|
- លោកហ៊ុនសែនបញ្ជាក់ថាគ្មានការដោះដូរអ្នកទោសចារកម្មទេ
- អង្គការសហប្រជាជាតិព្យាយាមបន្ធូរបន្ថយភាពតានតឹងក្នុងសាលាក្តីខ្មែរក្រហម
- កម្ពុជាគ្រោងរើសទ័ពថ្មី៥.០០០នាក់ដាក់នៅទល់ដែន
- អង្គការជាតិនិងអន្តរជាតិបន្តទាមទារឱ្យប្តូរច្បាប់គ្រប់គ្រងអង្គការ
- ក្រុមអ្នករាជានិយមអំពាវនាវដល់ពលរដ្ឋថៃកុំឲ្យទៅបោះឆ្នោត
លោកហ៊ុនសែនបញ្ជាក់ថាគ្មានការដោះដូរអ្នកទោសចារកម្មទេ Posted: 15 Jun 2011 11:25 AM PDT លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានច្រានចោលការដោះដូរជនជាតិកម្ពុជាដែលត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាធ្វើសកម្មភាពចារកម្មនៅប្រទេសថៃជាមួយនឹងសកម្មជនចលនាអាវលឿងថៃពីរនាក់ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជាអំពីបទចារកម្ម។ ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីលោក កាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបរទេសថៃបានថ្លែងកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលថៃចង់ដោះដូរការចាប់ជនជាតិខ្មែរនិងវៀតណាមជាមួយសកម្មជនចលនាអាវលឿងថៃពីរនាក់ឥឡូវកំពុងជាប់ពន្ធនាគារអំពីបទចារកម្មនៅក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៅសាលាបច្ចេកទេសពេទ្យក្នុងទីក្រុងភ្នំពេញថាការដោះដូរចារកម្មរវាងសកម្មជនចលនាអាវលឿងថៃពីរនាក់ជាមួយជនជាតិខ្មែរចាប់ខ្លួនថ្មីៗដោយអាជ្ញាធរថៃមិនអាចទៅរួចទេ។ «វាមិនដែលម៉ែអាណាធ្វើចារកម្មម្តងបីប្រទេស។ មានអាជើងសុំដោះដូរទៀត ថ្នាក់រដ្ឋមន្ត្រីការបរទេសថៃមកនិយាយថា ល្មមដោះដូរ ចាំតែដូរទៅ ប្រាប់ទៅឱ្យហើយ ប្រព័ន្ធច្បាប់របស់ថៃធ្វើបែបណា ធ្វើបែបនោះទៅ»។ កាលពីខែកុម្ភៈ តុលាការកម្ពុជា បានកាត់ទោសសកម្មជនចលនាអាវលឿងថៃ វីរ៉ា ស៊ុមក្វាមគិត (Veera Somkwamkid) ឱ្យជាប់ពន្ធនាគារចំនួនប្រាំបីឆ្នាំ និងពិន័យជាប្រាក់ចំនួន៤៥០ដុល្លារអាមេរិកហើយនាង រ៉ាទ្រី ភីផាត់តានាផៃប៊ូន (Ratree Pipattanapaiboon) ឱ្យជាប់ពន្ធនាគារចំនួនប្រាំមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០០ដុល្លារអាមេរិក អំពីបទចារកម្ម និងឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាការចោទប្រកាន់អំពីចារកម្មដោយអាជ្ញាធរថៃនេះ ហាក់ ដូចជាចម្លែកណាស់ ហើយវាមិនដែលមានគេធ្វើចារកម្មម្តងបីប្រទេសបែបនេះទេ។ អាជ្ញាធរថៃបានប្រឌិតរឿងចារកម្មទាក់ទងនឹងការចាប់ជនជាតិខ្មែរ ថៃ និង វៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមន្ត្រីរបស់លោកកុំឱ្យធ្វើដំណើរទៅប្រទេសថៃញឹកពេក ប្រយ័ត្នអាជ្ញាធរថៃចាប់ ដើម្បីដោះដូរជាមួយជនជាតិថៃពីរនាក់ដែលកំពុងជាប់ពន្ធនាគារនៅព្រៃស។ «ឥឡូវ មន្ត្រីរបស់យើងត្រូវប្រុងប្រយ័ត្នបន្តិចណា។ គេចាប់ដូរជាមួយជនជាតិថៃពីរនាក់។ ខ្ញុំមិនមែនហាមប្រជាពលរដ្ឋខ្មែរមិនឱ្យទៅប្រទេសថៃទេ តែនេះជាក់ស្តែងណាស់ ចាប់ភ្លាមចោទថាជាចារកម្ម ហើយសុំដោះដូរជាមួយជនជាតិថៃពីរនាក់»។ អាជ្ញាធរថៃបានចាប់ជនជាតិថៃឈ្មោះ ស៊ូឆាត ម៉ូហាមេដ អាយុ៣២ឆ្នាំ ជនជាតិខ្មែរឈ្មោះ អ៊ុង គឹមតៃ អាយុ៤៣ឆ្នាំ និងជនជាតិវៀតណាមឈ្មោះង្វៀន តេងយ៉ាង អាយុ៣៧ឆ្នាំ អំពីបទចារកម្ម កាលពីថ្ងៃអង្គារ សប្តាហ៍មុននៅភូមិថៃមួយជាប់ព្រំដែនក្នុងខេត្តស៊ីសាកេត។ ប្រទេសកម្ពុជានិងប្រទេសថៃ បានអះអាងអំពីកម្មសិទ្ធិលើដីទំហំ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា បន្ទាប់ពីប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុងខែកក្កដាឆ្នាំ២០០៨ ហើយបន្ទាប់មកភាគីទាំងពីរ បានបង្កើនកម្លាំងកងទ័ពនៅតាមបណ្តោយព្រំដែននិងការវាយប្រយុទ្ធគ្នាជាបន្តបន្ទាប់បានកើតឡើង ដែលបានបណ្តាលឱ្យកងទ័ព និង ជនស៊ីវិលស្លាប់និងរងរបួសទាំងសងខាង៕ This posting includes an audio/video/photo media file: Download Now |
អង្គការសហប្រជាជាតិព្យាយាមបន្ធូរបន្ថយភាពតានតឹងក្នុងសាលាក្តីខ្មែរក្រហម Posted: 15 Jun 2011 12:55 PM PDT អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) នៅថ្ងៃពុធនេះបានប្រកាសទាត់ចោលការលើកឡើងពីចេតនារបស់អង្គការសហប្រជាជាតិក្នុងការបោះបង់សំណុំរឿង០០៣ចោលដោយឈប់ចាត់ការតទៅទៀត។ ការបដិសេធនេះធ្វើឡើងស្របពេលដែលបណ្ដាញផ្សព្វផ្សាយបានស្រង់ប្រភពនានាដែលបារម្ភថា សំណុំរឿង០០៣និងសំណុំរឿង០០៤ដែលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងផ្នែកនយោបាយនោះទំនងជានឹងត្រូវបោះបង់ចោលក្នុងពេលខាងមុខ។ នៅក្នុងសេចក្ដីថ្លែងការណ៍ពីទីក្រុងញូវយ៉ក ចែកចាយដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះ អ្នកនាំពាក្យបញ្ជាក់ថា សំណុំរឿង០០៣ កំពុងតែស្ថិតក្នុងដំណាក់កាលនីតិវិធីអន្ដរកាលនៅឡើយហើយសហចៅក្រមស៊ើបអង្កេតមិនអាចផ្ដល់ហេតុផលឬការបកស្រាយណាមួយជាសាធារណៈបានទេ។ កាលពីថ្ងៃទី២៩ខែមេសា សហចៅក្រមស៊ើបអង្កេតបានប្រកាសថា ខ្លួនបានបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ រួចរាល់ហើយ។ ការស៊ើបអង្កេតដែលគេដឹងថា ធ្វើឡើងដោយភាគីអង្គការសហប្រជាជាតិជាឯកតោភាគីតែប៉ុណ្ណោះរីឯភាគីកម្ពុជាបានជំទាស់មិនសហការ។ សេចក្តីពិស្តារនៅក្នុងសំណុំរឿង ដែលរដ្ឋាភិបាលខ្មែរជំទាស់នេះមិនត្រូវបានគេដឹងនោះទេ។ ការបិទខ្ទប់ព័ត៌មានទាំងនេះដែលធ្វើឲ្យមានការរិះគន់កក្រើកឡើង ជាពិសេសការរិះគន់ពីការបង្កឲ្យមានភាពប្រថុយប្រថានសម្រាប់ជនរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនិងកង្វល់អំពីសំណុំរឿងនេះនឹងត្រូវផុតរលត់ដោយស្ងាត់ស្ងៀម។ លោកអាន់ឌ្រូ ខេលី សហព្រះរាជអាជ្ញាបរទេស បានស្នើឲ្យមានការស៊ើបអង្កេតបន្ថែមដោយឆ្លៀតបង្ហើបនូវព័ត៌មានសំខាន់ៗមួយចំនួនទាក់ទងនឹងឧក្រិដ្ឋកម្មនិងតំបន់នៃអំពើឧក្រិដ្ឋកម្ម ដែលលោកអះអាងថា មានសារៈសំខាន់សម្រាប់ជនរងគ្រោះ។ ក៏ប៉ុន្ដែសហចៅក្រមស៊ើបអង្កេតបានដាក់បញ្ជាឲ្យលោកដកនូវព័ត៌មានទាំងនោះចេញវិញ ដោយចាត់ទុកថាគឺជាការរំលោភលើភាពសម្ងាត់ក្នុងការស៊ើបអង្កេត។ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានធ្លាក់មកចំពេលដែលសម្ពាធកាន់តែខ្លាំងលើសហចៅក្រមស៊ើបអង្កេតអន្ដរជាតិទាក់ទងនឹងសំណុំរឿងបន្ថែមជាពិសេសសំណុំរឿង០០៣។ អ្នកនាំពាក្យដដែលបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា អង្គការសហប្រជាជាតិមិនបានប្រាប់ដល់សហចៅក្រមស៊ើបអង្កេតអន្ដរជាតិឲ្យបោះបង់ចោលសំណុំរឿង០០៣នោះទេ។ ជាងនេះទៅទៀតអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបញ្ជាក់ថាសហចៅក្រមស៊ើបអង្កេតនឹងចេញដីកាដំណោះស្រាយឬដីកាបញ្ជូនរឿងទៅជំនុំជម្រះក្នុងករណី០០៣នេះ។ ដីកានោះនឹងកំណត់បញ្ជូនជនសង្ស័យនីមួយៗទៅកាត់ទោសឬត្រូវលើកលែងការចោទប្រកាន់ចំពោះពួកគេ។ លោកស្រី គ្លែ ដាហ៊្វី អ្នកឃ្លាំមើលដំណើការសាលាក្តីខ្មែរក្រហមរបស់អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី (OSJI) ទទួលស្គាល់ថា ការលើកឡើងរបស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិពិតជាមានការត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ផ្ទុយទៅវិញលោកស្រីចាត់ទុកថា នេះគ្រាន់តែជាសេចក្ដីថ្លែងដើម្បីព្យាយាមការពារខ្លួនខាងភាគីអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ លោកស្រី គ្លែ ដាហ៊្វី បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិធ្វើមិនដឹងមិនឮចំពោះភស្តុតាងជាច្រើន ដែលបង្ហាញថា សហចៅក្រមស៊ើបអង្កេតមានចេតនាបោះបង់ចោលសំណុំរឿង០០៣នេះ។ «ប្រសិនបើអ្នកគ្រាន់តែតាមដានការរីកចម្រើនចុងក្រោយ វាបង្ហាញច្បាស់ថា ក្រុមចៅក្រមមានចេតនាបោះបង់ចោលសំណុំរឿង០០៣នេះ។ ហេតុផលគឺថា ពួកគាត់មិនទាំងបានសម្ភាសជនសង្ស័យ ពួកគាត់មិនទាំងបានចាត់ឲ្យមានក្រុមប្រឹក្សាសម្រាប់អង្កេតជនសង្ស័យទាំងនេះផងទេ។ ដូច្នេះតើពួកគាត់អាចត្រឡប់ទៅធ្វើការចោទប្រកាន់ជនសង្ស័យភ្លាមៗបានយ៉ាងដូចម្ដេច?» កាលពីថ្ងៃអង្គារអង្គការ OSJI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួន ដោយលើកឡើងពីចំណោទនៃការជ្រៀតជ្រែកនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿង០០៣ និង០០៤។ អ្នកនាំពាក្យរបស់លោកបាន គី មូន នៅថ្ងៃនេះ បានបញ្ជាក់ថា ចៅក្រមនិងសហព្រះរាជអាជ្ញាត្រូវតែទទួលបាននូវការអនុញ្ញាតឲ្យបំពេញការងារដោយឯករាជ្យពីការជ្រៀតជ្រែកពីរាជរដ្ឋាភិបាលកម្ពុជា ការជ្រៀតជ្រែកពីអង្គការសហប្រជាជាតិ ពីប្រទេសផ្តល់ជំនួយនិងឯករាជ្យពីការជ្រៀតជ្រែករបស់សង្គមស៊ីវិលផងដែរ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាគ្រោងរើសទ័ពថ្មី៥.០០០នាក់ដាក់នៅទល់ដែន Posted: 15 Jun 2011 01:11 PM PDT ប្រទេសកម្ពុជាបានប្រកាសជ្រើសរើសកងទ័ពបន្ថែមទៀតចំនួនជាង៥.០០០នាក់ សម្រាប់យកទៅដាក់ពង្រាយនៅតាមក្រវាត់ព្រំដែន និងការពារក្នុងប្រទេសបន្ទាប់ពីប្រទេសកម្ពុជានិងប្រទេសថៃ មានជម្លោះប្រដាប់អាវុធលក្ខណៈទ្រង់ទ្រាយធំដែលធ្វើឲ្យភាគីទាំងសងខាងបានស្លាប់ និងរងរបួស។ យោងតាមសេចក្តីសម្រេចចំនួនពីរច្បាប់ដាច់ដោយឡែកៗពីគ្នារបស់រដ្ឋាភិបាលដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីខែឧសភាកន្លងទៅនេះ បានអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន៥.០០០នាក់សម្រាប់យកទៅបំពេញឲ្យកងពលធំអន្តរាគមន៍លេខ០២ចំនួន៣.០០០នាក់ កងពលតូចថ្មើរជើងលេខ៤១ចំនួន១.០០០នាក់និងកងពលតូចថ្មើជើងលេខ៤២ចំនួន១.០០០ នាក់។ នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យជ្រើសរើសពលទាហានចំនួន៣៥០នាក់សម្រាប់យកទៅបំពេញឲ្យអង្គភាពបញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋាន។ លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ការជ្រើសរើសកងទ័ពបន្ថែមនេះមិនមែនដោយសារតែកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃទេ។ លោកបានមានប្រសាសន៍ថានេះជាផែនការរបស់រដ្ឋាភិបាលក្នុងការជ្រើសរើសពលទាហានបន្ថែមចំនួន៥.០០០នាក់ ក្នុងមួយឆ្នាំ ដើម្បីយកទៅជំនួសយោធិនដែលចូលនិវត្តន៍។ «មូលហេតុសំខាន់ គឺយើងវាមានរាល់ឆ្នាំ យើងមានទាហានបាត់បង់ពលកម្មនិងចូលនិវត្តន៍។ អញ្ចឹង ក្នុងបរិមាណគិតក្នុងមួយឆ្នាំប្រហែលជា៥.០០០នាក់ ដែលត្រូវបាត់បង់ពលកម្ម សោធននិវត្តន៍ និងចូលនិវត្តន៍។ អញ្ចឹងក្នុងរយៈកាលផែនការ៥.០០០នាក់ក្នុងមួយឆ្នាំ ត្រូវគ្រប់ចំនួនដែលបាត់បង់ពលកម្ម និងចូលនិវត្តន៍»។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការជ្រើសរើសកងទ័ពបន្ថែមនេះ បានកើតមានឡើងក្រោយពីកងទ័ពថៃ និងកម្ពុជា បានវាយប្រយុទ្ធគ្នាលក្ខណៈទ្រង់ទ្រាយធំចំនួន១២ថ្ងៃជាប់ៗគ្នាកន្លងទៅនេះ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងនៅតំបន់ថ្មដូនខេត្តឧត្តរមានជ័យជាប់ និងខេត្តសុរិន្ទ ប្រទេសថៃ។ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានមានប្រសាសន៍ទៀតថា យើងបានចាប់ផ្តើមបង្កើតគណៈកម្មការជ្រើសរើសកងទ័ព ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគនិងគណៈបញ្ជាការឯកភាពខេត្ត។ លោកបានមានប្រសាសន៍ទៀតថា ការជ្រើសរើសកងទ័ពនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត មិនមែនធ្វើឡើង ដោយបង្ខិតបង្ខំទេ។ លោកនាង ខេន មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១ ប្រចាំទិសខេត្តឧត្តរមានជ័យ បាននិយាយថា ចំនួនកងទ័ពដែលគ្រោងជ្រើសរើសបន្ថែមចំនួន១.០០០នាក់មិនគ្រប់គ្រាន់ទេសម្រាប់កងពលតូចរបស់លោក។ «បើនិយាយឲ្យការណ៍ពិតទៅអត់ទាន់គ្រប់គ្រាន់ទេ ត្រូវថែមតទៅទៀត»។ យ៉ាងណាក៏ដោយលោក នាង ខេនបញ្ជាក់បន្ថែមថាអ្វីៗគឺត្រូវតាមការគិតគូរ របស់ព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាលកម្ពុជា។ «ការងារទាំងអស់រដ្ឋាភិបាលជាអ្នកលើកគម្រោងឡើងទៅព្រឹទ្ធសភា រដ្ឋសភា»។ លោកប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងលោកហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនអាចស្នើសុំ ដើម្បីទំនាក់ទំនងបានទេនៅថ្ងៃពុធនេះ។ ប្រទេសកម្ពុជា មានច្បាប់កាតព្វកិច្ចយោធា ដែលត្រូវចូលបម្រើកងទ័ពចាប់ពីអាយុ១៨ឆ្នាំរហូតដល់៣០ឆ្នាំ។ ច្បាប់នេះតម្រូវឲ្យបំពេញកាតព្វកិច្ចរយៈពេល១៨ខែ៕ This posting includes an audio/video/photo media file: Download Now |
អង្គការជាតិនិងអន្តរជាតិបន្តទាមទារឱ្យប្តូរច្បាប់គ្រប់គ្រងអង្គការ Posted: 15 Jun 2011 07:54 AM PDT ដោយប្រាថ្នាចង់ឃើញសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាស ត្រូវកែប្រែឲ្យបានសមរម្យ អង្គការក្រៅរដ្ឋាភិបាល អន្តរជាតិមួយចំនួន នៅសហរដ្ឋអាមេរិកនិងក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញថា សេចក្តីព្រាងច្បាប់អង្គការ ដែលកម្ពុជាកំពុងតាក់តែងមិនមែនជាច្បាប់ដែលចាំបាច់ទេ ហើយបាសជំរុញថាសេចក្តីព្រាងចុងក្រោយ ត្រូវកែប្រែដើម្បីការអភិវឌ្ឍប្រទេស។ នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទរួមមួយដែលរៀបចំដោយអង្គការ ស.រ.អាមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនឈ្មោះថា Oxfam America នោះ ក្រុមមេដឹកនាំអង្គការអន្តរជាតិមួយចំនួនបានអះអាងថា រដ្ឋាភិបាលកម្ពុជាចាំបាច់ មិនត្រូវបង្កើតច្បាប់រិតត្បិត តែត្រូវបើកទូលាយឲ្យមានការចូលរួម ពីអង្គការក្រៅ រដ្ឋាភិបាលដើម្បីធ្វើកិច្ចការជាដៃគូជាមួយនឹងរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យផ្សេងៗដូចជាអប់រំ បញ្ហាសុខភាព ផ្តល់សេរីភាពធ្វើកិច្ចការដល់ក្រុមសង្គមស៊ីវិល ទាំងជាតិនិងអន្តរជាតិ។ លោកស្រី ណូរ៉ា អូ ខុនណែល (Nora O'Connell) នាយិកាជាន់ខ្ពស់នៃអង្គការគាំពារកុមារ (Save the Children) បានថ្លែងថា លោកស្រីចូលរួមផ្តល់សំឡេងបារម្ភជាមួយអង្គការ ដទៃអំពីសេចក្តីព្រាងច្បាប់អង្គការនេះដើម្បីស្វែងរកដំណោះស្រាយដែលអាចបន្តភាពជាដៃគូជាមួយរដ្ឋាភិបាលអ្នកជំនួយ និងដៃគូអភិវឌ្ឍន៍ដទៃទៀតក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ។ «ប្រទេសមួយដែលព្យាយាមអភិវឌ្ឍដោយគ្មានការចូលរួមពីក្រុមអង្គការក្រៅ រដ្ឋាភិបាលដ៏ខ្លាំងក្លា គឺហាក់ដូចជាការជិះកង់ដែលមានកង់តែមួយអញ្ចឹង។ លោកអ្នកប្រហែលជាអាចរុញវាតាមផ្លូវបានតែវាត្រូវប្រើពេលវេលាយូរ។ លោកអ្នកត្រូវការ ទាំងពីរគឺរដ្ឋាភិបាលនិងសង្គមស៊ីវិលធ្វើកិច្ចការជាមួយគ្នា ដើម្បីធ្វើឲ្យជឿនលឿនពិតៗ។ ហើយសង្គមស៊ីវិលក្នុងស្រុកគឺជាដៃគូដ៏សំខាន់ ហើយស្ថាប័នទាំងពីរ គឺជាអ្នកផ្តល់សេវាកម្មដូចជាសុខាភិបាល ប្រាក់កម្ចីខ្នាត តូចជួយឲ្យគ្រួសារជាច្រើនឲ្យរួចផុតពីភាពក្រីក្រ។ ដូច្នេះប្រសិនបើលោកអ្នកធ្វើ ឲ្យសង្គមស៊ីវិលចុះខ្សោយ នោះជាការបញ្ជាក់ថាប្រទេសទាំងមូលនិងខាតបង់ ប្រយោជន៍»។ លោក ប៊ីល ផេនីងតុន (Bill Penington) ជំនួយការនាយកអង្គការ Care ក្នុងទីក្រុងភ្នំពេញដែល ជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ អង្គការបានអះអាងថា ប្រសិនបើអង្គការសង្គមស៊ីវិលមិនអាចប្រតិបត្តិការបានដូចមុន ទៅថ្ងៃអនាគតកម្ពុជានឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស។ ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលបន្ទរតាមមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នោះបានចាត់ទុកថាសេចក្តីព្រាងច្បាប់ដែលរដ្ឋាភិបាលកម្ពុជាកំពុងតាក់តែងនេះ ជាច្បាប់មិនចាំបាច់ ហើយជាការរិតត្បិតសេរីភាពពួកគេមិនឲ្យប្រតិបត្តិកិច្ចការបានដោយមានសេរីភាព។ ការថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការចុះឈ្មោះឡើងវិញមានលក្ខណៈស្មុគស្មាញសម្រាប់អង្គការឯករាជ្យដែលមិនគាំទ្រនយោបាយរដ្ឋាភិបាលទាំងស្រុង ការរិតបន្តឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ការធ្វើរបាយការណ៍ប្រចាំឆ្នាំពីសកម្មភាពរបស់ពួកគេជាដើម។ លោកស្រី ស៊ូ គុណាវ៉ាដេណា វ៉ូន (Sue Gunawardena –Vaughn) នាយិកាជាន់ខ្ពស់ផ្នែកកិច្ចការអាស៊ី នៃអង្គការស.រ.អា មួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនហៅថា Freedom House បានថ្លែងថា សេចក្តីព្រាងច្បាប់អង្គការមានលក្ខណៈមិនច្បាស់លាស់ហើយងាយនឹងបកស្រាយខុសក៏បានត្រូវក៏បាន ជាពិសេសប៉ះពាល់ដល់ក្រុមអ្នកគាំទ្រផ្នែកខាងការគាំទ្រការបញ្ចេញមតិដោយសេរី។ លោកស្រីចាត់ទុកថាជាច្បាប់ដែលមិនចាំបាច់។ «សម្រាប់ក្រុមអ្នកធ្វើការខាងផ្នែកសិទ្ធិមនុស្ស ឬក្រុមអ្នកគាំទ្រការបញ្ចេញមតិ ដោយសេរីដែលជាទូទៅរិះគន់រដ្ឋាភិបាល មិនថាជារដ្ឋាភិបាលកម្ពុជា មិនថា ស.រ.អានោះទេ។ តែលោកអ្នកដឹងទេប្រសិនបើលោកអ្នក ប្រាប់រដ្ឋាភិបាលអំពីអ្វីដែលលោកអ្នកធ្វើ ធ្វើការរិះគន់រដ្ឋាភិបាលជាផ្លូវការ នោះលោកអ្នកនឹងមិនអាច ត្រូវគេអនុញ្ញាតឲ្យមានសកម្មភាពទាំងនោះទេ បើតាមស្មារតីនៃច្បាប់នេះ។ ដូច្នេះ នោះជាការរារាំងដ៏សំខាន់មិនមែនតែទៅលើសេរីភាពខាងការចូលរួមដែលជាគោលការណ៍គ្រឹះទេ តែវារារាំងដល់សិទ្ធិបញ្ចេញមតិផងដែរ»។ លោក ប្រាយអឹន លុន (Brian Lund) នាយកអង្គការ Oxfam America ប្រចាំតំបន់អាស៊ីខាងកើតបានអះអាងថា ច្បាប់កម្ពុជាមានគ្រប់គ្រាន់ហើយ មិនចាំបាច់មានច្បាប់អង្គការទេ គឺរាប់ទាំងសកម្មភាពផ្សេងៗទាំងការការពារនានា។ «ដូច្នេះ ក្រមរដ្ឋប្បវេណី ច្បាប់រដ្ឋធម្មនុញ្ញ ឬច្បាប់ផ្សេងៗទៀត ជាការណ៍ពិតបាន គ្របដណ្តប់រាល់ទិដ្ឋភាពហើយ»។ ក្រុមអង្គការសង្គមស៊ីវិលជាង៣.០០០ទាំងជាតិនឹងអន្តរជាតិដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីដើមទសវត្សរ៍១៩៩០មកលើវិស័យផ្សេងៗគ្នាគឺផ្នែកអប់រំ សុខភាព សិទ្ធិមនុស្ស កសិកម្ម ជាដើម ដើម្បីរួមចំណែកអភិវឌ្ឍប្រទេស ដែលទើបរួចពីសង្គ្រាមស៊ីវិលរាប់សិបទសវត្សរ៍។ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា ការធ្វើច្បាប់ នេះគឺដើម្បីរៀបចំក្រុមអង្គការសង្គមស៊ីវិលឲ្យមានរបៀបរៀបរយ មិនមែនក្នុង បំណងបិទសេរីភាពទេ។ លោកអះអាងថាពេលណាសេចក្តីព្រាងច្បាប់នេះមក ដល់ទីស្តីការគណៈរដ្ឋមន្ត្រី នោះនឹងមានការត្រួតពិនិត្យមើលបន្ថែមពីផលប៉ះពាល់នានានិងទិដ្ឋភាពច្បាប់ជាមិនខាន។ «ដូច្នេះការងារទាំងសងខាងនឹងផ្តល់ យើងសង្ឃឹមថានឹងផ្តល់បានភាពប្រសើរ ហើយជាច្បាប់មួយមិនមែនជាច្បាប់ដែលប្រឆាំងនឹងអ្នកណាមួយទេគឺច្បាប់ ដើម្បីការពារផលប្រយោជន៍ស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនេះឯង»។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនបានអះអាងថារដ្ឋាភិបាលបានបើកទូលាយក្នុងការផ្តល់អនុសាសន៍ដែរតែពេលខ្លះមានដាក់ក្នុងសេចក្តីព្រាង ហើយពេលខ្លះចេញក្រោយមកទៀត អនុសាសន៍ទាំងនោះក៏ត្រូវលប់ចោលវិញដែរ៕ This posting includes an audio/video/photo media file: Download Now |
ក្រុមអ្នករាជានិយមអំពាវនាវដល់ពលរដ្ឋថៃកុំឲ្យទៅបោះឆ្នោត Posted: 14 Jun 2011 08:07 PM PDT នៅក្នុងប្រទេសថៃ រដូវនៃការឃោសនារកសម្លេងឆ្នោតកំពុងប្រព្រឹត្ដធ្វើពេញទំហឹងសម្រាប់ការបោះឆ្នោតជាតិដ៏ប្រកិតគ្នានៅខែក្រោយ។ នៅពេលគេផ្ដោតទៅលើការប្រឈមមុខដាក់គ្នារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងភឿថៃ គេឃើញមានគណបក្សមិនល្បីឈ្មោះជាច្រើន ដែលខិតខំទាក់ទាញចិត្ដពលរដ្ឋថៃ។ ចលនានយោបាយមួយដែលបានដើរតួនាទីសំខាន់នៅក្នុងនយោបាយកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ កំពុងអំពាវនាវឲ្យជនជាតិថៃទូទៅសុំកុំទៅបោះឆ្នោត។ មនុស្សច្រើនពាន់នាក់នៃគណបក្សសម្ព័ន្ធភាពប្រជាពលរដ្ឋសម្រាប់ប្រជាធិបតេយ្យ មានឈ្មោះថា ក្រុមអាវលឿង បាននាំគ្នាដើរលើវិថីកាលពីថ្ងៃសុក្រ កាត់តាមតំបន់ហិរញ្ញវត្ថុ នៅទីក្រុងបាងកក ដើម្បីឃោសនាលើកទឹកចិត្ដប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត នៅខែកក្កដា។ ក្រុមអ្នកគាំទ្រគណបក្ស PAD និយាយថា អ្នកនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៣ខែកក្កដា ជាមនុស្សស្រេកឃ្លានអំណាចនិងជាអ្នកពុករលួយ ដែលមិនត្រូវអនុញាតឲ្យដឹកនាំប្រទេសទេ។ ក្រុមអ្នកតវ៉ាទាំងនោះជិះក្នុងរថយន្ដ Pick up លើកសញ្ញាឃោសនាចំអក និងលើកប័ណ្ណប្រកាសគូររូប អ្នកនយោបាយ ជាសត្វធាតុ។ «បោះឆ្នោតមិនយក ពួកខ្លានិងឆ្កែក្របី បោះឆ្នោតមិនយក»។ សញ្ញាពណ៌លឿងភ្លឺបង្ហាញរូបសត្វផ្សេងៗ ស្លៀកពាក់ខោអាវធំបានត្រូវដាក់តាំងទូទៅ នៅក្នុងទីក្រុង។ អាជ្ញាធរគំរាមនិងទម្លាក់ចេញប័ណ្ណប្រកាសមិនសមរម្យទាំងនោះ ដោយសារតែមិនមានការគាំទ្រ បេក្ខជន ឬ គណបក្សណាមួយទេ។ នៅពេលដែលការឃោសនារកសម្លេងឆ្នោតរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សប្រឆាំងភឿថៃ ទាក់ទាញមនុស្សដ៏ច្រើនសន្ធឹកទូទាំងប្រទេស គេមិនដឹងច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់គាំទ្រយុទ្ធនាការស្នើមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ លោក គ្រីច ថៃបំរុង ជាអ្នកគាំទ្រក្រុមអាវលឿងដែលនិយាយថា បើប្រសិនជាមានមនុស្សច្រើនល្មមមិនព្រមបោះឆ្នោត អាជ្ញាធរនឹងត្រូវបង្ខំខ្លួនឲ្យដោះស្រាយបញ្ហាអំពើពុករលួយជាប្រព័ន្ធ។ «ពិតហើយ យើងចង់ជ្រើសយកមេដឹកនាំ ប៉ុន្ដែគេត្រូវមានការផ្លាស់ប្ដូរជាដំបូងសិន។ គេត្រូវផ្លាស់ប្ដូរប្រព័ន្ធនយោបាយមុន។ មិនមែនមានន័យថាដូរពីប្រជាធិបតេយ្យទៅយកកុម្មុនិស្ដទេ ឬ អ្វីផ្សេងនោះ។ យើងស្រឡាញ់លទ្ធិប្រជាធិបតេយ្យ យើងចង់បានលទ្ធិប្រជាធិបតេយ្យ មិនមែនមានន័យថា បើកាលណាជាប់ឆ្នោតឡើងកាន់អំណាច ហើយប្រព្រឹត្ដអំពើពុករលួយទេ។ យើងមានប្រវត្ដិសាស្រ្ដដូច្នោះជាយូរមកហើយរហូតដល់ពេលនេះ»។ គណបក្ស PAD ធ្លាប់មានឥទ្ធិពលនៅក្នុងនយោបាយរបស់ប្រទេសថៃ ហើយបានជំរុញឲ្យមានការតវ៉ាជាសាធារណ:ប្រឆាំងអតីតនាយករដ្ឋមន្ដ្រី ថាក់ស៊ិន ស៊ីណាវ៉ាត្រ មក។ ក្រុមអាវលឿងចោទលោកថាក់ស៊ិនថា ជាអ្នកប្រើអំណាចផ្ដាច់ការ ប្រព្រឹត្ដអំពើពុករលួយ ហើយមិនស្មោះត្រង់ចំពោះព្រះមហាក្សត្រ។ លោកថាក់ស៊ិនបានបដិសេធការចោទប្រកាន់ទាំងនោះ ប៉ុន្ដែលោកបានត្រូវយោធាទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦ ហើយលោកបានគេចទៅរស់នៅឯបរទេស ដើម្បីជៀសវាងការចាប់ដាក់ពន្ធនាគារ។ គណបក្ស PAD បានវិលទៅធ្វើបាតុកម្មតាមវិថីឡើងវិញ ក្រោយពីសម្ព័ន្ធមិត្ដនយោបាយនៃអតីតនាយករដ្ឋមន្ដ្រី បានយកជ័យជម្នះ ដោយបានទទួលកៅអីភាគច្រើននៅក្នុងរដ្ឋសភាក្នុងឆ្នាំ២០០៧។ ក្រុមអាវលឿង ដែលតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងឆ្នំា២០០៨ បានចូលទៅកាន់កាប់អាកាសយានដ្ឋានរបស់ទីក្រុងបាងកកអស់រយៈពេលមួយសប្ដាហ៍។ ការផ្សះផ្សានយោបាយក្រោយមកបាននាំក្រុមអាវលឿងឲ្យគាំទ្រលោក អភិសិទ្ធ វិចាជីវា ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី។ ចាប់តាំងពីពេលនោះមក ចលនានោះបានបែងចែកជាក្រុមតួចៗដែលអស់មានឥទ្ធិពលខ្លាំងតទៅទៀត។ ក្រៅពីក្រុមនោះ អំពាវនាវសុំមិនឲ្យពលរដ្ឋទៅបោះឆ្នោត ក្នុងការបោះឆ្នោតជាតិនៅពេលខាងមុខនេះ ក្រុមនិយមជ្រុល អំពាវនាវឲ្យផ្អាកទុកលទ្ធិប្រជាធិបតេយ្យ។ ក្រុមនយោបាយផ្សេងមួយទៀត ហៅគណបក្សនយោបាយថ្មី បានបញ្ជូនបេក្ខជនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតខាងមុខនេះ។ ទោះបីនាយករដ្ឋមន្ដ្រី អភិសិទ្ធ វិចាជីវា ដែលគណបក្សរបស់លោកបានឡើងកាន់អំណាចដោយសារតែការតវ៉ារបស់ក្រុមអាវលឿង ក៏មិនបានទទួលការគាំទ្រពីសមាជិកច្រើនរបស់ក្រុមនោះដែរ។ កាលពីដើមឆ្នាំនេះ គណបក្ស PAD បានវិលមកប្រឆាំងលោក អភិសិទ្ធ ដែលមិនបានប្រើនយោបាយខ្លាំងដៃទៅលើប្រទេសជិតខាងគឺប្រទេសកម្ពុជា អំពីរឿងជម្លោះព្រំដែន៕ ប្រែសម្រួលដោយ អ៊ូ ធួក This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |