VOA News: ព័ត៌មាន: “រដ្ឋាភិបាលកម្ពុជាព្រមានអង្គការក្រៅរដ្ឋាភិបាល” plus 2 more |
- រដ្ឋាភិបាលកម្ពុជាព្រមានអង្គការក្រៅរដ្ឋាភិបាល
- នាយកប្រតិបត្តិអង្គការខុមហ្វ្រ៊ែលទទួលពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២២ សីហា
រដ្ឋាភិបាលកម្ពុជាព្រមានអង្គការក្រៅរដ្ឋាភិបាល Posted: 22 Aug 2011 11:55 AM PDT នៅថ្ងៃច័ន្ទនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកំពុងរៀបចំធ្វើការឆ្លើយតបលិខិតដាស់តឿនរបស់ក្រសួងការបរទេសដែលបានបញ្ជាអង្គការមិនមែនរដ្ឋាភិបាលចំនួនបួន ធ្វើការកែតម្រូវការងាររបស់ខ្លួនឡើងវិញ។ លិខិតដាស់តឿននេះបានធ្វើឡើង ដោយសារតែកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ កន្លងមកនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ជាមួយអង្គការមួយចំនួនផ្សេងទៀតបានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលអត្ថន័យនៅក្នុងលិខិតរបស់អង្គការទាំងនោះ បានលើកឡើងអំពីក្តីបារម្ភមួយចំនួនទាក់ទិននឹងផលប៉ះពាល់ពីការតាំងទីលំនៅ ដោយសារតែគម្រោងស្តារផ្លូវដែក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គឺស្ថិតនៅក្នុងដំណើរការ ក្នុងការរៀបចំការឆ្លើយតបទៅនឹងលិខិតរបស់ក្រសួងការបរទេស។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ក្រសួងបានផ្តល់អនុសាសន៍ និងណែនាំដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនបួន រួមមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោត និងអង្គការអន្តរជាតិ Bridges Across Borders ដើម្បីកែតម្រូវការងាររបស់ខ្លួនឡើងវិញ។ លោកកុយ គួងបានងប្រាប់វីអូអេខ្មែរថា៖ «ទាក់ទងទៅលិខិតចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ ជូនទៅប្រធានធនាគារអភិវឌ្ឍន៍អាស៊ីនោះ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួនបួននិយាយខុសពីការពិតទាំងស្រុងចំពោះការស្លាប់របស់កុមារពីរនាក់។ តំណាងអង្គការទាំងបួននេះ បានទម្លាក់កំហុសការស្លាប់របស់កុមារទាំងពីរនាក់នោះមកលើរដ្ឋាភិបាល»។ លិខិតដាស់តឿននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពរបស់សមាគមធាងត្នោតចំពោះការប្រឆាំងនឹងបទបញ្ជារបស់ក្រសួងមហាផ្ទៃ។ នៅថ្ងៃទី២ ខែសីហា ក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពរបស់សមាគមធាងត្នោតរហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយបានចោទប្រកាន់ថា មិនបានកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងកែប្រែលក្ខន្តិកៈសមាគមតាមការណែនាំរបស់ផ្នែកជំនាញ។ សមាគមធាងត្នោតធ្វើការជាមួយសហគមន៍ក្រីក្រក្នុងទីក្រុងទាក់ទងនឹងសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញបាននិយាយថា បច្ចុប្បន្ននេះ អនាគតនៃប្រជាធិបតេយ្យកម្ពុជាស្ថិតនៅលើផ្លូវបំបែក។ សេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការផ្អាកសកម្មភាពសមាគមធាងត្នោត គឺដោយសារតែការធ្វើការងារត្រឹមត្រូវរបស់អង្គការនេះ ជាមួយសហគមន៍ក្រីក្រនៅក្នុងទីក្រុងភ្នំពេញ។ សេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា៖ «យើងខ្ញុំកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំងចំពោះទង្វើផ្អាកសកម្មភាពសមាគមធាងត្នោតនេះ និងទាមទារឲ្យមានការកែប្រែសេចក្តីសម្រេចនេះឲ្យទៅរកសភាពដើមឡើងវិញ»។ អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ ត្រូវបានទទួលការព្រមាន និងអង្គការមួយទៀតត្រូវបានផ្អាកសកម្មភាព ខណៈដែលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលកំពុងស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយអាចជិតនឹងត្រូវបានអនុម័ត។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការផ្អាកសកម្មភាព និងការព្រមានរបស់រដ្ឋាភិបាលនេះ គឺជាការគំរាមគំហែងប្រឆាំងនឹងអង្គការមិនមែនរដ្ឋាភិបាល។ លោកវីរៈ ថ្លែងថា៖ «វាជាការព្យាយាមបំបិទសិទ្ធិមួយ ហើយ ជាការប្រាប់នូវការមិនសប្បាយចិត្តរបស់រដ្ឋាភិបាលចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ ហើយអង្គការខ្លះ នឹងចាប់ផ្តើមភ័យខ្លាច»។ លោក ទិត សុធា អ្នកនាំពាក្យប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ទង្វើរបស់រដ្ឋាភិបាលនេះគឺជាការតម្រូវឲ្យមានការគោរពច្បាប់។ លោកបញ្ជាក់ថា៖ «យើង មិនអាចប្រែក្លាយពីរបៀបនៃការតម្រូវឲ្យគោរពច្បាប់ទៅជាការខុសចិត្តបុគ្គល ហើយមកទម្លាក់កំហុសមកលើក្រសួងមហាផ្ទៃ ឬ រដ្ឋាភិបាលថា ជាការគាប់សង្កត់សិទ្ធិ គឺជារឿងមួយមិនអាចទទួលយកបាន»។ លោក ទិត សុធា បានបន្ថែមថា ការផ្អាកសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនេះ បានបណ្តាលមកពីកំហុសឆ្គងនៃការមិនគោរពការណែនាំរបស់រដ្ឋាភិបាល៕ This posting includes an audio/video/photo media file: Download Now |
នាយកប្រតិបត្តិអង្គការខុមហ្វ្រ៊ែលទទួលពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ Posted: 22 Aug 2011 02:10 PM PDT បន្ទាប់ពីធ្វើការអស់រយៈពេលប្រមាណ២០ឆ្នាំ តស៊ូមតិដើម្បីលិទ្ធិប្រជាធិបតេយ្យតាមរយៈកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលត្រូវបានហៅកាត់ថា ខុមហ្រ្វែលហាក់ដូចជាបានបោះជំហានក្នុងជោគជ័យមួយយ៉ាងធំ។ កាលពីចុងខែកក្កដាកន្លងទៅមូលនិធិពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ (Romon Magsaysay) ដែលមានមូលដ្ឋាននៅ ហ្វ៊ីលីពីន បានសម្រេចប្រគល់ពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ ប្រចាំឆ្នាំ២០១១ ជូនលោកដោយផ្អែកលើសមិទ្ធិផលជាច្រើនដែលអង្គការខុមហ្វ្រែលសម្រេចបានក្រោមការដឹកនាំរបស់លោក។ លោកគល់ បញ្ញាគឺជាជ័យលាភីម្នាក់ក្នុងចំណោមជ័យលាភីចំនួនប្រាំមួយនាក់។ ជ័យលាភីផ្សេងទៀតរួមមានជនជាតិឥណ្ឌូណេស៊ីពីរនាក់ឥណ្ឌាពីរនាក់ និងជនជាតិហ្វីលីពីនម្នាក់។ លោក គល់ បញ្ញា បានពោលថា នេះគឺជាការផ្ដល់រង្វាន់មួយដែលលោកមិនបានដឹងជាមុន។ ប៉ុន្ដែវាគឺជាការលើកទឹកចិត្ដដើម្បីធ្វើការងារសម្រាប់ជួយពង្រឹងការបោះឆ្នោតនៅកម្ពុជាតទៅទៀត។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំអត់បានដឹងមុនទេអំពីពានរង្វាន់នេះ។ ខ្ញុំមានអារម្មណ៍មោទនាភាពមែនទែន។ មោទនាភាពនេះ មិនមែនសម្រាប់តែខ្ញុំទេ គឺសម្រាប់ក្រុមគ្រួសារខ្ញុំ ហើយសម្រាប់ប្រទេសកម្ពុជាផង ហើយជាពិសេសអង្គការមួយចំនួនដែលខ្ញុំធ្វើការជាមួយ ហើយធ្វើឲ្យបុគ្គលិកដែលខ្ញុំធ្វើការជាមួយគេអាចមានទឹកចិត្តបន្តធ្វើការងារបន្តទៅទៀត ហើយគឺជាក្តីសង្ឈឹមដែលយើងអាចធ្វើឲ្យដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជាយើងនៅពេលខាងមុខនេះកាន់តែល្អប្រសើរពីព្រោះដោយសារលើកទឹកចិត្តកម្លាំងមនុស្ស។ អញ្ចឹងបើលើកទឹកចិត្តកម្លាំងមនុស្ស មនុស្សនេះហើយដែលជំរុញឲ្យ ដំណើរការអស់នេះទៅប្រសើរឡើង»។ មូលនិធិពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ ត្រូវបង្កើតឡើងនៅឆ្នាំ១៩៥៧។ រង្វាន់នេះត្រូវបានប្រដូចទៅនឹងរង្វាន់ណូបែលសន្ដិភាព។ រង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ ត្រូវបានបង្កើតឡើងសម្រាប់ប្រគល់ជូនសកម្មជនមានស្នារដៃក្នុងទ្វីបអាស៊ី។ លោកគល់ បញ្ញា នឹងត្រូវទទួលរង្វាន់នេះជាផ្លូវការនៅថ្ងៃទី៣១ខែសីហានៅហ្វ៊ីលីពីន។ រង្វាន់នោះរួមមានលិខិតបញ្ជាក់១សន្លឹក មេដាយមួយនឹងទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារអាមេរិក។ ប្រធានាធិបតីហ្វីលីពីនលោកបេណិកណូ អាគីណូ នឹងប្រគល់រង្វាន់នេះដោយផ្ទាល់។ តាមរយៈគេហទំព័ររបស់មូលនិធិរ៉ូម៉ន ម៉ាហ្កសាយសាយ អាវ៉ាឌី (Romon Magsaysay Awardee) ត្រូវបានទទួលស្គាល់ និងកោតសរសើរពីស្នាដៃរបស់លោក គល់ បញ្ញា ផងដែរថា លោកហ៊ានតស៊ូធ្វើការក្រោមការគំរាមគំហែងក្នុងរបបនយោបាយផ្តាច់ការ ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣រហូតមកដល់សព្វថ្ងៃនេះ។ ជាពិសេសក្នុងការបោះឆ្នោតឆ្នាំ២០០៨ លោក គល់ បញ្ញា បានអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យយល់ដឹងអំពីនីតិវិធីនិងដំណើរការបោះឆ្នោតរួមទាំងការជ្រើសរើស និងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតស្ម័គ្រចិត្តចំនួន១០.០០០នាក់ ទៅសង្កេតការណ៍នៅតាមស្ថានីយ៍បោះឆ្នោតរហូតដល់ទៅ៩៥ភាគរយនៅទូទាំងប្រទេសកម្ពុជា។ គេហទំព័រដដែលនោះក៏បានបញ្ជាក់បន្ថែមទៀតដែរថា លោក គល់ បញ្ញាបានអប់រំបុគ្គលិកស្ម័គ្រចិត្តកម្ពុជាពីចំនួន៥ម៉ឺននាក់ទៅដល់១៥ម៉ឺននាក់អំពីចំណេះដឹងនានាទាក់ទងនឹងដំណើរការចុះឈ្មោះនិងដំណើរការបោះឆ្នោត។ មានដើមកំណើតក្នុងទីក្រុងភ្នំពេញ និងគឺជាជនរងគ្រោះដោយរបបខ្មែរក្រហមមួយរូប លោក គល់ បញ្ញា បានប្រែក្លាយការឈឺចាប់របស់ខ្លួនទៅជាសកម្មភាពបម្រើការងារផ្នែកសិទ្ធិមនុស្សដោយសារលោកធ្លាប់បានជួបប្រទះអំពើឃោរឃៅ និងការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកគល់ បញ្ញា សង្កេតឃើញថា រហូតមកដល់សម័យរដ្ឋកម្ពុជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏នៅមានលក្ខណៈតូចចង្អៀតនៅឡើយដូច្នេះលោកមានគំនិតចង់ឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដើម្បីកែប្រែសង្គមឲ្យបានល្អប្រសើរឡើង។ លោកបញ្ញាថ្លែងថា៖ «ខ្ញុំចាប់ផ្តើមមើលឃើញសង្គម ត្រូវតែមានការកែលម្អទោះបីជានៅក្នុងឆ្នាំ៩១យើងមានហានិភ័យច្រើនណាស់។ គេអាចចាប់យើង។ គេអាចធ្វើបាបយើងដែរពីព្រោះកាលនោះនៅសភាពការតឹងតែងដែរ។ ពេលតឹងមែនទែនយើងបើកការិយាល័យក្នុងវត្ត។ យើងត្រួវធ្វើកិច្ចការខ្លះហើយបើមិនអញ្ជឹងដូចជាយើងបោះបង់ចោលឱកាសដែលអាចធ្វើឲ្យស្រុកយើងអាចបានការគោរពសិទ្ធិមនុស្សសេរីភាពអ្វីខ្លះ។ ពេលយើងចាប់ផ្តើមធ្វើតាំងពី៩១មករហូតយើងឃើញមោទនាភាពមែនទែន។ ប្រជាជនចាប់ផ្តើមយល់អំពីសិទ្ធិខ្លាំងៗ។ ការយល់ដឹងវារីកខ្លាំងបើតាមធម្មតាវាត្រូវចាយពេលច្រើនពីព្រោះខ្មែរយើងគិតថា ខ្លួនមិនមែនជាមនុស្សអីក៏នៅតែជាអង្កការចាត់តាំង»។ នៅឆ្នាំនេះលោក គល់ បញ្ញាមានអាយុ៤៤ឆ្នាំ។ លោកមានកូនចំនួនពីរនាក់គឺប្រុសម្នាក់ និងស្រីម្នាក់។ លោកបានទទួលបរិញ្ញាប័ត្រវិស្វកម្មឧស្សាហ៍កម្មគីមីនៃវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់នៅឆ្នាំ ១៩៩១ គឺនៅក្នុងអំឡុងឆ្នាំនោះហើយដែលលោកបានចូលរួមបង្កើតអង្គការសិទ្ធិមនុស្សមួយឈ្មោះថា អាដហុក ដើម្បីធ្វើការតស៊ូមតិផ្នែកសិទ្ធិមនុស្សមុននឹងលោកចេញទៅបន្ដការសិក្សាយកអនុបណ្ឌិតផ្នែកនយោបាយសម្រាប់ការអភិវឌ្ឍនៅប្រទេសហូឡង់ឆ្នាំ១៩៩៨។ លោកគល់ បញ្ញា បានចាប់ផ្តើមប្រឡូកក្នុងការងារផ្នែកសិទ្ធិមនុស្សយ៉ាងសកម្មនៅក្នុងការបោះឆ្នោតដោយសេរីជាលើកដំបូង ដែលត្រូវបានរៀបចំដោយអង្គការសហប្រជាជាតិ នៅខែឧសភា ឆ្នាំ១៩៩៣។ អង្គការក្រៅរដ្ឋាភិបាលចំនួន១០បានរួមគ្នាបង្កើតក្រុមការងារមួយសម្រាប់ឃ្លាំមើលការងារបោះឆ្នោត។ លោកក៏ត្រូវបានជ្រើសរើសជានាយកប្រតិបត្តិនៅក្នុងក្រុមការងារនោះ។ ពីរឆ្នាំក្រោយពីការបោះឆ្នោតជាលើកដំបូងនោះ ក្រុមអង្កការក្រៅរដ្ឋាភិបាលទាំង១០ក៏សម្រេចបង្កើតគណៈកម្មាធិកាដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្រ្វ៊ែលសម្រាប់ធ្វើការត្រួតពិនិត្យទៅលើដំណើរការបោះឆ្នោតជាបន្ដទៀតនៅកម្ពុជា ដោយបានជ្រើសរើសលោក គល់ បញ្ញា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការនោះ។ លោកគល់ បញ្ញាបានប្រាប់វីអូអេខ្មែរថា៖ «មិនស្រួលទេ ការអប់រំទៅដល់ប្រជាពលរដ្ឋយើងអំពីសិទ្ធិមនុស្សមានបញ្ហាខ្លះ។ ពេលនោះមានការនិយាយទិតៀន ឬក៏ពាក្យសារអប់រំរបស់យើងថា យើងនេះទៅការពារចោរទៅការពារអីអញ្ចឹងទៅ។ យើងព្រួយបារម្ភជានិច្ចពីព្រោះកិច្ចការរបស់យើងប្រឈមសុទ្ធតែខាងកិច្ចការនយោបាយពីព្រោះនៅពេលបោះឆ្នោតតួនាទីរបស់យើង យើងឲ្យព័ត៌មានមួយអំពីថាតើការបោះឆ្នោតនេះយ៉ាងដូចម្តេច។ អញ្ចឹងព័ត៌មាននេះ ក្រុមណាក៏គេអាចចោទប្រកាន់យើងថា យើងលម្អៀងទៅខាងនេះទៅខាងនោះ»។ លោក គល់ បញ្ញា រៀបរាប់ថា ប្រាក់ចំណូលពីការបំពេញការងារជាសកម្មជនសិទ្ធិមនុស្សមិនមានកម្រិតធំធេងនោះទេបើធៀបទៅនឹងកិច្ចការរបស់លោកផ្សេងទៀត។ ក៏ប៉ុន្ដែលោកយល់ថា ការងារផ្នែកសិទ្ធិមនុស្សនេះអាចជួយមនុស្សបានច្រើន និងជួយដល់សង្គមជាតិទាំងមូលបានទៀតផង នៅពេលដែលប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងពីសិទ្ធិរបស់ខ្លួន និងពីច្បាប់ទម្លាប់នានានៅមានកម្រិតទាបនៅឡើយនោះ។ ក្រៅពីការងារឃ្លាំមើលការបោះឆ្នោតអង្គការខុមហ្វ្រ៊ែលបានធ្វើការជាច្រើនទាក់ទងការឃ្លាំមើលសកម្មភាពរបស់តំណាងរាស្រ្ត និងការគោរពសន្យារបស់រដ្ឋាភិបាលផងដែរ។ ក្នុងការឃ្លាំមើលការបោះឆ្នោត លោកត្រូវធ្វើការរិះគន់ខ្លះពីភាពមិនប្រក្រតីដែលបានកើតឡើង។ ថ្វីបើលោកគល់ បញ្ញាលើកពីការប្រឈមមុខយ៉ាងខ្លាំងចំពោះសន្តិសុខផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏លោកបានឲ្យដឹងថា លោកនឹងនៅតែបន្ដការងាររបស់លោកបច្ចុប្បន្ននេះ ហើយលោកមានបំណងធ្វើការបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយតទៅទៀត៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២២ សីហា Posted: 21 Aug 2011 08:58 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា/ចិន៖ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រយោធាមួយចំនួនពីប្រទេសចិន។ កិច្ចព្រមព្រៀងនោះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រសង់ដោយចិន ធុន Z-9 សម្រាប់ការប្រើប្រាស់ធម្មតា ដែលបានត្រូវផ្សព្វផ្សាយជាសាធារណៈកាលពិថ្ងៃច័ន្ទ។ លីប៊ី៖ ក្រុមបះបោរនៅក្នុងប្រទេសលីប៊ីបានបើកការវាយប្រហារដើម្បីបញ្ចប់របបគ្រប់គ្រង មូមារ កាដាហ្វី ដោយនិយាយថា ខ្លួនបានកាន់កាប់រដ្ឋធានីទ្រីប៉ូលី ប៉ុន្តែគេនៅឃើញមានការប្រយុទ្ធគ្នានៅថ្ងៃច័ន្ទ នៅក្នុងទីកន្លែងខ្លះរបស់ទីក្រុង។ លីប៊ី៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអំពាវនាវដល់មេដឹកនាំ មូមារ កាដាហ្វី ឲ្យប្រគល់អំណាចទាំងអស់ជាបន្ទាន់ ដោយលោកមានប្រសាសន៍ថា សន្ទុះប្រឆាំងកាដាហ្វីបានឡើងដល់កម្រិតនៃជ័យជម្នះ។ ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរីនិយាយថា ក្រុមអ្នកគាំទ្រប្រធានាធិបតី Bashar Al Assad បានបាញ់សម្លាប់មនុស្សពីរនាក់ និងធ្វើឲ្យរបួសមនុស្ស ៤នាក់ទៀត ក្រោយពីលោក អាសាដ បានការពារនយោបាយវាយបង្រ្កាបមកលើការបះបោរនយោបាយ ហើយនិយាយថាការទិតៀនពីបស្ចិមប្រទេសមិនមានន័យអ្វីសោះចំពោះលោក។ ម៉ាឡេស៊ី៖ មេដឹកនាំនៃគណបក្សជំទាស់នៅក្នុងប្រទេសម៉ាឡេស៊ី លោក អាន់វ៉ារ អ៊ីប្រាហ៊ីម បានប្រកាសថាលោកមិនមានកំហុស កាលពីថ្ងៃច័ន្ទ នៅពេលលោកថ្លែងប្រាប់តុលាការជាលើកដំបូងក្នុងការកាត់ក្ដីពីបទសេពកាមមិនប្រក្រតី។ ម៉ុងហ្គោលី៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានថ្លែងសរសើរការចំពោះដំណើរការផ្ទេរអំណាចទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសម៉ុងហ្គោលីកាលពីថ្ងៃច័ន្ទ នៅពេលលោកធ្វើទស្សនកិច្ចមួយថ្ងៃក្នុងប្រទេសនេះ ដោយលោកបានធ្វើការចរចាអំពីកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងការពារប្រទេស។ ចិន៖ បណ្ដាញព័ត៌មានរដ្ឋចិននិយាយថាភោជនីយដ្ឋានតូចមួយរបស់គ្រួសារក្នុងរដ្ឋធានីប៉េកាំងកំពុងមានអតិថិជនចូលពិសារច្រើននៅក្រោយពេលដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចូលទៅពិសារនំប៉ាវ និង គុយទាវមី នៅពេលថ្ងៃត្រង់។ ចិន៖ ទីភ្នាក់ងារពត៌មានចិននិយាយនៅថ្ងៃច័ន្ទនេះថាមនុស្ស១១នាក់បានស្លាប់ ហើយយ៉ាងតិច១២០នាក់ទៀតធ្លាក់ឈឺ ក្រោយពីបានបរិភោគទឹកខ្មេះដាក់ក្នុងធុងប្រើសម្រាប់ផ្ទុកជាតិពុលនៃទឹកធ្វើឲ្យរថយន្ដត្រជាក់។ ជប៉ុន៖ មន្ដ្រីថ្នាក់ខ្ពស់នៅក្នុងប្រទេសជប៉ុននិយាយថាតំបន់ខ្លះនៅជុំវិញរោងចក្រនុយក្លេអ៊ែរខូច ហ្វូគូស៊ីម៉ា (Fukushima) ប្រហែលជានឹងត្រូវចាត់ទុកជាតំបន់គ្រោះថ្នាក់ សម្រាប់រយៈពេលច្រើនទសវត្សរ៍។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ឥណ្ឌា៖ ពួកអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា រណ្តៅកប់ខ្មោចក្នុងដែនដីតំបន់ Kashmit ដែលត្រួតត្រាដោយប្រទេសឥណ្ឌាមានសាកសពមនុស្សជាង២ពាន់នាក់ទំនងជាបានសម្លាប់ក្នុងការទាមទារបំបែករដ្ឋដ៏យូរមកហើយនេះ។ ចិន៖ បណ្តាញព័ត៌មានប្រទេសចិនរាយការណ៍ថា ប៉ូលីសកំពុងស៊ើបអង្កេតការចាប់ពង្រត់ស្រ្តីជនជាតិភាគតិចវៀតណាមប្រហែល១រយនាក់ដែលកំពុងបាត់ខ្លួនក្នុងប្រទេសចិនភាគកណ្តាល ហើយអាចត្រូវគេលក់ឲ្យធ្វើជាកូនក្រមុំដើម្បីរៀបការជាមួយបុរសជាតិចិន។ លីប៊ី៖ ពួកឧទ្ទាមលីប៊ីបានកាន់កាប់បន្ទាយយោធាដែលការពាររដ្ឋធានី ជាទីតាំងដ៏រឹងមាំរបស់មេដឹកនាំដ៏យូរអង្វែងរបស់ Moammar Gadhafi នៅពេលដែលការប្រយុទ្ធត្រូវបានរាយការនៅខាងក្នុងទីក្រុង។ ស៊ីរី៖ ប្រធានាធិបតី Bashar al – Assad ប្រទេសស៊ីរីមានគម្រោងបង្ហាញខ្លួននៅតាមទូរទស្សន៍ជាតិកាលពីយប់ថ្ងៃអាទិត្យ ពេលដែលមានការគៀបសង្កត់ទូទាំងសកលលោកឲ្យបញ្ចប់ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើបាតុករ។ ប៉ាឡេស្ទីន៖ ពួកជនសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុកកែតយ៉ាងហោចណាស់ចំនួន១៧គ្រាប់ថែមទៀតចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ហើយកងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតាមអាកាសក្នុងតំបន់ Gaza Strip ក្នុងអំឡុងពេលនៃអំពើហិង្សារយៈពេល៤ថ្ងៃជាប់ៗគ្នានៅក្នុងតំបន់នោះ។ ចិន៖ លោក Joe Biden អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានស្វះស្វែងធ្វើការបញ្ជាក់ប្រាប់ចិនកាលពីថ្ងៃអាទិត្យថាទ្រព្យសម្បត្តិហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិននៅក្នុងសហរដ្ឋអាមេរិកមានសុវត្ថិភាព ហើយថាអាមេរិកនឹងសងប្រាក់បំណុលរបស់ខ្លួន។ អាហ្វហ្គានីស្ថាន៖ ពួកអាជ្ញាធរអាហ្វហ្គានីស្ថាននិយាយថា ជនប្រដាប់អាវុធបានសម្លាប់មន្រ្តីរដ្ឋាភិបាលក្នុងមូលដ្ឋានពីរនាក់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាក្នុងតំបន់ខាងត្បូងប្រទេស។ ន័រវែស៖ ព្រះមហាក្សត្រ Herald នៃប្រទេសន័រវែស បានស្វះស្វែងសម្រាលទុករបស់ប្រទេសជាតិព្រះអង្គកាលពីថ្ងៃអាទិត្យ ពេលដែលពួកអ្នកកាន់ទុកបានបញ្ចប់ការកាន់ទុករយៈពេលមួយខែដល់មនុស្ស៧៧នាក់ដែលបានត្រូវសម្លាប់ដោយអ្នកជ្រុលនិយមស្តាំម្នាក់កាលពីថ្ងៃទី២២ ខែកក្កដា នៅក្នុងការបំផ្ទុះគ្រាប់បែកនិងការបាញ់សម្លាប់រង្គាល។ សហរដ្ឋអាមេរិក៖ កោះ Peurto Rico ដែនដីសហរដ្ឋអាមេរិកបានចេញការព្រមានពីខ្យល់ព្យុះ Hurricane ពេលដែលខ្យល់ព្យុះតំបន់ត្រូពិក Irene បានខិតចូលមកជិតពីតំបន់ខាងកើត ដែលបានធ្វើឲ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅលើកោះ Leewards។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |