VOA News: ព័ត៌មាន: “សវនាការ​ចាប់ផ្តើម​ដំណើរការ​ស្តី​អំពី​សុខភាព​ជនជាប់​ចោទ​ខ្មែរ​ក្រហម” plus 5 more

VOA News: ព័ត៌មាន: “សវនាការ​ចាប់ផ្តើម​ដំណើរការ​ស្តី​អំពី​សុខភាព​ជនជាប់​ចោទ​ខ្មែរ​ក្រហម” plus 5 more


សវនាការ​ចាប់ផ្តើម​ដំណើរការ​ស្តី​អំពី​សុខភាព​ជនជាប់​ចោទ​ខ្មែរ​ក្រហម

Posted: 29 Aug 2011 01:34 PM PDT

ថ្លែង​ក្នុង​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ដែល​កាត់​ក្តី​ពី​​បញ្ហា​សុខភាព​របស់​គាត់​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ អតីត​បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នួន​ ជា​ អាយុ​៨៥​ឆ្នាំ​ បាន​ត្អូញ​ត្អែរ​ថា​ គាត់​ចាស់​ជរា​ហើយ​ មិន​អាច​ចូល​រួម​សវនាការ​កាត់​ទោស​បាន​យូរ​នោះ​ទេ។

«ខ្ញុំ​អាច​អង្គុយ​ស្តាប់​បាន ​អាន​បាន​ និង​យល់​បាន​តែ​ប្រហែល​រយៈពេល​តែ​មួយ​ម៉ោង ​ទៅ​មួយ​ម៉ោង​កន្លះ​ដំបូង​តែ​ប៉ុណ្ណោះ។​ បន្ទាប់​ពី​នេះ​ វា​នឹង​ប៉ះពាល់​ដល់​ភ្នែក​របស់​ខ្ញុំ​ ដែល​នឹង​ស្រវាំង។​ វា​ជះ​ឥទ្ធិពល​ដល់​ខួរ​ក្បាល​របស់​ខ្ញុំ​ ធ្វើ​ឲ្យ​ឡើង​ង៉ូង​ដែល​បណ្តាល​ឲ្យ​បេះដូង​របស់​ខ្ញុំ​ដើរ​ញ៉ាប់​ខ្លាំង។​ ពេល​នោះ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ បន្ទាប់​មក​ចង្កេះ​ចាប់​ផ្តើម​ឈឺ​ចុក​ចាប់​ឲ្យ​លំបាក​អង្គុយ​ ដល់​អង្គុយ​លែង​បាន។​ ហើយ​បើ​ទោះ​បី​ជា​បង្ខំ​ខ្លួន​ឯង​ឲ្យ​អង្គុយ​ឬ​ដេក​មើល​ ឬ​ស្តាប់​តទៀត​ ក៏​មិន​អាច​យល់​បាន​ដែរ។​ ដើម្បី​ឲ្យ​ច្បាស់​ថែម​ទៀត​លើ​បញ្ហា​នេះ ខ្ញុំ​សូម​ស្នើ​តុលាការ​ចាត់​អ្នក​ជំនាញ​ម្នាក់​ទៀត​ ឬ​រួម​ជា​មួយ​វេជ្ជបណ្ឌិត​កំបែល​ដើម្បី​ពិនិត្យ​ពី​បញ្ហា​ផ្ចង់​អារម្មណ៍​របស់​ខ្ញុំ។​ សូម​អរគុណ!»។

នួន​ ជា​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពេល​ដែល​មេធាវី​របស់​គាត់​លោក​ស៊ុន ​អារុណ​ ស្នើ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​ត្រឡប់​ទៅ​បន្ទប់​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​បន្ទាប់​ពី​អង្គជំនុំ​ជម្រះ​ចាប់​ផ្តើម​បើក​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ។

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បើក​សវនាការ​រយៈពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ត​ទៅ​ ដើម្បី​ពិចារណា​លើ​សម្បទា​ និង​ស្មារតី​ជន​ជាប់​ចោទ​អៀង​ ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​នួន​ ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​នៅ​ក្នុង​ការ​ចូល​រួម​សវនាការ​ និង​លទ្ធភាព​របស់​គាត់​នៅ​ក្នុង​ការ​អង្គុយ​នៅ​ក្នុង​សវនាការ​រយៈពេល​យូរ។

សវនាការ​នេះ​​​ផ្អែក​ទៅ​លើ​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត​ចន​ ខាំបែល​ ជំនាញ​ផ្នែក​មនុស្ស​ចាស់​មក​ពី​ប្រទេស​នូវែលសេឡង់។​ លោក ​ចន ​ខាំបែល ​បាន​ឆ្លើយ​នៅ​ក្នុង​សវនាការ​តប​ទៅ​នឹង​សំណួរ​របស់​សហមេធាវី​ការពារ​ក្តី​ថា​ នួន​ ជា​ មិន​មាន​បញ្ហា​ក្នុង​ការ​ផ្ចង់​អារម្មណ៍​នោះ​ទេ​។

លោក ​ចន ​ខាំបែល ​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ដូច្នេះ​ថា៖

«ខ្ញុំ​ពិនិត្យ​ឃើញ​ថា គាត់​មិន​បាត់បង់​ការ​ផ្ចង់​អារម្មណ៍​ទេ។​ ខ្ញុំ​បាន​សួរ គាត់​បាន​ឆ្លើយ​មក​ត្រឹម​ត្រូវ។ នេះ​ជា​អារម្មណ៍​គាត់​ ដែល​គាត់​ថា គាត់​មិន​អាច​ផ្ចង់​អារម្មណ៍​បាន។​ នេះ​គឺ​ជា​កត្តា​អត្តនោម័ត​មួយ​របស់​គាត់»។

សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​សញ្ជាតិ​នូវែលសេឡង់​ដដែល​បាន​បញ្ចប់​ការ​ធ្វើ​កោសល្យវិច័យ​សុខភាព​ជន​ជាប់​ចោទ​ចំនួន​បី​នាក់​នៅ​ក្នុង​រឿង​ក្តី​០០២​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ហើយ​បាន​រក​ឃើញ​ថា​ លោក​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ក្រហម​ អាយុ​៨៦​ឆ្នាំ ​និង​នួន​ ជា​ មិន​មាន​បញ្ហា​សុខភាព​សម្រាប់​ចូល​រួម​នៅ​ក្នុង​សវនាការ​ពេញ​លេញ​នោះ​ទេ។

<!--IMAGE-RIGHT-->

ដោយ​ឡែក​ អ្នកស្រី​អៀង ធីរិទ្ធ​ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​សម្រាប់​ការ​ចូល​រួម​ដំណើរ​ការ​កាត់​ទោស​របស់​គាត់​ឲ្យ​បាន​ពេញ​លេញ​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​អាន​ដោយ​លោក​ចៅក្រម​ណិល ​ណុន ​ប្រធាន​អង្គជំនុំ​ជំរះ​សាលា​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ៖

«នៅ​ក្នុង​របាយកាណ៍​ពាក់ព័ន្ធ​នឹង​ជន​ជាប់​ចោទ​អៀង ​ធីរិទ្ធ​ លោក​សាស្រ្តាចារ្យ​ខាំ ​បែល បាន​សន្និដ្ឋាន​ថា​ ជន​ជាប់​ចោទ​អៀង ​ធីរិទ្ធ​ មាន​បញ្ហា​ស្មារតី​ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ដែល​រារាំង​លទ្ធភាព​របស់​គាត់​ក្នុង​ការ​ចូលរួម​ពេញ​លេញ​ក្នុង​ការ​ជំនុំជម្រះ​លើ​រូប​គាត់​ និង​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធ​របស់​គាត់​ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌»។

សូម​បញ្ជាក់​ថា​ ខៀវ​ សំផន​ជន​ជាប់​ចោទ​ម្នាក់​ទៀត​នៅ​ក្នុងរឿងក្តី​០០២​ ដែល​ធ្លាប់​ធ្វើ​ជា​ប្រមុខរដ្ឋ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​បាន​បដិសេធ​ក្នុង​ការ​ធ្វើ​កោសល្យវិច័្ចយ​លើ​សុខភាព​របស់​គាត់​ហើយ​អៀង ​សារី ​មិន​បាន​ប្តឹង​ជំទាស់​នឹង​របាយការណ៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ចន ​ខាំបែល ​នោះ​ទេ។

នៅ​ក្នុង​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ អៀង ​សារី ​និង​មេធាវី​របស់​គាត់​ក៏​បាន​បង្ហាញ​ខ្លួន​ផង​ដែរ​ ក៏​ប៉ុន្តែ​វត្តមាន​របស់​ពួក​គាត់​គឺ​សម្រាប់​តែ​ការ​សង្កេតការណ៍​តែ​ប៉ុណ្ណោះ៕

This posting includes an audio/video/photo media file: Download Now

អតីត​ជន​រងគ្រោះ​គុក​ទួលស្លែង​ឈឺ​ធ្ងន់

Posted: 29 Aug 2011 02:54 PM PDT

លោក​ វាន់ ​ណាត ​អាយុ ​៦៦​ឆ្នាំ​ អតីត​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​នៃ​​គុក​ទួលស្លែង​ ឬ​មន្ទីរ​ស២១​ និង​ជា​សាក្សី​មួយ​រូប​ដ៏​សំខាន់​ក្នុង​រឿង​ក្តី​០០១​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​លាង​ឈាម​ឡាសង់តេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​របស់​លោក។

ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​លោក​វាន់ ​ណាត ​បាន​កើត​មាន​ឡើង​ខណៈ​ដែល​លោក​កំពុង​រង​ចាំ​ការ​ប្រកាស​សាលក្រម​របស់​សាលាក្តី​ខ្មែរ​ក្រហម​លើ​សំណុំ​រឿង​០០១​ដែល​មាន​ជន​ជាប់​ចោទ​តែ​មួយ​រូប​ប៉ុណ្ណោះ​ គឺ​លោក​កាំង​ ហ្គិចអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ឃុំ​ឃាំង​ទួលស្លែង។

អ្នក​ស្រី ​គិត ​អេង ​អាយុ​៦២​ឆ្នាំ ​ភរិយា​របស់​លោក​វាន់​ ណាត ​បាន​ផ្តល់​សម្ភាសន៍​ជា​មួយ​​វីអូអេ​ខ្មែរ​ថា ​លោក​វាន់ ​ណាត ​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា​ ស្វាមី​របស់​អ្នក​ស្រី​មាន​ជំងឺ​លើស​ឈាម​ និង​ទឹក​ចូល​សួត​ ហើយ​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ​ លោក​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ។

«ខ្ញុំ​នៅ​កៀក​គាត់​ នៅ​ជាប់​គាត់​ហ្នឹង។ មក​នៅ​ជាមួយ​គ្នា​ទាំង​អស់​ ទាំង​កូន​មក​ជុំ​គ្នា។ គាត់​ដូច​អត់​ស្រួល​ថា​មក​លាង​ឈាម។ គាត់​ថាគាត់​មក​ឥត​រួច​ឥឡូវ​មក​អត់​រួច។ ឲ្យ​នាំ​គ្នា​មក​គ្រា​គាត់។​ គ្រាន់​តែ​ប្រាំ​នាទី មួយ​ភ្លែត​ហ្នឹង​ គាត់​ដូច​ឆ្លេឆ្លា។ គាត់​ដូច​អត់​ស្រួល​អញ្ចឹង​ហ្មង។ គាត់​លែង​ដឹង​ខ្លួន​នៅ​លើ​ដៃ​ប្រពន្ធ​កូន​ទាំង​អស់​ហ្នឹង»។

លោក​ វាន់ ​ណាត យ៉ាង​តិច​មួយ​សប្តាហ៍​ពីរ​ដង គាត់​ត្រូវ​មក​លាង​ឈាម​នៅ​មជ្ឈមណ្ឌល​ឡាសង់តេ ក៏​ប៉ុន្តែ​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​លោក​ជា​ទម្ងន់​នេះ​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​បារាំង​កាលពី បី​ខែ​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី​គិត​ អេង។

«គាត់​​មាន​ជំងឺ​លើស​ឈាម​រាប់​ឆ្នាំ​ហើយ​ តាំង​ពី​គាត់​ចាប់​ចេះ​លាង​ឈាម​ហ្នឹង​មក​។​ ហើយ​ពេល​លាង​ឈាម​ម្តង​ៗ​ គាត់​ច្រើន​ឡើង​ឈាម​។ ​គាត់ ​ឡើង​ឈាម​ ជួន​កាល​ឈាម​ឡើង​ជា​មួយ​ម្ភៃ​ទៅ​។​ទៅ​ បាន​ដាក់​ថ្នាំ​ទៅ​ វា​នេះ​មក​វិញ​ទៅ​ណាស់»។

លោក​វេជ្ជបណ្ឌិត​តាន់ ​សុគន្ធ​ អនុប្រធាន​មន្ទីរ​ពេទ្យ​ព្រះកុសមៈ ​និង​ជា​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​លាង​ឈាម​ឡាសង់តេ​បាន​បញ្ជាក់​ថា​ លោក​វាន់ ​ណាត ​មាន​ជំងឺ​បេះដូង។​ លោក​មាន​ប្រសាសន៍​ទៀត​ថា​ លោក​វាន់​ ណាត​ អាច​ដក​ដង្ហើម​បាន​បន្តិច​ បន្ទាប់​ពី​លោក​ត្រូវ​បាន​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់។​ ក៏​ប៉ុន្តែ លោក​មាន​សង្ឃឹម​រស់​តិច​តួច​ណាស់។

«បេះដូង​គាំង​ហើយ​ គឺ​ថា​ស្អី​ៗ​ វា​ច្រាល មិន​មែន​ជា​ទឹក​ទេ​ដែល​យើង​បឺត​ទៅ។ ដូច​ជា​ស្លេស​ដែល​គាត់​លេប​ចូល​ទៅ​វិញ។​ ហើយ​យើង​សន្និដ្ឋាន​ថា​ ប្រហែល​ជា​បេះដូង​គាត់​មាន​បញ្ហា។ ជា​ទូទៅ​បើ​ទឹក​ចូល​សួត​ល្មម​ៗ​គឺ​ថា​គាត់​អាច​មក​ដល់​មន្ទីរ​ពេទ្យ​ទាន់​នៅ​ក្នុង​រយៈពេល​ប្រាំ​នាទី​ ឬ​ដប់​នាទី​បាន។​ ក៏​ប៉ុន្តែ​ អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ទន់​ភ្លាមៗ​ហ្នឹង​គឺ​ថា​និយាយ​ហើយ​គឺ​ហត់​ភ្លាម។ ករណី​គឺ​ច្រើន​តែ​បេះដូង​ទេ​ ធ្វើ​ឲ្យ​លឿន»។

ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត​ទាំង​ប្រាំពីរ​រូប​នៃ​គុក​ទួលស្លែង​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ ឌុច គឺ​មាន​តែ​បី​រូប​តែ​ប៉ុណ្ណោះ​ គឺ​លោក​ជុំ ​ម៉ី ​លោក​វាន់ ​ណាត ​និង​លោក​ប៊ូ ​ម៉េង​ គឺ​ជា​សាក្សី​ដ៏​សំខាន់​ក្នុង​សាលាក្កី​ខ្មែរ​ក្រហម។

លោក​ ហ៊ុយ ​វណ្ណៈ​ មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​មាន​ប្រសាសន៍​ថា​ លោក​ក្រាញ់​ តូនី ​ប្រធាន​ស្តី​ទី​នៃ​រដ្ឋបាល​សាលាក្តី​ខ្មែរ​ក្រហម ​បាន​ផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​៥០០​ដុល្លារ​អាមេរិក​ដល់​លោក​វាន់​ ណាត។​ លោក​ហ៊ុយ ​វណ្ណៈ ​បាន​បញ្ជាក់​ថា លោក​ និង​សហការី​លោក​សូម​បួង​សួង​ឲ្យ​លោក​វាន់​ ណាត​ ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​ពី​ព្រោះ​លោក​ជា​មនុស្ស​ដ៏​សំខាន់​ ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ​ និង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម៕

This posting includes an audio/video/photo media file: Download Now

អតីត​ខ្មែរ​ក្រហម​ត្រូវការ​ការ​អភិវឌ្ឍ​ច្រើន​ជាង​ការ​កាត់ទោស​បន្ថែម

Posted: 29 Aug 2011 02:20 PM PDT

អតីត​កងទ័ព​ខ្មែរ​ក្រហម​ នៅ​ក្នុង​ស្រុក​សំឡូត​ បាន​ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ បោះបង់​ចោល​សំណុំ​រឿង​០០៣ ​និង​០០៤​ ដោយ​ទាមទារ​ឲ្យ​សាលាក្តី​ពិសេស​ គិត​ដល់​ការ​ផ្សះផ្សា​ និង​ការ​អភិវឌ្ឍ​ទើប​ប្រសើរ​ជា​ជាង។

ថ្លែង​ក្នុង​ឱកាស​ចោទ​ជា​សំណួរ ​នៅ​ក្នុង​វេទិកា​សាធារណៈ​ ដែល​រៀបចំ​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​ក្នុង​ទី​រួម​ស្រុក​សំឡូត​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ លោក​ពេញ ​លឹម​ អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​បក​ស្រាយ​ថា​ ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​ការ​ចង​កំហឹង​លើ​មេដឹក​នាំ​ខ្មែរ​ក្រហម​ ក៏​ប៉ុន្តែ​ ប្រទេស​កម្ពុជា​ ចង់​បាន​ការ​អភិវឌ្ឍ​ជាជាង​ការចាប់​ខ្លួន​ និង​ការកាត់​ទោស​បន្ថែម​ទៀត។

«ក៏​សូម​ឲ្យ​អស់​លោក​ទាំងអស់​នេះ​ ចាប់​អារម្មណ៍​ខ្ពស់​ កាត់ទោស​ចំពោះ​តែ​ថ្នាក់​ដឹក​នាំ​ខ្ពស់ៗ​ចុះ​ពីព្រោះ​ កំហុស​ខុស​ឆ្គង​កន្លង​មក​ គឺ​មិន​មែន​នៅ​លើ​ថ្នាក់​ក្រោម​ទេ​ គឺ​ថ្នាក់​ខាង​លើ​ដែល​ជា​ថ្នាក់​ដឹក​នាំ។​ (ករណី)០២ ​០៣ ​០៤ ​អី​ត​ទៅ​ទៀត​ទៅ។​ ការដឹង​ឮ​បញ្ហា​នេះ​ ចេះ​តែ​ច្រើន​ឡើង​ៗ​ មិន​ចេះ​ចប់​ទេ»។

<!--IMAGE-RIGHT-->

ការលើក​ឡើង​របស់​អតីត​ទាហាន​នៃ​កងទ័ព​ខ្មែរ​ក្រហម​រូប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ វាំងសង់ ដឺ វីល ដឺ​ អេស្មាអែល (Vincent De Wille De' Estmael) ​ជំនួយការ​ជាន់​ខ្ពស់​របស់​សហព្រះរាជអាជ្ញា​អន្តរជាតិ​ បាន​បង្ហាញ​ប្រាប់​នៅ​ក្នុង​វេទិកា ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​វិវត្ត​ នៃ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ថា​ សំណុំ​រឿង​បន្ថែម ​០០៣ ​និង​០០៤​ កំពុង​តែ​ដំណើរការ។​ ទីតាំង​​នៃ​ឧក្រិដ្ឋកម្ម​ត្រូវ​បាន​បង្ហាញ​ ហើយ​សំណុំរឿង​នេះ​មាន​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​ ក៏​ប៉ុន្តែ ​គេ​នៅ​មិន​ទាន់​ដឹង​ អំពី​ការ​ចាប់​នាំ​ខ្លួន​ជនជាប់​សង្ស័យ​ទាំង​នេះ​មក​កាត់​ទោស​នោះ​ទេ។​ ទោះ​ជា​យ៉ាង​ណា​ មន្រ្តី​សាលាក្តី​ខ្មែរ​ក្រហម​ដដែល​ មិន​បង្ហាញ​អត្តសញ្ញាណ​ នៃ​ជនជាប់​សង្ស័យ​នៅ​ក្នុង​សំណុំរឿង​ទាំង​ពីរ​ ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​ជា​ខ្លាំង​ រវាង​ភាគី​កម្ពុជា​ និង​ភាគី​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ទេ។

តាម​ការបង្ហាញ​ព័ត៌មាន​ក្រៅ​ផ្លូវការ​ មាន​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ចំនួន​ប្រាំ​រូប​ នៅ​ក្នុង​នោះ​មាន​អតីត​មេ​បញ្ជាការ​ជាន់ខ្ពស់​កងទ័ព​ខ្មែរ​ក្រហម​ គឺ​លោក​ មាស​ មុត​ និង​លោក​ ស៊ូ​ មេត ​និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បី​នាក់​ផ្សេង​ទៀត​ រួម​មាន​យាយ​ចែម​ តា​ទិត្យ​ និង​តាអាន​ ដែល​ជន​ទាំង​នេះ​មួយ​ចំនួន​ មាន​វ័យ​កាន់​តែ​ចាស់​ជរា​ និង​មាន​ជំងឺ​ជាប់​នឹង​ខ្លួន​ទៀត​ផង។

<!--IMAGE-LEFT-->

អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ទៀត​ ឈ្មោះ ហួន​ក៏​បាន​ផ្តោត​ទៅ​លើ​ការទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍ​ប្រសើរ​ជាជាង​ការកាត់​ទោស​បន្ថែម​ទៀត​ដែរ។

«បើ​យើង​ កាត់​បន្ត​ ០០១​កាត់​ហើយ​ ឈាន​ដល់​០០២​ ឈាន​ដល់​០០៣​ ឈាន​ដល់​០០៤​ តើ​វា​មាន​ប្រយោជន៍​អ្វី?​ តើ​មាន​ប្រយោជន៍​អ្វី?​ ប្រជាជន​ខ្មែរ​រាល់​ថ្ងៃ​ បើ​តាម​តែ​ខ្ញុំ​ទេ​ ដូច​បង​ប្អូន​ទាំង​អស់​ សូម​ឲ្យ​តែ​ទំនេរ​ស្រុក​ មាន​ការអភិវឌ្ឍ​ ជួយ​ប្រទេស​ខ្មែរ​ឲ្យ​រុងរឿង​ ធ្វើ​ឲ្យ​មាន​សាមគ្គី​ មហា​សាមគ្គី​ ការពារ​ប្រទេស​ជាតិ​ កសាង​ប្រទេស​ គឺ​ជា​ការបញ្ចប់»។

មាន​ការផ្តល់​យោបល់​ ពី​ក្រុម​អតីត​កងទ័ព​ខ្មែរ​ក្រហម​ នៅ​ក្នុង​វេទិកា​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង​ ២០០​នាក់​ ភាគ​ច្រើន​គឺ​ជា​ អតីត​សមាជិក​ចលនា​តស៊ូ​កុម្មុយនីស្ត​ខ្មែរ​ក្រហម​ ឲ្យ​មាន​ការគោរព​តាម​ព្រះពុទ្ធ​សាសនា​ ហើយ​ជៀសវាង​ការចងពារ​ តាម​រយៈ​ការស្វែង​រក​ជន​សង្ស័យ​បន្ថែម​យក​មក​កាត់​ទោស។

លោក​វាំងសង់ ដឺ វីល ដឺ​អេស្មាអែល​ បាន​ធានា​នៅ​ក្នុង​វេទិកា​នោះ​ថា​ នឹង​មិន​មាន​ការតាម​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ជន​សង្ស័យ​លើស​ពី​ចំនួន​ដប់​នាក់​នោះ​ទេ។

«សំណុំរឿង​ពី​ ០១​ ០២​ ០៣​ ០៤​ មាន​ទាក់ទង​នឹង​បុគ្គល​តែ​ចំនួន​ដប់​រូប​តែ​ប៉ុណ្ណោះ​ មិន​មាន​ចំនួន​លើស​ពី​ដប់​រូប​ទេ»។

លោក​សុខ ​គង់ ​អភិបាល​រង​ខេត្ត​បាត់ដំបង​ ដែល​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​វេទិកា​នោះ​ ក៏​បាន​ថ្លែង​ធានា​ដែរ​ថា​ រដ្ឋាភិបាល​នៅ​តែ​រក្សា​ការផ្សះផ្សា​ នឹង​បង្រួប​បង្រួម​ជាតិ​ ហើយ​នឹង​ពុំ​មាន​ការកាត់​ទោស​កម្មាភិបាល​ខ្មែរ​ក្រហម​តូចតាច​នោះ​ទេ។

«គឺ​ច្បាស់​ណាស់​ថា​ តុលាការ​មិន​ធ្វើការ​កាត់​ទោស​ថ្នាក់​ក្រោម​ និង​កម្មាភិបាល​តូច​តាច​នោះ​ទេ»។

សំឡូត ​គឺ​ជា​អតីត​តំបន់​ប្រយុទ្ធ​យ៉ាង​ខ្លាំងក្លា​រវាង​កងទ័ព​តស៊ូ​ខ្មែរ​ក្រហម​ ជាមួយ​កងទ័ព​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​ ខ្មែរ​ក្រហម​នៅ​តំបន់​នេះ​ បាន​ចុះ​ចូល​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ នៅ​ឆ្នាំ​១៩៩៦។

លោក  ​ឡាស់ ​អលស៊ិន​ (Lars Olsen)​ មន្ត្រី​ផ្នែកទំនាក់​ទំនង​កិច្ចការ​ច្បាប់ ​របស់​សាលាក្តី​ខ្មែរក្រហម និង​លោក អាង ឧត្តម​សហមេធាវី​កម្ពុជា​ការពារក្តី​ឲ្យ​អៀង សារី ​ដែល​ជាជនជាប់ចោទ​ម្នាក់​នៅ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ចំនួន​បួន​នាក់​ នៅ​ក្នុង​សំណុំរឿង​០០២​ បាន​ពន្យល់​អតីត​កង​ទ័ពខ្មែរ​ក្រហម​ ពី​បេសកកម្ម​ស្វែង​រក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរ​ក្រហម៕

This posting includes an audio/video/photo media file: Download Now

ផល​ប៉ះពាល់​របស់​អេដស៍​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា

Posted: 29 Aug 2011 12:22 PM PDT

ជំងឺ​អេដស៍​បាន​បង្កើន​ទម្ងន់​នៃ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​ខណៈ​ដែល​អ្នក​ជំងឺ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជីវភាព​យ៉ាប់យ៉ឺន​រួច​ទៅ​ហើយ។

របាយការណ៍​ជាតិ​ស្ដី​អំពី​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​មេរោគ​អេដស៍​មក​លើ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទី​ក្រុង​ភ្នំពេញ​​បង្ហាញ​ថា​ គ្រួសារ​ដែល​មាន​អ្នក​ជំងឺ​អេដស៍​មាន​ការ​ថយចុះ​នូវ​ប្រាក់​ចំណូល ​ហើយ​ការ​ចំណាយ​មាន​ការ​កើន​ឡើង ហើយ​១ភាគ៣​នៃ​ក្រុម​គ្រួសារ​អ្នក​ជំងឺ​អេដស៍​មាន​កុមារ​ដែល​កំព្រា​ដោយសារ​អេដស៍។

របាយការណ៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ (UNDP) ​បញ្ជាក់​ថា​ប្រាក់​សន្សំ​របស់​គ្រួសារ​នៃ​អ្នក​ជំងឺ​អេដស៍​មាន​ប្រាក់​បំណុល​ថយចុះ ដែល​ជា​កត្តា​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​សន្តិសុខ​ស្បៀង​អាហារ និង​សុខុមាលភាព​សង្គម​ ក៏​ដូច​ជា​ស្ថានភាព​ស្រ្តី​ និង​ការ​អប់រំ​របស់​កុមារ​ផង​ដែរ។

របាយការណ៍​នេះ​ផ្តោត​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៤.១៧២​គ្រួសារ​ក្នុង​នោះ​គ្រួសារ​អ្នក​ជំងឺ​អេដស៍​ចំនួន​២.៦២៣​គ្រួសារ និង​គ្រួសារ​អ្នក​គ្មាន​ជំងឺ​អេដស៍​ចំនួន​១.៥៤៩​គ្រួសារ។ នេះ​គឺ​ជា​របាយការណ៍​ដែល​ធ្វើ​ការសិក្សា​លើ​អ្នក​ផ្ទុក​ជំងឺ​អេដ៍​ដ៏​ពិស្តារ​លើក​ដំបូង​នៅ​កម្ពុជា​ដែល​មាន​អត្រា​អ្នក​ក្រីក្រ​ជិត​៣០​ភាគរយ។ របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​គ្រួសារ​នៃ​អ្នក​មាន​ជំងឺ​អេដស៍​ងាយ​រងគ្រោះ​បំផុត​នៅ​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​កើត​ឡើង។​ ថ្វី​បើ​មាន​ការ​កត់​សម្គាល់​ថា​កម្ពុជា​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជម្ងឺ​អេដស៍ក៏​ដោយ​ ក៏​របាយការណ៍​ដដែល​នេះ​លើក​ឡើង​ថា​ ជម្ងឺ​អេដស៍​នៅ​តែ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ក្រុម​គ្រួសារ​កម្ពុជា។

លោក​វេជ្ជបណ្ឌិត​ទា ​ផល្លា ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដី​អំពី​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​ជំងឺ​អេដស៍​មក​លើ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​នោះ​ថា​ កម្ពុជា​បាន​ឆ្លង​ជំងឺ​អេដស៍​នេះ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ។ ដូច្នេះ​គួ​មាន​វិធាន​ការណ៍​ដោះ​ស្រាយ​ជួយ​ពួក​គេ។ លោក​បាន​បន្ត​ថា​ ក្នុង​១​ឆ្នាំ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​៥៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការងារ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នេះ ដែល​ការងារ​ទាំង​នោះ​រូមមាន​ការ​ថែទាំ​ ការ​ការពារ​ និង​ការ​ផ្តល់​ថ្នាំ​ពន្យារ​ជីវិត។ លោក​បាន​បញ្ជាក់​ថា​ ជំងឺ​អេដស៍​​ បាន​រុញ​ច្រាន​គ្រួសារ​អ្នក​ជំងឺ​អេដស៍​ឲ្យ​ឈាន​ទៅ​រក​ភាព​ក្រីក្រ​កាន់​តែធ្ងន់ធ្ងរ​ឡើងៗ។​ លោក​បាន​មាន​ប្រសាសន៍​ថា៖

«សំខាន់​បំផុត​គឺ​យើង​ឃើញ​ថា​ បញ្ហា​សេដ្ឋកិច្ច​គឺ​កើត​ឡើង​ដោយសារ​ស្ថានភាព​ដែល​គាត់​លាក់​កំបាំង​សា្ថនភាព​ដែល​គាត់​អស់​មុខរបរ​ និង​ចំណូល​ពី​ប្តី។ ហើយ​ខ្លួន​ឯង​ក៏​អស់​ដែរ។ ទី២​ក្រីក្រ។ ទី​៣​គឺ​ផ្ទុក​ទៅ​ទៀត។ ហើយ​ទន្ទឹមនឹង​នេះ​ គាត់​ត្រូវ​ទទួល​បន្ទុក​មើល​កូន​ហើយ​កូន​មួយ​ចំនួន​ទៀត​មាន​ផ្ទុក​ទៅ​ទៀត។ អញ្ចឹង​គឺ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​គ្រួសារ។ ដូចនេះ​ការ​សិក្សា​នេះ​ គឺ​សំខាន់​ចង់​ឲ្យ​ដឹង​អំពី​ស្ថានភាព​ជាក់​ស្តែង​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជា​ពិសេស​គឺ​ស្រ្តី​នេះ​ឯង»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​នោះ ​ឌូហ្ក្លាស ​ប្រូដឺរិក (Douglas Broderick ) ប្រធាន​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​សិក្សា​នេះ​រក​ឃើញ​ថា​ គ្រួសារ​អ្នក​ជំងឺ​អេដស៍​មាន​ប្រាក់​ចំណូល​ថយចុះ រួម​ផ្សំ​ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ខាង​ផ្នែក​វេជ្ជសាស្រ្ត​ ដែល​បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​គ្រួសារ​ងាក​ទៅ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ដែល​នាំ​ទៅ​រក​ភាព​ក្រីក្រ​ដូច​ជា​ ការ​ថយ​ចុះ​ប្រាក់​សន្សំ​ និង​ទ្រព្យ​សម្បតិ្ត​ តែ​មាន​បំណុល​កើន​ឡើង។

លោក ប្រូដឺរិក បន្ថែម​ទៀត​ថា​ លទ្ធផល​បង្ហាញ​ថា នេះ​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ពង្រីក​កម្មវិធី​ជាតិ​ការពារ​សង្គមសម្រាប់​អ្នក​មាន​ជំងឺ​អេដស៍ ​និង​ការ​ធានា​ថា​ កិច្ច​អន្តរាគមន៍​កាត់​បន្ថយ​ភាព​ក្រីក្រ​នឹង​បាន​ទៅ​ដល់​ជន​ក្រីក្រ​បំផុត និង​សមាជិក​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​សហគមន៍។

ជំងឺ​អេដស៍​បាន​ចាប់​ផ្ដើម​កើត​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៩១​ ហើយ​បន្ទាប់​មក​បាន​រីករាល​ដាល​ជា​ខ្លាំង​រហូត​ដល់​ជនបទ។​ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៧៥.០០០​នាក់​ក្នុង​៦០.០០០​ក្រុម​គ្រួសារ​កំពុង​តែ​មាន​ជំងឺ​អេដស៍។ អំឡុង​ពេល​ដែល​កម្មវិធី​របស់​រដ្ឋាភិបាលត្រូវ​បាន​ពង្រីក​បន្ថែម ដើម្បី​លើក​កម្ពស់​គុណភាព​ជីវិត​អ្នក​ជំងឺ​អេដស៍ ​ពួកគេ​ទាំង​នោះ​ជា​ច្រើន​នៅ​តែ​មាន​កង្វះខាត​ដូចជា ការ​មិន​អាច​ទទួល​បាន​សេវា​ការពារ​ ព្យាបាល និង​គ្រាំទ្រ។ ជា​ញឹក​ញាប់​ជំងឺ​អេដស៍​បាន​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នក​មាន​ និង​អ្នក​ក្រ​បាត់បង់​ការងារ​ និង​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​ម៉ាក់ងាយ ​និង​ការ​រើសអើង។​ នេះ​បើ​យោង​តាម​របាយការណ៍​ខាង​លើ។

របាយការណ៍​រៀបរាប់​ទៀត​ថា​ កុមារ​ដែល​កំព្រា​ដោយ​សារ​ជំងឺ​អេដស៍​បាន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​បន្ទុក​សេដ្ឋកិច្ច​នៃ​សមាជិក​គ្រួសារ​ដែល​នៅ​រស់។ ជំងឺ​អេដស៍​ក៏​ជា​បន្ទុក​របស់​ប្រទេស​ផង​ដែរ​ដោយសារ​តែ​រដ្ឋាភិបាល​បាន​បង់​ប្រាក់​ទៅ​លើ​វេជ្ជសាស្រ្ត​ ដែល​ទាក់​ទង​នឹង​ជំងឺ​អេដស៍។ ​ ទោះជា​យ៉ាង​ណា​ក្ដី​ របាយការណ៍​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ពង្រីក​​កម្មវិធី​គាំពារ​សង្គម​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍​ និង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អន្តរាគមន៍​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នានា​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​គ្រួសារ​ក្រីក្រ​បំផុត​ និង​អ្នក​ដែល​ងាយ​រង​គ្រោះ​ជាង​គេ៕

This posting includes an audio/video/photo media file: Download Now

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិក​ចំពោះ​តន្ត្រី​បូរាណ​និង​សម័យ​ខ្មែរ

Posted: 29 Aug 2011 09:56 AM PDT

របាំ​ប្រពៃណី និង​ចម្រៀង​សម័យ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ផ្សេង​គ្នា​​ក្នុង​ចំណោម​អ្នក​ចូល​រួម​ពិធី​បុណ្យ​អុំទូក​ បណ្តែត​កន្ទោង ឬ​ប្រទីប​ខួប​លើកទី១៥ នៅ​ទី​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូស៊ែត​ សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ​នេះ។

បុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​សុក្រ​ទី១៩ ​និង​ថ្ងៃសៅរ៍​ ទី​២០ ខែសីហា​នេះ ​មាន​អ្នក​ចូលរួម​ច្រើន​ម៉ឺននាក់​ដែល​មាន​វ័យ​ និង​មាន​ប្រវត្តិ​ជីវិត​ និង​ចំណូល​ចិត្ត​ខុសៗ​គ្នា ជា​ពិសេស​ទាក់ទង​នឹង​សិល្បៈ​ចម្រៀង។

លោក​ហឿន ឈ្លីវ អាយុ​៥២​ឆ្នាំ ​ភៀសខ្លួន​ពី​ខេត្ត​បាត់ដំបង​មក​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៨៥។ ​លោក​ចូលចិត្ត​របាំប្រពៃណី​ តែ​លោក​មិន​ចូលចិត្ត​ចម្រៀង​រែព​ (Rap) និង​ ហ៊ីពហព (hip-hop) ​ទេ។ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ចូលចិត្ត​របាំ​ប្រពៃណី​ជាង។ ​របាំ​ខ្មែរ​យើង​ អញ្ចឹង​យើង​ចូល​ចិត្ត​ហើយ។ រែព​ ខ្ញុំ​មិនសូវ​ចូលចិត្ត​ទេ។​ បាន​តែ​គេ​ក្មេង​ទេ អាហ្នឹង។​ ស្តាប់​បាន​ខ្លះ​ មិន​បាន​ខ្លះ។ ​បទ រែព​ ច្រើន​តែ​ជេរ​គ្នា។ ពិបាក​ស្តាប់។​ មើល​វា​មិនសូវ​ចូល​ភ្នែក​ដែរ»។

ផ្ទុយ​ទៅ​វិញ​យុវជន​ដែល​ធំដឹង​ក្តី​នៅ​សហរដ្ឋ​អាមេរិក​ចូល​ចិត្ត​ចម្រៀង​រែព​ និងហ៊ីព ហព ​ជាង​ព្រោះ​មិន​ពិបាក​​ស្លៀក​ពាក់​តែង​ខ្លួន។ គេ​អាច​សម្តែង​ រែព និងហ៊ីព ហព ទីណា​ក៏បាន។ រាំ​បាន ទោះជា​ម្នាក់​ឯង។

លោក​អាដាម ឡុង (Addam Long) កីឡាករ​អុំទូក​ក្រុម​ ឡាវបូឌាន (LaoBodian) ​និយាយ​ថា៖

«ខ្ញុំចូលចិត្ត​ចម្រៀង​រែព។ ខ្ញុំជា​ក្មេងជំនាន់ថ្មី។ ​ខ្ញុំធំដឹងក្តី​ក្នុង​បរិយាកាស​ចម្រៀង​រែព និងហ៊ីពហព។ ខ្ញុំចូល​ចិត្ត​ហ៊ីព ហព តែ​ខ្ញុំ​ក៏​ស្តាប់​ចម្រៀង​ប្រពៃណី​អាស៊ី​ខ្លះដែរ»។

រីឯ​កញ្ញា​ ម៉ៅ ចាន់សុខនា​ ជា​និស្សិត​ខ្មែរ​មក​រៀន​នៅ​សាកលវិទ្យាល័យ​ ស៊ែន្ត ឡូរ៉ិនស៍ (St. Laurence​) នា​ទីក្រុង​ញូវយ៉ក​និយាយ​ថា នាង​ចូលចិត្ត​របាំ​ប្រពៃណី​ជាង​ចម្រៀង​រែព​ និង​ហ៊ីពហព។​ នាង​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​ចូលចិត្ត​របាំ​គោះត្រឡោក ​ដែល​ជា​របាំ​ប្រពៃណី​ខ្មែរ​យើង​ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ចម្រៀង​សម័យ​ផង​ដែរ។ ខ្ញុំ​ចូលចិត្ត​របាំ​ខ្មែរ​ជាង»។

អ្នក​ស្រី​ឡុច អឹម ​ដែល​ជា​អតីត​ជន​ភៀសខ្លួន​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ចំណូល​ចិត្ត​របស់​អ្នកស្រី​ទេ។​ អ្នកស្រី​និយាយ​ថា «ចូលចិត្ត​ទាំង​អស់​ហ្នឹងឯង។ ឲ្យ​តែ​គេ​លេង ​ចេះ​តែមើល​ហើយ»។

ពេល​សួរ​អំពី​ខ្លឹមសារ​ចម្រៀង​ រែព អ្នកស្រី​សើច​ ហើយ​ឆ្លើយ​ថា៖ ​«ស្តាប់​មិន​បាន»។

អ្នក​ចូលចិត្ត​ចម្រៀង​រែព និង​ហ៊ីព ហព ហាក់​ដូចជា​មាន​ចំនួន​តិច តែ​សម្រែក ការ​ទះដៃ និង​សកម្មភាព​គាំទ្រ​មាន​សភាព​កង​រំពង​ជាង​របាំ​ប្រពៃណី៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៩ សីហា

Posted: 28 Aug 2011 08:19 PM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

កម្ពុជា៖ អ្នក​ជំនាញការ​ខាង​សុខាភិបាល​ម្នាក់​បាន​ប្រាប់​តុលាការ​ខ្មែរ​ក្រហម​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ចុងចោទ​​ម្នាក់​ក្នុងចំណោម​ចុងចោទ​បួន​នាក់​កំពុង​មាន​ជំងឺ​បាត់បង់​ស្មារតី​ហើយ​អាច​មាន​ជំងឺ​វង្វេងវង្វាន់។

ជប៉ុន៖ គណបក្ស​កំពុង​កាន់​អំណាច​ជប៉ុន​ បាន​បោះឆ្នោត​ជ្រើសរើស​លោក​យ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko Noda) ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជា​មេដឹក​នាំ​ថ្មី​របស់​ខ្លួន​ ដែល​ករណី​នេះ​មាន​ន័យ​ថា​អ្នក​អភិរក្ស​និយម​ផ្នែក​ហិរញ្ញវត្ថុ​នេះ​នឹង​ប្រាកដ​ជា​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៦​របស់​ប្រទេស​ជាតិ​នា​ពេល​ឆាប់ៗ​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ។

ជប៉ុន៖ លោក​យ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko ​Noda) ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ ដែល​នឹង​ក្លាយជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ ជា​អ្នកគាំទ្រ​នាយករដ្ឋមន្រ្តី​ចេញពី​តំណែង​ ណាអុតុ​ កាន់​ (Naoto Kan)​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​គេ​រំពឹង​ថា គាត់​នឹង​បន្ត​នយោបាយ​របស់​លោក​ កាន់​ (Kan)។

អាស៊ី៖ ខ្យល់ព្យុះ​សង្ឃរា​ទីហ្វុង​ណាន់ម៉ាឌុល​ (Nanmadol) ​បាន​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​​យ៉ាងខ្លាំង​ហើយ​នឹង​មាន​ខ្យល់​បក់​ក្នុង​ល្បឿន​ជាង​មួយ​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​ដែល​វា​ឆ្លងកាត់​កោះ​តៃវ៉ាន់​ភាគ​ខាងត្បូង​ និង​ខាងកើត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​បាន​ធ្វើឲ្យ​សាលា​រៀន​ និង​កន្លែង​អាជីវកម្ម​ផ្សេងៗ​បិទ​ទ្វារ​​ និង​បង្ខំឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ជម្លៀស​ចេញ​ពី​ទីលំនៅ។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា ​បាន​ប្រកាស​ភាពអាសន្ន​ក្នុង​រដ្ឋ​មួយ​ចំនួន​ដែល​រង​ការបក់បោក​ដោយសា​រខ្យល់ព្យុះ​សង្ឃរា​ឈ្មោះ អាយរីន​ (Irene)​ រួមមាន​រដ្ឋ​ North Carolina​, Virginia​, និង​ទីក្រុង​ញូវយ៉ក​​ ដើម្បី​ផ្តល់​ធនធាន​សហព័ន្ធ​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​រដ្ឋ​ទាំង​នោះ។

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​បាន​ឡោមពទ័្ធ​ទីក្រុង​ភាគ​កណ្តាល​ដែល​ជាទី​កន្លែង​នៃ​ការ​តវ៉ា​ប្រឆាំង​ប្រធានាធិបតី​ បាសៀរ អាល់ អាសេដ (Bashar al- Assad)។ ពួក​សកម្មជន​និយាយ​ថា​ កងទ័ព​ដែល​ឡោមព័ទ្ធ​ទីក្រុង​រ៉ាស់តាន់ (Rastan) ​បាន​បាញ់​កាំភ្លើង​យន្ត​នៅថ្ងៃ​ច័ន្ទ​នេះ ដោយ​បន្ត​បង្ក្រាប​ការ​ងើប​បះបោរ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​៥​ខែ​នោះ។

លីប៊ី៖ កងកម្លាំង​ប្រឆាំង​នឹង​លោក​ហ្កាដាហ្វី​ (Gadhafi​) នៃ​ប្រទេស​លីប៊ី​ កំពុង​ខិត​ចូល​កាន់តែ​ជិត​ទីក្រុង​ស៊ឺដ (Sirte)ដែល​ជា​ស្រុក​កំណើត​របស់​ម៉ូអាម៉ារ ហ្ដាដាហ្វី​ (Moammar ​Gadhafi​) ខណៈពេល​ដែល​ពួកគេ​បន្ត​ស្វែង​រក​មេដឹកនាំ​ចុះខ្សោយ​រូបនេះ​បន្ទាប់​ពី​ពួកគេ​បាន​ត្រួតត្រា​រដ្ឋធានី​លីប៊ី​រួច​មក។

ចិន៖ ឧត្តមសេនីយ៍​ចិន​ម្នាក់​និយាយ​ក្នុង​រូបភាព​វីដេអូ​ដែល​គេ​បាន​មើល​ឃើញ​ជាទូទៅ​ថា​ ប្រទេស​របស់​លោក​ ខកខាន​មិន​បាន​កាត់ទោស​ចារបុរស​ល្បីៗ​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លង​មក​នេះ​ ពីព្រោះ​តែ​រឿងក្តី​នោះ​ជា​រឿង​អាម៉ាស់​បំផុត​បើ​ផ្សាយ​ជា​សាធារណៈ​នោះ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-LEFT-->

សហរដ្ឋ​អាមេរិក​៖ លោកស្រី​ Janet Napolitano​ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​​បាន​សុំ​ដល់​ប្រជារាស្ត្រ​ដែល​ឋិត​នៅ​ក្នុង​តំបន់​ដែល​ខ្យល់ព្យុះ​ Irene ​បោកបក់លើឱ្យ​មានការ​ប្រុងប្រយ័ត្ន ​ទោះណា​ជា​ខ្យល់ព្យុះ​​នេះ​បាន​បក់​ហួស​ទៅ​ហើយ ​ក៏​នៅ​មាន​គ្រោះថ្នាក់​ដែរ។

តៃវ៉ាន់​៖ កោះតៃវ៉ាន់​កំពុង​ត្រៀម​សម្រាប់​ខ្យល់ព្យុះ​ទីហ្វុង​ដ៏​សាហាវមូយ​ដែល​បោកបក់​ទៅ​ទិស​ខាង​ជើង​ពី​ប្រទេសហ្វីលីពីន ​ដែល​នៅ​​ទី​នោះវា​បាន​បោកបក់​លើ​កោះ Luzon ​ជា​កោះ​ធំ​ជាង​គេ ​ជា​មួយ​ការធ្លាក់​ភ្លៀងនិង​មាន​ខ្យល់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាងតិចណាស់​៨​នាក់​ស្លាប់។

លីប៊ី​៖ ក្រុម​ឧទ្ទាម​លីប៊ី​និយាយ​ថា ​ពួក​គេ​បាន​វាយ​យក​បាន​ក្រុង ​Bin Jawad នៅ​ជាប់​មាត់​សមុទ្រ ​ក្រោយ​ពី​បាន​ប្រយុទ្ធ​ច្រើន​ថ្ងៃ​ជា​មួយ​ពួក​យុទ្ធជន​ដែល​ស្មោះត្រង់​ជាមួយ ​Moammar Gadhafi។

ស៊ីរី​​៖ ប្រទេស​ស៊ីរី​បាន​ច្រាន​ចោល​សេចក្តី​ថ្លែងការណ៍​មួយ​របស់​សម្ព័ន្ធ​អារ៉ាប់ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​អំពើ​ហិង្សាព្រៃផ្សៃ ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ភិតក្នុង​ប្រទេស ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​ការ​បះបោរ​លម្អៀង​ទៅ​ខាង​​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​៥​ខែ​មក​ហើយ។

ប៉ាគីស្ថាន៖ អ្នកនយោបាយ​ជាន់ខ្ពស់​ម្នាក់របស់​គណបក្សប្រជារាស្ត្រ​ប៉ាគីស្ថាន​ដែល​ជា​បក្ស​គ្រប់គ្រង​ប្រទេស​បានលាលែង​ចេញ​ពី​តំណែង​របស់​លោកក្នុង​ក្រុង Karachi ប៉ែក​ខាង​ត្បូង​ប្រទេស ​ដោយ​បាន​ចោទ​ប្រកាន់បក្ស​ធំ​ជាង​គេ​ក្នុង​ក្រុង​នេះ​ថា​បាន​ធ្វើ​ឃាតកម្ម​និង​ប្រព្រឹត្ត​ភេរវកម្ម​។

នេប៉ាល់​​៖ សភា​នៃ​ប្រទេសនេប៉ាល់​បាន​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​និយម​លទ្ធិម៉ៅសេទង់​ជាន់​ខ្ពស់​ម្នាក់​ឱ្យ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!