VOA News: ព័ត៌មាន: “អៀង សារីបដិសេធមិនផ្តល់សក្ខីកម្មក្នុងសវនការខាងមុខ” plus 5 more |
- អៀង សារីបដិសេធមិនផ្តល់សក្ខីកម្មក្នុងសវនការខាងមុខ
- រោងចក្រត្រូវផ្អាកដំណើរការក្រោយពីមានកម្មករសន្លប់
- ខុមហ្វ្រែលរកឃើញភាពមិនប្រក្រតីក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោត
- ការអភិវឌ្ឍប្រទេសជាកត្តាសំខាន់មួយក្នុងការដោះស្រាយបញ្ហាផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា
- ព័ត៌មានអន្តរជាតិ៖ ២៦ តុលា
- ពុទ្ធបរិស័ទខ្មែរនៅសហរដ្ឋអាមេរិកប្រារព្ធពិធីបុណ្យកឋិនទាននៅវត្តពុទ្ធិការាម
អៀង សារីបដិសេធមិនផ្តល់សក្ខីកម្មក្នុងសវនការខាងមុខ Posted: 26 Oct 2011 12:15 PM PDT អតីតបងធំទីបីនៃរបបខ្មែរក្រហម អៀង សារី បានប្រកាសថា ខ្លួននឹងមិនផ្ដល់សក្ខីកម្មនៅក្នុងពេលកាត់ទោសលើរូបគាត់នោះទេ ហើយបានទាមទាររក្សាភាពស្ងៀមស្ងាត់មិននិយាយស្ដីនៅគ្រប់ដំណាក់កាល នៃការកាត់ទោសទាំងអស់។ ស្របពេលជាមួយគ្នានេះ សហមេធាវីបរទេសរបស់ នួន ជា ស្នើសុំឲ្យមានការពន្យារពេលការកាត់ទោសពេញអង្គសេចក្ដី។ នេះបើយោងតាមសំណើរបស់ អៀង សារី ទៅកាន់អង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃច័ន្ទ និងលិខិតរបស់ក្រុមមេធាវី នួន ជា ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃពុធនេះ។ លោក អាង ឧត្តម សហមេធាវីកម្ពុជារបស់ អៀង សារី បានអះអាងថា លោក អៀង សារី បានជូនដំណឹងទៅកាន់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមរួចហើយកាលពីថ្ងៃច័ន្ទ។ «គាត់បានជូនដំណឹងខ្លួនគាត់ទៅតុលាការផ្ទាល់។ គាត់នឹងរក្សាការស្ងៀមស្ងាត់ មិននិយាយ មិនឆ្លើយឆ្លង ពីព្រោះគាត់មានមេធាវីហើយ។ មេធាវីអាចធ្វើកិច្ចការបាន ហើយសិទ្ធិរបស់គាត់អាចធ្វើដូច្នេះបាន។ គាត់ជ្រើសរើសយកអីញ្ជឹងទៅ»។ អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម គ្រោងនឹងចាប់ផ្ដើមធ្វើការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមក្នុងសំណុំរឿង ០០២ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១១នេះ។ ប៉ុន្តែមេធាវីរបស់ នួន ជា លោក ម៉ាឃើល ផេសម៉េន (Michiel Pestman) និងលោក វិចធើ កូបប៉េ (Victor Koppe) បានស្នើដល់អង្គជំនុំជម្រះសាលាដំបូងថា សាលាដំបូងគួរតែលើកពេលសវនាការនេះ ដោយសារ តែមានការជ្រៀតជ្រែកផ្នែកនយោបាយ និងកង្វះឯករាជ្យភាព ហើយបញ្ហាទាំងនេះត្រូវដោះស្រាយជាមុន។ លោក ហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា អង្គជំនុំជម្រះសាលាដំបូងបានទទួលការជូនដំណឹងរបស់អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមរួចហើយ។ ប៉ុន្ដែសាលាដំបូងមិនទាន់បានទទួលសំណើរបស់ក្រុមមេធាវីបរទេសរបស់ នួន ជា ទេ។ លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា សាលាដំបូងនឹងត្រូវធ្វើការសម្រេចលើសំណើទាំងពីរនៅពេលខាងមុខនេះ។ យ៉ាងណាក៏ដោយលោកបញ្ជាក់លើសំណើរបស់ អៀង សារី ថា នេះគឺជាគោលការណ៍នៃការអនុវត្តន៍សិទ្ធិរបស់ជនជាប់ចោទ។ «នេះគឺជាសិទ្ធិ។ សិទ្ធិតាមផ្លូវច្បាប់ តាមរដ្ឋធម្មនុញ្ញ ក៏ដូចជាសិទ្ធិក្នុងនីតិវិធីនៃការកាត់ក្ដីដោយយុត្តិធម៌ និងត្រឹមត្រូវដែលជនជាប់ចោទមានសិទ្ធិនៅស្ងៀមមិនឆ្លើយតាមនីតិវិធី»។ លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក យល់ឃើញថា ការស្នើសុំពន្យារពេលបើកសវនាការ គឺជារឿងដែលពិបាកនឹងធ្វើទៅរួច ត្បិតសវនាការនេះត្រូវបានកំណត់ពេលជាក់លាក់ហើយ គឺជាសវនាការ ដែលត្រូវសហគមន៍ជាតិ និងអន្ដរជាតិរង់ចាំបំផុត។ មួយវិញទៀតលោក ឡាត់ គី ចាត់ទុកថា ការស្នើសុំមិនផ្ដល់សក្ខីកម្មដោយផ្ទាល់របស់អៀង សារី គឺជាយុទ្ធសាស្រ្ដរបស់មេធាវីក្រុមការពារ ហើយក៏ជាការបង្ហាញការមិនសហការជាមួយសាលាក្ដីដែរ។ «ខ្ញុំយល់ថា វិប្បដិសារីជាជំងឺផ្លូវចិត្តមួយយ៉ាងធ្ងន់ធ្ងរសម្រាប់មេដឹកនាំខ្មែរក្រហមទាំងអស់។ ដូច្នេះពេលវេលាហ្នឹងហើយជាពេលដែលពួកគាត់គួរផ្ដល់ការពិតជូនដល់ជនរងគ្រោះក៏ជាការលុបលាងកំហុសទាំងឡាយណាដែលខ្លួនបានធ្វើខុសនៅចំពោះមុខជនរងគ្រោះរាប់លាននាក់»។ តាមគម្រោង អង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីក្នុងសំណុំរឿង ០០២ នៅថ្ងៃទី២១ ខែវិច្ឆិកា ហើយនឹងបន្ដទៀតនៅថ្ងៃទី ២៨ ខែដដែល រួចហើយនឹងឈប់សម្រាកនៅពាក់កណ្ដាលខែធ្នូ មុននឹងបន្ដសវនាការឡើងវិញនៅខែមករាឆ្នាំ ២០១២៕ This posting includes an audio/video/photo media file: Download Now |
រោងចក្រត្រូវផ្អាកដំណើរការក្រោយពីមានកម្មករសន្លប់ Posted: 26 Oct 2011 11:53 AM PDT គណកម្មាធិការចម្រុះអន្តរក្រសួងមួយរបស់រដ្ឋាភិបាល ដែលរួមមានក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្ន ចំពោះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយឈ្មោះថា Anful ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានរកឃើញថា មានកម្មករជាច្រើននាក់បានដួលសន្លប់ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ យ៉ាងតិចមានក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណចំនួន១៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងរោងចក្រ Anful រួចហើយបានត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបានដួលសន្លប់ គណៈកម្មាធិការចម្រុះអន្តរក្រសួងមួយ បានបង្កើតឡើងភ្លាមៗ និងបានទៅពិនិត្យស្ថានភាពនៅរោងចក្រ ហើយបានធ្វើការសន្និដ្ឋានថា ការដួលសន្លប់របស់ក្រុមកម្មករបណ្តាលមកពីរោងចក្របានបាញ់ថ្នាំសម្លាប់សត្វល្អិតទៅលើក្រណាត់។ លោក ចឹក បូរឹន ប្រធានការិយាល័យការងារ នៃមន្ទីការងារខេត្តកំពង់ស្ពឺ បាននិយាយថាគណៈកម្មាធិការចម្រុះ បានសម្រេចឲ្យរោងចក្រ Anful ផ្អាកដំណើរការរបស់ខ្លួនរយៈពេលពីរថ្ងៃ ដើម្បីកែលម្អបរិស្ថានរោងចក្រឡើងវិញ។ លោកបានបញ្ជាក់ថា តំណាងរោងចក្រ ក៏បានអនុវត្តទៅតាមគោលការណ៍រួចហើយ ហើយបរិស្ថាននៅក្នុងរោងចក្រមានសភាពល្អឡើងវិញហើយ។ «ឲ្យគេសម្អាត ហើយឲ្យគេបើកម៉ាស៊ីនចោល។ ខ្លាចមានបញ្ហា បើកចោលរហូតពីរថ្ងៃ ពីរថ្ងៃហ្នឹង។ បើកឲ្យស្រូបផ្សែងជាតិពុលអស់ហ្នឹង ហើយសារ៉េ អាសម្ភារៈ ដែលនៅបាំងខ្យល់ចេញចូលហ្នឹងទៅ។ ពេលអស់សារធាតុហ្នឹងទៅ ហើយខ្យល់បក់ចេញចូលល្អ គឺវាលែងមានបញ្ហាអីហើយ»។ អ្នកស្រី វ៉ា ចិន្តា មន្ត្រីរដ្ឋបាលនៃរោងចក្រ Anful បាននិយាយថារោងចក្របានធ្វើការសម្អាតបរិស្ថានរួចរាល់ហើយ ហើយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ កម្មករអាចចូលបម្រើការងាររបស់ខ្លួនវិញ។ «កាលពីថ្ងៃអាទិត្យហ្នឹង ពេលល្ងាចយើងបានបាញ់សម្លាប់សត្វល្អិតបង។ ថ្នាំបាញ់ក្រឡាត បាញ់អីហ្នឹង ហើយដល់ពេលថ្ងៃច័ន្ទហ្នឹង គាត់ចូលធ្វើការធម្មតាវិញ។ ប្រហែលជាខ្ទង់ម៉ោងប្រាំបីជាង កម្មករពីរនាក់ហ្នឹង មានអាការៈ ដូចជាងងឹតមុខអីញ្ជឹង ក៏បញ្ជូនមកពេទ្យរោងចក្រយើង»។ អ្នកស្រី ជា អុំ តំណាងសហជីបកម្មករកម្ពុជា តំណាងរោងចក្រ Anful បាននិយាយថា ក្រុមកម្មករ មានសុខភាពល្អឡើងវិញ បន្ទាប់ពីបានដួលសន្លប់កាលពីថ្ងៃច័ន្ទ។ អ្នកស្រីបាននិយាយថា រោងចក្រ គួរតែសម្អាតបរិស្ថានឲ្យបានល្អ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាពកម្មករ។ «សុំផ្ទៀងមើលសិន បើសិនចូលធ្វើការងារនៅមិនស្រួល សុំបន្តថែមទៀតហ្នឹង។ ប៉ុន្តែអ្នកដែលសន្លប់គឺយើងមិនមែនតម្រូវឲ្យគាត់ចូលធ្វើការភ្លាមទេ។ គាត់នៅបន្តសម្រាកថែមទៀតទេ។ គេអត់មានបង្ខំឲ្យគាត់ចូលទេ»។ រោងចក្រ Anful មានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គ្រប់គ្រងដោយថៅកែជនជាតិចិនហុងកុង ទើបតែបើកដំណើរការកាលពីខែឧសភា ឆ្នាំ២០១១។ រោងចក្រនេះ មានកម្មករសរុបចំនួនជាង១.១០០នាក់។ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថា មានរោងចក្រប្រមាណ៧០ភាគរយ មិនបានគោរពទៅតាមលក្ខខណ្ខការងាររបស់ប្រទេសកម្ពុជាទេប្រទេសកម្ពុជាទេ។ «រោងចក្រខ្លះសន្លប់ក្នុងមួយឆ្នាំពីរដង។ ហើយគ្មានការកែប្រែលក្ខខណ្ឌការងារអ្វីទាំងអស់។ គ្មានការកែប្រែបទដ្ឋាននៅក្នុងរោងចក្រសហគ្រាស ដើម្បីឲ្យមានសុវត្ថិភាព សុខភាពរបស់កម្មករ កម្មការីនី។ អ្វីដែលយើងលើកឡើង គឺយើងសំអាងទៅលើរោងចក្រហ្នឹង សឹងតែមានអង្គការពលកម្មអន្តរជាតិ ជាអ្នកឃ្លាំមើលផែនការងារ»។ កាលពីដើមខែកក្កដា រហូតដល់ចុងខែតុលានេះ យ៉ាងតិចមានកម្មករប្រមាណជិតប្រាំពីររយនាក់ នៅក្នុងរោងចក្រចំនួនដប់បី បានដួលសន្លប់ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហជីបកម្មករខ្មែរ៕ This posting includes an audio/video/photo media file: Download Now |
ខុមហ្វ្រែលរកឃើញភាពមិនប្រក្រតីក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោត Posted: 26 Oct 2011 11:08 AM PDT អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (Comfrel) បានរកឃើញភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោតពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីចុះឈ្មោះ គុណភាពបញ្ជីឈ្មោះ និងការមិនទុកចិត្តរបស់គណបក្សនយោបាយ។ ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានធ្វើឡើងពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១៨ ខែតុលាការ ឆ្នាំ២០១១។ របាយការណ៍របស់ខុមហ្វ្រែល ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា ក្នុងចំណោមឃុំ សង្កាត់ចំនួន៧២នៃឃុំ សង្កាត់សរុប ១.៦២១ ខុមហ្វ្រែលបានរកឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងស្មៀនមិនគោរពម៉ោងធ្វើការចំនួន៧ឃុំ រួមមានមកធ្វើការយឺត ចេញពីធ្វើការមុនម៉ោង និងការមិនធ្វើការ។ របាយការណ៍នេះបានបន្តថា នៅក្នុងខេត្តមួយចំនួន មានការចុះឈ្មោះអ្នកបោះឆ្នោតដោយអ្នកបោះឆ្នោតមិនបានបំពេញគ្រប់ លក្ខខណ្ឌ ហើយព្រមទាំងមានករណីបាត់ឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតចុង ក្រោយចំនួន២សង្កាត់នៅខេត្តព្រះសីហនុ។ របាយការណ៍នេះបានបន្ថែមថា ករណីយឺតយ៉ាវ ឬ មិនមានការបិទផ្សាយកម្មវិធី និងប្រតិទិនចុះឈ្មោះអ្នកបោះឆ្នោតចំនួ៦ឃុំ សង្កាត់នៅខេត្តរតនៈគីរី និងខេត្តប៉ៃលិន ហើយទីតាំងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន២សង្កាត់នៅខេត្តប៉ៃលិន។ គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុតិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅសណ្ឋាគារ Imperial Garden Villa & Hotel យ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភអំពីគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត។ យើងគិតថា នឹងមានបញ្ហារឿងឈ្មោះស្ទួននៅពីរកន្លែងរហូតដល់បីដង»។ របាយការណ៍របស់ខុមហ្វ្រែល បានបញ្ជាក់ថា ការសង្កេតទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការចុះឈ្មោះអ្នកបោះឆ្នោតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃ ទី១៥ ខែតុលា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែទទួលបានការផ្សព្វផ្សាយច្រើនជាងគេ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈដែលគណបក្សប្រឆាំងទទួលបានការផ្សព្វផ្សាយភាគច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុបារាំងអន្តរជាតិ ព្រមទាំងវិទ្យុ FM១០៥ MHz និងវិទ្យុ FM១០៦.៥ MHz។ លោក គល់ បញ្ញា បានបន្ថែមថា គ្មានតុល្យភាព និងគ្មានសមធម៌ផ្នែកផ្សព្វផ្សាយព័ត៌មានរវាងគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំង។ «យើងមានការព្រួយបារម្ភ។ បើសិនរឿងនេះបន្តទៀតរហូតដល់ពេលយុទ្ធនាការឃោសនាបោះឆ្នោត យើងឃើញថាវាអាចធ្វើឱ្យមានបញ្ហាប៉ះពាល់ទៅលើភាពយុត្តិធម៌ នៅក្នុងដំណើរការបោះឆ្នោត»។ លោក កុយ ប៊ុនរឿន តំណាងរាស្ត្រគណបក្សសម រង្សី បានគាំទ្ររបាយការណ៍របស់ខុមហ្វ្រែល ដោយបញ្ជាក់ថា ការរកឃើញភាពមិនប្រក្រតីរបស់ខុមហ្វ្រែលនេះ មានលក្ខណៈស្រដៀងគ្នានឹងការរកឃើញរបស់គណបក្សសម រង្សី។ «ខ្ញុំយល់ឃើញថាអ្វី ដែលខុមហ្វ្រែលបានរកឃើញនេះ គឺជារបាយការណ៍មួយអាចឱ្យមានជំនឿជឿជាក់បាន។ គណបក្សសម រង្សី កន្លងមកនេះ បានចេញផ្សាយពីភាពមិនប្រក្រតីជាច្រើន»។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា របាយការណ៍របស់ខុមហ្វ្រែលតែងតែនិយាយអំពីចំណុចអវិជ្ជមាន នៃដំណើរការបោះឆ្នោតនៅកម្ពុជា ហើយរបាយការណ៍នេះមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយទេ។ «ស្មៀន ឬ ក្រុមប្រឹក្សាឃុំ សង្កាត់ភាគច្រើនមានបញ្ហាជួបទឹកជំនន់។ អញ្ចឹង ការបំពេញម៉ោងពេលរបស់គាត់ អាចថាមិនបានពេលលេញទេ។ ប៉ុន្តែបើយើងពិនិត្យមើលលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតវិញ យើងបានចំនួនអ្នកចុះឈ្មោះបោះឆ្នោតកើនលើសការគ្រោងទុក ដែលយើងប៉ាន់ស្មានមានតែ៤៧០.០០០នាក់ តែយើងបានចុះឈ្មោះអ្នកបោះឆ្នោតរហូតជាង៩១០.០០០នាក់»។ ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅដើមឆ្នាំ២០១២ខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
ការអភិវឌ្ឍប្រទេសជាកត្តាសំខាន់មួយក្នុងការដោះស្រាយបញ្ហាផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា Posted: 26 Oct 2011 01:30 PM PDT បញ្ហាសុខភាពផ្លូវចិត្តជាបញ្ហាចំបងមួយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បញ្ហានេះបណ្តាលមកពីអំពើហិង្សាដ៏ឃោរឃៅនៅក្នុងរបបខ្មែរក្រហម រួមទាំងសង្រ្គាម និងអំពើហិង្សានៅមុន និងក្រោយរបបខ្មែរក្រហម។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះបញ្ហាផ្លូវចិត្តនេះ។ លោកសាស្រ្តាចារ្យកា ស៊ុនបូណាតក៏ជាអ្នករងគ្រោះបញ្ហាផ្លូវចិត្តមួយរូបផងដែរ។ លោកសាស្រ្តាចារ្យបានធ្វើការលើផ្នែកសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍១៩៨០មក។ នាពេលបច្ចុប្បន្ននេះ លោកសាស្រ្តាចារ្យជាប្រធានផ្នែកវិកលវិជ្ជា និងជានាយកមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ត។ លោកសាស្ត្រាចារ្យបានផ្តល់បទសម្ភាសន៍ជាមួយវីអូអេខ្មែរអំពីបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា និងបទពិសោធន៍របស់លោកផ្ទាល់ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវចិត្ត និងព្យាបាលអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត។ លោកសាស្រ្តាចារ្យពន្យល់ថា ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា ដាច់ខាតយើងត្រូវដោះស្រាយកត្តា ៤ ដែលពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត គឺកត្តាជីវសាស្រ្ត កត្តាចិត្តសាស្រ្ត កត្តាសង្គម និងកត្តាជំនឿ។ ចំពោះកត្តាជីវសាស្រ្ត យើងត្រូវប្រើឱសថជួយអ្នកជំងឺ។ ចំពោះកត្តាចិត្តសាស្រ្ត យើងត្រូវប្រើការអប់រំ ដូចជាការអប់រំតាមបែបព្រះពុទ្ធសាសនា និងចលនាអប់រំសុខភាពផ្លូវចិត្តផ្សេងៗទៀត។ រីឯកត្តាសង្គម យើងត្រូវអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើន។ ចំណែកឯកត្តាជំនឿវិញ យើងត្រូវតម្រង់ជំនឿរបស់អ្នកមានវិបត្តិផ្លូវចិត្តកុំឲ្យជឿជ្រុល ឬជឿខុស និងប្រតិបត្តិតាមព្រះពុទ្ធសាសនា ធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកឋានទៅ»។ នេះជាសេចក្តីសង្ខេបបទសម្ភាសន៍រវាងលោកភី សុភាដានៃវីអូអេខ្មែរ ជាមួយលោកសាស្រ្តាចារ្យកា ស៊ុនបូណាត។ <!--AV--> វីអូអេ៖ ដូចដែលយើងដឹងហើយថា ប្រជាពលរដ្ឋខ្មែរបានរងគ្រោះធ្ងន់ធ្ងរនៅក្នុងរបបខ្មែរក្រហម អញ្ចឹងតើលោកសាស្រ្តាចារ្យគិតថា បញ្ហាហ្នឹងជះឥទ្ធិពលអ្វីខ្លះដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសង្គមទាំងមូលដែរ? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ ការណ៍ពិត ប្រទេសកម្ពុជារងគ្រោះសង្រ្គាមតាំងពីឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ១៩៧៥។ បន្ទាប់មក ពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៧៩គឺជារបបប៉ុល ពត។ ហើយក្រោយមកទៀត មួយចំណែកនៃប្រទេសកម្ពុជា ជាពិសេសផ្នែកខាងលិច នៅរងគ្រោះដោយសង្គ្រាមរហូតដល់ក្រោយឆ្នាំ១៩៧៩ ហើយមកទល់នឹងឆ្នាំ១៩៩៨ ទើបយើងបានសន្តិភាពទាំងស្រុង។ ទាំងអស់នេះជាផលប៉ះពាល់ទៅលើអារម្មណ៍របស់ប្រជាពលរដ្ឋដែលជាអ្នកធ្លាប់ទទួលរងគ្រោះដោយសារគ្រោះថ្នាក់ទាំងអស់នេះ។ វាធ្វើឲ្យមានផលប៉ះពាល់ទៅជាជំងឺផ្លូវចិត្តជាច្រើន ជាពិសេសជំងឺថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាក់ស្បាត។ ដោយសារការខ្វះខាតការព្យាបាលដ៏យូរច្រើនឆ្នាំ ច្រើនទសវត្សរ៍ បានជាធ្វើឲ្យជំងឺបាក់ស្បាតនេះប្រែក្លាយទៅជាជំងឺម៉្យាងដែលហៅថា «ពិបាកចិត្ត ធ្វើទុក្ខកាយ»។ វាទៅជាឈឺពោះ ឈឺក្បាល ឈឺពេញខ្លួន ណែនទ្រូង ថប់ដង្ហើម លើសឈាម។ ហើយសម្រាប់អ្នកខ្លះទៀតដែលមានបញ្ហាថប់អារម្មណ៍ ដើម្បីដោះស្រាយការធ្វើទុក្ខម្តងៗ គាត់បែរទៅជាពិសារស្រា ហើយការពិសារស្រានេះជាផលវិបាកប៉ះពាល់ដល់សង្គមកម្ពុជាយើង។ មិនត្រឹមតែប៉ុណ្ណេះទេ សម្រាប់ប្រជាពលរដ្ឋដែលជាអ្នករងគ្រោះផ្ទាល់នោះ គាត់ទទួលរងនូវបញ្ហាអស់ទាំងនេះ។ តែដោយសារតែឪពុកម្តាយដែលមានជំងឺផ្លូវចិត្តទាំងអស់ហ្នឹង គាត់ពិបាកនឹងអត់ទ្រាំឲ្យស្ងប់ក្នុងចិត្ត ដូច្នេះហើយវាងាយធ្វើឲ្យគាត់ហ្នឹងមានចរិតកាចច្រឡោត ទប់ចិត្តអត់បាន បង្កទៅជាធ្វើអំពើហិង្សាក្នុងគ្រួសារ។ ដូច្នេះយើងសង្កេតឃើញថា អំពើហិង្សាក្នុងគ្រួសារច្រើនណាស់ជាផលវិបាកនៃជំងឺផ្លូវចិត្ត ហើយជាពិសេសគឺបណ្តាលមកពីឪពុកម្តាយដែលរងគ្រោះដោយសារសង្រ្គាម និងរបបប៉ុល ពតហ្នឹងតែម្តង។ ហើយអំពើហិង្សានេះជះឥទ្ធិពលដល់ក្មេងស្រករក្រោយ ដែលមិនដែលរងគ្រោះ មិនដែលឃើញ មិនដែលស្គាល់របបប៉ុល ពត ឬក៏សង្រ្គាមសោះ។ អញ្ចឹងឃើញថា សង្រ្គាម និងរបបប៉ុល ពតបានជះឥទ្ធិពលផ្ទាល់ និងប្រយោល ទៅដល់អ្នកដែលធ្លាប់រស់នៅក្នុងហ្នឹងផ្ទាល់ និងប្រជាពលរដ្ឋស្រករក្រោយ ដែលនេះជាបញ្ហាមួយធំធេងសម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដែលមិនត្រឹមតែប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកទេ សូម្បីតែប្រជាពលរដ្ឋដែលបានអញ្ជីញទៅរស់នៅក្នុងប្រទេសទី៣ហើយនោះ ក៏ទទួលរងគ្រោះបែបអញ្ចឹងដូចគ្នាដែរ។ <!--AV--> វីអូអេ៖ លោកសាស្រ្តាចារ្យបានមានប្រសាសន៍ថា របបប៉ុល ពត និងសង្រ្គាមប៉ះពាល់ផ្ទាល់ផង និងប្រយោលផង ហើយចំពោះការប៉ះពាល់ផ្ទាល់ គឺធ្វើឲ្យគាត់ហ្នឹងទៅជាមានជំងឺបាក់ស្បាត ដែលមានរោគសញ្ញាមួយចំនួន ដូចជាទៅពិសារស្រា ទៅបង្កអំពើហិង្សាក្នុងគ្រួសារអីផ្សេងៗជាដើម។ តើមានអាការៈអ្វីផ្សេងពីហ្នឹងទេ ដែលស្តែងចេញមកចំពោះអ្នកដែលបានរងគ្រោះផ្ទាល់ពីអំពើហិង្សាបែបហ្នឹង ដែលធ្វើឲ្យយើងដឹងថា គាត់ដោយសារបញ្ហាជំងឺផ្លូវចិត្ត ធ្វើឲ្យគាត់ស្តែងចេញអាកប្បកិរិយា ឬក៏រោគសញ្ញាផ្សេងៗបែបហ្នឹង? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ ចង់ជម្រាបជូនថា ការរងគ្រោះទាំងប៉ុន្មានហ្នឹងធ្វើឲ្យគាត់កើតជំងឺហៅថា ជំងឺថប់អារម្មណ៍ ដែលភាសាអង់គ្លេសហៅថា anxiety disorder ជំងឺទឹកចិត្ត ដែលភាសាអង់គ្លេសហៅថា mood disorder ដែលមានច្រើនជាងគេ ហើយជំងឺមួយទៀតដែលមានច្រើនជាងគេដែរ គឺជំងឺបាក់ស្បាត ដែលភាសាអង់គ្លេសហៅថា Post-Traumatic Stress Disorder (PTSD) ដែលចេះតែឃើញអីទៅ គាត់ខ្លាច គាត់ភ័យ គាត់មិនហ៊ានទៅណាមកណា។ ដោយសារឥរិយាបថទាំងអស់ហ្នឹង ធ្វើឲ្យគាត់បាត់បង់លទ្ធភាពការងារ ដោយសារភ័យពេក ដោយសារបារម្ភពេក។ អញ្ចឹងធ្វើឲ្យគាត់ភ្លេចភ្លាំង។ ការងារអីដែលត្រូវធ្វើរហ័សទៅជាធ្វើយឺត ឬបើមិនអញ្ចឹងទេ គាត់សម្រេចចិត្តនៅក្នុងមុខរបរខុស រកស៊ីចេះតែខាត។ ឯអ្នកខ្លះទៀតលែងចង់ធ្វើការងារ ទ្រាំសុំតែបានគ្រប់គ្រាន់សម្រាប់រស់ ព្រោះគាត់ខ្លាចប្រឈមនឹងបញ្ហាស្មុគស្មាញ ធ្វើឲ្យគាត់នឹកឃើញឡើងវិញនូវភាពលំបាកលំបិននិងស្មុគស្មាញ។ ពេលខ្លះ ពេលដែលគាត់ធ្វើទុក្ខខ្លាំង ដូចជាគាត់កើតជំងឺធ្លាក់ទឹកចិត្តខ្លាំងជាដើម វាធ្វើឲ្យគាត់មិនសូវបាយ មិនសូវទឹក មិនសូវថែខ្លួន មិនសូវរវល់នឹងខ្លូនឯង។ វាធ្វើឲ្យសរីរាង្គចុះខ្សោយ វាងាយនឹងកើតជំងឺផ្សេងៗ ដូចជាផ្តាសាយ ក្តៅខ្លួន ឬក៏គ្រុនរាគរូសជាដើម។ អញ្ចឹងឥរិយាបថមិនរវល់នឹងខ្លួនឯងក្នុងជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្តហ្នឹង ជាកត្តាមួយងាយឲ្យកើតជំងឺរាងកាយជាទូទៅគ្រប់ផ្នែកដូចបានជម្រាបអញ្ចឹង។ ដូច្នេះ វាមានផលប៉ះពាល់ច្រើនពីសុខភាពមិនប្រក្រតីនេះទៅលើជីវភាពរស់នៅ ទៅលើសុខភាពទូទៅ ទៅលើមុខរបរ ទៅលើអ្វីៗផ្សេងទៀត។ ជំងឺនេះមានតាំងពីប្រភេទស្រាល មធ្យម និងធ្វើទុក្ខខ្លាំង ហើយជាទូទៅ វាជាបញ្ហាបង្កនៅក្នុងប្រទេសកម្ពុជាយើងច្រើនដែរ។ វីអូអេ៖ ដូចលោកសាស្រ្តាចារ្យបានមានប្រសាសន៍អញ្ចឹង ប្រជាពលរដ្ឋខ្មែរប៉ះពាល់ផ្លូវចិត្តតាំងពីស្រាលរហូតដល់ធ្ងន់។ អញ្ចឹងតាមការសិក្សា ក៏ដូចជាការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ តើលោកសាស្រ្តាចារ្យគិតថា បញ្ហាផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរច្រើនទេ? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ មកទល់នឹងពេលនេះ យើងមិនទាន់មានការស្រាវជ្រាវស្តីពីវិធីសាស្រ្ត ដែលកំណត់ឲ្យឃើញច្បាស់ថា ភាគរយប៉ុន្មានល្មម ភាគរយប៉ុន្មានធ្ងន់ធ្ងរ និងភាគរយប៉ុន្មានមធ្យមទេ។ គ្រាន់តែខ្ញុំសង្កេតឃើញថា បើនិយាយអំពីការចងចាំ និងផ្លូវបញ្ញា ប្រជាពលរដ្ឋយើងដែលខ្ញុំបានធ្លាប់ជួប ធ្លាប់ឃើញ ស្ថិតនៅក្នុងកម្រិតមួយដែលមិនសូវខ្ពស់ប៉ុន្មានទេ។ គាត់ឆាប់ភ័យ គាត់ឆាប់តក់ស្លុត គាត់ឆាប់រន្ធត់ ហើយគាត់ឆាប់បាត់ម្ចាស់ការ។ ត្រង់ហ្នឹងហើយ ដែលវាឆ្លុះបញ្ចាំងថា វាមានការប៉ះពាល់គួរសមដែរទៅលើផ្លូវចិត្តរបស់គាត់ ហើយថែមទាំងទៅលើប្រសិទ្ធិភាពនៃការងាររបស់គាត់ និងការប្រឈមទៅនឹងបញ្ហាដែលគាត់ជួបប្រទះ។ វីអូអេ៖ លោកសាស្រ្តាចារ្យបានមានប្រសាសន៍អំពីឥទ្ធិពលរបស់បញ្ហាផ្លូវចិត្តហ្នឹងទៅដល់អ្នកជំនាន់ក្រោយ។ អញ្ចឹងតើអ្នកជំនាន់ក្រោយហ្នឹងបង្ហាញអាការៈយ៉ាងណាដែរ ដែលយើងដឹងថាពួកគាត់ប៉ះពាល់ ឬក៏ទទួលឥទ្ធិពលផ្នែកផ្លូវចិត្តដែរ? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ ខ្ញុំសូមលើកឧទាហរណ៍អំពីគ្រួសារមួយចំនួន ដូចជាក្រុមគ្រួសារមួយនោះ ប្តីកើតជំងឺធ្លាក់ទឹកចិត្ត ប្រពន្ធក៏កើតជំងឺធ្លាក់ទឹកចិត្តដែរ។ ជំងឺធ្លាក់ទឹកចិត្តហ្នឹងធ្វើឲ្យចិត្ត ដែលទប់ស្កាត់ ឬក៏រំងាប់ចិត្តកុំឲ្យគ្រេវគ្រោធនោះ វាចុះខ្សោយ។ អញ្ចឹងរវាងប្តីនិងប្រពន្ធនេះឆាប់អន់ចិត្តគ្នា ឆាប់បន្ទោសគ្នា ឆាប់ឈ្លោះគ្នា។ ធម្មតាទេ កូនដែលកើតមកត្រូវការការកក់ក្តៅ ត្រូវការការបីបាច់ថែរក្សាឲ្យបានសមរម្យពីឪពុកម្តាយ ទោះបីជាមិនសូវជាមានលុយកាក់អីក៏ដោយ។ ប៉ុន្តែដោយសារតែឪពុកម្តាយឧស្សាហ៍តែឈ្លោះគ្នា វ៉ៃតប់គ្នា។ កូននោះអត់មានអីនឹងកក់ក្តៅ ងាកទៅម្តាយ ម្តាយរវល់តែយំ ត្រូវប្តីវ៉ៃគំរាម ដល់ងាកទៅឪពុក ឪពុកកាច។ ដូច្នេះបរិយាកាសសម្រាប់បីបាច់ថែរក្សាកូនឲ្យមានសុវត្ថិភាពឲ្យត្រជាក់ត្រជុំ វាអត់មាន។ អញ្ចឹងវាធ្វើឲ្យកូនហ្នឹងភ័យ រងគ្រោះ។ ករណីមួយ ប្តីប្រពន្ធក្មេងៗ ប្តីទើបតែអាយុ៣០ជាង ប្រពន្ធទើបតែអាយុ៣០ ឯកូនអាយុបាន១០ឆ្នាំ តែដោយសារប្តីធ្លាប់រងគ្រោះដែលធ្វើឲ្យគាត់កាច មកដល់ផ្ទះវិញឈ្លោះជាមួយប្រពន្ធ ឡូឡា ក្តុងក្តាំង បោកប្រាស់។ កូននោះអាយុ២ ឬ៣ឆ្នាំ វានៅអត់សុខ វាដូចជាខ្វះភាពកក់ក្តៅ។ ដល់ឥឡូវហ្នឹងទៅជារៀនអត់កើត ភ្លេចភ្លាំង ហើយបាក់ស្បាត។ នេះហើយជាផលវិបាកជាប្រយោលពីរបបសង្គ្រាម និងរបបប៉ុល ពត។ វីអូអេ៖តើលោកសាស្រ្តាចារ្យគិតថា ប្រជាពលរដ្ឋខ្មែរយើងគិតថា ពួកគាត់មានបញ្ហាសុខភាពផ្លូវចិត្តដែរឬទេ? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ជាទូទៅ គាត់មិនទទួលស្គាល់ថា គាត់កើតបញ្ហាផ្លូវចិត្តទេ ព្រោះការយល់ដឹងអំពីបញ្ហាចិត្តសាស្រ្ត និងជំងឺផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាមិនបានភាពច្បាស់លាស់ព្រោះថា យើងច្រើនតែយល់ថា បើមានជំងឺផ្លូវចិត្ត ទាល់តែឆ្កួត និយាយស្តាប់គ្នាលែងបាន មានអាការៈដែលខុសប្លែកពីគេ ដើរតាមចិញ្ចើមថ្នល់ស្រែកអាឡេអាឡូ ឬក៏សើចតែឯង ឬក៏យំតែឯង។ ភាគច្រើន គាត់មិនទទួលស្គាល់ថា ខ្លួនមានជំងឺផ្លូវចិត្តទេ ដោយសារតែទស្សនៈយល់ដឹងអំពីជំងឺផ្លូវចិត្ត វាមិនច្បាស់លាស់ ហើយវាមិនត្រូវបានយល់ដឹងជាទូទៅ។ នៅប្រទេសគេ ប្រជាពលរដ្ឋគេមានការចេះដឹង រៀនបានជ្រៅជ្រះ យ៉ាងហោចណាស់ក៏ចប់វិទ្យាល័យដែរ។ ហើយលើសពីនេះទៀត ការផ្សព្វផ្សាយបែបអស់ហ្នឹង គេមាននៅតាមទូរទស្សន៍ គេមាននៅតាមសៀវភៅ គេមាននៅតាមវិទ្យុ ហើយប្រជាពលរដ្ឋគេជាអ្នកចូលចិត្តអានសៀវភៅ។ អញ្ចឹងផ្អែកទៅលើកម្រិតចេះដឹងរបស់គេ និងការផ្សព្វផ្សាយនេះធ្វើឲ្យគេមានការយល់ដឹងច្រើន។ នៅប្រទេសកម្ពុជាយើង ការអភិវឌ្ឍសេវាសុខភាពផ្លូវចិត្តហ្នឹងបានតែមួយគន្លាក់ មកដល់ឆ្នាំ១៩៧៥ ក៏ត្រូវបាត់បង់។ ហើយយើងក៏ចាប់ផ្តើមតិចៗមកវិញ ចាប់ពីឆ្នាំ១៩៩៤។ អញ្ចឹងឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋយើងអំពីបញ្ហាចិត្តសាស្រ្ត និងពីជំងឺផ្លូវចិត្តនេះ នៅមានកម្រិតនៅទាបនៅឡើយ។ លើសពីនេះ បើតាមការស្រាវជ្រាវនៅឆ្នាំ១៩៩៩ ឃើញថា ប្រជាពលរដ្ឋប្រហែលជា៤០ភាគរយមិនទាន់បានចប់ថ្នាក់ទី៣នៃបឋមសិក្សាទេ អញ្ចឹងកម្រិតចេះដឹងហ្នឹងហើយធ្វើឲ្យគាត់មិនសូវយល់អំពីលក្ខណៈវិទ្យាសាស្រ្ត ដែលទាក់ទងនឹងបញ្ហាសុខភាព ជាពិសេសបញ្ហាចិត្តសាស្រ្តទេ។ តែផ្ទុយទៅវិញ យើងនាំគ្នាយល់ទៅលើបញ្ហាអបិ្បយជំនឿទៅលើការធ្វើអំពើអ្វីឯណោះទៅវិញទេ តែកាលណាមានជំងឺផ្លូវចិត្តអីប្លែកខុសគេ គឺគាត់ទៅរកគ្រូ ទៅរកលោកសង្ឃស្រោចទឹក ឬក៏ធ្វើខ្សែគាថាដេញខ្មោច ដេញព្រាយបិសាចទៅវិញ។ ហេតុដូច្នេះ ដោយសារការយល់ដឹងតិចតួចនេះ ហើយនិងការយល់ច្រឡំអំពីជំងឺផ្លូវចិត្តនេះ បានជាយើងសព្វថ្ងៃនេះមានអ្នកមករកការព្យាបាលជំងឺផ្លូវចិត្តហ្នឹងតិច។ ប៉ុន្តែបើសិនជាប្រៀបធៀបនៅមុនឆ្នាំ១៩៩៤ ឃើញថា ការយល់ដឹងនេះច្រើន។ តែបើប្រៀបធៀបនៅក្នុងប្រទេសយើង តាំងពីយើងធ្វើការអភិវឌ្ឍសុខភាពផ្លូវចិត្តហ្នឹង ការយល់ដឹងកាន់តែច្រើន ហើយមានការបោះបង់សេវាតាមបែបបុរាណ ឬក៏អប្បិយជំនឿ និងងាកមករកសេវានៅតាមមន្ទីរពេទ្យរបស់យើងក៏កាន់តែច្រើន។ តែបើប្រៀបធៀបទៅនឹងប្រទេសដទៃ យើងនៅទាបនៅឡើយ។ វីអូអេ៖ តើលោកសាស្រ្តាចារ្យគិតថា ប្រជាពលរដ្ឋខ្មែរអាចដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្ត ឬក៏ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរហ្នឹងយ៉ាងម៉េចដែរចំពោះខ្លួនពួកគាត់ផ្ទាល់? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ក្រៅពីសេវាសុខភាពផ្លូវចិត្តនៅក្នុងវិស័យសុខាភិបាល ប្រជាពលរដ្ឋអាចមានមធ្យោបាយ ដោយខ្លួនឯងផ្ទាល់ គឺកាលណាគាត់ធ្លាប់មានទុក្ខលំបាក គាត់តែងតែជៀសវាង ដែលនៅក្នុងលោកខាងលិចតែងតែនិយាយថា «តទល់ ឬក៏គេចចេញ»។ ខ្មែរយើងតែងតែយកការគេចចេញហើយ ដែលខ្មែរយើងហៅថា សន្សំសុខ។ ការណ៍ដែលធ្វើយ៉ាងនេះ មកពីយើងយល់ទៅតាមព្រះពុទ្ធសាសនា។ ការអប់រំតាមព្រះពុទ្ធសាសនាធ្វើឲ្យយើងចេះអត់ទ្រាំ និងចេះទទួលយកហេតុផល។ ខ្មែរយើងមិនសូវគិតរឿងបច្ចុប្បន្នប៉ុន្មានទេ។ គាត់គិតថា ជាតិក្រោយ គាត់ធ្វើយ៉ាងម៉េចឲ្យគាត់បានសុខ។ អញ្ចឹងជាតិនេះគាត់កើតទុក្ខ វាជាកម្មផល។ ប៉ុន្តែគាត់ក៏ត្រូវការឲ្យខ្លួនគាត់បានស្ងប់ចិត្ត រំងាប់ចិត្តដែរ។ ហេតុដូច្នេះបានជាការស្ងប់រំងាប់ចិត្តរបស់គាត់ហ្នឹងច្រើនជាងគេ គឺគាត់ធ្វើតាមបែបដកខ្លួនថយ មិនប្រឈមទៅនឹងបញ្ហា មានប៉ុន្មានគាត់ធ្វើឲ្យក្លាយទៅជាសេចក្តីសុខប៉ុណ្ណឹង។ គាត់មិនលោភមិនអីទេ។ អញ្ចឹងឃើញថា នៅក្នុងព្រះពុទ្ធសាសនាមានក្បួនខ្នាតដែលអាចជួយប្រជាពលរដ្ឋ ដោយឡែកទៅតាមការយល់ដឹងរបស់គាត់ ជំនឿរបស់គាត់។ អ្វីដែលគាត់ផ្តោតផ្សាភ្ជាប់នឹងសាសនាហ្នឹងខ្លាំងបានធ្វើឲ្យគាត់ស្ងប់ចិត្ត ឲ្យគាត់អាចទទួលយកកម្មផលហ្នឹងបាន។ ប៉ុន្តែការទទួលកម្មផលខ្លាំងពេកក៏មិនល្អដែរ ដូចថា គេធ្វើអីក៏បានដែរ ចេះតែទទួលយកក៏មិនត្រឹមត្រូវដែរ។ គាត់ទទួលយកល្មមដែលធ្វើឲ្យចិត្តគាត់ត្រជាក់ គាត់ស្ងប់។ អញ្ចឹងអាការៈទុក្ខលំបាកហ្នឹងបានថយទៅតាមការប្រតិបត្តិតាមព្រះពុទ្ធសាសនាហ្នឹង។ ទាំងអស់ហ្នឹងហើយដែលគាត់ដោះស្រាយដោយខ្លួនគាត់។ លើសពីនេះ មានព្រះសង្ឃ មានពុទ្ធបរិស័ទបានចេះដឹងដោយសារគាត់ធ្លាប់រងគ្រោះ ធ្វើទេសនា ធ្វើសម្មាធិ ធ្វើវិបស្សនា ដើម្បីជួយរំលែកគ្នា ឲ្យអារម្មណ៍មូល កាត់ផ្តាច់ចេញពីបរិយាកាសខាងក្រៅដែលតែងតែនាំមកទុក្ខលំបាកប៉ះពាល់អារម្មណ៍។ គាត់ធ្វើយ៉ាងនេះឲ្យអារម្មណ៍គាត់មិនសូវយកចិត្តទុកដាក់ខ្លាំងទៅលើអ្វីដែលជាការប៉ះទង្គិច។ លើសពីនេះទៀត នៅក្នុងព្រះពុទ្ធសាសនាហ្នឹងដែរ យើងឃើញថា នៅថ្ងៃសីល ចាស់ៗនាំគ្នាទៅវត្ត ទៅសុំសីល ដល់គាត់សុំសីលហើយ ពេលថ្ងៃត្រង់ គាត់ពិសារបាយជុំគ្នា។ រួចពីពិសារបាយ គាត់និយាយរឿងរ៉ាវពីនេះពីនោះអំពីទុក្ខលំបាករបស់គាត់។ ឱកាសនេះហើយជាឱកាសដែល គាត់ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហារបស់គាត់ដែលមានរៀងៗខ្លួន។ វីអូអេ៖ បើតាមបទពិសោធន៍របស់លោកសាស្រ្តាចារ្យផ្ទាល់ក្នុងការជួយព្យាបាលប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារសុខភាពផ្លូវចិត្ត តើលោកសាស្រ្តាចារ្យបានជួយពួកគាត់ដោះស្រាយបញ្ហាផ្លូវចិត្តតាមវិធីសាស្រ្តណាខ្លះ? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ជាទូទៅគ្រួសារ ឬក៏សង្គមតែងតែមិនសូវយល់ថា អ្នកកើតជំងឺផ្លូវចិត្តមានជំងឺទេ ឬក៏មិនយល់ពីជំងឺដែរ។ គេក៏មិនបានយល់ពីស្ថានភាពពិតថា ហេតុអ្វីបានជាគាត់មានអាកប្បកិរិយា ឬឥរិយាបថអញ្ចឹង។ ដល់ពេលគាត់មកជួបយើង យើងសម្តែងទឹកចិត្ត កាយវិការ និងពាក្យសំដី ដែលយើងហៅថា «ព្រហ្មវិហារធម៌»។ ទាំងអស់នេះគឺជាអ្វីដែលគាត់រងចាំយូរណាស់មកហើយថា នៅពេលណាមួយបានគេជឿគាត់ បានគេជួយឈឺឆ្អាលគាត់ គេប្រាកដជាដឹងថា គាត់ឈឺ។ ដល់យើងសម្តែងអញ្ចឹងទៅ គាត់មានការរំភើប គាត់សប្បាយចិត្ត គាត់ទុកចិត្តយើង គាត់ហ៊ាននិយាយអ្វីៗ ទាំងអស់។ លើសពីនេះទៀត ចំពោះអ្នកខ្លះដែលកាច អ្នកខ្លះដែលខ្លាច ជួនកាលគាត់មានអារម្មណ៍ ដែលគេហៅថា Hallucination ចេះតែឃើញ ឬចេះតែឮអ្វី ដែលអ្នកដទៃមិនឃើញ មិនឮ តែមានតែខ្លួនគាត់ទេដែលឮ ដែលចេះតែស្រមៃគិតរឿងអីអាក្រក់ៗ ដល់អ្នកនៅក្នុងក្រុមគ្រួសារជាមួយគាត់រកយល់អត់បាន អញ្ចឹងគាត់ធ្វើអ្វីទៅអត់ស៊ីជាមួយនឹងអ្វីដែលអារម្មណ៍អ្នកជំងឺកំពុងតែទទួលទេ។ យើងជាគ្រូពេទ្យ យើងធ្លាប់មើលជំងឺ យើងសង្កេតមើលឥរិយាបថ និងភិនភាគហ្នឹង យើងដឹងថា គាត់មានសម្តីណាមួយដែលឮក្នុងត្រចៀកគាត់ គេគំរាមកំហែង គេសំឡុតគាត់ ឬគាត់ឃើញអាការៈ ឬក៏រូបភាពអីមួយអាក្រក់ ហើយធ្វើឲ្យខ្លាច។ អញ្ចឹងដោយសារឃើញអញ្ចឹង យើងបានជួយលើកទឹកចិត្តគាត់ និងជួយការពារគាត់ថា អត់មានអ្នកណាគំរាមកំហែងគាត់បានទេ។ ឥឡូវនេះគេនៅជុំវិញដើម្បីជួយគាត់ រូបភាពដែលឃើញហ្នឹងជារូបភាពមែន តែមិនមែនជារូបភាពពិតទេ។ រូបហ្នឹង គាត់ឃើញតែម្នាក់ឯងទេ តែយើងអត់ឃើញទេ ហើយរូបភាពទាំងអស់ហ្នឹងមិនអាចធ្វើអ្វីគាត់បានទេ ព្រោះគាត់ឃើញយូរហើយ។ មកទល់នឹងពេលនេះ រាងកាយគាត់មិនបានប៉ះពាល់របួសអ្វីទេ។ ករណីណាដែលគាត់បាត់ម្ចាស់ការ ករណីណាដែលមិនអាចប្រាស្រ័យទាក់ទងគ្នាបាន និយាយគ្នាស្តាប់មិនបាន ឬក៏ក្នុងករណីណាដែលគាត់និយាយស្តាប់គ្នាបានក៏ដោយ តែគាត់ស្ថិតក្នុងស្ថានភាពមួយដែលអាការៈហ្នឹងអាចមានគ្រោះថ្នាក់ដល់គាត់ ឬក៏ដល់អ្នកដទៃ ដូច្នេះចាំបាច់បំផុតយើងត្រូវប្រើថ្នាំដើម្បីឲ្យគាត់ស្ងប់ និងធានាបានសុវត្ថិភាពសម្រាប់គាត់ និងអ្នកដទៃ។ នៅពេលណាគាត់ស្ថិតក្នុងស្ថានភាពល្អ ដែលយើងប្រាស្រ័យទាក់ទងនិយាយគ្នាទៅបាន ពេលនោះហើយបន្ថែមទៅលើការប្រើប្រាស់ថ្នាំ យើងត្រូវធ្វើការប្រឹក្សា ដែលភាសាអង់គ្លេសហៅថា Counseling និងការព្យាបាលដោយចិត្តសាស្រ្ត ដែលភាសាអង់គ្លេសហៅថា Psychotherapy ទៅតាមបែបបទនានាដែលវាតម្រូវឲ្យធ្វើ។ បន្ថែមពីលើនេះទៀត យើងត្រូវធ្វើការអប់រំអ្នកជំងឺឲ្យយល់ពីជំងឺ កុំឲ្យភ័យតក់ស្លុត ដែលភាសាអង់គ្លេសហៅថា Psycho-education ព្រមទាំងអប់រំក្រុមគ្រួសារឲ្យយល់ពីអ្នកជំងឺហ្នឹង និងថែមទាំងដោះស្រាយរាល់វិបត្តិ និងទំនាស់ដែលមានរវាងអ្នកជំងឺជាមួយក្រុមគ្រួសារ ព្រោះតែក្រុមគ្រួសារមិនយល់ពីអ្នកជំងឺ ដែលភាសាអង់គ្លេសហៅថា Family therapy និងមួយទៀតគឺការដោះស្រាយបញ្ហាដែលភាសាអង់គ្លេសហៅថា Problem solving។ អញ្ចឹងក្នុងករណីដែលមានអ្នកជំងឺម្នាក់មានជំងឺផ្លូវចិត្ត វាមិនមែនដូចជាជំងឺផ្លូវកាយទេ។ ជំងឺផ្លូវចិត្តវាជំពាក់ជំពិនច្រើនណាស់។ ជួនវាជំពាក់ជំពិនរវាងអ្នកជំងឺជាមួយនឹងនរណាម្នាក់នៅជាមួយក្រុមគ្រួសារ។ អញ្ចឹងត្រូវរកមនុស្សគន្លឹះដែលជាអ្នកមានការជំពាក់ជំពិនមករួមគ្នាទាំងអស់ ដើម្បីដោះស្រាយឲ្យយល់គ្នាទៅវិញទៅមក ដើម្បីរៀបចំកសាងបរិយាកាសសង្គម ដែលគាត់នឹងត្រឡប់ទៅនៅវិញឲ្យល្អ។ បើយើងមិនធ្វើអញ្ចឹងទេ គាត់ជាតែនៅក្នុងមន្ទីរពេទ្យទេ ដល់គាត់ត្រឡប់ទៅវិញ វាកើតរឿងដដែល ឈឺវិញដដែល។ វីអូអេ៖ តើលោកសាស្រ្តាចារ្យមានអនុសាសន៍ ឬដំណោះស្រាយណាមួយទេក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធិភាពទេ? សាស្រ្តាចារ្យ កា ស៊ុនបូណាត៖ប្រជាពលរដ្ឋដែលរងគ្រោះដោយសង្រ្គាមក្តី ដោយរបបប៉ុល ពតក្តី ឬក៏ក្រោយមកទៀត ដោយសារតែក្រោយសង្រ្គាម ស្ថានភាពមិនបានល្អទេ។ គ្រប់ប្រទេស ប្រទេសណាក៏ដូចប្រទេសណាដែរ តែក្រោយសង្រ្គាមជួបការលំបាកលំបិនដូចគ្នា។ វាមិនខុសពីប្រទេសខ្មែរយើងក្រោយពីសង្រ្គាមលោកលើកទី២បានរលត់ទៅទេគឺរស់ដោយលំបាក។ អញ្ចឹងទុក្ខលំបាកថ្មីរបស់ប្រជាពលរដ្ឋយើងដែលរងគ្រោះទល់នឹងរបបប្រល័យពូជសាសន៍ក្តី ដោយសារសង្រ្គាមក្តី និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកើតស្រករក្រោយក្តី ធំជាងគេគឺភាពក្រីក្រនេះឯង។ ដូច្នេះការអភិវឌ្ឍប្រទេសជាការមួយ ជួយមួយចំណែកធំ ធ្វើឲ្យប្រជាពលរដ្ឋមានសង្ឃឹម និងជួយគាត់បន្ថយការលំបាកដែលជាផ្នែកមួយធ្វើឲ្យភាពតោកយ៉ាកនេះ វិបត្តិទាំងប៉ុន្មានហ្នឹង ដែលជាកត្តាធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់។ អញ្ចឹងការអភិវឌ្ឍប្រទេសជារឿងមួយធំណាស់ ដែលអាចឲ្យប្រជាពលរដ្ឋយើងធូរស្រាលពីកត្តាដែលនាំឲ្យកើតជំងឺផ្លូវចិត្ត និងកត្តាធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ កាលណាធូរស្រាលជីវភាពទៅ គេមានឱកាសនឹងទៅព្យាបាលបាន។ កាលណាតែរកមួយថ្ងៃសម្រាប់មួយថ្ងៃ គឺគ្មានឱកាសនឹងទៅព្យាបាលទេ។ ហេតុដូច្នេះហើយ សូមឲ្យ ពិភពលោកទាំងមូលមើលឃើញនូវទុក្ខសោកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្រ្គាម ដោយសារគ្រោះមហន្តរាយនាពេលបច្ចុប្បន្ន មេត្តាមើលឃើញយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសដោយទូលាយ ដើម្បីជួយអ្នកក្រីក្រផង និងអ្នករងគ្រោះដោយសារជំងឺផ្លូវចិត្តផង ដែលជាមធ្យោបាយល្អប្រសើរណាស់។ មានតែប៉ុណ្ណឹងទេ ដែលជាគន្លឹះធំជួយអ្នកក្រីក្រឲ្យបានធូរស្រាល។ ជីវភាពតានតឹងជាកត្តាមួយធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ តែបើយើងអភិវឌ្ឍប្រទេសបានល្អទៅ ជីវភាពរបស់គេនឹងបានធូរស្រាល។ អញ្ចឹងបញ្ហាផ្លូវចិត្តគាបសង្កត់ហ្នឹងក៏ថយ។ គ្នាអាចមានឱកាសរកប្រាក់កាសដើម្បីរស់នៅ ហើយក៏មានប្រាក់កាសខ្លះៗដើម្បីព្យាបាលជំងឺដែរ។ វាជារឿងមួយក្នុងសម័យឥឡូវនេះ សម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃដែរ។ ការបើកទូលាយជួយអភិវឌ្ឍប្រទេសកម្ពុជាពីគ្រប់មជ្ឈដ្ឋាន វាជាមធ្យោបាយដ៏ធំ ដ៏សំខាន់សម្រាប់ដោះស្រាយរាល់ការលំបាកទាំងប៉ុន្មានដែលនាំឲ្យកើតជំងឺផ្លូវចិត្ត ឬក៏រាល់កត្តាទាំងប៉ុន្មានដែលជំរុញឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់។ មួយវិញទៀត យើងត្រូវគិតថា ជំងឺផ្លូវចិត្តនេះទាក់ទងនឹងកត្តា៣ គឺកត្តាជីវសាស្ត្រ កត្តាចិត្តសាស្រ្ត និងកត្តាសង្គម ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា យើងត្រូវថែមមួយទៀតគឺកត្តាជំនឿ។ អញ្ចឹងបើកត្តា៤ ហ្នឹងជាកត្តានាំឲ្យកើតជំងឺ។ យើងដោះស្រាយវិញ។ យើងត្រូវដោះស្រាយមូលហេតុរបស់វា។ កត្តាជីវសាស្រ្ត យើងត្រូវប្រើឱសថដើម្បីកែអ្វីដែលដំណើរការមិនប្រក្រតី ដែលវាបាត់លំនឹងនៅក្នុងប្រព័ន្ធខួរក្បាលដែលគ្រប់គ្រងអារម្មណ៍។ កត្តាចិត្តសាស្រ្ត គឺយើងធ្វើការអប់រំ មានព្រះពុទ្ធសាសនា មានចលនាអប់រំសុខភាពផ្លូវចិត្ត និងមានអ្នកជំងឺជាច្រើនដែលបានធូរស្បើយបានអប់រំអ្នកដទៃផងដែរ ហើយប្រជាពលរដ្ឋឥឡូវ ដោយគាត់បានយល់ដឹង ភ្លឺស្វាង គាត់ក៏មានឥរិយាបថ ទស្សនៈល្អ។ គាត់យល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលបង្កើតជាបរិយាកាសល្អ ឲ្យម្នាក់ៗមានផ្លូវចិត្តបានស្រឡះ។ កត្តាសង្គម បើយើងអភិវឌ្ឍប្រទេសជាតិឲ្យបានល្អទៅ វាជារឿងមួយជួយហើយ ដូចជារាជរដ្ឋាភិបាលខំប្រឹងសព្វយ៉ាងទាំងអស់។ ក្រៅពីនេះ កត្តាជំនឿ គឺយើងតម្រង់ជំនឿហ្នឹង កុំឲ្យជឿជ្រុល ជឿខុស ដូចជានៅពេលដែលឪពុកម្តាយស្លាប់បាត់ទៅ ជិតពេលភ្ជុំ ជិតពេលចូលឆ្នាំ ឬពេលខ្លះយល់សប្តិឃើញឪពុកម្តាយក្ររហេមរហាម ធ្វើឲ្យស្រណោះនឹកដល់គាត់ ហើយចេះតែយល់សប្តិពីរបីថ្ងៃជាប់ៗគ្នាទៀត។ អារម្មណ៍ហ្នឹងធ្វើឲ្យគាត់សោកសៅជាច្រើនអាទិត្យទៅ ទៅជាធ្លាក់ទឹកចិត្ត។ ដូច្នេះដើម្បីដោះស្រាយបញ្ហាហ្នឹង យើងធ្វើទៅតាមសទ្ធាដែលយើងមាន លុយតិចក៏ដោយ យើងធ្វើម្ហូបមួយស្រាក់អី ទៅបង្សុកូលជូនដល់ព្រលឹងម៉ែឪ ជីដូនជីតាទៅ អារម្មណ៍គាត់ស្រឡះហើយ។ ការធ្វើបែបនេះ វាធ្វើឲ្យមនុស្សនោះបានជ្រះស្រឡះថា ជីដូនជីតាហ្នឹងបានស្ងប់ចិត្ត ហើយគាត់បានទទួលផលអីអស់ហើយ ដល់ហើយគាត់មិនសូវយល់សប្តិអាក្រក់ពីជីដូនជីតាដែលបានស្លាប់បាត់ទៅ។ អារម្មណ៍គាត់ហ្នឹង ហើយនឹងការលំបាក ធ្លាក់ទឹកចិត្តអីក៏ធូរស្រាលដែរ។ ដូច្នេះ យើងមានវិធី ៤ ធំៗដូចខ្ញុំបានជម្រាបដើម្បីដោះស្រាយទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ៕ This posting includes an audio/video/photo media file: Download Now |
Posted: 25 Oct 2011 10:00 PM PDT ព័ត៌មានចុងក្រោយបំផុត៖ អាស៊ី៖ ពួកអាជ្ញាធរក្នុងប្រទេសថៃ កំពុងផ្តោតលើវិធានការណ៍ដ៏ម៉ឺងម៉ាត់ ខណៈពេលដែលពួកគេ ព្យាយាមរារាំងកុំឲ្យទឹកទន្លេចៅថាយ៉ាហូរចេញពីមាត់ច្រាំង និងជន់លិចភាគកណ្តាលទីក្រុងបាងកក។ តួកគី៖ ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ភាគអាគ្នេយ៍ប្រទេសតួកគី កំពុងបន្តស្វែងរកអ្នកនៅរស់ពីគ្រោះរញ្ជួយដីដ៍មហន្តរាយកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងតិច៤៥៩នាក់ និងធ្វើឲ្យមនុស្ស១ពាន់៣រយនាក់ទៀតរងរបួស។ លីប៊ី៖ មេដឹកនាំអន្តរកាលនៃប្រទេសលីប៊ីបានជំរុញឲ្យអង្គការអូតង់បន្តបេសកម្មរបស់ខ្លួននៅក្នុងប្រទេសយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំនេះដែរ។ ទុយនីស៊ី៖ មន្រ្តីរៀបចំការបោះឆ្នោតរបស់ប្រទេសទុយនីស៊ីនិយាយថា ពួកគេនឹងប្រកាសលទ្ធផលចុងក្រោយនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅថ្ងៃពុធនេះ។ ស៊ីរី៖ នៅថ្ងៃពុធនេះ គណៈកម្មការសម្ព័ន្ធភាពអារ៉ាប់កំពុងជួបប្រជុំជាមួយប្រធានាធិបតីស៊ីរី Bashar al–Assad ដើម្បីពិភាក្សាពីលទ្ធភាពនៃការចាប់ផ្តើមកិច្ចសន្ទនារវាងរដ្ឋាភិបាលស៊ីរីនិងមេដឹកនាំគណបក្សប្រឆាំង។ អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថា ប្រធានាធិបតី Hamid Karzai គ្រោងនឹងដាក់ឈ្មោះខេត្តចំនួន១៧ដែលកងទ័ពអាហ្វហ្គានីស្ថាននឹងទទួលរ៉ាប់រងខាងសន្តិសុខបន្តពីកងទ័ពចម្រុះរបស់អង្គការអូតង់ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក៖ លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក Leon Panetta បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល ដែលជាដំណើរបំពេញទស្សនកិច្ចចុងក្រោយបង្អស់របស់លោកនៅទ្វីបអាស៊ី ក្នុងគោលបំណងមួយផ្នែកដើម្បីបញ្ជាក់សារជាថ្មីដល់សម្ព័ន្ធមិត្តពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ កូរ៉េខាងត្បូង/រុស្ស៊ី៖ បេសកជនកំពូលខាងអាវុធបរមាណូរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលមានការខិតខំប្រឹងប្រែងបង្កើនល្បឿនដើម្បីបង្កើតលក្ខខណ្ឌសម្រាប់បន្តការចរចារ៦ភាគីស្តីពីកម្មវិធីមរមាណូរបស់ប្រទេសកូរ៉េខាងជើង។ ជប៉ុន៖ យន្តហោះប្រភេទ 787 Dreamliner របស់ក្រុមហ៊ុន Boeingដែលគេរង់ចាំជាយូរមកហើយ បានហោះចេញពីរដ្ឋធានីតូក្យូនៅថ្ងៃពុធនេះ ដែលជាការហោះហើរផ្នែកសេវាពាណិជ្ជកម្មលើកដំបូង ក្នុងរយៈពេលច្រើនជាង៣ឆ្នាំបន្ទាប់ពីយន្តហោះដ៏ថ្មីស្រឡាងនេះបានគ្រោងនឹងហោះហើរ។ ធនាគារពិភពលោក៖ លោក Robert Zoellick ប្រធានធនាគារពិភពលោកនិយាយថា កម្មវិធីថ្មីៗអាចជាការចាំបាច់ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍដែលរងការប៉ះពាល់ពីវិបត្តិបំណុលនៅអឺរ៉ុប។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ចិន៖ ក្រុមនិរទេសខ្លួននាំមុខមួយរបស់ជនជាតិទីបេ និយាយថាព្រះសង្ឃព្រះពុទ្ធសាសនាមួយអង្គទៀតបានដុតខ្លួនក្នុងប្រទេសចិនភាគនិរតី នៅក្នុងការដុតខ្លួនជាបន្តបន្ទាប់ដែលមានគោលបំណងប្រឆាំងតវ៉ាការគ្រប់គ្រងរបស់ចិននៅក្នុងតំបន់នោះ។ កូរ៉េខាងជើង៖ ការពិភាក្សារវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើងស្តីពីការបន្តការចរចារអាវុធនុយក្លេអ៊ែរដែលបានជាប់គាំងបានបញ្ចប់ក្នុងទីក្រុងហ្សឺណែវ ដោយមន្រ្តីសហរដ្ឋអាមេរិកហៅការចចារនោះថាមានវិជ្ជមានហើយនិងការស្ថាបនា។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានប៉ះទង្គិចជាមួយពួកទាហានរត់ចោលជួរនៅលើផ្លូវមួយក្នុងតំបន់ពាយ័ព្យប្រទេសស៊ីរី។ លីប៊ី៖ មន្រ្តីអាជ្ញាធរបណ្តោះអាស័ន្នលីប៊ីនិយាយថាសពរបស់អតីតមេដឹកនាំ Moammar Gadhafi ដែលត្រូវគេបណ្តេញចេញពីអំណាចបានត្រូវកប់ក្នុងទីកន្លែងសម្ងាត់មួយដែលមិនប្រាប់ឲ្យដឹង។ ទុយនីស៊ី៖ គណបក្សអ៊ីស្លាមនិយមផ្លូវកណ្តាលនៅទុយនីស៊ីបានចាត់វិធានការណ៍បង្កើតរដ្ឋាភិបាលចម្រុះ ក្រោយពីបាននិយាយថាខ្លួនបានឈ្នះសន្លឹកឆ្នោតល្មមគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីប្រកាសជ័យជំនះ។ សហរដ្ឋអាមេរិក៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានរំលាយគ្រាប់បែកនុយក្លេអ៊ែ B53 ចុងក្រោយក្នុងសម័យសង្គ្រាមត្រជាក់ ដោយការបញ្ចប់អាវុធមួយដ៏ខ្លាំងបំផុតនៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក។ អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុបកំពុងបញ្ចប់ផែនការដើម្បីដោះស្រាយបំណុលរបស់រដ្ឋាភិបាលរបស់ទ្វីបនោះមុនពេលសន្និសីទកំពូលនៅថ្ងៃនេះនៅក្នុងទីក្រុងព្រុចសែល។ អាហ្វ្រិកខាងត្បូង៖ រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងបានបញ្ចេញផែនការជួយសង្គ្រោះសេដ្ឋកិច្ចដែលមានទឹកប្រាក់ 3,2 ពាន់លានដុល្លាដែលមានគោលបំណងជួយជំរុញទិន្នផលឧស្សាហកម្មហើយនិងបង្កើតការងារក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៍ធំបំផុតក្នុងតំបន់វាលខ្សាច់សាហារ៉ា។ សហរដ្ឋអាមេរិក៖ ទំនុកចិត្តអ្នកប្រើទំនិញសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំ នៅខណៈដែលតម្លៃផ្ទះបានធ្លាក់ចុះកាលពីឆ្នាំទៅ៕ This posting includes an audio/video/photo media file: Download Now |
ពុទ្ធបរិស័ទខ្មែរនៅសហរដ្ឋអាមេរិកប្រារព្ធពិធីបុណ្យកឋិនទាននៅវត្តពុទ្ធិការាម Posted: 26 Oct 2011 07:46 AM PDT ពុទ្ធបរិស័ទខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក បាននាំគ្នាប្រារព្ធពិធីបុណ្យកឋិនទានយ៉ាងអធិកអធម ដើម្បីវេរប្រគេនទេយ្យទានដល់ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់បីខែកន្លងមកនេះ នៅក្នុងវត្តពុទ្ធិការាម រដ្ឋមែរីលែន។ ការប្រារព្ធពិធីបុណ្យនេះ គឺជាឱកាសជួបជុំគ្នារបស់ពលរដ្ឋខ្មែរអាមេរិកាំងផង និងក៏ដើម្បីរក្សាអត្តសញ្ញាណរបស់ខ្មែរនៅឯនាយសមុទ្រនោះផង។ វត្តអារាមមិនមែនត្រឹមតែជាទីសម្រាប់តម្កល់ក្បួនគម្ពីរសាសនាប៉ុណ្ណោះទេ តែវាក៏ជាកន្លែងថែរក្សាវប្បធម៌ ទំនៀមទម្លាប់និងអត្តសញ្ញាណផ្សេងៗទៀតរបស់ប្រជាជនកម្ពុជាផងដែរ។ នៅទីនេះ ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរបានមកជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ ដើម្បីប្រារព្ធពិធីបុណ្យកឋិនទាននិងប្រតិបត្តិទៅតាមទំនៀមទម្លាប់សាសនារបស់ខ្លួន។ <!--AV--> លោកស្រី ផ្លែក ឌីណា គឺជាអ្នកចូលរួមក្នុងពិធីបុណ្យនេះ។ «ខ្ញុំចូលចិត្តធ្វើបុណ្យជូនឪពុកម្តាយ ជីតាជីដូនដែលបានសុគតទៅ។ ដូច្នេះ ខ្ញុំមកធ្វើបុណ្យបន្តៗ»។ ព្រះចៅអធិការ និងគណៈកម្មការវត្តបានរៀបចំពិធីបុណ្យនេះឲ្យមានលក្ខណៈជាខ្មែរសុទ្ធសាធ។ លោកទន់ សុវណ្ណគឺជាប្រធានពុទ្ធិកៈសមាគមខ្មែរដែលបានរៀបចំពិធីបុណ្យក្នុងវត្តពុទ្ធិការាមនេះ នៅក្រុងសៀលវរស្រ្ពីងនៃរដ្ឋមែរីលែន។ «ពុទ្ធបរិស័ទមកដល់វត្តនេះឡើង ភ្ញាក់ព្រឺតថា ហ្អ៎ ដូចនៅស្រុកខ្មែរអញ្ចឹង ធ្វើរបៀប ធ្វើកិច្ចការអី ហើយអ្នកស្រុកដែលមកវត្តហ្នឹងទៅ ក៏និយាយគ្នា ដូចស្រុកខ្មែរអញ្ចឹងដែរ»។ ក្រៅពីដើម្បីវេរទេយ្យទានផ្សេងៗ ប្រគេនដល់ព្រះភិក្ខុសង្ឈ ការប្រារព្ធពិធីបុណ្យនេះក៏មានគោលបំណងថែរក្សាអត្តសញ្ញាណរបស់ខ្មែរ និងទាក់ទាញយុវជន យុវតីខ្មែរអាមេរិកាំងឲ្យស្គាល់ដើមកំណើតឬវប្បធម៌របស់ឪពុកម្តាយរបស់ពួកគេដែរ។ អ្នកស្រីណារិន ជែមសុន (Narin Jameson) គឺជាអ្នកផ្តើមបុណ្យកឋិនទាននេះ។ «ពេលបុណ្យកឋិន ពេលបុណ្យចូលឆ្នាំខ្មែរ និងពេលភ្ជុំបិណ្យហ្នឹងគឺថា បុណ្យធំៗបីហ្នឹង ធ្វើឲ្យឪពុកម្តាយក្រុមគ្រួសារហ្នឹង នាំកូនៗក្មេងៗហ្នឹងដែលថា ចង់ភ្លេចសញ្ជាតិខ្មែរហ្នឹងមកទៅ នឹកឃើញដល់ប្រទេសជាតិយើងឡើងវិញ»។ កញ្ញាតាន់ ស៊ូចេនមកចូលរួមពិធីបុណ្យនេះ ដើម្បីសិក្សា និងបន្តវប្បធម៌ខ្មែរ ជាវប្បធម៌របស់ឪពុកម្តាយរបស់នាង។ «សម្រាប់ខ្ញុំ វាសំខាន់ក្នុងការបន្តទំនាក់ទំនងជាមួយវប្បធម៌របស់ខ្ញុំ ដើម្បីស្គាល់សាសនារបស់ខ្ញុំ។ នៅក្នុងប្រទេសនេះ វាហាក់ដូចជាវប្បធម៌ហ្នឹងកំពុងបាត់បង់ ហើយខ្ញុំចង់ធ្វើឲ្យវានៅមានជីវិត។ ខ្ញុំចង់បន្តវប្បធម៌និងកេរមរតករបស់ឪពុកម្តាយខ្ញុំ»។ លោកស្រី វូ សំណាង ជាបុគ្គលិកសុខាភិបាលប្រចាំសង្កាត់ Montgomery។ អ្នកស្រីឆ្លៀតយកឱកាសនៃការប្រារព្ធពិធីបុណ្យកឋិនទាននេះ ដើម្បីផ្តល់ជូនពលរដ្ឋខ្មែរនូវការចាក់ថ្នាំបង្ការជម្ងឺផ្តាសាយផង ដែរ។ លោកស្រីអៀ ស៊ូសានសុខចិត្តចំណាយពេល៣ម៉ោងធ្វើដំណើរមកចូលរួមបុណ្យកឋិនទាន ហើយឆ្លៀតទទួលយកការចាក់ថ្នាំបង្ការជម្ងឺផ្តាសាយនេះដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |