VOA News: ព័ត៌មាន: “មរណភាពរបស់លោកវ៉ាន់ ណាត ជាការបាត់បង់សាក្សីសំខាន់” plus 5 more |
- មរណភាពរបស់លោកវ៉ាន់ ណាត ជាការបាត់បង់សាក្សីសំខាន់
- អតីតកម្មាភិបាលខ្មែរក្រហមទទួលស្គាល់ថាមានការណែនាំឱ្យកម្ទេចអ្នកប្រឆាំងតែមិនមានបញ្ជាឱ្យសម្លាប់
- ជនសង្ស័យក្នុងតុលាការខ្មែរក្រហមថាគាត់ជាអ្នកជួយសង្គ្រោះជីវិតនិងអភិវឌ្ឍន៍មិនមែនជាឃាតករទេ
- សេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលត្រូវបានពិចារណាឡើងវិញ
- សាលាក្តីខ្មែរក្រហមបន្តការងារផ្សព្វផ្សាយដល់សហគមន៍ ខណៈពេលដែលដំណើរការ កាត់ទោសមានភាពយឺតយ៉ាវ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ៨ កញ្ញា
មរណភាពរបស់លោកវ៉ាន់ ណាត ជាការបាត់បង់សាក្សីសំខាន់ Posted: 08 Sep 2011 03:05 PM PDT នៅពេលដែលការកាត់ក្ដីពេញអង្គសេចក្ដីក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់ មិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទជាក់លាក់ អនាគតសាក្សីម្នាក់ក្នុងសំណុំរឿងនេះបានបាត់បង់ជីវិត។ សាក្សីរូបនោះគឺលោកវ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង និងជាវិចិត្រករយ៉ាងចំណានម្នាក់ដែលនៅសល់ពីស្លាប់ក្នុងរបបខ្មែរក្រហម។ លោក វ៉ាន់ ណាត មិនត្រឹមតែជាជនរងគ្រោះដែលមានសំណាងបំផុតដែលអាចគេចរួចពីការសម្លាប់ក្នុងគុកទួលស្លែង និងជាសាក្សីសំខាន់ម្នាក់ក្នុងសំណុំរឿង០០១ប៉ុណ្ណោះទេ ក៏ប៉ុន្ដែគាត់ត្រូវបានស្នើឲ្យធ្វើជាសាក្សីសក្ដានុពលមួយរូបសម្រាប់សំណុំរឿង០០២ផងដែរ។ គាត់បានស្លាប់កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះដោយសារជំងឺរ៉ាំរ៉ៃ។ មរណភាពនៃអនាគតសាក្សីរូបនេះត្រូវបានមើលឃើញថា សាលាក្តីផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើសុខភាពរបស់ជនជាប់ចោទ តែមិនសូវខ្វល់អំពីសុខភាពរបស់អតីតជនរងគ្រោះដោយរបបខ្មែរក្រហម និងជាសាក្សីគន្លឹះ។ លោក ជុំ ម៉ី ជាប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឬសមាគមក្សេមក្សាន្ដ។ លោកគឺជាអតីតជនរងគ្រោះម្នាក់ក្នុងមន្ទីរស២១ ឬគុកទួលស្លែង។ លោក ជុំ ម៉ី អធិប្បាយថា ការស្លាប់របស់លោកវ៉ាន់ ណាត បានបង្ហាញពីភាពខុសគ្នាស្រឡះនៃការយកចិត្តទុកដាក់ផ្នែកសុខភាពរវាងអតីតមេដឹកនាំកំពូលខ្មែរក្រហម និងរវាងអតីតជនរងគ្រោះដោយរបបខ្មែរក្រហម។ «ជនជាប់ចោទហ្នឹង ឧទាហរណ៍ ខ្ញុំដឹងខ្លះៗថាដេកសុទ្ធតែពូក បាយមួយថ្ងៃបីពេល។ ពេទ្យប្រចាំការទៀត។ អញ្ចឹងគឺថាវាអត់មានយុត្តិធម៌ទេសម្រាប់ជនរងគ្រោះ។ វាអត់មានថាស្មើរភាពគ្នាហ្នឹង។ ឧទាហរណ៍ ខ្ញុំនៅសារមន្ទីរទួលស្លែង សូម្បីកន្លែងគេដាក់ខ្ញុំ ក៏ខុសពីឌុចដែរ។ ឌុចដេកលើពូក ខ្ញុំ ដេកនូវនឹងឥដ្ឋ។ អាហ្នឹងហើយបានជាខ្ញុំថាលម្អៀងទៅខាងជនជាប់ចោទ»។ លោកជុំ ម៉ី ឆ្នាំនេះអាយុ ៨០ឆ្នាំហើយ។ ឌុចដែលជាជនជាប់ចោទទាក់ទងទៅនឹងការទទួលខុសត្រូវក្នុងគុកទួលស្លែងចំពោះការធ្វើទារុណកម្ម និងការសម្លាប់អ្នកទោសយ៉ាងតិច១២.៣៨០នាក់ មានអាយុ៦៩ ឆ្នាំ។ លោកជុំ ម៉ី មានប្រសាសន៍ថា សាក្សីមានសារៈសំខាន់ក្នុងការផ្ដល់ព័ត៌មានដោយផ្ទាល់នូវអ្វីដែលខ្លួនបានឆ្លងកាត់។ «បើជាសិនណាគ្មានអ្នកអស់ហ្នឹងផ្តល់ការពិតឲ្យទៅតុលាការ ក៏តុលាការមិនដឹងធ្វើម៉េចទេ។ សាក្សី រស់ហ្នឹងហើយសំខាន់ សាក្សីរស់ហ្នឹង។ បាទ ហើយយើងមើលឃើញថា រឿងអញ្ចឹងហើយអារឿង អ្នកងាប់មើលឃើញតែរណ្តៅ អ្នកងាប់នោះដូចវាមិនសូវច្បាស់លាស់ប៉ុន្មានទេ? ជនរងគ្រោះដូចជា ណាំម៉ុន អញ្ចឹង។ គាត់ថាទៅបំភ្លឺនៅតុលាការហ្នឹង! គាត់លើសឈាម លើសអី គ្មានអ្នកណាគិតគាត់ទេ»។ វិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមមិនបានចែងពីការគាំពារផ្នែកសុខភាពសាក្សី ឬជនរងគ្រោះដែលស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនោះទេ។ ដោយឡែកវិធានទី៣២នៃវិធានផ្ទៃក្នុងបានចែងពីភាពចាំបាច់ដែលត្រូវត្រួតពិនិត្យសុខភាពដល់ជនជាប់ចោទ ឬជនត្រូវចោទ ប្រយោជន៍គឺដើម្បីធានាដល់សម្បទា ផ្នែករាងកាយ និងផ្លូវចិត្តក្នុងការចូលរួមដំណើរការជម្រះក្ដី។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាហាក់ដូចជាសម្តែងការព្រួយបារម្ភនៅពេលដែលលោកលើកឡើងថា បញ្ហាសុខភាពបានធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតជាបន្ដបន្ទាប់ម្ដងមួយៗ។ «ជនរងគ្រោះយើងខ្លះហ្នឹងសូម្បីតែមានញ្ហាបន្តិចបន្តួចក៏រកគ្រូពេទ្យ។ សុខភាពធម្មតាហ្នឹងមិនមានផង អញ្ចឹងវាធ្វើឲ្យសេវាថែទាំសុខភាព ដែលយើងផ្តល់ឲ្យមេដឹកនាំខ្មែរក្រហមហ្នឹង វាដូចជាមិនស្មើភាពចំពោះជនរងគ្រោះបាទ។ ហើយមួយថ្ងៃទៅមួយថ្ងៃ ជនរងគ្រោះចេះតែបាត់បង់ទៅៗ ដោយមិនបានផ្តល់នូវយុត្តិធម៌ណាមួយជូនគាត់។ ហើយបើសិនជាយើងគិតថា ប្រជាជនទាំងអស់អាចស្វែងរកសេវាថែទាំសុខភាព ទំនើបបានហ្នឹង ខ្ញុំគិតថា វាជួយមនុស្សជាច្រើនមិនឲ្យស្លាប់ទេ។ ទោះជាយ៉ាងណាលោក ឆាំង យុគ យល់ថា បញ្ហាផ្លូវច្បាប់ដែលបានចែងរួចទៅហើយក្នុងវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមគឺជាច្រកមួយដែលពិបាកនឹងពិភាក្សាគ្នា។ ការយកចិត្តទុកដាក់លើសុខភាពរបស់ជនជាប់ចោទគឺជាការបម្រើផលប្រយោជន៍យុត្តិធម៌សម្រាប់រយៈពេលយូរ។ ប៉ុន្ដែគឺវា បានធ្វើឲ្យមានការឈឺចាប់សម្រាប់ជនរងគ្រោះក្នុងការធ្វើការប្រៀបធៀបក្នុងពេលនេះ។ «នេះជារឿងមួយដ៏ឈឺចាប់ក្នុងការដែលយើងចង់ឲ្យមេដឹកនាំខ្មែរក្រហមរស់បានយូរ។ ផ្ទុយទៅវិញ បងប្អូនយើង ឪពុកម្តាយយើងដែលរស់ពីសម័យខ្មែរក្រហម ដូចជាស្លាប់មុន ឃើញតុលាការមុនទៅទៀត។ អញ្ចឹង ខ្ញុំគិតថា វាជាកាតព្វកិច្ចរបស់តុលាការក្នុងការពន្យល់ដើម្បីឲ្យជនរងគ្រោះបានយល់ ហេតុអ្វីបានជាធ្វើយ៉ាងនេះ»។ លោក ឌឹម សុវណ្ណារុំ មន្ដ្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ដោយយោងទៅលើការការពារជនជាប់ចោទសម្រាប់ជាផលប្រយោជន៍នៃយុត្តិធម៌ដូចគ្នានេះដែរ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមមានថវិការមានកំណត់សម្រាប់បំពេញបេសកម្មរបស់ខ្លួន។ «គំនិតមធ្យោបាយរបស់តុលាការក៏មានកំណត់ អញ្ចឹងបេសកម្មរបស់តុលាការធ្វើយ៉ាងម៉េច ធ្វើការជំនុំជម្រះក្តីស្វែងរកយុត្តិធម៌ ស្វែងរកការពិតឲ្យបានឆាប់រហ័ស ឲ្យបានឃើញ ហើយដែលពាក់ព័ន្ធ ទៅដល់ការចូលរួមទៅនឹងនីតិវិធីតុលាការ ទើបតុលាការមានមធ្យោបាយដើម្បីចាត់ការរបស់ខ្លួនធ្វើយ៉ាងណាឲ្យផលប្រយោជន៍នៃការស្វែងរកយុត្តិធម៌ ការពិតហ្នឹងមិនជាប់នឹងឧបសគ្គ»។ ដោយឡែកលោក អ៊ឹម សុភា ប្រធានផ្នែកសម្របសម្រួលផ្នែកគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហមពន្យល់ថា ជនរងគ្រោះដែលត្រូវបានជ្រើសរើសឲ្យធ្វើជាសាក្សីនឹងត្រូវបានទទួលការយកចិត្តទុកដាក់រាប់បញ្ចូលទាំងការយកចិត្តទុកដាក់ផ្នែកសុខភាពផងដែរ ក៏ប៉ុន្ដែ ការយកចិត្តទុកដាក់នេះនឹងធ្វើឡើងតែក្នុងពេលដែលសាក្សីចូលរួមក្នុងនីតិវិធីជម្រះក្ដីតែប៉ុណ្ណោះ។ «នៅក្នុងដំណើរការនីតិវិធី យើងមានផ្នែកមួយទៀតគឺហៅថា ផ្នែកគាំពារសាក្សី។ ផ្នែកនោះនឹងទទួលបន្ទុករាល់ការចំណាយរាល់នីតិវិធីក្នុងការចូលរួមអង្គជំនុំជម្រះ។ ហើយពេលនោះឯង ដែលមានបញ្ហាកើតឡើងដូចជាការធ្វើដំណើរ ការចាយវាយ ការហូបចុក ស្នាក់នៅអីផ្នែកហ្នឹងគាត់ទទួលបន្ទុកដោះស្រាយសម្រាប់សាក្សី។ ក៏ប៉ុន្តែ អ្វីដែលគេដំណើរការមិនទាន់ចាប់ផ្តើម ហើយជនទាំងឡាយណាដែលមិនទាន់មានឈ្មោះ ត្រូវទៅផ្តល់សក្ខីកម្ម អាហ្នឹង វាអត់ចូលទៅក្នុងដំណើរការនីតិវិធីនោះទេ? អញ្ចឹងវាអត់មានខ្ទង់ចំណាយនោះទេ»។ លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា ជនរងគ្រោះទោះជាសាក្សីក្ដី ដើមបណ្ដឹងរដ្ឋប្បវេណីក្ដីដែលចូលរួមដំណើរការក្ដី និងជនជាប់ចោទសុទ្ធតែមានសារៈសំខាន់ស្មើរៗគ្នាដែលគួរតែត្រូវបានយកចិត្តទុកដាក់។ លោក ឡាត់ គី និយាយសង្កត់ជាពិសេសថា ការចូលរួមរបស់ជនរងគ្រោះជាផ្នែកមួយជួយគាំទ្រឲ្យមានការកាត់ក្ដីប្រកបដោយយុត្តិធម៌ត្រឹមត្រូវ។ «យើងមានការសោកស្តាយចំពោះការដែលមិនបានគិតគូរពិចារណាសាលាក្តីខ្មែរក្រហម អំពីបញ្ហាសុខភាពរបស់ភាគីទាំងអស់ ពីព្រោះថា ជនជាប់ចោទក៏ដូច ជាជនរងគ្រោះសុទ្ធតែ ជាអ្នកដែលមានវ័យចាស់ជរាណាស់ទៅហើយ នៅក្នុងការចូលរួមដំណើរការសាលាក្តី។ ដូច្នេះ ទាំងអស់នេះសម្រាប់ការពិចារណារបស់ខាងសាលាក្តីខ្មែរក្រហមផងដែរ បាទ»។ យ៉ាងណាក៏ដោយ វិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមគឺជាចំណងមួយដែលបានកម្រិតការយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់បញ្ហាសុខភាពរបស់ជនរងគ្រោះនិងសាក្សី។ ក៏ប៉ុន្ដែ វិធាននេះតែងតែត្រូវធ្វើវិសោធនកម្មជាប្រចាំផងដែរដើម្បីកែសម្រួលព្រំដែនប្រតិបត្តិការណ៍របស់តុលាការពិសេសនេះ៕ This posting includes an audio/video/photo media file: Download Now |
Posted: 08 Sep 2011 12:59 PM PDT ជនសង្ស័យម្នាក់ក្នុងចំណោមប្រាំនាក់គឺ តា អាន ជាអតីតអនុប្រធានតំបន់មជ្ឈិមប្រចាំនៅខេត្តកំពង់ចាម ដែលមានជនរងគ្រោះជាង១៥ម៉ឺននាក់ស្លាប់នោះ បានបដិសេធពីការជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មនានា។ លោកបានអះអាង លោកមិនចង់ ទៅបំភ្លឺនៅតុលាការទេ ប៉ុន្តែលោក មិនខ្លាចតុលាការដែរ។ ខាងក្រោមនេះជាភាគចុងក្រោយក្នុងបទសម្ភាសបីភាគរវាងលោក សុខ ខេមរាជាមួយតា អាន។ សំណួរ៖ សម័យនោះ ហេតុអីបានជាមានការកាប់សម្លាប់មនុស្សច្រើនម្ល៉េះទូទាំងប្រទេសជិត ២លាននាក់ អញ្ចឹងអាហ្នឹងវារបៀបយ៉ាងម៉េចដែរបាទ? ឆ្លើយ៖ អត់យល់ទេក្មួយ អាហ្នឹង ជ្រៅពេកហើយ។ ហួសកម្រិតខ្ញុំ ខ្ញុំមិនដឹងទេ មិនដឹងកាប់សម្លាប់យ៉ាងម៉េច។ ស៖ បើអញ្ចឹង លោកកាលសម័យនោះអត់មានបានទទួលនៅក្នុងមន្ទីរដែលនៅវត្ត អូ ត្រកួនហ្នឹង អត់មានពាក់ព័ន្ធអីទេ? ឆ៖ អត់ទេ អត់ទាំងស្គាល់ អូ ត្រកួនហ្នឹងផង បាទ។ ស៖ បើទៅ កងមាស ហ្នឹង អញ្ចឹងនៅទទួលបន្ទុកនៅម្តុំខាងណាដែរ បាទ? ឆ៖ ខ្ញុំនៅនឹងព្រៃទទឹង។ ស៖ នៅ ព្រៃទទឹង? ឆ៖ បាទ ផ្សារព្រៃទទឹង។ រួចបើនិយាយពីប្រជាជន វាស្រឡាញ់ខ្ញុំអន្តរធានហើយ។ ខ្ញុំឆ្ងល់ណាស់ តែទៅណាមកណានោះ រួចអញ្ចេះ អាផ្ទះហ្នឹងគេរុះរើផ្ទះប្រជាជនយកមកគរនៅព្រៃទទឹង គេសម្រាប់ធ្វើផ្ទះគេ អ្នកដឹកនាំនោះណា។ ខ្ញុំទៅទាំងធ្វើ មីទ្ទីង ហៅប្រជាជនយកសសរផ្ទះយកអីទៅវិញ យកទៅធ្វើ ធ្វើនៅ។ រួចនិយាយពីស្រឡាញ់នោះ រួចបើទៅខ្ញុំទៅ កងមាស ទៅ កំពង់សៀម ខ្ញុំយកស្ករត្នោតទៅ រួចតែក្រឡេកឃើញហើយ (គេថា) ស្ករមកហើយ អ៊ូ រួចបើខ្ញុំមកពីនោះវិញ ខ្ញុំយកថ្នាំជក់នេះ ទាំងបាល់ទាំងបាល់ គេធ្វើបាល់ធំអញ្ចេះនោះ រួចតាមការដ្ឋានធ្វើទំនប់ធ្វើអី ដឹកដើរចែក គេថាអូ បានថ្នាំជក់ហើយ អត់ដែលអ្នកណាថាអញ្ចេះអញ្ចុះ បាទ ខ្ញុំឆ្ងល់ វាយ៉ាងណា? ឆ្ងល់ណាក្មួយ។ <!--AV--> ស៖ ប៉ុន្តែនៅក្នុងសម័យកាលនោះ បទបញ្ជាដែលមានការឲ្យទៅដល់អំណាចទៅដល់ថ្នាក់ក្រោមដើម្បីដូចថាដោះស្រាយមនុស្សឬក៏ការកាប់សម្លាប់អីសម័យនោះ តើមានទទួលបញ្ជាអីពី…? ឆ៖ អត់ទេ អត់ទេ។ អត់មានបញ្ជាទេ។ ស៖ អញ្ចឹងមានន័យថាអ្នកថ្នាក់ក្រោមហ្នឹង ឧបមាថា សម័យនោះមានការសម្លាប់អីច្រើនអញ្ចឹង អាហ្នឹងគេចេះតែធ្វើខ្លួនគេឬក៏វាមានបញ្ហាអីកើតឡើងនៅពីក្រោយនោះឬក៏យ៉ាងម៉េច បាទ? ឆ៖ ដែលខ្ញុំថាមិនមានបញ្ជា គឺការណែនាំមាន។ ការណែនាំ លុះត្រាតែជននោះឯងមានអំពើសកម្មភាពដោយប្រឆាំងនឹងបញ្ហាអ្វីមួយ។ ចុះបើគេមិនមានការប្រឆាំង ទោះបីជន ប្រជាជនដែលកំណត់ថា ១៧មេសាក៏ដោយនោះ បើគេមិនមានអីប្រឆាំងនោះ ទៅធ្វើអាម៉េច? ការនោះវាមានអញ្ចឹង។ អញ្ចឹងបានខ្ញុំថាខ្ញុំអត់យល់ អត់យល់ទេក្មួយ។ រួចក្មួយ ខ្ញុំនិយាយអញ្ចឹង ក្មួយយល់យ៉ាងម៉េចវិញ ខ្ញុំសួរទៅវិញទៅចុះ។ ហ៊ឺស! ស៖ អញ្ចឹង ឥឡូវហ្នឹង បើតុលាការហៅកោះទៅក៏ត្រូវតែទៅហើយ មិនខ្លាចបារម្ភអីទេណាស់? ឆ៖ ខ្ញុំអត់ខ្លាចទេ។ <!--AV--> ស៖ អាចនឹងទៅទេមើលទៅ នឹងហ៊ានទៅតទល់ជាមួយតុលាការឬមួយក៏យ៉ាងណា ត្រៀមខ្លួនរួចស្រេចហើយមើលទៅ? ឆ៖ ឥឡូវ និយាយពីចង់នោះ មិនចង់ទេ។ អត់ចង់ទេក្មួយ។ ព្រោះជីវិតរស់នៅហ្នឹងកំពុងប្រកបរបរ រកស៊ី តុលាការទៀត ឲ្យន័យថាខ្ញុំចង់នោះ វាមិនចង់ទេ។ ខ្ញុំអត់ដូចនែ៎ លោក ខៀវ សំផន ថាចង់ទៅពន្យល់ចង់ទៅអី ខ្ញុំអត់ចង់ទេ អត់ចង់ទៅទេ ព្រោះទីមួយតុលាការហ្នឹងមានកន្លែងឲ្យខ្ញុំសុំសីលដែរ? ខ្ញុំសួរអញ្ចឹង មានកន្លែងឲ្យខ្ញុំសូត្រធម៌ដែរ សុំសីលដែរ បើមិនអត់ រួចខ្ញុំចង់ទៅធ្វើអី? តើខ្ញុំនិយាយអញ្ចឹង យ៉ាងម៉េចក្មួយប្រុស? ថាចង់ អត់ចង់ទេ តែខ្លាច អត់ខ្លាចទេ ថាឲ្យចង់ទៅ អត់ចង់ទេ។ ស៖ បើគេមកចាប់បង្ខំអ្នកប្រាំនាក់ហ្នឹងបន្ថែមទៀត ដូចថាមានលោក មាស មុត លោក ស៊ូ ម៉េត លោកស្រី អ៊ឹម ចែម តា ទិត ហើយនិង តា អាន ហើយនឹងម្នាក់ផ្សេងទៀត តើពេលហ្នឹងមើលទៅវានឹងប៉ះទង្គិចយ៉ាងម៉េចខ្លះនៅក្នុងសង្គមឬក៏ជីវភាពរស់នៅ? ឆ៖ ជីវភាពរស់នៅរបស់ខ្ញុំប៉ះហើយ ប៉ុន្តែក្នុងសង្គមខ្ញុំអត់ដឹងទេ (ខ្ញុំ)មិនដឹងឆ្លើយថាម៉េចទេក្នុងសង្គម ឲ្យខ្ញុំឆ្លើយថាម៉េច។ សង្គមនិយាយសង្គមជាតិទាំងមូល ខ្ញុំមិនដឹងថាម៉េច ប៉ុន្តែជីវភាពគ្រួសារខ្ញុំប៉ះ។ ស៖ ដោយរបៀបយ៉ាងម៉េចដែរ បាទ? ឆ៖ បាទ? ស៖ ដោយរបៀបប៉ះហ្នឹងយ៉ាងម៉េចខ្លះ? ឆ៖ ធម្មតា មនោសញ្ចេតនារបស់គ្រួសារ តែអញ្ចឹងទៅ ក្ររហាមអញ្ចេះផងហ្នឹង គិតគូរយ៉ាងម៉េច វរវរលក់ដីលក់ធ្លីផ្តល់ថវិកាលែងកើត ប៉ះកូនសិក្សារៀនសូត្រ ប៉ះអីៗ ប៉ះជីវភាពរស់នៅ។ តែអញ្ចឹងបាននិយាយ បានន័យថាខ្ញុំអត់ចង់ទេ តែខ្ញុំអត់ខ្លាចទេ។ ហ៊ឺស! ឲ្យចង់ទៅអីបំភ្លឺអីអញ្ចេះអញ្ចុះ អត់ចង់ទេ តែខ្ញុំអត់ខ្លាចទេ ព្រោះអំពើប្រព្រឹត្តរបស់ខ្ញុំវាអត់ ហើយការតស៊ូរបស់ខ្ញុំមិនមែនខ្ញុំជាអ្នកផ្តើមគំនិតទេ។ សមត្ថភាពខ្ញុំ រាងរៅខ្ញុំប៉ុណ្ណឹង ខ្ញុំមិនមែនអ្នកផ្តើមគំនិតទេ។ ហើយខ្ញុំនិយាយមួយម៉ាត់ថែមទៀត ខ្ញុំនិយាយមួយម៉ាត់ទៀត ដោយខ្ញុំឮពាក្យសម្តេច។ ឮបន្ទូលសម្តេចឪ សម្តេចឪថានៅក្នុងសម័យ ប៉ុល ពត ថាយកសម្តេចដាក់គុកអីអញ្ចេះអញ្ចុះ។ ហើយសម្តេច គឺថាសមត្ថភាពប្រហែលសម្តេច ចុះសមត្ថភាពប្រហែលខ្ញុំ ហ៊ឺសៗ សុំពិចារណាមើលចុះ សមត្ថភាពប្រហែលខ្ញុំនេះតើយ៉ាងម៉េច? ស៖ ខ្ញុំសុំអរគុណច្រើនដែលបានផ្តល់កិច្ចសម្ភាសជាមួយវីអូអេសម្លេងសហរដ្ឋអាមេរិក សុំអរគុណ បាទ។ ឆ៖ បាទ៕ This posting includes an audio/video/photo media file: Download Now |
Posted: 08 Sep 2011 12:19 PM PDT ជនសង្ស័យម្នាក់ក្នុងចំណោមប្រាំនាក់គឺ តា អាន ជាអតីតអនុប្រធានតំបន់មជ្ឈិមប្រចាំនៅខេត្តកំពង់ចាម ដែលមានជនរងគ្រោះជាង១៥ម៉ឺននាក់ស្លាប់នោះបានបដិសេធ ពីការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានា។ លោក បានអះអាងថាលោកបានជួយសង្គ្រោះមនុស្សច្រើនឲ្យរួចផុតពីការកាប់សម្លាប់របស់ថ្នាក់លើហើយយកចិត្តទុកដាក់លើការធ្វើទំនប់។ តា អាន ឬ អោម អាន អាយុ៧៨ ឆ្នាំ បច្ចុប្បន្នជាកសិករ។ លោក បានអះអាងថាលោកមិនខ្លាចតុលាការពេលបច្ចុប្បន្នហើយក៏មិនខ្លាច យមបាលនៅពេលលោកស្លាប់។ ខាងក្រោមនេះជាបទសម្ភាសភាគទីពីររវាងលោកសុខ ខេមរាជាមួយនឹងតាអាន។ <!--AV--> សំណួរ៖ កាលចូលតស៊ូ អាយុប៉ុន្មានដែរបាទ? ចាប់ផ្តើមនោះហើយហេតុអីបានជាលះបង់ដោយសារតែព្រះមហាក្សត្រសម័យ(នោះ)? ឆ្លើយ៖ អូ៎! ក្មួយប្រុស ដូចជម្រាបពីខាងដើមអញ្ចឹងណា៎ គឺការពារព្រះមហាក្សត្រ។ ប្រទេសមួយដែលមានព្រះមហាក្សត្រសោយរាជ្យ រួចដល់អញ្ចឹងទៅព្រះមហាក្សត្រត្រូវឯកឧត្តម លន់ នល់នោះធ្វើរដ្ឋប្រហារទម្លាក់។ បើអញ្ចឹងរាស្រ្តទាំងអស់ កូនចៅ ទាំងអស់ហ្នឹងនែ៎ តស៊ូដើម្បីទាមទារសម្តេច ឲ្យវិលត្រឡប់។ ស៖ ប៉ុន្តែ បើសិនជាតុលាការគេចង់ជម្រះទោសអ្នកបន្ថែមៗទៀត អញ្ចឹងមើលទៅក្នុងអារម្មណ៍ហ្នឹងមិនមានការដូចថាត្រៀមខ្លួនដើម្បីនឹងទៅតទល់ រឿងហ្នឹងទេ ឬក៏មើលទៅមានការព្រួយបារម្ភអីខ្លះដែរពីរឿងហ្នឹង បាទ? ឆ៖ ខ្ញុំអត់មានព្រួយអីទេ អត់ទាំងអស់។ <!--AV--> ស៖ ហេតុអ្វីដែរ បាទ? ឆ៖ បាទ ដូចជម្រាបខាងដើមអម្បាញ់មិញអំពីការគេថាកាប់សម្លាប់ ជាក់ស្តែងខ្ញុំអត់មាន ប៉ុន្តែថាអញ្ចឹង អត់ទាន់ទេណា៎ ព្រោះការតស៊ូនោះ ពីឆ្នាំ ១៩៧០ គឺកាន់កាំភ្លើង ហ៊ឺស! ច្បាំងគ្នាមិនដឹងពីណាងាប់ពីណារស់ទេអាហ្នឹងមែនហើយ ប៉ុន្តែ ក្រោយពីទទួលបានជ័យជម្នះ ខ្ញុំអត់បានប្រព្រឹត្តអំពើអ្វីទេ អត់ទេ អាហ្នឹងហើយដែលខ្ញុំអត់មានខ្លាច អត់ទេ។ តែអង្គការដែលរកយុត្តិធម៌ ក្រែងថារកយុត្តិធម៌។ កាត់ទោសត្រូវរកយុត្តិធម៌ជាក់ស្តែង។ ជាក់ស្តែង ខ្ញុំអត់ រួចកាត់យ៉ាងម៉េច? មានតែសម័យ លន់ នល់ សម័យឯកឧត្តម លន់ នល់ អាហ្នឹងវ៉ៃមែនហើយ។ ហ៊ឺស! គេវ៉ៃខ្ញុំ ខ្ញុំវ៉ៃគេហ្នឹងឯង ដណ្តើមសម្តេច ទាមទារសម្តេច ដណ្តើមមែនហើយ វ៉ៃមែនហើយ មិនដឹងងាប់មិនដឹងរស់ ប៉ុន្តែអាហ្នឹងមើលអត់ឃើញទេ។ បាញ់ មិនដឹងងាប់ប៉ុន្មានដឹងរស់ប៉ុន្មាន អត់ដឹងទេ ប៉ុន្តែក្រោយពីទទួលជ័យជម្នះមកហើយ ខ្ញុំអត់ទេ មានតែធ្វើទំនប់ ហើយបើថាធ្វើទំនប់ហ្នឹងគឺឃោរឃៅដែរ អើ! មិនដឹងធ្វើម៉េចទេ ហ៊ឺសៗៗ ធ្វើទំនប់មកទល់ឥឡូវនេះ ហ៊ឺស បើថាទេអំពើហ្វាស៊ិស ដែលអំពើព្រៃផ្សៃយង់ឃ្នងដែរ អាហ្នឹង អើ តាមហ្នឹងទៅចុះ តើវាយ៉ាងម៉េច អាហ្នឹងជម្រាបក្មួយច្បាស់អញ្ចឹងឯង។ ព្រោះទំនប់ច្រើនណាស់ក្មួយប្រុស ធ្វើ បើនៅខែត្រកំពតវិញតាំងពីទំនប់ម្លិច ទំនប់កោះស្លា ស្តុក ឈូក ទាន់ហន់ ក្បាលរមៀស។ ទាន់ហន់ នៅស្រុកកំពង់ត្រាច ព្រំដែនយួន នៅជិតព្រែកជីក វិញតេ រួចនៅស្រុកណែ៎ ឥឡូវមិនដឹងគេហៅស្រុកអីវិញទេ ខ្ញុំមិនដឹងទេ ប៉ុន្តែកាលសម័យនោះគេហៅ ស្រែក្នុង ស្រុកកោះស្លា ស្រុកព្រែកក្នុង និងកំពត រួចបើស្រុកស្រែក្នុង ខ្ញុំធ្វើទំនប់ម្លិច នៅរាល់ថ្ងៃ បាទ រួចស្រុកកោះស្លា ខ្ញុំធ្វើទំនប់នៅកោះស្លា រួចនៅនឹងទីរួមខែត្រ ខ្ញុំធ្វើទំនប់នៅក្បាលរមៀស នៅស្រុកទូកមាស ខ្ញុំធ្វើនៅស្តុក ឈូក ហើយនៅស្រុកកំពង់ត្រាច ខ្ញុំធ្វើនៅព្រែកដៃសមុទ្រ ទាន់ហន់ អញ្ចឹង។ ស៖ នៅពេលសម័យមុន គេហៅមេដឹកនាំប្រាំនាក់ មាន នួន ជា អៀង សារី ខៀវ សំផន អៀង ធិរិទ្ធ ហើយនឹង ឌុច ទៅកាត់ទោស។ តើពេលនោះមានទស្សនៈយ៉ាងម៉េចនៅពេលនោះ បារម្ភខ្លាចថាមកដល់អ្នកដទៃទៀតឬក៏ដល់លោកផ្ទាល់ទេ? ឆ៖ ខ្ញុំអត់បារម្ភទេ ដូចខ្ញុំជម្រាបអញ្ចឹង។ ស៖ ប៉ុន្តែពិបាកដោះស្រាយយ៉ាងម៉េច នៅពេលដែលកន្លែងតំបន់មួយដែលមានមនុស្សគឺថាស្លាប់ច្រើននៅសម័យនោះ ហើយដូចថាមេដឹកនាំសម័យនោះគេស្គាល់ ឧបមា ថាលោកអញ្ចឹងទៅឬក៏លោកផ្សេងអញ្ចឹងទៅ តើដល់ពេលអញ្ចឹងការប្រកែកថាអត់ពាក់ព័ន្ធរឿងហ្នឹង តើពិបាកនឹងឲ្យគេជឿទេមើលទៅ? ឆ៖ មិនដឹងអ្នកណាគេស្គាល់ ខ្ញុំមិនដឹងទេ។ ប៉ុន្តែ ខ្ញុំនិយាយតាមការណ៍ជាក់ស្តែងអញ្ចឹង ក្មួយប្រុស។ តែបើនិយាយឲ្យហ្មត់ចត់ទៅទៀត ខ្ញុំមានការសង្គ្រោះ បើសង្គ្រោះខ្ញុំសង្គ្រោះច្រើនណាស់។ ស៖ របៀបយ៉ាងម៉េចទៅ បាទ? ឆ៖ មកទល់នឹង ៧៩ ដែលកងខាងរាជរដ្ឋាភិបាលវ៉ៃបុកហើយ កម្លាំងដែលគេបញ្ជូនមក ខ្ញុំយកលាក់។ វិធីលាក់របស់ខ្ញុំ ខ្ញុំលាក់នៅការដ្ឋានទំនប់ ហើយម៉្ងៃបីពេលបាយ ល្ងាចឡើងស្កត្នោត បំប៉ន។ ដល់ពេលរាជរដ្ឋាភិបាលវ៉ៃបុក ខ្ញុំរត់ទៅនៅក្នុងនោះ គេអត់ធ្វើអីខ្ញុំផង។ ខ្ញុំទៅនៅបីថ្ងៃនៅក្នុងនោះ នៅក្នុងកម្លាំង។ គេអត់ធ្វើអីទេ។ ដល់ខ្ញុំថា ក្មួយៗទាំងអស់ទៅស្រុក នៅខាងព្រៃវែង នៅខាងអី ទៅស្រុកខ្ញុំចេញប្រ៉ុច។ អាហ្នឹងសង្គ្រោះមាន ប៉ុន្តែរីឯការប្រហារពិឃាត ខ្ញុំអត់យល់ទេ។ សង្គ្រោះច្រើនណាស់ បើគេចាប់បញ្ជូនមក ខាងភូមិភាគគេយកបញ្ជូនមកគេឲ្យកម្ទេច គេសួរទៀត កែ ពក ទៅណាកម្លាំង កម្ទេច តែនៅការដ្ឋានឯណោះ។ រួចឲ្យខ្ញុំធ្វើម៉េចទៅអញ្ចឹង ឲ្យខ្ញុំនិយាយថាម៉េចទៅ ឲ្យខ្ញុំថាម៉េច? បើខំលាក់ប៉ុណ្ណឹងហើយធ្វើម៉េចទៅទៀត។ អញ្ចឹងដែលអត់ខ្លាចទេ។ អត់ខ្លាចទេ ប៉ុន្តែគ្រាន់តែថាអត់ចាំឈ្មោះទេក្មួយប្រុស វាច្រើនណាស់។ ស៖ មានជំនឿប៉ុណ្ណាទៅនៅកំពង់ចាម ថាមានមនុស្សប្រមាណ ១៥ម៉ឺននាក់ស្លាប់ ហើយមាននៅវត្ត អូ ត្រកួន នៅ កង មាស នោះថាមានមនុស្សជាង ៣ម៉ឺន ២ពាន់ ប៉ុន្មានរយនាក់នោះស្លាប់? ឆ៖ នៅឯណា អូ ត្រកូន? ស៖ បាទ វត្ត អូ ត្រកូន នៅ កង មាស ហើយអញ្ចឹងទៅនៅសម័យនោះ នៅក្នុងតុលាការខ្មែរក្រហមនោះថា លោកជាអ្នកទទួលខុសត្រូវនៅក្នុងតំបន់ វត្ត អូ ត្រកូន នៅ កង មាស ហ្នឹង មើលទៅរឿងហ្នឹងវាយ៉ាងម៉េចទៅនៅសម័យនោះ? ឆ៖ ទេខ្ញុំមិនដែលដឹងផង មិនដឹង អូ ត្រកូននៅត្រង់ណាផង រួចមិនដឹងជាពីណាទៅសម្លាប់អីនៅទីហ្នឹងផង។ អើក្រែងគេពីមុន ខ្ញុំមិនដឹងទេ។ ដូចខ្ញុំជម្រាបក្មួយអញ្ចឹង ខ្ញុំអត់ដឹងទេ។ ខ្ញុំ ៧៧ ដូច្នេះពីមុន ៧៧ ហ្នឹងអត់ដឹងទេ។ បាទ ក៏ប៉ុន្តែបើសម័យ ៧៧ ហ្នឹងមិនដឹងអ្នកណាមកទៅវ៉ៃអី អូតាកៀនតាកួនណាអត់មានទេ។ អត់មានទេ។ រួចបើមួយផ្នែកទៀត ខ្ញុំនិយាយពីដោយសុទ្ធចិត្តរបស់ខ្ញុំ ព្រោះ កែ ពក ប្រធាន។ ពីការបោសសម្អាតអី គេថាម៉េច ស្អីប្រជាជន ១៧ មេសាអីៗ ដោះស្រាយយ៉ាងណា ខ្ញុំថាមើលដោះស្រាយយ៉ាងម៉េច? គេធ្វើអីយើង? ខ្ញុំមានតែនិយាយអញ្ចឹង។ គេធ្វើអីយើង? គេប្រព្រឹត្តល្មើសអី? អំពើអី? ក្បត់រឿងអី? ខ្ញុំមានតែនិយាយអញ្ចឹង បាទ។ រួចគាត់ថាទៀត ណែបើមិនធ្វើ ឲ្យកងទ័ពភូមិភាគធ្វើ។ បើឲ្យកងទ័ពភូមិភាគធ្វើ ខ្ញុំទៅផ្ទះខ្ញុំ។ ណែអានេះ ខ្ញុំនិយាយសាមញ្ញអញ្ចឹងណា។ ពាក្យខ្ញុំ វាអញ្ចឹងណា។ ខ្ញុំថាបើមិនធ្វើទេ ខ្ញុំនៅខ្ញុំទទួលខុសត្រូវមិនបាន ខ្ញុំនៅធ្វើអី មានតែខ្ញុំទៅផ្ទះចុះ។ នែ៎ ត្រង់ហ្នឹង ចំណុចហ្នឹងណែ ដែលខ្ញុំអត់ចេះខ្លាចទេ។ រួចបើប៉ុណ្ណឹងៗហើយ តុលាការយកទៅកាត់ កាត់ធ្វើអីធ្វើទៅ។ បាទរួចដូចខ្ញុំជម្រាបប្រសាសន៍ក្មួយអញ្ចឹង ដែលថាបច្ចុប្បន្ននេះក៏ខ្ញុំអត់ភ័យនឹងតុលាការទៅអនាគតទៅទៀតនោះពេលខ្ញុំស្លាប់នោះក៏ខ្ញុំអត់ភ័យនឹងយមបាល អត់ភ័យទេ។ បុណ្យឥឡូវខ្ញុំធ្វើ សីលខ្ញុំកាន់ ពីមុនមក ខ្ញុំអត់មានកាប់សម្លាប់។ ខ្ញុំមិនខ្លាចយមបាល អត់ខ្លាចទេ។ អត់ទេ បច្ចុប្បន្ននេះក៏ខ្ញុំអត់ខ្លាច ទៅអនាគតទៀតក៏ខ្ញុំអត់ខ្លាច ពេលខ្ញុំស្លាប់ទៅនោះក៏ខ្ញុំអត់ខ្លាចដែរ អត់ទេ ឯណាយមបាលនោះខ្ញុំទៅខ្លាចអី។ នឹងជម្រាបក្មួយធម្មតាៗអញ្ចឹងណាក្មួយណា។ អាហ្នឹងវាជាក់ស្តែងអញ្ចឹងណា៕ This posting includes an audio/video/photo media file: Download Now |
សេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលត្រូវបានពិចារណាឡើងវិញ Posted: 08 Sep 2011 11:39 AM PDT ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលបានដកយកសេចក្តីព្រាងច្បាប់សម្រាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសមកពិនិត្យពិចារណាឡើងវិញដើម្បីធ្វើការកែសម្រួលមាត្រាមួយចំនួន។ ក្រុមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិបានហៅសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលថាជា ការគំរាមគំហែង និងការរឹតបន្តឹងដល់សិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល ព្រមទាំងរារាំងអង្គការសង្គមស៊ីវិលមិនឲ្យបំពេញតួនាទី និងកំណត់លទ្ធភាពនៃដៃគូរអភិវឌ្ឍន៍របស់កម្ពុជា បន្ទាប់ពីក្រសួងមហាផ្ទៃ បានបញ្ជូនសេចក្តីព្រាងនេះទៅកាន់គណៈរដ្ឋមន្ត្រីនៅក្នុងខែកក្កដា។ លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងកាលពីថ្ងៃពុធថា សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលត្រូវបានយកមកពិចារណាឡើងវិញដោយសារមានប្រតិកម្មពីអន្តរជាតិ។ «រដ្ឋាភិបាលបាននិយាយថាឲ្យដកយកមកពិចារណាចំណុចខ្លះ។ វាមានពាក់ព័ន្ធជាមួយចំណុចមួយចំនួនតូចទេ។ ជាការពិតទៅ បើយើងពិនិត្យឲ្យមែនទែនទៅ វាមិនជាបញ្ហាអ្វីគួរឲ្យលំបាកនោះទេពាក់ព័ន្ធជាមួយនឹងការបញ្ចេញមតិ និងសិទ្ធិសេរីភាពនោះ។ យើងយកសេចក្តីព្រាងច្បាប់នេះមកពិនិត្យពិចារណាឡើងវិញ ហើយនឹងបញ្ជូនត្រឡប់ទៅវិញ។ វាមិនមែនបានន័យថា យើងដកថយដោយមិនធ្វើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ»។ លោក ឡំ ជា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានសុំដកយកសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ ត្រឡប់ទៅវិញដើម្បីធ្វើការកែលម្អឡើងវិញកាលពីចុងខែសីហា។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលនេះ បានកើតចេញពីសម្ពាធរបស់ម្ចាស់ជំនួយខ្លះ និងប្រជាពលរដ្ឋខ្មែរដែលទទួលបានផលប្រយោជន៍ពីវិស័យអប់រំ សុខភាព និងការអភិវឌ្ឍជាច្រើនទៀតពីអង្គការមិនមែនរដ្ឋាភិបាល។ «ខ្ញុំមើលទៅរដ្ឋាភិបាលកំពុងបានចំណេញពីអង្គការទាំងអស់នេះ។ ដូច្នេះ បើចេញច្បាប់នេះ វានឹងរារាំងប្រសិទ្ធិភាពនៃសកម្មភាពទាំងអស់នេះ។ ខ្ញុំថានឹងប៉ះពាល់ទៅលើការអភិវឌ្ឍ ហើយបន្ទាប់មក នឹងប៉ះពាល់ដល់គណបក្សកាន់អំណាច។ ហើយដោយសារនេះជាសម្ពាធមួយដ៏ធំ ហើយមួយទៀត បើគេអត់មានអង្គការឃ្លាំមើលទេ ម្ចាស់ជំនួយក៏ពិបាកផ្តល់ជំនួយដែរ ពីព្រោះការផ្តល់ជំនួយដោយគ្មានអ្នកឃ្លាំមើល ដូចអង្គការសិទ្ធិមនុស្ស។ គេមិនផ្តល់ជំនួយរបស់គេដោយគ្មានការទទួលខុសត្រូវបែបហ្នឹង។ គេមិនផ្តល់ជំនួយទេ»។ លោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា តំណាងក្រសួងមហាផ្ទៃ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលគួរតែពិភាក្សាគ្នាឡើងលើសេចក្តីព្រាងច្បាប់នេះឲ្យកាន់តែប្រសើរ។ «សេចក្តីព្រាងច្បាប់នេះ ដកក្រោយអញ្ចឹង គួរតែមានការជួបពិភាក្សា ស្តាប់យោប់ពីអង្គការសង្គមស៊ីវិលម្តងទៀត ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះអាចទទួលយក និងយល់ព្រមទាំងអស់គ្នា។ វាជាការល្អសម្រាប់សង្គមយើង»។ លោក ស៊ិន សុមុន្នី នាយកប្រតិបត្តិនៃអង្គការ មេឌីខេម (Medicam) បានថ្លែងថា វាជាការល្អណាស់ដែលក្រសួងមហាផ្ទៃដកយកសេចក្តីព្រាងច្បាប់នេះ មកកែលម្អឡើងវិញនេះ។ «យើងចង់សុំឲ្យការចុះបញ្ជីដោយស្មគ្រ័ចិត្ត។ យើងសំណូមពរឲ្យមានភាពច្បាស់លាស់ និងសុក្រឹតភាពនៅក្នុងខ្លឹមសារនៃច្បាប់នោះ»។ មន្ត្រីរដ្ឋាភិបាលបានពន្យល់ថា សេចក្តីព្រាងច្បាប់នឹងអាចបង្ក្រាបអង្គការសង្គមស៊ីវិល ដែលប្រតិបត្តិការ ជាបណ្តាញនៃអង្គការភេរវកម្ម៕ This posting includes an audio/video/photo media file: Download Now |
Posted: 08 Sep 2011 01:54 PM PDT ជារឿយៗ គេឃើញដំណឹងមិនល្អពីសាលាក្តីខ្មែរក្រហមរបស់ប្រទេសកម្ពុជានៅក្នុងព័ត៌មាន ដូចជាបញ្ហាថវិកា ការពន្យាពេល និងការចោទអំពីការជ្រៀតជ្រែកពីរដ្ឋាភិបាលជាដើម។ ប៉ុន្តែ ទោះបីជាដំណើរការតុលាការមានភាពយឺតយ៉ាវក៏ដោយ ក៏តុលាការដែលមានទីតាំងក្នុងទីក្រុងភ្នំពេញបន្តផ្សព្វផ្សាយសាររបស់ខ្លួនពាសពេញប្រទេស ដោយនាពេលថ្មីៗនេះ តុលាការបានផ្សព្វផ្សាយសាររបស់ខ្លួនដល់អតីតទីតាំងរបស់ពួកខ្មែរក្រហមក្នុងស្រុកសំឡូតនាភាគខាងលិចប្រទេសកម្ពុជា។ ស្រុកសំឡូតមានប្រវត្តិទាក់ទងយ៉ាងយូរជាមួយនឹងពួកខ្មែរក្រហម។ កាលពីឆ្នាំ ១៩៦៧ នៅស្រុកសំឡូតនេះហើយ ដែលការបះបោរដំបូងបង្អស់បានកើតមានឡើង ដោយលទ្ធផលនៅទីបំផុតដែលទទួលបានពីការបះបោរនេះ គឺការដឹកនាំរបស់រដ្ឋាភិបាលប៉ុលពតរវាងឆ្នាំ ១៩៧៥ និង ឆ្នាំ ១៩៧៩ និងប្រជាពលរដ្ឋប្រហែល ២ លាននាក់បាត់បង់ជីវិត។ ប៉ុន្តែ ការបញ្ចប់ការដឹកនាំរបស់ពួកខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ មិនមែនជាការបញ្ចប់របស់ចលនារបស់ពួកខ្មែរក្រហមនោះទេ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ប្រទេសថៃ ប្រទេសចិន និងបណ្តាបស្ចិមប្រទេសផ្សេងៗទៀត ដូចជាសហរដ្ឋអាមេរិកជាដើម ពួកខ្មែរក្រហមបានបង្កសង្រ្គាមស៊ីវិលពីស្រុកមួយចំនួននៅភាគខាងលិចប្រទេសកម្ពុជា។ ស្រុកសំឡូតជាស្រុកមួយក្នុងចំណោមស្រុកទាំងនោះ។ ស្រុកនេះនៅស្ថិតក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមរហូតដល់ចុងទសវត្ស ១៩៩០ ពេលដែលនៅទីបំផុត ចលនានេះបានដួលរលំបន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត។ តុលាការឧក្រិដ្ឋកម្មសង្រ្គាមដែលគាំទ្រដោយអង្គការសហប្រជាជាតិបានបង្កើតឡើង ដើម្បីពាំនាំនូវយុត្តិធម៌ខ្លះមកជូនជនរងគ្រោះក្រោមរបបខ្មែរក្រហម។ ប៉ុន្តែការបង្កើតតុលាការនេះបានស៊ីពេលអស់រាប់ឆ្នាំក្នុងការចរចាជាមួយនឹងអាជ្ញាធរកម្ពុជា ដែលមានបំណងចង់ត្រួតត្រានូវដំណើរការរបស់តុលាការនេះ។ តុលាការនេះយកគំរូតាមប្រព័ន្ធច្បាប់បារាំង និងរួមមានទាំងចៅក្រមខ្មែរ និងបរទេស ដែលយល់ព្រមទទួលស្គាល់ដោយទាំងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា។ សាលាក្តីខ្មែរក្រហមដែលមានមុខងារកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម និងអ្នកដែលមាន ទំនួលខុសត្រូវខ្ពស់បំផុត មិនត្រូវបានគេស្គាល់ច្រើននៅតាមកន្លែងខ្លះដូចនៅក្នុងប្រទេសកម្ពុជានេះទេ ដែលអ្នកខ្លះគិតថាវាតំណាងឲ្យយុត្តិធម៌របស់អ្នកឈ្នះ។ លោកឡាស៍ អ៊ុលសេន (Lars Olsen) អ្នកនាំពាក្យសាលាក្តី ដែលបានធ្វើដំណើរទៅស្រុកសំឡូតជាមួយនឹងក្រុមផ្សព្វផ្សាយដល់សហគមន៍របស់សាលាក្តី កាលពីសប្តាហ៍មុន មានប្រសាសន៍ថាស្រុកសំឡូតនេះបានផ្តល់មូលហេតុល្អមួយសម្រាប់អ្នកតំណាងរបស់សាលាក្តីឲ្យមកទស្សនាស្រុក សំឡូតនេះ។ «ខ្ញុំសប្បាយចិត្តណាស់ដែលមនុស្សជាច្រើនបានមកទស្សនានៅកន្លែងនេះ ហើយបន្ទាប់ពីមានការស្ទាក់ស្ទើរមួយចំនួនមក យ៉ាងហោចណាស់ពួកគេបានសម្រេចផ្សព្វផ្សាយគំនិតខ្លះរបស់ពួកគេទាក់ទងនឹងដំណើរការតុលាការ។ ហើយដូចដែលគេអាចគិតទុកជាមុនថា តំបន់នេះជាជម្រករស់នៅរបស់ពួកខ្មែរក្រហមជាច្រើននោះ ពួកគេមានចម្ងល់អំពីដំណើរការតុលាការ ហើយពួកគេបានបញ្ជាក់ទស្សនៈបែបហ្នឹងយ៉ាងច្បាស់ផងដែរ»។ គេឃើញមានមនុស្សប្រហែលជា ២០០ នាក់បានចូលរួមដោយអង្គុយលើកៅអីជ័រនៅក្រោមតង់កៅស៊ូព័ណ៍ចំរុះ។ អ្វីដែលពួកគេឮ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ពួកគេស្តាប់ការពន្យល់អំពីថាតើតុលាការធ្វើការយ៉ាងដូចម្តេច និងការពិភាក្សាអំពីសំណុំរឿងនីមួយៗ រួមទាំងការកាត់ទោសដំបូងបង្អស់របស់តុលាការប្រឆាំងនឹងមេគុកខ្មែរក្រហមមិត្ត ឌុច ដែលគាត់ធ្លាប់រស់នៅស្រុកសំឡូត។ មន្ត្រីរបស់តុលាការ ៦ រូប រួមទាំងព្រះរាជអាជ្ញាររង វីនស៊ិន ដឺ វ៉ាលដ៍ ឌីអេសម៉ាល (Vincent De Wilde d'Estmael) បានធ្វើដំណើរចម្ងាយ ៣៥០ គីឡូម៉ែត្រទៅកាន់ស្រុកសំឡូត។ការធ្វើដំណើរនេះបានធ្វើឲ្យគាត់មានចំណាប់អារម្មណ៍ពន្យល់ពីតួនាទីរបស់អយ្យការ។ «គោលបំណងរបស់យើងគឺដើម្បីបញ្ចប់និទណ្ឌភាពទាក់ទងនឹងបទឧក្រិដ្ឋដែលបានប្រព្រឹត្តឡើងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ និទណ្ឌភាពនៅមានយូរពេកហើយ។ ហើយទីពីរ យើងចង់បានថា ការពិតត្រូវបានរកឃើញពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងនោះ ហើយថាយុត្តិធម៌ត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលជាជនរងគ្រោះក្រោមបទឧក្រិដ្ឋដែលបាន ប្រព្រឹត្តឡើងទាំងនោះ»។ វាជាសារដែលគេស្រួលយល់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់គ្រប់គ្រងដោយពួកខ្មែរក្រហម។ ក្នុងស្រុកសំឡូត អ្នកស្រុកបាននិយាយថាតុលាការមានសិទ្ធិក្នុងការកាត់ទោសតែមេដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ គ្មាននរណាក្រៅពីនេះទេ។ បុរសម្នាក់នេះបាននិយាយថា ការនាំយកអ្នកផ្សេងៗទៀតទៅកាត់ទោសអាចធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថេរភាព។ គំនិតនេះគឺជាការថាតាមគំនិតរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍យូរមកហើយថា លោកនឹងមិនអនុញ្ញាតិឲ្យមានការកាត់ទោសកម្មាភិបាលខ្មែរក្រហមជាន់កណ្តាលចំនួន ៥ រូបទៀត ដែលតុលាការកំពុងស៊ើបអង្កេតទេ។ លោកឡាស៍ អ៊ុលសេន (Lars Olsen) មានប្រសាសន៍ថា នៅតាមតំបន់ផ្សេងៗទៀតនៃប្រទេសកម្ពុជា ប្រជាពលរដ្ឋមិនអាចយល់ថាហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមតែប៉ុន្មានរូបដែលត្រូវ កាត់ទោសសម្រាប់បទឧក្រិដ្ឋដ៏ធំធេងបែបនេះ? «ចម្ងល់នេះពិតជាមិនមែនជាអ្វីដែលយើងត្រូវគិតនៅពេលនេះទេ។ ការផ្តោតខ្លាំងគឺទៅលើ ហេតុអ្វីបានជាធ្វើអញ្ចឹងនៅពេលនេះ? ហេតុអ្វីបានជាធ្វើឲ្យប៉ះពាល់ដល់ជោគជ័យដែលពួកគេទទួលបានចាប់តាំងពីមានសន្តិភាពមក? នេះជាការសងសឹកមែនទេ? ហើយជាការពិតណាស់ វាមានសារៈសំខាន់សម្រាប់ពួកយើងដើម្បីឮពីការព្រួយបារម្ភទាំងអស់នេះ និងអាចមានលទ្ធភាពដោះស្រាយបញ្ហាទាំងអស់នេះផងដែរ»។ មកទល់នឹងពេលបច្ចុប្បន្ននេះ សាលាក្តីខ្មែរក្រហមបានធ្វើវេទិកាសាធារណៈប្រហែលជា ១២ ដង រួចមកហើយនៅពាសពេញប្រទេស។ ភាគច្រើនមានទិសដៅទៅលើជនរងគ្រោះសម័យខ្មែរក្រហម។ ការចុះផ្សព្វផ្សាយដល់សហគមន៍នៅក្នុងស្រុកសំឡូតនេះ ជាការចុះផ្សព្វផ្សាយលើកទីពីរផ្តោត ទៅលើអតីតទីតាំងរបស់ពួកខ្មែរក្រហម។ ស្របពេលដែលតុលាការវិវត្តទៅរកការកាត់ទោសសំណុំរឿង ០០២ ដែលជាការកាត់ទោស មេដឹកនាំជាន់ខ្ពស់ នៅដើមឆ្នាំក្រោយនេះ គេនឹងឃើញមានការធ្វើទស្សនកិច្ចជាច្រើនទៀត ដូចគ្នានេះដែរ ដើម្បីធ្វើឲ្យច្បាស់ថា ប្រជាពលរដ្ឋកម្ពុជាទាំងពីរខាងទទួលបានព័ត៌មានគ្រប់ៗគ្នា៕ ប្រែសម្រួលដោយ ភី សុភាដា This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៨ កញ្ញា Posted: 08 Sep 2011 01:52 AM PDT ស៊ីរី៖ លោក បាន គី មូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងថា អំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋស៊ីរី នៅមានធ្វើជាបន្ត ទោះបីជាលោកបានធ្វើសេចក្តីអំពាវនាវឥតឈប់ឈរឲ្យលោកប្រធានាធិបតី Bashar al-Assad បញ្ចប់សកម្មភាព «សាហាវហួសហេតុ» របស់កងកម្លាំងសន្តិសុខរដ្ឋាភិបាលនោះក៏ដោយ។ កម្ពុជា៖ តុលាការមួយរបស់ប្រទេសកម្ពុជាបានកាត់ទោសបុរសជាតិអង់គ្លេសម្នាក់ឲ្យជាប់គុក ១២ ឆ្នាំ អំពីបទរំលោភភេទលើកុមារីបីនាក់។ បុរសឈ្មោះ Michael Julian Leach ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីខែកញ្ញា បន្ទាប់ពីបានដឹងថាគាត់រស់នៅជាមួយក្មេងស្រីបីនាក់អាយុពី ១០ ទៅ ១៥ ឆ្នាំនៅក្នុងផ្ទះសំណាក់មួយនៅជាយក្រុងភ្នំពេញ។ លីប៊ី៖ ស្ថានីយទូរទស្សន៍មួយនៃប្រទេសស៊ីរី បានផ្សាយសារសម្លេងដែលគេប្រកាសថាជាសំដីរបស់មេដឹកនាំធ្លាក់ពីអំណាច លោក ម៉ូអាម៉ា ហ្កាដាហ្វី ដោយលោកបានបដិសេធដាច់អហង្កានូវសេចក្តីរាយការណ៍ដែលថាលោកបានគេចចេញពីប្រទេសលីប៊ីតាមក្បួនរថយន្តមួយទៅកាន់ប្រទេស នីហ្សេ (Niger)។ ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថាន បានឲ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃពុធនៅទីក្រុង Quetta បានកើនឡើងយ៉ាងហោចណាស់ក៏ ២៦ នាក់ទៀតដែរ។ ពួកតាលីបាននៅក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនជាអ្នកធ្វើការវាយប្រហារនេះ ដើម្បីសងសឹកទៅនឹងការចាប់ខ្លួនមេដឹកនាំអាល់កៃដាម្នាក់កាលពីពេលថ្មីៗនេះ។ ឥណ្ឌា៖ នគរបាលប្រទេសឥណ្ឌាបានឃុំខ្លួនមនុស្សបីនាក់ដើម្បីសួរចម្លើយ ហើយបានបញ្ចេញរូបគំនូររបស់ជនជាប់សង្ស័យពីរនាក់ទៀត នៅក្នុងការវាយប្រហារដោយគ្រាប់បែកដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅខាងក្រៅអគាររបស់តុលាការជាន់ខ្ពស់នៅក្នុងទីក្រុងញ៉ូដេលី។ រុស្ស៊ី៖ ប្រធានាធិបតីប្រទេស រុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឲ្យមានកំណែទម្រង់យ៉ាងតឹងរឹងនៅក្នុងវិស័យឧស្សហកម្មអាកាសចរណ៍ នៅពេលលោកអញ្ជើញទៅមើលកន្លែងធ្លាក់យន្តហោះមួយគ្រឿង ដែលបានសម្លាប់អ្នកលេងកីឡារំអិលលើទឹកកកហៅជាភាសាអង់គ្លេសថា Ice Hockey ដ៏ឆ្នើមម្នាក់របស់ប្រទេសរុស្ស៊ី។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT--> ឥណ្ឌា៖ គ្រាប់បែកដ៏ខ្លាំងមួយបានផ្ទុះនៅក្រៅអាគារតុលាការថ្នាក់ខ្ពស់ ប្រទេសឥណ្ឌា ក្នុងរដ្ឋធានី នៅថ្ងៃពុធ បណ្ដាលឲ្យមនុស្សយ៉ាងតិច១១ នាក់ស្លាប់ ហើយ៧៦នាក់ទៀតរបួស។ វៀតណាម៖ អង្គការការពារសិទ្ធិមនុស្ស HRW និយាយថា អ្នកជំងឺនៅមណ្ឌលសម្បទាថ្នាំញៀនក្នុងប្រទេសវៀតណាមបានទទួលរងគ្រោះពីការរំលោភនិងការបង្ខំឲ្យធ្វើការធ្ងន់ធ្ងរ ដោយមិនបានទទួលការថែរក្សាត្រឹមត្រូវ ដើម្បីដោះស្រាយការញៀននៅក្នុងខ្លួនរបស់គេ។ សេដ្ឋកិច្ចសកលលោក៖ តម្លៃប្រេងឆៅឡើងថ្លៃ៣,៣២ ដុល្លារ ក្នុងមូយធុង លក់ចេញ ៨៩ដុល្លារ៣៤ សេន ក្នុងមួយធុងក្នុងទីផ្សារហ៊ុនស្ដុកញូយ៉ក។ ប៉ាគីស្ថាន៖ ក្រុមតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថាននិយាយថាខ្លួនបានបើកការវាយប្រហារដោយប្រើអត្ដឃាតជនពីរនាក់ កាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្ស២៤នាក់ នៅតំបន់នីរតីទីក្រុងកេត្ដា ក្នុងការសងសឹកនឹងការចាប់ខ្លួនមេដឹកនាំអាលកៃដាថ្មីៗនេះ។ ប៉ាគីស្ថាន៖ មន្ដ្រីប៉ាគីស្ថានបានដាក់ទណ្ឌកម្មមកលើវេជ្ជបណ្ឌិតដែល ជួយសហរដ្ឋអាមេរិកក្នុងការវាយឆ្មក់មកលើមេដឹកនាំបណ្ដាញភេរវកម្ម អាលកៃដា អូសាម៉ា ប៊ីនឡាដេន។ រុស្ស៊ី៖ យន្ដហោះឯកជនរុស្ស៊ីមួយគ្រឿងដឹកជញ្ជូនកីឡាករហុក្គីទឹកកក្នុងតំបន់ បានធ្លាក់នៅទិសខាងលិចប្រទេស បណ្ដាលឲ្យមនុស្សយ៉ាងតិច៤៣នាក់ស្លាប់។ ស៊ីរី៖ សកម្មជននិយាយថា កងកម្លាំងការពារសន្ដិសុខស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច១១នាក់ថែមទៀតក្នុងអំឡុងពេលបើកការវាយឆ្មក់ថ្មីមកលើក្រុមអ្នកប្រឆាំងរដ្ឋាភិបាល នៅពេលដែលរដ្ឋមន្ដ្រីការបរទេសបារាំងបានចោទរដ្ឋាភិបាលក្រុងដាមាស ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អាហ្វហ្គានីស្ថាន៖ អង្គការអូតង់នៅអាហ្វហ្គានីស្ថានបានបញ្ឈប់ការប្រគល់អ្នកទោសទៅឲ្យគុកផ្សេងៗក្នុងប្រទេស អាហ្វហ្គានីស្ថាន ក្រោយពីមានសេចក្ដីរាយការណ៍ផ្សព្វផ្សាយដោយ អង្គការសហប្រជាជាតិចោទប្រកាន់អំពីការធ្វើទារុណកម្មនៅក្នុងគុក។ អេហ្ស៊ីប៖ តុលាការនៅក្នុងប្រទេសអេហ្ស៊ីប បានចាប់ផ្ដើមឡើងវិញនូវការកាត់ទោសអតីតប្រធានាធិបតីហុសនី មូប៉ារាក ដោយគេឃើញមានវត្ដមានច្រើនសន្ធឹកនៃកងកម្លាំងការពារសន្ដិសុខនៅក្រៅអាគារតុលាការ ដើម្បីចៀសវាងមិនឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំង និងក្រុមអ្នកគាំទ្រមេដឹកនាំអស់អំណាចនោះ។ សហរដ្ឋអាមេរិក៖ បានដំឡើងកម្ពស់នៃការព្រមានឲ្យប្រុងប្រៀបនៅក្នុងមូលដ្ឋានយោធាក្នុងប្រទេស ប៉ុន្មានថ្ងៃមុនការគម្រប់ខួបឆ្នាំទី១០ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ២០០១ មកលើ បូរីញូយ៉កនិងមន្ទីរបញ្ចកោណ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |