VOA News: ព័ត៌មាន: “តុលាការអន្តរជាតិបញ្ជាឱ្យថៃនិងកម្ពុជាដកកងទ័ពចេញពីព្រំដែន” plus 2 more |
- តុលាការអន្តរជាតិបញ្ជាឱ្យថៃនិងកម្ពុជាដកកងទ័ពចេញពីព្រំដែន
- ទាហានចូលថ្មីជាង៣.០០០នាក់ត្រៀមការពារជាតិ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៨ កក្កដា
តុលាការអន្តរជាតិបញ្ជាឱ្យថៃនិងកម្ពុជាដកកងទ័ពចេញពីព្រំដែន Posted: 18 Jul 2011 12:06 PM PDT តុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃច័ន្ទនេះ បានបញ្ជាឱ្យដកកងទ័ពថៃនិងកម្ពុជាចេញជាបន្ទាន់ពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាបានស្នើសុំទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី២៨ខែមេសាដើម្បីឱ្យបកស្រាយសេចក្តីសម្រេចឆ្នាំ១៩៦២លើករណីពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។ សំណើរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញសម្រាប់វិធានការបន្ទាន់នានារួមមានការដកកងទ័ពថៃចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ការហាមឃាត់ការធ្វើសកម្មភាពយោធាថៃទាំងអស់នៅក្នុងតំបន់នោះ ហើយប្រទេសថៃមិនធ្វើសកម្មភាពណាមួយដែលអាចជ្រៀតជ្រែកសិទ្ធិរបស់ប្រទេសកម្ពុជាលើប្រាសាទព្រះវិហារទេ។ តុលាការយុត្តិធម៌អន្តរជាតិបានបើកសវនាការតាមចម្លើយកសិណសាក្សីផ្ទាល់មាត់លើសំណើរបស់ប្រទេសកម្ពុជាលើវិធានការបន្ទាន់នេះកាលពីថ្ងៃទី៣០និងទី៣១ ខែឧសភា។ លោក ហ៊ីសាស្ហី អូវ៉ាដា (Hisashi OWADA) ប្រធានតុលាការយុត្តិធម៌អន្តរជាតិ បានអានសេចក្តីបញ្ជាថាភាគីទាំងពីរត្រូវតែដកបុគ្គលិកយោធារបស់ខ្លួនជាបន្ទាន់ចេញពីតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន និងមិនឱ្យមានសកម្មភាពយោធាណាមួយជាដាច់ខាតនៅត្រង់តំបន់ជម្លោះព្រំដែននោះទេ។ សេចក្តីបញ្ជានេះបានបញ្ជាក់ថាតុលាការបដិសេធដោយឯកច្ឆន្ទសំណើរបស់ ប្រទេសថៃឱ្យដកករណីបណ្តឹងរបស់ប្រទេសកម្ពុជានៅថ្ងៃទី២៨ខែមេសាចេញពីបញ្ជីរួមរបស់តុលាការ។ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រទេសថៃមិនត្រូវរារាំងការចូលទៅកាន់ប្រាសាទព្រះវិហារដោយសេរីរបស់ប្រទេសកម្ពុជា ឬ ការផ្តល់ការផ្គត់ផ្គង់ថ្មីៗរបស់ប្រទេសកម្ពុជាដល់បុគ្គលិកមិនមែនកងទ័ពរបស់ខ្លួននៅក្នុងប្រាសាទនោះទេ។ តុលាការយុត្តិធម៌អន្តរជាតិបានបន្តថាភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខណ្ឌអាស៊ានហើយជាពិសេស អនុញ្ញាតឱ្យ អ្នកសង្កេតការណ៍ដែលបានតែងតាំងដោយសមាគមអាស៊ានចូលទៅកាន់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។ តុលាការយុត្តិធម៌អន្តរជាតិ បានបន្ថែមថាភាគីទាំងពីរមិនត្រូវធ្វើសកម្មភាពណាដែលអាចធ្វើឱ្យជម្លោះដែលបានស្នើទៅតុលាការកាន់តែធ្ងន់ធ្ងរឡើង ឬពង្រីកជម្លោះដែលនាំឱ្យពិបាកដោះស្រាយ មុនពេលដែលតុលាការដោះស្រាយនោះទេ។ កាសែត បាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍នៅថ្ងៃច័ន្ទនេះថាលោកកាសិត ភីរម្យ (Kasit Piromya) រដ្ឋមន្ត្រីការបរទេសថៃ បាននិយាយនៅក្នុងទីក្រុងឡាអេប្រទេសហូឡង់ថាលោកពេញចិត្តនឹងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានថ្លែងតាមរយៈទូរទស្សន៍ស៊ីធីអឹនពីទីក្រុងឡាអេយ៉ាងដូច្នេះថា៖ «ការសម្រេចរបស់តុលាការអន្តរជាតិនេះគឺជាអំណោយផលដល់កម្ពុជាទាំងស្រុង។ ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តនេះ»។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្តែងស្វាគមន៍សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិចំពោះវិធានការបន្ទាន់នេះ។ «ខ្ញុំគាំទ្រទាំងស្រុងចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ ហើយខ្ញុំយល់ថាសេចក្តីសម្រេចនេះគឺល្អសម្រាប់ប្រទេសកម្ពុជា។ សេចក្តីសម្រេចថ្ងៃនេះគឺជាឱកាសមួយល្អ ដើម្បីឈានទៅរកសន្តិភាពមួយយូរអង្វែង។» ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៅក្នុងឆ្នាំ២០០០ដែលក៏បានគ្រប់ដណ្តប់លើបញ្ហាព្រំដែននេះដែរ។ ប្រទេសកម្ពុជា និងប្រទេសថៃបានប្រមូលផ្តុំកម្លាំងកងទ័ពរៀងៗខ្លួននៅក្នុងតំបន់ជម្លោះព្រំដែនទំហំ៤,៦គីឡូម៉ែត្រការ៉េក្បែរប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើកបានបណ្តាលឱ្យមនុស្សជាច្រើននាក់បានស្លាប់ទាំងសងខាងចាប់តាំងពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅខែកក្កដា ឆ្នាំ២០០៨៕ This posting includes an audio/video/photo media file: Download Now |
ទាហានចូលថ្មីជាង៣.០០០នាក់ត្រៀមការពារជាតិ Posted: 18 Jul 2011 12:50 PM PDT ប្រទេសកម្ពុជាជ្រើសរើសកងទ័ពថ្មីបានចំនួនជាង៣.០០០នាក់ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ទី១៤ខែកក្កដាកន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់របស់ក្រសួងការពារជាតិ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដាក់បញ្ជាកាលពីថ្ងៃទី១៩ ខែឧសភាឲ្យជ្រើសរើសកងទ័ពថ្មីនៅទូទាំងប្រទេសសរុបចំនួន៥.០០០នាក់ដើម្បីយកទៅជំនួសកងទ័ពដែលត្រូវចូលនិវត្តន៍។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បា្រប់ វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាកាលពីថ្ងៃសុក្រថាការជ្រើសរើសកងទ័ពថ្មីនេះគឺធ្វើឡើងនៅតាមភូមិភាគនានានិងនៅតាមបញ្ជាការដ្ឋានយោធាខេត្តនានាផងដែរ។ លោកសុជាតិបញ្ជាក់បន្ថែមទៀតថា៖ «ដំណើរការហ្នឹងឱ្យមានបទដ្ឋានត្រឹមត្រូវ មានគណៈកម្មការជ្រើសរើសត្រឹមត្រូវ មានរបស់ក្រសួង មានកងទ័ពជើងគោក សហការជាមួយអគ្គបញ្ជាការឯកភាពរបស់ខេត្តនិងរៀបចំជាមួយភូមិភាគទៀត។ យើងរៀបចំឱ្យមានបទដ្ឋាន ឱ្យត្រឹមត្រូវហើយយើងរើសលក្ខណៈសម្បត្តិឈរលើការស្ម័គ្រចិត្ត។ អញ្ចឹងយើងមិនចង់បានបរិមាណច្រើនទេ កាលណាបរិមាណច្រើនវាត្រឡប់ទៅផ្ទះវិញវាខាតថវិកា»។ យ៉ាងណាក៏ដោយការសម្រេចចិត្តជ្រើសរើសកងទ័ពថ្មីរបស់ប្រទេសកម្ពុជាបានធ្វើឡើង បន្ទាប់ពីមានការប្រឈមមុខដោយប្រដាប់អាវុធជាមួយប្រទេសថៃដោយសារបញ្ហាព្រំដែន។ ប្រទេសថៃបានយកកងទ័ពរបស់ខ្លួនមកដាក់ពង្រាយលើភ្នំក្បែរប្រាសាទព្រះវិហាររបស់ខ្មែរជាការជំទាស់ទៅនឹងការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការដាក់ពង្រាយកងទ័ពនៅក្បែរប្រាសាទចំណាស់៩០០ឆ្នាំនេះដែលបានពញ្ញាក់កងទ័ពកម្ពុជាដែលបានស្ថិតក្នុងស្ថានភាពខ្វះការពង្រឹងសមត្ថភាពរបស់ខ្លួន។ លោកហ៊ុន សែន បានស្ដីបន្ទោសទៅលើការដឹកនាំកងទ័ពក្នុងស្ថានភាពនោះ ហើយបានសម្រេចដកលោកឧត្តមសេនីយ៍ កែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងទ័ព។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ មានប្រសាសន៍ថា កងទ័ពដែលត្រូវជ្រើសរើសថ្មី នឹងត្រូវយកទៅដាក់ពង្រាយនៅតាមក្រវ៉ាត់ព្រំដែនមានជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ។ ក្នុងនោះកងទ័ពចំនួន១.០៥០នាក់នឹងត្រូវទៅបំពេញការងារនៅយោធភូមិភាគ២ ដែលស្ថិតនៅប៉ែកភាគខាងកើតនិងឦសាន។ កងទ័ពថ្មីចំនួន៨០០នាក់ នឹងទៅកាន់ការងារនៅយោធភូមិភាគ៣ ដែលស្ថិតនៅប៉ែកខាងលិច និងខាងត្បូងប្រទេស។ ដោយឡែកយោធភូមិភាគ ៤ដែលគ្របដណ្ដប់ខេត្តភាគខាងជើង ត្រូវការយុទ្ធជនថ្មី ចំនួន១.១០០នាក់។ រីឯយោធភូមិភាគ៥ ដែលស្ថិតខេត្តភាគខាងជើង និងពាយព្យនឹងទទួលយកយោធាថ្មីចំនួន៨០០នាក់និងយោធភូមិភាគពិសេសដែលស្ថិតនៅតំបន់ខេត្តកណ្ដាលប្រទេស នឹងទទួលយកយោធាថ្មីចំនួន១.១៥០នាក់។ នៅក្នុងសាលាខេត្តកណ្តាលកាលពីថ្ងៃអាទិត្យបានរៀបចំពិធីជូនដំណើរកងទ័ពស្ម័គ្រចិត្តចំនួន២០០នាក់ពីយោធភូមិភាគពិសេសទៅហ្វឹកហាត់នៅសាលានាយទាហានសកម្មត្មាតពងនៅខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ ពូ សាមឌី មេបញ្ជាការរងយោធភូមិភាគពិសេសនិងជាអនុប្រធានគណៈកម្មការជ្រើសរើសកងទ័ពបានបញ្ជាក់នៅក្នុងពិធីនោះថាដំណើរការជ្រើសរើសកងទ័ពនៅក្នុងខេត្តកណ្តាលបានធ្វើឡើងពីថ្ងៃទី១រហូតដល់ថ្ងៃទី១៥ខែកក្កដាបានចប់សព្វគ្រប់ ហើយទទួលបានយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ពចំនួន២១៥នាក់លើសផែនការកំណត់ដែលត្រូវជ្រើសរើសតែ២០០នាក់ប៉ុណ្ណោះ។ «ក្នុងនាមគណៈកម្មការជ្រើសរើសពលទាហាននិងក្នុងនាមខ្លួនខ្ញុំផ្ទាល់សុំថ្លែងអំណរគុណចំពោះក្រុមគ្រួសារយុវជនស្ម័គ្រចិត្តទាំងអស់ដែលបានយល់ច្បាស់ពីបុព្វហេតុការពារជាតិមាតុភូមិបានបំផុសនិងជំរុញឱ្យប្តី កូនចៅចូលរួមក្នុងកងយុទ្ធពលខេមរភូមិន្ទដើម្បីការពារជាតិមាតុភូមិ»។ ក្រុមយុវជនដែលស្ម័គ្រចិត្តបានកាត់សក់ខ្លីនិងពាក់អាវយឺតដៃវែងឈរតម្រង់ជួរនៅពីមុខគណៈអធិបតីយ៉ាងមានរបៀបរៀបរយក្រោមការចូលរួមពីក្រុមគ្រួសារនិងមន្ត្រីរាជការជាច្រើននាក់។ យុវជន សឹម សុខឡេង អាយុ២២ឆ្នាំ មកពីឃុំម្នាក់ស្រុកអង្គស្នួលខេត្តកណ្តាលបានបញ្ជាក់ថាលោកបានចូលបម្រើកងទ័ពដោយសារតែយល់ឃើញថា ប្រទេសថៃបានប្រើប្រាស់កងទ័ពដើម្បីធ្វើការឈ្លានពានប្រទេសកម្ពុជា។ យុវជនរូបនោះបានបញ្ជាក់ថា គឺនៅពេលនោះហើយដែលលោកបានចាប់ផ្តើមស្រឡាញ់មាតុភូមិរបស់ខ្លួន។ «នេះគឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិយើងទាំងមូលពីព្រោះអីខ្ញុំគ្មានការរារែកចិត្តហើយសុំរំលែកការរីករាយយ៉ាងខ្លាំងដល់បងប្អូនជនរួមជាតិទាំងអស់ដែលខ្ញុំបានចូលបម្រើប្រទេសជាតិ»។ យុវជន ប៊ុត ស៊ីណាតអាយុ២៤ឆ្នាំមកពីឃុំត្រាំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាលបានបញ្ជាក់ថាលោកបានប្តេជ្ញារួចហើយដើម្បីការពារបូរណភាពទឹកដីនិងក្រុមគ្រួសារ។ «ដើម្បីការពារជាតិនិងដើម្បីការពារគ្រួសារខ្ញុំ។ បើជាតិរីកចម្រើនគ្រួសារខ្ញុំក៏រីកចម្រើនដែរ។ បើសិនអត់ខ្ញុំទៅការពារហើយបើសិនគេឈ្លានពានបានប្រទេសយើងត្រូវរលាយហើយដល់អញ្ចឹងយើងត្រូវស្ម័គ្រចិត្ត»។ លោកប្រេះ ឡេង អាយុ៥៣ឆ្នាំមកពីភូមិខ្ពកវែងឃុំកំពង់សំណាញ់ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ លោកមានកូនឈ្មោះឡេង ប៊ុនលីអាយុ២៤ឆ្នាំបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព។ លោកប្រេះ ឡេង បាននិយាយថាលោកយល់ព្រមឲ្យកូនរបស់ខ្លួនចូលបម្រើកងទ័ពដោយសារលោកចង់ឲ្យរូបគេរៀនធ្វើការងារសម្រាប់ប្រទេសជាតិ។ «បាទកងទ័ពបម្រើជាតិមាតុភូមិ។ ឱ្យកូនទៅធ្វើកងទ័ពដើម្បីឱ្យបានចេះដឹងចេះយល់»។ លោកឧត្តមសេនីយ៍ទោ នាង ខេន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ចំណុះយោធភូមិភាគ៤បាននិយាយថាលោកត្រូវការចំនួនកងទ័ពបន្ថែមទៀតចំនួន១.០០០នាក់ដើម្បីដាក់ពង្រាយតាមក្រវ៉ាត់ព្រំដែន។ «កន្លងមកពេលដែលទ័ពយើងធ្វើសមាហរណកម្មយើងមិនទាន់មានទ័ពគ្រប់គ្រាន់ទេដោយសារតែមានវ័យចំណាស់។ នេះយើងបំពេញអ្នកដែលត្រូវចូលនិវត្តន៍និងសម្រាប់ផ្លាស់ប្តូរអ្នកលើសអាយុ»។ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងចាប់តាំងពីខែកក្កដា ឆ្នាំ ២០០៨ មកម្ល៉េះ។ ទាហាននៃគូជម្លោះបានវាយប្រយុទ្ធគា្នជាច្រើនលើកដែលបានបណ្តាលឱ្យកងទ័ពទាំងសងខាងស្លាប់និងរងរបួស។ មន្រ្តីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលមួយចំនួនបានរិះគន់ថារដ្ឋាភិបាលកម្ពុជាគួរធ្វើការពង្រឹងកងទ័ពឡើងវិញដើម្បីការពារបូរណភាពទឹកដីដើម្បីជៀសវាងពីការចូលទន្រ្ទានពីប្រទេសជិតខាង។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកជាអ្នកនាំពាក្យគណបក្សសមរង្ស៊ីបាននិយាយថាលោកបានស្នើសុំឱ្យពង្រឹងវិស័យការពារជាតិតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ លោកបានបញ្ជាក់ព្រមានថាកម្ពុជាមិនត្រូវលង់លក់ក្នុងសន្តិភាពទេ។ «យើងត្រូវតែមានកងទ័ពរបស់យើងការពារព្រំដែនពីព្រោះប្រទេសជិតខាងយើងតែងតែមានមហិច្ចតាចង់ឈ្លានពានប្រទេសរបស់យើង។ ដូចជាប្រទេសយួនអញ្ចឹងបានបោះបង្គោលព្រំដែនមកលើទឹកដីខ្មែរ ហើយដែលពេលហ្នឹងគណបក្សប្រជាជនមិនបានឆ្លើយតបអ្វីបន្តិចទាល់តែសោះពាក់ព័ន្ធនឹងបញ្ហាព្រំដែន»។ ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថាការជ្រើសរើសកងទ័ពមិនត្រូវរើសម្តងច្រើនពេកទេវាអាចបង្កការលំបាកដល់រដ្ឋាភិបាល។ លោកបានបញ្ជាក់ថាយើងគួរតែជ្រើសរើសមួយវរៈម្តងៗដើម្បីយកទៅអប់រំឱ្យបានល្អនិងមានគុណភាព។ «អាហ្នឹងត្រូវគិតយុទ្ធសាស្ត្រថ្មីក្នុងការការពារជាតិហ្នឹងមិនមែនមានតែកម្លាំងទ័ពទេ។កម្លាំងទ័ពយើងចិញ្ចឹមប្រហែលជាពិបាកដែរ។ យើងត្រូវស្របគ្នាកិច្ចការទូតហ្នឹងផងហើយបើត្រូវមានកងទ័ពគួរយើងត្រូវមានអាទិភាពដែរ»។ ប្រទេសកម្ពុជាបានអនុម័តច្បាប់កាតព្វកិច្ចយោធាកាលពីឆ្នាំ២០០៩ក៏ប៉ុន្តែចំនួនកងទ័ពដែលត្រូវជ្រើសរើសថ្មីមិនជាប់ពាក់ព័ន្ធនឹងច្បាប់កាតព្វកិច្ចយោធាទេ។ នៅក្នុងច្បាប់នេះបានបញ្ជាក់ថាពលរដ្ឋគ្រប់រូបត្រូវបំពេញកាតព្វកិច្ចយោធាចាប់ពីអាយុ១៨ឆ្នាំរហូតដល់អាយុ៣៥ឆ្នាំរយៈពេល៦ខែ។ ប៉ុន្ដែច្បាប់នេះមិនទាន់ត្រូវបានយកមកអនុវត្តសម្រាប់ជំរុញការចូលរួមបម្រើក្នុងវិស័យយោធារបស់យុវជនជំនាន់ក្រោយនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៨ កក្កដា Posted: 17 Jul 2011 07:53 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ឡាអេ៖ តុលាការជាន់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិបានបញ្ជាឲ្យប្រទេសកម្ពុជានិងថៃដកកងទ័ពនិងប៉ូលីសទាំងអស់ជាបន្ទាន់ចេញពីតំបន់ដែលតុលាការបានប្រកាសមិនឲ្យមានកងទ័ពនៅពេលថ្មីៗនេះនៅជុំវិញប្រាសាទខ្មែរចាស់មួយនៅតាមព្រំដែន។ ហ្វីលីពីន៖ សមាជិកសភាប្រាំនាក់នៃប្រទេសហ្វីលីពីនថ្លែងថា អស់លោកនឹងអញ្ជើញទៅទស្សនាកោះមានជម្លោះមួយ នៅក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃពុធនេះដើម្បីពង្រឹងការទាមទាររបស់ប្រទេសហ្វីលីពីននៅក្នុង តំបន់នេះ។ អាស៊ាន៖ អ្នកការទូតនៃសមាគមអាស៊ីអាគ្នេយ៍ បានចាប់ ផ្តើមធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីធ្វើសន្និសីទក្នុងតំបន់មួយ ដែលរំពឹងថានឹងផ្តោតទៅលើបញ្ហាសន្តិសុខ មានរួមទាំងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ អាហ្វហ្កានីស្ថាន៖ ឧត្តមសេនីយ៍ ដេវិត ប៉េទ្រីយឺស នៃស.រ.អ. ដែលបានធ្វើជាមេបញ្ជាការនៃកងកម្លាំងរបស់អង្គការអូតង់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថានអស់ពេលមួយឆ្នាំ បានប្រគល់មុខនាទីបញ្ជាការលើបក្សសម្ព័ន្ធអន្តរជាតិ តាមផ្លូវការទៅជូនអ្នកកាន់តំណែងបន្តពីលោក គឺឧត្តមសេនីយ៍ ចន អាឡិន។ អង់គ្លេស៖ លោក ដេវិត កាមឺរ៉ន នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេសនឹងកាត់បន្ថយទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអហ្វ្រិក ដើម្បីដោះស្រាយរឿងអាស្រូវលួចស្តាប់ទូរស័ព្ទ ដែលមានទាក់ទងជាមួយមនុស្សដែលជិតស្និតជាមួយលោកនាយករដ្ឋមន្រ្តីអង់គ្លេស។ លោក កាមឺរ៉ន ត្រូវរំពឹងថានឹងត្រឡប់ទៅទីក្រុងឡុងដ្រ៍វិញនៅថ្ងៃពុធ ដើម្បីដោះស្រាយវិបត្តិនេះ។ អាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីស្បែកខ្មៅទីមួយរបស់ប្រទេសអាហ្វ្រិកខាងត្បូង លោក ណិលសុន ម៉ិនដិលឡា (Nelson Mandela) នឹងប្រារព្ធធ្វើពិធីបុណ្យខួបថ្ងៃកំណើតឆ្នាំទី៩៣ នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលមនុស្សនៅជុំវិញពិភពលោក សម្តែងការគោរពដល់ជីវិតរបស់លោក ដោយផ្តល់អំណោយទៅឲ្យសហគមន៍ផ្ទាល់របស់ខ្លួនវិញ។ ស៊ីរី៖ កងកម្លាំងប្រទេសស៊ីរី បានឡោមព័ទ្ធទីក្រុងមួយនៅតាមព្រំដែនប្រទេសអ៊ីរ៉ាក់ នៅពេលដែលក្រុមប្រឆាំងរបស់ប្រទេសបានខិតមួយជំហានទៀតទៅរកការបង្កើតរដ្ឋាភិបាលជំនួសមួយ ដែលនឹងប្រកួតប្រជែងជាមួយការក្តាប់អំណាចរបស់លោកប្រធានាធិបតី បាហ្សា អាល់ អាស់សាត។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> វៀតណាម៖ កាលពីថ្ងៃអាទិត្យ ពួកប៉ូលីសនៅក្នុងរដ្ឋធានីហាណូយ បានចាប់ខ្លួនពួកបាតុករជាង១២នាក់ដែលបានបរិហាររិះគន់សកម្មភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជម្លោះសមុទ្រចិនខាងត្បូង។ អង់គ្លេស៖ មេប៉ូលីសក្រុងឡុងដុង បានសុំលាលែងចេញពីតំណែងហើយនៅពេលមានការចោទប្រកាន់អំពីការដោះស្រាយដោយពួកប៉ូលីសនូវរឿងអាស្រូវលបស្តាប់ការនិយាយគ្នាតាមទូរស័ព្ទ ដែលមានទាក់ទិនជាមួយពួកអ្នកកាសែតនៃសារព័ត៌មានឈ្មោះ News of the World ដែលនៅពេលនេះឈប់ចេញផ្សាយហើយ។ ឥណ្ឌា៖ បុរសឥណ្ឌាម្នាក់បានស្លាប់នៅក្រោយត្រូវសាកសួរចម្លើយដោយអាជ្ញាធរក្នុងការទាក់ទិនជាមួយការបំផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុនក្នុងក្រុង មុមបៃដែលបានបណ្តាលឱ្យមនុស្ស១៩នាក់ស្លាប់។ អ៊ីតាលី៖ សន្និសីទវេជ្ជសាស្ត្រសាកលមួយស្តីពីជំងឺ អេដស៍ បានបើកប្រជុំកាលពីថ្ងៃអាទិត្យក្នុងក្រុង រ៉ូម ដោយប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងពួកអ្នកជំនាញការខាងសុខភាពរាប់ពាន់នាក់។ យែម៉ែន៖ ប្រជារាស្ត្ររាប់ម៉ឺននាក់ក្នុងប្រទេស យែម៉ែន បានធ្វើការប្រជុំមហាជននៅក្នុងក្រុងធំបំផុត២នៃប្រទេសនេះដើម្បីទាមទារឱ្យប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែងនៅថ្ងៃខួបឆ្នាំទី៣៣នៃរបបគ្រប់គ្រងផ្តាច់ការរបស់លោក។ ក្រិក៖ ស្រីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ.បានមានប្រសាសន៍ថាស.រ.អ.គាំទ្រ «យ៉ាងមុតមាំ» ដល់ផែនការធ្វើឱ្យសេដ្ឋកិច្ចរើបទ្បើងវិញនៃប្រទេសក្រិកដើម្បីប្រយុទ្ធនឹងវិបត្តិបំណុលរបស់ខ្លួន។ អាហ្វហ្គានីស្ថាន៖ ពួកជនប្រដាប់អាវុធបានបាញ់សម្លាប់សហការីជាន់ខ្ពស់ម្នាក់របស់លោកប្រធានាធិបតី Hamid Karzai នៃប្រទេសអាហ្វហ្គានីស្ថាន។ អាហ្វហ្គានីស្ថាន៖ អង្គការអូតង់បានផ្ទេរការត្រួតត្រាសន្តិសុខក្នុងខេត្តបាមីយ៉ាន នាប៉ែកកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថានទៅឱ្យកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលប្រទេសនេះ។ ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរី និងក្រុមអ្នកស្រុកនិយាយថា ពួកទាហានរដ្ឋាភិបាលបានឆ្មក់ចូលក្រុងមួយជិតព្រំដែនលីបង់ហើយបានទ្បោមព័ទ្ធក្រុងមួយទៀតនៅជិតព្រំដែនអ៊ីរ៉ាក់នៅក្នុងការបង្ក្រាបដែលមានធ្វើទៅលើបាតុកម្មរបស់ក្រុមប្រឆាំង។ លីប៊ី៖ កងយន្តហោះចម្បាំងអូតង់បានទម្លាក់គ្រាប់បែកលើទីដៅនៅជិតរដ្ឋធានីទ្រីប៉ូលីនៃប្រទេសលីប៊ី មួយថ្ងៃក្រោយពីបានវាយប្រហារលើកងកម្លាំងរបស់មេដឹកនាំលីប៊ី Moammar Gadhafi នៅជុំវិញក្រុងកំពង់ផែប្រេង Brega នាប៉ែកខាងកើតប្រទេស។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |