VOA News: ព័ត៌មាន: “ទឹកជំនន់ស្រកនៅតំបន់ខ្លះតែបានសម្លាប់មនុស្សអស់៦នាក់” plus 3 more |
- ទឹកជំនន់ស្រកនៅតំបន់ខ្លះតែបានសម្លាប់មនុស្សអស់៦នាក់
- អ្នកភូមិអំពាវនាវរកថវិកាដើម្បីបន្តរឿងក្តីរំលោភដីធ្លី
- តុលាការសាកសួរមេអង្គរក្សលោកជាស៊ីមរឿងលាក់អាវុធនិងក្លែងឯកសារ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៥ សីហា
ទឹកជំនន់ស្រកនៅតំបន់ខ្លះតែបានសម្លាប់មនុស្សអស់៦នាក់ Posted: 15 Aug 2011 02:12 PM PDT ទឹកជំនន់ទន្លេមេគង្គនៅប្រទេសកម្ពុជាបានចាប់ផ្ដើមស្រកមកវិញហើយមកទល់នឹងថ្ងៃច័ន្ទនេះ ក៏ប៉ុន្ដែចំនួនជនរងគ្រោះស្លាប់ដោយការលង់ទឹកបានកើនឡើងដល់ចំនួនប្រាំមួយនាក់។ លោកម៉ៅ ហាក់ ប្រធាននាយកដ្ឋានជលសាស្ដ្ររបស់ក្រសួងធនធានទឹកនិងឧត្តុនិយមបញ្ជាក់ថា ទឹកជំនន់បានចាប់ផ្ដើមស្រកទាបជាងចំណុចប្រកាសអាសន្ននៅក្នុងខេត្តភាគឥសាន គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ហើយជាមួយគ្នានេះទឹកបានបន្ដឡើងខ្លះនៅផ្នែកខាងក្រោមនៃទន្លេមេគង្គ។ «នៅស្ទឹងត្រែងនៅព្រឹកនេះទឹកមានកម្ពស់១០,២៣ម៉ែត្រ។ វានឹងបន្ដស្រកនៅស្អែកហើយទឹកអាចធ្លាក់ចុះរហូតដល់ ៩,៩៥ម៉ែត្រ។ ហើយក្រចេះកម្ពស់ទឹកព្រឹកមិញគឺ ២១,៦១ម៉ែត្រ ហើយស្អែកអាចធ្លាក់មកត្រឹម២១,៤០ម៉ែត្រ។ នៅខេត្តកំពង់ចាមថ្ងៃនេះទឹកឡើងដល់១៥,២៤ម៉ែត្រ ក៏ប៉ុន្ដែវានឹងស្រកនៅល្ងាច ឬយប់នេះ ដោយឡែកស្ថានីយ៍នៅផ្នែកខាងក្រោមតាមទន្លេបាសាក់ក្ដី ទន្លេមេគង្គក្រោមក្ដីនឹងបន្ដឡើងពីរឬបីថ្ងៃទៀត»។ ទឹកជំនន់ទន្លេមេគង្គបានចាប់ផ្ដើមលិចលង់នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ នៅខេត្តក្រចេះ ទឹកបានជន់លិចក្នុងឃុំចំនួន៣២ ក្នុងស្រុកសម្បូរ ស្រុកព្រែកប្រសព្វ ឆ្លូង ចិត្តបុរី និងក្រុងក្រចេះ។ រីឯនៅខេត្តស្ទឹងត្រែងឃុំចំនួន១៨ ត្រូវបានលិចលង់ ក្នុងស្រុកសេសាន ស្រុកសៀមបូក ស្រុកសៀមប៉ាង ក្រុងស្ទឹងត្រែងនិងស្រុកថាឡាបរិវ៉ាត់។ ជាមួយនេះដែរស្រុកក្រូចឆ្មារ ស្ទឹងត្រង់ ត្បូងឃ្មុំ កងមាស ស្រីសន្ធរ និងស្រុកកំពង់សៀម របស់ខេត្តកំពង់ចាមកំពុងទទួលរងជំនន់ទន្លេមេគង្គបន្ទាប់ពីខេត្តទាំងពីរបានស្រក មានឃុំចំនួន៣៧ កំពុងគ្របដណ្ដប់ដោយផ្ទៃទឹក។ លោកកែវ វី នាយខុទ្ទកាល័យនិងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយមានប្រសាសន៍ថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ដោយសារការលង់ទឹកនោះគឺប្រាំនាក់ជាកុមារ។ ជនរងគ្រោះពីរនាក់ស្ថិតក្នុងខេត្តក្រចេះ និងបួននាក់ទៀតដែលសុទ្ធសឹងជាកូនក្មេងស្ថិតក្នុងខេត្តកំពង់ចាម។ លោកកែវ វី បានបញ្ជាក់ថា ដំណាំស្រូវចំនួនជាង៥.២០០ហិកតា កំពុងគ្របដណ្ដប់ដោយទឹកជំនន់ក្នុងខេត្តទាំងបីខាងលើ បន្ថែមពីនោះដំណាំចំការចំនួនជាង២៤០ ហិកតាក៏ទទួលរងទឹកជំនន់ដែរដែលដំណាំទាំងនេះអាចនឹងទទួលរងការខូចខាតក្នុងពេលដ៏ខ្លីនេះ។ មន្ដ្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយដដែលបន្ថែមថាប្រជាពលរដ្ឋសរុបចំនួន៥៧១គ្រួសារកំពុងទទួលរងផលប៉ះពាល់ និងត្រូវជម្លៀសចេញពីលំនៅដ្ឋាន។ លោក កែវ វី និយាយថា ប្រសិនបើទឹកលិចនឹងបន្ដក្នុងរង្វង់រយៈពេលប្រាំពីរថ្ងៃនឹងមិនធ្វើឲ្យខូចខាតដល់ដំណាំស្រូវនោះឡើយ ផ្ទុយទៅវិញដំណាំនេះអាចនឹងទទួលរងការខូចខាតនៅពេលដែលទឹកជំនន់នឹងនៅនឹងយូរជាងនេះ។ «បើសិនជាទឹកស្រកយឺតក្នុងរយៈ១០ទៅ១៥ថ្ងៃទើបបានបង្កឲ្យខូចខាត»។ សូមបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គក្នុងប្រទេសកម្ពុជានៅពេលនេះបានចាប់ផ្ដើមឡើងដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តជាប់ទន្លេនេះក្នុងប្រទេសឡាវ និងប្រទេសថៃ។ កាលពីឆ្នាំ ២០១០ ប្រទេសកម្ពុជាបានទទួលរងជំនន់ទឹកភ្លៀងយ៉ាងធំ ប៉ុន្ដែបានបង្កឲ្យមានជនរងគ្រោះតិចតួចតែប៉ុណ្ណោះ៕ This posting includes an audio/video/photo media file: Download Now |
អ្នកភូមិអំពាវនាវរកថវិកាដើម្បីបន្តរឿងក្តីរំលោភដីធ្លី Posted: 15 Aug 2011 01:42 PM PDT អ្នកភូមិក្រីក្រប្រមាណ១០០នាក់មកពីខេត្តកំពង់ឆ្នាំងបានអំពាវនាវសុំមូលនិធិពីសប្បុរសជននានានៅថ្ងៃច័ន្ទនេះ ដើម្បីយកមកបង់ពន្ធលើកម្មវត្ថុបណ្តឹងក្នុងរឿងជម្លោះដីធ្លីមួយប្រឆាំងនឹងក្រុមហ៊ុនឯកជនដែលបានរំលោភយកដីស្រែចម្ការរបស់ពួកគាត់។ តំណាងប្រជាពលរដ្ឋចំនួន៦៤គ្រួសារមានជម្លោះដីធ្លីចំនួន១៤៥ហិកតាជាមួយក្រុមហ៊ុនឯកជនមួយនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ តុលាការបានចេញដីកាសម្រេចឲ្យអ្នកភូមិបង់ពន្ធលើកម្មវត្ថុបណ្តឹងលើកទីមួយចាប់ពី១៦០.០០០រៀល ឡើងដល់៦២២.០០០រៀល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ ប៉ុន្តែលើកទីពីរនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១ តុលាការបានចេញដីកាសម្រេចថ្មីមួយបង្កើនការបង់ពន្ធចាប់ពី៤៩១.០០០រៀលឡើងដល់១.៥០៦.០០០រៀល។ លោក ទៀង សុថា ប្រធានតុលាការខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងដីកាសម្រេចបង្គាប់ឲ្យបង់ពន្ធលើកម្មវត្ថុបណ្តឹងថាតាមបញ្ញត្តិមាត្រា ៦១នៃក្រមនីតិវិធីរដ្ឋប្បវេណី បានកំណត់ឲ្យបង់ពន្ធលើកម្មវត្ថុបណ្តឹង នៅពេលភាគីដាក់ពាក្យបណ្តឹង ដើម្បីជាប្រយោជន៍ថវិកាជាតិនៅតុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១។ លោក ទៀង សុថា បានបន្តថាបើអ្នកភូមិមិនបានមកបង់ប្រាក់ពន្ធតាមការកំណត់នេះទេ តុលាការខេត្តនឹងលើកពាក្យបណ្តឹងចោល ដោយចាត់ទុកបណ្តឹងនេះមិនស្របច្បាប់។ អ្នកស្រី ស៊ុំ ថុន អាយុ៦០ឆ្នាំ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាអ្នកស្រីមានដីទំហំបីហិកតាដែលត្រូវបង់ពន្ធលើកម្មវត្ថុបណ្តឹងឡើងដល់ចំនួន៨៣០.០០០រៀល ស្មើនឹង២០៥ដុល្លារអាមេរិក ពីចំនួន២៥៩.០០០រៀល ស្មើនឹង៦០ដុល្លារអាមេរិកកាលដីកាសម្រេចលើកទីមួយ។ «ការបង់ពន្ធលើកម្មវត្ថុបណ្តឹងរឿងជម្លោះដីធ្លីនេះមានតម្លៃខ្ពស់ពេក ហើយសព្វថ្ងៃ ខ្ញុំមានជីវភាពខ្សត់ខ្សោយ។ ខ្ញុំមកនេះសុំជំនួយពី អង្គការ ព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្ត្រី និងអង្គការអន្តរជាតិ។ ខ្ញុំសុំអំពាវនាវឲ្យជួយប្រជាពលរដ្ឋខ្ញុំនៅភូមិឡពាង ពីព្រោះ ប្រជាពលរដ្ឋឡពាងមានទុក្ខសោកលំបាក ដោយសារជីវភាពក្រីក្រ»។ លោក ផេង រ៉ុម អាយុ៤៦ឆ្នាំ បានបញ្ជាក់ថាលោកមានដីទំហំពីរហិកតាដែលត្រូវបង់ពន្ធលើកម្មវត្ថុបណ្តឹងឡើងដល់ចំនួន៦៣៤.០០០រៀល ស្មើនឹង១៥៧ដុល្លារអាមេរិក ពីចំនួន១៩៣.០០០រៀល ស្មើនឹង៤៧ដុល្លារអាមេរិកកាលដីកាសម្រេចលើកទីមួយ។ «ប្រជាពលរដ្ឋគ្មានលទ្ធភាពរកប្រាក់បង់ពន្ធលើកម្មវត្ថុបណ្តឹងរឿងជម្លោះដីធ្លីនេះទេ។ ប្រជាពលរដ្ឋមានតែអំពាវនាវដល់សប្បុរសជន អង្គការជាតិ-អន្តរជាតិ ស្ថានទូតបរទេស ឬ ម្ចាស់ជំនួយដែលស្រឡាញ់ភាពយុត្តិធម៌ ដើម្បីសុំឲ្យជួយពួកគាត់ដើម្បីបង់ពន្ធពាក្យបណ្តឹង ដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធី ដើម្បីរកយុត្តិធម៌ជូនពួកគាត់ចុងក្រោយ»។ អ្នកស្រី អ៊ុន ទុំ អាយុ៦៦ឆ្នាំ បានថ្លែងថាអ្នកស្រីមានការព្រួយបារម្ភអំពីការបាត់បង់ដីស្រែចម្ការចំនួនពីរហិកតារបស់អ្នកស្រី ដោយសារតែគ្មានប្រាក់បង់ពន្ធលើកម្មវត្ថុបណ្តឹង ក្នុងរឿងជម្លោះដីធ្លី ដែលករណីនេះបានធ្វើឲ្យអ្នកស្រីបានធ្លាក់ខ្លួនឈឺ។ «ខ្ញុំអស់មានលទ្ធភាពបង់ពន្ធលើកម្មវត្ថុបណ្តឹងរឿងជម្លោះដីធ្លីនេះទេ។ ខ្ញុំមានជីវភាពក្រីក្រណាស់ ខ្ញុំរកតែក្តួច និងដឺសហូបមិនបានផង ខ្ញុំមានប្រាក់ណាទៅបង់ពន្ធលើកម្មវត្ថុបណ្តឹង និងជួយឧបត្ថម្ភខ្ញុំ ដើម្បីឲ្យបានដីមកវិញ។ ខ្ញុំចង់បានដីមកវិញ ដើម្បីធ្វើស្រែចម្ការចិញ្ចឹម ជីវិតគ្រួសាររបស់ខ្ញុំ ឲ្យបានដូចពីមុន»។ អ្នកស្រី ឈិត សុខន អាយុ៥៤ឆ្នាំបាននិយាយថាអ្នកស្រីមិនអាចទទួលយកនូវការបង់ពន្ធលើប្រដាប់ក្តី។ អ្នកស្រីមានជីវភាពក្រីក្រ និងគ្មានលទ្ធភាពបង់ពន្ធ ដូចពាក្យដែលតុលាការ ដាក់ពន្ធឲ្យអ្នកស្រីបង់។ «ជីវភាពរបស់ខ្ញុំមិនអាចបង់ពន្ធបាន ពីព្រោះការបង់ពន្ធថ្លៃខ្លាំងពេក។ ការបង់ពន្ធនេះគឺជាការគាបសង្កត់មកលើ ប្រជាពលរដ្ឋក្រីក្ររបស់ខ្ញុំ។ បើយើងអត់មានលទ្ធភាពបង់ពន្ធ យើងអត់បានដីរបស់យើងមកវិញទេ»។ លោក ចាន់ សាវ៉េត ប្រធានឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថាការបង់ពន្ធលើកម្មវត្ថុបណ្តឹងរបស់តុលាការនេះមិនជួយដល់អ្នកក្រីក្រទេ។ «យើងឃើញថាខាងតុលាការហាក់បីដូចជាមិនបានយកចិត្តទុកដាក់ជាមួយក្រុមអ្នកក្រីក្រទេ។ តុលាការទុកឱកាសឲ្យអ្នកមាននៅតែ មានបន្តទៀត។ រីឯអ្នកក្រកាន់តែក្រថែមទៀត»។ លោក លឹម បូផា ប្រធានការិយាល័យសុរិយោដីស្រុកកំពង់ត្រឡាច បានបញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ជូន តុលាការខេត្តកំពង់ឆ្នាំងថាដីជម្លោះនេះមានតម្លៃ២.៣០០ដុល្លារអាមេរិកក្នុងមួយហិកតានៅឆ្នាំ២០០៩ ប៉ុន្តែនៅឆ្នាំ២០១១ ដីជម្លោះ នេះមានតម្លៃប្រមាណ១០.០០០ដុល្លារអាមេរិកក្នុងមួយហិកតា៕ This posting includes an audio/video/photo media file: Download Now |
តុលាការសាកសួរមេអង្គរក្សលោកជាស៊ីមរឿងលាក់អាវុធនិងក្លែងឯកសារ Posted: 15 Aug 2011 01:02 PM PDT តុលាការក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមសាកសួរលោកឧត្តមសេនីយ៍ ឈឿន ចាន់ថន ហៅ ម៉ៅ អតីតមេបញ្ជាការកងអង្គរក្សរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានចាប់ខ្លួនពីលំនៅដ្ឋានរបស់លោកកាលពីចុងសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ។ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា តុលាការបានធ្វើការសាកសួរលោកឈឿន ចាន់ថន ពាក់ព័ន្ធនឹងអាវុធខុសច្បាប់ព្រមទាំងក្លែងឯកសារសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយតុលាការមិនទាន់បានធ្វើការចោទប្រកាន់ជាផ្លូវការភ្លាមៗទេ ហើយនឹងបន្តនីតិវិធីសាកសួររបស់ខ្លួនបន្ថែមទៀតនៅថ្ងៃអង្គារ។ លោក មាស ច័ន្ទពិសិដ្ឋបានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងអាវុធ ហើយក្លែងលិខិតសាធារណៈ មាត្រា២០ច្បាប់ស្តីពីគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ មាត្រា២២ ច្បាប់ហ្នឹងដែរ ហើយហ្នឹងមាត្រា៦២៩-៦៣០ នៃក្រមព្រហ្មទណ្ឌ»។ លោកឈឿន ចាន់ថនមិនបានធ្វើអត្ថាធិប្បាយណាមួយចំពោះអ្នកសារព័ត៌មានទេ បន្ទាប់ពីលោកដើរចេញពីបន្ទប់សាកសួរ។ លោកហ៊ុល ស៊ីណាមេធាវីការពារក្តីលោកឈឿន ចាន់ថនបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះតុលាការដែលបានកោះហៅកូនក្តីរបស់លោកមកសាកសួរទេ។ «គេចោទពីអី! អត់ទេចាំបង ចាំបងឯងសួរតុលាការ»។ លោកឧត្តមសេនីយ៍ឈឿន ចាន់ថនត្រូវបានកងរាជអាវុហត្ថរាជធានីភ្នំពេញចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ នៅផ្ទះរបស់លោកដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ បន្ទាប់ពីបានចាប់ខ្លួន យកអាវុធចំនួន១១ដើមដែលរួមមានអាវុធវែងចំនួន៧ដើម និងអាវុធខ្លីចំនួន៤ដើម ព្រមទាំងគ្រាប់១.៤០០គ្រាប់ និងសម្ភារៈយោធាមួយចំនួនទៀត។ លោកណាច ទ្រី មេធាវីការពារក្តីរដ្ឋាភិបាលបានបញ្ជាក់ថា ការចាប់ខ្លួនលោកឈឿន ចាន់ថន បានធ្វើឡើងតាមពាក្យបណ្តឹងរបស់លោកយឹម លាងមេបញ្ជាការរងកងអង្គរក្សលោកជា ស៊ីម ដែលបានប្តឹងពីបទក្លែងឯកសារសាធារណៈ នឹងបាត់បង់សម្ភារៈយោធាមួយចំនួន។ លោកឈឿន ចាន់ថនត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាដកតួរនាទីរបស់លោកជាឧត្តមសេនីយ៍ឯក និងជាមេបញ្ជាការកងអង្គរក្សលោកជា ស៊ីមប្រធានព្រឹទ្ធសភាប៉ុន្មានម៉ោងតែប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានចាប់ខ្លួន។ ព្រះមហាក្សត្រ នៅថ្ងៃដដែលនេះ ក៏បានឡាយព្រះហស្ថតែងតាំងលោកយឹម លាង ឲ្យកាន់តួរនាទីជាមេបញ្ជាការកងអង្គរក្សលោក ជា ស៊ីម ជំនួសលោកឈឿន ចាន់ថនក្នុងពេលជាមួយគ្នានោះផងដែរ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៥ សីហា Posted: 14 Aug 2011 05:45 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ស៊ីរី៖ ក្រុមសកម្មជនការពារសិទ្ធិមនុស្សក្នុងប្រទេសស៊ីរីនិយាយថា កងការពារសន្ដិសុខស៊ីរីនៅតែបន្ដវាយបង្ក្រាបមកលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលហើយបានសម្លាប់មនុស្សម្នាក់នៅក្នុងទីក្រុងកំពង់ផែសមុទ្រឡាតាគិយ៉ា(Latakia) ជាថ្ងៃទីបីជាប់ៗគ្នា។ អាស៊ី៖ ផ្សារភាគហ៊ុនអាស៊ីបានឡើងថ្លៃ ខណៈដែលជប៉ុនបានធ្វើឲ្យប្រសើរដល់សេដ្ឋកិច្ចលើសពីការប៉ាន់ស្មាន។ អ៊ីរ៉ាក់៖ គ្រាប់បែកផ្ទុះបានកម្ទេចទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះ បណ្ដាលឲ្យមនុស្សជាង១២នាក់ស្លាប់។ ជប៉ុន/ថៃ៖ មន្ដ្រីផ្លូវការនិយាយថា ជប៉ុនបានផ្ដល់ទិដ្ឋាការដល់អតីតនាយករដ្ឋមន្ដ្រីថៃ លោកថាកស៊ីន ស៊ីណាវ៉ាត្រ ទោះបីជាលោកមានឋានៈជាជនរត់គេចខ្លួនពីប្រទេសថៃក៏ដោយ។ ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានប្រហែលជាអនុញាតឲ្យវិស្វករចិនចូលទៅពិនិត្យមើលឧទ្ធម្ភាតចក្រអាមេរិកដែលធ្លាក់នៅពេលកងកុម៉្មង់ដូសហរដ្ឋអាមេរិកបានចូលទៅសម្លាប់ អូសាម៉ា ប៊ីនឡាឌិន។ ចិន៖ មេទ័ពចិនលោក ចិន បិញដេ (Chen Bingde) កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែល ហើយបានក្លាយទៅជាមន្ដ្រីចិនជាន់ខ្ពស់បំផុតដែលធ្លាប់បានទៅទស្សនាប្រទេសនេះ។ ឥណ្ឌា៖ នាយករដ្ឋមន្ដ្រីឥណ្ឌាថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងចាត់វិធានការដ៏ហ្មត់ចត់បំផុតប្រឆាំងអំពើពុករលួយ។ សហរដ្ឋអាមេរិក៖ អ្នកការទូតអាមេរិកម្នាក់និយាយថា សហរដ្ឋអាមេរិកត្រូវផ្ដោតជាថ្មីមកលើតំបន់អាស៊ីប៉ាស៊ីហ្វីកសម្រាប់រយៈពេលយូរ ដោយបែរចេញពីបញ្ហាដែលស្តែងខ្លាំងរយៈពេលខ្លីនៅតំបន់មជ្ឈឹមបូព៌ា។ ឥណ្ឌូនេស៊ី៖ អង្គការការពារសិទ្ធិមនុស្សបានអំពាវនាវដល់យោធាឥណ្ឌូនេស៊ីឲ្យបញ្ឈប់កម្មវិធីស៊ើបការណ៍សម្ងាត់ពីពលរដ្ឋសាមញ្ញនៅតំបន់បះបោរប៉ាពួ។ លីប៊ី៖ មេដឹកនាំប្រទេសលីប៊ី មូមារ កាដាហ្វី បានញុះញុងឲ្យប្រជាពលរដ្ឋងើបឡើងកាន់អាវុធតទល់ប្រយុទ្ធនឹងក្រុមសម្ព័ន្ធមិត្តណាតូ។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> វៀតណាម៖ នាវាផ្ទុកយន្តហោះ George Washington របស់សហរដ្ឋអាមេរិកបានទៅដល់ដែនទឹកអន្តរជាតិនៅខាងត្បូងផ្ទៃទឹកវៀតណាម។ ស្ថានទូតសហរដ្ឋអាមេរិកបានអញ្ជើញតំណាងនានាពីក្រសួងវៀតណាមទៅទស្សនានាវាផ្ទុកយន្តហោះនោះ។ គណៈប្រតិភូបានធ្វើដំណើតាមយន្តហោះទៅកាន់នាវាផ្ទុកយន្តហោះ Nimitz ដែលមានប្រវែង៣៣៣ម៉ែត្រ។ វាជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំនេះដែលពួកមន្រ្តីរដ្ឋាភិបាល និងយោធាវៀតណាមបានទស្សនានាវាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។ ចិន៖ បណ្តាញផ្សាយព័ត៌មានចិនរាយការណ៍ថា នាវាផ្ទុកយន្តហោះលើកដំបូងរបស់ខ្លួនបានវិលត្រឡប់មកកាន់កំពង់ផែ Dalian ភាគឦសាន្តបន្ទាប់ពីបានបញ្ចប់ការសាកល្បងនៅក្នុងសមុទ្រលើកដំបូងមក។ អេហ្ស៊ីប៖ ការកាត់ទោសអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុប្រធាន៦នាក់ទៀតបានបន្តធ្វើឡើងនៅថ្ងៃអាទិត្យ។ ពួកគេបានរងការចោទប្រកាន់ពីការបញ្ជាដែល នាំឲ្យមានការសម្លាប់បាតុកររាប់រយនាក់ក្នុងអំឡុងពេលនៃការងើបបះបោរប្រឆាំងរដ្ឋាភិបាលនៅឆ្នាំនេះ។ លីប៊ី៖ អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារស្ថានីយប៉ូលីសក្នុងតំបន់ខាងជើងប្រទេសអាល់ហ្សេរី កាលពីព្រឹកថ្ងៃអាទិត្យ បង្កឲ្យមនុស្សជាង៣០នាក់រងរបួស។ សូម៉ាលី៖ រដ្ឋាភិបាលសូម៉ាលីបានប្រកាសគ្រោះអាសន្នក្នុងផ្នែកមួយចំនួននៃរដ្ឋធានីដែលកាលពីពេលមុនបានត្រួតត្រាដោយក្រុមកងជីវពលអ៊ីស្លាម al– Shabab ។ សហរដ្ឋអាមេរិក៖ លោក Gary Locke ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រចាំប្រទេសចិនបានសន្យាពង្រឹងចំណងទាក់ទងទ្វេភាគី ដោយលោកមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការណ៍ក្នុងវិស័យពាណិជ្ជកម្ម វិទ្យាសាស្រ្តនិងការស្រាវជ្រាវជាន់ខ្ពស់ ដែលអាចនាំឲ្យមានដំណោះស្រាយដល់បញ្ហាជាច្រើនដែលពិភពលោកទាំងមូលកំពុងប្រឈមមុខ។ លីប៊ី៖ ពួកឧទ្ទាមនិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានជឿនលឿនទៅមុខដោយចូលកណ្តាលទីក្រុង។ តែរដ្ឋាភិបាលលីប៊ី ថាទីក្រុង Zawiya ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន។ ស៊ីរី៖ ពួកសកម្មជន និងអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនិយាយថា កប៉ាល់ចំបាំងបានចាប់ផ្តើមបាញ់តាមស្រុកនានានៅតាមឆ្នេរសមុទ្រកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីរថក្រោះបានបើកចូលក្នុងទីក្រុងនោះ។ ពួកគេនិយាយថាមនុស្សយ៉ាងហោចណាស់២២នាក់ដែរបានត្រូវសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងការឡោមព័ទ្ធរយៈពេល២ថ្ងៃនោះ។ អ៊ីរ៉ាក់៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់៥នាក់បានត្រូវសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកពីរគ្រាប់ដែលទំនងមានការសម្របសម្រួលគ្នានៅក្នុងរដ្ឋធានីបាកដាដ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |