VOA News: ព័ត៌មាន |
យោធាកម្ពុជាប្រកាសផែនការឈប់បាញ់ Posted: 28 Apr 2011 03:36 PM PDT មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលស្វាគមន៍បទឈប់បាញ់គ្នានៅថ្ងៃព្រហស្បតិ៍នេះដែលត្រូវបានព្រមព្រៀងគ្នាដោយមេបញ្ជាការជាន់ខ្ពស់កងទ័ពកម្ពុជា និងថៃ នៅតំបន់ប្រយុទ្ធគ្នា ដោយរំពឹងថា បទឈប់បាញ់គ្នានេះនឹងជួយសម្រួលដល់ជំនួបចរចានៃមេដឹកនាំនៃប្រទេសទាំងពីរ។ បទឈប់បាញ់គ្នាត្រូវបានធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងចាស់ដៃអស់រយៈពេលប្រាំពីរថ្ងៃរហូតទល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា កម្ពុជាត្រូវការដំណោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយចរចា។ ប៉ុន្ដែកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយកងទព័ជួរមុខនេះនៅមិនទាន់មានការកំណត់កាលបរិច្ឆេទជួបគ្នាឲ្យច្បាស់លាស់រវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរនៅឡើយទេ។ លោកគួងបានប្រាប់វីអូអេខ្មែរថា៖ «បទឈប់បាញ់ជាបំណងដ៏សំខាន់របស់ប្រទេសកម្ពុជាយើង ដែលចង់ឲ្យតំបន់ព្រំដែនមានសន្តិភាព ដើម្បីអាចឈានទៅរកដំណោះស្រាយដោយសន្តិវិធីបាន»។ កាលពីថ្ងៃពុធម្សិលមិញលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានអំពាវនាវឲ្យមានការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ ហើយលោកគ្រោងនឹងធ្វើការចរចាទល់មុខជាមួយសមភាគីរបស់លោក គឺលោក អាភីស៊ីប វិចាជីវ៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃ ទី៧ និងទី៨ខែ ឧសភា ខាងមុខនេះ។ ក្នុងពេលនោះដែររដ្ឋមន្រ្ដីការបរទេសថៃ លោក កាស៊ីត ភីរម្យ (Kasit Pirumya) បានទូរសព្ទ័សុំជួបចរចាជាមួយសមភាគីកម្ពុជា លោក ហោ ណាំហុង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក៏ប៉ុន្ដែលោកហោ ណាំហុង មិនអាចជួបបានដោយសារតែលោកជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។ ដោយឡែករដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ លោក ប្រាវិត វុងស៊ុវុន (Prawit Wongsuwon) ក៏បានស្នើសុំជួបចរចាជាមួយលោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជាផងដែរ ដើម្បីស្វែងរកដំណោះស្រាយនៃការឈប់បាញ់គ្នា ក៏ប៉ុន្ដែសំណើនោះត្រូវខកខានដោយសារតែលោក ប្រាវិត ត្រូវចេញទៅបំពេញទស្សនកិច្ចនៅចិន។ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា រដ្ឋមន្ដ្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរមិនទាន់កំណត់កាលបរិច្ឆេទថ្មីសម្រាប់ជួបគ្នានៅឡើយទេ។ លោក កុយ គួង ជឿថា មេដឹកនាំប្រទេសទាំងពីរអាចនឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ លោក គួងបានបញ្ជាក់ថា៖ «លទ្ធភាពដែលអាចជួបគ្នាបាននោះ គឺនៅប្រទេសឥណ្ឌូនេស៊ី រវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ហោ ណាំហុង និងរដ្ឋមន្រ្តីការបរទេសថៃ ឯកឧត្តម កាស៊ីត ភីរម្យ ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី។ ហើយលទ្ធភាពមួយទៀត អាចជួបក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានមុននឹងកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេចតេជោ លោកបានបញ្ជាក់ហើយដែរថាអាភីស៊ីត វិច្ចាជីវ៉ា សុំជួបចរចាជាមួយលោកនោះ លោកនឹងអាចលើកចំពោះមុខប្រមុខដឹកនាំអាស៊ានដទៃទៀតដែរ»។ ទោះជាបែបនេះក្តីអ្នកនាំពាក្យក្រសួងការពារជាតិថៃមួយរូប លោកវរសេនីយ៍ឯក សានសឺន កែវកំណើត (Sansern Kaewkamnerd) បានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកប្រចាំក្រុងបាងកកថា នៅមិនទាន់មានរបាយការណ៍ជាផ្លូវការនៃកិច្ចព្រមព្រៀងឈប់បាញ់ពីមេបញ្ជាការកងទព័ដែលបានដឹកនាំការចរចាគ្នានោះទេ។ លោកឧត្តមសេនីយ៍ទោ ជា ម៉ន ប្រធានយោធាភូមិភាគតំបន់៤ បានចរចារអស់រយៈពេល១ម៉ោង៤៥នាទី នៅតំបន់អូរស្មាច់កាលពីវេលាថ្ងៃត្រង់នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយលោកឧត្តសេនីយ៍ សវត្ថិឆៃ សាមុត សាខន មេបញ្ជាការយោធាភូមិភាគី២របស់ថៃ និងលោកឧត្តមសេនីយ៍វ៉ាវ៉ាលីត មេបញ្ជាការកងពលថ្មើ ជើងលេខ៦របស់ថៃ។ មេបញ្ជាការយោធាប្រទេសទាំងពីរបានព្រមព្រៀងឈប់បាញ់គ្នាចាប់ពីពេលនេះតទៅដោយពុំមានការចល័តកងទព័ចេញពីទីតាំងឈរជើងនោះទេ។ កម្ពុជា និងថៃ ដែលមានទំនាស់ព្រំដែនជាមួយគ្នាយ៉ាងតានតឹងចាប់តាំងពីខែ កក្កដា ឆ្នាំ ២០០៨មកនោះ មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធយ៉ាងខ្លាំងក្លាក្នុងរយៈប្រាំពីរថ្ងៃមកនេះ។ មានជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតបានកើនយ៉ាងតិចចំនួន១៥នាក់សម្រាប់ភាគីទាំងពីរ។ ជនស៊ីវិលយ៉ាងតិចចំនួន៦៦.០០០នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |