VOA News: ព័ត៌មាន: “បារាំង​ជំរុញ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ចេញ​សាលដីកា​ចុង​ក្រោយ​សម្រាប់​រឿងក្តី​ឌុច” plus 4 more

VOA News: ព័ត៌មាន: “បារាំង​ជំរុញ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ចេញ​សាលដីកា​ចុង​ក្រោយ​សម្រាប់​រឿងក្តី​ឌុច” plus 4 more


បារាំង​ជំរុញ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ចេញ​សាលដីកា​ចុង​ក្រោយ​សម្រាប់​រឿងក្តី​ឌុច

Posted: 07 Sep 2011 02:21 PM PDT

សម្ពាធ​អន្តរជាតិ​មាន​បន្ថែម​លើ​សាលាក្តី​ខ្មែរ​ក្រហម​ដើម្បី​ជំរុញ​ការ​កាត់​ទោស​របស់​តុលាការ​នេះ​ធ្វើ​ដំណើរ​ទៅ​មុខ​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​​កម្ពុជា។

នៅ​ថ្ងៃ​ពុធ​នេះ​ រដ្ឋាភិបាល​បារាំង​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ទទូច​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ ប្រកាស​សាលដីកា​នៃ​សំណុំរឿង​០០១​ដែល​ជា​សំណុំរឿង​របស់​ឌុច​ឲ្យ​បាន​ឆាប់​ព្រម​ទាំង​ជំរុញ​សាលាក្តី​ខ្មែរ​ក្រហម​ឲ្យ​ចាប់​ផ្តើម​កាត់​ក្តី​ជា​បន្ទាន់​លើ​សំណុំរឿង​០០២។

កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលមិញ​នេះ​ អង្គភាព​សហមេធាវី​នាំ​មុខ​ តំណាង​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​ ដែល​ជា​ផ្នែក​មួយ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ក៏​បាន​ជំរុញ​ឲ្យ​សាលាក្តី​នេះ​ធ្វើ​ការ​កាត់​ទោស​សំណុំរឿង​០០២​ ឲ្យ​បាន​ឆាប់​ផង​ដែរ​ បន្ទាប់​ពី​មរណភាព​របស់​លោក​វ៉ាន់​ ណាត ​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ និង​ជា​សាក្សី​មួយ​រូប​ដ៏​​សំខាន់​នៅ​ក្នុង​សំណុំរឿង​របស់​ឌុច។

លោក ​វ៉ាន់​ ណាត​ ដែល​បាន​ទទួល​មរណៈភាព​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយរោគាពាធ។​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារាំង​នៅ​ថ្ងៃ​នេះ​ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ ដោយ​យោង​ទៅ​លើ​មរណៈភាព​របស់​លោក​វ៉ាន់ ​ណាត ​ផង​ដែរ​ ហើយ​បាន​សង្កត់​ធ្ងន់​ថា​ នៅ​ក្នុង​បរិបទ​បែប​នេះ​ វា​គឺ​ជា​ការ​ចាំ​បាច់​ដែល​អង្គជំនុំ​ជម្រះ​វិសមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​ប្រកាស​ឲ្យ​បាន​ឆាប់​ចំពោះ​សាល​ដីកា​ឧទ្ធរណ៍​នៃ​សំណុំរឿង​០០១​ ដែល​ទាក់ទង​ទៅ​នឹង​ឌុច​ ព្រម​ទាំង​ចាប់​ផ្តើម​បើក​សវនការ​សំណុំរឿង​០០២​ដោយ​កុំ​បង្អង់​ឡើយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បារាំង​ដដែល​បាន​ទទូច​បន្ថែម​ថា តម្រូវ​ការ​ចាំបាច់​គឺ​ត្រូវ​រក​ការ​ពិត​សម្រាប់​ជន​រងគ្រោះ​ចុង​ក្រោយ​ ដែល​តែង​កំពុង​នៅ​រស់រាន​មាន​ជីវិត​ ហើយ​ ក៏​ដូច​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ផង​ដែរ។

លោក ​ឡាស ​អលស៊ិន​ (Lars Olsen) មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ មាន​ប្រសាសន៍​ដោយ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​តុលាការ​កំពូល​ថា សាលដីកា​នៃ​បណ្តឹង​ឧទ្ធរណ៍​ ក្នុង​ករណី​ឌុច​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចុង​ឆ្នាំ​នេះ​ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​ការ​កាត់ទោស​នៅ​ក្នុង​សំណុំរឿង​០០២​នៅ​ឡើយ​ទេ។

«នៅ​ក្នុង​សេចក្តីថ្លែងការណ៍កាល​ពី​សប្តាហ៍​មុន​ អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​និយាយ​ថា​ ខ្លួន​នឹង​ប្រកាស​សាលក្រម​នៅ​ចុង​ឆ្នាំ​នេះ។  អង្គជំនុំ​ជម្រះ​នឹង​កំណត់​ កាល​បរិច្ឆេទ​នៃ​សវនាការ​ពេញ​អង្គ​សេចក្តី​ នៅ​ពេល​ដែល​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ លើ​បញ្ហា​សុខភាព​ជន​ជាប់​ចោទ​នៅ​ឆ្នាំ​នេះ​ ហើយ​យើង​មិន​ទាន់​ដឹង​ថា​ កាល​បរិច្ឆេទ​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ»។

ឌុច ​ឈ្មោះ​ដើម​គឺ​ កាំង​ ហ្គេកអ៊ាវ​ ត្រូវ​ចោទ​ប្រកាន់​ពីបទប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដែល​បាន​បង្ក​ឲ្យ​អ្នក​ជាប់​គុក​ទួលស្លែង​យ៉ាង​តិច​១២.៣៨០​នាក់​ ស្លាប់​យ៉ាង​វេទនា​បំផុត​។

ដោយ​ឡែក​ ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ នៅ​ក្នុង​សំណុំរឿង​០០២​ គឺ​នួន​ ជា ​ខៀវ​ សំផន ​អៀង​ សារី​ និង​អៀង​ ធីរិទ្ធ មាន​ភាព​ចាស់​ជរា​ទ្រុឌ​ទ្រោម​ ហើយ​សាលាក្តី​ខ្មែរ​ក្រហម​នឹង​ត្រូវ​ពិនិត្យ​លទ្ធភាព​អំពី​ការ​ចូល​សវនាការ​របស់​នួន​ ជា​ និង​អៀង ​ធីរិទ្ធ​ នៅ​ពេល​ខាង​មុខ​នេះ។

លោក ​ជុំ ​ម៉ី ​អតីត​អ្នក​គុក​ទួលស្លែង​ និង​ជា​សាក្សី​ម្នាក់​ទៀត​ នៅ​ក្នុង​សំណុំរឿង​០០១​ បាន​សម្តែង​ការ​សប្បាយ​ចិត្ត​ ចំពោះ​ការ​ជំរុញ​របស់​​បារាំង​ ដោយ​លោក​ប្រកាស​ថា​ ការ​ប្រកាស​សាលដីកា​គឺ​ជា​យុត្តិធម៌​ចុង​ក្រោយ​សម្រាប់​រូប​លោក។

«ធ្វើ​អញ្ចឹង​ បើ​ចេញ​បាន​ឆាប់​ វា​ឆាប់​បាន​យុត្តិធម៌​ហើយ​ បាទ»។

លោក ​ជុំ ​ម៉ី ​ក៏​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​ប្រជាធិបតេយ្យ​ ដែល​ហៅ​កាត់​ថា​ សមាគមន​ក្សេមក្សាន​ ផង​ដែរ។ កាល​ពី​ខែ​មុន​ សមាគម​របស់​លោក​ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ប្រកាស​សាលដីកា​ឌុច​ឲ្យ​បាន​ឆាប់​បំផុត​ ហើយ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ ការ​ប្រកាស​សាល​ដីកា​ស្តី​ពី​បណ្តឹង​ឧទ្ធរណ៍​នៃ​សំណុំរឿង​ឌុច​ និង​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ដំណាច់​ឆ្នាំ​២០១១​នេះ។

ដោយ​ឡែក លោក​ សុំ​ វុទ្ធី​ អតីត​អ្នក​ទោស​ម្នាក់​ទៀត​របស់​ពួក​ខ្មែរ​ក្រហម​នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំរឿង​០០២​ក៏​បាន​អបអរសាទរ​នេះ​ដែរ។

«ត្រឹម​ត្រូវ​ណាស់​ ជាង​សាមសិប​ឆ្នាំ​ហើយ​ ការ​ចាំ​តុលាការ។ ហើយ​ដល់​តែ​មាន​តុលាការ​ ស្រាប់​តែ​នៅ​តែ​អូសបន្លាយ​ពេល​ ហើយ​មេដឹក​នាំ​ខ្មែរ​ក្រហម​កាន់​តែ​ចាស់​ហើយ»។

យ៉ាងណា​ក៏​ដោយ ​លោក ​ឆាំង ​យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ហៅ​ការ​ជំរុញរបស់​បារាំង​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​ថា​អាច​ត្រូវ​បាន​បក​ស្រាយ​ថា​ ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ​ ហើយ​លោក​គិត​ថា​ ការ​ជំរុញ​ឲ្យ​តុលាការ​មាន​ឯករាជ្យភាព​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ដំណើរការ​កាត់​ក្តី​ទៅ​មុខ​កាន់​តែ​លឿន៕

This posting includes an audio/video/photo media file: Download Now

ការិយាល័យ​សិទ្ធិមនុស្ស​អ.​ស.ប.បើក​វគ្គ​បណ្តុះ​បណ្តាល​ការ​ត្រូតពិនិត្យ​ការ​ឃុំ​ខ្លួន

Posted: 07 Sep 2011 02:00 PM PDT

អង្គការ​សិទ្ធិ​មនុស្ស​នៃអង្គការ​​​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ចាប់​ផ្តើម​បណ្តុះ​បណ្តាល​វិធី​សាស្ត្រ​ទាក់​ទង​នឹង​ជំនាញ​ពិនិត្យ​ឃ្លាំមើល​ការ​ឃុំ​ខ្លួន​ ដើម្បី​ជៀស​វាង​ការ​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ។

វគ្គ​បណ្តុះ​បណ្តាល​រយៈពេល​បី​ថ្ងៃ​នេះ​ ផ្តោត​ជា​សំខាន់​លើ​គោលបំណង​នៃ​ការពិនិត្យ​ឃ្លាំ​មើល​ទី​កន្លែង​ឃុំ​ខ្លួន​ តួ​នាទី​ និង​យន្តការ​បង្ការ​ថ្នាក់​ជាតិ គោលការណ៍​នៃ​ដំណើរ​ទស្សន​កិច្ច​ត្រួត​ពិនិត្យ​មើល​ការ​ឃុំ ​និង​ឃាត់​ខ្លួន​ យុទ្ធសាស្ត្រ​នៃ​សម្ភាសន៍​ជាដើម។

មន្ត្រី​រដ្ឋាភិបាល​ប្រមាណ​២០​នាក់​មក​ពី​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ ក្រសួង​សុខាភិបាល​ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ។

លោក ​នុត​ សាអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​បើក​វគ្គបណ្តុះ​បណ្តាល​នៅ​សណ្ឋាគារ​ Imperial Garden Villa and Hotel ​ថា វគ្គ​សិក្សា​នេះ​មាន​សារៈសំខាន់​សម្រាប់​ជួយ​ជំរុញ​ការ​យល់​ដឹង​ និង​ចំណេះ​ដឹង​ថ្មី​ៗ​ដល់​មន្ត្រី​កម្ពុជា​ឲ្យ​អនុវត្ត​ការងារ​ឃ្លាំ​មើល​ ឬ​ត្រួត​ពិនិត្យ​កន្លែង​ឃុំ​ឃាំង​អ្នក​ទោស​ឲ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

«ប្រធាន​បទ​នេះ​គឺ​ជា​ប្រធាន​បទ​ដែល​មាន​លក្ខណៈ​ថ្មី​សម្រាប់​យើង​ ដើម្បី​វាស់​នូវ​កម្រិត​យល់​ដឹង​របស់​យើង​ដែល​បាន​ធ្លាប់​អនុវត្ត​កន្លង​មក។ ​វគ្គ​សិក្សា​នេះ​ ខ្ញុំ​ចាត់​ទុក​ជា​ម៉ែត្រ​វាស់​មួយ​នូវ​កម្រិត​យល់​ដឹង​របស់​យើង​ក៏​ដូច​ជា​កម្រិត​នៃ​ការ​អនុវត្ត​ការងារ​របស់​យើង​ដែល​បាន​ធ្វើការ​កន្លង​មក​ដែរ»។

លោក ​ចេមស៍ ហ៊ីណាន (James Heenan)​ តំណាង​ស្តី​ទី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ថា ការ​កសាង​សមត្ថភាព​នៅ​កម្ពុជា​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​កន្លែង​ឃុំឃាំង​បាន​ចាប់​ផ្តើម​ជា​យូរ​មក​ហើយ។ លោក​ ចេមស៍​បាន​បន្ត​ថា​ វគ្គ​បណ្តុះ​បណ្តាល​នេះ​មិន​មែន​ត្រឹម​តែ​ជា​ឱកាស​ដើម្បី​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​តម្រូវ​ឲ្យ​មាន​ការ​ធានា​ដល់​បញ្ហា​ធំ​ៗ​នៃ​ការ​ធ្វើ​ទារុណ​កម្ម​នៅ​កន្លែង​ឃុំឃាំង។

«កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ធ្វើ​ការ​លុប​បំបាត់​អំពើ​ទារុណកម្ម​ ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន​នៅ​តាម​កន្លែង​ឃុំឃាំង​ ហើយ​វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ជួយ​យើង​ទាំង​ពីរ​ឆ្ពោះ​ទៅ​រក​គោលដៅ​នោះ​ ប៉ុន្តែ​ផ្តល់​ឲ្យ​យើង​នូវ​ជំនាញ​មួយ»។

លោក​ នុត ​សាអាន​ បាន​ថ្លែង​ថា កម្ពុជា​បាន​ផ្តល់​សច្ចាបណ្ណ័​ទៅ​លើ​ពិធី​សារ​បន្ថែម​នៃ​អនុសញ្ញា​ប្រឆាំង​អំពើ​ទារុណ​កម្ម​ (OPCAT) ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិនា ​ឆ្នាំ​២០០៧​ ហើយ​បាន​ចូល​ជា​រដ្ឋភាគី​នៃ​ពិធីសារ​បន្ថែម​នេះ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២០០៧។

រដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ទប់​ស្កាត់​ថ្នាក់​ជាតិ​មួយ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០០៨ ដែល​រួម​មាន​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​មើល​កន្លែង​ឃុំឃាំង​ដើម្បី​ធានា​ថា ការ​ធ្វើ​ទារុណ​កម្ម​មិន​ត្រូវ​បាន​អនុញ្ញាត។ កម្ពុជា​ចូលជា​ភាគី​នៃ​អនុសញ្ញា​ ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​១៩៩២។

លោក ​ចាន់ ​សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា​ នគរបាល​ និង​កង​រាជអាវុធហស្ថ​ ជា​ធម្មតា​ ប្រើ​អំពើ​ទារុណកម្ម​ ដើម្បី​ទទួល​បាន​ចម្លើយ​ពី​អ្នក​ជាប់​ឃុំ​ទាំង​ក្នុង​កន្លែង​ឃុំ​ឃាំង​របស់​នគរបាល​ និង​ពន្ធនាគារ។

«អំពើ​ទារុណកម្ម​ទាំង​អស់​ បើ​យើង​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១០ សមាគម​អាដហុក​ទទួល​បាន​ជាង​៧០​ករណី​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ហើយ​រយៈពេល​ជាង​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ ​សមាគម​អាដហុក​ទទួល​បាន​ជាង​៤០​ករណី»។

លោក ​ចាន់​ សាវ៉េត​ បាន​បន្ថែម​ថា​ ករណី​ទារុកម្ម​ភាគ​ច្រើន​ បាន​កើត​ឡើង​នៅ​ក្នុង​កន្លែង​ឃុំឃាំង​របស់​នគរបាល៕

This posting includes an audio/video/photo media file: Download Now

ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​រង់ចាំ​ចំណាត់ការ​សាលាក្រុង​

Posted: 07 Sep 2011 10:38 AM PDT

កាល​ពី​ដើម​ខែ​សីហា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​សម្រេច​កាត់​ដី​ចំនួន​ជាង​១២​ហិកតា​ចេញ​ពី​គម្រោង​អភិវឌ្ឃន៍​នៅ​តំបន់​បឹងកក់​ ដើម្បី​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​អភិវឌ្ឃ​សាងសង់​លំនៅ​ដ្ឋាន​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ធនាគារ​ពិភព​លោក​បង្កក​ជំនួយ​ដល់​កម្ពុជា​ដោយសារ​តែ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​កក់។

បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ សាលា​ក្រុង​ភ្នំពេញ​បាន​ប្រញាប់​ប្រញាល់​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់។ លោក​កែប ជុតិមា​អភិបាល​ក្រុង​ភ្នំពេញ​នៅ​ពេលនោះ​បាន​ប្រកាស​ថា អាជ្ញាធរ​ក្រុង​ជាអ្នក​ទទួល​បន្ទុក​ធ្វើ​ប្លង់​កាន់​កាប់​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ហើយ​រដ្ឋ​ជាអ្នក​ទទួល​បន្ទុក​បង់​ពន្ឋ​ប្រថាប់​ត្រា​ជូន។

ការសម្រេច​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​កាត់​ដី​ចំនួន​១២,៤៤​ហិកតា​នោះ ​គឺសម្រាប់​ប្រជាពលរដ្ឋ​ចំនួន​ជិត​៨០០​គ្រួសារ​ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​យ៉ាង​បំពាន​ពី​អាជ្ញាធរ​ក្រុង។ ក៏ប៉ុន្តែ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ​មាន​ចំនួន​៦៤​គ្រួសារ​ទៀត​នៅ​ក្នុង​ភូមិ​១ ភូមិ​៦ ភូមិ២២​និង ភូមិ២៤​បាន​អះអាង​ថា អាជ្ញាធរ​បាន​កាត់​ចេញ​ មិន​បាន​ធ្វើ​ប្លង់​កម្មសិទ្ឋ​ដល់​ពួកគេ​ទេ។

លោក​ កែប ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ពុធនេះ ​នៅពេល​ដែល​សម្ភាស​លោក​តាម​ទូរស័ព្ទ។ ចំណែក​ឯ​លោក​កើត ឆែ នាយករង​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​បាន​និយាយ​ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ​នៅ​ឯក្រៅ​ប្រទេស។

អ្នកស្រី លី ចាន់ណារី អាយុ​៣៦​ឆ្នាំ​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​១​បាន​និយាយ​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ​ដែល​មាន​ដី​ទំហំ​២,៥​ហិកតា ដែល​សាលា​ក្រុង​ភ្នំពេញ​បាន​កាត់​ចេញ​ និង​មិន​បាន​ធ្វើ​ប្លង់​ឲ្យ​ពួក​គេ។​ អ្នកស្រី​បាន​បញ្ជាក់​ថា​ ក្រុម​គាត់​បាន​ដាក់​សំណើ​សុំ​ចេញ​លិខិត​កាន់​កាប់​ដី​ធ្លី​តាំង​ពីថ្ងៃ​ទី​២៣​ ខែ​សីហា ក៏ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​មិន​បាន​ឆ្លើយ​តបទេ។

«នាងខ្ញុំ​សប្បាយ​រីករាយ​ណាស់​នៅ​ពេល​ដែល​បាន​ទៅ​ទទួល​អនុក្រិត្យ​ហ្នឹង​ ឮ​ថា​សម្តេច​ផ្តល់​ប្រទានកម្មសិទ្ធ​១២,៤៤ហិកតា​ហ្នឹង។ ​ដល់​មក​ដល់​ដំណាក់​កាល​នេះ​ ពួក​នាងខ្ញុំ​នៅ​តែ​មិន​ទាន់​បាន​ទទួល​ប្លង់​កាន់​កាប់​កម្ម​សិទ្ឋិ​ទៀត។ ដូច្នេះ​ពួក​នាង​ខ្ញុំ​នៅ​តែ​ពិបាក​ដដែល​ហ្នឹង»។

លោក ហេង សុវណ្ណ​ប្រជាពលរដ្ឋ​នៅ​ភូមិ​៦​បាន​និយាយថា ​ភូមិ​របស់​លោក​អាជ្ញាធរ​បាន​មក​ចុះ​វាស់វែង និង​បាន​ចេញ​ប័ណ្ណ​សម្រាប់​មក​ទទួល​ប្លង់​កាន់​កាប់​ដី​ធ្លីហើយ ក៏ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​អាជ្ញាធរ​មិន​បាន​ចេញ​ប្លង់​កាន់​កាប់​ដី​ធ្លី​ដល់​ពួគេ​ទេ។

«ចង់​សំណូមពរ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​អស់​ឲ្យ​ជួយ​មើល​ចំណាត់​ការ​របស់​សាលា​ក្រុង​ផង​ព្រោះ​ប្រជាជន​មិន​សុខចិត្តទេ។ សម្តេច​បាន​សម្បទាន​ឲ្យ​ប្រជាជន​ឲ្យ​៧៩៤​គ្រួសារ​ដីទំហំ​៩,៥​គឺត្រូវ​តែ​បាន។ ក៏ប៉ុន្តែ​ចំណាត់​ការ​របស់​សាលា​ក្រុង​មិន​មាន​ភាពប្រក្រតី»។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំមើល​បញ្ហាទំនាស់​ដី​ធ្លី​មិន​បាន​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​​ទៅ​លើ​ការ​បែង​ចែក​ដី​របស់​សាលា​ក្រុង​ក្រោយ​ពី​រដ្ឋាភិបាល​បាន​កាត់​ដី​ចេញ​ពី​គម្រោង​អភិវឌ្ឃន៍​ទេ ក៏ប៉ុន្តែ​បាន​អះ​អាង​ថា ខ្លួន​បាន​តាម​ឃ្លាំមើល​ពី​ខាង​ក្រៅ​តែប៉ុណ្ណោះ។

លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ឋិ​លំនៅដ្ឋាន​បាន​និយាយ​ថា​ក្រុម​លោក​គ្រាន់​តែ​តាម​ឃ្លាំមើល​តែ​ប៉ុណ្ណោះ។ ​ក៏​ប៉ុន្តែ​ក្រុម​លោក​នឹង​បើក​ទូលាយ​ក្នុង​ការ​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ប្រសិន​បើ​មាន​បញ្ហា។

«យើង​សង្គម​ស៊ីវិល​មាន​ការ​លំបាក​ដែរ ដែល​យើង​ចូល​ទៅ​ក្នុង​រឿងហ្នឹង​វាអាច​មាន​ការ​ចោទ​ប្រកាន់​ពី​អាជ្ញាធរ។ អញ្ចឹង​យើង​មាន​ការ​លំបាក​ដែរ​នៅ​ក្នុង​រឿង​ហ្នឹង។ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ពង្រឹង​សមត្ថភាព​ខ្លូន​ឯង​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​រឿងហ្នឹង»។

លោក​ អំ សំអាត​ មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​អង្កការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ទទួល​ដំណឹង​ថា ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​កាត់​ដី​ចេញ​មិន​ផ្តល់​ប្លង់កម្មសិទ្ឋិ​ដីធ្លី​ឲ្យទេ។​លោកបាន​បញ្ជាក់​ថា​ អង្កការ​លីការដូ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ឡើង​វិញ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ។

«សំណូមពរ​ធ្វើ​យ៉ាង​ណា​សូម​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព​ហើយ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ហើយ​គាត់​រស់​នៅ​តំបន់​បឹង​កក់​ហ្នឹង​គាត់​ទទួល​បាន​នៅ​ដីធ្លី​នេះ​ដូចៗ​គ្នា»។

លោក​ចាន់ សាវ៉េត មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ឋិ​មនុស្ស​អាដហុក​បាន​និយាយ​ថា​ សមាគម​របស់​លោក​ទើប​តែ​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ប្រមាណ​ប្រាំ​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​បាន​អះអាង​ថា ពួក​គេ​ត្រូវបាន​អាជ្ញាធរ​មិន​ចេញ​ប្លង់​កម្មសិទ្ឋិ​ដី​ធ្លី​ឲ្យ។​ លោក​មាន​ប្រសាន៏​ទៀត​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជា​ការ​លំបាក​មួយ​ប្រសិន​បើរដ្ឋា​ភិបាល​មិន​បាន​តាម​ដាន ​ហើយ​មន្ត្រី​អនុវត្តន៍​ច្បាប់​មិន​សម្តែង​ការ​ស្មោះត្រង់​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់​តែ​លំបាក៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៧ កញ្ញា

Posted: 07 Sep 2011 02:32 AM PDT

អាស៊ី៖ ទីផ្សារ​ហ៊ុន​ក្នុង​ទ្វីប​អាស៊ី​បាន​បិទ​ដោយសារ​មាន​ការ​លក់ហ៊ុន​កើនឡើង​ជាងមុន​នៅ​ថ្ងៃ​ពុធ​នេះ។​ ទីផ្សារហ៊ុន​​នីកេ​ ក្នុង​ទីក្រុង​តូក្យូ​របស់​ជប៉ុន​បាន​កើន​ឡើង​ជាង​ពីរ​ភាគរយ​ដោយ​បញ្ចប់​ក្នុង​ពិន្ទុ​៨.៧៦៣ ទីផ្សារ​​ហ៊ុន​ហាងសេង ក្នុង​ទីក្រុង​ហុងកុង​បាន​ឡើង​ជិត​មួយ​ភាគរយ​ដោយ​បញ្ចប់​ក្នុង​ពិន្ទុ​២០.០៤៨។​ តម្លៃ​ភាគហ៊ុន​ក៏​កើនឡើង​ដែរ​ក្នុង​ទីក្រុង​បាងកក​ ហ្សាការតា​ កូឡាឡំពួរ​ ម៉ានីល​ ម៉ុមបៃ​ សេអ៊ូល​ សៀងហៃ​ សិង្ហបូរី​ ស៊ីដនី​ តៃប៉ិ​ និង​វេលលីងតុន។

ភូមា៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ភូមា​ក្នុង​ឆ្នាំ​នេះ​បាន​បង្កើត​ឲ្យ​មាន​ឱកាស​ដើម្បី​ពិភាក្សា​ថ្នាក់​ជាតិ​បន្ថែម​ទៀត​ដោយ​រួម​បញ្ចូល​ភាគី​ច្រើន ប៉ុន្តែ​បាន​បន្ថែម​ថា​នៅ​មិនទាន់​ដល់​ពេល​និយាយ​ថា​តើ​ការផ្លាស់​ប្តូរ​ពិតប្រាកដ​កំពុង​កើត​ឡើង​ឬ​យ៉ាងណា​នោះ​ទេ។​​

ចិន៖ អាជ្ញាធរ​ចិន​និយាយ​ថា​ពួកគេ​បាន​ជួយ​សង្គ្រោះ​កុមារ​ដែល​មាន​បញ្ហា​ខាង​ខួរក្បាល​ចំនួន​៣០​នាក់​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទាសករ​ពលកម្ម​នៅឯ​រោងចក្រ​ឥដ្ឋ​ខុសច្បាប់​មួយ។​

ប៉ាគីស្ថាន៖ ក្រុម​តាលីបាន​នៅ​ប្រទេស​ប៉ាគីស្ថាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​ចំនួន​ពីរ​ដែល​វាយប្រហារ​លើ​គេហដ្ឋាន​របស់​មន្ត្រី​សនិ្តសុខ​ជាន់​ខ្ពស់​របស់​ប៉ាគីស្ថាន​ នា​ថ្ងៃ​ពុធ​នេះ​។ ការ​វាយប្រហារ​នោះ បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​២២​នាក់​ដោយ​រួម​ទាំង​ភរិយា​របស់​មន្ត្រី​រូប​នោះ​ផងដែរ។​

ឥណ្ឌា៖ អាជ្ញាធរ​ឥណ្ឌា​បាន​ហៅ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ខាងក្រៅ​អាគារ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ញ៉ូវដេល្លី ថា​ជាការ​វាយប្រហារ​ភេរវកម្ម​ដោយ​ចេតនា ក្រោយពី​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១០​នាក់​និង​ធ្វើឲ្យ​មនុស្ស​៦២​នាក់​ផ្សេង​ទៀត​របួស។​

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​​ដែល​មាន​ការ​គាំទ្រ​ដោយ​កងរថក្រោះ​ផង​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១​នាក់​ក្នុង​ការ​វាយប្រហារ​មួយ​ក្នុង​ទីក្រុង​ហូម​ដែល​ឋិត​នៅ​ភាគ​កណ្តាល​ប្រទេស។​

លីប៊ី៖ មាន​របាយការណ៍​ប្រទាំងប្រទើស​គ្នា​ទាក់ទង​នឹង​បញ្ហា​ថា​តើ​មាន​ក្បួន​រថយន្ត​ដ៏​ធំ​ដឹក​កងកម្លាំង​ដែល​ស្មោះ​ត្រង់​នឹង​មេដឹកនាំ​មូអាម៉ា​ ហ្កាដាហ្វី​ ដែល​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​តំណែង​បាន​ឆ្លង​ចូល​ប្រទេស​នីហ្សេ​ឬ​យ៉ាងណា។​

អេហ្សីប៖ តុលាការ​មួយ​របស់​ប្រទេស​អេហ្សីប​បាន​ចាប់​ដំណើរការ​អង្គសវនាការ​អតីត​ប្រធានាធិបតី​ហូស្នី​ មូបារ៉ាក់​ ដោយ​មាន​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ដ៏​ច្រើន​នៅ​ខាងក្រៅ​អាគារ​តុលាការ​ដើម្បី​ការពារ​មិនឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​ប្រឆាំង​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​មេដឹកនាំ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​នេះ។

អ៊ីរ៉ាក់៖ លោក​ឡេអូ​ ប៉ាណេតា​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​និយាយ​ថា​មិនទាន់​មាន​ការ​សម្រេចចិត្ត​ណាមួយ​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​រក្សា​កងកម្លាំង​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​​អ៊ីរ៉ាក់​បន្ទាប់ពី​ពេល​កំណត់​ចុងក្រោយ​ដែល​ត្រូវ​ដក​កង​កម្លាំង​ចេញ​ក្នុង​ឆ្នាំ​នេះ។​

អាល្លឺម៉ង់/សហគមន៍អឺរ៉ុប៖ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​រក្សាទុក​ការ​ចូលរួម​របស់​ប្រទេស​នេះ​ក្នុង​មូលនិធិ​សង្គ្រោះ​សហភាព​អឺរ៉ុប ប៉ុន្តែ​និយាយ​ថា​សភា​អាល្លឺម៉ង់​គួរ​តែ​មាន​សំឡេង​ធំ​ជាងមុន​ក្នុង​ការរៀប​ចំ​កញ្ចប់​សង្គ្រោះ​សេដ្ឋកិច្ច។​

ប៉ាស៊ីហ្វិក៖ មេដឹកនាំ​ដែន​កោះ​ក្នុង​ស​មុទ្រ​ប៉ាស៊ីហ្វិក​កំពុង​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​កើនឡើង​កម្ពស់​ទឹក​សមុទ្រ​ដែល​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​សាកល​លោក។​

សហរដ្ឋ​អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ជួប​ពិភាក្សា​​ដេញដោល​គ្នា​នៅយប់​​ថ្ងៃ​ពុធ​នេះនៅឯ​បណ្ណាល័យ​លោក​ប្រធានាធិបតី​រ៉ូណាល់​ រីហ្កេន ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ។​ នេះ​ជាការ​ជួប​ពិភាក្សា​ដេញដោល​គ្នា​លើក​ដំបូង​បង្អស់​ក្នុង​ចំណោម​ការ​ ពិភាក្សា​ដេញដោល​គ្នា​ដែល​មាន​ជា​បន្ត​ទៀត។​

អាហ្វ្រិក​ខាង​កើត៖ ទី​ភ្នាក់ងារ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ព្យាករណ៍​ថា​នឹង​មាន​ទឹកភ្លៀង​ធ្លាក់​ធម្មតា​ឡើង​វិញ ឬ​អាចលើស​ពីកម្រិត​ធម្មតា​ក្នុង​ភាគ​ខាងត្បូង​ប្រទេស​សូម៉ាលី​ដែល​កំពុង​ទទួល​រងគ្រោះ​ដោយសារ​គ្រោះទុរ្ភិក្ស។​

អាល់ហ្សេរី៖ ក្រុម​គណៈ​ប្រតិភូ​មកពី​ប្រទេស​ជិត​៤០​បាន​មក​ជួប​ជុំ​គ្នា​ក្នុង​ប្រទេស​អាល់ហ្សេរី​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ពិភាក្សា​អំពី​ការ​គំរាមកំហែង​នៃ​ក្រុម​មាន​ទំនាក់ទំនង​នឹង​ក្រុម​អាល់​កៃ​ដា​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង។​

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

តួកគី​៖ ប្រទេស​តួកគី​និយាយ​ថា​ខ្លួន​ផ្អាក​ពាណិជកម្ម​យោធា​​និង​សហប្រតិបត្តិការ​យោធា​ជា​មួយ​ប្រទេស​អ៊ីស្រាអែល ​ហើយ​បង្កើន​ការ​ឃ្លាំ​មើល​ដោយ​កង​នាវា​ចម្បាំង​នៅ​ក្នុង​ផ្ទៃទឹក​នៃ​សមុទ្រ​មេឌីទែររ៉ាណេ ​ជាការ​ឆ្លើយ​តប​នឹង​ការ​ប្រកែក​ដោយ​អ៊ីស្រាអែល​ដែល​មិនព្រម​សុំ​អភ័យទោស​ដល់​ការ​ឆ្មក់​វាយ​ប្រហារ​ដ៏​ប្រល័​យ​មួយ​ទៅ​លើ​នាវា​ដឹក​ជំនួយ​តួកគី​មួយ​គ្រឿង​កាល​ពីឆ្នាំ​ទៅ​មិញ។

ស៊ីរី​​៖ សហភាព​អឺរ៉ុប​កំពុង​ចាត់​វិធានការ​ដើម្បីដាក់​កំហិត​ទ័ណ្ឌកម្ម​បន្ថែមទៅ​លើ​ប្រទេស​ស៊ីរី​ចំពោះ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ប្រឆាំង។​ក្រសួង​ការបរទេស​បារាំង​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ពួក​អ្នក​ការទូត​កំពុង​ពិចារណា​អំពី​វិធានការ​ដែល​យក​ជា​ទីដៅ​ក្រុមហ៊ុន​ទាំង​ទ្បាយ​ណា​ដែលមាន​ការ​ទាក់ទិន​ជាមួយ​ការ​បង្ក្រាប​ក្រុម​ជន​ស៊ីវិលនៅ​ស៊ីរី។

លីប៊ី​៖ ក្បួនរថយន្ត​យ៉ាង​តិច​ណាស់​២​រយ​គ្រឿង​ដែល​ដឹក​កងកម្លាំង​ស្មោះត្រង់​ជា​មួយ​ Moammar Gadhafi​ ប្រទេស​លី​ប៊ី​បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ជិត​ខាងនីហ្សេ​ ​ពេល​ដែល​ក្រុម​យុទ្ធ​ជន​ប្រឆាំង​នឹង ​Gadhafi បាន​បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​​ក្រៅ​ទីតាំង​ចុង​ក្រោយ​បង្អស់​របស់​មេដឹកនាំ​​ដែល​បាន​ត្រូវ​បណ្តេញ​ពី​តំណែង។

ប៉ាគីស្ថាន​៖ គណៈកម្មការ​ប៉ាគីស្ថាន​បាន​ដាក់​កំហិត​មិន​ឱ្យ​វេជ្ជបណ្ឌិត​ប៉ាគីស្ថាន​ម្នាក់ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ទេ។ ​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ជួយសហរដ្ឋ​អាមេរិក​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារនៅ​ថ្ងៃ​ទី​២ ឧសភា ​ដែល​បាន​សម្លាប់អូសាម៉ា ប៊ីនឡាដេន មេ​របស់​អង្គការអាល់កៃដា។

លីប៊ី​៖ ក្រុម​ជំនួយ​អន្តរជាតិ​មួយ​និយាយ​ថា​ពួក​អ្នក​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​នៅ​អាហ្វ្រិក១​ពាន់២​រយ​នាក់​បាន​ជាប់គាំង​នៅក្រុង​មួយ​នា​ផ្នែក​ខាង​ត្បូងប្រទេស​លីប៊ី ​ជា​មួយ​ម្ហូប​អាហារ​និង​ទឹក​ដែល​រលោះ​បន្តិច​ម្តងៗ។

អាហ្វហ្គានីស្ថាន / អ៊ីរ៉ាក់​​៖ អតីត​ឧត្តមសេនីយ​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជា​ក្រុម​ទាហាន​ដែល​បាន​ត្រូវ​បន្ថែម​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​អាហ្វហ្គានីស្ថាន ​នៅ​ពេល​នេះ​ជា​អ្នក​ឱ្យ​បញ្ជា​នៅ​ក្នុង​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ CIA។

នីហ្សេរីយ៉ា៖ ពួក​ប៉ូលីស​សម្ងាត់​នៃ​ប្រទេស​នីហ្សេរីយ៉ា ​និយាយ​ថា​ពួក​គេ​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់​ដែល​មាន​ការ​ទាក់ទង​ជា​មួយ​និកាយ​សាសនា​អ៊ីស្លាម​និយម​ជ្រុល​មួយដែល​ជាប់​សង្ស័យ​ថា​បាន​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​និង​ក្នុង​ព្រះ​វិហារ​គ្រឹស្តសាសនា​មួយកាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ។

This posting includes an audio/video/photo media file: Download Now

តាអាន ​ជន​សង្ស័យ​នៃសំណុំ​រឿង​ ០០៤ បដិសេធ​ការទទួល​ខុសត្រូវ​ចំពោះ​ការកាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម

Posted: 06 Sep 2011 02:34 PM PDT

ឯកសារ​សម្ងាត់​របស់​សហ​ព្រះរាជ​អាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង ០០៣/០០៤​ ដែល​វីអូអេ​ខេមរភាសា​ទទួលបាន​ បានចោទ​ប្រកាន់​បន្ថែម​លើ​ជនសង្ស័យ​៥នាក់​ជាអតីត​កម្មាភិបាល​ខ្មែរក្រហម​ពីបទ​សង្ស័យថា​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នៅសម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​១៩៧០។​ ក៏ប៉ុន្តែ​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​នោះ​គឺ តា អាន ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ នៅខេត្ត​កំពង់ចាម ដែលមាន​ជនរងគ្រោះ​ជាង​១៥ម៉ឺននាក់​ស្លាប់នោះ​ បានអះអាង​ថា ​ការចោទ​ប្រកាន់​រូបលោក​ជាការភ័ន្ត​ច្រឡំ។ តា អាន​បដិសេធ​ថា​ គ្មានជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្មទាំងនោះ​​​ទេ ហើយ​អះអាង​ថា​ លោក​ក៏​មិនមែន​ជាអ្នក​បង្កើត​ចលនា​ខ្មែរក្រហម​ដែរ។​ តា អាន​ ឬ អោម ​អាន​ អាយុ​៧៨ ឆ្នាំ​ បច្ចុប្បន្ន​ជា​កសិករ។​ លោក​ សុខ ខេមរា​ នៃវីអូអេ​ បាន​ធ្វើ​ដំណើរ​ទៅយក​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែកក្កដា ​ហើយ​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​តា អាន​នៅផ្ទះ​របស់គាត់​ក្នុងភូមិមួយ​នៃស្រុកកំរៀង​ ខេត្ត​បាត់ដំបង។

ខាង​ក្រោម​នេះ​ជា​ភាគ​ទីមួយ​នៃ​សេចក្តី​សម្ភាស​ដែល​មាន​បីភាគ។

<!--AV-->

សំណួរ៖ កាល​ពី​ប៉ុន្មាន​ខែ​មុន​ មានសហ​ព្រះ​រាជ​អាជ្ញា​នៅតុលាការ​អន្តរជាតិ​បាន​​រំលឹក​​ឲ្យ​ឃើញ​នៅ​ក្នុង​ឯកសារ​ដែល​ចេញថា​​ លោក​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​សម័យ​អតីតកាលអី ដូច​ថា​មាន​អំពើ​ឃាតកម្ម​អី​ កើត​ឡើង​ច្រើន​ក្នុង​ពេល​មាន​មនុស្ស​ស្លាប់​នៅ​ខាង​កំពង់ចាម​អី​​ចឹង​ តើរឿង​នោះ ​ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នោះ​ មាន​អត្ថាធិប្បាយ​យ៉ាង​ម៉េច​ដែរ​បាទ?

ឆ្លើយ៖​ ខាង​កំពង់ចាម?

ស៖ បាទ។

ឆ៖​ ខ្ញុំ​ អត់​ ខ្ញុំ​សុំ​ជម្រាប​ប្រសាសន៍​​ក្មួយ​ បញ្ហា​ខ្ញុំ​នៅ​​កំពង់ចាម​នេះ​ ខ្ញុំ​ឥត​មាន​ទាក់​ទិន​អី​ទេ។​ អា​នេះ​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់។​​ ព្រោះ​ពេល​ដែល​គេ​ឲ្យ​ខ្ញុំ​ ផ្លាស់​ខ្ញុំ​ទៅ​កំពង់ចា​មនេះ​ គឺ​កំពង់ចាម​ពេល​នោះ​មាន​ភាព​ច្របូក​ច្របល់​​ មាន​ភាព​ច្របូក​ច្របល់​ និង​ខាង​លើ​និង​ឲ្យ​ខ្ញុំ​ទៅ​កំពង់ចាមនោះអត់​មាន​ទេ​អ្នក​ទទួល​ខុស​ត្រូវ​ តាំង​ពី​ភូមិ​ តាំង​ពី​ឃុំ​ ស្រុក​ គេ​ដក​ គេ​គូរ​ គេ​តាល់​អស់​ទៅ​ហើយ។​ ហើយ​ខ្ញុំ​​ហ្នឹងទៅ​រៀប​ចំ​ថ្មី​ទេ​។ អត់​មាន​ទាក់​ទិន​អីជា​មួយ​និង​ខ្លួន​ខ្ញុំ​ទេ។​ នេះ​ខ្ញុំ​សុំ​ជម្រាប​ប្រសាសន៍​ ការណ៍​ពិត​​អញ្ចឹង​ឯង។

ស៖ ប៉ុន្តែ​តុលាការ​ គេ​ថា​ចង់​នាំ​ខ្លួន​អ្នក​ប្រាំ​នាក់​ផ្សេង​​ទៀត​ នៅ​ក្នុង​នោះ​មាន​ឈ្មោះ​លោក​​ម្នាក់​ដែរ​ អញ្ចឹង​​នៅ​ពេល​និង​មាន​ការ​ព្រួយ​បារម្ភ​ទេ​ ឬ​ក៏​នឹង​ចង់​តវ៉ា​​យ៉ាង​ម៉េច​អំពី​គេ​បញ្ចេញ​ឈ្មោះ​យ៉ាង​ដូច្នោះ?

ឆ៖​ ខ្ញុំ​ បើ​មាន​សិទ្ធិ​តវ៉ា​ ដូច​ខ្ញុំ​ថា​​អញ្ចឹង​ គឺ​ខ្ញុំ​ឥត​មាន​បញ្ហា​អី​ទាក់​ទិន​​អំពី​ឃាតកម្ម​អស់​ហ្នឹង​ទេ​។​ អត់​មាន​ទេ​ ដូច​ខ្ញុំ​ជម្រាប​ប្រសាសន៍​អញ្ចឹង​គឺ​ថា​ ពេល​ដែល​ខ្ញុំ​ទៅ​ គឺ​អស់​ហើយ​តាំង​ពី​ក្រោម​រហូត​ដល់​លើ​ នៅ​តែ​ កែ ពក​ មួយ​ទេ។​ រួច​ខ្ញុំ​ទៅ​រៀប​ចំ​ភូមិ​ ឃុំ​ថ្មី​ ខ្ញុំ​មាន​ការ​ទាក់​ទិន​រឿង​អី?​ (គឺ)អត់​។

ស៖​ កាល​នោះ​លោក​អញ្ជើញ​ទៅ​ នៅ​ពេល​នោះ​ ឆ្នាំ​នោះ​មាន​ន័យ​ថា​ គេ​មាន​ការ​ច្របូក​ច្របល់​គ្នា​រួច​ហើយ​ ហើយ​មនុស្សក៏​មាន​ការ​ស្លាប់​ សម័យ​ហ្នុង​​​ ​ពី​មុន …?

ឆ៖​ បាទ​គេ​ដោះស្រាយ​អស់​ហើយ​ រួច​ខ្ញុំ​ទៅ​ក្រោយ​។​ ទៅ​អស់​ហើយ​ ខ្ញុំ​រៀប​ចំ​ក្រោយ។​ នៅ​តែ កែ​ ពក​ មួយ។​ ភូមិ​ ឃុំ​ ស្រុក​ តំបន់​ ខ្ញុំ​អត់​មាន​ទៅ​ប្រឡាក់​ប្រឡូស​អី​ទេ អត់​ អាហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​តវ៉ា​អញ្ចឹង​ឯង​ តើ​ខ្ញុំ​មាន​បញ្ហា​អី​ទាក់​ទិន?​ រួច​មក​ដល់​ ៧៧​ ៧៨​ រួច​ ៧៩​ អស់​ហើយ​ មាន​ស្អី​។

ស៖​ កែ ពក កាល​នោះ​គាត់​ធ្វើ​អីនៅ​ទី​នោះ ដែល​នៅ​សល់​គាត់​​មួយ?

ឆ៖​ លេខាភាគ(លេខាភូមិភាគ)។

ស៖​ អញ្ចឹង​គាត់​ក្តោប​រួម​ទាំង​អស់​ ​សម័យ​នោះ នៅទីនោះ​។

ឆ៖​ បាទ។

ស៖​ អញ្ចឹង​ ការ​ចោទ​ប្រកាន់​ដែល​ថា ​លោក​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​​ដូច​ថា​​ មន្ទីរ​សន្តិសុខ​អីហ្នឹង​ អា​ហ្នឹង​ជា​រឿង​មួយ​ដែល​​គេ​យល់​ច្រឡំ ​ឫ​ក៏​គិត​​​ថា​ រឿង​ហ្នឹង​វា​ វា​​យ៉ាង​ម៉េច​បាន​ជា​មាន​ការចោទ​ប្រកាន់​ពី​តុលាការ​ ពី​អី​អញ្ចឹង​មក?

ឆ៖​ អា​ហ្នឹង​ ខ្ញុំ​កំណត់​ថា​ ការ​យល់​ច្រឡំ​របស់​គេ​ ព្រោះ​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត។​ ដូច​ក្មួយ​ជ្រាប​ច្បាស់​ហើយ​ ខ្ញុំជម្រាបការណ៍​ពិត​ខាង​ដើម​អញ្ចឹង។​ គឺ​ថា​អស់​រលីង​ហើយ​ មាន​ស្អី​​ ភូមិ​ ឃុំ​ រហូត​ដល់​ស្រុក​ រហូត​ដល់​តំបន់ កាល​ណោះ​ គេ​មិន​មែន​ថា​ខែត្ត​​ទេ​ គេ​ថា​តំបន់​ បើ​អញ្ចឹង​វា​អស់​ទៅ​ហើយ។

ស៖​ អស់​ហ្នឹង​មាន​​ន័យ​ថា​ពួក​គាត់​ស្លាប់​មុន​ឬ​ក៏​?

ឆ​​​​​​​​​​​​​​​​​​​​៖​ គេ​ដក​ចេញ​ ដែល​ថា​ភាព​ច្របូក​ច្របល់​ហ្នឹង​គេ​ដក​ចេញ​អស់​​ហើយ​ មិន​ដឹង​គេ​យក​ទៅ​ណា បើ​ខ្ញុំ​អត់​ដឹង​ដែរ ពេល​ដែល​ខ្ញុំ​​ទៅ​ វា​អស់​ទៅ​​ហើយ​ នៅ​តែ​ កែ​ ពក​ មួយ​ ហើយ​ កែ​ ពក​ ហ្នឹង​ កាល​ណោះ​មិន​ដឹង​ជា​គាត់​ទទួល​ខាង​អី​ទេ​ តែ​ខ្ញុំ​មិន​ដឹង​ដែរ​ អត់​ដឹង​ថា​តើគាត់​​ គ្រាន់​តែ​ដឹង​ថា​គណកម្មាធិការ​ភូមិ​ភាគ ប៉ុន្តែ​ក្នុង​គណកម្មការ​ភូមិភាគ​ទាំង​មូល​ហ្នឹង​នៅ​សល់​តែ​គាត់​​ហ្នឹង​តើ​ តែ​មួយ។​ ខ្ញុំ​ទៅ​​ ខ្ញុំ​អត់​ដឹង​រឿង​រ៉ាវ​អី​ទេ​ ខ្ញុំ​ទៅ​គឺ​ថា​វា​អស់​ហើយ​ បើ​អស់​ហើយ​ខ្ញុំ​រៀប​ចំ​ជា​ថ្មី​ រៀបចំ​ភូមិ​ រៀបចំ​ឃុំ​ រៀបចំ​ស្រុក​អី​ អញ្ចឹង​ទៅ​។ តែ​ប៉ុណ្ណឹង​ហើយ​ ដំណើរការ​ធម្មតា​​ មាន​ការ​កាប់​សម្លាប់​អី​។​ ដំណើរការ​ធម្មតា​ក្នុង​ពេល​នោះ​ ឥត​មាន​អី​ទេ​ មាន​តែទំនប់​ ​ធ្វើ​ទំនប់ ធ្វើ​បន្លាយ​ប្រព័ន្ធ​ភ្លឺ​ គិត​តែ​ពី​ស្រែ​ អត់​មាន​អី​ ក្នុង​រយៈកាល​ ៧៧​ មក​ ៧៨​ ដល់​ ៧៩​ រាជ​រដ្ឋាភិបាល​វ៉ៃ ​​វា​រត់​បាត់​ទៅ​ ខ្ញុំ​ទៅ​បាន​ពីរ​ឆ្នាំកាល​ណោះ​​ មិន​ពេញ​ផង។​ អញ្ចឹង​បាន​ថា​ពាក្យ​ពេចន៍​ទាំង​អស់​នេះ​ ខ្ញុំ​អត់​មាន​អី​ទាក់​ទិន​ មិន​ដឹង​ជា​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ដឹង​ដែរ។ មិន​ដឹង​ជា​ការ​ចោទ​ប្រកាន់​ហ្នឹង​រឿង​យ៉ាង​ម៉េច។​ ការណ៍​ពិត​របស់​ខ្ញុំ​ គឺ​វា​អញ្ចឹង​ បាទ។

ស៖​ ប៉ុន្តែ​ ​ឃើញ​មានសេចក្តី​ប្រកាស​អី​កន្លងៗ​​មក​ថា​ គេ​​ចង់​នាំ​ខ្លួន​​អ្នក​ដទៃ​ប្រាំ​នាក់​​អី​ទៀត​ហ្នឹង​​ អត់មាន​អ្នក​ណា​មក​ទាក់​ទង​ពី​ខាង​សាលា​ក្តី​​អី​ តុលាការ​​អី​មក​ មិន​​ដែល​មក​ជួប​​អី​សួរ​(ទេ)?

ឆ៖​ អត់​ អត់មាន​ផង។

ស៖​ កាល​សម័យ​តស៊ូ​ហ្នឹង​ ហេតុ​អ្វីបាន​​ចូល​រួម​​នៅ​ក្នុង​ចលនា​ខ្មែរ​ក្រហម​​ បាទ​?

ឆ៖​ ខ្ញុំ​ជម្រាប​ប្រសាសន៍​ក្មួយ​ ដូច​ខ្ញុំ​និយាយ​លេង​កន្លង​មក​ហើយ​ណាស់​ ដូច​ខ្ញុំ​និយាយ​លេង​ជា​មួយ​ក្មួយ​អញ្ចឹង​ណាស់​ អំពី​ប្រពៃណី​របស់​ខ្ញុំ​គឺ​ព្រះ​មហាក្សត្រ​ ដូច​ខ្ញុំ​និយាយ​អម្បាញ់​មិញ​អញ្ចឹង​ណាស់​ និយាយ​លេង​ជា​មួយ​ក្មួយ​នោះ​ណាស់​ គឺ​ព្រះ​មហាក្សត្រ​តាំង​ពី​ជីតា​មក​​ រួច​ដល់ពេល​​ថ្ងៃ​ ១៨​ ខែ​បី​ឆ្នាំ​ ៧០ ​​ហ្នឹង​នែ៎ ឯក​ឧត្តម​ លន់​ នល់​ ធ្វើ​រដ្ឋ​ប្រហារ​សម្តេច​។​ ក្នុង​ពេល​នោះ​ វា​មាន​មហា​បាតុកម្ម​គ្រប់​កន្លែង​ ដោយ​សម្តេច​បាន​ប្រកាស​ថា​កូន​ចៅ​ទាំង​អស់​ គឺ​មាន​តែ​នាំ​គ្នា​រត់​ចូល​ព្រៃ​ម៉ាគី​ទេ។​ អា​នេះ​មូលហេតុ​ ទាំង​អស់​ហ្នឹងនែ៎ បាន​តែ​ពេល​ធ្វើ​សម្តេច​ប្រកាស​​ជា​ប្រធាន​រណសិរ្ស​​រួប​រួម​ជាតិ។​ អញ្ចឹង​ណាស់​ បាទ។​ ប្រធាន​រណសិរ្ស​រួប​រួម​ជាតិ។​ អញ្ចឹង​ទៅ​​ ទាំង​អស់​ គ្មាន(សល់)​​អ្នក​ណា​មួយ​ទេ ​គឺ​ត្រូវ​តែ​ធ្វើ​ការ​តស៊ូ។​ ដូច្នេះ​ក្មួយ​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ខ្ញុំ​ផ្ទាល់​ តើ​សមត្ថភាព​ខ្ញុំ​​ហ្នឹង​នែ៎​ បាន​​ន័យ​ថា​អ្នក​មាន​គំនិតផ្តួច​ផ្តើម​​អញ្ចឹងៗ​​ទេ?​ អត់​មាន​ទេសមត្ថភាព​​នេះ​​​​​​​​​​​​​​​​ ពណ៌​សម្បុរ​នេះ​ សមត្ថភាព​នេះ​មិន​មាន​ទេ​ ប៉ុន្តែ​អញ្ចឹង​ ដែល​ទៅ​ជា​ការ​តស៊ូ។​ រួច​ដល់​ទៅ​សរុប​មក​ ឈ្នះ​ ១៩៧៥​ ហើយ​ ទាំង​អស់​គ្នា​​វា​ភ្ញាក់​ទាំង​អស់​តែ​គ្នា​ទេ​។​ វា​ទៅ​ជា​លើក​ទង់​សង្គមនិយម​កុម្មុយនិស្ត​​ស្អី​ឯ​ណា​ វា​ភ្ញាក់​ខ្លួន​ទាំង​អស់​តែ​គ្នា​ហ្នឹង​ទេ។​ បើ​ទាំង​អស់​កន្លង​មកវា​​ ការ​រួប​រួម​ជាតិ​កម្ពុជា​ហ្នឹង​ក្រោម​ទង់រណសិរ្ស​ដែល​មាន​សម្តេច​ជា​ប្រធាន។​ អា​ហ្នឹង​ ខ្ញុំ​សុំ​ជម្រាបប៉ុណ្ណឹង។​ អា​ហ្នឹង​ ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ​ណាស់​ ខ្ញុំ​​ជម្រាបប៉ុណ្ណឹង៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!