VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


សម្បទាន​ព្រៃឈើ​គំរាម​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ

Posted: 04 Mar 2011 03:30 PM PST

ភ្នំពេញ៖ ក្រុម​ប្រជាពលរដ្ឋ​តំណាង​ឲ្យ​សហគមន៍​ការពារ​ព្រៃឈើ​មកពី​ខេត្ត​ព្រះវិហារ​ ក្រចេះ​ ស្ទឹងត្រែង​ និង​កំពង់ធំ ​បាន​អំពាវ​កាលពី​ថ្ងៃព្រហស្បត៍​ឲ្យរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការឈូសឆាយ​ព្រៃឡង់​ដោយ​ក្រុមហ៊ុន​វៀតណា​មចំនួន​ពីរ។

ការទាមទារ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ធ្វើដំណើរ​ឆ្ពោះទៅ​ធ្វើការ​ប្រឆាំងទប់ ស្កាត់​ការកាប់ឆ្ការ​ព្រៃរ​បស់​ក្រុមហ៊ុន​ទាំងពីរ​កាលពី​ចុង​ខែកុម្ភៈ។ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​រារាំង​និង​រំខាន​ដោយ​ក្រុមអាជ្ញាធរ​មាន​សមត្ថកិច្ច។

ព្រៃឡង់​គឺជា​ព្រៃ​ក្រាស់​ឬ​ក៏​ព្រៃស្រោង​ដែល​ភ្ជាប់​ស្រុក​ចំនួនពីរ​របស់​ខេត្តព្រះវិហារ​ គឺ​ស្រុក​សែនជ័យ​និង​ ស្រុក​រវៀង​ភ្ជាប់​ទៅស្រុក​ថឡាបរិវាត់​ និង​ស្រុ​កសៀមបូក​របស់​ខេត្ត​ស្ទឹងត្រែង​រួច​បន្ត​ទៅភ្ជាប់​ជា មួយ​ស្រុក​សណ្តាន់​របស់​ខេត្តកំពង់ធំ​និង​ស្រុក​សំបូរ​របស់​ខេត្តក្រចេះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ក្រុមហ៊ុនCRCK​និង ​ក្រុមហ៊ុន​PNT​ ​ដែល​ជា​ក្រុមហ៊ុន​វៀតណាម​ចំនួនពីរ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ធ្វើការ​ដាំដុះ​ដំណាំ​កៅស៊ូ​ពី​រាជរដ្ឋាភិបាល​ហើយ​ក្រុមហ៊ុន​ទាំងពីរ​បាន​កាប់​រានព្រៃ​ពង្វាត​ទៅដល់​ព្រៃឡង់​ ជា​ព្រៃដែល​ពួកគេ​ចិញ្ចឹម​ជីវិត​តាមរយៈ​ការទាញ​យក​អនុផល​ ការចៀរជ័រ ​ទី​រកវល្លិ៍​ និង​ឱសថ​បុរាណ​ជាដើម។

នៅក្នុង​សេចក្តីអំពាវ​នាវ​រួមគ្នា ​ដែល​អាន​ដោយ​លោក​ទុំ សុខុន ​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ មកពី​ខេត្ត​ស្ទឹងត្រែង​ ក្រុម​ប្រជាពលរដ្ឋ​ បាន​ស្នើឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​នាំឲ្យ​ប៉ះពាល់​ទៅដល់​ព្រៃធម្មជាតិ​នៅក្នុង​តំបន់​ព្រៃឡង់។ សូមឲ្យ​លុបចោល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដែល​កំពុងតែ​ឈូសឆាយ​និង​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​រួមទាំង​បណ្តាល​ឲ្យ​ខូចខាត​បរិដ្ឋាន។

សេចក្តី​អំពាវនាវ​ដដែល​ បាន​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ​ដើម្បី​បញ្ឈប់​ការគំរាមកំហែង​ពី​អាជ្ញាធរ​កង កម្លាំង​មាន​ប្រដាប់​អាវុធ​នៅតាម​មូលដ្ឋាន។

«សូម​ឲ្យ​រាជរដ្ឋាភិបាល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃឡង់​មកឲ្យ​សហគមន៍​វិញ​ទុក​ឲ្យ​ព្រៃ នោះ​ដុះ​តាមធម្មតា​ឡើង​វិញ»។

លោក​ឈន់ ឈុន ​អភិបាលខេត្ត​កំពង់ធំ​អះអាងថា​ លោក​មិនបាន​ដឹង​អំពី​ការធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ ព្រៃឡង់​ពីសំណាក់​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កៅស៊ូ​នៅក្នុង​ខេត្ត​របស់​លោក​នោះទេ។

ដោយឡែក​លោក​អភិបាល​ខេត្ត​ក្រចេះ​ ​ខំា ភឿន ​បាន​លើកឡើង​ថា​មិនមាន​ការកាប់​បំផ្លាញ​ព្រៃឡង់​ ដែល​សំបូរ​ទៅដោយ​ជនជាតិ​ភាគតិច​រស់នៅ​នោះទេ​ វា​លែងតែ​ការកាប់បំផ្លាញ​ព្រៃឈើ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ។

«តាម​មើល​បងប្អូន​អ្នក​ស្រុកអ្នក​ភូមិ​កាប់​ ដើម្បី​យក​ធ្វើផ្ទះ​ធ្វើ​សម្បែង​វាមាន​អញ្ចឹងមែន។ ក៏ប៉ុន្តែ​ទន្រា្ទន​ព្រៃ ទន្រ្ទាន​ដើម្បី​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​អត់មាន​ទេតំបន់​អស់ហ្នឹង។ ការព្រួយបារម្ភ​របស់​គាត់​អញ្ចឹង​ហើយ​ធម្មតា​ទេ​ ជា​លក្ខណៈ​អន្តរជាតិ»។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​មិនអាច​ទាក់ទង​លោក​ឆេង គឹមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​របស់ ក្រសួង​កសិកម្ម​បាន​ទេ​នៅថ្ងៃ​នេះ។

ដោយ​ឡែក ​ពុំមាន​ប្រភព​ណាមួយ​ពី​ក្រុមហ៊ុន​CRCK​ និង​ក្រុមហ៊ុន​PNT​របស់​ប្រទេស​វៀតណាម​ អាច​ឆ្លើយ​បំភ្លឺ​តបទៅ​នឹង​ការលើកឡើង​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​នោះទេ។

ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ត្រូវ​គេ​រិះគន់​ពី​ការលួច​កាប់​បំផ្លាញ​ព្រៃឈើ​ ខុសច្បាប់​យ៉ាង​រិចរិល​ដែល​វិធានការ​របស់​រដ្ឋាភិបាល​ហាក់​បីដូចជា​មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ទប់ស្កាត់​នោះទេ។

ជារឿយៗ​ គេបាន​ឃើញ​ការចុះផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​នានា​ អំពី​ការចាប់​បង្រ្កាប​ការលួច កាប់​បំផ្លាញ​និង​ជួញដូរ​ឈើ​ប្រណិតៗ​សម្រាប់​ទីផ្សារ​នៅក្នុង​ស្រុក​និង​សម្រាប់​ទីផ្សារ​ទៅក្រៅ​ប្រទេស៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!