VOA News: ព័ត៌មាន: “ការប្រយុទ្ធប្រដាប់អាវុធបន្តនៅព្រំដែនកម្ពុជាថៃ ខណៈឥណ្ឌូនេស៊ីលប់ចោលដំណើរទស្សនកិច្ច” plus 3 more |
- ការប្រយុទ្ធប្រដាប់អាវុធបន្តនៅព្រំដែនកម្ពុជាថៃ ខណៈឥណ្ឌូនេស៊ីលប់ចោលដំណើរទស្សនកិច្ច
- មេដឹកនាំគណបក្សប្រឆាំងទទួលបានទោសជាប់ពន្ធនាគារពីរឆ្នាំបន្ថែមទៀតពីរឿងក្តីថ្មី
- អ្នកកាសែតខ្មែរនៅតែភ័យខ្លាចនិងរងការគាបសង្កត់
- អ្នកដែលត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនកើនឡើងទ្វេដងក្នុងឆ្នាំ២០១១
ការប្រយុទ្ធប្រដាប់អាវុធបន្តនៅព្រំដែនកម្ពុជាថៃ ខណៈឥណ្ឌូនេស៊ីលប់ចោលដំណើរទស្សនកិច្ច Posted: 25 Apr 2011 10:20 AM PDT កម្ពុជានិងថៃនៅយប់ថ្ងៃច័ន្ទនេះ បានវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទីបួននៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របី តាមបណ្តោយក្រវ៉ាត់ព្រំដែនខេត្តឧត្តរមានជ័យនិងខេត្តសុរិន្ទ។ ពុំមានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនមនុស្សស្លាប់និងរងរបួសរវាងភាគីទាំងពីរទេ។ ការវាយប្រយុទ្ធគ្នានេះ បានកើតឡើងក្រោយពេលលោក ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី និងជាប្រធានសមាគមអាស៊ាន បានលើកពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ ដើម្បីចុះកិច្ចព្រមព្រៀងដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមព្រំដែនមានជម្លោះ។ រូបភាពនៃការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុន៖
លោកផៃ ស៊ីផាន អ្នកនាំពាក្យសមរភូមិមុខ បានថ្លែងប្រាប់ វីអូអេខ្មែរ នៅប៉ុន្មាននាទីមុននេះថា កងទ័ពកម្ពុជានិងកងទ័ពថៃបានធ្វើការវាយប្រយុទ្ធគ្នាសារជាថ្មីម្តងទៀតលក្ខណៈទ្រង់ទ្រាយធំបានឈានចូលដល់ថ្ងៃទីបួនហើយ។ ក៏ប៉ុន្តែលោកពុំទាន់មានរបាយការណ៍លម្អិតអំពីចំនួនមនុស្សស្លាប់និងរងរបួសរវាងភាគីទាំងពីរទេ។ លោកស៊ីផាន បន្តថា៖ «នៅប្រាសាទតាក្របីមានការប្រយុទ្ធគ្នា។ ក៏ប៉ុន្តែតុល្យភាពរបៀបម៉េច យើងអត់ទាន់ទទួលបានដឹងទេ ពីព្រោះកំពុងជាប់ដៃគ្នា»។ ការវាយប្រយុទ្ធគ្នាសារជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនេះ គឺស្របពេលដែលប្រធានសមាគមអាស៊ាន លោក ម៉ាទី ណាតាឡេហ្កាវ៉ា បានពន្យារពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ ដើម្បីចុះហត្ថលេខាដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមក្រវ៉ាត់ព្រំដែនមានជម្លោះ។ <!--IMAGE--> លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោក ម៉ាទី ណាតាឡេហ្កាវ៉ា បានពន្យាររពេលមកទស្សនកិច្ចកម្ពុជានិងប្រទេសថៃដោយគ្មានការកំណត់។ កញ្ញា ដេវី ប៉េត្រូលីសា (Dewi Petroliza) មន្រ្តីទទួលបន្ទុកព័ត៌មាន និង វប្បធម៌សង្គមរបស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដូចអ្វីដែលខ្ញុំបានប្រាប់នេះមិនមែនជាការពន្យាររពេលគ្មានការកំណត់ទេ។ ក៏ប៉ុន្តែនឹងរៀបចំកាលបរិច្ឆេទសារជាថ្មីម្តងទៀត។ យើងរង់ចាំការវិវត្តនៃស្ថានការណ៍»។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការពន្យារពេល របស់លោក ម៉ាទី ណាតាឡេហ្កាវ៉ា សង្ស័យថា គឺដោយសារតែភាគីថៃមិនចុះហត្ថលេខាដាក់អ្នក សង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមក្រវ៉ាត់ព្រំដែន។ «ការដែលលើកពេលចុះហត្ថលេខាលើឯកសារដាក់អ្នកសង្កេតការណ៍នេះ គឺធ្វើឲ្យវត្តមានអ្នកសង្កេតការណ៍ និងកាន់តែពន្យារពេលចេះតែយូរបន្តទៀត ដោយទុកលទ្ធភាពឲ្យពួកខ្មាំងថៃឈ្លានពានអាចធ្វើភ្លៀង ធ្វើផ្គរ ធ្វើព្យុះ ធ្វើភ្លៀង ឈ្លានពានមកលើកម្ពុជា បង្កការបាញ់មកលើកម្ពុជាតាមអំពើចិត្តទៀត»។ លោក កាស៊ីត ភីរម្យ (Kasit Piromya) រដ្ឋមន្រ្តីការបរទេសថៃ ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់ សម្តីមកចុះផ្សាយនៅថ្ងៃច័ន្ទនេះថា ការពន្យារពេលទស្សនកិច្ចរបស់លោក ម៉ាទី ណាតាឡេហ្កាវ៉ា ដោយសារការប៉ះទង្គិចគ្នាចុងក្រោយនៅតាមព្រំដែន។ លោកបានមានប្រសាសន៍ទៀតថា លោកនឹងជួបលោក ម៉ាទី ណាតាឡេហ្កាវ៉ា និងលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង នៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ។ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ថៃបានប្រើប្រាស់ យន្តហោះប្រយុទ្ធចំនួនពីរគ្រឿងនៅលើប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយបានបាញ់គ្រាប់កាំភ្លើងផ្លោង១៥៥មីលីម៉ែត្រចំនួន៦គ្រាប់ចូលទៅក្នុងតំបន់គោកមនជម្រៅ២២គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជា ដែលមានប្រជាជនស៊ីវិលយ៉ាងច្រើនកំពុងរស់នៅ។ ក៏ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពី គ្រោះថ្នាក់ដល់ជនស៊ីវិលទេ។ កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថានៅក្នុងរយៈពេលការប្រយុទ្ធគ្នា ដែលបានកើតមានឡើងកាលពីថ្ងៃសុក្រយ៉ាងតិចមានទាហានថៃចំនួន៥នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន៣៥នាក់៕ This posting includes an audio/video/photo media file: Download Now |
មេដឹកនាំគណបក្សប្រឆាំងទទួលបានទោសជាប់ពន្ធនាគារពីរឆ្នាំបន្ថែមទៀតពីរឿងក្តីថ្មី Posted: 25 Apr 2011 08:39 AM PDT តុលាការបានកាត់ទោសលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគារពីរឆ្នាំបន្ថែមទៀតនៅថ្លៃច័ន្ទទី២៥នេះ ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។ កាត់ទោសនេះ បានធ្វើឲ្យទោសជាប់ពន្ធនាគាររបស់លោកសម រង្ស៊ី បានកើនឡើងដល់១៤ឆ្នាំក្នុងការកាត់ទោសចំនួនបីលើក។ លោក សម រង្ស៊ី បានចោទប្រកាន់លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែកនៅក្នុងសម័យខ្មែរក្រហមក្នុងពេលលោកបានធ្វើពិធីរំលឹកពីការកាប់សម្លាប់របស់ពួកខ្មែរក្រហមនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងឆ្នាំ២០០៨។ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានប្តឹងប្រឆាំងនឹងលោក សម រង្ស៊ី អំពីបទបរិហារកេរ្តិ៍នៅក្នុងតុលាការក្រុងភ្នំពេញនិងតុលាការបារាំង។ តុលាការបារាំងបានកាត់សេចក្តីឱ្យលោក សម រង្ស៊ី ចាញ់ក្តី។ លោក សេង នាង ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមថា តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យ៨លានរៀល ស្មើនឹង២ពាន់ដុល្លារអាមេរិកអំពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។ លោក កា សាវុធ មេធាវីការពារក្តីរបស់លោកហោ ណាំហុង បានហៅការកាត់ក្តីរបស់តុលាការថា ជារឿងយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។ «សាលក្រមនេះគឺមានភាពយុត្តិធម៌ត្រឹមត្រូវចំពោះកូនក្តីរបស់ខ្ញុំ ដែលត្រូវលោកសម រង្ស៊ី បរិហារកេរ្តិ៍និងញ៉ុះញ៉ង់ឱ្យមានការរើសអើងផងដើម្បីឱ្យគេស្អប់លោកហោ ណាំហុង ក៏ដូចជាស្អប់រាជរដ្ឋាភិបាល។ ការញ៉ុះញ៉ង់ឱ្យមានការរើសអើងនេះ គឺជាកំហុសធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកហោ ណាំហុង»។ លោក សម រង្ស៊ី បានហៅការកាត់ទោសប្រឆាំងនឹងរូបលោកនេះថាជារឿងនយោបាយ។ «ចំពោះខ្ញុំ សម រង្ស៊ី មិនចាប់អារម្មណ៍អ្វីទាល់តែសោះ (ចំពោះការកាត់ទោសរូបលោកនេះ) ពីព្រោះតុលាការនៅទីក្រុងភ្នំពេញ តុលាការនៅប្រទេសកម្ពុជា គឺជាតុលាការឡប់ឡែ ជាតុលាការអយុត្តិធម៌ ហើយតុលាការនេះមិនមែនអយុត្តិធម៌ចំពោះតែរូបខ្ញុំសម រង្ស៊ី ទេ គឺអយុត្តិធ៌ចំពោះប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់ពាន់រាប់ម៉ឺននាក់ដែលបាត់បង់ដីធ្លី ស្រែចម្ការ ផ្ទះសម្បែង ដោយសារតុលាការឡប់ឡែនេះ»។ រហូតមកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន១៤ឆ្នាំ ក្នុងការកាត់ទោសចំនួនបីលើកចាប់តាំងពីឆ្នាំ២០០៨មក។ នៅក្នុងខែមករាឆ្នាំ២០១០ តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឱ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារចំនួន២ឆ្នាំចំពោះការដកតម្រុញបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនៅក្នុងស្រុកចន្ទ្រានៅក្នុងខែតុលាឆ្នាំ២០០៩។ នៅក្នុងករណីមួយផ្សេងទៀតតុលាការក្រុងភ្នំពេញបានកាត់ទោសកំបាំងមុខឱ្យលោក សម រង្ស៊ីជាប់ពន្ធនាគារចំនួន១០ឆ្នាំ ចំពោះបទចោទប្រកាន់អំពីការផ្សព្វផ្សាយផែនទីក្លែងក្លាយរវាងព្រំដែនកម្ពុជា និងវៀតណាម៕ This posting includes an audio/video/photo media file: Download Now |
អ្នកកាសែតខ្មែរនៅតែភ័យខ្លាចនិងរងការគាបសង្កត់ Posted: 25 Apr 2011 08:16 AM PDT មុនប៉ុន្មានថ្ងៃដែលអ្នកសារព័ត៌មានក្នុងប្រទេសអាមេរិក ប្រារព្ធទិវាសារព័ត៌មានអន្តរជាតិដ៏ធំចំនួន៣ថ្ងៃនៅដើមខែឧសភាខាងមុខនេះក្នុងរដ្ឋធានី វ៉ាស៊ីនតោន ក្រុមអ្នកឃ្លាំមើលនិងអ្នកកាសែត និយាយថាអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជានៅតែភ័យខ្លាចក្នុងការបំពេញកិច្ចការរបស់ពួកគេ ដោយចង្អុលបង្ហាញឲ្យឃើញថា សេរីភាពសារព័ត៌មាននៅមានការរឹតត្បិតនៅឡើយ។ ការភ័យខ្លាចនិងការរឹតត្បិតទាំងនោះត្រូវគេរាប់បញ្ចូលទាំងការគំរាមកំហែង ឥទ្ធិពល នៃការភ័យខ្លាចកាលពីប៉ុន្មានឆ្នាំចុងក្រោយដូចជាការប្រើប្រាស់តុលាការ ដើម្បីប្តឹងផ្តល់ ដាក់គុក កាត់ទោសអ្នកកាសែតមិនយកច្បាប់សារព័ត៌មានប្រើ ប្រាស់ ការបិទមិនឲ្យមានការមើលព័ត៌មានតាមប្រព័ន្ធអេឡិកត្រូនិកមួយចំនួនដែលរិះគន់រដ្ឋាភិបាល នឹងការចាប់ពិរុទ្ធដោយអ្នកសារព័ត៌មានខ្លួនឯងជាដើម។ លោក មឿន ឈានណារិទ្ធិ នាយកនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន (Cambodian Institute for Media Studies) បានថ្លែងថា៖ គំហុកខ្លាំងនៃការធ្វើទុកបុកម្នេញអ្នកសារព័ត៌មានតាំងពីឆ្នាំ២០០៥មកធ្វើឲ្យអ្នកសារព័ត៌មានមាន ការភ័យខ្លាច ហើយរក្សាភាពស្ងប់ស្ងាត់ដើម្បីជៀសវាងពីការធ្វើទុក្ខបុកម្នេញ និងផលវិបាកផ្ទាល់ខ្លួនផ្សេងៗ ដែលលោកសង្កត់ធ្ងន់ថាជារឿងមិនល្អ សម្រាប់ប្រទេស។ «វាអាចថាជាសញ្ញាល្អសម្រាប់អ្នកសារព័ត៌មានដែលគាត់មានការប្រយ័ត្នសម្រាប់ ខ្លួនឯងដើម្បីជៀសវាង(ការធ្វើទុក្ខបុកម្នេញ)។ ប៉ុន្តែវាមានផលអាក្រក់ សម្រាប់ រដ្ឋាភិបាលក៏ដូចជាសង្គមទាំងមូលដោយសារតែក្នុងសង្គមប្រជាធិបតេយ្យ យើងត្រូវការ សារព័ត៌មានមួយដែលមានការរិះគន់ខ្លាំងណាស់ចំពោះ សង្គមក៏ដូចជា រដ្ឋាភិបាលដើម្បីឲ្យដំណើរការប្រជាធិបតេយ្យដំណើរការទៅបានរលូនល្អ»។ លោក ណារិទ្ធិបានបន្ថែមទៀតថា៖ «នៅពេលដែលអ្នកសារព័ត៌មានគាត់មានការចាប់ពិរុទ្ធខ្លួនឯងដោយមិនហ៊ានធ្វើការផ្សព្វផ្សាយនូវព័ត៌មានដែលមានការរិះគន់ខ្លាំងទៅលើរដ្ឋាភិបាលឬក៏ព័ត៌មាន ដែលមានលក្ខណៈអវិជ្ជមានចំពោះសង្គមនោះ អាហ្នឹងវាធ្វើឲ្យដំណើរ ការនៃលទ្ធិប្រជាធិបតេយ្យ មិនត្រឹមតែវានៅហ្នឹងមួយកន្លែងទេវាអាច ដើរថយ ក្រោយទៅវិញ»។ អ្នកសារព័ត៌មានយ៉ាងតិច១២នាក់ត្រូវគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៥ មកដល់ ឆ្នាំ២០០៨ តែគ្មានជនល្មើសណាម្នាក់ត្រូវគេនាំយកមកផ្តន្ទាទោសនោះទេ។ អ្នកសារព័ត៌មានខ្លះ ភៀសខ្លួនចេញទៅក្រៅប្រទេសនិងមួយចំនួនត្រូវគេចាប់ ដាក់គុក ក្រោមច្បាប់ ព្រហ្មទណ្ឌ ទាក់ទងនឹងបទបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិតជាពិសេសអ្នកសារព័ត៌មានដែលមាន និន្នាការទៅរកគណបក្សជំទាស់។ លោក ប៉ោយ រើយ បណ្ណាធិការនៃកាសែតជាតិខ្មែរមាននិន្នាការទៅរកគណបក្ស សម រង្ស៊ីបានថ្លែងថា ការភ័យខ្លាចសម្រាប់អ្នកសារព័ត៌មានមានកំណើនខ្លាំងជាងមុន។ «រូបរាងខ្លាំងជាងមុនដោយសារតែយើងឃើញមន្ត្រីណាមួយពុករលួយហើយ ពីមុនយើងសរសេរបានតែលើកនេះបើយើងសរសេរទៅគេប្រើរូបភាពគំរាមកំហែង ជាប្រយោលឬក៏ទាក់ទងមកបំភ័យព័ត៌មានឲ្យយើងភ័យខ្លាចតាមរយៈអ្នកដែលគេស្គាល់យើងអញ្ចឹងតែម្តង ធ្វើឲ្យយើងមានការប្រុងប្រយ័ត្ន មានការភ័យខ្លាច សំខាន់វាធ្វើឲ្យយើងមានអារម្មណ៍មិនល្អក្នុងការសរសេររឿងហ្នឹងតែម្តង»។ លោក រឿយបានសរសើរការរីកចម្រើនផ្នែកសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាថាគ្រាន់បើជាងសម័យខ្មែរក្រហមហើយនឹងសម័យរដ្ឋកម្ពុជាដែលជារបបកុម្មុយនិស្ត។ លោករឿយដែលរអ៊ូរទាំថាពិបាករកសម្តីពីមន្ត្រីរដ្ឋាភិបាលមកបញ្ជាក់ឲ្យអត្តបទរបស់លោកមានតុល្យភាពគេចផុតពីការចាប់កំហុសក្រោយចេញផ្សាយនោះបានសង្កត់ធ្ងន់បន្ថែមទៀតថាសារព័ត៌មានប្រឆាំងដើរតួសំខាន់ណាស់សម្រាប់ យុត្តិធម៌ក្នុងសង្គម។ «បើគ្មានកាសែតប្រឆាំងទេ បងអើយ គេធ្វើបាបប្រជាពលរដ្ឋយើងតាមចិត្តហ្នឹង។ គេចង់ធ្វើអីគេមិនធ្វើតែអ្នកប្រឆាំងអីគេធ្វើបាបតែប្រជាពលរដ្ឋហ្នឹងជាងអ្នក ប្រឆាំងទៀត។ ហើយប្រជាពលរដ្ឋហ្នឹងមិនមែនសម្រាប់តែគាំទ្រតែអ្នកប្រឆាំង ទេ។ អ្នកគាំទ្រគណបក្សប្រជាជនដូចគ្នាហ្នឹងក៏គេធ្វើបាបដែរ។ មើលដូចបញ្ហា ទំនាស់ ដីធ្លីបឹងកក់បឹងអី អ្នករងគ្រោះដីធ្លីភាគច្រើនមើលឃើញកាន់តែរូបថត សម្តេច លោកហ៊ុន សែននឹងលោកស្រីប៊ុន រ៉ានី ហើយអ្នកខ្លះពាក់អាវគណបក្ស ប្រជាជន មួកគណបក្សប្រជាជនមកតវ៉ាហ្នឹង មិនដែលឃើញអ្នកពាក់អាវភ្លើង ទៀន មួកភ្លើងទៀន(គណបក្សសម រង្ស៊ី) មកតវ៉ារកយុត្តិធម៌ផងហ្នឹង»។ លោក ឱម ចាន់ដារ៉ា ប្រធានសមាគមមិត្តអ្នកសារព័ត៌មានខ្មែរ និងជាបណ្ណាធិការ កាសែតមាតុភូមិដែលមាននិន្នាការទៅរកគណបក្សគ្រប់គ្រងប្រទេសបាន អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០១១នេះ មានលក្ខណៈ ល្អ ប្រសើរជាង ប្រទេសជិតខាង។ លោក បានទទួលស្គាល់ថាអ្នកសារព័ត៌មាន កម្ពុជាមានការប្រុងប្រយ័ត្នជាងមុនក្នុងការសរសេរ ដែលលោកចាត់ទុកថាមិន មែនដោយសារ ភ័យខ្លាចទេគឺដោយសារអ្នកសារព័ត៌មានយល់ដឹងពីច្បាប់ ហើយនឹងក្រម សីលធម៌។ «អញ្ចឹងទេបើកាលណាយើងធ្វើអ្វីដែលខុសរំលោភច្បាប់យើងនឹងត្រូវទទួល។អញ្ចឹងទេយើងមានការប្រុងប្រយ័ត្ន សំខាន់ឲ្យតែយើងគោរពវិជ្ជាជីវៈ មានប្រភព ផ្សព្វផ្សាយត្រឹមត្រូវ អាហ្នឹងយើងមិនមានបញ្ហាអីទេបាទ ដែលឃើញ តាមការខ្ញុំសង្កេត»។ ក្រៅពីយល់ស្របនឹងកំណើនវិជ្ជាជីវៈនឹងការយល់ដឹងផ្នែកច្បាប់ របស់អ្នកសារព័ត៌មាន។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកថាសារព័ត៌មានបច្ចុប្បន្នមានរបៀបរៀបរយ មានគុណភាពនិងតុល្យភាពល្អជាងមុន ដោយប្រែក្លាយពីការវាយប្រហារដែលនាំឲ្យខូចកេរ្តិ៍ឈ្មោះហើយច្បាប់ការពារនោះ មកត្រឹមការរិះគន់។ លោកច្រានចោលការចោទប្រកាន់ពីការរឹតត្បិតសេរីភាពសារព័ត៌មាន នឹងធ្វើទុក្ខបុកម្នេញផ្សេងៗ។ «ខ្ញុំអត់ទាន់ឃើញមានកន្លែងត្រង់ណាមួយដែលថាអ្នកសារព័ត៌មាន មានភាព សង្កត់សង្កិនមិនឲ្យនិយាយ គឺថាអ្នកសារព័ត៌មានសេរីភាពគ្រប់គ្រាន់ក្នុងការ និយាយ ក្នុងការទិទៀនអាហ្នឹងគឺមានគ្រប់គ្រាន់។មិនមានអ្នកណាមួយមាន ស្ថានភាព បន្ទុចបង្អាក់ មិនឲ្យអ្នកណាមិនហ៊ាននិយាយទិទៀនទៅ លើអ្នកណាទេ។ ហើយជាពិសេសឥឡូវនេះយើងឃើញថាអង្គភាពប្រឆាំងអំពើពុករលួយ ក៏លោក បានផ្តល់បង្អួចមួយក្នុងការប្តឹងឬផ្តល់ព័ត៌មានសម្ងាត់ណាមួយដែលពាក់ព័ន្ធនឹងបុគ្គលដែលប្រព្រឹត្តនឹងអំពើខុស»។ ទោះជាយ៉ាងណាក៏ដោយ លោក មឿន ឈានណារិទ្ធិ បានអះអាងថាបញ្ហាធំមួយរបស់អ្នកសារព័ត៌មានសព្វថ្ងៃគឺការមិនទាន់មានច្បាប់មួយទាក់ទងនឹងសិទ្ធិ ទទួលបានព័ត៌មានដែលគេដឹងថារដ្ឋាភិបាលមិនបានធ្វើ។ លោកចាត់ទុកថា ច្បាប់នោះអាចនឹងជួយឲ្យអ្នកសារព័ត៌មានកាន់តែមានវិជ្ជាជីវៈល្អហើយនឹងជួយឲ្យមានភស្តុតាងអាចការពារអត្ថបទរបស់ខ្លួនបានបើមានការប្តឹងផ្តល់។ «ដោយសារខ្វះច្បាប់ពីសិទ្ធិទទួលព័ត៌មានហ្នឹងដែលយើងមិនអាចរកភស្តុតាង ដែល រឹងមាំ ជាពិសេសភស្តុតាងទាក់ទងនឹងឯកសារ ជាពិសេសទាក់ទងនឹងការ ដេញថ្លៃផ្សេងៗហ្នឹង យើងអត់មានទេ។ អញ្ចឹងយើងពឹងផ្អែកទៅលើប្រភព។ ប្រភពភាគច្រើនជាប្រភពអនាមិក។ អញ្ចឹងសម្រាប់អត្ថបទព័ត៌មានស៊ើបអង្កេត អត្ថបទព័ត៌មានដែលមានការរិះគន់ខ្លាំងឬក៏ព័ត៌មានដែលចម្រូងចម្រាស់ហ្នឹង ប្រភពជាអនាមិក ជាប្រភពដែលងាយៗនឹងត្រូវគេវាយបកមកវិញ ងាយនឹងត្រូវ គេធ្វើការប្តឹងផ្តល់»។ លោក អ៊ូ វីរៈនាយកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថាច្បាប់បរិហារកេរ្តិ៍ព្រហ្មទណ្ឌនិងការផ្សាយព័ត៌មានមិនពិតនៅតែជាប្រភពបញ្ហាដ៏ធំដដែលសម្រាប់ការគាបសង្កត់អ្នកសារព័ត៌មាន ក្រៅពីចាត់ទុកថាមានការភ័យខ្លាចក្នុងសង្គមនៅមានបន្ត។ «សង្គមយើងនៅតែជាសង្គមភ័យខ្លាច ប្រជាពលរដ្ឋនៅមានការភ័យខ្លាច ហើយអ្នកសារព័ត៌មានជាពិសេសហ្នឹងនៅមានការគំរាមកំហែងធ្វើការដោយភ័យខ្លាចច្រើន។ ដូច្នេះរឿងភ័យខ្លាចនេះធ្វើឲ្យអ្នកសារព័ត៌មានយើងមិនបានបំពេញតួនាទីដោយសមស្របទៅនឹងវិជ្ជាជីវៈហើយនេះក៏ជាប្រធានបទមួយសំខាន់សម្រាប់ឆ្នាំ២០១១»។ ទាំងលោក អ៊ូ វីរៈ និងលោក មឿន ឈានណារិទ្ធិ បានមើលឃើញពីសញ្ញាល្អ ខ្លះៗដែរចំពោះការគ្មានការសម្លាប់ក្រៅប្រព័ន្ធច្បាប់ចំពោះអ្នកកាសែតប៉ុន្មានឆ្នាំចុងក្រោយ។ ការរីកចម្រើនផ្នែកវិទ្យុ ក្រៅពីកត់សម្គាល់ឃើញពីកំណើននៃការ ទទួលព័ត៌មានតាមរយៈប្រព័ន្ធអេឡិកត្រូនិកអ៊ីនធើណេត (Internet) របស់ប្រជាពលរដ្ឋ ទោះបីជាមានការរាំងខ្ទប់គេហទំព័រមួយចំនួនដែលសរសេររិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេដឹងថាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជា។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងសារព័ត៌មានរបស់ស.រ.អមួយឈ្មោះ Freedom House កាលពីឆ្នាំ២០១០ បានចាត់ទុកកម្ពុជាចូលក្នុងចំណាត់ថ្នាក់មិនមានសេរីភាពសារព័ត៌មានដោយយោងទៅលើការធ្វើទុក្ខបុកម្នេញនិងការរឹតត្បិតផ្សេងៗទៀតចំពោះអ្នកសារព័ត៌មាន។ មន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការចោទប្រកាន់ ហើយចាត់ទុកថាជាការនិយាយមួលបង្កាច់កម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
អ្នកដែលត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនកើនឡើងទ្វេដងក្នុងឆ្នាំ២០១១ Posted: 25 Apr 2011 07:29 AM PDT យ៉ាងហោចណាស់មានជនសង្ស័យចំនួន៤៣២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរបស់រដ្ឋាភិបាលក្នុងត្រីមាសទី១នៃឆ្នាំ២០១១។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា។ តួលេខបានបង្ហាញពីកំណើនជនល្មើសក្នុងការជួញដូរ និងផលិតគ្រឿងញៀនចំនួនច្រើនជាងទ្វេដង បើធៀបនឹងការបង្រ្កាបគ្រឿងញៀនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០ ដែលជនសង្ស័យត្រូវចាប់ខ្លួនមានចំនួនត្រឹមតែ១៧៩នាក់តែប៉ុណ្ណោះ។ លោកឧត្តមសេនីត្រីយ៍ ខៀវ សាម៉ន ប្រធានស្តីទីនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានប្រាប់វីអូអេខ្មែរកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យនេះត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរបង្រ្កាបកន្លែងផលិតគ្រឿងញៀននៅក្នុងខេត្ដនិងរាជធានីភ្នំពេញ ក្នុងនោះមានជនជាតិកម្ពុជាចំនួន៣៩៥នាក់ និងជនបរទេសមាន៦សញ្ជាតិ ដូចជាជនជាតិនីហ្សេរីយ៉ា និងហ្វ៊ីលីពីនជាដើម។ លោកឧត្តមសេនីយ៍ត្រី ខៀវ សាម៉ន បានបញ្ជាក់ថា សកម្មភាពនៃការបង្រ្កាបខ្លាំងក្លាក្នុងឆ្នាំនេះ គឺដើម្បីកាត់បន្ថយការចរាចរគ្រឿងញៀនឲ្យកាន់តែប្រសើរនៅកម្ពុជា។ លោកមានប្រសាសន៍ថា៖ «ក្នុងការបង្រ្កាបរបស់មន្ទីរប្រឆាំងគ្រឿងញៀនគឺថាក្នុងចាប់មួយករណីយើងចាប់បានជាង១១គីឡូក្រាមថ្នាំញៀនក្នុងមួយករណីដែលយើងចាប់ហ្នឹងថ្នាំគ្រាប់លើសការចាប់ទូទាំងប្រទេសឆ្នាំ២០១០។ បង្រ្កាបផង ស្រាជ្រាវចាប់ដល់ឫសដល់គល់ពិសេសគឺករណីធំៗ»។ ប្រភពដដែលបន្ថែមថា ក្នុងប្រតិបត្តិការបីខែមកនេះ ក្រុមអាជ្ញាធរបានរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង៤ម៉ឺនគ្រាប់ មេតំហ្វេតាមីនទឹកកកជិត៤គីឡូក្រាម ហេរ៉ូអ៊ីនជិតកន្លះគីឡូក្រាម អេហ្វេឌ្រីនជាង៣គីឡូក្រាម ថ្នាំផ្តាសាយដែលមានផ្ទុកសារធាតុញៀនចំនួនជាង៦លានគ្រាប់ និងឧបករណ៍បរិក្ខាផលិតគ្រឿងញៀនមួយចំនួន។ សូមបញ្ជាក់ថា ក្នុងចំណោមជនដែលត្រូវចាប់ខ្លួនរួមមានអតីតឧត្តមសេនីយ៍ មឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ស្នងការ និងស្នងការរងខេត្តបន្ទាយមានជ័យនិងប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃផងដែរ។ ទោះបីជាសកម្មភាពនៃការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចមានផុលផុសជាងឆ្នាំកន្លងមកក៏ដោយ ក៏មន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងគណបក្សប្រឆាំងចាត់ទុកថា វិធានការនោះមិនទាន់ឆ្លើយតបទៅនឹងសកម្មភាពចរាចរគ្រឿងញៀននៅកម្ពុជានៅឡើយ។ លោក អំ សំអាត អ្នកស៊ើបអង្កេតនៃអង្គការលីកាដូបានសាទរចំពោះការបង្កើនសកម្មភាពនៃការបង្ក្រាបនេះ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា វាហាក់ដូចជាយឺតពេលបន្តិចពីព្រោះប្រជាពលរដ្ឋកម្ពុជាមួយចំនួនកំពុងទទួលរងគ្រោះដោយសារគ្រឿងញៀននេះរូចទៅហើយ។ លោកបានបន្តថា គួរតែមានការពង្រឹងសកម្មភាពបង្រ្កាបឲ្យបានច្រើនជាងនេះបន្ថែមទៀត។ លោកថ្លែងថា៖ «យើងឃើញថា មានយុទ្ឋនាការដ៏សកម្មក្នុងការបង្រ្កាបការជួញដូរ និងការប្រើប្រាស់ គ្រឿងញៀនហ្នឹង។ យើងទទួលស្គាល់ថា មានការបង្រា្កបអញ្ចឹងមែន ប៉ុន្តែមួយទៀត យើងចង់ឃើញ ការបង្រ្កាបនេះត្រូវបានធ្វើទៅលើអ្នកដែលជួញដូរគ្រឿងញៀន អ្នកដែលនាំគ្រឿងញៀនចូល ឬក៏ផលិតគ្រឿងញៀនឲ្យបានខ្លាំងដើម្បីជាការទប់ស្កាត់»។ ជាមួយគ្នានេះដែរ លោកស្រីម៉ប់ សូម៉ាយ៉ា នាយិកានៃអង្គការមិត្តសម្លាញ់បានឲ្យដឹងដែរថាសមត្ថកិច្ចគួរតែបង្រ្កាបអ្នកដែលជួញដូរឲ្យបានច្រើនជាងអ្នកប្រើប្រាស់។ លោកស្រីថ្លៃដូច្នេះថា៖ «ការអនុវត្តយ៉ាងផុលផុសក្នុងការបង្រ្កាបគ្រឿងញៀននេះ គឺយើងគិតថា បើបង្រ្កាបអ្នកជួញដូរ គឺយើងអបអរសាទរ ក៏ប៉ុន្តែចំពោះអ្នករងគ្រោះ អ្នកដែលប្រើប្រាស់ហើយ គួរតែសុំឲ្យសហការណ៍ជាមួយនឹងយើង ដោយសារតែការអនុវត្តដោយជំនាញក្នុងការដែលព្យាបាលពួកគាត់ ដើម្បីឲ្យពួកគាត់អាចផ្តាច់គ្រឿងញៀន អាចរកវិជ្ជាជីវៈ ឬក៏រកអនាគតថ្មីសម្រាប់ពួកគាត់»។ ដោយឡែកលោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រនៃគណៈបក្សសម រង្ស៊ី បានមានប្រសាសន៍ថា ការបង្ក្រាបគ្រឿងញៀនរបស់សមត្ថិកិច្ចច្រើនចាប់បានតែអ្នកជួញដូរ និងអ្នកប្រើប្រាស់តូចតាចតែ ប៉ុណ្ណោះ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «អត់សូវឃើញមានគេចាប់បានមេធំៗទេច្រើនតែអ្នកប្រើប្រាស់ ហើយអ្នកដែលទិញ អ្នកចែកចាយតួចៗ ប៉ុន្តែអ្នកដែលនៅពីក្រោយចែកចាយដែលមានលក្ខណៈទ្រង់ទ្រាយធំ គឺមិនត្រូវបានចាប់យកមកកាត់ទោសទេ»។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១០របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា មានការនាំគ្រឿងញៀនពីតំបន់ត្រីកោណមាសចូលមកកម្ពុជាជាពិសេសតាមច្រកនៃខេត្តនៅទិសឦសាន។ ដោយឡែកច្រកនាំគ្រឿងញៀនចេញពីកម្ពុជារួមមានបណ្តាច្រកផ្លូវគោកនៃខេត្តភាគខាងកើត និងច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយច្រកនេះជាច្រកដ៏សំខាន់ដែលក្រុមឈ្មួញគ្រឿងញៀនកោះតៃវ៉ាន់ព្យាយាមធ្វើសកម្មភាពនាំចេញទៅកាន់ប្រទេសទី១។ របាយការណ៍ដដែលបានឲ្យដឹងដែរថា ការផលិតកែច្នៃគុណភាពគ្រឿងញៀន ការវេចខ្ចប់គ្រឿងញៀនសម្រាប់ការនាំចេញទៅកាន់ទីផ្សារគ្រឿងញៀនអន្តរជាតិ នៅតែបន្តកើតមាន ហើយ សំខាន់ជាងនេះទៅទៀត គឺការប៉ុនប៉ងយកកម្ពុជាធ្វើជាកន្លែងគ្រឿងញៀនខុសច្បាប់។ បណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបានប្ដេជ្ញាបោសសំអាតការប្រើប្រាស់គ្រឿងញៀនឲ្យអស់ត្រឹមឆ្នាំ២០១៥។ បច្ចុប្បន្នអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជាមានចន្លោះពី៥.០០០ទៅ៦.០០០នាក់ ដែលភាគច្រើននៃអ្នកញៀនថ្នាំមានអាយុក្រោម២៥ឆ្នាំ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |