VOA News: ព័ត៌មាន: “កម្ពុជារៀបចំដកទ័ពពីតំបន់ជម្លោះតាមការបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ” plus 4 more |
- កម្ពុជារៀបចំដកទ័ពពីតំបន់ជម្លោះតាមការបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ
- ចៅក្រមកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមប្រតិកម្មនឹងគេហទំព័រវីគីលីកស៍
- ការប៉ះទង្គិចរវាងនគរបាលនិងកម្មកររោងចក្រលើមហាវិថី
- តុលាការអន្ដរជាតិបញ្ជាមិនឲ្យមានកងទ័ពនៅតំបន់ជម្លោះតាមព្រំដែនខ្មែរ-ថៃ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៩ កក្កដា
កម្ពុជារៀបចំដកទ័ពពីតំបន់ជម្លោះតាមការបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ Posted: 19 Jul 2011 01:29 PM PDT មន្ត្រីផ្លូវការក្រសួងការពារជាតិកម្ពុជាបានថ្លែងនៅថ្ងៃអង្គារនេះថា កងទ័ពកម្ពុជានឹងដកចេញពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារតាមសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ នៅពេលដែលក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកដល់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។ កាលពីថ្ងៃច័ន្ទ តុលាការយុត្តិធម៌អន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បានបញ្ជាឱ្យថៃ និងកម្ពុជាដកកងទ័ពជាបន្ទាន់ចេញពីតំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ និងមិនឱ្យមានសកម្មភាពយោធាណាមួយជាដាច់ខាតនៅត្រង់តំបន់ជម្លោះព្រំដែន ហើយប្រទេសទាំងពីរត្រូវអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ទៅកាន់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់វីអូអេខ្មែរថា កម្ពុជារង់ចាំអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ឬអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារមុនពេលដកកងទព័ចេញពីតំបន់ជម្លោះនោះ។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងនឹងគោរពដាច់ខាតនូវសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ។ យើងអនុវត្តដាច់ខាតនូវសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ។ យើងអបអរសាទរ និងគាំទ្រដាច់ខាត។ ប៉ុន្តែយើងធ្វើជាជំហានៗ នៅពេលណាដែលមានវត្តមានរបស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកពិនិត្យការឈប់បាញ់គ្នាអចិន្ត្រៃយ៍នៅតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន យើងត្រូវដក (កងទ័ព) ចេញពីតំបន់ជម្លោះកម្ពុជាហ្នឹង។ យើងត្រូវតែឱ្យគេបន្តវេនពីយើងហើយ»។ កាសែត ដឺ ណេសិន (The Nation) របស់ថៃ បានរាយការណ៍ថាលោកនាយករដ្ឋមន្ត្រីថៃអាភីស៊ីត វេច្ចាជីវ៉ា (Abhisit Vejjajiva) នៅថ្ងៃអង្គារនេះ បានតែងតាំងក្រសួងការបរទេស និងក្រសួងការពារជាតិឱ្យទទួលខុសត្រូវចំពោះការរៀបចំផែនការក្របខ័ណ្ឌការងារដែលផ្តោតលើច្បាប់ជាតិ និងអន្តរជាតិ សម្រាប់ពិភាក្សាជាមួយកម្ពុជាក្នុងការអនុវត្តបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិស្តីពីប្រាសាទព្រះវិហារ។ កាសែត ដឺ ណេសិន បានបញ្ជាក់ថាការដកកងទ័ពនឹងកើតឡើងបានបន្ទាប់ពីប្រទេសទាំងពីរអាចយល់ព្រមលើការអនុវត្តបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី អាភីស៊ីត វេច្ចាជីវ៉ា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិលើការអនុវត្តតាមបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនេះ។ កាសែត ដឺ ណេសិន ឲ្យដឹងថា លោក វេច្ចាជីវ៉ា ជឿថា គណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជាគួរតែជាច្រកដ៏ល្អបំផុត សម្រាប់ប្រទេសទាំងពីរក្នុងការអនុវត្តបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ។ គណៈកម្មាធិការនេះបានដឹកនាំដោយសហប្រធានដែលជារដ្ឋមន្ត្រីការពារកម្ពុជា និងថៃ។ កាសែត ដឺ ណេសិន បានបន្ថែមថា លោក វេច្ចាជីវ៉ា បានណែនាំភ្នាក់ងារពាក់ព័ន្ធទាំងអស់ឱ្យត្រួតពិនិត្យមើលប្រតិឃាតនៃបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ។ រដ្ឋាភិបាលត្រូវធានាកាតព្វកិច្ចរបស់ខ្លួនជាសមាជិកអង្គការសហប្រជាជាតិ ព្រមទាំងលើកតម្កល់រដ្ឋធម្មនុញ្ញាឱ្យខ្ពស់ឡើង ជាពិសេសមាត្រា១៩០ទាក់ទងនឹងក្របខ័ណ្ឌការងារសម្រាប់ការចរចាជាអន្តរជាតិ។ កាសែត ដឺ ណេសិន បានបញ្ជាក់ថាលោក វេច្ចាជីវ៉ា បានថ្លែងថាបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនេះគ្មានយុត្ថាធិការទៅលើខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពរបស់ប្រទេសថៃទេ។ លោកវេច្ចាជីវ៉ា បានរំលឹកថា ការដកកងទ័ពនឹងធ្វើទៅបានបន្ទាប់ពីសម្រចបានដល់កិច្ចព្រមព្រៀងទ្វេភាគីលើបញ្ហានេះ។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថាភាគីកម្ពុជាមិនជំទាស់នឹងការពិភាក្សាបន្តជាមួយភាគីថៃក្រោមក្របខ័ណ្ឌអាស៊ានទេ៕ This posting includes an audio/video/photo media file: Download Now |
ចៅក្រមកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមប្រតិកម្មនឹងគេហទំព័រវីគីលីកស៍ Posted: 19 Jul 2011 02:51 PM PDT ក្រុមចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជាក្នុងសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារនេះបានបង្ហាញប្រតិកម្មតិចតួចទៅនឹងការចេញផ្សាយជាសាធារណៈរបស់គេហទំព័រវីគីលីកស៍ (Wikileaks) ដែលបានរិះគន់ពួកខ្លួន ដោយចាត់ទុកថា នោះគឺជាការបញ្ចេញទស្សនៈជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ។ គេហទំព័រ វីគីលីកស៍ ដែលស្រង់ទូរសារធ្លាយចេញកាលពីឆ្នាំ២០០៦ពីស្ថានទូតអាមេរិកក្នុងក្រុងភ្នំពេញ បានសរសេរកាលពីសប្ដាហ៍មុនថា ការតែងតាំងលោកធូ មុណី និងលោកយ៉ា សុខន ឲ្យធ្វើជាចៅក្រមរបស់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមគឺជាការតែងតាំងមិនត្រឹមត្រូវ។ ការតែងតាំងលោក ន័យ ថុល ឲ្យធ្វើជាចៅក្រមមួយរូបនៃអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមគឺជាការតែងតាំងមានលក្ខណៈ«ស្មោគគ្រោក»។ គេហទំព័រវីគីលីកស៍ បានបរិយាយថា លោកធូ មុណី ធ្លាប់ធ្វើជាចៅក្រមនៃសាលាឧទ្ធរណ៍ ហើយបានកាត់ក្ដីដោះលែងក្មួយប្រុសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បន្ទាប់ពីក្មួយប្រុសរបស់លោក ហ៊ុន សែន ម្នាក់នោះត្រូវបានផ្ដន្ទាទោសដោយសារការបាញ់ប្រហារបណ្ដាលឲ្យជនស៊ីវិលស្លាប់ចំនួនបីនាក់។ ដោយឡែកលោក យ៉ា សុខន ត្រូវបានដាក់ពិន័យដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមកាលពីឆ្នាំ ២០០៥ដោយសារការមិនព្រមដោះលែងពិរុទ្ធជនដែលផុតកំណត់នៃការឃុំខ្លួន។ គេហទំព័រវីគីលីកស៍ ក៏បានបរិយាយបន្ថែមដែរថា លោក ន័យ ថុល អតីតប្រធានតុលាការយោធាដែលធ្លាប់កាត់ក្ដីឲ្យលោក ជាម ចន្នី ដែលជាតំណាងរាស្ដ្រគណបក្សប្រឆាំងសម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ហើយដែលការកាត់ក្ដីនោះទទួលរងការរិះគន់ដោយសហគមអន្ដរជាតិជាខ្លាំង។ លោកចៅក្រមន័យ ថុល បានឆ្លើយតបដោយចំអកបន្ដិចបន្តួចថា ការដាក់ទោសនោះដោយសារតែរកឃើញថា តំណាងរាស្ដ្រគណបក្សប្រឆាំងរូបនេះមានកំហុស។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំដឹងដែរ។ ខ្ញុំឮដែរ។ ប៉ុន្ដែទុកឲ្យអ្នកសរសរនោះគិតខ្លួនឯងទៅ។ បើគេជាអ្នកប្រាជ្ញទៅហើយនោះ។ ដូចជាករណីដែលថា កាត់ជាម ចន្នី នោះ គឺថា យើងកាត់ក្ដីតែម្នាក់នេះ ក្នុងចំណោមប្រជាពលរដ្ឋ១៤លាននាក់ ដោយសារតែគាត់ខុស។ ហើយខ្ញុំមិនកាត់ក្ដីតថ្លៃយកលុយដូចទីផ្សារឯណា។ ដូច្នេះឲ្យគេគិតខ្លួនឯងទៅ។ គេសុទ្ធតែមានខួរក្បាល និងមានសមត្ថភាព»។ ដោយឡែកលោកចៅក្រម ធូ មុណី នៃអង្គជំនុំជម្រះសាលាដំបូងសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា បេសកម្មរបស់លោកនៅសាលាក្ដីខ្មែរក្រហមគឺដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ។ លោកមិនចាប់អារម្មណ៍ច្រើនចំពោះការលាតត្រដាងរបស់គេហទំព័រវីគីលីកស៍នោះទេ។ លោកបន្ថែមថា៖ «នេះជាមតិផ្ទាល់ខ្លួនរបស់គេនិមួយៗ។ សំខាន់មិនមែនតែគាត់ម្នាក់នោះមើលឃើញនោះទេ គឺមហាជនទូទៅមើលឃើញ។ ធម្មតាជាចៅក្រមកាត់ក្ដីមិនអាចធ្វើឲ្យភាគីទាំងអស់សប្បាយនោះទេ។ អ្នកដែលមិនបានដូចបំណងនឹងមិនសប្បាយចិត្តនោះឡើយ។ ខ្ញុំអត់មានចាប់អារម្មណ៍អ្វីទេរឿងនេះ»។ នៅក្នុងការទម្លាយទូរសារសម្ងាត់នោះ គេហទំព័រវីគីលីកស៍ បានបង្ហាញបន្ថែមទៀតថា ការតែងតាំងលោកស្រី ជា លាង ជាសហព្រះរាជអជ្ញាកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហមបានបង្ហាញពីបក្ខពួកនិយមដោយសារតែលោកស្រីជា លាងត្រូវជាក្មួយស្រីរបស់លោកសុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណរដ្ឋមន្ដ្រីតាមចំណងអាពាហ៍ពិពាហ៍។ លោកស្រី ជា លាង មិនអត្ថាធិប្បាយចំណុចនេះទេ។ លោកថ្លែងថា៖ «ខ្ញុំអត់មានអត្ថាធិប្បាយអ្វីទេ គ្រាន់តែត្រូវសួរទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទៅអំពីការជ្រើសរើសនេះ»។ គេហទំព័យវីគីលីកស៍ដដែលបានលើកសរសើរថា ការតែងតាំងលោកចៅក្រម យូ ប៊ុនឡេង ជាសហចៅក្រមស៊ើបអង្កេត និងលោកគង់ ស្រ៊ីម ជាចៅក្រមប្រធានអង្គជំនុំជម្រះតុលាការកំពូល គឺជាជម្រើសល្អ។ សូមបញ្ជាក់ថា គេហទំព័រ វីគីលីកស៍បានបញ្ចេញឯកសារដែលជាទូរសារសម្ងាត់សរុបចំនួន៧៧៧ ដែលមានកាលបរិច្ឆេទចាប់ពីខែមិនា ឆ្នាំ ១៩៩២ ដល់ខែកុម្ភៈ ឆ្នាំ ២០១០។ ឯកសារទាំងនេះបានបើកកកាយយ៉ាងពិស្ដារ ដែលភាគច្រើនពីនយោបាយផ្ទៃក្នុង និងរបត់នយោបាយរបស់កម្ពុជា។ ប្រមុខការទូតខ្មែរ លោក ហោ ណាំហុង បានកោះហៅលោក ចេហ្វ ដេហ្កល (Jeff Daigle) ភារធារីស្ដីទីអមស្ថានទូតអាមេរិកមកពន្យល់ក្នុងការធ្លាយឯកសារទាំងនេះ។ ទាំងខាងភាគីកម្ពុជា ទាំងខាងភាគីសហរដ្ឋអាមេរិកសុទ្ធតែបានអះអាងដូចគ្នាថា ការលេចធ្លាយឯកសារសម្ងាត់មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិកទេ៕ This posting includes an audio/video/photo media file: Download Now |
ការប៉ះទង្គិចរវាងនគរបាលនិងកម្មកររោងចក្រលើមហាវិថី Posted: 19 Jul 2011 02:19 PM PDT ក្រុមអាជ្ញាធរប៉ូលីសនិងកងរាជអាវុធហត្ថជាច្រើនរយនាក់ប្រដាប់ដោយអាវុធ ខែលនិងដំបងឆក់បានប៉ះទង្គិចគ្នាមួយឈុតជាមួយក្រុមកម្មកររោងចក្រស៊ុភ័រថិកស៍ (Supertex) នៅតាមបណ្តោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចក្រអង្រែក្រុងភ្នំពេញ។ សាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីសហជីពបាននិយាយថា យ៉ាងតិចមានក្រុមកម្មករចំនួនប្រាំពីរនាក់បានរងរបួសស្រាលដែលក្នុងនោះមានស្រ្តីដែលទើបនឹងឆ្លងទន្លេបានបីខែម្នាក់ផងដែរ។ ក៏ប៉ុន្តែពុំមានការឃាត់ខ្លួនក្រុមកម្មករទេ។ សាក្សីដដែលបានអះអាងថា ការប៉ះទង្គិចបានកើតឡើងនៅពេលដែលក្រុមកម្មករប្រមាណជាង២០០នាក់ព្យាយាមបិទផ្លូវដ៏មមាញឹកមួយដែលជាធម្មតាផ្លូវនេះធ្លាប់ឆ្លងកាត់ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកព្រលឹម។ សាក្សីបានថ្លែងថា៖ «សូមកុំឲ្យប៉ូលីសធ្វើបាបកម្មករខ្មែរធ្វើអ្វី។ គ្រាន់តែគំរាមគ្នាបន្តិចបន្តួចបានហើយ។ កុំដល់ឆក់ ទាត់ធាក់ គ្រាំគ្រាដល់បងនោះនៅហ្នឹងកន្លែង»។ អ្នកស្រីប្រាក់ ផាន់ណា អាយុ៣៥ដែលទើបនឹងឆ្លងទន្លេបានបីខែប៉ុណ្ណោះបាននិយាយថា អ្នកស្រីត្រូវប៉ូលីសធាក់និងជាន់ផ្ទុបនឹងដីក្នុងពេលមានការប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃអង្គារ។ អ្នកស្រីបាននិយាយទៀតថា ការប៉ះទង្គិចគ្នានេះបានធ្វើឲ្យអ្នកស្រីរងរបួស។ លោកស្រីថ្លែងថា៖ «ប៉ូលីសហ្នឹងច្រានខ្ញុំទៅមកៗ រួចហើយដួល។ ខ្ញុំយកជើងទប់ វាយកជង្គង់អុកខ្ញុំឥឡូវខ្ញុំឈឺ។ចំក្បាលពោះខ្ញុំ វាអុកខ្ញុំ។ ឥឡូវខ្ញុំកំពុងតែឈឺត្រង់ទ្វារ»។ អ្នកស្រី ទុយ សុភាព អាយុ២៩ឆ្នាំដែលបានរងរបួសត្រង់ឆ្អឹងខ្នងបានរៀបរាប់ថា អ្នកស្រីត្រូវប៉ូលីសវាយស្ទើរសន្លប់បាត់ស្មារតីក៏ប៉ុន្តែបានក្រុមកម្មករជួយសង្គ្រោះ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖ «ពួកខ្ញុំនៅឈរដើម្បីធ្វើបាតុកម្មដើម្បីរកដំណោះស្រាយ តែប៉ូលីសបានរុញច្រានពួកខ្ញុំ រួចហើយសង្កត់ពីលើខ្ញុំ ហើយដួលជាន់ជើងជាន់ដៃខ្ញុំ ជាន់ខ្លួនខ្ញុំ។ ចង់ស្ទះខ្យល់»។ ក្រុមកម្មកររោងចក្រស៊ុភ័រថិកស៍ (Supertex) បានតវ៉ាជាច្រើនលើក។ ក៏ប៉ុន្តែនៅថ្ងៃអង្គារនេះក្រុមកម្មករបានប្រមូលផ្តុំគ្នាសាជាថ្មីបន្ទាប់ពីថៅកែរោងចក្រប្រកាសថា បិទទ្វារកាលពីដើមខែមិថុនា។ បន្ទាប់ពីមានការសម្របសម្រួលពីក្រុមប្រឹក្សាអាជ្ញាកណ្តាលថៅកែរោងចក្របានព្រមព្រៀងផ្តល់ដំណោះស្រាយចំនួនបីចំណុចដែលរួមមានប្រាក់ជូនដំណឹង ប្រាក់បំណាច់បណ្តេញចេញ និង ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។ ក៏ប៉ុន្តែក្រុមកម្មករបានទាមទារមួយចំណុចទៀតគឺប្រាក់សាហ៊ុយសងជំងឺចិត្ត។ លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារបានបញ្ជាក់ថា ក្រសួងបានព្យាយាមសម្របសម្រួលហើយ។ ក៏ប៉ុន្តែភាគីទាំងពីរមិនត្រូវគ្នាទេ។ លោកបានបញ្ជាក់ថាក្រសួងនឹងព្យាយាមសម្របសម្រួលបន្ថែមទៀត។ លោកបន្ថែមថា៖ «កម្មករគាត់សុំឲ្យយកប្រាក់ខែជាមធ្យម១២ខែយកមកចែករកមធ្យម។ តែខាងក្រុមហ៊ុនគាត់ថាទាក់ទិននឹងបញ្ហានេះគាត់សុំយកប្រាក់ខែចុងក្រោយយកមកគិត។ និយាយរួមទៅអត់ទាន់បានជាសះគ្នាទេ»។ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែទូទាត់ដល់ក្រុមកម្មករទៅតាមច្បាប់ស្តីពីការងារ។ លោកមុន្នីបានបា្រប់វីអូអេខ្មែរថា៖ «យើងខ្ញុំចាប់ផ្តើមរៀបចំឯកសារពាក់ព័ន្ធនឹងរោងចក្រនេះ។ ប្រមូលពីក្រសួងការងារជាមួយនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្នាមមេដៃរបស់ក្រុមកម្មករ កម្មការីនីរុញទៅតុលាការ។ អញ្ចឹងយើងរងចាំការដោះស្រាយភ្លាមៗពីរដ្ឋាភិបាល»។ លោកជាតិ ខេមរ៉ា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជាបាននិយាយថា លោកមិនទាន់ដឹងការវិវាទគ្នារវាងក្រុមកម្មកររោងចក្រស៊ុភ័រថិកស៍ (Supertex) និងថៅកែរោងចក្រនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
តុលាការអន្ដរជាតិបញ្ជាមិនឲ្យមានកងទ័ពនៅតំបន់ជម្លោះតាមព្រំដែនខ្មែរ-ថៃ Posted: 19 Jul 2011 10:43 AM PDT តុលាការអន្ដរជាតិបានចេញបញ្ជាដល់ប្រទេសថៃ និងកម្ពុជាឲ្យដកកងទ័ពចេញយ៉ាងឆាប់រហ័សពីព្រំដែនជម្លោះដែលទាហានពីប្រទេសទាំងពីរ បានប៉ះទង្គិចគ្នាកាលពីដើមឆ្នាំនេះ។ ប្រទេសទាំងពីរទទួលស្វាគមន៍សេចក្ដីសម្រេចចិត្ដដូច្នោះរបស់តុលាការអន្ដរជាតិនៃទីក្រុងឡាអេ ដែលជាដំណើរការតុលាការដែលសម្រេចភាគីណាមួយមានកម្មសិទ្ធិស្របច្បាប់ធ្វើជាម្ចាស់ដែនដី។ តុលាការអន្ដរជាតិនៃទីក្រុងឡាអេ បានប្រកាសកាលពីថ្ងៃច័ន្ទថា ទីកន្លែងជម្លោះនៃព្រំដែនរវាងកម្ពុជានិងថៃ ត្រូវស្ថិតនៅជាតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន។ តុលាការនោះបានសម្រេចថា ភាគីទំាងសង្ខាងត្រូវដកកងកម្លាំងរបស់ខ្លួនចេញភ្លាម ពីតំបន់នៅជុំវិញប្រាសាទបុរាណ ហើយត្រូវអនុញាតឲ្យក្រុមអ្នកសង្កេតការណ៍នៃសមាគមអាស៊ីអាគ្នេយ៍ចូលទៅជួយចៀសវាងមិនឲ្យមានការប៉ះទង្គិចគ្នាថ្មី។ តុលាការបានចេញបញ្ជាថា រហូតដល់ពេលដែលតុលាការចេញសេចក្ដីសម្រេចចិត្ដចុងក្រោយបង្អស់ តុលាការនេះត្រូវតែទទួលបានព័ត៌មានគ្រប់សព្វដែលពាក់ព័ន្ធនឹងករណីនេះ។ រដ្ឋមន្ដ្រីការបរទេសខ្មែរ និង ថៃ បានចូលរួមក្នុងសម័យប្រជុំរបស់តុលាការ ហើយភាគីទាំងពីរបានសម្ដែងការពេញចិត្ដរបស់ខ្លួន មកលើសេចក្ដីសម្រេចរបស់តុលាការ ដោយ និយាយថា ខ្លួននឹងគោរពសាលក្រម។ តុលាការអន្ដរជាតិនិយាយថា វិធានការនោះជាការចាំបាច់ ដោយ ឆាប់រហ័ស ដើម្បីចៀសវាង អ្វី ដែលតុលាការហៅថា «ការខូចខាតដ៏ដំណំ» ខណៈ ដែលតុលាការសម្រេចថានរណាមួយជាម្ចាស់ដែនដីនោះ។ ចៅក្រម ហាសាស្ហ៊ី អូវ៉ាដា (Hisashi Owada) ប្រធានតុលាការ បានអានសេចក្ដីសម្រេចនោះ។ «តាមសម្លេង ១១ ទល់ នឹង ៥ ភាគីទាំងពីរ ត្រូវដកកងទ័ពរបស់ខ្លួនយ៉ាងឆាប់រហ័ស ចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ននៅបច្ចុប្បន្នកាលនេះដូចចែងនៅក្នុងមាត្រា ៦២ នៃបទបញ្ជាបច្ចុប្បន្ននេះ។ ហើយត្រូវបញ្ឈប់មិនឲ្យមានវត្ដមានយោធា នៅក្នុង តំបន់គ្មានកងទ័ពហើយមិនត្រូវមានសកម្មភាពប្រដាប់អាវុធណាមួយ តម្រង់ទៅរកតំបន់នោះទេ»។ តុលាការក៏បានបដិសេធការទាមទាររបស់ប្រទេសថៃសុំឲ្យទម្លាក់ចោលសេចក្ដីស្នើរបស់ប្រទេសកម្ពុជាដែលសុំឲ្យបកស្រាយសិទ្ធិស្របច្បាប់មកលើដែនដីដែលស្ថិតនៅជុំវិញប្រាសាទខ្មែរហិណ្ឌូអាយុ៩០០ឆ្នាំនោះ។ នៅឆ្នាំ ១៩៦២ តុលាការអន្ដរជាតិបានសម្រេចថា ប្រាសាទនោះជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា តែរដ្ឋាភិបាលទីក្រុងភ្នំពេញនិងបាងកក មានការខ្វែងគំនិតគ្នា នៅលើទំហំដី នៅជុំវិញប្រាសាទ។ ជម្លោះនោះបានផ្ទុះឡើងនៅឆ្នាំ ២០០៨ ពេលដែល អង្គការសហប្រជាជាតិបានប្រកាសថា ប្រាសាទនេះជាបេតិកភណ្ឌពិភពលោក បណ្ដាលឲ្យមានប្រតិកម្មស្នេហាជាតិ នៅក្នុងប្រទេសទាំងពីរ។ កាលពីដើមឆ្នាំនេះ ប្រទេសកម្ពុជាបានស្នើសុំឲ្យតុលាការអន្ដរជាតិបកស្រាយសេចក្ដីសម្រេចចិត្ដដំបូង របស់តុលាការ។ លោក ម៉ាយឃើល ម៉ុងតេសាណូ (Michael Montesano) អ្នកស្រាវជ្រាវគោចរនៃវិទ្យាស្ថានអាស៊ីអាគ្នេយ៍ កនុងទីក្រុងសិង្ហបូរី។ លោកថ្លែងថាសេចក្ដីសម្រេចរបស់តុលាការអាចបកស្រាយថា ជាជ័យជម្នះ ដល់អ្នកជាតិនិយមថៃ ដែលយុទ្ធនាការឃោសនារបស់ខ្លួន ប្រឆាំងការទាមទារយកដែនដី របស់កម្ពុជា បាន ជំរុញឲ្យបង្កើតភាពតានតឹងជាថ្មីឡើងវិញ។ «គេអាចយល់បានថា ហេតុអ្វីក៏កម្ពុជាអាចប្រហែលជាអាក់អន់ចិត្ដចំពោះសេចក្ដីសម្រេចនេះដោយសារតែភាពតានតឹងអំពីរឿងប្រាសាទ កើតចេញមកពីនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ។ នេះ ជាការបើកមុខដំបៅចាស់នៃភាគីថៃដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន។ ហើយស្រាប់តែឥឡូវនេះ កម្ពុជាក៏ត្រូវតុលាការអន្ដរជាតិចាត់ទុកខ្លួនដូចថៃដែរ»។ ទាហានយ៉ាងតិច ២០ នាក់ព្រមទាំងជនស៊ីវិលផងដែរ បានស្លាប់ចាប់តំាងពីមានការប្រយុទ្ធម្ដងម្កាល រវាងយោធារបស់ប្រទេសទាំងពីរ។ ចៅក្រមបានចេញបញ្ជាដល់ប្រទេសថៃ ថា មិនត្រូវបង្កឧបសគ្គមកលើប្រទេសកម្ពុជាទេ ហើយត្រូវ អនុញាតឲ្យមានសេរីភាពក្នុង ការចេញចូលទៅក្នុងប្រាសាទ។ តែយ៉ាងណាម៉ិញ កម្ពុជាចាត់ចែងប្រាសាទ ហើយថៃ ត្រួតត្រាផ្លូវធំចូលទៅដល់ប្រាសាទ៕ ប្រែសម្រួលដោយ អ៊ូ ធួក This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៩ កក្កដា Posted: 18 Jul 2011 08:07 PM PDT ព័ត៌មានចុងក្រោយបំផុត៖ អាស៊ាន៖ រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានអំពាវនាវឲ្យពន្លឿនកិច្ចចរចាជាមួយប្រទេសចិន ស្តីពីការប្រកាន់ឥរិយាបថមួយដែលតម្រូវឲ្យធ្វើតាមនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងការចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅកោះបាលីនៅថ្ងៃអង្គារនេះ។ ភូមា៖ សកម្មជននិយមលទ្ធិប្រជាធិបតេយ្យ លោកស្រី អោង សានស៊ូជីបានដឹកនាំក្រុមអ្នកគំាទ្រច្រើនរយនាក់ ដើរលើផ្លូវនៃទីក្រុង រ៉ង់ហ្គូន នៅថ្ងៃអង្គារនេះ ដើម្បីរំឭកទិវាទុក្ករបុគ្គល និងផ្ដល់កិត្ដិយសដល់វិរបុរសភូមាដែលបានទទួលមរណភាពទៅហើយ។ អង់គ្លេស៖ មហាសេដ្ឋីបណ្តាញព័ត៌មាន លោក រូពើត មឺរដក់ (Rupert Murdoch) កូនប្រុសលោក ចេម មឺរដក់ (James Murdoch) និងអតីតបណ្ណាធិការបណ្តាញ «ព័ត៌មានពិភពលោក» News of the World អ្នកស្រី រេបិកា ប្រ៊ូកស៍ (Rebekha Brooks) ប្រឈមមុខនិងសំណួរពីរដ្ឋសភាប្រទេសអង់គ្លេស នៅថ្ងៃអង្គារនេះ នៅក្នុងរឿងអាស្រូវដែលកំពុងរីកកាន់តែធំឡើង អំពីរបៀបលួចស្តាប់ទូរស័ព្ទ។ ការចោទសំណួររំពឹងថានឹងធ្វើអស់ពេលជាច្រើនម៉ោង។ ស.រ.អ៖ មន្រ្តីប្រទេសលីប៊ី និងស.រ.អ. និយាយថា អ្នកតំណាងពីរដ្ឋាភិបាលទាំងពីរបានធ្វើកិច្ចពិភាក្សាផ្ទាល់នៅពេលថ្មីៗនេះ ក៏ប៉ុន្តែក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថាគោលដៅតែមួយគឺដើម្បីបញ្ជូនសារ«យ៉ាងច្បាស់និងហ្មឺងម៉ាត់»មួយថា មេដឹកនាំលីប៊ី មោអាម៉ា ហ្កាដាហ្វី (Moammar Gadhafi) ត្រូវតែលះបង់អំណាច។ លីប៊ី៖ កងកម្លាំងប្រឆាំងនៅក្នុងប្រទេសលីប៊ី និយាយថា គ្រាប់មីន ដែលដាក់រាយបាចសាច នៅលើផ្លូវនៃតំបន់ខាងកើតទីក្រុងផែដឹកជញ្ជូនប្រេង Bregaធ្វើឲ្យលំបាកដល់កិច្ចការត្រួតត្រាមកលើក្រុងនោះទាំងស្រុង ក្រោយពីមានការប្រយុទ្ធអស់ពេលជាច្រើនថ្ងៃជាមួយកងកម្លាំងស្មោះត្រង់នឹងមេដឹកនាំ មូមារកាដាហ្វី។ ញូវដេលី៖ លោកស្រីរដ្ឋមន្ដ្រីការបរទេស ស.រ.អ. ហីលរី ក្លិនតិន មានប្រសាសន៍ថា ស.រ.អ. និង ឥណ្ឌា រួបរួមគ្នាក្នុងការប្រយុទ្ធតទល់នឹង «បណ្ដាញក្រុមនិយមជ្រុលដ៏ឃោរឃៅ»ហើយប្រទេសទាំងពីរបានសហការណ៍គ្នាកាន់តែច្រើននៅក្នុងរឿងសន្ដិសុខមាតុភូមិ។ សរអ៖ យានអវកាសស.រ.អ. Atlantis បានដកខ្លួនចេញពីស្ថានីយ៍អវកាសអន្ដរជាតិ ក្នុងការចាប់ផ្ដើមដំណើរអវកាសចុងក្រោយបង្អស់ និងការបញ្ចប់កម្មវិធីអវកាសរបស់ស.រ.អ.ដែលមានអាយុ៣០ឆ្នាំនោះ។ អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនកំពុងដាក់បញ្ចូលបំពង់ Centrifuge ថ្មីដែលមានគោលដៅពន្លឿនវិធីចម្រាញ់វត្ថុធាតុនុយគ្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេស រ៉ាម៊ិន មេម៉ាន់ប៉ារាស់ត៍ (Ramin Mehmanparast) និយាយនៅថ្ងៃអង្គារនេះថា គ្រឿងឧបករណ៍ថ្មីនិងបន្ថែមល្បឿន និងតម្លើងគុណភាពដល់វិធីចម្រាញ់។ ហ្គីណេ៖ ប្រធានាធិបតីនៃប្រទេសគីណេ លោក Alpha Conde បានគេចផុតពីការវាយប្រហាររយៈពេលមួយម៉ោង ទៅលើលំនៅដ្ឋានរបស់លោក ដែលធ្វើឲ្យធ្លុះធ្លាយដោយគ្រាប់កាំភ្លើង នៅពេលក្រោយពីជនប្រដាប់អាវុធមិនស្គាល់មុខបានបើកការវាយប្រហារនៅព្រឹកថ្ងៃអង្គារនេះ។ ស៊ីរី៖ សាក្សីឃើញផ្ទាល់ភ្នែកនិងសកម្មជននិយាយថា កងកម្លាំងសន្ដិសុខ ស៊ីរីបានបាញ់សម្លាប់មនុស្ស១៣នាក់ នៅកណ្ដាលក្រុងហូម ដែលជាផ្នែកមួយនៃការវាយបង្រ្កាបមកលើការបះបោរប្រឆាំងរដ្ឋាភិបាលដែលមានអាយុជាង៤ខែ មកហើយ។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ហូឡង់ដ៍៖ តុលាការខ្ពស់បំផុតរបស់អ.ស.ប.បានបញ្ជាដល់ប្រទេសកម្ពុជា និងប្រទេសថៃឱ្យដកទាហាន និងប៉ូលីសទាំងអស់ជាបន្ទាន់ចេញពីតំបន់គ្មានកងទ័ពដែលបានត្រូវប្រកាសកាលពីពេលថ្មីៗនេះនៅជុំវិញប្រាសាទបុរាណមួយនៅជិតព្រំដែននៃប្រទេសទាំងពីរ។ តុលាការយុត្តិធ៌មអន្តរជាតិក្នុងក្រុង ឡាអេ ក៏បានសម្រេចកាលពីថ្ងៃច័ន្ទដែរថា ប្រទេសទាំងពីរគួរអនុញ្ញាតឱ្យពួកអ្នកសង្កេតការមកពីសមាគមអាស៊ានចូលទៅក្នុងតំបន់នោះដើម្បីសង្កេតមើលកិច្ចឈប់បាញ់គ្នា។ យេម៉ែន៖ លោក Ali Abdullah Saleh ប្រធានាធិបតីនៃប្រទេសយេម៉ែន ដែលមានរបួសបានកំណត់ខួបឆ្នាំទី៣៣នៃការទ្បើងមកកាន់អំណាចរបស់លោកដោយអំពាវនាវឱ្យមាន «ការសន្ទនាគ្នាដោយសន្តិវិធី» ដើម្បីបញ្ចប់ភាពទាល់ច្រកខាងនយោបាយ។ លីប៊ី៖ ក្រុមឧទ្ទាមលីប៊ីនិយាយថាពួកគេវាយយកបានផ្នែកខ្លះនៃក្រុងកំពង់ផែប្រេង Brega នាប៉ែកខាងកើតប្រទេសក្រោយពីបានប្រយុទ្ធគ្នាច្រើនថ្ងៃជាមួយពួកអ្នកស្មោះត្រង់នឹងមេដឹកនាំលីប៊ី Moammar Gadhafi។ ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថាការប្រយុទ្ធគ្នាខាងនិកាយសាសនារវាងពួកអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតី Bashar al-Assad បានបណ្តាលឱ្យមនុស្សប្រមាណ៣០នាក់ស្លាប់នៅក្នុងក្រុង Homs នាប៉ែកកណ្តាលប្រទេស។ ប៉ាគីស្ថាន៖ ពួកតាលីបង់ ប៉ាគីស្ថាន បានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញពួកជនសកម្មប្រយុទ្ធប្រហារជីវិតប៉ូលីសប៉ាគីស្ថាន១៦នាក់ដែលបានត្រូវចាប់ខ្លួនក្នុងតំបន់ពាយ័ព្យប្រទេសកាលពីខែមុន។ អង់គ្លេស៖ លោក Rupert Murdoch ម្ចាស់ក្រុមហ៊ុន News Corp និងកូនប្រុស James នឹងចេញបង្ហាញខ្លួននៅចំពោះមុខសភាអង់គ្លេសនៅថ្ងៃអង្គារ៍នេះ ដើម្បីឆ្លើយនឹងសំណួរអំពីរឿងអាស្រូវលបស្តាប់ការនិយាយគ្នាតាមទូរស័ព្ទនៅឯកាសែត News of The World ដែលលែងចេញផ្សាយហើយនៅពេលនេះ។ ស៊ូដង់៖ គណបក្សគ្រប់គ្រងប្រទេសស៊ូដង់បានបញ្ជាក់ថារដ្ឋាភិបាលនឹងមិនផ្តល់សញ្ជាតិពីរដល់ពលរដ្ឋប្រទេសស៊ូដង់ខាងត្បូងទេ ក្រោយប្រទេសថ្មីនេះនិយាយថាខ្លួនអនុញ្ញាត ឱ្យមានសញ្ជាតិពីរ។ យេម៉ែន៖ លោក Ali Abdullah Saleh ប្រធានាធិបតីនៃប្រទេសយេម៉ែនដែលមានរបួសបានកំណត់ខួបឆ្នាំទី៣៣នៃការទ្បើងមកកាន់អំណាចរបស់លោកដោយអំពាវនាវឱ្យមាន «ការសន្ទនាគ្នាដោយសន្តិវិធី» ដើម្បីបញ្ចប់ភាពទាល់ច្រកខាងនយោបាយ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |