Koh Santipheap Daily |
- នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនប្រុស-ស្រី២នាក់
- ចង់ចំណេញឆក់កាបូបដាច់ចំណងជាប់គុករបូតម៉ូតូមីអូ១គ្រឿងទៀត
- បាតុកម្មថ្មីៗនៅប្រទេសអូម៉ង់
- បវរកញ្ញាចក្រវាឡប្រចាំឆ្នាំ2005 និងស្វាមីលែងលះគ្នា
- លោកកាដាហ្វី ៖ ប្រជាជនខ្ញុំត្រៀមស្លាប់ដើម្បីរូបខ្ញុំ
- អតីតប្រធានាធិបតីអេហ្ស៊ីបត្រូវហាមមិនឱ្យចាកចេញពីប្រទេស
- តុលាការកំពូលបានប្រកាសសាលដីកាតម្កល់ទោសលោកសម រង្ស៊ី និងពលរដ្ឋ២នាក់រក្សាដដែល
- មេដឹកនាំប្រឆាំងអ៊ីរ៉ង់សំខាន់2រូបត្រូវចាប់ឃុំឃាំង
- ផឹកតែ1ពែងជួយឱ្យថាមពលខួរក្បាលបានប្រសើរ
- បេសកជនពិសេសងអ្គការយូណេស្កូអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា និងសវនាការ
- ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅអារ៉ាប់រួមស្លាប់4នាក់
- អ.ស.ប ចោទប្រកាន់បេឡារុសថា រំលោភបំពានការហ៊ុមព័ទ្ធអាវុធប្រឆាំងកូតឌីវ័រ
- ស្ត្រីតៃវ៉ាន់ស្លៀកតែខោស៊្លីបជិះរថភ្លើងក្រោមដីបង្ហាញសិទ្ធិសេរីភាព
- បុរសល្មោភកាមតណ្ហា សូម្បីស្ត្រីក្រីក្រដើរសុំទាន ក៏រំលោភមិនលើកលែងដែរ
- ពីរនាក់ប្តី-ប្រពន្ធជាមេខ្លោងជួញដូរគ្រឿងញៀនធំគ្រាន់បើត្រូវសមត្ថកិច្ចចាប់ខ្លួន
- កញ្ញា ដា អារីតា ពន្លកតារាសម្តែងមានមហិច្ឆតាក្នុងពិភពសិល្បៈ
- ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនយប់មិញនេះចាប់ខ្លួនមេខ្លោងឈ្មោះអេនឌី និងបក្សពួក២នាក់...កំពុងបន្តឆែកឆេរ
- កុងស៊ុលស្ថានទូតអាមេរិកជូនដំណឹងពីល្បិចឆបោក តាមអ៊ីម៉ែលជុំវិញឆ្នោតផ្សងសំណាងទៅរស់នៅអាមេរិក
- ការសារភាពថាបានធ្វើអំពើបាប
- «ត្រីងៀតឆ្លៀតពង» យករថយន្តយោធាGMC លួចដឹកឈើគ្រញូងជិត៥ម៉ែត្រគូប
នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនប្រុស-ស្រី២នាក់ Posted: 28 Feb 2011 11:06 PM PST រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនប្រុស-ស្រី២នាក់ នៅចំណុចប្លុកបឹងកក់ជាប់របងវិហារចាមខាងជើង ស្ថិតក្នុងភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧ កុម្ភៈ ២០១១ ។ ជនសង្ស័យជួញដូរថ្នាំញៀនដែលនគរបាលឃាត់ខ្លួនមាន១-ឈ្មោះគង់ កាក់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង២-ឈ្មោះផន ស្រី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។ មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បាននិយាយថា កាលពីថ្ងៃទី២៧ កុម្ភៈ វេលាម៉ោង១១យប់កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បានល្បាតនៅចំណុខាងជើងវិហារចាម ប្លុកបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ប្រទះឃើញជនសង្ស័យឈ្មោះគង់ កាក់ ហើយឃាត់ខ្លួន និងធ្វើការឆែកឆេរដកហូតបានថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លា (ម៉ាទឹកកក) ចំនួនមួយកញ្ចប់តូច ។ ក្រោយពីឃាត់ខ្លួនជននេះបានសារភាពពីការទិញ និងចែកចាយថ្នាំញៀនពីកន្លែងផ្សេងៗទើបឈានទៅចាប់ខ្លួនស្ត្រីម្នាក់ទៀតឈ្មោះផន ស្រី ដែលមានទីលំនៅខាងជើងវិហារចាម រួចដកហូតបានថ្នាំញៀនយ៉ាម៉ាមួយគ្រាប់ផងដែរ។ ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទជួញដូរថ្នាំញៀន ៕ |
ចង់ចំណេញឆក់កាបូបដាច់ចំណងជាប់គុករបូតម៉ូតូមីអូ១គ្រឿងទៀត Posted: 28 Feb 2011 11:01 PM PST រាជធានីភ្នំពេញ ៖ បុរស២នាក់ជាប់សង្ស័យពីបទឆក់កាបូបពីស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ កុម្ភៈ ២០១១ វេលាម៉ោង៣និង៣០នាទីរសៀល ដោយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ និងកម្លាំងរបស់នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ នៅចំណុចផ្ទះលេខ៣១ (ផ្ទះកាត់សក់-ម៉ាស្សា) ផ្លូវលេខ២១៤ ក្រុមទី៣៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ជនដៃដល់ប្រព្រឹត្តសកម្មភាពឆក់កាបូប១-ឈ្មោះសុខ ប៊ុនធឿន ហៅជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកបើកបរម៉ូតូ ២-ឈ្មោះថន ប៊ុណ្ណារ៉ា ហៅខ្មៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិកូនភ្លោះ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកធ្វើសកម្មភាពឆក់ ។ ពេលធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក YAMAHA MIO ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-1473 ជាម៉ូតូដែលជនល្មើសជិះធ្វើសកម្មភាព ។ ស្ត្រីរងគ្រោះម្ចាស់កាបូបពុំស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែលជាង៥០ឆ្នាំ ព្រោះក្រោយពេលកើតហេតុ ពួកចោរភ័យពេកក៏បោះកាបូបចោល ហើយស្ត្រីម្ចាស់កាបូបក៏រើសយកវិញ និងធ្វើដំណើរទៅលំនៅឋានបាត់ទៅ...។ សូមបញ្ជាក់ថា មុនពេលកើេតហេតុ ស្ត្រីម្ចាស់កាបូបបានជិះម៉ូតូឌុបតាមបណ្តោយផ្លូវលេខ២១៥ ពីទិសខាងត្បូង ដោយមានកាន់កាបូបមួយ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនល្មើសទាំងពីរនាក់ខាងលើបានជិះម៉ូតូមកពីក្រោយ អែបខាងឆ្វេង ហើយធ្វើសកម្មភាពឆក់កាបូបពីដៃស្រីរងគ្រោះ រួចជិះម៉ូតូគេចខ្លួនតាមផ្លូវកម្ពុជាក្រោម ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានស្រែកឆោឡោប្រាប់សមត្ថកិច្ចដែលកំពុងល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋានក៏ដេញតាមជនល្មើសទាន់នៅចំណុចផ្លូវ លេខ១៥០Z សង្កាត់ផ្សារដេប៉ូទី២ ក៏ឃាត់ខ្លួនបានទាំងពីរនាក់ជាក់ស្តែងតែម្តង ៕ |
បាតុកម្មថ្មីៗនៅប្រទេសអូម៉ង់ Posted: 28 Feb 2011 10:57 PM PST បាតុកម្មនៅបន្តទៀតកាលពីថ្ងៃទី២៨ កុម្ភៈ ៣ថ្ងៃជាប់ៗគ្នាក្នុងព្រះរាជាណាចក្រអូម៉ង់ដោយពួកបាតុករបានផុតផ្សារទំនើបមួយ និងរថយន្តនានា ហើយប្រមូលផ្តុំគ្នានៅកន្លែង២ក្នុងទីក្រុងកំពង់ផែ SOHAR ស្ថិតនៅចំងាយប្រមាណជា២០០គ.ម ភាគពាយ័ព្យរាជធានីម៉ាស្កាត ។ យោងតាមសាក្សីទាំងឡាយថា ផ្សារទំនើបមួយត្រូវបានផុត ហើយបាតុករជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅត្រង់រង្វង់មូលសំខាន់មួយនៃទីក្រុង SOHAR នោះដើម្បីទាមទារឱ្យដម្លើងប្រាក់បៀវត្ស រកការងារឱ្យពួកយុវជនធ្វើ ហើយដកហូតតំណែងរដ្ឋមន្ត្រីមួយចំនួនរបស់រដ្ឋាភិបាល។ នៅកន្លែងមួយចំងាយ១០គ.ម ពីទីក្រុង SOHAR បាតុករប្រមាណជា៥០០នាក់បានរារាំងរថយន្តកាំមីញ៉ុងទាំងឡាយមិនឱ្យចូលក្នុងតំបន់កំពង់ផែទីក្រុងនោះដែលជាកំពង់ធំទី២របស់អូម៉ង់ ។ កងកម្លាំងសន្តិសុខបានរាំងខ្ទប់ផ្លូវចូលសំខាន់ៗនៃទីក្រុងនោះ ដើម្បីប៉ុនប៉ងឱ្យពួកបាតុករស្ថិតនៅឯកោ ។ |
បវរកញ្ញាចក្រវាឡប្រចាំឆ្នាំ2005 និងស្វាមីលែងលះគ្នា Posted: 28 Feb 2011 10:52 PM PST ប្រភពព័ត៌មានពីបរទេសបានឱ្យដឹងថា នាងណាតាលី ក្លេបូវ៉ា ជាបវរកញ្ញាចក្រវាឡប្រចាំឆ្នាំ២០០៥ និងស្វាមីរបស់នាង លោក Paradon Srichamphan ជាកីឡាករវាយតឺន្នីស ជនជាតិថៃ ពេលនេះ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការលែងលះគ្នាហើយ ។ ប្រភពមួយដែលស្និទ្ធជាមួយនាងណាតាលី ក្លេបូវ៉ា បានបង្ហើបឱ្យដឹងថា នាងណាតាលី និងលោក Paradon បានរស់នៅបែកគ្នាតាំងពីខែកក្កដា ឆ្នាំ២០១០ មកម៉្លេះ ហើយឥឡូវនេះអ្នកទាំងពីរបានសម្រេចចិត្តដាក់ពាក្យប្តឹងលែងលះគ្នា ។ |
លោកកាដាហ្វី ៖ ប្រជាជនខ្ញុំត្រៀមស្លាប់ដើម្បីរូបខ្ញុំ Posted: 28 Feb 2011 10:52 PM PST កាសែត KOURINA របស់លីប៊ីរាយការណ៍ថា មនុស្សជាច្រើននាក់បានត្រូវស្លាប់ ហើយជាច្រើននាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២៨ កុម្ភៈ ក្នុងសង្កាត់ TADJOURA នៃទីក្រុងទ្រីប៉ូលី ដែលនៅទីនោះកងកំលាំងរបស់លោកមូអាម៉ា កាដាហ្វី បានបាញ់ដើម្បីបំបែកបាតុកម្មមួយ។ យោងតាមកាសែតនេះថា បាតុកម្មនេះប្រមូលផ្តុំមនុស្សជិត១០.០០០នាក់។ ពេលពួកបាតុករលើកគ្នាមកដល់ SOUK DJOUMA ពួកគេបានប្រឈមមុខជាមួយពួកជនប្រដាប់អាវុធរបស់លោកកាដាហ្វីដែលស្លៀកពាក់ស៊ីវិល ហើយបាញ់ពួកយុវជនដែលគ្មានអាវុធ។ យុវជនជាច្រើននាក់បានត្រូវរបួស និងស្លាប់។ ពួកជនប្រដាប់អាវុធបន្ទាប់មកបានប្រមូលពួកអ្នកស្លាប់ និងអ្នករបួស និងដោយទាំងពួកអ្នកដំណើរនៅជិតអ្នកត្រូវរបួសផង។ អ្នកកាសែតបរទេសម្នាក់នៅក្រុងទ្រីប៉ូលីរាយការណ៍ថា កងកំលាំងសន្តិសុខបានបាញ់ទៅលើអាកាសដើម្បីបំបែកពួកបាតុករជាច្រើននាក់ដែលប្រឆាំងនឹងលោកកាដាហ្វីនៅសង្កាត់ TADJOURA ។ យោងតាមប្រជាជនថា សង្កាត់នេះនៅភាគខាងកើតរដ្ឋធានីធ្លាប់ជាទីលាននៃការប៉ះទង្គិចគ្នាជាច្រើន។ |
អតីតប្រធានាធិបតីអេហ្ស៊ីបត្រូវហាមមិនឱ្យចាកចេញពីប្រទេស Posted: 28 Feb 2011 10:51 PM PST អតីតប្រធានាធិបតីអេហ្ស៊ីបលោកហូស្នី មូបារ៉ាក់ ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេសខណៈពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នបានបង្កើតនីតិវិធីច្បាប់ប្រឆាំងរូបលោក និងគ្រួសាររបស់លោក ។ អគ្គមេធាវីរបស់អេហ្ស៊ីប លោក Abdel Meguid Mohmoud ក៏បានប្រកាសផងដែរថា ទ្រព្យសម្បត្តិក្នុងស្រុកទាំងអស់របស់លោកមូបារ៉ាក់ នឹងត្រូវផ្អឹបទុករង់ចាំការស៊ើបអង្កេតបន្ថែមទៀត ។ |
តុលាការកំពូលបានប្រកាសសាលដីកាតម្កល់ទោសលោកសម រង្ស៊ី និងពលរដ្ឋ២នាក់រក្សាដដែល Posted: 28 Feb 2011 10:51 PM PST រាជធានីភ្នំពេញ ៖ សំណុំរឿងបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ១៨៥ ក្នុងខេត្តស្វាយរៀង ត្រូវបានប្រធានចៅក្រមតុលាការកំពូលលោកខឹម ប៉ុន ក្នុងចំណោមចៅក្រម៥នាក់ ប្រកាសសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ និងសាលក្រមសាលាដំបូងខេត្តស្វាយរៀង ដែលបានផ្តន្ទាទោសលោកសម រង្ស៊ី ដាក់គុក២ឆ្នាំ ឯកសិករ២នាក់រួចទោស តែរួមគ្នាចេញសំណងការខូចខាត និងជំងឺចិត្តសរុប៦៣លានរៀល កាលពីព្រឹកថ្ងៃទី១ មីនា ២០១១ ។ គួរបញ្ជាក់ថា តុលាការកំពូលកាលពីថ្ងៃទី២៣ កុម្ភៈ ២០១១ កន្លងមកនេះ បានធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់លោកសម រង្ស៊ី និងកសិករ២នាក់ប្រឆាំងទៅនឹងការកាត់ទោសពួកគាត់ឱ្យជាប់ពន្ធនាគារពី១ឆ្នាំរហូតដល់២ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាសរុប៦៣លានរៀល ដែលសម្រេចដោយតុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ មករា ២០១១ កន្លងទៅនេះ ។ ក្នុងសវនាការប្រកាសសាលដីកានេះ ប្រធានចៅក្រមជំនុំជម្រះមានលោកខឹម ប៉ុន, ព្រះរាជអាជ្ញាលោកឈួន ចន្ថា ក្រឡាបញ្ជី លោកឈាន វ៉ាន់ថា មេធាវីការពារក្តីជនជាប់ចោទសម រង្ស៊ី អ្នកស្រីមាស ស្រី និងលោកព្រំ ជា គឺលោកមេធាវីជូ ជួងងី មេធាវីការពារក្តីរដ្ឋាភិបាលគឺលោកចាន់ សុខយៀង ព្រមទាំងមានការចូលរួមពីជនជាប់ចោទមាស ស្រី និងព្រំ ជា ផងដែរ ។ បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង២ម៉ោង កាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមកនេះ តុលាការកំពូលបានពន្យារពេលប្រកាសសាលដីការហូតដល់ថ្ងៃទី១ មីនា ២០១១ នេះ ទើបនៅវេលាម៉ោង៨ព្រឹកខណៈសវនាការចាប់ផ្តើមបើកឡើងជាថ្មី គឺសម្រេចតម្កល់ទោសលោកសម រង្ស៊ី និងកសិករ២នាក់នោះឱ្យនៅដដែល ៕ |
មេដឹកនាំប្រឆាំងអ៊ីរ៉ង់សំខាន់2រូបត្រូវចាប់ឃុំឃាំង Posted: 28 Feb 2011 10:51 PM PST វ៉េបសាយមួយរបស់ពួកអ្នកកែទម្រង់និយមអ៊ីរ៉ង់រាយការណ៍កាលពីថ្ងៃទី២៨ កុម្ភៈ ថា មេដឹកនាំប្រឆាំងនិយមការកែទម្រង់២នាក់ លោកមៀរ ហូសេន មូសាវី និងលោកមឺហ៍ឌី ការូប៊ី ត្រូវបានចាប់ខ្លួន ហើយនាំមកកាន់ពន្ធនាគារមួយនៃទីក្រុងតេហេរ៉ង់ ។ ក៏ប៉ុន្តែព័ត៌មាននេះ ត្រូវបានបដិសេធដោយទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ FARS ។ យោងតាមព័ត៌មានក្នុងវ៉េបសាយនេះថា លោកមូសាវី និងភរិយាលោកស្រីហ្សាហ៍រ៉ា រាហ៍ណាវ៉ាដ ព្រមទាំងលោកការូប៊ី និងភរិយា លោកស្រីហ្វាតឺមេហ៍ ការូប៊ី ត្រូវបានបញ្ជូនមកកាន់ពន្ធនាគារ HESHMATIEH ។ មេដឹកនាំប្រឆាំងទាំង២រូបនេះត្រូវបានឃុំឃាំងក្នុងផ្ទះចាប់តាំងពី១៥ថ្ងៃមកហើយ ។ ក៏ប៉ុន្តែវ៉េបសាយមួយទៀត គូសបញ្ជាក់ថា មេដឹកនាំប្រឆាំងទាំង២រូប និងភរិយាត្រូវបានផ្ទេរកាលពីថ្ងៃទី២៤ កុម្ភៈ កន្លងមកនេះ ទៅកាន់កន្លែងមិនស្គាល់មួយ ។ |
ផឹកតែ1ពែងជួយឱ្យថាមពលខួរក្បាលបានប្រសើរ Posted: 28 Feb 2011 07:05 PM PST តាមការសិក្សាថ្មីមួយចុងក្រោយបំផុត បានអះអាងថា ផឹកតែ១ពែង អាចជួយឲ្យអ្នកដោះស្រាយបញ្ហាស្មុគស្មាញបានរហ័សជាងមុន។ លទ្ធផលនៃការសិក្សាបានរកឃើញថា សមាសធាតុពីធម្មជាតិ ដែលគេរកឃើញនៅក្នុងទឹកតែ១ពែង អាចជួយឲ្យថាមពលខួរក្បាលបានល្អប្រសើរជាងមុន ហើយជួយបង្កើនភាពវាងវៃថែមទៀត។ សមាសធាតុសកម្មនៅក្នុងតែមានដូចជាអាស៊ីដអាមីណូ(L-theanine) ចាប់ផ្តើមមានប្រសិទ្ធភាពបន្ទាប់ពីផឹកបាន ២០ទៅ៧០នាទី ។ អ្នកសិក្សាបានរកឃើញទៀតថា ភាពវាងវៃរបស់អ្នកស្ម័គ្រចិត្តធ្វើពិសោធន៍បានឡើងខ្ពស់ទៀតផង។ វេជ្ជបណ្ឌិតទីម បុនមកពីក្រុមហ៊ុនTea Advisory Panelបាននិយាយថា ការរកឃើញថ្មីៗចុងក្រោយនេះ បានគាំទ្រលទ្ធផលចំពោះការសិក្សាលើកមុនដែលបានបង្ហាញថាផឹកតែខ្មៅ(តែធម្មតា) ២ពែងក្នុង១ថ្ងៃជួយធ្វើឲ្យល្អប្រសើរនូវលទ្ធភាពប្រុងប្រយ័ត្នចំពោះសកម្មភាពដែលកំពុងធ្វើ។ លោកបានបន្ថែមថា៖«ដូច្នេះការសិក្សាខាងដើមនេះ វាបានផ្តល់ជាភស្តុតាងដែលថា ការផឹកតែពិតជាអាចជួយកែលំអមុខងារយល់ដឹងរបស់យើងបាន ជាពិសេសជួយឲ្យមានការប្រយ័ត្នបានល្អក្នុងអំឡុងពេលបំពេញកាតព្វកិច្ច» ៕ |
បេសកជនពិសេសងអ្គការយូណេស្កូអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា និងសវនាការ Posted: 28 Feb 2011 06:59 PM PST រាជធានីភ្នំពេញ ៖ លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា បេសកជនពិសេសអង្គការយូណេស្កូ បានអញ្ជើញចូលក្រាបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី នៅឯព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១ មីនា ២០១១ នេះ ដើម្បីសំណេះសំណាលលើសភាពការណ៍ផ្សេងៗ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបញ្ហាបេតិកភណ្ឌផងដែរ ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី១ មីនា២០១១ លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា បេសកជនពិសេសរបស់អង្គការយូណេស្កូបានជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមមានលោកឧបនាយករដ្ឋមន្ត្រីសុខ អាន លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយចុងក្រោយគឺទូតពិសេសរូបនេះត្រូវចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី តែម្តង ហើយនៅរសៀលថ្ងៃដដែលនោះ នឹងធ្វើដំណើរត្រឡប់ទៅវិញ ។ ជាលទ្ធផល លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា បានទទួលនូវរបាយការណ៍និងព័ត៌មានដ៏សុក្រឹត្យជាទីបំផុតពីភាគីកម្ពុជាស្តី ពីការខូចខាតនៃតួប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ ដែលរងគ្រោះយ៉ាងដំណំដោយសារគ្រាប់កាំភ្លើងថៃ ដែលបានបាញ់ប្រហារកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១១ ។ ដំណើរទស្សនកិច្ចនេះ គឺជាការឆ្លើយតបទៅនឹងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានស្នើសុំទៅអង្គការយូណេស្កូ ដើម្បីឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ ប្រយោជន៍ជួយសង្គ្រោះប្រាសាទព្រះវិហារដែលបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយកាលពីថ្ងៃទី៧ កក្កដា ២០០៨ ៕ |
ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅអារ៉ាប់រួមស្លាប់4នាក់ Posted: 28 Feb 2011 06:54 PM PST អាជ្ញាធរអាកាសចរណ៍របស់អេមីរ៉ាត អារ៉ាប់រួមថ្លែងកាលពីថ្ងៃទី២៨ កុម្ភៈ ថា មនុស្ស៤នាក់ បានត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះធុនស្រាល មួយគ្រឿងកាលពីយប់ថ្ងៃទី២៧ កុម្ភៈ នៅ AL AIN ជាទីក្រុងធំទី៤ របស់ប្រទេស ។ ក្នុងសេចក្តីប្រកាសមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប់រួមគូសបញ្ជាក់ថា យន្តហោះមួយគ្រឿងធុន GRUMMAN ២១T ដែលហោះទៅកាន់អារ៉ាប៊ី សាអូឌីត បានធ្លាក់នៅព្រលានយន្តហោះក្រុង AL AIN ។ ក្រោយការហោះចេញបន្តិច កាលពីថ្ងៃទី២៧ កុម្ភៈវេលាម៉ោង២០ និង០៧នាទីម៉ោងក្នុងស្រុកយន្តហោះនេះស្រាប់តែផ្អៀងមកខាងឆ្វេង ហើយធ្លាក់លើផ្លូវយន្តហោះ ។ ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនោះ ៕ |
អ.ស.ប ចោទប្រកាន់បេឡារុសថា រំលោភបំពានការហ៊ុមព័ទ្ធអាវុធប្រឆាំងកូតឌីវ័រ Posted: 28 Feb 2011 06:54 PM PST អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៨ កុម្ភៈ កន្លងមក បានចោទប្រកាន់ប្រទេសបេឡារុសពីបទផ្គើនការហ៊ុមព័ទ្ធអាវុធប្រឆាំងប្រទេសកូតឌីវ័រ ដោយបានផ្តល់ឧទ្ធម្ភាគចក្រ៣គ្រឿងទៅឱ្យប្រធានាធិបតីរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ។ អ្នកនាំពាក្យប្រមុខអង្គការសហប្រជាជាតិលោកបាន គីមូន ថ្លែងថា ឧទ្ធម្ភាគចក្រទាំងនោះរួមទាំងសម្ភារទាក់ទងដទៃទៀត ត្រូវបានគេរាយការណ៍ថា ប្រគល់នៅក្នុងទីក្រុង Yamoassoukro រដ្ឋធានីកូតឌីវ័រ សម្រាប់កងកម្លាំងរបស់លោកឡូរ៉ង់ ហ្សេបាបូ ប្រធានាធិបតីកូតឌីវ័រ ដែលផុតអាណត្តិ ប៉ុន្តែនៅតែមិនព្រមចុះចេញពីតំណែង ។ |
ស្ត្រីតៃវ៉ាន់ស្លៀកតែខោស៊្លីបជិះរថភ្លើងក្រោមដីបង្ហាញសិទ្ធិសេរីភាព Posted: 28 Feb 2011 06:49 PM PST កាសែត «ពីងគួ» របស់តៃវ៉ាន់បានផ្សាយកាលពីថ្ងៃទី២៦ កុម្ភៈ ថា មានក្រុមហ៊ុនផលិតឯកសណ្ឋានកីឡាមួយបានរៀបចំកម្មវិធី «មិនស្លៀកខោ» ឡើងជិះរថភ្លើងក្រោមដី ដែលកម្មវិធីនេះដូចគ្នានឹងការរៀបចំនៅសហរដ្ឋអាមេរិក និងនៅតំបន់អឺរ៉ុបដែរ ប៉ុន្តែខុសគ្នាត្រង់ថា ក្រុមហ៊ុនបានជួលស្ត្រីបង្ហាញម៉ូដដ៏ស្រស់ស្អាតចំនួន២០នាក់ឱ្យចូលរួមក្នុងកម្មវិធី ដោយនៅល្វែងលើស្លៀកឈុតធម្មតា ចំណែកនៅល្វែងក្រោមស្លៀកតែខោស៊្លីប និងពាក់ស្បែកជើងកីឡា ។ កម្មវិធីខាងលើបានរៀបចំឡើងនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ដោយស្ត្រីទាំងនោះបានឡើងជិះរថភ្លើងក្រោមដីនៅស្ថានីយ «ជុងសៀវវូស៊ីង» ។ ក្នុងខណៈពេលអ្នកសារព័ត៌មានសាកសួរថាតើការធ្វើបែបនេះដើម្បីអ្វី? អ្នកដំណើរជាច្រើនប្រាប់ថា នៅពេលដំបូងពួកគេភិតភ័យ លាយឡំនឹងចម្ងល់ថា ស្ត្រីទាំងនោះមិនរងាទេ ឬយ៉ាងណា? ព្រោះពេលនេះជារដូវរងា ហេតុអ្វីពួកនាងស្លៀកតែខោស៊្លីបឡើងជិះរថភ្លើងបែបនេះទៅវិញ? រីឯស្ត្រីទាំងនោះបាននិយាយថា ស្លៀកពាក់បែបនេះធ្វើឱ្យពួកនាងសប្បាយរីករាយខ្លាំងណាស់ ។ |
បុរសល្មោភកាមតណ្ហា សូម្បីស្ត្រីក្រីក្រដើរសុំទាន ក៏រំលោភមិនលើកលែងដែរ Posted: 28 Feb 2011 06:11 PM PST ខេត្តបន្ទាយមានជ័យ ៖ បុរសរត់ម៉ូតូឌុបម្នាក់ត្រូវបានកម្លាំងប៉ូលិសក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនបន្ទាប់ពីស្ត្រីសុំទានម្នាក់ប្តឹងចោទថា បានចាប់គាត់រំលោភសេពសន្ថវៈរហូតបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៥ កុម្ភៈ នៅក្នុងបរិវេណវត្តសមាធិផលហៅវត្តលោកយួន ស្ថិតនៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ លោករ័ត្ន តក់ នាយប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លា បានឱ្យដឹងថា ជនជាប់ចោទពីបទរំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះឈ្មោះយឹម រស់តារារាត្រី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឯស្ត្រីរងគ្រោះឈ្មោះធ.ម ហៅក្រឹម អាយុ៣៩ឆ្នាំ ជាអ្នកដើរសុំទាន និងរស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត។ លោករ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា តាមការរៀបរាប់បំភ្លឺពីស្ត្រីរងគ្រោះប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៩និង១០នាទីយប់ រូបគាត់បានដើរទៅបត់ជើងតូចនៅខាងក្រោយវត្តសមាធិផលហៅវត្តលោកយួន ពេលបត់ជើងរួចគាត់ក៏អង្គុយលេងលើផ្នូរមួយ ។ ពេលនោះស្រាប់តែលេចមុខបុរសម្នាក់ឈ្មោះយឹម រស់តារារាត្រី បានជិះម៉ូតូមកឈប់ក្បែរនោះហើយដើរតំរង់មករកគាត់ ព្រមទាំងសួរថា តើស្គាល់បងទេ ពេលនោះគាត់ឆ្លើយថា មិនស្គាល់ទេ ។ បន្ទាប់មកបុរសរូបនេះបានដកលុយចំនួន១០ម៉ឺនរៀលបង្ហាញគាត់ ដោយសុំគាត់ដេកជាមួយតែគាត់បានបដិសេធដោយប្រាប់ទៅបុរសនោះវិញថា រូបគាត់មិនមែនជាស្រីរកស៊ីផ្លូវភេទទេ ។ និយាយមិនទាន់រួចពីមាត់ផង ស្រាប់តែបុរសនោះស្ទុះមកចាប់គាត់ផ្តួល និងបានទះកំផ្លៀង ព្រមទាំងច្របាច់.កគាត់ គម្រាមសម្លាប់ចោលប្រសិនបើគាត់ស្រែក រួចចាប់រំលោភគាត់រហូតដល់បានសម្រេចបំណងរបស់គេ។ បើតាមចម្លើយបុរសជាប់ចោទឈ្មោះយឹម រស់តារារាត្រី បានអះអាងថា រូបគេជាមួយស្ត្រីរងគ្រោះធ្លាប់ស្គាល់គ្នា និងមានទំនាក់ទំនងគ្នារយៈពេល១ខែមកហើយ ហើយកាលនៅប៉ោយប៉ែតស្នាក់នៅផ្ទះជួលជិតគ្នា ធ្លាប់បានរួមរ័កគ្នាម្តងទៀតផង។ នៅយប់នោះរូបគេមកពីផឹកស្រា ហើយជិះម៉ូតូកាត់វត្តឃើញស្ត្រីនោះឈរម្នាក់ឯងដោយអាងតែស្គាល់ និងធ្លាប់ដេកជាមួយគ្នា ទើបរូបគេហ៊ានធ្វើបែបនេះ។ លោកវរសេនីយ៍ទោ សិទ្ធិ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹងដែរថា ផ្អែកតាមបណ្តឹងរបស់ស្ត្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនជាប់ចោទ មន្ត្រីការិយាល័យរបស់លោកបានធ្វើបែបបទបញ្ជូនឈ្មោះយឹម រស់តារារាត្រី ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ |
ពីរនាក់ប្តី-ប្រពន្ធជាមេខ្លោងជួញដូរគ្រឿងញៀនធំគ្រាន់បើត្រូវសមត្ថកិច្ចចាប់ខ្លួន Posted: 28 Feb 2011 06:03 PM PST រាជធានីភ្នំពេញ ៖ ពីរនាក់ប្តី-ប្រពន្ធជាមុខសញ្ញាចាស់ មេខ្លោងជួញដូរគ្រឿងញៀនធំគ្រាន់បើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ កុម្ភៈ ២០១១ នៅក្នុងផ្ទះរបស់ពួកគេស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយត្រូវបានបញ្ជូនទៅសួរនាំទៅការិយាល័យព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រោះសមត្ថកិច្ចខណ្ឌដង្កោជាម្ចាស់ករណីលើមុខសញ្ញាពីរនាក់ប្តី-ប្រពន្ធនេះ ។ ប៉ូលិសមិនទាន់ប្រាប់ឈ្មោះ និងអត្តសញ្ញាណពីរនាក់ប្តី-ប្រពន្ធនេះឱ្យដឹងនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា អ្នកទាំង២នេះជាមុខសញ្ញាចាស់ និងជាមេខ្លោងធំគ្រាន់បើដែរ...ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំគ្រាប់ពណ៌ផ្កាឈូក៣៩គ្រាប់ និងកញ្ឆាក្រៀម២០ដុំ ឥឡូវកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ |
កញ្ញា ដា អារីតា ពន្លកតារាសម្តែងមានមហិច្ឆតាក្នុងពិភពសិល្បៈ Posted: 28 Feb 2011 06:02 PM PST រាជធានីភ្នំពេញ ៖ ដោយសារនិស្ស័យស្រឡាញ់ចូលចិត្តផង និងដើម្បីចាប់អាជីពរកប្រាក់កំរៃចិញ្ចឹមជីវិតផង កញ្ញាដា អារីតា បានកសាងជីវិតជាតារាសម្តែងកាយវិការខារ៉ាអូខេ ។ នាងពុំទាន់ក្លាយជាតារាល្បីនៅឡើយទេ តែនាងកំពុងខិតខំពុះពារក្នុងអាជីពនេះ ។ ទន្ទឹមអាជីពសិល្បៈនាងបើកហាងកាត់សក់អ៊ុតសក់មួយមានទីតាំងនៅម្តុំផ្សារដើមថ្កូវ។ កញ្ញា ដា អារីតា មានវ័យ២៣ឆ្នាំ ស្រុកកំណើតនៅក្រុងសួង ខេត្តកំពង់ចាម។ នាងមានបងប្អូន៤នាក់ ក្នុងនោះប្រុស២នាក់ ចំណែករូបនាងជាកូនទី ២ ។ ដោយសារជីវភាពជួបការលំបាក នៅឆ្នាំ ២០០៦ អារីតាបានចាកចេញពីឪពុកម្តាយមករស់នៅក្នុងរាជធានីភ្នំពេញ ចួករៀនអ៊ុតសក់ និងពេលទំនេរទៅហាត់រៀនសម្តែង និងច្រៀងនៅក្លឹបសិល្បៈខ្មែរអន្តរជាតិ (K.I.C) ។ តាមរយៈការហាត់រៀននោះនាងក្លាយជាតារាសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មក្រៅប្រទេសមួយចំនួន ព្រមទាំងសម្តែងក្នុងខ្សែភាពយន្តខ្លះៗដែរ តែមិនទាន់ក្លាយជាតួឯកទេ។ កញ្ញាដា អារីតា កាលពីនៅសិក្សាធ្លាប់ប្រឡងច្រៀងជាប់ចំណាត់ថ្នាក់លេខ៣ ប្រចាំខេត្តកំពង់ចាម នាឆ្នាំ២០០៥ ព្រោះនាងមាននិស្ស័យសិល្បៈតាំងពីក្មេង ។ សព្វថ្ងៃនេះអារីតា ឆ្លៀតខិតខំប្រឹងប្រែងហ្វឹកហាត់រៀនច្រៀង និងសម្តែងបន្តទៀត ដើម្បីឱ្យជំនាញសិល្បៈរបស់នាងកាន់តែល្អប្រសើរឡើង។ |
Posted: 28 Feb 2011 05:57 PM PST រាជធានីភ្នំពេញ ៖ មេខ្លោងជួញដូរ ចែកចាយគ្រឿងញៀនធំមួយឈ្មោះហុង អេនឌី និងបក្សពួក២នាក់ទៀតត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានតំណាងព្រះរាជអាជ្ញារាជធានី ដឹកនាំដោយលោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានី ព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៨ កុម្ភៈ ២០១១ នៅផ្ទះដីឡូត៍គ្មានលេខមួយកន្លែង ក្រុមទី៤ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ប្រមូលបានសារធាតុផ្សំផលិតគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ជាច្រើន ហើយនៅព្រឹកនេះទៀត គឺថ្ងៃទី១ មីនា សមត្ថកិច្ចកំពុងបន្តការឆែកនៅផ្ទះខាងលើដដែល ។ ជនឈ្មោះហុង អេនឌី នេះជាមុខសញ្ញាចាស់ ត្រូវបានសមត្ថកិច្ចតាមដានជាយូរមកហើយ និងធ្លាប់ចាប់ខ្លួនពីបទជួញដូរ ចែកចាយគ្រឿងញៀននេះម្តងផងដែរ កាលពីជាង១ឆ្នាំមុន ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែគេរួចចេញពីគុកគ្រលើម រហូតដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់បានម្តងទៀត ទើបដឹងថា ជាមុខដដែលៗនិងស្គាល់ឈ្មោះថា ហុង អេនឌី ។ ចាប់ខ្លួនលើកនេះគឺមានបក្សពួក២នាក់ទៀត ប៉ុន្តែមិនទាន់ត្រូវបានប៉ូលិសឱ្យដឹងពីអត្តសញ្ញាណនៅឡើយទេ រង់ចាំឆែកឆេរ និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកគេជាបន្តទៀតសិន ។ លោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបជនជួញដូរគ្រឿងញៀនយប់មិញនេះ (ម៉ោងជាង១១យប់ថ្ងៃទី២៨ កុម្ភៈ) គឺសមត្ថកិច្ចរឹបអូសបានសារធាតុផ្សំផលិតគ្រឿងញៀនយ៉ាងច្រើនផងដែរ រួមមាន ១-ឃ្យូដូប៉េឌ្រីន៩ថង់ ស្មើនឹង៦គីឡូក្រាម ២-ហ៊ីដ្រូក្លរីដ៥០កេស ស្មើនឹង១.០២៥ដបតូច ៣-សូឌីយ៉ូម៥កេស ស្មើនឹង៦២ដប ៤-ស៊ុលគ្ល័រ១៣១កេស ស្មើនឹង១.៣១៦ដប ៥-កាំភ្លើងខ្លីម៉ាកប្រាហា១ដើម...ក្រៅពីសារធាតុផ្សំទាំងនេះ នៅមានឧបករណ៍ផលិត និងប្រើប្រាស់ជាច្រើនទៀតត្រូវយកទៅរក្សាទុកដើម្បីធ្វើជាភស្តុតាង...ចំណែកមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនរបស់ជនសង្គមងងឹតត្រូវបានរឹបអូសផង ដែរ មានរថយន្តប្រភេទទួរីស១២កៅអី ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង មែរសឺដេសពណ៌ស ស៊េរីទំនើប១គ្រឿង ។ ខណៈពេលនេះសមត្ថកិច្ចចម្រុះកំពុងឆែកឆេរផ្ទះលួចលាក់ផលិតគ្រឿងញៀន នៅទីតាំងខាងលើជាបន្តទៀតហើយ ដោយមានលោកកួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកហ៊ី ណារិន អធិការខណ្ឌមានជ័យ ចូលរួមត្រួតពិនិត្យផងដែរ ។ ព្រោះយប់មិញនេះសមត្ថកិច្ចពិបាកពិនិត្យមើលសម្ភារ...។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព . |
Posted: 28 Feb 2011 05:37 PM PST រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងស្តីពីល្បិចឆបោកទាក់ទងនឹងឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក ត្រូវបានស្ថានទូតប្រកាសជាសាធារណៈនៅថ្ងៃទី២៨ កុម្ភៈ ដោយសរសេរថា ផ្នែកកុងស៊ុលរបស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមបញ្ជាក់ពីក្តីកង្វល់ស្តីពីអ៊ីម៉ែល ដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានទទួលក្នុងពេល ថ្មីៗនេះ ហើយដែលអ៊ីម៉ែលនោះ អះអាងថា ត្រូវបានផ្ញើក្នុងនាមក្រសួងការបរទេស ឬការិយាល័យកិច្ចការកុងស៊ុលរបស់សហរដ្ឋអាមេរិក ។ អ្នកទទួលបានសារអ៊ីម៉ែលហើយដែលក្នុងសារអ៊ីម៉ែលនោះ បាននិយាយពីឆ្នោតផ្សងសំណាង ឬការសន្យាផ្តល់សិទ្ធិរស់នៅស្របច្បាប់(Green Card) គួរយល់ថា សារទាំងនោះគឺជាសារមិនត្រឹមត្រូវនិងក្លែងបន្លំ ។ ប្រជាពលរដ្ឋកម្ពុជាដែលបានទទួលអ៊ីម៉ែលបែបនេះ គួរផ្ញើអ៊ីម៉ែលនោះបន្តទៅផ្នែកទិដ្ឋាការអន្តោប្រវេសន៍ របស់ស្ថានកុងស៊ុលនៃស្ថានទូតអាមេរិក តាមអាសយដ្ឋាន IVPhnomPenh@ state.gov ។ ស្ថានកុងស៊ុលសូមធ្វើការបញ្ជាក់លើចំណុចចំនួន២ដូចខាងក្រោមនេះ ៖ ១-សេចក្តីជូនដំណឹងទាក់ទងនឹងឆ្នោតផ្សងសំណាងមិនត្រូវបានផ្ញើតាមអ៊ីម៉ែលទេ ។ អ៊ីម៉ែលដែលប្រាប់ថា លោកអ្នកបានជាប់ឆ្នោត ឬបានទទួលសិទ្ធិស្នាក់នៅស្របច្បាប់ (Green Card) ក្នុងសហរដ្ឋអាមេរិកគឺមិនត្រឹមត្រូវទេ ។ អ្នកដាក់ពាក្យចូលរួមលេងឆ្នោតផ្សងសំណាង អាចឆែកមើលលទ្ធផលនៃការលេងឆ្នោតផ្សងសំណាងរបស់គេ ដោយចូលមើលគេហទំព័ររបស់យើងដែលមានអាសយដ្ឋាន http://www.dvlottery.state. gov/ សម្រាប់ឆ្នោតផ្សងសំណាងឆ្នាំ២០១២ ក្រោយថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ ។ គ្មានអង្គការឬក្រុមហ៊ុនណាមួយត្រូវបានគេអនុញ្ញាតឱ្យជូនដំណឹងដល់អ្នកចូលរួមលេងឆ្នោតពីការឈ្នះឆ្នោត ឬជំហានបន្ទាប់ក្នុងដំណើរការដាក់ពាក្យសុំទិដ្ឋាការរបស់គេនោះទេ។ ២-មានតែគេហទំព័រដែលនៅខាងចុងអក្សរ «.gov» ទេ ដែលជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ បើលោក-អ្នក ទទួលអ៊ីម៉ែលមានអាសយដ្ឋានៅខាងចុងសរសេរថា «.com» «.net» «.org» ឬអ្វីផ្សេងទៀតក្រៅពី «.gov» សូមចាំថា វាមិនមែនជាអ៊ីម៉ែលត្រឹមត្រូវពីស្ថានទូតឬក្រសួងការបរទេសសហរដ្ឋអាមេរិកនោះឡើយ ។ គេហទំព័រខ្លះបានព្យាយាមបោកបញ្ឆោតសាធារណជនឱ្យគិតថា គេមានការឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយពួកគេបានបញ្ជូលទង់ជាតិសហរដ្ឋអាមេរិក ឬរូបថតនៃអគាររដ្ឋាភិបាលសហរដ្ឋអាមេរិកជាដើម ។ គេហទំព័រទាំងនោះ មិនមែនជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ។ គេហទំព័រក្លែងបន្លំទាំងនេះ អាចតម្រូវឱ្យលោកអ្នកបង់ប្រាក់សម្រាប់សេវា ដែលតាមពិត គេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក http://www.state.gov/ និង travel. state.gov មិនមែនតម្រូវឱ្យមានការបង់លុយនោះទេ ។ ព័ត៌មានបន្ថែម សូមបើកមើល គេហទំព័ររបស់ស្ថានទូតអាមេរិកតាមរយៈ អាសយដ្ឋាន ៖ http://cambodia.usem bassy.gov/ |
ការសារភាពថាបានធ្វើអំពើបាប Posted: 28 Feb 2011 05:28 PM PST ទស្សនៈអាឡេវ៖ ការរៀបឧបាយកលរបស់អ្នកនយោបាយថៃ តាមរយៈភាពសាំញុំានៃនីតិវិធីផ្ទៃក្នុងដែលមិនចាំបាច់របស់សភា និងច្បាប់ថៃពាក់ព័ន្ធទៅនឹងកិច្ច ព្រមព្រៀង៣លើកំណត់ហេតុដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ កាលពីខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងខេត្តសៀមរាប ខែកុម្ភៈ ឆ្នាំ២០០៩ ក្នុងក្រុងបាងកក និងក្នុងខែ មេសា ឆ្នាំ២០០៩ ក្នុងក្រុងភ្នំពេញបានបង្ហាញយ៉ាងច្បាស់នូវការសារភាពថា បានធ្វើអំពើបាប ដោយសមាជិកសភាបក្សប្រជាធិបតេយ្យ Attawich Suwanphandi ដែលជាអ្នកនាំពាក្យ សភា ដោយបាននិយាយថា «គណៈកម្មការមិនទាន់សម្រេចថា តើគួរផ្តល់សេចក្តីយល់ព្រមលើកំណត់ហេតុរបស់គណៈកម្មការព្រំដែនចម្រុះ ឬ យ៉ាងណា ប៉ុន្តែគណៈកម្មការនឹងដាក់ជូននូវអនុ សាសន៍របស់ខ្លួនទាក់ទងនឹងបញ្ហាទាំងអស់នេះទៅ ឱ្យសភាសម្រាប់ធ្វើការពិចារណា» ។ នេះបើ យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រសារព័ត៌មានបាងកកប៉ុស្តិ៍ ចុះថ្ងៃទី២៥ កុម្ភៈ ២០១១ ក្រោមចំណងជើងថា «អ្នកសង្កេតការណ៍អាស៊ានកំពុងរង់ចាំបទបញ្ជារបស់ពួកគេ»។ តើឧបាយ កលនេះនឹងស៊ីពេលយូរប៉ុនណាទៀត ចំលើយ គឺមានតែពួកប្រេតនរកទេដែលដឹង។ តើថៃនឹងគោរពតាមបំណងប្រាថ្នារបស់សហរដ្ឋអាមេរិកដែរឬទេ? ដោយសារតែក្នុងអត្ថបទដដែលរបស់គេហទំព័របាងកកប៉ុស្តិ៍បានសរសេរ ថា «អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក PJCrowley បានថ្លែងកាល ពីថ្ងៃពុធថា សហរដ្ឋអាមេរិកគាំទ្រដល់ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីឱ្យ កម្ពុជា និងថៃបន្តការចរចាទ្វេភាគី តាមពេល វេលាសមស្រប»។យើងមិនបាច់ធ្វើអត្ថាធិប្បាយ លើបញ្ហានេះទេ។ អាស៊ាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត និងសហរដ្ឋអាមេរិក ដោយឡែកអាចនឹងធ្វើការ កត់សម្គាល់អំពីឯណាទៅហេតុការណ៍ពិតនៅ នឹងកន្លែង អ្វីទៅជាតថភាពជាក់ស្តែង និង ឯណាទៅជាការជាប់ពាក់ព័ន្ធទៅនឹងការអនុវត្ត ច្បាប់អន្តរជាតិ ៕ |
«ត្រីងៀតឆ្លៀតពង» យករថយន្តយោធាGMC លួចដឹកឈើគ្រញូងជិត៥ម៉ែត្រគូប Posted: 28 Feb 2011 05:17 PM PST ខេត្តសៀមរាប ៖ បុរសម្នាក់ជាអ្នកបើកបររថយន្ដGMC ដែលគេស្គាល់ថា ជាប្រភេទរថយន្ដរបស់អង្គភាពកងយោធពលខេមរភូមិន្ទ ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដឹកនាំដោយលោកទា គឹមសុទ្ធ ឃាត់ខ្លួនបញ្ជូនទៅតុលាការដោយជាប់ពាក់ពន្ធ័ជាមួយបទល្មើសរត់ពន្ធឈើគ្រញូង ។ ការចាប់ខ្លួនបុរសរូបនោះ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ កុម្ភៈ នៅលើដងផ្លូវជាតិលេខ៦៧ ក្នុងភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខណៈពេលដែលបុរសរូបនោះយករថយន្ដរបស់អង្គភាពយោធាទៅដឹកជញ្ជូនឈើ«គ្រញូង» ប្រមាណជិត៥ម៉ែត្រគូបចេញពីស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យឆ្ពោះទៅកាន់ក្រុងសៀមរាប ។ មន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នារក្រៅមួយរូបដែលចូលរួមក្នុងប្រតិបត្ដិការបង្ក្រាបរថយន្ដយោធាដឹកឈើគ្រញូងនោះថ្លែងថា បុរសជាប់ចោទនោះឈ្មោះអ៊ឹម វុត្ថា អាយុ៣១ឆ្នាំ រស់នៅខេត្ដសៀមរាប ជាអ្នកបើករថយន្ដ GMC ពណ៌ត្រេអ៊ី គ្មានស្លាកលេខ ជាប្រភេទរថយន្តយោធា ។ ចំណែកវត្ថុតាងប្រព្រឹត្តបទល្មើសដែលត្រូវរឹបអូសនៅក្នុងហេតុការណ៍នោះជាប្រភេទឈើគ្រញូងមានចំនួន៤.៨០០ម៉ែត្រគូប សុទ្ធតែមានមុខកាត់ត្រូវប៉ាន់មានតំលៃរាប់ម៉ឺនដុល្លារក្នុងមួយម៉ែត្រគូប។ មន្ដ្រីរដ្ឋបាលព្រៃឈើដដែលបន្ដថា ឈើគ្រញូងទាំងនោះ ត្រូវឈ្មួញមានខ្នងបង្អែកជាទាហានដឹកចេញពីស្រុកអន្លង់វែងខេត្ដឧត្ដរមានជ័យតាមផ្លូវជាតិលេខ៦៧ ក្នុងបំណងយកទៅលាក់ទុកនៅក្នុងក្រុងសៀមរាបរង់ចាំឱកាសល្អបន្ដដឹកចេញតាមរថយន្ដទំនើបៗ ឆ្ពោះទៅកាន់ទីផ្សារខេត្ដកំពង់ចាមជាប់ព្រំដែនយួន ។ ទោះបីជាបែបណា ពុំមានមន្ដ្រីណាម្នាក់ហ៊ានទំលាយឱ្យដឹងពីឈ្មោះអង្គភាពយោធាដែលហ៊ានយករថយន្ដរបស់អង្គភាពរដ្ឋទៅប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើគ្រញូងដែលប្រមុខរដ្ឋាភិបាលដាក់បទបញ្ជាឱ្យបង្ក្រាបនោះ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ជនល្មើសមេក្រុម និងមនុស្សដែលពាក់ពន្ធ័នឹងការធ្វើអាជីវកម្មកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់និងស្ដុកលាក់ឈើប្រណីតត្រូវតែដាក់ទោសដោយមិនលើកលែង ។ សកម្មភាពដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ពីខេត្ដមួយចំនួននៅភាគឧត្ដរប្រទេសរួមមានខេត្ដឧត្ដរមានជ័យ និងខេត្ដព្រះវិហារជាប់ព្រំដែនប្រទេសសៀមទៅកាន់ខេត្ដជាប់ព្រំប្រទល់ដែនប្រទេសយួនត្រូវបានគេមើលឃើញថា បានកើតឡើងយ៉ាងផុសផុលតាំងពីពាក់កណ្ដាលឆ្នាំ២០០៨រហូតមក និងមានកម្មករខ្មែរជាច្រើននាក់បានផ្សងព្រេងទៅតំបន់ព្រំដែនសៀមដើម្បីលក់ពលកម្មជញ្ជូនឈើគ្រញូងឱ្យក្រុមឈ្មួញឈើមានអំណាចរហូតទទួលរងគ្រោះថ្នាក់ដល់ជីវិតជាបន្ដបន្ទាប់ដោយការបាញ់ប្រល័យយ៉ាងឃោរឃៅពីសំណាក់ទាហានសៀមដ៏អមនុស្សធម៌។ ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដសៀមរាប លោកទី សុវិនថាល់ បានមានប្រសាសន៍ទាក់ទិននឹងករណីបង្ក្រាបទៅលើរថយន្ដយោធាដឹកឈើគ្រញូងនោះថា លោកកំពុងតែបង្គាប់ឱ្យខាងរដ្ឋបាលព្រៃឈើបញ្ជូនទាំងមនុស្សទាំងសំណុំរឿងឱ្យបានឆាប់ទៅតុលាការ ។ សកម្មភាពបែបនេះគឺជាទង្វើរបស់ត្រីងៀតឆ្លៀតពង ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |