VOA News: ព័ត៌មាន: “ប្រតិកម្ម​ចំពោះ​ការព្យាយាម​របស់​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​វីអូអេ​ខ្មែរ” plus 3 more

VOA News: ព័ត៌មាន: “ប្រតិកម្ម​ចំពោះ​ការព្យាយាម​របស់​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​វីអូអេ​ខ្មែរ” plus 3 more


ប្រតិកម្ម​ចំពោះ​ការព្យាយាម​របស់​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​វីអូអេ​ខ្មែរ

Posted: 02 Sep 2011 02:35 PM PDT

ការិយាល័យ​សហចៅក្រម​ស៊ើប​អង្គេត​របស់​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​រៀបចំ​នីតិវីធី​តាម​ផ្លូវ​ច្បាប់​ប្រឆាំ​នឹង​វីអូអេ​ខ្មែរ។ នេះ​បើ​តាម​សេចក្តី​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក ​ហ៊ុយ​ វណ្ណៈ ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​សាលាក្តី​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាតិ​ មាន​ប្រសាសន៍​ថា​ ក្រុម​ចៅក្រម​ស៊ើប​អង្គេត​មិន​បាន​បោះ​ចោល​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​ ប្រឆាំង​ទៅ​នឹង​ វីអូអេ​ខ្មែរ​នោះ​ទេ​ ហើយ​ចំណាត់​ការ​ប្រឆាំង​នឹង​វិទ្យុ​នេះ​ គឺ​ជា​ការ​ព្រមាន​ដល់​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់ និង​ជា​ការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែត​កិច្ចការ​ស៊ើបអង្គេត​របស់​តុលាការ។

«អ្វី​ដែល​យើង​អាច​ជម្រាប​ជូន​បាន​គឺ​ចៅក្រម​គាត់​នឹង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​របស់​ចៅក្រម​ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ ដើម្បី​ចាប់​ផ្តើម​នីតិ​វិធី​លើ​ផ្លូវ​ច្បាប់​ទៅ​លើ​ករណី​នេះ»។

សហ​ចៅក្រមស៊ើប​អង្គេត​លោក​យូ ​ប៊ុនលេង​ និង​លោក​សេច​ វិចប្លុង​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ចេញ​សេចក្តី​ព្រមាន​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដល់​វីអូអេ​ខ្មែរ​ដោយ​លើក​ឡើង​ថា​ អង្គភាព​ផ្សាយព័ត៌មាន​ដែល​ត្រូវ​បាន​ដំណើរការ​ដោយ​មូលនិធិ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​ដក​ទាំង​ស្រុង​នូវ​ខ្លឹមសារ​ឯកសារ​សម្ងាត់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ និង​បាន​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ នូវ​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹងសំណុំរឿង​០០៣​ និង​សំណុំរឿង​០០៤​ ដ៏​ចម្រូង​ចម្រាស។

សហចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​បើក​ដំណើរ​ការ​នីតិ​វិធី​លើ​ការ​ជ្រៀត​ជ្រែត​ចូល​កិច្ចការ​រដ្ឋបាល​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដោយ​យោង​តាម​វិធាន​ទី​៣៥។ សំណុំ​រឿង​នេះ​ អាច​បញ្ជូន​ទៅ​តុលាការ​ជាតិ​របស់​រដ្ឋាភិបាល​ខ្មែរ។ វិធាន​ទី​៣៥​នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ចែង​ថា​ សាលាក្តី​ខ្មែរ​ក្រហម​អាច​ដាក់​ទណ្ឌកម្ម​ ឬ​អាច​បញ្ជូន​បុគ្គល​ណា​មួយ​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ករណី​​ដែល​បុគ្គល​នោះ​ជ្រៀតជ្រែក​ដោយ​ចេតនា​ពិត​ប្រាកដ​ក្នុង​កិច្ចការ​រដ្ឋបាល​របស់​សាលាក្តី​ដូចជា​ការ​ចេញ​ផ្សាយ​ឯកសារ​សម្ងាត់​ ការ​បំផ្លាញ​ភ័ស្តុតាង​ ការ​គំរាមគំហែង​ ឬ​ក៏​ជួយ​ជន​ជាប់​ចោទ​ ឬ​ជន​ត្រូវ​បាន​ចោទ​ឲ្យ​រត់​គេច​ខ្លួន​ដោយ​ចេតនា​ជា​ដើម។

នៅ​ត្រង់​វិធាន​ទី​៣៥​ ត្រង់​ចំនុច​២​គ ​បាន​បង្ហាញ​ថា​ បញ្ហា​ដែល​អាច​កើត​មាន​ខាង​លើ​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ ឬ​របស់​អង្គការ​សហ​ប្រជា​ជាតិ។

នៅ​ថ្ងៃ​សុក្រ​ នេះ​ដែល​ អង្គការ​ការពារ​អ្នក​កាសែត​ដ៏​ធំ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បារាំង​ ដែល​មាន​ឈ្មោះ​ថា​ អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ហៅ​ការ​ព្រមាន​របស់​សហ​ចៅក្រម​ស៊ើប​អង្គេត​លើ​វីអូអេ​ខ្មែរ​ថា​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​ និង​រឿង​ប៉ះ​ទង្គិច។

លោក​ បិនដ្យាមិន អ៊ីស្មាអ៊ីល (Benjamin Ismail) នាយក​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំ​ដែន​ ប្រចាំ​តំបន់​អាស៊ី ​បាន​ទាម​ទារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បោះបង់​ចំនាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន​ចោល។

«យើង​មាន​ការ​ស្រងាក​ចិត្ត​ចំពោះ​សាលាក្តី​មួយ​ ដែល​ចំណាយ​ពេល​វេលា​ធ្វើ​ចំណាត់​លើ​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ដែល​គ្រាន់​តែ​បំពេញ​ការងារ​របស់​ខ្លួន​ ហើយ​ផ្សាយ​បន្ត​ចេញ​នូវ​ការងារ​របស់​ខ្លួន​ ខណៈ​ដែល​កិច្ចការ​តុលាការ​ត្រូវ​វិនិច័្ឆយ​នោះ​ មាន​សារៈ​សំខាន់​ធំធេង​ណាស់​សម្រាប់​យើង។​ យើង ​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ទេ​ ហើយ​ប្រសិន​បើ​មាន​ចំណាត់​ការ​តាម​ផ្លូវ​តុលាការ​ យើង​ស្នើ​សុំ​ឲ្យ​បោះ​បង់​ចោល»។

វីអូអេសំឡេង​សហរដ្ឋអាមេរិក​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ព្រមាន​របស់​សហ​ចៅក្រម​ស៊ើប​អង្គេត​ ហើយ​ចាត់​ទុក​ថា​នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច។ វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ចាត់​ទុកថា​ការ​ព្រមាន​នោះ​ ជា​ការ​ព្រមាន​ដ៏​ពុំ​មាន​ហេតុផល​សម​ស្រប។​ ជា​មួយ​គ្នា​នេះ​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​គោលជំហរ​របស់​ខ្លួន​ថា​នឹង​បន្ត​យក​ព័ត៌មាន​ទាក់​ទង​នឹង​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​ទៅ​ទៀត៕

This posting includes an audio/video/photo media file: Download Now

សកម្មជន​គណបក្ស​ប្រឆាំង​ពីរនាក់​ត្រូវ​បាន​ចាប់​ខ្លួន

Posted: 02 Sep 2011 01:57 PM PDT

នគរបាល​ខេត្ត​កំពង់ចាម​ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ពីរ​នាក់​ចំពោះ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ញ៉ុះញ៉ង់​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ដែល​ផ្សព្វផ្សាយ​ឯកសារ​ប្រវត្តិសាស្ត្រ​ស្តី​ពី​មហិច្ឆិតា​របស់​ប្រទេស​វៀតណាម​ដែល​ឈ្លាន​ពាន​កម្ពុជា។

លោក ​ផាន​ ផា​ អាយុ​ ៦៦​ឆ្នាំ​ អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ឃុំ​ទន្លេបិទ​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់ចាម​ និង​លោក​ ភូមិ​ យាន​ អាយុ​៧១​ឆ្នាំ​ សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ភូមិ​ទួល​ខ្សាច់​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូង​ឃុំ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពី​សង្កេតការណ៍​ពិនិត្យ​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​វិញ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រៀបរាប់​ថា​ ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​គ្រាន់​តែ​សកម្មជន​គណបក្ស​ប្រចាំ​ឃុំ​បាន​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​គណបក្ស​ កិច្ចការ​បោះឆ្នោត​ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទៅ​ប្រគល់​ជូន​សកម្មជន​គណបក្ស​ប្រចាំ​ភូមិ​ ហើយ​មេ​ភូមិ​គណបក្ស​ប្រជាជន​កម្ពុជា​ឃើញ​បាន​ឆក់​យក​ទៅ​ឲ្យ​នគរបាល​ និង​មួយ​ថ្ងៃ​ក្រោយ​មក​ នគរបាល​បាន​នាំ​ខ្លួន​សកម្មជន​ទាំង​ពីរ​នាក់​នេះ​ទៅ​ឃុំ​ឃាំង​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ តែ​ម្តង។

លោក​ ជឹម ​សេង​ហុង​ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ នគរបាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ពីរ​នាក់​នេះ​ទៅ​កាន់​តុលាការ។

សេចក្តីថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចាត់ទុក​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់​នេះ​គឺ​ជា​រូបភាព​នៃ​ការ​រំលោភសិទ្ធិ​នយោបាយ​ ការ​គំរាម​គំហែង​ផ្នែក​នយោបាយ​ និង​ការ​រំខាន​ដល់​ដំណើរ​ការ​រៀប​ចំការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​នៅ​កម្ពុជា។

លោក ​សេង ​ស៊ៀងលី ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ប្រចាំ​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ​បាន​លើក​ឡើង​អំពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ទៅ​វៀតណាម​ និងថៃ។

«ខ្ញុំ​ថា​បញ្ហា​ការ​ចាប់​នេះ​ហាក់​បី​ដូច​ជា​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចោញ​មតិ​ឲ្យ​ប្រជាពលរដ្ឋ​ ឬ​សកម្មជន​ ដឹង​អំពី​ប្រវត្តិសាស្ត្រ​ដែល​កន្លង​មក​មាន​ការ​បាត់បង់​ទឹក​ដី​ដោយសារ​តែ​វៀតណាម​ និង​ថៃ។​ កន្លង​មក​ហ្នឹង​ ទឹក​ដី​ខ្មែរ​យើង​នៅ​ខាង​វៀតណាម​២១​ខេត្ត​ និង​ប្រទេស​ថៃ​យក​បាន​១២​ខេត្ត»។

លោក ​នាង ​សុវ៉ាត ​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ អាជ្ញាធរ​ទំនង​ជា​យល់​ច្រឡំ​អំពី​សារ​នយោបាយ​របស់​គណបក្ស​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​ មនុស្ស​ ពីរ​នាក់​នេះ។

«ខ្ញុំ​សន្និដ្ឋាន​ជា​លើក​ដំបូង​ថា មេភូមិ​ ឬ​នគរបាល​ប៉ុស្តិ៍​មិន​បាន​យល់​អំពី​សារ​នយោបាយ​នេះ​ឲ្យ​បាន​ច្បាស់​ ហើយ​គាត់​មិន​បាន​ដឹង​ថា សារ​នេះ​ជា​សារ​នយោបាយ​ទូទៅ​របស់​គណបក្ស​នយោបាយ។​ បើ​សិន​ជា​វា​គ្រោះថ្នាក់​ ហើយ​មាន​ការ​ចោទ​ប្រកាន់​ វា​គួរ​តែ​មាន​ការ​ចោទ​ប្រកាន់​យូរ​ហើយ»។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សិទ្ធិ​ មនុស្ស​ បាន​បញ្ជាក់​ថា​ជាក់ស្តែង​គ្រាន់​តែ​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១ ​ខែ​កញ្ញា​នេះ​ភ្លាម​ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម។​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​ជា​បន្ទាន់​នូវ​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​រដ្ឋ​ទាល់​តែ​សោះ៕

This posting includes an audio/video/photo media file: Download Now

ភាព​តានតឹង​តាម​ព្រំដែន​ខ្មែរ​ថៃ​បាន​ធូរ​ស្រាល​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ

Posted: 02 Sep 2011 12:27 PM PDT

ប្រទេស​ថៃ​និង​កម្ពុជា​សង្ឃឹម​ថា​ជំនួប​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នា​ខែ​កញ្ញា​នឹង​ជួយ​ស្តារ​ឡើង​វិញ​ទំនាក់​ទំនង​ឆ្លង​ព្រំដែន​បន្ទាប់​ពី​មាន​ភាព​តានតឹង​និង​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។​ ទស្សននិស័យ​ការទូត​ ដែល​បាន​ប្រសើរ​ឡើង​បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​ខែ​កក្កដា​របស់​រដ្ឋាភិបាល​ថៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ យីងឡាក់​ ស៊ីណាវ៉ាត់។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ ឧត្តម​សេនីយ៍​ យុត្ថាសាក់​ សាស៊ីប្រាផា​ និង​ ឧប​នាយក​រដ្ឋ​មន្ត្រី​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឧត្តម​សេនីយ៍​ ទៀ បាញ់​ នឹង​ធ្វើ​ជា​សហ​ប្រធាន​នៃ​ជំនួប​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨​ ខែ​កញ្ញា។

ប៉ានីតាន់​ វ៉ាតាណាយ៉ាហ្កន​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ ជូឡាឡុងកន​ និង​ជា​អតីត​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ និយាយ​ថា​ បើ​ទោះ​ជា​នៅ​មាន​ជម្លោះ​ធំៗ​ច្រើន​ក៏​ដោយ​ ប្រទេស​ទាំង​ពីរ​ក៏​មាន​អារម្មណ៍​ថា​ចង់​ត្រឡប់​ទៅ​រក​ទំនាក់​ទំនង​ការទូត​ធម្មតា​វិញ​ដែរ។

«ខ្ញុំ​គិត​ថា​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ព្យាយាម​បង្កើត​ចំណាប់​អារម្មណ៍​ថ្មី​មួយ​ថា​ពួក​គេ​បាន​ត្រឡប់​ទៅ​កាន់​តុ​ចរចា​វិញ​ហើយ។​ ប្រាកដ​ណាស់​ថា​បញ្ហា​ធំៗ​គឺ​នៅ​ដដែល​ ប៉ុន្តែ​ពួក​គេ​ព្យាយាម​បង្កើត​ចំណាប់​អារម្មណ៍​ដែល​ថា​អ្វីៗ​ត្រឡប់​ទៅ​កាន់​ភាព​ប្រក្រតី​វិញ​ហើយ។​ នេះ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​ ព្រោះ​ថា​ក្នុង​ស្ថានភាព​បែប​នេះ​ យើង​ត្រូវ​បង្កើត​អារម្មណ៍​ល្អ​ដាក់​គ្នា»។

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និយាយ​ថា​ ឧត្តមសេនីយ៍​ យុត្ថាសាក់​ ក៏​នឹង​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក​ ហ៊ុន សែន​ ដែរ។

ការ​ពិភាក្សា​កំណត់​ជំហាន​ដើរ​ទៅ​មុខ​ក្នុង​ការ​ស្តារ​ឡើង​វិញ​ទំនាក់​ទំនង​ព្រំដែន​បន្ទាប់​ពី​ដំណាក់​កាល​ក្រឡាប់​ចាក់​អំឡុង​ពេល​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ លោក​ អាភីសិត​ វីចាជីវ៉ា​ ដែល​ជា​អ្នក​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ។

ជម្លោះ​ទាំង​នោះ​ផ្តោត​លើ​ប្រាសាទ​ព្រះវិហារ​ ដែល​ជា​ប្រាសាទ​ហិណ្ឌូ​កសាង​ក្នុង​សតវត្សរ៍​ទី​១១។​ ប្រទេស​ថៃ​និង​កម្ពុជា​បាន​ចោទ​ប្រកាន់​គ្នា​ពី​បទ​រំលោភ​ឈ្លានពាន​ និង​ថា​បាន​បាញ់​គ្រាប់​ផ្លោង​ដាក់​ទីតាំង​ប្រាសាទ​ហិណ្ឌូ​នេះ។​ មនុស្ស​១៨​នាក់​បាន​ស្លាប់​នៅក្នុង​ការ​ប្រយុទ្ធ​នេះ​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​ចាកចេញ​ពី​ភូមិករ​របស់​ពួកគេ។

ប្រទេស​កម្ពុជា​និង​ថៃ​បាន​ទាមទារ​តំបន់​ជុំវិញ​ប្រាសាទ​នេះ។​ កាល​ពី​ឆ្នាំ​១៩៦២​ ការ​កាត់ក្តី​របស់​តុលាការ​ពិភពលោក​បាន​ផ្តល់​ប្រាសាទ​នេះ​ឲ្យ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​បាន​ដោះស្រាយ​បញ្ហា​ដី​ជុំវិញ​ប្រាសាទ​ដែល​នៅ​ខាង​ព្រំដែន​ប្រទេស​ថៃ​ផងទេ។

នៅ​ឆ្នាំ​២០០៨​ ប្រទេស​កម្ពុជា​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​បិតិភណ្ឌ​ពិភពលោក។

នៅ​មុន​ពេល​នោះ​ ប្រទេស​ថៃ​បាន​ទទួច​ឲ្យ​ប្រទេស​ទាំង​ពីរ​ដាក់​ពាក្យ​រួម​គ្នា​ទៅ​គណៈកម្មាធិការ​បិតិភណ្ឌ​ពិភពលោក​របស់​ អង្គការ​ អប់រំ​ វិទ្យាសាស្ត្រ​ និង​វប្បធម៌​ នៃ​អង្គការ​សហ​ប្រជាជាតិ។

ក្រុម​ជាតិ​និយម​ថៃ​បាន​ចោទ​ប្រកាន់​ប្រទេស​កម្ពុជា​ថា​បាន​ព្យាយាម​ត្រួតត្រា​បរិវេណ​ដី​ដែល​មាន​ទំហំ​បួន​គីឡូម៉ែត្រ​ការ៉េ​ ដែល​ស្ថិត​ក្នុង​ផ្នែក​ថៃ​នៃ​ព្រំដែន​ តាម​រយៈ​ការ​ស្នើ​សុំ​គម្រោង​គ្រប់គ្រង​ប្រាសាទ​របស់​កម្ពុជា។

ខាល​ ថៃយ័រ​ (Carl​ Thayer)​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ ញូវ​ សោធ​ វែល​ (New​ South​ Wales)​ របស់​អូស្ត្រាលី​ និយាយ​ថា​ចាប់​តាំង​ពី​ការ​បោះឆ្នោត​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ លោក​ស្រី​ យីងឡាក់​ ស៊ីណាវ៉ាត់​ បរិយាកាស​ការទូត​មាន​ការ​ប្រសើរ​ឡើង។

«បច្ចុប្បន្ន​ស្ថានភាព​ទូទៅ​មាន​លក្ខណៈ​វិជ្ជមាន​បែប​គួរ​ឲ្យ​ប្រុង​ប្រយ័ត្ន។​ ប៉ុន្តែ​ លោក​ស្រី​ យីងឡាក់​ កំពុង​ប្រឈម​នឹង​បញ្ហា​ផ្ទៃក្នុង​យ៉ាង​ខ្លាំង​ ហើយ​បើ​អ្នកណា​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​បញ្ហា​ព្រំដែន​ក្លាយ​ជា​បញ្ហា​ក្នុង​ស្រុក​មួយ​ទៀត​ វា​នឹង​ក្លាយ​ជា​បញ្ហា​ស្មុគស្មាញ»។

កាល​ពី​អតីតកាល​ ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​គឺ​ជា​ឧបករណ៍​បំបែក​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​ក្រុម​ជាតិ​និយម​ថៃ​បាន​ចោទ​ប្រកាន់​សម្ព័ន្ធ​មិត្ត​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ ថា​មិន​បាន​តំណាង​ប្រយោជន៍​របស់​ប្រទេស​ថៃ​ឲ្យ​បាន​ពេញ​ទំហឹង​នៅ​ក្នុង​ជម្លោះ​ព្រំដែន។

លោក​ ថាក់ស៊ីន​ មាន​ទំនាក់​ទំនង​ល្អ​យូរ​ជាមួយ​ លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហើយ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ជា​មិត្តភាព​ល្អ​ នៅ​អំឡុង​ពេល​លោក​ ថាក់ស៊ីន​ កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ។​ ក្រុមហ៊ុន​ទូរគមនាគមន៏​ចាស់​របស់​លោក​ឈ្មោះ​ Shin​ Corp​ មាន​មុខ​នាទី​សំខាន់​ក្នុង​វិស័យ​ទូរស័ព្ទ​ចល័ត​កម្ពុជា​និង​ទូរទស្សន៍​ខ្សែកាប​ក្នុង​ទសវត្សរ៍​១៩៩០។

នៅ​ពេល​ដែល​ លោក​ ថាក់ស៊ីន​ ត្រូវ​បាន​ទំម្លាក់​ពី​អំណាច​ដោយ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០០៦​ លោក​ ហ៊ុន សែន​ បាន​តែង​តាំង​រូប​លោក​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៩​ ហើយ​បន្ទាប់​មក​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។

អំឡុង​ឆ្នាំ​២០០៩​ ភាព​តានតឹង​ពី​បញ្ហា​ព្រំដែន​បាន​កើត​ឡើង​ម្តង​ទៀត ហើយ​បាន​នាំ​ទៅ​ដល់​ការ​ប៉ៈ​ទង្គិច​ដែល​បន្ត​កើត​​មាន​ម្តងម្កាល​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​មក។

ខែ​កក្កដា​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើរ​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាត់​សេចក្តី​លើ​ជម្លោះ​នេះ។​ តុលាការ​បាន​អំពាវនាវ​ឲ្យ​បង្កើត​តំបន់​គ្មាន​យោធា​នៅ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ និង​ដាក់​អ្នក​សង្កេត​ការណ៏​យោធា​ឥណ្ឌូនេស៊ី​ដើម្បី​ពង្រឹង​កិច្ច​ព្រមព្រៀង។

កម្ពុជា​រំពឹង​ថា​នឹង​ជំរុញ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ឲ្យ​ធ្វើ​សកម្មភាព​ជា​ការ​ធានារ​ទប់ទល់​នឹង​ការ​បង្កើន​ទ័ព​របស់​ប្រទេស​ថៃ។

លោក​ ហង្ស ឆៃយ៉ា​ នាយក​វិទ្យាស្ថាន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ និយាយ​ថា​ បើ​ទោះ​ជា​កម្ពុជា​ចេញ​ទៅ​គ្រប់គ្រង​ការ​អភិវឌ្ឍ​ទីតាំង​ប្រាសាទ​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ក្នុង​ការ​ចរចា​របស់​ខ្លួន​ជា​មួយ​ប្រទេស​ថៃ។

«រដ្ឋាភិបាល​នៅ​តែ​ចង់​បន្ត​រឿង​នេះ​ជាមួយ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ឬ​ឥណ្ឌូនេស៊ី​ ហើយ​ចង់​ដើរ​ទៅ​មុខ​និង​បង្កើត​ផល​ប៉ៈពាល់​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​ដែល​រដ្ឋាភិបាល​ចង់​អនុវត្ត​លើ​ប្រាសាទ​ព្រះ​វិហារ។​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាប់​យក​វិធីសាស្ត្រ​ប្រុង​ប្រយ័ត្ន​ណាស់។​ រដ្ឋាភិបាល​មិន​ចង់​លើក​បញ្ហា​នេះ​ម្តង​ទៀត​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ លោក​ស្រី​ យីងឡាក់​ ស៊ីណាវ៉ាត់​ នោះ​ទេ»។

ប្រទេស​ថៃ​និង​កម្ពុជា​ឥឡូវ​នេះ​និយាយ​ថា​ ការ​ស្តារ​ទំនាក់​ទំនង​ គឺ​ជា​អាទិភាព។​ លោក​ ហ៊ុន សែន​ និយាយ​ថា​ លោក​ព្យាយាម​កែ​លំអរ​ស្ថានភាព​ព្រំដែន​ ដោយ​មិន​និយាយ​ពី​ជម្លោះ​ព្រំដែន​នៅ​ក្នុង​ការប្រជុំ​របស់​សហគមន៍​ជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​សមាជិក​១០​ប្រទេស​ទៀត​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​ បូរី ស៊ីលីវណ្ណ

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២ កញ្ញា

Posted: 02 Sep 2011 01:19 AM PDT

ព័ត៌មាន​ចុងក្រោយ​បំផុត៖

ឥណ្ឌា/ចិន៖ មន្រ្តី​រដ្ឋការ​ឥណ្ឌា​និយាយ​ថា​ នាវា​ទាហាន​ជើងទឹក​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ប្រទេស​វៀតណាម​បាន​ប្រឈម​មុខ​ជាមួយ​នាវា​ចម្បាំង​ចិន ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​កាលពី​ខែ​មុន។

លីប៊ី៖ នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រទេស​ទួកគី​បាន​បើ​កស្ថានទូត​​របស់​ខ្លួន​ក្នុង​ប្រទេស​លីប៊ី​ឡើងវិញ​ មួយ​ថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​ពិភពលោក​បាន​យល់ព្រម​បញ្ចេញ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ប្រទេស​លីប៊ី​ដើម្បី​ជួយ​រដ្ឋាភិបាល​អន្តរកាល​ក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ។

ស៊ីរី៖ សហរដ្ឋ​អាមេរិក​និង​ប្រទេស​អង់គ្លេស​កំពុង​ទាមទារ​ឲ្យមាន​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ដ៏​តឹងរឹងថ្មី​មួយ​ដើម្បី​បង្ខំ​ឲ្យ​ប្រធានាធិបតី​ស៊ីរី​ លោក​ បាស្ហា អាល់ អាសេដ​ (Basha al – Assad) ​ចុះចេញ​ពី​តំណែង​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ជា​បន្ត​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ប្រទេស។

អ៊ីស្រាអែល/ទួកគី៖ ប្រទេស​ទួកគី​ បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​រដ្ឋ​ធានី​ អង់ការ៉ា​ (Ankara​) នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​បាន​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា​ទាំងអស់​បន្ទាប់​ពី​សេចក្តី​រាយការណ៍​ដ៏​លំអិត​របស់​អង្គការ​សហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​ពី​ការ​វាយ​ឆ្មក់​ដ៏​សាហាវ​របស់​ប្រទេស​អ៊ីស្រាអែល​ទៅ​លើ​កប៉ាល់​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ទួកគី​ទៅ​កាន់​តំបន់​កាហ្សា​ (Gaza)​ កាល​ពី​ឆ្នាំ​ទៅ។

សហរដ្ឋ​អាមេរិក៖ សារព័ត៌មាន​មួយ​របស់​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​ថា​រដ្ឋាភិបាល​សហព័ន្ធ​ ចាប់ផ្តើមដាក់​ពាក្យ​ប្តឹង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ​ចំនួន​ជាង​១២​ ដោយសារតែ​ស្ថាប័ន​ទាំងនេះ​​មិន​តំណាង​ឲ្យ​គុណភាព​នៃ​សន្តិសុខ​ការពារ​កិច្ច​ព្រមព្រៀង​ប្រាក់​កម្ចី ​ដែល​បាន​ដើរ​តួនាទី​នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​​ឆ្នាំ​២០០៨​ នោះ។

ជប៉ុន៖ នាយករដ្ឋមន្រ្តី​ជប៉ុន​ដែល​ទទួល​បាន​ការ​តែងតាំង​កាល​ពីពេល​ថ្មីៗ​នេះ​ បាន​ប្រកាស​រដ្ឋាភិបាល​ថ្មី​ដែល​មាន​គោលបំណង​ដឹកនាំ​ប្រទេស​ឲ្យ​រើបឡើង​វិញ​ដ៏​លំបាក​ពី​គ្រោះ​រញ្ជួយដី​ និង​សេដ្ឋកិច្ច​រង្គោះរង្គើ។

កូរ៉េ​ខាង​ជើង/កូរ៉េ​ខាងត្បូង៖ ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​អនុញ្ញាតិ​ឲ្យ​គណៈប្រតិភូ​ព្រះសង្ឃ​ព្រះ​ពុទ្ធសាសនា​ចូល​រួម​ក្នុង​ពិធី​សាសនា​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ ដែល​ជាដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី​មួយ​ចាប់​តាំង​ពី​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ពី​ការ​បាញ់​ពន្លិច​នាវា​ចម្បាំង​របស់​ខ្លួន​កាលពី​ឆ្នាំ​ទៅ។

សហរដ្ឋ​អាមេរិក៖ រដ្ឋ​ Louisiana ​ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ស្ថានភាព​អាសន្ន​នៅពេល​ដែល​ខ្យល់​ព្យុះ​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​ខិត​ចូល​មកជិត​ឈូង​សមុទ្រ​ម៉ិកស៊ិក។

អង់គ្លេស៖ ប៉ូលីស​អង់គ្លេស​នឹង​អនុ​វត្ត​នូវ​ការ​ហាមឃាត់​រយៈពេល​៣០​ថ្ងៃ​​លើ​ក្បួនដង្ហែ​តវ៉ា​​ក្នុង​សង្កាត់​ចំនួន៥​ក្នុង​ទីក្រុង​ឡុងដ៍​ដោយចាប់​ផ្តើម​នៅថ្ងៃ​សុក្រ​នេះ។ ប៉ូលីស​ទីក្រុង​ឡុងដ៍​បាន​ទទួល​ការ​អនុញ្ញាតិ​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដើម្បី​អនុវត្ត​នូវ​បំរាម​នេះ​នៅ​ក្នុង​សង្កាត់​ Newham, Tower Hamlets, Waltham Forest, Islington និង​ Hackney។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-LEFT-->សមុទ្រ​ចិន​ខាង​ត្បូង៖ ប្រទេស​ចិននិងហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បញ្ជាក់​ម្ដង​ទៀត​អំពី​ការ​ប្ដេជ្ញា​ចិត្ដ​របស់​ខ្លួន​ ចំពោះ​ដំណោះស្រាយ​ដោយ​សន្ដិវិធី​ អំពី​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការជឿនលឿន​សេដ្ឋកិច្ច​នៅ​អាស៊ី​ខាង​កើត។ នៅ​ទីក្រុង​ប៉េកាំង ប្រធានាធិបតី​ ហ្វីលីពីន​ លោក ​Benigno Aquino ​កំពុងតែ​ធ្វើ​ទស្សនកិច្ច​ និង​លោក​ប្រធានាធិបតី​ Hun Jintao​ ប្រទេស​​ចិន​ ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ប្ដេជ្ញា​ចិត្ដ​​ថា​នឹង​ធ្វើ​ការ​ចរចា​គ្នា​ច្រើន​ឡើង​ទៀត​ឲ្យ​មាន​សន្ដិភាព​និងស្ថិរភាព។

កម្ពុជា​៖ តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​ប្រទេស​កម្ពុជា​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថាខ្លួន​បាន​ផ្ដើម​នីតិវិធី​រឿងក្ដី​ប្រឆាំង​នឹង​វីអូអេ​ខ្មែរ ​ក្នុង​បទ​បញ្ចេញ​ឯកសារ​សម្ងាត់អំពី​ការ​កាត់​ទោស​ពួក​ខ្មែរ​ក្រហម​ជា​កូន​ក្ដី​ជាប់​សង្ស័យ​ក្នុង​ការ​ពាក់ព័ន្ធ​នឹងការ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ទសវត្សរ៍​១៩៧០។

លីប៊ី៖ ប្រទេស​មាន​អំណាច​ដែល​ចូល​រួម​ក្នុង​សន្និសីទ​នៅ​ទីក្រុង​ប៉ារីសកំពុងតែ​មាន​ផែនការណ៍​ចាត់​វិធានការណ៍​សម្រាប់​អនាគតប្រទេសលីប៊ី ​ ដែល​រួម​មាន​ការ​ប្ដេជ្ញា​ចិត្ដ​​បញ្ចេញ​ប្រាក់​រហូត​ដល់​ទៅ​រាប់​ពាន់លាន​ដុល្លារ​ ដែល​ជាជំនួយ​ហិរញ្ញវត្ថុដល់​អាជ្ញាធរ​បណ្ដោះ​អាសន្ន​ប្រទេស​នេះ។

ស៊ីរី៖ លោក William Hague​ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​អង់គ្លេសនិយាយ​ថា ​មន្ដ្រី សហភាព​អឺរ៉ុបរៀបចំ​ខ្លួន​ពិភាក្សា​គ្នា​អំពី​ទណ្ឌកម្ម​ទៅលើ​វិស័យ​ប្រេង​ឥន្ធន:​ប្រទេស​ ស៊ីរី​ធ្វើជា​មធ្យោបាយ​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​ស៊ីរី​ឲ្យ​បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។

យេម៉ែន៖ អាជ្ញាធរ​យេម៉ែន​ឲ្យដឹង​ថា​ ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​យេម៉ែន​ ហើយនិង ពួក​សកម្មប្រយុទ្ធ​ពាក់ព័ន្ធ​នឹង​ពួក al-Qaida​ ​ក្នុង​តំបន់​ខាង​ត្បូងប្រទេស​នេះ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​១៨​ នាក់​ស្លាប់​នៅ​ថ្ងៃ​ពុធ​និងព្រហស្បតិ៍​។

កេនយ៉ា​៖ តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​បាន​បើក​​ធ្វើ​សវនាការ​ប្រឆាំង​ជាន​ជាតិ​ កេនយ៉ា​មាន​ឈ្មោះ​អាស្រូវ​៦​នាក់​ ដែល​ជាប់​ចោទ​ក្នុង​បទ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ដ៏សាហាវ​ក្រោយ​ពេល​បោះឆ្នោត​ក្នុង​ប្រទេស​នេះ។

ហ្គីណេ​អេក្វាទ័រ​៖ ប្រធានាធិបតីប្រទេស​ហ្គីណេ​អេក្វាទ័រ​ ត្រូវ​បាន​គេ​នាំ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​សេណេហ្គាល់​។ ​នេះ​ជា​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​បរទេស​ជា​ច្រើន​ដង​ ដែល​មាន​ការ​ប៉ាន់​ស្មាន​ថាដោយ​សារ​សុខភាព​របស់​លោក។

អង់គ្លេស៖ Wikileaks​ ដែល​ជា​គេហទំព័រ​ប្រឆាំង​នឹង​ការ​សម្ងាត់​ បញ្ជាក់​អំពី​សេចក្ដី​រាយការណ៍​អំពី​ការ​រំលោភលើ​សន្ដិសុខ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ទូរលេខ​ការ​ទូត​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ច្រើន​សន្ធឹក​ចូល​ទៅ​ក្នុងបណ្តាញ​អ៊ីនធើណិត ​ ដោយ​មាន​បញ្ចេញ​ឈ្មោះ​ប្រភព​ឲ្យ​ឃើញ​ផង។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ថ្ងៃ​ព្រហស្បតិ៍​ Wikileaks ​​ស្ដី​បន្ទោស​កាសែត ​Guardian ប្រទេស​អង់គ្លេស​ក្នុង​ការ​លេចចេញ​នេះ​ ដោយ​និយាយ​ថា​អ្នក​កាសែត​ម្នាក់​បាន​បញ្ចេញ​ ពាក្យ​សម្ងាត់​ដើម្បី​បើក​ប័ណ្ណសារ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​សៀវភៅ​អំពី Wikileaks ។

សហរដ្ឋ​អាមេរិក៖ យោធាសហរដ្ឋ​អាមេរិក​ឲ្យដឹងថា​ គ្មាន​យុទ្ធជន​អាមេរិកាំង​ណា​ម្នាក់​​ដែល​បាន​ត្រូវ​ស្លាប់​នៅ​ខែ​សីហា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ​ ដែល​នោះ​ជា​ការ​សម្គាល់​ថា​ជាខែ​ទី​មួយ​ ដែល​គ្មាន​យុទ្ធ​ជន​អាមេរិកាំង​ស្លាប់​នៅ​ប្រទេស​នេះ​តាំង​ពី​ការ​លុកលុយ​ទៅ​ក្នុង​ប្រទេស​នេះ​ដែល​សហរដ្ឋ​អាមេរិក​ដឹកនាំ​នៅ​ឆ្នាំ​២០០៣។

ឥណ្ឌា៖ លោក​ Anna Hazare​ សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​​ឥណ្ឌា​បាន​វិល​ត្រឡប់​ទៅ​ភូមិ​កំណើត​របស់​លោក​វិញ​ហើយ​ ក្រោយ​ពី​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​១៣​ថ្ងៃ​មក។

នេប៉ាល់​៖ អតីត​ពួក​បះបោរ​នៃ​ប្រទេស​នេប៉ាល់​ ព្រមព្រៀង​ប្រគល់​អាវុធ​របស់​ខ្លួន​ ទៅ​ឲ្យ​គណ:កម្មាធិការ​ពិសេស​ដែល​ប្រតិបត្ដិការ​ក្រោម​លោក​នាយក​រដ្ឋមន្ដ្រី​ថ្មី​ Baburam Bhattarai​។

កាណាដា៖ ក្រុម​អ្នក​ស្រាវជ្រាវ​នៅកាណាដា​បាន​ប្រើ​វីរុស​ដែល​គេ​បាន​ប្ដូរ​វា​ដោយ​ប្រើ​ហ្ស៊ែន​ដើម្បី​សម្លាប់​កោសិកា​មហារីក​ដោយ​រើស​មុខ​ នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ ដោយ​មិន​ចាំបាច់​ថ្វើ​ឲ្យ​ខូច​ជាលិកា​ល្អ។

សហរដ្ឋ​អាមេរិក៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​​បន្ទាន់​នៅ​ក្នុង​រដ្ឋ​ស្ថិត​នៅ​ភាគ​ខាង​កើតសហរដ្ឋ​អាមេរិក​បន្ដ​ជួយ​អ្នក​ស្រុក​ងើប​ពី​ខ្យល់​ព្យុះ ​Hurricane Irene​ ដែល​ធ្វើ​ឲ្យ​តំបន់​នោះ​ប៉ះពាល់ ដែល​ក្រោយ​មក​ទឹក​ជំនន់​ស្រក​ទៅ​វិញ ក្រោយ​ពី​បាន​ឡើង​យ៉ាង​ខ្ពស់​លើស​ពេល​មុនៗ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!