VOA News: ព័ត៌មាន: “សាលាក្តីខ្មែរក្រហមព្រមានវីអូអេសំឡេងសហរដ្ឋអាមេរិក” plus 4 more |
- សាលាក្តីខ្មែរក្រហមព្រមានវីអូអេសំឡេងសហរដ្ឋអាមេរិក
- ឪពុកម្តាយថាប្រព័ន្ធអប់រំខ្សោយជាឫសគល់នៃអនក្ខរភាព
- ជំងឺលោកវ៉ាន់ ណាតកាន់តែដុនដាប
- អ្នកបកប្រែខ្មែរអះអាងពីសុក្រឹតភាពនៃការបកស្រាយសៀភៅកំណត់ហេតុជីវតាក្វាន់
- ព័ត៌មានអន្តរជាតិសង្ខេប៖ ៣១ សីហា
សាលាក្តីខ្មែរក្រហមព្រមានវីអូអេសំឡេងសហរដ្ឋអាមេរិក Posted: 31 Aug 2011 02:33 PM PDT សាលាក្តីខ្មែរក្រហមបានបញ្ចេញប្រតិកម្មខ្លាំងៗតបនឹងសេចក្តីរាយការណ៍នាពេលថ្មីៗនេះរបស់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា បន្ទាប់ពីវីអូអេបានផ្សាយបទយកការណ៍ទាក់ទងនឹងករណីលេខ០០៣និង០០៤ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រាំនាក់បន្ថែមទៀត។ នៅក្នុងសេចក្តីរាយការណ៍នាពេលកន្លងមក វីអូអេបានសម្ភាសអតីតកម្មាភិបាលខ្មែរក្រហមបីរូប ក្នុងចំណោមប្រាំរូប ដែលតាមឯកសារធ្លាយចេញពីតុលាការបង្ហាញថា ពួកគេជាជនសង្ស័យសំខាន់ក្នុងសំណុំរឿងទាំងពីរចុងក្រោយនេះ ទាក់ទងនឹងឧក្រិដ្ឋកម្មនានាក្នុងរបបខ្មែរក្រហមនាទសវត្សរ៍១៩៧០។ សាលាក្តីខ្មែរក្រហមក៏បានព្រមានថានឹងចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលមានបំណងផ្សព្វផ្សាយឯកសារនោះ។ សេចក្តីប្រកាសព័ត៌មានរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៣១ខែសីហា ដែលបានផ្សាយជាសាធារណៈ បានចោទប្រកាន់ថា ទង្វើនោះជាការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលតុលាការ ក្រោមបញ្ញត្តិនៃវិធានផ្ទៃក្នុង។ សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «យើងសូមព្រមានដល់បុគ្គលរូបណាដែលមានបំណងចង់បង្ហាញឯកសារសម្ងាត់តុលាការថា សំណុំរឿងរបស់ពួកគេអាចនឹងត្រូវបញ្ជូនទៅព្រះរាជអាជ្ញាជាតិស្របតាមវិធាន៣៥ (២) (គ)»។ ក្នុងការផ្សាយជាបន្តបន្ទាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែសីហា វីអូអេបានផ្សាយបទសម្ភាសន៍ជាមួយ ជនសង្ស័យឈ្មោះ តាអាន អ្នកស្រីអ៊ឹម ចែម និងលោកមាស មុត ដោយអ្នកទាំងនោះបានប្រកែកពុំព្រមទទួលខុសត្រូវ ដូចការចោទប្រកាន់ពីបទបង្កឱ្យមានការសម្លាប់មនុស្សនៅតំបន់ដែលពួកគេកាន់កាប់នោះទេ។ សំណុំរឿង០០៣/០០៤ មាន អ្នកស្រី អ៊ឹម ចែម តាទិត តាអាន លោកស៊ូ ម៉េត និងលោកមាស មុត។ ឈ្មោះទាំង៥នាក់នេះត្រូវបញ្ចេញជាសាធារណៈជាលើកដំបូងដោយបណ្តាញព័ត៌មាន The Scoop នៃប្រទេសនូវែលសេឡង់ (New Zealand) និងThe Christian Science Monitor នៅពេលថ្មីៗនេះដែរ។ លោកគ្រីស ឌីឃឺដ (Chris Decherd) និពន្ធនាយកនៃវីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា ដែលមានស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់ពីតួនាទីរបស់វីអូអេក្នុងការផ្តល់ព័ត៌មានថា៖ «វីអូអេផ្នែកខេមរភាសាគាំទ្រការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងជួយផ្តល់ព័ត៌មានដល់សាធារណជនកម្ពុជាតាមរយៈការធ្វើសេចក្តីរាយការណ៍អំពីការងាររបស់សាលាក្តី។ តួនាទីរបស់វីអូអេផ្នែកខេមរភាសាគឺបម្រើដល់ពលរដ្ឋទាំង១៤លាននាក់នៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើសេចក្តីរាយការណ៍ ផលិត និងផ្សព្វផ្សាយព័ត៌មានអំពីពិភពលោក អំពីសហរដ្ឋអាមេរិក អំពីអាស៊ីនិងអំពីប្រទេសកម្ពុជាដែលមានសារៈសំខាន់ និងពាក់ព័ន្ធដល់ពលរដ្ឋកម្ពុជាដែលពួកគេស័ក្តិសមទទួលបាននិងទទួលការផ្តល់សេវាតាមរយៈសេចក្តីរាយការណ៍ដែលមានគុណភាពនិងមិនលម្អៀងអំពីបញ្ហានិងប្រធានបទនានាដែលមានផលប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ»។ បើទោះបីជាមកដល់ពេលនេះ នៅពុំទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយប្រឆាំងនឹងវីអូអេសំឡេងសហរដ្ឋអាមេរិក ក៏ប៉ុន្តែក្រុមអ្នកសារព័ត៌មាននិងអ្នកតាមដានសិទ្ធិមនុស្សយល់ថា ការព្រមានណាមួយប្រឆាំងនឹងអ្នកសារព័ត៌មានគឺនាំឱ្យខាតផលប្រយោជន៍ដល់សាលាក្តីខ្លួនឯងនិងសាធារណជនដែលកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់លើដំណើរការរបស់តុលាការ។ លោកមឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានបញ្ជាក់ថា៖ «បើតាមការសង្កេតកន្លងមករបស់ខ្ញុំឃើញថា ការផ្សព្វផ្សាយព័ត៌មានអំពីសាលាក្តីនៅមានកម្រិតដោយសារតែ ទីមួយកម្រិតយល់ដឹងរបស់អ្នកសារព័ត៌មានក្នុងស្រុកនៅមានកម្រិតទាប។ អញ្ចឹងហើយប្រសិនបើសាលាក្តីមានការដាក់កំហិតច្រើនពេក វាធ្វើឱ្យពួកគេធ្វើពហិការ មិនផ្សាយព័ត៌មានតែម្តង ពីព្រោះផ្សាយទៅ ចំណេះដឹងខ្លួនឯងខាងឧក្រិដ្ឋកម្មអន្តរជាតិ ដូចជាសាលាក្តីខ្មែរក្រហម នៅមានកម្រិតទាប។ អញ្ចឹងខ្លាចថា ផ្សាយទៅមានទោស។ អញ្ចឹងហើយក៏ធ្វើពហិការមិនព្រមផ្សាយ។ដូច្នេះហើយជាការខាតប្រយោជន៍ទាំងសាលាក្តី ខាតប្រយោជន៍ទាំងអន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល»។ លោកណារិទ្ធក៏បានព្រមានផងដែរថា ចំណាត់ការផ្លូវច្បាប់ណាមួយនឹងបង្ហាញជាគំរូអាក្រក់ដល់តុលាការក្នុងស្រុក ឱ្យតុលាការក្នុងស្រុកយកគំរូតាម ដើម្បីប្តឹងអ្នកសាព័ត៌មាន។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ជំហរចុងក្រោយរបស់សាលាក្តីខ្មែរក្រហមគឺដើម្បីសំដៅលើអ្នកសារព័ត៌មានទូទៅផងនិងបុគ្គលិកផ្ទៃក្នុងដែលកំពុងបំពេញការងារផង។ លោកបញ្ជាក់បន្ថែមថា៖ «ករណី០០៣និង០០៤គឺជាប្រធានបទដែលទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋសាធារណៈផងហើយក៏យើងយល់ថា ជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអស់ដែលមានរាប់ពាន់ រាប់ម៉ឺនរាប់លាននាក់គឺមានសិទ្ធិក្នុងការដឹងនូវដំណើរការនេះដែរ។ ហើយដោយសារយើងដឹងថា តុលាការនេះហាក់ដូចជាបរាជ័យចំពោះជនរងគ្រោះ យើងមានឆន្ទៈមួយជំរុញឱ្យមានការស៊ើបអង្កេតត្រឹមត្រូវដើម្បី ជំរុញឱ្យដំណើរការករណី០០៣និង០០៤នេះដំណើរការទៅមុខ។ យើងឃើញថា សហចៅក្រមស៊ើបអង្កេតហាក់ដូចជាបរាជ័យនៅក្នុងរឿងនេះទាំងស្រុង បានជាយើងឃើញថា មានឆន្ទៈរបស់មន្រ្តីមួយចំនួនសុខចិត្តបង្ខំចិត្តបំភ្លឺព័ត៌មាននេះជាសាធារណៈ។ ជាទូទៅចំពោះខ្ញុំ ការបំភ្លឺនេះជារឿងសោកស្តាយ ប៉ុន្តែជារឿងមួយចាំបាច់បំផុតនៅតុលាការមួយដែលកំពុងតែបរាជ័យ ហើយកំពុងតែពន្យារពេលយូរអង្វែងនេះ»។ យោងតាមឯកសារដែលប្រភពសិ្នទ្ធនឹងតុលាការខ្មែរក្រហមបញ្ចេញឱ្យវីអូអេសំឡេងសហរដ្ឋអាមេរិកបានបញ្ជាក់ថា សហព្រះរាជអាជ្ញាអន្តរជាតិលោក រ៉ូប៊ែ ប៉ឺទីបានធ្វើដីកាសនិ្នដ្ឋានបឋមចុះថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០០៨ ស្នើឱ្យចៅក្រមស៊ើបអង្កេតពិនិត្យមើលលើជនសង្ស័យទាំងនោះ ប៉ុន្តែទើបតែមានការផ្សាយជាសាធារណៈដំបូងនៅខែមិថុនាឆ្នាំ២០១១នេះ។ ហើយសាលាក្តីមិនទាន់បញ្ជាក់ជាផ្លូវការថា ការស៊ើបអង្កេតមកដល់កម្រិតណាទេ ដោយគ្រាន់តែបញ្ជាក់ថា កំពុងដំណើរការ៕ This posting includes an audio/video/photo media file: Download Now |
ឪពុកម្តាយថាប្រព័ន្ធអប់រំខ្សោយជាឫសគល់នៃអនក្ខរភាព Posted: 31 Aug 2011 01:20 PM PDT អត្រាអ្នកចេះអក្សរនៅកម្ពុជាបានកើនឡើងរហូតដល់ជាង៧០ភាគរយក្នុងឆ្នាំ២០០៩ក៏ពិតមែន ក៏ប៉ុន្តែក្រុមអ្នកជំនាញផ្នែកអប់រំនៅតែមានការព្រួយបារម្ភអំពីកង្វះចំណេះដឹង និងសមត្ថភាពជំនាញសម្រាប់បម្រើសេចក្តីត្រូវការទីផ្សារការងារ។ ស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថា កម្ពុជាមានអ្នកមិនចេះអក្សរពេញវ័យចំនួន ២,១លាននាក់ក្នុងឆ្នាំ២០០៩ និងមានអត្រាក្រីក្រចំនួន២១ភាគរយ។ អ្នកស្រី វ៉ាន ឡា អាយុ៤៥ឆ្នាំ រស់នៅក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងដកសំណាបនៅក្នុងវាលស្រែ បាននិយាយថា អ្នកស្រីមិនចេះអក្សរ និងមិនបានរៀនសូត្រទេ ដោយសារជីវភាពក្រីក្រ ហើយការមិនចេះអក្សរនេះបានធ្វើឲ្យអ្នកស្រីក្រីក្រ។ «យើងអត់ចេះអក្សរអញ្ចឹង។ យើងជួបប្រទះវិបត្តិ និងការលំបាកជាច្រើន។ យើងអត់ចេះអក្សរ ដូចជាយើងងងឹតភ្នែកអញ្ចឹង ហើយយើងមិនចេះអក្សរ យើងមិនជឿនលឿនដូចគេចេះអក្សរទេ»។ ទោះជាយ៉ាងនេះក្តី ក៏អ្នកស្រី វ៉ាន ឡា មានការតាំងចិត្តខំពុះពារគ្រប់ការលំបាកដើម្បីជំរុញកូនប្រុសស្រីរបស់អ្នកស្រីឲ្យបានរៀនរហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ ខណៈដែលកូនទាំងពីរនាក់នេះ កំពុងរៀននៅថ្នាក់វិទ្យាល័យនៅឡើយ។ លោក សៅ ពឹង អាយុ៣៨ឆ្នាំ រស់នៅក្នុងខណ្ឌសែន សុខ បាននិយាយថា លោកគ្មានការងារធ្វើពិតប្រាកដ និងប្រើកម្លាំងរកប្រាក់ចិញ្ចឹមជីវិតយ៉ាងលំបាក ហើយការមិនចេះអក្សររបស់លោកពិបាកទទួលបានការងារធ្វើជាក់លាក់។ កុមារ អ៊ុន ដុំ អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាពីងពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បាននិយាយយ៉ាងដូច្នេះថា៖ «បើគ្រួសារមានប្រាក់ ខ្ញុំនឹងរៀនដល់ថ្នាក់ខ្ពស់ដូចអ្នកដទៃ ប៉ុន្តែបើម្តាយឪពុកគ្មានប្រាក់ ខ្ញុំ មិនអាចបន្តការសិក្សារបស់ខ្ញុំដល់ថ្នាក់ខ្ពស់បានទេ។ ខ្ញុំមានការខ្វះខាតជីវភាពគ្រួសារ។ ខ្ញុំទំនងជារៀនមិនដល់ថ្នាក់ខ្ពស់ដូចអ្នកដទៃទេ»។ កម្ពុជាមិនត្រឹមតែប្រឈមនឹងការមិនចេះអក្សរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងបញ្ហាបៀវត្សរ៍ទាបរបស់គ្រូបង្រៀន ដែលនាំឲ្យមានភាពទន់ខ្សោយដល់គុណភាពនៃការបង្រៀន។ អ្នកស្រី វណ្ណ បូទុំ អាយុ៣៤ឆ្នាំ នៅក្នុងខណ្ឌដូនពេញ បានថ្លែងថា កូនស្រីពីរនាក់របស់អ្នកស្រីរៀនមិនសូវចេះទេ ដោយសារគ្រូមិនសូវយកចិត្តទុកដាក់បង្រៀន និងចេះតែទារប្រាក់ពីសិស្ស។ «កូនបងរបស់ខ្ញុំរៀនគ្រាន់បើ ប៉ុន្តែកូនប្អូនរៀនអត់ចេះសោះ។ គ្រូមិនសូវយកចិត្តទុកដាក់បង្រៀនសិស្សប៉ុន្មានទេ។ កូនទៅរៀន បើអត់មានប្រាក់បង់ឲ្យគាត់ទេ គាត់ចេះតែទារក្មេង។ អញ្ចឹង ក្មេងមានអារម្មណ៍ដូចថាអៀនខ្មាស់ និងភ័យខ្លាចមិនសូវយកចិត្តទុកដាក់រៀនទេ។ គ្រូទារប្រាក់ច្រើន ដល់អញ្ចឹងក្មេងមានការភ័យខ្លាច និងរៀនមិនសូវបានចេះទេ។ គ្រូទារប្រាក់ច្រើនជាងការបង្រៀនសិស្ស»។ អ្នកគ្រូ រស់ ទិតម៉ាឡៃ បង្រៀននៅសាលាបឋមសិក្សាបឹងត្របែកខាងត្បូង បានទទួលយកការរិះគន់នេះហើយថានេះគឺជាការពិត។ «លោកគ្រូអ្នកគ្រូមានជីវភាពពិបាកដែលរដ្ឋាភិបាលផ្តល់ប្រាក់បៀវត្សរ៍ឲ្យគាត់មិនគ្រប់គ្រាន់ក្នុងការដោះស្រាយជីវិភាពប្រចាំថ្ងៃ។ អញ្ចឹង គ្រូត្រូវតែបង្ខំចិត្តទាមទារប្រាក់ពីសិស្ស ដើម្បីជាថ្នូរនឹងការបង្រៀនបានកម្រៃខ្លះដើម្បីចាក់សាំងម៉ូតូ ប៉ះប៉ូវជីវភាពរបស់គាត់»។ អ្នកគ្រូបានបន្តថា ការទារប្រាក់ពីសិស្សនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិស្សក្រីក្រ ដូចជា សិស្សខ្លះរើសអេតចាយ សិស្សខ្លះដើរខាត់ស្បែកជើង សិស្សខ្លះជួយបោកខោអាវឲ្យគេ ដើម្បីយកប្រាក់មកចិញ្ចឹមជីវិត។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា កត្តាទាំងអស់នេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ដំណើរការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមកម្ពុជាយើង។ «យុវជនដែលមានចំណេះដឹងតិចតួច គ្មានជំនាញ និងគ្មានធនធានពិតប្រាកដនោះ ធ្វើឲ្យអ្នកវិនិយោគទុនរារែកក្នុងការមកបណ្តាក់ទុននៅកម្ពុជាយើង»។ លោក កាន់ កាល់ នាយកប្រចាំប្រទេសនៃអង្គការ Room to Read បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវគោលដៅសម្រេចឲ្យបាន៩០ភាគរយសម្រាប់អ្នកចេះអក្សរនៅក្នុងឆ្នាំ២០១៥ ហើយរហូតមកដល់ពេលនេះ គោលដៅនេះសម្រេចបានដល់ ៨៤,៤ភាគរយហើយ។ «អ្នកនៅតាមតំបន់ជនបទ ភាគច្រើន មិនចេះអក្សរដែលជាឧបសគ្គដល់ដំណើរការអភិវឌ្ឍប្រទេស ដូចជា អង្គការ ឬភ្នាក់ងាររដ្ឋាភិបាលបានចុះទៅអប់រំពួកគាត់អំពីការដាំដំណាំ ការថែទាំសុខភាពរាងកាយ ការធ្វើអនាម័យ និងការផ្តល់អាហារូបត្ថម្ភដល់កូន។ ក្រោយពីការប្រជុំចប់ មនុស្សភាគច្រើននិយាយថាគាត់អត់យល់»។ លោក ហេង ស៊្រាង សាស្ត្រចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងថា អ្នកមិនចេះអក្សរពិតជាពិបាកនឹងដោះខ្លួនឲ្យចេញផុតពីភាពក្រីក្រណាស់នៅក្នុងសង្គមបច្ចុប្បន្ននេះ និងបន្ថែមឧបសគ្គដល់ដំណើរការអភិវឌ្ឍកម្ពុជាទៀតផង។ «អ្នកចេះល្មមៗនៅក្នុងស្រុកយើងក៏ពិបាកនឹងរកការងារធ្វើ និងពិបាកនឹងរស់ផង ទម្រាំតែគាត់អត់ចេះសោះ មិនអាចដើរចេញពីស្រុកភូមិរបស់គាត់ដោយទូលំទូលាយបានទេ ពីព្រោះគាត់មិនមានចំណេះដឹងច្បាស់លាស់ គាត់មិនមានចំណេះដឹងទាំងអប់រំខ្លួនគាត់់ មិនមានចំណេះដឹងទាំងគ្រួសារ និងកូនចៅគាត់ និងមិនមានចំណេះដឹងធ្វើការ។ ជីវិតរបស់គាត់នឹងកាន់តែតោកយ៉ាកទៅៗ»។ លោក សាន់តូស ខាទ្រី អ្នកឯកទេសកម្មវិធីអប់រំនៃអង្គការយូណេស្កូ ប្រចាំកម្ពុជា បានថ្លែងថា អ្នកមិនចេះអក្សរបានរស់នៅពឹងពាក់លើការងារកសិកម្ម ជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតដោយមានការជួយគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។ «អង្គការយូណេស្កូ និងដៃគូអន្តរជាតិនានាកំពុងផ្តល់ឲ្យអ្នកមិនចេះអក្សរនូវជំនាញចេះអក្សរប្រសើរ និងឱកាសចេះអក្សរ។ ពួកគាត់អាចធ្វើឲ្យជីវភាពរស់នៅ និងបច្ចេកទេសកសិកម្មរបស់ខ្លួនកាន់តែប្រសើរសម្រាប់អ្នកមិនចេះអក្សរ»។ លោក អ៊ូ អេង អគ្គនាយកក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងប្រើយុទ្ធសាស្ត្រប្រាំមួយយ៉ាងនៅថ្នាក់បឋមសិក្សាដើម្បីឲ្យសិស្សឆាប់យល់ឆាប់ចេះ ឲ្យមានជំនាញ ឲ្យមានសីលធម៌រស់នៅល្អចេះរស់នៅជាមួយគ្នា ពង្រឹងសមត្ថភាព និងគុណភាពអប់រំ។ «ហេតុនេះទាំងបឋម ទាំងមធ្យមគឺ យើងមានការងារមួយចំនួនដែលកំពុងតែពង្រឹងគុណភាពអប់រំ។ យើងកំពុងតែពង្រឹងគុណភាពអប់រំរួមជាមួយនឹងការធ្វើម៉េចឲ្យមានសេវាកម្មប្រកបដោយសមធម៌ផង»។ ក្រសួងអប់រំបានកំណត់យកការរៀនចប់ថ្នាក់ទី៩ជាការអប់រំកម្រិតមូលដ្ឋាន ឬចេះអក្សរដែលប្រើការបាន។ ប៉ុន្តែ លោក ទន់ ដៅ អាយុ៦៥ឆ្នាំ រស់នៅក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បាននិយាយថា បើយុវជនរៀនចប់ត្រឹមថ្នាក់ទី៩ ពួកគេមិនអាចមានលទ្ធភាព និងសមត្ថភាពកសាងប្រទេសជាតិឲ្យជឿនលឿនបានទេ៕ This posting includes an audio/video/photo media file: Download Now |
ជំងឺលោកវ៉ាន់ ណាតកាន់តែដុនដាប Posted: 31 Aug 2011 01:00 PM PDT លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ អនុប្រធានមន្ទីរពេទ្យព្រះកុសមៈ និងជាប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ បានបញ្ជាក់នៅថ្ងៃពុធនេះថា ស្ថានភាពជំងឺរបស់លោកវ៉ាន់ ណាត កាន់តែមានភាពធ្ងន់ធ្ងរឡើង។ លោកបានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់ ដោយធ្វើការបូមទឹកចេញពីសួត និងចេញពីបេះដូង បន្ទាប់ពីសម្ពាធឈាមរបស់គាត់បានថយចុះយ៉ាងខ្លាំង។ «ទឹកហ្នឹងកើតឡើងដោយសារការរលាកនៃស្រោមបេះដូង ហើយស្រោមសួត ហើយដោយសារជាតិពុលរបស់គាត់យូរឆ្នាំមកហើយ។ ព្រោះធម្មតា អ្នកដែលខូចក្រលៀន ហើយធ្វើការលាងឈាម បើសិនជាបានលាងឈាមទៀងទាត់ ត្រឹមត្រូវតាមដំបូន្មានរបស់ពេទ្យ ជាតិអ៊ីរ៉េហ្នឹងមិនសូវឡើងប៉ុន្មាន។ ប៉ុន្តែនៅស្រុកយើង ជំងឺខ្លះគាត់ធ្លាប់លាងមួយដងក្នុងមួយអាទិត្យអញ្ចឹងទៅ បើគាត់អាចលាងបានប៉ុណ្ណឹង ថ្វីបើយើងពន្យល់គាត់ ហេតុផលពីរឿងជាតិពុលឡើងខ្ពស់ អាចថ្ងៃក្រោយហ្នឹងមានបញ្ហា ក៏ប៉ុន្តែ ឥឡូវគាត់មិនទាន់ មានបញ្ហាជាមិនសូវយកចិត្តទុកដាក់ ឬមួយដោយសារកត្តាជីវភាព ឬមួយកត្តាពេលវេលាមិនដឹងយ៉ាងមេច។ អ្នកជំងឺយើងភាពច្រើន យើងប្រឹងពន្យល់ឲ្យគាត់ធ្វើតាមក្បួនខ្នាត ប៉ុន្តែដោយសារ កត្តាទាំងអស់ហ្នឹងហើយ ប្រហែលជាគាត់ ចេះតែពន្យា។ ឧបមាថា ត្រូវធ្វើការលាងឈាម មួយអាទិត្យពីរដង ឬបីដង ហើយគាត់ហ្នឹងលាងតែមួយដង»។ លោក វ៉ាន់ ណាត អាយុ៦៦ឆ្នាំ ដែលជាអតីតអ្នកសល់ពីសា្លប់ក្នុងមន្ទីរឃុំឃាំងទួលស្លែង និងជាជាងគំនូរមួយរូប បានធ្លាក់ខ្លួនឈឺជាទម្ងន់ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុននេះ ដោយសារតែជំងឺគាំងបេះដូង។ លោក វ៉ាន់ ណាត បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយឈ្មោះមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ ដែលរហូតមកដល់ពេលនេះ មានរយៈពេលប្រាំមួយថ្ងៃហើយ។ លោកស្រី គិត អេង អាយុ៦២ឆ្នាំ ដែលភរិយារបស់លោកវ៉ាន់ ណាត បានមានប្រសាសន៍ថា តាមការបញ្ជាក់របស់គ្រូពេទ្យ សួតរបស់ស្វាមីលោកស្រីខាងឆ្វេងលែងដំណើរការហើយ ហើយក្រុមគ្រូពេទ្យ កំពុងចោះសួតដើម្បីបូមទឹកចេញ។ អ្នកស្រីបានមានប្រសាសន៍ទៀតថា កាលពីមុនអ្នកស្រីសង្ឃឹមថា លោកវ៉ាន់ ណាត នឹងបានជាសះស្បើយឡើងវិញ ក៏ប៉ុន្តែក្តីសង្ឃឹមនេះ បានរលាយបាត់អស់ទៅហើយ។ «កាលពីសារមុន អ៊ុំរាងសង្ឃឹមរបស់អ៊ុំ ឮគាត់ថា សួតគាត់ល្អអត់អីទេ។ ដល់ឥឡូវ ដល់ពេលគាត់និយាយអីញ្ចឹង! គាត់ដាក់ម៉ាស៊ីនថតទៅ ឃើញទាំងអញ្ចឹង ទាំងអស់គ្នា អ៊ុំធ្លាក់ទឹកចិត្តអស់រលីងហើយឥឡូវនេះ។ ការសង្ឃឹមលើកមុនរបស់អ៊ុំច្រើន ឥឡូវទៅជាអ៊ុំអស់សង្ឃឹម»។ កាលពីថ្ងៃម្សិលមិញនេះ លោកវ៉ាន់ ណាត អាចបើកភ្នែកតិចៗបាន ក៏ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ បន្តិចក្រោយមក ភ្នែករបស់លោកបានបិទទៅវិញ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីគិត អេង។ លោកវ៉ាន់ ណាត គឺជាសាក្សីដ៏សំខាន់មួយរូបនៅក្នុងសំណុំរឿង០០១ ដែលមានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ គឺលោកកាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរគុកឃុំឃាំងទួលស្លែង ឬស២១។ គុកទួលស្លែងគឺជាអតីតមន្ទីរឃុំឃាំងដ៏ទារុណកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ យ៉ាងតិចមានមនុស្សចំនួនជាង១២.០០០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែការកាប់សម្លាប់ ការធ្វើទារុណកម្ម និងការបង្អត់អាហារ។ មនុស្សតែប្រាំពីរនាក់ប៉ុណ្ណោះ ដែលបានរួចផុតជីវិតដែលរួមមានលោកវ៉ាន់ ណាត លោកជុំ ម៉ី និងលោកប៊ូ ម៉េង៕ This posting includes an audio/video/photo media file: Download Now |
អ្នកបកប្រែខ្មែរអះអាងពីសុក្រឹតភាពនៃការបកស្រាយសៀភៅកំណត់ហេតុជីវតាក្វាន់ Posted: 31 Aug 2011 07:05 AM PDT សៀវភៅកំណត់ហេតុរបស់លោកជីវតាក្វាន់ អ្នកការទូតចិនក្នុងសម័យបុរាណម្នាក់ដែលបានរស់នៅរាជធានីអង្គរក្នុងឆ្នាំ១២៩៦ ត្រូវបានអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរចាត់ទុកជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតដែលជាឯកសារសំណេរដែលនៅសេសសល់ក្រៅអំពីផ្ទាំងសិលាចារឹក។ ឯកសារនេះត្រូវបានបកប្រែជាច្រើនភាសា ប៉ុន្តែអ្នកបកប្រែភាគច្រើនជាជនបស្ចឹមប្រទេស។ លោក អ៊ុក សូឡង់ (Uk Solang) ជាអ្នកស្រាវជ្រាវខ្មែរម្នាក់ដែលបច្ចុប្បន្នរស់នៅប្រទេសស្វ៊ីស អះអាងថា ការបកប្រែកន្លងមកនេះខ្វះខាតការយល់ដឹងអំពីគំនិតនិងវប្បធម៌របស់ជនជាតិខ្មែរនិងជនជាតិចិន។ លោកទើបបានបោះពុម្ភសៀវភៅបកប្រែកំណត់ហេតុនេះជាភាសាអង់គ្លេសដែលចំណងជើងថា A Record of Cambodia's Land & Customs។ លោកមានភរិយាជាជនជាតិចិន ហើយអះអាងថារួមគ្នាសៀវភៅរបស់លោកនិងភរិយាលោក មានសុក្រឹតភាពជាងសៀវភៅដែលបកប្រែពីមុនៗដោយអ្នកស្រាវជ្រាវជាជនបស្ចឹមប្រទេស។ នេះជាបទសម្ភាសន៍រវាងលោក សឹង សុផាត ពីវីអូអេខ្មែរ ជាមួយលោក អ៊ុក សូឡង់៖ ភាគទី១៖ <!--AV--> ភាគទី២៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៣១ សីហា Posted: 31 Aug 2011 01:52 AM PDT ព័ត៌មានចុងក្រោយបំផុត៖ លីប៊ី៖ ប្រជាពលរដ្ឋលីប៊ីរាប់ពាន់នាក់បានធ្វើពិធីបញ្ចប់ខែពិសិដ្ឋរបស់សាសនាអ៊ីស្លាមនៃបុណ្យរ៉ាម៉ាដាន់ (Ramadan) នៅលើទីលានដ៏ធំទូលាយនៃទីក្រុងទ្រីប៉ូលី ខណៈពេលដែលអាជ្ញាធរស្តីទីរបស់ប្រទេសនេះជំរុញឲ្យកងកម្លាំងដែលស្មោះស្ម័គ្រជាមួយលោក ម៉ូអាម៉ា ហ្កាដាហ្វី នៅក្នុងទីក្រុងស៊ឺដតេ (Sirte) ដែលជាស្រុកកំណើតរបស់លោក ទម្លាក់អាវុធ។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរី និងអ្នករស់នៅក្នុងភាគកណ្តាលនៃប្រទេសស៊ីរី និយាយថាកងកម្លាំងសន្តិសុខនិងរថក្រោះរដ្ឋាភិបាលបានធ្វើការវាយប្រហារថ្មីៗទៅលើផ្ទះអ្នកស្រុកក្នុងភាគកណ្តាលនៃប្រទេសស៊ីរី ដើម្បីស្វែងរកសកម្មជនប្រឆាំងរដ្ឋាភិបាលនៅក្នុងការបង្ក្រាបជាបន្តចំពោះការប្រឆាំងតវ៉ា។ សហរដ្ឋអាមេរិក៖ ក្រុមអ្នកសង្គ្រោះគ្រាអាសន្ននៅក្នុងភាគឦសាននៃសហរដ្ឋអាមេរិកបានចាប់ផ្តើមដឹកជញ្ជូនម្ហូបអាហារនិងទឹកតាមយន្តហោះទៅឲ្យមនុស្សរាប់ពាន់នាក់ដែលបានជាប់គាំងដោយសារទឹកជំនន់ដែលបង្កឡើងដោយខ្យល់ព្យុះសង្ឃរាអាយរីន (Irene)។ ប៉ាគីស្ថាន៖ កងកម្លាំងនគរបាលប្រទេសប៉ាគីស្ថាន និយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជិៈរថយន្តជាប់សង្ស័យម្នាក់ បានសម្លាប់មនុស្ស ១០ នាក់ និងបានធ្វើឲ្យមនុស្សយ៉ាងតិច ១៧ នាក់ផ្សេងទៀតរងរបួស ខណៈពេលដែលមនុស្សជាច្រើននាក់កំពុងធ្វើដំណើរត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ ពីពិធីសូត្រធម៌នៅពេលព្រឹក នៅក្នុងការចាប់ផ្តើមនៃថ្ងៃឈប់សំរាកនៃពិធីបុណ្យដ៏ធុំមួយរបស់សាសនាអ៊ីស្លាម។ ចិន៖ កាលពីថ្ងៃអង្គារ តុលាការមួយរបស់ប្រទេសចិនបានកាត់ទោសព្រះសង្ឃជាតិទីបេ ពីរអង្គឲ្យជាប់ពន្ធនាគារយូរឆ្នាំ នៅក្នុងរឿងក្តីមិនប្រក្រតីមួយ ដែលបានធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍ជាទូទៅ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT-->អារ៉ាប់៖ ក្រុមអ្នកគោរពសាសនាអ៊ីស្លាមក្នុងប្រទេសអេហ្សីប ស៊ីរី និងប្រទេសអារ៉ាប់ឯទៀតៗបានចាប់ផ្តើមប្រារព្ធពិធីបុណ្យនេះកាលពីថ្ងៃអង្គារ ដោយមានមនុស្សទៅសូត្រធ៌មពេញព្រះវិហារ។ អ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសមិនមែនជាអារ៉ាប់មួយចំនួន ដោយមានរួមបញ្ចូលប្រទេសរុស្សី តួកគីនិងអាហ្វហ្គានីស្ថានបានចាប់ផ្តើមប្រារព្ធបុណ្យ Eid កាលពីថ្ងៃអង្គារ។ ក្រុមអ្នកកាន់សាសនាអ៊ីស្លាមនៅទូទាំងពិភពលោកប្រារព្ធបុណ្យ Eid al-Fitr បីថ្ងៃដែលកំណត់ដំណាច់ខែរ៉ាម៉ាដាន់។ កម្ពុជា៖ ពួកសមាជិកគ្រួសារបាននិយាយថា លោក វ៉ាន់ណាត ជាជនម្នាក់ក្នុងបណ្តាមនុស្ស៧នាក់ដែលនៅរស់ក្នុងមជ្ឈមណ្ឌលទារុណកម្មដ៏អប្រិយមួយរបស់ពួកខ្មែរក្រហម បានភ្លឹកឥតដឹងខ្លួននៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសកម្ពុជា។ នេប៉ាល់៖ អង្គការសហប្រជាជាតិនិងគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសនេប៉ាល់បានសុំដល់រដ្ឋាភិបាលខ្លួនឱ្យស៊ើបអង្កេតអំពីមនុស្សរាប់រយនាក់ដែលនៅតែបាត់ខ្លួន នៅក្រោយការបះបោរដែលមានរយៈពេលមួយទសវត្សរ៍ដែលបានចប់កាលពីប្រាំឆ្នាំមុននេះ។ លីប៊ី៖ ក្រុមប្រឹក្សាជាតិអន្តរកាលដែលជាក្រុមប្រឆាំងប្រទេសលីប៊ីបានប្រកាសថ្ងៃកំណត់ចុងក្រោយបង្អស់បួនថ្ងៃសម្រាប់ឱ្យកងកម្លាំងស្មោះត្រង់ជាមួយ Moammar Gadhafi នៅក្នុងក្រុង Sirte ដែលជាក្រុងកំណើតរបស់លោកព្រមចុះចាញ់។ ស៊ីរី៖ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានសម្លាប់មនុស្ស៧នាក់ក្រោយពីបានបាញ់កាំភ្លើងលើក្រុមបាតុករនៅថ្ងៃទីមួយនៃបុណ្យសាសនាអ៊ីស្លាមដែលកំណត់ការបញ្ចប់ពិធីរ៉ាម៉ាដាន់។ អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានផ្តល់តម្រុយដល់ក្រុមឧទ្ទាមនៃប្រទេសលីប៊ី ដោយប្រកាសអំពីការទាក់ទងជាផ្លូវការលើកទីមួយរបស់ខ្លួនជាមួយក្រុមប្រឹក្សាជាតិអន្តរកាលដែលជាក្រុមប្រឆាំងនៅក្នុងប្រទេសលីប៊ីដែលហៅកាត់ថា TNC។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |