VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិ៖ ២៨ តុលា” plus 1 more |
Posted: 28 Oct 2011 10:01 AM PDT ព័ត៌មានចុងក្រោយបំផុត៖ ថៃ៖ ទឹកជំនន់ដែលបានលិចតំបន់ជាយក្រុងបាងកកបីបួនអាទិត្យមកហើយនោះ បានហៀរចូលបន្តិចម្តងៗក្នុងផ្នែកកណ្តាលក្រុង នៅពេលដែលអ្នកស្រុកជាច្រើននាក់ដែលមានការភ័យខ្លាចនៅតែបន្តចាកចេញពីក្រុងនេះ។ ទឹកត្រឹមកជើងបានហៀរចូលក្នុងព្រះមហាបរមរាជវាំងពីផ្លូវនៅជុំវិញទីនោះដែលបានលិចដោយសារទឹកនៃទន្លេ Chao Phraya មានកម្រិតខ្ពស់។ តួកគី៖ ពួកអ្នកធ្វើការជួយសង្គ្រោះនៅក្នុងប្រទេសតួកគីបានទាញយកយុវជនជំទង់ម្នាក់ចេញពីកម្ទិចអាគារនៅថ្ងៃសុក្រនេះ ជាង១រយម៉ោងក្រោយពីការរញ្ជួយផែនដីមានកម្លាំង៧,២បានបំផ្លាញផ្នែកជាច្រើននៃតំបន់អាគ្នេយ៍ប្រទេសកាលពីថ្ងៃអាទិត្យ។ ចិន៖ ប្រធាននៃមូលនិធិជួយសង្គ្រោះខាងហិរញ្ញវត្ថុនៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ បានធ្វើដំណើរទៅដល់ប្រទេសចិននៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការមានកិច្ចព្រមព្រៀងមួយជាមួយពួកអ្នករៀបចំគោលនយោបាយនៃរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីប្រើប្រាស់ភាគខ្លះនៃប្រាក់បរទេសបម្រុងដ៏ច្រើនលើសលប់របស់ប្រទេសចិនដើម្បីធ្វើវិនិយោគក្នុងមូលនិធិនេះដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ លីប៊ី៖ ពួករដ្ឋមន្ត្រីនៃអង្គការអូតង់ដែលប្រជុំគ្នានៅក្រុង Brussels នៅថ្ងៃសុក្រនេះបានយល់ព្រមដល់សេចក្តីសម្រេចចិត្តមួយដែលបញ្ចាប់យុទ្ធនាការតាមអាកាសនៅក្នុងសប្តាហ័៍ក្រោយ។សេចក្តីសម្រេចចិត្តនេះមានទ្បើងមួយថ្ងៃក្រោយពីក្រុមប្រឹក្សាសន្តិសុខអ.ស.បបានបោះឆ្នោតលុបចោលអណតិ្តរបស់ខ្លួនដែលបានបង្កើតបេសកកម្មនេះ។ ទុយនេស៊ី៖ នៅថ្ងៃសុក្រនេះមានការធ្វើបាតុកម្មថ្មីៗនៅក្នុងក្រូង Sidi Bouzid នៃប្រទេសទុយនេស៊ី មួយថ្ងៃក្រោយពីពួកបាតុកររាប់រយនាក់បានដើរធ្វើបាតុកម្មទៅកាន់ទីស្នាក់ការក្នុងមូលដ្ឋានរបស់គណបក្សអ៊ីស្លាមនិយម Ennahdha។ ក្រុមមេធាវីការពារក្ដីនួន ជា បានដាក់បណ្ដឹងប្រឆាំងមន្រ្តីរដ្ឋាភិបាលមួយចំនួនពីការជ្រៀតជ្រែកផ្នែកនយោបាយលើដំណើរការសាលាក្ដីខ្មែរក្រហម។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ក្រុមអ្នកជំនាញសុំឱ្យអង្គការសហប្រជាជាតិដើរតួនាទីនាំមុខក្នុងតុលាការខ្មែរក្រហម Posted: 27 Oct 2011 02:05 PM PDT មានសម្ពាធកាន់តែច្រើនឡើងៗទាមទារឱ្យអង្គការសហប្រជាជាតិបង្ហាញពីតួនាទីនាំមុខ ព្រមទាំងដាក់ការគាបសង្កត់លើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យតុលាការខ្មែរក្រហមដំណើរការទៅមុខដោយគ្មានការជ្រៀតជ្រែកផ្សេងៗ។ ការស្នើនេះកើតឡើងក្រោយពីមានការលាលែងជាបន្តបន្ទាប់របស់មន្ត្រីក្នុងតុលាការខ្មែរក្រហម ជាពិសេសនៅពេលចុងក្រោយនេះគឺលោកចៅក្រមស៊ើបអង្កេតអន្តរជាតិ Siegfried Blunk ដែលបានប្រកាសជាសាធារណៈពីការលូកដៃរបស់រដ្ឋាភិបាលកម្ពុជាចូលក្នុងកិច្ចការរបស់តុលាការ តាមរយៈការថ្លែងជាសាធារណៈនិងតាមបណ្តាញសារព័ត៌មាន ដែលបង្ហាញពីចេតនាក្នុងការរារាំងមិនឱ្យមានការស៊ើបអង្កេតលើសពីជនជាប់ចោទនាពេលបច្ចុប្បន្នក្នុងសំណុំរឿងលេខ០០១និង០០២។ <!--IMAGE-RIGHT--> លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានស្នើឡើងថា អង្គការសហប្រជាជាតិគួរតែប្រកាន់យកវិធានការក្តៅ ដោយពង្រឹងតាមអ្វី ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានៅពេលរៀបចំបង្កើតសាលាក្តីខ្មែរក្រហមនោះ គឺការទុកឱ្យតុលាការបំពេញការងារប្រកបដោយឯករាជ្យ ហើយរាជរដ្ឋាភិបាលកម្ពុជាជាអ្នកជួយសម្រួលឱ្យដំណើរការប្រព្រឹត្តទៅដោយគ្មានការរំខាន។ «អង្គការសហប្រជាជាតិត្រូវតែម៉ឺងម៉ាត់ឡើង ដើម្បីឱ្យមានការអនុវត្តកិច្ចព្រមព្រៀងដែលមានជាមួយគ្នា។ បើនិយាយភាសាក្មេងនិងចាស់គឺថា បើលូកដៃចូលមកគឺទះដៃ»។ លោកឡៅ ម៉ុងហៃបានពន្យល់ថា កន្លងមកអង្គការសហប្រជាជាតិបានបញ្ចេញប្រតិកម្មតាមរបៀបការទូតចំពោះទង្វើខុសឆ្គងរបស់រដ្ឋាភិបាល ប៉ុន្តែបើតាមលោកយល់ សម្រាប់ការងារតុលាការអង្គការសហប្រជាជាតិមិនគួរប្រើភាសាការទូតខ្លាំងពេកទេ។ <!--IMAGE-LEFT--> ការលាលែងពីតំណែងរបស់ចៅក្រម Blunk បាននាំឱ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកច្បាប់គឺលោកស្រីPatricia O'brien ចុះទៅប្រទេសកម្ពុជា ដោយផ្ទាល់ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំកុំឱ្យធ្វើអត្ថាធិប្បាយណាបន្តទៀតដែលគេអាចយល់ថា រារាំងដល់ឯករាជ្យភាពរបស់តុលាការ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ដោយរួមទាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែនផង ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀត ដោយសម្តែងការជំទាស់ទៅនឹងការស៊ើបអង្កេតលើសពីសំណុំរឿងចំនួនពីរនាពេលបច្ចុប្បន្នជាពិសេសទាក់ទងនឹងករណីលេខ០០៣និង០០៤ដែលមានជនសង្ស័យប្រាំនាក់បន្ថែមទៀត។ <!--IMAGE-RIGHT--> លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជាក់ថា មានបញ្ហាលើសពីការលូកដៃពីរដ្ឋាភិបាល ហើយបានស្នើសុំឱ្យអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតមួយទៅលើការិយាល័យរបស់សហចៅក្រមស៊ើបអង្កេតទាំងស្រុងតែម្តងដើម្បីពង្រឹងភាពដឹកនាំរបស់អង្គការសហប្រជាជាតិ។ លោកយល់ថាការដែលបន្ទោស ឬដាក់បន្ទុកទៅលើការជ្រៀតជ្រែករបស់រដ្ឋាភិបាលនេះជាការងាកចេញអំពីការណ៍ពិតដែលកំពុងកើតមាននៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត។ «ការណ៍ពិតគឺមានភាពមិនប្រក្រតីក្នុងការិយាល័យនេះ ដែលវាប៉ះពាល់ធ្ងន់ធ្ងរទៅនឹងដំណើរការសវនាការ ក៏ដូចជាលទ្ធផលរបស់តុលាការនេះដែរ។ ការដែលអ.ស.បចុះទៅហ្នឹងគឺថា បង្ហាញអំពីភាពវិជ្ជមាន ប៉ុន្តែផ្ទុយទៅវិញគឺការចុះ ទៅ ការដាក់សម្ពាធទៅលើរដ្ឋាភិបាលគឺវាធ្វើឱ្យសាធារណជនងាកចេញពីបញ្ហាដែលកំពុងតែប្រឈម ហើយការធ្វើបែបនេះបង្ហាញពីភាពខ្សោយរបស់អង្គការសហប្រជាជាតិនៅក្នុងការផ្តល់នូវភាពដឹកនាំមួយដើម្បីឱ្យតុលាការនេះធានាបាននូវស្តង់ដារអន្តរជាតិមួយ»។ យោងតាមសេចក្តីរាយការណ៍នានាឱ្យដឹងថា ការិយាល័យសហចៅក្រមស៊ើបអង្កេតបានប្រឈមមុខនឹងបញ្ហាមួយចំនួនដែលមានទាក់ទងនឹងការចុះកាលបរិច្ឆេទបន្លំ គឺចុះថយក្រោយវិញ ខុសពីកាលបរិច្ឆេទពិត និងខកខានមិនបានជូនដំណឹងឱ្យបានត្រឹមត្រូវដល់មេធាវីការពារក្តី ប៉ុន្តែការលើកឡើងនេះត្រូវបានការិយាល័យនេះបដិសេធភ្លាមៗដែរ។ លោកឡុង បញ្ញាវុធ មន្រ្តីសម្របសម្រួលគម្រោងគំនិតផ្តួចផ្តើមសង្គមយុត្តិធម៌បើកចំហ បានបញ្ជាក់ថា អង្គការសហប្រជាជាតិពុំបានធ្វើកិច្ចការឱ្យបានហ្មត់ចត់ហើយហាក់ដូចជាគេចចេញពីបញ្ហាធំៗដែលសាលាក្តីប្រឈមកន្លងមក ដើម្បី«ធានាថា តុលាការនេះធ្វើតាមស្តង់ដារអន្តរជាតិ»។ លោកឡុង បញ្ញាវុធបានលើកឧទាហរណ៍ពីការខកខាននោះ មានដូចជា ការប្រព្រឹត្តិអំពើពុករលួយកន្លងមកដែលមិនមានការស៊ើបអង្កេតហ្មត់ចត់ ត្រឹមត្រូវ ការយឺតយ៉ាវរបស់អង្គការសហប្រជាជាតិក្នុងការទទួលស្គាល់តាំងពីដំបូងទីថាមានការចូលជ្រៀតជ្រែកផ្នែកនយោបាយ ឬក៏នៅពេលដែលចៅក្រមតវ៉ាថា ពួកគេមិនអាចបំពេញមុខងារតាមការកំណត់បាន តែត្រូវអង្គការសហប្រជាជាតិយល់ថា ដោយសារតែសមត្ថភាពរបស់បុគ្គលនោះជាដើម។ «បញ្ហានេះយើងអាចបង្ហាញឱ្យឃើញថា ខាងអង្គការសហប្រជាជាតិហាក់ដូចជាមិនបានយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅ ទាក់ទងនឹងដំណើរការរបស់សាលាក្តីខ្មែរក្រហម ហើយហាក់ដូចជាបង្ហាញឱ្យឃើញថា គាត់យកអ្វីដែលជោគជ័យអ្វីដែលបរាជ័យ ឬក៏មិនដំណើរការបានល្អគាត់ថា នេះជាបញ្ហារបស់កម្ពុជាដែលខុសអំពីភាគីនៅក្នុងកិច្ចព្រមព្រៀងដែលគួរជាភាគីស្មើគ្នា និងទទួលខុសត្រូវរួមគ្នាចំពោះជោគជ័យនិងបរាជ័យរបស់សាលាក្តីខ្មែរក្រហម»។ លោកឡុង បញ្ហាវុធយល់ថា ការរកមនុស្សថ្មីមកជំនួសអ្នកដែលលាលែងពីតំណែង និងការគ្រាន់តែចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា មានការលូកដៃចូលកិច្ចការតុលាការគឺមិនមែនជាដំណោះស្រាយពិតប្រាកដទេ។ លោកហ្វាហាន ហាក់ (Fahan Haq) អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបញ្ជាក់ថា រហូតមកដល់ពេលនេះគឺអង្គការសហប្រជាជាតិស្នើសុំកុំឱ្យមានការចូលជ្រៀតជ្រែកក្នុងកិច្ចការរបស់តុលាការជាមុនសិន មុននឹងស្វែងរកវិធីដោះស្រាយថា តើនឹងត្រូវធ្វើយ៉ាងណាទៀត។ «ដូចលោកដឹងហើយថា លោកស្រី O'brienបានទៅទស្សនកិច្ច ក្រោយពីលោកចៅក្រម Blunk បានលាសុំឈប់ពីការងារ ហើយលោកស្រីបានបង្ហាញយ៉ាងច្បាស់ពីការព្រួយបារម្ភរបស់គាត់អំពីការវិវត្តថ្មីៗនេះនៅឯសាលាក្តី ហើយចំណុចសំខាន់នោះគឺថា អង្គការសហប្រជាជាតិបន្តអំពាវឱ្យគ្រប់ៗគ្នាគោរព និងគាំទ្របូរណភាព និងឯករាជ្យភាពរបស់តុលាការ និងគាំទ្រដំណើរការតាមនីតិវិធី។ ដូច្នេះនោះគឺជាអ្វី ដែលជាគោលបំណងរបស់គាត់»។ ក្រុមអ្នកជំនាញយល់ថា កិច្ចសហប្រតិបត្តិការល្អរវាងអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលកម្ពុជាអាចជាសក្ខីកម្មដ៏ល្អមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាច្រើន ជាពិសេសក្នុងខណៈពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកំពុងតែព្យាយាមស្វះស្វែងរកការគាំទ្រដើម្បីបានទទួលអាសនៈជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបណ្ឌិតឡៅ ម៉ុងហៃយល់ថា វាជាឱកាសមួយដែរដែលអង្គការសហប្រជាជាតិអាចនឹងប្រើ ដើម្បីធ្វើជាហេតុផលក្នុងការសម្របសម្រួល ឬដាក់សម្ពាធលើរដ្ឋាភិបាលឱ្យគោរពឯករាជ្យភាពរបស់តុលាការខ្មែរក្រហម ព្រោះវាទាក់ទងនឹងកិត្តិនាមរបស់អង្គការសហប្រជាជាតិដែរ។ «វាអាចប៉ះពាល់ទៅដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬក៏ការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ប្រសិនបើមានសមាជិកមួយសូម្បីតែជាសមាជិកមិនមែនអចិន្ត្រៃយ៍ដែលមិនគោរពកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិនិងខ្លួន។ នេះយើងត្រូវគិតពិចារណាដែរ ហើយខ្ញុំថា គួរតែប្រទេសទាំងឡាយឯទៀត ដែលគាំទ្រឬមិនគាំទ្រ ត្រូវពិនិត្យមើលផងថា ប្រសិនបើជាប្រទេសមួយ និយាយទូទៅទេ មិនគោរពកិច្ចព្រមព្រៀងអន្តរជាតិ ហើយឱ្យចូលជាសមាជិកក្រុមប្រឹក្សាមួយដែលអាចធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ទៅដល់អាយុជីវិតប្រទេសនានាឬក៏ប្រជាជាតិនានានោះ»។ ប្រទេសកម្ពុជាកំពុងខិតខំស្វះស្វែងរកអាសនៈជាសមាជិកមិនអចិន្រ្តៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិពីរឆ្នាំគឺឆ្នាំ២០១៣ដល់២០១៤។ លោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានបញ្ជាក់ថា ប្រទេសកម្ពុជាមានគុណសម្បត្តិច្រើនដែលអាចនឹងគ្រប់លក្ខណៈដើម្បីទទួលបានការគាំទ្រសម្រាប់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះ មានដូចជាបទពិសោធន៍ក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងដោយកម្ពុជាខ្លួនឯង ការចូលរួមក្នុងបេសកកម្មមនុស្សធម៌របស់អង្គការសហប្រជាជាតិតាមរយៈការបញ្ជូនក្រុមដោះមីនកម្ពុជាទៅក្រៅស្រុកជាដើម។ លោកអ៊ុច បូរិទ្ធក៏បញ្ជាក់ផងដែរថា ការកាត់ទោសខ្មែរក្រហម និងការសហការជាមួយស្ថាប័នអង្គការសហប្រជាជាតិនានា នៅពេលបច្ចុប្បន្ន ជាការកើតចេញពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា។ «កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិគឺមិនត្រឹមតែដំណើរការកាត់ទោសក្រុមខ្មែរក្រហមទេ សំខាន់បំផុត ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការរបស់កម្ពុជាយើងជាមួយអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៩១ក៏គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសដែរ។ បើអញ្ចឹងទេ ឆន្ទៈនៃការបញ្ចប់សង្គ្រាមដើម្បីស្វែងរកសន្តិភាពជូនជនរួមជាតិកម្ពុជាគឺរាជរដ្ឋាភិបាលបានសហការយ៉ាងល្អិតរមួតជាមួយអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំនោះមក រហូតដល់មានការបោះឆ្នោត ហើយបន្ទាប់ពីការបោះឆ្នោតមកក៏មានវត្តមានរបស់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជាច្រើន មានរហូតដល់២០ ឬ៣០ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងភ្នំពេញក៏មានដែរ។ អញ្ចឹងទេ បទពិសោធន៍នៃកិច្ចសហប្រតិបត្តិការនេះគឺយើងមានល្អប្រសើរណាស់ព្រោះកន្លងមកនេះ។ បើទោះបីជាមានបញ្ហាមិនយល់គ្នាតិចតួច ក៏ប៉ុន្តែជារួមគឺកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិគឺល្អ»។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រហូតមកដល់ពេលនេះមានប្រទេសជាច្រើនបានសន្យាថា នឹងគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិក្នុងឆ្នាំក្រោយ។ លោកឆាំង យុ ក៏យល់ស្របដែរថា ល្គឹកណាដែលកម្ពុជាសហការបានល្អជាមួយអង្គការសហប្រជាជាតិនៅឯសាលាក្តីខ្មែរក្រហម វានឹងជួយជាគុណសម្បត្តិមួយដែរដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាចូលក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ដូច្នេះការជំរុញឱ្យមានការស៊ើបអង្កេតលើការងាររបស់ក្រុមចៅក្រមស៊ើបអង្កេតដើម្បីជម្រះមន្ទិលសង្ស័យណាមួយជាការចាំបាច់។ «បើខ្ញុំជារាជរដ្ឋាភិបាលវិញ ខ្ញុំនឹងជំរុញ ឬក៏ស្នើសុំឱ្យអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតដោយផ្ទាល់តែម្តង ហើយនេះខ្ញុំគិតថា នេះជាឱកាសមួយល្អសម្រាប់កម្ពុជា ជាជំហានថ្មី ជាទំព័រថ្មី ដើម្បីដោះស្រាយបញ្ហាដែលចេះតែរកាំរកូសជាច្រើនឆ្នាំកន្លងមក ហើយការធ្វើបែបនេះ វាបង្កឱ្យមានការជឿជាក់ទៅក្នុងតុលាការ ដែលវាស្របពេលទៅនឹងករណី០០២ដែលកំពុងតែរៀបចំ ស្របទៅនឹងដំណើរការ ហើយវាជួយដល់ការស្នើសុំរបស់កម្ពុជាឱ្យទៅជាសមាជិកក្រុមប្រឹក្សាសន្តិសុខទៀត»។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិនៅមិនទាន់បញ្ជាក់ថា គេនឹងចាត់វិធានការយ៉ាងណានៅឡើយទេ។ លោកហ្វាហាន ហាក់បញ្ជាក់ថា លោកដឹងថា លោកស្រី Patricia O'brien និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិកំពុងពិភាក្សាគ្នាលើជំហានបន្ទាប់ទៀតប៉ុន្តែលោកមិនទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយទេ។ «ទាក់ទងនឹងជំហានបន្ទាប់ទៀតគឺខ្ញុំមិនទាន់មានអ្វីជាក់លាក់នៅឡើយទេ ប៉ុន្តែលោកស្រីកំពុងតែធ្វើការលើរឿងនេះហើយ។ លោកស្រីនឹងប្រជុំជាមួយលោកអគ្គលេខាធិការ និងជាមួយមន្ត្រីជាន់ខ្ពស់ដទៃទៀតនៅអង្គការសហប្រជាជាតិនេះដើម្បីសម្រេច ថាតើជំហានបន្ទាប់ត្រូវធ្វើយ៉ាងណា»។ សាលាក្តីខ្មែរក្រហមកំពុងត្រៀមរៀបចំកាត់ក្តីសំណុំរឿងលេខ០០២នៅខែក្រោយ ប៉ុន្តែនៅមានការប្រទាំងប្រទើសគ្នាក្នុងសំណុំរឿងលេខ០០៣និង០០៤ ដែលសូម្បីចៅក្រមខ្មែរនិងបរទេសក៏មានការមិនចុះសម្រុងគ្នាជាបន្តបន្ទាប់ដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |