VOA News: ព័ត៌មាន: “អៀង ធីរិទ្ធ មិនអាចចូលរួមសវនាការស្ថានភាពខួរក្បាល” plus 4 more |
- អៀង ធីរិទ្ធ មិនអាចចូលរួមសវនាការស្ថានភាពខួរក្បាល
- គណបក្សប្រឆាំងទាមទារឲ្យមានតុល្យភាពសមាសភាពក្នុងគណៈកម្មការបោះឆ្នោតមូលដ្ឋាន
- ជំងឺជនរងគ្រោះគុកទួលស្លែងនៅតែធ្ងន់ធ្ងរ
- ការសិក្សាបង្ហាញថាធនធានមនុស្សនៅកម្ពុជាកើនឡើង
- ព័ត៌មានអន្តរជាតិសង្ខេប៖ ៣០ សីហា
អៀង ធីរិទ្ធ មិនអាចចូលរួមសវនាការស្ថានភាពខួរក្បាល Posted: 30 Aug 2011 11:29 AM PDT លោកវេជ្ជបណ្ឌិត ចន ខាំបែល បាននិយាយនៅថ្ងៃអង្គារនេះថា ស្ថានភាពជំងឺរបស់អៀង ធីរិទ្ធ មានសភាពធ្ងន់ធ្ងរ ហើយអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហមរូបនេះ នឹងមិនអាចចូលរួមសវនាការកាត់ទោសឲ្យបានពេញលេញនោះទេ។ លោក ចន ខាំបែល (John Campbell) បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងសវនាការអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមដែលបានបើកសវនាការស្តីពីបញ្ហាសុខភាពជនជាប់ចោទអៀង ធីរិទ្ធ និងនួន ជា នៅក្នុងសំណុំរឿង០០២ ដែលបានឈានមកដល់ថ្ងៃទីពីរនៅថ្ងៃនេះ។ សវនាការដែលគ្រោងនឹងធ្វើមានរយៈពេលបីថ្ងៃ។ វេជ្ជបណ្ឌិតសញ្ជាតិនូវែលសេឡង់ដដែល បានធ្លើយតបនឹងសហមេធាវីអន្តរជាតិលោកស្រី ដាយអាណា អាលី្លស (Diana Allis) និងសហព្រះរាអាជ្ញាកម្ពុជា តាមរយៈការបកប្រែភាសាថា ខួរក្បាលរបស់អៀង ធីរិទ្ធ មានដំណើរការមិនប្រក្រតីនោះទេ។ «ឃើញថា ខួរក្បាលទាំងមូលមិនដំណើរការធម្មតា។ កត្តាមួយចំនួនមានសម្ពាធរងក្នុងការឃុំខ្លួន គឺជាការចុះខ្សោយគឺមានកម្រិតធ្ងន់»។ អៀង ធីរិទ្ធ អាយុ៧៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០០៧។ គាត់បានចូលរួមសវនាការស្តីពីបញ្ហាសុខភាពតាំងពីម្សិលមិញមកម៉្លេះជាមួយនឹងនួន ជា អតីតប្រធានសភាខ្មែរក្រហម។ លោក ចន ខាំបែល បានមានប្រសាសន៍ថា អឿង ធីរិទ្ធ មានជំងឺ Alzheimer គឺជាប្រភេទជំងឺដែលមានភាពច្របូកច្របល់ក្នុងខួរក្បាល បាត់ការចងចាំ ហើយគាត់មិនអាចមើលឃើញអ្វីដែលគាត់បានធ្វើ ឬមិនបានធ្វើនៅក្នុងចន្លោះពេលគាត់កាន់អំណាចនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ លោក ចន ខាំបែល បញ្ជាក់ថា អៀង ធីរិទ្ធ ពិបាកក្នុងការចោទជាសំណួរនៅក្នុងសវនាការ ថែមទាំងមិនអាចចូលរួមសវនាការតាមរយៈវីដីអូភ្ជាប់ចូលទៅកាន់បន្ទប់គាត់បាននោះទេ ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិតដដែលបានបញ្ជាក់ទៀតថា ការកាត់បន្ថយការប្រើប្រាស់ថ្នាំមួយចំនួន ការប្តូរទីកន្លែង អាចជួយសម្រួលដល់សតិរបស់អៀង ធីរិទ្ធ ឡើងវិញបានខ្លះ។ ក៏ប៉ុន្តែ នៅតែមិនអាចធានាថា អៀង ធីរិទ្ធ អាចនឹងចូលរួមសវនាការបានពេញលេញនោះដែរ។ ការបើកសវនាការស្តីពីសុខភាពជនជាប់ចោទនៅពេលនេះ ធ្វើឡើងខណៈដែលសំណុំរឿង០០២ដែលមានជនជាប់ចោទខៀវ សំផន អៀង សារី នួន ជា និងអៀង ធីរិទ្ធ ត្រូវគេជឿថា អាចនឹងត្រូវបានធ្វើឡើងនៅខែឧសភា ឆ្នាំ២០១២ ហើយអៀង ធីរិទ្ធ អាចនឹងទទួលបានការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងររបស់គាត់។ លោក ឌឹម សុវណ្ណរុំ មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមមិនបដិសេធលទ្ធភាពនេះទេ។ «បើសិន អ្នកជំនាញជាតិ និងអន្តរជាតិវាយតម្លៃថា លោកស្រីអៀង ធីរិទ្ធ មិនមានកាយសម្បទាគ្រប់គ្រាន់ទេ ជាពិសេសខាងផ្នែកវិកលភាពហ្នឹង តុលាការនឹងធ្វើការដោះលែងលោកស្រីអៀង ធីរិទ្ធ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។ ក៏ប៉ុន្ត នៅក្នុងពេលនេះ លោកវេជ្ជបណ្ឌិតចន ខាំបែល បានលើកទឹកចិត្តឲ្យមានការធ្វើកោសល្យវិច័យអំពីសុខភាពអៀង ធីរិទ្ធ ឡើងវិញ៕ This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងទាមទារឲ្យមានតុល្យភាពសមាសភាពក្នុងគណៈកម្មការបោះឆ្នោតមូលដ្ឋាន Posted: 30 Aug 2011 03:10 PM PDT គណបក្សប្រឆាំងនៅថ្ងៃអង្គារនេះ បានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ចូលតំណាងគណបក្សនយោបាយដែលមានអាសនៈនៅរដ្ឋសភានៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីឲ្យមានតម្លាភាព និងយុត្តិធម៌។ ក្រុមមន្ត្រីគណបក្សប្រឆាំងបានអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានចោទប្រកាន់អំពីការជ្រើសរើសតែសមាជិកគណបក្សប្រជាជនកម្ពុជាឲ្យធ្វើជាសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត រាជធានី ស្រុក ខណ្ឌ ឃុំ និងសង្កាត់។ គណបក្សនយោបាយនៅកម្ពុជានឹងធ្វើការប្រកួតប្រជែងយកសមាជិកក្រុមប្រឹក្សាចំនួន១១.៤៥៩នាក់នៅក្នុងឃុំ សង្កាត់ចំនួន១.៦៣៣នៅទូទាំងប្រទេសដើមឆ្នាំ២០១២ខាងមុខនេះ។ ឃុំ សង្កាត់ភាគច្រើនត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០០៧។ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧.៩៩៣នាក់ គណបក្សសម រង្សី ២.៦៦០នាក់ គណបក្សនរោត្តម រណឫទ្ធិ៤២៥នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច២៧៤នាក់ និងគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យម្នាក់។ លោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងនៅក្នុងកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគណបក្សនយោបាយនៅទីស្តីការគ.ជ.ប ថាបើតំណាងគណបក្សនយោបាយប្រឆាំងមិនមានវត្តមាននៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិទេ ដែលនេះគឺជាគ្រោះថ្នាក់សម្រាប់គណបក្សប្រឆាំង។ លោក ហូ វ៉ាន់ បានបញ្ជាក់ថា បេក្ខជនមកពីគណបក្សសម រង្សី ដែលបានដាក់ពាក្យសុំធ្វើការក្នុងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិ ប្រឡងមិនជាប់ទេ ដោយនិយាយថាគ្មានវិជ្ជាជីវៈ និងគ្មានបទពិសោធន៍។ ប៉ុន្តែបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា សុទ្ធតែបានប្រឡងជាប់ប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍។ «គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត រាជធានី ស្រុក ខណ្ឌ និងឃុំ សង្កាត់ មានតំណាងគណបក្សនយោបាយមួយៗ ដែលមាន អាសនៈក្នុងរដ្ឋសភា ហើយរួចក្រៅពីហ្នឹងយើងរើសបន្ថែមទៀតទៅដើម្បីបង្កើនទំនុកចិត្ត និងប្រសិទ្ធិភាព។ ដើម្បីឲ្យការបោះឆ្នោតរបស់យើងមានឯករាជ្យ តម្លាភាព ប្រសិទ្ធិភាព ជំនឿជឿជាក់អាចទទួលយកបាន»។ លោក អ៊ុក ស៊ុយ តំណាងគណបក្សសិទ្ធិមនុស្ស បានថ្លែងថា តំណាងគណបក្សនយោបាយដើរតួនាទីសំខាន់ណាស់ដើម្បីធ្វើការជាមួយមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិប្រកបដោយឆន្ទៈនៃច្បាប់ និងត្រួតពិនិត្យមើលការអនុវត្តរបស់គណៈកម្មការទាំងនេះ។ លោក ប៉ែន សង្ហា តំណាងគណបក្សនរោត្តម រណឫទ្ធី បានបញ្ជាក់ថា គោលការណ៍ជ្រើសរើសសមាជិកគណៈកម្មការៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិដែលមានសមត្ថភាព គោលការណ៍ គុណភាព និងប្រសិទ្ធិភាព គឺជាការពិត និងត្រឹមត្រូវ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅតែមានការរើសអើងចំពោះបេក្ខជនពីគណបក្សប្រឆាំង។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ច្បាប់មិនតម្រូវឲ្យមានតំណាងគណបក្សនយោបាយទេ ហើយការងាររបស់គ.ជ.ប ធ្វើទៅតាមនីតិវិធីច្បាប់។ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យ និងមិនលម្អៀងសម្រាប់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាបានថ្លែងថា គណបក្សនយោបាយមិនអាចទុកចិត្តអព្យាក្រិត្យភាពរបស់សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិ។ «ខ្ញុំគិតថា តំណាងគណបក្សក្នុងសមាសភាពគ.ជ.ប អាចជាវិធីមួយដើម្បីឲ្យគណបក្សទាំងអស់នោះ អស់ចិត្តថា ការបោះឆ្នោតនេះ គាត់អាចទទួលយកពីព្រោះមានតំណាងគណបក្សរបស់គាត់នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយ»។ លោក ហង្ស ពុទ្ធា បានបន្តថា អង្គការសង្គមស៊ីវិលជំរុញឲ្យការបោះឆ្នោតមួយ ដែលគណបក្សទាំងអស់អាចទទួលយកបានដោយឯកច្ឆន្ទ៕ This posting includes an audio/video/photo media file: Download Now |
ជំងឺជនរងគ្រោះគុកទួលស្លែងនៅតែធ្ងន់ធ្ងរ Posted: 30 Aug 2011 12:22 PM PDT លោក វ៉ាន់ ណាត អាយុ៦៦ឆ្នាំ អតីតអ្នករស់រានមានជីវិតមួយរូបពីមន្ទីរឃុំឃាំងគុកទួលស្លែង និងជាសាក្សីដ៏សំខាន់មួយរូបនៅក្នុងសំណុំរឿង០០១ របស់សាលាក្តីខ្មែរក្រហម រហូតមកដល់ថ្ងៃអង្គារនេះ ស្ថានភាពជំងឺរបស់លោកនៅតែមានសភាពធ្ងន់ធ្ងរដដែល បន្ទាប់ពីសម្រាកព្យាបាលរយៈពេលប្រាំថ្ងៃនៅគ្លីនិកឯកជនមួយនៅភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ និងក្រុមគ្រួសាររបស់លោកវ៉ាន់ ណាត។ លោក វ៉ាន់ ណាត ត្រូវបានដាក់ឲ្យសម្រាកនៅលើគ្រែពេទ្យមួយដាច់ដោយឡែកពីអ្នកជំងឺដទៃផ្សេងទៀត ក្រោមការមើលថែទាំពីសមាជិកគ្រួសាររបស់លោក។ លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ អនុប្រធានមន្ទីរពេទ្យព្រះកុសមៈ និងជាប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ បាននិយាយថា រហូតមកដល់ថ្ងៃអង្គារនេះ ចង្វាក់បេះដូងរបស់លោកវ៉ាន់ ណាត អាចដំណើរការឡើងវិញបានតិចៗ ក៏ប៉ុន្តែលោកមិនអាចដកដង្ហើមដោយខ្លួនឯងបានដោយមិនមានខ្យល់អុកស៊ីសែនជួយនោះទេ។ «បេះដូងគាត់ដើរស្មើល្អ ប៉ុន្តែផ្នែកស្មារតីរបស់គាត់ គឺតិចបំផុត។ ដឹងតិចបំផុត ប៉ិនទោះបីជាយ៉ាងណាក៏ដោយ ពីថ្ងៃដែលចូលមកដល់ឥឡូវគឺមានភាពល្អប្រសើរបានតិចតួចដែរ។ ប៉ិនគ្រាន់ថា សភាពគាត់គឺនៅតែធ្ងន់»។ លោក វាន់ ណាត បានធ្លាក់ខ្លួនឈឺជាទម្ងន់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា លោកមានជំងឺបេះដូង។ អ្នកស្រី គិត អេង អាយុ៦២ឆ្នាំ ភរិយារបស់លោកវ៉ាន់ ណាត បាននិយាយថា លោករិទ្ធី ប៉ាន ប្រធានមជ្ឈមណ្ឌលសោតទស្សន៍ មានបំណងយកលោកវ៉ាន់ ណាត ទៅព្យាបាលនៅឯក្រៅប្រទេស ប៉ុន្តែស្ថានភាពជំងឺរបស់លោក មិនអាចបញ្ជូនចេញទៅព្យាបាលនៅឯខាងក្រៅបាននោះទេ។ «គាត់ថាបម្រុងយកគាត់ទៅស្រុកគេដែរ ប៉ុន្តែជំងឺគាត់យកទៅឥតបាន ពីព្រោះជំងឺគាត់ធ្ងន់ហើយ។ ទៅណា ក៏អត់បានដែរ។ គាត់បម្រុងយកទៅមើលនៅស្រុកបារាំងអីដែរ ប៉ុន្តែខាងបារាំងគេថា ទៅមិនបានទេ»។ លោក នេត ភត្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា សាលាក្តីកំពុងតែតាមដានស្ថានភាពជំងឺរបស់លោកវ៉ាន់ ណាត ដោយសារតែលោកគឺជាសាក្សីដ៏សំខាន់មួយរូប នៅក្នុងសំណុំរឿង០០១។ លោកបានបញ្ជាក់ថា យើងសង្ឃឹមថា លោកវ៉ាន់ ណាត នឹងជាសះស្បើយដើម្បីស្តាប់ការប្រកាសសាលក្រមសំណុំរឿង០០១។ «ធ្វើម៉េចឲ្យគាត់បានជាសះស្បើយឡើងវិញ ដើម្បីស្តាប់ការប្រកាសសាលដីកា លើករណីរបស់ឌុច ដែលលោកវ៉ាន់ ណាត គឺជាសាក្សីដ៏សំខាន់ម្នាក់ ដែលរួចចេញពីគុកទួលស្លែង។ គាត់បានធ្វើជាសាក្សីនៅក្នុងសំណុំរឿង០០១»។ សាលាក្តីខ្មែរក្រហមមិនទាន់បានកំណត់ថា ពេលណានឹងប្រកាសសាលក្រមចំពោះសំណុំរឿង០០១ ទេ ក៏ប៉ុន្តែបានបញ្ជាក់ថា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងតិចមានអ្នករស់រានមានជីវិតចំនួនប្រាំពីររូបប៉ុណ្ណោះ ពីមន្ទីរឃុំឃាំងទួលស្លែង ហើយនៅក្នុងចំណោមអ្នករស់រានមានជីវិតទាំងនោះ មានតែបីរូបប៉ុណ្ណោះ គឺលោកវ៉ាន់ ណាត លោកជុំ ម៉ី និងលោកប៊ូ ម៉េង ដែលជាសាក្សីសំខាន់បំផុតក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងសាលាក្តីខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
ការសិក្សាបង្ហាញថាធនធានមនុស្សនៅកម្ពុជាកើនឡើង Posted: 30 Aug 2011 02:44 PM PDT កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឲ្យដឹងនៅថ្ងៃច័ន្ទនេះថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅតំបន់ភាគឦសានប្រទេសមានកម្រិតទាបជាងបណ្តាខេត្តផ្សេងៗខណៈដែលទីក្រុងភ្នំពេញមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សកើនឡើងខ្ពស់ជាងគេនៅកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានបង្ហាញរបកគំហើញនៃរបាយការណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាឆ្នាំ២០១១ ថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅខេត្តរតនគីរី និងស្ទឹងត្រែងបានកើនឡើងពី ០,៣ ក្នុងឆ្នាំ២០០៧ដល់ ០,៤ ក្នុងឆ្នាំ២០១០ ហើយនៅទីក្រុងភ្នំពេញបានកើនឡើងពី ០,៧ ក្នុងឆ្នាំ២០០៧ ដល់ ១,០០ក្នុងឆ្នាំ២០១០។ របាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃអង្គារ ក្រោមអធិបតីភាពរបស់ដោយលោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឌូហ្ក្លាស ប្រូដឺរិក (Douglas Broderick) តំណាងអង្គការសហប្រជាជាតិនៅកម្ពុជា។ លោក ធួក ទ្រី សហអ្នកនិពន្ធជាតិនៃរបាយការណ៍នេះបានថ្លែងក្នុងសន្និសីទព័ត៌មាននៅទីចាត់ការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជាគឺមានការកើនយ៉ាងខ្លាំងក្នុងរវាងឆ្នាំ២០០៧ និងឆ្នាំ២០១០។ «សន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅខេត្តនីមួយៗ ហើយយើងមើលពណ៌ខៀវចាស់នេះគឺមានការអភិវឌ្ឍន៍តិចជាងគេ។ ពណ៌ក្រហមនេះសំដៅទៅលើការរីកចម្រើនខ្លាំង ដូចថា០,៣០៣ និង០,៤៣៧ គឺកំណើនពី២០០៧ ដល់២០១០»។ លោក នី បូរ៉េត អ្នកស្រង់ស្ថិតិនៃគណៈកម្មាធិការសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានថា សន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាកើនឡើងខ្ពស់ដោយផ្អែកទៅលើកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយដែលបានជំរុញកំណើនប្រាក់ចំណូល។ «ប្រាក់ចំណូលជាសមាសភាពមួយនៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ហើយដោយសារសេដ្ឋកិច្ចយើងកើនឡើង ស្ថានភាពសុខភាព និងស្ថានភាពអប់រំនៅកម្ពុជាមានការអភិវឌ្ឍខ្ពស់។ អញ្ចឹងហើយបានធ្វើឲ្យសន្ទស្សន៍អភិវឌ្ឍន៍មនុស្សកើនឡើងខ្ពស់»។ លោកស្រី សូហ្វ៊ី បារ៉ាណេស (Sophie Baranes) នាយិការងអង្គការយូអិនឌីភី (UNDP) ប្រចាំកម្ពុជា បានថ្លែងនៅក្នុងសន្និសីទព័ត៌មានថា ជនក្រីក្រ និងជនងាយរងគ្រោះបំផុតនឹងរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុមុនគេ និងធ្ងន់ធ្ងរជាងគេ ហើយមិនសូវមានលទ្ធភាពក្នុងការបន្ស៊ាំ និងក្នុងការឆ្លើយតបនឹងការប្រែប្រួលទាំងនេះ។ «កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេនៅអាស៊ីអាគ្នេយ៍ ដោយសារតែសមត្ថភាពបន្ស៊ាំរបស់ខ្លួននៅមានកម្រិត។ ដូចគ្នាទៅនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ គេ គិតថា កម្ពុជានឹងអាចជួបប្រទះការធ្លាក់ភ្លៀងកាន់តែច្រើន។ ឥទ្ធិពលទាំងនេះនឹងទំនងធ្វើឲ្យមានភាពខូចខាតទឹកកាន់តែធ្ងន់ធ្ងរ និងទឹកជំនន់កាន់តែញឹកញាប់ដែលនាំឲ្យខូចខាតដល់ដំណាំ និងជាមូលហេតុនៃកង្វះស្បៀងអាហារផងដែរ។ ការរីករាលដាលនៃជម្ងឺនានានឹងមានកាន់តែច្រើនឡើងដែលនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សមិទ្ធិផលនៃការអភិវឌ្ឍមនុស្ស