VOA News: ព័ត៌មាន: “គណបក្ស​ប្រជាជន​ប្រកាស​ជំទាស់​នឹង​ករណី​ពីរ​ទៀត​នៅ​ក្នុង​សាលាក្តី” plus 2 more

VOA News: ព័ត៌មាន: “គណបក្ស​ប្រជាជន​ប្រកាស​ជំទាស់​នឹង​ករណី​ពីរ​ទៀត​នៅ​ក្នុង​សាលាក្តី” plus 2 more


គណបក្ស​ប្រជាជន​ប្រកាស​ជំទាស់​នឹង​ករណី​ពីរ​ទៀត​នៅ​ក្នុង​សាលាក្តី

Posted: 21 Jul 2011 12:37 PM PDT

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​​ដោយ​ប្រឆាំង​ចំៗ​មិន​ឲ្យ​មាន​ការ​កាត់ទោស​សំណុំរឿង​បន្ថែម​០០៣ ​និង​សំណុំរឿង​០០៤​ដោយ​សាលាក្ដី​ខ្មែរក្រហម​នោះ​ទេ។

នៅក្នុង​សេចក្ដី​ជូនដំណឹង​​ស្ដីពី​លទ្ធផល​សន្និបាត​គណៈកម្មការ​កណ្ដាល​រយៈពេល​ពីរថ្ងៃ​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃនេះ​ គណបក្ស​ប្រជាជន​កម្ពុជា​​បានថ្លែង​ថា​​ ខ្លួន​គាំទ្រ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា​ ឬដែល​គេ​ស្គាល់​ថា​ជា​សាលាក្ដី​ខ្មែរក្រហម​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​កម្ពុជា។​ ក៏ប៉ុន្ដែ​ជាមួយ​គ្នានេះ​គណបក្ស​កាន់អំណាច​បានឆ្លៀត​បញ្ជាក់​ថា​ ការគាំទ្រ​របស់​ខ្លួន​ត្រូវ​ផ្អែកលើ​មូលដ្ឋាន​សន្ដិភាព​ ស្ថិរភាព​ និង​ការផ្សះផ្សារ​ជាតិ​ដោយ​ស្រប​ទៅតាម​ទស្សនៈ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន។ លោក​ហ៊ុន​ សែន​ ដែល​បានបញ្ជាក់​ប្រាប់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន គី​មូន​ កាលពី​ខែ​តុលា ​ឆ្នាំ​២០១០​ ថា​ លោក​មិន​ត្រូវការ​ឱ្យ​មាន​ការ​កាត់​ទោស​ជនសង្ស័យ​បន្ថែម​លើស​ពី​ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​រួចទៅហើយ​នោះទេ។

លោក ជាម យៀប ​តំណាងរាស្ដ្រ​និង​ជា​សមាជិក​គណៈកម្មការ​អចិន្ដ្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​បន្ថែម​ថា​ជំហរ​របស់​គណបក្ស​កាន់អំណាច​គឺ​គាំទ្រ​ទស្សនៈ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន។

«យើងត្រូវ​កាត់ទោស​ចំពោះតែ​បុគ្គល​ដែល​ដឹកនាំជាន់ខ្ពស់​បំផុត​នៃរបប​ខ្មែរ​ក្រហម​ អញ្ចឹង​យើង​ត្រូវ​កាត់ទោស​តែ​សំណុំ​រឿង​០០១ ​និង​០០២​តែប៉ុណ្ណឹង​ទេ»។

កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជាប្រធាន​ព្រឹទ្ធ​សភា​ក៏បាន​ព្រមាន​ជាប្រយោល​មិន​ចង់​ឲ្យមាន​ការ​កាត់ទោស​សំណុំរឿង​ដូចគ្នានេះ​ដែរ។ សំណុំ​រឿង​បន្ថែម​ដែល​គេ​ដឹងក្រៅ​ផ្លូវការ​ថា​មាន​ជនជាប់​សង្ស័យ​សរុប​ចំនួន​ប្រាំនាក់​ ក្នុង​នោះ​មាន​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ​រូប​គឺ​លោក ស៊ូ ម៉េត និង​លោក​មាស មុត។

លោក​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា​មាន​ប្រសាសន៍​ថា ​នេះ​គឺជា​ការ​បញ្ជាក់​ជំហរ​ឡើងវិញ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ពង្រឹង​ជំហរ​របស់​លោក ហ៊ុន សែន ដែលបានបង្ហាញ​ជាសាធារណៈ​កាលពីពេលមុន​ ក៏ប៉ុន្ដែ​ជំហរ​នេះ​ក៏​អាច​ក្លាយ​ជា​ឧបសគ្គ​សល់​សាលាក្ដី​ខ្មែរក្រហម​ផងដែរ។

«នេះ​កាន់តែ​រារាំង​ថែមទៀត​ហើយ​ក្នុង​ការ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ដ​ពីសំណាក់​តុលាការ»។

សាលាក្ដី​ខ្មែរក្រហម​ទើបតែ​បាន​កាត់ទោស​សំណុំរឿង​០០១ ​ករណី​ឌុច​ចប់សព្វគ្រប់​មួយ​ជំហាន​កាលពី​ខែ​មិនា​​ កន្លង​ទៅ​ហើយ​នៅដំណាក់​កាល​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល។ នៅ​ក្នុង​ពេលនេះ​សាលាក្ដី​ខ្មែរក្រហម​កំពុងរៀបចំ​កាត់ទោស​នៅក្នុង​សំណុំរឿង​០០២ ​បន្ថែម​ទៀត​ដែលមាន​ជនជាប់ចោទ​ដែល​ជាអតីត​មេដឹកនាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ គឺ​នួន ជា​ ខៀវ សំផន អៀង សារី និង​អៀង ធិរិទ្ធ។ ជនសង្ស័យ​ទាំងនេះ​ត្រូវចាប់ខ្លួន ​និង​ចោទប្រកាន់​ទាក់ទង​ទៅ​នឹង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧​លាន​នាក់​ ចន្លោះ​ពីឆ្នាំ ១៩៧៥-១៩៧៩។ រហូត​មកទល់​ពេលនេះ​ភាគី​កម្ពុជា​នៅក្នុង​សាលាក្ដី​ខ្មែរក្រហម​នៅមិនទាន់​បាន​បង្ហាញ​ជំហរ​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​និង​០០៤​នៅឡើយ​ទេ។

សូម​បញ្ជាក់​ថា​នៅក្នុង​ការបិទបញ្ចប់​សន្និបាត​គណៈកម្មការ​កណ្ដាល​របស់ខ្លួន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្រកាស​គាំទ្រ​ជាថ្មី​ម្ដងទៀត​ចំពោះ​បេក្ខភាព​លោកហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ដ្រី​នៅក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​និង​សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្ដ្រ​នៅ​ក្រោយៗ​ទៀត។

លោក​ ជាម យៀប ​បញ្ជាក់​ថា​បេក្ខជន​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​ មាន​សារៈសំខាន់​និង​មាន​សក្ដានុពល​សម្រាប់​គណបក្ស​កាន់អំណាច​ដោយសារតែ​លោក​មាន​ភាពឈ្លាសវៃ​ មាន​បទពិសោធន៍​ខ្ពស់​និង​មានប្រជាប្រិយភាព។

លោក ឡៅ ម៉ុងហៃ មាន​ប្រសាសាន៍​ថា​ ការ​រក្សា​បេក្ខភាព​នាយករដ្ឋមន្ដ្រី​ដដែលៗ​សម្រាប់​គណបក្ស​ឈ្នះឆ្នោត ​គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ពិភព​លោក។ ផ្ទុយ​ទៅវិញ​លោក កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ទើបនឹង​ទទួលរង​ការ​ទម្លាយ​ឯកសារ​សន្ទនា​ជាមួយ​លោក​ហ៊ុន សែន ​បានរិះគន់ថា​ការ​តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ដ្រី​ដដែលៗ​របស់​លោក​ហ៊ុន សែន ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ខ្វះ​ធនធាន​មនុស្ស​សម្រាប់ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី៕

This posting includes an audio/video/photo media file: Download Now

ការសិក្សា​បង្ហាញ​ថា​យុវជន​ខ្មែរ​ខ្វះ​ចំណេះដឹង​ពី​លទ្ធិ​ប្រជាធិបតេយ្យ

Posted: 21 Jul 2011 09:09 AM PDT

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​បានឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​យុវជន​កម្ពុជា​មាន​ការយល់ដឹង​តិចតួច​ណាស់​អំពី​ស្ថាប័ន​ប្រជាធិបតេយ្យ​និង​តួនាទី​របស់​ស្ថាប័ន​នេះ​ដែល​បម្រើ​ឱ្យ​ផល​ប្រយោជន៍​របស់​ខ្លួន។

កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​បាន​សហការ​ជាមួយ​ BBC​ World ​Service​ Trust ​នៅ​ក្នុង​ខែ​វិច្ឆិកា​​ឆ្នាំ​២០១០​ ដើម្បី​ធ្វើ​សម្ភាសន៍​ទល់​មុខគ្នា​ជាមួយ​យុវជន​ចំនួន​២.០០០​នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ​ សម្រាប់​ការ​សិក្សា​លើ​ចំណេះដឹង​អំពី​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​ការ​ចូលរួម​បោះឆ្នោត។​ ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ចំនួន​ប្រាំ​ រួមមាន​ទីក្រុង​ភ្នំពេញ​ តំបន់​ទំនាប​ តំបន់​សមុទ្រ​ តំបន់​ទន្លេសាប​និង​តំបន់​ភ្នំ។

យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​សុទិដ្ឋិនិយម​អំពី​មាគ៌ា​ជារួម​ដែល​ប្រទេស​របស់​ខ្លួន​កំពុង​ធ្វើ​ដំណើរ​ ប៉ុន្តែ​ពួកគេ​ក៏​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ឡើយ​ក្នុង​ការទទួល​បាន​ឱកាស​ចូល​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​និង​សេដ្ឋកិច្ច-​សង្គមកិច្ច​របស់​កម្ពុជា។​ ចំណេះដឹង​ និង​ការ​យល់ដឹង​តិចតួច​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​ និង​ការ​លំបាក​ក្នុង​ការ​លើក​បញ្ហា​នានា​ដែល​ជា​ក្តីកង្វល់​របស់​ពួកគេ ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ឧបសគ្គ​ទាំងឡាយ​ចំពោះ​ការចូលរួម​ឱ្យ​បាន​ទូលំទូលាយ​របស់​យុវជន​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ក្នុង​សង្គម​ នេះ​បើ​តាម​ការសិក្សា​ថ្មី​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ។

ការសិក្សា​នេះ​បានបង្ហាញ​ថា​ការយល់ដឹង​របស់​អ្នកឆ្លើយ​សំណួរ​សម្ភាសន៍​អំពី​ស្ថាប័ន​ប្រជាធិបតេយ្យ​ និង​អំពី​តួនាទី​របស់​ខ្លួន​គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ជាពិសេស​ការយល់ដឹង​អំពី​ស្ថាប័ន​ដែល​តំណាង​ឱ្យ​ខ្លួន​ ​ដូច​ជា​ រដ្ឋសភា​ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ដើម។

ការសិក្សា​នេះ បានរក​ឃើញ​ថា​ក្នុងចំណោម​ស្ថាប័ន​ទាំងបី​ ស្ថាប័ន​រដ្ឋសភា​ត្រូវ​បាន​គេ​ស្គាល់​តិច​ជាងគេ​បំផុត​ដែល​មាន​តែ​បី​ភាគ​បួន​ប៉ុណ្ណោះ​ធ្លាប់​ឮ​អំពី​រដ្ឋសភា​ ហើយ​ពីរ​ភាគ​បី​មិន​ដឹង​ថា​រដ្ឋសភា​ធ្វើ​អ្វី​ទេ។

ការ​សិក្សា​នេះ​បានបញ្ជាក់​ថា​យុវជន​ចំនួន​៩២​ភាគរយ​បាន​ឮ​អំពី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ប៉ុន្តែ​មួយ​ភាគ​បី​នៃ​អ្នកដឹង​ ឬ ​ស្គាល់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មិន​បាន​ដឹង​ថា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ធ្វើ​អ្វី​ឡើយ។

ការសិក្សា​នេះ​បានរកឃើញ​ថា​៥៤​ភាគ​រយ​នៃ​អ្នកឆ្លើយ​សំណួរ​សម្ភាសន៍​ដែល​ជា​អ្នក​មាន​សិទ្ធិ​អាច​បោះឆ្នោត​ជ្រើសតាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០០៧​ ពុំ​បាន​ទៅ​បោះឆ្នោត​ទេ​ និង​២១​ភាគ​រយ​នៃ​អ្នក​មាន​សិទ្ធិ​អាច​បោះឆ្នោត​បាន​ពុំ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឡើយ។

លោក​ស្រី​អេលីណា ទីសឆេនកូ (Elena ​Tischenko) ​នាយិកា​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ បានថ្លែង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ថា៖

«យុវជន​ជាច្រើន​នាក់​ពិបាក​ស្វែងរក​ការពន្យល់​អំពី​តួនាទី​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ​ដ៏​សំខាន់​ ដូច​ជា​ រដ្ឋ​សភា»។

ការ​សិក្សា​បានបង្ហាញ​ថា​យុវជន​នៅ​មាន​ការយល់​ដឹង​ខុស​ៗ​គ្នា​ចំពោះ​អត្ថន័យ​នៃ​ពាក្យ​ចំនួន​បី ​គឺ​ សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ។​ យុវជន​ជាច្រើន​ដែល​ធ្លាប់​ឮ​ពាក្យ​ទាំងអស់​នេះ​ មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ទេ។

លោក​ស្រី​ ស៊ៀង​ លក្ខិណា​ អ្នកវិភាគ​កម្មវិធី​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ បានបញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​នេះ​ថា៖

«ពួកគេ​បាន​និយាយ​ថា​ពួកគេ​ធ្លាប់​បាន​ឮ​ពាក្យ​ទាំង​នេះ​ ប៉ុន្តែ​ពួកគេ​មិន​អាច​ឱ្យ​អត្ថន័យ​ជាក់លាក់​ថា​ពាក្យ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ទេ»។

ការសិក្សា​នេះ​បានរកឃើញ​ថា​សុវត្ថិភាព​ សន្តិសុខ​ និង​ជីវិត​នៅ​ក្នុង​សហគមន៍​ ជា​កង្វល់​ចម្បង​របស់​យុវជន​ជាមួយ​នឹង​កង្វល់​បន្ទាប់​មក​ទៀត​ មាន​ដូច​ជា​ភាពក្រីក្រ​ ធនធាន​ធម្មជាតិ​ វិវាទ​ដីធ្លី​ និង​គ្រោះថ្នាក់​ចរាចរណ៍។ បញ្ហា​ថ្នាក់​ជាតិ​វិញ​ វិវាទ​ព្រំដែន​ជា​កង្វល់​ទីមួយ​ ហើយ​ក្រៅ​ពី​នេះ​ កង្វល់​របស់​ពួកគេ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​កង្វល់​អ្នក​ឯ​ទៀត​ដែរ។

លោក​ស្រី​សួន​ សុវណ្ណ​ ប្រធាន​គម្រោង​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បានបញ្ជាក់​ថា​បើ​យុវជន​ខ្វះ​ការយល់ដឹង​ពី​ស្ថាប័ន​ ប្រជាធិបតេយ្យ​ វា​ជា​ឧបសគ្គ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។

«ខ្ញុំ​យល់​ថា​បើ​យុវជន​យើង​ខ្វះ​ការយល់ដឹង​ពី​ស្ថាប័ន​ប្រជាធិបតេយ្យ​នេះ​ វា​អាច​ធ្វើ​ឱ្យ​យុវជន​យើង​មិន​សូវ​បាន​ចូលរួម​ច្រើន​ក្នុង​ការងារ​កសាង​ប្រទេស​ជាតិ​ ហើយ​បើ​សិន​ជា​គាត់​អត់​មាន​ការយល់​ដឹង​ទេ​ ដំណើរការ​ប្រជាធិបតេយ្យ​ដូច​ជា​មិន​សូវ​បាន​ជឿនលឿន​ល្អ​ប្រសើរ»។

លោក​ ទិត​ សុធា​ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បានថ្លែង​ថា​យុវជន​កម្ពុជា​មាន​ការយល់ដឹង​ច្រើន​អំពី​ប្រជាធិបតេយ្យ​ និង​ច្បាប់​ពី​ក្រុមអ្នក​ច្បាប់​ តំណាងរាស្ត្រ​ និង​តំណាង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អំពី​នីតិវិធី​ជាច្រើន​ដើម្បី​បង្កើន​នូវ​មូលធន​បញ្ញា​ និង​ការបណ្តុះ​បណ្តាល​អំពី​ច្បាប់​ និង​លទ្ធិប្រជាធិបតេយ្យ​តាម​ការផ្សព្វផ្សាយ​របស់​ទូរទស្សន៍​នានា។

«ការលើក​ឡើង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ទស្សនៈ​របស់​អង្គការ​ម្ចាស់​ជំនួយ​មួយ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ខិតខំ​ពង្រីក​ការផ្សព្វផ្សាយ​ប្រជាធិបតេយ្យ​នេះ​ ហើយ​យើង​គិត​ថា​ទៅពេល​ខាងមុខ​ទៀត​នេះ​ យុវជន​នឹង​មាន​ការយល់ដឹង​អំពី​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​ច្បាប់​ទម្លាប់​ផ្សេង​ៗ​កាន់តែច្រើន​លើស​ពី​នេះ​ទៅ​ទៀត»។

ការសិក្សា​នេះ​បានបង្ហាញ​ថា​បច្ចេកវិជ្ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ដូចជា​ ទូរទស្សន៍​ វិទ្យុ​ អ៊ីនធឺណិត​ និង​បច្ចេកវិជ្ជា​ចល័ត​ផ្តល់​អត្ថប្រយោជន៍​ដល់​យុវជន៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២១ កក្កដា

Posted: 20 Jul 2011 09:24 PM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ស.រ.អ៖ យាន​អវកាស​ចម្លង​អាទ្លែនធិស៍ (Atlantis)​ បាន​ហោះ​ចុះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ដោយ​បាន​កំណត់​ទី​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​បេសកកម្ម​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​របស់​យាន​អវកាស​ចម្លង​របស់​ស.រ.អ.។

អាស៊ាន៖ រដ្ឋមន្រ្តី​ការបរទេស​ពី​ប្រទេស​អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍​បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សុំ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​នូវ​កិច្ច​ចរចា​៦​ភាគី​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ មាន​ការ​បាញ់​ត​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ហ៊មស៍​ (Homs)​ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​នៅ​ពេល​ដែល​កង​កម្លាំង​សន្តិសុខ​បន្ត​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​និង​រដ្ឋាភិបាល។

ស.រ.អ៖ លោក​ប្រធានាធិបតី​ស.រ.អ.​ បារ៉ាក់​ អូបាម៉ា​ ថ្លែង​ថា​ លោក​មិន​បោះ​បង់​ចោល​សេចក្តី​សង្ឃឹម​របស់​លោក​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ «ការ​ត​ថ្លៃ​គ្នា​ដ៏​ធំ​មួយ»​ដើម្បី​តំឡើង​កម្រិត​ប្រាក់​ដែល​ស.រ.អ.​អាច​ខ្ចី​បរទេស​នោះ​ទេ​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នោះ​កាត់​បន្ថយ​ប្រាក់​បំណុល​ជាតិ​យ៉ាង​ច្រើន​ផង​ដែរ។

អឺរ៉ុប៖ មេ​ដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ជា​លើក​ទី​ពីរ​ដល់​ប្រទេស​ក្រិក​(Greece)។

មន្រ្តី​និយាយ​ថា​ផែនការ​ជួយ​សង្គ្រោះ​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ក្រិក​ធ្លាក់​ចូល​ទៅ​ក្នុង​រយៈ​ពេល​ជា​បណ្តោះ​អាសន្ន​មួយ​ដែល​មិន​អាច​សង​ប្រាក់​បំណុល​របស់​ខ្លួន​បាន។

យេមែន៖ យោធា​ប្រទេស​យេមែន ​(Yemen)​ និយាយ​ថា​កង​កម្លាំង​របស់​ខ្លួន​បាន​សម្លាប់​មេ​ដឹកនាំ​ម្នាក់​នៃ​សាខា​អាល់ខៃដា​នៅ​ក្នុង​យេមែន។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-->អសប​៖ បាន​ប្រកាស​អំពី​ការ​អត់អាហារ​ កើត​មាន​ឡើង​នៅ​តំបន់​ពីរ​នៃ​ប្រទេស​សូម៉ាលី​ភាគ​ខាង​ត្បូង​ នៅតំបន់​អាហ្វ្រិក​ស្នែង​ក្របី​ដែល​មាន​ការ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​ជា​ច្រើន​ទសវត្ស​មក​ហើយ។​

លីប៊ី៖ ចំនួន​មនុស្ស​ស្លាប់​កាន់​តែ​កើន​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ នៅ​ទី​កន្លែង​ផែ​សមុទ្រ​ដឹក​ជញ្ជូន​ប្រេង​ ប្រេគា​ ចំ​ពេល​ដែល​កិច្ច​ប្រឹងប្រែង​ការ​ទូត​ដើម្បី​ដោះ​ស្រាយ​វិបត្ដិ​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​បារាំង​ និង​រុស្ស៊ី។​

ស៊ែរប៊ី៖ អាជ្ងាធរ​នៅ​ក្នុង​ប្រទេស​ ស៊ែរប៊ី​និយាយ​ថា​បាន​ចាប់​ខ្លួន​ Goran​ Hadzic​ ដែល​ជា​ជន​ល្មើស​លាក់​ខ្លួន​​ចុង​ក្រោយ​បង្អស់​ ដែល​តុលាការ​ អសប​ តាម​រក​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។

អាហ្វហ្គានីស្ថាន៖ ក្រុម​បះ​បោល​អាហ្វហ្គានីស្ថាន​ បាន​បើក​ការ​វាយ​ប្រហារ​អត្តឃាតមក​លើ​ទី​ក្រុង​សំខាន់​ៗ​ កាល​ពី​ថ្ងៃ​ពុធ ​ទោះ​បី​ជា​ក្រុម​ចម្រុះ​កំពុង​ប្រគល់​កិច្ចការ​ត្រួតត្រា​សន្ដិសុខ​មក​ឲ្យ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ក៏​ដោយ។

យេម៉ែន៖ មន្ដ្រី​យេម៉ែននិយាយថា ​ការផ្ទុះគ្រាប់​បែក​ពី​រថយន្ដ​នៅ​តំបន់​ផែ​ភាគ​ខាង​ត្បូង​ អេដិន ​បាន​សម្លាប់​ប្រធាន​ប្រតិបត្ដិ​ជាតិ​អង់គ្លេស​ម្នាក់​ ដោយ​គេ​ដាក់​កំហុស​មក​លើ​ការ​វាយប្រហារ​ធ្វើ​ឡើង​ដោយ​ក្រុម​ អាល់កៃដា​។

ឥណ្ឌា៖ រដ្ឋមន្ដ្រី​ការបរទេស សរអ ហ៊ីលឡារី គ្លីនតុន បាន​អំពាវនាវ​ប្រទេស​ឥណ្ឌា​ឲ្យ​ប្រើ​ឥទ្ធពល​ជា​មហាអំណាច​សេដ្ឋកិច្ច ដើម្បី​ជួយ​លើក​ដម្កើង​ពាណិជ្ជកម្មទូទាំង​តំបន់​អាស៊ី​កណ្ដាល​ រាប់ទាំង​ប្រទេស​អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ​ដែល​ជា​គូ​ប្រជែង​ដ៏​យូរ​អង្វែង​របស់​ឥណ្ឌា។

ម៉ាឡាវី៖ ប៉ូលីស​ប្រទេសម៉ាឡាវី បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​នៅ​ក្នុង​ទីក្រុង​ធំៗកាល​ពី​ថ្ងៃពុធ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។

សរអ៖ អ្នក​អវកាស​អង្គការ​ណាសា ជិះ​នៅ​ក្នុង​យានអវកាស Atlantis កំពុង​រៀបចំ​ខ្លួន​ចុះចត​លើ​ដី នៅ​ថ្ងៃ​ព្រហស្សតិ៍ ដែល​នឹង​បញ្ចប់​កម្មវិធី​យានអវកាស សរអ អាយុ ៣០ ឆ្នាំ​នោះ។

អ៊ីរ៉ង់៖ ដោយ​សារ​តែ​អ៊ីរ៉ង់ ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង ការ​រត់​ថ្នាំញៀន នាយក​ទីភ្នាក់ងារ​ប្រឆាំង​ឆ្នាំ​ញៀនបាន​ចូល​ទៅ​ចរចា​ជាមួយ​មន្ដ្រី​ថ្នាក់​ខ្ពស់ អ៊ីរ៉ង់។

នេប៉ាល់៖ ប្រទេស​នេប៉ាល់ ​បាន​ប្រកាស​ថា នឹងបើក​ឲ្យ​មាន​ការ​វាស់វែង​ថ្មី​មូយ​មក​លើ កំពូល​ភ្នំ​ដ៏​ខ្ពស់​បំផុត​ Everest ដែល​ឈរ​ជើង​ទាំង​សង្ខាង នៅ​លើ​ព្រំដែន​រវាង ណេប៉ាល និងចិន។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!