VOA News: ព័ត៌មាន: “រោងចក្រកាត់ដេរនៅកម្ពុជានៅតែមិនគោរពច្បាប់ការងារឲ្យបានពេញលេញ” plus 4 more |
- រោងចក្រកាត់ដេរនៅកម្ពុជានៅតែមិនគោរពច្បាប់ការងារឲ្យបានពេញលេញ
- ប្រតិកម្មចំពោះការសម្រេចរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ផ្តល់ដីដល់អ្នកភូមិបឹងកក់
- ថវិកាកងទ័ពរំពឹងថានឹងកើននៅឆ្នាំ២០១២
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៧ សីហា
- លោកហ៊ុន សែនអះអាងពីការកែទម្រង់ឡូតិ៍នេសាទ
រោងចក្រកាត់ដេរនៅកម្ពុជានៅតែមិនគោរពច្បាប់ការងារឲ្យបានពេញលេញ Posted: 17 Aug 2011 03:01 PM PDT បញ្ហាសុខភាព សុវត្ថិភាពការងារ និងការធ្វើការបន្ថែមម៉ោងនៅតែជាបញ្ហាតានតឹងនៅក្នុងបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការពលកម្មអន្ដរជាតិហៅកាត់ថា ILO ដែលចេញផ្សាយនៅថ្ងៃពុធនេះ។ របាយការណ៍ដែលបានសិក្សាលើរោងចក្រចំនួន១៨៦សម្រាប់រយៈពេលប្រាំមួយខែបានរកឃើញថា បញ្ហាទាំងនេះមានការពិបាកក្នុងការដោះស្រាយ។ អង្គការ ILO ដែលជាភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានរៀបរាប់លម្អិតក្នុងរបាយការណ៍របស់ខ្លួនដែលជារបាយការណ៍សំយោគស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាថា មានបញ្ហាពាក់ពន្ធ័ទៅនឹងការមិនគោរពច្បាប់ក្នុងរោងចក្រដែលត្រូវបានរកឃើញចំនួន១០ចំណុចក្នុងការមិនគោរពច្បាប់ ហើយចំនួនប្រាំពីរចំណុចទាក់ទងទៅនឹងការធ្វើការបន្ថែមម៉ោង និងបញ្ហាសុខភាពនិងសុវត្ថិភាពការងារ។ របាយការណ៍របស់ ILO បញ្ជាក់ថា មានការរើសអើងកម្មករកើនឡើងពីប្រាំទៅ១៣ភាគរយធៀបទៅនឹងរយៈពេលប្រាំមួយខែមុន។ ការធ្វើកូដកម្មបានកើនឡើងពីប្រាំបីទៅ២១ភាគរយ ហើយការធ្វើកូដកម្មនេះនៅតែជាកង្វល់។ លោក ប៊ុន យីង មន្ដ្រីផ្នែកព័ត៌មានរបស់អង្គការ ILO ប្រចាំក្រុងភ្នំពេញ មានប្រសាសន៍ថា អ្វីដែលបានរកឃើញនេះ គឺជាការបញ្ជាក់ថា ការអនុវត្តច្បាប់នៅក្នុងបណ្ដារោងចក្រកាត់ដេរនៅកម្ពុជានៅមានកម្រិត។ លោកយីងបានប្រាប់វីអូអេខ្មែរថា៖ «មានន័យថា នៅទាមទារឲ្យខាងរោងចក្រកាត់ដេរហ្នឹង បន្តអនុឡោមទៅតាមច្បាប់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដែលយើងមើលឃើញថា ការអនុឡោមនៅមានកម្រិតនៅឡើយ»។ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកពីផ្នែកអវិជ្ជមាននៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ផងដែរជាពិសេសទាក់ទងទៅនឹងការធ្វើកូដកម្ម និងការដួលសន្លប់ក្នុងចំណោមក្រុមកម្មករដែលស្ដែងចេញពីកង្វះការយកចិត្តទុកដាក់ដល់សុខភាពរបស់កម្មករ។ លោកបានប្រាប់វិអូអេខ្មែរថា៖ «រោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជា នៅតែរំលោភបំពានច្បាប់ស្តីពីកាងារដដែល។ មានរោងចក្រពីរបីដែលរើសអើងសហជីព ក្នុងដើមឆមាស មិនតិចជាង៧០ ទៅ៨០ប្រតិកម្ម។ នៅក្នុងឆ្នាំ២០១១ ទាំងខេត្ត ទាំងក្រុង មិនតិចជាង១.០០០នាក់ទេ ហើយការសន្លប់នេះពាក់ព័ន្ធទៅនឹងការពុលថ្នាំ ភាគច្រើន ហើយធ្វើការថែមម៉ោងច្រើន គាត់អស់កម្លាំង»។ លោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការ ILO ទេ ដោយលោកបង្វែរសមត្ថកិច្ចទៅកាន់លោកសេង សក្កដា អគ្គនាយកការងារនៃក្រសួងដដែលនេះ។ ក៏ប៉ុន្ដែវីអូអេមិនអាចទាក់ទងលោកសេង សក្កដាបានដោយសារទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ ប៉ុន្តែ លោក ជាតិ ខេមរា មន្ដ្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានពន្យល់ថា លក្ខខណ្ឌការងារក្នុងរោងចក្រនៅកម្ពុជាកាន់តែប្រសើរក្នុងពេលបច្ចុប្បន្ននេះ ហើយសមគមរបស់លោកបានក្រើនរំលឹកដល់រោងចក្រជាប្រចាំពីបញ្ហាដែលអាចនាំឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងផលិតកម្ម។ «ចំពោះលក្ខខណ្ឌការងារយើង រាល់ថ្ងៃហ្នឹង បានអនុវត្តល្អប្រសើរហើយ ព្យាយាមមកពង្រឹងការអនុវត្ត (ដោយ) មានបើកសិក្ខាសាលាផ្សេងៗទៀត»។ វិស័យកាត់ដេរសម្លៀកបំពាក់គឺជាផ្នែកនៃការនាំចេញធំជាងគេបំផុតនៅកម្ពុជា។ តម្លៃនៃការនាំចេញក្នុងវិស័យនេះមានទំហំប្រមាណ២.០០០លានដុល្លាក្នុងឆ្នាំចុងក្រោយនេះ។ មានកម្មករច្រើនជាង ៣០០.០០០នាក់កំពុងបម្រើការក្នុងវិស័យនេះ ហើយភាគច្រើននៃពួកគេមកពីបណ្ដាខេត្តនានានៃប្រទេសកម្ពុជា។ អង្គការពលកម្មអន្ដរជាតិ ILO នៅក្នុងរបាយការណ៍របស់ខ្លួននៅថ្ងៃនេះក៏បានលើកពីភាពល្អប្រសើរច្រើនក្នុងការអនុវត្តច្បាប់នៅតាមបណ្ដារោងចក្រកាត់ដេរផងដែរបើទោះបីជាមានបញ្ហាត្រូវបានលើកឡើងខាងលើនេះក៏ដោយ៕ This posting includes an audio/video/photo media file: Download Now |
ប្រតិកម្មចំពោះការសម្រេចរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ផ្តល់ដីដល់អ្នកភូមិបឹងកក់ Posted: 17 Aug 2011 02:37 PM PDT ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃពុធនេះថា សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការប្រគល់ដីជាង១២ហិកតាទៅឲ្យអ្នកភូមិបឹងកក់ច្រើនរាប់រយគ្រួសារដែលប្រឈមនឹងការបណ្តេញចេញ បានទទួលផលចំណេញផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចពីសហគមន៍ជាតិ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យចុះថ្ងៃទី១១ ខែសីហា ប្រគល់ដីទំហំ១២,៤៤ហិកតាដល់អ្នកភូមិ បឹងកក់ប្រមាណ១.០០០គ្រួសារសម្រាប់កសាងផ្ទះសម្បែង បន្ទាប់ពីធនាគារពិភពលោកបានបង្កកមូលនិធិដល់កម្ពុជាទាក់ទងនឹងការបណ្តេញអ្នកភូមិបឹងកក់ រហូតដល់រដ្ឋាភិបាលមានកិច្ចព្រមព្រៀងសមហេតុសមផលជាមួយអ្នកភូមិបឹងកក់។ លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ថា សេចក្តីសម្រេចនេះ បានចំណេញផ្នែកការទូត នយោបាយ សេដ្ឋកិច្ច ជំនួយហិរញ្ញវត្ថុ ពីធនាគារពិភពលោក និងសហគមន៍ផ្តល់ជំនួយអន្តរជាតិ។ លោកសំអឿន បានប្រាប់វីអូអេខ្មែរថា៖ «ការទទួលជំនួយធនាគារពិភពលោកមានជំនួយផង និងមានប្រាក់កម្ចីផង។ យើងត្រូវតែស្ថិតនៅក្រោមឥទ្ធិពលរបស់ធនាគារពិភពលោកច្រើន ហើយធនាគារពិភពលោកបានជួយយើងច្រើន។ ដូច្នេះរឿងអ្វីមិនចំណេញ។ ខ្ញុំថាសេចក្តីសម្រេចគឺជាការឆ្លាតវ៉ៃ។ សេចក្តីសម្រេចមួយនេះមានចំណេញច្រើនណាស់ គឺចំណេញទាំងនយោបាយ ចំណេញទាំងការទូត ចំណេញទាំងហិរញ្ញវត្ថុ ចំណេញទាំងសេដ្ឋកិច្ចទាំងអស់ ហើយចំណេញទាំងការទិញទឹកចិត្តពីប្រជាពលរដ្ឋ»។ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានថ្លែងថា ប្រជាពលរដ្ឋបឹងកក់បានប្រើប្រាស់យន្តការអន្តរជាតិដើម្បីគាបសង្កត់រដ្ឋាភិបាលឲ្យផ្តល់ដី១២,៤៤ហិកតាដើម្បីធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ លោកបន្តថា៖ «យើងយល់ឃើញថា ការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ផ្តល់ដី១២,៤៤ហិកតានេះ គឺមានការដាក់សម្ពាធពីខាងអន្តរជាតិ ជាពិសេសអ្វីដែលជាទម្ងន់ខ្លាំងមែននោះ គឺប្រជាពលរដ្ឋបែរទៅរកអន្តរជាតិវិញ ដោយសារប្រជាពលរដ្ឋអត់ជំនឿទៅលើយន្តការរបស់រដ្ឋាភិបាល»។ លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការជំនួយពីធនាគារពិភពលោកដែលជាប្រភពគួរឲ្យជឿជាក់បានសម្រាប់ម្ចាស់ជំនួយផ្សេងៗទៀត ហើយរាល់អនុសាសន៍របស់ធនាគារពិភពលោកមានឥទ្ធិពលទៅលើម្ចាស់ជំនួយ និងប្រទេសទទួលជំនួយ។ លោកសុផល ថ្លែងថា៖ «ខ្ញុំយល់ឃើញថា សេចក្តីសម្រេចរបស់សម្តេចនាយកស្របទៅនឹងគោលបំណងរបស់ធនាគារពិភពលោកដែលបានទាមទារឲ្យប្រជាពលរដ្ឋនៅទីនោះ ទទួលបានកម្មសិទ្ធិដីធ្លីស្របទៅតាមគម្រោងផ្តល់កម្មសិទ្ធិដីធ្លីដែលធនាគារពិភពលោកបានជួយជាច្រើនឆ្នាំមកហើយ។ ធនាគារពិភពលោកមានឥទ្ធិពលមួយចំនួន។ ខ្ញុំជឿជាក់ថា មានហេតុផលច្រើននាំឲ្យមានការសម្រេចចិត្ត ហេតុផលខាងនយោបាយ ហេតុផលខាងសេដ្ឋកិច្ច ហេតុផលខាងសង្គមកិច្ច»។ លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះមានសម្ពាធពី ធនាគារពិភពលោក ប៉ុន្តែវាជាការបង្កើនជំនឿទុកចិត្តពីសហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជានឹងធ្វើការបោះឆ្នោតនៅឆ្នាំ២០១២ និងឆ្នាំ២០១៣។ លោកបានប្រាប់វីអូអេខ្មែរថា៖ «យើងមើលឃើញថា ការលើកស្ទួយសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្តែរឿងទំនាស់ដីធ្លីមានច្រើន មិនមែនមានតែករណីបឹងកក់មួយទេ ត្រូវតែមានការផ្តល់ការដោះស្រាយឲ្យបានសមស្របស្មើភាពគ្នា»៕ This posting includes an audio/video/photo media file: Download Now |
ថវិកាកងទ័ពរំពឹងថានឹងកើននៅឆ្នាំ២០១២ Posted: 17 Aug 2011 01:34 PM PDT មន្ត្រីជាន់ខ្ពស់សំខាន់ៗកម្ពុជារំពឹងថា ថវិកាជាតិសម្រាប់ឆ្នាំ២០១២នឹងកើនឡើងដោយសារកម្ពុជាកំពុងប្រឈមនឹងបញ្ហាព្រំដែនជាមួយថៃ។ ជម្លោះព្រំដែនបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨។ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជាបានទិញអាវុធយុទ្ឋភណ្ឌទំនើបៗដើម្បីពង្រឹងឡើងវិញនូវវិស័យការពារជាតិរបស់ខ្លួន។ ជាមួយគ្នានោះដែរ ការជ្រើសរើសកងទ័ពស្ម័គ្រចិត្តបន្ថែមចំនួន៥.០០០នាក់បានចាប់ផ្តើមហើយ។ ចំនួននេះបានជ្រើសរើសបានគ្រប់ចំនួនកាលពីចុងខែកក្កដា។ កងទ័ពដែលទើបនឹងជ្រើសរើសថ្មី កំពុងហ្វឹកហ្វាត់ដោយប្រើរយៈពេលបីខែមុននឹងត្រូវបានបញ្ជូនទៅអង្គភាពការពារព្រំដែន និងយោធភូមិភាគពិសេស។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបាននិយាយថាចំនួនកងទ័ពថ្មីនេះនឹងត្រូវជំនួសកងទ័ពដែលត្រូវចូលនិវត្តន៍ជារៀងរាល់ឆ្នាំដោយមួយឆ្នាំចំនួន៥.០០០នាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានមានប្រសាសន៍ទៀតថា ទោះបីជាកម្ពុជាមានសភាពធូរស្រាលលើបញ្ហាព្រំដែនក៏ដោយក៏ត្រូវមានកងទ័ពដើម្បីការពារបូរណភាពទឹកដី។ «កោតសរសើរចំពោះយុវជនទាំងអស់ដែលបានចូលរួមនូវក្នុងចលនាវិស័យការពារជាតិហើយក៏សូមផ្តាំផ្ញើថ្លែងអំណរគុណចំពោះបងប្រុស បងស្រីលោកពូ អ្នកមីង លោកយាយ លោកតា ដែលអនុញ្ញាត្តិឲ្យកូនចៅឬបងប្អូនសាច់ញាត្តិដើម្បីចូលបម្រើក្នុងកងទ័ព»។ កម្ពុជាបានចំណាយលើវិស័យការពារជាតិចំនួន១៩១លានដុល្លាក្នុងឆ្នាំ២០១០ដែលចំនួននេះតិចជាងវៀតណាម និងថៃជាង៤០ដង។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ថវិកាវិស័យការពារជាតិវៀតណាមនៅឆ្នាំ២០១០មានចំនួន២.៤១០លានដុល្លារ ហើយថៃមានចំនួន៥.២០០,លានដុលា្លរចំណែកឯប្រទេសឡាវមានចំនួនតែ២១លាន២សែនដុលា្លរតែប៉ុណ្ណោះ។ លោក គាត ឈុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបានឆ្លើយទៅនិងសំណូររបស់វីអូអេខ្មែរទេទាក់ទិននឹងថវិការបស់រដ្ឋាភិបាលលើវិស័យការពារជាតិ ទោះបីជាមានការព្យាយាមសុំការបំភ្លឺចំនួនពីរលើកក៏ដោយ។ លោក គាត ឈុន គ្រាន់តែបានបញ្ជាក់ថា៖ «ដូចយើងបានសម្រេចរួចអស់ហើយចំពោះការរក្សាបាននូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់យើង។ សូមមិននិយាយអ្វីថែមទៀតទេ»។ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ក្រសួងមានផែនការរូចរាល់ហើយសម្រាប់ដំឡើងថវិកាលើវិស័យការពារជាតិនៅឆ្នាំក្រោយ។ លោកថ្លែងថា៖ «អាហ្នឹង! ទៅនិយាយស្អី។ រឿងរបស់គេមានត្រៀមទុកអស់ហើយ ទៅតាមលទ្ធភាពថវិការបស់ជាតិឆ្នាំនីមួយៗគឺសុទ្ធសឹងមានការគ្រោងទុកអស់ហើយ។ ចែករំលែកទៅតាមសភាពពិតប្រាកដរបស់វានៅក្នុងឆ្នាំនីមួយៗ»។ សម្រាប់ក្រសួងអប់រំថវិកាប្រចាំឆ្នាំ២០១១នេះមានចំនួន៩១៥.០០០លានរៀល។ លោកលី សិទ្ធិ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រសួងអប់រំបាននិយាយថា ជារៀងរាល់ឆ្នាំថវិការបស់ក្រសួងអប់រំតែងតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ថវិកាទាំងនេះនឹងយកទៅចំណាយទៅលើប្រាក់បៀវត្សរ៍តាមមូលដ្ឋាន។ លោកបានប្រាប់វីអូអេខ្មែរថា៖ «តាមកំណើនសេដ្ឋកិច្ច ថវិកាក្រសួងមានការកើនឡើងជារៀងរាល់ឆ្នាំ។ អត់អីទេ»។ ដោយឡែក ក្រសួងសុខាភិបាលវិញគ្មានមន្ត្រីណាមួយបញ្ជាក់អំពីថវិកាសម្រាប់ឆ្នាំក្រោយនេះទេ។ លោក ឡាយ ហន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាលោកមិនទាន់ដឹងនៅឡើយ។ អ្វីៗអាស្រ័យទៅលើការសម្រេចរបស់ថ្នាក់ដឹកនាំ។ ក៏ប៉ុន្តែនៅពេលដែលទាក់ទងលោកអេង ហួត រដ្ឋលេខាធិការ និងលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាច្រើនលើក លោកទាំងពីរបានអះអាងដដែលៗថាកំពុងជាប់រវល់ប្រជុំ។ រដ្ឋសភាកម្ពុជាបានអនុម័តថវិកាឆ្នាំ២០១១ចំនួន២,៤ពាន់លានដុល្លារដោយផ្លោតទៅលើវិស័យអប់រំ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ក្រសួងសុខាភិបាលមានថវិកាចំនួន១៦៩លានដុល្លារក្នុងឆ្នាំ២០១១។ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងនឹងកើនឡើងនៅឆ្នាំ២០១១នេះចំនួន៧ភាគរយ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា។ លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានបញ្ជាក់ថា ក្នុងពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងវិស័យការពារជាតិជាកត្តាចំបងដែលត្រូវពង្រឹង។ លោកបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំជាកត្តាសំខាន់មួយដែរ ក៏ប៉ុន្តែវាជាចំណាយរយៈពេលវែង៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៧ សីហា Posted: 17 Aug 2011 12:17 AM PDT ព័ត៌មានចុងក្រោយបំផុត៖ ចិន/អាមេរិក៖ លោក Joe Biden អនុប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ជើញទៅដល់ប្រទេសចិននៅថ្ងៃពុធ នៅពេលមានការព្រួយបារម្ភកើនឡើងពីភាគីទាំងពីរទាំងសង្ខាងច្រកសមុទ្រតៃវ៉ាន់ អំពីលទ្ធភាពនៃការលក់អាវុធថ្មីរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់។ ថៃ៖ គណបក្សជំទាស់ធំមួយនៃប្រទេសថៃ កំពុងតែទាមទារឲ្យរដ្ឋាភិបាលពន្យល់អំពីតួនាទីរបស់ខ្លួននៅក្នុងសេចក្ដីសម្រេចរបស់ប្រទេសជប៉ុនផ្ដល់ទិដ្ឋាការជូនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ដ្រីដែលរត់ចេញពីប្រទេស។ លីប៊ី៖ ពួកបះបោរបដិសេធការអះអាងថា ពួកគេបានធ្វើការចរចាគ្នាជាមួយអ្នកជំនួយការរបស់មេដឹកនាំ មួម៉ារ កាដាហ៊្វី នៅពេលដែលអ្នកប្រយុទ្ធដណ្ដើមយកបានតំបន់ខ្លះៗក្នុងការរុលទៅមុខដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកពីអំណាច។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា កងកម្លាំងសន្ដិសុខរបស់រដ្ឋាភិបាលបានលុកលុយជាថ្មីនៅក្នុងតំបន់ខ្លះៗ ហើយបានសម្លាប់បុរសម្នាក់ជិតព្រំដែនជាមួយប្រទេសទួកគី ហើយថា បានចាប់មនុស្សរាប់សឹបនាក់នៅរដ្ឋធានីដាមាសក៍។ ចិន៖ កងកម្លាំងសន្ដិសុខបានធ្វើយុទ្ធនាការបង្ក្រាបរយ:ពេលពីរខែនៅក្នុងតំបន់ Xinjiang ដែលធ្លាប់មានអំពើហិង្សាប៉ុន្មានខែកន្លងទៅនេះ ហើយជាការឆ្លើយតបនឹងព្រិត្ដិការណ៍យ៉ាងប្រល័យមួយចំនួន។ ស៊ែប៊ី៖ ក្រុមរដ្ឋអាជ្ញានៃអ.ស.បកំពុងតែស្វែងរកឲ្យមានការជំនុំជម្រះកាត់សេចក្ដី លោក Ratko Mladic ចំនួនពីរដាច់ដោយឡែកពីគ្នា។ លោកជាអតីតមេបញ្ជាការយោធាជនជាតិស៊ែបនៅបូស្ន៊ី។ អ៊ីរ៉ង់៖ លោក Ali Akbnar Salehi រដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ បានសរសើរផែនការរបស់ប្រទេសរុស៊្សីមួយដើម្បីឲ្យមានការចរចាជាថ្មីទៀតរវាងរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់និងក្រុមប្រទេសក្នុងពិភពលោកមានអំណាចស្ដីអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ ទួកគី៖ រដ្ឋមន្ដ្រីក្រសួងការពារប្រទេសទួកគីនិយាយថា យុទ្ធជនទួកគី៨នាក់បានស្លាប់នៅពេលដែលក្បួនរថយន្ដរបស់ពួកគេត្រូវបានស្ទាក់វាយប្រហារដោយពួកបះបោរឃឺត (Kurd) នៅភាគអាគ្នេយ៍នៃប្រទេសនេះ។ ជប៉ុន៖ ក្រុមមន្ដ្រីជប៉ុនបានអនុម័តការចាប់ផ្ដើមម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរជាថ្មី សម្រាប់ការប្រើពាណិជ្ជកម្មជាលើកទីមួយ ចាប់តាំងពីការរញ្ជួយផែនដីនិងរលកយក្សស៊ូណាមីនៅថ្ងៃទី១១ខែមិនាមក។ ភូមា៖ លោកប្រធានាធិបតីនៃប្រទេសភូមា Thein Sein កំពុងតែសុំឲ្យពលរដ្ឋភូមាដែលបានរត់ចេញទៅក្រៅប្រទេស វិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយជួយកសាងសេដ្ឋកិច្ចឡើងវិញដោយនិយាយថា រដ្ឋាភិបាលរបស់លោកត្រៀមខ្លួនបំភ្លេចការខ្វែងគំនិតគ្នាពីអតីតកាល។ ភូមា៖ ក្រុមមន្ដ្រីរដ្ឋការភូមាបញ្ជាក់ថា លោក Tomas Quintana អ្នកស៊ើបអង្កេតសិទ្ធិមនុស្សនៃអ.ស.ប. នឹងជួបជាមួយក្រុមមន្ដ្រីថ្នាក់ខ្ពស់នៅរដ្ឋធានីនៅសប្តាហ៍ក្រោយ នៅក្រោយពីលោកត្រូវបានបដិសេធទិដ្ឋាការជាងមួយឆ្នាំមកហើយ។ អង់គ្លេស៖ តុលាការអង់គ្លេសបានចេញសាលក្រមដាក់ពន្ធនាគារបុរសពីរនាក់ឲ្យជាប់ពន្ធនាគារបួនឆ្នាំក្នុងបទប៉ុនប៉ងមិនបានសម្រេចក្នុងការប្រើប្រព័ន្ធគេហទំព័រទំនាក់ទំនងសង្គម Facebook ដើម្បីបង្កើតកុបកម្មក្នុងពេលមានការរំជើបរំជួលកាលពីសប្តាហ៍មុន។ ឥណ្ឌា៖ លោកនាយករដ្ឋមន្ដ្រី Manmohan Singhនៃប្រទេសឥណ្ឌាបានបដិសេធមិនទទួលយក កូដកម្មអត់អាហាររបស់សកម្មជនប្រឆាំងអំពើពុករលួយម្នាក់នៅក្នុងពន្ធនាគារនៅទីក្រុងញូវដេលី (New Delhi) ដោយលោកថាវាជាការខំប្រឹងប្រែងមិនអាចទទួលយកបានដើម្បីឲ្យខូចខាតដល់ប្រជាធិបតេយ្យនៃប្រទេសនេះ។ ចិន៖ នៅថ្ងៃពុធនេះ ប្រទេសចិនប្រកាសអំពីវិធានការធ្វើឲ្យក្រុមហ៊ុននៅកោះហុងកុងងាយស្រួលធ្វើវិនិយោគនៅក្នុងមូលប័ត្រនៃប្រទេសចិនដីគោក។ នេះជាជំហានថ្មីៗនៅក្នុងវិធានការជាបន្ដទៅទៀត ដើម្បីយកប្រាក់យ័ន (yuan) ធ្វើជារូបិយប័ណ្ណអន្ដរជាតិ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ឥណ្ឌា៖ ការតវ៉ាបានកើតមានឡើងនៅពាសពេញប្រទេសឥណ្ឌានៅថ្ងៃអង្គារបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនសកម្មជនដ៏ល្បីល្បាញម្នាក់ដើម្បីទប់ស្កាត់កូដកម្មបង្អត់អាហារជាសាធារណៈមួយ ដែលទាមទារឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយដ៏រឹងមាំមួយ។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីប្រើកាំភ្លើងធុនធ្ងន់បាញ់លើកំពង់ផែ Latakia ជាទីដែលរដ្ឋាភិបាលលោក Bashar al-Assad បានបង្ក្រាបទៅលើបាតុករគណបក្សប្រឆាំងក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ។ លីប៊ី៖ អង្គការអូតង់ ថ្កោលទោសប្រទេសលីប៊ីដែលប្រើប្រាស់កំជ្រួច Scud ក្នុងការប្រយុទ្ធជាមួយពួកឧទ្ទាមដែលកំពុងមានការជឿនលឿនឆ្ពោះទៅកាន់រដ្ឋធានី Tripoli ដើម្បីបណ្តាញមេដឹកនាំលីប៊ី Moammar Gadhafi ។ សេដ្ឋកិច្ចសកលលោក៖ ការលូតលាស់សេដ្ឋកិច្ចមានការយឺតយ៉ាវពីខែមេសាទៅខែមិថុនាក្នុងសហគមន៍អឺរ៉ុប ដែលមានប្រទេស១៧ជាសមាជិកប្រើរូបិយប័ណ្ណរួម Euro ហើយកំពុងធ្វើឲ្យមានការភ័យខ្លាចថានឹងមានការមិនរីកចម្រើនសេដ្ឋកិច្ច។ អាហ្វហ្គានីស្ថាន៖ សហរដ្ឋអាមេរិកបានចាត់ទុកមេបញ្ជាការកងជីវពលម្នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគអាគ្នេយ៍ជាភេរវជន ជាវិធានការដើម្បីជួយទប់ស្កាត់ការហូរចូលថវិការទៅមេដឹកនាំកងជីវពលនេះ។ សេដ្ឋកិច្ចសកលលោក៖ ការព្រួយកង្វល់អំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលធំជាគេបង្អស់ក្នុងពិភពលោកត្រូវគេរំពឹងថានឹងស្ថិតលើរបៀបវារៈក្នុងអំឡុងពេលនៃការចរចាថ្មីមួយរវាងសហរដ្ឋអាមេរិក និងចិន។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងធ្វើដំណើរតំបន់ភាគកណ្តាលខាងលិចក្នុងរថយន្តថ្មីដ៏វែង មានប្រដាប់ការពារគ្រាប់កាំភ្លើង មានតម្លៃជាប្រាក់រាប់លានដុល្លារ។ រថយន្តនោះជាប្រភេទរថយន្តក្រុងដែលទីភ្នាក់ងារសម្ងាត់បានទិញនៅដើមឆ្នាំនេះ ហើយបានធ្វើសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតី។ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុន សែនអះអាងពីការកែទម្រង់ឡូតិ៍នេសាទ Posted: 16 Aug 2011 03:46 PM PDT លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតនានាក្នុងទីក្រុងភ្នំពេញពីការធ្វើការកែទម្រង់ស៊ីជម្រៅមួយលើឡូតិ៍នេសាទនៅក្នុងបឹងទន្លេសាប បន្ទាប់ពីមានការរិះគន់ពីការហិនហោចធនធានត្រីជាច្រើនឆ្នាំកន្លងមក។ ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខមួយក្នុងខេត្តកណ្ដាលនៅថ្ងៃអង្គារនេះលោកប្រមុខរដ្ឋាភិបាលខ្មែរបានប្រាប់ឯកអគ្គរដ្ឋទូតមកពីប្រាំពីរប្រទេសភាគច្រើនក្នុងទ្វីបអាស៊ី ថាលោកបានដាក់បញ្ជាឲ្យព្យួរអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឡូតិ៍នេសាទក្នុងខេត្តចំនួនប្រាំគឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ ហើយការព្យួរអាជ្ញាប័ណ្ណនេះនឹងបន្ដរហូតដល់ឆ្នាំ២០១៤។ លោក ហ៊ុន សែន បញ្ជាក់ថា វិធានការនេះគឺដើម្បីស្ដារធនធានត្រីនៅក្នុងសមុទ្រទឹកសាបរបស់កម្ពុជានេះ។ «មិត្តទូតនានាដែលអញ្ជើញមកថ្ងៃនេះដឹងហើយថាខ្ញុំយកវិធានការនេះខ្លាំងណាស់។ មានទូតជប៉ុន ចិន ភូមា អេស្ប៉ាញ វៀតណាម ថៃ ម៉ាឡេស៊ី ដូច្នេះកំណែទម្រង់ឡូតិ៍នេសាទ នៅក្នុងទន្លេសាបដំណើរការពេញលេញតែម្ដង»។ លោកប្រមុខរដ្ឋាភិបាលខ្មែរចាត់ទុកថា ប្រសិនបើមិនមានវិធានការនេះធនធានត្រីកម្ពុជានឹងទទួលរងការបង្ហិនបង្ហោចដែលមិនអាចស្ដារឡើងវិញបាន។ យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មបានបង្ហាញថា ជារៀងរាល់ឆ្នាំបឹងទន្លេសាបផ្ដល់នូវផលត្រីចំនួន ២៣០.០០០ តោន ហើយផលត្រីនេះអាចចិញ្ចឹមប្រជាពលរដ្ឋកម្ពុជាបានចំនួនបីលាននាក់។ ទោះជាយ៉ាងណាក្រុមប្រជាសហគមន៍នេសាទតែងតែលើកឡើងមិនចេះដាច់ពីការបន្ដវិនាសពូជត្រីក្នុងបឹងទន្លេសាបដែលជាជង្រុកត្រីយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ក៏ប៉ុន្ដែមន្ដ្រីផ្លូវការរបស់រដ្ឋបាលជលផលតែងតែពន្យល់ថា ការសង្កេតពីការថយចុះនូវផលត្រីរបស់ប្រជានេសាទដោយសារតែចំនួនអ្នកនេសាទមានការកើនឡើង។ ការពន្យល់នេះហាក់ដូចជាមានការបញ្ច្រាសគ្នាអំពីការវាយតម្លៃរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែននៅថ្ងៃនេះ។ លោកហ៊ុន សែនបានស្ដីបន្ទោសដល់ក្រុមហ៊ុនឡូតិ៍នេសាទដែលបានបង្កឲ្យមានការខូចប៉ះពាល់ដល់ផលត្រីក្នុងបឹងទន្លេសាប។ លោក យឹម រឿន តំណាងសហគមន៍នេសាទត្រពាំងធំ ក្នុងខេត្តសៀមរាបបានអបអរសាទរបទបញ្ជារបស់លោកហ៊ុន សែន។ «យើងឃើញថាវាល្អប្រសើរហើយ។ ពីមុនយើងរាយមង១០០ម៉ែត្រ ធ្លាប់បានបួន ដប់គីឡូតិ៍ ដល់ពេលក្រុមហ៊ុនធំៗចូលមក យើងរាយ១០០ម៉ែត្រ បានបី បួន គីឡូតិ៍។ ជួបការលំបាកដូច្នោះឯង។ ក្រុមហ៊ុនធំៗរក(ត្រី) សឹងតែឲ្យផុតពូជ»។ ក៏ប៉ុន្ដែលោក យឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យឲ្យគណបក្សសម រង្ស៊ី បានហៅបទបញ្ជានោះថា គឺជាការធ្វើប្រជាភិថុតដើម្បីការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំក្រោយនេះរបស់គណបក្សប្រជាជនកម្ពុជា។ «ការប្រកាសបែបហ្នឹងគ្រាន់តែធ្វើឡើងមុនការបោះឆ្នោតឃុំពីព្រោះគាត់ដឹងថា ការណ៍ដែលផ្ដល់សិទ្ធិឡូតិ៍នេសាទហ្នឹងចំណេញតែក្រុមហ៊ុនឯកជនមួយក្ដាប់តូចជាមួយនឹងមន្ដ្រីពុករលួយ។ ដូច្នេះកុំឲ្យចាញ់បោកមេដឹកនាំមួយចំនួនដែលគ្រាន់តែធ្វើដើម្បីបន្លប់ប្រជាពលរដ្ឋមួយរយៈតូច»។ កាលពីថ្ងៃទី១ ខែកក្កដា លោក ហ៊ុន សែន បានបញ្ជាឲ្យមានការដកតំណែងមន្ដ្រីជលផលក្នុងខេត្តជុំវិញបឹងទន្លេសាបចំនួនប្រាំដោយស្ដីបន្ទោសថា មន្ដ្រីទាំងនោះខកខានក្នុងការបង្រ្កាបបទល្មើសនេសាទ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |