|
- ប្រតិកម្មរិះគន់លើក្រុមចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមកើនឡើង
- អង្គការសិទ្ធិមនុស្សមើលឃើញការរិតត្បិតលើផ្នែកអ៊ីនធឺណិត
- កម្ពុជាអំពាវនាវរកអ្នកស្ម័គ្រផ្តល់ឈាមបន្ថែមទៀត
ប្រតិកម្មរិះគន់លើក្រុមចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមកើនឡើង Posted: 14 Jun 2011 10:32 AM PDT នៅពេលដែលបុគ្គលិកអន្ដរជាតិសំខាន់ៗរបស់ខ្លួនបានដើរចេញពីការងារយ៉ាងហោចណាស់ប្រាំនាក់ ក្នុងរយៈពេលប្រមាណជាបីខែតែប៉ុណ្ណោះ សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម បានបញ្ចេញប្រតិកម្មប្រកបដោយការចំអកដោយសំអាងថាពួកខ្លួននៅតែបន្ដធ្វើការជាមួយនឹងបុគ្គលិកដែលនៅសេសសល់ហើយក៏អាចជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លីផងដែរ ដើម្បីបន្ដការងាររហូតចប់ចុងចប់ដើម។ នៅក្នុងចំណោមក្រុមមន្ដ្រីដែលបានលាឈប់ពីការងារទាំងនោះ មានបួននាក់គឺជាជំនួយការផ្នែកច្បាប់ និង ម្នាក់ទៀត គឺជាជំនាញការផ្នែកច្បាប់។ ចលនានៃការចាកចេញដែលសេចក្ដីរាយការណ៍នានាទម្លាយថា បាន ចាប់ផ្ដើមចាប់តាំងពីខែមេសាមកម្ល៉េះ បានធ្វើឲ្យបុគ្គលិកនៅក្នុងផ្នែកស៊ើបអង្កេតក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតនៅសល់ប្រមាណជាបីទៅបួននាក់តែប៉ុណ្ណោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីល្ងាចថ្ងៃអាទិត្យ សហចៅក្រមស៊ើបអង្កេត លោក យូ ប៊ុនឡេង និងលោក ស៊ិកហ៊្រ្វិក ប៊្លុង បានលើកឡើងថា មានបុគ្គលិកសាលាក្ដីបានឈប់ពីការងារដើម្បីប្រឆាំងជំទាស់ទៅនឹងការបិទបញ្ចប់ការស៊ើបអង្កេតនៅក្នុងសំណុំរឿង០០៣ ដ៏ចម្រូងចម្រាស់។ ក៏ប៉ុន្ដែសហចៅក្រមទាំងពីរអះអាងថា ការលាឈប់ពីការងារនោះ ដោយសារតែបុគ្គលិកទាំងនោះ រកបានការងារថ្មីនៅខាងក្រៅសម្រាប់ធ្វើរួចទៅហើយ។ ហើយសហចៅក្រមស៊ើបអង្កេតចាត់ទុកថាការចាកចេញនោះជាការប្រឆាំងទៅនឹងការបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣នោះ គឺជាការបំប្លែងការណ៍ពិត។ មន្ដ្រីចំនួនបួននាក់ក្នុងចំណោមមន្ដ្រីតុលាការដែលបានលាឈប់ពីការងារបានបដិសេធផ្ដល់ការអត្ថាធិប្បាយ ណាមួយទាក់ទងនឹងការចាកចេញរបស់ពួកគេ។ ថ្វីបើយ៉ាងនេះក្ដីមន្ដ្រីសង្គមស៊ីវិលមើលឃើញពីភាពចុះខ្សោយនិងការមិនចុះសម្រុងគ្នានៅក្នុងការដឹកនាំស៊ើបអង្កេត ដែលទាក់ទងនឹងសំណុំរឿងបន្ថែមលេខ០០៣នេះ។ លោកហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យចាត់ទុកថា សេចក្ដីថ្លែងការណ៍ របស់សហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃអាទិត្យនឹងធ្វើឲ្យកាន់តែមានភាពស្មុគ្រស្មាញនិងបង្កការព្រួយបារម្ភកាន់តែខ្លាំង។ ម្យ៉ាងវិញទៀតវាបានបង្ហាញពីការមិនយកចិត្តទុកដាក់ពីក្រុមសហចៅក្រមស៊ើបអង្កេតលើសំណុំរឿង។ «វាជាការចំអក ហើយដូចជាជំរុញ និងមិនខ្វល់។ វាជាការណ៍ចម្លែកមែនពីព្រោះថា ភាគច្រើនខ្មែរយើងប្រើរបៀបនេះ មិនដែលឃើញចៅក្រមស៊ើបអង្កេតមកពីប្រទេសក្រៅមានទង្វើដូច្នេះដែរ។ នេះពិតជាពិបាកយល់ហើយ ជាការណ៍ចម្លែក»។ លោកហង្ស ឆាយា ជឿថា ប្រសិនបើសហចៅក្រមស៊ើបអង្កេតរក្សាជំហបែបនេះវានឹងមានបញ្ហាតទៅទៀត។ ដោយឡែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ការសោះអង្គើយរបស់សហចៅក្រមស៊ើបអង្កេតដែលបានស្ដែងចេញក្នុងប្រតិកម្មរបស់ខ្លួនបានបង្ហាញថា ការិយាល័យនេះមិនទាន់មានសកម្មភាពអ្វីជាដុំកំភួនទេ។ ហើយការប្រមូលផ្ដុំនៅលើសហចៅក្រមស៊ើបអង្កេត។ «អ្នកដែលសុំលាលែង ដូចថាជារឿងបុគ្គល បញ្ហាអាជីពយ៉ាងណាក៏ដោយឆ្លុះបញ្ចាំងអំពីដំណើការមួយដែលមិនអាចទទួលយកបានក្នុងអង្គភាពនេះ។ ហើយខ្ញុំគិតថាការលាលែងនៅពេលដែលសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពនេះបាននិយាយប៉ះពាល់ដល់ដំណើការរបស់ខ្លួន គឺរិតតែឆ្លុះបញ្ចាំងកាន់តែច្បាស់ថែមទៀតថា ខាងការិយាល័យនេះគ្មានធ្វើអ្វីទាល់តែសោះ ទោះបីជាបុគ្គលិកច្បាប់ឈប់ប៉ុណ្ណឹងហើយវាអត់មានផលប៉ះពាល់ទៅទៀត។ បានន័យថា កិច្ចការទាំងឡាយ គឺត្រូវបានធ្វើឡើងដោយមនុស្សម្នាក់ ហើយអ្នកដទៃទៀត គ្មានការចូលរួម ហើយគ្មានយន្តការមួយដែលរកយុត្តិធម៌សម្រាប់ប្រយោជន៍ជនរងគ្រោះទាំងអស់គ្នា»។ កាលពីចុងខែមេសា សហចៅក្រមស៊ើបអង្កេត បានប្រកាសពីការបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង០០៣នេះ។ សហព្រះរាជអាជ្ញាអន្ដរជាតិលោកអាន់ឌ្រូ ខេលី បានស្នើឲ្យមានការស៊ើបអង្កេតបន្ថែម លើសំណុំរឿងនេះ ដោយខ្លួនយល់ថា សហចៅក្រមមិនបានធ្វើការពេញលេញក្នុងការស៊ើបអង្កេតនោះទេ។ មន្រ្ដីអង្គការសង្គមស៊ីវិល បានស្ដីបន្ទោសពីភាពស្ងៀមស្ងាត់ក្នុងការស៊ើបអង្កេតរបស់ចៅក្រមក្នុងសាលាក្ដីខ្មែរក្រហម ហើយបានយល់ថា ចៅក្រមមិនបានចុះទៅធ្វើការស៊ើបអង្កេតផ្ទាល់កន្លែងនោះទេ ពោលគឺធ្វើការងារ តាមឯកសារតែប៉ុណ្ណោះ។ កាលពីថ្ងៃទី ៨ ខែមិថុនានេះ អង្គការលើកលែងទោសអន្ដរជាតិ Amnesty International ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បានអះអាងថា សហចៅក្រមមិនបានកោះហៅជនសង្ស័យមកចោទសួរ មិនបានសួរសាក្សី ឬ ជនរងគ្រោះនោះទេ។ សហចៅក្រមមិនបានសាកសួរយោបល់អ្នកជំនាញ ឬព័ត៌មាន ឬជំនួយពីរដ្ឋណាមួយ ពីអង្គការសហប្រជាជាតិ ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ សេចក្ដីរាយការណ៍នានាបង្ហាញថាចាប់តាំងពីការបិទបញ្ចប់ការស៊ើបអង្កេតនោះមក ជនបរទេសដែលទទួលបានកិច្ចសន្យាការងាររយៈពេលវែងនៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត បានបោះបង់ការងារមុនការបញ្ចប់ កិច្ចសន្យា។ លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក បាន ហៅការវិវត្តន៍របស់សាលាក្ដីថា ជាសញ្ញាអវិជ្ជមាន។ «មានន័យថា វាជាសញ្ញាអវិជ្ជមានមួយទាក់ទងនឹងកិច្ចការរបស់ការិយាល័យសហចៅក្រមស៊ើបង្កេតអន្ដរជាតិ»។ រដ្ឋាភិបាលកម្ពុជាបានជំទាស់ម្ដងហើយម្ដងទៀតថាការស៊ើបអង្កេតនិងការតាមចាប់ខ្លួនជនសង្ស័យចំនួនប្រាំនាក់ក្នុងសំណុំរឿងបន្ថែម ០០៣ និង០០៤។ លោកសហព្រះរាជអាជ្ញាអន្ដរជាតិរ៉ូប៊ែ ប៉ឺទី (Robert Petit) បានលាឈប់ពី ការងារកាលពីឆ្នាំ២០០៩ បន្ទាប់ពីលោកស្នើឲ្យមានការស៊ើបអង្កេតករណីទាំងពីរនេះ ហើយមានការខ្វែងគ្នា យ៉ាងខ្លាំងក្លាជាមួយសមភាគីកម្ពុជា។ សហចៅក្រមស៊ើបអង្កេតខាងភាគីកម្ពុជានៅក្នុងសាលាក្ដី ក៏បានបដិសេធមិនធ្វើការស៊ើបអង្កេតក្នុងសំណុំរឿងទាំងនេះដែរ។ ដូច្នេះការស៊ើបអង្កេតត្រូវធ្វើឡើងជាលក្ខណៈឯកតោភាគីដោយសហចៅក្រមអន្ដរជាតិ។ ក៏ប៉ុន្ដែនៅពេលនេះភាពប្រទាញប្រទង់មិនមែនស្ថិតនៅតែក្នុងរង្វង់ភាគីកម្ពុជានិងភាគីអង្គការសហប្រជាជាតិក្នុងសំណុំរឿងទាំងនេះទេ។ ការស្ដីបន្ទោសកើតឡើងទៅលើភាគីអង្គការសហប្រជាជាតិដូចគ្នាផងដែរ។ កាលពីសប្ដាហ៍មុនសហចៅក្រមទាំងពីរ បានព្រមានចាត់វិធានការទៅលើការលួចបញ្ចេញឯកសារសម្ងាត់ទាក់ទងទៅនឹងការស៊ើបអង្កេត។ ការព្រមានបែបនេះដែលបានធ្វើឡើង បន្ទាប់ពីមានការបង្ហើបព័ត៌មានជាសាធារណៈរបស់សហព្រះរាជអាជ្ញាបរទេសលោកអាន់ឌ្រូ ខេលី ទាក់ទងនឹងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ ដែលសហចៅក្រមចាត់ទុកថា គឺជាការរំលោភដល់ភាពសម្ងាត់នៃការស៊ើបអង្កេត។ បើទោះជាសាលាក្ដីមិនបានបញ្ចេញឈ្មោះជនសង្ស័យក្នុងសំណុំរឿង០០៣ ក៏ប៉ុន្ដែជនសង្ស័យទាំងពីររូបត្រូវគេឮសុះសាយថា គឺជា លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹក និងលោកស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាសខ្មែរក្រហម។ តាមរយៈការពុះកញ្ជ្រោលចុងក្រោយទាក់ទងទៅនឹងការខ្វែងគំនិតគ្នាក្នុងសំណុំរឿង០០៣ និង០០៤ កង្វល់ ចំពោះការបោះបង់ចោលសំណុំរឿងទាំងពីរនេះនៅតែមានក្នុងចំណោមក្រុមអ្នកឃ្លាំមើលសាលាក្ដី។ ផ្ទុយទៅ វិញ លោក ឌឹម សុវណ្ណារុំ មន្ដ្រីទទួលបន្ទុកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមនៅតែអះអាងថា សហចៅក្រមស៊ើបអង្កេតកំពុងធ្វើការទៅលើសំណុំរឿងទាំងពីរនេះតទៅទៀត។ «សំណុំរឿង០០៣ និង០០៤ ការិយាល័យសហចៅក្រមស៊ើបអង្កេត សហចៅក្រមស៊ើបអង្កេតកំពុងតែធ្វើកិច្ចការរបស់ខ្លួន»។ នៅល្ងាចថ្ងៃអង្គារនេះ អង្គការច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Open Society Justice Initiative (OSJI) បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនដោយលើកពីចំណោទនៃការជ្រៀតជ្រែកនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងទាំងពីរនេះហើយនឹងអវត្តមាននៃអន្ដរាគមន៍របស់សហគមន៍ផ្ដល់ជំនួយ។ OSJI ស្ដីបន្ទោសថា សហគមន៍ផ្ដល់ជំនួយផ្ដោតសារសំខាន់តែលើសំណុំរឿង ០០២ និងលើកពីបញ្ហាថវិកា ហើយជំហរនេះ បានខកខានមិនទទួលស្គាល់ការជ្រៀតជ្រែកនយោបាយលើសំណុំរឿងនេះឡើយ៕ This posting includes an audio/video/photo media file: Download Now |
អង្គការសិទ្ធិមនុស្សមើលឃើញការរិតត្បិតលើផ្នែកអ៊ីនធឺណិត Posted: 14 Jun 2011 10:03 AM PDT មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការគាបសង្កត់លើប្រព័ន្ធអ៊ីនធឺណិត ដែលបង្កឲ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ទើបបានចាប់ផ្តើមរីកចម្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងក្រសួងប្រៃសណីយ៍ មានមន្រ្តីមួយចំនួនបានប្រកាសថា ចង់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតទាំងស្រុង ដោយបានបញ្ជាឲ្យក្រុមហ៊ុនមួយចំនួនបិទគេហទំព័រដែលហ៊ានរិះគន់រដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនមួយចំនួន ដែលផ្តល់សេវាកម្មអ៊ីនធឺណិតមិនមានឯករាជ្យភាពពេញលេញទេ គឺទទួលរងសម្ពាធរបស់ក្រសួងប្រៃសណីយ៍។ «ដោយសារមានការរីកចម្រើនប្រជាពលរដ្ឋដែលទទួលបានព័ត៌មាននិងបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត យើងឃើញថាចាប់ផ្តើមមានទំនោរមួយ គឺចង់រិតត្បិតគាបសង្កត់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានទៅតាមប្រព័ន្ធអ៊ីនធឺណិតដូចការគាបសង្កត់ទៅលើបណ្តាញវិទ្យុនិងទូរទស្សន៍នៅក្នុងប្រទេសកម្ពុជាដែរ។ បានន័យថា សេរីភាពនៃការបញ្ចេញមតិ គឺគ្រប់កន្លែងទាំងអស់ ត្រូវបានរិតត្បិតដោយរដ្ឋាភិបាល»។ លោកសូ ឃុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីប្រទេសចិនមកថាក្រសួងមិនបានធ្វើការគាបសង្កត់ទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទេ។ «មានអ្វីគាបសង្កត់ បង្កើតរាប់រយប្រព័ន្ធអ៊ីនធឺណិតមានអ្វីគាបសង្កត់»។ កាលពីដើមខែមករាឆ្នាំ២០១១នេះ គេហទំព័រ KI-Media ដែលមានទំនោរទៅលើគណបក្សប្រឆាំង និងជាគេហទំព័រដ៏ល្បីល្បាញមួយ ត្រូវបានបិទដោយបង្កឲ្យមានការសង្ស័យថា រដ្ឋាភិបាលបានបញ្ជាឲ្យបិទតាមរយៈក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី បាននិយាយថារដ្ឋាភិបាលបានប្រើប្រាស់អំណាច ដើម្បីរំខានដល់ក្រុមហ៊ុន ដែលផ្តល់សេវាកម្មដល់អ៊ីនធឺណិត។ លោកបានមានប្រសាសន៍ថា នេះបង្ហាញឲ្យឃើញថា ជាការបំបិទសិទ្ធិសេរីភាពក្នុងការទទួលយកព័ត៌មាននៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យក៏ក្មេងខ្ចី ដូចជាប្រទេសកម្ពុជា។ «អាហ្នឹង គឺជាការបំបិទសិទ្ធិសេរីភាពយ៉ាងពិតប្រាកដហើយ ពីព្រោះសម័យនេះ ជាសម័យព័ត៌មានវិទ្យានៅប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គេមិនអាចបិទសិទ្ធិបែបនេះទេ ពីព្រោះគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ។ ហើយប្រសិនប្រទេសទាំងអស់នេះមិនសមស្រប ឬមួយផ្ទុយនឹងច្បាប់ អាហ្នឹងគេមានវិធានការផ្លូវច្បាប់»។ នៅក្នុងរបាយការណ៍អភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាឆ្នាំ២០១០ របស់សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union) ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះបានឲ្យដឹងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលដែលទើបនឹងចាប់ផ្តើមក្នុងការអភិវឌ្ឍបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា ដែលហៅកាត់ថា ICT នៅមាន កម្រិតទាបនៅឡើយ។ ប្រទេសកម្ពុជា ត្រូវបានជាប់ក្នុងចំណាត់ថ្នាក់ទី១២០ នៅក្នុងចំណោមប្រទេសចំនួន១៥៩ក្នុងការអភិវឌ្ឍវិស័យ ICT នេះ។ អាជ្ញាធរជាតិទទួលបន្ទុកការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ដែលហៅកាត់ថា NiDA បានឲ្យដឹងថានៅក្នុងឆ្នាំ២០០៩ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាមានចំនួនជាង៤លាននាក់ ក៏ប៉ុន្តែចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួនតែជាង៤០.០០០នាក់តែប៉ុណ្ណោះនៅក្នុងចំណោមប្រជាជនសរុបចំនួនជាង១៤លាននាក់៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាអំពាវនាវរកអ្នកស្ម័គ្រផ្តល់ឈាមបន្ថែមទៀត Posted: 14 Jun 2011 01:16 PM PDT ប្រទេសកម្ពុជាបានអំពាវនាវដល់សាធារណជនឱ្យផ្តល់ឈាមកាន់តែច្រើនឡើងថែមទៀតក្នុងពិធីប្រារព្ធទិវាផ្តល់ឈាមពិភពលោកនៅថ្ងៃអង្គារ៍នេះ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមប្រធានបទ«ការផ្តល់ឈាមកាន់តែច្រើនជួយជីវិតមនុស្សកាន់តែច្រើន» ក្រោមអធិបតីភាពរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងបានចូលរួមដោយមន្ត្រីសុខាភិបាល មន្ត្រីស្ថានទូតបរទេសប្រចាំនៅកម្ពុជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសិស្សនិស្សិតប្រមាណ៥០០នាក់។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងទិវាផ្តល់ឈាមពិភពលោកនេះថា លោក សូមអំពាវនាវដល់សាធារណជនឱ្យផ្តល់ឈាមកាន់តែច្រើនឡើងថែមទៀត ខណៈដែលឈាមមានសារៈសំខាន់ណាស់សម្រាប់ជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ដែលត្រូវការឈាមនេះ។ លោកម៉ម ប៊ុនហេង បានបន្តថា ការផ្តល់ឈាមនឹងមិនធ្វើឱ្យខូចសុខភាពរបស់លោកអ្នកទេ ប៉ុន្តែវានឹងជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់។ លោកម៉ម ប៊ុនហេង បានបញ្ជាក់ថាការកើនឡើងនៃតម្រូវការឈាមអាចមានចំនួនកើនឡើងជាបណ្តើរៗថែមទៀត ដោយសារការរីកចម្រើននៃសេវាព្យាបាលសាធារណៈ និងឯកជន។ «មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវត្រួតពិនិត្យមើលឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីបង្កើនអំណោយឈាមស្ម័គ្រចិត្តទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ»។ លោកហាក់ គឹមឆេង នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា មនុស្សបីនាក់ក្នុងចំណោម១០០នាក់ផ្តល់ឈាមនៅក្នុងប្រទេសកម្ពុជា។ វានៅមានចំនួនតិច បើប្រៀបធៀបនឹងបណ្តាប្រទេសអភិវឌ្ឍន៍នានា ដែលមានអត្រាអ្នកផ្តល់ដល់ប្រាំនាក់ក្នុងចំណោម១០០ នាក់។ ក្នុងឆ្នាំ២០១០ មជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានការផ្តល់ឈាមស្ម័គ្រចិត្តចំនួន៤០. ២៤៥ប្លោក កើនឡើង១២ភាគរយ ពីចំនួន៣៥.៨៩៥ប្លោកក្នុងឆ្នាំ២០០៩។ ឈាមចំនួន៥០ភាគរយបានប្រើប្រាស់នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងភ្នំពេញនិង៥០ភាគរយទៀតបានប្រើប្រាស់នៅតាមមន្ទីរពេទ្យខេត្ត ស្រុកទូទាំងប្រទេស។ លោកជុំ ឯកសម្ភស បុគ្គលិកក្រុមហ៊ុនឯកជន បានថ្លែងថាលោកបានស្ម័គ្រចិត្តជួយបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ ហើយលោកបានផ្តល់ឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមចំនួន២៤លើកហើយ។ «ចំពោះខ្ញុំនៅតែបន្តផ្តល់ឈាមរបស់ខ្ញុំ ព្រោះខ្ញុំគិតថាតើថ្ងៃអនាគត តើនរណាត្រូវការខ្ញុំបន្តទៅទៀត វាអាចមានគ្រួសាររបស់ខ្ញុំ ខ្លួនខ្ញុំផ្ទាល់ ឱពុកម្តាយរបស់ខ្ញុំ អ្នកដទៃឬមិត្តភក្តិ។ អញ្ចឹង ការបរិច្ចាគឈាម របស់ខ្ញុំនៅតែបន្តរហូត លុះត្រាតែលទ្ធភាពមិនអាចផ្តល់ទៅបាន។ បញ្ហាសុខភាពរបស់ខ្ញុំអត់មានបញ្ហាចោទ ព្រោះលោកមើលរូបខ្ញុំបាទផ្ទាល់ទៅអត់មានបញ្ហាអ្វីទាំងអស់»។ លោក ម៉ឹង តារា បុគ្គលិកនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានថ្លែងថា លោកបានបរិច្ចាគ ឈាមនេះចំនួនបីឆ្នាំហើយ។ លោកបានបរិច្ចាគឈាមទៀងទាត់ជារៀងរាល់បីខែម្តងដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនេះ។ «ខ្ញុំត្រូវតែបរិច្ចាគឈាមឱ្យអ្នកផ្សេងៗទៀត ដើម្បីឱ្យគេមានគំនិតចេះដឹងគុណចំពោះអ្នកបរិច្ចាកឈាមដូចខ្ញុំដែរ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្តល់ឈាមរបស់ខ្ញុំជូនចំពោះអ្នករងគ្រោះផ្សេងៗទៀតហើយខ្ញុំសង្ឃឹម ថាអ្នករងគ្រោះទាំងឡាយដែលបានមានជីវិត គិតថា គេនឹងអាចក្លាយទៅជាអ្នកបរិច្ចាគឈាមដូចខ្ញុំដែរ»។ ក្នុងឆ្នាំមុន អំណោយឈាមទាំងនេះត្រូវបានពិនិត្យរកមើលប្រភេទជំងឺចំនួនបួន គឺមេរោគអេដស៍ មេរោគថ្លើម មេរោគកាមរោគ និងមេរោគគ្រុនចាញ់។ លោក ហាក់ គឹមឆេង នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថាក្នុងឆ្នាំមុន អំណោយឈាមចំនួនប្រាំបួនភាគរយត្រូវបានរកឃើញប្រភេទមេរោគទាំងនេះ និង បានបំផ្លាញចោល៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |