VOA News: ព័ត៌មាន: “ការប្រយុទ្ធនៅរីកធំឡើងនៅខណៈមេដឹកនាំរៀបចំចរចាបទឈប់បាញ់” plus 3 more |
- ការប្រយុទ្ធនៅរីកធំឡើងនៅខណៈមេដឹកនាំរៀបចំចរចាបទឈប់បាញ់
- មន្ត្រីថៃបដិសេធការឈ្លានពានកម្ពុជា
- ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជាអនុម័តបទបញ្ជាផ្ទៃក្នុងសមាជ
- អ្នកវិភាគនយោបាយនិយាយថាការព្រួយកង្វល់របស់យោធាថៃបញ្ឆេះឲ្យមានជម្លោះជាមួយកម្ពុជា
ការប្រយុទ្ធនៅរីកធំឡើងនៅខណៈមេដឹកនាំរៀបចំចរចាបទឈប់បាញ់ Posted: 26 Apr 2011 02:50 PM PDT កម្ពុជានិងថៃបានបន្តវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទី៥ នៅតំបន់មានជម្លោះក្នុងខេត្តឧត្តមានជ័យនិងខេត្តព្រះវិហារ។ នៅថ្ងៃអង្គារ៍នេះ កងទ័ពថៃបានប្រើយន្តហោះF16ចំនួន៣គ្រឿង បានហោះលើតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី និងបន្តឆ្ពោះទៅតំបន់ភ្នំទ្រព្យ វាលឥន្ត្រី និងតំបន់ចាក់ច្រែងនៃខេត្តព្រះវិហារ។ ចំណែកឯកម្ពុជាបានបាញ់កាំជ្រួចហ្វូងប្រតិកម្ម BM21 ដាក់ភាគីថៃផងដែរ។ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ គឺលោក ប្រាវីត វង្ស ស៊ូវ៉ាន់ បានទូរស័ព្ទមកលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដើម្បីសុំជួបចរចាអំពីបទឈប់បាញ់នាពេលខាងមុខ។ ក៏ប៉ុន្តែនៅមិនទាន់ដឹងថា ជំនួបនេះនឹងធ្វើឡើងនៅពេលណាទេ តែគ្រាន់តែបានដឹងថា ការពិភាក្សាគ្នានេះ និងធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃនេះ។ រូបភាពនិងសេចក្តីរាយការណ៍នៃការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រទី២២ខែមេសាសប្តាហ៍មុន៖ លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាពុំអាចទាក់ទងដើម្បីសុំបំភ្លឺបានទេនៅថ្ងៃអង្គារ៍នេះ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យតំបន់សមរភូមិមុខបានមានប្រសាសន៍ឲ្យដឹងថា ពិតជាមានទូរស័ព្ទហៅចូលពីខាងភាគីថៃសុំចរចាពិតប្រាកដមែន។ លោកមានប្រសាសន៍ទៀតថា កម្ពុជាបានស្វាគមន៍ចំពោះការចរចានេះក៏ប៉ុន្តែនឹងធ្វើឡើងដោយប្រុងប្រយ័ត្ន។ «អ្វីដែលជាការពិសោធន៍ ថៃច្រើនតែប្រើកល្បិចចរចាផង វាយផង។ ដូច្នេះយើងមានជំនឿ ក៏ប៉ុន្តែតាមដានមើលថាពិត ឬមិនពិត។ នេះជាការសាកល្បងសាថ្មីម្តងទៀត»។ កម្ពុជា និងថៃ បានវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទី៥ហើយ នៅថ្ងៃអង្គារ៍នេះ ក៏ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍អំពីចំនួនមនុស្សស្លាប់ និងរងរបួសរវាងភាគីទាំងពីរទេ។ ការវាយប្រយុទ្ធគ្នានៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី បានវិវត្តមួយថ្ងៃបន្តិចៗ ដោយភាគីថៃបានប្រើប្រាស់យន្តហោះ F16 និងកាំភ្លើងផ្លោងគ្រប់ប្រភេទ ផ្លោងចូលមកកម្ពុជា។ ចំណែកភាគីកម្ពុជាបានប្រើប្រាស់កាំជ្រួចហ្វូងប្រតិកម្មប្រភេទ BM21 នេះបើតាមការបញ្ជាក់របស់មន្រ្តីយោធាមួយរូបនៅកងពលធំលេខ៤២ក្នុងខេត្តឧត្តរមានជ័យផ្នែកកាំភ្លើងធំ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ។ លោកបានប្រាប់វីអូអេខ្មែរយ៉ាងដូច្នេះថា៖ «ពួកយើងកំពុងតែលេងៗ អាកញ្ច្រែង BM ដាក់ទៅរកគោលដៅរបស់ពួកវា គោលដៅរថគ្រោះ។ រថគ្រោះវាឡើងមកយូរហើយ វាឡើងមកចាំមុខខ្ញុំប៉ុន្មានថ្ងៃមុន។ បាទ កំពុងតែឆ្លងទៅឆ្លងមក កំពុងតែដាក់គ្នាទៅវិញទៅមក»។ ក្រសួងការពារជាតិកម្ពុជានៅថ្ងៃអង្គារ៍នេះ បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ភាគី ថៃបានប្រើប្រាស់យន្តហោះ F16 ចំនួន៣គ្រឿង ដោយបានហោះមកលើតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី រហូតដល់តំបន់ប្រាសាទព្រះវិហារចំនួនពីរលើក។ ហើយក្រោយមកបានបាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ចូលតំបន់ភ្នំទ្រព្យ វាលឥន្រ្ទី និងចាក់ច្រែង ប្រមាណ២០នាទី។ ការវាយប្រយុទ្ធគ្នាចំនួនប្រាំថ្ងៃកន្លងទៅនេះបានធ្វើឲ្យជនភៀសសឹកកម្ពុជាកើនដល់ចំនួន៥.៩២០គ្រួសារ ស្នើនឹងចំនួន២៣.៧៤៥នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។ អ្នកនាំពាក្យទីពីររបស់យោធាថៃ គឺលោក ប្រាវីត ហួរ កែវ (Prawit Huo Kaew) ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សម្តីមកចុះផ្សាយថា ការវាយប្រយុទ្ធគ្នានៅថ្ងៃនេះ ទាហានថៃ យ៉ាងតិចចំនួន១០នាក់ បានរង របួសដោយសារការប៉ះទង្គិចគ្នាតាមព្រំប្រទល់ដែនក្នុងខេត្តសុរិន្ទ ដែលធ្វើឲ្យចំនួនអ្នករបួសរបស់ភាគីថៃបានកើនឡើងរហូតដល់៤២នាក់ ចាប់តាំងពីការវាយប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រកន្លងទៅនេះ។ លោក អាផាស៊ី វេចាជីវ៉ា (Abhisit Vejjajiva) នាយករដ្ឋមន្រ្តី ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សម្តីមកថា លោកបានណែនាំដល់ក្រសួងទាំងអស់ឲ្យពិនិត្យឡើងវិញលើវិស័យនានានៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
មន្ត្រីថៃបដិសេធការឈ្លានពានកម្ពុជា Posted: 26 Apr 2011 02:06 PM PDT ទាក់ទងនឹងការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជាថៃ ព័ត៌មានដែលវីអូអេខ្មែរទទួលបានពីប្រទេសថៃនាពេលថ្មីៗឲ្យដឹងថា អ្នកនាំពាក្យរងយោធាថៃមួយរូបលោកវរសេនីយ៍ឯក វីរាជន ស៊ូគន់ថាផាធិផាក (Werachon Sukondhapatipak) បានបដិសេធពីការចោទប្រកាន់មន្ត្រីកម្ពុជាដោយអះអាងថា ភាគីថៃមិនមែនឈ្លានពានកម្ពុជានោះទេ ហើយថៃក៏មិនមែនជាអ្នកបង្កហេតុនៃការវាយប្រយុទ្ធគ្នានោះដែរ។ មន្ត្រីយោធាថៃ លោកវរសេនីយ៍ឯក វីរាជន ស៊ូគន់ថាផាធិផាក បានអះអាងថា ការវាយប្រយុទ្ធគ្នានៅតាមព្រំដែនយប់នេះ គឺជាការវាយប្រហាររប៉េះរប៉ោះតែប៉ុណ្ណោះ តែបានស្តីបន្ទោសភាគីកម្ពុជាថា ការមិនព្រមចរចាទ្វេភាគីជាមួយថៃទើបនាំឲ្យកើតការវាយប្រយុទ្ធគ្នា។ លោកថ្លែងដូច្នេះថា៖ «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាការវាយប្រយុទ្ធគ្នាទៅវិញទៅមកកើតឡើងទេ តែខ្ញុំអាចធានាថាហេតុការណ៍នេះ មិនមែនកើតពីភាគីថៃទេ។ តែប៉ុន្មានថ្ងែនេះមេបញ្ជាការកងទ័ពថៃគ្រប់ជាន់ថ្នាក់ព្យាយាមទាក់ទងជាមួយមេបញ្ជាការទ័ពកម្ពុជា តែជាចុងក្រោយយើងបានដឹងថា កងទ័ពកម្ពុជាត្រូវគេបញ្ជាមិនឲ្យទាក់ទងជាមួយភាគីថៃ»។ លោកវរសេនីយ៍ឯករូបនេះបានបន្ថែមថា យោធាថៃគ្រាន់តែវាយតបដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ មន្ត្រីផ្លូវការកម្ពុជាបាននិយាយថា ក្នុងការវាយប្រយុទ្ធគ្នា៤ថ្ងៃមកនេះ គឺថៃ ប៉ុនប៉ងកាន់កាប់ប្រាសាទតាមាន់ ប្រាសាទតាក្របីដែលស្ថិតនៅខេត្តឧត្តរមានជ័យជាប់ព្រំដែនកម្ពុជាថៃ។ រូបភាពនិងសេចក្តីរាយការណ៍នៃការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុន៖ លោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបនៃតំបន់សមរភូមិកម្ពុជា បានអះអាងថាការវាយប្រហារគ្នាជាទ្រង់ទ្រាយតូចនៅក្បែរប្រាសាទតាក្របី ដែលលោក បានចាត់ទុតថាថៃប៉ុនប៉ងចូលមកកាន់កាប់។ តែអ្នកនាំពាក្យយោធាថៃ វរសេនីយ៍ឯក វីរាជន បានច្រានចោលការចោទប្រកាន់នេះ។ លោក អះអាងថា ការឈ្លានពាន និងការប៉ុនប៉ងកាន់កាប់ប្រាសាទតាក្របី ហើយនឹងប្រាសាទតាមាន់មិនមែនជាបំណងរបស់ថៃទេ។ លោកអះអាងថាថៃចង់បានមិត្តភាពល្អជាមួយប្រទេសជិតខាងកម្ពុជា។ គ្មានសេចក្តីរាយការណ៍ស្តីពីគ្រោះថ្នាក់នៃការវាយប្រហារចុងក្រោយនេះនៅឡើយទេ។ ការវាយប្រយុទ្ធគ្នាកើតឡើងក្រោយពេលថៃមិនព្រមទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកធានាបទឈប់បាញ់គ្នានៅឯតំបន់មានជម្លោះតាមព្រំប្រទល់កម្ពុជាថៃ។ អង្គការសហប្រជាជាតិនិងសមាគមអាស៊ានបានអំពាវនាវឲ្យកម្ពុជាថៃ បញ្ឃប់ការបាញ់គ្នាជាបន្ទាន់ ហើយចរចាដោយសន្តិភាពដើម្បីបញ្ចប់បញ្ហាវិវាទ៕ This posting includes an audio/video/photo media file: Download Now |
ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជាអនុម័តបទបញ្ជាផ្ទៃក្នុងសមាជ Posted: 26 Apr 2011 12:47 PM PDT សមាជិករដ្ឋសភានិងព្រឹទ្ធសភាភាគីច្រើនបានអនុម័តបទបញ្ជាផ្ទៃក្នុងសម្រាប់ដំណើរសមាជរបស់ខ្លួននៅថ្ងៃអង្គារ៍នេះ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ សមាជប្រជុំលើកដំបូងរបស់រដ្ឋសភានិងព្រឹទ្ធសភានេះបានធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរក្រោយពេលច្បាប់នេះចូលជាធរមាន ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ច្បាប់សមាជរដ្ឋសភា និងព្រឹទ្ធសភានេះត្រូវបានអនុម័តដោយរដ្ឋសភានៅក្នុងខែធ្នូឆ្នាំ២០១០ហើយព្រះមហាក្សត្របានឡាយព្រហស្ថលេខាឱ្យប្រើច្បាប់នេះនៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១១។ បទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភានេះបានចែងថា សមាជិកសភាម្នាក់ៗក្នុងក្រុមដែលមានសមាជិកយ៉ាងតិច១៥រូបមានសិទ្ធិបញ្ចោញមតិ១០នាទីយ៉ាងយូរ។ បទបញ្ជាផ្ទៃក្នុងនេះបានបញ្ជាក់ថាសមាជនេះហាមការនិយាយកាត់ពាក្យអ្នកដទៃការនិយាយវាយប្រហារលើបុគ្គលការសម្តែងអាការៈផ្សេងៗ ដែលនាំឱ្យខូចសណ្តាប់ធ្នាប់។ ប្រធានសមាជអាចសុំអន្តរាគមន៍ពីកម្លាំងនគរបាលឬកម្លាំងទ័ពដើម្បីរក្សាការពារមិនឱ្យមានភាពជ្រួលច្របល់ និងភយន្តរាយដល់សមាជ។ លោក ជាម ច័ន្ទនី តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា សមាជរដ្ឋសភានិងព្រឹទ្ធសភានេះមានគោលបំណងដោះស្រាយបញ្ហាជាតិសំខាន់ៗ ប៉ុន្តែបទបញ្ជាផ្ទៃក្នុងនេះបានរឹតបន្តឹងសិទ្ធិបញ្ចញមតិនិងដាក់ទណ្ឌកម្មលើតំណាងរាស្ត្រក្នុងគណបក្សតូចៗ។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថាគណបក្សសម រង្ស៊ី បានចាត់ទុកបញ្ហាបូរណភាពទឹកដី និងការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន២៥០.០០០គ្រួសារស្មើនឹងជិត១លាននាក់ជាបញ្ហាសំខាន់។ លោកស្រីបន្តថា៖ «តាមបទបញ្ជាផ្ទៃក្នុងនេះ យើងឃើញថាប្រជាពលរដ្ឋអត់មានយន្តការណាឬឱកាសណាយករឿងទុក្ខវេទនារបស់ខ្លួនមកដាក់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភានេះទេ។ ដូច្នេះហើយបានជាគណបក្សសម រង្ស៊ី មិនលើកដៃគាំទ្រនូវបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃនេះទេ»។ គណបក្សសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍រិះគន់បទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភាដោយតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សត្រូវបានបិទសិទ្ធិមិនឱ្យចូលរួមបញ្ចញមតិនៅក្នុងសមាជនោះ និងមិនគាំទ្រការអនុម័តបទបញ្ជាផ្ទៃក្នុងនេះទេ ហើយបទបញ្ជាផ្ទៃក្នុងនេះឆ្លុះបញ្ចាំងអំពីការកម្រិតសិទ្ធិសម្តែងមតិរបស់អ្នកតំណាងរាស្ត្រ។ លោកប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិ និងយុត្តិធម៌នៃរដ្ឋសភា បានថ្លែងក្នុងសម័យប្រជុំថាបទបញ្ជាផ្ទៃក្នុងនេះមិនបានបិទសិទ្ធិបញ្ចញមតិ និងការរើសអើងប្រឆាំងនឹងតំណាងរាស្ត្រគណបក្សប្រឆាំងនោះទេ។ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានចែងថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ក្នុងករណីចាំបាច់។ លោកគង់ សារាជ ប្រធានគណៈកម្មការកិច្ចការមហាផ្ទៃនៃព្រឹទ្ធសភា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាសំខាន់ៗរបស់ប្រទេសជាតិមានការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្តិបណ្តាលឱ្យមានវិនាសកម្ម យ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬ ករណីផ្សេងៗទៀតដែលគណៈកម្មាធិការសមាជយល់ឃើញ ថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ»។ ច្បាប់នេះបានបញ្ជាក់ថាព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជអញ្ជើញសមាជិករដ្ឋសភានិងព្រឹទ្ធសភាឱ្យចូលរួម ប្រជុំសមាជ៕ This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគនយោបាយនិយាយថាការព្រួយកង្វល់របស់យោធាថៃបញ្ឆេះឲ្យមានជម្លោះជាមួយកម្ពុជា Posted: 25 Apr 2011 03:04 PM PDT ការប្រយុទ្ធបានបន្តនៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃបន្ទាប់ពីការប៉ះទង្គិចគ្នាអស់រយៈពេលបី-បួនថ្ងៃដែលបានធ្វើឲ្យមនុស្សយ៉ាងតិច១២នាក់ស្លាប់។ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ីបានលប់ចោលដំណើរបំពេញទស្សនកិច្ចដើម្បីព្យាយាមធ្វើការសម្របសម្រួលដើម្បីបញ្ចប់ជម្លោះនោះ។ អ្នកវិភាគនយោបាយថៃខ្លះនិយាយថាយោធារបស់ប្រទេសនោះ ដែលមានការព្រួយបារម្ភអំពីការបោះឆ្នោតនាពេលខាងមុខនោះអាចជំរុញឲ្យរដ្ឋាភិបាលច្រានចោលកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យមានសន្តិភាពរបស់អន្តរជាតិ។ ការប្រយុទ្ធគ្នាម្តងៗនៅតាមបណ្តោយព្រំដែនកម្ពុជាថៃបានបន្តកាលពីយប់ថ្ងៃច័ន្ទដោយមានសេចក្តីរាយការណ៍ពីការបាញ់តបតគ្នាហើយនឹងការផ្ទុះយ៉ាងខ្លាំង។ កងទ័ពទាំងពីរបានបាញ់តបតគ្នាដោយកាំភ្លើងធំហើយនឹងកាំភ្លើងដៃអស់រយៈពេល៤ថ្ងៃកន្លងមកហើយនៅជិតប្រាសាទនានានៅក្នុងដែនដីមានជម្លោះ។ ព្រំដែននៅក្នុងតំបន់នោះមិនដែលត្រូវបានកំណត់ច្បាស់លាស់ទេ។ ភាគីនិមួយៗចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់មុន។ លោក Marty Natalegawa រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ីបានលប់ចោលផែនការបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនិងបាងកកកាលពីថ្ងៃច័ន្ទដើម្បីពិភាក្សារកមធ្យោបាយបញ្ចប់ការប្រយុទ្ធនៅតាមព្រំដែនដែលបានផ្ទុះឡើងកាលពីខែកុម្ភៈហើយបានធ្វើឲ្យមនុស្សជាង២០នាក់ស្លាប់។ អ្នកវិភាគនយោបាយខ្លះនិយាយថាយោធាថៃប្រហែលជាបានជំរុញរដ្ឋាភិបាលឲ្យចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការសម្របសម្រួលជម្លោះនេះ។ ពួកគេនិយាយថាមេបញ្ជាការយោធាកំពុងប្រកាន់ជំហរកាន់តែខ្លាំងឡើងមុនពេលការបោះឆ្នោតជាតិដែលគេរំពឹងថានឹងធ្វើឡើងមិនហួសពីខែកក្កដានេះ។ លោក Pavin Chachavalpongpun នៅវិទ្យាស្ថានការសិក្សាតំបន់អាស៊ីអាគ្នេយ៍ក្នុងប្រទេសសឹង្ហបូរី។ លោកមានប្រសាសន៍ថា យោធាថៃមិនចង់ឃើញមានការបោះឆ្នោត ដោយសារការភ័យខ្លាចថាសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) អាចវិលត្រឡប់មកកាន់អំណាចវិញហើយនឹងរុះរើរចនាសម្ព័ន្ធបញ្ជាការកងទ័ព។ «ដូច្នេះខ្ញុំគិតថា ហាក់ដូចជាមានចេតនាខ្លះសម្រាប់មនុស្សនៅក្នុងយោធាដែលចង់ប្រើប្រាស់វិបត្តិនៅពេលបច្ចុប្បន្ននេះដែលថៃមានជាមួយកម្ពុជាដើម្បីធ្វើឲ្យត្រឹមត្រូវដល់ការពន្យារពេលឬផ្អាកការបោះឆ្នោតនាពេលខាងមុខ»។ លោក ថាក់ស៊ីន បានត្រូវទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ហើយពួកអ្នកគាំទ្រលោកបានត្រូវគេដកចេញពីរដ្ឋាភិបាលនិងយោធា។ អ្នកវិភាគនយោបាយជាច្រើននៅក្នុងតំបន់និយាយថា ក្រុមអ្នកកាន់អំណាចជាយូរមកហើយក្នុងទីក្រុងបាងកកហើយនឹងពួកយោធា គិតថាពួកគេរងការគំរាមកំហែងពីប្រជាប្រិយភាពរបស់លោក ថាក់ស៊ីន។ ពួកអ្នករិះគន់របស់លោកចាត់ទុកមហាសេដ្ឋីទូរគមនាគមន៍រូបនេះថាជាជនពុករលួយនិងផ្តាច់ការ ក៏ប៉ុន្តែលោកត្រូវបានទទួលការស្រឡាញ់ពីវណ្ណៈកម្មករនិងអ្នកស្រុកតំបន់ដាច់ស្រយាលដែលបានបោះឆ្នោតជ្រើសរើសលោកពីរដង។ លោក ថាក់ស៊ីន រស់នៅនិរទេសខ្លួនដើម្បីជៀសពីការចោទប្រកាន់អំពើពុករលួយ ក៏ប៉ុន្តែពួកអ្នកគាំទ្ររបស់លោកចង់ឲ្យលោកវិលត្រឡប់មកកាន់អំណាចវិញ។ ការស្ទង់មតិបង្ហាញថាការបោះឆ្នោតនឹងមានការប្រកិតគ្នារវាងគណបក្សភឿថៃដែលជាសម្ព័ន្ធមិត្តជាមួយលោក ថាក់ស៊ីន ហើយនឹងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សកំពុងកាន់អំណាចរបស់នាយករដ្ឋមន្រ្តី Abhisit Vejjajiva។ លោក ខាល ថេយ័រ (Carl Thayer) ជាសាស្ត្រាចារ្យមុខវិជ្ជានយោបាយតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យញូវសៅថ៍វេលស៍ (New South Wales) នៃប្រទេសអូស្រ្តាលី។ លោកមានប្រសាសន៍ថា ការភ័យខ្លាចនៃការផ្លាស់ប្តូរមេដឹកនាំរបស់ពួកយោធា បាននាំឲ្យខ្លួនគាបសង្កត់រដ្ឋាភិបាលឲ្យលប់ចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតិឲ្យមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតាមព្រំដែន។ «បើនិយាយម៉្យាងទៀត ការត្រួតត្រារបស់រដ្ឋាភិបាលស៊ីវិលលើពួកយោធាស្ទើរ តែមិនមានទាល់តែសោះ។ ពួកគេមិនស្ថិតនៅក្រោមការត្រួតត្រារបស់នរណាទេហើយពួកគេកំពុងប្រតិបត្តិការតាមរបៀបខ្លួនឯងហើយប្រហែលការពារខ្លួនឯង ពីព្រោះចេញពីទស្សនៈរបស់គេ ការបោះឆ្នោតធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះពួកគេប្រសិនបើការបោះឆ្នោតនោះប្រព្រឹត្តទៅមិនដូចអ្វីដែលពួកគេចង់បាននោះ»។ លោក Werachon Sukondhapatipak ជាអ្នកនាំពាក្យយោធាថៃ។ លោកបានច្រានចោលការចោទប្រកាន់នេះ ហើយថា ស្ថានភាពព្រំដែនមិនមានទាក់ទិននឹងយោបាយទេ។ «ចំពោះយោធាថៃ យើងប្រាកដនឹងមិនប្រើប្រាស់ដែនដី នឹងមិនប្រើប្រាស់សុវត្ថិភាពនិងសន្តិសុខរបស់ប្រទេសនិងប្រជាពលរដ្ឋជាមួយនឹងនយោបាយទេ។ យើងនឹងមិនធ្វើឲ្យបញ្ហាទាំងពីរនេះជាប់ទាក់ទិនគ្នាឬនៅជាមួយគ្នាទេ»។ គណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយខ្លះនិយាយថា យោធាថៃអាចប្រើប្រាស់ការប្រយុទ្ធជាមួយកម្ពុជាជាលេសដើម្បីរឹបអូសអំណាច។ ថៃមានរដ្ឋប្រហារឬការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន១៨ដងមកហើយចាប់តាំងពីឆ្នាំ១៩៣២មក។ ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការយោធាបដិសេធថាពួកគេនឹងមិនធ្វើរដ្ឋប្រហារម្តងទៀតទេ។ ទោះបីមានការធានាអះអាងជាសាធារណៈក៏ដោយ ការផ្តាច់ការផ្សាយទូរទស្សន៍អស់រយៈពេលបីបួនម៉ោងកាលពីសប្តាហ៍មុន បាននាំឲ្យមនុស្សជាច្រើននៅក្នុងប្រទេសថៃមានការភ័យខ្លាចថារដ្ឋប្រហារបានកើតមាន។ បន្តិចក្រោយមក ស្ថានីយ៍ទូរទស្សន៍បានច្រានចោលថាការបារម្ភនេះ ដោយថាវាជាបញ្ហាបច្ចេកទេស៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |