|
- អង្គបុរេសាលាក្តីខ្មែរក្រហមសម្រេចព្យួរការបង្គាប់បញ្ជារបស់ចៅក្រមស៊ើបអង្កេតលើករណី០០៣
- តុលាការកោះហៅគណបក្សសម រង្ស៊ីពីរឿងរបាយការណ៍ហិរញ្ញវត្ថុ
- ពលរដ្ឋបឹងកក់មិនពេញចិត្តនឹងគណៈកម្មការវាស់វែងដីធ្លី
អង្គបុរេសាលាក្តីខ្មែរក្រហមសម្រេចព្យួរការបង្គាប់បញ្ជារបស់ចៅក្រមស៊ើបអង្កេតលើករណី០០៣ Posted: 13 Jun 2011 10:59 AM PDT ប្រធានអង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមលោកចៅក្រម ប្រាក់ គឹមសាន បានសម្រេចនៅថ្ងៃច័ន្ទនេះឲ្យការិយាល័យសហចៅក្រមស៊ើបអង្កេតព្យួរការអនុវត្តការបង្គាប់បញ្ជាឲ្យមានការដកនៅផ្នែកខ្លះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់សហព្រះរាជអាជ្ញាបរទេស។ លោកចៅក្រមប្រាក់ គឹមសាន ទំនងជាចាត់ទុកថា ការបញ្ជារបស់សហចៅក្រមស៊ើបអង្កេត បានធ្វើឡើងយឺតពេលទៅហើយ។ កាលពីថ្ងៃទី១៨ខែឧសភា សហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោក Siegfried Blunk បានបង្គាប់បញ្ជាឲ្យលោកអាន់ឌ្រូ ខេលី សហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេសដកចេញនូវផ្នែកសំខាន់ៗនៃសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅក្នុងសំណុំរឿង០០៣ ដោយចាត់ទុកថា សេចក្តីថ្លែងការណ៍នោះបានរំលោភទៅលើភាពសម្ងាត់នៃការស៊ើបអង្កេត។ សេចក្តីថ្លែងការណ៍ ដែលលោកខេលី បានផ្សាយ១០ថ្ងៃមុនសេចក្តីបង្គាប់នោះបានបង្ហាញទីតាំងឧក្រិដ្ឋកម្ម បទឧក្រិដ្ឋមួយចំនួនដែលសាធារណជនមិនធ្លាប់បានទទួលដំណឹងក្នុងការស៊ើបអង្កេតរបស់ចៅក្រមនៅក្នុងសំណុំរឿងនេះទេ។ ក៏ប៉ុន្តែលោកអាន់ ឌ្រូខេលី បានជំទាស់ទៅនឹងការបញ្ជានេះ ហើយក៏បានដាក់ប្តឹងឧទ្ធរណ៍ទៅកាន់អង្គបុរេជំនុំជម្រះ។ នៅក្នុងសេចក្តីសម្រេចនៅថ្ងៃនេះ ដែល VOA សំឡេងសហរដ្ឋអាមេរិកទទួលបាន លោកចៅក្រម បា្រក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះចាត់ទុកថា សេចក្តីថ្លែងការណ៍របស់លោកអាន់ឌ្រូ ខេលី និងស្ថិតនៅជាឯកសារសាធារណៈដដែលបើទោះបីជាលោកអាន់ឌ្រូ ខេលី ដកចេញនៅផ្នែកខ្លះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក៏ដោយ។ លោកបា្រក់ គឹមសាន បានសរសេរថា អង្គបុរេជំនុំជម្រះបង្គាប់ឲ្យព្យួរការអនុវត្តទៅលើបញ្ជារបស់សហចៅក្រមស៊ើបអង្កេត រហូតទៅដល់មានការសម្រេចជាចុងក្រោយទៅលើបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជាអាជ្ញាបរទេស។ លោកឌឹម សុវណ្ណារុំ មន្រ្តីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានទទួលស្គាល់ថា មានការសម្រេចនោះមែន។ «នេះជាការសម្រេចព្យួរទុកពេលវេលា ដោយរង់ចាំអង្គបុរេជំនុំជម្រះ និងសម្រេចទៅលើចំណុចនេះនាពេលក្រោយ»។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានអធិប្បាយថា នេះគឺជាជោគជ័យនៃការតស៊ូរបស់សហព្រះរាជអាជ្ញាបរទេស ហើយគឺជាការសម្រេចយ៉ាងត្រឹមត្រូវ។ «ការសម្រេចចិត្តនេះ ខ្ញុំគិតថាវាត្រឹមត្រូវហើយទទួលយកបាន បង្ហាញអំពីភាពកម្សោយកាន់តែខ្លាំងឡើងរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត»។ សូមបញ្ជាក់ថាសំណុំរឿង០០៣ ត្រូវគេដឹងក្រៅផ្លូវការថា មានជនជាប់សង្ស័យចំនួនពីរនាក់ ក៏ប៉ុន្តែ ព័ត៌មានទាំងអស់ ដែលទាក់ទងទៅនឹងដំណើរការស៊ើបអង្កេតនៅក្នុងសំណុំរឿងនេះ ត្រូវបិទជិតលើកលែងតែសេចក្តីជូនដំណឹងរបស់សហចៅក្រមស៊ើបអង្កេត ដែលបានប្រកាសថាការស៊ើបអង្កេតរបស់ខ្លួនទៅលើសំណុំរឿងដ៏ចម្រូងចម្រាសនេះបានបិទចប់សព្វគ្រប់ទៅហើយ៕ This posting includes an audio/video/photo media file: Download Now |
តុលាការកោះហៅគណបក្សសម រង្ស៊ីពីរឿងរបាយការណ៍ហិរញ្ញវត្ថុ Posted: 13 Jun 2011 12:41 PM PDT មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ី បានបង្ហាញពីជំហរស្ទាក់ស្ទើរនៅឡើយថា តើគណបក្សរបស់លោកនឹងត្រូវបង្ហាញមុខនៅក្នុងតុលាការក្រុងភ្នំពេញទាក់ទិនទៅនឹងបណ្តឹងថ្មីមួយទៀតដែលប្តឹងដោយក្រសួងមហាផ្ទៃឬក៏យ៉ាងណា។ ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៧ បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅតុលាការក្រុងភ្នំពេញអំពីភាពយឺតយ៉ាវរបស់គណបក្សសម រង្ស៊ី ក្នុងការធ្វើរបាយការណ៍អំពីសកម្មភាពរបស់គណបក្សកាលពីឆ្នាំ២០០៦។ រហូតមកដល់ពេលនេះ មានអាយុកាលប្រមាណជាងបួនឆ្នាំមកហើយ តុលាការក្រុងភ្នំពេញទើបតែកំណត់ពេលនៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ ដើម្បីបើកសវនាការជំនុំជម្រះចំពោះករណីនេះ។ លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះ ថាលោកនឹងឲ្យមន្រ្តីរបស់លោកពិនិត្យចំពោះសវនាការនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកសម រង្ស៊ី បានអះអាងថា លោកមិនអើពើចំពោះតុលាការកម្ពុជាទេ។ «ជាការចោទប្រកាន់លើគោកមួយទៀត ចោទប្រកាន់ចំពោះគណបក្សសម រង្ស៊ី ដែលសឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចសព្វថ្ងៃគឺគេភ័យខ្លាចគណបក្សសម រង្ស៊ី ហើយគេខ្លាចគណបក្សសម រង្ស៊ីមួយគត់។ អញ្ចឹងហើយបានគេរករឿងតែគណបក្សសម រង្ស៊ី មួយគត់»។ យោងតាមដីកាកោះហៅដែលបានចេញកាលពីថ្ងៃទី០៦ ដែលមានចុះហត្ថលេខាដោយលោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបានបង្គាប់ឲ្យលោកសម រង្ស៊ី ចូលខ្លួននៅក្នុងសវនាការជំនុំជម្រះនៅថ្ងៃទី២២ខែមិថុនាខាងមុខនេះ។ លោកហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បានមានប្រសាសន៍ថាសវនាការនេះធ្វើឡើងតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធទៅនឹងច្បាប់បង្កើតគណបក្សនយោបាយ។ លោកបានមានប្រសាសន៍ថា ប្រសិនណាបើតុលាការរកឃើញទោសកំហុសគណបក្សសម រង្ស៊ី និង ត្រូវផាកពិន័យប្រមាណ៣.០០០.០០០រៀល គឺស្មើនឹងជាង៥០០ដុល្លារសហរដ្ឋអាមេរិក។ «បណ្តឹងតាំងពីឆ្នាំ២០០៧ នៅពេលដែលយើងអត់ធ្វើរបាយការណ៍ទៅតាមច្បាប់គណបក្សនយោបាយគេត្រូវ(ធ្វើ)របាយការណ៍យ៉ាងម៉េចៗហើយត្រូវមានការផ្តន្ទាទោសពិន័យខាងមហាផ្ទៃគេសុំឲ្យផ្តន្ទាទោស»។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា តុលាការត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ។ លោកបានមានប្រសាសន៍ទៀតថាគណបក្សសម រង្ស៊ី បានធ្វើរបាយការណ៍ស្តីពីសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០០៦មកម្ល៉េះហើយក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានទទួលរួចរាល់អស់ហើយ។ «យើងកត់សម្គាល់ឃើញថា ពាក្យបណ្តឹងទុកចោលតាំងពីឆ្នាំ២០០៦ ហើយទើបតែមករករឿង នាំរឿងនៅពេលនេះ។ នេះជារឿងមួយ ដែលវាអត់មានសារៈសំខាន់អ្វីទាល់តែសោះ ដើម្បីជជែកវែកញែកអំពីរឿងហ្នឹងសំខាន់គឺក្រសួងមហាផ្ទៃត្រូវគិតបញ្ហាជាអាយុជីវិតជាតិ»។ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោកបានមានប្រសាសន៍ប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិកថា ក្រសួងមហាផ្ទៃមិនមែនប្តឹងតែគណបក្សសម រង្ស៊ី មួយទេ គឺមានគណបក្សចំនួនប្រាំពីរផ្សេងទៀតដែលបានយឺតយ៉ាវក្នុងការធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃ។ «គណបក្សនយោបាយត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំមកក្រសួងមហាផ្ទៃសកម្មភាពនិងថវិកាអ្វីៗច្បាប់គេថាអញ្ចឹង។ បើគាត់មិនធ្វើមកវាខុសច្បាប់។ (បើ)ខុសច្បាប់ក្រសួងប្តឹងដាក់ពាក្យឡើងតុលាការផាកពិន័យប្រមាណ៣លានរៀល»។ លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើការបោះឆ្នោតមួយ ដែលហៅកាត់ ថា Comfrel បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ គួរតែចេញលិខិតព្រមានដល់គណបក្សសម រង្ស៊ី ជាមុន មុននឹង សម្រេចប្តឹងទៅតុលាការ។ លោកបានមានប្រសាសន៍ទៀតថា នៅពេលដែលមានសវនាការជំនុំជម្រះក្តីជិតដល់ពេលបោះឆ្នោត នោះ នឹងធ្វើឲ្យបរិយាកាសនយោបាយវិលវល់៕ This posting includes an audio/video/photo media file: Download Now |
ពលរដ្ឋបឹងកក់មិនពេញចិត្តនឹងគណៈកម្មការវាស់វែងដីធ្លី Posted: 13 Jun 2011 12:07 PM PDT នៅថ្ងៃច័ន្ទនេះ អ្នកភូមិដែលប្រឈមនឹងការបណ្តេញចេញពីតំបន់បឹងកក់ក្នុងទីក្រុងភ្នំពេញបានស្នើសុំគណៈកម្មការវាស់វែងដីធ្លីរបស់សាលារាជធានីភ្នំពេញឱ្យបញ្ឈប់សកម្មភាពវាស់វែងក្បាលដីរបស់ពួកគាត់ជាបណ្តោះអាសន្ន សម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង ដោយសារគ្មានតម្លាភាព។ សាលារាជធានីភ្នំពេញបានបង្កើតគណៈកម្មការវាស់វែងក្បាលដីនៅសហគមន៍បឹងកក់ ប៉ុន្តែបានបដិសេធសំណើសុំចូលរួមរបស់តំណាងសហគមន៍បឹងកក់និងអង្គការក្រៅរដ្ឋាភិបាល។ គណៈកម្មការនេះបានចាប់ផ្តើមធ្វើការវាស់វែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បានថ្លែងថាអ្នកភូមិបឹងកក់មិនផ្តិតមេដៃលើឯកសារវាស់វែង ក្បាលដីរបស់គណៈកម្មការនេះទេដោយសារការវាស់វែងនេះ អត់មានតម្លាភាពអត់មានយុត្តិធម៌និងទម្រង់ឯកសារសម្រាប់ឱ្យម្ចាស់ក្បាលដីផ្តិតមេដៃ មិនមានលក្ខណៈរដ្ឋបាលត្រឹមត្រូវ។ អ្នកស្រី ទេព វណ្ណី បានបញ្ជាក់ថាអ្នកភូមិបឹងកក់បានសុំឱ្យគណៈកម្មការវាស់វែងក្បាលដីនៅសហគមន៍បឹងកក់ផ្អាកការងារចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់មានការបញ្ចូលតំណាងសហគមន៍បឹងកក់ចំនួន១៤នាក់ ក្នុងគណៈកម្មការវាស់វែងក្បាលដី ដើម្បីឱ្យមានតម្លាភាពនិងយុត្តិធម៌។ «គ្មានឈ្មោះតំណាងឱ្យអ្នកវាស់វែងណាមួយ ដើម្បីបញ្ជាក់ថាក្រដាសនេះមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់។ អញ្ចឹងប្រជាពលរដ្ឋរបស់ខ្ញុំអត់អាចផ្តិតមេដៃបាន។ គាត់សុំផ្អាកការវាស់វែងក្បាលដីនេះជាបណ្តោះអាសន្ន រហូតដល់បានដាក់បញ្ចូលតំណាងសហគមន៍បឹងកក់របស់ខ្ញុំក្នុងមួយភូមិពីររូប ដើម្បីឱ្យចូលរួមក្នុងការអង្កេត ដើម្បីឱ្យមានតម្លាភាពនិងទំនុកចិត្តទៅដល់ប្រជាពលរដ្ឋទើបគាត់អាចយល់ព្រមឱ្យមានការវាស់វែងក្បាលដីនេះ បន្តទៅទៀត»។ គណៈកម្មការវាស់វែងក្បាលដីនេះ រួមមានមន្ទីរសុរិយោដីរាជធានីភ្នំពេញ ខណ្ឌដូនពេញ សង្កាត់ស្រះចក និងក្រុមហ៊ុនអភិវឌ្ឍន៍។ អ្នកស្រី លី ស្រីមុំ តំណាងសហគមន៍បឹងកក់ម្នាក់ទៀត បានថ្លែងថាការវាស់វែងមិនបានដាក់បញ្ជាក់ច្បាស់លាស់ពីទំហំផ្ទះនិងទំហំដីជាក់ស្តែងរបស់ពួកគាត់ដែលកំពុងកាន់កាប់។ «ការវាស់វែងមិនពិតប្រាកដមិនជាក់លាក់។ វាបង្ហាញនូវភាពមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋនិងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ។ យើងស្នើសុំឱ្យលិខិតដែលវាស់វែងនេះ មានឡូហ្គោសាលារាជធានីភ្នំពេញ ដើម្បីជាសម្គាល់អំពីការវាស់វែង និងការទទួលខុសត្រូវរបស់សាលារាជធានីភ្នំពេញ។ យើងបានធ្វើលិខិតស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងឱ្យជាក់លាក់ និងមានការទទួលខុសត្រូវពីសាលារាជធានីភ្នំពេញ»។ លោកហែម ឫទ្ធី នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ បានថ្លែងប្រាប់អ្នកភូមិបឹងកក់ថាលោក នឹងយកសំណូមពរទាំងនេះទៅធ្វើការពិចារណានៅក្នុងគណៈកម្មការវាស់វែងក្បាលដីនេះហើយដាក់ជូនទៅលោកអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសម្រេច។ កាលពីខែ ឧសភា ធនាគារពិភពលោក បានកត់សម្គាល់ថាធនាគារកំពុងលើកទឹកចិត្តឱ្យភាគីទាំងអស់ សម្រេចដល់ដំណោះស្រាយនិងក្នុងរយៈពេលអន្តរកាលនេះនឹង តាមឃ្លាំមើលយ៉ាងជិតដិតនូវការរីកចម្រើននៃការចរចានេះ។ ក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុន Sukaku Inc. ធ្វើការអភិវឌ្ឍក្នុងតម្លៃ៧៩លានដុល្លារអាមេរិក សម្រាប់រយៈពេល៩៩ឆ្នាំ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |