VOA News: ព័ត៌មាន: “សវនាការរឿងក្តី០០២នឹងមិនអាចមានក្នុងពេលឆាប់ៗខាងមុខ” plus 1 more |
សវនាការរឿងក្តី០០២នឹងមិនអាចមានក្នុងពេលឆាប់ៗខាងមុខ Posted: 26 Aug 2011 03:25 PM PDT ពីខែកុម្ភៈ ឆ្នាំ២០០៦ ដល់ខែសីហា ឆ្នាំ២០១១ គឺជាងប្រាំឆ្នាំហើយ ដែលសាលាក្តីខ្មែរក្រហមគាំទ្រដោយ អង្គការសហប្រជាជាតិ បានដំណើរការរបស់ខ្លួន ដើម្បីកាត់ទោសជនសង្ស័យចំនួនពីរក្រុមគឺអតតីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ជីវិតយ៉ាងតិច ១លាន៧សែននាក់នៅក្នុងរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ ប៉ុន្តែសាលាក្តីខ្មែរក្រហមទើបតែបានកាត់ក្តីសំណុំរឿង០០១ ដែលជារឿងក្តី កាំង ហ្គិចគាវ ហៅ ឌុចដែលជាអតីតប្រធានគុកទួលស្លែង ឬមន្ទីរស២១។ ជនជាប់សង្ស័យរូបនេះ តំណាងឲ្យអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក៏ប៉ុន្តែរឿងក្តីនេះកំពុងស្ថិតនៅក្នុងការរង់ចាំការប្រកាសសាលដីកាជាស្ថាពរនៅឡើយ។ ដោយឡែក រឿងក្តីបន្ទាប់គឺរឿងក្តី០០២ដែលសំខាន់បំផុតនោះកំពុងស្ថិតក្នុងដំណាក់កាលមួយដែលគេរំពឹងថាប្រឈមនឹងការពន្យារពេលម្តងហើយម្តងទៀត។ លោក ត្រាញ់ តូនីប្រធានស្តីទីនៃរដ្ឋបាលសាលាក្តីខ្មែរក្រហមមានប្រសាសន៍នៅក្នុងខែនេះ នៅក្នុងរាជធានីភ្នំពេញថា រឿងក្តី០០២ ដែលមានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ នឹងត្រូវបើកសវនាការពេញអង្គសេចក្តីនៅចុងឆ្នាំ២០១១នេះ។ ផ្ទុយទៅវិញ ប្រភពដែលគៀកបំផុតនឹងសាលាក្តីខ្មែរក្រហមបានបង្ហើបឲ្យដឹងថា ការកាត់ទោសពេញអង្គសេចក្តីនៃអតីតមេដឹកនាំកំពូលខ្មែរក្រហមដ៏ជរាទាំងបួននាក់នោះនឹងត្រូវធ្វើឡើងរហូតដល់ខែឧសភាឆ្នាំ២០១២។ ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានផ្តល់ការវិភាគផ្នែកច្បាប់ថា អង្គជំនុំជម្រះសាលាដំបូងសាលាក្តីរបស់ខ្មែរក្រហមនឹងត្រូវបើកសវនាការស្តីពីចំណោទបញ្ហាសុខភាពសម្រាប់ជនជាប់ចោទ នួន ជា អាយុ ៨៥ឆ្នាំ និងអៀង ធីរិទ្ធ អាយុ ៧៩ឆ្នាំនៅចុងខែសីហានេះ។ បន្ទាប់ពីសវនាការនោះ សាលាដំបូងនឹងត្រូវការរយៈពេលបួនខែ ដើម្បីចេញសេចក្តីសម្រេចរបស់ខ្លួន ហើយក្រោយពីសេចក្តីសម្រេចនោះភាគីនានាមានសិទ្ធិប្តឹងឧទ្ធរណ៍រយៈពេល៣០ថ្ងៃ។ ដូច្នេះ ប្រសិនបើមានបណ្តឹងឧទ្ធរណ៍ពីភាគគីនានានេះ ទោះបីសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងយ៉ាងណាក៏ដោយ វានឹងស៊ីពេលសរុបអស់រយៈពេលប្រាំខែគឺមានន័យថា ការប្តឹងឧទ្ធរណ៍នឹងអាចប្រព្រឹត្តិទៅនៅខែមករា ឆ្នាំ២០១២។ ប្រភពដដែលបញ្ជាក់ថា សាលាដំបូងទំនងដោះលែងលោកស្រ្តី អៀង ធីរិទ្ធ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយដាក់អ្នកស្រី អៀង ធីរិទ្ធ ឲ្យស្ថិតក្នុងការឃុំឃាំងនៅក្នុងផ្ទះ ដោយមានការឃ្លាំមើល ឬក៏ឋិតក្នុងមន្ទីរពេទ្យក្រោមការត្រួតពិនិត្យ។ របាយការណ៍ និងភាពជាក់ស្តែងបានបង្ហាញពីភាពធ្ងន់ធ្ងរនៃសុខភាពរបស់គាត់។ ដូច្នេះ អ្នកស្រី អៀង ធីរិទ្ធ អាចនឹងស្ថិតនៅក្រៅការកាត់ទោស។ ការស្រេចបែបនេះនឹងនាំឲ្យមានការប្តឹងជំទាស់ពីសហព្រះរាជអាជ្ញា និងពីក្រុមមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីជាដាច់ខាត។ យោងតាមប្រពភដដែល អង្គជំនុំជម្រះតុលាការកំពូលត្រូវរង់ចាំរយៈពេលជាច្រើនខែទៀតដើម្បីសម្រេចលើបណ្តឹងឧទ្ធរណ៍ មុននឹងអង្គជំនុជម្រះសាលាដំបូងអាចបើកសវនាការពេញអង្គបាន។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះដដែលគិតថាសេចក្តីថ្លែងការណ៍ដំបូងសម្រាប់បើកសវនាការនៃអង្គជំនុំជម្រះសាលាដំបូងនៅក្នុងរឿងក្តី០០២អាចនឹងត្រូវបានធ្ធើឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១២ ហើយមួយខែក្រោយមកទើបអាចបើកសវនាការបាន។ ការអះអាងខាងលើគឺផ្អែកលើការចាត់ចែងយឺតយ៉ាវនៃចៅក្រមសាលាក្តីខ្មែរក្រហម និងការបណ្តែតបណ្តោយឲ្យមានការអូសបន្លាយពេលវេលាសម្រាប់ដំណើរការកាត់ក្តី។ លោកស្រី អាន ហែនដែល (Anne Heindel) ទីប្រឹក្សាច្បាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា មានហេតុផលមួយចំនួនដែលនាំឲ្យមានការយឺតយ៉ាវនៅក្នុងការកាត់ក្តីរឿងក្តី០០២ នេះ។ ហេតុផលទាំងនោះរួមមាន ការមិនសហការរបស់ជនជាប់ចោទទាំងបួននាក់ ដែលផ្ទុយពីករណីឌុច បញ្ហាជរាពាធរបស់ពួកគេ និងបញ្ហាប្រឈមនឹងការអនុវត្តច្បាប់បែបកម្ពុជា ឬក៏ច្បាប់បែបអន្តរជាតិ។ អ្នកស្រី អាន ហែនដែល នៅតែចាត់ទុកថាមានយឺតយ៉ាវក្នុងការកាត់ទោសជនជាប់ចោទគន្លឹះទាំងបួននាក់។ លោកស្រីថ្លែងថា៖ «វាគឺជាការតក់ស្លុតមួយ ពីព្រោះថានៅខែមករា ខាងមុខនេះ គឺជាខួបគម្រប់ពីរឆ្នាំនៃការបិទបញ្ចប់នៃការស៊ើបអង្គេតក្នុងរឿងក្តី០០២។ ដូច្នេះ រហូតមកដល់ពេលនេះ ហាក់បីដូចជាយូរមែនទែនហើយ ជាការពិតជនជាប់ចោទកំពុងស្ថិតក្នុងការឃុំឃាំងអស់រយៈពេលជិតបួនឆ្នាំទៅហើយ»។ ជនជាប់ចោទក្នុងរឿងក្តី០០២ ដែលរួមមានអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងនួន ជា អតីតប្រធានសភាខ្មែរក្រហម មានអាយុចន្លោះពី៧៩ឆ្នាំ រហូតទៅដល់៨៦ឆ្នាំ។ ពួកគេត្រូវចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទប្រល័យពូជសាសន៍ ហើយពួកគេត្រូវចាប់ខ្លួនយកមកឃុំឃាំងជាបណ្តោះអាសន្នចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ។ លោក ឡុង បញ្ញាវុទ្ធ មន្ត្រីគម្រោងនៃអង្គការគម្រោងយុតិ្តធម៌នៅកម្ពុជា ដែលជាផ្នែកមួយនៃអង្គការOSJI របស់សហរដ្ឋអាមេរិក បានយល់ស្របថាមានការយឺតយ៉ាវនៃដំណើរការកាត់ក្តីនៅក្នុងរឿងក្តី០០២។ លោកមានប្រសាសន៍ថា នេះជាកង្វល់នៃសង្គមស៊ីវិល និងសម្រាប់ជនរងគ្រោះផងដែរ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «យើងគួរសុំឲ្យសាលាដំបូងដាក់ចេញនៅក្នុងកាលវិភាគរបស់ខ្លួនថាពេលណាខ្លួននឹងគ្រោងធ្វើការជំនុំជម្រះលើសំណុំរឿង០០២ ហើយក្នុងពេលឥឡូវដល់ពេលជំនុំជម្រះ តើត្រូវធ្វើដូចម្តេច។ ផ្នែកកិច្ចការសាធារណៈត្រូវផ្តល់នឹងធ្វើសកម្មភាពអ្វីខ្លះដល់ជនរងគ្រោះអាចទទួលយកបានព័ត៌មានពាក់ព័ន្ធទៅនឹងសំណុំរឿង០០២»។ សាលាក្តីខ្មែរក្រហម គ្រោងនឹងប្រគល់ភារកិច្ចឲ្យគ្រូពេទ្យថ្មីម្នាក់ទៀត ដើម្បីធ្វើការវាយតម្លៃស្ថានភាពសុខភាពរបស់ជនជាប់ចោទនៅក្នុងរឿងក្តី០០២ បន្ទាប់ពីមានការវាយតម្លៃរបស់វេជ្ជបណ្ឌិត ចន ខាំបែល។ លោក ឡុង បញ្ញាវុទ្ធ មានប្រសាសន៍ថា វានឹងធ្វើឲ្យមានភាពស្មុគស្មាញ និងជួយអូសបន្លាយពេលវេលាក្នុងសំណុំរឿងនេះផងដែរ។ យោងតាមក្រឹត្យក្រមអន្តរជាតិ ជនជាប់សង្ស័យដូចបានចោទប្រកាន់នៅក្នុងសាលាក្តីខ្មែរក្រហម តុលាការមិនអាចធ្វើការកាត់ទោសបានទេ ប្រសិនបើជនជាប់ចោទពុំមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងសវនាការ។ លោក ឡាស់ អលស៊ិន (Lars Olsen) មន្ត្រីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ការលើកឡើងអំពីការអូសបន្លាយពេលវេលា និងការពន្យារការកាត់ទោសរឿងក្តី០០២ គ្រាន់តែជាការប៉ាន់ប្រមាណតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ «នេះ គ្រាន់តែជាការគិតទុកតែប៉ុណ្ណោះ។ ដូចខ្ញុំបាននិយាយអញ្ចឹង អង្គជំនុំជម្រះសាលាដំបូងត្រូវធ្វើការសម្រេចអំពីសុខភាពរបស់ជនជាប់ចោទមុននឹងដាក់កាលវិភាគនៃការជំនុំជម្រះពេញអង្គសេចក្តី។ យើងនៅមិនទាន់ដឹងថា ការកំណត់ថ្ងៃសវនាការនេះនឹងធ្វើឡើងនៅពេលណា»។ ការលើកឡើងអំពីដំណើរការយឺតយ៉ាវរបស់ដំណើរការកាត់ទោសជនជាប់ចោទនៅក្នុងរឿងក្តី០០២ ធ្វើឡើងស្របពេលដែលសាលាក្តីខ្មែរក្រហមនឹងត្រូវប្រឈមមុខនឹងវិបត្តិអស់ថវិកាសម្រាប់ភាគីទាំងសងខាងគឺភាគីកម្ពុជា និងភាគគីអង្គការសហប្រជាជាតិក្នុងសាលាក្តីនៅក្នុងចុងឆ្នាំ២០១១។ ប្រសិនបើគ្មានជំនួយថវិកាថ្មីមកដល់នោះទេ ភាគគីទាំងពីរនឹងមានវិបត្តិថវិកាសម្រាប់បើកប្រាក់ខែជូនបុគ្គលិកនៅខែមករាឆ្នាំក្រោយនេះ។ ប្រភពដែលស្និទ្ធនឹងតុលាការជឿរថា ការអូសបន្លាយពេលវេលាក្នុងរឿងក្តី០០២ រហូតដល់ឆ្នាំក្រោយ នឹងធ្វើឲ្យប្រទេសផ្តល់ជំនួយឲ្យរង្គាសចិត្ត ហើយធ្វើឲ្យប៉ះពាល់ដល់ការផ្តល់ជំនួយ។ លោក ឡាស អលស៊ិន បានបដិសេធសេចក្តីអះអាងខាងលើនេះ ដោយថ្លែងថា៖ «ពិតហើយ យើងដឹងថា ទាំងអស់គ្នាអន្ទះសារចង់ឃើញដំណើរការក្តីរុលទៅមុខ។ ក៏ប៉ុន្តែ យើងមានការគាំទ្រពីប្រទេសផ្តល់ជំនួយ ហើយយើងសង្ឃឹមថា ប្រទេសផ្តល់ជំនួយនឹងគាំទ្រយើងបន្តទៅទៀត។ ជាការពិត យើងត្រូវការថវិកាដើម្បីបន្តដំណើរការកាត់ទោស។ រហូតមកដល់ពេលនេះ យើងនៅមិនទាន់មានគម្រោងថវិកាថ្មីសម្រាប់ឆ្នាំក្រោយនៅឡើយទេ»។ ជាមួយគ្នានេះ លោកស្រី អាន ហេនដែល ក៏យល់ប្រហាក់ប្រហែលគ្នានេះដែរ។ លោកស្រីថ្លែងថា៖ «លោកស្រី អាន ហេនដែល បានមានប្រសាសន៍ថា ហេតុផលនៃការបង្កើតសាលាក្តីនេះ គឺដើម្បីកាត់ក្តីជនសង្ស័យ ដែលជាអតីតមេដឹកនាំកំពូលៗ ទាំងបួននាក់។ ដូច្នេះ ខ្ញុំ គិតថាប្រទេសផ្តល់ជំនួយមិនចង់ឃើញសាលាក្តីនេះដួលរលំនោះទេ»។ ថ្វី បើមានការរំពឹងយ៉ាងដូច្នេះក្តី រហូតមកដល់ពេលនេះនៅមិនទាន់ មានការកំណត់កាលវិភាគណាមួយ សម្រាប់កិច្ចប្រជុំដើម្បីផ្តល់ថវិកាសម្រាប់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតនៅឡើយទេ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជានៅតែប្រឈមនឹងអត្រាអនក្ខរភាពខ្ពស់ Posted: 26 Aug 2011 04:01 PM PDT ទោះបីជាស្ថិតិរបស់ក្រសួងអប់រំ និងរបាយការណ៍ជំរឿនរបស់ក្រសួងផែនការបង្ហាញថា អត្រានៃអ្នកចេះអក្សរនៅកម្ពុជាកើនឡើងក៏ដោយ ក៏អ្នកជំនាញដែលវីអូអេខ្មែរបានសម្ភាសសម្តែងការព្រួយបារម្ភថា កំណើននេះនៅយឺតនៅឡើយ ហើយអ្នកមិនចេះអក្សរក៏នៅមានច្រើនដែរ។ លទ្ធផលជំរឿនប្រជាពលរដ្ឋទូទៅឆ្នាំ២០០៩របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបង្ហាញថា អត្រាអ្នកចេះអក្សរនៅកម្ពុជាចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ មានជាង៧០ភាគរយ។ លទ្ធផលនេះឲ្យដឹងថា ចាប់ពីអាយុប្រាំពីរឆ្នាំឡើងទៅអ្នកចេះអក្សរមានប្រមាណ៧៣ភាគរយ ពោលគឺ៧៩ភាគរយក្នុងចំណោមបុរស និង៦៧ភាគរយក្នុងចំណោមស្ត្រី។ អត្រាអ្នកចេះអក្សរនេះបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៨ដែលមាន៦៧ភាគរយ។ ការកើនឡើងនៃអ្នកចេះអក្សរនេះក៏ត្រូវបានបង្ហាញផងដែរតាមរយៈកំណើននៃអ្នកចុះឈ្មោះចូលរៀនទូទាំងប្រទេស។ ស្ថិតិរបស់ក្រសួងអប់រំបានបញ្ជាក់ថា ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា២០១០-២០១១ មានចំនួនប្រហែរ៣លាន២សែននាក់ដែលក្នុងនោះតំបន់ទីក្រុងមានចំនួនជាង៦សែននាក់ និងតំបន់ជនបទមានចំនួនជាង២លាន៥សែននាក់។ លោក អ៊ូ អេង អគ្គនាយកនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់វីអូអេខ្មែរថា ឥឡូវនេះក្រសួងអប់រំបានទទួលសិស្សដែលគ្រប់អាយុចូលរៀនចំនួន៩៥ភាគរយហើយ។ «ការដែលប្រមូលបានសិស្សចូលរៀនទាំងអស់គ្នាបានន័យថា បម្រើឲ្យការចេះអាន ការចេះសរសេ។ កូនសិស្ស ឬប្រជាពលរដ្ឋកម្ពុជាត្រូវតែទទួលបានការអប់រំ ហើយការអប់រំដំបូងបំផុតគឺការចេះអានចេះសរសេរហ្នឹងហើយ»។ ក្រសួងអប់រំកម្ពុជាកំណត់យកការរៀនចប់ថ្នាក់ទី៩ជាការអប់រំកម្រិតមូលដ្ឋាន ឬចេះអក្សរដែលប្រើការបាន។ លទ្ធផលជំរឿនអក្ខរកម្មឆ្នាំ១៩៩៩បង្ហាញថា អត្រាអ្នកចេះអក្សរដែលប្រើការបានមានជាង៣៧ភាគរយ និងអត្រាអ្នកចេះអក្សរមធ្យមមានប្រហែល២៧ភាគរយ។ លោក សាន់តូស ខាទ្រី (Santos Khatri) អ្នកឯកទេសកម្មវិធីអប់រំនៃអង្គការយូណេស្កូប្រចាំកម្ពុជាបានថ្លែងថា វាលំបាកនឹងប្រាប់អំពីអត្រាអ្នកចេះអក្សរដែលប្រើការបាននៅកម្ពុជាដោយសារតែមិនទាន់មានការសិក្សាថ្មីអំពីរឿងនេះ។ «ការចេះអក្សរកម្រិតមូលដ្ឋានមានសារៈសំខាន់ណាស់ក្នុងការបង្កើតការចេះអក្សរដែលប្រើការបាន។ ការចេះអក្សរដែលប្រើការបានមានតួនាទីផ្សេងៗនៅក្នុងជីវិត។ វាពិបាកនឹងធ្វើតេស្តដើម្បីឲ្យដឹងណាស់»។ លោក សាន់តូស បានបន្តថា ការចេះអក្សរអាចត្រួសត្រាយផ្លូវឲ្យបុគ្គល និងបន្ទាប់មកឲ្យសង្គមធ្វើដំណើរទៅមុខ ព្រមទាំងធ្វើឲ្យប្រសើរដល់ជីវភាពរស់នៅ សមត្ថភាពជំនាញ ធនធានមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាសន្តិភាព និងសង្គមសុខដុម។ លោក សាន់តូស បានបន្ថែមថា កម្ពុជាបានធ្វើឲ្យមានការរីកចម្រើនដល់ការបង្កើនអត្រាអ្នកចេះអក្សរ ប៉ុន្តែក៏នៅមានការប្រឈមជាច្រើនទៀតដែរ ដូចជាកាត់បន្ថយភាពខុសគ្នានៃអត្រាអ្នកចេះអក្សរវាងបុរស និងស្រ្តី និងរវាងអ្នកនៅទីក្រុង ជនបទ និងជនជាតិដើមភាគតិច។ លោក សាន់តូស បានបញ្ជាក់ថា អត្រាអ្នកចេះអក្សរពេញវ័យនៅកម្ពុជាក្នុងឆ្នាំ២០០៨មាន៧៨ភាគរយ ប៉ុន្តែ មានភាពខុសគ្នាដ៏ធំមួយរវាងបុរសជាង៨៥ភាគរយ និងស្ត្រី៧១ភាគរយ ហើយអ្នកទីក្រុង៩០ភាគរយ និងអ្នកជនបទ៧៤ភាគរយ។ លោក កាន់ កាល់ នាយកប្រចាំកម្ពុជានៃអង្គការ Room to Read ដែលធ្វើជាមួយសហគមន៍អង្គការដៃគូ និងរដ្ឋាភិបាលដើម្បីអភិវឌ្ឍជំនាញចេះអាន និងចេះសរសេរ និងទម្លាប់នៃការអានក្នុងចំណោមសិស្សសាលាបឋមសិក្សាបានប្រាប់វីអូអេខ្មែរកាលពីថ្ងៃទី១៥ ខែសីហា យ៉ាងដូច្នេះថា៖ «យើងនៅមានការព្រួយបារម្ភអំពីគម្លាតរវាងអាត្រាអ្នកចេះអក្សរនៅជនបទ និងទីប្រជុំជន។ យើងឃើញថា អ្នកនៅជនបទក្នុងចំណោមមនុស្សចាស់ និងយុវជនដែលចេះអក្សរមានប្រមាណ ៧៤,២ភាគរយ បើប្រៀបធៀបជាមួយនឹងអ្នកនៅតំបន់ទីប្រជុំជន និងទីក្រុងដែលចេះអក្សរ មានលើសពី៩០ភាគរយ»។ លោកស្រី ណាវកូ អារាកាវា (Naoko Arakawa) អ្នកឯកទេសផ្នែកអប់រំនៃអង្គការយូរណេស្កូប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេខ្មែរថា ការបង្កើនអត្រានៃអ្នកចេះអក្សរត្រូវតែទទួលបានការយកចិត្តទុកដាក់បន្ថែម។ «យើងមានកង្វល់ថា ការរីកចម្រើននៃអត្រាចេះអក្សរមានសភាពយឺតឥឡូវនេះ។ យើងត្រូវការពង្រឹងដំណើរការនេះ។ ប៉ុន្តែ បើរដ្ឋាភិបាលបន្តពង្រឹងនិន្នាការនេះ ពួកគេនឹងសម្រេចដល់គោលដៅសហវត្សរ៍ ឆ្នាំ២០១៥ ការអប់រំសម្រាប់ទាំងអស់គ្នា»។ អ្នកគ្រូ រស់ ទិតម៉ាឡៃ បង្រៀននៅសាលាបឋមសិក្សាបឹងត្របែកខាងត្បូង បានថ្លែងនៅថ្ងៃទី១៨ ខែសីហា យ៉ាងដូច្នេះថា៖ «ក្នុងចំណោម២៤នាក់ក្នុងមួយថ្នាក់ គ្រាន់តែអត់ចេះប្រាំមួយនាក់ ហើយថ្នាក់ទី៦ហើយហ្នឹង អត់ចេះអាន។ តាមការស្រាវជ្រាវរបស់ខ្ញុំពីគ្រូថ្នាក់ក្រោមៗមក សិស្សដែលលើសអាយុរស់នៅក្នុងស្ថានភាពក្រីក្រ បញ្ញាអន់ពីកំណើត គ្មានការជួយពង្រឹងបន្ថែមពីម្តាយឪពុកនៅផ្ទះ និងមានអំពើហិង្សាក្នុងគ្រួសារ។ បើទោះបីជា គ្រូខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏សិស្សនោះមិនចាប់បាន»។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា កុមារកុមារីភាគច្រើនមានតែកម្រិតថ្នាក់ ប៉ុន្តែចំណេះដឹងរបស់ពួកគាត់មិនសមាមាត្រទៅនឹងកម្រិតថ្នាក់របស់ពួកគាត់ពីព្រោះប្រព័ន្ធផ្តល់ចំណេះដឹងឲ្យពួកគាត់មិនមានប្រសិទ្ធភាព។ «ជុំវិញការអប់រំ យើងមានការកង្វល់យ៉ាងខ្លាំង ពីព្រោះយើងឃើញស្ថានភាពអប់រំនៅកម្ពុជា វាមិនបានធ្វើការកែលម្អទាំងគុណភាព ទាំងការបង្រៀន ទាំងការផ្ទេរចំណេះដឹងដល់យុវជន និងសិស្សានុសិស្ស ហើយអ្នកដែលទទួលបានការអប់រំភាគច្រើនឃើញថា មិនសូវមានគុណភាព»។ លោក ហេង ស្រ៊ាង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងកាលពីថ្ងៃទី១៩ ខែសីហា ថានិស្សិតដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យ មានការងារធ្វើច្បាស់លាស់តែ៣ភាគរយប៉ុណ្ណោះ ហើយភាគច្រើនគ្មានការងារធ្វើច្បាស់លាស់ទេ និងអ្នកខ្លះធ្វើការត្រឹមតែលក់ពលកម្ម។ «តាមខ្ញុំសង្កេតមើល មានសិស្សចំនួនភាគច្រើនណាស់ដែលរៀនត្រឹមតែមួយចប់ៗទៅ និងរៀនឲ្យតែបានសញ្ញាបត្រទៅ។ គាត់ហាក់បីដូចជាមិនបានគិតពីគុណភាពនៃជំនាញរបស់គាត់។ យើងមានតែចំនួនសិស្សច្រើន ប៉ុន្តែគុណភាពប្រកួតប្រជែងមែនទែនមិនសូវជាប្រាកដប្រជាទេ»។ លទ្ធផលជំរឿនប្រជាជនទូទៅឆ្នាំ២០០៨ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថា កម្ពុជាមានអត្រាអ្នកចេះអក្សរពេញវ័យទាបជាងគេទី២ក្នុងចំណោមប្រទេសអាស៊ាន១០បន្ទាប់ពីប្រទេសឡាវ។ គម្លាតយ៉េនឌ័រនៃកម្រិតអ្នកចេះអក្សរនៅកម្ពុជាក៏មានភាពធំធេងណាស់ក្នុងចំណោមប្រទេសអាស៊ាន១០។ លោក អ៊ូ អេង បានបញ្ជាក់ថា ក្រសួងអប់រំកំពុងព្យាយាមបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សា។ «ក្រសួងអប់រំ យុវជន និងកីឡា ឥឡូវនេះកំពុងតែធ្វើកំណែទម្រង់នៃការរៀនអាន និងសរសេររបស់កុមារថ្នាក់ដំបូងៗ។ ឥឡូវនេះ យើងរៀបចំសៀវភៅថ្មី ដើម្បីឲ្យការរៀនអាន និងរៀនសរសេររបស់កុមារថ្នាក់ទី១ ទី២ ងាយឆាប់ចេះជាងមុន ហើយឥឡូវនេះ ក្រសួងកំពុងបោះពុម្ភសៀវភៅថ្មីហើយ»។ លោក អ៊ូ អេង បានបន្តថាក្រសួងមានគោលនយោបាយបីច្បាស់លាស់ ទី១គឺការផ្តល់សេវាប្រកបដោយសមធម៌ ទី២ការពង្រឹងគុណភាព និងទី៣ការរៀន និងការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធិភាព៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |