VOA News: ព័ត៌មាន: “រហូត​មក​ដល់​ពេល​នេះ​សាលក្រម​ចុងក្រោយ​ឌុច​នៅ​តែ​មិនទាន់​ចេញ​រួច” plus 5 more

VOA News: ព័ត៌មាន: “រហូត​មក​ដល់​ពេល​នេះ​សាលក្រម​ចុងក្រោយ​ឌុច​នៅ​តែ​មិនទាន់​ចេញ​រួច” plus 5 more


រហូត​មក​ដល់​ពេល​នេះ​សាលក្រម​ចុងក្រោយ​ឌុច​នៅ​តែ​មិនទាន់​ចេញ​រួច

Posted: 24 Aug 2011 02:08 PM PDT

ប្រសិន​បើ​គេ​រាប់​ចាប់​តាំងពី​ពេល​ចាប់​ខ្លួន​ ឌុច នៅ​ខែ​ ឧសភា​ ឆ្នាំ​១៩៩៩​ ឌុច ​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១២​ឆ្នាំ​ហើយ។ ក៏​ប៉ុន្ដែ​នោះ​មិនមែន​ជា​ការ​ជាប់​ឃុំឃាំង​​ដោយ​​​អំណាច​សាលក្រម​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​ដែល​គេ​ស្គាល់​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ទេ។

នៅ​ពេល​នេះ​អតីត​ប្រធាន​គុក​ទួល​ស្លែង​ ឬ​មន្ទីរស​២១​ ដែល​ត្រូវ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​០០១​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្រ្គាម​ បទ​មនុស្ស​ឃាត​ និង​ទារុណកម្ម កំពុង​រង់​ចាំ​ការ​ប្រកាស​សាលដីកា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល។​ ក៏​ប៉ុន្ដែ​គ្មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ណាមួយ​ពី​កាល​បរិចេ្ឆទ​នៃ​ការ​ប្រកាស​សាលដីកានេះ​ទេ។​ ជន​រង​គ្រោះ​ដែល​ធ្លាប់​ស្ថិត​ក្រោមការ​ធ្វើ​ទារុណកម្ម​របស់​ឌុច​ហាក់​ដូចជា​បាត់បង់​ការ​អត់ធ្មត់​ ហើយ​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ការ​អូស​បន្លាយ​ពេល​វេលា​នៃ​ការ​ប្រកាស​សាល​ដីកា។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ សមាគម​ជនរង​គ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ហៅ​កាត់​ថា​ ក្សេមក្សាន្ដ​ដែល​ដឹក​នាំ​ដោយ​អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​ លោក​ ជុំ ​ម៉ី ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ដើម្បី​តឿន​រំលឹក​ពី​ការ​ប្រកាស​សាលដីកា​នោះ។​ នេះ​បើ​យោង​តាម​មេធាវី​របស់​សមាគម​ក្សេម្ដក្សាន្ដ ​លោក ​លឹម​ ម៉េងឃី។​ លោក​មាន​ប្រសាសន៍​ថា៖

«សមាគម​គាត់​បាន​សុំ​សួរ​បញ្ជាក់​ថា​ តើ​ថ្ងៃ​ប្រកាស​សាលក្រម​ មាន​កាលបរិច្ឆេទ​ជាក់លាក់​ ហើយ​ ឬ​នៅ?​ នៅ​ថ្ងៃ​ណា?​ ហើយ ​ប្រសិន​បើ​ឥត​ទាន់​មាន​កាល​បរិច្ឆេទ​ជាក់លាក់​ គាត់​ចង់​ដឹង​ថា​ តើ​ដំណើរការ​នៃ​ការ​ពិចារណា​សម្រេច​ដល់​ត្រឹម​ណា​ហើយ​ ពី​ព្រោះ​គាត់​ទន្ទឹង​រង់​ចាំ​មើល​សេចក្តី​សម្រេច​ចុង​ក្រោយ​ហ្នឹង»។

កាំង ​ហ្គិចអ៊ាវ​ ហៅ​ឌុច ​អាយុ​៦៩​ឆ្នាំ​ជាប់​សង្ស័យ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​ទោស​យ៉ាង​តិច​ចំនួន​១២.៣៨០​នាក់​ ក្នុង​ពេល​ដែល​គាត់​ត្រួតត្រា​គុក​ទួល​ស្លែង​ពី​ឆ្នាំ​ ១៩៧៦ ​ដល់​ខែ​មករា​ ឆ្នាំ​ ១៩៧៩។​ គាត់​ត្រូវ​បាន​បញ្ជូន​ពី​ការ​ឃុំឃាំង​បណ្ដោះ​អាសន្ន​នៅ​តុលាការ​យោធា​នៅ​ឆ្នាំ​ ២០០៧។​ ការ​កាត់​ទោស​ឌុច​ ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​៧៧​ថ្ងៃ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី​៣០​ ខែ​មិនា​ ឆ្នាំ​២០០៩​រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​ដដែល​នោះ។ ​ដប់​ខែ​ក្រោយ​គឺ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១០ ទើប​មាន​ការ​ប្រកាស​សាលក្រម​ដែល​ផ្ដន្ទា​ទោស​រូប​គាត់​ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​៣៥ ​ឆ្នាំ។ ​ក៏ប៉ុន្ដែ​ទោស​នេះ​ត្រូវ​សម្រួល​នៅ​ត្រឹម​១៩​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ជន​រងគ្រោះ និង​ពី​សហព្រះរាជ​អាជ្ញា​ជា​ខ្លាំង។​ សហព្រះរាជ​អាជ្ញា​លោក​ស្រី​ ជា​ លាង ​និង​លោក ​អាន់ឌ្រូ ​ខេលី ​បាន​ប្ដឹង​សារទុក្ខ​ហើយ​ទាមទារ​ឲ្យ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បន្ថែម​ទោស​ឌុច​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ឬ​យ៉ាង​តិច​បំផុត​ចំនួន​៤៥​ ឆ្នាំ។ ​យ៉ាងណា​ក៏ដោយ​បន្ទាប់ពី​សវនាការ​របស់​តុលាការ​កំពូល​រយៈពេល​បី​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​៣០​ ខែ​មិនា​ ឆ្នាំ​ ២០១១​នេះ​មក​ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ទោស​ឌុច​ ជា​ថ្មី​ដោយ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នោះ​ទេ។

លោក​ ជុំ​ ម៉ី ​ប្រធាន​អង្គការ​ក្សេមក្សាន្ដ​ និង​ជា​អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​បញ្ជាក់​ថា ​លោក​កំពុង​ចង់​ដឹង​ថា​តើ​ឌុច​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ដូចម្ដេច​ដោយ​លោក​មិន​ចង់​រង់​ចាំ​រហូត​ដល់​ការ​កាត់​ទោស​ពេញ​អង្គ​សេចក្ដី​ក្នុង​សំណុំ​រឿង​០០២​ឡើយ។​ លោក​បញ្ជាក់​ថា៖

«តើ​វា​ប៉ុន្មាន​ឆ្នាំ​ទៀត​បាន​វា​ចេញ​សាលក្រម​ហ្នឹង?​ សាលក្រម​ ជា​ស្ថាពរ​ហ្នឹង!​ យើង​ រង់​ចាំ​មើល​ដែរ។​ គេ​បន្ថយ​ទោស​ឌុច​ឲ្យ​មក​នូវ​១០​ឆ្នាំ​ ឬ​គេ​ដាក់​ដំឡើង​ពី​៣៥​ឆ្នាំ​ឡើង​ទៅ​លើ​ទៀត។​ យើង​ចង់​ឲ្យ​ចេញ​អា​បួន​នាក់​នេះ»។

អតីត​អ្នក​ទោស ​គុក​ទួល​ស្លែង​ម្នាក់​ទៀត​គឺ​លោក ​ប៊ូ ​ម៉េង​ មាន​ប្រសាសន៍​ប្រកប​ដោយ​ភាព​អន្ទះសារ៖

«ហេតុ​អី​ បាន​ជា​មិន​ឆ្លើយ​សំណួរ​ហ្នឹង?​ ខ្ញុំ​ឆ្ងល់​ត្រង់​ហ្នឹង!​ កាត់​កន្លង​មក​សាក្សី​គេ​មាន​គ្រប់​គ្រាន់​ ក្រដាស​ស្នាម​ដែល​ជា​ស្លាក​ស្នាម​ក៏​មាន​គ្រប់​គ្រាន់​ រាប់​ពាន់​រាប់​ម៉ឺន​សន្លឹក​ហើយៗ​ឯកសារ​រស់​ដូច​ជា​ខ្ញុំ​ ដូច​ជា​សាក្សី​ ដូច​ជា​អ្នក​ជំនាញ​ការ​ គឺ​មាន​គ្រប់​គ្រាន់​ហើយ។​ តើ​វា​ទៅ​ជា​យូរ​អី​ទៀត?»

ទាំង​លោក​ជុំ ​ម៉ី ​ទាំង​លោក​ ប៊ូ​ ម៉េង​ សុទ្ធ​តែ​យល់​ថា ​ការ​ពន្យារពេល​ណា​មួយ​ក្នុង​ការ​សម្រេច​ក្ដី​ទឹក​ចុង​ក្រោយ​ក្នុង​សំណុំ​រឿង ​ឌុច​ នេះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​យុតិ្តធម៌​សម្រាប់​ពួក​លោក។

ក៏​ប៉ុន្ដែ​លោក​ ឡាស ​អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរ​ក្រហម​មិន​ចាត់​ទុក​ថា​ ដំណើរ​ការ​ក្ដី​រហូត​មក​ទល់​ពេល​នេះ​គឺ​ជា​ការ​ពន្យារ​ពេល​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ដឹង​ប្រាកដ​ថា​ ទាំង​អស់​គ្នា​ប្រាកដ​ជា​អន្ទះសារ​ចង់​ដឹង​ពី​ការ​សម្រេច​ក្តី​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ក្នុង​សំណុំ​រឿង​ទី១។​ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​ទី​១​នៃ​សាលក្រម​ ប៉ុន្តែ​យើង​មិន​ដឹង​ថា​តើ​នឹង​ត្រូវ​ការ​ពេល​ប៉ុន្មាន​ដើម្បី​បញ្ចប់​នោះ​ទេ»។

លោក​ស្រី ​អាន ​ហេនដិល ​(Anne Heindel) ​ទីប្រឹក្សា​ច្បាប់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ពន្យល់​ថា​ ភាព​ស្មុគ្រស្មាញ​ក្នុង​សំណុំរឿង​ឌុច​ និង​កង្វះ​ពិសោធន៍​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​ការ​កាត់​ក្ដី​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​បែប​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ពេល​វេលា​ច្រើន។​ លោក​ស្រី​បាន​ថ្លែង​ថា៖

«បណ្តឹង​សារទុក្ខ​នៃ​សំណុំ​រឿង​ឌុច​ជាប់​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ច្បាប់​យ៉ាង​ស្មុគស្មាញ​ ហើយ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មិន​ដែល​បាន​ដោះស្រាយ​សំណុំ​រឿង​ដូច​ច្នោះ​ទេ។ ​ដើម្បី​សម្រេច​សំណុំ​រឿង​នេះ​ ក្រុម​ចៅ​ក្រម​ត្រូវ​គិត​ជា​មុន​ អំពី​ផល​បះពាល់​នា​នា​ទៅ​ដល់​សំណុំ​រឿង​មួយ​ទៀត​ គឺ​សំណុំ​រឿង​ ០០២។​ វា​មិន​មែន​ជា​ការ​ស៊ី​ពេល​វែង​នោះ​ទេ​ រហូត​មក​ដល់​ពេល​នេះ​ ក្នុង​ការ​សរសេរ​សាលក្រម​របៀប​នេះ។ ខ្ញុំ​សង្ឃឹម​ថា​ វា​នឹង​ស៊ី​ពេល​យ៉ាង​សមរម្យ​នឹង​មាន​ការ​សម្រេច​យ៉ាង​ត្រឹម​ត្រូវ។​ ប្រសិន​បើ​យើង​មើល​តុលាការ​អន្តរជាតិ​ផ្សេង​ទៀត​ ដូច​ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​នៃ​អតីត​យ៉ូកូស្លាវី​ និង​តុលាការ​អន្តរ​ជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា គេ​ប្រើ​រយៈពេល​រហូត​ដល់​ មួយ​ឆ្នាំ​ដើម្បី​ទទួល​បាន​លទ្ធផល​នៃ​បណ្តឹង​ឧទ្ធរណ៍​មួយ។​ ប្រសិន​បើ​លោក​មើល​ការ​សម្រេច​ក្តី​ក្នុង​សំណុំ​រឿង​ឌុច​ នៅ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង ពេល​វេលា​ដែល​ប្រើ​គឺ​អស់​បី​ត្រីមាស។​ ដូច្នេះ​ ជា​ពេលវេលា​សមហេតុផល»។

លោក​ ឡាស​ អលសិន ​និង​លោក​ស្រី ​អាន ​ហេនដិល​ ក៏​បាន​លើកឡើង​ពី​ការ​បក​ប្រែ​ភាសា​ផង​ដែរ​ដែល​ជម្រុញ​ឲ្យ​មាន​ភាព​ស្មុគ្រ​ស្មាញ​ដល់​ដំណើរ​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល។ ​ក៏​ប៉ុន្ដែ​ប្រភព​ស្និទ្ធ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​មួយ​ចំនួន​បាន​បង្ហាញ​ពី​ភាព​មិន​ទាន់​ចុះ​សម្រុង​គ្នា​រវាង​ចៅ​ក្រម​អន្ដរជាតិ​ និង​ចៅ​ក្រម​ជាតិ​ក្នុង​ការ​កំណត់​ទោសទណ្ឌ​របស់ ​ឌុច​ដែល​ជា​រឿង​មិន​ល្អ​ដល់​ការ​ចេញ​សាល​ដីកា។​ ប្រភព​ដដែល​បញ្ជាក់​ថា ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​ការ​ធ្វើ​សេចក្ដី​សម្រេច​តែ​លើ​ចំណុច​ចំនួន​បី​តែ​ប៉ុណ្ណោះ​គឺ​ទី១ ការ​សម្រេច​ទៅ​លើ​យុត្តាធិការ ទី​២​ការ​សម្រេច​ទៅ​លើ​ការ​ផ្ដន្ទាទោស ​និង​ទី​៣​ការ​គណនា​ទោស​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ឌុច​ ទទួល​រង​ការ​ចោទ​ប្រកាន់។​ ទោះជា​យ៉ាង​នេះ​ក្ដី​មាន​ការ​រំពឹង​ទុក​ថា ​ការ​ប្រកាស​សាលដីកា​សម្រាប់​សំណុំ​រឿង​០០១​ ករណី​ឌុច​នឹង​អាច​ប្រព្រឹត្តិ​ទៅ​មុន​ដំណាច់​ឆ្នាំ​នេះ។ ​ក៏ប៉ុន្តែ​មាន​ការប៉ាន់​ប្រមាណ​ថា​ សំណុំ​រឿង​០០២​នឹង​​អូស​បន្លាយ​ពេល​ច្រើន​ជាង​នេះ៕

This posting includes an audio/video/photo media file: Download Now

ជំនួប​ម្ចាស់​ជំនួយ​ត្រូវ​ពន្យារ​គ្មាន​ពេល​កំណត់

Posted: 24 Aug 2011 02:28 PM PDT

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារ​ពេល​វេទិកា​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ លើក​ទី​៤​ ដោយ​គ្មាន​ពេល​កំណត់​ជាក់លាក់។ នេះ​បើ​តាម​សម្តី​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ នៅ​ថ្ងៃ​អង្គារ​នេះ។

មាន​ប្រសាសន៍​ប្រាប់​ វីអូអេ​ខ្មែរ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​គាត​ ឈន់ ​បាន​មាន​ប្រសាសន៍​ថា​ មូលហេតុ​នៃ​ការ​លើក​ពេលេវេទិកា​នេះ​ បាន​កំណត់​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​រួច​ហើយ។​ លោក​ថ្លែង​ថា៖

«អើយ! ​បាទ! ហេតុផល​មាន​ជូន​ទៅ​ឲ្យ​លោក​ដែល​អ្នក​សម្របសម្រួល​រួច​ហើយ ​គឺ​គ្មាន​អី​លើស​ពី​ហ្នឹង​ទេ។ ខ្ញុំ​មិន​អាច​នឹង​កំណត់​ពេល​ណា​បាន​ទេ​ បាទ។​ មិន​ទាន់​កំណត់​បាន»។

នៅ​ក្នុង​សារ​អេឡិចត្រូនិក​របស់​លោក​ គាត​ ឈន់​ ផ្ញើជូន​លោក ​ជី ​ម៉ាហ្វាន់​ នាយក​ធានាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ផ្ញើជូន​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ស្ថាប័ន​ និង​ក្រសួង​ទាំង​អស់​ដែល​វីអូអេ​ខ្មែរ​បាន​ទទួល​ជា​ពិសេស​ លោក​ គាត ​ឈន់​ បាន​ស្នើ​ដល់​ធានាគារ​ពិភពលោក​ឲ្យ​ជូន​ដំណឹង​នៃ​ការ​ពន្យារ​ពេល​នេះ​​ដល់​បណ្តាល​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍​នានា។

លោក​ គាត់​ ឈន់ ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​ទាំង​ពីរ​នោះ​ថា​ ការ​សម្រេច​លើក​ពេល​វេទិកា​នេះ ​បណ្តាល​មក​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ ដែល​រហួត​មក​ដល់​ពេល​នេះ​ នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ​ ហើយ​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ប្រទេស​ដែល​ជា​ដៃ​គូ​សំខាន់ៗ​ មួយ​ចំនួន​នៅ​តែ​ប្រឈមមុខ​នឹង​វិបត្តិសេដ្ឋកិច្ច​នៅ​ឡើយ។

ស្ថានទូត​សំខាន់ៗ​មួយ​ចំនួន​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​យ៉ាង​សំខាន់​របស់​កម្ពុជា​ដូចជា​ស្ថានទូត​សហ​រដ្ឋអាមេរិក​ បារាំង​ និងជប៉ុន​ បាន​បង្ហាញ​ពី​ជំហរ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ឆ្លើយ​តប​របស់​ខ្លួន​ទាក់​ទឹង​ទៅ​នឹង​ការ​លើក​ពេល​វេទិកា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី​៤​នេះ។​ ក៏​ប៉ុន្តែ​ ស្ថានទូត​ទាំង​នោះ​បាន​អះអាង​ថា​ បាន​ទទួល​ដំណឹង​ពី​ការ​លើក​ពេល​នេះ​ហើយ​តាម​រយៈ​ធានាគារ​ពិភពលោក។

ការ​លើក​ពេល​វេទិកា​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពេល​ពី​ធានាគារ​ពិភពលោក​បាន​បង្កក​ប្រាក់​ជំនួយ​កម្ពុជា​ដោយសារ​តែ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹងកក់។​ បន្ទាប់​ពី​មាន​ការ​បង្កក​ជំនួយ​ដោយ​ធនាគារ​ពិភពលោក​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រញាប់​ប្រញាល់​ ប្រគល់​ដី​ជាង​១២​ហិកតា​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង។

លោក សុខ​ សំអឿន ​នាយក​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​បញ្ជាក់​ថា​ តាម​ការ​យល់​ឃើញ​របស់​លោក​ ការ​លើក​ពេល​សម្រាប់​វេទិកា​នេះ​ដោយសារ​តែ​បញ្ហា​នៅ​តំបន់​បឹងកក់។​ លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​មាន​កិច្ច​ប្រជុំ ម្ចាស់​ជំនួយ​តែង​តែ​លើក​ឡើង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ។ លោក​បានប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ធម្មតា ​យើង​ម្ចាស់​ជំនួយ។ កាលណា ​វា​មាន​បញ្ហា​ជា​មួយ​អ្នក​ដែល​ទទួល​ជំនួយ​អញ្ចឹង វា​មាន​បញ្ហា។ អញ្ចឹង​តែង​តែ​ចាប់​ផ្តើម​គិត។​ តើ​គួរ​ឲ្យ​ប៉ុ​ណ្ណឹង​ដដែល​ ឬ​ក៏​ដក​ខ្លះ​ ឬ​ក៏​អត់​សោះ។ អញ្ចឹង ហើយ​ដូច្នេះ​ដើម្បី​ជៀសវាង​ពី​បញ្ហា​ហ្នឹង​ រដ្ឋាភិបាស​ត្រូវ​តែ​ត្រៀម​ខ្លួន​ ទាញ​ចម្លើយ​ឲ្យ​បាន​សមហេតុ​សមផល​ ទើ​បអាច​ឲ្យ​ទឹក​ចិត្ត​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ហ្នឹង​នៅ​តែ​រក្សា​គោល​ជំហរ​ដែល​គេ​ចង់​ឲ្យ​ជំនួយ​មក​ប្រទេស​យើង​ដដែល​ បាទ»។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ជំទាស់​នឹង​ការ​លើក​ឡើង​នេះ ​ដោយ​លោក​បាន​បញ្ជាក់​ថា ​នេះ​គឺ​ជា​ការ​យល់​ឃើញ​តែ​ម្នាក់​ឯង​តែ​ប៉ុណ្ណោះ។​ លោក​ថ្លែង​ថា៖

«មក​ពី​គេ​អ្នក​ចេះ! ​ចេះ​តែ​ធ្វើ​គិត​គូ​តែ​ម្នាក់​ឯង​ទេ​ អ្នក​នោះ។​ ជា​មតិ​អត្តនោម័តិ​ ចេះ​តែ​មាន​មតិ​ទៅ។​ អ្នក​ណា​មាន​មតិ​យ៉ាង​ណា​ស្រេច​តែ​គេ​ទៅ»។

កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​ កម្ពុជា​បាន​ទទួល​ជំនួយ​ជាង​១.០០០​លាន​ដុល្លារ​អាមេរិក ដោយ​ប្រទេស​ជំនួយ​ទាំង​នោះ​បាន​ភ្ជាប់​លក្ខខណ្ខ​កំណែ​ទម្រង់​យ៉ាង​ច្រើន។

លោក ​ឈិត ​សំអាត​ នាយក​ប្រតិបត្តិ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ហៅ​កាត់​ថា​ NGOs Forum​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​លើក​ពេល​វេទិកា​របស់​រដ្ឋាភិបាល​ទេ​ ដោយ​លោក​ ឈិត​ សំអាត​ គ្រាន់​តែ​បាន​បញ្ជាក់​ថា​ លោក​ទទួល​បាន​ដំណឹង​អំពី​ការ​លើក​ពេល​នេះ​រួច​ហើយ។ លោក​បាន​ប្រាប់វីអូអេ​ខ្មែរ​ថា៖

«ដោយសារ​ខ្ញុំ​មិន​យល់​ពី​មូលហេតុ​ច្បាស់​លាស់​ដែរ​ គ្រាន់​តែ​បញ្ជាក់​ថា​ NGOs Forum​ យើង​បាន​ដឹង​ព័ត៌មាន​ពី​ការ​ពន្យារពេល​របស់​កិច្ចប្រជុំ​របស់​ប្រទេស​ម្ចាស់​ជំនួយ​​ជា​មួយ​រដ្ឋាភិបាល។​ មូលហេតុ​ផ្សេងៗ​ ខ្ញុំ​មិន​ទាន់​បាន​ឃើញ​បញ្ជាក់​នៅ​ក្នុង​ហ្នឹង​ឲ្យ​បាន​ច្បាស់លាស់​ដែរ។​ អញ្ចឹង! ​ខ្ញុំ​សុំ​មិន​មាន​ប្រសាសន៍​ច្រើន​ជាង​ហ្នឹង»។

វេទិកា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី​៤​រដ្ឋាភិបាល​គ្រោង​នឹង​កំណត់​ពេល​នៅ​ថ្ងៃ​ទី​២៤​ និង​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ទៅ​វិញ៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​រៀបចំ​ទិញ​ឧទ្ធម្ភាគចក្រ​ពី​ចិន​

Posted: 24 Aug 2011 01:33 PM PDT

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​គ្រោង​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​ពី​ចិន​ក្នុង​គម្រោង​ទឹក​ប្រាក់​ចំនួន​១៩៥,៥លាន​ដុល្លារ​អាមេរិក​ដែល​ជា​ប្រាក់​កម្ចី​ពី​ចិន។​ គម្រោង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ជាផ្លូវ​ការ​របស់​លោក ចូវ យ៉ុង កាង​ សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​ចិន​កាល​ពី​សប្តាហ៍កន្លង​ទៅ​នេះ។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ឧទ្ឋម្ភាគចក្រ​ទាំង​នេះ​សម្រាប់​ប្រើ​ក្នុង​ការ​ប្រយុទ្ឋ​ប្រឆាំង​ភេរវកម្ម​និង​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។

លោក​គាត​ ឈន់​ មិន​បាន​បញ្ជាក់​ថា ឧទ្ឋម្ភាគចក្រ​នេះ​នឹង​មក​ដល់​កម្ពុជា​នៅ​ពេល​ណា​ទេ ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា ​កម្ពុជា​ត្រូវ​តែ​មាន​ឧបករណ៍គ្រប់​គ្រាន់។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​គ្រាន់​តែថា​Helicopter នេះ​គ្រាន់​តែ​សម្រាប់គ្រប់​គ្រង​គ្រោះ​មហន្តរាយ​និង​ប្រយុទ្ឋ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម»។

លោក​សឹង សំណាង​មេបញ្ជាការ​កង​ទ័ព​អាកាស​បាន​មាន​ប្រសាន៍​ថា ខាង​ក្រុម​ហ៊ុន​ចិន​មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​ការទិញ​ឧទ្ឋម្ភាគចក្រ​នេះ​នៅ​ឡើយ​ទេ។ លោក​សឹង សំណាង​បាន​បង្វែរ​​ឲ្យ​ទៅ​សួរ​ក្រសួង​ការពារ​ជាតិ​វិញ។​ លោក​ឆ្លើយ​ថា៖

«ខាង​ក្រុម​ហ៊ុន​ចិន​មិនទាន់​បាន​មកទាក់​ទង​ជា​មួយ​ខ្ញុំ​ដែរ ​ព្រោះ​អាហ្នឹង​វាត្រូវ​ការ​ហ្វឹក​ហ្វាត់​ អ្នក​បច្ចេកទេស​ទៀត។ ដូច្នេះ​ខ្ញុំ​មិន​ទាន់​ស៊ី​ជម្រៅ​រឿង​ហ្នឹង​នៅ​ឡើយ​ទេ»។

វីអូអេ​ខ្មែរ​មិន​អាច​សុំ​លោក​ចៅ ភារុណ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​នៃ​ក្រសួង​ការ​ពារជាតិ​​​បំភ្លឺ​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ឆ្លើយ​តប។

ចំណែក​លោក​ឧត្តម​សេនីយ​ឯក​ ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​អំពី​ផែនការ​នេះ​នៅ​ឡើយ​ទេ ​ដោយ​រងចាំ​ការ​មក​ដល់​របស់​ឧទ្ធម្ភាគចក្រជាមុន​សិន។​ លោក​មាន​ប្រសាសន៍​ថា៖

«អត់​មាន​របាយ​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​និយាយ​អត់​កើត​ទេ។ ទាល់​តែមាន​របាយការណ៍​បាន​និយាយ​កើត។ គេ​អត់​បាន​រាយការណ៍​ឲ្យ»។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ ឯកសារ​សំខាន់ៗ​ចំនួន​២៩​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន ហើយ​ក្នុង​នោះ​មាន​មួយ​ចំណុច​បាន​លើក​ឡើង​ពី​គម្រោង​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ ​Z-9ពី​ចិន។​ ចិន​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​តាំង​ពី​យូរឆ្នាំណាស់​មក​ហើយ។ ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​អំណោយ​សម្ភារៈ​យោធា​ជាច្រើន​ ដូចជា​រថយន្តយោធា រថពាសដែក និងសម្លៀក​បំពាក់​ជាដើម៕

This posting includes an audio/video/photo media file: Download Now

អង្គការ​សង្គមស៊ីវិល​ថា ខ្លឹមសារ​ច្បាប់​ពន្ធនាគារ​មិន​ច្បាស់​

Posted: 24 Aug 2011 12:57 PM PDT

នៅ​ថ្ងៃ​អង្គារ​នេះ​ សកម្មជន​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​និយមន័យ​ និង​ខ្លឹមសារ​នៃ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ពន្ធនាគារ​ដែល​មាន​ភាព​មិន​ច្បាស់លាស់។

ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ក្នុង​គោល​បំណង​កំណត់​ការ​គ្រប់គ្រង​ពន្ធនាគារ​នៅ​កម្ពុជា​ និង​មាន​គោលដៅ​អប់រំ​ កែប្រែ​ ស្តារ​នីតិ​សម្បទា​ ដើម្បី​ធ្វើ​សមាហរកម្ម​ជន​ជាប់​ឃុំ​ទៅ​ក្នុង​សង្គម​ជាតិ​វិញ​ និង​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​សា​ជា​ថ្មី។​ សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​៨៥​មាត្រា​ និង​មាន​វិសាលភាព​អនុវត្ត​លើ​ពន្ធនាគារ​នៅ​កម្ពុជា​ លើក​លែង​តែ​ពន្ធនាគារ​យោធា។​ គណៈរដ្ឋ​មន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​នេះ​កាល​ពី​ថ្ងៃ​សុក្រ។

លោក​ ចាន់​ សាវ៉េត​ ប្រធាន​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ឲ្យ​មាន​ច្បាប់​ពន្ធនាគារ​ក្នុង​លក្ខខណ្ឌ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ស្តង់ដា​អន្តរជាតិ។​ លោក​ ចាន់ ​សាវ៉េត​ បាន​បន្ត​ថា ច្បាប់​នេះ​មិន​បាន​ចែង​ឲ្យ​ច្បាស់​លាស់​អំពី​ការ​សួរសុខ​ទុក្ខ​អ្នក​ទោស​ ការ​ដាក់​ទោស​ពិន័យ​ផ្ទាល់​ទៅ​លើ​មន្ត្រី​ពន្ធនាគារ​ដែល​ប្រព្រឹត្ត​ខុស​ ដូច​ជា​ការ​យក​ប្រាក់​ពី​អ្នក​ទោស​ និង​អ្នក​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ និង​អត្ថន័យ​មិន​ច្បាស់​លាស់​អំពី​ទារុណកម្ម​ក្នុង​ពន្ធនាគារ។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ច្បាប់​នេះ ​យើង​មើល​ទៅ​ហាក់​បី​ដូចជា​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​តែ​អ្នក​ទោស​ទេ។ បែបបទ​នៃ​ការ​ចូល​ធ្វើ​ការ​នៅ​ក្នុង​ពន្ធនាគារ​ រី​ឯ​ពាក់ព័ន្ធ​ជា​មួយ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព​របស់​អ្នក​ទោស​ អំពី​ការ​ដាក់​ទោស​ប្បញ្ញត្តិ​ទៅ​លើ​មន្ត្រី​ពន្ធនាគារ​ដែល​ប្រព្រឹត្ត​ខុស​ក៏​នៅ​មិន​ទាន់​បាន​និយាយ​ឲ្យ​ច្បាស់ បញ្ហា​ទារុណកម្ម​ក៏​មិន​ទាន់​ឲ្យ​និយមន័យ អំពើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ​ទៀត។​ អញ្ចឹង​ យើង​គិត​ថា​ វា​មាន​ចំណុច​ខ្លះ​ដែល​យើង​នៅ​ចង់​បន្ថែម​ ហើយ​នឹង​ចង់​ឲ្យ​មាន​លក្ខខណ្ឌ​ថា ច្បាប់​ពន្ធនាគារ​នេះ​ធ្វើ​ឲ្យ​សមស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ ក៏​ដូច​ជា​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង​ដែរ»។

លោក​ អ៊ំ ​សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​នេះ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ ហើយ​ក៏​មាន​ចំណុច​វិជ្ជមាន​ដែរ​ ហើយ​ច្បាប់​នេះ​មិន​បាន​ចែង​អំពី​និយមន័យ​ និង​ខ្លឹមសារ​ឲ្យ​បាន​ច្បាស់លាស់​ទេ។​ លោក​បញ្ជាក់​ថា៖

«យើង​ឃើញ​ថា មាន​គ្របដណ្តប់​ទាំ​ងមន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​ ក៏​ដូច​ជា​អ្នក​ជាប់​ឃុំ។​ ប៉ុន្តែ ​ក្នុង​ច្បាប់​នេះ​ យើង​ ឃើញ​ថា មាន​ចែង​អំពី​ពិន័យ​ ឬ​ទណ្ឌកម្ម​ ឬ​ទោសទណ្ឌ​ភាគ​ច្រើន​ទៅ​លើ​អ្នក​ជាប់​ឃុំ។​ ចំណែកឯ​ ​មន្ត្រី យើង​ឃើញ​មាន​ដែរ​ តែ​តិច​តួច​ ហើយ​មិន​បាន​ចែង​ឲ្យ​បាន​លម្អិត​ថា​ តើ​មន្ត្រី​ដែល​ធ្វើ​ខុស​នោះ​ ត្រូវ​ទទួល​ទោស​របៀបណា»។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ បើ​អង្គការ​សង្គម​ស៊ីវិល​មិន​ពេញ​ចិត្ត​លើ​មាត្រា​ណា​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ អាច​សួរ​ទៅ​រដ្ឋសភា​បាន។​ លោក​បាន​ប្រាប់​វិអូអេ​ថា៖

«ទណ្ឌិត​ទទួល​បាន​កិច្ច​ការពារ​សិទ្ធិ​របស់​ខ្លួន​។ រដ្ឋាភិបាល​កំពុង​តែ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ភាព​រស់​នៅ​ក្នុង​ពន្ធនាគារ​ទទួល​បាន​ការ​គោរព​ និង​ជីវភាព​ប្រសើរ»។

សេចក្តីថ្លែងការណ៍​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​គ្រប់គ្រង​ជន​ជាប់​ឃុំ​ឲ្យ​ធានា​បាន​សន្តិសុខ​ សុវត្ថិភាព​ និង​មនុស្សធម៌។ កាល​ពី​ថ្ងៃ​សុក្រ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​អតីត​សន្តិសុខ​ពន្ធនាគារ​ម្នាក់​នៅ​ពន្ធនាគារ​ PJ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ខែ​ និង​ព្យួរ​ទោស​រយៈ​ពេល​២៦​ខែ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៤ សីហា

Posted: 24 Aug 2011 09:27 AM PDT

លីប៊ី៖ មេដឹកនាំ​ប្រទេស​លីប៊ី​ លោក​ ម៉ូអាម៉ារ​ ហ្កាដាហ្វី​ (Moammar Gadhafi)​ បាន​អំពាវនាវ​ឲ្យ​អ្នក​ស្រុក​នៅ​ក្នុង​រដ្ឋធានី​ ទ្រីប៉ូលី​ (Tripoli)​ បោស​សម្អាត​ពួក​ឧទ្ទាម​​ឲ្យ​អស់​ពី​ទី​ក្រុង​ បន្ទាប់​ពី​ពួក​យុទ្ធជន​ឧទ្ទាម​​បាន​ចូល​លុកលុយ​ក្នុង​គេហដ្ឋាន​របស់​លោក​ ហើយ​បាន​យក​គ្រឿង​អាវុធ​ ទូរទស្សន៍​ និង​វត្ថុ​អនុស្សាវរីយ៍​ចេញ​ពី​ទី​កន្លែង​របស់​លោក។

លីប៊ី៖ បុគ្គលិក​ស្ថានទូត​លីប៊ី​នៅ​ប្រទេស​​ហ្វីលីពីន​បាន​ធ្វើ​ពិធី​អបអរសាទរ​ដល់​អ្វី​ដែល​​មើល​ឃើញ​ហាក់​ដូច​ជា​​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ ម៉ូអាម៉ារ​ ហ្កាដាហ្វី​ នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​បាន​បំផ្លាញ​និមិត្តរូប​នៃ​ការ​កាន់​អំណាច​ផ្តាច់​ការអស់​ពេល​ជា​យូរ​របស់​លោក​។

សហរដ្ឋ​អាមេរិក៖ ក្រុម​មន្ដ្រី​នៃ​ទី​ភ្នាក់ងារ​ភូគព្ភសាស្ដ្រ​ស.រ.អ.​ឲ្យ​ដឹង​ថា​ ការ​រញ្ជួយ​ផែនដី​នៅ​ថ្ងៃ​អង្គារ​មាន​កម្លាំង​៥,៨​ ជា​ការ​រញ្ជួយ​ផែនដី​ធំ​ជាង​គេ​នៅ​ភាគ​ខាង​កើត​ស.រ.អ. ចាប់តាំង​ពី​ឆ្នាំ​១៩៤៤​មក។

រុស្ស៊ី/កូរ៉េ​ខាង​ជើង៖ ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​ លោក​ ឌីមីទ្រី​ មែដវេឌែហ្វ​ (Dmitry Medvedev)​ បាន​ជួប​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម ចុងអ៊ិល​ (Kim Jong Il) ​ នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុង​មូលដ្ឋាន​យោធា​មួយ​នៅ​តំបន់​ស៊ីបេរី​ (Siberia)។

ស.រ.អ./អាស៊ី៖ លោក​ប្រធានាធិបតី​ ចូ បាយឌិន​ (Joe Biden)​ នៃ​សហរដ្ឋ​អាមេរិក​ បាន​បញ្ចប់​ទស្សនកិច្ច​របស់​លោក​​នៅ​ក្នុង​ទ្វីប​អាស៊ី​ នៅ​ថ្ងៃពុធ​នេះ​ ដោយ​បាន​ថ្លែង​អំណរគុណ​ចំពោះ​កងទ័ព​សហរដ្ឋ​អាមេរិក​និង​គ្រួសារ​របស់​គេ​ ដែល​បាន​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​​​នៃ​ប្រទេស​ជប៉ុន​​នៅ​ក្រោយ​ការ​រញ្ជួយ​ដី​និង​រលក​ទឹក​ ស៊ូណាមី​ (Tsunami)​ កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​មិនា​មុន។

ចិន៖ រដ្ឋាភិបាល​ចិន​កំពុងតែ​សុំ​ឲ្យ​អ.ស.ប.​នាំ​មុខ​គេ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​ស្ថាបនា​ប្រទេស​លីប៊ី​ឡើងវិញ​ នៅ​ក្រោយ​ពេល​សង្គ្រាម​​ពេល​ដែល​ខ្លួន​អំពាវនាវ​ឲ្យ​មាន​អន្ដរកាល​នយោបាយ​​នៅ​ក្នុង​ប្រទេស​នៅ​ភាគ​ខាង​ជើង​ទ្វីប​អាហ្រ្វិក​ដែល​ឆេះ​ឆាប​ដោយ​សង្គ្រាម។

ស៊ីរី៖ បស្ចឹមប្រទេស​បាន​ផ្សាយ​សេចក្តី​ព្រាង​នៃ​សេចក្ដី​សម្រេច​ចិត្ដ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប.​នៅ​ថ្ងៃ​អង្គារ​ដែល​សុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​លោក​ប្រធានាធិបតី​ Bashar al-Assad នៃ​ប្រទេស​ស៊ីរី​ សមាជិក​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​ និង​អ្នក​ជំនិត​នឹង​លោក​ ក្នុង​គោល​បំណង​ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​មាន​ជា​បន្ដ​ទៅ​ទៀត​ទៅ​លើ​ពួក​ជំទាស់។

ជប៉ុន៖ លោក​ Yoshihoko Noda និយាយ​ថា​ ការ​ទុក​ចិត្ដ​ទៅ​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ​នឹង​មិន​ត្រូវ​បាន​រង្គោះ​រង្គើ​ដោយ​សារ​ការ​បញ្ចុះ​កម្រិត​បំណុល​របស់​ប្រទេស​ជប៉ុន​ដោយ​ទីភ្នាក់ងារ​ឥណទាន​អន្ដរជាតិ​ទេ។

លីបេរីយ៉ា៖ ក្រុម​មន្ដ្រី​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ រាយការណ៍​អំពី​ចំនួន​មនុស្ស​បន្ដិច​បន្តួច​ដែល​ចេញ​ទៅ​បោះ​ប្រជាមតិ​អំពី​រដ្ឋធម្មនុញ្ញ។

ញូវយ៉ក៖ ចៅក្រម​នៅ​ទី​ក្រុង​ញូវយ៉ក​បាន​បដិសេធ​ការ​ចោទ​ក្នុង​បទ​ចាប់​រំលោភ​ភេទ​ប្រឆាំង​លោក​ Dominique Strauss-Kahn​ អតីត​នាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​រដ្ឋអាជ្ញា​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញ។

បង់ក្លាដែស៖ អង្គការ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ កំពុង​តែ​សុំ​ឲ្យ​ប្រទេស​បង់ក្លាដែស​បញ្ឈប់​អាជ្ញាធរ​របស់​ខ្លួន​កុំ​ឲ្យ​សម្លាប់​ក្រៅ​ផ្លូវ​តុលាការ​ ហើយ​នឹង​ការ​រំលោភ​ដទៃៗ​ទៀត​ដែល​មាន​ការ​អះអាង​ថា​បន្ដ​ប្រព្រិត្ដ​ធ្វើ​ទោះ​បី​រដ្ឋាភិបាល​ប្ដេជ្ញាចិត្ដ​ថា​នឹង​បញ្ឈប់​ក៏​ដោយ។

This posting includes an audio/video/photo media file: Download Now

សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​សារទុក្ខ

Posted: 23 Aug 2011 06:27 PM PDT

សហព្រះរាជ​អាជ្ញា​អន្ដរជាតិ​បាន​ដាក់​ពាក្យ​បណ្ដឹង​សារទុក្ខ​កាល​ពី​ខែ​កក្កដា​ប្រឆាំង​នឹង​ការ​បដិសេធ​សំណើ​សុំ​ឲ្យ​ស៊ើបអង្កេត​បន្ថែម​ពី​ក្រុម​សហចៅ​ក្រម​ស៊ើបអង្កេត។ ការ​ស្នើ​សុំ​ឲ្យ​ទាត់​ចោល​ការ​សម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ដោយ​សំអាង​ថា​ សហចៅក្រម​ស៊ើបអង្កេត​មាន​ការ​ច្រឡំ​ក្នុង​ការ​បកស្រាយ​ច្បាប់។

សហ​ចៅក្រម​ស៊ើបអង្កេត​លោក យូ​ ប៊ុនឡេង​ និង​លោក​ ស៊ិកហ្វ្រិត ​ប៊្លុង ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​​បាន​ចេញ​ផ្សាយ​​ជា​សាធារណៈ​នូវ​ព័ត៌មាន​ស្ដីពី​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៤ ​នៅថ្ងៃ​ច័ន្ទ​នេះ​ដោយ​បង្ហាញ​ទី​តាំង​ស៊ើបអង្កេត​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ ​រួមទាំង​មន្ទីរ​សន្ដិសុខ​ និង​ទីតាំង​​សម្លាប់​មនុស្ស​ទៀត​ផង។

ការ​ទម្លាយ​ព័ត៌មាន​ស្ដីពី​ការ​ស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញ​​ពី​សហព្រះរាជ​អាជ្ញា​អន្ដរជាតិ​លោក​ អាន់ឌ្រូ ខេយលី (Andrew​ Cayley) ដែល​លោក​ចាត់ទុក​ថា ​ការ​ផ្ដល់​ព័ត៌មាន​អំពី​សំណុំ​រឿង​០០៤​ដល់​ជន​រងគ្រោះ​នឹង​ផ្ដល់​​ផល​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ពួកគេ​ដែល​ចង់ចូល​រួម​ក្នុង​ដំណើរការ​ក្ដី​ចុងក្រោយ​នេះ។

មាន​ការ​រិះគន់​ជាខ្លាំង​ចំពោះ​ក្រុម​សហ​ចៅក្រម​ស៊ើបអង្កេត​ដោយសារ​តែ​ការ​រក្សា​ព័ត៌មាន​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​និង​០០៤​ទុកជា​​ការណ៍​សម្ងាត់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន សហ​ចៅក្រម​ស៊ើបអង្កេត​ លោក យូ ​ប៊ុនឡេង​ និងលោក​​ស៊ិតហ្វ្រិក​​ ប៊្លុង ​ហាក់​ដូចជា​ចង់​សម្អាត​សេចក្ដី​អត្ថាធិប្បាយ​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ដោយ​លើកឡើង​​ថា ​ការ​ចេញ​ផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាច្រើន​​នាពេល​កន្លង​មក​ទាក់ទង​នឹង​សំណុំ​​រឿង​​០០៤​​ គឺជា​​ព័ត៌មាន​ «ដែល​មាន​លក្ខណៈ​ប៉ាន់ស្មាន»​ និង​ប្រកប​ដោយ«ការ​ភាន់​ច្រឡំ»។

សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​រូប​បាន​រៀបរាប់​ចំណុច​គោលៗ​ដោយ​ពុំ​មាន​សេចក្ដី​អធិប្បាយ​ឡើយ​អំពី​ទីតាំង​ដែល​មាន​ការ​ស៊ើបអង្កេត​​ដូចជា​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ចាម​រួមមាន​​មន្ទីរ​សន្ដិសុខ​ក្នុង​ស្រុក​ចំនួនប្រាំ ​ដែល​ក្នុងនោះ​ក៏មាន​ការ​បង្ហាញ​អំពី​ទីកន្លែង​សម្លាប់​មនុស្ស ​និង​ការដ្ឋាន​​ធ្វើការ​ដោយ​បង្ខំ​​​ក្នុង​ស្រុក​ទាំងប្រាំ និងអំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម។ មាន​មន្ទីរ​សន្ដិសុខ​ និង​ទីកន្លែង​សម្លាប់​ចំនួន​បួន​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ធំ។​ ក្នុង​ខេត្តពោធិ៍សាត់ ក្រុម​ចៅក្រម​បង្ហាញ​ការស៊ើប​អង្កេត​លើ​គុក​លេខ​៨​ក្នុង​ឃុំ​ស្យា ​ស្រុកកណ្ដៀង ​និង​ទីតាំង​សម្លាប់​មនុស្ស​​ក្នុង​ស្រុក​កណ្ដៀង​ដូចគ្នា​នេះ។ មាន​ទីតាំង​សម្លាប់​មនុស្ស ​និង​មន្ទីរ​សន្ដិសុខ​ចំនួន​ប្រាំពីរ​ក្នុង​ខេត្ត​បាត់ដំបង។

ដោយឡែក​សហចៅ​ក្រមស៊ើប​អង្កេត​បាន​បង្ហាញ​​ការ​ស៊ើបអង្កេត​ក្នុង​តំបន់​ចំនួន​ប្រាំបី​​ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​ក្នុង​នោះ​មាន​មន្ទីរ​សន្ដិសុខ ​ទីតាំង​សម្លាប់​មនុស្ស​ និង​ការដ្ឋាន​ធ្វើការ​ដោយ​បង្ខំ​​ដូចជា​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ​និង​ការដ្ឋាន​ស្ពាន​ស្រែង​ និង​ទំនប់​ព្រៃ​រនាម​ក្នុង​ស្រុក​ព្រះនេត្រព្រះ។ ក្រៅ​ពី​នោះ​មាន​ការ​ស៊ើប​អង្កេត​លើ​មន្ទីរ​សន្ដិសុខ​វត្ត​ប្រធាតុ ​ក្នុង​ស្រុក​គិរីវង្ស​ខេត្ត​តាកែវ ​ដែល​តំណាង​​ឲ្យ​ភូមិភាគ​និរតី​របស់​ពួក​ខ្មែរក្រហម។ សហ​ចៅក្រម​ស៊ើបអង្កេត​ក៏​បាន​បញ្ជាក់​ពី​ការស៊ើបអង្កេត​ លើ​គោលការណ៍​បោសសម្អាត​ក្នុង​ភូមិ​ភាគ​កណ្ដាល​ និង​ការ​បោស​សម្អាត​នៅ​ភូមិភាគ​ពាយ័ព្យ​ផង​ដែរ។

លោក​ អាន់ឌ្រូ ខេយលី ​បាន​​ឆ្លើយ​តាម​សារ​អេឡិកត្រូនិក​ជាមួយ​វីអូអេ​ខ្មែរ​នៅ​​ថ្ងៃនេះ​ថា​ លោក​មាន​សេចក្ដី​រីករាយ​ជាខ្លាំង​ដែល​ថា សហ​ចៅក្រម​ស៊ើបអង្កេត «ធ្វើ​តាម​ច្បាប់» ​របស់​​តុលាការ​ហើយ​បាន​ធ្វើ​តាម​សំណើ​របស់​លោក។ លោក​សង្កត់ធ្ងន់​ថា ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ទាំងនេះ។

លោកស្រី ​​ស៊ីលកិ៍ ស្ទូហ្សិនស្គី (Silke ​Stuzensky)​​ ដែល​ជា​មេធាវី​​មួយ​រូប​តំណាង​​ឲ្យ​​ដើម​បណ្ដឹង​រដ្ឋប្បវេណី​​​ក៏​បាន​ស្វាគមន៍​ដូចគ្នា​នេះ​ដែរ។ លោក​ស្រី​ថ្លែង​ថា៖

«ខ្ញុំ​សូម​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ស្ដីពី​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​​០០៤។​ ឥឡូវ​យ៉ាងហោចណាស់​ជនរងគ្រោះ​​ស្ថិតក្នុង​ជំហរ​មួយ​ចំពោះ​អ្វី​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​​ដើម្បី​សម្រេចចិត្ត​ថា​ តើ​ពួកគាត់​ចង់ក្លាយ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ឬទេ?»។

សហ​ចៅក្រម​​​ស៊ើប​អង្កេត​​ បាន​បញ្ចប់​ការស៊ើប​អង្កេត​សំណុំ​រឿង​​០០៣​ កាល​ពី​​​ខែ​​​មេសា​ ក៏​ប៉ុន្តែ​​លោក​​ អាន់ឌ្រូ​ ខេយលី ​បាន​ហៅ​ការ​ស៊ើបអង្កេត​នោះ​ថា​ មិនទាន់​ពេញ​លេញ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃនេះ ​សហ​ចៅក្រម​ស៊ើបអង្កេត​ក៏បាន​អំពាវនាវ​ឲ្យ​ជនរងគ្រោះ​​ចាប់​ផ្ដើម​ដាក់ពាក្យ​ស្នើ​សុំតាំងខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចាប់ពី​ពេលនេះ​សម្រាប់​សំណុំ​រឿង​០០៤៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!