VOA News: ព័ត៌មាន: “កម្ពុជារកវិធីស្តារហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ធ្ងន់ធ្ងរ” plus 7 more
VOA News: ព័ត៌មាន: “កម្ពុជារកវិធីស្តារហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ធ្ងន់ធ្ងរ” plus 7 more |
- កម្ពុជារកវិធីស្តារហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ធ្ងន់ធ្ងរ
- សហរដ្ឋអាមេរិកផ្តល់ជំនួយដល់វិស័យអប់រំនិងសុខាភិបាលកម្ពុជា
- កិច្ចពិភាក្សាបង្ហាញអំពីតួនាទីសំខាន់របស់សភាកម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន
- ជនសង្ស័យ ស៊ូ ម៉េត និងយឹម ទិត គេចមុខក្រោយពីមានការបង្ហាញឈ្មោះក្នុងឯកសារតុលាការខ្មែរក្រហម
- ជនសង្ស័យក្នុងករណី០០៣និង០០៤ស្ថិតក្នុងកំណត់ច្បាប់កាត់ទោសខ្មែរក្រហម
- ពលរដ្ឋខ្មែរអាមេរិកាំងជួបជុំគ្នារំលឹកខួប២០ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស
- ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាគ្រោងបញ្ឈប់ការងារបុគ្គលិក១០០០នាក់
- ព័ត៌មានអន្តរជាតិ៖ ២៥ តុលា
កម្ពុជារកវិធីស្តារហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ធ្ងន់ធ្ងរ Posted: 25 Oct 2011 01:17 PM PDT ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃអង្គារនេះ បានបើកកិច្ចប្រជុំពិភាក្សាគ្នាមួយ ក្នុងគោលបំណងរកវិធីសាស្ត្រស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីកម្ពុជាបានរងគ្រោះដោយទឹកជំនន់ នៅក្នុងរយៈពេលជាងពីរខែកន្លងទៅនេះ។ ទឹកជំនន់នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រមាណជាង២៤៧នាក់ ហើយបានធ្វើឲ្យប៉ះពាល់មនុស្សជាងមួយលានប្រាំសែននាក់ ខាតបង់ថវិកាចំនួនជាងពីររយហាសិបមួយលានដុល្លារសហរដ្ឋអាមេរិក ខួចខាតដំណាំស្រូវជាងពីរសែនហិកតា ប៉ះពាល់ដល់ដំណាំស្រូវជាងបួនសែនហិកតា ខួចខាតផ្លូវលំជាងបីពាន់គីឡូម៉ែត ផ្លូវជាតិជាងមួយពាន់គីឡូម៉ែត។ លោក យឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា រដ្ឋាភិបាលកម្ពុជា កំពុងតែស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ទាំងផ្លូវថ្នល់ ដំណាំស្រូវ និងទំនប់ទឹក។ លោកបានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ ចាប់ផ្តើមស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅតាមខេត្តទាំងដប់ប្រាំបី បន្ទាប់ពីបានរងគ្រោះដោយទឹកជំនន់។ «ធ្វើផ្លូវ ធ្វើផ្លូវ និងធ្វើទំនប់ទឹក វាទៅជាមួយគ្នា។ ពិសេសអាមួយ ធ្វើផ្លូវវាលិចទឹកតែម្តង ហើយក្រោយមក យើងធ្វើផ្លូវប្រភេទស្រាល ហើយនិងទំនប់ទឹក និងប្រភេទស្រាលៗអីច្ចឹងទៅ។ ចាំតាអាធ្ងន់ ព្រោះថាឥឡូវវាស្រាលអី វាចាំបាច់»។ ប្រទេសកម្ពុជា បានទទួលរងគ្រោះដោយទឹកជំនន់ ពីទន្លេមេគង្គ និងជំនន់ពីទឹកភ្លៀង កាលពីចុងខែ និងបានបណ្តាលឲ្យខេត្តចំនួនដប់ប្រាំបី ទទួលរងនូវផលប៉ះពាល់។ លោក ម៉ៅ ហាក់ អគ្គនាយករងទទួលបន្ទុកបច្ចេកទេស និងជាប្រធាននាយកដ្ឋានជលសាស្ត្រ នៃក្រសួងធនធានទឹក បាននិយាយថា ស្ថានភាពទឹកទន្លេមេគង្គ និងទន្លេសាប បានចាប់ផ្តើមស្រកហើយ។ លោកបានបញ្ជាក់ថា ត្រង់ទន្លេចតុមុខ ទឹកបានស្រក មកត្រឹមដប់ម៉ែត្រសែសិបបី គឺទាបជាងកម្រិត ដែលយើងត្រូវប្រុងប្រយ័ត្ន។ «ទឹកចាប់ផ្តើមស្រកដោយសារអាកាសធាតុ ទីមួយគឺទឹកទន្លេមេគង្គ នៅឯខាងទន្លេមេគង្គលើហ្នឹង បានស្រកតាំងពីដើមខែមកម៉្លេះ។ ឯមួយទៀត វាភ្លៀងនៅរាជធានីភ្នំពេញនេះ ក៏មានការថយចុះ អីចឹងសកម្មភាពអាកាសធាតុទាំងអស់នេះ គឺស្ថិតនៅអាកាសធាតុទន្លេមេគង្គ ទន្លេហ្នឹងស្រកចុះហើយ។» ប្រទេសកម្ពុជា មិនបានអំពាវនាវស្វែងរកជំនួយទេ តែប្រទេសចិននៅតែនាំមុខគេក្នុងការផ្តល់ជំនួយដោយស្ម័គ្រចិត្ត មកដល់ប្រទេសកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់មកមានប្រទេសជប៉ុន សាធារណកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត៕ This posting includes an audio/video/photo media file: Download Now |
សហរដ្ឋអាមេរិកផ្តល់ជំនួយដល់វិស័យអប់រំនិងសុខាភិបាលកម្ពុជា Posted: 25 Oct 2011 12:47 PM PDT រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាកញ្ចប់ថវិកាចំនួនជិត ៣៥,៤ លានដុល្លាររអាមេរិកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃអង្គារនេះ សម្រាប់ជួយដល់ប្រទេសដ៏ក្រីក្រនេះធ្វើការអភិវឌ្ឍវិស័យអប់រំ និងវិស័យសុខាភិបាល។ វិស័យទាំងពីរជាវិស័យអាទិភាពរបស់ប្រទេសកម្ពុជា។ ជំនួយនេះបានធ្លាក់មកចំពេលដែលកងទព័ជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជាកំពុងធ្វើសមយុទ្ធរួមគ្នានៅលើផ្ទៃសមុទ្រខេត្តព្រះសីហនុ។ សមយុទ្ធនេះមានរយៈពេលមួយសប្ដាហ៍ ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលានេះ។ លោក ជេហ្វ ដាយហ្គល (Jeff Daigle) ភារៈធារីស្ថានទូតអាមេរិកមានប្រសាសន៍ថា ជំនួយនេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍នៅកម្ពុជា ការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរបេង និងជំងឺផ្ដាសាយបក្សី រួមទាំងសម្រាប់សុខុមាលភាពមាតានិងទារកផងដែរ។ «ជំនួយសហរដ្ឋអាមេរិកប្រមាណពាក់កណ្ដាលផ្ដោតលើវិស័យអប់រំ និងសុខាភិបាល។ ហើយខ្ញុំគិតថា នេះគឺជាការដៅចំចំណុច ពីព្រោះគឺផ្តោតទៅលើប្រជាពលរដ្ឋកម្ពុជា»។ សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាចំនួនជិត ៦៥ លានដុល្លារសម្រាប់ឆ្នាំ ២០១១នេះ។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសមានប្រសាសន៍ក្រោយពីកិច្ចចុះហត្ថលេខានោះថា វិស័យសុខាភិបាលនឹងស្រូបយកជាង ៣០ លានដុល្លាររក្នុងចំណោមទឹកប្រាក់សរុបចំនួនជាង ៣៥ លានដុល្លារនោះ។ «សហរដ្ឋអាមេរិកបានជួយចាប់តាំងពីឆ្នាំ ២០០៣ លើផ្នែកទាំងពីរនេះ។ គិតមកដល់ឥឡូវនេះគឺជាង៣៣០ លានដុល្លារហើយ។ ជំនួយអាមេរិកនេះ សំខាន់ណាស់លើផ្នែកសុខាភិបាល និងអប់រំ ជាពិសេសនៅជនបទ។ ហើយជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។» ប្រទេសកម្ពុជាត្រូវការជំនួយបរទេសប្រមាណជា ១.០០០ លានដុល្លាររក្នុងមួយឆ្នាំៗ សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឈន៍របស់ខ្លួន។ ហើយសហរដ្ឋអាមេរិកគឺជាប្រទេសម្ចាស់ជំនួយយ៉ាងសំខាន់មួយរបស់កម្ពុជា។ ជំនួយនៅថ្ងៃនេះ ត្រូវផ្ដល់ដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឈន៍អន្ដរជាតិ (USAID)។ កាលពីថ្ងៃពុធសប្ដាហ៍មុនគណៈរដ្ឋមន្ដ្រីកម្ពុជា បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១២ ចំនួនជាង ២.៦២៦ លានដុល្លាររអាមេរិក។ គម្រោងថវិកានេះបង្ហាញថា កម្ពុជាត្រូវការបន្ថែមចំនួនថវិការរបស់ខ្លួនច្រើនជាងឆ្នាំកន្លងទៅចំនួនជាង ៦០០ លានដុល្លារ។ មន្ដ្រីផ្លូវការជឿថា ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះ នឹងកើនចន្លោះពី១៤ ទៅ២០ ភាគរយ៕ This posting includes an audio/video/photo media file: Download Now |
កិច្ចពិភាក្សាបង្ហាញអំពីតួនាទីសំខាន់របស់សភាកម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន Posted: 25 Oct 2011 12:19 PM PDT នៅថ្ងៃអង្គារនេះ តំណាងជាន់ខ្ពស់មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (Konrad Adenauer) បានជំរុញរដ្ឋសភាកម្ពុជា ឱ្យមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការបង្កើតគោលនយោបាយ ដើម្បីលើកកម្ពស់សហគមន៍សន្តិសុខនយោបាយនៅក្នុងតំបន់តាមរយៈក្របខ័ណ្ឌអន្តរសភាអាស៊ាន។ សមាជិករដ្ឋសភា ព្រឹទ្ធសភា និងអ្នកសារព័ត៌មានប្រមាណ ១០០នាក់ បានចូលរួមនៅក្នុងការពិភាក្សាតុមូលស្តីពីតួនាទីសភាកម្ពុជាក្នុងក្របខ័ណ្ឌអន្តរសភាអាស៊ាន ដើម្បីលើកកម្ពស់សហគមន៍សន្តិសុខនយោបាយ នៅក្នុងតំបន់អាស៊ាននៅរដ្ឋសភា គាំទ្រដោយមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ របស់ប្រទេសអាល្លឺម៉ង់។ លោក ដេនីស ស្រៃយ៍ (Denis Schrey) តំណាងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំកម្ពុជា បានថ្លែងនៅក្នុងការពិភាក្សាតុមូលស្តីពីតួនាទីសភាកម្ពុជា នៅរដ្ឋសភាថា សភាកម្ពុជាត្រូវមានតួនាទីសំខាន់ក្នុងការកំណត់គោលនយោបាយលើវិស័យនយោបាយ និងសន្តិសុខ នៅពេលដែលប្រទេសកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១១នេះ។ សភាកម្ពុជានឹងមានតួនាទីកាន់តែសំខាន់ ដើម្បីដាក់ចេញនូវរបៀបវារៈនៅក្នុងវិស័យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងនយោបាយ។ លោក ឈិត គឹមយាត សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងការពិភាក្សាតុមូលនៅរដ្ឋសភានេះថា សភាកម្ពុជាមានតួនាទីសំខាន់ណាស់ក្នុងការថែរក្សាស្ថេរភាព នយោបាយ និងសន្តិសុខ គឺជាការរួមវិភាគទានយ៉ាងសំខាន់ដល់ដំណើរការអភិវឌ្ឍនៅក្នុងសហគមន៍អាស៊ាន។ លោក ឈិត គឹមយាត បានបញ្ជាក់ថាសភាកម្ពុជា នឹងជំរុញអគ្គលេខាធិកាអន្តរសភាអាស៊ាន ឲ្យបង្កើតក្រុមអ្នកជំនាញឯកទេស ដើម្បីជួយដល់អន្តរសភាអាស៊ាន ជំរុញការបង្កើតគណៈកម្មាធិការត្រួតពិនិត្យដ៏សកម្ម ដើម្បីត្រួតពិនិត្យលើការអនុវត្តសេចក្តីសម្រេចនានាដែលអន្តរសភាអាស៊ានបានអនុម័ត ស្វែងរកជំនួយពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់លេខាធិការដ្ឋានអន្តរសភាអាស៊ាន និងជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ហើយគាំទ្រគោលនយោបាយសកម្មភាពនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្សី បានថ្លែងថា សភាកម្ពុជាត្រូវតែពង្រឹងតួនាទីសភារបស់ខ្លួនឱ្យមានភាពឯករាជ្យពីអំណាចរដ្ឋាភិបាល ដើម្បីចូលរួមលើកកម្ពស់សហគមន៍សន្តិសុខនយោបាយ នៅក្នុងតំបន់អាស៊ានតាមរយៈក្របខ័ណ្ឌអន្តរសភាអាស៊ាន។ សភាប្រទេសកម្ពុជាត្រូវតែរឹងមាំ ហើយការរឹងមាំនេះគឺតួនាទីឯករាជ្យពីអំណាចរបស់រដ្ឋាភិបាល ហើយមានតួនាទីត្រួតមើលការងាររបស់រដ្ឋាភិបាល។ នេះដែលជាការងារមួយដែលយើងមិនទាន់ធ្វើបាន។ មកដល់សព្វថ្ងៃនេះ ការងាររបស់សភាច្រើនតែធ្វើអ្វីដែលរដ្ឋាភិបាលចង់បាន។ លោក ញ៉ែម ប៉ុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស បានថ្លែងថា តួនាទីសភាកម្ពុជានៅមានភាពយឺតយ៉ាវសម្រាប់លើកកម្ពស់សហគមន៍សន្តិសុខនយោបាយនៅក្នុងតំបន់អាស៊ាន។ តួនាទីសភាកម្ពុជាសំខាន់បំផុត ដែលត្រូវមាន គឺការរៀបចំចងក្រងធម្មនុញ្ញសភាអាស៊ាន និងអំណាចសភាអាស៊ានពិតប្រាកដ។ «យើងឃើញមានកង្វះខាតខាងនយោបាយឯករាជ្យយ៉ាងពិតប្រាដករបស់សភាយើង។ សភាកម្ពុជាគ្រប់គ្រងដោយគណបក្សតែមួយ ដោយគណបក្សកាន់អំណាចតែមួយ។ ទាំងអស់នេះបាត់បង់អស់នូវតុល្យភាព។ យើងយល់ឃើញថាវាពិបាកមែនទែន ពីព្រោះគណបក្សសំឡេងភាគតិចជូនជាយោបល់ ឬ អនុសាសន៍ទៅលោក (គណបក្សសំឡេងភាគច្រើន) ពុំយកចិត្តទុកដាក់ ឬ ពុំបើកឱកាសឱ្យយើងផ្តល់មតិយោបល់ ឬ អនុសាសន៍បានពេញលេញនៅឡើយទេ»។ លោក ឈាង វណ្ណារិទ្ធិ នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជា ដើម្បីសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា សភាបានចេញនូវសេចក្តីសម្រេចផ្សេងៗ ប៉ុន្តែខ្វះការអនុវត្ត។ សភាកម្ពុជាយើងមានតួនាទីមួយគឺជំរុញការអនុវត្តរាល់សេចក្តីសម្រេចទាំងឡាយរបស់អាយប៉ា AIPA - អន្តរសភាអាស៊ាន) តែម្តងជាពិសេសទាក់ទងនឹងនយោបាយ និងសន្តិសុខ។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា ការពិភាក្សាតុមូលសភានេះ បង្កើនការយល់ដឹងអំពីតួនាទីសភាកម្ពុជា និងការចូលរួមចំណែកដ៏សំខាន់របស់សភាកម្ពុជាក្នុងក្របខ័ណ្ឌអន្តរសភាអាស៊ាន ដើម្បីរួមគ្នាធ្វើឱ្យសម្រេចដល់គោលដៅនៃការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
Posted: 25 Oct 2011 11:46 AM PDT ឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមនៃសំណុំរឿង ០០៣/០០៤ បានចោទប្រកាន់បន្ថែមលើជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាលខ្មែរក្រហមពីបទសង្ស័យថាទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅសម័យខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។ ក៏ប៉ុន្តែជនសង្ស័យពីរនាក់ ក្នុងចំណោមនោះគឺតា ទិត និង លោក ស៊ូ ម៉េត ពុំទាន់ចេញមុខបកស្រាយអំពីការចោទប្រកាន់ជាបឋម របស់សហព្រះរាជអាជ្ញានៅឡើយទេ។ ដីកាបញ្ជូនរឿងឲ្យស៊ើបសួរលើកទី៣របស់សហព្រះរាជអាជ្ញាដែលវីអូអេទទួលបានក្រោយពីបណ្តាញផ្សាយព័ត៌មានបរទេស ឈ្មោះThe Christian Science Monitor របស់សហរដ្ឋអាមេរិក និងបណ្តាញផ្សាយព័ត៌មានរបស់ប្រទេស New Zealand ឈ្មោះ The Scoopបានចេញផ្សាយជាបន្តបន្ទាប់កាលពីខែមិថុនាបានឲ្យដឹងថា សហព្រះរាជអាជ្ញាបានចោទប្រកាន់ជនសង្ស័យ៥នាក់បន្ថែមទៀតដែលជាអតីតកម្មាភិបាលខ្មែរក្រហម ថ្នាក់កណ្តាល បន្ថែមពីលើជនជាប់ចោទ៥នាក់ដែលកំពុងជាប់ឃុំឃាំងបច្ចុប្បន្ន។ ជនសង្ស័យម្នាក់គឺ លោក ស៊ូ ម៉េត ជាមេបញ្ជាការកងពល៥០២ និងមេបញ្ជាការទ័ពអាកាសរបស់ខ្មែរក្រហម ត្រូវបានសហព្រះរាជអាជ្ញាចោទប្រកាន់ជាបឋមថាមាន ជាប់ទាក់ទឹននឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឬការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង អំពើអមនុស្សធម៌ ចាប់ឃុំខ្លួនខុសច្បាប់ ធ្វើទារុណកម្ម សម្លាប់មនុស្សជាច្រើនពាន់នាក់ និងបញ្ជូនមនុស្សទៅកាន់មន្ទីរសន្តិសុខស២១ជាដើម។ លោក ស៊ូ ម៉េត ជាជនសង្ស័យក្នុង សំណុំរឿងលេខ០០៣ក្នុងបទឧក្រិដ្ឋកម្មរួមជាមួយ លោក មាស មុត។ (លោក មាស មុត បានបកស្រាយបំភ្លឺអំពីករណីរបស់លោកជាមួយវីអូអេថាលោកពុំមានជាប់ទាក់ទឹននឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា)។ វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមរង់ចាំជួប លោក ស៊ូ ម៉េត ៤លើកដោយបានទុកលេខទូរស័ព្ទទំនាក់ទំនងផងនៅពេលទៅកាន់គេហដ្ឋានរបស់លោកម្តងៗ នៅក្នុង ទីរួមខេត្តបាត់ដំបង តែពុំបានទទួលការឆ្លើយតបហើយនឹងជួបសម្ភាសទេ។ កូនស្រីរបស់លោក ស៊ូ ម៉េត នាង ស៊ូ ម៉ាលីស បានប្រាប់ថាគាត់មិននៅផ្ទះទេ។ លោក ស៊ូ ម៉េត ចេញទៅស្រុកសំឡូត។ ក្រោយទៀតនាងបានប្រាប់ថាលោកទៅភ្នំពេញ។ នាង ស៊ូ ម៉ាលីស បានបដិសេធកិច្ចសម្ភាសដោយការថតសម្លេងនិងថតវីដេអូ។ នាងបានរៀបរាប់ថាឪពុករបស់នាងមានជំងឺជាប់ខ្លួនឥឡូវនេះ។ «គាត់ឈឺឡើងស្គម ដោយសារជំងឺទឹកនោមផ្អែមនិងលើសឈាម។ ប៉ុន្តែនៅធ្វើការជាធម្មតា»។ លោក ស៊ូ ម៉េត ធ្លាប់ជាទីប្រឹក្សាក្រសួងការពារជាតិមានឋានន្ទរស័ក្តិជាឧត្តមសេនីយ៍ទោ ក្រោយពេលចូលសមាហរណកម្ម។ បើតាមការអះអាងរបស់ស្ត្រីជាអ្នកជិតខាងម្នាក់ដែលមានវ័យចំណាស់ជាង៦០ឆ្នាំបានឲ្យដឹងថា គេពិបាកដឹងសុខទុក្ខ លោក ស៊ូ ម៉េត ដោយសារថាគាត់ចេញចូលដោយរថយន្ត ហើយរស់នៅក្នុងផ្ទះវីឡាធម្មតាមួយ ដែលមានរបងបិទជិត។ ស្ត្រីដដែលនោះបានអះអាងបន្ថែមថា៖ «នៅម្តុំត្រង់នេះភាគច្រើនជាយោធា ហើយនឹងមានអ្នកធ្វើការធំៗ ដូច្នេះគ្មានអ្នកណាហ៊ានទៅក្បែរផ្ទះរបស់គេទេ»។ នៅក្នុងដីការបញ្ជូនរឿងឲ្យស៊ើបសួរជាឯកសារសម្ងាត់របស់តុលាការ សហព្រះរាជអាជ្ញាបានរៀបរាប់ពីប្រវត្តិគ្រប់គ្រងការងារនិងការជាប់ទាក់ទឹននឹងបទឧក្រិដ្ឋកម្មនានានៅសម័យខ្មែរក្រហមរបស់ លោក ស៊ូ ម៉េត។ ឯកសារដដែលបានបញ្ជាក់ថា៖ «ក្នុងឋានៈជាមេបញ្ជាការកងពលធំលេខ៥០២ ស៊ូ ម៉េត ទទួលខុសត្រូវលើការសម្អាតកងពលឲ្យអស់នូវសមាសភាពដែលមិនល្អដែលជាផ្នែកមួយនៃផែនការបោសសម្អាតដ៏ធំរបស់កងទ័ពបដិវត្តន៍កម្ពុជាទាំងមូល។ គាត់បានរួមចំណែកនៅក្នុងផែនការឧក្រិដ្ឋកម្មរួម តាមរយៈការកំណត់អត្តសញ្ញាណ ការចាប់ និងការផ្ទេរ«ជនក្បត់» ដែលជាប់សង្ស័យ ពីកងពលធំលេខ៥០២ ទៅមន្ទី ស២១។ បុគ្គលិកជាង៨០០នាក់មកពីកងពលធំលេខ៥០២ត្រូវបានបញ្ជូនទៅកាន់ ស២១»។ ស៊ូ ម៉េត ទាក់ទងជាប្រចាំជាមួយឌុចប្រធានគុកទួលស្លែងស២១របស់ខ្មែរក្រហមក្នុងរឿងបញ្ជូនបុគ្គលណាដែលលោកចាត់ទុកថាក្បត់អង្គការ។ នៅក្នុងវគ្គមួយនៃឯកសារដដែល សហព្រះរាជអាជ្ញាបាននិយាយថា៖ «ស៊ូ ម៉េត បានសរសេរទៅឌុចនៅថ្ងៃទី១ខែមេសាឆ្នាំ១៩៧៧ ពន្យល់អំពីមូលហេតុនៃការបញ្ជូនមនុស្សចំនួន៤នាក់ពីកងពលធំលេខ៥០២ ទៅមន្ទីរស២ ក្នុងរយៈពេល២ថ្ងៃមុន។ មនុស្សទាំង៤នាក់ ត្រូវបានឆ្លើយដាក់នៅក្នុងចម្លើយសារភាពរបស់ សោមនៃមន្ទីរ៦២ដែលជាការិយាល័យរដ្ឋបាលរបស់អគ្គសេនាធិការ។ ស៊ូ ម៉េត បញ្ចប់សំបុត្រដោយចារថាគាត់កំពុងរង់ចាំយោបល់ពីអង្គការមុនពេលចាត់វិធានការប្រឆាំងនឹងមនុស្សផ្សេងៗទៀតដែលបានរៀបរាប់នៅក្នុងចម្លើយសារភាពរបស់សោម»។ ជនសង្ស័យម្នាក់ទៀតគឺ តា ទិត ឬ លោក យឹម ទិត ប្រធានស្តីទីតំបន់ពាយ័ព្យជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឬ បទមនុស្សឃាត ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកសាសនា មានសាសនាព្រះពុទ្ធ និងសាសនាអ៊ីស្លាម។ នេះបើតាមដីការ ចោទប្រកាន់បឋមដែលវីអូអេទទួលបានពីប្រភពស្និទ្ធនឹងតុលាការ។ តា ទិតឬ យឹម ទិត គឺជាទីប្រឹក្សាក្រសួងការពារជាតិ មានឋានន្ទរសក្តិជាឧត្តមសេនីយ៍ទោ ក្រោយការធ្វើសមាហរណកម្ម។ លោកគឺជាប្អូថ្លៃអតីតសព តា ម៉ុក អគ្គមេបញ្ជាការកំពូលកងទ័ពខ្មែរក្រហមដែលត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួនតែបានស្លាប់ក្នុងមន្ទីរពេទ្យ កាលពីឆ្នាំ២០០៦ក្នុងជន្មាយុ៨០ឆ្នាំ។ បើតាមឯកសាររបស់តុលាការ តា ទិត បានរៀបការជាមួយប្អូន ស្រី តា ម៉ុក គឺអ្នកស្រី កេន។ វីអូអេសំឡេងសហរដ្ឋអាមេរិកពុំអាចជួបសម្ភាសតា ទិត បានទេនៅពេលទៅដល់គេហដ្ឋានរបស់គាត់មួយកន្លែងនៅក្នុ ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។ ស្រ្តីម្នា្កក់នៅក្នុងផ្ទះតា ទិត ដែលអះអាងថាអ្នកស្រីជាអ្នកស៊ីឈ្នួលចាំចំការបានថ្លែងថាតា ទិត មិននៅផ្ទះទេ ហើយបដិសេធឆ្លើយនឹងសំណួររបស់វីអូអេជាច្រើន។ ក៏ប៉ុន្តែអ្នកភូមិវិញបានអះអាងថាស្រី្តនោះគឺ អ្នកស្រី កេន ជាភរិយាតា ទិត។ តា ទិត ដែលគេមិនសូវស្គាល់នោះមានផ្ទះជាច្រើនកន្លែង។ ផ្ទះមួយរបស់លោកស្ថិតនៅក្នុងស្រុក រតនៈមណ្ឌលខេត្តបាត់ដំបងជាកន្លែងដែលលោកដាំចំការ។ លោកគ្រុំ ម៉ុងប្រធានភូមិមួយក្នុងស្រុករតនមណ្ឌល រស់នៅជាប់ផ្ទះតាទិត បាន អះអាងថា តា ទិត មានចំការនៅក្នុងភូមិរបស់លោកហើយគាត់មកធ្វើចំការជាមួយប្រពន្ធនិងកូនប្រុសរបស់គាត់ម្នាក់។ «ដូចជាអ៊ំ ទិត ខ្ញុំរស់នៅទីនេះ ខ្ញុំជាមេភូមិគាត់មកនេះ ឃើញកូនប្រពន្ធគាត់ធ្វើចំការបន្តិចបន្ទួច។ ហើយទៅមកៗដូចថានៅអត់ទៀងទាត់នៅទីនេះទេ។ គាត់គ្រាន់តែមកលេងកន្លះខែ មួយខែបាត់ទៅ។ ពេលរដូវផ្លែឈើភាគច្រើនបានគាត់មក។ ហើយពេលដល់ខែបុណ្យទានធំៗ ចូលឆ្នាំ ភ្ជំបិណ្ឌអីក៏គាត់អាចមកធ្វើកម្មវិធី មន្តលោកឆាន់នៅផ្ទះគាត់ដែរ»។ នៅពេលសួរពីសុខភាពបច្ចុប្បន្នរបស់តាទិត លោកមេភូមិបានអះអាងថា៖ «បើតាមខ្ញុំពិនិត្យមើល សុខភាពរបស់គាត់មិនទាន់ទ្រុឌទ្រោមប៉ុន្មានទេ ប៉ុន្តែគាត់ឥឡូវដូចជាអន់ភ្នែក»។ លោក ម៉ុង បានរៀបរាប់ថា តា ទិត ជាមនុស្សស្លូតបូតពេលនេះគាត់កាន់សីល៨ទៅវត្ត តែពលរដ្ឋនៅក្នុងភូមិរួមនិងលោកជាប្រធានភូមិផងមិនស្គាល់ប្រវត្តិរបស់តា ទិត ទេ។ លោក ម៉ុង អះអាងថា លោកគ្រាន់តែដឹងថាតា ទិត ធ្វើជាមន្ត្រីធំពីអតីតកាលហើយមិនដែលឃើញមុខ។ តែលោក ម៉ុង អះអាងថា លោកទើបតែស្គាល់តា ទិត ពេលមករស់នៅជិតគ្នា។ នៅក្នុងឯកសារដដែលបានបញ្ជាក់ថា តា ទិត មានជាប់ទាក់ទឹននឹងការកាប់សម្លាប់មនុស្សជាច្រើនក្នុងពេលដែលលោកធ្វើជាប្រធានតំបន់ស្តីទីគ្រប់គ្រង ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ នៅក្នុងតំបន់ពាយ័ព្យប្រទេសបន្ទាប់ពីធ្វើជាគណៈស្រុកគីរីវង្ស ខេត្ត តាកែវ។ ឯកសារតុលាការដដែលបានបញ្ជាក់ទៀតថាបទឧក្រិដ្ឋនិងការទទួលខុសត្រូវរបស់តា ទិត មានដូចជា៖ «ចាប់ខ្លួន និងកាប់សម្លាប់ទ្រង់ទ្រាយធំដែលបានកើតឡើងជាប្រព័ន្ធនៅទូទាំងតំបន់ពាយ័ព្យ បន្ទាប់ពីការមកដល់របស់ក្រុមនិរតី គឺជាគម្រោងការ ការផ្តួចផ្តើមឡើង និងបញ្ជារបស់តា ទិត»។ តា ទិត ត្រូវបានចោទប្រកាន់ពីបទបង្ខំឲ្យធ្វើការហួសកម្លាំងក្នុងពេលលោកកាន់កាប់គុក ចំនួន២៥ នៅភាគពាយ័ព្យ។ តា ទិត មានស្រុកកំណើតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ឯកសារតុលាការបានបញ្ជាក់ដែរថាសមាជិកក្រោមបង្គាប់តា ទិត បានមកប្រមូលយកប្រម៉ាត់មនុស្សជាញឹកញាប់នៅមន្ទីរឃុំឃាំងវត្តប្រធាតុ ពេលតា ទិត ធ្វើជាគណៈស្រុកគីរីវង្សសម័យខ្មែរក្រហម។ ក្រៅពីតា ទិត និង លោក ស៊ូ ម៉េត ជនសង្ស័យ៣នាក់ផ្សេងទៀតដែរបានបកស្រាយ បំភ្លឺមាន តា អាន តា មុត អ្នកស្រី អ៊ឹម ចែម ក្នុងកិច្ចសម្ភាសដាច់ដោយឡែកៗពីគ្នាជាមួយ វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមការពារខ្លួនពីការចោទប្រកាន់របស់សហព្រះរាជអាជ្ញា។ ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីខេត្តប៉ៃលិនលោក ម៉ីយ ម៉ាក់ អតីតមន្ត្រីខ្មែរក្រហមមួយរូប បច្ចុប្បន្នលោកជាអភិបាលរងខេត្តប៉ៃលិន។ លោកពុំគាំទ្រឲ្យមានការកាត់ទោសជនសង្ស័យបន្ថែមលើសំណុំរឿង០០៣និង០០៤ទេ។ លោកបានពន្យល់ថា កិច្ចការក្នុងសម័យខ្មែរក្រហមគឺធ្វើតាមបញ្ជាថ្នាក់លើដើម្បីរក្សាអាយុជីវិត។ «ម្នាក់ៗទាំងអស់គ្នានៅទីនេះ គ្មាននរណាចង់មានបញ្ហា០០៣០០៤ទៀតទេ ព្រោះពួកគាត់ធ្វើច្រើនតែតាមបញ្ជារក្រោមការដឹកនាំរបស់ថ្នាក់លើដែរណា៎។ បើកាលណាមិនហ៊ានសុទ្ធតែ0ទទួលទោស។ បើថាមិនបានធ្វើតាមការណែនាំឬបញ្ជារបស់ថ្នាក់ដឹកនាំគឺទទួលទោសដោយខ្លួនឯង ហើយត្រូវស្លាប់ខ្លួនហើយ»។ ក្រៅពីការចោទប្រកាន់ប្រទេសមួយចំនួនដោយប្រយោលថាចង់ឲ្យកម្ពុជាមានបញ្ហា អស្ថិរភាព លោក ម៉ីយ មាក់ ថ្លែងថាលោកពុំចង់ឃើញកម្ពុជាមានអស្ថិរភាពដោយសារការបន្តកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមបន្ថែមទេ។ លោកសង្កត់ធ្ងន់ថា សាលាក្តីខ្មែរក្រហមគួរបញ្ចប់ត្រឹមសំណុំរឿង០០១និង០០២ ដើម្បីកុំឲ្យប៉ះពាល់ ដល់ការអភិវឌ្ឍ អារម្មណ៍ផ្លូវចិត្តរបស់ប្រជាពលរដ្ឋនិងសន្តិភាព។ «ប្រទេសខាងលិចមួយចំនួន គេមានសុខសន្តិភាពអញ្ចឹង ម្ល៉ោះហើយគេបង្កើតឲ្យតែ មានរឿងជាបន្តបន្ទាប់។អញ្ចឹងអាហ្នឹងស៊ីសងលើប្រទេសមហាអំណាចខ្លះគេគិត ឃើញទេ។ ឯយើងនេះគឺយើងមិនចង់ឲ្យមានទេពីព្រោះយើងទើបតែចាកចេញពីភ្នក់ភ្លើងនៃសង្គ្រាម។ បានសន្តិភាពប៉ុណ្ណឹងយើងចង់បានស្អីទៀត ខ្លាចក្រែងតែបង្កើតបញ្ហាអារម្មណ៍អីច្រើនចុះឡើងៗទៅ សន្តិភាពយើងវាមិនស្ថិតស្ថេរ ដូច្នេះមានតែខំយកចិត្តមួយថ្លើមមួយទាំងអស់គ្នា ទាំងមហាជនទាំងអស់ដើម្បីនឹងរួមគ្នាអភិវឌ្ឍ និងកសាងប្រទេសទៅ ហើយនឹងពង្រឹងសុខសន្តិភាពឲ្យបានយូរលង់ទៅ បើមិនបានអមតៈ»។ សហព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេតភាគីកម្ពុជាបង្ហាញជំហរដូចរដ្ឋា ភិបាលកម្ពុជាដែលមិនចង់ចោទប្រកាន់ឬចាប់ខ្លួនជនសង្ស័យបន្ថែម ដោយឈរលើហេតុផលសន្តិភាព។ ចំណែកចៅក្រមបរទេសឈរលើយុត្តិធម៌ដែលថាជន ប្រព្រឹត្តិកំហុសត្រូវនាំយកមកជុំនំជម្រះទោស ពីបទឧក្រិដ្ឋកម្មនានាក្នុងទសវត្សន៍១៩៧០ ដែលមានមនុស្សជិត២លាននាក់ស្លាប់បាត់បង់ជីវិត។ ទោះជាយ៉ាងណាក៏ដោយសំណុំរឿងបន្ថែម ០០៣ និង០០៤នេះមិនទាន់ដំណើរការទៅមុខទេ ទោះបីជាសហព្រះរាជអាជ្ញាបរទេសបានស្នើកាលពីខែវិច្ឆិកាឆ្នាំ២០០៨ ឲ្យសហចៅក្រមស៊ើបអង្កេតចាប់ឃុំខ្លួននិងស៊ើបអង្កេតជនទាំង៥នាក់ក្តី។ សាលាក្តី កាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិរំពឹងថានិងបើក សវនាការកាត់ទោសលើអង្គសេចក្តីនៃសំណុំរឿងលេខ០០២នៅពេលឆាប់ៗខាងមុខចំពោះអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំណាស់ៗ គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស និង អៀង ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច។ សាលាក្តីនេះនឹងត្រៀមប្រកាសសាលក្រមដាក់ទោស កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងខ្មែរក្រហមដែលទទួលខុសត្រូវលើការសម្លាប់ជីវិតមនុស្សជាង១២.០០០នាក់៕ This posting includes an audio/video/photo media file: Download Now |
ជនសង្ស័យក្នុងករណី០០៣និង០០៤ស្ថិតក្នុងកំណត់ច្បាប់កាត់ទោសខ្មែរក្រហម Posted: 25 Oct 2011 10:25 AM PDT មានពាក្យគន្លឹះពីរដែលនាំឲ្យមានការនាំយកអតីតក្រុមខ្មែរក្រហមដែលបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ប្រហែលពីរលាននាក់មកកាត់ទោសក្នុងតុលាការកូនកាត់អង្គការសហប្រជាជាតិនិងកម្ពុជានាពេលបច្ចុប្បន្ននេះ។ ជនពីរជំពូកដែលត្រូវយកមកកាត់ទោសនេះគឺមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មនិងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលប្រទេសកម្ពុជាទទួលស្គាល់។ នេះបើតាមខ្លឹមសារច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញហៅកាត់ថាតុលាការខ្មែរក្រហម។ សម្រាប់មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យដែលកំពុងជាប់ក្នុងតុលាការខ្មែរក្រហមរង់ចាំការកាត់ទោសមានលោក នួន ជា មេមនោគមវិជ្ជាខ្មែរក្រហមនិងជាអតីតប្រធានសភាជាតិ ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។ អ្នកទាំងនេះស្ថិតក្នុងសំណុំរឿងលេខ០០២ដែលកំពុងរង់ចាំការកាត់ទោស។ ការប្រទាញប្រទង់គ្នាស្ថិតនៅលើជនប្រភេទទីពីរដែលគេហៅថា អ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត។ ក្រៅពីកាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងហៅមន្ទីរស២១ ក្នុងសំណុំរឿងលេខ០០១ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ជនសង្ស័យដទៃទៀតហាក់នៅមានការដេញដោលគ្នានៅឡើយ។ លោកម៉ោញ សាផាន មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ីនប៉ិចនិងជាអតីតប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាជាតិដែលបានចូលរួមធ្វើការជាមួយរដ្ឋាភិបាលក្នុងការតាក់តែងច្បាប់បង្កើតសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា តុលាការមានសិទ្ធិសម្រេចថានឹងត្រូវចោទប្រកាន់ជនណាឬមិនចោទប្រកាន់ដោយសារច្បាប់ដែលបានរៀបចំឡើងបានទុកលទ្ធភាពច្រើនដល់តុលាការ។ ប៉ុន្តែច្បាប់នោះ ក៏បើកទូលាយឲ្យនាំយកមកកាត់ទោសចំនួនជនល្មើសច្រើននាក់ដែរគឺមិនមានការកំណត់ចំនួនទេ។ «យើងបើកទូលាយ គឺមិនកំណត់ថាអ្នកទទួលខុសត្រូវខ្ពស់បំផុតហ្នឹង តើយកតែពីត្រឹមណាទេព្រោះយើងអាចប្រគល់ឲ្យតុលាការអាចយកពីប្រធានគុកនៅតាមមូលដ្ឋានផ្សេងៗក៏បាន ឬក៏ចាប់យកពីប្រធានសហករណ៍ចុះក្រោមក៏បាន ឬក៏ចាប់យកពីប្រធានសន្តិសុខត្រឹមថ្នាក់ណាដល់ត្រឹមណាក៏បានដែរ គឺនៅលើក្របខណ្ឌតុលាការ។ អញ្ចឹងអត់មានកំណត់ច្បាស់ថាមានតែគុកទួលស្លែងមួយដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទេ»។ លោកមុត ចាន់ថា អ្នកវិភាគឯករាជ្យនិងជាអតីតសមាជិកម្នាក់ក្នុងក្រុមចរចាខាងភាគីអង្គការសហប្រជាជាតិជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើតតុលាការខ្មែរក្រហមបានបញ្ជាក់ស្រដៀងគ្នាដែរថា ការចង់បានរបស់អង្គការសហប្រជាជាតិគឺទុកលទ្ធភាពច្រើនឲ្យតុលាការជាអ្នកសម្រេចថាជនណាដែលត្រូវយកមកកាត់ទោស៖ «នៅពេលដែលពិភាក្សាគឺខាងភាគីអង្គការសហប្រជាជាតិ គេមិនចង់ឲ្យមានពាក្យនេះនៅក្នុងសេចក្តីព្រាងច្បាប់ ឬនៅក្នុងកិច្ចព្រមព្រៀងទេដោយទុកយុត្តាធិការហ្នឹងឲ្យតុលាការជាអ្នកសម្រេច ខាងព្រះរាជអាជ្ញាឬខាងចៅក្រមស៊ើបអង្កេតជាអ្នកសម្រេច ក៏ប៉ុន្តែភាគីខ្មែរលើកចំណុចនេះឡើងគូសរង្វង់មួយកុំឲ្យតុលាការហ្នឹងដើរហួសពីរង្វង់ដែលភាគីកម្ពុជាហ្នឹងគូស។ មានន័យថាអ្នកទទួលខុសត្រូវខ្ពស់បំផុតហ្នឹងគឺគេចង់សំដៅទៅលើអ្នកដែលទទួលបទបញ្ជាពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាប្រជាធិបតេយ្យហ្នឹងឬក៏មានទទួលយកផែនការពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមហ្នឹងមកអនុវត្តដើម្បីសម្លាប់មនុស្សបង្ខំមនុស្សឲ្យធ្វើការលើសកម្លាំងឬក៏ការធ្វើទុរ្ភិក្សមនុស្ស»។ អង្គការសហប្រជាជាតិនិងប្រទេសកម្ពុជាបានព្រមព្រៀងបង្កើតសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកាលពីខែមិនា ឆ្នាំ២០០៣ក្រោយពេលភាគីទាំងពីរបានចរចាគ្នាជាង៥ឆ្នាំលើគម្រោងការកាត់ទោសនេះ។ ភាគីទាំងពីរបានដើរចេញពីការចរចាគ្នានេះយ៉ាងតិចក៏ម្តងដែរដោយសារការមិនចុះសម្រុងគ្នាលើបញ្ហាសំខាន់មួយចំនួនរួមទាំងការមិនធានាឯករាជ្យភាពនិងភាពមិនលម្អៀងសម្រាប់ភាគីអង្គការសហប្រជាជាតិជាពិសេសការព្យាយាមប្រើប្រាស់ច្បាប់ជាតិគ្រប់គ្រងដំណើរការតុលាការ។ តុលាការកាត់ទោសក្រុមខ្មែរក្រហមមានការប្រទាំងប្រទើសគ្នារវាងសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិនិងរវាងក្រុមព្រះរាជអាជ្ញានិងក្រុមចៅក្រមស៊ើបអង្កេតទាក់ទងនឹងករណី០០៣និង០០៤ដែលមានជនសង្ស័យបន្ថែមចំនួនប្រាំនាក់ ដែលឯកសារលេចធ្លាយចេញពីតុលាការខ្មែរក្រហមបានបញ្ជាក់គឺមានឈ្មោះ លោកមាស មុត លោកស៊ូ ម៉េត លោកស្រីអ៊ឹម ចែម តាអាន និងតាទិត្យ។ លោកមុត ចាន់ថាសម្តែងការសោកស្តាយថាមិនគួរមានការប្រទាំងប្រទើសក្នុងការចោទប្រកាន់ជនសង្ស័យបន្ថែមទេព្រោះនៅមិនទាន់ប្រាស់ចាកពីការព្រមព្រៀងគ្នារវាងអង្គការ សហប្រជាជាតិនិងរដ្ឋាភិបាលឡើយ៖ «សហព្រះរាជអាជ្ញាបរទេសដែលផ្តួចផ្តើមចោទប្រកាន់ករណី០០៣និង០០៤បញ្ជូនទៅឲ្យសហចៅក្រមដើម្បីធ្វើការស៊ើបអង្កេតបន្តនោះគឺមិនទាន់ប្រាស់ចាកពីអ្វីដែលឯកភាពគ្នា ហើយក៏វាមិនទាន់ប្រាសចាកពីអត្ថន័យខ្លឹមសារទាំងពីរគឺអ្នកមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតគឺមានន័យថាវាមិនទាន់ប្រាសចាកពីខ្លឹមសារទាំងពីរនេះទេ។ អញ្ចឹងអ្វីដែលសហចៅក្រមបរទេសនិងខ្មែរយើងធ្វើការសម្រេចបដិសេធចោលមិនបន្តនីតិវិធី០០៣នេះវាជាចំណុចមួយគួរឲ្យសោកស្តាយ ពីព្រោះថាករណីនេះវាស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការនៅឡើយ»។ លោកម៉ោញ សាផានក៏បានបញ្ជាក់ថាសម្រាប់ករណី០០៣និង០០៤ដែលព្រះរាជអាជ្ញាអន្តរជាតិស្នើឲ្យស៊ើបអង្កេតបន្ថែមលើជនសង្ស័យចំនួនប្រាំនាក់បន្ថែមទៀត គឺស្ថិតនៅក្នុងក្របខណ្ឌច្បាប់ដែលសភាបានអនុម័ត។ «ខ្ញុំមើលទៅគឺអត់មានដើរផុតពីក្របខណ្ឌនៃខ្លឹមសារច្បាប់ដែលបានកំណត់ទេគឺនៅលើតែរាជអាជ្ញាឬក៏ចៅក្រមស៊ើបអង្កេតគាត់ជាអ្នកលើកសំណើឡើងពីបញ្ហានេះ។ ខ្ញុំថាមើលទៅ ០០៣និង០០៤គឺអត់មានដើរផុតពីក្របខណ្ឌច្បាប់ទេ»។ អង្គការ Human Rights Watch ក៏បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញកាលពីដើមខែតុលាថា ភាសាដែលមាននៅក្នុងកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិនិងប្រទេសកម្ពុជាគឺសរសេរឡើងសំដៅយ៉ាងពិតប្រាកដលើក្រុមជនសង្ស័យដែលកំពុងមាននៅក្នុងសំណុំរឿង០០៣និង០០៤។ ចៅក្រមស៊ើបអង្កេត Siegfried Blunk និងយូ ប៊ុនឡេងនិយាយកាលពីដើមឆ្នាំនេះថាពួកគេមានការមន្ទិលសង្ស័យយ៉ាងខ្លាំងថាតើជនសង្ស័យប្រាំនាក់ក្នុងករណីទាំងពីរនេះអាចចាត់ទុកថាជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុតឬយ៉ាងណានោះទេចំពោះឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម។ រីឯលោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថាលោកមិនចង់ឲ្យមានការកាត់ទោសណាដែលលើសពីសំណុំរឿង០០១និង០០២នាពេលបច្ចុប្បន្ននេះទេដោយលោកលើកសំអាងហេតុផលសន្តិសុខនិងសន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបក៏បានផ្តល់បទសម្ភាសជាបន្តបន្ទាប់ដល់ក្រុមអ្នកសារព័ត៌មានថាបើតុលាការចង់កាត់ក្តីឲ្យលើសពីករណីដែលមាននាពេលបច្ចុប្បន្នគេគួរតែវេចសម្ពាយត្រឡប់ចេញពីប្រទេសកម្ពុជា។ លោកខៀវ សន អតីតសមាជិកព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រឲ្យមានការបង្កើតតុលាការកាត់ទោសក្រុមខ្មែរក្រហមដោយលោកខ្លួនឯងក៏ជាជនរងគ្រោះដោយផ្ទាល់ម្នាក់ដែរពីការធ្វើទុក្ខទោសនៃរបបខ្មែរក្រហម។ លោកបានស្នើសុំកុំឲ្យមកការលូកដៃចូលក្នុងកិច្ចការរបស់តុលាការដោយទុកឲ្យតុលាការយកជនទទួលខុសត្រូវច្រើនថែមទៀតយកមកកាត់ទោស។ «ខ្ញុំឃើញខ្មែរក្រហមហ្នឹងគឺថាស្រេចទៅលើតុលាការកូនកាត់គាត់ធ្វើ។ កុំលូកដៃចូល។ ដូចជាឌុចត្រូវទទួលរងការកាត់ទោសប៉ុណ្ណេះហើយគាត់សម្លាប់ហើយមានលើសឌុចទៅទៀតអ្នកដែលសម្លាប់ហ្នឹងប៉ុន្តែត្រូវប្រមូលមកឲ្យអស់ដើម្បីយកមករកយុត្តិធម៌ជូនប្រជាជាតិដើម្បីឲ្យឃើញថាខ្មែរសម្លាប់ខ្មែរដោយសារអ្វី»។ ការកំណត់និយមន័យនៃពាក្យអ្នកទទួលខុសត្រូវខ្ពស់បំផុតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់តុលាការនេះទៅហើយ។ លោក John Ciorciari សាស្រ្តាចារ្យខាងផ្នែកកិច្ចការសាធារណៈនៃសាកលវិទ្យាល័យមីឈីហ្កេនធ្លាប់បានបញ្ជាក់ក្នុងបទសម្ភាសជាមួយវីអូអេថាករណី០០៣និង០០៤មានលេចចេញនូវការលូកដៃពីខាងផ្នែកនយោបាយ។ ចំណែកលោកគឹមសួរ ភីរិទ្ធ អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីបានបញ្ជាក់ថាច្បាប់នេះបានទុកចន្លោះប្រហោងច្រើនសម្រាប់ឲ្យតុលាការបកស្រាយតាមការយល់ឃើញរបស់គេបានដែលជាភាពប្រទាំងប្រទើសរហូតមកដល់សព្វថ្ងៃ។ លោកមិនបានលើកដៃអនុម័តច្បាប់នោះទេនៅពេលដែលឆ្លងកាត់ការពិភាក្សានៅឯសភាជាតិ។ «ការដែលឲ្យនិយមន័យមិនច្បាស់លាស់អញ្ចឹងហើយបានជាធ្វើឲ្យការកាត់ទោសខ្មែរក្រហមនេះគឺមានការលំបាកដោយសារតែរដ្ឋាភិបាលបច្ចុប្បន្ននេះគ្រាន់តែចង់សំដៅទៅលើមនុស្សតែបីបួននាក់ដែលចាត់ទុកថាជាក្បាលម៉ាស៊ីនចាំបាច់របស់របបខ្មែរក្រហម។ ប៉ុន្តែពួកក្បាលម៉ាស៊ីនទាំងអស់នោះមិនគ្រប់គ្រាន់ទេសម្រាប់ខ្ញុំដែលជាអ្នកតំណាងរាស្ត្រ។ ហើយខ្ញុំគិតថាការឲ្យនិយមន័យច្បាប់ដែលមិនមានន័យគ្រប់គ្រាន់ហ្នឹងហើយធ្វើឲ្យខ្ញុំពិបាកក្នុងការចូលរួមអនុម័តច្បាប់ខ្មែរក្រហមនេះណាស់ពីព្រោះ ខ្ញុំគិតថាវាមិនអាចរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋយើងបានទេ»។ ជនសង្ស័យបីនាក់ក្នុងចំណោមប្រាំនាក់ក្នុងសំណុំរឿងលេខ០០៣និង០០៤បានប្រាប់វីអូអេក្នុងបទសម្ភាសកន្លងមកថា មិនដែលមានមន្ត្រីស៊ើបអង្កេតខាងតុលាការណាម្នាក់បានទៅសាកសួរពួកគាត់ទាក់ទងនឹងការសង្ស័យចោទប្រកាន់ពីឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមទេបើទោះបីជាសំណុំរឿងលេខ០០៣ត្រូវបានចៅក្រមស៊ើបអង្កេតប្រកាសថាបិទបញ្ចប់ការស៊ើបអង្កេតក៏ដោយ។ យោងតាមឯកសារលេចធ្លាយចេញពីសាលាក្តីខ្មែរក្រហមដែលវីអូអេទទួលបាននិងក៏ធ្លាប់បានផ្សាយរួចហើយដោយកាសែតChristian Science Monitor និងវេបសាយ The Scoop បញ្ជាក់ថា ជនសង្ស័យក្នុងសំណុំរឿងលេខ ០០៣ គឺមានលោកមាស មុត ធ្លាប់ជាមេបញ្ជាការកងទ័ពជើងទឹក លោកស៊ូ ម៉េត ធ្លាប់ជាបញ្ជាការទ័ពអាកាស។ រីឯសំណុំរឿងលេខ០០៤មាន លោកស្រី អ៊ឹម ចែម អតីតគណៈស្រុកព្រះនេតព្រះ។ អោម អាន ឬ តាអាន អតីតអនុប្រធានតំបន់មជ្ឈិមនិងយឹម ទិត អតីតលេខាតំបន់១ និងជាសមាជិកគណៈកម្មការភូមិភាគពាយ័ព្យ៕ This posting includes an audio/video/photo media file: Download Now |
ពលរដ្ឋខ្មែរអាមេរិកាំងជួបជុំគ្នារំលឹកខួប២០ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស Posted: 25 Oct 2011 10:56 AM PDT ម្ភៃឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះនានានិងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ស្ថានភាពក្នុង ប្រទេសនាពេលបច្ចុប្បន្នមានរូបភាពល្អតែពីខាងក្រៅប៉ុណ្ណោះ រីឯបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការឈ្លានពានលើបូរណភាពទឹកដីពីប្រទេសជិតខាងនៅបន្តមាននៅឡើយ។ នេះបើតាមការបញ្ជាក់របស់សហគមន៍ខ្មែរអាមេរិកាំងដែលបានមកជួបជុំគ្នាកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ក្នុងទីក្រុងអាឡិចសាន់ឌ្រា ក្នុងរដ្ឋVirginia។ លោក យ៉ាប់ គឹមទុង អតីតប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនិងជាអ្នករៀបចំខួបលើកទី ២០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា៖ «យើងនៅខ្វះខាតច្រើន ពីព្រោះឥឡូវដូចថាគណបក្សប្រឆាំងធំៗ ក៏យើងអត់មានឃើញ ទៀតទេ ពីព្រោះថាគេគាបសង្កត់ ដើម្បីធ្វើម៉េចដូចថាចង់រលាយទាំងអស់ហើយ។ អាហ្នឹង ធ្វើឲ្យយើងអត់សូវមានលទ្ធិប្រជាធិបតេយ្យប្រកួតគ្នាឲ្យបានត្រឹមត្រូវទេ ហើយពួកវិទ្យុហើយនឹងពួកទូរទស្សន៍អីក៏អញ្ចឹង ក៏យើងដូចថាអត់មានច្រើន ដូចថាអាចប្រកាសប្រាប់ ប្រជាជនយើងឲ្យបានត្រឹមត្រូវពីរឿងសិទ្ធិមនុស្ស ឬមួយក៏លទ្ធិប្រជាធិបតេយ្យទាក់ទងនឹង ការបោះឆ្នោតមិនត្រឹមត្រូវ ឬក៏(រឹប)អូសដីធ្លីរបស់ប្រជាជនដូចថារំលោភសិទ្ធិយកដីយកអីអញ្ចឹង យើងអត់មានច្រកប្រាប់ប្រជាជនយើងឲ្យដឹង»។ សន្និសីទដែលមានរយៈពេលពីរថ្ងៃនេះបានទាក់ទាញអ្នកចូលរួមជាង១០០នាក់មកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិក និងអ្នកនយោបាយសំខាន់ៗមកពីប្រទេសកម្ពុជា។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលអញ្ជើញជាវាគ្មិនបានបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតលើកទីមួយក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក ស្ថានភាពនយោបាយនៅប្រទេសកម្ពុជាបានដើរថយក្រោយពីមួយអាណត្តិទៅមួយអាណត្តិ ហើយពេលបច្ចុប្បន្ននេះបានវិលទៅរកស្ថានភាពបក្សតែមួយដូចកាលពីមុនមានកិច្ចព្រមព្រៀង។ «អាណត្តិទីបួននេះ ដំណើរការពហុបក្សនៅកម្ពុជាបានដើរថយក្រោយពីពហុបក្សមកឯកបក្ស គឺអាណត្តិទីបួននេះ ក្រោយគណបក្សកាន់អំណាចគេបាន៩០កៅអី ដែលតាមរយៈ ការបោះឆ្នោតមួយដែលខ្ញុំយល់ថាអត់ត្រឹមត្រូវហ្នឹង គឺគេបាន៩០កៅអី គឺឥឡូវនេះគឺឯកបក្ស ហើយ។ មានរូបភាពបក្សច្រើននៅក្នុងសភា ប៉ុន្តែបក្សប្រឆាំងនិយាយបានប៉ុន្តែគ្រាន់តែកែ ក្បៀសមួយ ក៏គេមិនឲ្យកែដែរ កុំថាកែខ្លឹមសារ[នេះ នៅ]អាណត្តិទីបួននេះ។ ពីមុនយើងផ្តល់យោបល់ អី ជួនកាលផ្លាស់ប្តូរកែបាន ប៉ុន្តែអាណត្តិទីបួននេះ សូម្បីតែកែក្បៀសមួយ កែអក្សរអីមួយ ក៏គេមិនឲ្យកែដែរ។ ហើយលើសពីហ្នឹងទៀត គណបក្សសិទ្ធិមនុស្សយើងមានតំណាងរាស្រ្តបី នាក់ គេអត់ឲ្យនិយាយក្នុងសភាទៀត ដូច្នេះខ្ញុំឃើញថាឈានមកដល់ឯកបក្សហើយ។ រដ្ឋាភិបាលក៏ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តហ្នឹង រដ្ឋសភាក៏ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តហ្នឹង ហើយតុលាការក៏បក្សកុម្មុយនីស្តហ្នឹងត្រួតត្រាតុលាការទៀត»។ លោកគឹម សួរភីរិទ្ធតំណាងរាស្រ្តគណបក្សសម រង្ស៊ីដែលបានចូលរួមក្នុងសន្និសីទនោះ បានយល់ស្របថាលទ្ធិប្រជាធិបតេយ្យកម្ពុជាកំពុងដើរថយក្រោយជាលំដាប់ ហើយថារដ្ឋាភិបាលនាពេលបច្ចុប្បន្នពូកែខាងរៀបចំរូបភាពបន្លំភ្នែកឲ្យមានលក្ខណៈដូចជាមានប្រជាធិបតេយ្យប៉ុន្តែការពិតជាក់ស្តែងគឺគ្មានអ្វីជាសេរីភាពពិតប្រាកដដែល សូម្បីតែការតវ៉ាក៏ត្រូវបានរឹតត្បិតហើយស្ថានភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានគេលាក់បាំង។ លោកបានអំពាវនាវឲ្យសហគមន៍ខ្មែរនៅបរទេសនិងប្រជាពលរដ្ឋត្រូវរួបរួមគ្នាដើម្បីផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្នដើម្បីនាំប្រទេសកម្ពុជាទៅកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។ «ចង់ឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺមានតែ ការផ្លាស់ប្តូរទេ ហើយទោះបីគណបក្សណាក៏ដោយ ឡើងជាប់ខាងក្រោយ បើអ្នកឯងដឹកនាំ មិនកើត ប្រជាពលរដ្ឋនឹងបន្តការផ្លាស់ប្តូរទៀត។ ការផ្លាស់ប្តូរនឹងនាំឲ្យមានលទ្ធិ ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា»។ យ៉ាងណាក៏ដោយ ការបែកបាក់គ្នាក្នុងចំណោមអ្នកប្រជាធិបតេយ្យបានធ្វើឲ្យមានការមិនពេញ ចិត្តពីសហគមន៍ខ្មែរនៅអាមេរិកាំងផងដែរដែលពួកគេចង់ឃើញឲ្យមានការរួបរួមគ្នាជាកម្លាំងតែមួយ។ លោក ព្រហ្ម ស៊ុន ណូរ៉ា អ្នករៀបចំកិច្ចសន្និសីទនេះបានបញ្ជាក់ថាមធ្យោបាយចុងក្រោយគឺត្រូវរុញអ្នកដឹកនាំបក្សប្រឆាំងឲ្យរួបរួមគ្នាតែមួយ។ «នយោបាយរបស់យើងនេះគឺថា យកអ្នកគាំទ្រទៅឲ្យទប់ទល់ជាមួយអ្នកដឹកនាំ ដើម្បីឲ្យអ្នកដឹកនាំចូលគ្នា។ ដូច្នេះហើយបានថាមេដឹកនាំត្រូវស្តាប់អ្នកគាំទ្រ។ ដូច្នេះយើងយក អ្នកគាំទ្ររុញឲ្យអ្នកដឹកនាំចូលគ្នាដើម្បីធ្វើឲ្យមានសមត្ថភាពទាំងអ្នកដឹកនាំ អ្នកគាំទ្រនៅខាង ក្រៅប្រទេស អ្នកគាំទ្រនៅក្នុងប្រទេសត្រូវយកយោបល់របស់ខ្លួនហ្នឹងរុញមេដឹកនាំទាំងអស់ ហ្នឹងឲ្យចូលគ្នា។ មានតែមធ្យោបាយហ្នឹងតែមួយទេ»។ សហគមន៍ខ្មែរអាមេរិកាំងក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជានិងនៅជុំវិញពិភពលោកបញ្ចេញសំឡេងរបស់ពួកគេទាមទាររកយុត្តិធម៌តាមរយៈការចុចស៊ីផ្លេរថយន្ត ម៉ូតូ ចុចកណ្តឹងនិងវាយធុងវាយប៉ោតឬក៏ស្រែកដើម្បីសម្តែងថាពួកគេចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។ ក្រុមអ្នករៀបចំស្នើសុំឲ្យធ្វើសកម្មភាពនេះបីដងក្នុងថ្ងៃទី២៣ខែតុលា នៅវេលាម៉ោង៦ ព្រឹក ១២ថ្ងៃ និង៦ល្ងាច ហើយបង្ហូតទង់ជាតិកម្ពុជាឬទង់អង្គការសហប្រជាជាតិឡើង។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាដោយភាគីដែលមានជម្លោះជាមួយគ្នានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដោយភាគីទាំងអស់យល់ព្រមបញ្ចប់សង្គ្រាមស៊ីវិលដែលបានហែកហួរប្រទេសអស់ជាង២០ឆ្នាំហើយងាកមកកសាងប្រទេសតាមលទ្ធិប្រជាធិបតេយ្យដោយមានការគោរពសិទ្ធិមនុស្ស។ រដ្ឋាភិបាលកម្ពុជាមិនមានគម្រោងរៀបចំខួបលើកទី២០នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះទេ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រុមប្រតិកម្មរហ័សបានបញ្ជាក់ថាអ្វីដែលជាស្មារតីនៃកិច្ចព្រមព្រៀងនោះ ត្រូវបានអនុវត្តតាមចប់សព្វគ្រប់ហើយ ហើយលោករិះគន់ការដាក់គាបសង្កត់ណាមួយពីខាងក្រៅដើម្បីចង់ឲ្យរដ្ឋាភិបាលធ្វើអ្វីតាមតែពួកគេចង់បាន។ «យើងដឹងហើយ សេចក្តីព្រៀមព្រៀងសន្តិភាពហ្នឹងធ្វើឲ្យយើងទាំងអស់គ្នា ទាំងក្នុងស្រុក និងក្រៅស្រុកចូលរួមដើម្បីកសាងស្រុកតាមរយៈឆន្ទៈរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក មិនបាច់ ចាំឆន្ទៈរបស់អ្នកនៅក្រៅទេ អាហ្នឹងចំណុចទីមួយ។ ហើយសំខាន់ដែលក្រុមគណបក្ស នយោបាយខ្លះហ្នឹង គេយកសេចក្តីព្រៀមព្រៀងសន្តិភាពហ្នឹងដើម្បីជាឈ្នាន់នាំគេមកកាន់ អំណាច។ ប៉ុន្តែ យើងនិយាយហ្នឹងវាប្រាស់ចាកអំពីអ្វីដែលកើតមានតាមរយៈលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ រៀងរាល់ ៥ ឆ្នាំម្តងគឺយើងមានសមត្ថភាពទាំងអស់គ្នាមកឈរ ឈ្មោះបោះឆ្នោត មករៀបចំគណបក្ស មិនអីចាំបាច់ ឬក៏សារៈសំខាន់ណាមួយដែលទៅ ប្រកូកប្រកាស ដែលវាយប្រមាថកាតទានដល់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈធម្មនុញ្ញទេ»។ មានពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនក៏បានទៅធ្វើបាតុកម្មតវ៉ានៅមុខទីស្នាក់ការអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រដើម្បីទាក់ទាញសហគមន៍អន្តរជាតិឲ្យចាប់អារម្មណ៍ដោះស្រាយបញ្ហាដែលនៅសេសសល់ដែលមិនទាន់បានដោះស្រាយ ហើយតាមអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់ឡើងដូចជាត្រូវមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវនិងឲ្យប្រទេសជិតខាងគោរពបូរណភាពទឹកដីប្រទេសកម្ពុជាដែលគេយល់ថានៅតែត្រូវរំលោភចូលដោយប្រទេសជិតខាងជាដើម៕ This posting includes an audio/video/photo media file: Download Now |
ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាគ្រោងបញ្ឈប់ការងារបុគ្គលិក១០០០នាក់ Posted: 25 Oct 2011 07:21 AM PDT ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាគ្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណ១០០០នាក់នៅដំណាច់ខែតុលានេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាឲ្យផ្អាកការបញ្ជូនចេញពលការិនីមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីជាបណ្តោះអាសន្ន ដោយសារតែមានរឿងអាស្រូវ។ លោកអាន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជាបានថ្លែងថា សមាជិកនៃសមាគមបានយល់ព្រមបញ្ឈប់ការបញ្ជូនពលករស្ត្រីមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី និងបញ្ជូនពលករស្ត្រីមេផ្ទះជាង៤០០០០នាក់សម្រាប់ត្រៀមទៅប្រទេសម៉ាឡេស៊ី ឱ្យវិលត្រឡប់ទៅផ្ទះវិញ។ លោកអាន ប៊ុនហាក់បានបន្ថែមថា សមាជិកនៃសមាគមបានបិទក្រុមហ៊ុន និងបិទមជ្ឈមណ្ឌលបណ្តុះបណ្តាល ព្រមទាំងបញ្ឈប់បុគ្គលិកក្រុមហ៊ុនជាបណ្តោះអាសន្ន។ «បុគ្គលិកដែលធ្វើការនៅតាមក្រុមហ៊ុនប្រហែល១០០០នាក់ត្រូវបានបញ្ឈប់ពីការងារនៅចុងខែនេះ។ ធម្មតា យើងបិទក្រុមហ៊ុន និងបិទមជ្ឈមណ្ឌល។ ដូច្នេះ សូម្បីបុគ្គលិក ក៏យើងមិនអាចទុកបានដែរ ពីព្រោះវាជាចំណាយមួយដែលក្រុមហ៊ុនត្រូវទទួលខុសត្រូវ។ ដូច្នេះ ចំនួនបុគ្គលិកដែលយើងត្រូវបញ្ឈប់ពីការងារគឺប្រហែលជា១០០០នាក់»។ លោកអាន ប៊ុនហាក់បានបញ្ជាក់ថា ជាទូទៅនៅលើវិស័យនេះ ប្រាក់បៀវត្សរ៍របស់បុគ្គលិកចូលបម្រើការដំបូងទទួលបាន១៥០ដុល្លារអាមេរិក អ្នកគ្រប់គ្រងថ្នាក់កណ្តាលប្រមាណ៥០០ដុល្លារអាមេរិក និងអ្នកគ្រប់គ្រងជាន់ខ្ពស់ប្រមាណ១០០០ដុល្លារអាមេរិក។ លោកចាន់ សាក់បុគ្គលិកទំនាក់ទំនងជាមួយម្តាយឪពុករបស់ពលករនៅក្រុមហ៊ុន UNG RITHY GROUP CO., Ltd ដែលជាទីភ្នាក់ងារជ្រើសរើសពលករ បាននិយាយថា លោកបានទទួលប្រាក់ខែ១៥០ដុល្លារអាមេរិក ហើយលោកមានការព្រួយបារម្ភអំពីការបាត់បង់ការងារនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់លោក។ «ពេលបុគ្គលិកអត់ការងារធ្វើ វាប៉ះពាល់ដល់ជីវភាពរស់នៅ ព្រោះរដ្ឋាភិបាលបានចេញសារាចរអញ្ចឹង។ ពេលគេផ្អាកអញ្ចឹង បុគ្គលិកក៏ត្រូវឈប់តាមហ្នឹងដែរ ព្រោះអត់មានការបញ្ជូនពលករចេញ។ បុគ្គលិកអត់ការងារ និងអត់ប្រាក់ខែ»។ លោកលី ហុក ប្រធានក្រុមហ៊ុន Philimore Cambodia Co., Ltd ដែលជាទីភ្នាក់ងារជ្រើសរើសពលករ បានថ្លែងថា លោកត្រូវបញ្ឈប់បុគ្គលិកជាង៥០នាក់ ដែលមានប្រាក់ខែចាប់ពី៩០ដុល្លារអាមេរិករហូតដល់៣៥០ដុល្លារអាមេរិក និងបានបញ្ជូនពលការិនីមេផ្ទះចំនួន១៥០នាក់សម្រាប់ទៅប្រទេសម៉ាឡេស៊ី ឱ្យត្រឡប់ទៅផ្ទះវិញ។ «រដ្ឋាភិបាលបានផ្អាកការនាំចេញពលករស្ត្រីមេផ្ទះទៅប្រទេសម៉ាឡេស៊ី។ តើយើងមានចំណូលឯណាទៅជួលបុគ្គលិក ហើយបើបិទ យើងជួលបុគ្គលិកមកធ្វើអ្វី? យើងត្រូវតែផ្អាកការងារពួកគាត់ហើយ ហើយមជ្ឈមណ្ឌល(បណ្តុះបណ្តាលពលករ)ក៏ត្រូវបានបិទដែរ។ វាប៉ះពាល់មិនត្រឹមតែជីវភាពគាត់ទេ សូម្បីតែក្រុមហ៊ុនខ្ញុំក៏ត្រូវប្រឈមមុខនឹងការក្ស័យធនដែរ»។ លោកអាន ប៊ុនហាក់បានបញ្ជាក់ថា ទីភ្នាក់ងារជ្រើសរើសពលករពិតជាបានជួបប្រទះនូវការបាត់បង់មែនចំពោះបញ្ហានេះ ប៉ុន្តែវាជាសារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលទីភ្នាក់ងារទាំងអស់ត្រូវតែគោរព។ លោកហូ វុទ្ធី នាយករងនៃនាយកដ្ឋានការងារនៃក្រសួងការងារ បានថ្លែងថាក្រសួងការងារមិនដែលបានបញ្ជាឱ្យទីភ្នាក់ងារជ្រើសរើសពលករទាំងនោះបិទមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបញ្ឈប់បុគ្គលិកទេ។ «យើងមិនដែលឱ្យគេបិទមជ្ឈមណ្ឌល និងមិនឱ្យគេបញ្ឈប់បុគ្គលិកទេ។ យើងមិនដែលនិយាយទេ។ យើងគ្រាន់តែនិយាយថា រដ្ឋាភិបាលបានចេញសារាចរមកឱ្យផ្អាករើស ផ្អាកបណ្តុះបណ្តាល និងផ្អាកបញ្ជូនស្ត្រីជាជំនួយការមេផ្ទះ»។ លោកអាន ប៊ុនហាក់បានបញ្ជាក់ថា ការបិទមណ្ឌលបណ្តុះបណ្តាល និងការបញ្ឈប់បុគ្គលិកនេះមិនមែនជាគោលការណ៍របស់ក្រសួងការងារទេ ប៉ុន្តែវាជាគោលការណ៍របស់សមាគម។ លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា ការបញ្ឈប់បុគ្គលិករបស់ទីភ្នាក់ងារជ្រើសរើសពលករទាំងអស់ត្រូវតែអនុវត្តតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
Posted: 24 Oct 2011 07:26 PM PDT ព័ត៌មានចុងក្រោយបំផុត៖ លីប៊ី៖ ក្រុមមន្ត្រីអាជ្ញាធរបណ្តោះអាសន្នលីប៊ីនិយាយថា សាកសពរបស់លោកម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) នឹងត្រូវបញ្ចុះនៅក្នុងផ្នូរមួយដែលគ្មានសញ្ញាសម្គាល់នៅវាលរហោឋានសម្ងាត់មួយ។ តួកគី៖ អ្នករស់នៅតាមតំបន់ភាគខាងកើតនៃប្រទេសទួកគីរាប់ពាន់នាក់បានចំណាយយប់ទីពីរនៅខាងក្រៅអាគារនៅក្នុងអាកាសធាតុត្រជាក់ដែលស្ទើរតែកកទៅហើយ ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់ពីគ្រោះរញ្ជួយដី។ ស៊ីរី៖ ក្រុមសិទ្ធិមនុស្សមួយនិយាយថាអាជ្ញាធរស៊ីរីប្រើប្រាស់មន្ទីរពេទ្យជាឧបករណ៍មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនសម្រាប់បង្ក្រាបពួកអ្នកប្រឆាំង។ នៅថ្ងៃអង្គារនេះ អង្គការ Amnesty International ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បាននិយាយនៅក្នុងសេចក្តីរាយការណ៍មួយថាពួកអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ៤កន្លែងរបស់រដ្ឋាភិបាលត្រូវគេធ្វើទារុណកម្មហើយថាក្រុមមន្រ្តីពេទ្យដែលគេសង្ស័យថាបានព្យាបាលពួកបាតុករក៏ត្រូវបានកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលប៉ុនប៉ងធ្វើទុក្ខទោសផងដែរ។ ទុយនីស៊ី៖ គណបក្សអ៊ីស្លាមមិនជ្រុលនិយមនៃប្រទេសទុយនីស៊ី បានចាប់ផ្តើមបង្កើតសម្ព័ន្ធមួយក្រោយពីពួកគេបាននិយាយថាពួកគេបានឈ្នះឆ្នោតគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីប្រកាសពីភាពជោគជ័យរបស់ខ្លួន។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> តួកគី៖ ពួកអ្នកជួយសង្គ្រោះនៅតួកគីបានទាញអ្នកនៅរស់រានមានជីវិតកាន់តែច្រើនឡើងថែមទៀតចេញពីកម្ទេចបាក់បែកក្នុងការរំជួយផែនដីកាលពីថ្ងៃអាទិត្យ ដែលពួកមន្រ្តីបាននិយាយថាបានសម្លាប់មនុស្ស២៧៩នាក់ និងជាង១ពាន់នាក់ទៀតបានរងរបួស។ កូរ៉េខាងជើង៖ ឧប្បនាយករដ្ឋមន្រ្តីចិន Li Keqiang បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Il ក្នុងក្តីសង្ឃឹមពីការចាប់ផ្តើមការចរចារ៦ភាគីឡើងវិញស្តីពីកម្មវិធីនុយក្លអ៊ែររបស់ប្រទេសនោះ។ ទុយនីស៊ី៖ មន្រ្តីរៀបចំការបោះឆ្នោតនៅទុយនីស៊ីកំពុងរាប់សន្លឹកឆ្នោត បន្ទាប់ពីប្រទេសនេះបានធ្វើការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងបន្ទាប់ពីបដិវត្តន៍ដែលបណ្តាលឲ្យមានការងើបបះបោររដូវផ្ការីកអារ៉ាប់នៅពាសពេញតំបន់អាហ្វ្រិកខាងជើងនិងមជ្ឈឹមបូពារ។ លីប៊ី៖ មេដឹកនាំអន្តរកាលនៃប្រទេសលីប៊ី និយាយថាការសម្រេចចិត្តរបស់រដ្ឋាភិបាលអន្តរកាលថ្មី នឹងស្ថិតនៅជាធរមានប្រហែលពីរនាយករដ្ឋសប្តាហ៍ទៀត។ សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនផ្ញើរបស់របរធំទី២របស់ពិភពលោក កំពុងព្យាករណ៍ពីចំនួននៃការដឹកជញ្ជូននឹងមានចំនួនច្រើនបំផុតក្នុងអំឡុងពេលនៃរដូវឈប់សម្រាករបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ។ សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិក Leon Panetta បានប្រាប់កងទ័ពខ្លួននៅជប៉ុនកាលពីថ្ងៃច័ន្ទថាអាមេរិកបានសន្យាស្ថិតនៅនិងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងទ្វីបអាស៊ី។ អង់គ្លេស៖ សមាជិកនៃគណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្រ្តីអង់គ្លេស David Cameron កំពុងគាំទ្រការអំពាវនាវឲ្យមានការបោះឆ្នោតប្រជាមត្តិជាតិស្តីពីសមាជិកភាពរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុប៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |