VOA News: ព័ត៌មាន: “មេធាវី​ នួន ជា​ ​មិន​ឆ្លើយ​សំណួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដោយ​ថា​មិន​ឯករាជ្យ” plus 3 more

VOA News: ព័ត៌មាន: “មេធាវី​ នួន ជា​ ​មិន​ឆ្លើយ​សំណួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដោយ​ថា​មិន​ឯករាជ្យ” plus 3 more


មេធាវី​ នួន ជា​ ​មិន​ឆ្លើយ​សំណួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដោយ​ថា​មិន​ឯករាជ្យ

Posted: 03 Nov 2011 07:08 AM PDT

សហមេធាវី​បរទេស​របស់​ នួន ​ជា ​បាន​បដិសេធ​មិនព្រម​ឆ្លើយ​នឹង​សំណួរ​របស់​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក៏​ប៉ុន្ដែ​បាន​ទទូច​ឲ្យ​តុលាការ​ចាត់​នីតិវិធី​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន ​និង​មន្ដ្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល ​ចំពោះ​ការ​ចោទប្រកាន់​ពី​ការ​ជ្រៀតជ្រែក​ ផ្នែក​នយោបាយ​លើ​សាលាក្ដី​ខ្មែរ​ក្រហម។

លោក​ព្រះរាជអាជ្ញា​រង ​សុខ ​រឿន ​បាន​កោះហៅ​សហមេធាវី​បរទេស​របស់​អតីត​បង​ធំ​ទី​២​ នៃ​របប​កាប់​សម្លាប់​របស់​ពួក​ខ្មែរ​ក្រហម​ គឺ​លោក​ ម៉ាយឃើល ​ផេសម៉ិន​ (Michiel Pestman) ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​សាកសួរ​ និង​ប្រគល់​ភស្ដុតាង ​រីឯ​លោក ​អេនឌ្រូ​ អ៊ាននូ​ហ្ស៊ី ​(Andrew ​Ianuzzi)​ ទីប្រឹក្សា​ច្បាប់​នៃ​មេធាវី​ការពារ​ នួន​ ជា​ នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្អែក។

លោក​ ម៉ាយឃើល ​ផេសម៉ិន ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​ចូល​ខ្លួន​ទៅ​តុលាការ​ថា ​ព្រះរាជ​អាជ្ញារង​មិន​ឯករាជ្យ។

«មិន​មាន​ប្រយោជន៍​ដែល​យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ទេ​ ពីព្រោះ​ខ្ញុំ​ជឿ​ថា ​គាត់​មិន​ឯករាជ្យ ​ហើយ​ខ្ញុំ​គិត​ថា​ គាត់​នឹង​បិទ​ការ​ស៊ើបអង្កេត​ឆាប់ៗ​នេះ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន ​មេធាវី​អន្ដរជាតិ​របស់​លោក​ នួន​ ជា ​​​​បាន​ដាក់​បណ្ដឹង​ទៅ​កាន់​​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ​ប្រឆាំង​ទៅ​នឹង​លោក​នាយករដ្ឋ​មន្ដ្រី​ខ្មែរ​ហ៊ុន​ សែន ​និង​លោក​ជា ​ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​​ លោក​ហេង​ សំរិន​ ប្រធាន​​កិត្តិយស​គណបក្ស​នេះ ​លោក​ហោ ​ណាំហុង​​ រដ្ឋមន្រ្ដី​ការបរទេស ​លោក​គាត​ ឈុន​ ​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ ​លោក​គង់ ​សំអុល​ រដ្ឋមន្ដ្រី​ក្រសួង​ព្រះបរម​រាជវាំង ​លោក​អ៊ុក ​ប៊ុនឈឿន​ និង​លោក​ស៊ីម​ កា ​សមាជិក​ព្រឹទ្ធ​សភា​ និង ​មន្ដ្រី​ជាន់ខ្ពស់​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​​កាន់​​​អំណាច​ លោក​ឧត្តមសេនីយ៍​ខៀវ ​សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន ​ខៀវ​ កាញារីទ្ធ​ និង​ប្រឆាំង​ លោក​ ផៃ​ ស៊ីផាន​ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ក្នុង​បណ្ដឹង​នោះ​ ក្រុម​មេធាវី​ការពារ​បាន​សំអាង​ថា ​លោក​ប្រមុខ​រដ្ឋាភិបាល​ មេដឹកនាំ​ និង​មន្ដ្រី​ជាន់ខ្ពស់ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​យុតិ្តធម៌​ ដោយ​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ដបន្ទាប់​គ្នា​ប្រឆាំង​នឹង​សំណុំរឿង​០០៣ ​និង​០០៤​ ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស់​រវាង​ភាគី​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ។

នៅ​ក្នុង​សន្និសីទ​កាសែត​នោះ ​មេធាវី​ នួន ​ជា ​សំអាង​ថា ​មន្ដ្រី​ទាំង​នោះ​មិនត្រឹម​តែ​គំរាម​ដល់​ឯករាជ្យភាព ​និង​ភាពស្រប​ច្បាប់​របស់​ស្ថាប័ន​តុលាការ​តែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្ដែ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​សិទ្ធិ​របស់​កូន​ក្ដី​របស់​លោក ​និង​ប៉ះពាល់​ដល់​ការ​កាត់ក្ដី​ដោយ​ត្រឹមត្រូវ​ក្នុង​សំណុំរឿង​០០២​ ផងដែរ។

លោក​មេធាវី​ ម៉ាយឃើល​ ផេសម៉ិន​ បាន​ទទូច​ចង់​ឃើញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​លើ​បណ្ដឹង​របស់​ក្រុម​លោក​បន្ទាប់​ពី​បណ្ដឹង​ស្ដីពី​ការ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​កាល​ពី​លើក​មុន​ត្រូវ​បាន​ទាត់ចោល។

លោក ​សុខ​ រឿន ​ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ​ មិន​អាច​ទាក់ទង​បាន​ទេ​ នៅ​ថ្ងៃ​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

កាល​ពី​សប្ដាហ៍​មុន ​លោក​ ហោ ​ណាំហុង ​ដែល​មាន​ឈ្មោះ​ក្នុង​បណ្ដឹង​របស់​ក្រុម​មេធាវី​ការពារ​ នួន ​ជា ​មាន​ប្រសាសន៍​ថា ​បណ្ដឹង​ប្រឆាំង​រូប​លោក​ គឺ​ជា​ការ​លេង​កំប្លែង​របស់​ក្រុម​មេធាវី​ការពារ​ នួន ​ជា។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ខ្មែរ​បាន​បង្ហាញ​ជំហរ​ថា ​ខ្លួន​មិន​ធ្វើ​ការ​ជ្រៀត​ជ្រែក​លើ​ការ​សម្រេច​ចិត្ត​របស់​សាលាក្ដី​ខ្មែរក្រហម​នោះ​ទេ។ ​ជាពិសេស​បន្ទាប់​ពី​មាន​ការ​លាលែង​ពី​ការងារ​របស់​សហចៅក្រម​ស៊ើប​អង្កេត​អន្ដរជាតិ ​លោក​ ស៊ីកហ៊្វ្រីត ​ប៊្លុង។ ​លោក ​ប៊្លុង​ ដែល​បាន​សំអាង​ថា ​មាន​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​លើ​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ ០០៣ ​និង​ ០០៤​ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ប្រទាញ​ប្រទង់​រវាង​អង្គការ​សហប្រជាជាតិ​ជាមួយ​រដ្ឋាភិបាល៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភា​អនុម័ត​មាត្រា​ដ៏​ចម្រូងចម្រាស់​នៃ​ច្បាប់​អាស៊ីដ

Posted: 03 Nov 2011 06:55 AM PDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សមាជិក​សភា​ភាគច្រើន​ បាន​អនុម័ត​មាត្រា​នៃ​សេចក្តីព្រាង​ច្បាប់​អាស៊ីដ​ខ្លាំង​ដ៏​មាន​រឿង​ចម្រូង​ចម្រាស់​ទាក់ទង​ដល់​ការ​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង​ ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ជា​សះ​ស្បើយ​ ជំនួស​ការ​ព្យាបាល​បឋម។

មាត្រា​ដែល​ធ្វើ​ឲ្យ​មាន​កង្វល់​ គឺ​មាត្រា​១១​អំពី​ការ​ព្យាបាល​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីដ​ ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​៩១​លើ​៩៣ ​បន្ទាប់​ពី​គេ​បាន​លុបចោល​ពាក្យ ​«បឋម ​ពី​មណ្ឌល​សុខភាព ​មន្ទីរ​ពេទ្យ​រដ្ឋ​ ឬ ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត ​ត្រូវ​ផ្តល់​ការ​សង្គ្រោះ ​និង​ការ​ព្យាបាល​បឋម​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង ​ដោយ​ឥត​គិត​ថ្លៃ» ​មក​ជា​ «មណ្ឌល​សុខភាព​ មន្ទីរ​ពេទ្យ​រដ្ឋ ​ឬ ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត ​ត្រូវ​ផ្តល់​ការ​សង្គ្រោះ ​និង​ការព្យាបាល​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង​​ ដោយ​ឥត​គិត​ថ្លៃ»។

លោកស្រី ​ឃួន​ សុដារី ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ​និង​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​រង​ទុក្ខ​លំបាក​វេទនា​ទាំង​ផ្លូវកាយ​ផ្លូវ​ចិត្ត​ និង​សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត​ និង​ដល់​អាយុជីវិត​ថែម​ទៀត​ផង។

«យើង​ឃើញ​ថា​ រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ដោយ​ការ​សង្គ្រោះ ​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។ ​នេះ​គឺ​ជា​ឆន្ទៈ​មួយ​ល្អ​ប្រពៃ​ណាស់ ​ពីព្រោះ​គិត​ថា​ជន​រងគ្រោះ​ដោយសារ​ទឹក​អាស៊ីដ​នេះ​ មិនមែន​ព្យាបាល​រយៈពេល​ខ្លី​ទេ​ គឺ​រយៈពេល​វែងណាស់។ ដូច្នេះ ​នេះ​គឺ​ជា​ឆន្ទៈ​នយោបាយ ​និង​ទឹក​ចិត្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​ សណ្តាប់​ធ្នាប់​សង្គម​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដដែល»។

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី ​បាន​ថ្លែង​ថា​ ការ​លុប​ពាក្យ​ «បឋម»​ នេះ​ គឺជា​​ការណ៍​ត្រឹមត្រូវ។ ​ជំពូក​ទី​៣​ មិនមែន​ត្រឹមតែ​គាំពារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទាំង​ការពារ​ដល់​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ដើម្បី​ធ្វើជា​សាក្សី​នៅ​ក្នុង​តុលាការ។

លោកស្រី​ មួរ ​សុខហួរ ​បាន​បន្ថែម​ថា​ មាត្រា​១១​គួរ​បន្ថែម​ ការព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​អស់​មួយ​ជីវិត។ ជន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​មក​សង​ជំងឺ​ចិត្ត​ចំពោះ​ជន​រងគ្រោះ។ ​រដ្ឋ​ត្រូវ​មាន​មូលនិធិ​សង្គម ​ឬ ​ថវិកា​ជាតិ​ និង​ត្រូវ​បណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ។

«មាត្រា​១១​ បាន​និយាយ​អំពី​មណ្ឌល​សុខភាព ​មន្ទីរពេទ្យ​ គ្រឹះស្ថាន​ព្យាបាល​សង្គ្រោះ​ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ជន​រងគ្រាះ។​ ខ្ញុំ​យល់​ឃើញ​ថា​ គួរ​បន្ថែម​ពាក្យ​ដោយ​ឥត​គិត​ថ្លៃ​អស់​មួយ​ជីវិត។ ​ខ្ញុំ​យល់​ឃើញ​ថា​ រដ្ឋ​ត្រូវ​តែ​ផ្តល់​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ​ដោយ​ឥត​គិត​ថ្លៃ»។

លោក​ តេង ​សាវង្ស​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ មាត្រា​នេះ​ បាន​ចែង​ច្បាស់លាស់។ ​រដ្ឋាភិបាល​ចង់​បង្ហាញ​ឆន្ទៈ​យក​ចិត្ត​ទុកដាក់​ចំពោះ​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ខ្លាំង។

«យើង​ចែង​ច្បាស់​ថា​មន្ទីរពេទ្យ ​និង​គ្រឹះស្ថាន​ព្យាបាល​របស់​រដ្ឋ​ត្រូវ​ព្យាបាល​គេ ​(ជន​រងគ្រោះ​ដោយសារ​​អាស៊ីដ​ខ្លាំង) ​ឱ្យ​ជា​សះស្បើយ​ដោយ​មិន​គិត​ថ្លៃ​ និង​ឱ្យ​គេ​រួចផុត​ពី​ការស្លាប់។ ​ករណី​ខ្លះ​ពាក់ព័ន្ធ​ដល់​ការ​កែ​​សម្ផស្ស។ ​រាជរដ្ឋាភិបាល​មិន​អាច​ទទួល​បញ្ហា​នោះ​បាន​ទេ»។

លោក​វេជ្ជបណ្ឌិត ​ហង​ ឡៃរ៉ាប៉ូ ​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីដ​​បាន​ចំនួន​៣៤៥​នាក់។

លោក​ អ៊ំ ​សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​ទឹក​អាស៊ីដ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​មាន​ដល់​ទៅ​៤០​ករណី​ក្នុង​មួយ​ឆ្នាំ។

រដ្ឋសភា​បាន​អនុម័ត​ដល់​មាត្រា​១៣​ ក្នុង​ចំណោម​មាត្រា​សរុប​២៧​ នៃ​សេចក្តី​ព្រាងច្បាប់​អាស៊ីដ​ នៅ​ក្នុង​ការ​ពិភាក្សា​ថ្ងៃ​ដំបូង​នេះ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០៣ វិច្ឆិកា

Posted: 03 Nov 2011 08:40 AM PDT

ព័ត៌មានចុងក្រោយបំផុត៖

សរអា៖ ក្រសួង​ការបទេស​រុស្ស៊ី​បាន​សម្ដែង​ការ​សង្ស័យ​អំពី​ការ​កាត់​សេចក្ដី​ឲ្យ​លោក​ Viktor Bout ​អ្នក​លក់ដូរ​អាវុធ​ជាតិ​រស្ស៊ី​មាន​ទោស​ថា​យុត្ដិធ៌ម​ឬ​អត់​។

ជប៉ុន៖ អ្នក​ប្រតិបត្ដិការ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដែល​ខូច​របស់​ប្រទេស​ជប៉ុន​និយាយ​ថា​ ឧស្ម័ន​ផ្ទុក​វិទ្យុ​សកម្ម​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​នៃ​រោងចក្រ​នោះ​ ទំនង​ដូច​ជា​កើត​មាន​ដោយ​សារ​មូលហេតុ​ធម្មជាតិ​ មិនមែន​ដោយ​មកពី​ប្រតិកម្ម​នុយក្លេអ៊ែរ​ទប់ទល់​មិន​បាន​នោះ​ទេ។

ហ្គិ្រក៖ លោក​នាយក​រដ្ឋមន្ដ្រី​ Papandreouកំពុងតែ​កោះ​ប្រជុំ​គណ:រដ្ឋមន្ដ្រី​គ្រា​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សមាជិក​សភា​នៅ​ក្នុង​គណ:បក្ស​សង្គម​និយម​កាន់​កាប់​អំណាច​របស់​លោក​ គំរាម​បោះបង់​ចោល​រដ្ឋាភិបាល​របស់​លោក​ ដោយ​មក​ពី​ផែនការ​ចម្រូង​ចម្រាស​របស់​លោក​ចង់​ធ្វើ​ការ​បោះ​ឆ្នោត​កញ្ចប់​​សង្គ្រោះនៅ​ទូទាំង​ប្រទេស។

ស៊ិរី៖ សកម្មជន​និយាយ​ថា​ កងកម្លាំង​សន្ដិសុខ​ស៊ិរី​ សម្លាប់​មនុស្ស​បី​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ព្រមព្រៀង​យក​ផែនការ​ដែល​សុំឲ្យ​បញ្ចប់​អំពើ​ហិង្សា​ប្រឆាំង​បាតុករ​ជំទាស់។

លីប៊ី៖ រដ្ឋ​អាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​និយាយ​ថា​ ការិយាល័យ​របស់​លោក​បាន​ខំប្រឹង​ប្រែង​នាំ​យក​កូនប្រុស​របស់​លោក​Moammar Gadhafi ទៅ​ជំនុំជម្រះ​កាត់​សេចក្ដី​ ព្រមទាំង​អតីត​នាយក​ស៊ើបការណ៍​សម្ងាត់របស់​មេដឹក​នាំ​លីប៊ី​ផងដែរ។ លោក​Luis Moreno-Ocampo​និយាយ​ថា​ គេ​កំពុង​តែ​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ឲ្យ​លោក​Seif al-Islam​កូន​ប្រុស​របស់​លោក​ Gadhafi ​ប្រគល់​ខ្លួន។

ចិន៖ ប្រទេស​ចិន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​សម្រេច​ជោគ​ជ័យ​ក្នុង​បេសកកម្ម​ឲ្យ​យាន្ដ​អាវកាស​ពីរ​ដែល​ហោះ​ឆ្វែល​ផែនដី​ជួប​គ្នា​។ មន្ដ្រី​ចិន​និយាយ​ថា​ យាន្ដ​អាវកាស​គ្មាន​មនុស្ស​បើក​ឈ្មោះ​Shenzhou-8 ​ទៅភ្ជាប់​យាន្ដ​អាវកាស​Tiangong-1​ ដែល​គេ​ធ្វើ​ការ​ពិសោធ​នៅ​ពេល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ចម្ងាយ​ប្រមាណ​៣៤០​គីឡូម៉ែត្រ​ពី​ផែនដី។

បារាំង៖ លោក​ប្រធានាធិបតី​ Barack Obama​កំពុង​តែ​ស្ថិត​នៅ​ទីក្រុង​Cannes​ប្រទេស​បារាំង​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​រយ:ពេល​ពីរ​ថ្ងៃ​ជា​មួយ​ក្រុម​មន្ដ្រី​មកពី​ប្រទេស​២០​មាន​សេដ្ឋកិច្ច​លូតលាស់។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

អង់គ្លេស៖ ស្ថាបនិក​គេហទំព័រ​ Wikileaks ​លោក​ Julian Assange ​បាន​បាត់បង់​ការ​ឡើង​ឧទ្ធរណ៍​ដែល​រារាំង​មិន​ឲ្យ​មាន​ការ​បញ្ជូន​ខ្លួន​លោក ​​ទៅ​ឲ្យ​​ប្រទេស​ស៊ុយអ៊ែដ​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​​រំលោភ​លើ​ភេទ​ស្រ្ដី។

ចិន៖​ និយាយ​ថា ​នឹង​ទទួល​យក​យុវជន​ដែល​ធាត់​ ហើយ​ខ្លះ​មានដៅ​សាក់​ច្រើន​លើ​ស្បែកឲ្យចូល​ធ្វើ​ជា​ទាហាន​ ​ដែល​ជា​វិធានការ​មួយ​ ដើម្បី​ទាក់ទាញ​យុវជន​ចិន​ឲ្យ​ចូលបំរើ​ក្នុង​កងទ័ព។

ឥណ្ឌា ៖ ​ប៉ូលីស​នៅ​តំបន់​ខាង​កើតឥណ្ឌា​និយាយ​ថា​ ក្រុម​បះបោរ​និយម​លទ្ធិម៉ៅ​ បាន​ចាប់​ពង្រត់​មនុស្ស​១៥​នាក់​ ដែល​ជា​កម្មករ​សំណង់​ស្ពាន។

នេប៉ាល់៖ គណបក្ស​ធំៗ​នៅ​ក្នុង​ប្រទេសនេប៉ាល់ ​បាន​យល់​ព្រម​​​លើ​កិច្ចព្រមព្រៀង​គ្នា​មួយ ​ដែល​បញ្ចូល​អតីត​យុទ្ធជន​និយមម៉ៅ​ ឲ្យ​ចូល​ក្នុង​កង​ទ័ពជាតិ។

ស៊ីរី ៖ អង្គការ​ Arab League​ និយាយ​ថា​ រដ្ឋាភិបាល​ស៊ីរី​ បាន​យល់​ព្រម​​​លើ​ផែនការ​មួយ​ដែល​នឹង​បន្ធូរ​ដៃ​ក្នុង​ការ​វាយ​បង្រ្កាប​ជិត​៨​ខែ​ ទៅ​​លើ​សកម្មជន​អ្នក​ប្រឆាំង​រដ្ឋាភិបាល​។

ហ្រ្គិក៖ មេដឹកនាំ​ប្រទេស​អឺរ៉ុប​ត្រូវ​កំណត់នឹងទៅ​ត​ទល់​ជា​មួយ​​នាយក​រដ្ឋមន្ដ្រី​​ហ្រ្គិក​ ​លោក George Papandreou ​អំពី​សេចក្ដី​ស្នើ​របស់​លោក​ ដើម្បី​រៀប​ចំ​ការបោះឆ្នោត​ប្រជា​មតិ​អំពី​កិច្ច​ព្រមព្រៀង​រំដោះបំណុល។

លីប៊ី ៖ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បានគីមូន ​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​​ទ្រីប៉ូលី​ ក្នុង​ទស្សនកិច្ច​មូយ​ដែល​មិន​ប្រាប់​ឲ្យ​ដឹង​មុន​ទៅ​កាន់​ប្រទេស​លីប៊ី​ជា​លើក​ដំបូង​ចាប់តាំង​ពី​មាន​ការបះបោរ​ ដែល​បាន​ទម្លាក់អតីត​មេដឹកនាំ​យូរ​អង្វែង ​មូមារ​ កាដាហ្វី។

យេម៉ែន ៖ អ្នកការទូត​នៃ​សហភាពអឺរ៉ុប ​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​ប្រធានាធិបតី​​យេម៉ែន​ លោក ​Ali Abdullah Saleh ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ប្រុងប្រៀប​​ស្រេច​ហើយ ​ដើម្បីប្រគល់​អំណាច​ឲ្យ​អនុប្រធានាធិបតី​ចាត់ចែងការផ្ទេរ​អំណាច​នយោបាយ​ទៅ​ឲ្យ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ប្រទេសនេះ។

អេត្យូពី ៖ ក្រុមជំនួយពេទ្យ​ហៅ​វេជ្ជបណ្ឌិត​គ្មានព្រំដែន​និយាយ​ថា ​ខ្លួនមាន​ការ​លំបាក​នឹង​បំពេញ​កិច្ចការ​នៅ​ពេល​ដែល​មាន​ជនភៀសខ្លួន​កាន់តែច្រើន​ចូល​មក​ក្នុង​ជំរុំ​នៅ​អេត្យូពី​ដើម្បី​គេច​ចេញ​ពី​សង្រ្គាម​និង​ទុរិ្ភក្ស។

អាហ្វហ្គានីស្ថាន ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ហាមិដ កាសៃ​ ព្រមាន​ថា ​គ្មាន​សេចក្ដីសង្ឃឹម​ថា​នឹង​មាន​សន្ដិភាព​ដល់​ប្រទេស​របស់លោក​ បើ​គ្មាន​ការ​ជ្រោមជ្រែង​ពី​ប្រទេស​ជិតខាង​​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​ភេរវករ។

ប៉ាគីស្ថាន៖ គណរដ្ឋមន្ដ្រី​របស់ប៉ាគីស្ថាន​ បាន​យល់​ព្រម​មក​លើ​សេចក្ដីស្នើ​ដែល​ផ្ដល់​ឲ្យ​ឥណ្ឌា​នូវ​ឋានៈ​ប្រទេស​មាន​ការអនុគ្រោះ​ពាណិជ្ជកម្ម ​ ដែល​ជា​វិធានការ​មួយ​គេ​មើល​ឃើញ​ថា​ ជា​ការ​បំបែក​ភាពទល់ច្រក​ដ៏ធំ​ ខណៈ​ដែល​ប្រទេស​គូ​ប្រជែង​គ្នា​ខិតខំ​បង្កើត​ឲ្យ​មាន​ការ​ទំនាក់ទំនង​គ្នា​ជា​ប្រក្រតី​ឡើងវិញ។

អ៊ីរ៉ង់ ៖ សភាអាមេរិកបាន​ធ្វើ​ចលនា​មក​រក​ការ​បន្ដឹង​ការ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​អ៊ីរ៉ង​ ក្រោយ​ពី​មាន​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ៊ីរ៉ង់​បាន​រៀបចំ​ផែនការ​ធ្វើ​ឃាតកម្ម​មក​លើ​រូប​ឯកអគ្គរដ្ឋទូត​អារ៉ាប៊ីយ៉ា សាអ៊ូឌីត៕

This posting includes an audio/video/photo media file: Download Now

មន្ត្រី​យោធា​ជាន់​ខ្ពស់​ពីរ​រូប​ត្រូវ​ឃុំ​ខ្លួន​ទាក់ទិន​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន

Posted: 02 Nov 2011 05:52 PM PDT

តុលាការ​ក្រុង​ភ្នំពេញ​នៅ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​យោធា​ជាន់​ខ្ពស់​ពីរ​រូប​និង​ប្រជាពលរដ្ឋ​ពីរ​រូប​ផ្សេង​ទៀត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ទាក់​ទង​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​និង​ការ​រក្សា​ទុក​អាវុធ​ខុស​ច្បាប់។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​សៀង សុខ​ព្រះ​រាជ​អាជ្ញារង​ក្រុង​ភ្នំពេញ ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​​មាត្រា​៣៣​នៃ​ច្បាប់​ស្តី​ពី​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​និង​​តាម​មាត្រា​២០​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ។

ឧត្តម​សេនីយ៍​ទាំង​ពីរ​រូប​ដែល​រួម​មាន​លោក​ឡែ វីរៈ ​និង​លោក​ឃួន​ រឿន ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ចំពោះ​អ្នក​កាសែត​ទេ​ បន្ទាប់​ពី​បាន​ត្រូវ​បណ្តើរ​ចេញ​ពី​អគារ​តុលាការ​ដោយ​មាន​ការ​ការពារ​យ៉ាង​មាំទាំ​ពី​សមត្ថកិច្ច​ប៉ូលីស​ប្រដាប់​ដោយ​អាវុធ​ AK ​ស្វ័យ​ប្រវត្តិ។

ដោយ​ឡែក​លោក​ឧត្តម​សេនីយ៍​ទោ​ ឃួន រឿន​ នៅ​ក្នុង​បន្ទប់​សវនាការ​បាន​ប្រាប់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់​ថា​ លោក​ខុស​ដោយ​ខ្លួន​ឯង​ ហើយ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀតទេ​បន្ទាប់​ពី​មន្ត្រី​ប៉ូលីស​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​ហាម​ឃាត់​មិន​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត។

លោក​ពេជ្រ សូរិយា​មេធាវី​ការ​ពារ​ក្តី​លោក​ឡៃ​ វីរៈ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ ថា​ស្ថិត​នៅ​ក្នុង​ដំណើរការ​រឿង​ក្តី​និង​រក្សា​ការ​សម្ងាត់​នៅ​ក្នុង​រឿង​ក្តី​លោក​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទៅ​និង​សំណួរ​អ្នក​កាសែត​ទេ។​

លោក​ឧត្តម​សេនីយ៍​ទោ​ ឡៃ​ វីរៈ​ និង​លោក​ឧត្តម​សេនីយ៍​ទោ​ឃួន រឿន​ អតីត​ក្រសួង​ការពារ​ជាតិ​បាន​ពាក់​ម៉ាស់​និង​ពាក់​មួក​ការពារ​បន្ទាប់​ពី​ត្រូវ​បណ្តើរ​ចូល​ទៅ​ក្នុង​និង​បណ្តើរ​ចេញ​ពី​អគារ​តុលាការ​រួច​ហើយ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​បណ្តើរ​តាម​រថ​យន្ត​មួយ​ឆ្ពោះ​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃស។​

អ្នក​ស្រី​ឡៃ​ វ៉ារី​ អាយុ​៥៣​ឆ្នាំ​រស់​នៅ​ភូមិ​កំពុង​ស្វាយ​ឃុំ​សូភី​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​ជា​ប្អូន​ស្រី​លោក​ឡៃ​ វីរៈ​បាន​មាន​ប្រសាសន៏​ថា​ អ្នក​ស្រី​មិន​ជឿ​លោក​ឡៃ​ វីរៈ​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​ស្រវឹង​ទេ។​

«ខ្ញុំ​ជឿ​ជាក់​បង​ប្រុស​ខ្ញុំ​គឺ​គាត់​អត់​ដែល​ធ្វើ​អំពើ​បែប​នេះ​សោះ។​ អត់​មាន​ទេៗ។ ​ខ្ញុំ​អត់​យល់​រឿង​នយោបាយ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​ មន្ត្រី​ប៉ូលីស​ប្រឆាំង​គ្រឿង​ញៀន​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ បាន​ចាប់​ខ្លួន​មនុស្ស​បួន​នាក់​ដែល​រួម​មាន​លោក​ឡៃ​ វីរៈ​ និង​លោក​ឃួន​ រឿន​ជាមួយ​នឹង​ពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត​ជាមួយ​នឹង​ថ្នាំ​ញៀន​ទឹកកក​ចំនួន​១​គីឡូក្រាម​​និង​អាវុធ​ AK 47 ​​ចំនួន​ពីរ​ដើម។

លោក​ឡៃ​ វីរៈ ធ្លាប់​ជា​អតីត​មេទ័ព​ដ៏​ស្មោះ​ត្រង់​មួយ​រូប​ខាង​គណបក្ស​ហ៊ុនស៊ីនប៉ិច​ហើយ​លោក​ធ្លាប់​ជា​អតីត​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ និង​ក្រោយ​មក​ជា​អតីត​អភិបាល​រង​ក្រុង​ភ្នំពេញ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!