|
អង្គការសហប្រជាជាតិទទួលរងការស្តីបន្ទោសដោយសារមិនបានធ្វើការឱ្យមានទំនុកចិត្ត Posted: 16 Jun 2011 10:18 AM PDT អង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសេរី (OSJI) របស់សហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មធ្ងន់ៗតបទៅអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះដោយចាត់ទុកថាអង្គការសហប្រជាជាតិបរាជ័យនៅក្នុងការដោះស្រាយបញ្ហាសំខាន់ៗទាក់ទងទៅនឹងជំនឿទុកចិត្តទៅលើសាលាក្តីខ្មែរក្រហមជាពិសេសពាក់ព័ន្ធក្នុងសំណុំរឿង០០៣។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) កាលពីថ្ងៃពុធ ម្សិលម៉ិញនេះ បានទាត់ចោលសេចក្តីប៉ាន់ស្មានដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានាថាសំណុំរឿង០០៣ អាចនឹងត្រូវសាលាក្តីខ្មែរក្រហមបោះបង់ចោល ហើយអង្គការសហប្រជាជាតិមិនបានណែនាំឲ្យធ្វើបែបនេះទេ។ អ្នកនាំពាក្យដដែលក៏បានសង្កត់បញ្ជាក់ថាសហចៅក្រមស៊ើបអង្កេតមិនចាំបាច់ផ្តល់ហេតុផលឬក៏ធ្វើការបកស្រាយជាសាធារណៈអំពីកិច្ចការរបស់ខ្លួននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះអង្គការ OSJI ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កបានចាត់ទុកថាការលើកឡើងរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិមិនបានឆ្លើយតបទៅនឹងចំណោទបញ្ហាសំខាន់ៗដែលទាក់ទងទៅនឹងឯករាជ្យភាព សមត្ថភាពនិងការចាត់ចែងមិនល្អទាក់ទងទៅនឹងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣នោះទេ។ អង្គការ OSJI បន្ថែមថាអង្គការសហប្រជាជាតិក៏បានខកខានផងដែរនៅក្នុងការដោះស្រាយចំពោះការបដិសេធមិនធ្វើការស៊ើបអង្កេតបន្ថែមតាមសំណើរបស់សហព្រះរាជអាជ្ញាបរទេសលោកអាន់ឌ្រូ ខេលី។ លោកជេម ហ្កូលស្កុន (James Goldston) នាយកប្រតិបត្តិអង្គការ OSJI មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថាជំហររបស់អង្គការសហប្រជាជាតិមិនអើពើថាការចោទប្រកាន់ពីភាពមិនត្រឹមត្រូវនៃតុលាការអាចនឹងគួរតែជាប្រធានបទនៅក្នុងការធ្វើការស៊ើបអង្កេតប្រកបទៅដោយឯករាជ្យភាព។ នៅក្នុងពេលជាមួយគ្នានេះដែរ សហព្រះរាជអាជ្ញាបរទេសលោកអាន់ឌ្រូ ខេលី បានដាក់សំណើថ្មីមួយទៅកាន់សហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃពុធម្សិលម៉ិញនេះ ដោយស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតបន្ថែមទៅលើសំណុំរឿង០០៤ អំពីឧក្រិដ្ឋកម្មទៅលើជនជាតិខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តពោធិ៍សាត់និងខេត្តតាកែវ។ លោកអាន់ឌ្រូ ខេលី ក៏បានស្នើសុំឲ្យមានការបើកចំហព័ត៌មានសម្រាប់សាធារណជននិងដើមបណ្តឹងរដ្ឋប្បវេណីមានសក្តានុពលទាក់ទងទៅនឹងការស៊ើបអង្កេតនៅក្នុងសំណុំរឿងនេះ។ លោកឌឹម សុវណ្ណារុំ មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមមិនធ្វើសេចក្តីអត្ថាធិប្បាយទៅលើប្រតិកម្មរបស់អង្គការ OSJI នោះទេ។ ក៏ប៉ុន្តែលោកបញ្ជាក់អំពីការដាក់សំណើឲ្យមានការស៊ើបអង្កេតបន្ថែមរបស់សហព្រះរាជអាជ្ញាបរទេសថា នេះគឺជាដំណើការនៃការិយាល័យនីមួយៗ ដោយឯករាជ្យនៅក្នុងសាលាក្តីខ្មែរក្រហម។ «ដូច្នេះសបញ្ជាក់ឲ្យឃើញថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានការិយាល័យរៀងៗខ្លួនកំពុងធ្វើកិច្ចការរបស់ខ្លួនទៅតាមនីតិវិធីច្បាប់»។ ស្របពេលជាមួយនឹងការស្តីបន្ទោសរបស់អង្គការ OSJI ទៅលើអង្គការសហប្រជាជាតិនិងសំណើសុំឲ្យមានការស៊ើបអង្កេតទៅលើសំណុំរឿង០០៤ ដែលស្ថិតនៅក្នុងការសម្ងាត់នៅឡើយនោះ ក្រុមមន្រ្តីឃ្លាំមើលសាលាក្តីខ្មែរក្រហមលើកឡើងថា ភាពចម្រូងចម្រាសហាក់បីដូចជាកើតឡើងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះទាក់ទងទៅនឹងសំណុំរឿង០០៣ និងសំណុំរឿង០០៤។ ក៏ប៉ុន្តែសហព្រះរាជអាជ្ញាបរទេសនិងអង្គការសង្គមស៊ីវិលបានប្រឹងប្រែងជំរុញសំណុំរឿងទាំងពីរនេះឲ្យទៅមុខ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ថា ការខ្វែងគំនិតគ្នានៅក្នុងពេលនេះមិនមែនជាគ្រោះថ្នាក់សម្រាប់សាលាក្តីខ្មែរក្រហមនោះទេ។ «យើងមើលទៅទាំងអស់គឺសុទ្ធតែមានការខ្វែងគំនិតគ្នា។ នេះមិនមែនបានន័យថាជាបញ្ហាទេ ការខ្វែងគំនិតគ្នានេះ ដោយសារយើងខ្វល់ខ្វាយអំពីយុត្តិធម៌សម្រាប់អនាគតមួយរបស់កម្ពុជានិងជនរងគ្រោះ»។ ដោយឡែកលោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា លោកគាំទ្រចំពោះជំហររបស់អង្គការ OSJI និងជំហររបស់លោក អាន់ឌ្រូ ខេលី នៅក្នុងពេលនេះ៕ This posting includes an audio/video/photo media file: Download Now |
សភាកម្ពុជាអនុម័តច្បាប់កំណត់ព្រំដែនតំបន់ត្រីកោណជាមួយឡាវនិងវៀតណាម Posted: 16 Jun 2011 12:00 PM PDT រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ដ៏មានសារៈសំខាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការកំណត់ចំណុចប្រសព្វនៃខ្សែព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាមនៅតំបន់ត្រីកោណ ទោះបីជាមានការជំទាស់ពីគណបក្សប្រឆាំងក៏ដោយ។ សមាជិករដ្ឋសភាចំនួន៨៣រូបនៃសមាជិករដ្ឋសភាវត្តមានចំនួន១០០រូបបានលើកដៃអនុម័តអនុសញ្ញារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាមស្តីពីការកំណត់ចំណុចប្រសព្វនៃខ្សែព្រំដែនរបស់ប្រទេសទាំងបីដែលបានចុះហត្ថលេខាដោយលោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជាក្នុងខែ សីហា ឆ្នាំ២០០៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ តំបន់ត្រីកោណនេះ បានគ្របដណ្តប់ខេត្តចំនួនបួនរបស់ប្រទេសកម្ពុជា គឺខេត្តរតនៈគីរី ស្ទឹងត្រែង មណ្ឌលគីរី និងក្រចេះ ជាមួយខេត្តចំនួនបីរបស់ប្រទេសឡាវ ហើយខេត្តបួនរបស់ប្រទេសវៀតណាម។ តំបន់អភិវឌ្ឍន៍ត្រីកោណនេះបានស្ថិតនៅចម្ងាយប្រមាណ៣២០គីឡូម៉ែត្រភាគឦសាននៃទីក្រុងភ្នំពេញ។ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់សម័យប្រជុំរដ្ឋសភាថា ភាគីទាំងបីត្រូវបោះបង្គោលព្រំដែនមួយដែលផលិតអំពីថ្មក្រានីតត្រង់ចំណុចពិតប្រាកដនៃចំណុចប្រសព្វនៃខ្សែព្រំដែនប្រទេសទាំងបី និងចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់បង្គោលព្រំដែនត្រូវបានបង្ខិតខូចខាត ឬ បំផ្លិចបំផ្លាញ។ «អនុញ្ញាតនេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ប្រទេសទាំងបីនិងសម្រាប់ពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពរវាងគ្នានិងគ្នានិងដើម្បីកសាងតំបន់ត្រីកោណមួយជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសជិតខាងទាំងបីកម្ពុជា ឡាវ និងវៀតណាម»។ តាមអនុសញ្ញានេះ ភាគីនីមួយៗមិនអាចបង្ខិត ឬផ្លាស់ប្តូរទម្រង់បង្គោលព្រំដែន ឬកសាងបង្គោលព្រំដែនថ្មីណាមួយជាឯកតោភាគីទេ។ ក្នុងករណីភាគីណាមួយសង្កេតឃើញថាបង្គោលព្រំដែនត្រូវបានបង្ខិតឬខូតខាតឬត្រូវបានបំផ្លិចបំផ្លាញ ភាគីនោះត្រូវផ្តល់ដំណឹងដល់ភាគីផ្សេងទៀតឲ្យបានឆាប់បំផុត។ លោកស្រី កែ សុវណ្ណរ័ត្ន តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងក្នុងសម័យប្រជុំរដ្ឋសភាថា គណបក្ស សម រង្ស៊ី គឺដឹងប្រាកដថា ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនៅមិនទាន់ច្បាស់លាស់ទេហើយប្រទេសកម្ពុជាបានបាត់បង់ទឹកដីទៅខាងប្រទេសវៀតណាម។ ដូច្នេះគណបក្សសម រង្ស៊ី មិនគាំទ្រអនុសញ្ញានេះទេ។ «គណបក្សសម រង្ស៊ី មិនគាំទ្រសេចក្តីព្រាងច្បាប់នេះទេ។ យើងមិនគួរអនុម័ត(អនុសញ្ញានេះ)ទេ បើយើងអនុម័ត វាមានន័យថាយើងទទួលស្គាល់ (ការបោះបង្គោលព្រំដែននេះ) ជាផ្លូវការ។ អញ្ចឹង យើងក៏ទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រដែរ»។ លោកស្រីកែ សុវណ្ណរ័ត្ន បានបន្តថា អនុសញ្ញាសម្រាប់ការបោះបង្គោលព្រំដែនរួមប្រទេសទាំងបីនេះ មិនមានការបើកចំហ មិនមានលក្ខណៈបច្ចេកទេសច្បាស់លាស់ និងមិនមានការចូលរួមពីគណបក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាល។ គណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សប្រឆាំង បានធ្វើពហិកាមិនចូលរួមនៅក្នុងសម័យប្រជុំទេ។ ប្រទេសឡាវបានផ្តល់សច្ចាប័នលើអនុសញ្ញានេះ កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០០៩។ ដោយឡែក ប្រទេសវៀតណាមកំពុងរៀបចំនីតិវិធីសុំការអនុម័តពីរដ្ឋសភា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |