VOA News: ព័ត៌មាន: “សហរដ្ឋអាមេរិកផ្តល់ជំនួយគាំទ្រការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា” plus 1 more |
សហរដ្ឋអាមេរិកផ្តល់ជំនួយគាំទ្រការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា Posted: 04 Nov 2011 10:09 PM PDT ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ជំនួយថវិកាចំនួន៥,៤លានដុល្លារសហរដ្ឋអាមេរិកដល់អង្គការ Winrock អន្តរជាតិនៅថ្ងៃសុក្រម្សិលមិញនេះ ក្នុងគោលដៅជួយជ្រោមជ្រែងដល់សកម្មភាពប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ ក្នុងបញ្ហាការជួញដូរមនុស្ស រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទម្លាក់ប្រទេសកម្ពុជាពីចំណាត់ថ្នាក់ទី២ ឬ tier 2 ទៅចំណាត់ថ្នាក់ទី២កន្លះ វិញកាលពីពេលថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា ថវិកាជំនួយនេះ សម្រាប់គម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជារយៈពេល៤ឆ្នាំ ដោយផ្តោតជាពិសេសលើតម្រូវការជួយដល់ជនរងគ្រោះ នៃអំពើកេងប្រវ័ញ្ចពលកម្ម និងកេងប្រវ័ញ្ចផ្លូវភេទ និងផ្តល់ការជួយគាំទ្រដល់ជនរងគ្រោះ។ ម្យ៉ាងវិញទៀតជំនួយនេះនឹងជួយដល់ការវែកមុខ និងកាត់ទោសអ្នកប្រព្រឹត្តការជួញដូរ និងបទឧក្រិដ្ឋពាក់ព័ន្ធ។ លោក Flynn Fuller នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជាមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ដោយកត់សម្គាល់ពីការរីកចម្រើនក្នុងការរៀបចំយន្ដការប្រឆាំងការជួញដូរមនុស្ស ប្រឆាំងការរត់ពន្ធមនុស្ស និងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើស្រ្តី និងកុមាររបស់ប្រទេសកម្ពុជា។ លោកស្រី អាណា ស៊ីអូណេឡា (Ana Cionela) តំណាងអង្គការវីនរ៉កអន្តរជាតិ នៅកម្ពុជាបានសម្តែងសេចក្ដីរីករាយក្នុងការសហការជាមួយនឹងភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្ដរជាតិ។ លោកស្រីបញ្ជាក់ថា អង្គការដែលមានមូលដ្ឋានធំនៅសហរដ្ឋអាមេរិករបស់លោកស្រី នឹងប្រើប្រាស់ថវិកាជំនួយនេះ ជាសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពរបស់ក្រុមមន្ដ្រីកម្ពុជារហូតដល់ថ្នាក់មូលដ្ឋាន។ «យើងនឹងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលនៅគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយបញ្ហាការជួញដូរមនុស្ស ជាពិសេសការជួញដូរពលកម្ម។ ដូច្នេះថវិកាទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ការកសាងសមត្ថភាពទាំងអស់ និងពង្រឹងការអនុវត្តច្បាប់»។ ដោយឡែក លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរ រត់ពន្ធមនុស្សនិងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើស្រ្តីនិងកុមារសង្ឃឹមថា ថវិការបស់ USAID នេះពិតជាមានសារៈសំខាន់ក្នុងការជួយឲ្យការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជាកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ «Winrock បានប្តេជ្ញាចិត្តថា នឹងសហការជាមួយនឹងគណៈកម្មាធិការជាតិ ដែលជាគណៈកម្មាធិការមួយបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ហើយក៏សហការជាមួយអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីឲ្យអំពើជួញដូរមនុស្សនោះ នៅកម្ពុជាអាចត្រូវ បានឆ្លើយតបដោយសកម្មភាពផ្សេងៗ ពីព្រោះឥឡូវនេះយើងក៏បានរៀបចំផែនការនានាដែរ»។ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ការគាំទ្រក្នុងការប្រឆាំងការជួញដូរមនុស្សចាប់តាំងពីឆ្នាំ២០០២មក ដែលជាផ្នែកមួយនៃការនាំទៅរកការលើកកម្ពស់ការអភិវឌ្ឍមនុស្សជាតិ សន្តិសុខ និង ការការពារដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសពត៌មានរបស់ស្ថានទូតអាមេរិក៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ០៥ វិច្ឆិកា Posted: 04 Nov 2011 09:38 PM PDT អ៊ីតាលី៖ ភ្លៀងនិងទឹកជំនន់បានបក់បោកអ៊ីតាលីភាគឦសាន្តកាលពីថ្ងៃសុក្រដោយធ្វើឲ្យមនុស្ស៤នាក់ស្លាប់។ ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានយល់ព្រមកាលពីថ្ងៃសុក្រដល់កិច្ចព្រមព្រៀងដែលផ្តល់ប្រាក់១១,៥ពាន់លានដុល្លារ នៅក្នុងមូលនិធិសាធារណៈដល់ក្រុមហ៊ុន Electric Power Company ជួយថ្លៃខាតបង់ក្នុងការរំជួយផែនដីនិងរលកយក្ស Tsunami ដែលបានបំផ្លាញរោងចក្រថាមពល Nuclear Fukushima ។ ឥណ្ឌា៖ សកម្មជនជាតិទីបេម្នាក់បានដុតខ្លួនឯងនៅខាងក្រៅស្ថានទូតចិនក្នុងរដ្ឋធានីញូដែល្លីកាលពីថ្ងៃសុក្រ ដែលជាការដុតខ្លួនឯងជាបន្តបន្ទាប់ប្រឆាំងនឹងចិន។ ប៉ូលីសក្នុងរដ្ឋធានីឥណ្ឌាបានចាប់ Sherab TseDor អាយ២៥ឆ្នាំហើយបានពន្លត់អណ្តាតភ្លើង។ លោកបានស្នាក់ក្នុងមន្ទីរពេទ្យដោយមានរបួសបន្តិចបន្តួច។ ភូមា៖ មន្រ្តីជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិ បានបញ្ចប់ដំណើរបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសភូមាដោយលោកនិយាយថាលោកឃើញឳកាសជាប្រវត្តិសាស្រ្តសម្រាប់ផ្លាស់ប្តូរ។ អឺរ៉ុប៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថាមេដឹកនាំរបស់ពិភពលោកបានធ្វើឲ្យមានការជឿនលឿនដ៍សំខាន់ក្នុងការធ្វើឲ្យមានស្ថេរភាពដល់សេដ្ឋកិច្ចសេដ្ឋកិច្ចសកលលោកហើយថាលោកប្រធានាធិបតីមានទំនុកចិត្តថាមេដឹកនាំអឺរ៉ុប នឹងងាចដោះស្រាយវិបត្តិបំណុលរបស់ទ្វីបនោះ។ សហរដ្ឋអាមេរិក៖ អត្រាការគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចកាលពីខែតុលាដោយមកត្រឹម៩ភាគរយ នៅខណៈនោះដែរសេដ្ឋកិច្ចបានបង្កើនការងារចំនួន៨ម៉ឺន។ ក្រិក៖ នាយករដ្ឋមន្រ្តីនៃប្រទេសក្រិក George Papandreou បានប្រឈមមុខការបោះឆ្នោតទុកចិត្តពីសភាកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីបោះបង់ចោលការបោះឆ្នោតប្រជាមតិដ៍ចម្រូងចម្រាសបានធ្វើឲ្យមេដឹកនាំខឹងសម្បារ ដែលបានព្យាយាមរៀបចំប្រាក់ជួយសង្គ្រោះសម្រាប់ប្រទេសដែលត្រូវការប្រាក់យ៉ាងខ្លាំងនេះ។ ស៊ីរី៖ ពួកសកម្មជននិយាយថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៧នាក់ដែរ នៅពេលដែលការប្រឆាំងតវ៉ាបានតបន្តធ្វើការពីថ្ងៃសុក្រ ទោះបី រដ្ឋាភិបាលសុខចិត្តទទួលយកការផ្តួចផ្តើមសន្តិភាពរបស់សម្ព័ន្ធភាពអារ៉ាប់ក៏ដោយ។ ប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានឡើងលើកប៉ាល់សកម្មជនដែលគាំទ្រពួកប៉ាឡេស្ទីននៅក្នុងដែនទឹកអន្តជាតិនៅពេលដែលពួកគេបំបែកការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ Gaza។ អង់គ្លេស៖ បំណែកនៃឆ្អឹងថ្គាមជាភស័្តតាងមុនដំបូងបំផុតរបស់មនុស្សសម័យទំនើបក្នុងតំបន់ភាគឦសាន្តនៃទ្វីបអឺរ៉ុប។ ការជីកកកាយក្នុងរឿងក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ១៩២៧ ឆ្អឹងថ្គាមនោះ កាលពីដំបូងត្រូវគេជឿជាក់ថាមានអាយុ៣ម៉ឺន៥ពាន់ឆ្នាំ។ អ៊ីរ៉ាក់៖ សេតវិមានប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រថាមេដឹកនាំអ៊ីរ៉ាក់ នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅខែក្រោយដើម្បីពិភាក្សាភាពជាដៃគូបន្តមានឡើងរវាងប្រទេសទាំងពីរ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |