|
- ចៅក្រមស៊ើបអង្កេតព្រមានសារព័ត៌មានលើការលេចធ្លាយឯកសារ
- គណបក្សប្រឆាំងគាំទ្រចិនក្នុងជម្លោះជាមួយវៀតណាម
- ក្រុមមេដឹកនាំអាវលឿងថៃបានតវ៉ាទៅអង្គការយូណេស្កូក្នុងការចុះបញ្ជីប្រាសាទព្រះវិហារ
- មន្ត្រីរាជការពឹងលើការងារក្រៅម៉ោងសម្រាប់បំពេញជីវភាពខ្វះខាត
ចៅក្រមស៊ើបអង្កេតព្រមានសារព័ត៌មានលើការលេចធ្លាយឯកសារ Posted: 17 Jun 2011 02:03 PM PDT បន្ទាប់ពីសារព័ត៌មានដ៏មានវ័យចំណាស់បំផុតមួយរបស់សហរដ្ឋអាមេរិកបានបញ្ចេញខ្លឹមសារនៃឯកសារសម្ងាត់របស់សាលាក្ដីដែលបានលេចធ្លុះធ្លាយជាបន្ដបន្ទាប់ សហចៅក្រមស៊ើបអង្កេតបានចេញសេចក្ដីព្រមានជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងចាត់ការចំពោះការផ្សព្វផ្សាយបែបនេះដែលនាំឲ្យខូចប្រយោជន៍ដល់សាលាក្ដី។ ចាប់តាំងពីសប្ដាហ៍មុនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ កាសែតតាមប្រព័ន្ធអេឡិកត្រូនិក និងជាកាសែតបោះពុម្ពប្រចាំសប្ដាហ៍របស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Christian Science Monitor ដែលមានកំណើតចាប់តាំងពីឆ្នាំ១៩០៨មកម្ល៉េះ បានចេញផ្សាយជាបន្ដបន្ទាប់នូវអត្ថបទលេចធ្លាយឯកសារសម្ងាត់របស់សាលាក្ដីខ្មែរក្រហមទាក់ទងទៅនឹងសំណុំរឿង០០៣។ ហើយជាមួយគ្នានោះដែរ ទីភ្នាក់ងារព័ត៌មានរបស់សហរដ្ឋអាមេរិក Associated Press ក៏បានចេញផ្សាយនូវឯកសារលេចធ្លាយដែលខ្លួនទទួលបានផងដែរនៅក្នុងសំណុំរឿងដូចគ្នានេះ។ នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី៩មិថុនា ហើយត្រូវផ្សាយឡើងវិញនៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោក ស៊ីកហ៊្រ្វិក ប៊្លុង បានលើកឡើងថា ខ្លួនបានទទួលព័ត៌មានជាក់លាក់ថាមានការទម្លាយឯកសារសម្ងាត់ចេញទៅក្រៅតុលាការហើយសហចៅក្រមទាំងពីរបានសរសេរថាខ្លួនព្រមានដល់ជនទាំងឡាយណាដែលបោះពុម្ពផ្សាយនូវព័ត៌មានទាំងនោះតាមនីតិវិធីនៃវិធានទី៣៥របស់វិធានផ្ទៃក្នុង។ វិធាននេះដែលចែងថា បុគ្គលដែលផ្សាយព័ត៌មានសម្ងាត់ ដោយរំលោភទៅនឹងដីការបស់សហចៅក្រមស៊ើបអង្កេតឬអង្គជំនុំជម្រះអាចនឹងត្រូវដាក់ទណ្ឌកម្ម ឬ បញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ច។ នៅក្នុងការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃទី១០និងថ្ងៃទី១៥មិថុនាសារព័ត៌មាន Christian Science Monitor បានធ្វើសម្រង់ឯកសារលេចធ្លាយដែលខ្លួនទទួលបាននោះដោយបញ្ចេញឈ្មោះចំៗនូវជនសង្ស័យដែលព្រះរាជអាជ្ញាលើកឡើងនៅក្នុងឯកសាររបស់ខ្លួន គឺលោក ស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាសខ្មែរក្រហម និងលោកមាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម។ កាសែតដដែលសរសេរថា ព្រះរាជអាជ្ញាចោទពីការទទួលខុសត្រូវរបស់បុគ្គលទាំងពីរក្នុងឧក្រិដ្ឋកម្មដូចជា ការធ្វើទារុណកម្ម ការសម្លាប់ និងការបង្ខំឲ្យធ្វើពលកម្ម។ កាសែតសរសេរថា លោកមាស មុត និងលោកស៊ូ ម៉េត បានចូលរួមក្នុងផែនការឧក្រិដ្ឋកម្មដើម្បីបន្សុតក្នុងជួរកងទ័ពបដិវត្តន៍ហើយយ៉ាងហោចណាស់មនុស្សរាប់ពាន់នាក់ និងប្រហែលរាប់ម៉ឺននាក់បានស្លាប់។ កាសែតដែលមានទីតាំងនៅសហរដ្ឋអាមេរិកដដែលបន្ថែមថាព្រះរាជអាជ្ញាបានស្នើឲ្យសហចៅក្រមស៊ើបអង្កេតឃុំខ្លួនពួកគេក៏ប៉ុន្ដែចៅក្រមធ្វើមិនដឹងមិនឮ។ លោកហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា បើទោះជាមានការព្រមានរបស់សហចៅក្រមស៊ើបអង្កេតក៏ដោយ ក៏សាលាក្ដីខ្មែរក្រហមមិនទាន់មានវិធានការណាមួយទៅលើការផ្សព្វផ្សាយនានានោះនៅឡើយទេ។ «គ្រាន់តែបញ្ជាក់ថាឯកសារផ្លូវការមានតែចេញពីសាលាក្តីទេ ឯកសារដែលខុសអំពីការអនុញ្ញាតសាលាក្តី វាជាការរំលោភទៅនឹងអ្វីដែលគេហៅកិច្ចការសម្ងាត់របស់សាលាក្តី»។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ មានប្រសាសន៍ថា បុគ្គលដែលទម្លាយឯកសារសម្ងាត់នេះចេញពីតុលាការគឺក្នុងចេតនាជំរុញសំណុំរឿង០០៣និង០០៤ចុងក្រោយនេះឲ្យដំណើរការទៅមុខ។ ហើយលោកគិតថា សាលាក្ដីខ្មែរក្រហមមិនមានអ្វីគួរដាក់ទណ្ឌកម្មទៅដល់សារព័ត៌មាននោះឡើយ ដោយសារតែព័ត៌មានដូចនេះត្រូវបានគេលេចឮរួចជាយូរមកហើយ។ «ការផ្សាយនេះ ខ្ញុំមើលទៅប៉ះពាល់រឿងសិទ្ធិជនជាប់ចោទ ក៏ប៉ុន្តែទាក់ទងរឿងអ្នកទំាំងពីរនាក់ គេដឹងយូរហើយ។ បើសិនជាអត់មានការប្រឹងបញ្ចេញមតិបែបនេះទេ។ ខ្ញុំមើលទៅ គឺថាចៅក្រមស៊ើបអង្កេតប្រហែលជាបញ្ចប់ហើយ»។ សំណុំរឿង០០៣និង០០៤ បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្លារវាងប្រទេសកម្ពុជា ដែលចង់ខ្ទប់សំណុំរឿងនេះមិនឲ្យចេញរួចនិងអង្គការសហប្រជាជាតិ ដែលជំរុញឲ្យមានការកាត់ក្ដីមួយយ៉ាងពេញលេញ។ រយៈពេលចុងក្រោយនេះសហព្រះរាជអាជ្ញាបរទេសលោកអែនឌ្រូ ខេលី (Andrew Cayley) បានត្រូវគេមើលឃើញថា បានពុះពារយ៉ាងខ្លាំងក្លា ដើម្បីដាក់បញ្ហាសំណុំរឿងទាំងពីរមកលើតុ ដោយសង្គមស៊ីវិលព្រួយបារម្ភជាញឹកញាប់ខ្លាចសំណុំរឿងទាំងនេះត្រូវរំលត់ចោលដោយភាពស្ងាត់ស្ងៀមបំផុត៕ This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងគាំទ្រចិនក្នុងជម្លោះជាមួយវៀតណាម Posted: 17 Jun 2011 09:58 AM PDT នៅថ្ងៃសុក្រនេះសមាជិកសភាគណបក្សសម រង្ស៊ី បានប្រកាសគាំទ្រប្រទេសចិនក្នុងរឿងជម្លោះដណ្តើមប្រជុំកោះនៅសមុទ្រចិនខាងត្បូងដោយបានរិះគន់ប្រទេសវៀតណាមចំពោះការបង្កជម្លោះព្រំដែនជាមួយប្រទេសចិនដែលបង្កការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍របស់សមាជិកសភាគណបក្សសម រង្ស៊ី បានបង្ហោះនៅលើគេហទំព័ររបស់គណបក្សសម រង្ស៊ី ដោយនិយាយថាតំណាងរាស្ត្រគណបក្សសម រង្ស៊ី ចំនួន២៨រូប រួមមានសមាជិករដ្ឋសភាចំនួន២៦រូប និងសមាជិកព្រឹទ្ធសភាចំនួន២រូប បានសម្តែងការគាំទ្រនិងសាមគ្គីភាពជាមួយប្រទេសចិននៅចំពេលដែលមិត្តភក្តិដ៏មហិមា និងសម្ព័ន្ធមិត្តរបស់កម្ពុជាកំពុងការពារអធិបយ្យេភាពរបស់ខ្លួនយ៉ាងត្រឹមត្រូវនៅសមុទ្រចិនខាងត្បូងរួមមានទីប្រជុំកោះស្ព្រាតលី និងទីប្រជុំកោះប៉ារ៉ាសែល។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា យើងបរិហារនិងថ្កោលទោសការក្រអឺតក្រទមនិងការអះអាងដោយគ្មានហេតុផលរបស់ប្រទេសវៀតណាមចំពោះទឹកដីនានាដែលជាកម្មសិទ្ធិរបស់បណ្តាប្រទេសជិតខាង។ សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថាការរំលោភជាបន្តលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាដោយពួកវាតទីនិយមវៀតណាម ហើយតួនាទីល្មោភសង្គ្រាមរបស់ទីក្រុងហាណូយកំពុងតែអនុវត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងនៅក្នុងសមុទ្រចិនខាងត្បូងបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ នៅថ្ងៃទី២៧ខែមករាឆ្នាំ២០១០ តុលាការខេត្តស្វាយរៀង បានកាត់ទោសលោក សម រង្ស៊ី មេដឹកនាំ គណបក្សប្រឆាំងឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំអំពីបទចោទប្រកាន់រឿងការញុះញង់ឱ្យមានការរើសអើងជាតិសាសន៍និងការដកតម្រុយបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម។ ហើយនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១០ តុលាការក្រុងភ្នំពេញ បានកាត់ទោសឱ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារចំនួនដប់ឆ្នាំអំពីបទចោទប្រកាន់រឿងផ្សាយព័ត៌មានមិនពិតនិងផែនទីក្លែងក្លាយរបស់ប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម។ សេចក្តីថ្លែងការណ៍នេះបានបន្តថា យើងអំពាវនាវដល់ប្រទេសវៀណាមឱ្យបញ្ឈប់ការបង្កភាពតានតឹងដោយធ្វើសមយុទ្ធយោធាដែលបង្ករឿងហេតុ និងបញ្ឈប់ការប្រើប្រាស់តួនាទីបច្ចុប្បន្នរបស់ខ្លួនជាប្រធានអាស៊ានដើម្បីព្យាយាមធ្វើអន្តរជាតិតូបនីយកម្មជម្លោះណាមួយ ដែលទីក្រុងហាណូយចង់ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងសមុទ្រចិនខាងត្បូង។ <!--IMAGE--> លោកស្រី ង៉ូ ធីហួរ (Ngo Thi Hoa) អនុប្រធានបេសកកម្មនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងថា លោកស្រីបានឮអំពីព័ត៌មាននេះដែលលោកស្រីមិនទាន់បានអានរបាយការណ៍នេះនៅឡើយទេ។ ដូច្នេះលោកស្រីមិនមាន ការអត្ថាធិប្បាយលើបញ្ហានេះទេ។ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងនេះ មិនធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាទេពីព្រោះនេះជារបស់គណបក្សប្រឆាំងតែប៉ុណ្ណោះ។ វាមិនមែនជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជាទេ៖ «ជំហរកម្ពុជាយើងគឺសុំឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្ត BOC សេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិរបស់ភាគី នៅសមុទ្រចិនខាងត្បូង ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី ពីព្រោះថា អាស៊ាន និងចិន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អនាពេលបច្ចុប្បន្ននេះ»។ លោក កុយ គួង បានបន្តថាបញ្ហានៅសមុទ្រចិនខាងត្បូង គឺជាជម្លោះទាក់ទងនឹងអធិបតេយ្យភាពរវាងប្រទេសចិន វៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ៕ This posting includes an audio/video/photo media file: Download Now |
ក្រុមមេដឹកនាំអាវលឿងថៃបានតវ៉ាទៅអង្គការយូណេស្កូក្នុងការចុះបញ្ជីប្រាសាទព្រះវិហារ Posted: 17 Jun 2011 03:02 PM PDT ក្រុមអាវលឿងដែលគាំទ្រខាងព្រះមហាក្សត្រជាច្រើនបានតវ៉ានៅក្រៅការិយាល័យផ្នែកវប្បធម៌របស់អង្គការសហប្រជាជាតិនៅទីក្រុងបាងកក ដោយទាមទារឲ្យមានការដកប្រាសាទខ្មែរដែលនៅជិតដែនដីមានជម្លោះចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ ពួកគេក៏បានដើរជាក្បួនកាត់តាមរាជធានីថៃលើកទឹកចិត្តប្រជាពលរដ្ឋកុំឲ្យបោះឆ្នោតនៅថ្ងៃទី៣ខែកក្កដា។ ចលនាអ្នកជាតិនិយមថៃបានឈប់គាំទ្ររដ្ឋាភិបាលថៃសព្វថ្ងៃ ដោយនិយាយថា រដ្ឋាភិបាលនេះមានភាពទន់ខ្សោយក្នុងការដោះស្រាយជម្លោះព្រំដែន។ កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ យ៉ាងតិចណាស់មានអ្នកតវ៉ាអាវលឿងជាង២.០០០នាក់បានធ្វើបាតុកម្មនៅក្រៅការិយាល័យអង្គការយូណេស្កូ (UNESCO) នៅទីក្រុងបាងកក។ ពួកអ្នកជាតិនិយមជាច្រើនចង់ឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO ដែលនឹងធ្វើការប្រជុំនៅថ្ងៃអាទិត្យនេះនៅទីក្រុងបារីសដកប្រាសាទមួយនៅទឹកដីកម្ពុជានៅជិតតំបន់ជម្លោះចេញពីបញ្ជីរបស់ខ្លួន។ ប្រាសាទខ្មែរដែលមានអាយុកាល៩០០ឆ្នាំសង់ឧទ្ទិសទៅព្រហ្មញ្ញសាសនានៅក្នុងទឹកដីកម្ពុជាដែលប្រជាពលរដ្ឋខ្មែរហៅថាព្រះវិហារ និងថៃហៅថា ព្រះវិហានបានប្រកាសជាបូជណីដ្ឋានបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨។ ការដាក់បញ្ចូលនេះបានជំរុញទឹកចិត្តអ្នកជាតិនិយមឱ្យមានការក្តៅក្រហាយទាំងសងខាង នឹងមានការផ្ទុះអាវុធជាបន្តបន្ទាប់រវាងទាហានថៃនិងខ្មែរ។ អ្នកតវ៉ាម្នាក់ឈ្មោះវីភីដា ថៃសាវ៉ាត (Vipida Thaisawat) និយាយថា កម្ពុជាកំពុងយកឈ្មោះបេតិកភណ្ឌពិភពលោកមករំលោភលើទឹកដីថៃ។ ដូចជាអ្នកតវ៉ាដទៃទៀតដែរ នាងអះអាងថា ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីថៃ។ «ជាការណ៍ពិតប្រាសាទព្រះវិហារនឹងបានមកថៃវិញឬអត់នោះ វាមិនមែនជាបញ្ហាទេ ក៏ប៉ុន្តែបញ្ហានោះគឺកម្ពុជាចង់យកដីនៅជុំវិញប្រាសាទព្រះវិហារមកចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្រោមដែនដីកម្ពុជានោះ ពួកយើងមិនអាចឲ្យរឿងនោះកើតឡើងបានទេ»។ ប្រទេសកម្ពុជាបានស្នើគម្រោងគ្រប់គ្រងរួមគ្នាមួយសម្រាប់ថែរក្សាតំបន់ប្រាសាទព្រះវិហារ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងធ្វើការត្រួតពិនិត្យហើយអាចនឹងសម្រេចនៅអាទិត្យក្រោយនេះ។ ប្រទេសថៃបានទាមទារឲ្យមានការពន្យាពេលសម្រេចលើគម្រោងនោះរហូត ដល់មានការសម្រេចលើទឹកដីនៅជុំវិញប្រាសាទដែលភាគីទាំងពីរទាមទារ។ កាលពីខែមុន ប្រទេសកម្ពុជាបានស្នើតុលាការអន្តរជាតិនៅទីក្រុងឡាអេឲ្យបកស្រាយលើសាលក្រមដែលនឹងមានទាក់ទងនឹងតំបន់ជម្លោះ៤,៦គីឡូម៉ែត្រការ៉េនៅតំបន់ជុំវិញប្រាសាទនេះ។ តុលាការអន្តរជាតិបានសម្រេចក្តីនៅក្នុងឆ្នាំ១៩៦២ ដែលថាប្រាសាទនេះគឺស្ថិតនៅលើទឹកដីកម្ពុជា ប៉ុន្តែមិនបានសម្រេចលើដីនៅជុំវិញតំបន់ប្រាសាទនេះទេ។ សេចក្តីសម្រេចរបស់តុលាការសង្ឃឹមថានឹងចេញក្នុងពេលមួយនៅដើមឆ្នាំក្រោយ។ កាលពីថ្ងៃសុក្រនេះ ក្រុមអាវលឿងបានដើរជាក្រុមពីការិយាល័យអង្គការ UNESCO និងឆ្លងកាត់ទីក្រុងបាងកកដោយបញ្ចេញកំហឹងរបស់ពួកគេទាំងអស់ទៅលើអ្នកនយោបាយថៃ។ ពួកគេបានជំរុញឲ្យប្រជាពលរដ្ឋថៃកុំទៅបោះឆ្នោតនៅថ្ងៃទី៣ខែកក្កដាខាងមុខនេះ ដោយនិយាយថា គ្មានគណបក្សណាមួយដែលមានទឹកចិត្តការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋថៃទេ រួមទាំងគណបក្សកាន់អំណាចប្រជាធិបតេយ្យដែលពួកគេធ្លាប់គាំទ្រនោះ។ ក្រុមអាវលឿងនិយាយថា រដ្ឋាភិបាលមានភាពទន់ខ្សោយនៅក្នុងការដោះស្រាយជម្លោះជាមួយប្រទេសកម្ពុជា និងពួកគេទាមទារឲ្យរដ្ឋាភិបាលឈប់សហការជាមួយអង្គការ UNESCO និងរដ្ឋាភិបាលទីក្រុងភ្នំពេញ។ រដ្ឋាភិបាលថៃបាននិយាយគេចវេសពីបំណងរបស់ខ្លួនក្នុងការចង់ដកប្រាសាទព្រះវិហារចេញពីបេតិកភណ្ឌពិភពលោក ក៏ប៉ុន្តែរដ្ឋាភិបាលក៏បានច្រានចោលការទាមទារជាច្រើនរបស់ក្រុមអាវលឿងដែរ។ ខណៈពេលនោះ ស្ថានភាពនៅព្រំដែននៅតែតានតឹងដោយកងទ័ពនៃប្រទេសទាំងពីរគឺស្ថិតនៅក្នុងសភាពប្រុងប្រៀបជានិច្ច។ ការផ្ទុះអាវុធរវាងភាគីទាំងសងខាងបានសម្លាប់មនុស្សយ៉ាងតិច១០នាក់នៅខែ កុម្ភៈ។ ១៨នាក់ផ្សេងទៀតបានស្លាប់ក្នុងការប្រយុទ្ធនៅខែមេសានៅជិតតំបន់ប្រាសាទបុរាណផ្សេងទៀតប្រហែល១៥០គីឡូម៉ែត្រនៅភាគខាងលិច។ ភាគីទាំងសងខាងបន្ទោសគ្នាទៅវិញទៅមកក្នុងការចាប់ផ្តើមការប្រយុទ្ធ៕ ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស This posting includes an audio/video/photo media file: Download Now |
មន្ត្រីរាជការពឹងលើការងារក្រៅម៉ោងសម្រាប់បំពេញជីវភាពខ្វះខាត Posted: 17 Jun 2011 02:42 PM PDT ដោយសារប្រាក់បៀវត្សរ៍តិចហើយការចំណាយកាន់តែច្រើនទៅតាមតម្លៃទំនិញលើទីផ្សារ ដែលចេះតែឡើងថ្លៃ មន្រ្តីរាជការរបស់ប្រទេសកម្ពុជាជាច្រើនត្រូវបង្ខំចិត្តធ្វើការច្រើនកន្លែងឬ ធ្វើការច្រើនម៉ោងដើម្បីរកចំណូលទប់ទល់ជីវភាព។ ជាក់ស្តែងលោកឡោ ថុយ ជាគ្រូកីឡានៅវិទ្យាល័យបឹងត្របែករស់នៅភូមិកោះក្របី ឃុំព្រែកថ្មី ស្រុក កៀនស្វាយក្រុងភ្នំពេញបានឱ្យដឹងថា ប្រាក់ខែគ្រូបង្រៀនរបស់គាត់បានប្រមាណជា៤០០.០០០រៀល គឺប្រហែលជា១០០ដុល្លារ ហើយនៅពេលទំនេរគាត់ត្រូវរត់ម៉ូតូកង់បីបន្ថែមទៀត។ មុខរបរបន្ថែមនេះ អាចជួយឲ្យគាត់រកចំណូលបានប្រហែលជា១០០ដុល្លារក្នុងមួយខែ។ លោកឡោ ថុយ មានអាយុជាង៤០ឆ្នាំមានកូនបីនាក់កំពុងសិក្សា។ ប្រពន្ធរបស់គាត់កាត់ដេរសម្លៀកបំពាក់នៅផ្ទះដែលអាចរកចំណូលបានមួយខែប្រហែលជា៥០ដុល្លារអាមេរិកបន្ថែមពីលើអ្វីដែលគាត់អាចរកបាន។ លោកឡោ ថុយ បានត្អូញត្អែរថា ការព្យាយាមរកប្រាក់ដោយគ្មានពេលទំនេរនេះស្ទើរតែមិនអាចទប់ទល់នឹងការចំណាយបាននោះទេ ពីព្រោះប្រេងសាំងនិងទំនិញផ្សេងៗបានឡើងថ្លៃជាបន្តបន្ទាប់។ «ជីវភាពខ្វះខាត ពីព្រោះប្រាក់ខែតែប៉ុណ្ណឹង វាមិនអាចចាយគ្រប់គ្រាន់ដល់មួយខែ។ យើងរត់ម៉ូតូកង់បីថែម ហើយប្រពន្ធរកខ្លះទៅ វាអាចបានទប់ទល់»។ លោកឡោ ថុយ បានឱ្យដឹងបន្តថា មិត្តភក្តិរបស់គាត់មួយចំនួនដែលជាមន្រ្តីរាជការក៏ធ្វើការងារក្រៅផ្សេងដែរដើម្បីទប់ទល់នឹងការចាយវាយនេះដូចជារត់ម៉ូតូឌុបនិងលក់ផ្លែឈើជាដើម។ ជាមួយគ្នានេះដែរលោកជា កុសល ជាមន្រ្តីរាជការនៃក្រសួងអប់រំ បានឱ្យដឹងថា ប្រាក់ខែរបស់គាត់៤៣០.០០០រៀលប្រហែលជា១០៥ដុល្លារអាមេរិក ក៏ប៉ុន្តែការចំណាយប្រចាំខែរបស់គាត់ដែលមានកូន២នាក់ និងប្រពន្ធបម្រើការងាររដ្ឋដូចគ្នាមានប្រាក់ខែប្រហែលជា១០០ដុល្លារដែរនោះគឺមិនអាចទប់ទល់នឹងការចំណាយប្រចាំខែបាននោះទេ ពីព្រោះជារៀងរាល់ខែ ការចំណាយទៅលើកូនរៀន ម្ហូបអាហារ ប្រេងសាំង ទឹក ភ្លើងគឺអស់ប្រហែលជា៤០០ដុល្លារអាមេរិក។ លោកបានឱ្យដឹងបន្តថា ប្រាក់ខែដែលមិនអាចទប់ទល់នឹងការចំណាយបែបនេះទើបបណ្តាលឱ្យគាត់ត្រូវយកពេលទំនេរពីធ្វើការខិតខំបង្រៀនកូនសិស្សនៅតាមផ្ទះចំនួនបីម៉ោងក្នុងមួយថ្ងៃ។ គាត់ទទួលបានប្រាក់ឈ្នួលប្រហែលជា៣០០ដុល្លារអាមេរិកក្នុងមួយខែពីការបង្រៀនក្រៅម៉ោងនេះ។ ក៏ប៉ុន្តែលោកបានត្អូញត្អែរថា ការរកប្រាក់បែបនេះគឺពិតជាមានការហត់នឿយខ្លាំងណាស់ ហើយប្រាក់ដែលបានមកនោះក៏គ្រាន់តែសម្រាប់ការចាយវាយប៉ុណ្ណោះ មិនមានអ្វីសោះសល់សម្រាប់នៅពេលឈឺនិងពេលចាស់នោះទេ។ «ប្រទេសយើងកំពុងអភិវឌ្ឍ។ អញ្ចឹងប្រាក់ខែមន្រ្តីរាជការមានលក្ខណៈទាប បើសិនជាយើងមិនរកចំណូលពីខាងក្រៅមកទប់ទល់និងជីវភាពយើងទេចាយអត់គ្រប់ទេ។ ប្រសិនដូចប្រទេសដទៃទៀត ប្រាក់ខែមន្រ្តីរាជការគេគ្រប់គ្រាន់។ អញ្ចឹងគេធ្វើការប្រាំបីម៉ោងទេ គេអាចចាយបានហើយ»។ លោកជា កុសល បានឱ្យដឹងបន្តថា មិត្តភក្តិគាត់មួយចំនួនដែលជាប៉ូលិសក្រៅពីម៉ោងធ្វើការត្រូវទៅយាមតាមធនាគារឬក្រុមហ៊ុនឯកជន ដើម្បីរកប្រាក់បន្ថែមពីលើប្រាក់ខែដែលបានតិចតួចនេះ។ ប្រទេសកម្ពុជាជាផ្លូវការមានមន្ដ្រីរាជការចំនួនជាង១៨០.៣០០នាក់។ ប្រមាណជា៦០ភាគរយនៃពួកគេទទួលបានប្រាក់បៀរវត្សរ៍ចន្លោះ៦៥ដុល្លារទៅ១០០ដុល្លារអាមេរិក។ ដោយបំពេញការងារចំនួនប្រាំបីម៉ោងក្នុងមួយថ្ងៃនិងប្រាំថ្ងៃក្នុងមួយសប្ដាហ៍។ នេះបើយោងតាមលោក ពេជ្រ ប៊ុនធិន រដ្ឋលេខាធិកា នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។ លោកបានទទួលស្គាល់ថាពិតជាមានមន្រ្តីរាជការមួយចំនួនបានធ្វើការក្រៅម៉ោងដើម្បីរកប្រាក់កម្រៃទប់ទល់នឹងការចាយវាយផងនិងក៏ដើម្បីឱ្យជីវភាពកាន់តែប្រសើរថែមមួយកម្រិតទៀតដែរ។ «រដ្ឋាភិបាលគាត់បានគិតគូរហើយ បានឃើញប្រទេសជាតិយើងធូរធារប៉ុណ្ណេះហើយ យើងបាន រស់នៅប្រាក់ខែបានប៉ុណ្ណឹងយើងក៏មិនជាថ្ងូរទាមទារឲ្យលើលពីនេះពេកដែរ។ ខ្ញុំជឿថា មន្រ្តីរាជការទាំងអស់ យល់អំពីបញ្ហានេះ និងអត់ធ្មត់ រដ្ឋមិនមែនជាមេគោសម្រាប់តែមកឲ្យទឹកដោះទេ។ មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែរត្រូវថែមបំប៉នមេគោនេះ ដើម្បីមានទឹកដោះតទៅទៀត»។ ចាប់តាំងពីឆ្នាំ២០០៨មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការដំឡើងប្រាក់បៀរវត្សរ៍ដល់មន្ដ្រីរាជការជារៀងរាល់ឆ្នាំចំនួន២០ភាគរយលើប្រាក់ខែរបស់ពួកគេ។ ក៏ប៉ុន្ដែគណបក្សសម រង្ស៊ី ដែលជាគណបក្ស ជំទាស់និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់លោក រ៉ុង ឈុន ធ្លាប់បានលើកជាញឹកញាប់ថា ប្រាក់ខែនោះ បើទោះបីជាមានការដំឡើងបន្ថែមក៏ដោយក៏មិនអាចអនុញ្ញាតឲ្យមន្ដ្រីរាជការអាចរស់នៅសមរម្យ ទៅតាមតម្លៃទំនិញនិងប្រេងសាំងលើទីផ្សារដែលចេះតែឡើងថ្លៃនោះដែរ។ លោក រ៉ុង ឈុន និងគណបក្សជំទាស់ធ្លាប់បានទាមទារឲ្យមានការដំឡើងប្រាក់បៀរវត្សរ៍មន្ដ្រីរាជការ គ្រូបង្រៀន ប៉ូលិស និងទាហានឲ្យបានយ៉ាងតិចចំនួនមួយលានរៀលឬស្មើនឹងប្រហាក់ប្រហែល២៥០ ដុល្លារអាមេរិកក្នុងមួយខែ។ «រដ្ឋាភិបាលមិនយកចិត្តទុកដាក់ មិនបានផ្តល់ដំណោះស្រាយឲ្យពួកគាត់។ បើចាប់គិតពីឆ្នាំ១៩៩៣ មកដល់ពេលនេះ ១៨ឆ្នាំហើយ មិនទាន់មានដំណោះស្រាយវិជ្ជមានណាមួយជូនពួកគាត់ ហើយវាផ្ទុយទៅ និងអនុសាសន៍របស់អង្គការ UNESCO ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មិនឲ្យលើសពី១៥ឆ្នាំ ត្រូវតែដោះស្រាយបញ្ហាគ្រូបង្រៀន មន្រ្តីរាជការឲ្យមានលក្ខណៈល្អប្រសើរ»។ លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ចំពោះបញ្ហាប្រាក់បៀរវត្សរ៍របស់មន្រ្តីរាជការ ដែលមិនអាចទប់ទល់នឹងការចំណាយបាននេះធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេវាបម្រើសាធារណៈ ដូចជាសេវាអប់រំ និងសុខាភិបាលជាដើម ដោយមន្រ្តីទាំងនោះមិនបានយកចិត្តទុកដាក់ បំពេញការងារនោះទេ គឺពួកគាត់ត្រូវចំណាយពេលច្រើនទៅលើការរកប្រាក់ខាងក្រៅជាងការបំពេញភារកិច្ចការងាររបស់ពួកគាត់។ លោកបានមានប្រសាសន៍បញ្ជាក់ថា បើសិនជាបញ្ហានេះ នៅតែមិនមានការដោះស្រាយទៀតទេ នោះវានឹងផ្តល់ផលវិបាកជាច្រើនដល់សង្គម។ «នេះជាបញ្ហាអវិជ្ជមានមួយរ៉ាំរ៉ៃជាយូរមកហើយ។ យើងគួតែដោះស្រាយប្រសិនជានៅតែ បណ្តោយអញ្ចឹងទៀតគឺមានន័យថាសេវាសាធារណៈ គឺសេវាបម្រើប្រជារាស្រ្តពីមន្រ្តីរាជការយើងនៅតែមាន គុណភាពទាប មានកង្វះខាត សំខាន់ណាស់រឿងប្រសិទ្ធភាពនៃសេវាសាធារណៈ គឺត្រូវឲ្យមន្រ្តីរាជការមានប្រាក់បៀវត្សរ៍សមរម្យរស់នៅបានថ្លៃថ្នូរ ទើបមានការខិតខំបម្រើការងារបានច្បាស់លាស់ ជាកត្តាសំខាន់បំផុត ដើម្បីអនាគតដល់ប្រទេសខ្មែរយើង»។ ទោះជាយ៉ាងណាលោកពេជ្រ ប៊ុនធិន រដ្ឋលេខាធិកានៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈមានប្រសាសន៍ថា មន្ដ្រីរាជការកម្ពុជាទទួលបានប្រាក់ខែប្រសើរជាងបុគ្គលិករដ្ឋនៃប្រទេសជិតខាង។ ក៏ប៉ុន្ដែ លោកមិនបង្ហាញថា ប្រទេសជិតខាងនោះ ដូចជាប្រទេសណាខ្លះនោះទេ។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា កម្ពុជានឹងប្រឈមនឹងអតិផរណារហូតដល់៦ភាគរយនៅឆ្នាំ២០១១បើធៀបទៅនឹងឆ្នាំ២០១០ដែលអតិផរណាមានជាង៤ភាគរយ។ ការវាយតម្លៃនេះដោយយោង ទៅលើតម្លៃប្រេងនិង ទំនិញនាំចូលបានកើនឡើងខ្ពស់។ អ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា អតិផរណាបន្ទុចបង្អាក់គម្រោងវិនិយោគដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនិងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិករដ្ឋនិងអ្នកមានប្រាក់ខែថេរ ជាពិសេសប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រជាខ្លាំង។ មន្រ្តីជំនាញសេដ្ឋកិច្ចនិងមន្រ្តីគណបក្សជំទាស់ចាត់ទុកថាការផ្តល់ប្រាក់ខែមិនគ្រប់គ្រាន់បានបង្កឱ្យមានអំពើពុករលួយយ៉ាងខ្លាំងនៅប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |