VOA News: ព័ត៌មាន: “កម្ពុជា​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២” plus 1 more

VOA News: ព័ត៌មាន: “កម្ពុជា​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២” plus 1 more


កម្ពុជា​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២

Posted: 30 Apr 2011 07:24 AM PDT

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​​ទើប​តែ​បាន​ដាក់​បណ្ដឹង​មួយ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្ដរជាតិ​​ក្រុង​ឡាអេ​ប្រទេស​ហូឡង់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​លើ​សាលក្រម​​សម្រេច​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ប្រទេស​កម្ពុជា​ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​នេះ​​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ថែរក្សា​ប្រាង្គ​ប្រាសាទ​ចំណាស់​ជាង​៩០០​ ឆ្នាំ​របស់​ខ្មែរ​ នេះ​​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ។​

បណ្ដឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ដោយ​ប្រដាប់​អាវុធ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តមានជ័យ​កម្ពុជា​ និង​ខេត្ត​សុរិន្ទ​របស់​ថៃ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​មក​ហើយ។ ការ​ប្រយុទ្ធ​គ្នា​ដែល​ជា​ចំណែក​មួយ​ត្រូវ​គេ​សម្គាល់ឃើញ​ថា​បាន​រីក​រាលដាល​ពី​ជម្លោះ​នៅប្រាសាទ​ព្រះវិហារ។

នៅ​​ក្នុង​​សេចក្ដី​​ថ្លែង​​ការណ៍​​របស់​​ខ្លួន​​ ក្រសួង​ការ​បរទេស​​បាន​​ទទូច​​ថា​​ ការ​​ចាត់​​វិធានការ​​ជា​បន្ទាន់​​ណា​មួយ​​របស់​​តុលាការ​​យុត្តិធម៌​​អន្ដរជាតិ​​ «គឺ​​ជា​​ការ​​ចាំបាច់​​ចៀស​​ពុំ​​បាន» ដើម្បី​​ឲ្យ​​មាន​​ការ​​ឈប់​​បាញ់​គ្នា​​ ជា​​អចិន្ដ្រៃយ៍​​រវាង​​ប្រទេស​​គូ​ជំម្លោះ​​​ទាំង​​ពីរ។

កាល​​ពី​​ខែ​មិថុនា​ឆ្នាំ​​១៩៦២​​ តុលាការ​​យុត្តិធម៌​​អន្ដរជាតិ​​ក្រុង​​ឡាអេ​​ បាន​​សម្រេច​​ថា​​ប្រាសាទ​​ព្រះវិហារ​​ជា​​របស់​​ប្រទេស​​កម្ពុជា​​ដោយ​​បញ្ចប់​​នូវ​​ការ​​ប្ដឹង​​ទាមទារ​​យ៉ាង​​ចម្រូង​​ចម្រាស់​​ពី​សំ​ណាក់​​ប្រទេស​​ថៃ។

ក៏​​ប៉ុន្ដែ​​ប្រទេស​​ថៃ​​ បាន​​សើរើ​​ដំបៅ​​ចាស់​​នេះ​ឡើង​វិញ​នៅ​ពេល​ដែល​ខ្លួន​បាន​ជំទាស់​មិន​បាន​សម្រេច​ចំពោះ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ចូល​ជា​សម្បតិ្ត​បេតិកភណ្ឌ័​ពិភពលោក។

លោក កុយ គួង អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​របស់​កម្ពុជា​ឲ្យ​មាន​​ការ​បកស្រាយ​លើសាលក្រម​ក្រុង​ឡាអេ​ គឺ​ដើម្បី​ទាមទារ​ការ​បញ្ជាក់​ច្បាស់លាស់​ពី​ខ្សែ​បន្ទាត់​ព្រំដែន។

«ចំណុច​នេះ​កាល​យើង​ដាក់​ស្នើ​ទៅ​គឺ​ឲ្យ​បកស្រាយ​តែ​រឿង​សាល​ក្រម​ឆ្នាំ​១៩៦២​ ដែល​សម្រេច​ឲ្យ​​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​ខាង​កម្ពុជា​ផ្អែក​ទៅ​លើ​ផែនទី​​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​​ដែល​បង្កើត​ឡើង​ដោយ​គណកម្មការ​បារំាង​-សៀម»។

ក៏​ប៉ុន្ដែ​លោក​ ហង្ស ឆាយ៉ា អនុបណ្ឌិត​ច្បាប់​ផ្នែក​បរិដ្ឋាន​មក​ពី​ប្រទេស​អូស្ដ្រាលី​ និង​ជា​នាយកប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ប្រសាសន៍​ថា​ សំណើ​នោះ​នៅ​មិន​ទាន់​មាន​ភាព​ជាក់លាក់​នៅ​ឡើយ​ ហើយ​កម្ពុជា​គួរ​តែ​យក​មូលដ្ឋាន​ផែនទី​ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ​​មកដោះស្រាយ​ជម្លោះ​នេះ​គឺ​ជា​ការ​គ្រប់គ្រាន់។

«ដូច​អត់​ច្បាស់​នៅ​ត្រង់​យ៉ាង​ម៉េច​ សុំ​ទាមទារ​ឲ្យ​គេ​បកស្រាយ​ហ្នឹង។ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​ ថា​គេ​ឆ្លើយតប​មក​វិញ​ គេ​ថា​ឲ្យ​យើង​ពន្យល់​បន្ថែម​ទៀត​ ពីព្រោះ​ការ​សម្រេច​ឆ្នាំ១៩៦២ ច្បាស់​ហើយ​កម្ពុជា​ឈ្នះ​ ជឿ​ថា​ផែនទី​ណា​ដែល​ឆ្នាំ​១៩៦២ ​គេ​ទទួល​ស្គាល់​តែ​ប៉ុណ្ណឹង»។

បណ្ដឹង​របស់​ប្រទេស​កម្ពុជា​ដើម្បី​ស្វែង​រក​ការ​បកស្រាយ​សាលក្រម​របស់​តុលាការ​ក្រុងឡាអេ​បាន​បង្ហាញ​ពី​ការប្រឹងប្រែង​មួយ​ថ្មី​ទៀត​ក្នុង​ការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន។ ការ​ប្រយុទ្ធ​គ្នា​ដែល​ភាគី​ កម្ពុជា​ចោទ​ថា​គឺ​ជា​ការ​រំលោភ​ឈ្លានពាន​របស់​ប្រទេស​ថៃ​ហើយ​ដែល​គូ​ជម្លោះ​របស់​ខ្លួន​បាន​រំលោភ​បទ​ឈប់បាញ់​គ្នា​ជា​បន្ដបន្ទាប់​បើ​ទោះ​ជា​មាន​ការ​ព្រមព្រៀង​រួមគ្នា​ក៏​ដោយ។

នៅ​ថ្ងៃនេះ​ រដ្ឋសភា​ប្រទេស​កម្ពុជា​ បាន​ថ្កោលទោស​ការ​បង្កជម្លោះ​ប្រដាប់អាវុធ​របស់​ប្រទេសថៃ​ហើយ​បាន​អំពាវនាវ​ស្វែង​រក​អន្ដរាគមន៍​​ពី​​សហគមន៍​អន្ដរជាតិ៕

This posting includes an audio/video/photo media file: Download Now

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទល់ដែន​កម្ពុជា-ថៃ​​មិន​ប៉ះពាល់​ដល់​ទេសចរណ៍​ទៅ​កម្ពុជា​ទេ

Posted: 30 Apr 2011 09:27 AM PDT

ទោះ​បី​ជា​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​​កំពុង​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្តាយ​ព្រំដែន​យ៉ាង​ណា​ក្តី​ក៏​មិន​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ មន្ដ្រី​កម្ពុជា​និង​ភ្នាក់ងារ​សេវាកម្ម​ផ្នែក​ទេសចរណ៍​អះអាង​ថា​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​នៅ​បន្ត​កើន​ឡើង​នៅ​ឡើយ។

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍​និង​ក្រុមហ៊ុន​ទេសចរណ៏​មួយ​ចំនួន​ បាន​អះអាង​ថា​ ជម្លោះ​ព្រំដែន​ដែល​បាន​នាំឲ្យ​មាន​ការ​បាញ់​ប្រយុទ្ធគ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​មក​នេះ​ មិន​បាន​ជះ​ឥទ្ធិពល​ជា​ដុំកំភួន​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក​ ថោង ខុន​ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​បាន​ប្រាប់​ វីអូអេ សំឡេង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មាន​ការ​ប៉ះពាល់​ដល់​លំហូរ​នៃ​ទេសចរ​ជនជាតិ​ថែ​មក​កាន់​ប្រទេស​កម្ពុជា​ដោយសារ​តែ​ ការ​ប៉ះទង្គិច​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ក៏ប៉ុន្ដែ​ចំនួន​ភ្ញៀវ​ទេសចរ​ជា​ទូទៅ​មាន​ចំនួន​កើន​ឡើង​ក្នុង​អំឡុង​ពេល​នេះ។

«ទោះ​បី​មាន​បញ្ហា​សង្រ្គាម​នៅ​ព្រំដែន​ ភ្ញៀវ​ទេសចរ​យើង​អត់​ធ្លាក់​ទេ​​ជា​ទូទៅ។ ដោយសារ​តែ​វា​ថយ​តាម​ច្រក​នេះ​ វា​ទៅ​កើន​កន្លែង​ផ្សេង។ គេ​អត់​ភ័យ​ខ្លាច​អ្វី​ទេ​ជា​រួម​ គឺ​គេ​ដឹង​ទាំង​អស់​គ្នា​ថា​ អា​ហ្នឹង​ជា​ការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​តែ​ស្រុក​ខ្មែរ​ គឺ​មាន​សន្តិភាព​ មាន​សុវត្ថិភាព​ល្អ​ណាស់។ អញ្ចឹង​ភ្ញៀវ​ដូច​ជា​នៅ​សៀមរាប​ គឺ​អត់​មាន​បញ្ហា​ធ្លាក់​ចុះ​ទេ។​ វា​ធ្លាក់​ចុះដោយសារ​ខែ​នេះ​ ជា​ខែ​វា​ធ្លាក់​ទេ​ ភ្ញៀវ​សៀមរាប​ អត់​ឥទ្្ធិពល​ពី​ព្រំដែន​ទេ។ អត់មាន​ទេ​ តែ​ទេសចរ​ថៃ​ គឺ​វា​ធ្លាក់​ វា​ធា្លក់​តាំង​ពី​ប៉ះ​គ្នាដំបូង​ម៉្លេះ​ ធ្លាក់​ជាង​១០%»។

កងទ័ព​​ប្រទេស​​កម្ពុជា​​និង​​កងទ័ព​​ប្រទេស​​ថៃ​​បាន​​ប្រយុទ្ធ​​គ្នា​​នៅ​​តាម​​បណ្ដោយ​​ព្រំដែន​​រួម​​រវាង​​ខេត្ត​​ឧត្តមានជ័យ​​នៅ​​ចំណុច​​ប្រាសាទ​​តាក្របី​​​និង​​ប្រាសាទ​​តាមាន់​​របស់​​ខ្មែរ​​ឈាន​​ដល់​​ថ្ងៃទី៨​​ហើយ​​រហូត​​មក​​ទល់​​នឹង​​ព្រឹក​​ថ្ងៃសុក្រ​​នេះ​​បើ​​ទោះ​​បី​​ជា​​កងទ័ព​​ជួរ​មុខ​​នៃ​​ប្រទេស​​ជាប់​​របង​គ្នា​នេះ​​ បាន​​ធ្វើ​​កិច្ច​ព្រមព្រៀង​​ឈប់​​បាញ់​គ្នា​​កាល​​ពី​​ថ្ងៃ​ព្រហស្បតិ៍​​ក៏​ដោយ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​នៅ​ត្រីមាស​ទីមួយ​ដើម​ឆ្នាំ២០១១​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​សរុប​៧៧៨.២៥១​នាក់ ពោល​គឺ​មាន​ការ​កើន​ឡើង​១៣.៦ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ២០១០។ ទេសចរ​បរទេស​ដែល​បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០​ មាន​ចំនួន​ជាង​​២,៥​លាន​នាក់។

លោក​ថោង ខុន​ បញ្ជាក់​ថា​ភ្ញៀវ​ទេសចរ​បាន​ប្ដូរ​ពី​​ការ​ធ្វើ​ដំណើរ​តាម​ច្រក​ប្រទេសថៃ​ មក ជា​ការ​ធ្វើ​ដំណើរ​តាម​ច្រកប្រទេស​វៀតណាម​វិញ។ នៅ​ក្នុង​ន័យ​នេះ​ លោក​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ បង្ហាញ​ថា​លំហូរ​ទេសចរ​តាម​ច្រក​ប្រទេស​វៀតណាម​បាន​កើន​១៥ភាគរយ​ ក្នុង​នោះ​ដែរ​ ទេសចរឆ្លង​កាត់ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ កូរ៉េ និង​ចិន​បូករួមទាំង​ប្រទេស​ថៃ​ក៏​រួមចំណែក​​ក្នុង​កំណើន​នេះ​ដែរ។

ក្រុមហ៊ុន​ទេសចរណ៍​មួយ​ចំនួន​ដែល​ វីអូអេ សឡេង​សហរដ្ឋ​អាមេរិក​បាន​ទាក់ទង​សុទ្ធ​តែ​បាន​អះអាង​ដូចៗ​គ្នា​ថា​ពុំទាន់​មាន​ការ​ប៉ះពាល់​ណាមួយ​ដល់​ចំនួនភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​តំបន់​ព្រំដែន​នោះ​ទេ។

លោក​ អាង​ គីមអៀង​ ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​​មាន​​ភ្ញៀវ​​មួយ​​ចំនួន​​តូច​​មាន​​ការ​​ព្រួយបារម្ភ​បាន​​សាក​សួរ​​ព័ត៌មាន​​ខ្លះៗ​ ជុំវិញ​ការ​បាញ់​គ្នា​នេះ​ក៏ប៉ុន្តែ​​ពួក​គេ​នៅ​តែ​ធ្វើ​ដំណើរ​មក​កម្ពុជា​ដដែល​ដោយ​មិនមាន​ការ​លុបចោល​នោះទេ។

«ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​នេះ​ ខាង​សមាគម​អត់​បាន​ទទួល​ការ​រាយការណ៍​មក​ថា​មាន​ការ​លុប​​ដំណើរ​ទស្សកិច្ច​មក​កម្ពុជា​យើង​ទេ។ ក៏​ប៉ុន្តែ​គេ​សួរ​ព័ត៌មាន​ថា​តើ​ការ​ប៉ះទង្គិច​វា​ប៉ះពាល់​ដល់​ដំណើរ​ ទស្សនកិច្ច​គេ​អត់​ នៅ​ពេល​ដែល​គេ​មក​ទស្សនា​ហ្នឹង​និង​អាច​ត្រូវ​បាន​រំខាន​ដោយ​ការ​ប៉ះទង្គិច​ហ្នឹង​ អត់។ គេ​សួរ​មក​អញ្ចឹង​ខ្លះៗ គាត់​នៅ​តែ​បន្ត​មក​សម្រាប់​ជនជាតិ​ផ្សេងៗ​ដែល​គាត់បាន​កក់​ហើយ»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក ឈិន មានគង់ អ្នក​គ្រប់គ្រង​សេវាកម្ម​ភ្ញៀវទេសចរណ៍​នៅ​ក្រុមហ៊ុន​ទេសចរណ៍​ផ្លូវ​មក​កាន់​ឥណ្ឌូចិន​ក៏​បាន​ឲ្យ​ដឹង​ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន​ទេសចរណ៍​ផ្សេងៗ ដទៃ​ទៀត​ដែរ​​ថា​ភ្ញៀវ​ទេសចរណ៍​​ដែល​មក​លេង​ប្រទេស​កម្ពុជា​មិន​មាន​ក្រុម​ណាមួយ​ត្រូវ​បាន​លុបចោល​ ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា​និង​ថៃ​នោះ​ទេ។

លោក បាត​ សំបូរ​ ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​សេវាកម្ម​ទេសចរណ៍​កម្ពុជា​ក៏បាន​កត់​សម្គាល់​ដូច​គ្នា​នេះ​ដែរ។

ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មាន​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​អស់រយៈ​ពេល​ជិត​៣ឆ្នាំ​មក​ហើយ។ នៅ​ដើម​ឆ្នាំ២០១១​នេះ​មាន​ការ​វាយប្រហារ​ដោយ​កម្លាំង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ចំនួន​ពីរ​លើក​គឺ​ លើកទី១​នៅ​ថ្ងៃ​ទី៤​រហូត​ដល់​ថ្ងៃទី​៧កុម្ភៈ​ ហើយ​លើក​ទីពីរ​នេះ​​បាន​ចាប់​ផ្ដើម​ពីថ្ងៃទី២២ដល់ថ្ងៃសុក្រទី២៩នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!