុំរឿង​០០១​​ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្រ្គាម​ បទ​មនុស្ស​ឃាត​ និង​ទារុណកម្ម ​ចំពោះ​ការ​សម្លាប់​អ្នក​ទោស​គុក​ទួលស្លែង​យ៉ាងតិច​១២៣៨០​នាក់។​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​កាលពី​ខែ​កក្កដា ​ឆ្នាំ ​២០១០​បាន​សម្រេច​ផ្ដន្ទា​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគា​ចំនួន​៣៥ ​ប៉ុន្ដែ​ទោស​នេះ​ត្រូវ​បាន​កាត់កង​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ។

កាល​ពី​ខែ​កញ្ញា ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រកាស​សាល​ដីកា​ក្នុង​សំណុំរឿង​ឌុច​នឹង​ធ្វើ​ឡើង​នៅ​ដំណាច់​ឆ្នាំ​នេះ ​ខណៈ​ដែល​ការ​កាត់ទោស​ឌុច​ចប់​សព្វគ្រប់​ដោយ​តុលាការ​កំពូល​អស់​រយៈ​ពេល​ប្រាំពីរ​ខែ​គត់​នៅ​ថ្ងៃ​នេះ។

លោក​ស្រី ​គ្លែ ​ដាហ្វ៊ី ​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​កាត់ទោស​របស់​អង្គការ​យុត្តិធម៌​សង្គម​សេរី ​OSJI​ របស់​សហ​រដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​បាន​ឮ​ថា ​ការ​ប្រកាស​សាលដីកា​ដោយ​តុលាការ​កំពូល​ក្នុង​សំណុំរឿង​ឌុច​នឹង​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ ​ឬ​ដើម​ឆ្នាំ​ក្រោយ។

លោក​ស្រី​យល់​ថា​ វា​យូរ​ដែរ​ហើយ​សម្រាប់​ការ​រង់ចាំ​របស់​ជន​ជាប់ចោទ​ក៏​ដូច​ជា​ការ​រង់ចាំ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។

យ៉ាងណាក៏ដោយ​ការទន្ទឹង​រង់ចាំ​ក្នុង​ពេល​នេះ​គឺ​ថា ​តើ​សាលដីកា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​តម្កល់​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ឬ​យ៉ាងណា?

លោក​ជុំ ​ម៉ី ​និង​លោក​ប៊ូ ​ម៉េង​ គឺ​ជា​ជន​រងគ្រោះ​តែ​ពីរ​រូប​គត់​បច្ចុប្បន្ន​នៅ​រស់រាន​មាន​ជីវិត​ បន្ទាប់​ពី​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ ដែល​បាន​រួចផុត​ពី​ការ​កាប់​សម្លាប់​ប្រមាណ​ជិត​ដប់​នាក់​ បាន​ស្លាប់​ជា​បន្ដ​បន្ទាប់។

លោក​ជុំ ​ម៉ី ​បច្ចុប្បន្ន​គឺ​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ហៅ​កាត់​ថា​ ក្សេមក្សាន្ដ។ ​សម្រាប់​រូប​លោក ​ប្រសិន​បើ​តុលាការ​កំពូល​រក្សា​ការ​ផ្ដន្ទា​ទោស​ឌុច​ត្រឹម​៣៥​ដូច​មុន​នោះ​ វា​នឹង​មិន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នោះ​ទេ។

«ប្រសិន​បើ​គាត់​ដាក់​ទោស​(​ឌុច​)​លើស​ពី​៣៥​ឆ្នាំ ​ដូច​ព្រះ​រាជ​អាជ្ញា​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ចំនួន​៤៥​ឆ្នាំ ​នោះ​គឺ​ជា​យុត្តិធម៌​ហើយ»។

លោក​ប៊ូ ​ម៉េង​មាន​ប្រសាសន៍​ថា ​លោក​នឹង​សប្បាយ​ចិត្ត​ ប្រសិនបើ​តុលាការ​កំពូល​ផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​លើស​ពី​រយៈ​ពេល​៣៥​ឆ្នាំ​ ពីព្រោះ​គឺ​ជា​ការ​ដាក់ទោស​ដែល​មិន​មាន​តុល្យភាព​ជាមួយ​នឹង​ចំនួន​ជន​រងគ្រោះ​ ដែល​បាន​ស្លាប់បាត់​បង់​ជីវិត។

«វា​អត់​មាន​តុល្យភាព​នឹង​ជីវិត​មនុស្ស​ ដែល​បាន​ស្លាប់​រាប់​លាន​នាក់​ក្នុង​សម័យ​ប៉ុល ​ពត​ទេ។ ​សុំ​(ដាក់​ទោស) ​មួយ​ជីវិត​ដើម្បី​ឲ្យ​អ្នក​ដឹកនាំ​ជំនាន់​​ក្រោយ​កុំ​ឲ្យ​យក​តម្រាប់​តាម​ឌុច»។

ឌុច​មាន​អាយុ​៦៩​ឆ្នាំ។ ​គាត់​ត្រួតត្រា​គុក​ទួល​ស្លែង​ពី​ឆ្នាំ​១៩៧៦​ដល់​ខែ​មករា​ ឆ្នាំ​១៩៧៩។​ គាត់​ត្រូវ​បាន​បញ្ជូន​ពី​ការ​ឃុំឃាំង​បណ្ដោះ​អាសន្ន​នៅ​តុលាការ​យោធា​នៅ​ឆ្នាំ​២០០៧។​ សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​រូប​គឺ​លោក​អាន់ឌ្រូ ​ខេលី ​និង​លោក​ស្រី​ជា ​លាង​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ផ្ដន្ទាទោស​ឌុច​ឲ្យ​ជាប់​ ពន្ធនាគារ​អស់​មួយ​ជីវិត​ ឬ​យ៉ាង​ហោច​ណាស់​ចំនួន​៤៥​ឆ្នាំ​ ដោយ​មិន​មាន​ការ​បន្ធូរ​បន្ថយ​ទោស។

លោក​វ៉ាន់ថាន់ ​ពៅតារា ​នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ប្រសាសន៍​ថា​ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ជន​រងគ្រោះ​ ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​រក្សា​ការដាក់ទោស​ឌុច​ដូច​មុន។

«ប្រហែល​ជា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការជឿ​ទុកចិត្ត​របស់​គាត់​លើ​តុលាការ។ ​តែ​បើ​ការ​សម្រេច​ផ្ទុយ​ពី​នេះ​តាម​ការ​ស្នើសុំ​របស់​សហ​ព្រះរាជ​អាជ្ញា​ឲ្យ​តំឡើង​ទោស​ឌុច​នោះ ​វា​នឹង​មាន​ន័យ​សម្រាប់​ជន​រងគ្រោះ​ ពីព្រោះ​ទី​មួយ​គាត់​អាច​ទទួល​យក​បាន​ ទី​ពីរ​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត»។

ក៏ប៉ុន្ដែ​លោក​នេត្រ ​ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​ទោស​ឌុច​ជា​ចុង​ក្រោយ​យ៉ាងណា ​គឺ​សុទ្ធ​តែ​ជា​ប្រយោជន៍​នៃ​យុត្តិធម៌។

«ការ​សម្រេច​យ៉ាងណា​នោះ​គឺ​ជា​ការ​សម្រេច​មួយ​ប្រកប​ដោយ​នីតិ​វិធី​ច្បាប់ ​ហើយ​វា​នៅ​តែ​ឆ្លើយតប​ទៅ​នឹង​ផល​ប្រយោជន៍​យុត្តិធម៌»។

ទីប្រឹក្សា​ច្បាប់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ស្រី​អាន ​ហេនដិល ​(Anne Heindel)​ ធ្លាប់បាន​ពន្យល់​ថា​ ភាព​ស្មុគ្រស្មាញ​ក្នុង​សំណុំរឿង​ឌុច​ និង​កង្វះ​ពិសោធន៍​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​ការកាត់​ក្ដី​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​បែប​នេះ​ បាន​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ពេល​វេលា​ច្រើន។

លោក​ឡាស​ អលសិន ​និង​លោក​ស្រី​អាន ​ហេនដិល​​ក៏ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​បក​ប្រែ​ភាសា​ផង​ដែរ​ ដែល​ជំរុញ​ឲ្យ​មាន​ភាព​ស្មុគ្រ​ស្មាញ​ដល់​ដំណើរ​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល។

ក៏​ប៉ុន្ដែ​ប្រភព​ស្និទ្ធិ​នឹង​សាលាក្ដី​ខ្មែរក្រហម​មួយ​ចំនួន​បាន​បង្ហាញ​ពី​ភាព​មិន​ទាន់​ចុះ​សម្រុង​គ្នា​រវាង​ចៅ​ក្រម​អន្ដរជាតិ​ និង​ចៅ​ក្រម​ជាតិ​ក្នុង​ការ​កំណត់​ទោស​ទណ្ឌ​របស់​ឌុច​ ដែល​ជា​រឿង​មិន​ល្អ​ដល់​ការ​ចេញ​សាលដីកា៕

This posting includes an audio/video/photo media file: Download Now

សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​អ្នក​ទោស​រងការ​រិះគន់

Posted: 31 Oct 2011 10:07 AM PDT

រដ្ឋសភា​កម្ពុជា​គ្រោង​នឹង​អនុម័ត​សេចក្តីព្រាង​ច្បាប់​ថ្មី​មួយ​ សម្រាប់​គ្រប់គ្រង​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​របៀប​រៀប​រយ​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ។​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋសភា​អំពី​កង្វល់ ​និង​ភាព​ស្រពិចស្រពិល​នៃ​ច្បាប់​នេះ​ទាក់ទង​នឹង​បញ្ហា​ចង្អៀត​ណែន​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ ​និង​ការ​ការពារ​សិទ្ធិ​ដល់​ជន​ជាប់​ឃុំ។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​នេះ​មាន​១០៧​មាត្រា ​និង​មាន​គោលដៅ​បង្កើត​ គ្រប់គ្រង ​និង​រៀបចំ​ចាត់ចែង​ពន្ធនាគារ​ស៊ីវិល ​ព្រមទាំង​មាន​គោល​បំណង​ឃុំឃាំង​ គ្រប់គ្រង​ជន​ជាប់​ឃុំ​ឱ្យ​មាន​សន្តិសុខ ​សុវត្ថិភាព​ មនុស្ស​ធម៌​ និង​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ជន​ជាប់​ឃុំ។

របាយ​ការណ៍​វិភាគ​របស់​អង្គការ​លីកាដូ​បាន​ពិនិត្យ​ឃើញ​ថា​ ច្បាប់​នេះ​មិន​គ្រាន់​តែ​មិនសម​ស្រប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ខ្សោយ​មួយ​សម្រាប់​ការ​គ្រប់គ្រង​ពន្ធនាគារ​ ហើយ​ច្បាប់​ពន្ធនាគារ​ទាំងមូល​គឺ​ស្រពិច​ស្រពិល​យ៉ាង​ខ្លាំង។

របាយ​ការណ៍​វិភាគ​នេះ​បាន​សរសេរ​ថា​ ច្បាប់​នេះ​មាន​ការ​ខ្វះ​ចន្លោះ​ផ្នែក​សំខាន់​មួយ​ចំនួន​ និង​បង្ហាញ​ពី​កង្វល់​ ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​របស់​ខ្លួន​ដល់​រដ្ឋសភា​ក្នុង​ការ​យក​ទៅ​ពិភាក្សា ​ដូច​ជា​ជន​ជាប់​ឃុំ​ដែល​ប្តឹង​ពី​ស្ថានភាព​ពន្ធនាគារ​ ឬ​ការ​រំលោភ​បំពាន​គឺ​ជា​អ្នក​ងាយ​រងគ្រោះ​ជាង​គេ​បំផុត​ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ទាំង​អស់ ​ជាពិសេស​គំនុំ​គំកួន​ ការ​សងសឹក​ ឬ​បណ្តឹង​តវ៉ា​របស់​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ត្រូវ​បាន​ផ្អិប​ចោល។ ​ការ​ប្រើប្រាស់​កម្លាំង​អន្ត​រាគមន៍​មាន​ភាព​ស្រពិចស្រពិល​ដើម្បី​ដោះស្រាយ​ភាព​ចលាចល​នៅ​ក្នុង​ពន្ធនាគារ។ ​ស្ថានភាព​ពន្ធនាគារ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ជាប់ឃុំ​ជិត​ទ្វេដង​នៃ​សមត្ថភាព​ផ្ទុក​របស់​ពន្ធនាគារ។

របាយ​ការណ៍​វិភាគ​នេះ​បាន​សរសេរ​ថា​ ច្បាប់​នេះ​មិន​បញ្ជាក់​ច្បាស់​ពី​គោល​ការណ៍​សំខាន់ៗ​នៃ​បទ​បញ្ជា​ផ្ទៃក្នុង ​និង​មិន​មាន​តម្រូវ​ការ​ណា​ ដែល​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ​ឬ​ក្រសួង​មហាផ្ទៃ​បង្កើត​នីតិ​វិធី​លម្អិត​អំពី​បទ​បញ្ជា​ផ្ទៃ​ក្នុង។

លោក​អំ ​សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​បញ្ជាក់​ថា​ បណ្តឹង​របស់​ជន​ជាប់​ឃុំ​ប្រឆាំង​អនុរក្ស​ពន្ធនាគារ​គឺ​ជា​បញ្ហា​កង្វល់​ធំ​បំផុត​ ពីព្រោះ​គ្មាន​យន្តការ​ណា​មួយ​ដើម្បី​ការពារ​ដើម​បណ្តឹង​នៅ​ក្នុង​អំឡុង​ពេល​ដំណើរការ​ពាក្យ​បណ្តឹង​នេះ​ទេ។

«គាត់​ប្តឹង​នៅ​ពន្ធនាគារ។ ​អញ្ចឹង ​យើង​បារម្ភ​ខ្លាច​គេ​ធ្វើ​បាប ​ឬ ​គាប​សង្កត់​គាត់ ​ព្រោះ​ពួក​គាត់​នៅ​ក្នុង​ពន្ធនាគារ»។

លោក​សុន ​ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្ស៊ី ​បាន​ទទូល​ស្គាល់​ថា​ច្បាប់​នេះ​ ជាទូទៅ​មាន​គោល​ការណ៍​ប្រសើរ​ជាង​មុន ​ប៉ុន្តែ​មាត្រា​មួយ​ចំនួន​មិន​ច្បាស់លាស់ ​និង​មិន​អាច​ទទួល​យក​បាន​ទេ។

«យើង​ឃើញ​ថា​ ច្បាប់​នេះ​មិនមាន​ការ​បែងចែក​រវាង​អ្នក​ទោស​នយោបាយ​ និង​អ្នក​ទោស​ឧក្រិដ្ឋ​ទេ ​ហើយ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់លាស់​អំពី​ការ​ប្រើប្រាស់​ពន្ធនាគារ​ ដែល​មិនមែន​ដាក់​អ្នក​ជាប់​ចោទ​ទេ។ ​សព្វថ្ងៃ​នេះ ​ជន​ជាប់ចោទ​ប្រហែល​៥០​ភាគរយ​ជាប់​ពន្ធនាគារ​ជាមួយ​អ្នក​ទោស​ឧក្រិដ្ឋ​ដែល»។

លោក​ជាម ​យៀប ​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«យើង​មាន​ច្បាប់​ឱ្យ​ចំៗ​ ស្តីពី​ពន្ធនាគារ​របៀប​នេះ​គឺ​ថា​ វា​គ្រាន់​បើ​ជាង​នៅ​ពេល​ដែល​យើង​អត់​មាន​ច្បាប់។​ ច្បាប់​ទាំង​ឡាយ​ ទោះបី​ប្រទេស​ណា​ក៏ដោយ​ មិន​ដែល​មាន​ភាព​សុក្រិត្យ​ទេ។ ​យើង​អាច​អនុវត្ត​ទៅ​ ហើយ​កន្លែងណា​ដែល​ជួប​ប្រទះ​នឹង​ភាព​ទាល់ច្រក​ មិន​អាច​អនុវត្ត​បាន​នោះ។ ​យើង​អាច​ធ្វើ​វិសោធន​កម្ម​បាន​នៅ​ពេល​ខាង​មុខ»។

សេចក្តី​ថ្លែង​ការណ៍​នៃ​រដ្ឋសភា​បាន​បញ្ជាក់​ថា​ រដ្ឋសភា​នឹង​បើក​ការ​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ​និង​សេចក្តីព្រាងច្បាប់​ស្តីពី​ពន្ធនាគារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

This posting includes an audio/video/photo media file: Download Now

ព្រះ​មហាវីរក្សត្រ​ឈប់​យាង​ចេញពី​ប្រទេស​កម្ពុជា

Posted: 31 Oct 2011 11:42 AM PDT

មាន​ព្រះរាជ​បន្ទូល​ដ៏​កម្រ​និង​មិន​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ព្រះរាជ​ពិធី​ចម្រើន​​ព្រះ​ជន្ម ​៨៩​ព្រះវស្សា​យាងចូល​៩០​ព្រះវស្សា ​និង​គម្រប់ខួប​លើក​ទី​២០​នៃ​ការ​យាង​និវត្តន៍​មក​កាន់​មាតុ​ប្រទេស​វិញ ​សម្តេច​ឪ​នរោត្តម​សីហនុ​បាន​មាន​ព្រះរាជ​បន្ទូល​ថា ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ព្រះអង្គ​ឈប់​យាង​និវត្ត​ទៅ​ក្រៅ​​ប្រទេស ​ដើម្បី​ព្យាបាល​រោគ​របស់​ព្រះអង្គ​ទៀត​ហើយ ​ហើយ​ប្រសិន​ណា​ព្រះអង្គ​មាន​បញ្ហា​ខាង​សុខភាព ​ព្រះអង្គ​នឹង​អញ្ជើញ​គ្រូពេទ្យ​ចិន​មក​ព្យាបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ចំណោម​មហាជន​ មន្ត្រី​រាជការ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​រាប់ពាន់​នាក់​ សម្តេច​ឪ​នរោត្តម​សីហនុ​បាន​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ​ការ​មិនយាង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នេះ​គឺ​ដើម្បី​បង្ហាញ​​ប្រាប់​ពិភពលោក​ថា ​យើង​បាន​រួបរួម​គ្នា​ល្អ​ណាស់ ​គឺ​ផ្លូវ​សន្តិភាព​ ផ្លូវ​ឯករាជ្យ ​និង​បន្ត​កសាង​ប្រទេស។

សម្តេច​ឪ​បាន​បញ្ជាក់​ទៀត​ថា ​យើង​កសាង​ប្រទេស​ជាតិ​ដើម្បី​ឲ្យ​កម្ពុជា​ប្រាស់​ចាក​ជា​ដាក់ខាត​ពី​ឋានៈ​ទន់ខ្សោយ ​ទៅ​រក​ឋានៈ​ជា​អំណាច​មួយ​នៅ​ក្នុង​ពិភពលោក​គឺ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​រវាង​ព្រះមហាក្សត្រ​ រាជរដ្ឋាភិបាល ​រដ្ឋសភា ​និង​ប្រជារាស្ត្រ។

«មិនមាន​មហិច្ឆតា​ដល់​ទៅ​ចង់​ធ្វើ​មហា​អំណាច​នោះ​ទេ​ គឺ​ថា​ យើង​ចង់​តែ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ យើង​រួបរួម​គ្នា ​ប្រែ​មក​ថា​ខ្លាំង​រឹងមាំ»។

សម្តេច​ឪ​នរោត្តម​សីហនុ ​និង​សម្តេច​ម៉ែ​នរោត្តម​មុនីនាថសីហនុ​បាន​យាង​និវត្តន៍​មក​កាន់​មាតុ​ប្រទេស​វិញ​ជា​លើក​ដំបូង ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ​ឆ្នាំ​១៩៩១​ ក្រោយ​ពី​របបខ្មែរ​ក្រហម​បាន​ដួល​រលំ។​ រយៈពេល​២០​ឆ្នាំ ​បន្ទាប់​ពី​ការ​យាង​មក​កាន់​មាតុ​ប្រទេស​វិញ ​សម្តេច​នរោត្តម​សីហនុ ​ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​រាជរដ្ឋាភិបាល ​ជា​និច្ចកាល ​បាន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដ៏​ថ្លៃថ្លា​ភ្លឺស្វាង​របស់​ព្រះករុណា​ព្រះមហា​វីរក្សត្រ​ជាង​រៀង​រហូត។

«តែង​បាន​សង្កេត​ថ្វាយ​នូវ​មនោ​សញ្ចេតនា ​គោរព​ស្រឡាញ់​ក្នុង​ទឹក​ចិត្ត​ប្រកប​ដោយ​កតញ្ញូតាធម៌​ដ៏​ជ្រៀលជ្រៅ​បំផុត ​និង​ស្មោះត្រង់​បំផុត​ចំពោះ​ព្រះអង្គ​ ព្រះបិតា​ឯករាជ្យ​ជាតិ​ បង្រួប​បង្រួម​ជាតិ​ និង​ផ្សះផ្សា​ជាតិ»។

លោក​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ ​[សម​ រង្ស៊ី] ​បាន​និយាយ​ថា​ លោក​គាំទ្រ​ឲ្យ​មាន​ព្រះវត្តមាន​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស។ ​លោក​បាន​បញ្ជាក់​ថា ​មាន​តែ​ព្រះអង្គ​ទេ​ ដែល​ធានា​នូវ​ការ​បង្រួបបង្រួម​ជាតិ ​និង​ការពារ​បូរណភាព​ទឹក​ដី​ពិត​ប្រាកដ។

«វត្តមាន​របស់​ព្រះអង្គ​​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​យ៉ាងណា​ដើម្បី​ធានា​ថា​ ការ​បោះឆ្នោត​ នៅ​ពេល​ខាងមុខ​នេះ​ត្រូវ​តែ​មាន​វត្តមាន​ឯកឧត្តម​ប្រធាន​សម ​រង្ស៊ី ​ហើយទង្វើ​ឯកឧត្តម​ប្រធាន​សម ​រង្ស៊ីជា​ទង្វើ​មួយ​នៅ​ក្នុង​ការការពារ​បូរណភាព​ទឹក​ដី ​នឹង​មិនមែន​ការពារ​ផល​ប្រយោជន៍​របស់​បរទេស​ទេ»។

លោក​ប៉ុល ​ហំម ​អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ​ទេ ​ក៏ប៉ុន្តែ​លោក​បាន​បញ្ចេញ​ទស្សនៈ​ថា​ គណបក្ស​នយោបាយ​អាច​ស្តាប់​ព្រះ​តម្រិះ​របស់​ព្រះអង្គ​ ដោយសារ​តែ​ព្រះអង្គ​ជា​ទីគោរព​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់។

«ដោយ​ថា ​ដំបូង​លោក​មាន​ការ​គោរព​ពី​គ្រប់​ភាគី​នយោបាយ។ ​ហើយ​ដូច្នេះ​តិច​ ឬ​ច្រើន​ខ្ញុំ​មាន​ជំនឿ​ថា​ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ស្តាប់​ខ្លះ។ ​វា​អាស្រ័យ​ទៅ​លើ​គណបក្ស​នយោបាយ​មួយៗ​ទេ​បាទ។ ​ព្រះអង្គ​មាន​ឥទ្ធិពល​ខាង​ផ្នែក​សីលធម៌ ​បាន​ទទួល​ការគោរព​ពី​ប្រជារាស្រ្ត​ភាគ​ច្រើន។ ​ដូច្នេះ​អាច​ថា ​ជា​វិភាគទាន​មួយ​ដែរ ​នៅ​ក្នុង​បញ្ហា​របស់​ប្រទេស»។

លោក​ធន់ ​សារ៉ាយ ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​និយាយ​ថា​ សម្តេច​ឪ​ ជា​ព្រះបិតា​បង្រួប​បង្រួម​ជាតិ ​ហើយ​នៅ​ពេល​ដែល​ព្រះអង្គ​គង់​នៅ​ក្នុង​ប្រទេស ​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​មាន​ភាព​កក់ក្តៅ។​ ក៏ប៉ុន្តែ​ទោះ​ជាង​យ៉ាងណា​ក៏​ដោយ ​បញ្ហា​សំខាន់​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​សង្គម ​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

«កុំ​ឲ្យ​មាន​ភាពក្រីក្រ ​ដែល​មាន​ភាព​អយុត្តិធម៌ ​ការរឹបអូស​យក​ដី​ធ្លី ​ការ​ដែល​មាន​អយុត្តិមធ៌​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។ ​កុំ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​ពេក ​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ហ្នឹង​ ហើយ​នឹង​ការ​ដែល​ធ្វើ​អ្វី​ ដែល​គម្លាត​ហ្នឹង​កាន់​តែ​ឆ្ងាយ​ទៀត។​ អា​ហ្នឹង​ហើយ​ជា​ការ​រក្សា​ស្ថិរភាព​មួយ​សំខាន់​ជាង​ការ​គង់​នៅ​របស់​ព្រះ​អង្គ​ទៀត»។

សម្តេច​ឪ​នរោត្តម​សីហនុ ​និង​សម្តេច​ម៉ែ​នរោត្តម​មុនីនាថសីហនុ ​យូរ​ម្តងៗ​ ព្រះអង្គ​បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ទៅ​គង់​ប្រថាប់​នៅ​ក្នុង​ប្រទេស​ចិន​ប្រជាមានិត ​ដើម្បី​ព្យាបាល​រោគ​របស់​ព្រះអង្គ៕

This posting includes an audio/video/photo media file: Download Now

វេទិកាគណបក្សសិទ្ធិមនុស្សត្រូវរំខាន

Posted: 31 Oct 2011 09:02 AM PDT

ក្រុម​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស ​នៅ​ថ្ងៃ​សៅរ៍​​បាន​ចោទ​ប្រកាន់​ថា ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ធ្លាប្រជុំ​ ស្រុក​កោះអណ្តែត ​ខេត្ត​តាកែវ ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប៉ុនប៉ង​រារាំង​មិន​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ រៀបចំ​វេទិកា​សម្តែង​មតិ ​ដោយ​បានចោទប្រកាន់​ថា ​វេទិកា​នេះ​ធ្វើ​ឡើង​ដោយ​ឥត​ច្បាប់។

គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម​ សុខា​ត្រូវ​រៀបចំ​វេទិកា​សម្តែង​មតិ​មួយ​នៅ​ថ្ងៃ​សៅរ៍​ នៅ​ឃុំ​ធ្លាប្រជុំ ​ស្រុក​កោះអណ្តែត​ ខេត្ត​តាកែវ ​ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ព្រមាន​ថា ​មិន​អនុញ្ញាត​ឲ្យ​​រៀបចំ​វេទិកា​នេះ​ទេ។

លោក​អ៊ូ ​ច័ន្ទរិទ្ធិ​ អ្នក​តំណាង​​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ​លោក ​សាត់ ​សយ ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ធ្លាប្រជុំ ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ព្រមាន​ចំៗ​ថា ​មិន​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​សម្មភាព​ណា​មួយ​ នៅ​លើ​ទឹក​ដី​របស់​លោក​ ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឃុំ​រួច​ហើយ​កាល​ថ្ងៃ​ទី​ ២៥​កន្លង​ទៅ​នេះ ​ដើម្បី​រៀបចំ​វេទិកា​សម្តែង​មតិ​នេះ។

«ព្រឹក​មិញ​នេះ ​សកម្មជន​លោក​បាន​រៀបចំ ​ហើយ​ប៉ូលិស​បាន​មក​ឃាត់​មិន​ឲ្យ​រៀបចំ​រោង​ដើម្បី​ធ្វើការ​ជួបជុំ​នោះ​ទេ។ ​តាម​ប្រសាសន៍​របស់​ជំទប់​ទី​មួយ​ថា​ ថ្នាក់​ខេត្ត​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទាក់ទង​ទៅ​ពីរ​ថ្ងៃ​មុន​ហ្នឹង​ លោក​ជំទប់​ហ្នឹង​ថា​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ណា​មក​ធ្វើ​សកម្មភាព​ក្នុង​ទឹក ​ដី​របស់​គាត់​ទេ»។

លោក​សាត់ ​សយ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ធ្លាប្រជុំ ​បាន​ច្រាន​ចោល​ទៅ​នឹង​ការចោទ​ប្រកាន់​នេះ​ ដោយ​លោក​បាន​និយាយ​ថា ​លោក​មិន​បាន​រារាំង​ ការ​រៀបចំ​វេទិកា​សម្តែង​មតិ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ។

«មាន​នណារ​គេ​ឃាត់​ គេ​ឃាំង​អី»។

លោក​ហេង​ វីរៈ​ ជំទប់​ទី​ពីរ​ ឃុំ​ធ្លាប្រជុំ​ខាង​គណបក្ស​សម ​រង្ស៊ី ​បាននិយាយ​ថា ​គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​ទីស្នាក់ការ​នៅ​ក្នុង​ឃុំ​នេះ​ទេ ​ដូច្នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​វេទិកា​ទេ។

 

«បើ​យើង​មាន​ស្នាក់ការ ​គណបក្ស​យើង​អាច​ឃោសនា​បាន​ ឬក៏​ផ្សព្វផ្សាយ​នៅ​ស្នាក់ការ​គណបក្ស​យើង​បាន។ ​ដូច​យើង​មិនទាន់​ដល់​ថ្ងៃ​ឃោសនា​អីញ្ចឹង​ ហើយ​យើង​ធ្វើ​អញ្ចឹង​វា​ដូច​ឃោសនា​អញ្ចឹង»។

លោក​ណុប ​សុវណ្ណ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​តាកែវ ​បាន​និយាយ​ថា​ ជា​ទូទៅ​គណបក្ស​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​ស្តីអំ​ពី​ការ​រៀបចំ​ វេទិកា ​ឬក៏​ការ​រៀបចំ​ការ​ប្រជុំ​ផ្សេងៗ​ ហើយ​យើង​មិន​ចាំបាច់​សុំ​ច្បាប់​អនុញ្ញាត​អ្វី​បន្ថែម​ទៀត​ទេ។

លោក​បាន​បញ្ជាក់​ថា​ ការ​រារាំង​នេះ​ គឺ​ជា​ការបំបិទ​សិទ្ធិ​សេរីភាព​មួយ​ទៀត ​ក្នុង​ការចូលរួម​សកម្មភាព​​គណបក្ស​នយោបាយ។

«គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់អំណាច​សព្វ​ថ្ងៃ​នេះ ​មាន​ការ​គាបសង្កត់​ទៅ​លើ​គណបក្ស​នយោបាយ​ដទៃ ​ដែល​កំពុង​តែ​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ។ ​ខ្ញុំ​គិត​ថា​ ‏គេ​គំរាម​យើង​ឈប់។​ គេ​គំរាម​ យើង​ឈប់។​ យើង​ឥតអាច​ធ្វើ​អ្វី​ជូន​ប្រជាពលរដ្ឋ​បាន ​មិនអាច​ផ្សព្វផ្សាយ​គោល​ការណ៍​គណបក្ស​ជូន​ប្រជាពលរដ្ឋ​បាន​ទេ»។

លោក​ជាម​ យៀប​ អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ថា​ គណបក្ស​កាន់​អំណាច ​មិនមាន​គោល​ការណ៍​ទៅ​គំរាម​កំហែង​គណបក្ស​នយោបាយ​ណាមួយ​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ការរៀបចំ​វេទិកា​ណាមួយ​គោរព​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ​ទេ ​អាជ្ញាធរ​មិន​រារាំង​ទេ។

«មើល​ប្រធានបទ​យើង​សារ​ឡើងវិញ​ ​ព្រោះ​ថា​ យើង​ត្រូវ​ប្រាប់​ពី​មូលហេតុ ​ឬ​ពីគោលបំណង​និង​ សំណើ​ច្បាស់់លាស់​អំពី​ការ​ប្រជុំ​ហ្នឹង។ ​អាហ្នឹង​យក​ទៅ​គេ​ពិនិត្យ​តាម​ហ្នឹង។ ​កាលណា​ធ្វើ​ទៅ​ដោយ​គ្មាន​ការ​ប៉ះពារ។ ​អាហ្នឹង​គេ​នឹង​អាច​អនុញ្ញាត​ឲ្យ»។

លោក​ចាន់​ សាវ៉េត​ មន្រ្តី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​និយាយ​ថា ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបប្រជុំ ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ​ហើយ​ការ​រារាំង​ណាមួយ​ពី​អាជ្ញាធរ ​គឺ​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ប្រជា​ពលរដ្ឋ។

«ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ឡាយ ​គួរតែ​គោរព​សេរីភាព​នេះ ​ឲ្យ​បាន​មុតមាំទៅ ​ហើយ​នាំ​គ្នា​គោរព​សេរីភាព​នេះ​ឲ្យ​បាន​មុតមាំ​ទៅ​ ធ្វើ​ឲ្យ​ប្រទេស​យើង​អាច​មាន​ការវិវត្តន៍​ទៅ​មុខ​ អាច​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​បរិបូរណ៌។ ​ក៏ដូច​ជា​ការគោរព​សិទ្ធិ​ពេញ​លេញ ​ដែល​ប្រជា​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ទាមទារ​ចង់​បាន​បាទ»។

លោក​ចាន់ ​សាវ៉េត​បាន​មាន​ប្រសាសន៍​ទៀត​ថា​ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ ដែល​អាជ្ញាធរ​បាន​រារាំង។ ​កន្លង​មក​អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​តែងតែ​រងការ​រំខាន​ពី​អាជ្ញាធរ​ ក្នុង​ការ​រៀបចំ​វេទិកា​សម្តែងមតិ ​ឬក៏​ការ​ជួប​ប្រជុំ​ផ្សេងៗ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ៣១ តុលា

Posted: 30 Oct 2011 06:49 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

អាហ្វហ្កានីស្ថាន៖ ក្រុម​មន្ត្រី​អាហ្វហ្កានីស្ថាន​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​មួយ​គ្រឿង​បាន​បណ្តាលឲ្យ​មនុស្ស​៤​នាក់​ស្លាប់​នៅ​ជិត​ការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង​កាន់ដាហារ៍ (Kandahar) នា​ភាគ​ខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។

ស៊ីរី៖ សម្ព័ន្ធ​អារ៉ាប់​កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​ប្រទេស​ស៊ីរី​ចំពោះ​ផែនការ​ដែល​បាន​ស្នើទ្បើង​មួយ​ដើម្បី​បញ្ចប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ស៊ីរី​លើ​ការ​បះបោរ​របស់​ក្រុម​ប្រឆាំង។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ នា​ថ្ងៃ​ចន្ទ​នេះ​ ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រំពឹង​ថា​រដ្ឋ​ប៉ាឡេស្ទីន​នឹង​ទទួល​បាន​សមាជិកភាព​ពេញសិទ្ធិ​នៅក្នុង​អង្គការ​យូណេស្កូ​ (UNESCO)​ របស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​ការ​បោះឆ្នោត​មួយ​ដែល​នឹង​ជួយ​ជ្រោមជ្រែង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យ​មួយ​ពី​អន្តរជាតិ។

លីប៊ី៖ អង្គការ​អូតង់​គ្រោង​នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​លីប៊ី​នៅ​ថ្ងៃចន្ទ​នេះ​ ក្រោយពី​បាន​ធ្វើ​យុទ្ធនាការ​តាម​អាកាស​អស់​រយៈពេល​៧​ខែ​ដើម្បី​ការពារ​ក្រុម​ជន​ស៊ីវិល​តាមរយៈ​បេសកកម្ម​ដែល​កំណត់ឲ្យ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

<!--IMAGE-RIGHT-->

ព័ត៌មាននៅពេលមុននេះ៖

កៀហ្ស៊ីស៊ីស្ថាន ៖ ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​អតីត​នាយក​រដ្ឋមន្ត្រី​ កៀហ្ស៊ីស៊ីស្ថាន បាន​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី​មួយ​ក្នុង​ប្រទេស​នេះ​នា​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី​ចាប់​តាំង​ពី​​មាន​ការបះបោរ​ដែល​បាន​ទម្លាក់​អតីត​ប្រធានាធិបតី kurmanbekBakiyev ពី​តំណែង។

អ៊ីស្រាអែល ៖ ​កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើ​ពួក​ជន​សកម្មប្រយុទ្ធ​ Palestine មួយ​ក្រុម​នៅ​ក្នុង​តំបន់​ Gaza ​កាល​ពី​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ពួក​ជន​សកម្មប្រយុទ្ធ​បាន​បាញ់​រ៉ុក្កែត​ចូល​ទៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​ទី​ពីរ។

ស៊ីរី ៖ ​ពួក​អ្នក​តំណាង​សម្ព័ន្ធ​អារ៉ាប់​បាន​ជួប​ជា​មួយ​ពួក​មន្ត្រី​ស៊ីរី​នៅ​ក្នុង​រដ្ឋធានី​ Doha នៅ ​​Qatar ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​សម្លាប់​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​អាជ្ញាធរ​ស៊ីរី​ទៅ​លើ​ការ​បះបោរ​មួយ​របស់​ក្រុម​ប្រឆាំង។

អ៊ីរ៉ាក់ ៖ ​កាសែត​ The New York Times ​រាយការណ៍​ថាសហរដ្ឋ​អាមេរិក​ធ្វើការ​ចចារ​ជាមួយ​គុយវ៉ែត​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ទាហាន​ប្រយុទ្ធ​អា​មេរិកាំង​តាំង​មូលដ្ឋាន​នៅ​ក្នុង​តំបន់ឈូង​សមុទ្រ​ពែក្ស ​ក្រោយ​បញ្ចប់​ការ​ដក​ទាហាន​ថយពី​អ៊ីរ៉ាក់​​ដែល​បាន​ត្រូវ​ប្រកាស​មិន​ឱ្យ​ហួស​ពី​ដំណាច់​ឆ្នាំ​នេះ​ទេ។

កែនយ៉ា ៖ ​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​ដែល​គេ​សង្ស័​យ​ថា​ជា​របស់​ប្រទេស​ Kenya បាន​ទម្លាក់​គ្រាប់បែក​លើ​ក្រុង​ Jilib នា​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​សូម៉ាលី​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​ណាស់​១០​នាក់​ស្លាប់​។

អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​ ដាវីឌ កាម៉េរ៉ូន បាន​មាន​ប្រសាសន៍​ថា​នាវា​ជំនួញ​ដែល​មាន​ដោត​ទង់ជាតិ​អង់គ្លេស​ដែល​ធ្វើ​ដំណើរ​ក្នុង​ដែន​សមុទ្រ​ទល់​មុខ​នឹង​តំបន់​ស្នែង​នៃ​ទ្វីប​អាហ្វ្រ៊ិក​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Horn of Africa នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ពួក​ឆ្មាំ​ប្រដាប់​អាវុធ​ដើម្បី​រាំងរា​ការពារ​នឹង​ពួក​ចោរ​សមុទ្រ។

សហរដ្ឋ​អាមេរិក ៖ មាន​ព្យុះ​ទឹកកក​ដែល​មិន​សូវ​មាន​​មួយ​ក្នុង​ខែ​តុលា​ក្នុង​រដ្ឋ​មួយ​ចំនួន​នា​ផ្នែក​ឦសាន​​នៅ​អាមេរិក ​ដែល​បាន​បណ្តាលឱ្យ​មាន​មនុស្ស​បី​នាក់​ស្លាប់​និង​​គ្មាន​ភ្លើង​អគ្គិសនី​ក្នុង​ផ្ទះ​និងហាង​ជំនួញ​ជា​ង​២​លាន៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!