VOA News: ព័ត៌មាន: “នគរបាលត្រូវបានបណ្តុះបណ្តាលដើម្បីប្រឆាំងការជួញដូរមនុស្ស” plus 3 more |
- នគរបាលត្រូវបានបណ្តុះបណ្តាលដើម្បីប្រឆាំងការជួញដូរមនុស្ស
- អាជ្ញាធរមិនផ្តល់កម្មសិទ្ធិដីដល់ប្រជាពលរដ្ឋបឹងកក់៥៤គ្រួសារ
- ការកាត់ទោសមេដឹកនាំខ្មែរក្រហមទំនងជាពន្យារដល់ឆ្នាំ២០១២
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២៥ សីហា
នគរបាលត្រូវបានបណ្តុះបណ្តាលដើម្បីប្រឆាំងការជួញដូរមនុស្ស Posted: 25 Aug 2011 03:45 PM PDT មន្ត្រីនគរបាលប្រមាណ៦០នាក់ត្រូវបានបណ្តុះបណ្តាលសម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើរត់ពន្ធមនុស្សនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ដើម្បីពង្រីកការយល់ដឹង និងសមត្ថភាពជំនាញក្នុងការកំណត់ និងដោះស្រាយបញ្ហារត់ពន្ធជនទេសន្តរប្រវេសន៍ឲ្យមានប្រសិទ្ធភាព និងប្រើប្រាស់ច្បាប់ពាក់ព័ន្ធឲ្យចំប្រភេទនៃបទល្មើស ហើយស្ទង់មើលពីសមត្ថភាព កំណត់បញ្ហាប្រឈម និងទប់ស្កាត់បទល្មើសរត់ពន្ធទេសន្តរប្រវេសន៍នៅពេល អនាគត។ លោកស្រី ជូន ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់សម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលកំពុងមាននៅកម្ពុជា និងពិភពលោក។ លោកបន្តថា៖ «ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស គឺមានភាពប្រឈមច្រើន ដោយហេតុថាសកម្មភាពជាច្រើន យើងមិនទាន់អាចសន្និដ្ឋានជាការជួញដូរទេ។ ប៉ុន្តែ សកម្មភាពដែលដឹកនាំមនុស្សពីកន្លែងមួយទៅកន្លែងមួយ យើងបានមើលឃើញច្បាស់»។ រដ្ឋាភិបាល បានចេញអនុក្រឹត្យថ្មីមួយសម្រាប់គ្រប់គ្រងពលករទេសន្តរប្រវេសន៍ខ្មែរ និងទីភ្នាក់ងារជ្រើសរើសពលករទាំងអស់នៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែសីហា នេះថា ក្រសួងការងារមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស ដោយសហការជាមួយក្រសួងការបរទេស និងក្រសួងមហាផ្ទៃ។ អង្គការសង្គមស៊ីវិលបានស្វាគមន៍បណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សដែលជាសញ្ញាមួយវិជ្ជមានសម្រាប់បង្កើនសមត្ថភាពយល់ដឹង។ លោកស្រី សាវតា ច័ន្ទគ្រឹស្នា ប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា រយៈពេលប្រាំខែដើមឆ្នាំ២០១១ សមាគមសិទ្ធិមនុស្សអាដហុកទទួលបានពាក្យបណ្តឹងជួញដូរមនុស្សចំនួន ២៨ករណី។ លោកស្រីបានប្រាប់វីអូអេខ្មែរថា៖ «យើង នៅមានការព្រួយបារម្ភនៅឡើយ ពីព្រោះស្ថានភាពជួញដូរមនុស្សក្នុងលក្ខណៈខុសច្បាប់ យើង មិនសូវព្រួយបារម្ភប៉ុន្មានទេ តែយើងព្រួយបារម្ភបំផុតតាមរយៈស្របច្បាប់ ដូចជាតាមក្រុមហ៊ុន។ ករណីជួញដូរមនុស្សជាង២០ករណីនេះ មានទាំងតាមក្រុមហ៊ុនមានទាំងមិនស្របច្បាប់ ដូចជាឆ្លងដែន»។ លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា បានថ្លែងថាអង្គការរបស់លោកទទួលបានពាក្យបណ្តឹងអំពីការជួញដូរមនុស្សប្រមាណ ២០ករណី ក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំ២០១១ នេះ។ លោកនិយាយថា៖ «ការបណ្តុះបណ្តាលមន្ត្រីអនុវត្តន៍ច្បាប់ ជារឿងមួយល្អហើយ ដើម្បីធ្វើឲ្យការអនុវត្តមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអំពើជួញដូរមនុស្ស និងផលប៉ះពាល់ជុំវិញការជួញដូរមនុស្សនោះ»។ សហរដ្ឋអាមេរិក បានឲ្យចំណាត់ថ្នាក់ទី២ ដល់កម្ពុជាដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តន៍ឲ្យបានពេញលេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលប់បំបាត់ នៃអំពើជួញដូរមនុស្ស ហើយរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តន៍ច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងអំឡុងឆ្នាំ២០១០ និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ៕ This posting includes an audio/video/photo media file: Download Now |
អាជ្ញាធរមិនផ្តល់កម្មសិទ្ធិដីដល់ប្រជាពលរដ្ឋបឹងកក់៥៤គ្រួសារ Posted: 25 Aug 2011 12:56 PM PDT ក្រុមមន្ត្រីសាលារាជធានីភ្នំពេញបានបដិសេធការផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់ប្រជាពលរដ្ឋបឹងកក់ចំនួន៥៤គ្រួសារនៅលើដីទំហំជាង១២ហិកតាខណៈដែលដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិដីកំពុងត្រូវបានបន្ត។ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ កាលពីសប្តាហ៍មុនបានសន្យាធ្វើប័ណ្ណកម្មសិទ្ធិលើដីឲ្យប្រជាពលរដ្ឋចំនួន៧៩៤គ្រួសារដែលនៅសេសសល់រស់នៅក្នុងសហគមន៍បឹងកក់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានសម្រេចផ្តល់ដី១២,៤៤ហិកតាដល់អ្នកភូមិបឹងកក់នៅថ្ងៃទី១១ខែសីហា។ អ្នកស្រី ហេង មុំ អាយុ ៤១ឆ្នាំ នៅភូមិ២២នៃសហគមន៍បឹងកក់បាននិយាយថា អ្នកស្រីបានទៅសាលាសង្កាត់ស្រះចកដើម្បីដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដី ប៉ុន្តែក្រុមមន្ត្រីមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់អ្នកស្រីទេ ដោយបញ្ជាក់ថា ផ្ទះរបស់អ្នកស្រីស្ថិតនៅក្រៅតំបន់ដី១២,៤៤ហិចតា។ អ្នកស្រីបញ្ជាក់ថា៖ «ពេលដែលពួកខ្ញុំទាំងអស់គ្នាទៅសួរសង្កាត់ សង្កាត់ថាឲ្យពួកខ្ញុំ មកសួរខាងសុរិយោដី។ ពួកសុរិយោដីបានលើកប្លង់ដី ផែនទី ចេញមកប្រាប់ពួកយើងខ្ញុំថា ពួកបងដែលនៅជួរមាត់ទឹក ត្រូវបានគេកាត់ចេញពីដី១២,៤៤ហិកតា ដែលសម្តេចប្រទានកម្មសិទ្ធឲ្យ។ នៅពេលនោះ អារម្មណ៍របស់ពួកខ្ញុំ គឺហាក់ដូចជាបាត់បង់អ្វីៗទាំងអស់ និងមានអារម្មណ៍តក់ស្លុតមែនទែន។ ខ្ញុំយល់ថា នេះជាការរំលោភសិទ្ធិ មិនថា ចំពោះខ្ញុំទេគឺប្រជាពលរដ្ឋមិនទទួលបានភាពយុត្តិធម៌»។ អ្នកស្រី ហេង មុំ បានបន្ថែមថា ទង្វើនេះអាចជាការរំលោភទៅលើអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកបន្តថា៖ «ខ្ញុំយល់ឃើញថា អនុក្រឹត្យរបស់សម្តេចមិនបានកាត់អ្នកណាម្នាក់ចេញពីតំបន់បឹងកក់នោះទេ ក៏ប៉ុន្តែ មានមន្ត្រីខិលខូចមួយចំនួនតូចដែលចង់កេងប្រវ័ញ្ច ហើយឈ្លានពានត្របាក់យកដីប្រជាពលរដ្ឋ។ ខ្ញុំថានេះជាភាពអយុត្តិធម៌ចំពោះខ្ញុំ។ ខ្ញុំត្រូវតែទាមទារដាច់ខាតរកយុត្តិធម៌ចំពោះខ្លួនខ្ញុំ។ ពួកខ្ញុំទាំងអស់គ្នាត្រូវតែទាមទារយកប័ណ្ណកម្មសិទ្ធិនេះទាល់តែបាន»។ អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បានបញ្ជាក់ថា មកដល់ល្ងាចថ្ងៃនេះ មានគ្រួសារចំនួន៥៤ ត្រូវបានបដិសេធការផ្តល់ប័ណ្ណកម្មសិទ្ធិដី។ អ្នកដែលគេបដិសេធរួមមានភូមិ២២មាន២៩គ្រួសារ ភូមិ៦ មាន១៥គ្រួសារ និងភូមិ២៤មាន១០គ្រួសារ។ សហគមន៍បឹងកក់មានភូមិចំនួនប្រាំពីរ និងមាន៧៩៤គ្រួសារ។ អ្នកស្រី វង្ស សុខហេង រស់នៅភូមិ៦នៃសហគមន៍បឹងកក់បានថ្លែងថា ការមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់អាជ្ញាធរនេះមិនសមរម្យទេ ហើយថែមទាំងរំលោភលើអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់បានបញ្ជាក់ថា សហគមន៍បឹងកក់នឹងតស៊ូមិនឲ្យមានគ្រួសារណាមួយ ត្រូវកាត់ចេញពីដី១២,៤៤ហិចតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឲ្យប្រជាពលរដ្ឋនោះទេ។ លោកមានប្រសាសន៍ថា៖ «មន្ត្រីដែលពាក់ព័ន្ធថ្នាក់ក្រោមទាំងអស់នេះ សូមកុំឲ្យមានបញ្ហាទៅដល់ប្រមុខរដ្ឋាភិបាលដែលសម្តេចខំមានឆន្ទៈ និងទឹកចិត្តជួយប្រជាពលរដ្ឋហើយ សូមយើងទាំងអស់គ្នាសហការគ្នាជាមួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ កុំឲ្យផ្ទុយនឹងឆន្ទៈ និងអនុក្រឹត្យរបស់សម្តេច»។ លោកស្រី អ៊ិន សាភ័ណ្ឌ ចៅសង្កាត់រងស្រះចក បានថ្លែងថា អាជ្ញាធរកំពុងធ្វើការងាររកដំណោះស្រាយសម្រាប់គ្រួសារទាំងនេះដែលមិនត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិដី៕ This posting includes an audio/video/photo media file: Download Now |
ការកាត់ទោសមេដឹកនាំខ្មែរក្រហមទំនងជាពន្យារដល់ឆ្នាំ២០១២ Posted: 25 Aug 2011 10:24 AM PDT ប្រភពពីតុលាការនិងអ្នកសង្កេតការណ៍ក្នុងប្រទេសកម្ពុជានិយាយថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមបួននាក់ដែលនៅរស់ ទំនងជាមិនចាប់ផ្តើមក្នុងឆ្នាំនេះទេ។ នេះស្របទៅតាមការទទួលស្គាល់របស់តុលាការថា ចុងចោទម្នាក់ក្នុងចំណោមចុងចោទទាំងបួនត្រូវឆ្លងកាត់ការធ្វើតេស្តជំងឺសរសៃប្រសាទ ដើម្បីកំណត់ថាគាត់អាចនាំឡើងតុលាការកាត់ទោសបានឬទេ។ ការពន្យារពេលមិនមែនជារឿងចម្លែកនោះទេសម្រាប់តុលាការខ្មែរក្រហមរបស់កម្ពុជា ប៉ុន្តែព្រឹត្តិការណ៍ថ្មីៗបានបង្ហាញឲ្យឃើញថាអាចនឹងមានការពន្យារពេលមួយទៀតក្នុងការប្តឹងប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមដែលនៅរស់ចំនួនបួននាក់។ កាលពីចុងឆ្នាំមុន មន្ត្រីតុលាការបានទស្សន៍ទាយថា ការកាត់ទោសករណី០០២នឹងចាប់ផ្តើមមុនពាក់កណ្តាលឆ្នាំ២០១១។ ប៉ុន្តែការអៈអាងថ្មីៗនេះថាអតីតរដ្ឋមន្ត្រីសង្គមកិច្ច អៀង ធីរិទ្ធ ត្រូវការការវាយតម្លៃជំងឺសរសៃប្រសាទ មានន័យថាការកាត់ទោសទំនងជាមិនអាចចាប់ផ្តើមមុនខែមករាបានទេ។ អ្នកនាំពាក្យតុលាការ លោក Lars Olsen និយាយថា សប្តាហ៍ក្រោយ តុលាការនឹងពិភាក្សាលើរបាយការណ៍សុខភាពថ្មីៗ ដែលពិនិត្យសមត្ថភាពរាងកាយរបស់ចុងចោទទាំងបីរូបដើម្បីឲ្យតុលាការកាត់ទោស។ ប៉ុន្តែវេជ្ជបណ្ឌិតដែលធ្វើការត្រួតពិនិត្យនោះ ក៏បានឲ្យអនុសាសដែរថា អៀង ធីរិទ្ធ ទទួលការវាយតម្លៃជំងឺសរសៃប្រសាទ។ «នេះជាអ្វីដែលតុលាការនឹងធ្វើនៅក្នុងអនាគតដ៏ខ្លីនេះ។ តុលាការនឹងចាត់តាំងអ្នកជំនាញជំងឺសរសៃប្រសាទជាតិនិងអន្តរជាតិ ដើម្បីធ្វើការវាយតម្លៃបន្ថែមទៀតលើសុខភាពរបស់ អៀង ធីរិទ្ធ ដើម្បីឲ្យតុលាការកាត់ទោស»។ រឿងទាំងនេះនឹងចំណាយពេលច្រើន។ វាទំនងជានឹងប្រើប្រាស់ពេលរាប់ខែមុនពេលដែលរបាយការណ៍ជំងឺសរសៃប្រសាទត្រូវបានបញ្ចប់ ពិភាក្សា ហើយប្រកាសសម្រេចដោយតុលាការ។ ដោយសារតែតុលាការចង់កាត់ទោសជនជាប់ចោទទាំងអស់គ្នា ករណីនេះមិនអាចចាប់ផ្តើមបានទេរហូតដល់ពេល អៀង ធីរិទ្ធ ត្រូវបានគេប្រកាសថាមានសុខភាពផ្លូវចិត្តល្អឬមិនល្អសម្រាប់ការកាត់ទោស។ Anne Heindel ជាទីប្រឹក្សាច្បាប់របស់អង្គការស្រាវជ្រាវអំពើប្រល័យពូជសាសន៍ដែលមានទីតាំងនាទីក្រុងភ្នំពេញ ហៅថា DC-Cam (មជ្ឈមណ្ឌលឯកសារកម្ពុជា)។ គាត់ពន្យល់ពីគោលការណ៍ច្បាប់ពាក់ព័ន្ធនឹងការរកឃើញថាជនជាប់ចោទមិនមានលក្ខណៈសមរម្យក្នុងការកាត់ទោស។ «វាមិនមែនគ្រាន់តែជាការវាយតម្លៃសុខភាពនោះទេ។ វាគឺជាការវាយតម្លៃផ្លូវច្បាប់ទៅលើការវាយតម្លៃសុខភាព។ តើអ្នកអាចចូលរួមក្នុងការការពារក្តីអ្នកបានទេ? តើអ្នកអាចណែនាំមេធាវីអ្នកបានទេ? តើអ្នកយល់ពីអត្ថន័យរបស់ចម្លើយសារភាពរបស់អ្នកទេ? តើអ្នកយល់ច្បាស់ពីអ្វីដែលកើតឡើងក្នុងពេលកាត់ទោសទេ?» Anne Heindel និយាយថា បើសិនជា អៀង ធីរិទ្ធ ត្រូវបានគេរកឃើញថាមិនមានលក្ខណៈសមរម្យសម្រាប់ការកាត់ទោសទេនោះ អាចមានន័យថា នឹងមានការពន្យារការកាត់ទោសលោកស្រី ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។ វាអាស្រ័យទៅចំណុចថាតើលោកស្រីឆ្លើយតបនឹងការព្យាបាលយ៉ាងណាដែរ។ «សេចក្តីសង្ឃឹមគឺតែងតែថា ជាមួយនឹងជំនួយរបស់គ្រូពេទ្យ អ្នកណាម្នាក់នោះអាចមានលក្ខណៈសមរម្យសម្រាប់ការកាត់ទោស ហើយការកាត់ទោសនឹងអាចចាប់ដំណើរការបាន។ បើសិនជាវាជាជំងឺផ្លូវចិត្តមែន វាពិតជាពិបាកដឹងជាងជំងឺផ្លូវកាយហើយកាន់តែពិបាកក្នុងការវិនិច្ឆ័យ»។ អតីតមេដឹកនាំផ្សេងទៀតដែលប្រឈមមុខនឹងការកាត់ទោសគឺ នួន ជា ដែលជាអនុរងរបស់មេដឹកនាំខ្មែរក្រហម ប៉ុល ពត ដែលបានស្លាប់ ខៀវ សំផន ដែលជាប្រមុខរដ្ឋរបស់របបនោះ និង អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។ ជនជាប់ចោទទាំងបួនរូបបដិសេធការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អ្នកនាំពាក្យតុលាការ លោក Lars Olsen និយាយថា នៅដំណាក់កាលនេះវាពិបាកនិយាយណាស់ថាការកាត់ទោសនឹងចាប់ផ្តើមនៅពេលណា។ «តុលាការកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីចាប់ផ្តើមការកាត់ទោសនៅឆ្នាំនេះ ប៉ុន្តែវាពុំអាចទៅរួចទេក្នុងការកំណត់ពេលវេលាចាប់ផ្តើមសវនាការភស្តុតាងមុនពេលគេដោះស្រាយរឿងភាពសមរម្យ និងការជំទាស់ផ្សេងៗទៀត។ ដូច្នេះយើងមិនដឹងទេ»។ រាល់ការពន្យារពេលទាំងឡាយនឹងកាត់បន្ថយឱកាសសម្រាប់ការកាត់ទោសឲ្យបានជោគជ័យដោយសារបញ្ហាអាយុរបស់ជនជាប់ចោទ។ អ្នកដែលមានវ័យក្មេងជាងគេមានអាយុ៧៩ឆ្នាំហើយ ហើយបើការកាត់ទោសកាន់តែពន្យារឲ្យយូរ ឱកាសនៃបញ្ហាសុខភាពរបស់ពួកគេអាចរំខានដល់ដំណើរការកាត់ទោសកាន់តែធំឡើង៕ ប្រែសម្រួលដោយ បូរី ស៊ីលីវណ្ណ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៥ សីហា Posted: 24 Aug 2011 07:58 PM PDT ព័ត៌មានចុងក្រោយបំផុត៖ លីប៊ី៖ ប្រទេសអង់គ្លេសនិយាយថា អង្គការអូតង់កំពុងជួយពួកឧទ្ទាមលីប៊ីក្នុងការស្វែងរកមេដឹកនាំលោក ម៉ូអាម៉ារ ហ្កាដាហ្វី និងសមាជិកនៃរបបរបស់លោក ខណៈដែលក្រុមប្រឆាំងប្រកាសឲ្យរង្វាន់ដល់ការចាប់ខ្លួនលោក ហ្កាដាហ្វី។ លីប៊ី៖ នាយកនៃក្រុមប្រឹក្សាជាតិអន្តរកាលរបស់ពួកឧទ្ទាមប្រទេសលីប៊ី កំពុងបន្តទស្សនកិច្ចរបស់លោកនៅក្នុងទ្វីបអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងសេចក្តីសង្ឃឹមថានឹងអាចធានាឲ្យមានការបញ្ចេញប្រាក់រាប់ពាន់លានដុល្លារពីទ្រព្យរបស់ប្រទេសលីប៊ីដែលត្រូវបានផ្អិបទុក។ ស៊ីរី៖ កាលពីថ្ងៃពុធ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសស៊ីរីដើម្បីតម្រង់ទៅរកអង្គភាពនៃក្រុមវរជនឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ ចំពោះមុខនាទីរបស់ក្រុមនេះនៅក្នុងការជួយកងកម្លាំងសន្តិសុខស៊ីរី វាយកម្ទេចការបះបោរក្នុងរយៈពេលប្រាំខែប្រឆាំងនិងលោកប្រធានាធិបតី បាស្ហារ៍ អាល់អាសេដ(Bashar al-Assad)។ អាហ្រ្វិកខាងកើត៖ សហភាពអាហ្វ្រិកនឹងបើកធ្វើសន្និសីទផ្តោតលើអំណោយមនុស្សធម៌មួយនៅថ្ងៃព្រហស្បតិ៍នេះ នៅប្រទេសអេត្យូពី (Ethiopia) ដើម្បីអង្គាសប្រាក់សម្រាប់មនុស្ស ១២លាននាក់ដែលនៅត្រូវការជំនួយគ្រាមានអាសន្ននៅក្នុងតំបន់ភាគខាងកើតនៃទ្វីបអាហ្វ្រិកដែលកំពុងទទួលរងគ្រោះរាំងស្ងួតហើយកំពុងប្រឈមនិងគ្រោះទុរ្ភិក្ស។ សហរដ្ឋអាមេរិក៖ តម្លៃហ៊ុនរបស់សាជីវកម្ម Apple, Inc. ចុះថោកដល់ទៅ ៧% នៅក្នុងការលក់ដូរហ៊ុននៅពេលក្រោយម៉ោងបិទទ្វារ បន្ទាប់ពីបានទទួលព័ត៌មានថាលោក ស្ទីវ ចបស៍ (Steve Jobs) ដែលជាសហស្ថាបនិកនិងជាអគ្គនាយកប្រតិបត្តនៃក្រុមហ៊ុននេះ បានប្រកាសលាឈប់ពីតំណែង។ សហរដ្ឋអាមេរិក៖ អាជ្ញាធរនៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន នៅតាមឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក បានចាប់ផ្តើមជម្លៀសអ្នកទេសចរចេញពីកន្លែងកម្សាន្តនៅតាមឆ្នេរសមុទ្រដែលគេនិយមទៅលេងក្នុងការប្រុងប្រៀបរៀបចំមុនពេលខ្យល់ព្យុះសង្ឃរាដ៏សាហាវឈ្មោះ អៃរីន (Irene) ត្រូវបក់មកដល់។ ជប៉ុន៖ ក្រុមអ្នកត្រួតត្រានុយក្លេអ៊ែរនៃប្រទេសជប៉ុននិយាយថា ពួកគេបានទទួលព័ត៌មាន ៤ថ្ងៃមុនការរញ្ជួយដីនៅថ្ងៃទី១១ខែមិនាថា រោងចក្រនុយក្លេអ៊ែរនៅក្រុង Fukushima ប្រហែលអាចទទួលរងការប៉ះទង្គិចដោយសាររលកយក្សស៊ូណាមិ (Tsunami) ដែលមានកម្លាំងនិងទំហំធំជាងកម្លាំងដែលរោងចក្រនេះអាចទប់ទល់បានទៅទៀត។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> សហរដ្ឋអាមេរិក៖ អាគារប្រវត្ដសាស្រ្ដនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងសាលារៀនបានត្រូវបិទទ្វារនៅថ្ងៃពុធនេះ ពេលដែលអាជ្ញាធរកំពុងធ្វើការប៉ានស្មាននៃការខូចខាតពីការរញ្ជួយផែនដីដ៏កម្រនៅតំបន់ឆ្នេរខាងកើត។ លីប៊ី៖ ក្រុមប្រឆាំងប្រទេសលីប៊ីនឹងឲ្យរង្វាន់១លាន៦សែន៧ម៉ឺនដុល្លារដល់អ្នកដែលចាប់ខ្លួនមេដឹកនាំ មូមារ កាដាហ្វី។ រង្វាន់នោះធ្វើឡើងនៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងនៅក្នុងពហុអាគាររបស់ កាដាហ្វី ក្នុងទីក្រុង ទ្រីប៉ូលី មួយថ្ងៃក្រោយពីក្រុមបះបោរបានវាយដណ្ដើមយកទីតាំងនោះ។ លីប៊ី៖ មេដឹកនាំប្រទេសក្នុងពិភពលោកកំពុងពិចារណាអំពីវិធានការ ទៅមុខទៀតសម្រាប់ប្រទេសលីប៊ី ដែលមេដឹកនាំកាដាហ្វី ហាក់ដូចជាបាត់បង់ការត្រួតត្រានៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុងធំៗដទៃ។ មានអ្នកកាសែតបរទេសខ្លះដែលកងកម្លាំងកាដាហ្វីបានចាប់ឃុំ បានត្រូវដោះលែងយ៉ាងឆាប់រហ័សមកវិញ។ អ្នកកាសែតប្រមាណ ៣៥នាក់ បានត្រូវរំដោះឲ្យមានសេរីភាពកាលពីថ្ងៃពុធ ក្រោយពីបានត្រូវចាប់ឃុំ ជាង៤ថ្ងៃនៅក្នុងសណ្ឋាគារ Rixo ក្នុងក្រុងទ្រីប៉ូលី។ ឥណ្ឌា៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសឥណ្ឌាបានសហការជាមួយនាយករដ្ឋមន្ដ្រីម៉ាន ម៉ូហាន សិញ ក្នុងការអំពាវនាវដល់សកម្មជនល្បីឈ្មោះខាងការប្រឆាំងអំពើពុករលួយឲ្យបញ្ឈប់កូដកម្មឥតអាហារ៩ថ្ងៃ។ អាហ្វហ្គនីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គនីស្ថាន ហាមិដ កាសៃ បានចេញបញ្ជាឲ្យដោះលែងក្មេង២០នាក់ចាប់ឃុំដោយសារមានការពាក់ព័ន្ធនឹងក្រុមអត្ដឃាតជនអោបគ្រាប់បែកផ្ទុះ។ ស៊ីរី៖ កងកម្លាំងការពារសន្ដិសុខស៊ីរីបានវាយឆ្មក់ចូលទៅក្នុងក្រុង និងភូមិម្ដងទៀតទូទាំងប្រទេស ហើយបានចាប់ឃុំជនសង្ស័យជាអ្នកប្រឆាំងរដ្ឋាភិបាល ដែលជាផ្នែកមួយនៃការវាយបង្រ្កាបរបស់ប្រធានាធិបតី Bashar Al Assad មកលើសកម្មជននយោបាយ។ សេដ្ឋកិច្ចសកលលោក៖ តម្លៃមាសចុះថោកជាងមួយរយដុល្លារក្នុងមូយ អុង នៅថ្ងៃពុធនេះ មួយថ្ងៃក្រោយពីតម្លៃមាសឡើងថ្លៃ រហូតដល់ជាង១៩០០ដុល្លារ។ តម្លៃមាសលក់ចេញចុះ៥% គឺ ១៧៦១ដុល្លារ ៥០ សេន ក្នុងមួយ អុងឬ ២៨, ៣៤៩៦ ក្រាមនៅទីផ្សារហ៊ុន នៃទីក្រុងញូយ៉ក។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |