VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១០ កញ្ញា” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១០ កញ្ញា” plus 1 more


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១០ កញ្ញា

Posted: 10 Sep 2011 07:27 AM PDT

សហរដ្ឋ​អាមេរិក​៖ លោក​ប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា​គ្មាន​ផែនការ​កែប្រែ​កាលវិភាគ​របស់​លោក​ទេ​ ទោះជា​មាន​អ្វី​ដែល​អាជ្ញាធរ​ហៅ​​ថា​ជា​ការ​គំរាមកំហែង​ភេរវកម្ម​ដែល​អាច​ឱ្យ​ជឿ​បាន តែ​មិន​អាច​ត្រូវ​បញ្ជាក់​ថា​ពិត​ប្រឆាំង​នឹងសហរដ្ឋ​អាមេរិក​ដែល​បាន​ត្រូវ​គ្រោង​ធ្វើ​ឱ្យ​ចំ​ថ្ងៃ​ខួប​ឆ្នាំ​ទី​១០​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១។

លីប៊ី​​៖ ក្រុម​យុទ្ធជន​នៃ​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​បាន​ចូល​ទៅ​ក្នុង​ក្រុង​មួយ​ដែល​ជា​ទីតាំង​របស់​ពួក​អ្នក​ស្មោះត្រង់​នឹង​ Moammar Gadhafi​ នៅ​មុន​ការ​កំណត់​ពេល​ចុង​ក្រោយ​បង្អស់​ឱ្យ​ពួក​គេ​ចុះចាញ់។

ស៊ីរី​៖ ពួក​សកម្មជន​និយាយ​ថា​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​​សម្លាប់​មនុស្ស​មួយ​ចំនួន​ក្នុង​ការ​ប៉ុនប៉ង​បញ្ឈប់​បាតុកម្ម​ប្រឆាំង​នឹង​​រដ្ឋាភិបាល​កាល​​ពី​ថ្ងៃ​សុក្រ។

អាហ្វហ្គានីស្ថាន​៖ ជនជាតិ​អាហ្វហ្គានីស្ថាន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​កាប៊ុល​ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​១០​នៃ​មរណភាព​របស់​លោក​ Ahmad Shah Massoud​ មេ​បញ្ជាការ​ក្រុម​អ្នកតស៊ូ។

សហរដ្ឋ​អាមេរិក​៖ កាល​ពី​ថ្ងៃ​សុក្រ​លោក​ប្រធានាធិបតី​​បារ៉ាក់​អូបាម៉ា​បាន​សុំ​ដល់​ហ្វូង​និស្សិត​មួយ​ក្រុម​ក្នុង​រដ្ឋ​ Virginia ​ឱ្យ​ដាក់​គំនាប​សង្កត់​លើ​សភា​ឱ្យ​ទទួល​យក​សំណើ​នៃ​ការ​បង្កើត​ការងារ​របស់​លោក។

សេដ្ឋកិច្ច​សកល​៖ នាយិកាអង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​សុំ​ដល់​ពួក​មេដឹកនាំ​​ជាតិ​ឱ្យ​ចាត់​វិធានការ​យ៉ាង​ឆាប់រហ័ស​និង​មុះមុត​ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​​នៃ​ការ​​ទុកចិត្ត​ដែល​ធ្វើ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​សេដ្ឋកិច្ច​សាកល។

<!--AV-->

This posting includes an audio/video/photo media file: Download Now

កម្ពុជា​រកវិធី​ជួយ​អ្នក​ជំងឺ​អេដស៍​ឲ្យ​ចាកផុត​ពី​ភាព​ក្រី​ក្រ

Posted: 09 Sep 2011 03:34 PM PDT

ជំងឺ​អេដស៍​បណ្តាល​ឲ្យ​ជីវភាព​គ្រួសារ​ធ្លាក់​ដុនដាប។ ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​មេរោគ​ប្រល័យ​នេះ​សុទ្ធ​តែ​បាន​ត្អូញ​ត្អែរ​ដូចៗ​បន្ទាប់​ពី​ពួក​គេ​បាន​តស៊ូ​ទប់​ទល់​នឹង​ជំងឺ​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

អ្នក​ស្រី​ ចាន់​ សុខុម ដែល​មាន​អាយុ​៤៧​ឆ្នាំ ​និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ បាន​កើត​ជំងឺ​អេដស៍​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្លេះ​ដោយ​ឆ្លង​ពី​ប្ដី​របស់​គាត់។ ស្រី្ដ​កូន​បី​រូប​នេះ​បាន​រៀប​រាប់​ថា​ គាត់​ធ្លាប់​មាន​ជីវភាព​សមរម្យ​ មាន​ផ្ទះ​សម្រាប់​ជ្រក​ មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ ហើយ​កូនៗ​របស់​គាត់​មាន​ឱកាស​ចូល​សាលារៀន​បាន​ទៀងទាត់។​ ក៏ប៉ុន្ដែ នៅ​ពេល​ដែល​អ្នក​ស្រី​ធ្លាក់​ខ្លួន​ឈឺ ​អ្នក​ស្រី​បាន​លក់​ទ្រព្យសម្បត្តិ​ទាំង​នោះ​អស់​សម្រាប់​ព្យាបាល​ខ្លួន​ដោយសារ​តែ​ប្រាក់​ចំណូល​ ក៏​ថយ​ចុះ​ ហើយ​សេវា​ព្យាបាល​ខ្លួន​កាន់​តែ​កើន​ឡើង។​ ជាពិសេស​ទាំង​អ្នក​ស្រី​ ទាំង​ប្ដី​របស់​អ្នក​ស្រី​សុទ្ធ​តែ​ត្រូវ​ការ​ការ​ព្យាបាល។

អ្នក​ស្រី​ ចាន់ ​សុខុម ​កាល​ពី​មុន​ប្រកប​របរ​ធ្វើ​ស្រែ​ និង​របរ​នេសាទ​បន្ដិច​បន្ដួច។​ នៅ​ពេល​ដែល​អ្នក​ស្រី​បាត់បង់​ទ្រព្យ​សម្បត្តិ​អស់​ អ្នក​ស្រី​ និង​ប្ដី​រួម​ទាំង​កូន​បី​នាក់​ បាន​ឡើង​មក​ទី​ក្រុង​ភ្នំពេញ​​ដើម្បី​បន្ដ​ជីវិត​ចុង​ក្រោយ​ដោយ​ស៊ី​ឈ្នួល​បោក​ខោអាវ​ ស៊ី​ឈ្នួល​បេះ​ត្រកួន​ និង​លក់​នំ​កំប៉ិកំប៉ុក​ ដែល​អាច​រក​ចំណូល​ចន្លោះ​ពី​៥.០០០ ​ទៅ​៧.០០០​រៀល​ក្នុង​មួយ​ថ្ងៃ។

«ខ្ញុំ​មាន​ដី​ដែរ ប៉ុន្តែ​លក់​អស់​ហើយ។ លក់​ទាំង​ដី​ លក់​ទាំង​ផ្ទះ អស់​រលីង​តែ​ម្តង។ ​អត់​មាន​សល់​អី​ទេ។ ឈឺ​ចេះ​តែ​លក់​មើល​ខ្លួន​ទៅ។​ កាល​ពី​មុន​ខ្ញុំ​មិន​អត់​មិន​ឃ្លាន​អញ្ចឹង​ទេ។ ជីវភាព​របស់​ខ្ញុំ​មាន​ហូប​មាន​អី​បរិបូណ៌​គ្រប់គ្រាន់​ឥឡូវ​នេះ​ ខ្ញុំ​ អត់​មាន​អី​ទេ​ដោយ​ឈឺ​ទាំង​ប្តី​ទាំង​ប្រពន្ធ។ ពី​មុន​មក​យើង​មាន​កម្លាំង។ ពេល​ដែរ​យើង​មាន​ជំងឺ​យើង​អត់​សូវ​ មាន​កម្លាំង​ទេ​ដូច​ថា​ខ្សោយ​អញ្ចឹង​មិន​ទាន់​មាន​ជំងឺ​ដូចជា​ធ្វើ​ការ​ច្រូត​ស្រូវ​ស្ទូង​ស្រូវ​រហូត​ដល់​ល្ងាច​អត់​ចេះ​ចុក​ចង្កេះ​អត់​ចេះ​ហត់​ហេវ​ទេ​តែ​បើ​ឥឡូវ​ យើង​ចុះ​ធ្វើ​អញ្ចឹង​ដឹង​តែ​ហត់​ហេវ​ហើយ​យើង​អត់​មាន​អី​ហូប​គ្រប់គ្រាន់​ទៀត»។

មាន​រូបរាង​ស្គម​ស្គាំង​និយាយ​ដោយ​អាការៈ​ហត់ហេវ​ នៅ​ពេល​នេះ អ្នក​ស្រី​ចាន់​ សុខុម​ រស់​នៅ​ក្នុង​កូន​ខ្ទម​តូច​មួយ​មាន​ទំហំ​ប្រមាណ​ជា​បួន​ម៉ែត្រ​បួន​ជ្រុង​ដែល​ស្ថិត​នៅ​លើ​មាត់​ប្រឡាយ​ទឹក​ស្អុយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលា​បឹងត្របែក។ ជាង​មួយ​ឆ្នាំ​មក​ហើយ​ប្ដី​របស់​អ្នក​ស្រី​ចាន់​ សុខុម ​ដែល​មាន​អាយុ​ប្អូន​គាត់​មួយ​ឆ្នាំ​មិន​អាច​ធ្វើ​ការងារ​អ្វី​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ។ ​ដូច្នេះ​ បន្ទុក​គ្រួសារ​ទាំង​មូល​គឺ​ជា​អម្រែក​របស់​អ្នកស្រី។ ​ផលវិបាក​នេះ​បាន​ប៉ះពាល់​ដល់​កូន​របស់​អ្នកស្រី​ចំនួន​ពីរ​នាក់​ដែល​មាន​អាយុ​១៧​ឆ្នាំ ​និង​១៩ឆ្នាំ​មិន​មាន​ឱកាស​រៀន​ទៀង​ទាត់​ដោយ​ត្រូវ​ជួយ​រក​ធ្វើ​ការងារ​ផ្សេង​ដើម្បី​ជួយ​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ។

លោក​ ឈៀង ​រ៉ា ​អ្នក​កើត​ជំងឺ​អេដស៍​ម្នាក់​ទៀត​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ជួប​បញ្ហា​ដូចគ្នា​នេះ​ដែរ។​ រាងកាយ​មិន​សូវ​មាំទាំ​ ស្បែក​ឡើង​ជ្រួញ​ សាច់​ឡើង​ស្រអាប់​ ដែល​ធ្វើ​ឲ្យ​គាត់​មាន​វ័យ​ហាក់​ដូចជា​ចាស់​ជាង​អាយុ​៤៧​ឆ្នាំ ​ដែល​ជា​វ័យ​ពិត​ប្រាកដ​របស់​គាត់។ លោក ​ឈៀង ​រ៉ា​មាន​កូន​ប្រុស​ ២​នាក់​ ដែល​បាន​ឈប់​រៀន​បន្ទាប់​ពី​លោក​ និង​ប្រពន្ធ​បាន​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​អេដេស៍​កាល​ពី​ឆ្នាំ​២០០៩។​ គាត់​ក៏​បាន​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​ប្រពន្ធ​របស់​គាត់​ដែរ។​ លោក​ ឈៀង​ រ៉ា​ មាន​ជំងឺ​ជា​ច្រើន​ប្រភេទ​ដូចជា​របេង​ និង​ផ្សិត​ក្នុង​ខួរក្បាល​ជា​ដើម​ដែល​ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​សុខភាព​របស់​គាត់​ចុះ​ខ្សោយ​ជា​ខ្លាំង។

លោក​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​មិន​ទាន់​មាន​ជំងឺ​នេះ​លោក​ជា​ជាង​ជួសជុល​ម៉ាញ៉េ ​ទូរទស្សន៍ ​វិទ្យុ ​និង​កង្ហារ​ជា​ដើម។ ក្នុង​មួយ​ខែ​ ផាត់​ការ​ចាយ​វាយ​ហើយ​នៅ​សល់​យ៉ាង​តិច​១០០​ដុល្លារ​ ដែរ​ហើយ​គួប​ផ្សំ​ប្រពន្ធ​របស់​គាត់​លក់​បន្លែ​នៅ​ក្នុង​ផ្សារ​ទៀត​នោះ​ជីវភាព​របស់​គាត់​ពុំ​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ទេ។

«ជីវភាព​របស់​ខ្ញុំ​ធូរធារ​គួរសម​ដែរ ដល់​ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ទៅ​អត់​បាន​រក​អី​សោះ​១​ឆ្នាំ​ជាង​នេះ។​ មេរោគ​មិន​សូវ​ធ្វើ​ទុក្ខ​អី​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ថ្នាំ​ដែល​លេប​ទៅ​មាន​ផលប៉ះពាល់។ ពេល​ដែល​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​តែមួយ​រៀល​ មិន​ដែល​រក​បាន​ទេ។ មាន​គេ​យក​របស់​មក​ឲ្យ​ធ្វើ​ដែរ​តែ​ធ្វើ​អត់​កើត​ឈឺ​​ក្បាល ​ពេល​មុន​មិន​ដូច​អញ្ចឹង​ទេ​។ កើត​ជំងឺ​នេះ​ដូច​វា​បំផ្លាញ​រាង​កាយ​ កាល​ណា​យើង​ធ្វើ​អញ្ជឹង​ធ្វើ​ឲ្យ​ខួរក្បាល​យើង​ក្តៅ​វិល​មុខ​មួយ​រំពេច​ ដួល​នៅ​នឹង​មួយ​កន្លែង​ ធ្វើ​មិន​កើត​ ពី​ព្រោះ​រយៈកាល​នេះ​ ខ្ញុំ​កំពុង​នៅ​លេប​ថ្នាំ​ច្រើន​មុខ​ណាស់។ មិន​មែន​តែ​ថ្នាំ​ពន្យា​តែ​មួយ​មុខ​នោះ​ទេ​មាន​ថ្នាំ​របេង​ផង​ថ្នាំ​ផ្សិត​ក្បាល​ផង»។

ដូច្នេះ​ ការ​ចំណាយ​គ្រប់​យ៉ាង​ដែល​មាន​ម្តាយ​ចាស់​ជរា​ផង​នោះ​ បន្ទុក​ត្រូវ​ធ្លាក់​ទៅ​លើ​ប្រពន្ធ​គាត់​ ដែល​ប្រឹង​រក​លុយ​យ៉ាង​ត្រដាប​ត្រដួស​ជា​មួយ​នឹង​មុខ​របរ​តូច​តាច​នេះ។

ទាំង​លោក ​លោក​ ឈៀង​ រ៉ា​ ទាំង​អ្នក​ស្រី​ ចាន់​ សុខុម ​សុទ្ធ​តែ​បាន​ទទួល​ថ្នាំ​ពន្យារ​ពី​មន្ទីរ​ពេទ្យ​រដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​ខាណា​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​មាន​បេសកកម្ម​មួយ​ផ្នែក​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​អេដស៍។

បាយការណ៍​ជាតិ​ស្ដី​អំពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​មេរោគ​អេដស៍​មក​លើ​គ្រួសារ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ចុង​ខែ​សីហា ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​បាន​បង្ហាញ​ថា​ គ្រួសារ​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ការ​ថយ​ចុះ​ប្រាក់​ចំណូល ​ហើយ​ការ​ចំណាយ​មាន​ការ​កើន​ឡើង​សម្រាប់​ការ​ព្យាបាល​ ហើយ​១ភាគ​៣​នៃ​ក្រុម​គ្រួសារ​ អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ កុមារ​ដែល​កំព្រា​ដោយសារ​មេរោគ​អេដស៍។

របាយការណ៍​ដែល​ធ្វើ​ឡើង​រួម​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​ (UNDP) ប្រចាំ​នៅ​កម្ពុជា​បន្ថែម​ទៀត​ថា​ ប្រាក់​សន្សំ​របស់​គ្រួសារ​ ដែល​មាន​អ្នក​ផ្ទុក​ជំងឺ​អេដស៍​ជួប​ប្រទះ​កំណើន​ប្រាក់​បំណុល​ដែល​ជា​កត្តា​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​សន្តិសុខ​ស្បៀង​អាហារ​ និង​សុខុមាលភាព​ចិត្ត​សង្គម​ក៏​ដូចជា​ស្ថានភាព​ស្រ្តី និង​ការ​អប់រំ​របស់​កុមារ​ផង​ដែរ។

លោក ​ទិត​ ឃីមុយ​ ជា​នាយក​រង​នៃ​អង្គការ​ខាណា​ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​គ្រួសារ​មួយ​មាន​អ្នក​កើត​ជំងឺ​អេដស៍​ហើយ​នោះ ជីវភាព​គ្រួសារ​នោះ​ច្បាស់​ជា​មាន​ការ​ប៉ះពាល់​ជា​មិន​ខាន ទោះ​បី​ជា​ គ្រួសារ​នោះ​មាន​ជីវភាព​ធូរធារ​ក៏​ដោយ ពី​ព្រោះ​អ្នក​ដែល​មាន​ជំងឺ​នេះ​មាន​កម្លាំង​ចុះ​ខ្សោយ​ហើយ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ ក៏​មាន​ភាព​មិន​ប្រក្រតី​ដូចជា​មនុស្ស​ដែល​គ្មាន​ជំងឺ​នោះ​ដែរ។

ជំងឺ​អេដស៍​មាន​ផលប៉ះពាល់​ដល់​ការ​ប្រកប​របរ និង​ការងារ​ផ្សេងៗយ៉ាង​ខ្លាំង។ អ្នក​ជំងឺ​អេដស៍​ដែល​មាន​ជីវភាព​ធូរធារ​ខ្លះ​មិន​បាន​ទៅ​បើក​ថ្នាំ ឬរក​សេវា​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ប្រាក់​នោះ​ទេ​គឺ​ពួក​គាត់​បាន​លាក់​បាំង​ទៅ​រក​សេវា​ខាង​ក្រៅ​ដោយ​ក្នុង​ម្នាក់​ចំណាយ​ទៅ​លើ​ថ្នាំ និង​ការ​ព្យាបាល​ផ្សេង​ៗ​ជា​មធ្យម​ចន្លោះ​ពី​៥០០​ទៅ​១.៥០០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​ ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​ក្នុង​គ្រួសារ​ត្រូវ​មាន​ការ​កើន​ឡើង។

«ទាំង​ផ្នែក​ទឹក​ចិត្ត​ក៏​វា​ប៉ះពាល់ ​ហើយ​ផ្នែក​សុខភាព​រាង​កាយ​ក៏​ប៉ះពាល់។ អញ្ចឹង​ទាំងពីរ​នេះ​ធ្វើ​ឲ្យ​គាត់​បញ្ឈប់​ស្ទើរ​តែ​ទាំង​ស្រុង​អ្នក​ដែល​ដឹង​ថ្មីៗ​នេះ​ក្នុង​ទឹក​ចិត្ត​ក្នុង​ការ​រក​ប្រកប​មុខ​របរ​ ឬ​ក៏​ការ​ធ្វើ​ជំនួញ​ ឬ​ក៏​ការ​ធ្វើ​ការងារ​ផ្សេងៗដើម្បី​រក​ប្រាក់​ចំណូល​គឺ​ត្រូវ​បាន​បញ្ចប់ ហើយ​យើង​ឃើញ​ថា​ ការ​ចំណាយ​នៅ​តែ​មាន​ហើយ​អត់​មាន​ប្រាក់​ចំណូល។ ដូច្នេះ​គឺ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​គាត់។ ជំងឺ​នេះ​ភាគច្រើន បើ​គាត់​ចូល​ដល់​ដំណាក់​កាល​អេដស៍​គឺ​គាត់​មិន​អាច​ទៅ​ធ្វើ​ការ​អ្វី​បាន​ទេ​ហើយ​ ទី​២ក្នុង​ដំណាក់​កាល​ដំបូង​ដែល​គាត់​ទើប​តែ​ចាប់​ផ្តើម​ព្យាបាល​ថ្នាំ​នោះ​ គឺ​វា​ធ្វើ​ទុក្ខ​ជា​ខ្លាំង»។

ជា​មួយ​គ្នា​នោះ​ដែរ​ លោក​វេជ្ជបណ្ឌិត​ ទា ​ផល្លា​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​ឲ្យ​ដឹង​ដែរ​ថា គ្រួសារ​មាន​អ្នក​កើត​ជំងឺ​អេដស៍​ ទោះ​បី​ជា​មាន​ជីវភាព​ធូរធារ​យ៉ាងណា​ក៏​ដោយ​ក៏​មាន​ផល​ប៉ះពាល់​ដែរ​ គ្រាន់​តែ​តិច​ និង​ច្រើន​តែ​ប៉ុណ្ណោះ។

«ចំពោះ​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ អ្នក​ម៉េ​ម៉ាយ​ច្រើន​មែន​ទែន។ ទី១ បាត់​បង់​អ្នក​រក​ចំណូល​ហើយ​ ទី​២​គឺ​ពេល​ដែល​មាន​អេដស៍​នេះ​គឺ​ភាគ​ច្រើនៗ​តែ​មក​យឺត។ គាត់​សាក​ល្បងលាក់​ខ្លួន​ចុះ​ឡើងៗ។ គាត់​ព្យាបាល​លិច​កើត​ទៅ​គាត់​អស់​លុយ​កាក់​ច្រើន។ ជួន​កាល​អស់​ទាំង​ដី​ធ្លី​ទៀត​ជួនកាល​អស់​ទាំង​ទ្រព្យ​សម្បតិ្ត​ទៀត អស់​ទាំង​ម៉ូតូ​ ផ្ទះ​ អញ្ចឹង​គឺ​វា​ប៉ះពាល់​ធ្ងន់​ណាស់​ទៅ​លើ​សេដ្ឋកិច្ច​គ្រួសារ។ ទន្ទឹម​នឹង​នេះ​ ផលវិបាក​ សង្គម​មួយ​ទៀត​ គឺ​ការ​រើសអើង»។

ជា​ញឹកញាប់​ មេរោគ​អេដស៍​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នក​មាន និង​អ្នក​ក្រ​បាត់បង់​ការងារ​ និង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ប្រទះ​ការ​ម៉ាក់​ងាយ​ និង​ការ​រើស​អើង។ របាយការណ៍​ជាតិ​ស្ដី​អំពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​មេរោគ​អេដស៍​មក​លើ​ក្រុម​គ្រួសារ​នៅ​កម្ពុជា រៀប​រាប់​ថា​ កុមារ​ដែល​កំព្រា​ដោយសារ​មេរោគ​អេដស៍​បាន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​បន្ទុក​សេដ្ឋកិច្ច​ដែល​មាន​មក​លើ​សមាជិក​គ្រួសារ​ដែល​នៅ​រស់​ និង​ជា​បន្ទុក​របស់​ប្រទេស។

ជម្ងឺ​អេដស៍​បាន​ចាប់​ផ្ដើម​កើត​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៩១​ ហើយ​បន្ទាប់​មក​បាន​រីក​រាល​ដាល​ជា​ខ្លាំង​រហូត​ដល់​ជន​បទ។​ បច្ចុប្បន្ន​មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ប្រមាណ​៧៥.០០០​នាក់​ នៅ​ក្នុង​ក្រុម​គ្រួសារ​ប្រមាណ​ជា​៦ម៉ឺន​គ្រួសារ​កំពុង​តែ​ផ្ទុក​មេរោគ​អេដស៍។ មួយ​ឆ្នាំ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៥៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការងារ​មេរោគ​អេដស៍​នេះ​ដូច​ជា​ការ​ថែទាំ​ ការ​ការពារ​ និងការ​ផ្តល់​ថ្នាំ​ពន្យារ​ជា​ដើម៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!