VOA News: ព័ត៌មាន: “កម្ពុជាចង់ឱ្យឥណ្ឌូនេស៊ីបញ្ជូនអ្នកសង្កេតការណ៍មកឱ្យឆាប់” plus 4 more |
- កម្ពុជាចង់ឱ្យឥណ្ឌូនេស៊ីបញ្ជូនអ្នកសង្កេតការណ៍មកឱ្យឆាប់
- លោកជា ស៊ីម ព្រមានមិនឱ្យកាត់ទោសលើសពីសំណុំរឿង០០២
- អាជ្ញាធរដោះស្រាយបន្ទាប់ពីអ្នកកំពង់ធំបិទផ្លូវរឿងទំនាស់ដី
- ជំងឺគ្រុនឈាមកំពុងរាតត្បាតកម្ពុជា
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២០ កក្កដា
កម្ពុជាចង់ឱ្យឥណ្ឌូនេស៊ីបញ្ជូនអ្នកសង្កេតការណ៍មកឱ្យឆាប់ Posted: 20 Jul 2011 12:49 PM PDT លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាបានជំរុញឱ្យប្រទេសឥណ្ឌូនេស៊ីបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ លោកហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់ពីវិលត្រឡប់មកពីទីក្រុងឡាអេថា លោកបាននិយាយទូរស័ព្ទជាមួយលោករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីព្រឹកមិញនេះ ដើម្បីប្រាប់លោកថាឥឡូវដល់ពេលហើយ ប្រទេសឥណ្ឌូនេស៊ីត្រូវបញ្ជូនអ្នកសង្កេតការណ៍មកឱ្យបានឆាប់ និងមិនចាំបាច់គិតពីការកិកកុករបស់ប្រទេសថៃទៀតទេ។ លោកហោ ណាំហុងបានបន្ថែមថា៖ «ខ្ញុំបានស្នើឱ្យគាត់ (លោក ម៉ាទី ណាតេឡេហ្កាវ៉ា Marty Natalegawa រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី) ចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន គឺរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និយាយអំពីការបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកឱ្យបានឆាប់ស្របតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»។ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានបញ្ជាក់ថាប្រទេសកម្ពុជានឹងដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជម្លោះឬតំបន់គ្មានកងទ័ពនៅពេលណាដែលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកដល់តំបន់ជម្លោះនោះ។ «ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិអត់មានលក្ខខណ្ឌទេ។ សំខាន់ប្រទេសថៃអនុវត្តឬ មិនអនុវត្តការសម្រេចនេះ។ បើកាលណាថៃមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទេ យើងមានវិធានការផ្សេងទៀត តុលាការមានវិធានការ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានវិធានការ។» <!--IMAGE-->កាលពីថ្ងៃច័ន្ទ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យថៃនិងកម្ពុជាដកកងទ័ពជាបន្ទាន់ចេញពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ ហើយប្រទេសថៃមិនត្រូវរារាំងប្រទេសកម្ពុជាចូលទៅកាន់ប្រាសាទព្រះវិហារ និងរារាំងប្រទេសកម្ពុជាមិនឱ្យផ្គត់ផ្គង់ចំណីអាហារដល់បុគ្គលិកមិនមែនយោធារបស់ខ្លួនទេ។ តុលាការយុត្តិធម៌អន្តរជាតិបាននិយាយថាប្រទេសថៃនិងកម្ពុជាត្រូវបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងក្របខណ្ឌអាស៊ាន ជាពិសេសអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីចូលមកកាន់តំបន់គ្មានកងទ័ព ហើយភាគីទាំងពីរមិនគួរមានសកម្មភាពណាមួយ ដែលអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងឬពង្រីកជម្លោះ ឬ រារាំងការប៉ុនប៉ងរកដំណោះស្រាយនោះទេ។ តាមកាសែតបាងកកប៉ុស្តិ៍ លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វិចាជីវ៉ា បានថ្លែងនៅថ្ងៃពុធនេះថាសេចក្តីសម្រេចស្តីពីការចរចាទ្វេភាគីរវាងប្រទេសថៃនិងប្រទេសកម្ពុជា ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនឹងទុកឱ្យរដ្ឋាភិបាលថ្មីដោះស្រាយ។ កាសែត ហ្សាការតា ប៉ុស្តិ៍ (Jakarta Post) បានដកស្រង់សម្តីរបស់លោកស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ាន មករាយការណ៍នៅថ្ងៃពុធនេះថាដោយគ្មានការលើកលែង អាស៊ាននឹងត្រូវការកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរដែលទទួលស្គាល់ការរីកចម្រើនថាអាស៊ាននឹងរួមវិភាគទាន។ អាស៊ាននឹងរង់ចាំភាគីទាំងពីរបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិចំពោះការយល់ស្របជាមួយនឹងការវិនិច្ឆ័យនេះ។ លោក ស៊ូរិន ពិតសុវណ្ណ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថាយើងនឹងត្រូវរង់ចាំភាគីទាំងពីរយល់ព្រមគ្នាលើជំហានបន្ទាប់សម្រាប់អាស៊ានអាចបន្តជួយសម្រួលដល់កិច្ចការដែលផ្តល់ផលប្រយោជន៍។ ខ្ញុំគិតថាលោក ម៉ាទី ណាតាឡេហ្កាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន នឹងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយភាគីទាំងពីរ។ ប្រទេសកម្ពុជានិងប្រទេសថៃបានអះអាងថាដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ខ្លួនតែរៀងៗខ្លួន និងបានវាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានបណ្តាលឱ្យភាគីទាំងសងខាងជាច្រើននាក់ស្លាប់ ចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោកនៅខែកក្កដាឆ្នាំ២០០៨។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសំណើរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជូនអ្នកសង្កេតការណ៍មកត្រួតពិនិត្យមើលបទឈប់បាញ់ គ្នានៅថ្ងៃទី២០ ខែកុម្ភៈ នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងហ្សាការតា ប៉ុន្តែការដាក់ពង្រាយអ្នកសង្កេតការណ៍នេះ ត្រូវបានពន្យាពេលដោយសារទីក្រុងបាងកក បានទាមទារថាកងទ័ពនិងជនស៊ីវិលកម្ពុជាទាំងអស់ដកចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារជាមុនសិន៕ This posting includes an audio/video/photo media file: Download Now |
លោកជា ស៊ីម ព្រមានមិនឱ្យកាត់ទោសលើសពីសំណុំរឿង០០២ Posted: 20 Jul 2011 12:13 PM PDT លោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅថ្ងៃពុធនេះថាគណបក្សលោកគាំទ្រចំពោះដំណើរការកាត់ទោសរបស់សាលាក្តីខ្មែរក្រហមលើសំណុំរឿង០០២ ក៏ប៉ុន្តែបានព្រមានថានឹងមិនមានការកាត់ទោសចំពោះសំណុំរឿង០០៣និង០០៤ទេ។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៦ អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា លោកជា ស៊ីម បានថ្លែងថាសាលាក្តីបានសម្រេចចំពោះសំណុំរឿង០០១និងកំពុងដំណើរការកាត់ក្តីសំណុំរឿង០០២។ ជំហររបស់យើងគាំទ្រនូវដំណើរការសាលាក្តីខ្មែរក្រហម។ «ដំណើរការកាត់ក្តីសំណុំរឿង០០២ដែលមានមេដឹកនាំខ្មែរក្រហមបួនរូបទៀតគឺ នួន ជា អៀង សារី អៀង ធិរិទ្ធ និង ខៀវ សំ ផន។ ជំហររបស់យើងគឺគាំទ្រនូវដំណើរការសាលាក្តីខ្មែរក្រហមដើម្បីរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ប៉ុន្តែក៏ត្រូវតែធានាបានដាច់ខាតនូវសន្តិភាពនិងការបង្រួបបង្រួមជាតិ»។ ការលើកឡើងរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភាបានកើតឡើងស្របពេលដែលសាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហមដោយមានការគាំទ្រពីអង្គការសហប្រជាជាតិកំពុងដំណើរការកាត់ទោសលើសំណុំរឿង០០២។ សំណុំរឿង០០២មានមេដឹកនាំខ្មែរក្រហមចំនួន៤រូបគឺលោក ខៀវ សំផន អតីតប្រមុខរដ្ឋ លោកនួន ជា អតីតប្រធានរដ្ឋសភា លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងអ្នកស្រី អៀង ធិរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សាលាក្តីខ្មែរក្រហមបានបើកសវនាការជាបឋមលើសំណុំរឿង០០២កាលពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះហើយនៅខែសីហាខាងមុខនឹងបើកសវនាការលើស្ថានភាពសុខភាពជនជាប់ចោទមេដឹកនាំខ្មែរក្រហមទាំងបួនរូប។ ចំណែកឯសវនាការពេញអង្គសេចក្តីនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែកញ្ញា។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បង្ហាញជំហរប្រឆាំងនឹងសាលាក្តីខ្មែរក្រហមដែលគ្រោងនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតទៅលើសំណុំរឿង០០៣និង០០៤។ ដោយលោកហ៊ុន សែនបានរាំងខ្ទប់មិនឱ្យសាលាក្តីបន្តធ្វើការស៊ើបអង្កេតរបស់ខ្លួនទៀតទេដោយលើកហេតុផលសន្តិសុខនិងស្ថិរភាពសង្គម។ លោកហ៊ុន សែនធ្លាប់បានអះអាងទៀតថាលោកសុខចិត្តឱ្យសាលាក្តីរលំរលាយ តែលោកមិនអនុញ្ញាតឱ្យមានសំណុំរឿង០០៣និង០០៤ទេ។ ការចម្រូងចម្រាសក្នុងការស៊ើបអង្កេតបន្ថែមលើសំណុំរឿង០០៣និង០០៤បានបង្កឱ្យមានការខ្វែងគំនិតគ្នារវាងសហព្រះរាជអាជ្ញានិងសហចៅក្រមទាំងជាតិនិងអន្តរជាតិ។ លោករ៉ូប៊ឺត ប៉ឺទី (Robert Petit) សហព្រះរាជអាជ្ញាខាងភាគីអន្តរជាតិកាលពីខែកញ្ញាឆ្នាំ២០០៩បានលាឈប់ពីសាលាក្តីដោយហេតុផលបញ្ហាគ្រួសារក៏ប៉ុន្តែត្រូវបានគេសង្ស័យថាដោយសារមានការខ្វែងយោបល់គ្នាលើការស៊ើបអង្កេតបន្ថែមចំពោះជនសង្ស័យដែលជាអតីតមេដឹកនាំខ្មែរក្រហមផ្សេងៗទៀតយកមកកាត់ទោស។ បន្ទាប់ពីមានការលាឈប់របស់សហព្រះរាជអាជ្ញាអន្តរជាតិបន្តិចក្រោយមកមន្ត្រីស៊ើបអង្កេតមិនតិចជាង៥នាក់ទៀតរបស់សាលាក្តីខ្មែរក្រហមបានលាឈប់បន្តបន្ទាប់។ សំណុំរឿង០០៣សង្ស័យថាមានជនជាប់សង្ស័យតែពីរនាក់ប៉ុណ្ណោះគឺលោកមាស មុតអតីតមេបញ្ជាការកងពលលេខ១៦៤ និងលោក ស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាស។ ចំណែកសំណុំរឿង០០៤សង្ស័យថាមានអតីតមេដឹកនាំខ្មែរក្រហមបីរូបគឺអ្នកស្រី អ៊ឹម ចែម អតីតអភិបាលស្រុកព្រះនេត្រព្រះនិងមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមពីររូបផ្សេងទៀត៕ This posting includes an audio/video/photo media file: Download Now |
អាជ្ញាធរដោះស្រាយបន្ទាប់ពីអ្នកកំពង់ធំបិទផ្លូវរឿងទំនាស់ដី Posted: 20 Jul 2011 11:35 AM PDT អាជ្ញាធរខេត្តកំពង់ធំបានចាប់ផ្ដើមវាស់វែងដីមានទំនាស់សម្រាប់ប្រជាពលរដ្ឋជាង២០០ គ្រួសារក្នុងស្រុកសណ្ដាន់ បន្ទាប់ពីប្រជាពលរដ្ឋចំនួនបួនភូមិក្នុងស្រុកនេះបានសម្រេចចិត្តបិទផ្លូវជាតិលេខ៦អា កាលពីពីរសប្ដាហ៍មុន។ លោក អ៊ុត សំអន អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់នៅថ្ងៃពុធនេះថា ចាប់តាំងពីថ្ងៃច័ន្ទមកអាជ្ញាធរខេត្តបានវាស់វែងដីមានទំនាស់ជូនប្រជាពលរដ្ឋជាង២០០គ្រួសារ ដើម្បីយកទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់មុននឹងសម្រេចចែកដីដល់ពួកគាត់។ «ចាប់ពីថ្ងៃបិទផ្លូវមក យើងបានធ្វើអ្វីតាមការអះអាងរបស់យើង គឺចុះស្រង់ព័ត៌មានជាថ្មី ហើយជាបណ្ដើរៗយើងបានចុះទៅវាស់វែងដីដែលពួកគាត់បានឆ្លើយប្រកាស បានជាង២០០គ្រួសារហើយ»។ កាលពីថ្ងៃទី៨ ខែកក្កដា ប្រជាពលរដ្ឋប្រមាណជា៣០០នាក់មកពីភូមិចំនួនបួនក្នុងស្រុកកំពង់ស្វាយ គឺភូមិសានគរខ ភូមិប្រាសាទអណ្ដែត ភូមិស្លែងខ្ពស់ និងភូមិជ័យបានបិទផ្លូវជាតិលេខ៦អា អស់រយៈពេលជាងប្រាំពីរម៉ោងនៅចម្ងាយប្រមាណ២៥ គីឡូម៉ែត្រ ខាងជើងទីរួមខេត្តកំពង់ធំ។ ការបិទផ្លូវនេះដើម្បីដាក់សម្ពាធដល់ក្រុមអាជ្ញាធរឲ្យដោះលែងអ្នកភូមិសកម្មក្នុងការតវ៉ាមួយរូប និងដើម្បីជំរុញឲ្យមានការដោះស្រាយការរំលោភបំពានទៅលើដីធ្លីពួកគាត់។ ដីដែលមានទំហំ៨២៣ហិកតា និងពាក់ព័ន្ធជាមួយប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ហើយដែលស្ថិតក្នុងការប្រទាញប្រទង់ជាមួយក្រុមហ៊ុន ដួងហេង សេងស៊ុនណា ចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ អ្នកតវ៉ាដ៏សកម្មលោក ឃាង សឿន ត្រូវក្រុមប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅក្រោមបទចោទប្រកាន់ពីការគំរាមកំហែង និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃបន្ទាប់ពីក្រុមប្រជាពលរដ្ឋបានព្យាយាមរារាំងភាគីក្រុមហ៊ុនមិនឲ្យធ្វើការឈូសឆាយដីទំនាស់។ លោកអភិបាលរងខេត្តកំពង់ធំ អ៊ុត សំអន អះអាងថា មានប្រជាពលរដ្ឋច្រើនជាង ២៥០ គ្រួសារបានដាក់ពាក្យស្នើឲ្យមានការវាស់វែងនិងបែងចែកដីពួកគេឡើងវិញក្នុងចំណោមភូមិទាំងបួននេះដើម្បីទទួលបានការបែងចែកដីស្របច្បាប់។ របាយការណ៍ពីអង្គការការពារសិទ្ធិមនុស្សអាដហុក ដែលតាមឃ្លាំមើលដំណើរការបែងចែកដីធ្លីក្រុមប្រជាពលរដ្ឋមានទំនាស់ឡើងវិញនេះបានលើកឡើងថា មានប្រជាពលរដ្ឋសរុបចំនួន២៤៦ គ្រួសារបានដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរខេត្តកំពង់ធំបន្ទាប់ពីការតវ៉ារបស់ពួកគេកាលពីពីរសប្ដាហ៍មុន។ ពួកគេបានស្នើឲ្យមានការវាស់វែងនិងបែងចែកដីឡើងវិញដោយសារតែពួកគេសង្ស័យថា អាចមានចំណែកដីជាន់គ្នា។ លោកអ៊ុត សំអន មានប្រសាសន៍ថា ការវាស់វែងក្បាលដីអាចនឹងត្រូវបញ្ចប់នៅក្នុងសប្ដាហ៍នេះ ក៏ប៉ុន្ដែការបែងចែកដីនឹងត្រូវស៊ីពេលតទៅទៀតដោយសារតែក្រុមអាជ្ញាធរត្រូវការផ្ទៀងផ្ទាត់ច្បាស់លាស់មុននឹងសម្រេចធ្វើការបែងចែក។ លោក ចែម ប៉ូ ជាអ្នកភូមិជ័យដែលជាភូមិមួយក្នុងចំណោមភូមិទាំងបួនដែលមានទំនាស់។ លោកមានប្រសាសន៍ថា កុ្រមប្រជាពលរដ្ឋនៅមិនទាន់រីករាយនៅឡើយទេ។ «នៅចាំមើលលទ្ធផលគាត់ប្រកាសមក មិនទាន់សប្បាយចិត្តទេទាល់តែឃើញសេចក្ដីសម្រេចធ្លាក់មក ប្រគល់ដីដូចដើមវិញទើបសប្បាយចិត្ត»។ លោក យី សុខសាន្ដ អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការអាដហុក បានទទួលស្វាគមន៍ចំពោះចំណាត់ការដោយសន្ដិវិធីរបស់អាជ្ញាធរខេត្តកំពង់ធំក្នុងការដោះស្រាយទំនាស់ដីជាមួយក្រុមប្រជាពលរដ្ឋនេះ។ ជាមួយគ្នានេះលោក យី សុខសាន្ដ បានស្នើឲ្យអាជ្ញាធរខេត្តកំពង់ធំផ្តល់ជាប័ណ្ណកម្មសិទ្ធិដីដល់ក្រុមអ្នកភូមិ។ «យើងសមាគមអាដហុកទទូចថា នៅពេលដែលគាត់វាស់វែងរួចអាជ្ញាធរគួរតែផ្ដល់ប័ណ្ណកម្មសិទ្ធិឬក៏ចុះបញ្ជីក្បាលដីឲ្យពួកគាត់ដើម្បីកុំឲ្យពួកគាត់តវ៉ាឬទាមទារដីទៀត»។ យ៉ាងណាក៏ដោយអ្នកភូមិដែលត្រូវចាប់ខ្លួននៅមិនទាន់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនៅឡើយទេ។ លោកអភិបាលរងខេត្តកំពង់ធំ អ៊ុត សំអន មានប្រសាសន៍ថា ការដោះលែងអ្នកភូមិរូបនោះនឹងត្រូវធ្វើឡើងនៅពេលបន្ទាប់។ ទំនាស់ដីធ្លីតែងតែកើតឡើងជាប្រចាំក្នុងប្រទេសកម្ពុជា ហើយជាទូទៅប្រជាពលរដ្ឋក្រីក្រត្រូវគេមើលឃើញថា គឺជាអ្នករងគ្រោះពីការរំលោភបំពានទន្រ្ទានយកដីពីក្រុមអ្នកមានអំណាចនិងអ្នកសម្បូរណ៍ធនធាន៕ This posting includes an audio/video/photo media file: Download Now |
ជំងឺគ្រុនឈាមកំពុងរាតត្បាតកម្ពុជា Posted: 20 Jul 2011 01:21 PM PDT យ៉ាងហោចណាស់មានកុមារកម្ពុជាអាយុក្រោម១៥ឆ្នាំសរុបចំនួន៣.៧៤១នាក់ បានឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេស គិតមកទល់ដើមខែកក្កដានេះ។ ក្នុងនោះកុមារចំនួន១៩នាក់បានស្លាប់។ នេះបើយោងតាមរបាយការណ៍របស់របស់ក្រសួងសុខាភិបាល។ របាយការណ៍ដដែលបង្ហាញថា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១០មានកុមារឆ្លងជំងឺគ្រុនឈាមត្រឹមតែ២.៤៥០នាក់តែប៉ុណ្ណោះ គឺតិចជាងឆ្នាំនេះចំនួន១.២៩១នាក់ និងបានបណ្ដាលឲ្យកុមារស្លាប់ចំនួន៩នាក់។ តួលេខបានបង្ហាញថា ការឆ្លងជំងឺគ្រុនឈាមមានសន្ទុះឡើងខ្ពស់ក្នុងរយៈពេលពីរខែចុងក្រោយនេះ។ តួលេខពីក្រសួងសុខាភិបាលខ្មែរដដែលបានបង្ហាញថា មកត្រឹមខែឧសភា គឺរយៈពេលប្រាំខែដើមឆ្នាំ២០១១ មានកុមារ៥៨០នាក់ឆ្លងជំងឺគ្រុនឈាម ហើយជំងឺនេះបានបណ្ដាលឲ្យកុមារចំនួនប្រាំមួយនាក់បាត់បង់ជីវិត។ លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់បានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមកំពុងស្ថិតនៅចំណុចដែលគួរយកចិត្តទុកដាក់ និងតាមដានខ្ពស់បំផុត។ លោកបានប្រាប់វីអូអេខ្មែរថា៖ «សភាពការណ៍នេះ យើងថាមិនជាល្អណាស់ណាទេ ក៏ប៉ុន្តែក៏មិនអាក្រក់ណាស់ណាដែរ។ ក៏ប៉ុន្តែយើងគួរប្រុងប្រយ័ត្នពីព្រោះរយៈពេលចម្លងនៃជំងឺគ្រុនឈាមនេះ ឥឡូវនេះយើងចំពេលកំពុងចម្លងខ្លាំង ហើយការចម្លងនេះវាអាចមានរយៈពេលរហូតទៅដល់បីខែទៅមុខទៀត។ អញ្ចឹងទេ គួរតែជនរួមជាតិទាំងអស់មេតា្តប្រុងប្រយ័ត្ន ហើយម្ចាស់ការរៀងៗខ្លួនដើម្បីត្រៀមទប់ស្កាត់ការផ្ទុះជាយថាហេតុនៃជំងឺគ្រុនឈាមជាទ្រង់ទ្រាយធំ»។ មន្រ្តីសុខាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះបានក្រើនរំលឹកថា ជំងឺគ្រុនឈាមនៅកម្ពុជាអាចផ្ទុះឡើងជាយថាហេតុនៅក្នុងឆ្នាំនេះបើសិនជាមិនមានការចូលរួមទប់ស្កាត់ទាំងអស់គ្នានោះទេ។ ម្យ៉ាងទៀត ឆ្នាំនេះគឺជាឆ្នាំវិលជុំ ឬវដ្តនៃការផ្ទុះជំងឺគ្រុនឈាម។ ជំងឺនេះតែងតែផ្ទុះឡើងរាតត្បាតយ៉ាងខ្លាំងក្លាជាប្រចាំរវាងពីបីទៅប្រាំឆ្នាំម្តងនៅកម្ពុជា។ វាបានផ្ទុះឡើងយ៉ាងខ្លាំងនាចុងក្រោយនេះ។ នៅឆ្នាំ២០០៧មានមនុស្សជិត៤ម៉ឺននាក់បានកើតជំងឺនេះក្នុងនោះប្រហែលជា៩៥ភាគរយជាកុមារ ហើយបានធ្វើឲ្យមនុស្សជាង៤០០នាក់បានស្លាប់បាត់បង់ជីវិត។ នៅមន្ទីរពេទ្យកុមារជាតិ កុមារឆ្លងជំងឺគ្រុនឈាមដែលបានមកសម្រាកព្យាបាលមានសន្ទុះកើនឡើងខ្លាំងចាប់ពីចុងខែឧសភាដល់ខែកក្កដានេះ។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យ។ កុមារមានជំងឺសរុបចំនួន៥០៣នាក់ក្នុងនោះមានបីនាក់បានស្លាប់។ លោកវេជ្ជបណ្ឌិត ឈួរ អ៊ីម៉េង ប្រធានមន្ទីរពេទ្យកុមារជាតិមានប្រសាសាន៍ថា ស្ថានភាពឆ្លងនៃជំងឺមិនទាន់គួរឲ្យព្រួយបារម្ភខ្លាំងពេកនោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះជំងឺនេះ។ លោកថ្លែងថា៖ «ឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ប៉ុន្តែការកើនឡើងនេះ សន្ទុះរបស់វាឡើងស្បឺតដែរទេ។ វាមិនមែនឡើងគំហុកដែលយើងគួរព្រួយបារម្ភនៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងត្រៀមលក្ខណៈហើយ។ យើងនៅតែបារម្ភថា ខ្លាចវាធំ។ យើងគិតថា ខ្លាចវាធំជាជាងយើងធ្វេសប្រហែសថា វាអត់កើតមានឡើង»។ រដូវវស្សាគឺជារដូវចម្លងនៃជំងឺគ្រុនឈាមខ្លាំង ដែលមានចាប់ពីខែមិថុនារហូតដល់ខែតុលា។ ជំងឺគ្រុនឈាមភាគច្រើនកើតលើកុមារដែលមានអាយុតិចជាង១៥ឆ្នាំ។ ជំងឺនេះចម្លងដោយមូសខ្លាដែលកើតចេញពីទឹកថ្លុក ទឹកដក់ក្នុងឧបករណ៍ផ្សេងៗដែលគេបោះបង់ចោលជាដើម។ មានប្រជាពលរដ្ឋកម្ពុជាចន្លោះពី១០.០០០នាក់ទៅ១២.០០០នាក់ ក្នុងមួយឆ្នាំៗឆ្លងជំងឺនេះ ក៏ប៉ុន្ដែអត្រាស្លាប់ដោយសារជំងឺនេះមានកម្រិតក្រោម១ភាគរយ។ របាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា ខេត្តដែលមានដង់ស៊ីតេប្រជាជនខ្ពស់ច្រើនតែទទួលរងការឆ្លងជំងឺគ្រុនឈាមធ្ងន់ជាងគេ។ ខេត្តទាំងនោះរួមមានខេត្តកណ្តាល ភ្នំពេញ សៀមរាប កំពង់ចាម កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ធំ និង បន្ទាយមានជ័យ។ សព្វថ្ងៃនេះ ពុំទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនឈាមនេះនៅឡើយ។ ដូច្នេះវិធានការការពារដ៏មានប្រសិទ្ធភាពគឺការកម្ចាត់មូសខ្លាពីទីជម្រករបស់វា ឬទប់ស្កាត់ការកកើតមូសប្រភេទនេះ។ ជំងឺគ្រុនឈាមអាចបង្កឲ្យស្លាប់បានប្រសិនបើអ្នកជំងឺមិនត្រូវបានព្យាបាលមុនរយៈពេលមួយសប្ដាហ៍នោះទេ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២០ កក្កដា Posted: 19 Jul 2011 06:06 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ស៊ែរប៊ី៖ អាជ្ញាធរប្រទេសស៊ែរប៊ី និយាយថាគេបានចាប់ខ្លួន ហ្គ៊រ៉ាន ហាដស៊ីក (Goran Hadzic) អ្នកគេចរត់នៅសល់តែម្នាក់គត់ដែលតុលាការឧក្រិដ្ឋកម្មសង្គ្រាមអ.ស.ប.តាមស្វែងរក។ ហ្វីលីពីន៖ អ្នកតាក់តែងច្បាប់ហ្វីលីពីនប្រាំនាក់ជិះយន្ដហោះទៅកាន់កោះនៅសមុទ្រចិនខាងត្បូង នៅថ្ងៃពុធ ជាសកម្មភាពមួយដែលប្រទេសចិនព្រមានថា នឹងធ្វើឲ្យខូចខាតប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភូមា៖ ក្រុមជនជាតិភូមានិរទេសខ្លួន និយាយថា មនុស្សរាប់ពាន់នាក់ ត្រូវការជំនួយអន្ដរជាតិជាបន្ទាន់ នៅភាគខាងជើងនៃប្រទេសភូមា ដែលនៅទីនោះ ក្រុមបះបោរអណិកជន កាឈិន ត្រូវបានកងកម្លាំងរដ្ឋាភិបាលវាយប្រហារតាំងពីខែមុនមក។ អ.ស.ប៖ អ.ស.ប បានប្រកាសទុរភិក្សនៅក្នុងតំបន់ពីរនៃប្រទេសសូម៉ាលីភាគខាងត្បូង នាពេលដែលភាពរាំងស្ងួតធ្ងន់ធ្ងរជាងគេកើតមានឡើងនៅក្នុងប្រទេសនេះដែលមិនធ្លាប់មានជាង៥០ឆ្នាំមកហើយ។ អង់គ្លេស៖ លោកនាយករដ្ឋមន្រ្តី ដេវិត កាមារ៉ន នៃប្រទេសអង់គ្លេសនឹងឆ្លើយសំណួរនៅក្នុងរដ្ឋសភា នៅថ្ងៃពុធនេះ អំពីទំនាក់ទំនងរបស់លោកជាមួយនិងមន្រ្តីអ្នកចាត់ចែងការសំខាន់ៗពីបណ្តាញព័ត៌មានរបស់លោក រូពើត មឺរដក់ នៅក្នុងរឿងអាស្រូវលួចស្តាប់ទូរស័ព្ទ។ ស៊ីរី៖ អង្គការសិទ្ធិមនុស្សសំខាន់មួយឲ្យដឹងថា ខ្លួនភ័យខ្លាចថាប្រទេសស៊ីរី កំពុងតែធ្វើទារុណកម្មបុរសជាប់ឃុំឃាំងកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្រោយពីមានការចាប់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅជាយរដ្ឋធានីដាម៉ាស់។ អាហ្វហ្គានីស្ថាន៖ ពួក តាលីបាន់នៅក្នុងប្រទេសអាហ្វហ្កានិស្ថាន បានបដិសេធថា មេដឹកនាំរបស់ខ្លួន មូឡា អូម៉ា (Mullah Omar) មិនបានស្លាប់ ដូចសារអត្ថបទតាមទូរស័ព្ទ បានប្រកាសអំពីមរណភាពរបស់លោកនោះទេ។ ឥណ្ឌា៖ លោកស្រី Hillary Clinton រដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ. កំពុងធ្វើទស្សនកិច្ចនៅទីក្រុង Chennai នៅភាគអាគ្នេយ៍នៃប្រទេសឥណ្ឌានៅថ្ងៃពុធ។ លោកស្រីគ្រោងថ្លែងសុន្ទរកថា ស្ដីអំពីសារ:សំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងស.រ.អ.និងប្រទេសឥណ្ឌា។ ស.រ.អ.៖ លោកប្រធានាធិបតីស.រ.អ. បារាក់ អូបាម៉ា កំពុងអំពាវនាវឲ្យសមាជិកសភានៃគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ បន្តស្វែងរកការសម្របសម្រួលគ្នានៅនាទីចុងក្រោយមួយ នៅថ្ងៃពុធនេះ លើកិច្ចព្រមព្រៀងខាងថវិកា ដែលភ្ជាប់ទៅនិងការតម្លើងកម្រិតប្រាក់បំណុលរបស់ស.រ.អ.។ <!--AV--> ព័ត៌មានពីពេលមុននេះ៖ <!--IMAGE--> អង់គ្លេស៖ លោក Rupert Murdoch មហាសេដ្ឋីបណ្តាញផ្សាយព័ត៌មានបាននិយាយថាលោកគ្មានមោទនភាពទេដោយសាររឿងអាស្រូវលបស្តាប់ការសន្ទនាតាមទូរស័ព្ទដែលមានទាក់ទងនឹងកិច្ចប្រតិបត្តិការរបស់កាសែតលោកក្នុងប្រទេសអង់គ្លេស ប៉ុន្តែលោកបានបន្ថែមថា លោកមិនបានទទួលខុសត្រូវដោយផ្ទាល់ទេ។ ស៊ីរី៖ សាក្សីនិងពួកសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសស៊ីរីនិយាយថា មានមនុស្សយ៉ាងតិចណាស់១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ៍នៅពេលដែលកងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងទៅលើក្រុមជនស៊ីវិលនៅក្នុងក្រុង Homs។ លីប៊ី៖ ក្រុមឧទ្ទាមលីប៊ីថ្លែងថាពួកគេបានត្រូវរារាំងដោយគ្រាប់មីននៅពេលពួកគេបន្តការជំរុលទៅមុខកាលពីថ្ងៃអង្គារ៍ដើម្បីត្រួតត្រាទាំងស្រុងក្រុងកំពង់ផែប្រេង Brega ប៉ែកខាងកើតប្រទេស។ អ៊ីស្រាអែល៖ កងទ័ពជើងទឹក Israel បានសណ្តោងនាវា បារាំងមួយគ្រឿងដែលដឹកពួកសកម្មជនលម្អៀងទៅខាង Palestine ទៅកាន់កំពង់ផែ Israel មួយក្រោយពីបានបញ្ឈប់ការប៉ុនប៉ងរបស់ពួកសកម្មជនក្នុងការបំបែកការរាំងខ្ទប់របស់ Israel នៃតំបន់ Gaza ដែលត្រួតត្រាដោយពួកហាម៉ាស់។ ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ. Hillary Clinton បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh ក្នុងថ្ងៃទីមួយនៃកិច្ចចរចាគ្នា២ថ្ងៃជាមួយមន្ត្រីឥណ្ឌាដែលមានគោលដៅពង្រឹងទំនាក់ទំនងខាងនយោបាយនិងសេដ្ឋកិច្ច។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |