VOA News: ព័ត៌មាន: “ប្រតិកម្ម​ជុំវិញ​មរណភាព​របស់​លោក​វ៉ាន់ ណាត” plus 2 more

VOA News: ព័ត៌មាន: “ប្រតិកម្ម​ជុំវិញ​មរណភាព​របស់​លោក​វ៉ាន់ ណាត” plus 2 more


ប្រតិកម្ម​ជុំវិញ​មរណភាព​របស់​លោក​វ៉ាន់ ណាត

Posted: 05 Sep 2011 02:03 PM PDT

ក្រុម​មន្ត្រី​ការ​ទូត​ រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក​ វ៉ាន់ ​ណាត ដែល​ជា​អតីត​អ្នក​រស់រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​ និង​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​ឌុច​ អតីត​ដែល​មេ​គុក​ទួល​ស្លែង​របស់​ពួក​ខ្មែរ​ក្រហម។

លោក​ឡាត់​ គី​ អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា​ លោក​វ៉ាន់​ ណាត​ គឺ​ជា​ជន​រងគ្រោះ​ និង​សាក្សី​ដ៏​សំខាន់​ដែល​បាន​ដឹង​រឿងរ៉ាវ​នៃ​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​របស់​ពួក​ខ្មែរ​ក្រហម។

«ការ​បាត់បង់​របស់​គាត់​នេះ​គឺ​ជា​ការ​គួរ​ឲ្យ​សោកស្តាយ​មែន​ទែន​ចំពោះ​ការ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ ហើយ​គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​មនសិកា​ខ្ពស់​មែនទែន​ ហើយ​លះបង់​ខ្ពស់​ណាស់​នៅ​ក្នុង​កិច្ចការ​យុត្តិធម៌​ និង​នៅ​ក្នុង​ការ​ចូល​រួម​ដំណើរ​ការ​សាលាក្តី​នេះ»។

លោក ឡាត់ ​គី ​បាន​បន្ថែម​ថា​ មរណភាព​របស់​លោក​វ៉ាន់​ ណាត​ ជា​សារ​មួយ​ជំរុញ​ឲ្យ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ចេញ​សាលដីកា​ចុងក្រោយ​នៃ​រឿងក្តី​ឌុច​ឲ្យ​បាន​ឆាប់។

«ការ​ស្លាប់​របស់​គាត់​ ខ្ញុំ​យល់​ឃើញ​ថា​ វា​ជា​សារ​មួយ​សំខាន់​សម្រាប់​សាធារណជន​ ក៏​ដូចជា​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ក្នុង​ការ​ពន្លឿន​កិច្ចការ​នៅ​ក្នុង​ការ​ប្រកាស​សាលដីកា​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ផង​ដែ»។

លោក​ ឆាង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​វ៉ាន់​ ណាត​ មិន​ចង់​បាន​អ្វី​ក្រៅ​តែ​ពី​យុត្តិធម៌​ ហើយ​លោក​បាន​ចូល​រួម​ធ្វើ​ជា​សាក្សី​ប្រវត្តិសាស្ត្រ​ម្នាក់​ប្រឆាំង​នឹង​ឌុច​ ដែល​ជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស​-​២១​ ប៉ុន្តែ​អកុសល​ លោក​បាន​ស្លាប់​ដោយ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ពេញ​លេញ។ លោក​ ឆាង​ យុ ​បាន​បន្ត​ថា សាលាក្តី​ខ្មែរ​ក្រហម​បាន​ជជែក​ដេញ​ដោល​គ្នា​អំពី​សុខភាព​របស់​ជន​ជាប់ចោទ​ ប៉ុន្តែ​មិន​បាន​គិត​អំពី​សុខភាព​របស់​ជនរង​គ្រោះ​ និង​សាក្សី​ដូច​លោក​វ៉ាន់​ ណាត​នេះ​ទេ។

«សព្វ​ថ្ងៃ​ យើង​ខ្វល់ខ្វាយ​អំពី​សុខភាព​របស់​ជន​ត្រូវ​ចោទ​អៀង​ ធីរិទ្ធ​ និង​នួន​ ជា​ ប៉ុន្តែ​ឪពុក​ម្តាយ​ និង​បង​ប្អូន​យើង​ដែល​បាន​រស់​ពី​របប​ខ្មែរ​ក្រហម​ បាន​ស្លាប់​ជា​បន្ត​បន្ទាប់។ ខ្ញុំ​ថា​គាត់​ជា​និមិត្ត​រូប​នៃ​ភាព​រឹងមាំ​របស់​ជន​រងគ្រោះ។​ ដូចជា​ពូ ​វ៉ាន់​ ណាត ​ខ្មែរ​យើង​ថា ស្លាប់​ទៅ​បិទ​ភ្នែក​មិន​ជិត​ មិន​បាន​ឃើញ​យុត្តិធម៌​ពេញ​លេញ​មួយ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​គាត់»។

លោក​ ផៃ ​ស៊ីផាន​ រដ្ឋលេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ ការ​បាត់បង់​វត្តមាន​របស់​លោក​អាច​ជា​ ការ​បាត់បង់​ចំណែក​ណា​មួយ​នៃ​ការងារ​តុលាការ។

«នេះ​ ជា​ដំណឹង​ដ៏​ក្រៀមក្រំ​ ហើយ​ជា​ការ​សោកស្តាយ​ដ៏​ធំ​បំផុត​ ដោយសារ​យើង​យល់​ឃើញ​ថា​ គាត់​គឺ​ជា​ សាក្សី​ភ្នែក​ស្រស់​ដែល​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ទាំង​សងខាង។​ យុត្តិធម៌​ទាំង​ជន​ជាប់​ចោទ​ និង​ទាំង​ជន​រងគ្រោះ​នៃអំពើ​ពី​របប​ប្រល័យ​ពូជ​សាសន៍។

លោក​ ស្សន ម៉ាកឃីនតុស្ស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​តាម​សម្តី​ដើម​ថា៖

«យើង​មាន​ការ​សោកស្តាយ​អំពី​ដំណឹង​មរណៈភាព​របស់​លោក​វ៉ាន់ ​ណាត​ ដែល​ជា​បុគ្គល​ដ៏​អង់អាច​ និង​ប៉ិន​ប្រសប់​ ហើយ​យើង​សូម​សម្តែង​សមានទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក»។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ស្ថានទូត​បារាំង​ និង​ជប៉ុន​ប្រចាំ​កម្ពុជា​ បានបញ្ជាក់​ថា ស្ថានទូត​បារាំង​ និង​ជប៉ុន​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ក្រៃលែង​ចំពោះ​មរណភាព​របស់​លោក​វ៉ាន់ ​ណាត​ ដែល​ជា​អ្នក​រស់រាន​ពី​មជ្ឈមណ្ឌល​ឃុំឃាំង​ស-២១​ និង​ជា​សាក្សី​ដ៏​សំខាន់​នៃ​អំពើ​ឃោរឃៅ​របស់​ពួក​ខ្មែរ​ក្រហម។

លោក​ស្រី ​គ្លែរ ដាហ្វ៊ី (Clair ​Duffy) មន្ត្រី​ឃ្លំាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​នៃ​អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌​សង្គម​សេរី ​(OSJI)​ បាន​ថ្លែង​ថា​ វា​ជា​រឿង​សោកសៅ​បំផុត​ចំពោះ​ មរណភាព​របស់​លោក​វ៉ាន់ ​ណាត ​ហើយ​លោក​បាន​និយាយ​អំពី​បទពិសោធន៍​ដ៏​ឈឺ​ចាប់​របស់គាត់​នៅ​គុក​ទួលស្លែង​របស់​ខ្មែរ​ក្រហម​ និង​ទាមទារ​យុត្តិធម៌​ចំពោះ​អំពើ​ឃោរឃៅ​សម្រាប់​ការ​ឈឺចាប់​របស់​លោក​ និង​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​គុក​ទួល​ស្លែង។

«ខ្ញុំ​គិត​ថា​គ្រួសារ​របស់​លោក​វ៉ាន់ ​ណាត ​ព្រម​ទាំង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាំង​អស់​ និង​អ្នក​រស់រាន​មាន​ជីវិត​ដទៃ​ទៀត​ចង់​ឃើញ​សេចក្តី​សម្រេច​ចុង​ក្រោយ​ចំពោះ​ ឌុច​ ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ សេចក្តី​សម្រេច​អំពី​ករណី​ឌុច​ នឹង​ត្រូវ​បាន​ប្រកាស​នៅ​មុន​បំណាច់​ឆ្នាំ​២០១១​នេះ»៕

This posting includes an audio/video/photo media file: Download Now

អតីត​អ្នក​ទោស​គុក​ទួលស្លែង​វ៉ាន់ ណាត ទទួលមរណភាព

Posted: 05 Sep 2011 01:43 PM PDT

លោក វ៉ាន់ ​ណាត​ ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៥ ខែ​ធ្នូ ឆ្នាំ ២០១១នេះ​ នៅ​ម៉ោង​ប្រមាណ​១២​ និង​៤៥​នាទី ​នៅ​គ្លីនិក​ឯកជន​មួយ​ ដោយសារ​ជំងឺគាំង​បេះដូង​ក្នុង​ជន្មាយុ​​៦៦​​ឆ្នាំ។

សាកសព​លោក​ វ៉ាន់​ ណាត ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​ពេទ្យ​មួយ​ ដោយ​មាន​ការ​ហែហម​ដោយ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក​ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មករា​ ក្រុង​ភ្នំពេញ។

អ្នក​ស្រី​ គិត ​អេង​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​ថា​ អ្នក​ស្រី​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ស្វាមី​អ្នក​ស្រី។

«ខ្ញុំ​មាន​ការ​សោកស្តាយ​រក​អ្វី​មក​ប្រៀប​មិន​បាន​ព្រោះ​មួយ​ជីវិត​មនុស្ស​ដែល​គាត់​ជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ»។

នៅ​ឯ​គ្លីនិក​ឯកជន​ ក្រុម​គ្រួសារ សាច់​ញាតិ​ និង​មន្ត្រី​អតីត​សាលាក្តី​ខ្មែរ​ក្រហម​បាន​មក​សួរសុខ​ទុក្ខ​លោក​វ៉ាន់​ ណាត ​ចុង​ក្រោយ​មុន​នឹង​សម្រេច​ដឹក​តាម​រថយន្ត​ចេញ​ទៅ​គេហដ្ឋាន។ ក្រុម​គ្រួសារ​របស់​លោក​វ៉ាន់​ ណាត បាន​ហាម​អ្នក​យក​ព័ត៌មាន​ផ្តិត​យក​រូបភាព​របស់​លោក​វ៉ាន់ ​ណាត​ នៅ​ពេល​ដែល​ដឹក​ជញ្ជូន​ចេញ​ពី​គ្លីនិច​ឯកជន​។

លោក​ស្រី ហេឡិន ចាវីស (Helen Jarvis) ​អតីត​មន្ត្រី​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​តែង​តែ​មក​សួរ​លោក​វ៉ាន់​ ណាត​ មុន​ពេល​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​រហូត​ដល់​បាត់​បង់​ជីវិត​បាន​និយាយ​ថា​ ការ​ស្លាប់​របស់​លោក​វ៉ាន់ ​ណាត ​គឺ​ជា​ការ​បាត់បង់​សាក្សី​ដ៏​សំខាន់​មួយ​រូប​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម។

«ខ្ញុំ​គិត​ថា វ៉ាន់​ ណាត ​មាន​តួ​នាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ គាត់​ជា​ជាង​គំនូរ​ដ៏​ល្បី​ល្បាញ​ ហើយ​គាត់​ជា​សាក្សី​ពី​សម័យ​ដ៏​ងងឹត​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា។ យើង​សោក​ស្តាយ​ទាំង​អស់​គ្នា​នៅ​ទី​នេះ»។

លោក​ លន់​ ណារ៉ា ​អាយុ ​៤០​ឆ្នាំ ​កូន​ប្រសារ​របស់​លោក​វ៉ាន់​ ណាត ​បាន​និយាយ​ថា​ នៅ​ក្នុង​អំឡុង​ម៉ោង​១២​ថ្ងៃ​ត្រង់​ លោក​វ៉ាន់ ​ណាត​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ខិត​ខំ​ជួយ​សង្គ្រោះ​ដែរ​ តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​គាត់​ជា​លោក​ទី​ពីរ​បាន។

«ព្រោះ​ពេល​ហ្នឹង​ គាត់​អត់​មាន​និយាយ​អី។ គាត់​គិត​តែ​ព្យាយាម​ដូច​ថា​ ធ្វើ​អាម៉ាស្សា​បេះដូង​ឲ្យ​ឡើង​វិញ​ ហើយ​រយៈពេល​ដែល​ធ្វើ​ហ្នឹង​ គាត់​មាន​បញ្ហា​តាំង​ពី​ម៉ោង​ប្រហែល​១២:១៥នាទី​ គាត់​ចាប់​ផ្តើម​មាន​បញ្ហា​ ហើយ​ធ្វើ​ទុក្ខ​ខ្លាំង​ ធ្វើ​ម៉ាស្សា​ទៅ​វា​ឥត​មាន​ឡើង»។

លោក​ វ៉ាន់ ​ណាត ​បាន​ចូល​សម្រាក​នៅ​ក្នុង​គ្លីនិក​​ឯកជន​មួយ​ ដែល​មាន​ឈ្មោះ​ថា​មជ្ឈមណ្ឌល​លាង​ឈាម​ឡាសង់តេ​ កាល​ពី​ថ្ងៃ​ទី​២៦ ​សីហា ​កន្លង​ទៅ​នេះ​ ដោយសារ​តែ​មាន​ជំងឺគាំង​បេះដូង។​ ក៏ប៉ុន្តែ​ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​ចំនួន​១១​ថ្ងៃ​ លោក​បាន​ទទួល​មរណភាពទៅ។

លោក​ ហ៊ុយ​ វណ្ណៈ ​មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​ របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​លោក​វ៉ាន់ ​ណាត ​ដែល​លោក​មិន​បាន​ស្តាប់​សាលក្រម​ជា​ស្ថាពរ​របស់​កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច។​ លោក​ហ៊ុយ​ វណ្ណៈ​ បាន​បញ្ជាក់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​០០១​ ជា​ស្ថាពរ​ នៅ​ចុង​ឆ្នាំ​២០១១​ នេះ។

«ព្រហ្មលិខិត​ដែល​មិន​បាន​ឲ្យ​គាត់​រស់រាន​មាន​ជីវិត​ និង​ទទួល​បាន​​យុត្តិធម៌​គាត់​បាន​ប្រឹងប្រែង​តាំង​ពី​ដើម​មក​ ហើយ​តុលាការ​ក៏​កំពុង​ធ្វើ​ការ​ញាប់​ដៃ​ញាប់​ជើង​ ហើយ​គ្រោង​ប្រកាស​សាលដីកា​ស្ថាពរ​នៅ​ក្នុង​សំណុំរឿង​០០១​ ដែល​ប្រឆាំង​លោក​កាំង ​ហ្កេកអ៊ាវ​​ហៅ​ឌុច។ ក្នុង​សំណុំ​រឿង​ហ្នឹង​គាត់​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សំណុំរឿង​ហ្នឹង»។

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​១២.៣៨០​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរ​ទារុណកម្ម​ទួលស្លែង​ចន្លោះ​ឆ្នាំ​១៩៧៥ ​រហូត​ដល់​ឆ្នាំ​១៩៧៩​ ដែល​គ្រប់គ្រង​ដោយ​ឌុច។​ មាន​មនុស្ស​តែ​ចំនួន​ប្រាំពីរ​នាក់​ប៉ុណ្ណោះ​ដែល​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​ទួលស្លែង​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​លោក​វ៉ាន់​ ណាត ​លោក​ជុំ ​ម៉ី​ និង​លោក​ប៊ូ ​ម៉េង។​ លោក​ជុំ ​ម៉ី ​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ទៀត​ពី​គុក​ទួល​ស្លែង​បាន​ចូល​រួម​ការ​សោកស្តាយ​បំផុត​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​វ៉ាន់​ ណាត៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៥ កញ្ញា

Posted: 05 Sep 2011 12:31 AM PDT

លីប៊ី​៖ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​យុទ្ធ​ជន​ប្រឆាំង​នឹង ​Ghadafi ​និយាយ​ថា​កិច្ច​ចរចា​គ្នា​ដែល​មាន​គោលដៅ​បញ្ចប់​ដោយ​សន្តិវិធី​នៅ​ឯ​ទីតាំង​មួយ​ក្នុង​បណ្តាទីតាំង​នៅ​សេសសល់​របស់​អតីត​មេដឹកនាំ​លីប៊ី​ Moammar Gadhafi មិន​បាន​ទទួល​ជោគជ័យ​ទេ។

ស៊ីរី​​៖ អគ្គលេខាធិការសម្ព័ន្ធ​អារ៉ាប់​​និយាយ​ថាស៊ីរី​​យល់​ព្រម​ទទួល​លោក​សម្រាប់​ទស្សនកិច្ច​មួយក្នុង​សប្តាហ៍​នេះ ​ពេល​ដែល​អាជ្ញាធរ​ស៊ីរីនៅ​តែ​បន្ត​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រឆាំង​ខាង​នយោបាយ​នៅ​ទូទាំង​ប្រទេស។

ប៉ាគីស្ថាន​៖ ​ប៉ាគីស្ថាន​អំពាវនាវ​ដល់លោក​ប្រធានាធិបតី Hamid Karzai​ ប្រទេស​អាហ្វហ្គានីស្ថានជួយឲ្យ​មាន​ការ​ដោះលែង​យុវជន​ប៉ាគីស្ថាន​ប្រមាណ​៣០​នាក់​ដែលត្រូវ​ចាប់​ពង្រត់​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​តាលីបាន់​នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​កាល​ពី​សប្តាហ៍​មុន។

អាហ្វហ្គានីស្ថាន៖ ចលនា​តាលីបាន់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ដោះលែ​ង​វិស្វករ​តួកគី​បួន​នាក់​ដែល​បាន​ត្រូវ​ចាប់​ពង្រត់​កាល​ពី​ខែ​ធ្នូ​មុន​នៅ​ខេត្ត Paktia នា​ប៉ែក​ខាង​កើត​ប្រទេស។

សូម៉ាលី៖ ពួក​មេដឹកនាំ​សូម៉ាលី​បាន​បើក​ប្រជុំ​សន្និសីទ​មួយ​ដើម្បី​ពិភាក្សា​គ្នា​អំ​ពី​ទម្រង់​រដ្ឋាភិបាល​ថ្មី​របស់​​ប្រទេស​ដែល​មាន​វិបត្តិ​នេះ។

នីហ្សេរីយ៉ា​៖ ពួក​ប៉ូលីស​នៅ​ក្នុង​តំបន់​កណ្តាល​នៃ​ប្រទេសនីហ្សេរីយ៉ា​​និយាយ​ថា​សមាជិក​៨​នាក់​នៃ​គ្រួសារ​មួយ​បាន​ត្រូវ​សម្លាប់​នៅ​ជិត​ក្រុង ​Jos ​​ជា​កន្លែង​មាន​អំពើ​​ហិង្សា​ខាង​ពូជសាសន៍​និង​ខាង​សាសនា​យ៉ាង​ញឹក​ញយ។

ស្វីស​៖ របាយការណ៍​ព័ត៌មានប្រទេសស្វីស​និយាយ​ថាសហរដ្ឋ​អាមេរិក​បានដាក់​ឱសានវាទ​មួយ​ដល់​ស្វីស ​ដោយ​ទាមទារ​ឱ្យ​ប្រទេស​នេះ​ផ្តល់​ព័ត៌មាន​​លម្អិតអំពី​ពលរដ្ឋ​​រាប់​ពាន់​នាក់ដែល​ជាប់​​សង្ស័​យ​ថា​បាន​ប្រើប្រាស់​​ធនាគារ​​ស្វីស​ដើម្បី​បន្លំ​ពន្ធ​ដារ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!