និងការកាត់បន្ថយភាពក្រីក្រផងដែរ»។ លោក ទិន ពន្លក អគ្គនាយករងនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសន្និសីទព័ត៌មានថា កម្ពុជាងាយរងគ្រោះចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឲ្យខូចខាតដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ «ការប្រែប្រួលអាកាសធាតុមានឥទ្ធិពលប៉ះពាល់ដល់កម្ពុជារួមមកហើយ និងទៅអនាគត ឥទ្ធិពលនេះនឹងបង្កើនសម្ភាធថែមទៀតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ហើយសមត្ថភាពបន្សាំនៃការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ»។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សដែលមានកម្រិតខ្ពស់ជាងគេបំផុតក្នុងពិភពលោក គឺ១,៩៣នៅប្រទេសណ័រវេសន៍ ឬប្រទេសអភិវឌ្ឍន៍ខ្ពស់បំផុត៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៣០ សីហា Posted: 29 Aug 2011 09:56 PM PDT ព័ត៌មានចុងក្រោយបំផុត៖ លីប៊ី៖ ពួកមេដឹកនាំឧទ្ទាមក្នុងប្រទេសលីប៊ីបានទាមទារឲ្យអាជ្ញាធរក្នុងប្រទេសអាល់ហ្សេរីបញ្ជូនប្រពន្ធនិងកូនបីនាក់របស់មេដឹកនាំលីប៊ី ម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) មកផ្តន្ទាទោសក្នុងប្រទេសលីប៊ី បន្ទាប់ពីក្រុមនោះបានចូលក្នុងប្រទេសអាល់ហ្សេរីកាលពីព្រឹកថ្ងៃច័ន្ទ។ ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថាកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានសម្លាប់មនុស្ស៧នាក់ បន្ទាប់ពីបានបើកការបាញ់ប្រហារលើក្រុមអ្នកតវ៉ានៅថ្ងៃឈប់សម្រាកទីមួយរបស់សាសនាអ៊ីស្លាមដែលបានបញ្ចប់បុណ្យរ៉ាម៉ាដាន់ (Ramadan)។ ជប៉ុន៖ អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក យ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko Noda) បានទទួលការតែងតាំងជានាយករដ្ឋមន្រ្តីជប៉ុននៅថ្ងៃអង្គារនេះ ហើយភ្លាមៗនោះបានធ្វើការជ្រើសរើសគណៈរដ្ឋមន្រ្តីរបស់លោក។ សហរដ្ឋអាមេរិក៖ អ្នករស់នៅតាមឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិកបានបន្តដោះស្រាយបញ្ហាគ្រោះទឹកជំនន់ជាប្រវត្តិសាស្រ្ត ហើយនិងការដាច់ចរន្តអគ្គីសនីជាទូទៅដែលបណ្តាលមកពីខ្យល់ព្យុះសង្ឃរាផ្តាច់ជីវិតឈ្មោះអាយរីន (Hurricane Irene)។ អាស៊ី/ចិន៖ អាជ្ញាធរនៅភាគអគ្នេយ៍នៃប្រទេសចិនបានប្រុងប្រៀបខ្លួន មុនពេលខ្យល់ព្យុះទីហ្វុងណាន់មីឌុល (Nanmidol) បក់មកដល់នៅយប់ថ្ងៃអង្គារនេះ បន្ទាប់ពីខ្យល់ព្យុះត្រូពិកនេះបានបន្សល់ទុកការខូចខាតនៅក្នុងកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន។ អាហ្វិកខាងត្បូង៖ កងនគរបាលប្រទេសអាហ្វ្រិកខាងត្បូងបានប្រើគ្រាប់បែកផ្សែង និងបំពង់បាញ់ទឹក ដើម្បីបំបែកក្រុមអ្នកគាំទ្រប្រធានសមាគមយុវជនរបស់គណបក្សកាន់អំណាច ដែលមានភាពចម្រូងចម្រាស់។ អាស៊ី៖ អង្គការសហប្រជាជាតិកំពុងប្រកាសឲ្យដឹងពីការកើតមានឡើងវិញនូវមេរោគគ្រុនផ្តាសាយបក្សីដ៏សាហាវ រួមទាំងប្រភេទនៃវីរុសមួយដែលបំបែកខ្លួនពីវីរុសមួយទៀត ដែលកំពុងតែរីករាលដាលក្នុងទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀត។ ស៊ូដង់៖ អង្គការសិទ្ធិមនុស្សពីរប្រាប់ឲ្យដឹងថា កងទ័ពស៊ូដង់ប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងរដ្ឋករដូហ្វាន់ (Kordofan) ឋិតនៅភាគខាងត្បូងនៃប្រទេសស៊ូដង់។ អង្គការសិទ្ធិមនុស្ស Amnesty International ដែលមានទីតាំងក្នុងទីក្រុងឡុងនិងអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូយ៉កប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថាពួកគេមានភ័ស្តុតាងបញ្ជាក់ថាកងទ័ពស៊ូដង់បានអនុវត្តនូវ«យុទ្ធនាការវាយប្រហារដោយគ្រាប់បែកដោយមិនរើសមុខ» តាំងពីខែមិថុនាមក។ ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថាននិយាយថា ជនសង្ស័យដែលជាអ្នកដាក់គ្រាប់បែកអត្តឃាតពីររូបត្រូវបានសម្លាប់បន្ទាប់ពីគ្រឿងផ្ទុះរបស់ពួកគេត្រូវបានចុចបំផ្ទុះមុនពេលកំណត់ ក្នុងខណៈពេលដែលពួកគេកំពុងជិះម៉ូតូក្នុងទីក្រុងកំពង់ផែការ៉ាជីដែលពោរពេញដោយអំពើហិង្សានោះ។ <!--AV--> ព័ត៌មាននៅមុននេះ៖ <!--IMAGE-LEFT--> តៃវ៉ាន់៖ ខ្យល់ព្យុះត្រូពិក Nanmadol បានធ្វើឱ្យមានភ្លៀងកន្លះម៉ែត្រលើកោះតៃវ៉ាន់នៅថ្ងៃច័ន្ទ ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាច្រើននាក់និងមានទឹកជំនន់លិចផ្ទះផ្លូវនិងដីស្រែចម្ការ នៅមុនវាបោកបក់ទៅកាន់តំបន់អគ្នេយ៍ប្រទេសចិន។ ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានសម្លាប់មនុស្ស៦នាក់នៅពេលឆ្មក់ចូលក្នុងតំបន់នានាក្នុងប្រទេស ក្នុងការបង្ក្រាបជាថ្មីលើពួកអ្នកប្រឆាំងខាងនយោបាយ។ អាល់ហ្សេរី៖ បណ្តាញផ្សាយព័ត៌មានប្រទេសអាល់ហ្សេរី រាយការណ៍ថា ពួកសមាជិកគ្រួសាររបស់ Moammar Gadhafi បានចូលទៅក្នុងប្រទេសអាល់ហ្សេរី កាលពីថ្ងៃច័ន្ទ ពេលដែលក្រុមឧទ្ទាមលីប៊ីបានបន្តស្វែងរកអតីតមេដឹកនាំរូបនេះដែលត្រូវគេរិះគន់ជានិច្ច។ សហរដ្ឋអាមេរិក៖ អាជ្ញាធរសហរដ្ឋអាមេរិកនិយាយថា ទឹកជំនន់យ៉ាងខ្លាំងមានផលប៉ះពាល់ដល់ផ្នែកនានាក្នុងតំបន់ឦសានប្រទេស មួយថ្ងៃក្រោយពីខ្យល់ព្យុះ Hurricane Irene ថមថយកម្លាំងបានបោកបក់លើតំបន់នោះ។ សហរដ្ឋអាមេរិក៖ ពួកអ្នកធានារ៉ាប់រងនិងពួកអ្នកជំនាញការឯទៀតៗបានបូកសរុបការខូចខាតខាងសេដ្ឋកិច្ចបណ្តាលមកពីខ្យល់ព្យុះ Hurricane Irene ដែលបានបណ្តាលឱ្យមនុស្ស៣៣នាក់ស្លាប់ក្នុងសហរដ្ឋអាមេរិកកាលពី២ថ្ងៃមុននេះ។ ប៉ាគីស្ថាន៖ ពួកមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការទុកចិត្តខ្លាំងថាអនុប្រធាននៃអង្គការអាល់កៃដាត្រូវបានសម្លាប់ក្នុងប្រទេសប៉ាគីស្ថាន។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |