VOA News: ព័ត៌មាន: “សកម្មជនប្រឆាំងនឹងការបំផ្លាញព្រៃឈើប្រហែល១០០នាក់ត្រូវបានចាប់ខ្លួននៅភ្នំពេញ” plus 5 more |
- សកម្មជនប្រឆាំងនឹងការបំផ្លាញព្រៃឈើប្រហែល១០០នាក់ត្រូវបានចាប់ខ្លួននៅភ្នំពេញ
- សាលាក្រុងផ្តល់ប្លង់កម្មសិទ្ធិដីដល់អ្នកបឹងកក់
- ការជំរុញប្រឆាំងអំពើពុករលួយរបស់កម្ពុជាធ្វើឲ្យក្រុមហ៊ុនបស្ចិមប្រទេសឈឺក្បាល
- ស្នាដៃសំរិទ្ធខ្មែរបញ្ចប់ការដាក់តាំងបង្ហាញនៅសហរដ្ឋអាមេរិក
- សភាជនភៀសនៅអាមេរិករៀបចំខួប៦០ឆ្នាំនៃសន្ធិសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៨ សីហា
សកម្មជនប្រឆាំងនឹងការបំផ្លាញព្រៃឈើប្រហែល១០០នាក់ត្រូវបានចាប់ខ្លួននៅភ្នំពេញ Posted: 18 Aug 2011 12:45 PM PDT ក្រុមប្រជាពលរដ្ឋដែលជាសកម្មជនការពារព្រៃឡង់ចំនួន១០៦នាក់ត្រូវអជ្ញាធរប៉ូលិសក្រុងភ្នំពេញចាប់ឃាត់ខ្លួនមួយរយៈតាមកន្លែងផ្សេងៗគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ការចាប់ខ្លួនបន្ទាប់ពីក្រុមប្រជាពលរដ្ឋទាំងនេះបានចែកខិតប័ណ្ណនៅក្រុងភ្នំពេញដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការទប់ស្កាត់ការកាប់បំផ្លាញព្រៃឡង់។ ពួកគេអះអាងថាព្រៃទាំងនោះកំពុងទទួលរងការបំផ្លាញដោយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច។ កាលពីព្រឹកមិញសកម្មជនការពារព្រៃឈើប្រមាណជា៣០០ នាក់ មកពីខេត្តចំនួន១៤ ក្នុងនោះមួយចំនួនជាជនជាតិភាគតិចគួយបានធ្វើពិធីបន់ស្រន់ និងពិធីតាមប្រពៃណីនៃជនជាតិដើមនៅមុខព្រះអង្គដងកើក្នុងទីក្រុងភ្នំពេញដើម្បីបួងសួងសុំឲ្យវត្ថុសក្តិសិទ្ធិជួយថែរក្សាព្រៃដែលពួកគេពឹងអាស្រ័យនោះ។ បន្ទាប់ពីប្រារព្ធពិធីសាសនាអស់រយៈពេលពីរម៉ោង គឺនៅម៉ោងប្រមាណជា៩ព្រឹកសកម្មជនព្រៃឈើទាំងនោះបានចែកគ្នាជាក្រុមដើម្បីធ្វើការចែកខិតប័ណ្ណពណ៌ផ្ទៃមេឃនៅតាមភ្លើងស្ដុបចំនួនប្រាំបួនកន្លែង។ ខិតប័ណ្ណនោះបាននិយាយពីសារៈសំខាន់នៃព្រៃឡង់ និយាយពីការបំផ្លាញព្រៃឡង់ និងការអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការទប់ស្កាត់ការបំផ្លាញព្រៃនេះជាពិសេសតាមរយៈការបញ្ចប់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច។ ប្រជាពលរដ្ឋទាំងនេះនិយាយថា ក្រុមហ៊ុនជាដើមហេតុនៃការកាប់បំផ្លាញព្រៃដ៏កម្រនេះ។ ក៏ប៉ុន្ដែបន្ទាប់ពីក្រុមប្រជាពលរដ្ឋចែកខិតប័ណ្ណទាំងនោះបានបន្ដិចក្រុមប៉ូលីសក៏បានចាប់ប្រមូល និងនាំខ្លួនពួកគេយកទៅសាកសួរ។ ក្រុមមន្ដ្រីសិទ្ធិមនុស្សដែលបានតាមឃ្លាំមើលសកម្មភាពរបស់ប្រជាពលរដ្ឋអ្នកតវ៉ាទាំងនេះបានឲ្យដឹងថា ប៉ូលីសក្រុងភ្នំពេញបានឃាត់ខ្លួនក្រុមប្រជាជានអស់រយៈពេលប្រមាណជាពីរម៉ោងនៅតាមកន្លែងនិមួយៗ។ អ្នកស្រី លឹង ភីន សកម្មជនការពារព្រៃឈើម្នាក់បាននិយាយថា ប៉ូលីសចាត់ទុកថា ការចែកខិតប័ណ្ណទាំងនោះធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖ «ខិតប័ណ្ណ ដែលយើងចែកឲ្យអ្នកដំណើរតាមផ្លូវនោះ គេដកយកមកទុក ហើយគេថា យើងធ្វើនេះ ដើម្បីផ្សព្វផ្សាយផលបះពាល់អំពីព្រៃឡង់ វាខូចបរិស្ថានតាមដងផ្លូវ។ ប៉ូលីសគេនិយាយអញ្ចឹង ហើយពួកខ្ញុំថា ពួកខ្ញុំកើតនៅសហគមន៍។ ហើយគេថា គេមិនចង់ដឹងរឿងព្រៃឡង់អីទេ។ ពួកខ្ញុំ មានកំហុសអី គ្រាន់តែចាំគ្នាប៉ុណ្ណឹង។ គាត់ ថាមិនបាច់ចង់ចេះចង់ដឹងអីទេ ពួកមេក្បាលរុយ ក្បាលខៀវ មេក្បាលខៀវ ថាចឹង»។ ក្រុមប៉ូលីសបានព្យាយាមសួរដេញដោលស្វែងរកមេដឹកនាំចលនាប្រជាពលរដ្ឋនេះ ហើយបានព្យាយាមស្វែងរកប្រភពមូលធនសម្រាប់ធ្វើការបោះពុម្ពខិតប័ណ្ណទាំងនេះ។ នេះបើផ្អែកតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ។ លោកតឹក លីឡាញ់ សកម្មជនព្រៃឈើម្នាក់ទៀតមានប្រសាសន៍ថា ក្រុមប៉ូលីសព្រមានថា ការចែកខិតប័ណ្ណរបៀបនេះត្រូវតែជូនដំណឹងដល់អាជ្ញាធរជាមុន។ លោកថ្លែងថា៖ «គេហាមថា លើកក្រោយមុននឹងធ្វើអី ត្រូវប្រាប់សមត្ថកិច្ចគេ។ គេមានទីលាន ឲ្យ!....ឲ្យ...នៅទីលានប្រជាធិបតេយ្យនៅវត្តភ្នំ»។ លោកឧត្តមសេនីយត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញមិនអាចទាក់ទងបានទេដោយសារតែទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ រីឯស្នងការនគរបាលរាជធានីភ្នំពេញមួយចំនួនដែលត្រូវបានទាក់ទង សុទ្ធតែបានបង្វែរសំណួរទៅកាន់លោកទូច ណារ៉ុថ។ លោកឧត្តមសេនីយឯកខៀវ សុភគ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា លោកមិនអាចធ្វើសេចក្ដីអត្ថាធិប្បាយណាមួយក្នុងករណីនេះទេ។ លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានហៅថា នេះគឺជាការរំលោភលើសិទ្ធិប្រជាពលរដ្ឋកម្ពុជា។ លោកបន្តថា៖ «វាជាការបះពាល់ដល់សិទ្ធិបុគ្គល សិទ្ធិពលរដ្ឋ និយាយរួមសិទ្ធិជនជាតិដើមភាគតិច ដែលយើងកំពុងតែលើកដំកើងផង»។ ដោយឡែកអង្គការការពារសិទ្ធិមនុស្សចំនួនបីគឺអង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍រួមនៅល្ងាចនេះបានចាត់ទុកថា ប៉ូលីសបានរំលោភលើសិទ្ធិសេរីភាពរបស់ក្រុមសកម្មជនព្រៃឈើ ជាពិសេសសិទ្ធិបញ្ចេញមតិស្ដីពីកង្វល់របស់ពួកគេ។ អង្គការទាំងបីបានអំពាវនាវសុំឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការចាប់ខ្លួនក្រុមអ្នកតវ៉ាតទៅទៀត។ ព្រៃឡង់គឺជាព្រៃដ៏ធំ និងក្រាស់តជាប់គ្នាក្នុងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។ខិតប័ណ្ណរបស់ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ព្រៃនេះជាជម្រកសត្វព្រៃចំនួន២៧ប្រភេទ និងមានរុក្ខជាតិជិតផុតពូជជាង២០ ប្រភេទ។ កាលពីខែឧសភាក្រុមសហគមន៍ការពារព្រៃឡង់បានធ្វើការតវ៉ាម្ដងហើយក្នុងក្រុងភ្នំពេញ ប៉ុន្ដែការតវ៉ារបស់ពួកគាត់មិនបានធ្វើឲ្យរដ្ឋាភិបាលចាប់អារម្មណ៍នោះទេ៕ This posting includes an audio/video/photo media file: Download Now |
សាលាក្រុងផ្តល់ប្លង់កម្មសិទ្ធិដីដល់អ្នកបឹងកក់ Posted: 18 Aug 2011 11:24 AM PDT ប្រជាពលរដ្ឋបឹងកក់ប្រមាណ ៨០០នាក់បានជួបសំណេះសំណាលជាមួយអភិបាលក្រុងភ្នំពេញ លោកកែប ជុតិមា នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍នេះ។ លោកអភិបាលក្រុងបានថ្លែងប្រាប់ប្រជាពលរដ្ឋទាំងនោះកុំឲ្យមានការភ័យខ្លាចអំពីការបណ្តេញចេញ ដោយសាលារាជធានីភ្នំពេញនឹងចាប់ផ្តើមផ្តល់ប័ណ្ណកម្មសិទ្ធិលើដីធ្លីដល់ប្រជាពលរដ្ឋបឹងកក់ប្រមាណ៨០០គ្រួសារ។ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់ដីឲ្យប្រជាពលរដ្ឋបឹងកក់ ធ្វើជាកម្មសិទ្ធិហើយនឹងធ្វើការសាងសង់ផ្ទះសម្បែងយ៉ាងសប្បាយ ប៉ុន្តែគោរពតាមបទដ្ឋានសាងសង់ និងកុំភ្លេចបង់ពន្ធអចលនទ្រព្យ។ លោកថ្លែងថា៖ «ខ្ញុំមានគណៈកម្មការធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនភ្លាម នៅថ្ងៃច័ន្ទ។ ខ្ញុំសូមឲ្យបងប្អូនត្រៀមលក្ខណៈសហការជាមួយគណៈកម្មការព្រោះយើងបានវាស់រួចហើយ។ បងប្អូនរួមគ្នាដើម្បីបង្កើនល្បឿននៃការធ្វើកម្មសិទ្ធិនេះឲ្យលឿន។ នេះជាទ្រព្យសម្បត្តិផ្លូវការរបស់បងប្អូនហើយ»។ អ្នកស្រី ទេព វណ្ណី ដែលជាតំណាងសហគមន៍បឹងកក់ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងផ្ទះសម្បែងដល់អ្នកភូមិបឹងកក់ ប៉ុន្តែអាជ្ញាធរ និងសហគមន៍បឹងកក់នឹងត្រូវបន្តការពិភាក្សាគ្នាពីនីតិវីធីផ្សេងៗសម្រាប់ការកសាងលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកស្រីមានប្រសាសន៍ថា៖ «កម្មសិទ្ធិនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលប្រឈមនឹងការបណ្តេញចេញឥតឈប់ឈរ។ កាលណាពួកខ្ញុំ បានប្លង់រឹង កម្មសិទ្ធិនេះហើយ សម្រាប់តកូនតចៅជាអមតៈ ពួកខ្ញុំមានសុវត្ថិភាពដីធ្លី និងផ្ទះសម្បែងរបស់ពួកយើងខ្ញុំទាំងអស់នេះ»។ ដូចគ្នានេះដែរ អ្នកស្រី វង្ស សុខហេង អាយុ៤៤ រស់នៅភូមិ៦ នៃសហគមន៍បឹងកក់ បាននិយាយថា អ្នកភូមិបឹងកក់បានខំប្រឹងធ្វើបាតុកម្មដោយទទួលរងនូវការបង្ក្រាប ការវាយដុំ ការចាប់ឃុំឃាំងពីសំណាក់អាជ្ញាធរក្រុងកន្លងមកនេះ ដើម្បីទទួលបានប្លង់កម្មសិទ្ធិតែប៉ុណ្ណោះ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖ «អ្វី ដែលប្រជាពលរដ្ឋចង់បានគឺអភិវឌ្ឍន៍នៅនឹងកន្លែង ហើយសុំឲ្យមានប្លង់កម្មសិទ្ធិ។ ដល់ពេលឥឡូវ គាត់ថានៅថ្ងៃច័ន្ទ គេចុះធ្វើប្លង់កម្មសិទ្ធិឲ្យ។ អញ្ចឹង ប្រជាពលរដ្ឋអត់មានធ្វើបាតុកម្មដូចមុនទៀតទេ។ប្រជាពលរដ្ឋយើងសប្បាយចិត្ត និងត្រៀមខ្លួនធ្វើប្លង់កម្មសិទិ្ធ»។ អ្នកស្រី អ៊ុំ សុខន អាយុ៦០ឆ្នាំ រស់នៅភូមិ៦ នៃសហគមន៍បឹងកក់ បាននិយាយថា ប្លង់កម្មសិទ្ធិនេះមានសារៈសំខាន់សម្រាប់ជីវិតក្រុមគ្រួសាររបស់អ្នកស្រី ហើយអ្នកស្រីលែងមានការភ័យខ្លាចអំពីការបណ្តេញចេញ ឬការរឹបអូសយកដោយក្រុមហ៊ុនទៀតហើយ។ អ្នកស្រីបន្តថា៖ «ខ្ញុំរង់ចាំប្លង់កម្មសិទ្ធិនេះយូរហើយ ដើម្បីឲ្យដឹងថា ផ្ទះនេះគឺជាផ្ទះរបស់ខ្ញុំពិតប្រាកដ។ ដីនេះគឺជាដីរបស់ខ្ញុំពិតប្រាកដ។ ខ្ញុំមានការត្រេកអរត្រង់ហ្នឹង។ កាលពីមុន យើងនៅដូចជាថាមិនដឹងថ្ងៃណារដ្ឋរឹបអូស។ ដល់ពេលដែលគាត់បានប្រគល់ប្លង់កម្មសិទ្ធិឲ្យយើងខ្ញុំ យើងខ្ញុំត្រេកអរ»។ លោកដួង គា អាយុ៤៣ឆ្នាំ រស់នៅភូមិ២២ បាននិយាយថា នៅពេលអ្នកភូមិបឹងកក់មានប្លង់កម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងរបស់ខ្លួន អ្នកភូមិបឹងកក់មានដើមទុនមួយសម្រាប់ធ្វើការប្តឹងទៅតុលាការ បើដីធ្លីរបស់ខ្លួនត្រូវបានរឹបអូសដោយខុសច្បាប់នោះ។ លោកដួង គាថ្លែងថា៖ «ឯកឧត្តម កែប ជុតិមា ប្រឹងប្រែងវាស់វែងធ្វើប្លង់កម្មសិទ្ធិ នៅថ្ងៃច័ន្ទ ចែកជូនប្រជាពលរដ្ឋ ដែលនៅសេសសល់៨០០គ្រួសារនេះ ហាក់បីដូចជាសប្បាយផងលាយឡំនឹងទុក្ខក្រៀមក្រមផង ព្រោះថា អ្វីក៏ដោយ ដែលយើងមិនទាន់ឃើញច្បាស់ យើងកុំទាន់សប្បាយ។ យើងកុំទាន់អរ។ កាលណាយើងឃើញច្បាស់ និងបានកាន់កាប់នៅនឹងដៃហើយ ទើបយើងមានសេចក្តីសប្បាយរីករាយ និងមានការជូនពរ ដល់ឯកឧត្តមដែលមានគតិបណ្ឌិត»។ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានបញ្ជាក់ថា លោកនឹងឃ្លាំមើលដំណើរចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋបឹងកក់នេះ។ លោកបានប្រាប់វិអូអេខ្មែរថា៖ «យើងអបអរសាទរចំពោះប្រសាសន៍របស់ឯកឧត្តមកែប ជុតិមា ដែលបានសន្យាជាមួយប្រជាពលរដ្ឋ នឹងពន្លឿនការចេញប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋបឹងកក់នេះ ហើយយើងនឹងឃ្លាំមើលអំពីដំណើរការនេះ ហើយយើងសង្ឃឹមថា ដំណើរការនេះនឹងមិនធ្វើឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់ ជាពិសេសអ្នកក្រីក្រខកចិត្តទេ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យចុះថ្ងៃទី១១ ខែសីហា ដើម្បីប្រគល់ដីទំហំ១២,៤៤ហិចតាដល់អ្នកភូមិបឹងកក់ប្រមាណ៨០០គ្រួសារសម្រាប់កសាងផ្ទះសម្បែង បន្ទាប់ពីធនាគារពិភពលោកបានបង្កកមូលនិធិដល់ប្រទេសកម្ពុជាទាក់ទងនឹងការបណ្តេញអ្នកភូមិបឹងកក់់៕ This posting includes an audio/video/photo media file: Download Now |
ការជំរុញប្រឆាំងអំពើពុករលួយរបស់កម្ពុជាធ្វើឲ្យក្រុមហ៊ុនបស្ចិមប្រទេសឈឺក្បាល Posted: 17 Aug 2011 03:44 PM PDT កាលពីដើមខែនេះរដ្ឋាភិបាលកម្ពុជាបានប្រកាសថា រដ្ឋាភិបាលបានដាក់ឲ្យនៅក្រៅច្បាប់ការបង់ប្រាក់រត់ការទៅមន្ត្រីស៊ីវិល ជាផ្នែកមួយនៃការជំរុញប្រឆាំងអំពើពុករលួយ។ ប៉ុន្តែទង្វើនេះបានបង្កើតបញ្ហាថ្មីទៀត ដែលបានរំខានស្ថាប័នពាណិជ្ជកម្មបស្ចិមប្រទេសដែលដំណើរការនៅក្នុងប្រទេស។ សម្រាប់រដ្ឋាភិបាល នេះគ្រាន់តែជាការប្រកាសបន្តិចបន្តួចប៉ុណ្ណោះ។ ចាប់តាំងពីថ្ងៃទី១ខែសីហា ការប្រព្រឹត្តិអំពើពុករលួយដែលមានចែងក្នុងច្បាប់ពីរផ្សេងគ្នា បានត្រូវដាក់ឲ្យអនុវត្ត។ សម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញ នេះគឺជាជំហានមួយទៀតលើមាគ៌ាប្រឆាំងអំពើពុករលួយ។ បញ្ហាគឺថាជំហាននេះបានដាក់ឲ្យនៅក្រៅច្បាប់ការបង់ប្រាក់ថ្លៃរត់ការដែលជាការបង់ប្រាក់មួយដែលតែងតែកើតមានក្នុងការធ្វើការរកស៊ីក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាព។ បុគ្គលណាដែលបង់ប្រាក់នោះនឹងត្រូវជាប់ពន្ធនាគារដប់ឆ្នាំឯបុគ្គលដែលទទួលនឹងជាប់ពន្ធនាគារ១៥ឆ្នាំ។ ប៉ុន្តែតើប្រាក់រត់ការនេះគឺជាអ្វីដែរ? លោក Matthew Rendall ជាដៃគូគ្រប់គ្រងក្រុមហ៊ុនមេធាវី Sciaroni & Associates នៅទីក្រុងភ្នំពេញបានពន្យល់ថា៖ «ប្រាក់រត់ការគឺជាប្រាក់ដែលជាទូទៅបង់ឲ្យមន្ត្រីរដ្ឋាភិបាលជាន់ទាបឲ្យជួយធ្វើការងារដែលពួកគេត្រូវធ្វើ។ គ្មានអត្ថប្រយោជន៍ហើយក៏គ្មានអំពើខុសច្បាប់ណាមួយត្រូវបានប្រព្រឹត្តនោះទេ។ ហើយជាទូទៅអ្នកត្រូវបង់ប្រាក់នេះដើម្បីធ្វើការរកស៊ីស្របច្បាប់»។ លោក Rendall និយាយថាប្រាក់រត់ការនេះមិនហួសប្រមាណនោះទេ ហើយជាទម្លាប់អ្នករកស៊ីតែងតែបង់វា។ «វាជាប្រាក់មួយកាក់មួយសេនដែលរកបានប្រចាំថ្ងៃ សម្រាប់បង្គ្រប់បន្ថែមប្រាក់ខែរបស់មន្ត្រីរដ្ឋាភិបាល ដែលអ្នកដឹងហើយថា ប្រាក់ខែរបស់ពួកគេមិនគ្រប់គ្រាន់ទេ។ វាអាចមានតម្លៃពីរដុល្លារសម្រាប់ពាក្យដាក់សុំមួយ ប្រាំដុល្លារសម្រាប់ការដាក់ពាក្យ និម្ភៃដុល្លារសម្រាប់ការបំពេញបែបបទពន្ធប្រចាំខែរបស់អ្នក»។ យើងក៏អាចនិយាយម្យ៉ាងទៀតថា នេះជាប្រាក់បង់សម្រាប់រត់ការក្រដាសស្នាម។ វាមិនមែនជាប្រាក់សំណូកនោះទេ។ វាជាប្រភេទប្រាក់ដែលក្នុងប្រទេសដទៃត្រូវបានគេបង់ដើម្បីធ្វើលិខិតឆ្លងដែនថ្មីឬក៏ចេញប័ណ្ណអនុញ្ញាត។ ភាពខុសគ្នាគឺនៅត្រង់ថាប្រទេសដទៃដាក់តម្លៃទាំងនោះនៅក្នុងតារាង ហើយចេញជាវិក័យប័ត្រឲ្យ។ នៅប្រទេសកម្ពុជាគឺថាអតិថិជនបង់ប្រាក់ឲ្យមន្ត្រីស៊ីវិល ដែលដាក់ប្រាក់នេះទៅក្នុងហោប៉ៅពួកគេផ្ទាល់។ ជាយូរណាស់មកហើយ មន្ត្រីស៊ីវិលកម្ពុជាបានពឹងអាស្រ័យលើប្រាក់រត់ការដោយសារតែប្រាក់ខែរបស់ខ្លួនគឺក្បែរ៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ពួកគេគិតថាវាជាប្រាក់ខែទាបខ្លាំងណាស់សម្រាប់រស់នៅ។ លោក Stephen Higgins នាយកប្រតិបត្តិធនាគារ ANZ Royal ដែលធនាគារដ៏ធំរបស់អូស្ត្រាលីឈ្មោះ ANZ ជាម្ចាស់មួយផ្នែកនៃធនាគារសាខានេះ។ លោកពន្យល់ថាហេតុអ្វីបានជាការដាក់ឲ្យខុសច្បាប់ប្រាក់រត់ការគឺជាបញ្ហា។ «វាជាបញ្ហាចម្បងសម្រាប់ការរកស៊ីដោយសារ តាមទ្រឹស្តី បើសិនអ្នករកស៊ីណាបង់ប្រាក់រត់ការនេះ ពួកគេអាចប្រឈមនឹងការផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌហើយអ្នកដែលបង់ប្រាក់នេះនឹងប្រឈមនឹងការជាប់ពន្ធនាគារប្រាំឆ្នាំឬច្រើនជាងនេះ។ ហើយសម្រាប់របររកស៊ីដូចយើងខ្ញុំ បើយើងត្រូវបង់ប្រាក់រត់ការនេះទៅមន្ត្រីស៊ីវិលទាំងនោះ អញ្ចឹងតាមទ្រឹស្តីគឺខ្ញុំអាចនឹងប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេសកម្ពុជា ប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។ ហើយខ្ញុំពិតជាមិនចង់ឲ្យរឿងនេះកើតមកលើខ្ញុំឡើយ»។ ខណៈដែលរដ្ឋាភិបាលកម្ពុជាទំនងជាមិនកាត់ទោសអ្នកវិនិយោគដែលបង់ប្រាក់រត់ការនេះ ក៏ប៉ុន្តែការដាក់ឲ្យនៅក្រៅច្បាប់ចំពោះការបង់ប្រាក់នេះបានធ្វើឲ្យមានការអនុវត្តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយនៅបណ្តាប្រទេសលោកខាងលិច។ ច្បាប់របស់សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី អនុញ្ញាតឲ្យក្រុមហ៊ុនបង់ប្រាក់បែបនេះ តែក្នុងករណីណាដែលការបង់ប្រាក់នេះមិនខុសច្បាប់។ ឥឡូវ ការបង់ប្រាក់នេះគឺខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយក្រុមហ៊ុនអាមេរិកនិងអូស្ត្រាលីណាមួយដែលបង់ប្រាក់រត់ការនេះ នឹងប្រឈមមុខការកាត់ទោសនៅក្នុងប្រទេសដើមរបស់ខ្លួន។ លោក Rendall និយាយថា លទ្ធផលគឺក្រុមហ៊ុនបស្ចិមប្រទេសមិនអាចប្រថុយប្រថានបង់ប្រាក់រត់ការទៀតទេ។ លោកនិយាយថា ជាយូរណាស់មកហើយ អ្នកវិនិយោគ បានស្នើសុំរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតប្រព័ន្ធនេះដោយមានជាតារាងតម្លៃនិងចេញជាវិក័យប័ត្រ។ ឥឡូវនេះគឺមានភាពបន្ទាន់ណាស់ក្នុងការធ្វើបែបនេះ។ «ខ្ញុំចង់មានន័យថា ពួកយើងកំពុងតែវីវក់ធ្វើឲ្យរដ្ឋាភិបាលចាប់ផ្តើមពង្រឹងការអនុវត្តនេះ ដើម្បីឲ្យយ៉ាងហោចណាស់ រាល់ការបង់ប្រាក់ទាំងអស់ត្រូវបានគេរាយក្នុងតារាងនិងចេញវិក័យប័ត្រឲ្យ»។ នៅពេលដែល តម្លៃទាំងនោះស្របច្បាប់ ក្រុមហ៊ុនបស្ចឹមប្រទេសនឹងអាចចាប់ផ្តើមបង់ប្រាក់នេះទៀត។ ប៉ុន្តែ ស្វែងរកវិធានការដែលរដ្ឋាភិបាលនឹងចាត់ ជារឿងពិបាក។ គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់បានឆ្លើយតបសំណើជាច្រើនលើកសុំការបំភ្លឺលើគោលនយោបាយនេះឡើយ។ ភាពស្រពេចស្រពិលបែបនេះ បានបង្អាក់អ្នកវិនិយោគមកពីបស្ចិមប្រទេស ហើយបានបង្កើតជាផលប៉ៈពាល់ហើយដែរ។ កាលពីខែមុន ក្រុមហ៊ុនដឹកជញ្ជូន FedEx បាននិយាយថា គេនឹងមិនបញ្ជូនសម្ភារៈណាដែលមានតម្លៃលើសពីបីរយដុល្លារ ដរាបណារដ្ឋាភិបាលចេញតារាងតម្លៃសម្រាប់សម្ភារៈដែលមានតម្លៃច្រើនជាង។ លោក Matthew Rendall និយាយថា ជាយថាហេតុ ស្ថានភាពនេះអាចបង្រួមបរិយាកាសពាណិជ្ជកម្មដើម្បីទុកឱកាសឲ្យអ្នកវិនិយោគពីអាស៊ី។ «ប្រទេសណាដែលមានច្បាប់ប្រឆាំងអំពើពុករលួយនៅបរទេស ដូចជាសហរដ្ឋអាមេរិក ប្រទេសលោកខាងលិច ជាដើម កំពុងស្ថិតក្នុងស្ថានភាពចាញ់ប្រៀបខ្លាំងបំផុត។ ដូច្នេះ ផលប៉ៈពាល់ដែលមានគឺថា តើជាគោលការណ៍ ស្ថានភាពនេះនឹងធ្វើឲ្យប្រទេសកម្ពុជាមានអំណោយផលផ្តាច់មុខដល់តែអ្នកវិនិយោគប្រភេទចិននិងវៀតណាមដែលប្រទេសទាំងនោះមិនភ័យនឹងប្រឈមមុខជាមួយការកាត់ទោសនៅក្នុងប្រទេសរបស់ខ្លួន និងដែលមិនចូលក្នុងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍? ប្រាកដណាស់ វាជាការព្រួយបារម្ភ ហើយវាត្រូវបានគេលើកឡើង»។ ទោះជាលទ្ធផលនេះមិនត្រូវបានគេមើលឃើញថាជាគោលបំណងរបស់ច្បាប់នេះលោក Rendall និយាយថា វាអាចជាផលវិបាកដែលមិនបានមើលឃើញទុកជាមុនប្រសិនបើរដ្ឋាភិបាលមិនស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ៕ ប្រែសម្រួលដោយ លោក បូរី ស៊ីលីវណ្ណ This posting includes an audio/video/photo media file: Download Now |
ស្នាដៃសំរិទ្ធខ្មែរបញ្ចប់ការដាក់តាំងបង្ហាញនៅសហរដ្ឋអាមេរិក Posted: 17 Aug 2011 05:13 PM PDT ថ្ងៃអាទិត្យទី១៤ខែសីហាកន្លងមកនេះគឺជាថ្ងៃចុងក្រោយនៃការដាក់តាំងពិព័រណ៌«អាទិទេពនៃក្រុងអង្គរ»។ វាមានរយៈកាលជាងមួយឆ្នាំហើយដែលពិព័រណ៌រូបចម្លាក់សំរិទ្ធពីសម័យអង្គរនេះត្រូវបានដាក់បង្ហាញជូនសាធារណជនទស្សនានៅសហរដ្ឋអាមេរិក។ ពិព័រណ៌នេះគឺចាប់ផ្តើមដាក់បង្ហាញជាលើកដំបូងតាំងពីថ្ងៃទី១៥ខែឩសភាឆ្នាំ២០១០ដល់ថ្ងៃទី២៣ខែមករាឆ្នាំ២០១១នៅវិចិត្រសាល Arthur M. Sackler, រដ្ឋធានី Washington DC។បន្ទាប់មកក្រុមអភិរក្សបានបញ្ជូនរូបចម្លាក់សំរិទ្ធទាំងអស់នេះទៅ សារមន្ទីរ J. Paul Getty នៅទីក្រុងLos Angeles រដ្ឋCaliforniaជូនដល់សាធារណជនទស្សនាជាពិសេសជនជាតិខ្មែរអាមេរិកាំងដែលរស់នៅទីក្រុងLong Beach ជិតក្រុង Los Angeles។ ការដាក់តាំងជាសាធារណៈនៅសារមន្ទីរGetty គឺចាប់ផ្តើមតាំងពីថ្ងៃទី២២ខែកុម្ភៈដល់ថ្ងៃទី ១៤ខែសីហានេះ ហើយនៅពេលបញ្ចប់រូបចម្លាក់សំរិទ្ធទាំងនេះនឹងត្រូវបញ្ជូនទៅសារមន្ទីរជាតិនៅទីក្រុងភ្នំពេញវិញ។ លោក Jeffery Weaver, ជាអភិរក្សរូបចម្លាក់និងសិល្បៈលម្អរបស់សារមន្ទីរ Gettyបានប្រាប់ឱ្យដឹងពីគម្រោងដំបូងនៃការរៀបចំពិព័រណ៌នេះថា៖ «ពីដំបូងខាងវិចិត្រសាល Freer and Sackler និងសារមន្ទីរជាតិនៅប្រទេសកម្ពុជាបានរៀបចំជាគម្រោងអភិរក្សចម្លាក់លោហធាតុហើយពួកគេបានស្នើសុំជំនួយជាថវិកាពីមូលនិធិ Getty ។ ពួកគេទទួលបានតាមការស្នើសុំ។ បន្ទាប់មកគេបានជ្រើសយកអភិរក្សដើម្បីទៅបង្រៀនអភិរក្ស៥នាក់ទៀតនៅប្រទេសកម្ពុជាពីរបៀបថែរក្សានិងអភិរក្សវត្ថុសំរិទ្ធទាំងអស់នេះហើយគម្រោងនេះមានដំណើរការទៅមុខល្អរហូតមកដល់ពេលបច្ចុប្បន្ន។ បន្ទាប់មកគេក៏គិតថារៀបចំជាពិព័រណ៌នេះឡើងដើម្បីបង្ហាញនូវសមិទ្ធិផលរូបចម្លាក់សំរិទ្ធទាំងនេះដែលគេបានព្យាយាមថែរក្សា»។ <!--IMAGE--> នៅឯទីក្រុង Los Angeles សារមន្ទីរ Getty បានរៀបចំកម្មវិធីជាច្រើនទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរដែលមានដូចជាការដើរទស្សនារូបចម្លាក់សំរិទ្ធជាមួយមគ្គុទេសក៏ ការប្រជុំនិយាយពីបៀបអភិរក្សរូបសំរិទ្ធ ថ្នាក់បង្រៀនពីសិល្បៈវប្បធម៌សាសនាខ្មែរម្ហូបអារហារខ្មែរ និងកម្មវិធី«គ្រួសារ»ដែលបង្ហាញនូវចម្រៀងសម័យទសវត្សរ៍១៩៦០ និង១៩៧០ និង របាំបុរាណនិងប្រពៃណីខ្មែរ។ សិក្ខាសាលាចុងក្រោយបង្អស់គឺមានឈ្មោះថា«ភាពរុងរឿងនៃអង្គរ» ដែលជាការរៀបចំរបស់ សារមន្ទីរ Norton Simon រួមជាមួយ សារមន្ទីរ J. Paul Getty។ សិក្ខាសាលានេះគឺចែកចេញជាពីរផ្នែក។ ថ្ងៃទីមួយគឺធ្វើឡើងនៅសារមន្ទីរNorton Simonនិងទីពីរគឺនៅសារមន្ទីរGetty នេះផ្ទាល់។ លោកស្រីបណ្ឌិត Melody Rod-ari ជាអភិរក្សរងសិល្បៈអាស៊ីនៃសារមន្ទីរNorton Simonបានឱ្យដឹងពីភាពខុសគ្នានៃថ្នាក់បង្រៀនទាំងពីរថ្ងៃនេះថា៖ «កាលពីនៅសារមន្ទីរ Norton Simon យើងដើរកាត់តាមកន្លែងតាំងបង្ហាញរូបហើយនិយាយពីប្រវត្តិនៃសិល្បៈរបស់ព្រហ្មណ្ឌសាសនានិងព្រះពុទ្ធសាសនានៅបណ្តាប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ប៉ុន្តែថ្ងៃនេះ(នៅសារមន្ទីរGetty) យើងនិយាយផ្តោតតែពីលក្ខណៈសំខាន់ៗរបស់ទីកន្លែងមួយប៉ុណ្ណោះគឺអង្គរវត្ត»។ លោកស្រីក៏បានបញ្ជាក់ឱ្យដឹងពីអ្វីដែលលោកស្រីចង់ឱ្យអ្នកចូលរួមសិក្ខាសាលាយល់ដឹងថា៖ «ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាយល់ពីសារៈសំខាន់របស់ប្រាសាទអង្គរវត្តចំពោះ ប្រវត្តិសិល្បៈនិងវប្បធម៌ខ្មែរពីព្រោះវាជាកន្លែងដែលត្រូវបានគេប្រើប្រាស់រហូតតាំងពីពេលដែលប្រាសាទនេះត្រូវបានកសាងនៅសតវត្សរ៍ទី១២មកទល់ពេលបច្ចុប្បន្ន»។ សិក្ខាសាលាចុងក្រោយនេះ មានអ្នកចូលរួមប្រហែល២៥នាក់។ លោកស្រី Patricia Good ជាអ្នកចូលទស្សនាមកពីទីក្រុង Los Angeles បានឱ្យដឹងពីចំណាប់អារម្មណ៍របស់លោកស្រីថា៖ «ខ្ញុំបានទៅចូលរួមទាំងពីរថ្ងៃហើយគិតថាការបង្រៀនទាំងពីរនេះមានលក្ខណៈប្លែកគ្នាហើយផ្តល់នូវព័ត៌មានដែលខ្ញុំមិនដែលដឹងពីមុនមក។ គ្រួសារខ្ញុំនិងខ្ញុំបានរៀបចំគម្រោងទៅលេងប្រាសាទអង្គរវត្តដូច្នេះទើបខ្ញុំសម្រេចចិត្តចូលរៀនថ្នាក់នេះ»។ អភិរក្សរូបចម្លាក់និងសិល្បៈលម្អរបស់សារមន្ទីរ Getty លោក Jeffery Weaver ក៏សង្ឃឹមថានឹងមានការតាំងពិព័រណ៌របៀបនេះទៀតនៅថ្ងៃអនាគត៕ This posting includes an audio/video/photo media file: Download Now |
សភាជនភៀសនៅអាមេរិករៀបចំខួប៦០ឆ្នាំនៃសន្ធិសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ Posted: 17 Aug 2011 04:35 PM PDT «អ្នកប្រាជ្ញ Einstein ធ្លាប់ជាជនភៀសខ្លួន។ ខ្ញុំមានមោទនភាពជាជនភៀសខ្លួន»។ នេះជាប្រសាសន៍របស់លោក Harry Wu អតីតជនភៀសខ្លួនមកពីប្រទេសចិន។ ឆ្នាំនេះ ស្នងការជាន់ខ្ពស់អ.ស.ប.សម្រាប់ជនភៀសខ្លួនបានរៀបចំ Refugee Congress លើកទីមួយនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងអំឡុងខួប៦០ឆ្នាំនៃសន្ធិសញ្ញាជនភៀសខ្លួនអនុម័តក្នុងឆ្នាំ១៩៥១។ សាររបស់សភាជនភៀស Refugee Congress នេះលើកទឹកចិត្តឲ្យរដ្ឋាភិបាលក្នុងពិភពលោកស្វាគមន៍ជនភៀសខ្លួន ព្រោះថា ពួកគេអាចក្លាយជាអ្នកជួយសង្គមដែលផ្តល់ជម្រកដល់ពួកគេ។ កម្មវិធីនេះអនុញ្ញាតឲ្យគណៈប្រតិភូតំណាងជនភៀសខ្លួននិងអតីតជនភៀសខ្លួននៅស.រ.អ.នាំយកសេចក្តីប្រកាសរបស់គេជូនសភានិងព្រឹទ្ធសភាអាមេរិក។ <!--AV--> ពេលអញ្ជើញលោក Alejandro Mayorkas ឡើងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាថ្ងៃ៣ ខែសីហា លោក Vincent Cochetel អ្នកតំណាងប្រចាំតំបន់រំឭកថា៖ «Alejandro Mayorkas នាយកសេវាពលរដ្ឋ និងអន្តោប្រវេសន៍ស.រ.អ.ក៏ជាអតីតជនភៀសខ្លួនដែរ។ លោកប្រធានាធិបតីអូបាម៉ាតែងតាំងលោកកាលពីខែមេសាឆ្នាំ២០០៩។ លោកក៏មានឈ្មោះក្នុងបញ្ជីនេះដែរ»។ អតីតជនភៀសខ្លួនមកពីប្រទេសកុម្មុយនិស្តនេះបានបញ្ជាក់ពីប្រវត្តិរបស់លោកដោយរលីងរលោងទឹកភ្នែកថា៖ «ឪពុកម្តាយខ្ញុំនាំខ្ញុំពីនិងបងប្អូនពីប្រទេសគុយបាមកទីនេះក្នុងនាមជាជនភៀសខ្លួនក្នុងឆ្នាំ១៩៦០។ ហើយនៅ ដាដាប (Dadab) ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវកិច្ចការមនុស្សធម៌ដ៏ចាំបាច់របស់ស្នងការជាន់ខ្ពស់អ.ស.ប.សម្រាប់ជនភៀសខ្លួន»។ សមាជិកគណៈប្រតិភូសភាជនភៀសខ្លួន (Refugee Congress) ដែលបណ្តាញព័ត៌មានចាប់អារម្មណ៍ដែរនោះគឺតារាបង្ហាញម៉ូដ Alek Wek ជាសកម្មជនគាំទ្រជនភៀសខ្លួន និងជាអតីតជនភៀសខ្លួនមកពីប្រទេសស៊ូដង់។ <!--IMAGE--> «កាលណោះខ្ញុំបែកពីម្តាយខ្ញុំពីរឆ្នាំ ដោយមិនដឹងថា ថ្ងៃណាបានជួបវិញទេ។ យើងតស៊ូយ៉ាងវេទនាពេលសង្គ្រាមកាន់តែគ្រោះថ្នាក់ឡើងៗ។ មនុស្សស្លាប់បាត់ខ្លួន គ្មានអ្នកទទួលខុសត្រូវ គ្មានច្បាប់ គ្មានសុវត្ថិភាព គឺយើងឃុំឃាំងខ្លួនឯងក្នុងផ្ទះដើម្បីរស់»។ Alek បន្ថែមថា ការភ័យខ្លាចនៅតាមលងនាង ពេលនាងមកដល់ទឹកដីសុវត្ថិភាពថ្មីៗ។ «យល់សប្តិអាក្រក់ ភ្ញាក់ឡើងបែកញើសពេញខ្លួន។ សំងំបន្តិចទើបទប់អារម្មណ៍បានថា 'មិនអីទេ គ្មានអ្នកណាធ្វើបាបទេ។ អ្នកដឹងទេ ការភ័យខ្លាចនេះមិនអាចបាត់ភ្លាមៗទេ។ មួយរយៈក្រោយមក ទើបយើងមានអារម្មណ៍ថា ទីនេះជាផ្ទះរបស់យើង»។ Alek និយាយថា ជនភៀសខ្លួនរួមចំណែកជួយសង្គម។ «គេអាចជាវេជ្ជបណ្ឌិត គ្រូបង្រៀន មេធាវី អ្នកជំនួញ មិនមែនតែអ្នកបង្ហាញម៉ូដដូចខ្ញុំទេ។ ជនភៀសខ្លួនជួយអ្វីៗគ្រប់យ៉ាង ហើយមានចំណុចវិជ្ជមានរាប់មិនអស់ទេ»។ អតីតជនភៀសខ្លួនផ្សេងទៀតបានក្លាយជាសមាជិកសភា និងព្រឹទ្ធសភា ហើយខ្លះបានបង្កើតសមាគមជួយជនភៀសខ្លួនជំនាន់ក្រោយ។ ក្រៅពីជួយសង្គមដែលផ្តល់ជម្រកឲ្យខ្លួន ជនភៀសខ្លួនជាច្រើនមានគំនិតចែករំលែកសិទ្ធិសេរីភាព និងឱកាសដែលគេទទួលបាននៅអាមេរិក ឲ្យជនរួមជាតិរបស់គេ។ នាង Basmat Ahmed ភៀសខ្លួនពីសង្គ្រាម ការរើសអើងជាតិសាសន៍និងសាសនានៅ Darfur ប្រទេសស៊ូដង់ ក្នុងឆ្នាំ២០០៩។ «ខ្ញុំមានភ័ព្វសំណាងបានមកដល់អាមេរិក មានសេរីភាព សេចក្តីថ្លៃថ្នូរ និងមាន ឱកាសច្រើន។ តែវាមិនដូចស្រុកកំណើតទេ។ តាមពិតខ្ញុំរំពឹងថានឹងបានចូលសញ្ញាតិឆាប់ៗ តែមិនមែនគ្រាន់តែដើម្បីក្លាយជាអាមេរិកទេ គឺខ្ញុំចង់ជួយឲ្យមានការផ្លាស់ប្តូរក្នុងប្រទេសកំណើត»។ អតីតជនភៀសខ្លួនខ្មែរក៏លេចមុខមាត់ដោយសារបានជួយជនភៀសខ្លួនជំនាន់ក្រោយ។ លោក តូច សុខុម ជាអតីតទាហានម៉ារីនរបបលោកលន់ នល់។ ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចួលកាន់អំណាច លោកភៀសខ្លួនពីកំពង់សោមមកនៅ Portland រដ្ឋ Oregon និងបានសញ្ជាតិអាមេរិកនៅឆ្នាំ១៩៨២។ «ខ្ញុំភៀសខ្លួនចេញពីស្រុកខ្មែរ ព្រោះខ្មែរក្រហមចង់ចូលកន្លែងដែលខ្ញុំនៅ។ ម្តាយខ្ញុំដើររកខ្ញុំពេញបន្ទាយនៅរាម។ គាត់ស្មានតែខ្ញុំស្លាប់ហើយ។ មកដល់ដំបូងគ្មានអ្នកជួយទេ។ ជិះ bus (ឡានក្រុង) វង្វេងនៅ Portland រាប់ដងមិនអស់។ ឥឡូវកន្លែងខ្ញុំធ្វើការហ្នឹងមាន bus training (បង្រៀនរបៀបជិះឡានក្រុង) សម្រាប់ជនភៀសខ្លួនថ្មីៗ ឲ្យដឹងរបៀបជិះ bus (ឡានក្រុង) កុំឲ្យវង្វេងដូចខ្ញុំទៀត»។ នៅថ្ងៃទី៤សីហានេះ គណៈប្រតិភូតំណាងជនភៀសខ្លួន និងអតីតជនភៀសខ្លួនបាននាំយកសំណើរបស់គេជូនសភាស.រ.អ.។ ចំណុចសំខាន់ៗរួមមានសំណូមពរឲ្យស.រ.អ.បន្តទទួលជនភៀសខ្លួន និងការពារ សិទ្ធិជនភៀសខ្លួនទូទាំងសាកលលោក។ ក្រោយពីគណៈប្រតិភូចូលជួបសមាជិកសភា និងព្រឹទ្ធសភាស.រ.អ. លោក Vincent Cochetel មន្ត្រីស្នងការអ.ស.ប.សម្រាប់ជនភៀសខ្លួនបានឲ្យដឹងថា៖ «ថ្ងៃនេះគណៈប្រតិភូសភាជនភៀសខ្លួនកំពុងជួបជាមួយសមាជិកសភា និងព្រឹទ្ធសភាស.រ.អ.ចំនួន១០៣នាក់។ ជនភៀសខ្លួនកោតសរសើរកិច្ចប្រឹងប្រែងរបស់សហគមន៍ដែលផ្តល់ជម្រកឲ្យពួកគេ តែគេចង់ចូលរួមផ្តល់យោបល់ក្នុងការរៀបចំគម្រោងសម្រាប់ជនភៀសខ្លួន»។ លោកតូច សុខុមបានឲ្យដឹងថា៖ «គេបានប្តេជ្ញាថា នឹងនៅតែគាំទ្រជនភៀសខ្លួនដដែល និងបោះឆ្នោតផ្តល់ថវិកាសម្រាប់ជនភៀសខ្លួននៅស្រុកអាមេរិកនេះ»។ នៅថ្ងៃទីមួយ មុនសភាជនភៀសខ្លួនជួបសមាជិកសភា លោក Alejandro Mayorkas នាយកសេវាពលរដ្ឋ និងអន្តោប្រវេសន៍ស.រ.អ. បានសម្តែងក្តីបារម្ភថា៖ «ដូចអស់លោកបានដឹងតាមព័ត៌មានហើយថា យើងមានបញ្ហាថវិកា ដូច្នេះខ្ញុំមិនគិតថា យើងនឹងបានថវិកាច្រើនឡើងទេ ប្រហែលជាត្រូវកាត់បន្ថយ ដែលអាចប៉ះពាល់សេចក្តីត្រូវការរបស់ជនភៀសខ្លួន»។ នៅចុងបញ្ចប់កម្មវិធី គណៈប្រតិភូសភាជនភៀសខ្លួនទាំងអស់សុទ្ធតែទទួលបានលិខិតសរសើរ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៨ សីហា Posted: 18 Aug 2011 01:29 AM PDT រុស៊្សី៖ អតីតមេដឹកនាំសហភាពសូវៀត លោក មីកាអែល គរបាឆូវ បានទិតៀនរដ្ឋាភិបាលរុស្ស៊ី ហើយបានសម្ដែងសមានចិត្ដដែលប្រទេសនេះដើរថយក្រោយ ជិតពីរទសវត្សរ៍មកហើយ ក្រោយរដ្ឋប្រហារដែលនាំឲ្យដួលរលំសហភាពសូវៀត។ ស៊ីរី៖ សកម្មជននិយាយថា កងកម្លាំងសន្ដិសុខស៊ីរីបានចាប់ផ្ដើមការវាយសម្រុកថ្មី ហើយបានចាប់ឃុំមនុស្សជាង១២នាក់នៅក្រុងឡាតីគីយា មួយថ្ងៃក្រោយពីរដ្ឋាភិបាលបានប្រកាសថាខ្លួននឹងដកយោធាចេញពីដំបន់ផែសមុទ្រនោះ។ លីបង់៖ តុលាការស៊ើបអង្កេតគាំទ្រដោយអង្គការសហប្រជាជាតិលើករណីឃាតកម្មអតីតនាយករដ្ឋមន្ដ្រីលីបង់ Rafik Hariri បានផ្សព្វផ្សាយឲ្យដឹងអំពីការកាត់ទោសប្រឆាំងសមាជិក៤នាក់របស់អង្គការ ហេសបូលាហ ដោយរដ្ឋអាជ្ញានិយាយថាជាអ្នកដៃដល់ក្នុងការវាយប្រហារ។ ឥណ្ឌា៖ នាយករដ្ឋមន្ដ្រីឥណ្ឌា ម៉ាន ម៉ូហានសិញ ទិតៀនសកម្មជនធ្វើកូដកម្មបង្អត់អាហារដើម្បីប្រឆាំងអំពើពុករលួយថាមិនយល់សាច់រឿង ពេលដែលមានការតវ៉ាថ្មីៗធ្វើឡើងទូទាំងប្រទេស ដើម្បីប្រឆាំងអំពើពុករលួយនៅថ្ងៃទីពីរ។ តួកគី៖ រដ្ឋមន្ដ្រីក្រសួងការពារតួកគី Ismet Yilmaz បានសច្ចាថានឹងធ្វើការសងសឹកខ្លាំងដៃប្រឆាំងក្រុម Kurdistan Workers Party ដោយសារតែក្រុមនោះបានបើកការវាយប្រហារ ហើយសម្លាប់ទាហានទូរគី ៩នាក់នៅជិតព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់។ សហរដ្ឋអាមេរិក៖ ការស្ទង់មតិថ្មីមួយបង្ហាញថា ភាពក្រីក្រនៃកុមារភាពនៅសហរដ្ឋអាមេរិកកើនខ្ពស់នៅក្នុងរដ្ឋ៣៨ កាលពីទសវត្សរ៍មុន ពេលដែលដំណើរសេដ្ឋកិច្ចចុះដុនដាប។ សហរដ្ឋអាមេរិក៖ សេតវិមាននិយាយថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងបង្ហាញផែនការថ្មី ដែលនឹងកាត់បន្ថយអតិផរណា និងបង្កើតការងារធ្វើនៅខែក្រោយ បន្ទាប់ពីលោកនិងសភាវិលត្រឡប់ពីវិស្សមកាលរដូវក្ដៅវិញ។ ចិន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក ចូហ បៃឌិន បានមកដល់ប្រទេសចិន កាលយប់ថ្ងៃពុធ ដើម្បីធ្វើទស្សនកិច្ចប្រាំថ្ងៃ ក្នុងគោលដៅធានាដល់ប្រទេសចិន អំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចងស្ពានមេត្រីជាមួយមេដឹកនាំចិន ជំនាន់ក្រោយ។ សូម៉ាលី៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនិយាយថា កុមារជាតិសូម៉ាលីនៅក្នុងជំរំជនភៀសខ្លួនប្រទេសអេត្យូពីរង់ចាំការស្លាប់តាមអត្រាខ្ពស់គួរឲ្យខ្លាច។ លីប៊ី៖ ក្រុមបះបោរនៅក្នុងប្រទេសលីប៊ីបានផ្ដើមការវាយលុកចូលទៅក្នុងរោងចក្រចំរាញ់ប្រេងកាតនៅទីក្រុងមួយ នៅតំបន់ទិសខាងលិចទីក្រុងទ្រីប៉ូលី ក្នុងគោលដៅនឹងវាយបណ្ដេញកងកម្លាំងស្មោះត្រង់នឹងមេដឹកនាំ មូមារកាដាហ្វី ហើយនិងបន្ដចលនារុលទៅកាន់រដ្ឋធានី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |