VOA News: ព័ត៌មាន: “បទ​ឈប់​បាញ់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រំដែន​កម្ពុជា​ថៃ” plus 5 more

VOA News: ព័ត៌មាន: “បទ​ឈប់​បាញ់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រំដែន​កម្ពុជា​ថៃ” plus 5 more


បទ​ឈប់​បាញ់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រំដែន​កម្ពុជា​ថៃ

Posted: 28 Apr 2011 03:20 PM PDT

ក្រសួង​ការពារជាតិ​កម្ពុជា​នៅ​ថ្ងៃព្រហស្បតិ៍នេះ ​បាន​បញ្ជាក់​ថា​ កម្ពុជា និងថៃ​ បាន​ព្រម​ព្រៀង​គ្នា​ឈប់​បាញ់​មួយ​អន្លើ​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​ដែល​មាន​ជម្លោះ​ នៅ​ក្នុង​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ ​និង​ខេត្ត​ឧត្តមានជ័យ​ ប្រទេស​កម្ពុជា ។

ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ប្រាំពីរ​ថ្ងៃ​កន្លង​មកនេះ ​បាន​បណ្តាល​ឲ្យ​យោធា​ទាំង​សងខាង​យ៉ាង​តិច​ប្រមាណ​១៥នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត ​និង​ប្រមាណ​ជាង​៦០នាក់​ផ្សេងទៀត​បាន​រង​របួស។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រួសង​ការពារជាតិ​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍​នេះ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​មាន​ការវាយ​ប្រយុទ្ធ​គ្នា​ចំនួន​ប្រាំពីរ​ថ្ងៃ​ជាប់ៗ​គ្នា​ ជំនួប​ចរចា​គ្នា​មួយ នៅ​ច្រក​អូរស្មាច់​រវាង​លោក​ឧត្តមសេនីយ៍​ទោ ​ជា ម៉ន ​មេបញ្ជាការ​យោធភូមិភាគ​ទី៤​ ខាង​ភាគី​កម្ពុជា​ និង​លោក​ឧត្តមសេនីយ៍​សុវត្ថិឆៃ សាមុតសាខន ​មេបញ្ជាការ​យោធភូមិភាគ​២ ​និង​លោក​ឧត្តមសេនីយ៍​ វ៉ា វ៉ាលីត​ មេបញ្ជាការ​កងពល​ថ្មើ​ជើង​លេខ​៦ខាង​ភាគីថៃ ។

លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ បាន​ឲ្យដឹង​ថា​ ភាគី​ទាំងពីរ​ បាន​យល់ព្រម​គ្នាថា​ បញ្ឈប់​ការបាញ់គ្នា​ចាប់ពី​ពេល​នេះ​តទៅ។ លោក សុជាតិ​បាន​ប្រាប់​វីអូអេ​ខ្មែរ​នូវ​កិច្ចព្រម​ព្រៀង​ប្រាំមួយ​ចំណុច​ថា៖

«បញ្ហា​ទី១​ គឺថា ​បញ្ឈប់​ការ​បាញ់​គ្នា​ចាប់​ពេល​នេះ​តទៅ​ ទី២ កងទ័ព​ទាំង​ពីរ​ឈរជើង​នៅ​កន្លែង​ណា ​គឺ​ត្រូវ​តែ​ឈរ​ជើង​នៅ​កន្លែង​នោះ​មិន​ឲ្យ​ចល័ត​កម្លាំង។ ចំណុច​ទី៣ គឺ​ជំរុញ​ឲ្យ​មេ​បញ្ជាការ​ជួ​មុខ​ជួបគ្នា​ និង​បង្កើត​ឲ្យ​មាន​ក្រុម​ទំនាក់​ទំនង ​ដើម្បី​ស្រួល​ទាកទង់​គ្នា​ពេល​មាន​សភាពការណ៍ ​ចំណុច​ទី៤​ ចំពោះ​បញ្ហា​ព្រំដែន​ទុក​ឲ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ដោះស្រាយ ខាង យោធា​ដោះស្រាយ​តែ​បញ្ហា​ទាក់ទង​ការ​ឈប់​បាញ់​ ចំណុច​ទី៥ ​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ស៊ីវិល បាន​ត្រឡប់​ទៅ​រស់នៅ​តាម​ភូមិឋាន​ជា​ធម្មតាវិញ​ ដើម្បី​បង្កើត​ការ​ទុក​ចិត្ត​គ្នា ​ចំណុច​ទី៦​ បើក​ច្រកព្រំដែន​ឡើង​វិញ»។

ការ​ចរចា​ដើម្បី​បញ្ឈប់​ការ​បាញ់​គ្នានេះ​ មិន​មែន​ធ្វើ​ឡើង​ជា​លើកទី១​ទេ ​ចាប់តាំង​ពី​ប្រទេស កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ២០០៨​កន្លង​មកម្លេះ។

លោក​ឧត្តសេនីយ៍​ឯក​ឈុំ សុជាតិ ​បាន​បញ្ជាក់​ថា ភាគី​កម្ពុជា​បាន​ឯកភាព​គ្នា​ថា ឈប់​បាញ់​ក៏ ប៉ុន្តែ​បើ​ភាគី​ថៃ​នៅតែ​បន្ត​បាញ់​មកលើ​កម្ពុជា កម្ពុជា​នឹង​បន្ត​ការពារ​បូរណភាព​ទឹកដី។

កងទ័ព​កម្ពុជា​ និង​ថៃ​ កាលពី​យប់​ថ្ងៃ​ពុធ​ឈាន​ដល់​ថ្ងៃ​ព្រហស្បតិ៍នេះ​ ភាគីទាំងពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដដែល​នៅ​តំបន់​ប្រសាទ​តា​មាន់​ និង​ប្រាសាទ​តា​ក្របី​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ម៉ោង កងទ័ព​កម្ពុជា​យ៉ាងតិច​ប្រមាណ​បី​នាក់​ត្រូវ​បាន​រាយការណ៍​មកថា​ បាន​រង​របួស​ស្រាល ​និង​ជន​ស៊ីវិល​ចំនួន​បី​នាក់​ផ្សេង​ទៀត​ទទួល​រងរបួស ដែល​​ក្នុងនោះ​មាន​កុមារី​ម្នាក់​អាយុ​បី​ឆ្នាំ​ផង​ដែរ។

ចំណែក​ឯ​ភាគី​ថៃ ​ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ បាន​ដកស្រង់​សម្តី​មក​ថា ​មាន​ទាហាន​ថៃ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

មន្រ្តី​យោធា​មួយ​រូប ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧត្តរមានជ័យ​ ដែល​បាន​ផ្តល់​សម្ភាសន៍​ ដោយ​ផ្ទាល់​ជា​មួយ​នឹង​វីអូអេ​ខ្មែរ​នៅ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ​ក្រោយពី​លោក​បាន​រង​របួស​ជាមួយ​នឹង​មិត្ត​រួម​អាវុធ​ពីរ​នាក់​ផ្សេង​ទៀត។

លោក​បាន​និយាយ​ថា ​លោក​បាន​រង​របួស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយសារ​តែ​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ផ្លោង​ដាក់។ លោក បញ្ជាក់​ថា៖

«ត្រូវដៃ។ ប្រហែល​ជា​ម៉ោង​ប្រាំបី​ជាង។ កំពុង​តែ​ប្រយុទ្ធ​គ្នា។ ចាប់​ពី​ម៉ោង​ប្រាំពីរ​រហូត​ដល់​ម៉ោង​ប្រាំបី​ ប្រាំបួន ​ត្រូវ​របួស​នៅ​ពេល​ប្រយុទ្ធ​ទល់មុខ​គ្នា​អំបែង​វា​ត្រូវ»។

ចំណែក​លោក​ជុំ សុក ​អាយុ​៥៤ឆ្នាំ​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់​បទ ​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ បាន​ឲ្យ​ដឹងថា​ លោក​បាន​រង​របូស​ត្រង់​ដៃ​ខាងស្តាំ​ និង​ភ្លៅ​ខាងស្តាំ ខណៈ​ពេលដែល​លោក​កំពុង​អង្គុយ​នៅ​ពី​មុខ​ត្រ់ង​សេ។ លោក​បញ្ជាក់​ថា៖

«បាញ់ខ្លាំង​របស់​ថៃ។ បាញ់​រាប់​មិន​អស់ទេ។ ត្រូវ​របួស​បីនាក់។ ត្រូវដៃ។ ត្រូវ​ភ្លៅ។ ត្រូវ​កៀន​ភ្នែក។ ធ្លាក់​មក​គឺ​ស្លុត។ ដល់​ស្លុត​ស្ទាប​ទៅ​ក៏​ឃើញ​ឈាម»។

កង​ទ័ព​កម្ពុជា​ដែល​ទទួល​រងរបួស​ស្រាល​កំពុង​សម្រាក់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ ខេត្ត​ឧត្តរមានជ័យ។ ចំណែក​ឯ​អ្នក​ដែល​ទទួល​រង​បួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្បាបាល​នៅ​ក្នុង​ខេត្ត សៀមរាប៕

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​ហាម​ការ​ប្រមូល​ផ្តុំ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ

Posted: 28 Apr 2011 03:01 PM PDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ហាមឃាត់​​ការ​ដើរ​ដង្ហែ​ក្បួន​របស់​កម្មករ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ​ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សង្គម។

ការ​ប្រារព្វ​ទិវា​ពលកម្ម​អន្តរជាតិ​នឹង​ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃទី១​ខែ​ឧសភា​ ជា​រៀង​រាល់ឆ្នាំ​ ហើយ​កម្មករ​នៅ​ប្រទេស​ជាច្រើន​បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ និង​បាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់​នានា​ទាក់​ទង​នឹង​ការងារ​ជូន​រដ្ឋាភិបាល​ដោះស្រាយ។ សារាចរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហព័ន្ធ​សហជីព​ស៊ីកាដូ​គ្រោង​នឹង​ដើរ​ដង្ហែ​ក្បួន​កម្មករ​ប្រមាណ​៣.០០០​នាក់ ​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុង​សារាចរ​ណែនាំ​ថា អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត​ចៀស​វាង​ដាច់​ខាត​នូវ​ការ​ប្រើ​ប្រាស់​រូបភាព​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ​ដើម្បី​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​បណ្តាលឱ្យ​មាន​ផលប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​សង្គម។

លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ថ្លែងថា​លោកនឹង​មិន​ធ្វើ​ការ​ដង្ហែរ​ក្បួន​នៅ​ទិវាពលកម្ម​អន្តរជាតិ​នេះ​ទេ ដោយសារ​តែ​គ្មាន​ថវិកា។ ប៉ុន្តែ​លោក​បាន​ហៅ​សារាចរ​របស់​រដ្ឋាភិបាល​ថា​ជា​ការ​ភ័យ​ខ្លាច​ និង​ការ​បំបិទ​សេរីភាព​ជួប​ប្រជុំ​ និង​សម្តែង​មតិ។ លោក​រ៉ុង ឈុន ថ្លែង​ថា៖

«ជា​រៀង​រាល់​ឆ្នាំ​ រដ្ឋាភិបាល​មិន​ដែល​បាន​ចេញ​សារាចរ​បំរាម​ក្នុង​ការ​ព្រួយបារម្ភ​ទាក់​ទិន​ទៅ​នឹង​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ទេ។ នេះ​ជា​ការ​ភ័យ​ខ្លាច​ និង​ការ​គំរាម​គំហែង​របស់​រដ្ឋាភិបាល​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ ​និង​ការ​បញ្ចោញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ»។

លោក ​រ៉ុង ឈុន ​បាន​បញ្ជាក់​ថា​ លោក​បាន​លើក​សំណើ​ប្រាំបួន​ចំណុច​ជូន​រដ្ឋាភិបាល រដ្ឋសភា​ ព្រឹទ្ធសភា​ ដើម្បី​ជួយ​ដោះស្រាយ​ជូន​កម្មករ​រួមមាន។​ សំណើ​ប្រាំបួន​ចំណុច​រួម​មាន៖ កំណត់​បន្ថែម​ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្មករ​និយោជិត​ចំនួន​១១២ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ កាត់​បន្ថយ​ម៉ោង​ធ្វើការ​ពី​៤៨ម៉ោង​មក​ត្រឹម​៤៤ម៉ោង​ក្នុង​មួយសប្តាហ៍ បញ្ឈប់​ការ​រើសអើង​គ្រប់​រូបភាព​ចំពោះ​សិទ្ធិ​សេរីភាព​សហជីព ​និង​សមាគម និង​បង្កើត​តុលាការ​ការ ងារ​ឯករាជ្យ​ជាដើម។ លោក បន្ត​ថា៖

«យើង​ឃើញ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​មាន​ការកើន​ឡើង​ខ្ពស់​ ជា​ពិសេស​តម្លៃ​ប្រេង​ឥន្ទនៈ ​ដែល​បង្ក​ការ​លំបាក​ទៅ​ដល់​ជីវភាព​រស់​នៅ។ ដូច្នេះ​ហើយ​បាន​ជា​យើង​លើក​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​អំពី​ប្រាក់​ខែ​ជូន​កម្មករ​ គ្រូ​បង្រៀន​ មន្ត្រី​រាជការ ​នគរបាល​ ទាហ៊ាន ​ឱ្យមាន​តុល្យភាព​ទៅ​នឹង​តម្លៃ​ទីផ្សារ​ដើម្បី​ឱ្យ​គាត់​រស់​នៅ​ក្នុង​ភាពថ្លៃថ្នូរ។

លោក ​អាត់ ធន់ ​ប្រធាន​សហព័ន្ធ​សហជីព​ស៊ីកាដូ ​បាន​ថ្លែង​ថា លោក​នឹង​ប្រមូល​ផ្តុំ​កម្មករ​ប្រមាណ៣.០០០នាក់​នៅ​សួន​ច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ដង្ហែ​ក្បួន​ឆ្លងកាត់​ព្រះបរមរាជវាំង​ ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​ ដើម្បី​នាំ​យក​ញត្តិ​ទៅ​ជូន​រដ្ឋសភា ​និង​រដ្ឋាភិបាល​ ឱ្យ​ជួយ​ដោះស្រាយ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទាក់ទង​នឹង​សិទ្ធិ​ និ​ងលក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ។ លោក​អាត់ ធន់ ថ្លែង​ថា៖

«សារាចរ​នេះ​បង្ហាញ​នូវ​ភាព​ចង្អៀត​ចង្អល់​ដល់​ការ​ប្រមូល​ផ្តុំ ​និង​ការ​ដើរ​ដង្ហែ​ក្បួន ​ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​មកដល់​ពេលនេះ ​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​តាម​គម្រោង​ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ។ ការ​ប្រមូលផ្តុំ​របស់​យើង​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ទេ។ អាជ្ញាធរ​មាន​លទ្ធភាព​ក្នុង​ការ​ការពារ​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ។ ខ្ញុំ​គិតថា​រដ្ឋាភិបាល​មិន​គួរ​ឱ្យ​មាន​ការភ័យខ្លាច​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ជាក់​ក្នុង​សារាចរ​ណែនាំ​នេះ​ថា ក្រសួង​មហាផ្ទៃ​អគ្គស្នងការ​នគរបាលជាតិ​ បញ្ជា​ការដ្ឋាន​កង​រាជអាវុធហស្ថ​លើ​ផ្ទៃប្រទេស​ អាជ្ញាធរ​រាជធានី ​ខេត្ត ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាត់​វិធានការ​តាម​សមត្ថកិច្ច​របស់​ខ្លួ​នក្នុង​ការ​ថែរក្សា​សន្តិសុខ​​ សុវត្ថិភាព​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​ឱកាស​ទិវាទពលកម្ម​អន្តរជាតិ​ឆ្នាំ២០១១​នេះ៕

This posting includes an audio/video/photo media file: Download Now

សម​ រង្ស៊ី​ទាមទារ​ឲ្យ​ហ៊ុនសែន​ចុះ​ចេញ​ពី​តំណែង

Posted: 28 Apr 2011 02:48 PM PDT

លោក​ សម រង្ស៊ី​ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក​ ហ៊ុន ​សែន​ ចុះ​ចេញ​ពី​តំណែង​ ដោយសារ​តែ​លោក​អះអាង​ថា​ លោក​ហ៊ុន សែន គ្មាន​សមត្ថភាព​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ដោយ​សន្តិវិធី​ និង​អាច​បណ្តាល​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ភាគ​ខាង​កើត​និង​ខាង​លិច​របស់​ខ្លួន​​ទៅ​ប្រទេស​ជិត​ខាង។

កងទ័ព​កម្ពុជា និង​ថៃ​បាន​ចាប់​ផ្តើម​បន្ត​វាយ​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​អស់​រយៈ​ពេល​មួយ​សប្តាហ៍​ហើយ។ មេដឹក​នាំ​គណបក្ស​ជំទាស់​នៃ​ប្រទេស​កម្ពុជា​ គឺ​លោក​ សម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​សារ​បញ្ហា​ព្រំដែនកម្ពុជា​វៀត ​ណាម​ បាន​ថ្លែង​ ក្នុង​លិខិត​ចំហរ​របស់​លោក​មួយ​កាល​ពីថ្ងៃ​ពុធ​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ត្រូវ​តែ​ចុះ​ចេញ​ពី​ដំណែង​ ដើម្បី​ឲ្យ​កម្ពុជា​ជៀស​ផុត​ពី​សង្រ្គាម និង​ការ​បាត់​បង់​ទឹកដី​ដល់​ប្រទេស​ជិត​ខាង​ទាំង​ខាង​កើត​និង​ខាង​លិច។​ លោក​បាន​ហៅ​​រដ្ឋាភិបាល​ហ៊ុន ​សែន ថា​ អសម្មត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ដោយ​សន្តិវិធី។ លោក​ សម រង្ស៊ី​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ក្នុង​លិខិត​ពី​ទីក្រុង​បារីស​មក​ថា៖

«បើ​រដ្ឋា​ភិបាល​លោក ​ហ៊ុន សែន​មិន​អាច​ធ្វើ​បាន​ដូច្នេះ​ទេ​ ត្រូវ​តែ​រដ្ឋាភិបាល​នេះ ចុះ​ចេញ​ពី​ដំណែង​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ជៀស​វាង​សង្រ្គាម​ និង​ការ​បាត់​បង់​ទឹកដី​ទាំង​ខាង​លិច​ ទាំង​ខាង​កើត»។

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​នេះ លោក​ផៃ ​ស៊ីផាន​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​លោក​ សម រង្ស៊ី​ ហើយ​ហៅ​ទង្វើ​របស់​លោក​ សម រង្ស៊ី​ថា​ ជា​ការ​ចង់​បាន​ការ​ចាប់​អារម្មណ៍​ និង​បង្កើត​ឱកាស​ដើម្បី​តតាំង​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្ពស់​ជាង​លោក​ សម រង្ស៊ី។ លោក​ ស៊ីផាន បាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​ថា៖

«ហើយ​ទោះ​ជា​គាត់​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ដែល​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ​រក្សា​ភាពតតាំង​ជា​មួយ​សម្តេច​តេជោ។​ យើង​ដឹង ហើយ​ថា​ សម្តេច​តេជោ​យ៉ាង​ហោច​ណាស់​៧៦​ភាគ​រយ​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជា ហ្នឹង​ដែល​ទទួល​ស្គាល់​ ហើយ​ទទួល​យល់​ព្រម​ថា លោក​ ដឹកនាំ​ប្រទេស​លើ​ផ្លូវ​ត្រូវ»។

លោក​ ផៃ ស៊ីផាន​បាន​ពន្យល់​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋា​ភិបាល​ត្រួសៗ​ថា៖​ ជា​មួយ​ប្រទេស​ថៃ កម្ពុជា​នៅ​តែ​រក្សា​បាន និង​​គ្រប់​គ្រង​បាន​នូវ​ស្ថាន​ភាព​សមរភូមិ​ក៏​ដូចជា​ផ្នែក​ការទូត​ ដែល​លោក​អះអាង​ថា កម្ពុជា​ទទួល​បាន​ការ​សរសើរ​ពី​អន្តរ​ជាតិ។ ចំណែក​បញ្ហា​ព្រំដែន​ ជាមួយ​នឹង​វៀតណាម​វិញ​ លោក​ ស៊ីផាន​អះ​អាងថា​ កម្ពុជា​ដោះ​ស្រាយ​តាម​សហ​សន្តិ​វិជ្ជមាន​ ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​ត្រូវដោះ​ស្រាយ​តាម​ច្បាប់ ដែល​មិន​មែន​ជា​ការ​លើក​ទ័ព​ទៅ​ឈ្លាន​ពាន​នោះ​ទេ។ តែលោក ​សម រង្ស៉ី​ថ្លែង​ដូច្នេះ ដោយ​យោង​ថា​ការ​មិន​ព្រម​ប្រើ​ប្រាស់​កិច្ច​ព្រមព្រៀង​ ទីក្រុង​បារីស​ឆ្នាំ​១៩៩១​ ដែល​មាន​បណ្តា​ប្រទេស​មហា​អំណាច និង​ប្រទេស​ធំៗ​ចំនួន​១៨​ ជា​អ្នក​ធានា​ឯករាជ្យភាព​ អធិ​តេយ្យភាព​កម្ពុជា​នោះ​ហើយ​ ដែល​នាំ​ឲ្យ​មាន​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង​ទាំង​ខាង​កើត​និង​ខាង​លិច។

លោក​ សម រង្ស៊ី​ ចាត់​ទុក​ថា លោក​បាន​បង្កើត​ជោគជ័យ​ធំ​មួយ​ដែល​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​ កាល​ពី​ឆ្នាំ​២០០៩​ ដើម្បី​ឲ្យ​វៀតណាម​ដក​ថយ​ពី​ការ​រំលោភ​ទឹកដី​កម្ពុជា។​ មន្ត្រី​វៀតណាម​ ក៏​ដូច​ជា​មន្ត្រី​ថៃ​ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​នានារបស់​កម្ពុជា​ដែល​ថា​គេ​រំលោភ​បំពាន​ទឹកដី​កម្ពុជា។ លោក​ សម រង្ស៊ី​ពេល​នេះ​កំពុង​គេច​ខ្លួន​ពីការ​កាត់​ទោស​កំបាំង​មុខ ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន៕

This posting includes an audio/video/photo media file: Download Now

ជន​ភៀស​សឹក​យ៉ាង​តិច​៥០​នាក់​ធ្លាក់​ខ្លួន​ឈឺ​ចម្លែក

Posted: 28 Apr 2011 02:02 PM PDT

ជនភៀស​សឹក​យ៉ាង​តិច​៥០​នាក់​ដែល​ស្នាក់​នៅ​ឃុំ​ពង្រ​ ស្រុក​ចុង​កាល់ ខេត្តឧត្តរ​មានជ័យ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់​កាល​ពី​យប់​ថ្ងៃ​ពុធ​និង​ឈាន​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ភ្លាមៗ​បន្ទាប់​ពី​យោធា​កម្ពុជា និង​ថៃ​បាន​ព្រម​ព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​​បណ្តោះ​អាសន្ន។

ក្រុម​អ្នក​ជំងឺ​និង​គ្រូពេទ្យ​បាន​អះអាង​ថា អាការៈ​រួមមាន​ការ​ក្អួត​ចង្អោរ​​ ពិបាក​ដក​ដង្ហើម​ វិលមុខ​ អស់​កម្លាំង​ និង​ទន់​ដៃ​ទន់​ជើង​ ហើម​ពោះ​ជា​ដើម។​ ព្រិត្តិការណ៍​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​ចាស់​ ក្មេង​ ស្ត្រី​ផង​ដែរ។ បច្ចុប្បន​ពួក​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឧត្តរ​មានជ័យ។

អ្នក​ជំងឺ​មួយ​រូប​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ នៅ​ពេល​កំពុង​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​រងគ្រោះ​បាន​អះអាង​ថា​ លោក​ធ្លាក់​ខ្លួន​ឈឺ​ដូច្នេះ​ថា លោក​មិន​ដឹង​ថា​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ តែ​កើត​ឡើង​ក្រោយ​ពី​ការ​ទទួល​ទានទឹក។

«បាទ​អត់​មាន​ញ៉ាំ​អី​ទេ​ តែ​ហូប​ទឹកស្រះ​នៅ​វត្ត​ពង្រ។ ជន​ភៀស​ខ្លួន​មុនៗ​គាត់​មាន​កើត​មុន​ខ្ញុំ​ទៀត​ក៏​​មាន​ដែរបាទ។​ ឈឺ​ជា​បន្តរ​បន្ទាប់​ក្រោយៗ​មក​បាទ»។

លោក​​គ្រូ​ពេទ្យ​ កែវ​ ស្តើង ​អនុ​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដែល​កំពុង​ព្យាបាល​អ្នក​ជំងឺ​បាន​ថ្លែង​ប្រាប់​​វីអូអេ​ខ្មែរ​ថា លោក​មិន​ទាន់​ដឹង​ប្រាកដ​ថា​ជំងឺ​​នេះ​កើត​ពី​អ្វី​ទេ។ លោក​មាន​ប្រសាសន៍​ថា៖

«ការ​សន្និដ្នាន​ជំហាន​ដំបូង​គឺ​អាច​បណ្តាល​មក​ពី​បរិស្ថាន​ជុំ​វិញ​ ដូច​ជា​ការ​ប្រើ​ប្រាស់​ទឹក​ ហើយ​គាត់​រស់​នៅ​គ្នា​ច្រើន​ ហើយ​ក្តៅ​ផង​អញ្ចឹង​បង្ក​ឲ្យ​មាន​អាការៈ​បែប​នេះ»។

ក្រុម​គ្រូពេទ្យ​កំពុង​យក​ឈាម​ដើម្បី​ធ្វើ​ពិសោធន៍។​ ជន​ភៀស​សឹក​ដែល​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​មួយ​សប្តាហ៍មក​នេះ​មាន​រាប់​ពាន់​គ្រួសារ​ ហើយ​ដែល​រស់​នៅ​រប៉ាត់​រប៉ាយ​តាម​ភូមិ​ឃុំ​ជា​ច្រើន។​ ពួក​គេ​គ្មាន​ជម្រក​សមរម្យ​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ម្ហូប​អាហារ​គ្រប់​គ្រាន់​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

សាកលវិទ្យាល័យ​អូហៃយ៉ូ​នឹង​រៀប​ចំ​វេទិកា​ខេមរសិក្សា​លើក​ទី​៣

Posted: 28 Apr 2011 02:25 PM PDT

សាកលវិទ្យាល័យ​អូហៃយ៉ូ (Ohio University) នឹង​រៀប​ចំ​​វេទិកា​ខេមរសិក្សា​លើក​ទី​៣​របស់​ខ្លួន​នៅ​ចុង​ខែមេសា​នេះ។ វេទិកា​នេះ​ផ្តល់​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​​អ្នកសិក្សា​ស្រាវ​ជ្រាវ​​អំពី​កម្ពុជា​ដើម្បី​ចែក​រំលែក​ស្នាដៃ និង​ការ​រក​ឃើញ​របស់​​ខ្លួន។

វេទិកា​ខេមរសិក្សា​​លើក​ទី​៣ នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​ផ្តល់​ឱកាស​ឲ្យ​មាន​ការពិភាក្សា​អំពី​បញ្ហា​កម្ពុជា​។ នៅ​ក្នុង​វេទិកា​ពីរថ្ងៃ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៩ មេសានោះ អ្នកសិក្សា​ស្រាវជ្រាវ​កម្ពុជា ​អ្នក​សិក្សា​អំពីកម្ពុជា​ និង​អ្នក​ចង់​ដឹង​អំពី​កម្ពុជា​​នឹង​ជួប​ជុំ​គ្នា​នៅ​សាលកវិទ្យាល័យ​អូហៃយ៉ូ ក្នុង​​ទីក្រុង​អាថិន (Athens) រដ្ឋអូហៃយ៉ូ​ សហរដ្ឋ​អាមេរិក​ ដើម្បី​ចែក​រំលែក​គំនិត ស្នាដៃ​ និង​ការ​រកឃើញ​របស់​ខ្លួន។

បណ្ឌិត​គ្រិស្ទីន ស៊ូ (Christine Su) អ្នក​រៀប​ចំ​វេទិកា​នេះ​និយាយ​ថា​ វេទិកា​មាន​អ្នក​ចូលរួម​ចម្រុះ​ទាំង​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​ក្រុម​បញ្ញវន្ត​ ក៏​ដូច​ជា​អ្នក​ចាប់​អារម្មណ៍​ខាង​វប្បធម៌​និង​សហគមន៍។

«វេទិកា​ខេមរសិក្សា​​សំខាន់​ណាស់ ពី​ព្រោះ​វេទិកា​នេះ​ជា​ឱកាស​​សិក្សា​អំពី​កម្ពុជា​ជា​ពិសេស​ និយាយ​អំពីប្រវត្តិសាស្ត្រ​កម្ពុជា​ វប្បធម៌​កម្ពុជា បញ្ហា​ថ្មីៗ​របស់​កម្ពុជា ហើយនឹង​ជា​ឱកាស​សម្រាប់​បុគ្គលិក​សិក្សា​ និង​សហគមន៍​ដែល​ប្រហែល​មិន​បាន​ដឹង​ច្រើន​អំពី​កម្ពុជា រៀនពី​និស្សិត​ និង​អ្នក​ធ្វើ​បទ​បង្ហាញ»។

បណ្ឌិត​ ស៊ូ ប្រាប់​វីអូអេ​ខ្មែរ​ តាម​ទូរស័ព្ទ​ថា វេទិកា​នឹង​មាន​ប្រធានបទ​ច្រើន​ចាប់​ពីភាសាសាស្ត្រ​ សំណេរ​ខ្មែរ​បុរាណ​ បញ្ហា​អ្នក​រួច​ជីវិត​​ពី​អំពើប្រល័យ​ពូជសាសន៍​ ភាពយន្ត​ ប្រព័ន្ធផ្សព្វផ្សាយ​នៅ​កម្ពុជា បញ្ហា​ឆ្លង​កាត់​ព្រំដែន​ ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​ដោយ​បង្ខំ ការបណ្តេញ​ចេញពីលំនៅ​ស្ថាន​ដោយ​បង្ខំ ការ​អភិវឌ្ឍ និង​នយោបាយ​កម្ពុជា។

បណ្ឌិត​ ស៊ូ ថ្លែង​ថា នឹង​មាន​ការ​បង្ហាញ​ក្បាច់​គុណ​បូរាណខ្មែរល្បុក្កតោ ម្ហូបខ្មែរ និង​របាំ​បូរាណខ្មែរ បន្ថែម​ទៅ​លើ​ឯកសារ​សិក្សា​ស្រាវជ្រាវ។

លោក ដន​ ដ្យេម៉ឺសាន់ (Don Jameson) ជា​អតីត​អ្នកការទូត​អាមេរិក​ ដែល​ធ្វើ​ការ​នៅ​កម្ពុជា​ពី​ឆ្នាំ ១៩៧០ ដល់ ១៩៧៤​។ លោក​នឹង​ធ្វើ​បទ​បង្ហាញ​កិច្ចការ​របស់​លោក​មួយ​ ដែល​មាន​ចំណង​ជើង​ថា «កម្ពុជា​នៅ​លើ​ផ្លូវ​​រលាក់​​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ»។ លោក​មាន​ប្រសាសន៍​ថា វេទិកា​នេះ​បង្ហាញអំពីថា​តើ​​មាន​ការ​សិក្សា​ស្រាវជ្រាវ​អំពី​កម្ពុជា​ប៉ុន្មាន​នឹង​ត្រូវ​ចេញផ្សាយ។

«នៅ​​ពេល​ខ្ញុំ​ទៅ​ទី​នោះ​នៅ​ដើមទសវត្សរ៍​១៩៧០ មានសៀវភៅ​ប្រហែល​ពីរ​បី​ក្បាល​​អំពី​កម្ពុជា។ មាន​តិចណាស់​ដែល​ជា​ការ​ពិបាក​ក្នុង​ការ​ស្វែង​យល់​អំពី​កម្ពុជា​ និង​អ្វីដែល​កើត​ឡើង​នៅ​ទីនោះ។ ពេល​នេះ មាន​​​​​​ឯកសារ​ស្រាវជ្រាវ និង​សៀវភៅ​ច្រើន​ត្រូវបាន​ចេញផ្សាយ»។

លោក​ស្រី ណារិន ដ្យេម៉ឺសាន់ (Narin Jameson) អ្នក​និពន្ធ​សៀវភៅ​ធ្វើ​ម្ហូប​ខ្មែ​រ ដែល​មាន​ចំណង​ជើង​ថា «ធ្វើម្ហូប​តាម​របៀប​ខ្មែរ» ឬ "Cooking the Cambodian Way" នឹង​បង្ហាញ​របៀប​ធ្វើ​ម្ហូបខ្មែរ​នៅ​ឯវេទិកានោះ​ដែរ​។ លោកស្រី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា ម្ហូប​គឺជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណជាតិ។

«ម្ហូប​ក៏​ជា​វប្បធម៌​ខ្មែរ​មួយ​ដែរ។ ម្លោះហើយ​យើង​គួរ​តែ​បង្ហាញ​ម្ហូប​ខ្មែរ​យើងឲ្យ​គេ​ស្គាល់។ ការ​បង្ហាញ​ម្ហូបខ្មែរ​ហ្នឹង​មាន​ប្រយោជន៍​ណាស់​ចា៎​ ពីព្រោះ​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្នែរ​យើង​ឡើង​ ព្រោះអី​ម្ហូប​គឺ​ជារឿង​មួយ​សំខាន់​ក្នុង​ជីវិត មនុស្ស»។

អ្នក​រៀបចំ​វេទិកា​ខេមរសិក្សា​​នៃសាកលវិទ្យាល័យ​អូហៃយ៉ូ​ ថ្លែង​ថា ​វេទិកា​ទី​១ និង​ទី​២ បាន​ទទួល​ជោគជ័យ​ ដូច្នេះ​ពួកគេ​ចង់​​ធ្វើ​ឲ្យ​វេទិកា​ខេមរសិក្សា​​នេះ​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ៕

This posting includes an audio/video/photo media file: Download Now

សក្តានុពល​នៃ​ផលប៉ះពាល់​របស់​ទំនប់​នៅ​ទន្លេ​មេគង្គ​ត្រូវ​បាន​បង្ហាញ​ក្នុង​ភាពយន្ត​ឯកសារ

Posted: 28 Apr 2011 09:02 AM PDT

ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តីពី​គម្រោង​សាង់សង់​​ទំនប់​វារី​អគ្គីសនី​លើ​ដង​ទន្លេ​មេគង្គ​ ត្រូវ​បាន​ដាក់​បញ្ចាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​លើប្រជា​សហគមន៍​នៅ​តាម​ដង​ទន្លេ​នេះ​ ប្រសិន​បើ​ទំនប់​ត្រូវ​បាន​សាងសង់​មែន​នោះ។

ខ្សែ​វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា «Where Have All the Fish Gone? Killing the Mekong Dam by Dam» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «តើ​ត្រី​ទៅ​ណា? ការ​សម្លាប់​ទន្លេ​មេគង្គ​ដោយ​ទំនប់​ម្តង​មួយៗ» ត្រូវ​បាន​ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​ឯ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​យប់​ថ្ងៃ​អង្គារ​ ទី​២៦​ខែ​មេសា​នេះ​ ដោយ​មាន​អ្នក​ចូលរួម​ទស្សនា​ប្រមាណ​២០០នាក់​ដែល​ភាគ​ច្រើន​សុទ្ធសឹង​ជា​និស្សិត​សាកលវិទ្យាល័យ។

ការ​ដាក់បញ្ចាំង​ខ្សែ​វីដេអូ​ដែល​និយាយ​ជា​ភាសា​អង់គ្លេស​នេះ​បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពី​ប្រទេស​ជា​​សមាជិក​​​ទាំង​បួន​នៃគណៈ​កម្មការ​ទន្លេមេគង្គ​គឺ​ថៃ កម្ពុជា វៀតណាម និង​ឡាវ​​​ បាន​បរាជ័យ​ក្នុង​ការ​​សម្រេច​ព្រមព្រៀង​គ្នា​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស់​របស់​ឡាវ​នៅ​ក្នុង​កិច្ចប្រជុំ​​ចុង​ក្រោយ​មួយ​របស់​ប្រទេស​ទាំងបួនក្នុង​ទី​ក្រុង​វៀច័ន្ទ កាល​ពី​សប្តាហ៍​មុន។

ខ្សែ​វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​២៣​នាទី​បង្ហាញ​ពី​ទំនប់​សោវ៉ាន់ (Xiaowan Dam) ដ៏​ធំ​សម្បើម​របស់​ចិន​ដែល​ត្រូវ​បាន​សាង​សង់​លើ​ដង​ទន្លេមេគង្គ​ផ្នែក​ខាង​លើ ហើយ​ក៏​បង្ហាញ​ពី​ការ​តវ៉ា​របស់​ប្រជា​សហគមន៍​​នៅ​តាម​ដង​ទន្លេ​មេគង្គ​​ ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​លើ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ផង​ដែរ។

ខ្សែ​វីដេអូ​ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម​ ដោយ​ចំណាយ​ពេល​អស់​ជាង​បី​ខែ​ចាប់​ពី​ចុង​ឆ្នាំ​២០១០​មក​នេះ ក៏​លាត​ត្រដាង​​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ និង​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់ អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ងរ​​​មក​លើ​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​ដែល​រស់​នៅ​ពឹង​អាស្រ័យ​នឹង​ទន្លេ​មេគង្គនេះ​ប្រសិន​បើ​ទំនប់​ដែលបាន​គ្រោង​ធ្វើ ពិត​ជា​នឹង​ត្រូវ​បាន​សាង​សង់​មែន​នោះ។

លោក ថម ហ្វថ្រូព (Tom Fawthrop) ផលិតករ​ភាពយន្ត​ឯកសារ​នេះ​ មាន​ប្រសាសន៍​នៅ​ក្នុង​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​ ក្រោយ​ពី​ការ​បញ្ចាំង​វីដេអូនេះ​ថា ​លោក​ផលិត​ខ្សែ​ភាពយន្ត​នេះ គឺ​ដើម្បី​ទាក់​ទាញ​​​សាធារណៈជន​​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​ផលប៉ះពាល់​ដ៏ធំធេង​ដែល​អាច​បណ្តាល​មក​ពី​គម្រោង​សាង​សង់​ទំនប់​វារីអគ្គីសនី​លើ​ដងទន្លេមេគង្គ​ក្រោមនេះ។ លោក​ថ្លែង​ថា៖

«ការ​បំផ្លាញ​ទន្លេ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅ​លើ​ពិភពលោក គ្រាន់​តែ​ដើម្បី​ទាញ​យក​ថាមពល​អគ្គីសនី​នេះ​​នឹង​​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​យ៉ាង​ធំធេង។ គឺ​បាត់​បង់​ធនធាន​ជលផល​ បាត់​បង់​បរិស្ថាន​ និង​បាត់​បង់​ជីវៈចម្រុះ។ ប្រសិន​បើ​ទន្លេមេគង្គ​ត្រូវ​បាន​បំផ្លាញ​តាម​ការ​ប៉ាន​ស្មាន ធនធាន​ជលផល​នឹង​ធ្លាក់​ចុះ​ពី​៤០%ទៅ៦០​%»។

ក្រៅ​ពី​ទំនប់​យ៉ាង​តិច​ចំនួន​៨​ដែល​បាន​ដំណើរការ​ កំពុងស្ថាបនា និង​គ្រោងនឹង​សាង​សង់​នៅ​លើ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ក្នុង​ប្រទេសចិន និង​ភូមា​នោះ ទំនប់​វារី​អគ្គីសនី​ចំនួន​១១​ទៀត​​ត្រូវ​បាន​គ្រោង​នឹង​ស្ថាបនា​នៅ​លើ​ទន្លេ​នេះ​ផ្នែក​ខាង​ក្រោម​ក្នុង​ប្រទេសឡាវ​និង​កម្ពុជា។

បច្ចុប្បន្ន​ គម្រោង​​​​​​​​ទំនប់​សាយ៉ាបូរី ដែល​ជា​ទំនប់​វារីអគ្គីសនី​ដំបូង​គេ​ក្នុង​ចំណោម​គម្រោង​ទំនប់​ទាំង​១១​លើ​ដង​ទន្លេ​មេគង្គ​ក្រោម​នេះ កំពុង​រង់ចាំ​ការ​ពិភាក្សា​សម្រេច​ពី​​រដ្ឋាភិបាល​ទាំង​បួន​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។

របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ (International Rivers)​ បាន​បង្ហាញ​ថា ​ប្រសិន​បើ​ទំនប់​នឹង​ត្រូវ​បាន​ស្ថាបនា​មែន​នោះ ទំនប់​សាយ៉ាបូរី​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើ​ង​ប្រទេសឡាវ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធអេកូឡូស៊ី​ និង​ជីវៈចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​​ជា​រៀង​រហូត​ដោយ​វានឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ដូចជា​ពូជ​ត្រី​រាជ​ទន្លេមេគង្គ​​ជា​ដើម។

លោក ថម ហ្វថ្រូព មាន​ប្រសាសន៍​ថា ប្រសិន​បើ​គម្រោង​សាង​សង់​វារី​អគ្គីសនី​ណា​មួយ​​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម ពិត​ជា​លេច​ចេញ​ជារូប​រាង​មែននោះ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​ខាង​សន្តិសុខ​ស្បៀង​ និង​ជីវជាតិ​អាហារ ដោយ​សារ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ ទទួល​បាន​ជាតិ​ប្រូតេអ៊ីន​ពី​ការ​បរិភោគ​ត្រី។ លោក​មាន​ប្រសាសន៍​ថា៖

«សេដ្ឋកិច្ច​វិទូ​ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​ និង​ធ្វើ​ការ​នៅ​ក្នុង​​ក្រសួង​នានា​ មិន​បាន​ធ្វើ​លំហាត់​នៅ​ផ្ទះ​ទាល់​តែ​សោះ។ ពួកគេ​អាច​ប្រាប់​អ្នក​ថាតើ​​ថាមពល​អគ្គីសនី​ប៉ុន្មាន​ដែល​យើង​អាច​ទទួល​បាន ប៉ុន្តែ​ពួកគេ​មិន​អាច​ប្រាប់​អ្នក​ថាតើ​​យើង​នឹង​បាត់​បង់​ត្រី​អស់​ប៉ុន្មាន​នោះ​ទេ។ ហើយ​អ្នក​នយោបាយ​ដែល​ចង់​សាង​សង់​ទំនប់​ដោយសារ​ហេតុផល​នយោបាយ​ណាមួយ​នោះ អាចប្រាប​អ្នក​រាល់​គ្នា​ថា​ ទំនប់​នេះ​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​ ប៉ុន្តែ​តាម​ការ​ពិត​ វា​អាក្រក់​ទៅវិញ​ទេ​ សម្រាប់​សុខភាព​របស់​ត្រី​សុខភាព​របស់​មនុស្ស និង​សុខភាព​របស់​ប្រជាជាតិ​​​ទាំងមូល»។

របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​​បរិស្ថាន​​ជា​យុទ្ធសាស្ត្រ​នៃ​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​​នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ បាន​បង្ហាញ​ថា​ កម្ពុជា​អាច​នឹង​បាត់​បង់​បរិមាណ​​​ត្រី​​ច្រើន​ជាងគេ​រហូត​ដល់​ជាង​២១០.០០០តោន​ក្នុង​មួយ​ឆ្នាំ​ ដោយសារ​ឥទ្ធិពល​នៃ​ទំនប់​វារី​អគ្គីសនី។

លោក ទូច ស៊ាង​តាណា ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​តំបន់​ទេចរណ៍​ផ្សោត​ទន្លេ​មេគង្គ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​​​ក្រោយ​ពី​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គីសនី​នៅតាម​ដង​ទន្លេមេគង្គ​នេះ ក៏​អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ផ្សោត​ធម្មជាតិ​ផង​ដែរ។ ផ្សោត​ទន្លេមេគង្គ​គឺ​ជា​ប្រភព​ទាក់​ទាញ​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។​ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការ​សង់​ទំនប់​នេះ បើសិនជា​គេសង់ គឺ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ផ្សោត​ដែល​រស់នៅ​តាម​ធម្មជាតិ។ ត្រី​ក៏​ដូច​គ្នា​ដែរ ប៉ះពាល់​ត្រី​ក៏​ដូច​ជា​ប៉ះពាល់​ផ្សោត​ដែរ​ ព្រោះ​កាល​ណា​អស់​ត្រី​ ផ្សោត​ក៏​អត់​រស់​នៅ​បាន​ដែរ​ព្រោះ​ផ្សោត​ស៊ី​ត្រី»។

កញ្ញា អ៊ឹង សិទ្ធារីន និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​និយាយ​ថា​ ខ្សែ​ភាពយន្ត​ឯកសារ​ស្តី​ពី​គម្រោង​ស្ថាបនា​ទំនប់​នៅ​តាម​ដង​ទន្លេ​មេគង្គ​នេះ បាន​ផ្តល់​សារ​ដ៏​សំខាន់​មួយ​អំពី​អនាគត​ដ៏​ផុយ​ស្រួយ​របស់​ទន្លេ​មេគង្គ ប្រសិន​បើ​ទំនប់​​វារី​អគ្គីសនី​ពិត​ជា​ត្រូវ​បាន​ស្ថាបនា។ កញ្ញា​បញ្ជាក់​ថា៖

«ប្រសិន​បើ​មាន​ការ​សាងសង់​ដូច​វីដេអូ​ដែល​បង្ហាញ​ហ្នឹង ខ្ញុំ​គិត​ថា អនាគត​ទន្លេ​គឺ​ជា​ទន្លេ​មួយ​ដែល​បាត់​បង់​ភាព​ដើម​របស់​វា ដែល​ពុំ​មាន​ការ​ផ្តល់​នូវ​ធនធាន​ធម្មជាតិ​ដូចជា​ត្រី ដូច​ជា​បរិស្ថាន​ល្អ និង​បរិយាកាស​ដ៏​ស្រស់​ស្អាត​ទៀត​ទេ»។

កញ្ញា សិទ្ធារីន បន្ថែមថា ដូច្នេះ បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម ជាពិសេស កម្ពុជា​គួរ​តែ​ពិចារណា និង​ថ្លឹង​ថ្លែង​ឲ្យ​បាន​ម៉ត់​ចត់​អំពី​សេចក្តី​សម្រេចចិត្ត​របស់​ខ្លួន​ថាតើគួរ​ជ្រើសរើស​យក​មួយណា៖ ត្រី​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​ថាមពល​អគ្គីសនី​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ថាមពល​របស់​ខ្លួន៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!