VOA News: ព័ត៌មាន: “មេធាវីលោកនួន ជាប្តឹងលោកហ៊ុន សែន លោកជា ស៊ីម លោកហេង សំរិន និងមន្តី្ររដ្ឋាភិបាលជិត១០នាក់ទៀត” plus 3 more |
- មេធាវីលោកនួន ជាប្តឹងលោកហ៊ុន សែន លោកជា ស៊ីម លោកហេង សំរិន និងមន្តី្ររដ្ឋាភិបាលជិត១០នាក់ទៀត
- ពេលរៀបចំពិធីខួបទី២០នៃសន្ធិសញ្ញាទីក្រុងប៉ារីស គណបក្សសម រង្ស៊ីចោទថា រដ្ឋាភិបាលមិនគោរពកិច្ចព្រមព្រៀងនេះ
- កម្មកររោងចក្រជាង៤០នាក់បានដួលសន្លប់
- ព័ត៌មានអន្តរជាតិ៖ ២៤ តុលា
Posted: 24 Oct 2011 12:39 PM PDT មេធាវីអន្ដរជាតិរបស់លោកនួនជា អតីតប្រធានសភាខ្មែរក្រហមបានដាក់បណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃច័ន្ទនេះប្រឆាំងទៅនឹងលោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន និងលោកជា ស៊ីម ប្រធានព្រឹទ្ធសភា ហើយនឹងមន្ដ្រីជាន់ខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចចំនួន៩រូបផ្សេងទៀត។ បណ្ដឹងនេះធ្វើការចោទប្រកាន់ពីការជ្រៀតជ្រៀកសាលាក្ដីខ្មែរក្រហម។ នៅក្នុងបណ្ដឹងដែលចែកជូនក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពីដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ លោកមេធាវី ម៉ាយឃើល ផេសម៉េន (Michael Pestman) និងទីប្រឹក្សាច្បាប់នៃមេធាវីការពារគឺលោកអេនឌ្រូ អ៊ាននូហ្ស៊ី (Andrew Ianuzzi) បានបង្ហាញថា លោកហ៊ុន សែន លោកជា ស៊ីម លោក ហោ ណាំហុង លោកគាត ឈុន លោកអ៊ុក ប៊ុនឈឿន លោកស៊ីម កា លោកខៀវ សុភគ័ លោកខៀវ កាញារិទ្ធ លោកផៃ ស៊ីផាន និងលោកគង់ សំអុលបានធ្វើឲ្យប៉ះពាល់ដល់វិស័យយុតិ្តធម៌ ដោយបានធ្វើសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់គ្នាប្រឆាំងនឹងសំណុំរឿង០០៣ និង០០៤ និងដោយបំពានដីការកោះរបស់សហចៅក្រមស៊ើបអង្កេត និងបដិសេធមិនផ្ដល់សក្ខីកម្មដល់តុលាការក្នុងសំណុំរឿង០០២ ដោយមិនផ្តល់ហេតុផលត្រឹមត្រូវ។ កាលពីខែកញ្ញា ឆ្នាំ២០០៩ សហចៅក្រមស៊ើបអង្កេតសញ្ជាតិបារាំង លោក ម៉ាកសែល ឡឺម៉ុងបានកោះហៅឥស្សរជនគណបក្សប្រជាជនកម្ពុជាចំនួនប្រាំមួយរូបឲ្យចូលបំភ្លឺក្នុងតុលាការ រួមមានជា ស៊ីម ប្រធានគណបក្ស លោកហេង សំរិន ប្រធានកិត្តិយសគណបក្សនេះ លោកហោ ណាំហុងរដ្ឋមន្រ្ដីការបរទេស លោកគាត ឈុន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអ៊ុក ប៊ុនឈឿន និងលោកស៊ីម កា សមាជិកព្រឹទ្ធសភា។ ប៉ុន្ដែពួកគាត់មិនបានចូលខ្លួននោះឡើយ។ លោកមេធាវីម៉ាយឃើល ផេសម៉េនបានប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការក្រុងភ្នំពេញថា ព្រះរាជអាជ្ញារងក្រុងភ្នំពេញ លោកសុខ រឿនបានសន្យាថា នឹងចាត់ការលើបណ្ដឹងរបស់ពួកលោក។ «យើងបាននិយាយទល់មុខជាមួយនឹងលោកព្រះរាជអាជ្ញារង ហើយគាត់ធានាថា សំណុំរឿងនេះនឹងត្រូវចាត់នីតិវិធីឲ្យបានលឿន និងស្របទៅតាមច្បាប់»។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកស្រី Patricia O'Brien អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលទទួលបន្ទុកផ្នែកកិច្ចការសាលាក្ដីខ្មែរក្រហម។ លោកស្រីបានព្រមានឲ្យរាជរដ្ឋាភិបាលកម្ពុជាឈប់ធ្វើសេចក្តីថ្លែងការណ៍ទាំងឡាយដែលប្រឆាំងនឹងសំណុំរឿង០០៣ និង០០៤ ហើយឱ្យឈប់ជ្រៀតជ្រែកក្នុងដំណើរការនីតិវិធីតុលាការ។ ប៉ុន្ដែមន្ដ្រីកម្ពុជាបានបដិសេធជាបន្តបន្ទាប់ថា រដ្ឋាភិបាលពុំបានរំខាន ជ្រៀតជ្រៀកលើការសម្រេចចិត្តរបស់តុលាការនោះទេ។ លោកកែវ រ៉េមី ប្រធានក្រុមអ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សប្រចាំទីស្ដីការគណៈរដ្ឋមន្ដ្រីបានប្រតិកម្មភ្លាមៗក្នុងសន្និសីទកាសែតមួយកាលពីព្រឹកមិញនេះ ដោយហៅបណ្ដឹងរបស់ក្រុមការពារក្ដីនួន ជា ថាជាការឆ្លៀតឱកាស។ «ឆ្លៀតឱកាសទាក់ទងនឹងលោកប៊្លុង ទាក់ទងនឹងមន្ដ្រី UNមកទស្សនកិច្ចផង គាត់មិនចង់ឲ្យសំណុំរឿង០០២នេះដំណើរការទេ។ គាត់ធ្វើដើម្បីបង្វែរដំណើរការកាត់ក្ដីសំណុំរឿង០០២ខាងមុខ។ ខ្ញុំសោកស្ដាយត្រង់ថា មេធាវីមានការតព្វកិច្ចក្នុងការការពារកូនក្ដី ក៏ប៉ុន្ដែគាត់មិនធ្វើកិច្ចការនោះទេ»។ ក្រុមការពារក្ដីអតីតប្រធានសភាខ្មែរក្រហមធ្លាប់បានដាក់បណ្ដឹងទៅកាន់តុលាការជាតិឲ្យដោះស្រាយការចោទប្រកាន់ពីអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហម ក៏ប៉ុន្ដែតុលាការក្នុងស្រុកបានទាត់បណ្ដឹងនោះចោល។ លោក អេនឌ្រូ អ៊ាននូហ្ស៊ីសង្ឃឹមថា តុលាការខ្មែរនឹងចាត់ការលើបណ្ដឹងរបស់ពួកគាត់ក្នុងពេលនេះ»៕ This posting includes an audio/video/photo media file: Download Now |
Posted: 24 Oct 2011 11:55 AM PDT គណបក្សសម រង្ស៊ី នៅថ្ងៃអាទិត្យនេះ បានរៀបចំពិធីខួបទី២០នៃសន្ធិសញ្ញាទីក្រុងប៉ារីសនៅក្នុងទីស្នាក់ការគណបក្សរបស់ខ្លួន និងនៅក្នុងប៉ារីសប្រទេសបារាំង នៅក្នុងពេលដែលគណបក្សគ្រប់គ្រងអំណាចមិនបានធ្វើពិធីនេះជារៀងរាល់ឆ្នាំ។ ថ្លែងប្រាប់សមាជិកគណបក្សរបស់ខ្លួនតាមរយៈវីដេអូខនវឺរិន (video conference) លោកសម រង្សី បានចោទប្រកាន់ថា គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមានចេតនាបំភ្លេចកិច្ចព្រមព្រៀងនេះចោល។ លោកសម រង្សីបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានខកខានមិនបានគោរពសិទ្ធិមនុស្ស គោរពសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសេរីភាពសិទ្ធិអ្នកសារព័ត៌មាន សិទ្ធិសេរីភាពគណបក្សប្រឆាំង និងមិនបានគោរពលិទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញទេ ព្រមទាំងបង្កើតសិទ្ធិសញ្ញាបំពេញបន្ថែម ដែលបង្កឲ្យប្រទេសវៀតណាម រំលោភយកទឹកដី និងបូរណភាពកម្ពុជា ទើបគណបក្សប្រជាជនកម្ពុជាបំភ្លេចកិច្ចព្រមព្រៀងនេះចោល។ «គណបក្សប្រជាជន រដ្ឋាភិបាលហ៊ុន សែន ពួកយួននៅពីក្រោយ។ គេមានច្បាប់ គេមិនបានពេញចិត្តទេ។ គេព្រួយបារម្ភណាស់។ ហេតុអ្វី? ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាននាំមកនូវអន្តរាគមន៍អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិរៀបចំការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣»។ ប្រទេសចំនួនដប់ប្រាំបី ដែលរួមទាំងប្រទេសកម្ពុជាផង បានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ហើយតម្រួវឲ្យពលរដ្ឋខ្មែរសម្រេចជោគវាសនាខ្លួនឯងតាមរយៈការបោះឆ្នោត ដែលរៀបចំឡើងដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣។ បន្ទាប់ពីការបោះឆ្នោតសភាធម្មនុញ្ញ កម្ពុជាបានអនុម័តសភាធម្មនុញ្ញថ្មីមួយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយបានសម្រេចឲ្យប្រទេសកម្ពុជាប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ និងសេរីពហុបក្ស។ គណបក្សសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យនេះថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំកម្ពុជា មិនបានអនុវត្តឲ្យបានត្រឹមត្រូវនិងពេញលេញនៅក្នុងខ្លឹមសារទីក្រុងប៉ារីសទេ ហើយថែមទាំងបាននិយាយថា កិច្ចព្រមព្រៀងនេះបានស្លាប់បាត់ទៅហើយ។ លោកប៉ុល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បាននិយាយថា រដ្ឋាភិបាលសព្វថ្ងៃមិនគួរបំភ្លេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះទេ ដោយសារតែកិច្ចព្រមព្រៀងនេះហើយទើបប្រទេសកម្ពុជាស្ថិតនៅដូចស្ថានភាពសព្វថ្ងៃនេះ។ «ពួកអ្នកដឹកនាំខ្លះនេះ ដែលខ្លួនធ្លាប់ក្ររហាម ហើយក្លាយមកជាសេដ្ឋីម្នាក់គឺដោយសារសិទ្ធិសញ្ញា២៣តុលានេះដែរ។ ដោយសារតែថ្ងៃ២៣តុលានេះហើយ អង្គការសហប្រជាជាតិបានជួយយើង»។ គណបក្សគ្រប់គ្រង់អំណាច មិនបានរំឭកខួបថ្ងៃ២៣ តុលាទេ ក៏ប៉ុន្តែបែរជារំឭកខួបជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ទៅវិញ។ លោកជាម យៀប អ្នកតំណាងរាស្ត្រគណបក្សកាន់អំណាច បាននិយាយថា គណបក្សប្រជាជនមិនដែលបំភ្លេចកិច្ចព្រមព្រៀងសិទ្ធិសញ្ញាទីក្រុងប៉ារីសនោះទេ ហើយគេមិនរំឭកខួបនេះ ដោយសារតែកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនពេក ទើបរដ្ឋាភិបាលចង់កាត់បន្ថយខ្លះ។ ក៏ប៉ុន្តែរដ្ឋាភិបាលទុកថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ ហើយគណបក្សប្រជាជនក៏រំឭកខួបនៅក្នុងផ្ទៃក្នុងគណបក្សផងដែរ។ «មកទល់បច្ចុប្បន្ននេះ បើមិនគោរពតាមកិច្ចព្រមព្រៀងក្រុងប៉ារីសទេ ខ្ញុំមិនអាចធ្វើអីបានដែរ។ ហើយការចោទប្រកាន់ជាសិទ្ធិរបស់គេ។ ក៏ប៉ុន្តែគ្រាន់តែថា ឲ្យមានទឡ្ហីករណ៍ច្បាស់លាស់។ កុំចេះតែមានអណ្តាតចេះតែលា មានគំនិតចេះតែថាមក។ ប៉ុន្តែគណបក្សប្រឆាំងដែលមានលោកសម រង្ស៊ី ចោទប្រកាន់លិចកើត ដោយសារគាត់មានគំនិតទុទិដ្ឋិនិយម ដោយថា មិនអាចចូលស្រុកបាន»។ លោកសុរិយា ប្រាសាទសុបែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្ងែងការណ៍មួយពីទីក្រុងហ្សឺណែវថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅតែមានអនុភាពសម្រាប់ប្រទេសកម្ពុជា។ លោកសុរិយាបានជំរុញឲ្យប្រទេសកម្ពុជា ក៏ដូចជាប្រទេសភាគីនានា ដែលបានជួយដល់ប្រទេសនេះ ឲ្យបានឆ្លុះបញ្ជាំងឡើងវិញ ថាតើទស្សនវិស័យសិទ្ធិសញ្ញាទីក្រុងប៉ារីស ត្រូវអនុវត្តស្មោះស្ម័គ្រ ឬក៏យ៉ាងណា។ លោកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនៅតែមានតម្លៃរហូតដល់ទស្សនទាំងឡាយ ដែលមានចែងក្នុងនោះក្លាយទៅជាការណ៍ពិតសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់៕ This posting includes an audio/video/photo media file: Download Now |
កម្មកររោងចក្រជាង៤០នាក់បានដួលសន្លប់ Posted: 24 Oct 2011 10:37 AM PDT យ៉ាងហោចណាស់មានកម្មកររោងចក្រចំនួន៤៤នាក់បានដួលសន្លប់ជាថ្មីទៀត ស្របពេលដែលមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល និងសមាគមកាត់ដេរកម្ពុជាបានអះអាងថា លក្ខខណ្ឌការងារក្នុងរោងចក្រមួយចំនួនកំពុងតែត្រូវបានធ្វើការកែលម្អដើម្បីជៀសវាងឧបទេវហេតុដូចគ្នានេះ។ ចាប់តាំងពីចុងខែកក្កដារហូតដល់ខែតុលានេះ កម្មកររោងចក្រសរុបចំនួនជាង៥០០នាក់ក្នុងរោងចក្រចំនួន៩បានដួលសន្លប់ជាបន្តបន្ទាប់ ដែលធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួននិងអ្នកបញ្ជាទិញក្រៅប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះករណីនេះដោយបញ្ជាឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់លើករណីដួលសន្លប់នេះ។ បន្ទាប់មកអង្គការពលកម្មអន្តរជាតិ ILO បានរកឃើញថា ការដួលសន្លប់នេះបណ្តាលមកពីកំរិតកំដៅលើសពីការណែនាំ ដែលបណ្តាលឲ្យកម្មករបាត់បង់ជាតិទឹក ហេវហត់អស់កម្លាំង។ កត្តាមួយទៀត គឺដោយសារ តែកម្មករបានប៉ះពាល់នឹងសារធាតុរំលាយសម្រាប់បោកសម្អាតដែលធ្វើឲ្យពួកគេអាចមានអាការៈវិលមុខនិងធីងធោង។ការធ្វើការថែមម៉ោងច្រើនពេករួមទាំងកង្វះអាហាររូបត្ថម្ភក៏ធ្វើឲ្យកម្មករងាយនឹងដួលសន្លប់ផងដែរ។ នៅក្នុងនោះអង្គការ ILO ក៏បានបង្ហាញផងដែរថា កម្រិតសម្លេងខ្លាំងអាចចូលរួមចំណែកធ្វើឲ្យមានអារម្មណ៍មិនស្រួលខ្លួននិងអស់កម្លាំងខ្លាំង កន្លែងធ្វើការដែលមិនទាន់មានលក្ខខណ្ឌត្រឹមត្រូវ ដូចជាកៅអីពុំមានខ្នងបង្អែក ភ្លើងបំភ្លឺមិនគ្រប់គ្រាន់ អនាម័យមិនស្អាត កង្វះប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារក៏ជាមូលដ្ឋានបន្ថែមទៀតនៃការដួលសន្លប់នៃក្រុមកម្មករផងដែរ។ លោកសេង សក្កដា អគ្គនាយកនៃនាយកដ្ឋានការងារបានឲ្យដឹងថា រោងចក្រមួយចំនួនបានចាប់ផ្ដើមកែប្រែនូវចំណុចខ្វះរបស់ខ្លួនហើយ។ លោកសេង សក្កដាបានបញ្ជាក់ថា បើសិនជារោងចក្រណាមួយត្រូវគេរកឃើញ ថាមានកំហុស ហើយមិនមានការកែប្រែទេ រោងចក្រនោះត្រូវប្រឈមនឹងការផ្អាក ឬផាកពិន័យជាដើម។ «យើងបង្កើតក្រុមការងារគណៈកម្មការចំរុះមួយដើម្បីចុះទៅពិនិត្យមើលករណីនេះ ក្នុងនោះមានតាំងពីលក្ខខណ្ឌការងារតាំងពីលក្ខខណ្ឌអនាម័យ និងសន្តិសុខការងារ នៅក្នុងនោះវាមានធាតុអាកាស មានការដាក់ទុកឥវ៉ាន់ ធូលីនិងពេលម៉ោងធ្វើការជាដើម។ ហើយយើងចុះទៅស្រាវជ្រាវ មិនមែនតែរោងចក្រដែលមានកម្មករដួលសន្លប់នោះទេ។ យើងពិនិត្យមើលរោងចក្រណាដែលអាចងាយរងនូវហានិភ័យ យើងនឹងចុះទៅជាបន្តបន្ទាប់ទៀតដើម្បីជំរុញឲ្យរោងចក្រទាំងអស់មានការគោរពនូវលក្ខខណ្ឌអ្វី ដែលក្រុមអធិការកិច្ចបានពិនិត្យឃើញ»។ លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមកាត់ដេរកម្ពុជាក៏បានអះអាងដូចគ្នានោះដែរ។ លោកបានបញ្ជាក់ផងដែរថា កក្តាសំខាន់មួយទៀតក្នុងការទប់ស្កាត់ការដួលសន្លប់របស់កម្មករគឺការពង្រឹងការអនុវត្តច្បាប់ ដែលមានស្រាប់ ពីព្រោះការអនុវត្តច្បាប់នេះនៅមានចន្លោះប្រហោងនៅឡើយ។ «គាត់កែប្រែរួចអស់ហើយ។ កម្មករចូលធ្វើការវិញអស់ហើយ មិនមានហេតុការនេះកើតឡើងទៀតទេ ចំពោះអ្វីដែលកើតឡើងនៅក្នុងរោងចក្រ ដែលមានហេតុការណ៍កើតឡើងនោះ។ យើងមានការសោកស្តាយនូវហេតុការណ៍កើតឡើងក្នុងនាមនិយោជក និងនាមសមាគមកាត់ដេរ ប៉ុន្តែយើងនឹងព្យាយាម យើងនឹងដោះស្រាយរាល់បញ្ហាទាំងអស់ដើម្បីឲ្យបានប្រសើរ។ យើងព្យាយាមកាត់បន្ថយនូវកំហុសឆ្គង និងកែលម្អឲ្យមានភាពប្រសើរ»។ ទោះបីជាមានការអះអាងថា ក្រុមការងារអន្តរក្រសួងបានធ្វើការពិនិត្យប្រព័ន្ធការពារសុវត្ថិភាព និងសុខភាពនៅតាមបណ្តាលរោងចក្រក៏ដោយ ក៏កម្មករនៅតែដួលសន្លប់ដដែល។ ជាក់ស្តែងកម្មករកាត់ដេរ៤០នាក់នៅរោងចក្រសាំងវ៉ូ ក្នុងខេត្តកំពង់ស្ពឺបានដួលសន្លប់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ មន្រ្តីសុខាភិបាលខេត្តនេះអះអាងថា ការដួលសន្លប់នេះបណ្តាលមកពីកម្មករទាំងនោះមានអាការៈហេវហត់អស់កម្លាំង និងបន្ទប់ធ្វើការមិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ការដួលសន្លប់នឹងនៅតែមានជាបន្ត ពីព្រោះការកែប្រែរបស់រោងចក្រមានចំណុចតិចតួចបំផុត។ «ជាទូទៅគាត់យកចិត្តទុកដាក់ទុកដាក់អញ្ជឹង ប៉ុន្តែអត់បានអនុវត្ត។ មានអីក្រៅពីលុយ? តែឲ្យលុយទៅ ផឹកស៊ីល្ងាចហ្នឹងស្រវឹងអស់ទៅ ដេកទៅ លែងបានអនុវត្តហើយ»។ ជាមួយគ្នានេះដែរលោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងថាការ កែប្រែរបស់រោងចក្រមិនទាន់បានឆ្លើយតបទៅតាមស្តង់ដារនៅឡើយ ហើយការកែប្រែនេះក៏មិនមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ការដួលសន្លប់បានដែរ បើសិនជាប្រាក់ខែរបស់កម្មករនៅតែមានចំនួនតិចតួចបែបនេះ។ «មានការកែប្រែនៅក្នុងចំណុចមួយចំនួន ប៉ុន្តែការកែប្រែនោះ គឺវាអត់ទាន់ស្របទៅតាមស្តង់ដារទេ។ ខ្ញុំគិតទៅ វិធានការទៅកែរោងចក្របន្តិចបន្តួចនេះ គឺវាមិនមែនជាវិធានការមាននិរន្តភាពទេ។ វាគ្រាន់តែជួយបានតែមួយអន្លើៗ តែប៉ុណ្ណោះ។ អ្វីដែលនិរន្តភាព គឺមានន័យថា ផ្តល់ប្រាក់ឲ្យបានគ្រប់គ្រាន់គឺយើងត្រូវឲ្យកម្មករធ្វើការត្រឹម៨ម៉ោង ហើយនឹងកែលក្ខខណ្ឌនៅក្នុងរោងចក្រនោះកុំឲ្យហប់ កុំឲ្យក្តៅ និងកុំឲ្យមានជាតិគីមី»។ លោកសេង វណ្ណៈ ជាកម្មករនៅរោងចក្រកាត់ដេរជីមលី ស្ថិតនៅតាមបណ្តាយផ្លួវជាតិលេខ៤ ក្រុងភ្នំពេញ ដែលមានកម្មករប្រមាណជាង១០០នាក់ បានដួលសន្លប់កាលពីខែសីហាកន្លងទៅនេះ។ លោកបានបញ្ជាក់ស្របគ្នាជាមួយលោកអាត់ ធន់ដែរ។ «គាត់គិតហើយថា ខុស System អីហ្នឹង ហើយថែមកង្ហាល់អីហ្នឹង ហើយនឹងមិនដាក់អីវ៉ាន់ខ្ពស់ជាងកម្មករអង្គុយដេរបង! ហើយប្រាក់ខែកម្មករទូទាំងប្រទេសត្រូវកែប្រែឲ្យបានច្រើន។ ខ្ញុំមានកម្លាំងធ្វើការហ្នឹង និងមានលុយផ្ញើទៅស្រុក»។ លោកស្រីពេជ្រ ម៉ាលីកា ជាមន្រ្តីគ្រប់គ្រងផ្នែកត្រួតពិនិត្យនៅតាមរោងចក្រកាត់ដេរនៃអង្គការពលកម្មអន្ដរជាតិ ILO បានឲ្យដឹងថា អង្គការរបស់លោកស្រីមិនទាន់ចាប់ផ្ដើមធ្វើការត្រួតពិនិត្យលើស្ថានភាពទីកន្លែងការងារនៅតាមបណ្ដារោងចក្រជាបន្តទៀតនៅឡើយទេ។ «អារឿងថា មានការកែលម្អនៅមន្ទីរ កន្លែងជាក់ស្តែង ឬអត់ គឺយើងអត់ហ៊ានធានា ថា មានការកែលម្អមែនទេ។ ដោយសារយើងឥតបានទៅទាក់ទងថាកែលម្អ ឬក៏មិនកែលម្អ។ ខ្ញុំឥតបាននិយាយថា គាត់នឹងកែលម្អចំណុចហ្នឹង»។ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានចំនួន៥៣៩រោងចក្រ និងមានកម្មករសរុបចំនួន៣៩៩៥៨០នាក់ ក្នុងនោះកម្មករចំនួន៣៦៤៣៥៣នាក់ជាកម្មករកាត់ដេរសម្លៀកបំពាក់ដែលមានរោងចក្រចំនួន៥០២៕ This posting includes an audio/video/photo media file: Download Now |
Posted: 23 Oct 2011 06:47 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ទួរគី៖ នៅថ្ងៃច័ន្ទនេះ ក្រុមអ្នកជួយសង្គ្រោះនៅផ្នែកអាគ្នេយ៍នៃប្រទេសទួរគីបានជីកកកាយក្នុងកម្ទេចបាក់បែករបស់អាគារដើម្បីស្វែងរកអ្នកនៅរស់នៅក្រោយគ្រោះរញ្ជួយដីមួយដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច២៣៩នាក់ស្លាប់និងជាង១ពាន់នាក់ទៀតរងរបួស។ ទុយនីស៊ី៖ ក្រុមមន្ត្រីរៀបចំការបោះឆ្នោតក្នុងប្រទេសទុយនីស៊ីកំពុងរាប់សន្លឹកឆ្នោត បន្ទាប់ពីប្រទេសនេះបានរៀបចំការបោះឆ្នោតបែបប្រជាធិបតេយ្យលើកទីមួយរបស់ខ្លួននៅក្រោយបដិវត្តន៍ដែលបានបណ្តាលឲ្យមានការបះបោរដែលគេហៅថា «រដូវផ្ការីកអារ៉ាប់» នៅទូទាំងទ្វីបអាហ្វ្រិកខាងជើងនិងតំបន់មជ្ឈឹមបូព៌ា។ លីប៊ី៖ អាជ្ញាធរបណ្តោះអាសន្ននៃប្រទេសលីប៊ីបានប្រកាសថាប្រទេសត្រូវបានរំដោះហើយទោះបីជាមានកង្វល់អំពីហេតុការណ៍នៅជុំវិញមរណភាពរបស់អតីតមេដឹកនាំម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) ក៏ដោយ។ សហរដ្ឋអាមេរិក/កូរ៉េខាងជើង៖ នៅថ្ងៃច័ន្ទនេះ ពួកអ្នកការទូតសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបានចាប់ផ្តើមកិច្ចពិភាក្សារយៈពេល២ថ្ងៃក្នុងទីក្រុងសឺណែវនៃប្រទេសស្វីស អំពីការចាប់ផ្តើមជាថ្មីនូវកិច្ចចរចារ៦ភាគីអំពីកម្មវិធីបរមាណូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT--> យេម៉ែន៖ ក្រុមសកម្មជនប្រឆាំងរាប់ពាន់នាក់នៅយេម៉ែនបានដើរធ្វើបាតុកម្មក្នុងក្រុងសាណាទាមទារឱ្យប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែងមួយថ្ងៃក្រោយពីការប្រយុទ្ធគ្នារវាងកងកម្លាំងលម្អៀងទៅខាងលោក Saleh និងកងកម្លាំងប្រឆាំងនឹងលោកនៅក្នុងរដ្ឋធានីបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១២នាក់ស្លាប់។ លីប៊ី៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានសុំដល់ពួកមេដឹកនាំថ្មីនៃប្រទេសលីប៊ីឱ្យធ្វើការផ្សះផ្សាជាតិនិងគោរពសិទ្ធិមនុស្សនៅពេលដែលពួកគេរៀបចំអន្តរកាលទៅកាន់លទ្ធិប្រជាធិបតេយ្យនៅក្រោយការសម្លាប់អតីតមេដឹកនាំផ្តាច់ការឈ្មោះ Moammar Gadhafi។ ទួរគី ៖ ការរញ្ជួយផែនដីខ្លាំងមួយក្នុងផ្នែកអាគ្នេយ៍នៅទួរគីបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៧៥នាក់ស្លាប់និងធ្វើឱ្យមនុស្ស១៥០នាក់ទៀតត្រូវរបួស។ លីប៊ី៖ ពួកមេដឹកនាំបណ្តោះអាសន្នលីប៊ីបានប្រកាសថាប្រទេសនេះបានត្រូវរំដោះពីការគ្រប់គ្រង៤២ឆ្នាំរបស់ Moammar Gadhafi នៅក្នុងពិធីមួយដែលចូលរួមដោយមនុស្សរាប់ម៉ឺននាក់នៅក្នុងក្រុង Benghazi នាប៉ែកខាងកើតប្រទេស។ ទុយនីស៊ី៖ ដែលការបដិវត្តន៍របស់ខ្លួនបានបណ្តាលឱ្យមានការបះបោរ «រដូវផ្ការីកអារ៉ាប់» នៅទូទាំងផ្នែកខាងជើងនៃទ្វីបអាហ្វ្រិកនិងភូមិភាគមជ្ឈឹមបូព៌ាបានបង្កើតឱ្យមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយទៀតដោយបានធ្វើការបោះឆ្នោតបែបប្រជាធិបតេយ្យលើកទីមួយដែលមិនធ្លាប់មានធ្វើពីពេលមុនៗទេ។ ស៊ីរី៖ ប្រធានាធិបតីស៊ីរី Bashar al-Assad បានប្តូរអភិបាលខែត្រ២នាក់នៅក្នុងខេត្ត២ដែលគេបានឃើញបាតុកម្មច្រើនខែមកហើយប្រឆាំងនឹងការគ្រប់គ្រង១១ឆ្នាំរបស់លោក៕ ទួកគី៖ នៅថ្ងៃចន្ទនេះ ក្រុមអ្នកជួយសង្គ្រោះនៅផ្នែកអាគ្នេយ៍នៃប្រទេស ទួរគី បានជីកកកាយក្នុងកម្ទេចបាក់បែករបស់អាគារដើម្បីស្វែងរកអ្នកនៅរស់នៅក្រោយគ្រោះរញ្ជួយដីមួយដែលបាន បណ្តាលឲ្យមនុស្សយ៉ាងតិច២៣៩នាក់ស្លាប់និងជាង១ពាន់នាក់ទៀតរងរបួស។
ទុយនីស៊ី៖ ក្រុមមន្ត្រីរៀបចំការបោះឆ្នោតក្នុងប្រទេសទុយនីស៊ីកំពុងរាប់សន្លឹកឆ្នោត បន្ទាប់ពី ប្រទេសនេះបានរៀបចំការបោះឆ្នោតបែបប្រជាធិបតេយ្យលើកទីមួយរបស់ខ្លួននៅក្រោយបដិវត្តន៍ដែលបានបណ្តាលឲ្យមានការបះបោរដែលគេហៅថា «រដូវផ្ការីកអារ៉ាប់» នៅទូទាំងទ្វីបអាហ្វ្រិកខាងជើងនិងតំបន់មជ្ឈឹមបូព៌ា។
លីប៊ី៖ អាជ្ញាធរបណ្តោះអាសន្ននៃប្រទេសលីប៊ីបានប្រកាសថាប្រទេសត្រូវបានរំដោះហើយ ទោះបីជាមានកង្វល់អំពីហេតុការណ៍នៅជុំវិញមរណភាពរបស់អតីតមេដឹកនាំម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) ក៏ដោយ។
សហរដ្ឋអាមេរិក/កូរ៉េខាងជើង៖ នៅថ្ងៃចន្ទនេះ ពួកអ្នកការទូតសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបានចាប់ផ្តើមកិច្ចពិភាក្សារយៈពេល២ថ្ងៃក្នុងទីក្រុងសឺណែវនៃប្រទេសស្វីស អំពីការចាប់ផ្តើមជាថ្មីនូវកិច្ចចរចារ៦ភាគីអំពីកម្មវិធីបរមាណូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |