VOA News: ព័ត៌មាន: “នាយក​រដ្ឋមន្រ្តី​ខ្មែរ​រិះគន់​សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ី​សេរី” plus 4 more

VOA News: ព័ត៌មាន: “នាយក​រដ្ឋមន្រ្តី​ខ្មែរ​រិះគន់​សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ី​សេរី” plus 4 more


នាយក​រដ្ឋមន្រ្តី​ខ្មែរ​រិះគន់​សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ី​សេរី

Posted: 22 Jul 2011 02:40 PM PDT

កាលពីថ្ងៃ​សុក្រ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ (VAO)​និង​វិទ្យុ​អាស៊ី​សេរី​ ដោយ​លោក​និយាយ​ថា​សេចក្តី​រាយការណ៍​របស់​ពួកគេ​«អន់​ណាស់»។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ពីរ​នេះ ​ដែលផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ស្ថិត​នៅក្រោម​ក្រុមប្រឹក្សា​ភិបាល​នៃ​ការ​ ផ្សាយ​ ពីការ​បំភ្លៃ​ព័ត៌មាន​ឬ​គ្មាន​ព័ត៌មាន​អ្វី​ទាំងអស់។

នាយក​រដ្ឋមន្រ្តី​បាន​ធ្វើ​អត្ថាធិប្បាយ​នៅក្នុង​ការឆ្លើយ​តប​ទៅនឹង​សំណួរ​អ្នកកាសែត​របស់ ​វីអូអេ​ផ្សាយ​ជា​ភាសា​ខ្មែរ​ម្នាក់នៅ​ឯ​សន្និសីទ​កាសែត​ក្នុង​ប្រទេស​កម្ពុជា។ សំណួរ​នោះ​​​អំពី​តុលាការ​ខ្មែក្រហម​ ហើយ​លោកហ៊ុន សែន​និយាយ​ថា​វាមិនមែន​ក្នុង​ប្រធានបទ​ដែល​ត្រូវរាយការណ៍​ដោយ​សន្និសីទ​សារព័ត៌មាន​ទេ​ដែលបាន​កើតមាន​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​របស់​លោក​ហើយ​បាន​គ្រប​ដណ្តប់​ដោយ​សំណួរ​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ថៃ។

លោក​ហ៊ុន ​សែន​ បាន​សរសើរ​វិទ្យុ​បារាំង​អន្តរជាតិ​ហើយ​លោក​បាន​​ស្នើ​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ដល់​បុគ្គ​លិក​ខ្មែរ​នៅ​ វីអូអេ ​និង​វិទ្យុ​អាស៊ី​សេរី​នៅ​ស្ថានីយវិទ្យុ​ក្នុង​ស្រុក។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​​បាន​ឆ្លើយតប​ដល់​សេចក្តី​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្រ្តី​ដោយ​និយាយ​ថា​ «អ្នក​​យក​ព័ត៌មាន​​របស់​​វីអូអេ​នៅជុំវិញ​ពិភពលោក រួមមាន​ទាំង​អ្នកកាសែត​ទាំងនោះ​ដែល​កំពុង​រាយការណ៍​ព្រឹត្តិការណ៍​ក្នុង​ប្រទេស​កម្ពុជា ​បាន​ប្រកាន់​បទដ្ឋាន​នៃ​ភាពសុក្រិត​ និងភាព​មិនលម្អៀង​ ទៅ​តាម​បទដ្ឋាន​ដែល​កំណត់​ដោយ​ច្បាប់​​សហរដ្ឋ​អាមេរិក»។

រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​កាន់​តែ​ខ្លាំងឡើង​ដល់រឿង​ក្តី​ច្រើន​ជាង​មុន​នៃ​ការកាត់​ទោស​ខ្មែ​រក្រហម​​ដែល​ធ្វើ​ឡើងតុលាការ​រួម​កម្ពុជា​និង​អន្តរជាតិ​ដែល​កំពុង​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​បាន​គ្រប់​គ្រង​ប្រទេស​ក្នុង​ចុង​ទសវត្សរ៍​១៩៧០។ ប្រជា​ពលរដ្ឋ​ជាង១លាន​នាក់​បាន​ស្លាប់​នៅក្រោម​របប​ខ្មែរក្រហម​ អ្នក​ស្លាប់​ជា​ច្រើនមកពី​ការដាច់​ពោះស្លាប់​ ឬ​ធ្វើការ​ជាទម្ងន់​និង​អ្នកខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់​ចោល។

មេខ្មែរ​ក្រហម​ម្នាក់​បាន​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ដោយ​តុលាការ​ហើយ​៤នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​កាត់​ទោស។ រដ្ឋាភិបាល​និយាយ​ថា​ការកាត់ទោស​បន្ថែម​ អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស្ថិរភាព​ប្រទេសជាតិ។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​​​ផ្សាយ​​ព័ត៌មាន​ជា​ង​៤០ភាសា​តាមរយៈរលក​វិទ្យុ​អាកាស​ខ្លី​និង​វិទ្យុ​ FM ​ទូរទស្សន៍​ ផ្កាយរណប​និង​ប្រព័ន្ធ​អ៊ីនធឺណិត។ វិទ្យុ​អាស៊ី​សេរី​ផ្សាយព័ត៌មាន​ទៅកាន់​ទ្វីប​អាស៊ី។

ក្រុម​ប្រឹក្សា​អភិបាល​នៃ​ការផ្សាយ​ក៏​មើល​ការខុស​ត្រូវ​វិទ្យុអឺរ៉ុប​សេរី វិទ្យុ Liberty បណ្តាញ​ផ្សាយ​ព័ត៌មាន​តំបន់​មជ្ឈិម​បូព៌ា The Middle East Broadcasting Networks និង​ការិយាល័យ​ផ្សាយ​ទៅកាន់​ប្រទេសគុយបា៕

ប្រែសម្រួល​ដោយ​ ជឹង ប៉ូជីន

This posting includes an audio/video/photo media file: Download Now

សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លីនៅ​សៀមរាប

Posted: 22 Jul 2011 01:48 PM PDT

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប​ដោយ​លើកលែង​ការចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​នៅ​ស្រុក​ជីក្រែង​ក្នុង​ករណី​វិវាទ​ដី​ធ្លី។ ការសម្រេច​របស់​សាលា​ឧទ្ធរណ៍​ថ្ងៃ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការជំនុំ​ជម្រះ​កាលពី​ថ្ងៃ​ទី​៧ ​ខែ​កក្កដា​​នេះ។

ករណី​ទំនាស់​ដី​ធ្លី​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥​រវាង​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​និង​ប្រជាពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ​លើ​ផ្ទៃ​ដី​ចំនួន​​៤៧៥​ហិកតា​ស្ថិត​នៅ​ភូមិ​ទំនប់​សួង​ ឃុំ​អន្លង់​សំណរ ​ស្រុក​ជី​ក្រែង​ ខេត្ត​សៀមរាប។ លុះ​ដល់​ថ្ងៃ​ទី​២២​ ខែ​មិនា​ឆ្នាំ​២០០៩​ក៏​មាន​ការផ្ទុះ​អាវុធ​កើត​ឡើង​ដោយ​សារ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​ទំនាស់​មិន​ឱ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ដែល​កំពុង​ស្ថិត​​ក្នុង​ភាព​​ប្រទាញ​​ប្រទង់។

ការផ្ទុះ​អាវុធ​នោះ​បាន​​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​បាន​រង​របួស​និង​១២​នាក់​បាន​​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​ចំនួន​៩​ករណី​ទាក់ទង​នឹង​បទ​ល្មើសព្រហ្មទណ្ឌ​​ដូច​ជា​ការបង្ក​របួស​ស្នាម​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ជាដើម។ ក៏​ប៉ុន្តែ​ ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ហើយ​មាន​ការ​ដោះ​លែង​ជា​បន្តបន្ទាប់​ដោយ​នៅ​សល់​តែ​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​តែ​ប៉ុណ្ណោះ​។​ សាលា​ដំបូង​ខេត្ត​សៀមរាប​​បាន​បើក​សវនា​ការ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​​ទាំង​ស្រុង​លើ​អ្នក​ភូមិ​ទាំង​ប្រាំ​នាក់​ចុង​ក្រោយ​នេះ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៩​ដែល​ក្នុង​នោះ​២នាក់​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​និង​៣​នាក់​ជាប់​ឃុំ​ជា​បន្ត។ ក៏​ប៉ុន្ដែ​ព្រះ​រាជ​អាជ្ញា​បាន​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ។

ប្រជាពលរដ្ឋ​៣​នាក់​ដែល​បាន​ជាប់ឃុំ​បន្ត​រហូត​មក​ដល់​ពេល​នេះ​មាន​ឈ្មោះ​ស៊ឹម លាភ​ អាយុ ​៦១​ ឆ្នាំ​ ចាន់ ​លាភ​ អាយុ​ជាង​៤០​ឆ្នាំ​និង​ឈ្មោះ​ខ្លិន អ៊ៀង​ អាយុ​ជាង​៥០​ឆ្នាំ។

លោក ​ហម ​ស៊ុន​រិទ្ធ​ មេធាវី​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នោះ​បាន​ឱ្យ​ដឹង​ថា​កូន​ក្តី​របស់​គាត់​មិន​ទាន់​បាន​ដោះ​លែង​នៅ​ឡើយ​ដោយ​ត្រូវ​រង់​ចាំ​ការរៀប​ចំ​ទៅ​តាម​នីតិ​វិធី​ផ្នែក​រដ្ឋបាល​ជា​មុន​សិន។

លោក ​តូប ​ពន្លឹក​ ជា​កូន​របស់​ស៊ឹម​ លាភ​បាន​សាទរ​ចំពោះ​ការលើក​លែង​ការចោទ​ប្រកាន់​នេះ​ក៏​ប៉ុន្តែ​លោក​គិត​ថា​វា​ហាក់​ដូច​ជា​យូរ​ខ្លាំង​ពេក​ទំរាំ​មាន​ការជំនុំ​ជម្រះ​នេះ។

«តាម​យោបល់​របស់​ខ្ញុំ​មាន​ភាព​យុត្តិធម៌​ចំពោះ​ពួក​គាត់​ដោយ​មិន​មាន​ការចោទ​ប្រកាន់​ហើយ​មិន​មាន​ការ​ឱ្យ​គាត់​មាន​ទទួល​ទោស​បន្ត​ទៅ​ទៀត​ក៏​ប៉ុន្តែ​ត្រង់​ថា​ការ​ជាប់​យូរ​ឬ​ជាប់​ឆាប់​នោះ​គឺ​មាន​ភាព​អយុត្តិធម៌​សម្រាប់​គាត់​ណាស់​ត្រង់​ថា​គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​តែ​តុលាការ​ខេត្ត​សៀមរាប​យក​គាត់​ទៅ​ឃុំ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ»។

លោក ​អំ​ សំអាត​ អ្នក​គ្រប់​គ្រង​ការិយាល័យ​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឱ្យ​ដឹង​ថា​ លោក​សូម​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ក៏​ប៉ុន្តែ​លោក​នៅ​តែ​ចាត់​ទុក​ថា​នេះ​ជា​ករណី​អយុត្តិធម៌​ជា​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស​នេះ។

«ខ្ញុំ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​បាន​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប​ហើយ​នឹង​ធ្វើការ​លើក​លែង​ចោទ​ហើយ​បង្គាប់​ឱ្យ​ដោះ​លែង​នេះ​ក៏ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​ឱ្យ​សោកស្តាយ​ថា​ពួក​គាត់​នេះ​ត្រូវ​ជាប់​ឃុំ​រយៈ​ពេល​២​ឆ្នាំ​ដោយ​មិន​បាន​ប្រព្រឹត្ត​អ្វី​ហើយ​រឿង​នេះ​គឺ​ជា​រឿង​ដី​ធ្លី​សុទ្ធ​សាធ។ បញ្ហា​ដី​ធ្លី​នេះ​គឺ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​អញ្ចឹង​បន្ទាប់​ពី​មាន​ការដោះ​លែង​នេះ​អាជ្ញាធរ​ខេត្ត​គាត់​ត្រូវ​តែ​មាន​ការដោះ​ស្រាយ​ករណី​ដី​ធ្លី​តាម​របៀប​ណា​មួយ​ដើម្បី​បញ្ជៀស​ទំនាស់​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ជៀស​វាង​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទៀត»។

ទំនាស់​ដី​ធ្លី​បាន​កើត​ឡើង​យ៉ាង​ផុល​ផុស​ភាគ​ច្រើន​រវាង​ប្រជាពលរដ្ឋ​និង​អ្នក​មាន​អំណាច​នៅ​ក្នុង​ខណៈ​ពេល​ដែល​ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​កើន​ឡើង​ខ្ពស់។ករណី​ភាគ​ច្រើន​ត្រូវ​គេ​មើល​ឃើញ​ថា​ប្រជាពលរដ្ឋ​ក្រីក្រ​ គឺ​ជា​អ្នក​ទទួល​រង​គ្រោះ​ពី​ជម្លោះ​ទាំង​នោះ៕

This posting includes an audio/video/photo media file: Download Now

ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​គិតថា​សំណុំ​រឿង​០០២​អាច​ស៊ីពេល​ពីរឆ្នាំ​ទៀត

Posted: 22 Jul 2011 01:15 PM PDT

សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​លោក​ស៊ីកហ្វ្រ៊ីត ប៊្លុង (Siegfried Blunk) បាន​ធានា​អះអាង​ថា​ជន​ជាប់ចោទ​ចាស់ជរា​ទាំងបួន​នាក់​ក្នុងសំណុំរឿង​០០២​ នឹង​នៅតែ​ត្រូវនាំខ្លួន​យកមក​កាត់ទោស​​បើ​ទោះ​ជាពួកគេ​មានបញ្ហា​សុខភាពក៏ដោយ។ ម្យ៉ាងវិញទៀត​ការកាត់ទោស​របស់​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​​ទាំងនេះ​អាចនឹង​ស៊ីពេល​យ៉ាងតិច​រហូតដល់​ពីរឆ្នាំ។

សេចក្ដីថ្លែង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​សញ្ជាតិ​អាល្លឺម៉ង់​ធ្វើឡើង​ខណៈ​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​គ្រោងនឹង​បើកសវនាការ​ស្ដីអំពី​បញ្ហា​សុខភាព​របស់​ជនជាប់​ចោទ​បីនាក់​ក្នុងចំណោម​បួននាក់​នៅក្នុងខែ​សីហា​ខាងមុខ​នេះ​ នឹង​គ្រោង​ចាប់ផ្ដើម​បើកសវនាការ​ពេញអង្គ​សេចក្ដី​នៅក្នុង​ខែកញ្ញា ឆ្នាំ​នេះ។

លោក​ចៅក្រម​​ស៊ើបអង្កេត​ស៊ីកហ្វ្រ៊ីត ប៊្លុង មាន​ប្រសាសន៍​​ក្នុង​បទសម្ភាស​​ទល់មុខ​​ជាមួយ​​នឹង​វីអូអេ​ សំឡេង​សហរដ្ឋ​​អាមេរិក​​ជា​ខេមរ​ភាសា​​កាល​ពី​​ថ្ងៃ​ពុធ​​ទី២០ ខែកក្កដា​ថា​ វិធាន​ផ្ទៃក្នុង​​បាន​អនុញ្ញាត​ឲ្យ​នាំខ្លួន​​ជន​ជាប់​សង្ស័យ​​មកកាត់​ទោស​​ដោយឡែក​ក្នុង​ករណី​ជន​នោះ​​មាន​ជំងឺ។

«វាជា​ការត្រឹមត្រូវ​ដែល​លោកព្រួយ​បារម្ភ​ពីបញ្ហា​វ័យ​កាន់តែ​ចាស់​ជរា​របស់​ជនជាប់ចោទ។ ក្នុងករណី​ចៃដន្យ​ប្រសិន​បើ​​ជនជាប់ចោទ​ណាម្នាក់​មាន​ជំងឺ​មិនអាច​នាំខ្លួន​មកកាត់ទោស​បាន ​គឺមាន​វិធាន​ផ្ទៃក្នុង​របស់​តុលាការ​ដែល​អាច​អនុញ្ញាត​ឲ្យ​នាំ​ជនជាប់​ចោទ​មក​កាត់ទោស​ដាច់​ដោយ​ឡែក​បាន»។

អតីត​​រដ្ឋ​មន្ដ្រី​​ការបរទេស​​ខ្មែរ​ក្រហម​អៀង​ សារី​ ​អាយុ​៨៥​ ​ឆ្នាំ​​ជិត​ឈាន​​ចូល​​៨៦​​ ឆ្នាំ​ ​ត្រូវគេដឹង​ថា​ មាន​​ជំងឺ​​បេះ​ដូង​ ​និង​​ជំងឺ​​ឆ្អឹង​ខ្នង។ ​អៀង​​ ធិរិទ្ធ​ ​ប្រពន្ធ​​របស់​​គាត់​​អាយុ ​​៧៩ ​ឆ្នាំ ​​អតីត​រដ្ឋ​មន្ដ្រី​​សង្គមកិច្ច​​ខ្មែរ​ក្រហម​​​ មាន​​​​ជំងឺ​​​​ជង្គង់​​ ជំងឺ​​​ភ្នែក​​ និង​​​​មាន​​​​ជំងឺ​​​គេង​​​មិន​លក់។ អតីត​​បង​ធំ​​ទី​២​ ​នួន​ ជា ​​អាយុ ​៨៥ ​​ឆ្នាំ​ មាន​​ជំងឺ​​លើស​ឈាម​ ​និង​​បញ្ហា​​ភ្នែក​ខ្លាំង។ ជនជាប់ចោទ​​ទាំង​បី​​​បាន​​​ស្នើ​​សុំ​តាមរយៈ​​ក្រុម​​មេធាវី​​របស់​​ខ្លួន​​​ឲ្យ​​អង្គ​​ជំនុំជម្រះ​​​សាលា​ដំបូង​​​ធ្វើការ​សម្រេច​​ថា​​​ បើ​​ផ្អែក​​លើ​បញ្ហា​​សុខភាព​ តើ​​​ពួកគេ​​នៅ​តែ​​ត្រូវ​​ចូលរួម​​ក្នុង​​សវនាការ​​កាត់ទោស​​ដែរ​​ឬ​​​យ៉ាង​​ណា។

លោក ​​​ស៊ីកហ្វ្រ៊ីត​ ប៊្លុង​ មាន​ប្រសាសន៍​ថា សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ប្រមូល​ភស្ដុតាង​ពី​សាក្សី​​ជាង​​៧.០០០ ​នាក់​ក្នុង​សំណុំរឿង​​ទីពីរ​នេះ​ រួមទាំង​ឯកសារ​ចងក្រង​ចំនួន​ជាង ​១០​.០០០ ​ឯកសារ។ លោក​បញ្ជាក់​ថា​ ការកាត់ទោស​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​បួន​នាក់​នឹង​ក្លាយ​ជា​ការកាត់ក្ដី​​ដ៏​​ធំ​បំផុត​ និង​ដ៏ស្មុគស្មាញ​​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ពិភពលោក​​នឹង​​សម្លឹង​មើល​ការកាត់ក្ដី​នេះ។

សហ​ចៅក្រមស៊ើប​អង្កេត​បាន​ទទួលស្គាល់​ជនរងគ្រោះ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជាង​២.០០០ ​នាក់​​ក្នុង​សំណុំរឿង​នេះ។ ក៏ប៉ុន្ដែ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​តវ៉ា​​ចង់​បាន​ការចូលរួម​​របស់​​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ច្រើន​ជាង​នេះ។ អង្គបុរេ​ជំនុំជម្រះ​ទើបតែ​បាន​សម្រេច​កាលពី​ពេលថ្មី​ៗនេះ​​ទទួល​យក​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជាង ​១.៧០០ ​នាក់​បន្ថែម​ទៀត។ លោក​ ​​​ស៊ីកហ្វ្រ៊ីត ​ប៊្លុង ​កត់​​សម្គាល់​ថា នេះគឺ​ជា​ដំណើរការ​មួយ​សម្រាប់​បំពេញ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

លោក​បានប៉ាន់​ប្រមាណ​ថា ​ការកាត់ទោស​ក្នុង​សំណុំ​រឿង​ ០០២​ ដ៏មាន​សារៈសំខាន់​នេះ​ត្រូវការ​ពេល​វេលា​យ៉ាងហោចណាស់​ចំនួន​ពីរ​ឆ្នាំ។

«ផ្អែកតាម​បទពិសោធ​របស់ខ្ញុំ​ចំនួន​៣០ ​ឆ្នាំមក​នេះ​ដែល​ខ្ញុំធ្លាប់​ធ្វើ​ជាចៅក្រម​ និង​រដ្ឋអាជ្ញា​ការកាត់ទោស​របៀប​នេះ​​អាច​ត្រូវការ​ពេលវេលា​ចំនួន​ពីរ​ឆ្នាំ។ តើវា​នឹង​ត្រូវការ​ពេលវេលា​ចំនួន​ប៉ុន្មាន​នោះ​​វា​​អាស្រ័យ​នឹង​កត្តា​មួយ​ចំនួន​ដូចជា​យុទ្ធសាស្ដ្រ​របស់​មេធាវី​ការពារក្ដី​ បញ្ហា​សុខភាព​របស់​ជនជាប់​​ចោទ​ និង​បញ្ហា​សហការ​រវាង​សាក្សី​ជាដើម។ ប្រសិនបើ​ការកាត់ក្ដី​នេះ​ត្រូវ​ការរយៈ​ពេល​ពីរ​ឆ្នាំ ​នោះ​វា​​នឹង​បង្ហាញ​ពិភព​លោក​ថា ​ប្រជាពលរដ្ឋ​កម្ពុជា ​និង​រដ្ឋា​ភិបាល​របស់​ពួក​គេ​មាន​ភាពម៉ឺងម៉ាត់​ក្នុង​ការកាត់​​ទោស​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម»។

លោក​សហ​ចៅក្រម​ស៊ើបអង្កេត​​​​ស៊ីកហ្វ្រ៊ីត​ ប៊្លុង ​មាន​ជំនឿ​ថា ​នៅចុង​បញ្ចប់​នៃ​ការកាត់ទោស​សំណុំ​​រឿង​​០០២ ​នេះ​នឹង​នាំឲ្យមាន​ការផ្សះផ្សា​ជាតិ​មួយ។ ជាពិសេស​ការផ្សះផ្សា​ដែល​កើត​ឡើង​ដោយ​​ការទទួល​កំហុស​របស់​ជនជាប់ចោទ​ និង​ការសុខចិត្ត​អត់​ឱនទោស​ដល់​ពួក​គេ​ពី​សំណាក់​ជន​រងគ្រោះ៕

This posting includes an audio/video/photo media file: Download Now

លោក​ហ៊ុន សែន​ជំរុញ​ឱ្យ​មាន​ការចរចា​ត្រីភាគី​រឿង​ជម្លោះ​ព្រំដែន

Posted: 22 Jul 2011 12:51 PM PDT

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ទទូច​ឱ្យ​មាន​ការចរចា​ត្រីភាគី​រវាង​ប្រទេស​កម្ពុជា​ ប្រទេស​ថៃ ​និង​ប្រទេសឥណ្ឌូនេស៊ី​ ដើម្បី​ស្វែងរក​វិធី​អនុវត្តន៍​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជា​ឱ្យ​កម្ពុជា​និង​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ជាបន្ទាន់​ និង​អនុញ្ញាត​ឱ្យ​ អ្នកសង្កេតការណ៍​អាស៊ាន​ដាក់ពង្រាយ​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បានថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ថា​ប្រទេស​កម្ពុជា​សំណូមពរ​ឱ្យ​ចាប់ផ្តើម​ការចរចា​ត្រីភាគី​ដោយ​ក្រុម​ការងារ​នៃ​ភាគីទាំង​បី​ ដើម្បី​ពន្លឿន​ដំណើការ​អនុវត្តន៍​សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ។

«ឥឡូវ​ ខ្ញុំ​សូម​ប្រកាស​បើក​ចំហ​ការចរចា​ត្រីភាគី​រវាង​កម្ពុជា​ ថៃ​ និង​ឥណ្ឌូនេស៊ី​ធ្វើ​ពេល​ណា​ កន្លែង​ណា​ និង​កម្រិត​ណា​ក៏​បាន។​ កម្ពុជា​សំណូមពរ​ឱ្យ​មាន​ការចាប់ផ្តើម​ដោយ​ក្រុម​ការងារ​នៃ​ភាគី​ទាំង​បី​ គឺ​ក្រុម​ការងារ​របស់​ភាគី​កម្ពុជា ​ក្រុម​ការងារ​របស់​ភាគី​ថៃ​ និង​ក្រុម​ការងារ​របស់​ភាគី​ឥណ្ឌូនេស៊ី ​ដើម្បី​ពន្លឿន​ដំណើរការ។​ យើង​អាច​ចាប់ផ្តើម​ (​ចរចា​) ​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ក៏​បាន​ ហើយ​ដែល​អាច​ក្រុម​លេខាធិការដ្ឋាន​ម្ខាងៗ​អាច​នាំ​មក​ជាមួយ​នូវ​អ្នកច្បាប់​ និង​អ្នក​ពាក់ព័ន្ធ​និង​ភាគី​ទាំងអស់។​ ឥណ្ឌូនេស៊ី​អាច​បញ្ជូន​តំណាង​មក។​ កម្ពុជា​សូម​ទទួល​បន្ទុក​ធ្វើ​ម្ចាស់​ផ្ទះ​ប្រជុំ​តែ​ម្តង​ ដើម្បី​ពិភាក្សា​អំពី​ការខិតខំ​ឆ្ពោះ​ទៅ​រកការអនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថ្ងៃ​ទី​១៨​ ខែ​កក្កដា»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បានបញ្ជាក់​ថា​ប្រទេស​កម្ពុជា​បានបញ្ជូន​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ទៅ​កាន់​ប្រទេស​ថៃ​ ប្រទេស​ឥណ្ឌូនេស៊ី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​សំដៅ​អនុវត្តន៍​តាម​សេចក្តី​បញ្ជា​របស់​តុលាការ​ទីក្រុង​ឡាអេ​ ដើម្បី​កំណត់​តំបន់​គ្មាន​កងទ័ព​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

សេចក្តីព្រាង​កិច្ចព្រមព្រៀង​ដែលបានស្នើ​ឡើង​ដោយ​ប្រទេស​កម្ពុជា​ មាន​ប្រាំពីរ​ចំណុច​ដែល​និយាយ​អំពី​ការដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​តាម​ការបញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមអ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ និង​ភាពលម្អិត​ទៅ​តុលាការ​អំពី​ចំនួន​កងទ័ព​ និង​ទីតាំង​ឈរជើង​របស់​កងទ័ព​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព។

សេចក្តីព្រាង​កិច្ចព្រមព្រៀង​នេះ​ បានបញ្ជាក់​ថា​ភាគី​នីមួយៗ​ត្រូវ​ផ្តល់​ព័ត៌មាន​លម្អិត​ទៅ​តុលាការ​អំពី​ចំនួន​ និង​ទីតាំង​ឈរ​ជើង​របស់​កងទ័ព​គិត​ត្រឹម​ថ្ងៃ​ទី​១​៨ ខែ​កក្កដា​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​ជា​បណ្តោះ​​អាសន្ន។ ​ភាគី​នីមួយៗ​ត្រូវ​ផ្តល់​ព័ត៌មាន​លម្អិត​ទៅ​តុលាការ​អំពី​ស្ថានភាព​នៃ​សកម្មភាព​មិនមែន​យោធា​គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​ជាបណ្តោះ​អាសន្ន។

សេចក្តីព្រាង​កិច្ចព្រមព្រៀង​ បានបន្ត​ថា​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ហើយ​ ភាគី​ទាំងពីរ​ស្នើ​សុំ​ឱ្យ​មាន​ការចាត់តាំង​ និង​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ជាបន្ទាន់​ក្នុង​នាម​អាស៊ាន។ បន្ទាប់ពី​ពេល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​មក​ដល់​ ភាគី​ទាំងពីរ​សហការ​ជាមួយ​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ ត្រូវ​កំណត់​ទីតាំង​លើ​ដី​ជាក់ស្តែង​នៃ​ចំណុច​អា​ បេ​ សេ​ និង​ដេ​នៃ​តំបន់​គ្មាន​កងទ័ព​ជាបណ្តោះ​អាសន្ន។

សេចក្តីព្រាង​កិច្ចព្រមព្រៀង​បានបន្ថែម​ថា​ដោយ​សហការ​ជាមួយ​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ ភាគី​ទាំងពីរ​ត្រូវ​កំណត់​កាលវិភាគ​សម្រាប់​ការដក​កងទ័ព​ទាំងអស់​របស់​ភាគី​ទាំងពីរ​ជាបន្ទាន់​ចេញ​ពី​តំបន់​គ្មាន​កងទ័ព។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បានបញ្ជាក់​ថា​នៅពេល​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ក្លាយ​ទៅ​ជា​តំបន់​គ្មាន​កងទ័ព​ ការបង្ហូរ​ឈាម​គ្នា​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​នឹង​លែង​មាន​ត​ទៅ​ទៀត​ហើយ។

«យើង​ចាប់ផ្តើម​ធ្វើ​ការដក​កងទ័ព​នៅ​ម៉ោង​ជាមួយ​គ្នា​ ពេល​ជាមួយ​គ្នា​ ហើយ​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​អាច​ឈរ​មើល​ ដើម្បី​ឱ្យ​ឃើញ​កងទ័ព​នៃ​ភាគី​ទាំងពីរ​ដក​ចេញ​ទាំងអស់​គ្នា»។

កាសែត​ បាងកកប៉ុស្តិ៍ ​បានរាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​អាភីស៊ីត វីចាជីវ៉ា ​ដែល​ជិត​ចាកចេញ​ពី​តំណែង​ បានទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ មុននឹង​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី ​ចូល​ទៅ​កាន់​តំបន់​នោះ។

មេបញ្ជាការ​កងទ័ព​ជើង​គោក​ថៃ ​ប្រាយុទ្ធ ចាន់អូចា​ បានបញ្ជាក់​ថាកងទ័ព​របស់​លោក​បានរក្សា​នៅក្នុង​តំបន់​ជម្លោះ​ រហូត​ដល់​មាន​ការចរចា​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​, នេះ​បើ​តាម​កាសែត​បាងកកប៉ុស្តិ៍។

កាសែត​បាងកកប៉ុស្តិ៍​ បានរាយការណ៍​ថា​មេ​នគរបាល​ជាតិ​ថៃ​ វិចៀន ប្រូតេភស់ស្រ៊ី (Wichean​ Potephosree)​ បាន​ទៅ​មើល​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស៊ីសាកេត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​រៀបចំ​ការដាក់ពង្រាយ​អង្គភាព​ល្បាត​ព្រំដែន​ ជំនួស​កងទ័ព​នៅ​ពេល​អនាគត​ ស្របតាម​ការបញ្ជា​ឱ្យ​មាន​តំបន់​គ្មាន​កងទ័ព​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២២ កក្កដា

Posted: 21 Jul 2011 09:38 PM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

អាស៊ាន៖ លោកស្រី​ Hillary​ Clinton ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​សរសើរ​ប្រទេស​ចិន​និង​សមាគម​អាស៊ាន​ចំពោះ​ការ​ឈោង​ទៅ​ដល់​ការ​ព្រម​ព្រៀង​ដំបូង​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែនដី​ដោយ​សន្តិវិធី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ភូមា៖ លោកស្រី​ Hillary​ Clinton​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ​ដល់​ភូមា​ ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ ដោះស្រាយ​កង្វល់​អំពី​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ និង​ចាប់ផ្តើម​សន្ទនា​ជាមួយ​លោក​ស្រី​ Aung San Suu Kyi ​មេដឹកនាំ​គណបក្ស​ប្រឆាំង។

កូរ៉េ៖ ពួក​មន្រ្តី​កូរ៉េ​ខាងត្បូង​និយាយ​ថា ​បេសកជន​នុយក្លេអ៊ែរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​ចរចា​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ខាង​ក្រៅ​សន្និសីទ​សន្តិសុខ​អាស៊ាន​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី។

សហរដ្ឋ​អាមេរិក៖ ការ​ចរចា​ដ៏​ខ្លាំងក្លា​កំពុង​បន្ត​ធ្វើ​ឡើង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ស្តីពី​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការ​ចំណាយ​ និង​បញ្ចៀស​ពី​ការ​មិន​សងបំណុល​ដែល​សហរដ្ឋ​អាមេរិក​បាន​ជំពាក់​យ៉ាងច្រើន​នោះ។

ចិន៖ មនុស្ស​យ៉ាង​ហោច​ណាស់​៤១នាក់ ​បាន​ស្លាប់​ហើយ​៦នាក់​ទៀត​បាន​រង​របួស​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ពេល​ដែល​រថយន្ត​ដឹក​អ្នក​ដំណើរ​ផ្ទុក​ហួស​ចំណុះ​ បាន​ឆេះភ្លើង​ក្នុង​តំបន់​កណ្តាល​នៃ​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក៖ បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​បាន​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​សម្លាប់​គ្រួសារ​មួយ​ដែល​មាន​សមាជិក​បីនាក់​ នៅ​ក្នុង​អ្វី​ដែល​គេ​ជឿជាក់​ថា​ជា​ការ​ប្រហារ​ជីវិត​ដែល​មាន​ការ​ថត​កាសែត​វីដេអូ​លើក​ដំបូង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​នេះ។

ក្រិក៖ ប្រទេស​ក្រិក​កំពុង​សម្តែង​នូវ​ការ​ធូរ​ស្បើយ​បន្ទាប់​ពី​ការ​បញ្ចេញ​កម្មវិធី​ហិរញ្ញវត្ថុ​ក្នុង​គ្រា​អាសន្ន​ទី២​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​អឺរ៉ុប ​ក្នុង​គោលបំណង​បញ្ចៀស​មិន​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ Athens​ ខកខាន​មិន​បាន​សង​បំណុល​ដ៏​ធំ​សម្បើម​ និង​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ដល់​រូបិយប័ណ្ណ​រួម​អឺរ៉ុប។

ស៊ែរប៊ី៖ ប្រទេស​ស៊ែរប៊ី​បាន​ធ្វើ​បត្យាប័ន​ Goran​ Hadzic ​អតីត​មេដឹកនាំ​ជនជាតិ​ភាគតិច​ស៊ែប​នៃ​ប្រទេស​ក្រូអាស៊ី​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទីក្រុង​ឡាអេ​នៃ​ប្រទេស​ហូឡង់។

ចិន៖ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ទៀត​របស់​ចិន​ បាន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ក្នុង​រឿងក្តី​ថ្មីៗ​បំផុត ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ផ្លូវ​រថភ្លើង។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-->សូម៉ាលី៖ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​នៃ​អ.ស.ប​ ឲ្យ​ដឹង​ថា នៅ​ពេល​ឆាប់ៗ​នេះ​ខ្លួន​នឹង​បើក​ផ្លូវ​ថ្មី​មួយ​ចំនួន​ទៅ​កាន់​តំបន់​ខ្លះនៃ​ប្រទេស​សូម៉ាលី កំពុង​ទទួល​រងគ្រោះ​ទុរ្ភិក្ស​ ដែល​នៅ​ទី​នោះ​វត្ដមាន​របស់​ពួក​សកម្មប្រយុទ្ធ​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ទៅ​ដល់​មនុស្ស​កំពុង​អត់​ឃ្លាន។

លីប៊ី​៖ ក្រុម​មេ​ដឹកនាំ​ពួក​បះបោរ​លីប៊ី ​ដែល​កំពុង​តែ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ និយាយ​ថា ​បាន​សុំ​លោក​ប្រធានាធិបតី​ Nicolas Sarkozy​ ឲ្យ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឲ្យ​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ដណ្ដើម​យក​ទី​ក្រុង​ទ្រីប៉ូលី​មក​គ្រប់​គ្រង​ ដែល​ជា​ទី​ក្រុង​ការពារ​រឹង​មាំ​របស់​លោក​មេដឹកនាំ​ Moammar Gadhafi​ ។

ស.រ.អ៖ យាន​អាវកាស​ចម្លង​ Atlantis បាន​ចុះ​ចត​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ជា​ការ​បញ្ចប់​បេសកកម្ម​រយ: ពេល​៣០​ឆ្នាំ​របស់យាន​អាវកាស​ចម្លង​​ នៃ​ស.រ.អ។

ស.រ.អ៖ អ្នក​នាំ​ពាក្យ​សេតវិមាន​និយាយ​ថា​ លោក​គ្មាន​ការ​ជឿនលឿន​អ្វី​នឹង​រាយការណ៍​អំពី​ការ​សន្ទនា​គ្នា​អំពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ និង​ការ​ចៀសវាង​​ការ​គ្មាន​ប្រាក់​សំណង​ប្រាក់​កម្ចី​យ៉ាង​ច្រើន​លើស​លប់ទេ​ តែថា​ស.រ.អ​នឹង​សង​ប្រាក់​បំណុល​ឲ្យ​ទាន់​ពេល​វេលា។

ម៉ាឡាវី​៖ ប្រធានាធិបតី​ប្រទេស​ម៉ាឡាវី​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងៀម​ក្រោយ​ពេល​ដែល​មាន​មនុស្ស​យ៉ាង​តិច​៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ពើប​ប្រយុទ្ធ​គ្នា​ រវាង​ប៉ូលីស​ និង​ក្រុម​ តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

ស.រ.អ៖ សេចក្ដី​ប្រកាស​ដំណឹង​របស់​រដ្ឋាភិបាល​ស.រ.អ​ព្រមាន​ថា ​ពួក​និយម​ជ្រុលហួស​ប្រើ​អំពើ​ហឹង្សា​ អាច​ខំ​ព្យាយាម​ប្រើ​អ្នក​រនុក​ក្នុង​ដើម្បី​ឲ្យ​អាច​ធ្វើ​ឲ្យ​ខូចខាត​ទីកន្លែង​ទឹក​ ភ្លើង ​និង​ទូរស័ព្ទ​ជា​ដើម​ រួម​មាន​រោងចក្រ​គីមី​ កន្លែង​ចំរ៉ាញ់​ប្រេង និង​រោង​ចក្រនុយគ្លេអ៊ែរ​បាន។

ក្រិក​៖ ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​អនុម័ត​លើ​វិធានការ​មួយ​ចំនួន​មាន​គោល​ដៅ ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប្រទេស​ក្រិក​គ្មានប្រាក់​សំណង​ប្រាក់​បំណុល​យ៉ាង​ច្រើន​លើស​លប់របស់​ខ្លួន​ ហើយ​ធ្វើ​ឲ្យ​រូបិយប័ណ្ណអឺរ៉ុប​រួម​គ្មាន​លំនឹង​។

អាហ្វហ្គានីស្តាន៖ អង្គការ​អូតង់​បាន​ប្រគល់​ការ​ត្រួតត្រា​ផ្នែក​សន្ដិសុខ​​ខេត្ដ​ Herat នៅ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្តាន​ទៅ​ឲ្យ​កង​កម្លាំង​សន្ដិសុខ​​ប្រទេស​នេះ។

ប៉ាគីស្ថាន៖ រដ្ឋាភិបាល​ប្រទេស​ប៉ាគីស្ថាន​ កំពុងតែ​តវ៉ា​អំពី​ការ​ចាប់បុរស​ម្នាក់​នៅ​ស.រ.អ ដែល​ជាប់​ចោទ​ក្នុង​បទ​តាំង​ខ្លួន​ធ្វើ​ជា​​ភ្នាក់ងារ​ប៉ាគីស្ថាន​ ដើម្បី​ជះ​ឥទ្ធិពល​លើ​មាគ៌ានយោបាយ​របស់​ស.រ.អ​អំពី​ដែនដី​ Kashmir។​ ដែន​ដី​នេះ​ជា​តំបន់​ភ្នំ​ហេមពាន​ដែល​មាន​ជម្លោះ​ ដែល​បែង​ចែក​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ាគីស្ថាន។

ឥណ្ឌា៖ រដ្ឋាភិបាល​ឥណ្ឌា​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​បាញ់​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ​កាំ​ជ្រួច​ ផ្លោង​កាជ្រួចថ្មី​មាន​ប្រតិកម្ម​ភ្លាមៗ​មាន​វង់​ប្រតិបត្ដិការណ៍​ខ្លី។

ចិន៖ ប្រទេស​ចិន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ទម្លាយ​ភាព​ទាល់​ច្រក​នៅ​ក្នុង​បច្ចេកវិទ្យា​នុយគ្លេអ៊ែរ​ ដោយ​បាន​សាក​ល្បង​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយត្រុង​រហ័ស​មួយ។

ស.រ.អ៖ ក្រុម​ហ៊ុន​ធ្វើ​ភេសជ្ជ:​ធំជាង​គេ​ក្នុង​ពិភព​លោក​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​លក់​ឲ្យ​អតថិជន​នៅ​ក្នុង​ប្រទេស​​អភិវឌ្ឍន៍​ ។ ក្រុម​ហ៊ុន​ PepsiCO មាន​ទី​ស្នាក់ការ​នៅ​ស.រ.អ ដែល​ធ្វើ​ភេសជ្ជ: ​Pepsi Cola និង​ Mountain Dew ឲ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍​ថា​ ការ​លក់​ភេសជ្ជ: ​ នៅ​ស.រ.អ​ ថយ​ចុះ​ក្នុង​រយ:ពេល​បី​ខែ​កន្លង​ទៅ​នេះ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!