VOA News: ព័ត៌មាន: “អាជ្ញាធររកឃើញបំណែកយន្តហោះធ្លាក់ក្បែរតំបន់ជម្លោះ” plus 5 more |
- អាជ្ញាធររកឃើញបំណែកយន្តហោះធ្លាក់ក្បែរតំបន់ជម្លោះ
- ជនសង្ស័យ មាស មុត ថាគាត់មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុត
- តុលាការចោទអតីតមេអង្គរក្សលោកជា ស៊ីមរឿងលាក់អាវុធនិងក្លែងឯកសារ
- ជម្លោះបឹងកក់ឈានដល់ទីបញ្ចប់ក្រោយពីអ្នកភូមិបានដីអភិវឌ្ឍន៍នៅនឹងកន្លែង
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៦ សីហា
- អ្នកជំនាញអភិវឌ្ឍន៍មើលឃើញថា សេចក្តីព្រាងច្បាប់អង្គការមានភាពតឹងរឹង
អាជ្ញាធររកឃើញបំណែកយន្តហោះធ្លាក់ក្បែរតំបន់ជម្លោះ Posted: 16 Aug 2011 03:20 PM PDT ក្រុមអាជ្ញាធរខេត្តព្រះវិហារនិយាយថាពួកគេបានប្រទះឃើញនិងប្រមូលបានបន្ទះលោហៈធាតុជាច្រើន បំណែកពីក្នុងព្រៃនៅក្នុងភូមិសាស្រ្តឃុំគូលេនត្បូង ស្រុកគូលេន ចម្ងាយប្រហែលជាង៩០គីឡូម៉ែត្រពីតំបន់ប្រាសាទព្រះវិហារ ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ។ ក្រោយពីបានឮសំឡេងផ្ទុះពីលើអាកាសដ៏កក្រើកមួយកាលពីព្រឹកម៉ោង៦ថ្ងៃអង្គារទី១៦ខែសីហា នេះ។ បន្ទះលោហៈធាតុជាង២០ដុំ ដែលមានកម្រាស់ចាប់ពី បួនលី ដល់ប្រាំពីរលី ព្រមទាំងប្រអប់អេឡិចត្រូនិក មួយផង ត្រូវបានគេប្រទះឃើញ រាយប៉ាយនៅក្បែរផ្ទះអ្នកភូមិ និងជាប់នៅតាមដើមឈើ។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរខេត្តព្រះវិហារ។ លោកស ថាវី អភិបាលរងខេត្តព្រះវិហារបានថ្លែងថា ជាបឋម យើងបានដាក់ការសង្ស័យថា វាជាប្រភេទយន្តហោះយកការណ៍គ្មានមនុស្សបើក តែយើងមិនទាន់ដឹងថា វាមកពីប្រភពណានោះទេ។ «យើងក៏បានយកអាហ្នឹងមកហើយ បានសុំគោលការណ៍ដឹកនាំពីឯកឧត្តមអភិបាលខេត្តថា បានរកឃើញហើយ អញ្ចឹងគាត់ក៏បានផ្តល់គោលការណ៍បន្តទៀតថា ឲ្យអញ្ជើញក្រុមជំនាញខាងស៊ីម៉ាក់ បានចូលរួមនិងក្រុមសង្កេតការណ៍ពីបទឈប់បាញ់ បានចូលរួមផង ដើម្បីមកពិនិត្យថាតើ អំបែងនេះជាប្រភេទអ្វី ហើយវាមកពីប្រភពណា អញ្ចឹងវត្ថុតាងទាំងអស់បានយកមករក្សាទុក ហើយមកនៅឃើញចំពោះមុខ កន្លែងអធិការស្រុកគូលេននេះតែម្តង។ ក្រោយពីបានពិនិត្យរួចរាល់អស់ហើយ វត្ថុតាងទាំងអស់នេះនឹងប្រគល់ជូនក្រុមសង្កេតការណ៍បទឈប់បាញ់ ដើម្បីយកទៅសិក្សាស្រាវជ្រាវបន្ត»។ លោកស ថាវី បានឲ្យដឹងទៀតថា មិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ពាក់ព័ន្ធទៅនឹងការផ្ទុះធ្លាក់យន្តនោះហើយប្រជាពលរដ្ឋត្រូវបានគេជូនដំណឹងឲ្យរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើពួកគេប្រទះឃើញបំណែកបន្ទះលោហៈធាតុទាំងនោះ៕ This posting includes an audio/video/photo media file: Download Now |
ជនសង្ស័យ មាស មុត ថាគាត់មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុត Posted: 16 Aug 2011 02:13 PM PDT អតីតកម្មាភិបាលខ្មែរក្រហមមួយរូបដែលជាជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់នៃសំណុំរឿងបន្ថែមគឺលោក មាស មុតព្រមានថាការចោទប្រកាន់រូបលោកនិងការប៉ុនប៉ងនាំខ្លួនលោកទៅកាត់ទោសពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានានៅសម័យខ្មែរក្រហមគឺជាការខុសច្បាប់។ លោក មាស មុត អាយុ៧១ឆ្នាំជាអតីតមេបញ្ជាការកងពល១៦៤ទទួលបន្ទុកទាហាន ជើងទឹកនៅខេត្តព្រះសីហនុនិងកំពតនៅក្នុងទសវត្សរ៍១៩៧០។ បើតាមដីកាសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាដែលវីអូអេផ្នែកខេមរភាសាទទួលបានពីប្រភពស្និទ្ធនឹងតុលាការដែលសុំលាក់ឈ្មោះព្រោះជារឿងរសើបនោះ សហព្រះរាជអាជ្ញាអន្តរជាតិចោទប្រកាន់ជាបឋម លើរូបលោកមាស មុតថាមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មជាច្រើនមានដូចជាការធ្វើមនុស្សឃាត កម្ចាត់ជនសង្ស័យដែលក្បត់បក្សឬអង្គការ ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកសាសនា ជាតិសាសន៍ នយោបាយ បញ្ជូនឲ្យគុក ស២១ សម្លាប់ ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជនសង្ស័យម្នាក់ទៀតគឺលោក ស៊ូ ម៉េត អតីតមេបញ្ជាការកងពល៥០២ ដែលតុលាការបានចោទប្រកាន់ដូចគ្នាទៅនឹង លោកមាស មុតដែរ។ ដីកាសន្និដ្ឋានដដែលបាន និយាយថាមានមនុស្សជាច្រើនពាន់នាក់ដែលស្លាប់ក្រោមការកាន់កាប់របស់លោក មាស មុត។ ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១១ ក្នុងកិច្ចសម្ភាសជាពិសេសមួយនៅផ្ទះរបស់លោកនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងលោក មាស មុត អះអាងថាលោកពុំជាប់ពាក់ព័ន្ធដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកបានថ្លែងថាតុលាការមិនគួរនាំខ្លួនកម្មាភិបាលខ្មែរក្រហមដទៃទៀតលើសពី ៥នាក់ដែលកំពុងជាប់ឃុំនោះទៅកាត់ទោសលើសពីច្បាប់កម្រិតនោះទេ។ «ច្បាប់វាកម្រិតត្រឹមប៉ុណ្ណឹង។ ឯធ្វើហួសពីហ្នឹងទៀតតើច្បាប់ហ្នឹងវាយ៉ាងម៉េច? ហ្នឹងមួយ។ ទី២ បើធ្វើទៅវាប៉ះពាល់ដល់កិច្ចការងារសន្តិសុខជាតិយ៉ាងម៉េច? វាប៉ះពាល់ ដល់អ្នកនៅបន្តទៅទៀតពីព្រោះខ្មែរក្រហម វាមិនមែនតែ២ ឬ៣នាក់ហ្នុងឯណា វាច្រើនដែរ។ នៅក្នុងនៅក្រៅ នៅជិតនៅឆ្ងាយអីវាមានទាំងអស់តែគ្នា។ មែនទែនខ្មែរនៅពេលហ្នុង»។ <!--AV--> លោក មាស មុតថ្លែងយ៉ាងដូច្នេះដោយយោងថាកងទ័ពជាអតីតទាហានខ្មែរក្រហម ជាច្រើនកំពុងឈរការពារព្រំដែនពីការរំលោភបំពានរបស់ប្រទេសថៃ។ លោកថ្លែងថាបើ យកមេខ្មែរក្រហមដទៃទៀតទៅកាត់ទោសវានឹងបង្កឲ្យមានអារម្មណ៍មិនល្អ។ លោក មាស មុតបានចង្អុលបង្ហាញថាលោកនិងអ្នកដទៃក្នុងសំណុំរឿងបន្ថែម០០៣និង០០៤ មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទេ ក្រៅពីលោកគាំទ្រសហព្រះរាជអាជ្ញាខ្មែរ កន្លងមកដែលពុំបានចូលរួមជាមួយសហព្រះរាជអាជ្ញាបរទេសដើម្បីដំណើរការសំណុំរឿងបន្ថែមនោះ។ «ពីព្រោះច្បាប់កាត់ទោសខ្មែរក្រហមគេកម្រិតតែថាអ្នកដឹកនាំខ្ពស់បំផុត ហើយនឹង អ្នកដែលទទួលខុសត្រូវខ្ពស់បំផុត។ ឥឡូវអ្នកដឹកនាំខ្ពស់បំផុត និងអ្នកទទួលខុស ត្រូវខ្ពស់បំផុតហ្នឹង វានៅឯតុលាការហើយ»។ លោក មាស មុតថ្លែងយ៉ាងដូច្នេះសំដៅទៅលើសំណុំរឿង០០១ ដែលមានកាំង ហ្កេក អ៊ាវ ហៅ ឌុចប្រធានគុកទួលស្លែងស២១ដែលត្រូវបានកាត់ទោសរួចពីបទទទួលខុស ត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១២.០០០នាក់ និងសំណុំរឿង០០២ដែល មានមេដឹកនាំកំពូលៗ៤រូបគឺមាន នួន ជា បងធំទី២ ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអៀង ធីរិទ្ធអតីតរដ្ឋមន្ត្រីសង្គមកិច្ច ដែលជាប់ចោទពីបទឧក្រិដ្ឋនានាទាក់ទងនឹងការទទួលខុសត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋខ្មែរជិត២លាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ក៏ប៉ុន្តែនៅក្នុងដីកាសន្និដ្ឋានលើកទី៣ជាឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញាអន្តរជាតិដែលមានចំនួន១១២ទំព័រជាភាសាអង់គ្លេសដែល វីអូអេខេមរភាសាទទួលបានពីប្រភពស្និទ្ធនឹងតុលាការ សហព្រះរាជអាជ្ញាអន្តរជាតិបានស្នើកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០០៨ ឲ្យសហចៅក្រមស៊ើបអង្កេត ធ្វើការទៅតាមច្បាប់ ស៊ើបអង្កេតលោកមាស មុតពីបទឧក្រិដ្ឋកម្មជាច្រើនដែលព្រះរាជអាជា្ញជឿថាលោក មាស មុតបានប្រព្រឹត្ត។ ក្រៅពីសរសេរ ពីការទទួលខុសត្រូវរបស់លោក មាស មុតថាជាប្រធានគុក វត្តអង់តាញឹម ខេត្តព្រះសីហនុ និងជាប់សង្ស័យពីការកម្ចាត់ក្រុមមន្ត្រីកងទ័ពក្នុងកងពល១៦៤ ឯកសារដដែលនោះបានបញ្ជាក់ថាលោក មាស មុត បានទាក់ទងជាលិខិត ទូរស័ព្ទជាប្រចាំជាមួយ សុន សេន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរក្រហមដែលកាន់កាប់កងទ័ពទាំងមូល។ ហើយពេលខ្លះទាក់ទងជាមួយប៉ុល ពតនិងមេដឹកនាំជាន់ខ្ពស់របស់ ខ្មែរក្រហមផងដែរក្រៅពីបានបញ្ជាក់ពីការដឹងឮទាំងអស់ទាក់ទងនឹងការចាប់ខ្លួន ការបញ្ជូនខ្លួនទៅកាន់គុកស២១។ ឯកសារដដែលបានបញ្ជាក់ថា៖ «ជាផ្នែកមួយនៃការសម្លាប់ក្នុងកងពល១៦៤ លោក មាស មុត បានចាប់កងទ័ពនៃកងពល១៦៤ និង បញ្ជូនពួកគេទៅកាន់គុកស ២១ ដែលជនទាំងនោះត្រូវគេឃុំ គេធ្វើទារុណកម្ម ហើយនឹងសម្លាប់ទៀតផងនៅទីបំផុត។ កងទ័ពជិត៤០០នាក់មកពី កងពល១៦៤ត្រូវចាប់ខ្លួន ហើយបញ្ជូនទៅគុកស២១ ដោយលោក មាស មុត»។ លោក មាស មុត បានបដិសេធថាគ្មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មដែលត្រូវចោទ ប្រកាន់នោះទេ។ តែលោកទទួលស្គាល់ថាមានការបញ្ជូនខ្លះ។ «ដែលខ្ញុំថាអាចមានខ្លះតាមវិធីអញ្ចេះ ខាងសេនាធិការគេហៅឲ្យទៅរៀនសូត្រ។ដល់រួចទៅគេប្រាប់មកអង្គភាពវិញថាឈ្មោះនេះៗ ប៉ុន្មាននាក់នេះគេមិនឲ្យត្រឡប់ ទៅអង្គភាពវិញទេ។ ហើយខាងសេនាធិការគេបញ្ជូនទៅស ២១ទៅ។ ហើយខាងអង្គភាពអត់ដឹងថារឿងហ្នុងវាយ៉ាងម៉េចអីយ៉ាងម៉េចទេ។ នេះខ្ញុំនិយាយពីអង្គភាពដែលខ្ញុំទទួលខុសត្រូវមានបញ្ហាហ្នឹងខ្លះ មួយករណី ពីរករណី»។ ទោះបីជាយ៉ាងណាក៏ដោយលោក មាស មុត ដូចជាជនសង្ស័យ៤នាក់ទៀតក្នុងសំណុំរឿង០០៣/០០៤ គឺស្ថិតក្នុងដៃសហចៅក្រមស៊ើបអង្កេតដែលត្រូវសម្រេចថា នឹងចាប់ ខ្លួនមកឃុំបណ្តោះអាសន្ន ស៊ើបអង្កេតឬក៏មិនធ្វើតាមសហព្រះរាជអាជ្ញាបរទេសនោះ។ លោក មាស មុតបានរំលឹកតុលាការកាត់ទោសខ្មែរក្រហមថាតុលាការត្រូវតែដឹងឲ្យ ច្បាស់ពីប្រភពកកើតខ្មែរក្រហមចេញមកពីណា។ លោកនិយាយយ៉ាងដូច្នេះយោងទៅ ដល់រដ្ឋប្រហារថ្ងៃ១៨ខែមិនាឆ្នាំ១៩៧០ ដែលលោកសេនាប្រមុខលន់ ណុលគាំទ្រដោយ សហរដ្ឋអាមេរិកបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪព្រះនរោត្តម សីហនុ ហើយពេលនោះធ្វើឱ្យព្រះអង្គអំពាវនាវឲ្យមានការងើបតស៊ូ។ «អញ្ចឹង ដើមចម មេធំរបស់ខ្មែរក្រហមទី១គឺអាមេរិក ហើយទី២គឺសម្តេចឪ។ ហើយ តុលាការយកប៉ុន្មាននាក់ទៅកាត់ក្តី០០២ហ្នឹងខ្ញុំថាមិនទាន់ចំមេមែនទែននៅឡើយទេពីព្រោះរឿងវាអញ្ចឹង។ បើសិនណាគ្មានអាមេរិកបញ្ឆេះឲ្យលន់ ណុលធ្វើរដ្ឋប្រហារក៏ អត់កើតខ្មែរក្រហម ហើយបើកុំមានការអំពាវនាវរបស់សម្តេចឪឲ្យកូនចៅរត់ចូលព្រៃ ម៉ាគីតស៊ូក៏អត់មានខ្មែរក្រហម។ រឿងវាសរុបមកវានៅត្រង់ហ្នុងអញ្ចឹងបើលែងតែពាក់ កណ្តាលផ្លូវអាហ្នុងវាដូចជាមិនសូវជាស្រួលបួល»។ ចៅក្រមកម្ពុជាក្នុងតុលាការកាត់ទោសខ្មែក្រហមប្រកាន់ជំហរដូចរដ្ឋាភិបាលកម្ពុជាគឺជំទាស់នឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ៥នាក់បន្ថែមទៀតនៃសំណុំរឿង ០០៣/០០៤មកកាត់ទោស ដោយបារម្ភខ្លាចប៉ះពាល់ដល់សន្តិភាពដែលទើបកើតមានក្នុងប្រទេសកម្ពុជា។ តែរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវទទួលរងការចោទប្រកាន់ថាជ្រៀតជ្រែកផ្នែកនយោបាយក្នុងដំណើការស្វែងរកយុត្តិធម៌របស់តុលាការ។ សំណុំរឿង០០៣/០០៤ មាន អ្នកស្រី អ៊ឹម ចែម តាទិត តា អាន លោកស៊ូ ម៉េត និងលោកមាស មុត។ ឈ្មោះទាំង៥នាក់នេះត្រូវបញ្ចេញជាសាធារណៈជាលើកដំបូងដោយបណ្តាញព័ត៌មាន The Scoop នៃប្រទេស New Zealand និងThe Christian Science Monitor នៅពេលថ្មីៗនេះដែរ។ លោក មាស មុតបានចូលសមាទានសីលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីសាងបុណ្យ សន្សំ កុសលតាមប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនា។ លោកទៅកាន់វត្តតាសាញក្បែរផ្ទះ ជារៀងរាល់ថ្ងៃសីលនិងពិធីបុណ្យតាមព្រះពុទ្ធសាសនាផ្សេងៗ។ លោក មាស មុតមាន ស្រុកកំណើតនៅខេត្តតាកែវ ធ្លាប់បួសជាព្រះសង្ឃផងដែរមុនពេល ចូលរួមក្នុងចលនា តស៊ូ។ លោក ធ្លាប់ធ្វើជាទីប្រឹក្សាក្រសួងការពារជាតិ មានឋានន្តរសក្កិឧត្តមសេនីយ៍ទោ ក្រោយសមាហរណកម្ម។ ក៏ប៉ុន្តែបានចូលនិវត្តន៍កាលពីឆ្នាំទៅ៕ This posting includes an audio/video/photo media file: Download Now |
តុលាការចោទអតីតមេអង្គរក្សលោកជា ស៊ីមរឿងលាក់អាវុធនិងក្លែងឯកសារ Posted: 16 Aug 2011 11:52 AM PDT លោកឈឿន ចាន់ថន ហៅម៉ៅ អតីតប្រធានអង្គរក្ស លោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារនេះត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅតុលាការយោធា ក្រោមបទចោទប្រកាន់ចំនួនបួនករណីទាក់ទងនឹងការលាក់ទុកអាវុធខុសច្បាប់និងក្លែងឯកសារសាធារណៈ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ។ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បានប្រាប់អ្នកកាសែតថា តុលាការបានចោទប្រកាន់លោកឈឿន ចាន់ថន ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចេញប័ណ្ណអាវុធដោយខ្លួនឯង ដោយខុសដែនសមត្ថកិច្ច ក្លែងលិខិតសាធារណៈ និងប្រើប្រាស់លិខិតសាធារណៈក្លែងក្លាយ។ «តុលាការសម្រេចឃុំហើយ រង់ចាំតែបញ្ជូនទៅពន្ធនាគារទេ ទោសទណ្ឌ ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ។ មានកំណត់អតិបរមា»។ តុលាការក្រុងភ្នំពេញបានចំណាយពេលសាកសួរចំនួន២ថ្ងៃ មុននឹងសម្រេចចោទប្រកាន់ជាផ្លូវការ។ លោកឈឿន ចាន់ថន ត្រូវបានកងរាជអាវុធហត្ថនាំទៅឃុំឃាំងបណ្តោះអាសន្ន នៅតុលាការយោធា ដើម្បីរង់ចាំការស៊ើបអង្កេត និងចោទប្រកាន់បន្ថែមមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកងរាជអាវុធហត្ថមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះ។ «អញ្ចឹងបានតុលាការ គេបន្តនីតិវិធីរបស់គេមួយទៀត គឺដើម្បីពាក់ព័ន្ធនឹងបញ្ហាបទល្មើសយោធានៅកន្លែងផ្សេង»។ លោកន័យ ថុល ចៅក្រមនៃតុលាការយោធាបានមានប្រសាសន៍ថា លោកមិនទាន់ដឹងករណីនេះនៅឡើយ ពីព្រោះសំណុំរឿងនេះនៅក្នុងដៃ តំណាងអយ្យការនៅឡើយ។ «ជម្រាប មិនទាន់បានទេ។ ខ្ញុំអត់ទាន់បានឃើញុ។ នៅអយ្យការ។ ឥឡូវខ្ញុំមិនទាន់មានយោបល់អីទេ»។ លោកឈឿន ចាន់ថន នៅពេលបណ្តើរមកសាកសួរ នៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទ មានទឹកមុខញញឹមញញែមនៅឡើយក៏ប៉ុន្តែនៅពេលតុលាការសម្រេចចោទប្រកាន់នៅថ្ងៃអង្គារនេះទឹកមុខរបស់លោកបានប្រែពីភាពញញឹម ទៅភាពក្រៀមក្រំ។ លោកឈឿន ចាន់ថន នៅតែប្រកាន់ជំហរបដិសេធ មិនឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅឡើយ នៅថ្ងៃអង្គារនេះ។ «អត់ទេ! ខ្ញុំអត់មានប្រសាសន៍ អីទេ!»។ លោកឧត្តមសេនីយ៍ឯកឈឿន ចាន់ថន អតីតប្រធានអង្គរក្សលោកជា ស៊ីម ត្រូវបានកងរាជអាវុធហត្ថក្រុងភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះនៅគេហដ្ឋានរបស់លោក ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុងភ្នំពេញ។ បន្ទាប់ពីបានចាប់ខ្លួន កងរាជអាវុធហត្ថ បានរឹបអូសយកអាវុធចំនួន១១ដើម ដែលរួមមានអាវុធវែងស្វ័យប្រវត្តិចំនួន៧ដើម អាវុធខ្លីចំនួន៤ដើម ព្រមទាំងគ្រាប់ចំនួន ១.៤០០គ្រាប់និងសម្ភារៈយោធាមួយចំនួនទៀត។ លោកហ៊ុល ស៊ីណា មេធាវីការពារក្តី លោកឈឿន ចាន់ថន បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ «សុំទោសបង! សុំទោស! ខ្ញុំអត់ផ្តល់ការសម្ភាស៍ទេ!» ។ លោកឈឿន ចាន់ថន ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាដកតួនាទីរបស់លោកជាឧត្តមសេនីយ៍ឯកនិងជាប្រធានអង្គរក្សលោកជា ស៊ីម។ នៅថ្ងៃដដែលនេះ ព្រះមហាក្សត្រ បានតែងតាំងលោកយឹម លាងឲ្យកាន់តួនាទីជាប្រធានអង្គរក្សលោកជា ស៊ីម ជំនួសលោកឈឿន ចាន់ថន។ លោកឈឿន ចាន់ថន ប្រសិនណាបើតុលាការរកឃើញថាមានទោសកំហុស លោកនឹងជាប់ពន្ធនាគាររយៈពេល៦ខែទៅ៣ឆ្នាំ តាមមាត្រាទី២០ និងទី២២ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ និងរយៈពេលពី៥ឆ្នាំរហូតដល់១០ឆ្នាំ តាមមាត្រា៦២៩និង៦៣០នៃក្រមព្រហ្មទណ្ឌថ្មីពីបទក្លែងឯកសារសាធារណៈ៕ This posting includes an audio/video/photo media file: Download Now |
ជម្លោះបឹងកក់ឈានដល់ទីបញ្ចប់ក្រោយពីអ្នកភូមិបានដីអភិវឌ្ឍន៍នៅនឹងកន្លែង Posted: 16 Aug 2011 10:51 AM PDT នៅថ្ងៃអង្គារនេះ ធនាគារពិភពលោក អង្គការមិនមែនរដ្ឋាភិបាលនិងអ្នកភូមិបឹងកក់បានសម្តែងស្វាគមន៍ដល់សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចំពោះការទុកបម្រុងដីទំហំជាង១២ហិកតាសម្រាប់អ្នកភូមិបឹងកក់ច្រើនរាប់រយគ្រួសារដែលត្រូវប្រឈមនឹងការបណ្តេញ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យចុះថ្ងៃទី១១ខែសីហា ដើម្បីប្រគល់ដីទំហំ១២,៤៤ហិកតាដល់អ្នកភូមិបឹងកក់ប្រមាណ១.០០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍បឹងកក់សម្រាប់កសាងផ្ទះសម្បែង។ អនុក្រឹត្យនេះបានធ្វើឡើង បន្ទាប់ពីធនាគារពិភពលោកបានព្រមានកាលពីសប្តាហ៍មុនអំពីការបង្កកមូលនិធិដល់ប្រទេសកម្ពុជាទាក់ទងនឹងការបណ្តេញអ្នកភូមិបឹងកក់រហូតដល់រដ្ឋាភិបាលមានកិច្ចព្រមព្រៀងសមហេតុសមផលជាមួយអ្នកភូមិបឹងកក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃអង្គារនេះថាលោកបានចុះហត្ថលេខាលើអនុក្រឹត្យប្រគល់ដីទំហំ១២,៤៤ហិកតា ជូនប្រជាពលរដ្ឋបឹងកក់កាលពីថ្ងៃទី១១ ខែសីហា។ លោកស្រី អាណិត ឌិកសុន (Annette Dixon) អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ក្នុងសារអេឡិចត្រូនិកថានេះជាការវិវត្តវិជ្ជមានហើយសង្ឃឹមថាវានឹងនាំទៅរកលទ្ធផលដ៏ល្អសម្រាប់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ មជ្ឈមណ្ឌលសិទ្ធិលំនៅដ្ឋាននិងការបណ្តេញចេញបានសម្តែងស្វាគមន៍ដល់សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីបញ្ចប់ការភ័យខ្លាចការបណ្តេញចេញប្រជាពលរដ្ឋនៅតំបន់បឹងកក់។ លោក សាលិ ប៊ុកឃឺ (Salih Booker) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាអនុក្រឹត្យនេះតម្កល់ការជ្រើសរើសដី ទុកជាមុនសម្រាប់សហគមន៍ជាសញ្ញានៃការចាប់ផ្តើមបញ្ចប់ជម្លោះរយៈពេលប្រាំឆ្នាំដើម្បីជៀសវាងការបណ្តេញចេញដោយបង្ខំនិងការតាំងទីលំនៅក្រៅទីក្រុងភ្នំពេញ។ អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បានថ្លែងថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់បឹងកក់ឲ្យរួចផុតពីការបណ្តេញចេញដោយបង្ខំនិងបានផ្តល់ជោគជ័យដ៏ធំធេងលើកទីមួយដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ «ពួកខ្ញុំមានការសប្បាយចិត្តខ្លាំងមែនទែន។ នេះជាមោទនភាពមួយរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែលការតស៊ូរបស់គាត់បានទទួលជោគជ័យហើយសម្តេចបានអនុវត្តតាមយុទ្ធសាស្ត្រឈ្នះឈ្នះ គឺមានផលវិជ្ជមានខ្លាំងមែនទែនសម្រាប់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋទាំងអស់មានការសប្បាយចិត្តខ្លាំងមែនទែនដែលថាមិនអាចយកអ្វីមកប្រៀបផ្ទឹមបាន ដោយសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីឆន្ទៈ និងទឹកចិត្តដ៏ថ្លាប្រពៃ ជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់បឹងកក់»។ អ្នកស្រី ខែក ច័ន្ទរស្មី អាយុ៣១ឆ្នាំ នៅភូមិ២១នៃសហគមន៍បឹងកក់បាននិយាយថាអ្នកស្រីបានបញ្ចេញនូវសេចក្តីសប្បាយរីករាយលាយឡំជាមួយសេចក្តីព្រួយបារម្ភដោយភ័យខ្លាចអ្នកមានអំណាចនិងអ្នកមានប្រាក់ចូលជ្រៀតជ្រែកបន្លំយកដីរបស់អ្នកស្រី។ «សម្តេចបានផ្តល់ដីទំហំ១២,៤៤ហិកតាមកឲ្យពួកខ្ញុំនៅតំបន់បឹងកក់នេះដើម្បីអភិវឌ្ឍនៅនឹងកន្លែងខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់មិនអាចមានពាក្យអ្វីមកថ្លែងបានទេហើយខ្ញុំក៏មានការព្រួយបារម្ភមួយទៀតដែរ។ ខ្ញុំខ្លាចមានការជ្រៀតចូលពីអ្នកមានអំណាចនិងអ្នកមានប្រាក់ហើយមិនមែនជាម្ចាស់ពិតប្រាកដនៅកន្លែងរងគ្រោះនេះបែរជាបានទទួលដីនេះទៅវិញហើយពួកខ្ញុំជាម្ចាស់ផ្ទះបែរជាមិនបានទៅវិញ»។ អ្នកស្រី ពៅ សោភា អាយុ៣៦ឆ្នាំនៅភូមិ២១នៃសហគមន៍បឹងកក់បាននិយាយថាអ្នកស្រីបានអំពាវនាវឱ្យមានការជួយឃ្លាំមើលដំណើរការផ្តល់ដីដល់ប្រជាពលរដ្ឋបឹងកក់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។ «ពួកខ្ញុំចេះតែភ័យខ្លាចចុងក្រោយហ្នឹងប្រគល់ដីឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់ពួកខ្ញុំហើយ បែរជាមិនបានដល់ត្រើយ។ អញ្ចឹងខ្ញុំសូម អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ សម្តេចនាយករដ្ឋមន្ត្រី បណ្តាអង្គការ ធនាគារពិភពលោក ជួយឃ្លាំមើលពួកខ្ញុំឲ្យបានដល់ត្រើយ ទាំងអស់គ្នានិងឲ្យបានជោគជ័យ១០០ភាគរយផង»។ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិលំនៅដ្ឋាននិងការបណ្តេញចេញបានថ្លែងថាលោកអបអរសាទរចំពោះចំណាត់ការដ៏វៃឆ្លាតនិងដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចេញអនុក្រឹត្យនេះដើម្បីធានាដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ «អាជ្ញាធរថ្នាក់ក្រោមអនុវត្តតាមអនុក្រឹត្យនេះដោយយកចិត្តទុកដាក់ និងគោរពតាមអនុក្រឹត្យរបស់សម្តេចនេះហើយតម្កល់ទុកតម្លៃនៃអនុក្រឹត្យនេះជាតម្លៃប្រយោជន៍រួម ជាតម្លៃជាតិនេះ។ ភូមិបឹងកក់នេះជាគំរូមួយដែលនឹងអាចឈានទៅសហគមន៍ផ្សេងៗទៀត ហើយសង្គមរបស់យើងនឹងអភិវឌ្ឍបង្កជាទឹកភ្នែក ឬ ក៏ឈាម មិនមែនជាកិត្តិយស មិនមែនជាភាពថ្លៃថ្នូរនៃការអភិវឌ្ឍដែលអន្តរជាតិ និងប្រជាពលរដ្ឋចង់បាននោះទេ»។ លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថាអនុក្រឹត្យនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ជៀសវាងការបណ្តេញចេញដោយបង្ខំ ឬ អំពើហិង្សា។ «ការចេញអនុក្រឹត្យនេះជាចៃដន្យ នៅក្នុងពេលដែលធនាគារពិភពលោកបានបង្កកប្រាក់កម្ចីនិងសុំឲ្យមានការដោះស្រាយបញ្ហាបឹងកក់នេះចប់ស្រួលបួល ដើម្បីកុំឲ្យបាត់បង់ផលប្រយោជន៍ណាមួយ ពីព្រោះនេះគឺជាការសោកស្តាយដែរ។ បើធនាគារពិភពលោកបង្កកប្រាក់នេះ វាប៉ះពាល់ដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍផ្សេងៗទៀតដែរ»។ ជម្លោះដីធ្លីនៅតំបន់បឹងកក់បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍទីក្រុងរណបសម្រាប់រយៈពេល៩៩ឆ្នាំ និងមានទឹកប្រាក់ចំនួន៧៩លានដុល្លារអាមេរិក៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៦ សីហា Posted: 15 Aug 2011 11:48 PM PDT ព័ត៌មានចុងក្រោយបំផុត៖ លីប៊ី៖ ក្រុមបះបោរនៅក្នុងប្រទេសលីប៊ីគំរាមនឹងកាត់ផ្ដាច់រដ្ឋធានីទ្រីប៉ូលី ក្រោយពីក្រុមទាំងនោះបានវាយដណ្ដើមយកក្រុងសំខាន់ៗ នៅតំបន់ភាគខាងត្បូង និងខាងជើងទីក្រុង ហើយរៀបចំកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ក្នុងគោលបំណងនឹងបណ្ដេញមេដឹកនាំ មូមារ កាដាហ្វី ឲ្យចេញពីអំណាច។ ស៊ីរី៖ ទីភ្នាក់ងាររបស់អ.ស.ប. និយាយថា ជនជាតិប៉ាឡេស្ទីនប្រមាណជាង១០.០០០នាក់ បានបាត់ខ្លួនក្រោយពីបានចាកចេញពីជំរំជនភៀសខ្លួននៅក្នុងទីក្រុងកំពង់ផែស៊ីរី ឡាតាគីយា (Latakia) ដែលកងកម្លាំងស៊ីរីបានបាញ់គ្រាប់ផ្លោងដាក់ជាច្រើនថ្ងៃ បណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់។ អាហ្វហ្គានីស្ថាន៖ មន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា ស្រ្ដីបុគ្គលិកម្នាក់របស់ខេត្ដបានត្រូវគេបាញ់សម្លាប់កាលពីព្រឹកថ្ងៃអង្គារនៅក្រៅផ្ទះរបស់នាងក្នុងទីក្រុងកាន់ដាហារ។ ប៉ាគីស្ថាន៖ គេសង្ស័យថាយន្ដហោះគ្មានអ្នកបើកបររបស់ស.រ.អ.បានបាញ់សម្លាប់មនុស្ស ៤នាក់ នៅតំបន់កុលសម្ព័ន្ធវ៉ារីស្ថានទិសខាងជើង។ មន្ដ្រីប៉ាគីស្ថាននឹងបណ្ដាញព័ត៌មានតំបន់និយាយថាមីសីលពីរគ្រឿងបានបាញ់មកលើមូលដ្ឋានមួយនិងរថយន្ដមួយគ្រឿងចតនៅក្រៅផ្ទះកាលពីព្រឹកថ្ងៃអង្គារក្នុងទីក្រុងមីរ៉ងស្សាហ។ ឥណ្ឌា៖ ប៉ូលីសឥណ្ឌាបានចាប់ខ្លួនសកម្មជនសង្គមស៊ីវិលល្បីឈ្មោះម្នាក់ ប៉ុន្មានម៉ោងបុណ្ណោះមុននឹងជននោះប្រុងប្រៀបធ្វើកូដកម្មឥតអាហារដើម្បីទាមទារឲ្យមានច្បាប់តឹងរ៉ឹងប្រឆាំងអំពើពុករលួយ។ ចិន៖ បណ្ដាញសារព័ត៌មានរដ្ឋចិនបានចេញសញ្ញាបង្ហាញឲ្យឃើញចិនមានចិត្ដចង់បើកឲ្យរូបបិយវត្ថុរបស់ខ្លួនឡើងតម្លៃ យ៉ាងឆាប់រហ័សប្រឆាំង នឹងប្រាក់ដុល្លារស.រ.អ.។ បារ៉ែន៖ គណកម្មការស៊ើបអង្កេតឯករាជ្យមកលើការបះបោរនៅក្នុងប្រទេសបារ៉ែនកាលពីដើមឆ្នាំនេះនិយាយថា ខ្លួនបានបិទការិយាល័យ ក្រោយពីមនុស្សច្រើនរយនាក់ បានចូលការិយាល័យរបស់ខ្លួន ហើយបានប៉ះទង្គិចជាមួយបុគ្គលិក។ អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសមកលើតំបន់ហ្គាហ្សាដែលតាមប្រភពពេទ្យប៉ាឡេស្ទីននិយាយថាបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួសមនុស្សយ៉ាងតិច៤នាក់ទៀត។ អឺរ៉ុប៖ មេដឹកនាំពីប្រទេសអាល្លឺម៉ង់និងបារាំងនឹងជួបប្រជុំគ្នានៅក្នុងទីក្រុងបារីសនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីវិបត្ដិបំណុលដែលរាលដាលដល់ប្រទេស១៧នៃតំបន់ប្រើប្រាក់អឺរ៉ូ។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបន្ដទស្សនកិច្ចរបស់លោកតាមរថយន្ដប៊ឹស (bus) នៅតំបន់កណ្តាលខាងលិច (Mid-West) សហរដ្ឋអាមេរិក ដើម្បីឲ្យលោកអាចពន្យល់អំពីនយោបាយរបស់លោក ខណៈដែលលោកបដិសេធការទិតៀនថាលោកមិនបានធ្វើការល្អក្នុងការជួយរុញច្រានសេដ្ឋកិច្ចឲ្យដើរលឿននិងដំណោះស្រាយអត្រាមនុស្សគ្មានការងារធ្វើកាន់តែខ្ពស់។ ម៉ាឡេស៊ី៖ នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ីបានសន្យាថានឹងរៀបចំឲ្យមានគណៈកម្មាធិការមិនប្រកាន់បក្សពួក ដើម្បីពិចារណាអំពីការកែទម្រង់ក្នុងប្រព័ន្ធបោះឆ្នោតឲ្យបានមុនពេលបោះឆ្នោតជាតិ ដែលកំណត់ធ្វើនៅក្នុងឆ្នាំក្រោយ។ កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកសមយុទ្ធយោធារួមមួយនៅថ្ងៃអង្គារនេះ ទោះបីជាមានការព្រមានពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថាការសមយុទ្ធនោះនឹងបំផ្លាញសេចក្ដីសង្ឃឹមអំពីសន្ដិភាពនៅឧបទ្វីបកូរ៉េ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានកំពុងច្រានចោលសេចក្តីរាយការណ៍ថា ទីភ្នាក់ងារស៊ើបការសម្ងាត់របស់ខ្លួនបានឲ្យចិនពិនិត្យមើលកម្ទេចបាក់បែកនៃឧទ្ធម្ភាគចក្រអាមេរិកាំងដែលបានធ្លាក់ក្នុងអំឡុងពេលនៃការវាយឆ្មក់ដែលបានសម្លាប់អូសាម៉ា ប៊ីនឡាដេន។ កាសែត The New York Times និង Financial Times បានដកស្រង់សម្តីមន្រ្តីសហរដ្ឋអាមេរិកមិនប្រាប់ឈ្មោះមកចុះផ្សាយថា គេជឿជាក់ថាក្រសួងស៊ើបការសម្ងាត់ប៉ាគីស្ថានបានឲ្យពួកវិស្វករចិនថតរូប និងយកបំណែកឧទ្ធម្ភាគចក្រសហរដ្ឋអាមេរិក ដែលប្រើបច្ចេកវិទ្យាពិសេស ដែលប្រព័ន្ធរ៉ាដាមិនអាចចាប់រូបភាពយន្តហោះបាន។ សហរដ្ឋអាមេរិក៖ កម្រិតនៃការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះនៅថ្ងៃច័ន្ទ ពេលដែលពួកបរទេសបានទិញទ្រព្យសម្បត្តិសហរដ្ឋអាមេរិកច្រើនជាងពួកគេលក់ ហើយក្រុមហ៊ុនសង់ផ្ទះនៅតែមានភាពងងឹត។ ចិន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នឹងចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារនេះដើម្បីបំពេញទស្សនៈកិច្ចលើកទីមួយទៅកាន់ប្រទេសចិន បន្ទាប់មកទៅកាន់ប្រទេសម៉ុងហ្គោលី និងប្រទេសជប៉ុន។ អង់គ្លេស៖ ខ្យល់ព្យុះតំបន់ត្រូពិក Gert ត្រូវគេរំពឹងថានឹងធ្វើឲ្យមានការបង្អុរទឹកភ្លៀងពី២ទៅ៧សង់ទីម៉ែត្រនៅលើកោះ Bermuda នៅថ្ងៃនេះ ពេលដែលវាឆ្លងកាត់ភាគខាងកើតនៃប្រទេសអង់គ្លេសក្នុងមហាសមុទ្រ Atlantic នេះ។ អ៊ីរ៉ាក់៖ ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារបានកើតមានឡើងនៅក្នុងទីក្រុងជាង១០ក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃច័ន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៦០នាក់ដែរ។ លីប៊ី៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់នៃប្រទេសលីប៊ីបានធ្វើដំណើរតាមយន្តហោះទៅកាន់រដ្ឋធានីប្រទេសអេហ្ស៊ីបជាមួយសមាជិកគ្រួសារ៩នាក់ទៀតនៅក្នុងអ្វីទំនងជាការរត់គេចចេញពីរដ្ឋាភិបាលរបស់ Moammar Gadhafi។ អេហ្ស៊ីប៖ ចៅក្រមអេហ្ស៊ីបដែលជាអធិបតីភាពការកាត់ទោសអតីតប្រធានាធិបតី Hosni Mubarak បានផ្អាកការកាត់ទោសដោយលើកពេលរហូតដល់ថ្ងៃ៥ ខែកញ្ញាហើយបានបញ្ឈប់ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៃការកាត់ទោសនាពេលខាងមុខ។ សូម៉ាលី៖ អង្គការកម្មវិធីម្ហូបអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ពីការលួចជំនួយស្បៀងអាហារដែលត្រូវនាំចូលក្នុងប្រទេសសូម៉ាលីដែលជួបប្រទះគ្រោះទុរ្ភិក្សនោះ។ អ៊ីរ៉ង់៖ បណ្តាញផ្សាយព័ត៌មានអ៊ីរ៉ង់រាយការណ៍ថា មន្រ្តីរុស៊្សីបានស្ថិតក្នុងទីក្រុង Tehran ដើម្បីចាប់ផ្តើមការចរចារឡើងវិញស្តីពីកម្មវិធីនុយគ្លែអ៊ែរដ៍ចម្រូងសម្រាសក្នុងប្រទេសនេះ។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានស្ថិតនៅក្នុងរដ្ឋ Minnesota តំបន់កណ្តាលភាគខាងលិច ដោយចាប់ផ្តើមធ្វើដំណើរតាមរថយន្តក្រុងទៅកាន់រដ្ឋចំនួនបីដែលមានគោលបំណងឆ្លើយទៅនឹងការរឹះគន់ថា លោកមិនបានធ្វើឲ្យល្មមគ្រប់គ្រាន់ដើម្បីឲ្យបានប្រសើរឡើងដល់សេដ្ឋកិច្ចដ៏ទ្រុតទ្រោមនោះ។ This posting includes an audio/video/photo media file: Download Now |
អ្នកជំនាញអភិវឌ្ឍន៍មើលឃើញថា សេចក្តីព្រាងច្បាប់អង្គការមានភាពតឹងរឹង Posted: 15 Aug 2011 04:14 PM PDT ក្រុមអ្នកជំនាញខាងអភិវឌ្ឍន៍បានព្រមានថា សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលដែលប្រទេសកម្ពុជាបានរៀបចំមានលក្ខណៈរឹតត្បិត ហើយកម្ពុជាត្រូវរៀបចំច្បាប់នេះឱ្យបានល្អ បើមិនដូច្នោះទេ វាអាចនឹងនាំឲ្យបាត់បង់នូវការអភិវឌ្ឍនានាក្នុងពេលអនាគត។ នៅក្នុងសន្និសីទសារព័ត៌មានរយៈពេលខ្លីមួយនៅទីស្នាក់ការអង្គការ Oxfam America ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកជំនាញខាងអភិវឌ្ឍន៍កម្ពុជានិងអន្តរជាតិមើលឃើញថាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិលដែលកម្ពុជាកំពុងជំរុញនេះនៅមិនទាន់ឆ្លើយតបនឹងតម្រូវការពិតនៃការអភិវឌ្ឍទេ ហើយពួកគេទទូចឱ្យមានការពិភាក្សាលើច្បាប់នេះបន្តទៀត។ លោក លន់ បូរិទ្ធី នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានបញ្ជាក់ថា៖ «ច្បាប់នេះនៅតែមានបញ្ហា ហើយអត្ថាធិប្បាយនានា ដែលខាងផ្នែកសង្គមស៊ីវិលលើកឡើង ត្រូវបានរដ្ឋាភិបាលទទួលយកខ្លះ ប៉ុន្តែមិនទាន់ទទួលយកទាំងស្រុងទេ។ ដូច្នេះយើងនៅតែទទូចសុំឱ្យរដ្ឋាភិបាលពិនិត្យមើលការផ្តល់អនុសាសន៍របស់យើងខ្ញុំ ហើយយកមកពិនិត្យមើលទាំងស្រុង»។ លោកបូរិទ្ធីឲ្យដឹងថា នៅក្នុងចំណោមបញ្ហានិងការព្រួយបារម្ភទាំងនោះ រួមមានមាត្រាដែលទាក់ទងនឹងការអនុញ្ញាតឱ្យអង្គការសមាគមចុះឈ្មោះ មុននឹងអាចដំណើរការសកម្មភាពបាន ហើយវាអាចជាឧបសគ្គដល់ក្រុមសមាគមខ្លះក្នុងការចុះឈ្មោះ។ ហើយក៏មិនមានការកំណត់ច្បាស់ ថាតើរដ្ឋាភិបាលអាចលុបឈ្មោះ ព្យួរសកម្មភាព និងដាក់ទោសសមាគមយ៉ាងណាខ្លះទេ។ អ្នកខ្លះទៀតក៏ព្រួយបារម្ភដែរថា រដ្ឋាភិបាល អាចនឹងព្យួរសកម្មភាពអង្គការដែលរដ្ឋាភិបាលមិនពេញចិត្ត។ ក្រសួងមហាផ្ទៃបានបញ្ចេញសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិល ជាលើកទីបី កាលពីថ្ងៃទី២៩ ខែកក្កដា ហើយបានបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្រ្តីសម្រាប់ពិនិត្យមើលនិងសម្រេច មុននឹងបញ្ជូនទៅសភាជាតិពិភាក្សានិងអនុម័ត។ លោក ហ្ក្រិកហ្ករី អាដាម (Gregory Adams) នាយកខាងផ្នែកប្រសិទ្ធិភាពជំនួយនៃអង្គការអុកស្វាមអាមេរិកាំង បានព្រមានថា បើច្បាប់នេះមានលក្ខណៈរឹតត្បិត និងមិនមានភាពច្បាស់លាស់ និងមិនងាយស្រួលសម្រាប់ពលរដ្ឋសាមញ្ញយល់បាន ហើយបើវាត្រូវអនុម័ត ដូចក្នុងស្ថានភាពបច្ចុប្បន្ននេះ ច្បាប់នេះនឹងមានផលប៉ះពាល់ជាអវិជ្ជមានគឺនឹងមិនមានការផ្តួចផ្តើមគំនិតសម្រាប់ចូលរួមអភិវឌ្ឍប្រទេសទេ ហើយលោកទទូចឱ្យមានការពិភាក្សាបន្តទៀត។ «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានរីកលូតលាស់គួរឱ្យកត់សម្គាល់ ដោយគ្រោងនឹងដើរតួរនាទីដ៏ធំក្នុងឆាកអន្តរជាតិ។ ប៉ុន្តែប្រសិនបើច្បាប់នេះបន្តទៅមុខក្នុងទ្រង់ទ្រាយដូចបច្ចុប្បន្ននេះ...យើងមានការព្រួយបារម្ភថា ការរីកលូតលាស់កន្លងមកនឹងត្រូវបញ្ឈប់ ឬក៏យឺតយ៉ាវ ពីព្រោះវានឹងជាការពិបាកសម្រាប់ប្រជាពលរដ្ឋទូទៅរបស់ប្រទេសកម្ពុជា ក៏ដូចជាអ្នកមកពីខាងក្រៅដែលចង់ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ឬធ្វើការជាមួយជនកម្ពុជា ព្រោះគេមិនដឹងច្បាស់ ថាតើនឹងមានអ្វីដែលនឹងកើតឡើងចំពោះពួកគេ»។ ចំណែកលោកស្រី ស៊ូ គុណាវ៉ាដេណា វ៉ន (Sue Gunawardena Vaughn) នាយិការកម្មវិធីសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍នៃអង្គការ Freedom House បានបញ្ជាក់ថា ផលប៉ះពាល់នៃការមិនមានច្បាប់ដ៏ល្អមួយគឺមានធំធេងណាស់លើការអភិវឌ្ឍ។ លោកស្រីបានលើកឧទាហរណ៍ពីការអភិវឌ្ឍនៅប្រទេសអេត្យូពីដែលបានត្រូវខូចខាតដោយសារតែមានច្បាប់ដូចនេះ។ លោកស្រី រំឭកថា វាជាការដើរមកដល់ផ្លូវបំបែកហើយសម្រាប់ប្រទេសកម្ពុជាក្នុងការណ៍ដែលត្រូវសម្រេចយកច្បាប់ដែលបម្រើផលប្រយោជន៍ប្រទេស ឬក៏អនុម័តច្បាប់មួយដែលរឹតត្បិត ហើយអាចឈានទៅខូចប្រយោជន៍ប្រទេស។ ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏ធ្លាប់បានសម្តែងការព្រួយបារម្ភលើចំណាត់ការរបស់រដ្ឋាភិបាលនានា ក៏ដូចជាកម្ពុជា ក្នុងការរៀបចំច្បាប់គ្រប់គ្រងអង្គការ ដែលរឹតត្បិតលើសកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |