VOA News: ព័ត៌មាន: “ការបដិសេធមិនឲ្យលោក Rob Hamill ជាដើមបណ្តឹងរដ្ឋរដ្ឋប្បវេណីនៅតែមានការរិះគន់” plus 2 more |
- ការបដិសេធមិនឲ្យលោក Rob Hamill ជាដើមបណ្តឹងរដ្ឋរដ្ឋប្បវេណីនៅតែមានការរិះគន់
- ក្រសួងការពារប្រទេសអាមេរិកបានប្តេជ្ញាបណ្តុះបណ្តាលកងទ័ពកម្ពុជាផ្នែកជំនួយមនុស្សធម៌
- ព័ត៌មានអន្តរជាតិ៖ ២៧ តុលា
ការបដិសេធមិនឲ្យលោក Rob Hamill ជាដើមបណ្តឹងរដ្ឋរដ្ឋប្បវេណីនៅតែមានការរិះគន់ Posted: 27 Oct 2011 10:15 AM PDT មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ប្រតិកម្មនៅតែមានជាបន្តបន្ទាប់ បើទោះជាការិយាល័យសហចៅក្រមស៊ើបអង្កេត បានធ្វើការឆ្លើយតបចំពោះអ្វីដែលខ្លួនថា ជាការរិះគន់លើការសម្រេចទាត់ ចោលការស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោក រ៉ប ហាមិល (Rob Hamill ) ក្នុងសំណុំរឿង០០៣ក៏ដោយ។ កាលពីថ្ងៃអង្គារ លោកចៅក្រម Katinka Lahuis និង Rowan Downing នៃអង្គបុរេជំនុំជម្រះបានបកស្រាយផ្ទុយគ្នាជាមួយនឹងចៅក្រមកម្ពុជាបីរូបទៀត ទាក់ទងទៅនឹងការទាត់ចោលពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោករ៉ប ហាមិល (Rob Hamill)។ ចៅក្រមអន្ដរជាតិទាំងពីរបានបង្ហាញពីការខ្វះចន្លោះ និងការខុសឆ្គងមួយចំនួនរបស់លោកចៅក្រមស៊ើបអង្កេតយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីត ប៊្លុង ក្នុងសេចក្ដីសម្រេចនោះ។ ចៅក្រម Katinka Lahuis និង Rowan Downing លាតត្រដាងលម្អិតថា ការអនុវត្តរបស់សហចៅក្រមស៊ើបអង្កេតចំពោះភាគីនេះមានភាពខុសគ្នាជាច្រើនអន្លើ បើធៀបនឹងការអនុវត្តកន្លងមកក្នុងសំណុំរឿង០០១ និង០០២។ ចៅក្រមពុំបានបំពេញការងារស៊ីសង្វាក់គ្នាក្នុងដំណើរការទទួលយកការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទេ។ ជាពិសេសទៀត សហចៅក្រមស៊ើបអង្កេតបានដាក់ដីកាកែប្រែយោងលើសំណុំរឿង០០៤ តែបែរជាសំណុំឯកសារមានលេខសំណុំរឿង០០៣ ទៅវិញ។ ដីកាកែប្រែនេះដាក់កាលបរិច្ឆេទថយក្រោយជាងពីរខែ ហើយពុំមានការជូនដំណឹងឲ្យដល់ភាគីនានានោះទេ រាប់ទាំងអង្គបុរេជំនុំជម្រះផងដែរ។ ចៅក្រមអន្ដរជាតិទាំងពីររូបបានហៅរបៀបចាត់ការនេះថា ជាការរំលោភលើម្ចាស់បណ្ដឹងលោករ៉ប ហាមិល(Rob Hamill) ដោយសារតែលោក ហាមិល(Rob Hamill) មិនបានទទួលដំណឹងនៅជុំវិញរឿងក្ដីនេះ។ ក្រុមចៅក្រមអន្ដរជាតិក៏បានផ្ដល់យោបល់ថា សហចៅក្រមស៊ើបអង្កេតគួរពិចារណាឡើងវិញលើពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនោះ។ នៅថ្ងៃនេះសហព្រះរាជអាជ្ញាអន្ដរជាតិលោកអាន់ឌ្រូ ខេលី ( Andrew Carley ) ចាត់ទុកថា នោះគឺជាការមិនពិចារណា «អំពីសិទ្ធិជនរងគ្រោះ»។ ក្នុងពេលជាមួយគ្នានេះ ក្រុមមេធាវីអន្តរជាតិរបស់នួន ជា បានបង្ហាញពីការស្រងាកចិត្ត។ នៅក្នុងលិខិតមួយផ្ញើជូនលោកចៅក្រមយូ ប៊ុនឡេង មេធាវីលោក ម៉ាយឃើល ផេសម៉េន (Michiel Pestman) និងវិចធើ កូបប៉េ (Victor KOPPE) បានសម្តែងការគាំទ្រ ការបង្ហាញជាសាធារណៈនូវព័ត៌មានអំពីការពិចារណាប្រកបដោយការខ្វែងជំហររបស់ចៅក្រមអន្ដរជាតិនៃអង្គបុរេជំនុំជម្រះ ដោយអធិប្បាយធ្ងន់ៗថា លោកចៅក្រមយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីត ប៊្លុង «បានប្រព្រឹត្តនូវភាពមិនប្រក្រតី និងអាចអធិប្បាយថា គឺជាបទឧក្រិដ្ឋ»។ ក្រុមមេធាវីក៏បានទទូចឲ្យសហចៅក្រមកម្ពុជាបញ្ចេញនូវឯកសារទាក់ទងទៅនឹងការសម្រេចទាត់ចោលការស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោករ៉ប ហាមិល (Rob Hamill)។ កាលពីថ្ងៃពុធម្សិលមិញ សហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង បានហៅការចុះផ្សាយតាមប្រព័ន្ធសារព័ត៌មានថា មានលក្ខណៈចោទប្រកាន់ជុំវិញរឿងនេះ ហើយការលើកឡើងរបស់ចៅក្រមអន្ដរជាតិនៅក្នុងអង្គបុរេជំនុំជម្រះគ្រាន់តែជាគំនិតភាគតិចរបស់ចៅក្រមអន្ដរជាតិតែប៉ុណ្ណោះ។ លោកយូ ប៊ុនឡេងក៏បានបង្ហាញពីភាពគ្មានកំហុសក្នុងការសម្រេចរបស់សហចៅក្រមស៊ើបអង្កេតនោះដែរ។ លោកនេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបញ្ជាក់ថា នៅមិនទាន់មានប្រតិកម្មតបពីការិយាល័យសហចៅក្រមស៊ើបអង្កេតលើជំហររបស់សហមេធាវីនួន ជា និងសហព្រះរាជអាជ្ញាអន្ដរជាតិទេ។ ហើយការសម្រេចរបស់អង្គបុរេជំនុំជម្រះបានផ្ដល់សុពលភាពលើការសម្រេចចិត្តរបស់សហចៅក្រមស៊ើបអង្កេតរួចទៅហើយ គឺមិនអាចត្រឡប់មកធ្វើការពិចារណាឡើងវិញនោះទេ។ «អង្គបុរេជំនុំជម្រះមិនបានរកឃើញសម្លេងគាំទ្រភាគច្រើននៅក្នុងនោះទេ ហើយការសម្រេចក្នុងនោះគឺថា អ្វីដែលជាការសម្រេចចិត្តរបស់សហចៅក្រមស៊ើបអង្កេតគឺចាត់ទុកថា មានសុពលភាព»។ លោករ៉ប ហាមិល(Rob Hamill) ជនជាតិនូវ៉ែលហ្ស៊េឡង់ដ៍គឺជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០១ និង០០២ ហើយលោកបានដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿងចម្រូងចម្រាស់ ០០៣ផងដែរ។ លោកបានដាក់ពាក្យបណ្ដឹងទៅកាន់សាលាក្ដីខ្មែរក្រហមដោយសារតែបងប្រុសរបស់លោកត្រូវពួកកងទ័ពខ្មែរក្រហមចាប់ខ្លួនក្នុងដែនសមុទ្រកម្ពុជា កាលពីឆ្នាំ១៩៧៨ ហើយត្រូវគេយកមកសម្លាប់ចោលក្នុងគុកទួលស្លែង។ បណ្ដឹងរបស់លោកសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០៣ត្រូវទាត់ចោលដោយការិយាល័យសហចៅក្រមស៊ើបអង្កេតកាលពីខែ កក្កដា។ ហើយលោកបានប្ដឹងសារទុក្ខទៅកាន់អង្គបុរេជំនុំជម្រះនៅក្នុងខែដដែលនោះដែរ។ មានជនរងគ្រោះដោយរបបខ្មែរក្រហមចំនួនជាង ៣០០នាក់បានដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣នេះ។ ប៉ុន្ដែគេនៅមិនទាន់ដឹងនៅឡើយថា តើដើមបណ្ដឹងចំនួនប៉ុន្មាននាក់នឹងត្រូវទាត់ចោលនោះទេ៕ This posting includes an audio/video/photo media file: Download Now |
ក្រសួងការពារប្រទេសអាមេរិកបានប្តេជ្ញាបណ្តុះបណ្តាលកងទ័ពកម្ពុជាផ្នែកជំនួយមនុស្សធម៌ Posted: 27 Oct 2011 10:47 AM PDT មន្ត្រីជាន់ខ្ពស់ក្រសួងការពារប្រទេសអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងការពារប្រទេសអាមេរិកបានប្តេជ្ញាចិត្តជួយបណ្តុះបណ្តាលសមត្ថភាពជំនាញផ្នែកជំនួយមនុស្សធម៌ដល់កងទ័ពកម្ពុជាសម្រាប់កិច្ចការថែរក្សាសន្តិភាព និងការដោះមីន។ លោក Robert Scher ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃលើកទីមួយរបស់លោកមកកាន់ប្រទេសកម្ពុជាពីថ្ងៃទី២៦ និងទី២៧ ខែតុលានេះ ដែលបានពិភាក្សាជាមួយមន្ត្រីយោធាកម្ពុជាអំពីឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថែរក្សាសន្តិភាព ជំនួយមនុស្សធម៌ និងកំណែទម្រង់ការពារជាតិដែលជាប្រធានបទដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា នេះបើតាមសេចក្តីថ្លែងការណ៍។ លោក Robert Scher បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅសណ្ឋាគារ Sunwayថា ការប្តេជ្ញា ជាបន្តរបស់ក្រសួងការពារប្រទេសអាមេរិកធ្វើការជាមួយកងទ័ពកម្ពុជាដើម្បីអភិវឌ្ឍកងទ័ពអាជីពមួយដែលនឹងរួមចំណែកដល់ស្ថិរភាព និងសន្តិភាពតំបន់ និងអន្តរជាតិ។ «ខ្ញុំសូមបញ្ជាក់ថា ក្រសួងការពារប្រទេសអាមេរិកមានការប្តេជ្ញា ក្នុងការបន្តជួយកសាងសមត្ថភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ដោយទន្ទឹមនឹងនោះ លើកទឹកចិត្តឱ្យកងយោធពលខេមរភូមិន្ទដើរតាមផ្លូវនៃតម្លាភាព នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សឱ្យបានប្រសើរឡើង»។ លោក Robert Scher បានបន្តថា កម្មវិធីសហប្រតិបត្តិការសំខាន់ទាក់ទងនឹងការបណ្តុះបណ្តាលផ្នែកថែរក្សាសន្តិភាព ការដោះមីន និងជំនួយមនុស្សធម៌ បានផ្តល់ផលប្រយោជន៍ដល់កងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថាប្រទេសកម្ពុជាស្វាគមន៍ដល់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកជួយកសាងសមត្ថភាពជំនាញរបស់កងទ័ពកម្ពុជា។ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពសហរដ្ឋអាមេរិក និងកម្ពុជាបានបង្កើននូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ។ «ចំពោះសហរដ្ឋអាមេរិក យើងឃើញថា បានបង្កើននូវជំនឿទុកចិត្តគ្នារវាងកងទ័ពរបស់យើងទាំងពីរ និងរវាងក្រសួងការពារជាតិទាំងពីរកន្លងមកនេះ ដូចជាមានការហ្វឹកហាត់ជំនួយមនុស្សធម៌នានា ដើម្បីបង្កើននូវចំណេះដឹងនិងការដកពិសោធន៍គ្នាទៅវិញទៅមកដើម្បីបង្កើនថែមទៀតនូវសមត្ថភាព និងការងាររបស់កងយោធពលខេមរភូមិន្ទ ដែលជាកងទ័ពមួយមានអាជីពពិតប្រាកដក្នុងភារកិច្ចការពារជាតិ ក៏ដូចជាអន្តរជាតិ ដូចជា នៅប្រទេសស៊ូដង់ ប្រទេសឆាត និងអាហ្វ្រិកកណ្តាល និងការដោះមីន»។ លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា៖«យើងមានភាពកក់ក្តៅជាមួយជំនួយយោធារបស់សហរដ្ឋអាមេរិកជាងការជួយឧបត្ថម្ភខាងវិស័យយោធាពីប្រទេសកុម្មុយនីស្ត មានប្រទេសចិន និងវៀតណាមជាដើម ពីព្រោះការជួយពីសហរដ្ឋអាមេរិកនេះអាចជួយជំរុញឱ្យកងទ័ពរបស់យើងមានវិន័យ ហើយក្នុងប្រទេសសេរី និងប្រជាធិបតេយ្យ កងទ័ពជាអ្នកការពារប្រជារាស្ត្រ និងទឹកដី មិនមែនជាអ្នកដែលប្រើកាំភ្លើងទៅកាងឱ្យពួកឈ្មួញ និងបាញ់ប្រជារាស្ត្រយ៉ាងសាហាវព្រៃផ្សៃនោះទេ»។ សហរដ្ឋអាមេរិកបានចាប់បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងជាមួយប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ This posting includes an audio/video/photo media file: Download Now |
Posted: 26 Oct 2011 09:43 PM PDT ព័ត៌មានចុងក្រោយបំផុត៖ អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុប បានប្រកាសផែនការនៅថ្ងៃព្រហស្បត៍នេះដើម្បីកាត់បន្ថយបំណុលដ៏សម្បើមរបស់ប្រទេសក្រិកនិងជួយជំរុញថវិកាជួយសង្គ្រោះតំបន់ប្រើប្រាក់អឺរ៉ូ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំទូលាយដើម្បីរាំងខ្ទប់វិបត្តិបំណុលក្នុងតំបន់ប្រើប្រាក់អឺរ៉ូ។ ថៃ៖ ពួកអាជ្ញាធរនៅក្នុងរដ្ឋធានីបាងកកនៃប្រទេសថៃកំពុងជំរុញប្រជាពលរដ្ឋនៅក្នុងស្រុកពីរដែលជន់លិចដោយសារទឹកជំនន់ឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួនទៅជ្រកកោននៅទីជំរកក្បែរៗនោះ។ តួកគី៖ ពួកអាជ្ញាធរតួកគីកំពុងប្រញ៉ាប់ប្រញ៉ាល់ផ្តល់ទីជំរកដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីរាប់ពាន់នាក់ ដែលគ្មានកន្លែងស្នាក់នៅ និងកំពុងតស៊ូជាមួយនឹងភ្លៀងនិងព្រិល។ លីប៊ី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវគេរំពឹងថានឹងពិចារណាលើពង្រាងនៃសេចក្តីសម្រេចមួយដែលនឹងបញ្ចប់បេសកម្មរបស់អង្គការអូតង់នៅក្នុងប្រទេសលីប៊ីយ៉ាងមានប្រសិទ្ធិភាព ទោះបីមានការអំពាវនាវពីពួកមន្រ្តីលីប៊ីឲ្យបន្តបេសកម្មនោះទៀតក៏ដោយ។ ប៉ាគីស្ថាន៖ ពួកមន្រ្តីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានអ្នកបើករបស់សហរដ្ឋអាមេរិកបានសម្លាប់ទាហានយ៉ាងហោចណាស់៤នាក់នៅក្នុងតំបន់កុលសម្ព័ន្ធភាគពាយ័ព្យប្រទេស។ សហរដ្ឋអាមេរិក/កូរ៉េខាងជើង៖ អ្នកការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា ការចរចាកាលពីពេលថ្មីៗនេះជាមួយកូរ៉េខាងជើងលើការបន្តការចរចាបញ្ហាអាវុធបរមាណូដែលបានជាប់គាំងមានការវិវត្តន៍ល្អជាងមុន ប៉ុន្តែលោកបាននិយាយបន្តទៀតថា ការចរចានេះនៅតែស្ថិតក្នុងស្ថានភាពទាល់ច្រកដដែល។ យេម៉ែន៖ ពួកមន្រ្តីយេម៉ែននិយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់ជនសង្ស័យដែលជាទាហាន៣នាក់ក្នុងប្រទេសយេម៉ែនខាងត្បូង។ ពិភពលោក៖ ផ្សារហ៊ុននៅអាស៊ីនិងអឺរ៉ុបបានឡើងថ្លៃខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែវិនិយោគិនមានប្រតិកម្មយ៉ាងពេញចិត្តចំពោះកិច្ចព្រមព្រៀងថ្មីរបស់មេដឹកនាំអឺរ៉ុបដើម្បីរាំងខ្ទប់វិបត្តិបំណុលក្នុងតំបន់ប្រើប្រាក់អឺរ៉ូ។ ភូមា៖ ប៉ូលីសភូមាបានរារាំងការប្រឆាំងតវ៉ាដ៍កម្រមួយរបស់កសិករដែលមានគ្នារាប់សិបនាក់ដែលមានការខឹងសម្បារចំពោះការរឹបអូសយកដីធ្លីរបស់ពួកគេ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ថៃ៖ អាជ្ញាធរថៃបានចាត់វិធានការអស់សង្ឃឹមដើម្បីព្យាយាមទប់ទឹកទន្លេ ចៅប្រាយា មិនឲ្យលេចហៀរចេញពីច្រាំង ហើយនាំទឹកជំនន់ចូលមកកណ្ដាលទីក្រុងបាងកក។ កងកម្លាំងជើងទឹកថៃ បានប្រើនាវាច្រើនគ្រឿងនៅលើទន្លេ ចៅ ប្រាយា និងទន្លេដទៃ ហើយប្រើស្លាបចក្ររបស់នាវា ដើម្បីជម្រុញឲ្យទឹកហូរឆាប់រហ័សធ្លាក់ចូលទៅក្នុងសមុទ្រ។ មេបញ្ជាការកងកម្លាំងជើងទឹកថៃ ប្រាសឹត ចាន់ប្រភ័ក មានជំនឿថា វិធានការនោះនឹងជួយកិច្ចប្រឹងប្រែង ។ អភិបាលក្រុងបាងកកថ្លែងថា ទឹកទន្លេចៅប្រាយាអាចឡើងផុតច្រាំងនៅក្នុងពេលមួយយប់នៃថ្ងៃពុធ។ បើដូច្នោះមែន ទឹកទន្លេនឹងហៀរចេញពីច្រាំង និងព្រែកជីកចូលមកតំបន់ខាងជើងទីក្រុង។ ថៃ៖ ទីភ្នាក់ងារផ្ដល់អត្រាសកល និយាយថា ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ បានផ្ដល់ឧបសគ្គដល់ផលិតកម្មរោងចក្ររបស់ប្រទេសជាតិ ដោយកាត់បន្ថយផលិតកម្មផ្នែក បន្លះ ប្រើដោយរោងចក្រដទៃ នៅក្នុងប្រទេសផ្សេងៗ។ លីប៊ី៖ មេដឹកនាំបណ្ដោះអាសន្នលីប៊ីបានអំពាវនាវដល់អង្គការអូតង់សុំឲ្យបន្ដបេសកម្មរបស់ខ្លួននៅក្នុងប្រទេសលីប៊ីរហូតដល់ពេលយ៉ាងតិចចុងឆ្នាំនេះ។ ទុយនីស៊ី៖ សមាជិករបស់គណបក្សអ៊ីស្លាមនៅទុយនីស៊ីនាំមុខគេក្នុងការរាប់ សន្លឹកឆ្នោតនៃការបោះឆ្នោតជាប្រវតិ្ដសាស្រ្ដរបស់ប្រទេសនោះ ដោយនិយាយថាគណបក្សរបស់ខ្លួនមានគោលបំណងនឹងតែងតាំងមេដឹកនាំកំពូលរបស់ខ្លួនជាបេក្ខជនប្រធានាធិបតី។ អ៊ីរ៉ង់៖ រដ្ឋមន្ដ្រីការបរទេសហ៊ីឡារី គ្លីនតុនបានថ្លែងប្រាប់វីអូអេថា លោកស្រីមានជំនឿថា រដ្ឋាភិបាលអ៊ីរ៉ង់កាន់អំណាចផ្ដាច់ការ ហើយលោកស្រីមានប្រសាសន៍បន្ថែមថាអាមេរិកចង់និយាយបញ្ជាក់ប្រាប់ពលរដ្ឋអ៊ីរ៉ង់ថាសេចក្ដីប្រាថ្ឋារបស់ខ្លួនចង់បានសេរីភាព មានសភាពត្រឹមត្រូវ។ ស៊ីរី៖ មានមនុស្សយ៉ាងតិច១១នាក់ស្លាប់ក្នុងអំពើឃោរឃៅនៅស៊ីរី កាលពីថ្ងៃពុធ នៅពេលមុនកិច្ចប្រជុំរបស់គណប្រតិភូសមាគមអារ៉ាប់។ យេម៉ែន៖ មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ក្នុងអំពើឃោរឃៅនៅយេម៉ែន ហើយទោះបីជាមានបទឈប់បាញ់គ្នាប្រកាសដោយរដ្ឋាភិបាលនិងកងកម្លំាងស្មោះត្រង់នឹងឧត្ដមសេនីរត់ចោលជួរ។ តួកគី៖ ក្រុមអ្នកជួយសង្រ្គោះនៅតំបន់អាគ្នេយ៍នៅតួកគីបានស្រោចស្រង់ជីវិតមនុស្សយ៉ាងតិចពីរនាក់ រួចបានបន្ដរុករកអ្នករស់រានមានជីវិតពីការរញ្ជួយផែនដីកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងតិច៤៦១នាក់នឹងធ្វើឲ្យរបួសជាង ១៣០០នាក់។ អាហ្វហ្គានីស្ថាន៖ កងកម្លាំងការពារសន្ដិសុខនៅអាហ្វហ្គានីស្ថាននឹងឡើងកាន់ដំណែងគ្រប់គ្រងសន្ដិសុខក្នុងតំបន់១៧ កន្លែងនៅអាហ្វហ្គានីស្ថាន។ មុនពេលដែលទាហានប្រយុទ្ធបរទេសចាកចេញពីប្រទេសនោះនៅឆ្នាំ២០១៤។ ចិន៖ យន្ដហោះថ្មីដែលគេរង់ចាំយូរ Boeing 787 Dreamliner បានចុះចតនៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃពុធ ដែលជាជើងយន្ដហោះពាណិជ្ជកម្មលើកទីមួយ ជាង បី ឆ្នាំមកហើយ ក្រោយពីយន្ដហោះបដិវត្ដន៍នោះ បានត្រូវកំណត់ប្រើប្រាស់តាមពេលកំណត់។ ឥណ្ឌូនេស៊ី៖ តុលាការឧទរណ៍ឥណ្ឌូនេស៊ីបានបន្ថយចំនួនឆ្នាំជាប់គុកដល់អាចារ្យអ៊ីស្លាមនិយមជ្រុល ដែលពាក់ព័ន្ធនឹងការដាក់គ្រាប់បែកផ្ទុះដ៏ប្រល័យនៃឆ្នាំ២០០២ ដែលបានត្រូវជាប់ទោសតាមបទញុះញុងបង្កភេរវកម្ម៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |