VOA News: ព័ត៌មាន: “សកម្មជនគណបក្សសិទ្ធិមនុស្សពីរនាក់ត្រូវបានដោះលែង” plus 5 more |
- សកម្មជនគណបក្សសិទ្ធិមនុស្សពីរនាក់ត្រូវបានដោះលែង
- ដើមបណ្តឹងរដ្ឋប្បវេណីជំរុញឲ្យសាលាក្តីខ្មែរក្រហមដំណើរការកាត់ទោសឲ្យបានឆាប់
- សកម្មជនសិទ្ធិមនុស្សនិងអ្នកយកព័តមានអាស៊ីសេរីត្រូវចោទពីបទញុះញង់
- ព័ត៌មានអន្តរជាតិសង្ខេប៖ ៦ កញ្ញា
- ជីវប្រវត្តិរបស់អតីតជនរងគ្រោះខ្មែរក្រហម វ៉ាន់ ណាត
- ក្រុមអ្នកភូមិជម្លោះដីធ្លីក្នុងខេត្តរតនៈគីរីរង់ចាំសេចក្តីសម្រេចរបស់តុលាការ
សកម្មជនគណបក្សសិទ្ធិមនុស្សពីរនាក់ត្រូវបានដោះលែង Posted: 06 Sep 2011 12:59 PM PDT តុលាការខេត្តកំពង់ចាមនៅថ្ងៃអង្គារនេះ បានដោះលែងសកម្មជនគណបក្សសិទ្ធិមនុស្សពីរនាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលប្រាំមួយថ្ងៃ។ លោក ផាន ផា អាយុ៦៦ឆ្នាំ និងលោក ភូមិ យាន អាយុ៧១ឆ្នាំ សកម្មជនគណបក្សសិទ្ធិមនុស្ស ភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានចែកផ្សព្វផ្សាយឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងវៀតណាមរំលោភយកទឹកដីកម្ពុជា។ ភ្លាមៗនោះ សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សបានហៅការចាប់ខ្លួនសកម្មជនគណបក្សសិទ្ធិមនុស្សទាំងពីរនាក់នេះថា ជារូបភាពនៃការរំលោភសិទ្ធិនយោបាយ ការគំរាមគំហែងផ្នែកនយោបាយ និងការរំខានដល់ដំណើរការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។ តុលាការខេត្តកំពង់ចាមបានដោះលែងសកម្មជនទាំងពីរនាក់បន្ទាប់ពីបានចោទប្រកាន់សកម្មជនទាំងពីរនាក់នេះអំពីបទញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋកម្ម និងការរើសអើងប្រឆាំងនឹងប្រទេសវៀតណាម។ លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបអង្កេតតុលាការខេត្តកំពង់ចាម បានបញ្ជាក់នៅក្នុងដីកាចុះថ្ងៃទី៦ ខែកញ្ញានេះ ថាដើម្បីធានាឲ្យជនត្រូវចោទឈ្មោះ ភូមិ យាន និងឈ្មោះផាន ផា បង្ហាញមុខនៅតុលាការ និងចៀសវាងការរាំងស្ទះក្នុងនីតិវិធីសាកសួរ តុលាការសម្រេចឲ្យឈ្មោះភូមិ យាន អាយុ៧១ឆ្នាំ និងឈ្មោះ ផាន ផា អាយុ៦៦ ឆ្នាំ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោក ផាន ផា បានបញ្ជាក់ថា យុត្តិធម៌បានកើតមានដល់រូបលោក។ តុលាការបានផ្តល់យុត្តិធម៌ដល់រូបលោកដែលជាជនគ្មានកំហុស។ «គេដោះលែងខ្ញុំពីពន្ធនាគារ។ ការដោះលែងនេះជារឿងត្រឹមត្រូវហើយ។ ខ្ញុំអត់មានកំហុសទេ»។ លោក ភូមិ យាន បាននិយាយថា លោកមិនបោះបង់ចោលគណបក្សសិទ្ធិមនុស្សទេ បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារ។ «ខ្ញុំ សប្បាយចិត្តចំពោះការដោះលែងនេះ។ ខ្ញុំតស៊ូតទៅទៀតជាមួយគណបក្សសិទ្ធិមនុស្ស។ ខ្ញុំនៅតែតស៊ូតាមមេគណបក្សសិទ្ធិមនុស្សរហូត។ លោក នាង សុវ៉ាត មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាមបានថ្លែងថា ការដោះលែងសកម្មជនគណបក្សសិទ្ធិនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវរបស់តុលាការ ហើយឯកសារទស្សនៈនយោបាយមិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ «ការដោះលែងនេះ ខ្ញុំគិតថា តុលាការយល់ឃើញ ធ្វើការអង្កេតត្រឹមត្រូវ ហើយធ្វើឲ្យអ្នកដែលគាំទ្រគណបក្សមិនមានការភ័យខ្លាចអ្វីទេ ពីព្រោះខ្ញុំគិតថា តុលាការបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការដោះលែងសកម្មជនទាំងពីរនាក់នេះ។ វាជាឥទ្ធិពលល្អសម្រាប់ឲ្យដំណើរការប្រជាធិបតេយ្យ ជាពិសេសទាក់ទងនឹងការបោះឆ្នោតបានដំណើរការទៅល្អ»។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា ការដោះលែងនេះគឺជាជំហ៊ានមួយវិជ្ជមានសម្រាប់ការរកយុត្តិធម៌ឲ្យសកម្មជនគណបក្សសិទ្ធិមនុស្សដែលមេដឹកនាំគណបក្សបានតវ៉ាយ៉ាងខ្លាំង។ «វាជាជំហានវិជ្ជមានមួយហើយ ប៉ុន្តែគោលបំណងរបស់គណបក្សសិទ្ធិមនុស្សមិនមែនចង់បានត្រឹមហ្នឹងទេ ចង់ឲ្យមានការលើកលែងការចោទប្រកាន់តែម្តង»។ កម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅដើមឆ្នាំ២០១២ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ ២០១៣។ គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា គ្រាន់តែថ្ងៃពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញានេះភ្លាម ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សក៏ត្រូវបានធ្វើឡើងភ្លាម៕ This posting includes an audio/video/photo media file: Download Now |
ដើមបណ្តឹងរដ្ឋប្បវេណីជំរុញឲ្យសាលាក្តីខ្មែរក្រហមដំណើរការកាត់ទោសឲ្យបានឆាប់ Posted: 06 Sep 2011 12:21 PM PDT ក្រុមមេធាវីនាំមុខតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី បានទទូចនៅថ្ងៃអង្គារនេះឲ្យសាលាក្ដីខ្មែរក្រហមធ្វើការកាត់ទោសសំណុំរឿង០០២ឲ្យបានឆាប់បំផុត ដោយសារពួកគេព្រួយបារម្ភពីបញ្ហាសុខភាព និងជរាពាធរបស់អតីតមេដឹកនាំកំពូលខ្មែរក្រហម និងសុខភាពថមថយរបស់សាក្សីសំខាន់ៗ។ ការទាមទារនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកវ៉ាន់ ណាត ដែលជាអតីតវិចិត្រករ និងជាសាក្សីយ៉ាងសំខាន់មួយរូបក្នុងសំណុំរឿង០០១ បានទទួលមរណភាពនៅពេលដែលលោកកំពុងរង់ចាំទទួលយុត្តិធម៌ពេញលេញ។ លោកមានបទពិសោធន៍ជាប់ឃុំក្នុងមន្ទីរស២១ ដ៏ឃោរឃៅ។ លោក វ៉ាន់ ណាត បានស្លាប់កាលពីថ្ងៃច័ន្ទក្នុងអាយុ៦៥ឆ្នាំដោយសារជំងឺ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អង្គភាពសហមេធាវីនាំមុខដែលតំណាងឲ្យមេធាវីការពារជនរងគ្រោះ បានហៅមរណភាពរបស់លោកវ៉ាន់ ណាត ថាគឺជាការក្រើនរំលឹកឲ្យមានការចាប់ផ្ដើមជំនុំ ជម្រះក្នុងសំណុំរឿង០០២ជាបន្ទាន់ និងជាចាំបាច់ដើម្បីបង្ហាញថា ជនជាប់ចោទត្រូវបានកាត់ទោស និងផ្តល់ការផ្សះផ្សារជាតិមួយ។ លោក ពេជ អង្គ សហមេធាវីនាំមុខមានប្រសាសន៍ថា រហូតមកដល់ពេលនេះពុំទាន់មានការជូនដំណឹងជាផ្លូវការណាមួយអំពីការកាត់ក្ដីពេញអង្គសេចក្ដីសំណុំរឿង០០២ នោះឡើយ។ ដំណាលគ្នានេះ ទាំងជនជាប់ចោទ ទាំងជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីសុទ្ធតែមានវ័យចាស់ជរា និងមានជំងឺជាប់នឹងខ្លួន។ «ឃើញថា ខាងជនជាប់ចោទ ក៏មានជំងឺចាស់ជរា ខាងជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីក៏ចាស់ជរាអីច្រើនដែរ អញ្ចឹងមិនគួរបន្លាយពេលតទៅទៀតទេ។ គួរតែតុលាការចាប់ផ្តើមសវនាការឲ្យបានឆាប់ៗរកឲ្យឃើញយុត្តិធម៌ជូនពួកគាត់»។ លោកហ៊ុយ វណ្ណៈ មន្រ្តីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមបានឆ្លើយតបថា ក្រុមចៅក្រមកំពុងជំរុញដំណើរការកាត់ក្ដីសំណុំរឿងនេះ ក៏ប៉ុន្ដែលោកមិនអាចបញ្ជាក់ថា តើការកាត់ក្ដីពេញអង្គសេចក្ដីនឹងអាចចាប់ផ្ដើមនៅពេលណាជាក់លាក់នោះទេ។ «បាទ! ជាបន្តបន្ទាប់មក ចៅក្រមគាត់បានប្រកាសរួចហើយថា ដោយសារតែវ័យចាស់ជរារបស់ជនជាប់ចោទ ក៏ដូចជាជនរងគ្រោះ ដូច្នោះហើយលោកចៅក្រម លោកនឹងជំរុញនីតិវិធីទៅបានលឿន ហើយក៏នឹងធ្វើឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន»។ សំណុំរឿង០០២ មានជនជាប់ចោទចំនួនបួននាក់ដែលសុទ្ធសឹង តែជាអតីតមេដឹកនាំកំពូលខ្មែរក្រហម ហើយដែលត្រូវចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់។ ក្នុងចំណោមជនជាប់ចោទទាំងនោះមាន នួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ដ្រីក្រសួងការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋ និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ជនជាប់ចោទទាំងនេះមានអាយុចាប់ពី៧៩ ទៅ៨៦ ឆ្នាំ។ មន្ដ្រីស្ថានទូតជប៉ុន និងបារាំង ប្រចាំក្រុងភ្នំពេញទើបតែបានបង្ហាញជំហរចង់ឃើញការកាត់ទោសក្នុងសំណុំរឿង០០២ នេះប្រព្រឹត្តិទៅឆាប់រហ័ស។ ក៏ប៉ុន្ដែការប៉ាន់ប្រមាណក្រៅផ្លូវការបានលើកឡើងថា ការកាត់ទោសក្នុងសំណុំរឿង០០២នឹងមិនអាចប្រព្រឹត្តិទៅនៅមុនឆមាសទី១នៃឆ្នាំ២០១២ នោះទេ៕ This posting includes an audio/video/photo media file: Download Now |
សកម្មជនសិទ្ធិមនុស្សនិងអ្នកយកព័តមានអាស៊ីសេរីត្រូវចោទពីបទញុះញង់ Posted: 06 Sep 2011 09:10 AM PDT លោកប៉ែន ប៊ុណ្ណា មន្ត្រីសម្របសម្រួល លោកឆាយ ធី មន្រ្តីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក និងលោករដ្ឋា វិសាល អ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ត្រូវបានលោក លុច ឡៅ ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តរតនគីរី បានចេញដីកាកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី១៩ ខាងមុខនេះ ពីបទផ្សំគំនិត និងញុះញង់ឲ្យមានបទល្មើស។ នេះបើតាមដីកាមួយច្បាប់ដែលវីអូអេខ្មែរបានទទួល។ ការកោះហៅបុគ្គលិកសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសារ បានកើតមានឡើងបន្ទាប់ពីទំនាស់ដីធ្លីមួយកាលពីឆ្នាំ២០០៥ រវាងជនជាតិភាគតិចនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគីរី ជាមួយនឹងក្រុមហ៊ុនឌីអឹមគ្រុប។ លោក ប៉ែន ប៊ុណ្ណា មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តរតនគីរី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន១៣៤គ្រួសារ ដែលមានដីទំហំ២៤០ហិកតាបានចោទប្រកាន់ថា ក្រុមហ៊ុនឌីអឹមគ្រុប បានរំលោភយកដីរបស់ពួកគេដើម្បីដាំដើមកៅស៊ូ។ លោកបានបញ្ជាក់ថា ក្រុមលោកមិនបានញុះញង់ឲ្យប្រជាពលរដ្ឋបង្កអំពើហិង្សាជាមួយក្រុមហ៊ុនទេ គឺក្រុមលោកគ្រាន់តែពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដើម្បីឲ្យធ្វើការតវ៉ាខាងផ្លូវច្បាប់តែប៉ុណ្ណោះ។ «អង្គការយើងជាអង្គការសិទ្ធិមនុស្ស។ យើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការ(ផ្តល់)ប្រឹក្សាយោបល់តាមផ្លូវច្បាប់ ហើយយើងនិយាយត្រង់បាទ។ យើងឥតលាក់លៀម ព្រោះយើងឥតបានទទួលផលប្រយោជន៍ពីភាគីណាមួយទេ។ យើងឃើញថា មានការរំលោភយកដីគឺយើងប្រាប់គាត់ត្រង់ បើ ឃើញថា គាត់ជាម្ចាស់ដីពិតប្រាកដក៏ប្រាប់គាត់ត្រង់ដែរ។ បើសិនគាត់ត្រូវគេរំលោភលើសិទ្ធិដីធ្លីរបស់គាត់ជាជនជាតិដើមភាគតិចគឺអញ្ចឹងគាត់មានសិទ្ធិតវ៉ាតាមរដ្ឋធម្មនុញ្ញ»។ លោក រដ្ឋា វិសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីមិនបានធ្វើអត្ថាធិប្បាយ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ការិយាល័យវិទ្យុអាស៊ីសេរីនៅក្នុងទីក្រុងភ្នំពេញបានរៀបចំមេធាវីរួចហើយ ដើម្បីឲ្យលោកចូលបំភ្លឺក្នុងតុលាការតាមកាលកំណត់។ លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មានបាននិយាយថា ការចោទប្រកាន់ពីបទញុះញង់ពិបាកឲ្យនិយមន័យឲ្យបានច្បាស់លាស់។ លោកបានបញ្ជាក់ទៀតថា អ្នកយកព័ត៌មាន មានសិទ្ធិក្នុងការសម្ភាសន៍ និងយកមកផ្សព្វផ្សាយ ហើយទង្វើនេះមិនមែនជាការញុះញង់បង្កឲ្យមានបទល្មើសទេ។ «ការចោទប្រកាន់អ្នកសារព័ត៌មានយើងពីបទញុះញង់គ្រាន់តែធ្វើតាមវិជ្ជាជីវៈរបស់ខ្លួនក្នុងការរាយការណ៍ព័ត៌មានជាការយល់ច្រឡំហើយ។ ហើយបទញុះញង់ទាល់តែទៅចូលរួមដោយផ្ទាល់ ឬក៏យើងបានធ្វើការអំពាវនាវដោយផ្ទាល់តែម្តងឲ្យប្រជាពលរដ្ឋហ្នឹងប្រើអំពើហឹង្សា ដែលគាត់ធ្វើអ្វីមួយដែលខុសនឹងច្បាប់»។ ទំនាស់ដីធ្លីរបស់ជនជាតិភាគតិចនៅភូមិបាតាងជាមួយនឹងក្រុមហ៊ុនឌីអឹមគ្រុប មិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយកំពុងអូសបន្លាយមកដល់ឆ្នាំ២០១១នេះ។ប្រជាពលរដ្ឋបានចោទថា ក្រុមហ៊ុនឌីអឹមគ្រុបបានរំលោភយកដីស្រែចម្ការរបស់គេចំនួន២៤០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍដាំដើមកៅស៊ូ។ លោក ចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថា ការចោទប្រកាន់ពីបទញុះញង់មិនត្រឹមត្រូវ និងយុត្តិធម៌ទេ។ លោកបានបញ្ជាក់ថា នេះបង្ហាញឲ្យឃើញចេតនាមួយរបស់តុលាការក្នុងការគំរាមគំហែងដល់សកម្មជនសិទ្ធមនុស្សដទៃផ្សេងទៀត។ «សង្គមស៊ីវិលធ្វើការវិស័យសិទ្ធិមនុស្ស វាតែងតែចូលជិតស្និទ្ធជាមួយប្រជាពលរដ្ឋ តែងតែចូលរួមចំណែកផ្សេងៗទាក់ទងនឹងសិទ្ធិសេរីភាពរបស់មនុស្ស។ អញ្ចឹង ចៀសមិនផុតទេ ប៉ុន្តែគ្រាន់តែថា យើងធ្វើកិច្ចការងារនេះ មិនមែនមានន័យថា ការញុះញង់ទេ។ វាមិនដូចអាជ្ញាធរសមត្ថកិច្ចខ្លះ ដែលគាត់ធ្វើជាម៉ែជាឪគេ ហើយគាត់មិនដែលស្គាល់រស់ជាតិថាប្រជាពលរដ្ឋថាគាត់អត់ ឬក៏ក្រប៉ុណ្ណា»។ លោក លុច ឡៅ ចៅក្រមខេត្តរតនគីរី បាននិយាយថា សំណុំរឿងនេះ លោកមិនទាន់បានពិនិត្យនៅឡើយទេ ដោយសារតែលោកបានទទួលយកសំណុំរឿងចាស់ពីលោកចៅក្រម ថោ សារ៉ន ដែលបានចូលនិវត្តន៍៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៦ កញ្ញា Posted: 06 Sep 2011 02:46 AM PDT សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានសរសើរក្រុមកម្មករអាមេរិកាំងនៅក្នុងទិវាបុណ្យការងាររបស់ប្រទេស ពេលដែលលោកអំពាវនាវដល់ពួកអ្នកប្រឆាំងខាងនយោបាយឱ្យចូលរួមជាមួយលោកក្នុងការគាំទ្រដល់ចំណាយថ្មីៗដើម្បីជួសជុលផ្លូវ ស្ពាននិងបន្តការកាត់បន្ថយពន្ធដារលើប្រាក់បៀវត្ស។ អង់គ្លេស៖ ការស៊ើបអង្កេតមួយរបស់អង់គ្លេសកំពុងពិនិត្យមើលអំពីការចោទប្រកាន់ថាសេវាកម្មសន្តិសុខអង់គ្លេសមានទាក់ទិននឹងការបញ្ជូនពួកជនជាប់សង្ស័យថាជាភេរវជនទៅកាន់ប្រទេសលីប៊ី ទោះជាដឹងថាជនទាំងនេះនឹងត្រូវធ្វើទារុណកម្មក៏ដោយ។ ស៊ីរី៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថាអាជ្ញាធរស៊ីរីបានបើកឱ្យអង្គការមនុស្សធ៌មនេះចូលទៅក្នុងកន្លែងឃុំឃាំងមួយជាលើកដំបូង តាំងពីក្រុមសកម្មជនប្រឆាំងបានបើកធ្វើការបះបោរលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យកាលពីខែមីនា។ អេហ្ស៊ីប៖ នាយប៉ូលីសជាន់ខ្ពស់ម្នាក់បានឆ្លើយជាសាក្សីក្នុងការកាត់ក្តីលោកអតីតប្រធានាធិបតី Hosni Mubarak អេហ្ស៊ីបថាលោកមិនបានដឹងអំពីបញ្ជាណាមួយឱ្យបាញ់គ្រាប់កាំភ្លើងមែនទែនទៅលើក្រុមបាតុករនៅក្នុងទីលានតារៀក្នុងក្រុង Le Caire ទេ នៅក្នុងការបះបោរដែលនាំឱ្យមានការបណ្តេញលោកប្រធានាធិបតីចេញពីតំណែង។ លីប៊ី៖ កងកម្លាំងបន្ថែមសម្រាប់ក្រុមយុទ្ធជនអាជ្ញាធរបណ្តោះអាសន្នលីប៊ីបានធ្វើដំណើរថ្ងៃច័ន្ទទៅកាន់ទីតាំងមួយដែលនៅសេសសល់របស់មេដឹកនាំ Moammar Gadhafi ដែលបានត្រូវបណ្តេញចេញពីតំណែង។ កម្ពុជា៖ លោកវ៉ាន់ ណាតដែលជាជនម្នាក់ក្នុងបណ្តាមនុស្សតែ៧នាក់ដែលនៅរស់ពីមជ្ឈមណ្ឌលទារុណកម្មដ៏អប្រិយរបស់ពួកខ្មែរក្រហម បានទទួលមរណភាពហើយក្នុងអាយុ៦៦ឆ្នាំ។ អ្នកការពារសិទ្ធិមនុស្សនិងជាវិចិត្រកររូបនេះបានទៅសម្រាកនៅមន្ទីរពេទ្យកាលពីចុងខែមុន ក្រោយពីលោកមានបញ្ហាបេះដូង ហើយលោកបានភ្លឹកមិនដឹងខ្លួនជាច្រើនថ្ងៃ។ កូនប្រសាប្រុសរបស់លោកបានហៅមរណភាពរបស់លោកថាជា «ការបាត់បង់ធំមួយសម្រាប់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»។ អ្នកស្រី គិតអេងដែលជាភរិយាមេម៉ាយរបស់លោកវ៉ាន់ណាតបានបន្ទោសអំពីជំងឺដ៏យូររបស់លោកដែលមានរួមបញ្ចូលទាំងជំងឺតម្រងនោមដ៏ធ្ងន់ធ្ងរផង ទៅលើការធ្វើទារុណកម្មដែលលោកបានរងគ្រោះនៅក្នុងគុកទួលស្លែង។ សៀវភៅកំណត់ប្រវត្តិដែលលោកវ៉ាន់ ណាតបានសរសេរកាលពីឆ្នាំ១៩៩៨ មានចំណងជើងថា «ការពណ៌នាអំពីគុកមួយនៃប្រទេសកម្ពុជា:មួយឆ្នាំនៅក្នុងគុកស-២១របស់ពួកខ្មែរក្រហម» ជាការពណ៌នាជាលាយលក្ខអក្សរតែមួយគត់ដោយអ្នកនៅរស់ម្នាក់ពីគុកនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ជីវប្រវត្តិរបស់អតីតជនរងគ្រោះខ្មែរក្រហម វ៉ាន់ ណាត Posted: 05 Sep 2011 03:58 PM PDT ឆ្លងកាត់កុមារភាពពីគ្រួសារដ៏ទុគ៌តមួយក្នុងខេត្តបាត់ដំបង លោកវ៉ាន់ ណាត បានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ និងរួចផុតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃក្នុងរបបខ្មែរក្រហមដោយសារតែចុងជក់ផាត់ពណ៌លើផ្ទាំងក្រណាត់។ ក៏ប៉ុន្ដែ នៅថ្ងៃនេះគាត់មិនអាចបន្តស្នាដៃវិចិត្រកម្ម និងរួមវិភាគទានដល់ការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមតទៅទៀតបានទេ។ គាត់បានលាចាកលោកនេះទៅក្នុងជន្មាយុអាយុ៦៦។ មរណភាពវ័យក្មេងបានធ្វើឲ្យលោកខកខានស្ដាប់សាលដីកាចុងក្រោយពីតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមនៅក្នុងសំណុំរឿងកាំង ហ្គេកអ៊ាវ ហៅឌុច។ លោក វ៉ាន់ ណាត គឺជាសក្សីដ៏មានសារៈសំខាន់មួយរូបក្នុងសំណុំរឿង០០១ដែលបានជួយឲ្យមានការផ្ដន្ទាទោសអតីតជនដៃដល់របស់ខ្លួនគឺឌុចឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំកាលពីខែកក្កដា ឆ្នាំ ២០១០។ ក៏ប៉ុន្ដែការសម្រេចទោសដោយអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅពេលនោះបានកាត់បន្ថយនៅត្រឹមទោសជាប់ពន្ធនាគារចំនួន១៩ ឆ្នាំវិញដោយហេតុថាឌុច បានសហការជាមួយសាលាក្ដីខ្មែរក្រហម ហើយរូបគាត់ត្រូវបានដាក់ពន្ធនាគារដោយខុសច្បាប់ដោយរដ្ឋាភិបាលកម្ពុជា។ ការបន្ធូរបន្ថយទោសអស់ចំនួន១៦ ឆ្នាំនេះធ្វើឲ្យអតីតអ្នកទោសគុកទួលស្លែងផ្សេងទៀតមិនសប្បាយចិត្ត ហើយសហព្រះរាជអាជ្ញាទាំងពីរក៏បានប្ដឹងជំទាស់ហើយទាមទារឲ្យមានការផ្ដន្ទាទោសច្រើនជាងនេះ។ ក៏ប៉ុន្ដែ លោក វ៉ាន់ ណាត ដែលតែងតែបង្ហាញនូវភាពហេវហត់ អស់កម្លាំងនៅចំពោះមុខក្រុមអ្នកយកព័ត៌មានហាក់មានអារម្មណ៍សង្រួមចិត្ត ហើយទទួលយកការផ្ដន្ទាទោសនោះ បន្ទាប់ពីគាត់ប្រកាសជាហូរហែថា គាត់រង់ចាំយុត្តិធម៌អស់រយៈពេល៣០ឆ្នាំមកហើយ។ លោក វ៉ាន់ ណាត ធ្លាប់មានប្រសាសន៍ក្នុងបទសម្ភាសជាមួយនឹងវីអូអេខ្មែរយ៉ាងដូច្នេះថា៖ «គាត់អាយុ ៦៨– ៦៩ ឆ្នាំហើយៗថែម១៩ឆ្នាំទៀត ខ្ញុំមិនដឹងថា គាត់ទទួលបានឬយ៉ាងណា។ ខ្ញុំថា ខ្ញុំសុខចិត្តយកប៉ុណ្ណឹង ខ្ញុំសប្បាយចិត្ត ហើយខ្ញុំធូរអារម្មណ៍»។ លោក វ៉ាន់ ណាត ធំដឹងក្ដីក្នុងខេត្តបាត់ដំបង។ ក្នុងគ្រួសារដែលជួបការបែកបាក់ឪពុកម្ដាយ លោកវ៉ាន់ ណាត បានចាប់ចិត្ដនឹងវិជ្ជាគូរគំនូរនៅពេលដែលគាត់អាយុបានជាងដប់ឆ្នាំ។ គាត់បានរៀនវិជ្ជានេះនៅក្នុងសាលាឯកជនមួយក្នុងខេត្តនេះ។ ទីបំផុត វិជ្ជាដែលលោកចូលចិត្តបំផុតនេះហើយដែលបានជួយសង្គ្រោះជីវិតរបស់លោកពីក្រញ៉ាំពេជឃាតក្នុងគុកទួលស្លែង។ លោកវ៉ាន់ ណាត ដែលមានកូនចំនួនបីនាក់ គឺស្រីពីរប្រុសមួយ ត្រូវបានពួកខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ១៩៧៧នៅក្នុងខេត្តបាត់ដំបងក្រោមការចោទថាជាខ្មាំងរបស់អង្គការ។ លោកត្រូវបានឃុំខ្លួនក្នុងវត្តមួយឈ្មោះថា វត្តកណ្ដាលមុននឹងត្រូវបានបញ្ជូនទៅកាន់គុកទួលស្លែង មួយសប្ដាហ៍ក្រោយមក។ គុកទួលស្លែងមានអ្នកទោសចំនួនជាង១២.០០០នាក់ ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ចោលដោយគ្មានការជំនុំជម្រះទោស។ ឌុច បានឡើងធ្វើប្រធានគុកដ៏ទារុណកម្មនេះក្នុងឆ្នាំ១៩៧៦រហូតទៅដល់ឆ្នាំ ១៩៧៩។ នៅពេលនោះ ឌុច បានដាក់បញ្ជាឲ្យរូបគាត់គូរចម្លងរូបប៉ុល ពត មេស្ថាបនិកនៃរបបខ្មែរក្រហមពីរូបថត ហើយធ្វើយ៉ាងណារូបទាំងពីរត្រូវតែដូចគ្នាឥតល្អៀង បើពុំនោះគាត់នឹងត្រូវគេសម្លាប់ចោល។ ដោយសារតែទេពកោសល្យដ៏ពូកែរបស់លោក លោក វ៉ាន់ ណាត បានគូររូបប៉ុល ពត ដូចនឹងបញ្ជារបស់ឌុច ហើយគាត់បានរួចផុតពីការយកទៅសម្លាប់។ ក្នុងសវនាការកន្លងមកអតីតអ្នកទោសរូបនេះបានរៀបរាប់ពីការទទួលរងទណ្ឌកម្ម និងបានឮសម្រែកនៃការធ្វើទណ្ឌកម្មយ៉ាងព្រៃផ្សៃដែលលោកចាត់ទុកថាគឺជាអំពើព្រៃផ្សៃដូចសត្វធាតុ។ លោក វ៉ាន់ ណាត បានឡើងផ្តល់សក្ខីកម្មជាលើកដំបូងដល់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩។ នៅពេលនោះលោកបានរៀបរាប់ដោយសម្រក់ទឹកភ្នែកទៀតផង។ «អារម្មណ៍ពេលហ្នឹង ឥតមានគិតអីច្រើន (ក្រៅ)ពីឃ្លានទេ គឺឃ្លានណាស់ ឃ្លានដល់កំពូល ក្នុងមួយជីវិត ខ្ញុំមិនដែលជូបប្រទះដំណាក់កាលនេះទេ។ បើសិនជាដាក់អីឲ្យ បើគ្រាន់ជាសាច់មនុស្សក៏ហូបដែរ។ នៅក្នុងខ្លួនឥតមានអីសោះ»។ ទោះជាមានជំងឺដែលទាក់ទងនឹងបញ្ហាឈាមដ៏រ៉ាំរ៉ៃ លោកវ៉ាន់ ណាត នៅតែបន្ដគូសរូបដែលផ្តិតយកអនុស្សាវរីយ៍នានាដែលដក់ជាប់ក្នុងខួរក្បាលរបស់គាត់ដែលបន្សល់ទុកពីយុគដ៏ខ្មៅងងឹតក្នុងគុកទួលស្លែង។ រូបទាំងនោះត្រូវបានយកទៅធ្វើការតាំងពិព័រណ៍ និងលក់ជាបន្ដបន្ទាប់សម្រាប់ចំណូលដ៏ស្ដួចស្ដើងរបស់គាត់។ ការតស៊ូរបស់គាត់បានធ្វើឲ្យគាត់ទទួលបានពានរង្វាន់អន្ដរជាតិជាច្រើន ដូចជាពានរង្វាន់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) របស់សហរដ្ឋអាមេរិកជាដើម។ អតីតជនដៃដល់ឌុច បានសារភាពម្ដងហើយម្ដងទៀតថា ខ្លួនសុខចិត្តទទួលកំហុស ហើយសុខចិត្តឲ្យទទួលរងការផ្ដន្ទាទោស។ ក៏ប៉ុន្ដែអង្គជំនុំជម្រះតុលាការកំពូលបានប្រកាសថា ការសម្រេចដាក់ទោស ឌុច ជាចុងក្រោយនឹងធ្វើឡើងក្នុងអំឡុងមុនដំណាច់ឆ្នាំ២០១១នេះ។ នៅពេលដែលសាលាក្ដីខ្មែរក្រហមត្រូវបានដំណើរការអស់រយៈពេលជាងប្រាំឆាំ្នទៅហើយនោះ ការរង់ចាំការកាត់ទោសសំណុំរឿងបន្ថែមនៅតែបន្ដ។ នៅក្នុងរយៈពេលរង់ចាំនេះ មន្ដ្រីសាលាក្ដីខ្មែរក្រហមមួយរូប គឺលោករាជ សម្បត្តិ អតីតប្រធានផ្នែកកិច្ចការសាធារណៈផ្នែកភាគីកម្ពុជា ហើយនឹងអតីតអ្នកទោស គុកទួលស្លែងគឺលោក វ៉ាន់ ណាត បានស្លាប់បាត់បង់ជីវិត៕ This posting includes an audio/video/photo media file: Download Now |
ក្រុមអ្នកភូមិជម្លោះដីធ្លីក្នុងខេត្តរតនៈគីរីរង់ចាំសេចក្តីសម្រេចរបស់តុលាការ Posted: 05 Sep 2011 04:48 PM PDT អ្នកភូមិជនជាតិដើមភាគតិចចារាយចំនួនជាង៥០គ្រួសារដែលនៅក្នុងភូមិគងយុនៃស្រុកអូយ៉ាដាវចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីទីរួមខេត្តរតនៈគីរី កំពុងទន្ទឹងរង់ចាំចំណាត់ការរបស់តុលាការខេត្តលើពាក្យបណ្តឹងរបស់ពួកគេប្រឆាំងនឹងប្អូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រីម្នាក់ អំពីបញ្ហាដីធ្លីរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០០៧មក តុលាការខេត្តរតនៈគីរីនៅតែមិនទាន់ចាត់ការឲ្យបានពេញលេញនៅឡើយទៅលើពាក្យបណ្តឹងរបស់ពួកគេប្រឆាំងនឹងលោកស្រី គាត កុលណីដែលជាប្អូនស្រីបង្កើតរបស់លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាដីធ្លីរបស់ពួកគេ។ តាំងពីពេលនោះ មានចៅក្រមចំនួនបួននាក់ហើយដែលពាក់ព័ន្ធនឹងសំណុំរឿងក្តីនេះ ត្រូវបានផ្ទេរចេញពីខេត្ត ឬមិនព្រមចាត់ការរឿងក្តីនេះ។ បច្ចុប្បន្នសំណុំរឿងមួយនេះនៅតែគ្មានចៅក្រមណាមួយកាន់ និងជំនុំជម្រះដដែល។ <!--AV--> លោក ល្មាម ហ្វ៊ីល វ័យ៥៦ឆ្នាំ តំណាងអ្នកភូមិគងយុនេះ មានប្រសាសន៍នៅក្រោមផ្ទះឈើរបស់លោកថា អ្នកភូមិរបស់លោកនៅតែមិនអស់ចិត្តថាតើហេតុអ្វីបានជាតុលាការខេត្តមិនព្រមកាត់ក្តីលើសំណុំរឿងរបស់ពួកគេ។ «អ្នកយកដីហ្នឹងអ្នកធំ ប៉ុន្តែអ្នកកាត់នោះអ្នកតូច។ តាមខ្ញុំ និងប្រជាពលរដ្ឋខ្ញុំយល់សព្វថ្ងៃហ្នឹង។ គេថា គេអត់ហ៊ានទេ។ គេអ្នកធំ ម៉ិចគេហ៊ានកាត់ បើគេអ្នកតូច»។ អ្នកភូមិគងយុទាំងជាង៥០គ្រួសារ បានដាក់ពាក្យប្តឹងទៅតុលាការខេត្តរតនៈគីរីកាលពីចុងខែមករាឆ្នាំ២០០៧ ដោយចោទប្រកាន់លោកស្រីគាត កុលណី ថាបានក្លែងបន្លំឯកសារ ចាប់យកដីសហគមន៍របស់ពួកគេទំហំ៤៥០ហិកតា ដើម្បីយកទៅដាំដំណាំកៅស៊ូ។ ក្នុងបណ្តឹងនោះអ្នកភូមិចោទប្រកាន់ថា លោកស្រី គាត កុលណី បានប្រើល្បិចឲ្យពួកគេផ្តិតមេដៃលើលិខិតស្នាមទិញលក់ដីរបស់ពួកគេ នៅពេលដែលពួកគេស្ថិតក្នុងសភាពស្រវឹងស្រាក្នុងពិធីសែនព្រេនមួយក្នុងភូមិកាលពីជាង៤ឆ្នាំមុន។ អ្នកភូមិជនជាតិចារាយនេះភាគច្រើនមិនចេះអក្សរខ្មែរទេ។ ក្រុមអ្នកភូមិនេះអះអាងថា ពួកគេពឹងអាស្រ័យមួយផ្នែកធំលើដីសហគមន៍ទំហំ៤៥០ហិកតានោះ ដើម្បីបង្កបង្កើនផលនិងធ្វើពិធីសែនព្រេនអារុក្ខអារក្សតាមទំនៀមទម្លាប់ជនជាតិដើមភាគតិចរបស់ពួកគេជាដើម។ ប៉ុន្តែពេលនេះ អ្នកភូមិអះអាងថា នៅលើដីនោះ ដុះសុទ្ធតែដើមកៅស៊ូរបស់លោកស្រី គាត កុលណី ហើយដើមកៅស៊ូទាំងនោះមានអាយុជិតអាចជៀយកជ័របានទៅហើយ។ លោក ល្មាម ហ្វ៊ីល មានប្រសាសន៍ថា អ្នកភូមិរបស់លោកកំពុងរង់ចាំយ៉ាងអន្ទះសារចង់ឲ្យតុលាការចាត់ការ និងបញ្ចប់រឿងក្តីរបស់ពួកគាត់ជាមួយនឹងលោកស្រីគាត កុលណី ដើម្បីឲ្យពួកគេដឹងថា តើនរណាជាម្ចាស់ដីស្របច្បាប់ឲ្យពិតប្រាកដ។ «ទៅធ្វើចម្ការអត់បាន។ ដីគេយកអស់ហើយ ពិបាកណាស់។ ដីយើងធ្លាប់កាប់ចម្ការ ឃ្វាលគោ ឃ្វាលក្របី រកសត្វ រកបន្លែ រកត្រពាំង ច្រូតស្បូវ គេឈូសឆាយអស់ហើយ ដល់ខ្ញុំធ្វើពាក្យបណ្តឹងគេអត់ដោះស្រាយឲ្យ»។ ចៅក្រមនៃតុលាការខេត្តរតនៈគីរី បានឆ្លើយដាក់គ្នាចំពោះការមិនព្រមចាត់ការលើរឿងក្តីដ៏រ៉ាំរ៉ៃមួយនេះ។ លោក លូ ស៊ូសម្បត្តិ ប្រធានតុលាការខេត្តរតនៈគីរី មានប្រសាសន៍ប្រាប់វីអូអេខ្មែរ តាមទូរស័ព្ទថា លោកបានចាត់តាំងឲ្យចៅក្រម ឯក ប៉ូលីហ្វ៊ីល ធ្វើការលើសំណុំរឿងក្តីនេះហើយ ប៉ុន្តែលោកចៅក្រមរូបនោះបដិសេធមិនចាត់ការលើរឿងក្តីនេះទេ។ «គាត់អត់ទទួលយកតែម្តងនិយាយទៅ គាត់មិនទទួលយកក្នុងសំណុំរឿងហ្នឹងតែម្តង»។ ចៅក្រមឯក ប៉ូលីហ្វ៊ីល បដិសេធថា លោកគ្មានការភ័យខ្លាចក្នុងការចាត់ការលើរឿងក្តីរបស់អ្នកភូមិគងយុជាមួយនឹងលោកស្រី គាត កុលណីនេះទេ ប៉ុន្តែ លោកមានប្រសាសន៍ដោយស្នើសុំមិនឲ្យថតសំឡេងថា ការចាត់តាំងរូបលោកគឺធ្វើឡើងខុសពីនីតិវិធីច្បាប់ ពីព្រោះលោកអះអាងថា បើតាមលេខរៀងក្នុងបញ្ជីឈ្មោះចៅក្រមដែលត្រូវកាន់ក្តីនេះ គឺលោកប្រធានតុលាការខេត្តរតនៈគីរីផ្ទាល់ដែលត្រូវទទួលបន្ទុកលើរឿងក្តីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកភូមិ និងមន្ត្រីសិទ្ធិមនុស្ស និយាយថា ការដែលតុលាការមិនព្រមចាត់ការលើសំណុំរឿងក្តីនេះ អាចបណ្តាលមកពីការទទួលរងឥទ្ធិពលពីអ្នកមានអំណាច។ វីអូអេខ្មែរមិនអាចទាក់ទងលោកស្រី គាត កុលណីដើម្បីស្នើសុំការបំភ្លឺតបណាមួយបានទេ។ តែទោះជាយ៉ាងនេះក្តី លោកស្រី និងតំណាងរបស់លោកស្រី កន្លងមកត្រូវបានបណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា ការលក់ដីរបស់អ្នកភូមិគងយុនេះ គឺត្រឹមត្រូវ និងមានសុពលភាព បើទោះជាដីនេះ គឺជាដីសហគមន៍ជនជាតិដើមភាគតិចក៏ដោយ។ លោក រម៉ាស់ ណែត វ័យ៤២ឆ្នាំ ជាមេភូមិគងយុ ដែលបានចូលរួមជាមួយអ្នកភូមិក្នុងការប្តឹងប្រឆាំងលោកស្រី គាត កុលណីកាលពីមុនប៉ុន្តែដែលឥឡូវបានអះអាងថា លោកឈប់ប្តឹងតទៅទៀតហើយនោះ បានមានប្រសាសន៍នៅខណៈពេលកំពុងកាប់គាស់ដីចម្ការរបស់លោកនៅក្នុងភូមិថា ការបន្តការប្តឹងតវ៉ារបស់អ្នកភូមិនេះគឺជារឿងឥតបានការ។ «ប្រជាពលរដ្ឋហ្នឹងខឹងវាយូរហើយ វាយូរឆ្នាំហើយ អត់ឈ្នះ ម៉ិចម្នាក់ខ្ញុំ …..កុំទៅប្តឹងគេអត់បានទេ អត់រួចខ្លួនទេ អស់ភូមិហើយ គេអត់រមាស់អីបន្តិចសោះ»។ តែទោះជាយ៉ាងនេះក្តី លោក យិន សាវ៉ាត មេធាវីម្នាក់តំណាងភាគីអ្នកភូមិគងយុ មានប្រសាសន៍ថា ការខកខានរបស់តុលាការខេត្តរតនៈគីរីក្នុងការមិនបានចាត់ការលើសំណុំរឿងនេះនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះនៃស្ថាប័នរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋមួយនេះ។ «ការធ្វើបែបហ្នឹងមានន័យថា ស្ថាប័នតុលាការដែលរកយុត្តិធម៌ហ្នឹង វាគ្មានន័យសម្រាប់ប្រជាជន»។ លោក ប៉ែន ប៊ុណ្ណារ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនៈគីរី មានប្រសាសន៍ថា តុលាការគួរតែចាត់ការសំណុំរឿងក្តីនេះ ឲ្យបានឆាប់ និងចប់សព្វគ្រប់ ដើម្បីជាគំរូមួយសម្រាប់ទទួលបានសេចក្តីជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការជំនុំជម្រះក្តីលើសំណុំរឿងផ្សេងៗទៀត។ លោកអ្នកក៏អាចទស្សនារឿងនេះជាវីដេអូនៅក្នុងគេហទំព័រwww.voanews.com/khmer ឬក៏ចូលទៅកាន់គេហទំព័រyoutube.com/voakhmerservice បានដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |