VOA News: ព័ត៌មាន: “មេធាវីរបស់នួន ជា ស្នើសាលាក្តីឲ្យពិនិត្យឡើងវិញលើសុខភាពកូនក្តីខ្លួន” plus 4 more |
- មេធាវីរបស់នួន ជា ស្នើសាលាក្តីឲ្យពិនិត្យឡើងវិញលើសុខភាពកូនក្តីខ្លួន
- រដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការវាយប្រហារទឹកអាស៊ីត
- ប្រទេសផ្តល់ជំនួយជំរុញសាលាក្តីឲ្យបើកសវនាការរឿងក្តី០០២ឲ្យបានឆាប់
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១ កញ្ញា
- ខ្មែរអាមេរិករៀបចំពិធីបុណ្យប្រណាំងទូកលើកទី១៥នៅឡូវែល
មេធាវីរបស់នួន ជា ស្នើសាលាក្តីឲ្យពិនិត្យឡើងវិញលើសុខភាពកូនក្តីខ្លួន Posted: 01 Sep 2011 02:18 PM PDT សហមេធាវីការពារក្តីឲ្យនួន ជា បានទទូចសារជាថ្មីម្តងទៀតឲ្យអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមផ្តោតការយកចិត្តដាក់លើជរាពាធនៃកូនក្តីរបស់ខ្លួន។ ជរាពាធធ្វើឲ្យនួន ជា គ្មានភាពរឹងមាំសម្រាប់ចូលរួមសវនាការកាត់ទោសគាត់ឲ្យបានពេញលេញទេ។ នេះបើយោងទៅតាមមេធាវីសហការពារក្តីនៅក្នុងការសួរដេញដោលលើសុខភាពនួន ជា ក្នុងសាវនាការទីថ្ងៃទី៣ស្តីពីបញ្ហាសុខភាពជនជាប់ចោទ និងលទ្ធភាពចូលរួមសវនាការ។ លោក ស៊ុន អារុណ សហមេធាវីកម្ពុជាបានថ្លែងនៅក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួននេះថា សុខភាពនួន ជា អាចផ្តល់ជាកង្វល់អវិជ្ជមានសម្រាប់ការកាត់ទោសរូបគាត់។ «ខ្ញុំយល់ថាការពិបាកពីខាងសុខភាពជាចម្បងរបស់គាត់ ដែលធ្វើឲ្យគាត់ព្រួយបារម្ភ ព្រមទាំងមេធាវីការពារគាត់ហ្នឹង ព្រួយបារម្ភណាស់ផ្នែកសុខភាពគាត់ហ្នឹង។ អាចមានឧបសគ្គអ្វីមួយដែលមិនអាចបន្តជាវិជ្ជមានរហូតក្នុងការសន្តិកាទៅអនាគត»។ យ៉ាងណាក៏ដោយក្រុមមេធាវីការពារក្តីមិនស្នើឲ្យដោះលែងនួន ជា ដែលមានអាយុ៨៥ឆ្នាំ នឹងបាក់ធ្មេញស្ទើរតែអស់រលីងពីមាត់នោះទេ។ លោកស៊ុន អារុណ បានរំឭកថា កូនក្តីរបស់លោកគ្មានចេតនាថានឹងមិនចូលរួមនៅក្នុងសវនាការនោះទេ។ ក៏ប៉ុន្តែ សុខភាពរបស់គាត់នឹងមិនអនុញ្ញាតឲ្យគាត់ចូលរួមសវនាការគ្រប់ដំណាក់កាលនោះឡើយ។ ថ្ងៃច័ន្ទគឺជាថ្ងៃទី១ នៃសវនាការស្តីពីសុខភាពអៀង ធីរិទ្ធ និងនួន ជា។ នួន ជា ខ្លួនឯងបាននិយាយថា គាត់មានបំណងចូលរួមសវនាការ ប៉ុន្តែគាត់មិនអាចប្រមូលអារម្មណ៍បានល្អ សម្រាប់ការសួរដេញដោល ការអានឯកសារ ឬក៏ស្តាប់សវនាការ។ ប៉ុន្តែគាត់មិនអាចប្រមូលអារម្មណ៍បានល្អ សម្រាប់ការសួរដេញដោល ការអានឯកសារ ឬស្តាប់សាវនាការលើសពីរយៈពេលមួយម៉ោង ឬ មួយម៉ោងកន្លះនោះ។ ក្នុងការសួរដេញដោលជាមួយលោកចន ខាំបែល វេជ្ជបណ្ឌិតជំងឺមនុស្សចាស់ ដែលបានធ្វើកោស័យវិច័យលើសុខភាពនួន ជា អៀង ធីរិទ្ធ និងអៀង សារី ក្រុមមេធាវីការពារក្តី បានសួរសង្កត់ធ្ងន់ពីប្រការដែលកូនក្តីរបស់ខ្លួនដែលធ្លាប់មានជំងឺដាច់សរសៃឈាមបេះដូង សរសៃខួរក្បាល បញ្ហាតម្រងនោម ការធ្លាយឈាមតាមក្រពះ និងបញ្ហាគ្រោងឆ្អឹងជាដើម ដែលអាចនាំឲ្យមានផលប៉ះពាល់វ័យជរារបស់គាត់។ ប៉ុន្តែលោកចន ខាំបែល នៅតែអះអាងដូចសេចក្តីសន្និដ្ឋាននៅក្នុងរបាយការណ៍កោស័លវិច័យរបស់លោកថា នួន ជា នៅមានលទ្ធភាពចូលរួមការកាត់ក្តីយ៉ាងពេញលេញ ហើយបញ្ហាសុខភាពដែលគាត់ដែលធ្លាប់ជួបប្រទះកាលពីពេលមុនមិនបង្កជាបញ្ហាទៀតឡើយនៅក្នុងពេលនេះ។ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានគាំទ្រការសន្និដ្ឋានរបស់លោកចន ខាំបែល។ លោកសហមេធាវីនាំមុខ តំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីក៏បានសង្កេតឃើញដូចគ្នានេះដែរ។ «អ្នកជំនាញ គាត់មិនបានឃើញថា មានភ័ស្តុតាងណាមួយ បានបង្ហាញលោកនួន ជា មានការអន់ថយដំណើរការខួរក្បាល ឬក៏មានជំងឺពាក់ព័ន្ធទៅនឹងសរសៃប្រសាទ ដែលនាំប៉ះពាល់ដល់លោកក្នុងការចូលរួមសកម្មភាពតុលាការនោះទេ»។ នួន ជា ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស និងបទប្រល័យពូជសាសន៍ ជាមួយជនជាប់ចោទបីនាក់ផ្សេងទៀត គឺអៀង ធីរិទ្ធ អៀង សារី និងខៀវ សំផន នៅក្នុងសំណុំរឿង០០២។ បទចោទទាំងនេះទាក់ទងនឹងការសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជា ជាងមួយលានប្រាំពីរសែននាក់នៅចន្លោះឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់មេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់នេះ។ លោកចៅក្រម ណឹល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហម មិនបានប្រកាសពីការកំណត់កាលបរិច្ឆេទប្រកាសសេចក្តីសម្រេចបន្ទាប់ពីការបើកសវនាការរយៈពេលបីថ្ងៃស្តីពីបញ្ហាសុខភាពជនជាប់ចោទនោះទេ។ យ៉ាងណាក៏ដោយមានការស្នើសុំអ្នកជំនាញ ឲ្យពិនិត្យសុខភាពជនជាប់ចោទឡើងវិញ។ លោក ណឹល ណុន បានកំណត់ថា សហមេធាវីជនជាប់ចោទនួន ជា អាចដាក់ពាក្យស្នើសុំអ្នកជំនាញបន្ថែមយ៉ាងយូរបំផុតត្រឹមថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការវាយប្រហារទឹកអាស៊ីត Posted: 01 Sep 2011 02:34 PM PDT រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងអាស៊ីតខណៈដែលក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាការវាយប្រហារទឹកអាស៊ីតនៅកម្ពុជាបន្តកើនឡើងរហូតដល់ជិត៣០ករណីក្នុងឆ្នាំ២០១១។ កាលពីឆ្នាំ២០១០ ការវាយប្រហារទឹកអាស៊ីតមានចំនួន២២ករណី។ លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា អង្គការសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភអំពីការវាយប្រហារទឹកអាស៊ីតនេះ។ លោកអ៊ំ សំអាត បានបញ្ជាក់ថា អង្គការលីកាដូបានទទួលពាក្យបណ្តឹងអំពីការវាយប្រហារទឹកអាស៊ីតចំនួន១៥ករណីក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ២០១១នេះ ហើយមិនទាន់ឃើញសញ្ញាណាមួយដែលបង្ហាញពីការថយចុះទេ។ «បទល្មើសនៃការប្រើប្រាស់ទឹកអាស៊ីតដើម្បីវាយប្រហារនេះគឺជាការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលរបស់យើងពីព្រោះរាល់ឆ្នាំ កន្លងមក យើងឃើញថាក្នុងមួយឆ្នាំ យ៉ា ងហោចមានជិត៣០ករណីដែលកើតឡើងដោយការប្រើប្រាស់អាស៊ីតនេះ»។ លោកស្រី ឈុំ ចិត្តា សោភា មន្ត្រីគ្រប់គ្រងគម្រោងនៃអង្គការជួយជនរងគ្រោះដោយអាស៊ីតខ្លាំង បានបញ្ជាក់ថា ជនរងគ្រោះដោយទឹកអាស៊ីតប្រមាណ៣៥០នាក់រហូតមកដល់ឆ្នាំ២០១១នេះ រួមមានបុរស ៤៩ភាគរយ និងស្ត្រី៥១ភាគរយ។ លោកស្រី បានបន្តថា ការវាយប្រហាទឹកអាស៊ីតនេះបានកើតចេញមកពីការច្រណែន ឬប្រចណ្ឌក្នុងរឿងស្នេហាត្រីកោណ កំហឹងក្នុងរឿងជំពាក់ប្រាក់ ជម្លោះក្នុងពេលផឹកស្រា និងគ្រោះថ្នាក់ទឹកអាស៊ីតចៃដន្យ។ «ពីដើមឆ្នាំមកដល់ថ្ងៃនេះ ជនរងគ្រោះជាង២០នាក់បានរងគ្រោះដោយសារអាស៊ីតនោះ»។ លោកអ៊ំ សំអាត បានថ្លែងថា អ្នកវាយប្រហារទឹកអាស៊ីតចំនួនប្រាំមួយនាក់ក្នុងចំណោម១០នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ ក្នុងឆ្នាំ២០១០។ អ្នកវាយប្រហារទឹកអាស៊ីតខ្លះបានធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាមួយជនរងគ្រោះ ហើយអ្នកខ្លះទៀតបានរត់គេចខ្លួន។ កន្លងមកការប្រើអាស៊ីតខ្លាំងដើម្បីជះ ឬស្រោចទៅលើមនុស្សបានកើតមានឡើងជាបន្តបន្ទាប់ ហើយដែលបទល្មើសនេះអាចចាត់ទុកថា ជាបទល្មើសមួយក្នុងចំណោមបទល្មើសផ្សេងទៀត ដែលមានចរិតសាហាវ ឃោរឃៅ យង់ឃ្នង អមនុស្សធម៌ ហើយបន្សល់សោកនាដកម្ម ដោយសារធ្វើឲ្យជនរងគ្រោះមានរបួសស្នាម ខូចសម្ឆស្សពីធម្មជាតិ ពិការទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្លាយទៅជាជនពិការមួយរយៈ ឬ ពិការអស់មួយជីវិត ហើយករណីខ្លះទៀតបានបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតក៏មាន។ សេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ផលវិបាកនានា ដែលកើតឡើងចំពោះជនរងគ្រោះដោយបទល្មើសអាស៊ីតខ្លាំងកន្លងមក បានបង្កឲ្យមានក្តីកង្វល់សម្រាប់សង្គមជាតិ និងរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង ដែលមានគោលដៅទប់ស្កាត់បទល្មើសអាស៊ីតខ្លាំងឲ្យមានប្រសិទ្ធភាព និងចូលរួមចំណែកការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាព ព្រមទាំងលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។ សេចក្តីព្រាងច្បាប់នេះមាន ២៧មាត្រា និងមានវិសាលភាពគ្របដណ្តប់លើការផលិត ការកែច្នៃ ការនាំចូល ការនាំចេញ ការវេចខ្ចប់ ការដឹកជញ្ជូន ការយកតាមខ្លួន ការចែកចាយ ការលក់ ការទិញ ការរក្សាទុក និងការប្រើប្រាស់អាស៊ីតខ្លាំងគ្រប់ប្រភេទដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតមនុស្សនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះបានកំណត់ផ្តន្ទាទោសលើការលក់ដោយគ្មានការអនុញ្ញាតឲ្យជាប់ពន្ធនាគារចំនួនប្រាំឆ្នាំ ហើយបើអ្នកវាយប្រហារទឹកអាស៊ីតបានធ្វើឲ្យជនរងគ្រោះវិនាសហិនហោចធ្ងន់ធ្ងរ ជនល្មើសនោះ នឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំរហូតដល់មួយជីវិត។ ជនរងគ្រោះដោយការវាយប្រហារទឹកអាស៊ីតបានស្វាគមន៍ សេចក្តីព្រាងច្បាប់គ្រប់គ្រងអាស៊ីតនេះ ហើយសង្ឃឹមថា ការវាយប្រហារដោយទឹកអាស៊ីតនៅកម្ពុជានឹងថយចុះ នៅពេលដែលសេចក្តីព្រាងនេះក្លាយទៅជាច្បាប់ពេញលេញនោះ៕ This posting includes an audio/video/photo media file: Download Now |
ប្រទេសផ្តល់ជំនួយជំរុញសាលាក្តីឲ្យបើកសវនាការរឿងក្តី០០២ឲ្យបានឆាប់ Posted: 01 Sep 2011 10:52 AM PDT សហរដ្ឋអាមេរិក បារាំង និងជប៉ុន សុទ្ធតែចង់ឃើញសាលាក្តីខ្មែរក្រហមដំណើរការសវនាការរឿងក្តី០០២ឲ្យបានឆាប់រហ័សសម្រាប់ជាប្រយោជន៍យុតិ្តធម៌ដល់ជនរងគ្រោះកម្ពុជា។ ជំហរបែបនេះធ្វើឡើងបន្ទាប់ពីមានការប៉ាន់ប្រមាណថា សវនាការនៃសំណុំរឿង០០២នឹងត្រូវបានធ្វើឡើងនៅឆមាសទី១នៃឆ្នាំ២០១២។ នៅក្នុងការឆ្លើយតបរបស់វីអូអេ តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២០ ខែសីហា លោកម៉ាសាគិ កាវ៉ាកូចិ (Masaki Kawaguchi) លេខាទី១អមស្ថានទូតជប៉ុនមានប្រសាសន៍ថា ជប៉ុនចាត់ទុកថា វាមានសារៈសំខាន់នៅក្នុងដំណើរការក្តីដោយត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។ មន្ត្រីសា្ថនទូតដដែលបានសង្កត់ធ្ងន់លើភាពចាស់ជរា និងសុខភាពដ៏ដុនដាបរបស់ជនជាប់ចោទ រួមទាំងយុត្តិធម៌ដ៏យឹតយ៉ាវសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលជាជនរងគ្រោះ។ របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យមានការស្លាប់ និងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាសរុបជិត២លាននាក់។ សាលាក្តីខ្មែរក្រហមបានចាប់ផ្តើមដំណើរការរបស់ខ្លួន ជាលើកដំបូង កាលពីខែកុម្ភៈ ឆ្នាំ២០០៦។ សំណុំរឿង០០២ ដែលមានជនជាប់ចោទបួននាក់ រួមមាននួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កំពុងស្ថិតនៅក្នុងដំណាក់កាលមួយមិនទាន់ប្រាកដប្រជាថាតើពួកគេនឹងត្រូវឡើងរង្វង់ក្រចកសេះ សម្រាប់ការកាត់ទោសពេញអង្គសេចក្តីនៅពេលណានោះឡើយ។ ក្រៅពីមានការលើកឡើងផ្ទាល់មាត់របស់មន្ត្រីផ្លូវការតុលាការថា សវនាការអាចនឹងចាប់ផ្តើមនៅចុងឆ្នាំនេះក៏ប៉ុន្តែមន្ត្រីដែលស្និទ្ធនឹងតុលាការបានផ្តល់ការវិភាគថា សវនាការពេញអង្គសេចក្តីនៃជនជាប់ចោទទាំងបួននាក់ ទំនងជាអាចចាប់ផ្តើមឡើងក្នុងអំឡុងខែឧសភា ឆ្នាំ២០១២ ដោយសារតែមានការជំនុំជម្រះស្តីពីសុខភាពរបស់ជនជាប់ចោទពីររូបគឺនួន ជា និងអៀង ធីរិទ្ធ ហើយការកាត់ទោសនេះនឹងអាចអូសបន្លាយពេលវេលាជាច្រើនខែថែមទៀត។ ប្រទេសបារាំងតាមរយៈមន្ត្រីស្ថានទូតរបស់ខ្លួន ក៏បានបញ្ជាក់អំពីចេតនាចង់ឲ្យការក្តីសំណុំរឿង០០២មានដំណើរការលឿនទៅមុខផងដែរ។ លោក ដូមីនិច ម៉ាស់ (Dominique MAS) ទីប្រឹក្សាទី១ អមស្ថានទូតបារាំង បានឆ្លើយតបតាមសារអេឡិចត្រនិចថា បារាំងពិតជាចង់ឃើញសាលាក្តីខ្មែរក្រហមធ្វើសេចក្តីសម្រេចរបស់ខ្លួន និងបើកសវនាការជម្រះសំណុំរឿង០០២ នៅក្នុងរយៈពេលមួយប្រសើរបំផុត និងក្នុងលក្ខខណ្ខនៅក្នុងការគោរពវិធានយុត្តិធម៌ និងសិទ្ធរបស់ជនជាប់ចោទ និងភាគីដែលជាប់ពាក់ព័ន្ធ។ លោក ស្ហន ម៉ាកឃីនតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ មានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមមាននីតិវិធីរបស់ខ្លួនត្រឹមត្រូវដើម្បីធ្វើការកាត់ទោសប្រកបទៅដោយយុត្តិធម៌ ហើយសហរដ្ឋអាមេរិកគាំទ្រការនាំជនជាប់ចោទបួននាក់នៅក្នុងសំណុំរឿង០០២ មកកាត់ទោស។ «យើងគាំទ្រនីតិវិធីសាលាក្តីខ្មែរក្រហមក្នុងការនាំខ្លួនអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់នេះ យកមកកាត់ទោសចំពោះឧក្រិដកម្មដែលពួកគេបានប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ»។ បារាំង ជប៉ុន និងសហរដ្ឋអាមេរិកគឺជាប្រទេសម្ចាស់ជំនួយធំជាងគេនៅក្នុងចំណោមបណ្តាលប្រទេសផ្តល់ជំនួយដ៏ទៃទៀត។ បារាំង និងជប៉ុនក៏ជាប្រទេសដែលដឹកនាំឲ្យមានជំនួយសម្រាប់សាលាក្តីខ្មែរក្រហមផងដែរ។ ប្រតិកម្មនៃប្រទេសផ្តល់ជំនួយទាំងបីធ្វើឡើងនៅពេលដែលសាលាក្តីខ្មែរក្រហមត្រូវមជ្ឈដ្ឋានមួយចំនួនស្តីបន្ទោស អំពីការយឹតយ៉ាវក្នុងការកាត់ទោសក្នុងសំណុំរឿងគន្លឹះ ដែលមានជនជាប់ចោទកាន់តែជរា។ ខណៈពេលដែលជនជាប់ចោទទាំងនេះ ជាប់ឃុំឃាំងអស់រយៈពេលជិតបួនឆ្នាំទៅហើយដោយពុំមានការទោស ជនជាប់សង្ស័យទាំងនេះ មានអាយុចាប់ពី៧៩ឆ្នាំ រហូតទៅដល់ ៨៦ឆ្នាំ។ លោក ឡាស អលសិន (Lars Olsen) មន្រ្តីទំនាក់ទំនងការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ក្រុមចៅក្រមកំពុងតែប្រឹងប្រែងឆ្ពោះទៅរកការកាត់ទោសនៅក្នុងសំណុំរឿងនេះ ក៏ប៉ុន្តែនៅមិនទាន់អាចកំណត់កាលបរិច្ឆេទបាននៅឡើយ។ «ក្រុមចៅក្រមនឹងកំណត់កាលបរិច្ឆេទនៃដំណើរការសម្រាប់ការជំនុំជម្រះក្តី ដោយផ្អែកទៅលើច្បាប់ និងអ្វីដែលពួកគាត់គិតថា មានភាពចាំបាច់។ ពិតហើយក្រុមចៅក្រមកំពុងប្រឹងប្រែងជំរុញការកាត់ក្តីឲ្យបានជឿនលឿនតាមដែលអាចធ្វើទៅបាន ក៏ប៉ុន្តែឥឡូវនេះបញ្ហាសុខភាពរបស់ជនជាប់ចោទ សម្រាប់ចូលរួមនៅក្នុងសវនាការធ្វើឲ្យមានការប៉ះពាល់ខ្លះៗ ដល់ការចាប់ផ្តើមដំណើរការសម្រាប់ការបើកសវនាការពេញអង្គសេចក្តី»។ រីឯលោក ហ៊ុយ វណ្ណៈ មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ របស់សាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាមានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមរំពឹងថា សញ្ញានៃការចាប់ផ្តើមកាត់ទោស នៃសំណុំរឿង០០២នេះនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងចុងឆ្នាំ២០១នេះ។ «ជាចំណុចមួយល្អ ដែលប្រទេសអ្នកផ្តល់ជំនួយ លោកបានគិតគួរទៅលើដំណើរការវិវត្តន៍អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា បច្ចុប្បន្ននេះមន្ត្រីច្បាប់ ក៏កំពុងធ្វើការនេះដែរ ហើយយើងរំពឹងថានៅក្នុងចុងឆ្នាំនេះនឹងអាចចាប់ផ្តើមនៅក្នុងសំណុំរឿង០០២ ហើយ។ បើជាការចាប់ផ្តើមដំណើរការអង្គសេចក្តីតែម្តង»។ សាលាក្តីខ្មែរក្រហមគ្រោងនឹងធ្វើកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងរយៈពេលតែបីឆ្នាំតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ មកទល់ពេលនេះ សាលាក្តីនេះ បានដំណើរការអស់រយៈពេលប្រាំឆ្នាំទៅហើយ ដោយដំណើរការសំណុំរឿង០០១ នៅមិនទាន់បិទជាប់នៅឡើយ។ ដោយឡែក មន្ត្រីតុលាការអះអាងថា ថវិកាសម្រាប់ដំណើរកាត់ក្តីទៅមុខនឹងត្រូវអស់នៅក្នុងខែវិច្ឆិកា ឆ្នាំនេះ សម្រាប់ទាំងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិ ហើយនៅពេលនេះ ពុំទាន់មានគម្រោងថវិកាណាមួយសម្រាប់ផ្តល់ជំនួយបន្ថែមនៅឡើយ។ លោក ដូមីនិច ម៉ាស់ បានព្រមានថា ការលើសរយៈពេលគ្រោងទុកសម្រាប់ខ្ទង់ថវិកាចុងក្រោយនឹងត្រូវការថិវកាបន្ថែមទៀត ហើយនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសាកលនេះ វាមានសារៈសំខាន់ណាស់សម្រាប់ភាគីនីមួយៗយល់ពីវិបត្តិថវិកាសម្រាប់គាំទ្រយុត្តិធម៌។ ទាំងមន្ត្រីស្ថានទូតបារាំង និងស្ថានទូតជប៉ុន បានអះអាងថា ពុំទាន់មានកោះប្រជុំប្រទេសផ្តល់ជំនួយសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់សាលាក្តីខ្មែរក្រហមនៅឡើយ។ លោក ឡាស់ អលស៊ិន និងលោកហ៊ុយ វណ្ណៈ មន្ត្រីរបស់សាលាក្តីខ្មែរក្រហមសុទ្ធតែរក្សាការរំពឹងទៅលើប្រទេសផ្តល់ជំនួយ។ លោកឡាស អលសិន បានបញ្ជាក់ថា ទីបញ្ចប់ នៃសាលាក្តីនេះ គឺពឹងផ្អែកទៅលើការផ្តល់ថវិកាពីសហគមន៍អន្តរជាតិ។ ទោះជាយ៉ាងណា ក្នុងបរិបទនៃផលវិបាកផ្នែកថវិកា និងបញ្ហាអូសបន្លាពេលវេលា សាលាក្តីខ្មែរក្រហមគ្រោងនឹងធ្វើការចោទប្រកាន់លើជនជាប់សង្ស័យប្រាំនាក់ផ្សេងទៀតក្នុងសំណុំរឿង០០៣ និង០០៤។ មន្ត្រីផ្លូវការពីស្ថានទូតបារាំង ជប៉ុន និងសហរដ្ឋអាមេរិច សុទ្ធតែមិនធ្វើសេចក្តីអត្ថាធិប្បាយ ទាក់ទងនឹងសំណុំរឿងបន្ថែមទាំងពីរនេះទេ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១ កញ្ញា Posted: 01 Sep 2011 12:50 AM PDT ព័ត៌មានចុងក្រោយបំផុត៖ លីប៊ី៖ នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំពិភពលោកកំពុងជួបជុំគ្នានៅប្រទេសបារាំងដើម្បីពិភាក្សាគ្នាអំពីអនាគតប្រទេសលីប៊ី នៅក្រោយរបបលោកហ្កាដាហ្វី ខណៈពេលដែលប្រទេសរុស្ស៊ីជាប្រទេសចុងក្រោយគេបង្អស់ដែលបានទទួលស្គាល់ក្រុមប្រឹក្សាជាតិអន្តរកាលដែលហៅកាត់ថា NTC ថាជាអាជ្ញាធរស្របច្បាប់របស់ប្រទេសលីប៊ី។ ស៊ីរី៖ មេធាវីជាន់ខ្ពស់នៃទីក្រុង ហាម៉ា (Hama) ឋិតនៅភាគកណ្តាលនៃប្រទេសស៊ីរី ថ្លែងថា លោកបានលាឈប់ពីតំណែង ដោយសារការបង្ក្រាបដ៏បង្ហូរឈាមរបស់រដ្ឋាភិបាលទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក៖ ខែសីហាជាខែដែលមានទាហានសហរដ្ឋអាមេរិកស្លាប់ច្រើនបំផុត មកទល់នឹងពេលនេះ នៅក្នុងសង្គ្រាមដែលអូសបន្លាយអស់រយៈពេលមួយទសវត្សនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិក៖ សេចក្តីរាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្នុងរយៈពេលជិត ១០ឆ្នាំ បន្ទាប់ពីមានការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិក នៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកនៅតែមិនទាន់មានសន្តិសុខនិងសុវត្ថិភាព ដែលប្រទេសនេះគួរមាននៅឡើយនោះទេ។ ប៉ាគីស្ថាន/ឥណ្ឌា៖ មន្រ្តីយោធាប្រទេសប៉ាគីស្ថាន និយាយថា កងកម្លាំងប្រទេសឥណ្ឌា បានបាញ់ឆ្លងកាត់ព្រំដែនបណ្តោះអាសន្ននៅក្នុងតំបន់កាស្មៀរ (Kashmir) ដែលជាតំបន់មានជម្លោះ កាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យទាហានប៉ាគីស្ថានបីនាក់ស្លាប់។ កេនយ៉ា៖ ជនសង្ស័យបីនាក់ក្នុងចំណោមជនសង្ស័យ ៦នាក់ ដែលត្រូវបានចោទប្រកាន់ថាបានបង្កឲ្យមានអំពើហិង្សាបង្ហូរឈាមនៅក្រោយការបោះឆ្នោតក្នុងប្រទេសកេនយ៉ា នឹងបង្ហាញខ្លួននៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC នៅថ្ងៃព្រស្បតិ៍នេះ។ លីប៊ី៖ កូនប្រុសម្នាក់របស់លោកម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) ដែលជាអតីតមេដឹកនាំប្រទេសលីប៊ីបានប្រាប់ស្ថានីយទូរទស្សន៍ស៊ីរីនៅល្ងាចថ្ងៃពុធថា លោកស្ថិតនៅជាយទីក្រុងទ្រីប៉ូលី ហើយថាឪពុករបស់លោកសុខសប្បាយជាទេ។ បារ៉េន៖ ក្រុមសកម្មជនជំទាស់ Bahrain និយាយថា នៅថ្ងៃពុធកងកម្លាំងសន្ដិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងភូមិស៊ីអ៊ីតេ(Shiite) ដោយបានសម្លាប់ក្មេងប្រុសជំទង់ម្នាក់។ អឺរ៉ង់៖ មេដឹកនាំកំពូលអឺរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឲ្យមានរបៀបរៀបរយនៅក្នុងការបោះឆ្នោតសភាដែលនឹងប្រព្រឹត្ដិទៅនៅដើមឆ្នាំក្រោយ។ ចិន/អ៊ីស្លង់៖ មហាសេដ្ឋីចិនម្នាក់ដែលកំពុងតែស្វែងរកទិញតំបន់ធំមួយនៅក្នុងប្រទេស អ៊ីស្លង់ (Iceland) ដើម្បីសង់កន្លែងកម្សាន្តដ៏ប្រណិតមួយ និយាយថាផែនការរបស់លោក គឺសម្រាប់គោលដៅពាណិជ្ជកម្មទេ ហើយថាគ្មានគោលដៅនយោបាយនៅពីក្រោយគម្រោងនេះឡើយ។ សូម៉ាលី៖ អង្គការសហប្រជាជាតិបានឲ្យដឹងថា មានមនុស្សតិចតួចជាងលើកមុននៅក្នុងប្រទេសសូម៉ាលី ដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងទុរ្ភិក្ស បានចាកចេញពីទីលំនៅរបស់ពួកគេ ទោះបីជាអង្គការសហប្រជាជាតិកត់សម្គាល់ឃើញថា វិបត្ដិនៅក្នុងប្រទេសនេះនៅមិនទាន់ចប់ក៏ដោយ។ ចិន៖ ប្រទេសចិនឲ្យដឹងថា នាវាដឹកយន្ដហោះទីមួយរបស់ខ្លួនបានទទួលជោគជ័យដូចបានរំពឹងទុក នៅពេលធ្វើការសាកល្បងនៅលើសមុទ្រថ្មីៗនេះ ខណៈពេលដែលប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ចង់តបតនឹងឥទ្ធិពលកើនឡើងនៃកងទ័ពជើងទឹករបស់ទីក្រុងប៉េកាំង នៅសមុទ្រប៉ាស៊ីហ្វិកខាងលិចដោយធ្វើការស្ថាបនាកងទ័ពរបស់ពួកគេផ្ទាល់។ សហរដ្ឋអាមេរិក៖ អ្នករស់នៅក្នុងរដ្ឋនៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែវិលទៅរកសភាពដើមវិញពីការរងគ្រោះដោយសារខ្យល់ព្យុះសង្ឃរាអាយរីន (Irene) ដែលចុះខ្សោយឥទ្ធិពលក្លាយជាខ្យល់ព្យុះត្រូពិកទោះបីជាសហគមន៍ជាច្រើនត្រូវបានកាត់ផ្តាច់ពីគ្នាដោយសារទឹកជំនន់ ហើយសាលារៀនខ្លះត្រូវបិទទ្វារដោយសារគ្មានអគ្គីសនីក៏ដោយ។ នីហ្សេរីយ៉ា៖ អាជ្ញាធរនីហ្សេរីយ៉ា ឲ្យដឹងថា បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងពួកអាល់កៃដា បានជួយរៀបចំគម្រោងក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីអាទិត្យមុន ទៅលើទីស្នាក់ការអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងអាប៊ូចា (Abuja) ដែលបណ្ដាលឲ្យមនុស្ស២៣នាក់បានស្លាប់។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT-->ចិន៖ ប្រទេសចិនឲ្យដឹងថា នាវាដឹកយន្ដហោះទីមួយរបស់ខ្លួនបានទទួលជោគជ័យដូចរំពឹងទុកពេលធ្វើការសាកល្បងនៅសមុទ្រថ្មីៗនេះ ខណៈដែលប្រទេសហ្វីលីពីននិងវៀតណាមចង់តបតនឹងឥទ្ធិពលកើនឡើងនៃកងទ័ពជើងទឹករបស់ចិននៅសមុទ្រប៉ាស៊ីហ្វិកខាងលិចដោយស្ថាបនាកងនាវារបស់ខ្លួនផ្ទាល់។ សហរដ្ឋអាមេរិក៖ អ្នកស្រុកនៅក្នុងរដ្ឋនៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែងើបពីខ្យល់ព្យុះ Hurricane Irene ដែលចុះខ្សោយល្បឿន ទៅជាខ្យល់ព្យុះត្រូពិក វិញ។ សហគមន៍នានាត្រូវបានដាច់ដោយសារទឹកជំនន់ ហើយសាលារៀនខ្លះត្រូវបិទដោយគ្មានភ្លើងអគ្គីសនី។ សូម៉ាលី៖ អង្គការសហប្រជាជាតិឲ្យដឹងថា មនុស្សតិចតួចជាងពីមុននៅក្នុងប្រទេស សូម៉ាលីដែលទទួលរងទុរ្ភិក្ស រត់ចេញពីផ្ទះរបស់គេ តែកត់សម្គាល់ថា វិបត្ដិនៅក្នុងប្រទេសនេះនៅមិនទាន់ឈប់មាននៅឡើយទេ។ ចិន៖ មហាសេដ្ឋីចិនម្នាក់ដែលកំពុងតែចង់ទិញដំបន់ធំមួយនៅប្រទេសអ៊ីស្លង់ដើម្បីសង់កន្លែងកំសាន្ដដ៏ប្រណិត និយាយថា ផែនការរបស់លោកគឺសម្រាប់គោលដៅ ពាណិជ្ជកម្មទេ ហើយថាគ្មានគោលដៅនយោបាយពីក្រោយគម្រោងនេះទេ។ អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ស្នើឲ្យមានរបៀបរៀបរយវិញនៅពេលមានការបោះឆ្នោតជ្រើសរើសដំណាងសភាដែលនៅប្រព្រឹត្ដិធ្វើនៅដើមឆ្នាំក្រោយ។ ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថាននិយាយថា អ្នកដាក់គ្រាប់បែកអត្ដឃាតជាប់សង្ស័យម្នាក់បានសម្លាប់មនុស្ស១០នាក់ រួមមានស្ត្រីនិងកុមារមួយចំនួន ក្រោយពីពិធីសូត្រធម៌ នៅពេលផ្ដើមបុណ្យ Eid al-Fitr ដែលបញ្ចប់បុណ្យរ៉ាម៉ាដាន របស់ជនឥស្លាមនៅខេត្ដ Baluchistan ភាគនីរតីនៃប្រទេសនេះ។ បារ៉ែន៖ ក្រុមសកម្មជនជំទាស់បារ៉ែននិយាយថា កងកម្លាំងសន្ដិសុខនៅថ្ងៃពុធបាញ់ឧស្ម័នផ្សែងទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងភូមិ ជនកាន់និកាយ Shiite ហើយសម្លាប់យុវជនម្នាក់។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិងអ្នកស្រុកស៊ីរី និយាយថា រថក្រោះនិងកងទ័ពរបស់រដ្ឋាភិបាលបានចូលទៅក្នុងទីក្រុងហាម៉ា ស្ថិតនៅភាគកណ្ដាល ហើយចាប់មនុស្ស នៅក្នុងការបង្ក្រាបសារជាថ្មី នៅកន្លែងដែលអ្នកប្រឆាំងជាច្រើនតវ៉ានឹងលោកប្រធានាធិបតី Bashar al-Assad។ លីប៊ី៖ កូនប្រុសម្នាក់របស់លោក Moammar Gadhafi អតីតមេដឹកនាំប្រទេសលីប៊ីប្រាប់ស្ថានីយទូរទស្សន៍ស៊ីរីនៅល្ងាចថ្ងៃពុធថា លោកស្ថិតនៅជាយទីក្រុងទ្រីប៉ូលី ហើយថាឪពុករបស់លោកសុខសប្បាយជាទេ។ This posting includes an audio/video/photo media file: Download Now |
ខ្មែរអាមេរិករៀបចំពិធីបុណ្យប្រណាំងទូកលើកទី១៥នៅឡូវែល Posted: 01 Sep 2011 08:05 AM PDT កាលពីថ្ងៃសុក្រទី១៩ និងថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ ២០១១ នៅទីក្រុងឡូវែល (Lowell) រដ្ឋ ម៉ាស្សាឈូស៊ែត (Massachusetts) មានការរៀបចំពិធីបុណ្យអុំទូកបណ្តែតប្រទីបលើកទី១៥ តាមប្រពៃណីរបស់ជនជាតិអាស៊ីអាគ្នេយ៍។ ដូចរាល់ឆ្នាំដែរ បុណ្យអុំទូកបណ្តែតប្រទីបលើកទី១៥នៅឆ្នាំនេះមានការសម្តែងសិល្បៈប្រពៃណី ចម្រៀងបុរាណ ពិធីសូត្រមន្ត និងការបណ្តែតកន្ទោង ឬប្រទីប។ មុននឹងចាប់ផ្តើមពិធីសូត្រមន្ត បួងសួង ព្រះតេជគុណអាចាន ម៉ាង កូន (Ajahn Mang Kone) មកពីវត្តពុទ្ធាបាវ៉ាណា (Buddhabhavana) ដែលដឹកនាំពិធីនៅល្ងាចថ្ងៃសុក្រ បានមានសង្ឃដីកាថា៖ «ជីវិតគឺមិនទៀង ជាអនិច្ចំ អនតា។ ដូច្នេះនៅពេលដែលយើងនៅមានជីវិតនៅឡើយយើងត្រូវខំធ្វើអំពើល្អ។ ឥឡូវនេះ អត្តាសូមអញ្ជើញញាតិញោមទាំងអស់រួមគ្នាបួងសួងសុំសេចក្តីសុខសន្តិភាព និងសុខភមង្គល»។ <!--AV--> ដោយសារមានភ្លៀង និងដីរអិល អ្នកចូលរួមត្រូវបួងសួង ហើយប្រគេន ឬប្រគល់ប្រទីបទៅព្រះសង្ឃ ឬអ្នកថែសួនដែលជាអ្នកយកទៅបណ្តែតទឹកជំនួស។ អ្នកស្រីអមរុង ជ័យ និងគ្រួសារដែលរស់នៅរដ្ឋ វីជីញ៉ា (Virginia) បាននាំម្តាយធំមកពីរដ្ឋកាលីហ្វ័រញ៉ាមកចូលរួមបួងសួងក្នុងពីធីបុណ្យឆ្នាំនេះជាលើកទី១។ «ជាពិសេសពួកខ្ញុំបន់ស្រន់សូមឲ្យបានសុខសប្បាយ ហើយនឹងបន់ស្រន់សូមឲ្យបងប្អួនទាំងអស់ជិតក្តីឆ្ងាយក្តីជួបប្រទះតែសេចក្តីសុខ។ ហើយណាមួយទាហានខ្មែរនៅប្រាសាទព្រះវិហារ និងទាហានខ្មែរយើងទៅសមរភូមិនៅប្រទេសអ៊ីរ៉ាក់ សូមឲ្យគេបានសេចក្តីសុខបានវិលមកជួបជុំគ្រួសារវិញដែរ»។ ក្រោយពីបានដាក់បាត និងបួងសួងក្នុងចិត្តមកកីឡាករប្រណាំងទូកម្នាក់នៃក្រុម Mekong Rower និយាយថា៖ «ខ្ញុំបួងសួងសុំឲ្យមានសុខភាពល្អហើយនឹងជ័យជម្នះ។ ខ្ញុំសង្ឃឹមថា ឈ្នះប៉ុន្តែការប្រកួតនេះមានក្រុមខ្លាំងៗច្រើនមកចូលរួម ដូច្នេះច្បាស់ជាល្អមើលហើយ»។ លោករ៉ាឌី មុំ អ្នករៀបចំកម្មវិធីបុណ្យអុំទូកនេះ និយាយថា ពិធីនេះមានការវិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ។ លោករំឭកថា ដំបូងឡើយបុណ្យនេះគឺជាកម្មវិធីរបស់សហគមន៍ខ្មែរប៉ុណ្ណោះដែលជាអ្នកផ្តួចផ្តើម តែបច្ចុប្បន្នពិធីបុណ្យនេះបានក្លាយជាពិធីរបស់ជនជាតិអាស៊ីអាគ្នេយ៍ទាំងមូល។ «ខ្ញុំបានចូលរួមកម្មវិធីបុណ្យអុំទូកនេះ១៥ឆ្នាំហើយ។ ហើយកម្មវិធីបុណ្យរបស់យើងនេះឃើញថា មានការរីកចម្រើន»។ ក្រុមខ្មែរក្រោមគឺជាអ្នកទទួលបានជ័យជម្នះក្នុងចំណោមកីឡាករប្រាំបីក្រុមដែលមានទូកតពីរគ្រៀងប៉ុណ្ណោះសម្រាប់អុំប្រណាំងឆ្លាស់គ្នានៅឆ្នាំនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |