VOA News: ព័ត៌មាន: “ហ៊ុន សែន ជំរុញឲ្យមានបទឈប់បាញ់” plus 3 more |
- ហ៊ុន សែន ជំរុញឲ្យមានបទឈប់បាញ់
- អ្នកវិភាគសន្តិសុខតំបន់បារម្ភអំពីសុវត្ថិភាពជនស៊ីវិលនៅតាមព្រំដែនកម្ពុជាថៃ
- នួន ជា ឈឺចាប់នឹងការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជាថៃ
- អាស៊ាននៅតែអាចជាអ្នកសម្របសម្រួលជម្លោះកម្ពុជាថៃ
ហ៊ុន សែន ជំរុញឲ្យមានបទឈប់បាញ់ Posted: 27 Apr 2011 12:08 PM PDT នាយករដ្ឋមន្ដ្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃពុធនេះបានអំពាវនាវឲ្យមានការឈប់បាញ់គ្នា ខណៈដែលកងទព័កម្ពុជានិងថៃបានធ្វើការបាញ់ដាក់គ្នាឈានដល់ថ្ងៃទី៦ហើយរហូតមកទល់ព្រឹកមិញនេះ។ ការប្រយុទ្ធគ្នានៃកងទព័នៃប្រទេសទាំងពីរ ដែលបានបង្កឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន១៤នាក់ ហើយជនស៊ីវិលចំនួនជាង៦៦.០០០នាក់នៃប្រទេសទាំងពីរត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ នៅក្នុងសុន្ទរកថានៃមហាសន្និបាតវិសាមញ្ញនារីកម្ពុជាដើម្បីសន្ដិភាពនិងការអភិវឌ្ឈក្នុងទីក្រុង ភ្នំពេញ លោកប្រមុខរដ្ឋាភិបាលខ្មែរបញ្ជាក់ថា កម្ពុជាត្រូវការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃនេះដោយសន្ដិវិធី។ លោក ហ៊ុន សែន ថ្លែងថា៖ «កម្ពុជាអំពាវនាវឲ្យមានការឈប់បាញ់ ហើយកម្ពុជាចង់ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីតាមរយៈការចរចា។ រួចហើយបញ្ហាវាស្ថិតនៅត្រង់បញ្ហាបោះបង្គោលចរចាគ្នាយ៉ាងម៉េច»។ ការស្វែងរកការចរចារបស់លោក ហ៊ុន សែន ធ្វើឡើងនៅពេលដែលរដ្ឋមន្ដ្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បានចរចាតាមទូរស័ព្ទជាមួយសមភាគីថៃរបស់លោក គឺលោក ប្រាវិត វុងសុវុន (Prawit Wongsuwon) កាលពីថ្ងៃអង្គារ៍ ដើម្បីស្វែងរកលទ្ធភាពបញ្ឈប់សង្រ្គាមរវាងប្រទេសជាប់របងគ្នានេះ។ រដ្ឋមន្ដ្រីការពារជាតិទាំងពីរក៏គ្រោងនឹងជួបជជែកគ្នាបន្ថែមទៀតនៅថ្ងៃនេះ ក៏ប៉ុន្ដែជំនួបត្រូវបានលើកពេលដោយសារតែលោក ប្រាវិត វុងសុវុន ត្រូវទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនដោយខានមិនបាន។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយថៃ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថៃនៅពេលចុះសួរសុខទុក្ខកងទព័ថៃត្រូវរបួសនៅក្នុងខេត្តសុរិន្ទ ហើយត្រូវចាក់ផ្សាយដោយទូរទស្សន៍ផ្លូវការរបស់ថៃនោះ លោក អាភីស៊ីត វិច្ចាជីវ៉ា នាយករដ្ឋមន្ដ្រីថៃ បានឆ្លើយតបដោយទម្លាក់កំហុសដាក់ភាគីកម្ពុជាថា កម្ពុជាមិនព្រមឈប់បាញ់គ្នា។ លោកអាភីស៊ីត ថ្លែងថា៖ «កម្ពុជាចង់ចរចា ប៉ុន្ដែមិនព្រមឈប់វាយប្រហារ ដូច្នេះវាជាការពិបាកក្នុងធ្វើការចរចាគ្នា។ យើងចង់បើកការចរចាគ្នា ប៉ុន្ដែកម្ពុជាត្រូវតែឈប់បាញ់ជាមុនសិន»។ កងទព័កម្ពុជា និងថៃ បានចាប់ផ្ដើមប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុននៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីរបស់ខ្មែរ ដែលស្ថិតនៅក្នុងខេត្តឧត្តមានជ័យជាប់ជាមួយនឹងខេត្តសុរិន្ទរបស់ថៃ។ ការប្រយុទ្ធគ្នាបានរីករាលដាលរយៈពេលខ្លីដល់តំបន់ប្រាសាទព្រះវិហារកាលពីម្សិលមិញ។ របាយការណ៍របស់ក្រសួងការពារជាតិខ្មែរបង្ហាញថា ការប្រយុទ្ធគ្នានៅក្នុងខេត្តឧត្តមានជ័យ បានបន្ដរហូតដល់ព្រឹកថ្ងៃពុធនេះ។ ប៉ុន្ដែរបាយការណ៍បញ្ជាក់ថា ពុំមានការស្លាប់និងរបួសនោះទេ។ កាលពីថ្ងៃអង្គារ៍ដែរ នាយករដ្ឋមន្ដ្រីថៃលោក អាភីស៊ីត វិច្ចាជីវ៉ា បានប្រាប់រដ្ឋាភិបាលរបស់ខ្លួនឲ្យពិនិត្យមើលឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ហើយបានព្រមានអំពីលទ្ធភាពបិទព្រំដែនផងដែរ។ លោកហ៊ុន សែន បានឆ្លើយតបដោយសម្តីធ្ងន់ធ្ងន់ត្រង់ចំណុចនេះ ដោយអំពាវឲ្យប្រជាពលរដ្ឋកម្ពុជាឈប់ប្រើប្រាស់ទំនិញរបស់ថៃប្រសិនបើរដ្ឋាភិបាលថៃសម្រេចចិត្តបិទច្រកព្រំដែនរួមនោះ។ លោក ហ៊ុន សែន បានប្រកាសថា៖ «សូមប្រាប់អ្នកឯងមុនឲ្យហើយ និងសូមប្រកាសជូនប្រជាជនកម្ពុជាឲ្យហើយ។ បើកាលណាថៃបិទព្រំដែន កម្ពុជាត្រូវឈប់ប្រើទំនិញថៃ»។ សេចក្ដីរាយការណ៍របស់សារព័ត៌មានថៃ បានបង្ហាញថា ថៃបានខាតបង់ជាច្រើនលានបាតដោយសារជម្លោះព្រំដែនជាមួយកម្ពុជាប៉ុន្មានថ្ងៃមកនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យកម្ពុជានិងថៃដោះស្រាយជម្លោះព្រំដែនដោយភាពអត់ធ្មត់។ ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រោងនឹងធ្វើការចរចាជាចំហជាមួយសមភាគីរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី ដែលកិច្ចប្រជុំនោះនឹងគ្រោងធ្វើនៅថ្ងៃទី៧ និងទី៨ ខែឧសភាខាងមុខ៕ This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគសន្តិសុខតំបន់បារម្ភអំពីសុវត្ថិភាពជនស៊ីវិលនៅតាមព្រំដែនកម្ពុជាថៃ Posted: 27 Apr 2011 11:15 AM PDT អ្នកវិភាគនយោបាយនិងអ្នកស្រាវជ្រាវបានស្នើឲ្យសមាគមអាស៊ានបង្កើតយន្តការមួយសម្រាប់ការពារជនស៊ីវិលដែលរងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រុមអ្នកវិភាគនយោបាយនិងអ្នកស្រាវជ្រាវខាងដំណោះស្រាយជម្លោះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកបានលើកឡើងនៅថ្ងៃពុធទី២៧ខែមេសានេះថា យន្តការដោះស្រាយជម្លោះនិងការការពារជនស៊ីវិលគួរតែត្រូវបានបង្កើតឡើងនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដើម្បីធានាសុវត្ថិភាពដល់ជនស៊ីវិលនៅកម្ពុជានិងថៃដែលកំពុងមានជម្លោះ។ រូបភាពនិងសេចក្តីរាយការណ៍នៃការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រទី២២ខែមេសាសប្តាហ៍មុន៖ ការលើកឡើងនេះនៅចំពេលដែលប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាដោយអាវុធជាថ្មីទៀតអស់រយៈពេលប្រាំមួយថ្ងៃជាប់ៗគ្នាហើយ រហូតមកដល់ថ្ងៃពុធនេះ ដោយបណ្តាលឲ្យទាហាននៃភាគីទាំងសងខាងយ៉ាងតិចចំនួន១៣នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួស។ ជនស៊ីវិលម្នាក់ក៏ត្រូវបានរាយការណ៍ថា បានស្លាប់នៅដោយសារការវាយប្រយុទ្ធគ្នានេះដែរ។ នេះបើផ្អែកតាមកាសែតបាងកកប៉ុស្តិ៍ ដែលបានចេញផ្សាយតាមគេហទំព័រអ៊ីនធើណិតរបស់ខ្លួននៅថ្ងៃពុធនេះ។ ជនស៊ីវិលយ៉ាងតិចចំនួន៦៦.០០០នាក់ផ្សេងទៀតបានភៀសខ្លួនចេញពីតំបន់ព្រំដែនរៀងៗខ្លួន ដើម្បីស្វែងរកទីជម្រកបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព។ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេ ខ្មែរ នៅឯកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក (CSCAP) ដែលរៀបចំឡើងក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធនេះថា សមាគមអាស៊ានត្រូវមានកាតព្វកិច្ចការពារជនស៊ីវិលនៅក្នុងប្រទេសជាសមាជិករបស់ខ្លួន ក្នុងកាលៈទេសៈដែលមានការប្រយុទ្ធគ្នាដោយអាវុធកើតឡើងក្នុងតំបន់នេះ។ លោក វណ្ណារិទ្ធ បន្តថា៖ «មកដល់ពេលបច្ចុប្បន្ននេះ យើងមិនទាន់មានយន្តការណាដែលច្បាស់លាស់ទេនៅក្នុងក្របខ័ណ្ឌអាស៊ានក្នុងការការពារជនស៊ីវិលនៅពេលមានសង្រ្គាម។ នៅក្នុងបរិបទសង្រ្គាមអន្តរជាតិដូចជាសង្គ្រាមព្រំដែនកម្ពុជា-ថៃហ្នឹង។ អាហ្នឹងក៏ជាកាតព្វកិច្ចមួយ ខ្ញុំគិតថា ជាកាតព្វកិច្ចរបស់អន្តរជាតិដែរ ដើម្បីធ្វើអន្តរាគមន៍ជួយដល់ជនស៊ីវិលដែលទទួលរងគ្រោះពីសង្រ្គាមព្រំដែនកម្ពុជា-ថៃហ្នឹង»។ លោកសាស្ត្រាចារ្យ ខេវិន ក្លេមិន្ទស៍ (Kevin Clements) នាយកមជ្ឈមណ្ឌលជាតិដើម្បីការសិក្សាអំពីសន្តិភាពនិងជម្លោះនៃប្រទេសណូវែលហ្សេឡង់ មានប្រសាសន៍ជាមួយវីអូអេ ខ្មែរ នៅក្នុងកិច្ចប្រជុំថា ថៃមានកាតព្វកិច្ចមួយដោយមិនត្រូវបង្កើតឲ្យមានស្ថានភាពដែលបង្កអសុវត្ថិភាពដល់ជនស៊ីវិលកម្ពុជាឡើយ ហើយផ្ទុយមកវិញ កម្ពុជាក៏មានកាតព្វកិច្ចធ្វើដូចគ្នាដែរចំពោះជនស៊ីវិលថៃ។ លោកសាស្ត្រាចារ្យ ខេវិន ក្លេមិន្ទស៍ មានប្រសាសន៍បន្ថែមថា កម្ពុជា និងថៃ ត្រូវសម្លឹងមើលប្រយោជន៍រួម រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ទាំងមូល ជាជាងប្រយោជន៍នយោបាយនៃប្រទេសតែម្ខាងៗ ហើយត្រូវចាត់ទុកបញ្ហាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរជាកត្តាចម្បងដើម្បីស្វែងរកដំណោះស្រាយជម្លោះព្រំដែននេះប្រកបដោយប្រសិទ្ធិភាព។ លោកសាស្ត្រាចារ្យ ក្លេមិន្ទស៍ មានប្រសាសន៍ថា៖ «ប្រសិនបើយើងក្រឡេកមើលរបៀបមួយដែលប្រទេសម្ខាងៗអាចឈរឲ្យផុតពីនយោបាយក្នុងស្រុករបស់ខ្លួន ហើយដាក់បញ្ហាសន្តិសុខរបស់ប្រជាពលរដ្ឋរបស់ពួកគេជារឿងសំខាន់ក្នុងជម្លោះនោះ ខ្ញុំយល់ថា យើងនឹងអាចចាប់ផ្តើមគិតឃើញដំណោះស្រាយបញ្ហានេះបានប្រកបដោយភាពច្នៃប្រឌិតកាន់តែខ្ពស់»។ សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យកម្ពុជានិងថៃ អត់ធ្មត់ជាអតិបរមា និងព្យាយាមរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងប្រទេសទាំងពីរ តាមរយៈយន្តការតំបន់អាស៊ានដែលបច្ចុប្បន្នឥណ្ឌូនេស៊ីធ្វើជាប្រធាន។ កម្ពុជាបានយល់ព្រមទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដើម្បីឃ្លាំមើលបទឈប់បាញ់គ្នាអចិន្ត្រៃយ៍មួយនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែថៃហាក់ដូចជាសម្តែងការមិនយល់ព្រមដោយនៅតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាជាមួយកម្ពុជាដោយផ្ទាល់។ ប៉ុន្តែគោលជំហររបស់ថៃនេះ ត្រូវបានបដិសេធដោយភាគីកម្ពុជា ដោយកម្ពុជាលើកឡើងថា យន្តការដោះស្រាយជម្លោះទ្វេភាគីគ្មានប្រសិទ្ធិភាពទេចាប់តាំងពីជម្លោះបានផ្ទុះឡើង បន្ទាប់ពីការសម្រេចចិត្តរបស់អង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីខែកក្កដា ឆ្នាំ២០០៨មកនោះ។ តែទោះជាយ៉ាងនេះក្តី មេដឹកនាំកម្ពុជានិងថៃត្រូវបានរំពឹងថា នឹងជួបចរចាគ្នាដើម្បីឈានទៅរកកិច្ចព្រមព្រៀងឈប់បាញ់មួយនៅក្នុងជំនួបកំពូលអាស៊ានលើកទី១៨ក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៧និងទី៨ខែឧសភាខាងមុខនេះ។ សាស្ត្រាចារ្យ ខេវិន ក្លេមិន្ទស៍ មានប្រសាសន៍ថា ក្រៅពីតំបន់អាស៊ាន ប្រទេសទាំងពីរក៏អាចសម្លឹងមើលភាគីទី៣ផ្សេងទៀតដែលពួកគេជឿទុកចិត្ត ឧទាហរណ៍ដូចជាលោក ណែលសិន មែនដិឡា (Nelson Mandela) នៃប្រទេសអាហ្រ្វិកខាងត្បូងជាដើម ដើម្បីស្វែងរកដំណោះស្រាយជម្លោះរបស់ពួកគេ តាមរបៀបមួយដែលប្រទេសទាំងពីរអាចទទួលយកបាន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខដល់ជនស៊ីវិលនៃប្រទេសទាំងពីរ៕ This posting includes an audio/video/photo media file: Download Now |
នួន ជា ឈឺចាប់នឹងការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជាថៃ Posted: 27 Apr 2011 08:52 AM PDT អតីតបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បង្ហាញអំពីការឈឺចាប់នៅពេលដែលកម្ពុជានិងថៃ បើកការប្រយុទ្ធគ្នានៅតាមព្រំដែន។ នេះបើតាមមេធាវីរបស់ នួន ជា ដែលបានអះអាងនៅថ្ងៃអង្គារ៍នេះ។ កងទ័ពកម្ពុជានិងថៃ បានបាញ់តទល់គ្នាឈានដល់ថ្ងៃទី៥ហើយនៅថ្ងៃអង្គារនេះ ដោយមានការប្រើកាំភ្លើងធុនធ្ងន់។ កងទ័ពនៃភាគីទាំងសងខាងចំនួន១២នាក់ បានស្លាប់បាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមនៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីរបស់ខ្មែរហើយបានរីករាលដាលទៅដល់ចំណុចធ្លាប់ប្រយុទ្ធគ្នានៅតំបន់ប្រាសាទព្រះវិហារនៅថ្ងៃនេះដែរ។ លោកសុន អរុណ សហមេធាវីកម្ពុជារបស់ នួន ជា មានប្រសាសន៍ថា កូនក្តីរបស់លោកបានតាមដានសភាពការណ៍ប្រយុទ្ធគ្នានៃកងទ័ពប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់ឃុំឃាំងរបស់ខ្លួនប្រកបទៅដោយការឈឺចាប់។ លោកថ្លែងថា៖ «គាត់ឈឺចាប់។ គាត់និយាយថា គាត់អត់សប្បាយចិត្តទេ ទុកឲ្យវាបាញ់ស្រាច់តែចិត្តយ៉ាងម៉េច។ រដ្ឋាភិបាលយើងអត់ធន់ប៉ុណ្ណឹងហើយ វាមកបាញ់សុទ្ធតែរាប់រយរាប់ពាន់គ្រាប់កំាភ្លើងធំៗអញ្ចឹង។ គាត់នៅក្នុងគុកដេកទាំងឈឺចាប់»។ នួន ជា នឹងមានអាយុ៨៦ឆ្នាំនៅក្នុងពីរខែខាងមុខទៀត។ គាត់នឹងត្រូវឡើងរង្វង់ក្រចកសេះដើម្បីទទួលការកាត់ទោសនៅក្នុងសំណុំរឿង០០២ នៅក្នុងអំឡុងខែមិថុនាឆ្នាំនេះ ជាមួយនឹងជនជាប់ចោទដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ផ្សេងទៀត រួមមានខៀវ សំផន អៀង សារី និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ។ ជនជាប់ចោទទាំងបួននាក់ត្រូវបានចោទប្រកាន់ពីការទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ នៅក្នុងអំឡុងដែលពួកគេកាន់កាប់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ សូមបញ្ជាក់ថា នៅក្នុងការឃុំឃាំងបណ្តោះអាសន្ន ជនសង្ស័យដែលមានវ័យចាស់ជរាទាំងបួន នាក់មានសិទ្ធិមើលទូរទស្សន៍ និងមានវិទ្យុសម្រាប់ស្តាប់និងតាមដានព័ត៌មានផងដែរ។ លោកសុន អរុណ បញ្ជាក់ថា កូនក្តីរបស់លោកអះអាងថា គាត់នឹងមានយុទ្ធសាស្រ្តផ្សេងពីនេះ ដើម្បីទប់ទល់ជាមួយកងទ័ពថៃ ប្រសិនបើគាត់នៅកាន់អំណាចនោះ។ លោកថ្លែងដូច្នេះថា៖ «ថ្មីៗសួរគាត់ថាគាត់យល់យ៉ាងម៉េច។ បើអ៊ុំវិញធ្វើយ៉ាងម៉េច។ គាត់ថា បើសិនជាគាត់វិញ គាត់មានមធ្យោបាយផ្សេង ប៉ុន្តែរឿងឥឡូវនេះគឺជារឿងនយោបាយធំ ព្រោះអ្វី? រឿងនេះសម្តេចនាយកលោកកេងផ្លូវនយោបាយច្រើនជាង។ ប៉ុន្តែគាត់ថា បើសម័យគាត់ឲ្យទាហានបាញ់អញ្ចឹងពួកគាត់គឺនៅខាងក្រោយកំាភ្លើងធំរបស់ថៃ»។ កម្ពុជានិងថៃបានចាប់ផ្តើមប្រឈមមុខគ្នាដោយប្រដាប់អាវុធចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មក។ ការប្រយុទ្ធគ្នាជាច្រើនលើករយៈពេលចុងក្រោយនេះត្រូវកម្ពុជាចាត់ទុកថាគឺជាសង្រ្គាមរវាងជាតិសាសន៍ទាំងពីរ។ ក៏ប៉ុន្តែភាគីទាំងសងខាងសុទ្ធតែបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕ This posting includes an audio/video/photo media file: Download Now |
អាស៊ាននៅតែអាចជាអ្នកសម្របសម្រួលជម្លោះកម្ពុជាថៃ Posted: 27 Apr 2011 07:43 AM PDT ក្រុមអ្នកវិភាគនៅតែរំពឹងថាសមាគមអាស៊ាននៅតែអាចរកដំណោះស្រាយជម្លោះប្រដាប់អាវុធកម្ពុជានិងថៃ ទោះបីជាខកខានជាបណ្តោះអាសន្នក្នុងការធ្វើឲ្យមានបទឈប់បាញ់គ្នាក៏ដោយ។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ៥ថ្ងៃជាប់ៗគ្នា ការពារបូរណភាពដែនដី ត្រូវគេមើលឃើញថាគឺជាការខកខានរបស់អាស៊ានជាបណ្តោះអាសន្នក្នុងការធ្វើឲ្យមានសន្តិភាពក្នុងតំបន់ក៏ពិតមែន ក៏ប៉ុន្តែក្រុមអ្នកវិភាគថៃនិងកម្ពុជាអះអាងថាតួនាទីអាស៊ានអាចនៅតែមានឥទ្ធិពលនៅឡើយ។ កម្ពុជានិងថៃបានព្រមព្រៀងគ្នានៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសមាគមអាស៊ានដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នាកាលពីខែកុម្ភៈ ហើយប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងបន្តដោះស្រាយតាមយន្តការអាស៊ាន លើបញ្ហាជម្លោះព្រំដែនដែលជាបញ្ហាមួយត្រូវគេគិតថាមានភាពងាយស្រួលក្នុងការកេងចំណេញផ្នែកនយោបាយក្នុងប្រទេសទាំងពីរផងដែរ។ ក៏ប៉ុន្តែកងទ័ពកម្ពុជានិងថៃតាមព្រំដែនបានវាយប្រយុទ្ធគ្នា៥ថ្ងៃជាថ្មីទៀត ចាប់ពីថ្ងៃ២២មេសាមក ដោយមិនអើពើនឹងការទទូចរបស់សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ អាស៊ាន និងសហគមន៍អន្តរជាតិដែលអំពាវនាវឲ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ធិទីណាន ភុងសុធិរ៉ាក់ (Thitinan Pongsudhirak) សាស្ត្រាចារ្យគោចរនៃការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ ចនស៍ ហប់ឃីនស៍ (Johns Hopkins) របស់សហរដ្ឋអាមេរិក បានអះអាងពីសារៈសំខាន់នៃអន្តរាគមន៍របស់សមាគមអាស៊ានដែលប្រទេសឥណ្ឌូនេស៊ីជាប្រធាន។ លោកថ្លែងថា៖ «វីធីតែមួយក្នុងការធ្វើឲ្យមានសន្តិភាព និងនាំឲ្យមានស្ថានការណ៍នឹងនរតាមតំបន់ព្រំប្រទល់ដែននោះគឺត្រូវពឹងផ្អែកលើទម្រង់នយោបាយ ការសម្របសម្រួលក្នុងរបៀបណាមួយដោយឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ាន។ ថៃត្រូវគិតឲ្យបានហ្មត់ចត់អំពីគោលនយោបាយការបរទេសរបស់ខ្លួន។ នៅពេលជាមួយគ្នានេះដែរ ការរករឿងទៅវិញទៅមក ហើយនឹងកំណើនកាន់តែខ្ពស់ឡើងនៃការតទល់គ្នា ត្រូវបានបង្កឡើងដោយកម្ពុជាផងដែរ។ យើងមិនដឹងច្បាស់ថាតើអ្នកណាចាប់ផ្តើមមុនទេ តែភាគីទាំងពីរត្រូវតែដកថយ ហើយអំពាវនាវសុំឲ្យមានបទឈប់បាញ់គ្នាជាបណ្តោះអាសន្នមួយដើម្បីបង្កើតទម្រង់សម្របសម្រួលមួយ យន្តការសម្របសម្រួលមួយ ដើម្បីផ្តល់ឲ្យមានដំណោះស្រាយនយោបាយរយៈពេលវែងចំពោះជម្លោះនេះ»។ លោក ភុងសុធិរ៉ាក់ បានព្រមានថា មុខមាត់របស់អាស៊ានអាចត្រូវបានប៉ះពាល់ប្រសិនបើតួនាទីរបស់ឥណ្ឌូនេស៊ីជាប្រធានអាស៊ានមិនត្រូវបានផ្តល់ក្នុងការសម្របសម្រួលបញ្ហាជម្លោះរវាងកម្ពុជានិងថៃ។ លោកបានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា៖ «ប្រសិនបើដូច្នោះ រឿងនេះអាចក្លាយជារឿងអាក្រក់សម្រាប់ថៃ និងអាស៊ាន។ បញ្ហានេះជារឿងប្រឈមមុខដ៏ធំរួចហើយ មិនមែនសម្រាប់តែប្រទេសទាំងពីរទេ ក៏ប៉ុន្តែសម្រាប់ឥណ្ឌូនេស៊ីជាប្រធានអាស៊ាន និងសម្រាប់អាស៊ានជាអង្គការក្នុងតំបន់ផងដែរ។ រឿងនេះធ្វើឲ្យអាស៊ានគ្មានប្រសិទ្ធិភាព»។ លោក ភុងសុធិរ៉ាក់ បានជំរុញឲ្យកម្ពុជា និងថៃថ្លឹងថ្លែងដំណោះស្រាយ អាស៊ាន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់បន្ថែមថា៖ «ភាគីទាំងពីរត្រូវតែគិតគូរឲ្យបានច្បាស់អំពីកំណើននៃជម្លោះនេះយ៉ាងម៉េច។ គេ មិនចង់ឲ្យរឿងនេះកើនឡើងដោយមិនអាចគ្រប់គ្រងបាន ហើយទីបំផុត ធ្វើឲ្យ ខូចមុខមាត់អង្គការក្នុងតំបន់ ហើយទាត់ចោលសមាជិកទាំងអស់នៃសមាគម អាស៊ាននោះទេ។ ប្រសិនបើរឿងនេះចូលទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វានឹងមានភាពស្មុគស្មាញកាន់តែខ្លាំងឡើង ហើយថៃអាចស្ថិតនៅក្នុងជំហរដែលមានគុណវិបត្តិច្រើន»។ ឥណ្ឌូនេស៊ីបានព្យាយាមសុំឲ្យថៃនិងកម្ពុជាត្រៀមខ្លួនទទួលអ្នកសង្កេតការណ៍របស់ខ្លួន១៥នាក់ម្ខាង តែប្រទេសថៃពុំបានទទួលយកបែបបទការងារនោះទេ ដោយដាក់លក្ខខណ្ឌឲ្យកម្ពុជាដកទ័ពថយ ចេញពីតំបន់ប្រទាញប្រទង់មួយក្បែរប្រាសាទព្រះវិហារ។ ភាគី ទាំងពីរមិនចុះសម្រុងគ្នារឿងផែនទី ដែលគេប្រើប្រាស់ដើម្បីដណ្តើមកាន់កាប់ទឹកដីប្រទាញប្រទង់នោះ។ កម្ពុជាដែលប្រើប្រាស់ផែនទីបារាំងសៀម ដែលត្រូវបានអះអាងថា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បានយល់ព្រមទទួលយកលក្ខខណ្ឌរបស់អាស៊ាន ដែលដាក់អ្នកសង្កេតការណ៍ដើម្បីធានាបទឈប់បាញ់គ្នានេះ។ ថៃដែលត្រូវបានដឹងថា ប្រើប្រាស់ផែនទីរបស់ខ្លួនជាឯកតោភាគីបានបដិសេធទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបត្តិការនិងសន្តិភាពនៅកម្ពុជាអះអាងថា សម្ពាធពីអន្តរជាតិតាមរយៈកិច្ចប្រជុំអាស៊ាននានាប៉ុន្មានសប្តាហ៍ខាងមុខអាចនឹងរំពឹងឲ្យថៃទទួលយកអ្នកសង្កេតការណ៍អន្តរជាតិដើម្បីបញ្ឈប់កិច្ចឈប់បាញ់គ្នា។ លោក វណ្ណារិទ្ធ ថ្លែងថា៖ «អ្វីដែលខ្ញុំគិតថាជាដំណោះស្រាយនយោបាយមួយបន្ទាន់ចំពោះបញ្ហាព្រំដែនហ្នឹង គឺត្រូវតែមានអ្នកសង្កេតការណ៍អន្តរជាតិ។ ក្នុងន័យនេះគឺអ្នកសង្កេតការណ៍ប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានរបស់អាស៊ាន ដើម្បីចូលត្រួតពិនិត្យមើលនិងឃ្លាំមើលបទឈប់បាញ់រវាងប្រទេសទាំងពីរនៅតាមព្រំដែនហ្នឹងតែម្តង»។ លោកថ្លែងថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិដែលកម្ពុជាគួរស្នើឡើងចំពោះអាស៊ានគឺកិច្ចប្រជុំក្រៅផ្លូវការបន្ទាន់មួយ ដែលនេះក៏ជាដំណោះស្រាយមួយដែរ ដោយសារតែយោធាថៃមានអំណាចខ្លាំងក្នុងនយោបាយផ្ទៃក្នុងថៃ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី ដែលចូលនិវត្តន៍និងជាអ្នកវិភាគឯករាជ្យបានថ្លែងថា រដ្ឋាភិបាលកម្ពុជាដែលមានមូលដ្ឋានរឹងមាំផ្លូវច្បាប់ក្នុងការធ្វើឲ្យមានអន្តរាគមន៍ចំពោះការឈប់បាញ់គ្នាជាបន្ទាន់នោះ ត្រូវតែសកម្មជាងមុន ហើយមិនគួរឲ្យមានការអូសបន្លាយទេ។ «អាស៊ានជួបប្រទះនឹងបរាជ័យបណ្តោះអាសន្ន ម្ល៉ោះហើយគឺឡប្ប៊ី (Lobby) ទាមទារឲ្យអាស៊ាន ប្រទេសឥណ្ឌូនេស៊ីធ្វើសកម្មភាពបន្ថែមទៀត។ បើមិនដូច្នេះទេ យើងអាចទុកថា ដំណោះស្រាយក្នុងតំបន់តាមរយៈស្ថាប័នតំបន់ហ្នឹងគឺបរាជ័យ ហើយត្រូវលើករឿងហ្នឹងទៅក្រុមប្រឹក្សាសន្តិសុខវិញ»។ កម្ពុជាបាននាំយកបញ្ហាជម្លោះព្រំដែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែកុម្ភៈ ក្រោយពីមានការចោទប្រកាន់គ្នាទៅវិញទៅមករឿងរំលោភបំពានព្រំដែន។ ក្រុមប្រឹក្សាសន្តិសុខបានស្នើឲ្យមានការដោះស្រាយ តាមយន្តការអាស៊ាន។ ប្រទេសទាំងពីរមានបញ្ហាព្រំដែនជាមួយគ្នាតាំងពីឆ្នាំ២០០៨ ក្រោយពេលកម្ពុជាបានដាក់ប្រាសាទព្រះវិហាររបស់ខ្លួនចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលថៃធ្លាប់ជំទាស់ តែត្រូវបរាជ័យ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានទាំង១០ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ថៃ ភូមា ឡាវ វៀតណាម ហ្វ៊ីលីពីន សិង្ហបូរី ប្រ៊ុយណេ និង ម៉ាឡេស៊ី៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |