VOA News: ព័ត៌មាន: “កម្ពុជាលើកពេលប្រជុំប្រទេសផ្តល់ជំនួយ” plus 3 more |
- កម្ពុជាលើកពេលប្រជុំប្រទេសផ្តល់ជំនួយ
- សកម្មជនព្រៃឡង់អំពាវនាវសុំអន្តរជាតិជួយ
- អ្នកភូមិកម្ពុជាតវ៉ារឿងបាត់បង់ដីធ្លី ដូចរឿងភាពយន្ត «អាវ៉ាតារ៍» 'Avatar'
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៩ សីហា
កម្ពុជាលើកពេលប្រជុំប្រទេសផ្តល់ជំនួយ Posted: 19 Aug 2011 10:59 AM PDT រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី៤ ឬកិច្ចប្រជុំប្រទេសអ្នកផ្តល់ជំនួយ ដែលគ្រោងធ្វើនៅថ្ងៃទី២៤ និងទី២៥ ខែវិច្ឆិកា ខាងមុខនេះ ដោយគ្មានកាលកំណត់។ នេះបើតាមលិខិតជូនដំណឹងមួយច្បាប់ របស់លោកគាត ឈន់ រដ្ឋមន្តី្រសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលផ្ញើជូនធនាគារពិភពលោក និងមន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័នទាំងអស់ ដែលវីអូអេខ្មែរបានទទួលជាពិសេស នៅថ្ងៃសុក្រនេះ។ ការសម្រេចលើកពេលសម្រាប់វេទិកានេះបានកើតឡើងក្រោយពេលធានាគារពិពភលោក ដែលជាម្ចាស់ជំនួយសំខាន់ជាងគេរបស់កម្ពុជាបានប្រកាសបង្កកជំនួយមកដល់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាល មិនបានដោះស្រាយវិវាទដីធ្លីនៅតំបន់បឹងកក់ជួនប្រជាពលរដ្ឋ។ បន្ទាប់ពីការប្រកាសរបស់ធនាគារពិពភលោក កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានកាត់ដីចំនួនជាង ១២ហិតតា ចេញពីគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ប្រគល់ឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍដោយខ្លួនឯង បន្ទាប់ពីពួកគេបានធ្វើការតវ៉ាយ៉ាងស្រួចស្រាយ អស់រយៈពេលជាង ៥ឆ្នាំ។ នៅក្នុងសារអេឡិចត្រូនិកមួយច្បាប់របស់លោក គាត ឈន់ កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅនេះ ផ្ញើជួនលោក ជី ម៉ៅហ្វាន់ នាយកធានាគារពិភពលោកប្រចាំកម្ពុជា លោកគាត ឈន់ បានបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី៤នេះ រដ្ឋាភិបាលបានសម្រេចពន្យាពេលដោយគ្មានការកំណត់។ នៅក្នុងខ្លឹមសារអ៊ីម៉ែលនេះ លោកគាត ឈន់ បានស្នើដល់ធានាគារពិភពលោក ឲ្យជូនដំណឹងនៃការពន្យាពេលនេះដល់ដៃគូអភិវឌ្ឍន៍នានាតាមរយៈធានាគារពិភពលោក។ មន្ត្រីធនាគារពិភពលោកប្រចាំកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណួររបស់ វីអូអេខ្មែរតាមរយៈសារអេឡិចត្រូវនិកទេនៅថ្ងៃសុក្រនេះ ដោយបានបង្វែរសំណួរនេះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានហៅកាត់ថា CDC ឬអ្នកដែលរៀបចំវេទិកានេះដោយផ្ទាល់។ នៅក្នុងលិខិតមួយច្បាប់របស់លោកគាត ឈន់ ផ្ញើជួនមន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័ន និងក្រសួងទាំងអស់បានបញ្ជាក់ថា ការសម្រេចលើកពេលវេទិកានេះ បណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចសកលលោក ដែលរហូតមកដល់ពេលនេះ នៅតែមានភាពមិនប្រាកដប្រជាដដែល ហើយស្ថានភាពហិរញ្ញវត្ថុសាធារណៈនៃប្រទេសដែលជាដៃគូសំខាន់ៗមួយចំនួននៅតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនៅឡើយ។ ស្ថានទូតសំខាន់ៗ ដែលរួមមានស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតជប៉ុន ដែលធ្លាប់បានផ្តល់ជំនួយដល់កម្ពុជា នៅតែប្រកាន់ជំហរប្រយ័ត្នប្រយែងនៅឡើយ ក្នុងការឆ្លើយតបនឹងការលើកពេលលើប្រជុំនេះ។ លោកសន ម៉ាគិនថស្ស (Sean J. McIntosh) មន្ត្រីទំនាក់ទំនងសាធារណៈ របស់សហរដ្ឋអាមេរិក បានបញ្ជាក់តាមសារអេឡិចត្រូនិកថា ស្ថានទូតសហរដ្ឋអាមេរិចមិនទាន់បានទទួលសំណើពីរដ្ឋាភិបាល អំពីការលើកពេលនេះទេ។ លោក យ៉ូស្ស៊ី អាបេ (Yoshi ABE) លេខាទូតទី២របស់ស្ថានទូតជប៉ុនទទួលបន្ទុកវប្បធម៌ និងព័ត៌មាននិយាយថា លោកបានទទួលលិខិតជូនដំណឹងពីរដ្ឋាភិបាលរួចហើយ។ ស្ថានទូតជប៉ុនគាំទ្រការសម្រេចរបស់រដ្ឋាភិបាល។ លោកដូមីនីហ្ក ម៉ាស (Dominique MAS) លេខាទូតទី១អមស្ថានទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកទើបតែទទួលបានការផ្តល់ព័ត៌មានពីធានាគារពិភពលោក នៅថ្ងៃសុក្រនេះ ក៏ប៉ុន្តែលោកបាននិយាយថា វាមិនមែនជាតួនាទីរបស់ស្ថានទូតបារាំងដែលត្រូវធ្វើអត្ថាធិប្បាយទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលខ្មែរទេ។ លោកកឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដឹងខ្លួនថា អ្វីដែលបានធ្វើកន្លងមកនេះ បានរំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍ទៀតថា ការលើកពេលប្រជុំនេះ ទំនងអាចជាការទទួលរងសម្ពាធពីក្រុមប្រទេសអ្នកផ្តល់ជំនួយ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ហើយគេទទួលរងការគាបសង្កត់តាមការដាក់លក្ខខណ្ខជាច្រើន ពីម្ចាស់ជំនួយហើយ បានជារដ្ឋាភិបាលគ្មានអី ដើម្បីយកទៅនិយាយក្នុងពេលដែលគម្រោងរបស់ខ្លួន បម្រុងនឹងធ្វើវេទិកាសហប្រតិបត្តិការក្នុងការអភិវឌ្ឍនេះបានជាគាត់លើក»។ ចំណែកលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បានវិភាគថា ការលើកពេលនេះទំនងជារដ្ឋាភិបាលរៀបចំមិនទាន់។ លោកថ្លែងថា៖ «ឆ្នាំនេះប្លែក! ចឹង! ខ្ញុំ ឆ្ងល់ដែរ។ បាទអញ្ចឹង! ក្រែងលោមានការប្រែប្រួលពីគោលនយោបាយរបស់ប្រទេសដែលផ្តល់ជំនួយទាំងឡាយ។ ក្រោយពីមានបរាជ័យនៅប្រទេសមួយចំនួនទៀត ដែលជាប្រទេសដែមានវិបត្តិខាងនយោបាយ មានការប្រែប្រួលខាងនយោបាយ នៅអាហ្វ្រិកខាងជើងជាអាទិ៍»។ នៅក្នុងកិច្ចប្រជុំប្រទេសអ្នកផ្តល់ជំនួយកាលពីឆ្នាំទៅ រដ្ឋាភិបាលកម្ពុជា បានទទួលជំនួយជាង ១.០០០លានដុល្លារសហរដ្ឋអាមេរិក ហើយក្រុមប្រទេសអ្នកផ្តល់ជំនួយបានភ្ជាប់លក្ខខណ្ខកំណែរទម្រង់ជាច្រើនដល់កម្ពុជា ក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ការព្រងើយកន្តើយរបស់រដ្ឋាភិបាលខាងវិវាទដីធ្លីបានធ្វើឲ្យធានាគារពិភពលោកដាក់សម្ពាធមុនគេដល់រដ្ឋាភិបាល៕ This posting includes an audio/video/photo media file: Download Now |
សកម្មជនព្រៃឡង់អំពាវនាវសុំអន្តរជាតិជួយ Posted: 19 Aug 2011 09:10 AM PDT សកម្មជនការពារព្រៃឈើប្រមាណ៣០០នាក់ មកពីខេត្តចំនួន១៤ បានដាក់ញត្តិតវ៉ាប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើទៅសហគមន៍ផ្តល់ជំនួយអន្តរជាតិនៅថ្ងៃសុក្រនេះ ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ការពារព្រៃឡង់ និងធនធានធម្មជាតិព្រៃឈើនៅកម្ពុជា។ ព្រៃឡង់នៅកម្ពុជា ត្រូវបានទទួលរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ និងបានធ្វើឲ្យប៉ះពាល់សហគមន៍ជនជាតិដើមភាគតិចដែលមិនអាចចូលទៅរុករកអនុផលព្រៃឈើតាមប្រពៃណីបាន នេះបើតាមការអះអាងរបស់សកម្មជនការពារព្រៃឡង់។ អ្នកស្រី ភោគ ហុង តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានបញ្ជាក់ថាព្រៃឡង់មានសារប្រយោជន៍សម្រាប់ជនជាតិដើមភាគតិច ដោយសារតែពួកគេពឹងពាក់លើព្រៃនេះក្នុងការរុករកឱសថបុរាណ ជ័រ វល្លិ៍ និងផ្តៅសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំចង់ឲ្យប្រទេសផ្តល់ជំនួយជួយអន្តរាគមន៍ដល់រដ្ឋាភិបាល។ ព្រៃឡង់របស់យើងខ្ញុំ រាល់ថ្ងៃបានបាត់បង់មួយចំនួន ដោយសារក្រុមហ៊ុន វិនិយោគដាំដើមកៅស៊ូ និងដើមកាស្យានៅស្រុកសណ្តាន់ខេត្តកំពង់ធំ និងស្រុករវៀង ខេត្តព្រះវិហារ។ យើងទាំងអស់គ្នាពឹងផ្អែកទៅលើព្រៃឡង់ បើយើងទាំងអស់គ្នាអត់ព្រៃឡង់ យើងស្លាប់ប្រសើរជាងរស់។ យើងទាំងអស់គ្នាស្រឡាញ់ណាស់ ពីព្រោះជីវិតរបស់យើងនៅលើព្រៃឡង់ ផ្ញើទុកនៅលើព្រៃឡង់។ ព្រៃឡង់ ជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋ»។ លោក ស្វាយ ភឿន តំណាងសហគមន៍ព្រៃឡង់ម្នាក់ទៀត បានថ្លែងថា ការបាត់បង់ព្រៃឡង់ធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចកួយជួបប្រទះការលំបាក ដោយគ្មានមុខរបរ គ្មានប្រាក់ចំណូល បាត់បង់អនុផលព្រៃឈើព្រមទាំងទទួលរងគ្រោះរាំងស្ងួត និងទឹកជំនន់។ លោកថ្លែងថា៖ «គោលបំណងដែលពួកខ្ញុំដាក់ញត្តិចូលនេះគឺដើម្បីឲ្យធនាគារ និងស្ថានទូតទាំងអស់ដឹងឮពីព័ត៌មានរបស់សហគមន៍នៅជុំវិញព្រៃឡង់។ កម្ចីប្រាក់ចេញពីធនាគារធំៗទៅអភិវឌ្ឍដល់ផលប៉ះពាល់ ម្ចាស់ប្រាក់អត់ដឹងទេ។ អញ្ចឹងព័ត៌មានជុំវិញព្រៃឡង់ ពួកខ្ញុំមានគំនិតមួយគួរតែយកញត្តិដាក់ទៅតាមស្ថានទូត និងម្ចាស់ប្រាក់ធំៗនៅក្នុងរាជធានីភ្នំពេញ នៅព្រឹកម៉ិញនេះ ដើម្បីឲ្យគាត់ទទួលដឹងឮថា នីតិបុគ្គលដែលខ្ចីប្រាក់អភិវឌ្ឍន៍ហ្នឹង តើគោរពទៅតាមលក្ខខណ្ឌរបស់ម្ចាស់ប្រាក់ដែរឬទេ?»។ សហគមន៍ការពារព្រៃឡង់បានដាក់ញត្តិនៅស្ថានទូតអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ចិន ជប៉ុន ភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ លោក ស្សន ម៉ាគីនតុស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតអាមេរិកបានទទួលខិត្តប័ណ្ណទាក់ទងនឹងព្រៃឡង់នេះ។ លោក ម៉ាគីនតុស្ស បានថ្លែងតាមសម្តីដើមថា «យើងកំពុងតាមឃ្លាំមើលស្ថានភាពនេះ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមដាច់ខាតការអភិវឌ្ឍព្រៃស្រោង ឬពាក់កណ្តាលព្រៃស្រោង។ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា យើងបានទទួលញត្តិនេះ ហើយយើងកំពុងត្រួតពិនិត្យមើលញត្តិនេះឡើងវិញ។ កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានចាប់ឃាត់ខ្លួនសកម្មជនការពារព្រៃឡង់ជាង១០០នាក់ បន្ទាប់ពីបានចែកផ្សាយខិត្តប័ណ្ណនៅក្នុងទីក្រុងភ្នំពេញ ដើម្បីអំពាវនាវដល់រដ្ឋាភិបាលឲ្យទប់ស្កាត់ការកាប់បំផ្លាញព្រៃឡង់។ ព្រៃឡង់គឺជាព្រៃដ៏ធំជាងគេ និងក្រាស់ គ្រប់ដណ្តប់លើខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ខិត្តប័ណ្ណរបស់សហគមន៍ការពារព្រៃឡង់ បានបញ្ជាក់ថា ព្រៃនេះជាជម្រកសត្វព្រៃចំនួន២៧ប្រភេទ និងរុក្ខជាតិជិតផុតពូជជាង២០ប្រភេទ។ កាលពីខែឧសភា សហគមន៍ការពារព្រៃឡង់ បានមកតវ៉ាម្តងរួចមកហើយនៅទីក្រុងភ្នំពេញក៏ប៉ុន្តែការតវ៉ានេះមិនត្រូវបានដោះស្រាយទេ៕ This posting includes an audio/video/photo media file: Download Now |
អ្នកភូមិកម្ពុជាតវ៉ារឿងបាត់បង់ដីធ្លី ដូចរឿងភាពយន្ត «អាវ៉ាតារ៍» 'Avatar' Posted: 19 Aug 2011 10:21 AM PDT អ្នកភូមិមកពីតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាជាងមួយរយនាក់ ត្រូវអជ្ញាធរឃុំខ្លួនមួយរយៈក្នុងក្រុងភ្នំពេញបន្ទាប់ពីបានចែកចាយខិត្តប័ណ្ណនិយាយពីផលប៉ះពាល់នៃដីសម្បទានរបស់រដ្ឋាភិបាលទៅលើជីវភាពរបស់ពួកគេ។ កាលពីព្រឹកថ្ងៃព្រហស្បិ៍ អ្នកភូមិប្រហែល១២០នាក់បានជួបជុំគ្នាដើម្បីធ្វើការបួងសួងនៅទីសក្ការៈព្រះពុទ្ធមួយ នៅមាត់ទន្លេនាក្រុងភ្នំពេញ។ អ្នកភូមិភាគច្រើនស្លៀកសំលៀកបំពាក់ដែលរចនាយកតាមអ្វីដែលគេបានតុបតែងខ្លួននៅក្នុងខ្សែភាពយន្ត«អាវ៉ាតារ៍»("Avatar") ដ៏ល្បីល្បាញ ដែលរឿងនេះព៌ណនាអំពីការប្រយុទ្ធតស៊ូរបស់ពូជពង្សមនុស្សពីភពផ្សេង ដើម្បីសង្គ្រោះព្រៃរបស់ពួកគេពីការកេងប្រវញ្ច័សម្រាប់ពាណិជ្ជកម្ម។ ក្រុមអ្នកតវ៉ាបានលាបមុខពណ៌បៃតង ពាក់អាវពណ៌បៃតង ហើយបានពាក់ស្លឹកឈើពណ៌បៃតងធ្វើជាមួក។ ពួកគេនិយាយថា ពួកគេមកទីក្រុងភ្នំពេញដើម្បីធ្វើឲ្យសាធារណជនយល់ដឹងពីបញ្ហាដែលពួកគាត់ជួបប្រទះនៅតាមតំបន់ជនបទ ដែលដីព្រៃឈើធំៗច្រើនកន្លែងត្រូវបានជួលឲ្យអ្នករកស៊ីក្នុងស្រុកនិងបរទេស។ អ្នកភូមិឈ្មោះ កៅ ឆាត ដែលបានធ្វើដំណើរមកពីខេត្តភាគឦសាន គឺខេត្តក្រចេះ និយាយថា ព្រៃឈើជាច្រើនត្រូវបានកាប់ឆ្កា ហើយអ្នកភូមិដូចគាត់កំពុងតែបាត់បង់ជីវភាពរស់នៅ។ គាត់និយាយថា មានមនុស្សម្ភៃនាក់មកពីតំបន់របស់គាត់ ហើយកំពុងបន់ស្រន់ព្រះពុទ្ធឲ្យលោកជួយ។ គាត់និយាយថាការថែរក្សាបរិស្ថានគួរតែជាអាទិភាព។ ក្រុមសហគមន៍មួយនិយាយថា ការប្រមូលផ្តុំបែបនេះបានធ្វើឡើងនៅ១៤៥កន្លែងទូទាំងប្រទេសកម្ពុជា។ គេមិនអាចបញ្ជាក់បានអំពីការអះអាងខាងលើនោះទេ ប៉ុន្តែកិច្ចប្រឹងប្រែងទូទាំងប្រទេសបែបនេះនឹងបង្ហាញពីកម្រិតមិនធម្មតាមួយនៃកិច្ចសហប្រតិបត្តិការសម្រាប់បុព្វហេតុសង្គមនៅប្រទេសកម្ពុជា ដែលជាធម្មតាសកម្មភាពបែបនេះមានទំហំតូចនិងនៅតាមតំបន់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា បញ្ហាដីធ្លីគឺជាបញ្ហាចម្បងមួយដែលជះឥទ្ធិពលមកលើសហគមន៍ជាច្រើន។ កាលពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស ដែលជាអង្គការមិនយកប្រាក់ចំណេញក្នុងស្រុកមួយ បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញថាយ៉ាងតិចណាស់កម្មសិទ្ធិដីធ្លីចំនួនប្រាំភាគរយនៃដីទូទាំងប្រទេស មានជម្លោះក្នុងរយៈពេលបួនឆ្នាំចុងក្រោយ។ មជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស ប៉ាន់ប្រមាណថាគ្រួសារបួនម៉ឺនប្រាំពីរពាន់ កំពុងស្ថិតក្នុងការប្រឈមនឹងជម្លោះដីធ្លី ឬក៏ត្រូវបានរងផលប៉ះពាល់ពីជម្លោះដីធ្លី។ តំបន់ទទួលរងការគម្រាមកំហែង ដែលមាននៅក្នុងព័ត៌មានថ្មីៗនេះគឺ ព្រៃឡង់ ដែលជាព្រៃបៃតងតំបន់ទំនាបធំជាងគេបំផុតក្នុងតំបន់។ ដីព្រៃធំៗដែលមិនបានការពារនៅតំបន់នេះ ត្រូវបានគេជួលឲ្យធ្វើជាចំការកៅស៊ូ។ អ្នកភូមិ កៅ ឆាត ដែលអាស្រ័យលើភោគផលពីព្រៃឡង់សម្រាប់ការរស់នៅ និយាយថាគាត់មានសុទិដ្ឋិនិយម ថាការធ្វើដំណើរមកភ្នំពេញនឹងធ្វើឲ្យគេយល់ដឹងពីបញ្ហានេះ។ គាត់និយាយថា គាត់សង្ឃឹមថាបាតុកម្មនេះនឹងទាក់ទាញការគាំទ្រច្រើនជាងមុន។ គាត់និយាយថារដ្ឋាភិបាលគួរតែគ្រប់គ្រងមិនឲ្យមានការកាប់បំផ្លាញព្រៃឈើ។ បន្ទាប់ពីការបន់ស្រន់បានបញ្ចប់ អ្នកភូមិបានបំបែកគ្នាដើរចែកខិត្តប័ណ្ណដែលលើកឡើងពីសារៈសំខាន់នៃការអភិរក្សព្រៃឈើ នៅពាសពេញទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែក្នុងរយៈពេលប្រហែលមួយម៉ោងប៉ុណ្ណោះ អាជ្ញាធរបានឃុំឃាំងសមាជិកជាងមួយរយនាក់នៃក្រុមនេះ។ អ្នកទាំងអស់នោះត្រូវបានគេដោះលែងទៅវិញភ្លាមៗបន្ទាប់ពីពូកគេបានសន្យាថានឹងឈប់ចែកចាយខិត្តប័ណ្ណតទៅទៀតដោយពុំមានការអនុញ្ញាត។ បើទោះជាមានការហៅចូលទូរស័ព្ទជាច្រើនដង អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅតែមិនអាចទាក់ទងបានដើម្បីសុំការអធិប្បាយលើការឃុំខ្លួន ឬហេតុផលរបស់រដ្ឋាភិបាលក្នុងការហាមប្រាមមិនឲ្យចែកចាយខិត្តប័ណ្ណ។ ក្រុមសិទ្ធិមនុស្សសំខាន់ៗចំនួនបី បាននិយាយដោយចំហរប្រឆាំងនឹងការឃុំខ្លួននិងការឃាត់មិនឲ្យចែកចាយខិត្តប័ណ្ណ។ ពួកគេបាននិយាយថា អាជ្ញាធរបានអះអាងថាការចែកចាយខិត្តប័ណ្ណអាចធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស និយាយថា ហេតុផលពិតប្រាកដសម្រាប់ការឃុំឃាំងនេះ គឺថាការតវ៉ាបែបនេះអាចគម្រាមកំហែងដល់លទ្ធភាពរបស់អ្នកមានក្នុងការកេងប្រវញ្ច័ធនធានធម្មជាតិ។ ប្រែសម្រួលដោយ បូរី ស៊ីលីវណ្ណ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៩ សីហា Posted: 19 Aug 2011 12:37 AM PDT ព័ត៌មានចុងក្រោយបំផុត៖ សហរដ្ឋអាមេរិក៖ រដ្ឋបាលប្រធានាធិបតីបារ៉ាក់ អូបាម៉ា ឲ្យដឹងថា ពួកគេនឹងពិនិត្យមើលឡើងវិញនូវករណីចំនូន៣សែននៃជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងប្រឈមមុខនឹងការបណ្តេញចេញ ដើម្បីសម្រេចថាតើពួកគេអាចបន្តស្នាក់នៅសហរដ្ឋអាមេរិកឬទេ។ ភូមា៖ មន្រ្តីរដ្ឋាភិបាលភូមាម្នាក់និយាយថា លោក ស្រី អោង សានស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតេយ្យបានជួបគ្នាជាមួយលោកប្រធានាធិបតី ថេន សេន (Thein Sein) ថ្ងៃសុក្រនេះក្នុងក្រុង ណាយភីយីដាវ (Naypyidaw)។ នេះជាជំនួបលើកទី១ហើយរវាងលោកស្រីដែលជាជ័យលាភីសន្តិភាពជាមួយនឹងមេដឹកនាំស៊ីវិលទីមួយប្រទេសនេះ។ កូរ៉េខាងជើង៖ កូរ៉េខាងជើងឲ្យដឹងថា ពួកគេនឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីរុករកឡើងវិញនូវទាហានអាមេរិកាំងដែលបានស្លាប់ក្នុងពេលសង្រ្គាមកូរ៉េ។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េខាងជើងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកដោយផ្អែកលើហេតុផលមនុស្សធម៌ហើយការងារកំពុងតែដំណើរការដើម្បីរៀបចំការជួបចរចារវាងកងយោធានៃប្រទេសទាំងពីរ។ ប៉ាគីស្ថាន៖ ក្រុមមន្រ្តីក្នុងប៉ែកពាយ័ព្យប្រទេសប៉ាគីស្ថាននិយាយថា ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកលើវិហារអ៊ីស្លាមមួយក្នុងពេលសូត្រធម៌ថ្ងៃសុក្របានឡើងដល់៣៣នាក់។ អាជ្ញាធរនិយាយថា យ៉ាងហោចណាស់មានមនុស្ស៨៥នាក់ទៀតទទួលរងរបួសក្នុងការវាយប្រហារនោះ។ ស៊ីរី៖ សកម្មជនក្នុងប្រទេសស៊ីរីនិយាយថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្សា អាល អាស្សាដ (Bashar al Assad) បន្តវាយបង្រ្កាបក្រុមបាតុករ ទោះជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបទាមទារឱ្យលោកចុះចេញពីតំណែង។ ក្រុមសកម្មជននិយាយថា កងកម្លាំងសន្តិសុខបានបាញ់រះនៅក្នុងទីក្រុងហូម នៅភាគកណ្តាលប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ដែរ។ ស៊ីរី៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបបានអំពាវនាវឱ្យមេដឹកនាំប្រទេសស៊ីរីចុះចេញពីតំណែង។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានចោទប្រកាន់លោកថា បាន «ធ្វើទារុណកម្មនិងសម្លាប់» ប្រជាពលរដ្ឋខ្លួនឯង ដូចអ្វីដែលមន្រ្តីអង្គការសហប្រជាជាតិហៅថាអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លីប៊ី៖ យ៉ាងហោចណាស់មានការផ្ទុះចំនួនប្រាំពីរដងដោយសំឡងយ៉ាងខ្លាំងនៅក្នុងទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីប៊ី កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ខណៈដែលមានគ្រាប់បែកបានធ្លាក់ចំបរិវេណលំនៅដ្ឋានមេដឹកនាំម៉ូអាម៉ា កាដាហ្វី និងទីកន្លែងជាច្រើនទៀតនៅភាគខាងលិចទីក្រុង។ សេដ្ឋកិច្ចសកលលោក៖ នៅថ្ងៃសុក្រនេះ ទីផ្សារភាគហ៊ុនបានបើកលក់ដូរដោយតម្លៃហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងក្នុងតំបន់អាស៊ី មួយថ្ងៃបន្ទាប់ពីតម្លៃហ៊ុនក្នុងទីផ្សារហ៊ុនសហរដ្ឋអាមេរិកនិងអឺរ៉ុបបានធ្លាក់ចុះ។សន្ទស្សរ៍ទីផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះប្រហែល២ភាគរយក្នុងពេលបើកលក់ដំបូងៗកាលពីថ្ងៃសុក្រ ខណៈពេលដែលទីផ្សារហាងសេងក្នុងទីក្រុងហុងកុងបានធ្លាក់ចុះជិត២,៧ភាគរយ។ ចិន៖ នៅថ្ងៃសុក្រនេះលោក ស៊ី ជិនពិង (Xi Jinping) អនុប្រធានាធិបតីចិនបានសម្តែងជំនឿទុកចិត្តលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈដែលលោកនិងលោកចូ បៃដិន (Joe Biden) អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបប្រជុំក្នុងក្រុងប៉េកាំងជាមួយប្រធានក្រុមវិនិយោគមកពីប្រទេសទាំងពីរ។ អ៊ីស្រាអែល៖ កងជីវពលក្នុងតំបន់ ហ្កាហ្សា ស្ទ្រីព (Gaza Strip) បានបាញ់គ្រាប់រ៉ុក្កែតចូលក្នុងដែនដីអ៊ីស្រាអែល ក្រោយពីយន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើដែនដីប៉ាឡេស្ទីន ក្នុងការសងសឹកវិញចំពោះការវាយប្រហារជាប់ៗគ្នានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលដែលបានសម្លាប់មនុស្សអស់៨នាក់។ អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថា យ៉ាងហោចណាស់មានមនុស្ស៩នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃសុក្រនេះ ក្នុងការវាយប្រហារដោយគ្រាប់បែកពីរលើកនិងការបាញ់តគ្នានៅឯមជ្ឈមណ្ឌលវប្បធម៌មួយរបស់អង់គ្លេសក្នុងក្រុងកាប៊ុល។ ឥណ្ឌា៖ លោក អាណ្ណា ហាហ្សារ៉េ (Anna Hazare) សកម្មជនរបស់ប្រទេសឥណ្ឌាបានចាប់ផ្តើមការតវ៉ាដោយបង្អត់អាហាររយៈពេល១៥ថ្ងៃដើម្បីទាមទារឱ្យមានច្បាប់ប្រឆាំងអំពើពុករលួយដ៏តឹងរ៉ឹងមួយ។ អ្នកគាំទ្ររបស់លោករាប់ពាន់នាក់បានទទួលស្វាគមន៍លោក ហាហ្សារ៉េ ពេលដែលលោកមកដល់ទីធ្លាកណ្តាលវាលមួយក្នុងទីក្រុង ញូដេល្លី នៅថ្ងៃសុក្រនេះ។ សូម៉ាលី៖ លោកនាយករដ្ឋមន្រ្តីតួកគី រ៉េសេព តាយយីព អេរដូហ្កាន (Recep Tayyip Erdogan) បានមកដល់ប្រទេសសូម៉ាលីថ្ងៃសុក្រនេះ ដោយនាំមកជំនួយបន្ថែមទៀត និងទាក់ទាញចំណាប់អារម្មណ៍ជាអន្តរជាតិចំពោះគ្រោះទុរ្ភិក្សដែលកំពុងរួបរឹតតំបន់អាហ្រ្វិកខាងកើត។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ស៊ីរី៖ សហរដ្ឋអាមេរិកនិងប្រទេសមានអំណាចដទៃទៀតក្នុងពិភពលោក សុំឲ្យលោកប្រធានាធិបតី Bashar al-Assad ប្រទេសស៊ីរី ចុះចេញពីដំណែង ដោយសារការបង្ក្រាបយ៉ាងព្រៃផ្សៃរបស់លោកទៅលើក្រុមអ្នកជំទាស់នយោបាយ។ លោកបារ៉ាក់ អូបាម៉ាចេញសេចក្ដីថ្លែងការថ្ងៃព្រហស្បតិ៍ឲ្យដឹងថា ពេលវេលាមកដល់ហើយឲ្យលោក Assad ចុះចេញពីដំណែង។ វៀតណាម៖ មន្ដ្រីសុខាភិបាលវៀតណាមកំពុងតែទប់ស្កាត់ការរីករាលដាលជំងឺមួយដែលបានសម្លាប់កុមារអស់៨១នាក់ និងឆ្លងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតផង។ សេដ្ឋកិច្ចសកលលោក៖ តម្លៃភាគហ៊ុនស្ដុកចុះយ៉ាងខ្លាំងនៅក្នុងផ្សារលក់ដូរហ៊ុនសហរដ្ឋអាមេរិក និងអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ពេលដែលសន្ទស្សន៍ DAX នៅប្រទេសអាល្លឺម៉ង់ធ្លាក់ជិត៧ភាគរយ ហើយសន្ទស្សន៍ Dow នៅសរអចុះជាង៤%។ ក្រោយមកផ្សារលក់ហ៊ុនមានលំនឹងបន្ដិចវិញ។ ចិន៖ អនុប្រធានាធិបតីនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានធ្វើការចរចាគ្នាជាថ្លូវការណ៍នៅទីក្រុងប៉េកាំង ដោយនិយាយថាទំនាក់ទំនងល្អជាងមុននឹងធ្វើឲ្យប្រទេសរបស់អស់លោកឲ្យផលប្រយោជន៍ដល់ពិភពលោក។ អាហ្វហ្គានីស្ថាន៖ ក្រុមមន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា គ្រាប់បែកបង្កប់តាមផ្លូវបានផ្ទុះនៅក្នុងរថយន្ដដឹកអីវ៉ាន់តូចមួយនៅប្រទេស អាហ្វហ្គានីស្ថានភាគខាងលិចបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២០នាក់។ ការផ្ទុះនេះកើតមាននៅសង្កាត់ Obe ក្នុងខេត្ដ Herat ។ លីប៊ី៖ ក្រុមបះបោរលីប៊ីនិយាយថាពួកគេត្រួតត្រាលើរោងច័ក្រចំរ៉ាញ់ប្រេងកាតយុទ្ធសាស្ដ្រមួយនៅភាគខាងលិចទីក្រុង Tripoli ហើយត្រួតត្រាស្រុកនៅជិតខាងមួយដែរ។ ឥណ្ឌា៖ សកម្មជនឥណ្ឌានាំមុខគេម្នាក់មានផែនការណ៍ធ្វើកូដកម្មអត់អាហាររបស់សធារណ:ជននៅថ្ងៃសុក្រដើម្បីទាមតារឲ្យមានសំណើច្បាប់ប្រឆាំងអំពើពុករលួយខ្លាំងជាងមុន នៅក្នុងយុទ្ធនាការដែលធ្វើឲ្យមានការតវ៉ានៅទូទាំងប្រទេស។ អ៊ីស្រាអែល៖ យន្ដហោះប្រដេញរបស់ប្រទេសអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើតំបន់ Gaza Strip ភាគខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ក្រោយពីរដ្ឋាភិបាលប្រទេសនេះបន្ទោសពួកសកម្មប្រយុទ្ធនៅ Gaza ចំពោះការវាយលុកនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង។ លោកនាយករដ្ឋមន្ដ្រី Benjamin Netanyahu ព្រមានថានរណាដែលវាយប្រហារអ៊ីស្រាអែលនឹងត្រូវទទួលផលវិបាកយ៉ាងដំណំ។ ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថានបានចេញផ្សាយរូបគំនូរជនជាប់សង្ស័យម្នាក់នៅក្នុងការចាប់ពង្រត់ជនជាតិអាមេរិកាំងម្នាក់ពីផ្ទះរបស់លោកនៅទីក្រុង Lahore ភាគខាងកើត។ រុស្ស៊ី៖ ទីភ្នាក់ងារសហព័ន្ធអាវកាសប្រទេសរុស្ស៊ីឲ្យដឹងថា ខ្លួនបាត់ការទាក់ទងជាមួយផ្កាយរណបគមនាគមន៍ធំមួយក្រោយពីការបង្ហោះភ្លាមមក។ រវ៉ាន់ដា៖ ប៉ូលីសយោធាបារាំងកំពុងតែស្ថិតនៅក្នុងប្រទេសរវ៉ាន់ដា ដើម្បីស៊ើបអង្កេតអំពីជនជាតិរវ៉ាន់ដា ដែលរស់នៅក្នុងប្រទេសបារាំង ហើយដែលជាជនជាប់សង្ស័យក្នុងការដើរតួនាទីនៅក្នុងការប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ ដែលពួក Hutuនិយមជ្រុលហួសសម្លាប់ពួកអនិកជន Tutsi ប្រមាណ៨សែននាក់។ សេណេហ្គាល់៖ ការសិក្សាមួយធ្វើនៅប្រទេសសេណេហ្គាល់កំពុងតែធ្វើឲ្យមានការសង្ស័យអំពីប្រសិទ្ធិភាពរបស់មុងដែលមានជ្រលក់ថ្នាំ ដើម្បីទប់ស្កាត់ជម្ងឺគ្រុនចាញ់។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ចាប់ផ្ដើមសំរាកវិស្សមកាល ១០ថ្ងៃនៅថ្ងៃព្រហស្បតិ៍ ក្រោយពីបានចំណាយពេលពាក់ កណ្ដាលនៃអាទិត្យនេះធ្វើដំណើរទៅកាន់ទីជនបទក្នុងរដ្ឋស្ថិតនៅភាគកណ្ដាលប៉ែកខាងលិចសហរដ្ឋអាមេរិកដើម្បីស្ដាប់សេចក្ដីព្រួយបារម្ភរបស់ពលរដ្ឋអំពីសេដ្ឋកិច្ច។ អ្នករិះគន់លោកអូបាម៉ានិយាយថា លោកមិនគួរទៅវិស្សមកាលនៅ Martha's Vineyard នៅរដ្ឋ Massachussetts ពេលមានវិបត្ដិសេដ្ឋកិច្ចទេ។ អង់គ្លេស៖ ប៉ូលីសអង់គ្លេសបានចាប់អតីតអ្នកយកព័ត៌មាននៅហូលីវូដម្នាក់ដែលយកព័ត៌មានឲ្យកាសែត News of the World ដែលមានរឿងអាស្រូវក្នុងការលួចចូលស្ដាប់ការសន្ទនាគ្នាតាមទូរស័ព្ទ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |