Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ដឹក​កង​ទាហាន​បុកគ្នា និង​ក្រឡាប់​ស្លាប់​៣នាក់ និង៣៨​នាក់ទៀត​​រង​របួស​ធ្ងន់ និង​ស្រាល នៅ​​ឧត្តរ​ប្រទេស

Posted: 27 Feb 2011 11:21 PM PST

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ទាហាន​កម្ពុជា​​៣នាក់ បានស្លាប់​បាត់បង់ជីវិត និង​​​៣៨​នាក់​ទៀត​រ​ង​របួស​ធ្ងន់ និងស្រាលដេក​ដួល​រដូក​រណែល ខ្លះលើ​ផ្លូវ​​ ខ្លះ​លើ​ចិញ្ចើម​ផ្លូវ ខណៈ​រថ​យន្ត​​​ដឹកជញ្ជូន​ក្រឡាប់​​​ចាក់​​មនុស្ស​​ចោល​កាល​ពីវេលាម៉ោង​៩​និង​​៣០​នាទី​យប់​ថ្ងៃទី​២៧ កុម្ភៈ ២០១១ លើ​កំណាត់ផ្លូវ​​ជាតិ​លេខ​​៦៩B ស្ថិត​ក្នុង​​ភូមិ​​ពាមក្នុង ​ឃុំ​អូរ​ស្វាយ ​ស្រុក​ត្រពាំង​​ប្រាសាទ បង្ក​ឱ្យ​មាន​ការ​តក់ស្លុត ​ហើយ​ភ្លាមៗ​នោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​​ពាក់ព័ន្ធ និង​អាជ្ញាធរ​​​ខេត្ត​ចុះ​ទៅជួយធ្វើ​អន្តរា​គមន៍​​ចាត់ចែង​​ស្ទូច​លើក​រថយន្ត​​បញ្ឈរ​ឡើង​​វិញ ​និង​បញ្ជូន​​អ្នក​របួស​​ទៅព្យា​បាល​នៅមន្ទីរពេទ្យ ។​

តាម​​ប្រភពព័ត៌​មាន​​ពី​កន្លែង​​​​កើត​ហេតុ​បាន​ឱ្យ​​​ដឹង​ថា រថយន្ត​ដឹក​កង​ទាហាន​នេះ​ម៉ាក GMC ផ្ទុក​​មនុស្ស (ទាហាន) ជាង​៤០​នាក់ ធ្វើ​ដំណើរ​​ចេញ​​​ពី​តំបន់​ភ្នំស្រួច​​ ក្រុង​សំរោង ​ឆ្ពោះ​ទៅ​កាន់​បន្ទាយ​​ទាហាន​​មួយកន្លែង​​ក្នុង​ស្រុក​​ត្រពាំង​​ប្រា​សាទ​ តែ​​អកុសល​ទៅដល់​​​ចំណុច​កើតហេតុ​​បាន​​ជួប​រថយន្ត​​មួយគ្រឿង​ទៀត​មកពី​​មុខ​បើក​ភ្លើង​ហ្វា​​ភ្លឺ​​ចាំង​ភ្នែក ​ធ្វើ​ឱ្យ​​​រថយន្ត​​ខាងកង​ទាហាន ពិបាក​​មើល​ផ្លូវ​​ក៏​កាច់​ចង្កូត​គេច រួចហើយ​​បណ្តាល​​ឱ្យធ្លាក់​ផ្លូវ​​ទៅ​ខាង​ឆ្វេង​ដៃ​តែម្តង ៕​

ស្ទាក់ចាប់​បុរស​ជួញដូរ​ថ្នាំញៀន​​ប្រហែល​​៣ម៉ឺន​​គ្រាប់​ចេញ​​ពីប្រទេស​ឡាវចូលខេត្ត​​ស្ទឹង​ត្រែង

Posted: 27 Feb 2011 10:45 PM PST

បុរស២នាក់ដែលជាប់ចោទជួញដូរថ្នាំញៀន

ខេត្តស្ទឹងត្រែង​ ៖ ​បុរស​​២នាក់​​លាក់​ទុក​ថ្នាំញៀន​​ និងជាប់​សង្ស័យ​​ជួញដូរឆ្លងដែន​​យ៉ាង​សកម្ម​​ និង​​ជា​ឈ្មួញ​​ធំផង​នោះត្រូវ​សមត្ថ​កិច្ច​​​ចម្រុះ​​តាមប្រមាញ់​​ស្ទាក់​ចាប់​នៅ​តាមផ្លូវកាល​ពី​វេលាម៉ោង​​១១​និង​​​៣០នាទី​​ថ្ងៃត្រង់​ទី​២៨ កុម្ភៈ ២០១១ ស្ថិត​ក្នុង​​ភូមិ​​​សអាង ឃុំ​សំអាង ស្រុក​ថាឡា​បរិវ៉ាត់ ​ខណៈ​​​ពួកគេ​​ធ្វើដំណើរ​​​ចេញ​ពី​ភូមិ​​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ​ស្រុកថាឡាបរិវ៉ាត់ ។​
ជនជាប់សង្ស័យ​​ជួញដូរ​ថ្នាំញៀន​ដ៏ធំ​​នេះ ១-ឈ្មោះ​​សុវណ្ណា សាវ៉ាត ​អាយុ​​​៤៥​ឆ្នាំ ​២-​ឈ្មោះ​​ប៊ុន រស្មី អាយុ​​១៧​ឆ្នាំ​...​អ្នកទាំង​នេះ​​បាន​ជិះ​​ម៉ូតូ​ម៉ាកឌ្រីម C125 ស៊េរី​​២០០៧ ពណ៌​ខ្មៅ ​ចូលទៅ​​កាន់ក្រុម​​​ស្ទឹង​ត្រែង​ ក្នុង​បំណង​​យកថ្នាំ​ញៀន​ទៅ​​បោះ​ឱ្យ​​ម៉ូយ ប៉ុន្តែ​មិន​ទាន់​​ដល់​គោល​ដៅ​​​ផង​ក៏ត្រូវ​​ប៉ូលិស​-­​ប៉េអឹម​​ និងទាហាន​​របស់​ខេត្ត​ស្ទឹងត្រែង​​ស្ទាក់ឃាត់ខ្លួន​តាម​ផ្លូវ​​ និងបញ្ជូន​​ទៅ​កាន់ស្នងការដ្ឋាន​​ខេត្ត ដើម្បី​​សាកសួរ​ និង​​កសាង​សំណុំរឿង ។​
សមត្ថ​កិច្ច​​​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​​​៥​កញ្ចប់​​ធំជា​ប្រភេទ​​​មេ​តំហ្វេ​តាមីន ស្មើប្រហាក់​ប្រហែល​​​៣ម៉ឺន​​​គ្រាប់ (ព័ត៌​មាន​​ជំហាន​ដំបូង) ឥឡូវ​​កំពុង​​តែចាត់​​ការ​តាមច្បាប់​...។ ជនទាំង​​២​​នេះ​ជា​មុខ​​សញ្ញា​​ចាស់ ដែល​សមត្ថកិច្ច​​តាម​ដាន​​ជា​យូរមកហើយ ​​គឺពួក​គេ​តែង​តែ​ចេញ​-​ចូល​ទិញ គ្រឿង​​ញៀន​ពីប្រទេស​​ឡាវ​យកមក​លក់​ចែក​ចាយ​​​​ក្នុងខេត្ត​​ស្ទឹង​ត្រែង​​ប្រទេស​កម្ពុជា​...​ជាក់​ស្តែង​​លើក​នេះ​គឺពួក​គេ​នាំយក​​ថ្នាំញៀន​ប្រហែល​​​៣ម៉ឺន​​គ្រាប់នេះ ​មកពីប្រទេស​​​ឡាវ​តែម្តង ៕

មួយថ្ងៃ​ផ្ទុះមីន​​ចំនួន​២លើក ​របួស​ធ្ងន់​​មនុស្ស​​​២នាក់​​នៅស្រុក​​សំឡូង និង​​ស្រុក​ភ្នំ​​ព្រឹក

Posted: 27 Feb 2011 10:44 PM PST

ខេត្តបាត់ដំបង​ ៖ ​យោងតាម​របាយការណ៍​​របស់ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្តបាត់ដំបង​បាន​និយាយ​​​ឱ្យ​ដឹង​ថា មានការ​​ផ្ទុះគ្រាប់​មីន​២លើក ​ផ្ទួនៗ​​គ្នា កាលពី​ថ្ងៃទី​២៧ កុម្ភៈ ២០១១ ​កើត​ឡើង​​​នៅស្រុក​សំឡូត ​និង​ស្រុក​ភ្នំព្រឹក ​​​​បណ្តាល​​ឱ្យ​មនុស្ស​​​២នាក់​រង​របួស​​ធ្ងន់ និង​ត្រាក់ទ័រ​មួយគ្រឿង​​ត្រូវ​​ខូច​ខាត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ភ័យ​តក់ស្លុត​​យ៉ាង​ខ្លាំង​។
ការ​ផ្ទុះលើកទី​១​នៅ​ឯ​ស្រុក​សំឡូត​​ សមត្ថ​កិច្ច​​​រាយការណ៍​​ថា បានកើតឡើង​​កាលពីវេលា​ម៉ោង​​​៩​និង​​៣០នាទីព្រឹកថ្ងៃទី​​​២៧ កុម្ភៈ ​នៅ​ចំណុច​ផ្លូវ​​​​​ចូលទៅ​ដី​ចំការ​មួយ​កន្លែង​​ស្ថិត​ក្នុង​​ភូមិ​​​​ស៊ុង​២ ​ឃុំស៊ុង ​ដោយសារ​តែ​​ក្មេងស្រី អាយុ​​១៤​ឆ្នាំម្នាក់​ឈ្មោះ​​សន ស្រី​ហ៊ាង ​ដើរ​ជាន់ក្នុង​គ្រា​ដែល​នាង​ដើរ​ទៅ​ចំការ​របស់នាង​នៅ​តំបន់​​នោះ​​​ ។ មន្ត្រី​​នគរបាល​​មូលដ្ឋាន​បាននិយាយ​ថា ​គ្រាប់​មីន​ដែលក្មេង​ស្រី​​រងគ្រោះ​​​ដើរជាន់​ជា​ប្រភេទ​​​មីន​ស្គរ​ កប់ក្នុង​ដី​​​សេស​សល់​​​ពីសម័យសង្គ្រាម​​ក្នុង​​​​ទសវត្ស​​​ឆ្នាំ​៨០ ។ ​នាង​របួស​ដាច់ជើង​​​ខាង​ស្តាំ ហើយ​ត្រូវ​​បានក្រុមគ្រួសារ​​​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​​មន្ទី​រ​ពេទ្យ​​​​អង្គការ​​ EMERGENCY ​​​ខេត្តបាត់​ដំបង ដើម្បី​​​ព្យាបាល​។
ដោយឡែកនៅ​ឯស្រុក​ភ្នំ​ព្រឹក​​​ភាគខាង​លិច​​នៃ​ខេត្តបាត់ដំបងវិញ​ ​ករណី​​​ផ្ទុះគ្រាប់​​មីន​លើកទី​២​បានកើតឡើង​ បន្ទាប់ពី​កា​រផ្ទុះ​​នៅស្រុក​សំឡូត​​ក្នុងថ្ងៃ​ដដែល​​​នាវេលា​ម៉ោង​​​​៦​ល្ងាច ​នៅ​ចំណុច​​ចំការ​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​​​ក្រួ​សក្រហម ឃុំ​អូរ​​រំដួល ខណៈ​បុរស​ម្នាក់​បើក​ត្រាក់ទ័រ​​ភ្ជួរ​រាស់​​ដី​​ចំការ ហើយ​​កិន​ចំមីន ដែលសេសសល់​​ពីសម័យ​​សង្គ្រាម ។ ការ​ផ្ទុះនេះ​បណ្តាល​ឱ្យ​ខូច​​ខាត​ត្រាក់​ទ័រ​​មួយគ្រឿង​​ និង​បុរស​​​អ្នកបើក​បរ​​ឈ្មោះ​​ណន រ៉ុម អាយុ​​​​២៤ឆ្នាំ រង​របួសធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ៕

បុរស​មួយក្រុម​​សម្ងំ​ផឹកស៊ី​ប្រើប្រាស់​ថ្នាំ​ញៀន​​បង្កភាពអនាធិបតេយ្យ​ត្រូវប៉ូលិស​វេច​ខ្ចប់

Posted: 27 Feb 2011 10:44 PM PST

រាជធានីភ្នំពេញ ៖ ​បុរស​ជាប់សង្ស័យ​​ចែក​ចាយ និង​ប្រើប្រាស់ថ្នាំញៀន​៦​នាក់ត្រូវ​បាន​ប៉ូលិស​​ខណ្ឌ​សែនសុខ​ឆ្មក់​ចូល​បង្ក្រាប​​ឃាត់ខ្លួន ខណៈ​ពួកគេ​​កំពុងជួបជុំ​គ្នា​​ផឹកស៊ី​​ និង​ប្រើ​​​ប្រាស់​ថ្នាំញៀន​​​ជាក់ស្តែង​នៅ​ឯ​ផ្ទះមួយ​ស្ថិត​ក្នុងភូមិ​ត្រពាំងឈូក ​សង្កាត់​​ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង​​១១​​យប់ថ្ងៃទី​​​២៧ កុម្ភៈ ​២០១១ ។ ​ការ​ឆ្មក់​ចូល​បង្ក្រាប​​របស់​ប៉ូលិស​​នៃអធិការដ្ឋាន​​ខណ្ឌ​សែន​សុខ​​​ទៅលើ​អ្នក​ប្រើ​ប្រាស់​​​​គ្រឿងញៀន​​ក៏ដូច​ជា​​អ្នកចែកចាយ​​នេះ ដឹក​នាំ​ដោយ​​លោកជាវ​ វិបុល ​អធិការ​រង​​ទទួល​បន្ទុក​​កិច្ច​ការ​ព្រហ្មទណ្ឌ​​​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថ​កិច្ច​​របស់​​លោក​បាន​ឃ្លាំមើល​​​ទៅលើ​​ទីតាំង​​​នោះ​អស់រយៈ​ពេលច្រើន​​​ថ្ងៃ​រួចមក​ហើយ។
ការ​ឃាត់ខ្លួន​អ្នក​​ប្រើប្រាស់​​​​​គ្រឿង​ញៀន​ទាំង​៦​នាក់​​នេះ​គឺ​​ធ្វើឡើង​ ខណៈ​​ពួកគេ​​កំពុងអង្គុយ​​ផឹកស្រានៅ​ក្នុង​ផ្ទះ​​ស្ថិត​​ក្នុង​ភូមិ​​-ឃុំ​​ខាងលើ ​ហើយ​​សមត្ថ​កិច្ច​​រក​ឃើញ​​ឧបករណ៍​ប្រើប្រាស់​​គ្រឿងញៀន​​មួយ​​ចំនួន​​​​ដូចជា ដប​ទឹកបរិសុទ្ធ និងទុយោ​សម្រាប់​​ជក់​​គ្រឿងញៀន​​ ។ បុរស​​ប្រើ​ប្រាស់​គ្រឿងញៀន​​​ទាំង​​៦​នាក់​នេះ​មាន​​១-​ឈ្មោះ​រស់ ចាន់សុភា ​អាយុ​​២៨​ឆ្នាំ ២-​ឈ្មោះ​​ជា ចាន់​ដា​រ៉ាត ​អាយុ​១៨​ឆ្នាំ ​៣-​ឈ្មោះ​​ម៉ុល ​សំណាង អាយុ​​២៦​ឆ្នាំ ៤-​ឈ្មោះ​​សួរ ប្រុស អាយុ​១៩​ឆ្នាំ ​៥-​ឈ្មោះ​​​ឱម ប៊ុន​​វេង ​អាយុ​​២៤​ឆ្នាំ និង​​៦-​ឈ្មោះ​​សំរិត ​ចាន់​ថា អាយុ​​​២៨​ឆ្នាំ ​ត្រូវ​បាន​សមត្ថកិច្ច​​​ប្រមូល​​ទៅកាន់​អធិការដ្ឋាន​​ខណ្ឌ​ដើម្បី​​សាកសួរ​​ និងកសាង​សំណុំ​រឿង​​បញ្ជូនទៅ​​កាន់​តុលាការ​​ចាត់ការ​តាមច្បាប់៕

លោក​កា​ដា​ហ្វី​អះ​អាង​ថា ប្រទេស​របស់លោក​ស្ងប់​ស្ងាត់ តែ​ពួក​ប្រឆាំង​ប្រកាស​រៀប​ចំ​រំដោះ​ក្រុង​ទ្រី​ប៉ូ​លី

Posted: 27 Feb 2011 08:16 PM PST

លោក​កា​ដា​ហ្វី​អះ​អាង​ថា

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​តាម​ទូរ​ស័ព្ទ​​ផ្តល់​ឱ្យ​ទូរ​ទស្សន៍​ស៊ែប៊ី PINK TV លោក​កា​ដា​ហ្វី​អះ​អាង​ថា ប្រទេស​របស់​លោក​មាន​ភាព​ស្ងប់​ស្ងាត់​ទាំង​ស្រុង​។ លោក​ចោទ​ប្រកាន់​ពួក​អាល់​កៃ​ដាថា ជា​ប្រភព​នៃ​ពួក​​បន​ភេរវកម្ម​ដែល​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ច្រើន​នាក់។ លោក​មាន​ប្រសាសន៍​ថា នា​ពេល​នេះ​ពុំ​មាន​ឧប្បតិ្ត​ហេតុ​នានា​ឡើយ ហើយ​លី​ប៊ី​មាន​ភាព​ស្ងប់​ស្ងាត់​ទាំង​ស្រុង​។ គ្មាន​អ្វី​ខុស​ពី​ធម្មតា​ឡើយ និង​​ពុំ​មាន​ចលា​ចល​​ទៀត​ទេ។ មនុស្ស​ទាំង​ឡាយ​ត្រូវ​សម្លាប់​ ដោយ​ពួក​បន​ភេរ​វកម្ម​ដែល​ពិត​ណាស់​​ស្ថិត​ក្នុង​ក្រុម​អាល់​កៃ​ដា​។

មេដឹក​នាំ​លី​ប៊ី​រូប​នេះ​ថ្លែង​ទៀត​ថា ក្រុមប្រឆាំង​តូច​មួយ​បច្ចុប្បន្ន​កំពុង​ត្រូវ​ឡោម​ព័ទ្ធ​។ យើង​នឹង​ដោះ​ស្រាយ​រឿង​នេះ​។ លោក​អះ​អាង​ថា ប្រជា​ជន​លី​ប៊ី​ស្ថិត​នៅ ពី​ក្រោយ​លោក​ទាំង​ស្រុង​។ លោក​បន្ត​ថា ដំណោះ​ស្រាយ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ដែល​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​ក្រុង​ទ្រី​ប៉ូលី​ពុំ​មាន​តម្លៃ​ឡើយ​។ នៅ​ទី​ក្រុង​ណា​លូត​ចម្ងាយ​៦០​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​​ជាមួយ​ទុយ​នី​ស៊ីសមា​ជិក​ម្នាក់​នៃ​គណៈ​កម្មា​ធិការ​បដិ​វត្តន៍​ទី​ក្រុង​នេះ​អះ​អាង​ថា ទី​ក្រុង​ជា​ច្រើន​នៅ​ភាគ​ខាង​លិច​លី​ប៊ី​ធ្លាក់​ក្នុង​ដៃពួក​បះ​បោរ​ចាប់​តាំង​ពី ច្រើន​ថ្ងៃ​មក​ហើយ រួចកំពុង​​រៀប​ចំ​ក្បួន​ដើម្បី​រំដោះ​ទី​ក្រុង​​ទ្រី​ប៉ូលី​។

ចំណែក​សហ​រដ្ឋ​អាមេរិកវិញ​​ប្រកាស​ត្រៀម​ផ្តល់​​រាល់​ជំនួយ​ដល់​ពួក​ប្រឆាំង​នឹង​របប​លោក​កា​ដា​ហ្វី​។ នេះជា​ការ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ​ របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេ​រិក​ លោក​ស្រី​ហ៊ីល​ឡា​រី គ្លីន​តុន​។ លោក​ស្រី​មាន​ប្រសាសន៍​ថា ដំបូង​យើង​ត្រូវ​​ឃើញ​​ការ​បញ្ចប់​រប​ប​លោក​កា​ដា​ហ្វី​ ហើយ​លែង​មាន​ថ្លុក​ឈាម​។ រី​ឯ​បណ្តា​មេ​ដឹក​នាំ​តវ៉ា​វិញ​បាន​បង្កើត​ក្រុម​ប្រឹក្សា​បណ្តោះ​អាសន្ន​ជាតិ​មួយ​ដែល​តំណាង​ឱ្យ​បណ្តា​ទី​ក្រុង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​បះ​បោរ​លី​ប៊ី​។ នេះ​ជា​ការ​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ពួក​ប្រឆាំង​ម្នាក់​លោក ABDELHAFEZ GHOQAក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ទី​ក្រុង​បេន​ហ្គា​ហ្សី​ ជា​ទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​មូល​ដ្ឋាន​ធំនៃ​ការ​បះ​បោរ ៕

គ្រាន់តែ​​រាំ​ជាន់ជើងគ្នា​​បន្តិច​បន្តួច​​ទាញកាំបិត​​បុ័ងតោ​​ដេញកាប់​រំខាន​​ការ​សប្បាយ

Posted: 27 Feb 2011 08:02 PM PST

ជនដៃដល់​​ឈ្មោះ​​រឿន រ៉េត​ អាយុ​​​២០​ឆ្នាំ ត្រូវឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់ដោយ​គ្រាន់​តែ​​រាំ​ជាន់ជើងគ្នា​​បន្តិច​បន្តួច​​​​ក្នុងពិធី​​ចាក់​ធុង​បាស់​រាំ​កំសាន្ត​​មួយ​ក៏​​​ទាញ​​កាំបិត​បុ័ង​តោ ​ដេញ​កាប់​​​យុវជន​​ម្នាក់ទៀត​​ បណ្តាល​ឱ្យ​​រយះក្បាល​​​ហូរ​ឈាម​​ស្រោច​ខ្លួន​ និង​​ដេរ​ច្រើន​ថ្នេរ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ ហើយ​បន្តិច​​​ក្រោយ​មក​ប៉ូលិស​​​បាន​​មក​​ដល់​ឃាត់ខ្លួន​​យុវជន​​​ដៃដល់​យក​ទៅសាកសួរ​​កាល​ពី​​វេលាម៉ោង​​​១០​និង​​១៥​នាទី​យប់ ថ្ងៃទី​​២៧ កុម្ភៈ ​​ក្នុងភូមិ​​​ភ្នំពេញថ្មី ​​សង្កាត់​​ភ្នំពេញថ្មី ខណ្ឌសែន​សុខ។

ជនដៃដល់​​ឈ្មោះ​​រឿន រ៉េត​ អាយុ​​​២០​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​​​​ភូមិ​​​ស្ពានក្រោម ស្រុក​​ស្ទោង ​​ខេត្តកំពង់ធំ ​ត្រូវបានប៉ូលិស​ប៉ុស្តិ៍​​ភ្នំពេញ​ថ្មី ​ឃាត់ខ្លួន ​ក្រោយពេល​​កាប់​យុវជន​​ម្នាក់​​​ទៀត បណ្តាល​ឱ្យ​​របួស​​​រយះក្បាល​​ធ្ងន់ធ្ងរ ។ ចំណែក​ជន​រងគ្រោះ​​ឈ្មោះផឿង សុផាត អាយុ​​​​១៩​ឆ្នាំ ​ជា​កម្មកររោងចក្រកាត់ដេរ ​ស្នាក់នៅ​​ក្រុម​ទី​​៤ ភូមិ​ភ្នំពេញថ្មី​​ សង្កាត់​​​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ​ត្រូវ​គេ​កាប់​​១​បុ័ងតោ​​ចំក្បាល​​ខាងក្រោយ ។ ឥឡូវ​កំពុង​សម្រាក​ព្យាបាល​​​នៅមន្ទីរពេទ្យ​​ព្រះ​កុសុមៈ ​ក្រោយពេល​​​​គ្រូពេទ្យ​​​ព្យាបាល និង​​ដេរ​រួចមក ។​

សូមបញ្ជាក់​ថា ​កាល​ពី​​​រាត្រីមុន​កើតហេតុ​បន្តិច ​នៅភូមិ​ភ្នំពេញថ្មី ​មានពិធី​​​ចាក់​ធុងបាស់រាំ​កំសាន្តលេង ​ដោយមាន​មនុស្ស​​ម្នា​​ជិតឆ្ងាយ​ជា​ច្រើន​មក​​មើល និង​​ចូល​រាំកំសាន្ត ​ប៉ុន្តែ​​​ខណៈ​កំពុង​​សប្បាយ​ ស្រាប់តែ​​​មាន​រាំ​ជាន់​ជើង​គ្នា​បន្តិច​​បន្តួច​ក៏​​ផ្អើល​កាប់​គ្នា​​​តែម្តង​ រំខាន​​គេ​ឯង​​លេង​សប្បាយ​​​អស់ ៕​

ប៉ូលិស​​​ប៉ុស្តិ៍​ទន្លេ​បាសាក់​​​ប្រមូល​​អ្នក​ប្រើប្រាស់​​​​ និងចែក​ចាយថ្នាំញៀន​​បាន​​២​នាក់ទៀត

Posted: 27 Feb 2011 07:57 PM PST

ស្ត្រី​២នាក់ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពីបទ​​ជាប់​ពាក់ព័ន្ធ​​​សង្ស័យ​​បាន​ប្រើប្រាស់​ និងចែកចាយ​​​ថ្នាំញៀន

រាជធានីភ្នំពេញ ៖ ស្ត្រី​២នាក់ត្រូវ​បាន​សមត្ថ​កិច្ច​​​នគរបាល​​ទន្លេ​បាសាក់​​​ ខណ្ឌ​ចំការ​មន ​ឃាត់ខ្លួន​កាលពីយប់ថ្ងៃទី​​​២៦ និង​​២៧ កុម្ភៈ ​២០១១ ​នៅ​លើ​វិថីព្រះ​សុធារស សង្កាត់ទន្លេ​បា​សាក់ ​ខណ្ឌ​ចំការមន ​ពីបទ​​ជាប់​ពាក់ព័ន្ធ​​​សង្ស័យ​​បាន​ប្រើប្រាស់​ និងចែកចាយ​​​ថ្នាំញៀន ។​ ស្ត្រី​​ទាំង​​២​​នាក់​នេះ ​ឈ្មោះ​​​តាំង សុ​ខពៅ អាយុ​​៣៣​ឆ្នាំ មុខរបរ​​​កោសជប់ ​និងម៉ាស្សា នៅ​ផ្ទះ​លេខ​​​​១១៨​​ ​វិថីព្រះ​សុធា​រស ​​សង្កាត់ទន្លេ​បាសាក់ ​​​​​និង​ម្នាក់ទៀត​​ឈ្មោះ​​អែម ​ពិសី អាយុ​​២១​ឆ្នាំ ​ស្នាក់​នៅ​​​ និង​មុខ​របរ​​ពុំ​ពិតប្រាកដ ។​

តាម​ប្រភពព័ត៌មាន​ពី​ក្រុម​​សមត្ថ​កិច្ច​​ដែល​ចាប់​ខ្លួន​​ស្ត្រីទាំង​​២នាក់ខាងលើ​បាន​ឱ្យ​​ដឹង​ថា ​ដំបូងឡើយ​ នៅយប់ថ្ងៃទី​​២៦ កុម្ភៈ សមត្ថ​កិច្ច​​​បានឃាត់ខ្លួន​ឈ្មោះ​អែម ​ពិសី ឆែកឆេរ​​ឃើញ​មាន​ថ្នាំ​​ញៀន​​ប្រភេទ​ម៉ាទឹកកក ចំនួន​​៤កញ្ចប់​​​នៅជាប់ខ្លួន ។​ ក្រោយពេល​​សមត្ថ​កិច្ច​​សាក​សួរ​​ឈ្មោះ​​អែម ពិសី ​​ឆ្លើយ​ថា ​​ទិញពីឈ្មោះ​​​តាំង​ សុខពៅ ​។ យោងតាម​ចម្លើយ​​​​សារភាពរបស់ឈ្មោះ​​អែម ពិសី ​​សមត្ថ​កិច្ច​​​ឈាន​ទៅចាប់ខ្លួន​​ឈ្មោះ​​តាំង សុខពៅ ​យកមក​​សាកសួរបន្ថែមទៀត ។​ បច្ចុប្បន្ន​​ជនសង្ស័យ​ទាំង​​២នាក់ត្រូវ​បាន​​សមត្ថ​កិច្ច​​កសាង​​សំណុំរឿង​​បញ្ជូន​ទៅតុលា​ការ​​​រួច​ហើយ​​ដើម្បី​ផ្តន្ទាទោស​​​តាមច្បាប់ ៕​

បេសក​ជន​ពិសេស UNESCO ជួប​ពិភាក្សា​​ជាមួយ​លោក​សុខ អាន ម៉ោងជាង​៨​ព្រឹក និង​​សម្តែង​ការ​គួរសម​​ជាមួយ​សម្តេច​តេជោ​ម៉ោង​១០ព្រឹកនេះ

Posted: 27 Feb 2011 07:45 PM PST

រាជធានីភ្នំពេញ ៖ មន្ត្រី​​អាជ្ញាធរ​​ជាតិប្រា​សាទ​ព្រះវិហារ​បានបញ្ជាក់​​​ឱ្យ​​ដឹង​ថា ក្នុង​​ការ​ប្រយុទ្ធគ្នា​​រវាង​កង​ទ័ព​​​កម្ពុជា​-​ថៃ ​កាលពីថ្ងៃទី​​៤ ដល់​ថ្ងៃទី​​៧ កុម្ភៈ កន្លងមក​​នេះ ប្រាសាទព្រះ​វិហារ​​បាន​ទទួលរង​នូវ​គ្រាប់កាំភ្លើង​​ធំរបស់​ទាហាន​​សៀម​ចំនួន​៤គ្រាប់ ហើយ​ថា​ប្រាសាទ​ព្រះវិហារ​​បាន​ខូចខាត​​ប្រមាណពី​៧០ទៅ​​៨០​ភាគ​រយ ។​

ថ្លែង​ប្រាប់​​ក្រុម​អ្នកកាសែត​​នៅព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ ក្នុង​ឱកាស​ទៅទទួល​បេសក​ជន​​ពិសេស​អង្គការ UNESCO កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​​​២៧ កុម្ភៈ ម្សិលមិញ លោក​ជុច ​ភឿន ប្រធាន​​អាជ្ញាធរ​ជាតិ​​ប្រាសាទ​ព្រះវិហារ បាន​បញ្ជាក់​​ឱ្យ​​ដឹង​ថា នៅពេលនេះ​​ទាំង​កម្ពុជា ក៏​ដូចជា​​អង្គការ​ UNESCO អត់​ទាន់​​​និយាយ​ពីការដែល​​​តម្រូវ​ឱ្យថៃ​សង​​​ការ​ខូច​ខាតប្រាសាទព្រះវិហារ​នោះនៅឡើយទេ ប៉ុន្តែ​​​ថា អ្នក​​បំផ្លាញ​ត្រូវ​ប្រឈម​​មុខនឹង​ផ្លូវ​​ច្បាប់​អន្តរជាតិ ។ ​លោកជុច ភឿន ​បានបន្ត​ថា បេសក​ជន​ពិសេស​​របស់អង្គការ UNESCO លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា បានសុំ​ពន្យារពេល​​ទៅ​កាន់​​ប្រាសាទព្រះវិហារ​រយៈ​ពេល​​២សប្តាហ៍ ដោយទុក​​​ឱ្យក្រុម​អ្នកសង្កេតការណ៍​​របស់ប្រទេស​​ឥណ្ឌូណេស៊ី​ទៅកាន់​តំបន់​ជម្លោះ​​ជា​មុនសិន ។

​ ទោះជាយ៉ាង​ណា​ លោកប្រធាន​​អាជ្ញាធរ​​ជាតិ​ប្រាសាទព្រះវិហារ​​បានប​ញ្ជាក់​​ថា នៅពេល​​ដ៏ខ្លី​ខាង​មុខ​នេះ ក្រុម​​អ្នកសង្កេតការណ៍​​ឥណ្ឌូណេ​ស៊ី​​នឹង​ទៅកាន់​​តំបន់ព្រំដែន​​ប្រាសាទព្រះវិហារ ​ពីព្រោះ​​កាលពីថ្ងៃ​សៅរ៍ ទី​​២៥ កុម្ភៈ ​កន្លង​មក​នេះ ទាហាន​ឥណ្ឌូណេស៊ី​​​មួយក្រុម​បានទៅ​​​កាន់​តំបន់​នោះ ​ហើយពួកគេ​នឹង​​ធ្វើរបាយការណ៍​​ជូន​ប្រធាន​​អាស៊ាន ​នៅមុនពេលការបញ្ជូន​​អ្នក​សង្កេត​ការណ៍​​​មក​កាន់​តំបន់​​ព្រំដែន​​ប្រាសាទ​ព្រះ​វិហារ ។ ​លោកជុច ភឿន ​បានបញ្ជាក់​​​ដែរ​ថា ​​នៅវេលាម៉ោង​​ជាង​៨ព្រឹក​ថ្ងៃចន្ទ ទី​​២៨ ​កុម្ភៈ ​នេះ បេសក​ជន​ពិសេស​អង្គការ UNESCO នឹង​ចូលជួប​ពិភាក្សា​​​ការងារ​ និងស្តាប់​របាយការណ៍​​ស្តីពី​ការ​ប្រយុទ្ធ​គ្នា​​​​រវាង​កង​ទ័ព​​​កម្ពុជា​-ថៃ ​របស់​លោក​​​ឧប​នាយករដ្ឋ​មន្ត្រី​សុខ អាន ​ហើយនៅ​វេលាម៉ោង​​​១០ព្រឹក​​ថ្ងៃ​ដដែលនេះ លោក​កូអ៊ីជី​រ៉ូ ​ម៉ាត់​ស៊ូរ៉ា នឹង​ចូលជួប​សម្តែង​ការ​​គួរសម​​ និង​សវនាការ​​​ជាមួយ​សម្តេចតេជោ​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផងដែរ ៕

ចិន​ឈាន​មុខ​ក្នុង​ការ​វិនិយោគ​វារី​អគ្គិសនី​នៅប្រទេស​ភូមា

Posted: 27 Feb 2011 07:31 PM PST

ទីតាំងដែលត្រូវសាងសាងវារីអគ្គិសនីនៅភូមា

ទស្សនា​វដ្តី​វិក​លី​អ៊ី​ឡឺ​វ៉េន នៅ​ក្នុង​ប្រទេស​ភូមា​បាន​ឱ្យ​ដឹង​ពី​របាយ​ការណ៍​ផ្នែក​​វិនិយោគ​នៅក្នុង​​ប្រទេស​ភូមា​​ ដោយ​យោងតាម​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​របស់​ភូមាសុំ​មិន​បង្ហើប​ឱ្យ​ដឹង​ឈ្មោះ​បញ្ជាក់​ថា លទ្ធ​ផល​ធ្វើ​អង្កេត​គំរោង​ការ​មុខ​ជំនួញ​ និង​ការ​វិនិ​យោគ​បរទេស​ដែល​រៀប​ចំ​ឡើង​កាល​ពី​ខែ​មករា​កន្លង​មក​​ឃើញ​ថា រដ្ឋា​ភិ​បាល​ចិន​ គឺ​ជា​អ្នក​វិនិ​យោគ​ទុន​ផ្នែក​មុខ​ជំនួញ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ភូមា​ ដោយ​មាន​ថវិកា​​វិនិ​យោគ​ក្នុង​គំរោង​ផ្សេងៗ​ខ្ពស់​​ដល់​ទៅ​៩.៦០០​លាន​ដុល្លារ​។ នៅ​ក្នុងរបាយ​ការណ៍​បញ្ជាក់​ឱ្យ​ដឹង​ថា ចិន​ក្លាយ​ជា​ប្រទេស​មាន​ការ​វិនិយោគ​ដ៏​ធំ​បំ​ផុត​នៅ ប្រទេស​ភូមា​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​៧​ឆ្នាំ​ ដោយ​នាំ​មុខ​ក្រុម​អ្នក​វិនិ​យោគ​ទុន​មក​ពី​​ប្រទេស​ថៃ​ដែល​ចំណាយ​ប្រាក់​វិនិយោគ​ក្នុង​ភូមា​ស្ថិត​នៅ​លំដាប់​ទី១​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៨​ ឬ​មាន​ថវិកា​វិនិយោគ​ប្រហែល​៩.៥៦០​លាន​ដុល្លារ​។

ការ​វិនិ​យោគ​ពី​ប្រទេស​ចិន​ភាគ​ច្រើន​ជា​គំរោង​ការ​សាង​សង់​រោង​ចក្រ​ផលិត​វារី​​អគ្គិ​សនី​ និង​សាង​សង់​បំពង់​បង្ហូរ​ឧស្ម័ន​ធម្ម​ជាតិ​ឆ្ពោះ​ទៅ​ប្រទេស​ចិន​ ដោយ​ស្រប​តាម​បណ្តោយ​ផ្លូវ​នៅរដ្ឋ​រ៉ា​ឃិន ភាគ​ខាង​លិច​ប្រទេស​ភូមា​ដែល​មាន​ព្រំ​ដែន​ជាប់​ប្រទេស​ចិន​ ខណៈ​ពេល​រដ្ឋា​ភិ​បាល​ និង​ក្រុម​អ្នក​ជំនួញ​ឯក​ជន​មក​ពី​តៃ​វ៉ាន់​ជាប់​លំដាប់​ថ្នាក់​អ្នក​វិនិ​យោគ​ទុន​នៅ​ភូមា​​លំដាប់​ទី​៣​។
តាម​ AFP ផ្សាយ​ឱ្យ​ដឹង​ថា អ្នក​អភិរក្ស​បរិស្ថាន​នៅ​ក្នុង​ប្រទេស​​បាន​នាំ​គ្នា​ប្រឆាំង​​នឹង​គម្រោង​ការ​ផលិត​វារី​អគ្គិ​សនី​ខ្នាត​ធំ​របស់​រដ្ឋា​ភិ​បាល​ ព្រោះ​ធ្វើ​​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ទី​ប្រជុំ​ជន​ និង​ប្រភព​ទឹក​ធម្ម​ជាតិ ៕

បាតុ​កម្ម​​នៅក្រុង​បៃរូត​ប្រឆាំង​ប្រព័ន្ធ​នយោបាយបច្ចុប្បន្ន

Posted: 27 Feb 2011 07:26 PM PST

ពល​រដ្ឋ​​​លី​បង់​​ជា​ច្រើន​រយនាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​កាល​ពីថ្ងៃទី២៧ កុម្ភៈ ​នៅ​ទី​ក្រុង​បៃរូត ប្រឆាំង​នឹង​ប្រព័ន្ធ​នយោបាយបច្ចុប្បន្ន​​​ដែលផ្អែក​លើ​​លក្ខណៈ​វិនិ​ច្ឆ័យ​​សាសនា​ និង​សហ​គមន៍ ។
ដោយ​ចម្លង​តាម​ការបះ​បោរ​​ប្រជាជន​​ដែល​កើត​មាន​​ក្នុង​ប្រទេស​អារ៉ាប់​ដទៃៗ​ទៀត​បាតុ​ករ​មួយចំនួន​បានស្រែក​ពាក្យ​​ស្លោក​ថា ​«​ប្រជា​ជន​ចង់​​ទម្លាក់​របប​បច្ចុប្បន្ន» ។
ប្រទេស​លីបង់ប្រកាន់​យក​ប្រព័ន្ធ​​នយោ​បាយ​​​​បែង​ចែក​អំណាច​គ្នា​តាម​រយៈ​ការរក្សា​​លំនឹង​រវាង​បណ្តា​ក្រុម​សាសនា​ និងសហគមន៍​ ។ លោក RAH-CHAN SAGLAM បាតុករ​ម្នាក់​និយាយថា ​យើង​លើកគ្នា​ធ្វើ​បាតុកម្ម​នេះ ដើម្បី​ផ្តួល​រំលំ​ប្រព័ន្ធ​​នយោ​បាយ​បែប​សាសនា​​នៅលី​បង់​ពីព្រោះ​​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្តាច់ការ​ជាង​បណ្តា​​ប្រព័ន្ធ​ផ្តាច់​ការ​​ឯ​ទៀតៗ​ផង ។ ពួក​អ្នក​រៀបចំ​​បាតុកម្ម​នេះ​បាន​​បាច​ខិត​ប័ណ្ណ​​​​​ដែលសរ​សេ​រ​ទាម​ទារ​​ «រដ្ឋ​​គ្រហស្ត ស៊ី​វិល ​ប្រជាធិប​តេយ្យ​​មាន​យុត្តិ​ធម៌ ​សង្គម និងសមភាព» មួយ ​ព្រម​ទាំង​​បង្កើន​ប្រាក់​បៀ​វត្ស​​អតបរមា​ ហើយ​បញ្ចុះ​តម្លៃ​​គ្រឿងឧបភោគ បរិ​ភោគ​ជា​មូលដ្ឋាន​ទាំង​ឡាយ ។
ប្រទេស​លីបង់​ជាទីលាន​នៃសង្គ្រាម​​ស៊ីវិល​បង្ហូរ​ឈាម​មួយពីឆ្នាំ​១៩៨៥ ​ដល់​១៩៩០ ​នោះ​ពេល​នេះ​នៅពុំ​​ទាន់មានរដ្ឋាភិបាល​ថ្មីមួយទៀត​​នៅ​ឡើយ​ ចាប់តាំង​ពី​ការ​ដួលរលំ​​កាលពី​ខែ​មករា កន្លងមកនេះ ដោយសារ​ពួកស៊ីអ៊ីត​ ហ៊ីស ប៊ុលឡាហ៍  និងសម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​ចម្រុះ​ដឹក​នាំ​ដោយ​​លោក​​សាអាដ ហារីរី ៕

លោកអាមរ៍ មូសា​ គ្រោង​​ឈរឈ្មោះ​​ជា​បេក្ខជន​​ប្រធានាធិបតី​អេហ្ស៊ីប

Posted: 27 Feb 2011 07:23 PM PST

លោក​​អាមរ៍ ​មូសា ថ្លែង​​កាលពីថ្ងៃទី​​​២៧ កុម្ភៈ ថា ​លោកនៅ​ពុំទាន់​​សម្រេច​ចិត្ត​​ឈរឈ្មោះ​​ជា​បេក្ខជន​​ប្រធានាធិបតី​​អេហ្ស៊ីប​​នៅឡើយ ​ដោយ​លោកបដិសេធ​​ព័ត៌​មាន​​ទាំងឡាយ​​របស់​ទីភ្នាក់ងារ​​​ព័ត៌​មានអេហ្ស៊ីប ​MENA ដែល​ថា លោក​បាន​​​ប្រកាស​ពីបេក្ខ​ភាពរបស់លោក​ ។​ អាយុ​​​៧៤​ឆ្នាំ​​អគ្គលេខាធិការ​​របស់​​សម្ព័ន្ធ​​អារ៉ាប់​រូបនេះ ពិតជា​មាន​ចេតនា​​ឈរឈ្មោះ​​សម្រាប់ការ​​បោះឆ្នោត​​ប្រធានាធិបតី​​ ក៏ប៉ុន្តែ​​​​លោក​រង់ចាំ​​ការ​អនុម័ត​​លើវិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​​ដែលកំពុង​​តែតែង​តាំង​​ដើម្បីធ្វើ​ការ​​សម្រេច​ចិត្ត ។​
គណៈ​កម្មាធិការ​ខាង​​គតិយុត្តិ​​មួយបង្កើត​ឡើង​​​ដោយ​ពួកយោធា​​ដែលកាន់អំណាចចាប់​តាំង​​​ពីការលាលែង​កាលពីថ្ងៃទី​​១១ កុម្ភៈ របស់​ប្រធានាធិបតី​​លោកហូស្នី​ មូបារ៉ាក់ ​បានលាត​ត្រដាង​​កាលពីថ្ងៃទី​​​២៦ កុម្ភៈ ​កន្លងមក​នេះ ​ពី​​សំណើ​​ធ្វើវិសោធ​នកម្ម​​​​រដ្ឋធម្ម​នុញ្ញ​​​ដែល​សម្រាល​​លក្ខខណ្ឌ​​កំណត់​ ដើម្បី​​​ក្លាយជា​​បេក្ខជន ។ ការ​បោះ​​ប្រជា​មតិ​​លើ​រដ្ឋ​​ធម្មនុញ្ញ​​ដែលធ្វើវិសោធន​​កម្ម​​​គ្រោង​រៀបចំ​ធ្វើ​នាដំណាច់ខែមីនា ។ លោក​​សូប​ហ៊ី សាឡេហ៍ ​សមាជិក​គណៈ​កម្មាធិការ​​នេះ​និយាយ​ថា ការបោះឆ្នោត​​សភា​នឹង​រៀបចំ​​ធ្វើ​ក្រោយ​​​​​ការបោះប្រជា​មតិ​​នោះ​រួច​បន្ទាប់មក​​នឹង​មានការ​បោះ​ឆ្នោត​ប្រធានាធិបតី​​ដែលនៅពុំទាន់​​​មាន​ការ​កំណត់​​​កាលបរិច្ឆេទ​នៅឡើយ ៕

សៀម​ខ្លាច​ម៉ាត់​ស៊ូ​រ៉ា​ទៅ​ព្រះ​វិហារ ការ​ព្យាយាម​យក​ប​ញ្ហា​ព្រំដែន​មក​ឡូ​ក​​ឡំ​ការងារ​វប្បធម៌​គ្មាន​តំលៃ​ជា​អន្ដរជាតិ

Posted: 27 Feb 2011 07:12 PM PST

អំពើ​ជា​បន្ដបន្ទាប់​របស់​ថៃ​ចាប់តាំងពី​ឆ្នាំ ២០០៧​រហូត​មក​ដល់​បច្ចុប្បន្នបាន​បង្ហាញ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និងអន្ដរជាតិ​បាន​មើលឃើញ​កាន់តែ​ច្បាស់​នូវ​មហិច្ឆតា​យូរ​អង្វែង​របស់​ថៃ ដែល​មិន​ត្រឹមតែ​ជា​ការ​ទាមទារ​យក​តំបន់ក្បែរ​ប្រាសាទព្រះវិហារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទាមទារ​យក​ប្រាសាទព្រះវិហារ​ខ្មែរ​ទាំងមូល​ថែម​ទៀត​ផង​។ កន្លង​មក​ថ្មី​ៗ​នេះ ថៃ​បាន​ប្រើប្រាស់​យុទ្ធ នាការ​អុកឡុក​លើ​វេទិកា​អន្ដរជាតិ ​ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០០៨​នាទី​ក្រុងកេ​បិ​ច ប្រទេស​កា​ណា​ដា នៅ​ក្នុង​ឆ្នាំ​២០០៩​នាទី​ក្រុង​សេ​វី​ល​ប្រទេស​អេ​ស្ប៉ា​ញ និង​នៅ​ឆ្នាំ​២០១០​នាទី​ក្រុងប្រេ​ស៊ី​ល​លី​យ៉ា​ប្រទេស​ប្រេ​ហ្ស៊ី​ល ពិសេសថៃ​នឹង​បន្ដ​អុកឡុក​ក្នុង​សម័យប្រជុំ​លើក​ទី​៣៥ នៃ​គណៈកម្មាធិការ​បេ​តិក​ភណ្ឌ​ពិភពលោក​ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១១ ​ក្នុង​ប្រទេស​បា​រេ​ន នា​ពេល​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន​ ។

នៅ​ពេលដែល​ការ​បាះ​ឆ្នោត​របស់​ថៃ​ជិត​មក​ដល់ ហើយ​ផែនការ​គ្រប់គ្រង​ប្រាសាទ​នឹង​ត្រូវ​លើក​ឡើង​ក្នុង​សម័យប្រជុំ​លើក ទី​៣៥​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​នឹង​ត្រូវធ្វើ​នៅ​ប្រទេស​បា​រេ​នក្នុង​ខែមិថុនា​ខាង​មុខ​នេះ​កាន់ តែ​ជិត​មក​ដល់ រដ្ឋាភិបាល​អាប់​ភី​ស៊ី​ត​កាន់តែ​អស់​ស​ង្ឍឹ​ម​លើ​នយោបាយ​ការទូត​បាន​សម្រេច​ប្រកាស​ធ្វើសង្គ្រាមដែល​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​បើក​ការ​វាយលុក​ដណ្ដើម​កាន់កាប់​យក​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ប្រាសាទ​ដោយ​កំលាំង​តែ​ម្ដង​ ។ ក៏​ប៉ុន្ដែ​ការ​ប្រើ ប្រាស់​កំលាំង​របស់​អាប់​ភី​ស៊ី​ត​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ​។ ផ្ទុយ​ទៅ​វិញ​កងទ័ព​ថៃ​បាន​​បាញ់​គ្រាប់កាំ​ភ្លើង​ធុនធ្ងន់​ដាក់​ប្រាសាទ​បាន​បណ្ដាល​ឱ្យ​ប្រាសាទត្រូវ​ទទួល​រង​នូវ​ការ​ខូច ខាត​យ៉ាងដំណំ​ ។ បួន​ថ្ងៃ​បន្ទាប់​ពី​មាន​លិខិត​មួយ​ច្បាប់​របស់​ប្រទេស​កម្ពុជា​ផ្ញើ​ជូន​លោក​ជំទាវអេ​រី​ណា បូ​គូ​វ៉ា អគ្គ​នាយិការ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ស្នើ​សុំ​ឱ្យ​លោក​ជំទាវ​ចាត់វិធានការការ​ពារ​ប្រា​សាទព្រះវិហារ ស្រប​តាមអនុសញ្ញាឆ្នាំ​១៩៥៤ និង​ស្នើ​សុំ​លោក​ជំទាវ​ចាត់តាំង​ក្រុម​វាយតំលៃ​ការ​ខូច​ខាត​នៃ​ប្រាសាទ គឺ​អាប់​ភី​ស៊ី​ត​បាន​យល់​ដឹង​យ៉ាង​​ច្បាស់​អំពី​ការ​ខូចខាត​នៃ​ប្រាសាទ និង​ការ​បាក់មុខ​របស់​ខ្លួន​លើ​ឆាក​អន្ដរជាតិ​ដោយ​អំពើ​ឈ្លានពាន​សារជា​ថ្មី​ម្ដងទៀត​របស់​ខ្លួន​មក​លើ​កម្ពុជា បាន​ចាត់​បញ្ជូន​លោកអា​ស្ដា ចា​យ៉ា​ណា​ម៉ា ប្រធាន​គណៈកម្មការ​ចម្រុះទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​គោក​របស់​ថៃ ដើម្បី​ធ្វើ​ដំណើ​ជា​បន្ទាន់​ទៅ​កាន់​ទី​ក្រុងប៉ារីស ដើម្បី​ធ្វើការ​រារាំង គំរាមគំ​ហែង និង​ព្រមាន​ដល់​លោក​ជំទាវអេ​រី​ណា បូ​គូ​វ៉ា និង​លោកម៉ាត់​ស៊ូ​រ៉ា អតីត​អគ្គ​នាយិកា​នៃ​អង្គការ​យូ​ណេ​ស្កូ​ថា កុំ​ឱ្យមក​ពិនិត្យ​មើល​ការ​ខូចខាត​នៃ​ប្រាសាទព្រះវិហារ បើ​ពុំ​ដូច្នោះ​ទេស្ថាន​ការណ៍​​រឹតតែ​​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត​។

នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ឆ្នាំ២០១១ គេហទំព័រ​បាងកក​ប៉ុ​ស្ដ​ដោយ​ដកស្រង់​សំដី​របស់​លោកថា​នី ថុ​ង​ផាក់​ឌី អគ្គនាយក​ដ្ឋ្កា​ន​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​ថៃ​ថា បេសកជន​ពិសេស​របស់​អង្គការ​យូ​ណេ​ស្កូ​លើ​ប្រាសាទព្រះវិហារនឹង​មិន​ត្រូវ​បាន​អនុ​ញ្ញា​តទៅ​ទស្សនា​ប្រាសាទព្រះវិហារ​ឡើយ​ ។ ប៉ុន្ដែលោកម៉ាត់​ស៊ូ​រ៉ា នឹង​ទៅ​កាន់​ក្រុង​ភ្នំពេញ ហើយនិង​មិន​ធ្វើ​ដំណើ​ទៅ​កាន់​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​ឡើយ​។ តើ​នេះ​មិនមែន​ជា​ចេតនា​ដ៏​អាក្រក់​ក្នុងនយោបាយ​ការទូត​ក្រ​អឺ​ត​ក្រ​ទម​របស់​ថៃទេឬ ដែល​ថៃ​ប្រញាប់​ទៅ​គំរាម​កំ​ហែ​ងអង្គការ​យូ​ណេ​ស្កូ ? តើ​អ្វី​ទៅ​ជាហេតុ​ការ​ពិត​សំរាប់​អាប់​ភី​ស៊ី​ត​ពន្យល់លោកម៉ាត់​ស៊ូ​រ៉ា ? វា​ប្រាកដ​ណាស់ ​ក្នុង​ដំណើ​ទស្សនៈកិច្ច​របស់​លោក ម៉ាត់​ស៊ូ​រ៉ា ទៅ​កាន់​ទីក្រុង​បាងកក​គ្មាន​អ្វី​ដែល​ជា​ហេតុ​ការ​ពិត និង​តថភាព​ជាក់ស្ដែង​ដែល​អាប់​ភី​ស៊ី​តយ​ក​ទៅពន្យល់​លោកម៉ាត់​ស៊ូ​រ៉ា​បាន​ឡើយ ក្រៅ​តែ​ពី​គំនរ​ផេះ​បាក់បែក និង​គ្រាប់​អំបែង​កាំភ្លើង​របស់​អាប់​ភី​ស៊ី​ត​បន្សល់ទុក​លើ​ប្រា​សាទព្រះវិហារ​ ដែល​ជា​រមណីយដ្ឋាន​បេតិក​ភណ្ឌ​​ពិភពលោក​ប៉ុណ្ណោះ​។ ត្រង់​ចំណុច​នេះថៃ​ត្រូវ​យល់​ដឹងថា ខ្លួន​គ្មាន​ចំណែក​ណាមួយ​លើ​ប្រា​សាទព្រះវិហារ​ខ្មែរ​ឡើយ​។ ដូច្នេះហើយ​ថៃ​គ្មាន​មូលដ្ឋាន​ដើម្បី​ជំទាស់ ឬរារាំងដោយ​គឃ្លើន​នូវ​បេសកកម្ម​របស់​លោកម៉ាត់​ស៊ូ​រ៉ា ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតំលៃ​ការ​ខូចខាត​នៃ​ប្រាសាទ ព្រះ​វិហារ​បាន​ឡើយ​ ។ ហើយ​ថៃ​ក៏​គ្មាន​មូលដ្ឋាន​អះអាង​យ៉ាង​ក្រ​អឹ​ត​ក្រ​ទម​ថា អង្គការ​យូ​ណេ​ស្កូ​ត្រូវ​សុំ​ការ​អនុ​ញ្ញាតថៃ​ ក្នុង​បេសកកម្ម​ទៅ​កាន់​ប្រាសាទព្រះវិហារ​បាន​ឡើយ​ដែរ​។

នៅ​ថ្ងៃ​ទី​២៥  កុម្ភៈ​ ដដែល គេហទំព័រ​បាង​កក​បាន​សរសេរ​ថា​... ​ដែល​ត្រូវ​បាន​ផ្ដល់​សច្ចា​ប័ន​ដោយ​ប្រទេស​កម្ពុជា និង​ថៃ ​។ តើ​នេះ​មិន​មែន​ជា​អំពើ​ឈ្លានពាន និង​កា​រំលោភ​អធិប​តេយ្យ​របស់​កម្ពុជា​ឬទេ ? កម្ពុជា​ជា​ម្ចាស់​ប្រា​សាទព្រះ​វិហារ ហើយ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មាន​ស​ទ្ធិ​អំណាច​ក្នុង​ការ​គ្រប់គ្រង និង​ចាត់ចែង​ប្រាសាទ​នេះ​ ។ ថៃ​គ្មាន​ចំណែក​ណាមួយ​លើ​ប្រាសាទព្រះវិហារ​ខ្មែរ​បាន​ឡើយ​ ។ ថៃ​ត្រូវ​រៀន​សូត្រ​គោរព​សាលដីកា​តុលាការ​យុ​ត្ដិធម៌​អន្ដរ​ជាតិ​ឆ្នាំ​១៩៦២ ពិសេស​ថៃ​ត្រូវ​គោរព​តាម​សេចក្ដីសម្រេច​លេខ32 COM 8B.102របស់​គណៈ​ក​ម្មាធិ​ការ​បេតិកភណ្ឌ​ពិភព លោក​ដែល​បាន​ដាក់​ប្រាសាទព្រះវិហារ​ជា​សម្បត្ដិ​បេតិក​ភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​២០០៨​នាទីក្រុង​កេ​បិ​ច ​ប្រទេស​កា​ណា​ដា​ តាម​សំណើ​របស់​កម្ពុជា​ ។ វា​ជា​ការ​ចម្លែកខ្លាំ​ងណាស់​ថា តើ​ហេតុ​អ្វី​អាប់​ភី​ស៊ី​ត និង​គូកនខ្លាច​ដំណើរ​ទស្សន​កិច្ច​របស់​លោកម៉ាត់​ស៊ូ​រ៉ា ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ ?

លោកម៉ាត់​ស៊ូ​រ៉ា ជា​បេស​កក​ជន​ពិសេស ត្រូវ​បាន​ចាត់តាំង​ដោយ​លោក​ជំទាវអេ​រី​ណា បូ​គូ​វ៉ា អគ្គ​នាយិកានៃ​អង្គការ​យូ​ណេ​ស្កូ គឺជា​តំណាង​របស់​អង្គការ​យូ​ណេ​ស្កូ​បំពេញការងារ​ដ៏​ពិសិដ្ឋ​របស់​អង្គការ​នេះ ដើម្បី​ការពារ និង​សង្គ្រោះ​ប្រាសាទ​នេះ ដែល​ស្ថិត​ក្នុង​ការ​គំរាម​គំ​ហែង និង​ការ​បំផ្លាញ​ដោយសារ​អំពើ​ឈ្លានពាន​របស់​ថៃ​ទៅអនាគត​ ។ វា​ច្បាស់​ណាស់ កម្ពុជា​មាន​គ្រប់​ហេតុផល​ជឿ​ថា ថៃ​នឹង​មិន​ស្ទាក់ស្ទើ​របំផ្លាញ​ប្រា​សាទ​តាម​​រយៈ​ការបាញ់កាំភ្លើង​ធំ​ឡើយ​។ ហើយ​ការ​ពិត​យ៉ាងណា​នោះ លោកម៉ាត់​ស៊ូ​រ៉ា នឹង​បាន​មើល​ឃើ​ញនូវ​ហេតុ​ការពិត​ជាក់ស្ដែងនៅ​​នឹង​​កន្លែង​ដែល​កម្ពុជា​គ្មាន​ការ​លាក់បាំងដូច​ពាក្យ​ចាស់​ថា មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ ។ តើ​ថៃ​ជា​មាសក្លែងក្លាយ​ឬ​បានជា​ខ្លាច​ភ្លើង ? ប្រសិនបើ​ថៃ​ជា​មាស​ក្លែងក្លាយ​មែន​នោះថៃ​ច្បាស់​ណាស់​មិន​ចង់ឱ្យ​ពិភពលោកមើលឃើញ​នូវ​ការ​ពិត​ឡើយ​។ ហើយ​អ្វី​ដែល​ថៃ​ខ្លាច​នោះ គឺ​ស្លាកស្នាម ឬរូបភាព​នៃ​អំពើ​ឈ្លា​ពាន​របស់​ខ្លួនកំពុង​ដិតដាម​លើ​ប្រាសាទព្រះវិហារ​នៅឡើយដែល​ទាំង​អស់នោះ គឺជា​គំន​ផេះ​បាក់បែក និង​គ្រាប់​អំបែង​កាំភ្លើងរបស់​ថៃ​នោះ​ឯង​ដែល​លោកម៉ាត់​ស៊ូ​រ៉ា និង​សហគមន៍​អន្ដរជាតិ​បាន​មើលឃើញ​។ ដូច្នេះ​ហើយ​បេស​កកម្ម​របស់​លោកម៉ាត់​ស៊ូ​រ៉ាមាន​តំលៃ​​ខ្លាំង​ណាស់​ក្នុង​ការ​ទទួលខុសត្រូវ​រួម​ក្នុង​កិច្ច​ការពារ និង​សង្គ្រោះ​ដែល​លោកនឹង​ត្រូវ​ទៅ​កាន់​ប្រាសាទព្រះវិហារ ហើយនិង​បាន​មើល​ឃើញ​នូវ​ការ​ហេតុ​​ជាក់ស្ដែង និង​ការ​ពិត​ទាំងឡាយ​នៅនឹង​កន្លែង ដែល​ថៃ​បាន​និង​កំពុង​បិទ​បាំង​សហគមន៍​អន្ដរជាតិ និង​ប្រជាជន​ខ្លួនឯង​។

សំរាប់​កម្ពុជា​ជា​ម្ចាស់​ប្រាសាទ​មាន​កាតព្វកិច្ច​អនុវត្ដ​តាម​អនុសញា​ឆ្នាំ១៩៥៤ និង​អនុសញា​ឆ្នាំ​១៩៧២ ដែលក្នុង​នោះ​កម្ពុជា​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់ និង​ជាក់ស្ដែង​នៅ​នឹង​កន្លែង​ដើម្បី​ជំរាប​ជូន​លោកម៉ាត់​ស៊ូ​រ៉ាអំពី​ការ​ខូចខាតនៃ​ប្រាសាទ​ដោយសារ​អំពើ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា ហើយ​លោកម៉ាត់​ស៊ូ​រ៉ា នឹង​បាន​យល់​យ៉ាង​ច្បាស់អំពី​ការ​ពិត​ទាំងឡាយ ហើយ​ការ​ពិត​ទាំងនោះនឹង​ឈ្នះ​លើ​ការ​ភូត​កុហក កា​ឡៃ​ការ​ពិត និង​ការ​បំភាន់មតិ​ម​ជ្ឈដ្ឋា​ន​ជាតិ និង​អន្ដរ​ជាតិ​ ។

ចំពោះ​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​ត្រូវ​​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូបាន​ព្រម​ទទួលយក​តាម​សេចក្ដីសម្រេច​របស់​ខ្លួន​លេខ 34 COM 7B.66 នាទី​ក្រុង​ប្រេ​ស៊ី​លី​យ៉ា​ក្នុង​សម័យប្រជុំលើក​ទី​៣៤ ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​។ ក្នុង​ន័យ​នេះ កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន និង​បាន​អនុវត្ដ​តាមសំណើ​ ក្នុង​សេចក្ដីសម្រេច​លេខ 33 COM 7B.65 ដែល​ត្រូវ​បាន​អនុម័ត​នៅ​សេ​វី​ល​ឆ្នាំ​២០០៩ ដោយ​កម្ពុជា​បានដាក់​ជូន​នូវ​ឯកសារ របាយការណ៍ និង​ផែនការ​គ្រប់គ្រង​ដល់​គណៈ​កម្មាធិការ ។ ហើយ​សេចក្ដីសម្រេច Decision 34 COM.7B.66 ចែង​យ៉ាង​ច្បា​ស់​ដូច​ខាង ក្រោម​នេះ គឺ
គណៈកម្មាធិការ​បេ​តិក​ភ​ណ្ឌពិភពលោក ៖
១-​បាន​ទទួល​ឯកសារ WHC-10/34/ COM.Add.3,
២-​បាន​រំលឹក​ឡើង​វិញ​នូវ​សេចក្ដីសម្រេច 31 COM 8B.24, និង32 COM 8B.102 និង 33 COM 7B.65 ដែល​បាន​អនុម័ត​បន្ដបន្ទាប់​គ្នា​នៅ​ក្នុង​អង្គប្រជុំ​លើក​ទី​៣១ (​ទីក្រុង​ក្រៃ​ឆឺច ឆ្នាំ​២០០៧) អង្គប្រជុំ​លើក​ទី​៣២ (​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ឆ្នាំ​២០០៨) និង​អង្គប្រជុំ​លើក​ទី​៣៣ (​ទីក្រុង​សេ​វី​ល ប្រទេស​អេ​ស្ប៉ា​ញ ឆ្នាំ​២០០៩)​។
៣-​កត់​សំគាល់ថា មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោកបាន​ទទួល​ឯកសារ​ដែល​បាន​ដាក់​ជូន​ដោយ​រដ្ឋ​ភាគី (​កម្ពុជា​)​។
៤-​ស្វាគមន៍​ជា​បន្ដ​ទៀត​អំពី​ចំណាត់ការ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ភាគី​កម្ពុជា (​កម្ពុជា​) សំដៅ​ទៅ​រក​ការបង្កើត​ឡើង​នូវ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ(ICC) សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទព្រះ​វិហារ​ដោយ​ចីរភាព​។
៥-​សម្រេច​ពិចារណា​លើ​ឯកសារ​ដែល​បាន​ដាក់​ជូន​ដោយ​រដ្ឋ​ភាគី​(​កម្ពុជា​) នា​អង្គប្រជុំ​លើក​៣៥ នៅ​ឆ្នាំ២០១១​។

នេះ​ពិតជា​ជ័យ​ជំ​នៈ​របស់​កម្ពុជា​ក្នុង​ជំហាន​ទៅ​មុខ​ ។ ហើយ​ក្នុង​ខ្សែ​ភ្នែក​អ្នក​ច្បាប់​អន្ដរជាតិ​បាន​បង្ហាញ​ឱ្យ​ឃើញនូវ​ចំណុច​ដ៏សំខាន់ និង​រឹង​មាំ​សម្រាប់​អនាគត គឺ​ហត្ថលេខា​របស់​រដ្ឋមន្ដ្រី​ថៃ ស៊ូ​វីត ឃុន​គិ​ទី លើ​សេចក្ដីសម្រេច Decision 34 COM.7B.66 ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​។ នេះ​ជា​ឯកសារ​អន្ដរជាតិ ដែល​​មាន​សេចក្ដីសម្រេច​របស់​ក្រៃ​ឆឺ​ច កេ​បិ​ច និង​សេ​វី​ល ព្រមទាំង​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​បេ​តិកភណ្ឌ​ពិភពលោក និង​ឯក​សារ​ដែល​កម្ពុជា​បាន​ដាក់​ជូន​រាប់​ទាំង​របាយ​ការណ៍​បច្ចេកទេសផែនទី ប្លង់​ហ្គ្រា​ហ្វី​ក និង​កម្មវិធី​កំណត់​តំបន់ និង​បច្ចេកទេស​ ។ ដូច្នេះ​ហើយ​វា​មិន​អាច​ឱ្យ​ថៃ​ប្រកាន់​យក​ជំហ​ប្រឆាំង​នឹង​ការ​ចុះបញ្ជី និង​ប្រឆាំង​នឹង​ផែនការ​គ្រប់គ្រង​ប្រាសាទ​បាន​ឡើយ បើ​ទោះបី​ថៃ​ព្យាយាម​យក​បញ្ហា​ព្រំដែន​មក​លាយឡំ​ជាមួយនឹង​កិច្ចការ​វប្បធម៌​ដោយ​គ្រាន់តែ​សំអាង​លើ​ផែនទី​ឯក​តោភាគីដែល​ជាផែនទី​សម្ងាត់របស់​ខ្លួន និង​ជា​ផែនទី​ដែល​គ្មាន​តំលៃ​ជាអន្ដរជាតិ​នោះ​បាន​ឡើយ​ ៕           

( ដោយ ៖ ឡុង​ សុគុណ )

កូរ៉ូឡា​បុករបាំង​ថ្ម​ចែក​ផ្លូវ​ខ្ទេចមុខ ​សាក្សី​ថា ប្រណាំងគ្នា

Posted: 27 Feb 2011 07:09 PM PST

រថយន្តកូរ៉ូឡា​​មួយ​គ្រឿងបើកបរ​​ដោយ​យុវជន​ស្ទាវ​ មាន​ប្រុស-ស្រី​ច្រើន​នាក់​​​បានបោះ​ពួយ​បុក​របាំង​ថ្ម​​ចែក​ផ្លូវ
របាំង​ថ្ម​​ចែក​ផ្លូវ​​លើ​កំណាត់​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី

រាជធានីភ្នំពេញ ៖ ​រថយន្តកូរ៉ូឡា​​មួយ​គ្រឿង​​ ពាក់ស្លាក​លេខ 2C-1241 បើកបរ​​ដោយ​យុវជន​ស្ទាវ​ មាន​ប្រុស-ស្រី​ច្រើន​នាក់​​​បានបោះ​ពួយ​បុក​របាំង​ថ្ម​​ចែក​ផ្លូវ​​លើ​កំណាត់​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី ​ស្ថិត​ក្នុង​​សង្កាត់ស្រះចក ​ខណ្ឌ​ដូនពេញ ​កាលពី​វេលាម៉ោង​​៤​និង​​១០​នាទី​​ជិត​ភ្លឺ​ថ្ងៃទី​​២៨ កុម្ភៈ ២០១១ ​បណ្តាល​ឱ្យ​​រថយន្ត​​ខូចខាត​​ផ្នែក​ខាង​មុខធ្ងន់​​ធ្ងរ​ក្រពឹត​រួច​ក្រញង់ ​ប៉ុន្តែ​​​​អ្នក​បើក​បរ​​ និង​អ្នក​​អង្គុយ​ខាងមុខ​របួស​បែកមាត់​តិចតួចប៉ុណ្ណោះ​ ។​

ស្ត្រី​ម្នាក់​​​ជា​​អ្នក​ហាត់ប្រាណ​​ដែល​ឃើញ​​​ហេតុ​ការណ៍​​បាន​និយាយ​​​​ឱ្យ​សមត្ថ​កិច្ច​​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ឃើញ​រថយន្ត​​មួយ​គ្រឿង​បាន​បើក​បោះ​ពួយក្នុង​ល្បឿន​លឿន​ទំនងដូចជា​ប្រណាំង ​ជា​មួយ​នឹង​​រថយន្ត​​មួយផ្សេង​ទៀត​ តែ​មិន​ចាំ​​ម៉ាក​បើក​​លើ​​កំណាត់​​​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ឆ្ពោះ​ទៅ​​ទិស​​ខាង​លិច លុះ​ដល់​ចំណុច​​ក្បាល​របាំង​​ថ្ម​ចែក​ផ្លូវ​ ស្ថិត​ក្នុង​​​សង្កាត់​ស្រះ​ចក ខណ្ឌ​​ដូនពេញ ​រថ​យន្ត​​​​ទាំង​២គ្រឿងនោះ​ បានបើក​​​ប្រជែង​គ្នា បណ្តាល​ឱ្យ​​រថយន្ត​​ម៉ាកកូរ៉ូឡា​​​ ពាក់ស្លាកលេខ ភ្នំពេញ 2C-1241 ​ជ្រុល​ចង្កូត​​ទៅបុក​ក្បាល​របាំង​​ថ្ម​ពេញ​ទំហឹង​​ហុយ​ផ្សែង​ទ្រលោម​ និ​ងធ្វើ​ឱ្យ​រថយន្ត​នោះ ឡើង​​លើ​ចិញ្ចឹម​​​ផ្លូវ​បែរ​មុខ​​​​​​ទៅ​ទិស​ខាង​ត្បូង​វិញ ។​

ក្រោយ​ពី​​​រថយន្ត​ចង​កំហឹង​​ជាមួយ​នឹង​ក្បាល​របាំង​ថ្ម​​​ទៅមុខលែង​រួច​​ហើយ​ គេឃើញ​យុវជន​ស្ទាវ​​​ម្នាក់​​ជា​អ្នក​​​​បើ​ក​បរ​​​ និងនារី​​រូបស្រស់​​ពីរនាក់​ទៀត ​បានបើក​​ទ្វារ​រថយន្ត​​​ចេញមក​ក្រៅ​​ឃើញ​មាន​​ឈាម​ហូរ​​តាម​មាត់​ តែ​មិន​​ធ្ងន់ធ្ងរ​នោះ​ទេ បន្តិច​​ក្រោយ​មកក៏​នាំគ្នា​គេចខ្លួន​​បាត់​អស់ទៅ​ ។​​មន្ត្រី​នគរ​បាល​​​ការិយាល័យ​​ចរាចរណ៍​​ផ្លូវ​គោក​​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​​រាជធានីភ្នំពេញ ​​បាន​និយាយ​ថា ​រថយន្ត​​បង្ក​ការខូចខាត​​ផ្នែក​​ខាង​មុខ​​ធ្ងន់ និង​ផ្ទុះ​ពោង​ការ​ពារ​សុវត្ថិភាព​ទាំង​​២ ព្រម​ទាំង​​ស្រាំ​កញ្ចក់​​ខាង​មុខទៀត​ផង ក៏ប៉ុន្តែ​​​នគរ​បាល​​រូបនោះ​​មិន​បានអះអាង​ថា ​ក្នុង​ហេតុការណ៍​​​​រថយន្តកូរ៉ូឡា​​បុក​ក្បាល​​​របាំង​ថ្ម​ចែក​ផ្លូវនេះ​​ដោយ​សារ​តែ​ការ​​​បើក​ប្រណាំង​​គ្នា ឬ​​កើតឡើង​ដោយ​មូល​ហេតុ​អ្វី​​ផ្សេង​ឡើយ ។​
រថយន្ត​​ខាងលើ​ត្រូវ​បាន​​ស្ទូច​​យកទៅរក្សា​​​ទុក​នៅ​​​សាលា​រាជធានីភ្នំពេញ ​ដើម្បី​​​​ធ្វើការ​​ផាក​ពិន័យ​ និង​​សង​ការ​ខូចខាត​​ទ្រព្យ​សម្បត្តិ​​​សាធា​រណៈ​របស់​រដ្ឋ ។​

គួរបញ្ជាក់​​ផង​ដែរ​ថា ​កាលពីវេលាម៉ោង​​៩​និង​​​៣០នាទីយប់ថ្ងៃទី​​​២៦ កុម្ភៈ ២០១១ មាន​រថ​យន្ត​​មួយគ្រឿង​ម៉ាកកូរ៉ូឡា​ ពាក់ស្លាក​លេខ​​ ភ្នំពេញ 2L-6760 បើក​បរ​​ដោយ​ជនជាតិចិន​​ស្រវឹង​ធ្លាក់​​ភ្នែក​​បានបោះ​​​ពួយ​បុក​ក្បាល​​​របាំង​​ថ្ម​ចែកផ្លូវ​​នៅលើកំណាត់​​វិថីហ្សា​លដឺ​ហ្គោល (មុខ​អតីត​​រោង​ភាព​យន្ត​​សព្រហ្ម​មាស) ស្ថិត​ក្នុង​សង្កាត់​​អូរ​ឫស្សី​ទី​៣ ខណ្ឌ​​៧​មករា បណ្តាល​ឱ្យ​​រលំ​ក្បាលនាគ(ក្បាល​របាំង​)​​ ហើយ​រថយន្ត​​បង្ក​​បានព្យាយាម​​បើក​រត់​​រហូត​ដល់​​ចំណុច​រូប​សំណាក​​​នាង​គង្ហីង ទើបសមត្ថ​កិច្ច​​​ឃាត់​រថយន្ត​នោះ​បាន​ ​យកទៅ​​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ៕​

រថយន្ត​ដឹក​កង​ទាហាន​បុកគ្នា និង​ក្រឡាប់​ស្លាប់​៣នាក់ និង៣៨​នាក់ទៀត​​រង​របួស​ធ្ងន់ និង​ស្រាល នៅ​​ឧត្តរ​ប្រទេស

Posted: 27 Feb 2011 06:49 PM PST

​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ទាហាន​កម្ពុជា​​៣នាក់ បានស្លាប់​បាត់បង់ជីវិត និង​​​៣៨​នាក់​ទៀត​រ​ង​របួស​ធ្ងន់ និងស្រាលដេក​ដួល​រដូក​រណែល ខ្លះលើ​ផ្លូវ​​ ខ្លះ​លើ​ចិញ្ចើម​ផ្លូវ ខណៈ​រថ​យន្ត​​​ដឹកជញ្ជូន​ក្រឡាប់​​​ចាក់​​មនុស្ស​​ចោល​កាល​ពីវេលាម៉ោង​៩​និង​​៣០​នាទី​យប់​ថ្ងៃទី​២៧ កុម្ភៈ ២០១១ លើ​កំណាត់ផ្លូវ​​ជាតិ​លេខ​​៦៩B ស្ថិត​ក្នុង​​ភូមិ​​ពាមក្នុង ​ឃុំ​អូរ​ស្វាយ ​ស្រុក​ត្រពាំង​​ប្រាសាទ បង្ក​ឱ្យ​មាន​ការ​តក់ស្លុត ​ហើយ​ភ្លាមៗ​នោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​​ពាក់ព័ន្ធ និង​អាជ្ញាធរ​​​ខេត្ត​ចុះ​ទៅជួយធ្វើ​អន្តរា​គមន៍​​ចាត់ចែង​​ស្ទូច​លើក​រថយន្ត​​បញ្ឈរ​ឡើង​​វិញ ​និង​បញ្ជូន​​អ្នក​របួស​​ទៅព្យា​បាល​នៅមន្ទីរពេទ្យ ។​

តាម​​ប្រភពព័ត៌​មាន​​ពី​កន្លែង​​​​កើត​ហេតុ​បាន​ឱ្យ​​​ដឹង​ថា រថយន្ត​ដឹក​កង​ទាហាន​នេះ​ម៉ាក GMC ផ្ទុក​​មនុស្ស (ទាហាន) ជាង​៤០​នាក់ ធ្វើ​ដំណើរ​​ចេញ​​​ពី​តំបន់​ភ្នំស្រួច​​ ក្រុង​សំរោង ​ឆ្ពោះ​ទៅ​កាន់​បន្ទាយ​​ទាហាន​​មួយកន្លែង​​ក្នុង​ស្រុក​​ត្រពាំង​​ប្រា​សាទ​ តែ​​អកុសល​ទៅដល់​​​ចំណុច​កើតហេតុ​​បាន​​ជួប​រថយន្ត​​មួយគ្រឿង​ទៀត​មកពី​​មុខ​បើក​ភ្លើង​ហ្វា​​ភ្លឺ​​ចាំង​ភ្នែក ​ធ្វើ​ឱ្យ​​​រថយន្ត​​ខាងកង​ទាហាន ពិបាក​​មើល​ផ្លូវ​​ក៏​កាច់​ចង្កូត​គេច រួចហើយ​​បណ្តាល​​ឱ្យធ្លាក់​ផ្លូវ​​ទៅ​ខាង​ឆ្វេង​ដៃ​តែម្តង ៕​

អាជ្ញា​ធរ​​ខណ្ឌ​សែន​សុខ​បិទ​ផ្ទះ​សំណាក់​​ចំនួន២​នៅខណ្ឌ​សែនសុខ

Posted: 27 Feb 2011 06:42 PM PST

​ផ្ទះ​សំណាក់​​លើយី​ហោ​​​ជេម
​ផ្ទះ​សំណាក់យី​ហោសំណាង

រាជធានីភ្នំពេញ ៖ អាជ្ញា​ធរ​​បាន​បិទផ្ទះ​​សំណាក់​ចំនួន២​​ក្នុង​ខណ្ឌ​សែន​​សុខ​កាល​ពីថ្ងៃ​​ទី២៦ ​កុម្ភៈ ​ដោយ​សារ​ផ្ទះ​នេះផ្តល់​ទី​តាំង​​​ឱ្យ​ក្រុម​ជន​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន ហើយ​ការ​បិទ​មិន​​ឱ្យ​ធ្វើ​អាជីវកម្ម​នេះ​មានរយៈពេល​៦ខែ ​។ នេះ​ជា​ការ​ព្រមាន​​ចំពោះ​​អ្នក​ប្រកប​​មុខ​របរ​បើក​ផ្ទះសំណាក់​ដទៃ​ទៀត​​​ដែរ កុំឱ្យប្រព្រិត្ត​​​តាមដូច​ករណី​ខាងលើជាហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អាជីវកម្ម​របស់ខ្លួន​សន្តិ​សុខ​សង្គម​ ។

​ផ្ទះ​សំណាក់​​ទាំង២​ដែលរង​ ការ​បិទ​​ធ្វើ​អាជី​វកម្ម​ខាងលើយី​ហោ​​​ជេម ​និងសំណាង ដែល​មាន​ទីតាំង​ស្ថិតនៅ​​ភូមិ​ត្រពាំង​​​ឈូក ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។ លោកចេង មុន្នី​រ៉ា និងលោក​ជា ​ខេមា អភិ​បាល​រង​ខណ្ឌ​សែន​សុខ​​ និង​ក្រឡា​បញ្ជី​នៃ​​សាលា​ដំបូង​​រាជ​ធានី​​​បាន​ដឹក​នាំ​កំលាំង​​មាន​​សមត្ថកិច្ច​​ និងមានការ​ចូល​រួម​ដោយ​លោក​​ចៅ​សង្កាត់​ទឹកថ្លា ​តាមអំណាច​ដីកា​លេខ​២២៨៧ កក្រ ចុះ​ថ្ងៃ​ទី២៥ កុម្ភៈ ដោយចៅ​ក្រម​យូ ប៊ុណ្ណា ។

​យោ​ង​តាម​ប្រភព​ព័ត៌​មាន​ពី​អាជ្ញា​ធរ​បាន​ឱ្យ​ដឹង​ថា ផ្ទះសំណាក់​ទាំងពីរ​ខាងលើ ត្រូវបាន​បិទធ្វើអាជីវកម្ម​រហូត​ដល់​តុលាការ​មាន​ការ​អនុ​ញ្ញាត​​​ឱ្យ​ធ្វើ​អាជីវកម្ម​ឡើងវិញ ​ហើយ​ក៏​ត្រូវ​​​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​​អាជីវកម្ម​ឡើង​វិញ​​ពី​អាជ្ញា​ធរ​​ខណ្ឌ​ផងដែរ ។

គួរ​បញ្ជាក់​​ថា ផ្ទះ​សំណាក់ជេម និង​ផ្ទះ​សំណាក់​សំណាង​ត្រូវ​បាន​សមត្ថ​កិច្ច​ឆ្មក់ចូល និង​ចាប់​បាន​ជន​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន​១២​នាក់ ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ផ្ទះ​​​សំណាក់​នោះ​ដែរ ដែលមកដល់ពេលនេះ តុលាការ​​បាន​ចេញ​ដីកា​ឱ្យ​ឃុំ​ខ្លួននៅពន្ធ​នាគារ​​ព្រៃស ។ នេះ​ជា​មេ​រៀន​ដល់អ្នកដទៃ​ដែល​មានអាជីវកម្ម​​បើក​ផ្ទះសំណាក់​គួរ​ចៀស​ឱ្យផុត​ គេច​ឱ្យ​ឆ្ងាយ​ពីសកម្ម​ភាព​អសន្តិ​សុខ​​សង្គម​នេះ​ ទើប​បានសុខ ៕

ត្រាក់ទ័រភ្ជួរស្រែកិនមីនតោន ផ្ទុះញ័រដីខូចស្ទើរតែទាំងស្រុង សំណាងអ្នកបើកបររបួសស្រាល

Posted: 27 Feb 2011 06:31 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ត្រាក់​ទ័រមួយ​គ្រឿង​បាន​ជាន់​មីន​តោន​ផ្ទុះ​បណ្តាល​ឱ្យ​​ដាច់​កង់​ក្រោយ​ម្ខាង​ ចំណែក​ម៉ា​ស៊ីន​រង​​ការ​ប្រេះ​ស្រាំខូច​ខ្ទេច​ខ្ទី​​ ខណៈ​ពេល​កំពុង​ភ្ជួរ​ស្រែ​ ចំណែក​ឯ​អ្នក​បើក​បរ​គ្រាន់​តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ​។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ចំណុច​វាល​ស្រែ​ប៉ោយ​ស្នាល​ខាង​ត្បូង​ ឃុំ​សំរោង​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

តាម​របាយ​ការណ៍​​របស់​លោក​វរ​សេនីយ៍​ត្រី​ស ឆុង​ អធិការ​នគរ​បាល​ស្រុក​អូរ​ជ្រៅ​ឱ្យ​ដឹង​ថា ម្ចាស់​ត្រាក់​ទ័រ​​ឈ្មោះ​ខាត់​ សារ៉ាន់ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​គោ​ដាន​ សង្កាត់​​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ ចំណែក​ឯ​អ្នក​បើក​បរ​ត្រាក់​ទ័រ​ឈ្មោះ​លឿយ​ ពន្លក​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់​នៅ ​ភូមិ​កណ្តាល​ ឃុំ​សំរោង​ ស្រុក​អូរ​ជ្រៅ​ ​។

របាយ​ការណ៍​បញ្ជាក់​ទៀត​ថា អ្នក​បើក​បរ​ត្រាក់​ទ័រ​បាន​ទៅ​ភ្ជួរ​ស្រែ​របស់​​ឈ្មោះ​រី​ សារ៉េត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​កណ្តាល​ ហើយ​​បាន​ជាន់​មីន​តោន​​បណ្តាល​ឱ្យ​ផ្ទុះ​ខូច​កង់​ត្រាក់​ទ័រ​ខាង​ក្រោយ​ផ្នែក​ខាង​ឆ្វេង​ និង​អំបែង​ត្រូវ​ម៉ាស៊ីន​ប្រេះ​ចំនួន​៣​កន្លែង​ ។ ចំណែក​អ្នក​បើកបរនោះ​​មិន​រង​គ្រោះ​ដល់​ជីវិត​ទេ គ្រាន់​តែ​របួស​ស្រាល​ប៉ុណ្ណោះ​។

លោក​ស ឆុង​ បន្ត​ទៀត​ថា បើ​តាម​​ម្ចាស់​ស្រែ​​ប្រាប់​សមត្ថ​កិច្ច​ថា ស្រែ​នេះ​គឺ​​បាន​ធ្វើ​តាំង​តែ​ពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​ មាន​រយៈ​ពេល​១៤​ឆ្នាំ​មក​ហើយ​ពុំ​ដែល​មានបញ្ហា​​អ្វី​ទេ ទើប​តែឆ្នាំ​នេះ​ពេល​ភ្ជួរ​ស្រាប់​តែ​ប៉ះ​មីន​តោនតែ​ម្តង​។
លោក​អធិការបញ្ជាក់​ថា ​នៅ​តំបន់​នោះ គឺ​ជា​អតីត​សមរ​ភូមិ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុក​រវាង​កង​ទ័ព​របស់​រាជ​រដ្ឋា​ភិ​បាល​ និង​កង​ទ័ព​ខ្មែរ​ក្រហម​។ ចំពោះ​គ្រាប់​មីន​តោន​នោះ​គឺ​ជា​គ្រាប់​សំណល់​ពី​សម័យ​សង្គ្រាម​ ៕

កម្មការិនី​ដួលសន្លប់​​៧​នាក់​នៅបន្ទប់​ជួល​ផ្អើល​ទាំង​យប់​​អាច​បណ្តាល​​មកពី​​ហូប​ចុក​មិនគ្រប់​គ្រាន់

Posted: 27 Feb 2011 06:29 PM PST

កម្មការិនី​រោងចក្រ​​កាត់​ដេរ​​៧​នាក់​ត្រូវ​បាន​បញ្ជូនទៅកាន់​មន្ទីរ​ព្យា​បាល​​ឯក​ជន

រាជធានីភ្នំពេញ ៖ ​កម្មការិនី​រោងចក្រ​​កាត់​ដេរ​​៧​នាក់ ក្រោយ​​សម្រាក​​ពីការងារ​ហៀប​ចូល​​ដេក​ទៅហើយ ​ក៏កើត​​អាការ​​ខ្សោយ​​ដួល​សន្លប់​​​ជា​បន្ត​បន្ទាប់ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​ ហើយ​ត្រូវ​បាន​បញ្ជូនទៅកាន់​មន្ទីរ​ព្យា​បាល​​ឯក​ជន ដើម្បី​​សង្គ្រោះ​​ពួកគេ​​​កាលពី​វេលាម៉ោង​​៩​និង​​១០​នាទី​​ថ្ងៃទី​​២៧ កុម្ភៈ ២០១១ នៅ​ភូមិ​​ត្រពាំង​គល់ សង្កាត់​​កន្ទោក ​ខណ្ឌ​ដង្កោ ។​

កម្មការិនី​ទាំង​៧​នាក់​​នេះ រួមមាន ១-​ឈ្មោះ​​ប៊ុន សុខគា អាយុ​​២៥​ឆ្នាំ ២-​​ឈ្មោះគឹម ​លក្ខិ​ណា អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ​​អៀង ផាន្នី អាយុ​​២០​ឆ្នាំ ​​៤-​ឈ្មោះ​​អៀង ផាន់ណា អាយុ​​​១៨​ឆ្នាំ ៥-​​ឈ្មោះ​​ជឹម ​ធានី អាយុ​​១៨​ឆ្នាំ ​៦-​ឈ្មោះ​​យៀក ម៉ៃ អាយុ​​១៨​ឆ្នាំ ​និង​៧-​ឈ្មោះ​ហួ ​ចានីនី ​អាយុ​​១៨​ឆ្នាំ​...​អ្នកទាំង​នេះ​​ជួល​បន្ទប់​​​ស្នាក់នៅ​​​ក្បែរៗ​គ្នា​ក្នុង​ប្លុក​តែ​​មួយ ហើយ​ភ្លាមៗ​នោះ​ត្រូវ​បានគេ​​បញ្ជូន​​ទៅកាន់​មន្ទីរ​​ពហុព្យាបាល​​ និង​សម្ភព​​ចោម​ចៅ​​ដើម្បីសង្គ្រោះ ។ ​តាមព័ត៌​មាន​ពី​កន្លែង​​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ក្រុម​កម្មការិនី​​ទាំង​នេះ មាន​អាការ​​​​វិល​មុខ ងងឹត​មុខ និង​​តឹង​ទ្រូងអាច​​ថា ពួក​គេ​​ហូប​ចុក​មិនគ្រប់​​គ្រាន់​បណ្តាល​ឱ្យ​​ខ្សោយ​...​មុនដំបូង​មាន​នារី​តែ​ម្នាក់ប៉ុណ្ណោះដួល​សន្លប់ ហើយ​​អ្នក​​នៅ​​ក្បែរនោះ​បាន​​មក​​ជួយ​ធ្វើ​ចលនា​ ស្រាប់តែ​​ពួកគេ​​ដួលបន្ត​បន្ទាប់​រហូត​ដល់​​​៧​នាក់​តែ​ម្តង ។ ព័ត៌​មានលម្អិត​នឹង​ផ្សាយជូននៅពេល​ក្រោយ​ និងនៅ​លើទំព័រ​កាសែតកោះសន្តិភាព.

ចោរ​ប្រដាប់​អាវុធ​សម្រុក​ចូល​ប្លន់​ផ្ទះ​អ្នក​លក់​មាស​និង​ប្តូរ​ប្រាក់​បាញ់រះ​១៨​គ្រាប់

Posted: 27 Feb 2011 06:20 PM PST

ទិដ្ឋភាពទូតាំងមាសជាគ្រឿងអលង្ការក្នុងផ្ទះដែលចោរចូលប្លន់
ការឆោឡោភ្ញាក់ផ្អើលក្រោយអំពើប្លន់
ចំណែកម៉ូតូ២គ្រឿងនេះជារបស់ចោរ
អ្នករងគ្រោះស្ថិតក្នុងមន្ទីរពេទ្យ

ខេត្ត​កំពង់​ឆ្នាំង​ ៖ ចោរ​ប្លន់​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល​៨​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ស្ទើរ​គ្រប់​ដៃ​ បាន​សម្រុក​ចូល​ប្លន់​ផ្ទះ​លក់​មាស​ និង​ប្តូរ​ប្រាក់​មួយ​កន្លែង​ស្ថិត​នៅ​បរិ​វេណ​ផ្សារ​​ពង្រ​ក្នុង​ភូមិ​ថ្មី​ ឃុំ​ពង្រ ស្រុក​បរិ​បូរណ៍ ដោយ​យក​បាន​មាស​ និង​ប្រាក់​ជា​ច្រើន​ពាន់​ដុល្លារ​ រួច​ហើយ​គេ​ច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។ ហេតុ​ការណ៍​ដែល​មិន​ធ្លាប់​កើត​មាន​នា​ដើម​ឆ្នាំ​២០១១​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ នៅ​ខេត្ត​កំពង់​ឆ្នាំង។

​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ​មនុស្ស​៤​នាក់​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ផង​ដែរ​ដែល​ម្ចាស់​ផ្ទះ​ខាង​លើ​មាន​ឈ្មោះ​ឈួ លាង​ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​គា មួយ​គា អាយុ​៣២​ឆ្នាំ ។ ទាំង​ពីរ​នាក់​បាន​រង​របួស​ដោយ​ចោរ​យក​កៅ​អី​វាយ​ក្បាល​បណ្តាល​ឱ្យ​បែក​យ៉ាងដំណំ​។ ចំណែក​យុវ​ជន​ពីរ​នាក់​ផ្សេង​ទៀត​ មិន​មែន​ជា​សាច់​ញាតិ​ជាមួយ​ជន​រង​គ្រោះ​ខាង​លើ​ទេ តែ​ជា​អ្នក​ធ្វើ​ដំណើរ​​ ក៏​បាន​រងរ​បួស​ដោយ​គ្រាប់​កាំ​ភ្លើង​ចោរ​ផង​ដែរ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ឱ គឹម​សួ អាយុ​២៤​ឆ្នាំ បាន​រង​របួសស្មា​ខាង​ស្តាំ​ធ្លាយ​ទៅ​ក្រោយ​ និង​ត្រូវ​ក្រោម​កំភួន​ជើង​ខាង​ស្តាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ីវ​ វាសនា អាយុ​២២​ឆ្នាំ​ បាន​រង​របួស​ត្រូវ​ប្រអប់​ដៃ​ស្តាំ​ និង​ចំ​ភ្លៅ​ស្តាំ​មួយ​គ្រាប់​។ ទាំង​ពីរ​នាក់​ត្រូវ​បាន​ដឹក​ទៅ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ភ្លាមៗ​ដែរ ។

យោ​ង​តាម​របាយ​ការណ៍​​របស់​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ​ បាន​ឱ្យ​ដឹង​​ថា ទ្រព្យ​សម្បត្តិ​ដែល​ចោរ​ប្លន់​បាននោះ​មាន​មាស​ចំនួន​១០តម្លឹង​ លុយ​១០​លាន​រៀល​ កាត​ទូរ​ស័ព្ទ​​ចំនួន​១.០០០​ដុល្លារ​ និង​ទូរ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​។
លោក​ជឹម ប៊ុន​ធឿន នាយ​ការិយាល័យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​បាន​និយាយ​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ខាង​លើ​មាន​មុខ​របរ​លក់​មាស​ ប្តូរ​ប្រាក់​ និង​លក់​កាត​ទូរ​ស័ព្ទ​។ លោក​បាន​បន្ត​ថា ក្រុម​ចោរ​មាន​គ្នា​ប្រមាណ​៨​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​សង់​កូរ៉េ​ មួយ​គ្រឿង​ និង​ម៉ាក​ស៊ុយ​ហ្សុ៊​យ​គី​វ៉ាន់ដឺ​ឡាវមួយ​គ្រឿង​​បាន​មក​ឈប់​មុខ​ផ្ទះលក់​មាស​ហើយ​សម្រុក​ចូល​ទៅ​ប្លន់​តែ​ម្តង ។ ​ពួក​ចោរ​បាន​វាយ​បំបែក​កញ្ចក់ទូ​លក់​មាស និង​ប្រមូល​យក​មាស​ ប្រាក់​ និង​កាត​ទូរ​ស័ព្ទ​ទាំង​អស់​​រួច​ហើយ​នាំ​គ្នា​រត់​ចេញ​មក​វិញ​។ ខណៈ​ដែល​ចោរ​សម្រុក​ចេញ​នោះ​ គាប់​ជួន​​មាន​យុវ​ជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មក​ដល់ ​ស្រប​ពេល​អ្នក​ជិត​ខាង​ជួយ​​ស្រែក​ថា​ចោរ​ប្លន់​ទើប​ពួក​ចោរ​បាញ់​រះ​ជា​ច្រើន​គ្រាប់​ ដើម្បី​គំរាម​ និង​បើក​ផ្លូវ​បណ្តាល​ឱ្យ​ត្រូវ​យុវ​ជន​ទាំង​២​រូប​ដែល​អត់​ដឹង​រឿង​អ្វី​សោះ​​ហើយ​ពួក​ចោរ​បាន​សម្រុក​រត់​ចោល​ម៉ូតូ​ទាំង​២​គ្រឿង​គេច​ខ្លួន​​ចូល​ព្រៃ​បាត់​ទៅ ។ នៅ​កន្លែង​កើត​ហេតុ​ពួក​ចោរបាន​បន្សល់​ទុក​ម៉ូតូ​​ពីរ​គ្រឿង​។ ប៉ូលិស​បាន​រក​ឃើញ​សំបក​​គ្រាប់​អាកា​៤៧​ចំនួន​១៨​គ្រាប់​។ លោក​បន្ត​ថា តាម​ការ​ពិនិត្យ​សំបក​គ្រាប់​ ​ក្រុម​ចោរ​បាន​ប្រើ​ប្រាស់​កាំ​ភ្លើង​អាកា​ចំនួន​៦​ដើម និង​កាំ​ភ្លើង​ខ្លី​មួយ​ដើម​។ 

​តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ព្រៃ​ដែល​ចោរ​រត់ឆ្លង​កាត់​ទៅ នោះ​ធំ​ណាស់ ​ឈ្មោះ​ព្រៃ​ស្តុក​កប្បាស​។ សមត្ថ​កិច្ច​ប៉ូលិស​ខេត្ត​​និយាយ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ កុម្ភៈ ប៉ូលិស​កំពុង​តាម​មុខ​សញ្ញា​ក្រុម​ចោរ​នេះ​យ៉ាងសកម្ម ​ដោយ​តាម​​ដាន​​មុខ​សញ្ញា​រយៈ​ពេល​២​យប់​២​ថ្ងៃ​ ហើយ​និយាយ​ថា បាន​កំណត់​មុខ​សញ្ញាបាន​ខ្លះ​​ហើយ​ តាម​រយៈ​ម៉ូតូ​ដែល​បន្សល់​ទុកនេះអាចនឹង​រកអត្តសញ្ញាណក្រុមចោរឃើញ ៕    

កម្មករសំណង់បង្កជម្លោះជាមួយប៉ូលិសរហូតផ្ទុះអាវុធ

Posted: 27 Feb 2011 06:13 PM PST

ការនាំខ្លួនក្រុមអ្នកបង្កហេតុទៅអធិការដ្ឋាន
មន្ត្រីប៉ូលិសក្រសួងស្លៀកពាក់ស៊ីវិលរបួសខ្នង
ការចាប់ប្រទាញកម្មករចូលរថយន្ត

ក្រុង​ប៉ោយ​ប៉ែត ៖ ជម្លោះ​២បាន​ផ្ទុះ​ឡើង​ផ្ទួន​ៗ​​គ្នា ក្នុង​ភូមិ​តែ​មួយ​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ កុម្ភៈ ​នៅ​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ដោយ​ភាគី​បង្ក​ជា​ក្រុម​កម្ម​ករ​សំណង់ ។ តាម​ប្រភព​​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ជម្លោះ​ដំបូង​គឺ​ការ​វាយ​ទៅ​លើ​អ្នក​អង្គុយ​ហូប​បង្អែម​ដែល​ពុំ​ដឹង​ពី​មូល​ហេតុ រីឯ​ជម្លោះ​លើក​ទី​២​គឺ​ក្រុម​ដដែល​នេះ​បាន​លើក​គ្នា​​ទៅ​វាយ និង​គប់​សមត្ថ​កិច្ច​​ប៉ូលិស​ ថែម​ទាំង​យក​ម៉ូតូ​ទៀត។ ដោយ​សារ​ស្ថាន​ការណ៍​មិន​អាច​ទប់​ទល់​​បាន​​ សមត្ថ​កិច្ច​ក៏​បាញ់​ឡើង​លើ​២​គ្រាប់​ដើម្បី​ការ​ពារ​ខ្លួន ព្រោះ​តែ​ការ​ទៅ​សួរ​នាំ​រក​ហេតុ​ផល​រឿង​វាយ​អ្នក​ហូប​បង្អែម​ បែរ​ជា​ក្រុម​នេះ​​​បង្ក​ជម្លោះ​ជា​មួយ​ប៉ូលិស។ ទោះ​បី​ជា​បែប​ណាក្តី​ កម្ម​ករ​ម្នាក់​ផ្សេង​ទៀត​ត្រូវ​​ប៉ូលិស​វាយ​ខ្នោះ​ទាំង​យប់ ព្រោះ​តែ​យក​កាម៉េរ៉ា​ថតប៉ូលិស​ក្នុង​ពេល​បំពេញ​ការ​ងារ។

ខណៈ​សមត្ថ​កិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​ទៅ​បំពេញ​ការងារ ​ឃើញ​កម្ម​ករ​ម្នាក់​ក្នុង​ចំណោម​កម្ម​ករ​សំណង់​ជា​ច្រើន​នាក់​នៅ​កន្លែង​កើត​ហេតុ​​យក​កាមេរ៉ា​តាម​ថត​ប៉ូលិស។ ពេល​ប៉ូលិស​​សួរ​នាំ​​ជន​នោះ​បែរ​ជា​​ធ្វើ​ចរិត​ក្រអឺត​ក្រទម​រហូត​ប៉ូលិស​​ចាប់​ដាក់​រថយន្ត​តែ​ម្តង។ ក្រុម​កម្ម​ករ​សំណង់​ទាំង​នេះ​​ជា​អ្នក​សាង​សង់​លំនៅ​ឋាន​​ដ៏​ធំ​មួយ​ឱ្យ​គ្រួសារ​លោក​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែត។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថ​កិច្ច​ប៉ូលិស​​​ថា ពេល​ប៉ូលិស​២​នាក់ជិះ​ម៉ូតូ​​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​៣​នាក់​​ត្រូវ​គេ​ចោម​រោម​សួរ​នាំ និង​និយាយ​​ថា ពួក​​គេ​ត្រូវ​ជន​មួយ​ក្រុម​​ព្រួត​វាយ​ពេល​កំពុង​ហូប​បង្អែម ដោយ​គ្មាន​មូល​ហេតុ។ ​ក្រោយ​​ស្តាប់​ហេតុ​ផល​ពី​ជន​រង​គ្រោះ​រួច ​ប៉ូលិស​ជិះ​ម៉ូតូ​​ទៅ​ស្នាក់​ការ ​ហើយ​ពេល​​ទៅ​ដល់​ជិត​ស្នាក់​ការ​​ឃើញ​ក្រុម​កម្ម​ករ​​ដែល​សង្ស័យ​​ជា​អ្នក​បង្ក​ហេតុ​ក៏​សួរ​នាំ​។ ​គ្រាន់​តែ​​សួរ​នាំ​​ភ្លាម​ស្រាប់​តែ​ពួក​គេ​ស្ទុះ​​វាយ​ និង​យក​ដុំ​ឥដ្ឋ​គប់​​ធ្វើ​ឱ្យ​ប៉ូលិស​ម្នាក់​របួស​ខ្នង​រហូត​រហែក​អាវ។ ​ដោយ​ក្រុម​ជន​បង្ក​នៅ​តែ​បន្ត​ព្រួត​គ្នា​តាម​វាយ​ និង​គប់​មក​លើ ពួក​លោក​​ជា​ប៉ូលិស​ក៏​ផ្ទុះ​អាវុធ​២​គ្រាប់​ឡើង​លើ​ដើម្បី​ការ​ពារ​​ខ្លួន។ ពេល​នោះ​ហើយ​ទើប​ក្រុម​កម្ម​ករ​ដឹង​ថា ពួក​លោក​ជា​សមត្ថ​កិច្ច។

ក្នុង​ហេតុ​ការណ៍​ជម្លោះ​នោះ​​ម៉ូតូ​ម៉ាកស្មាស់​ របស់​ប៉ូលិស​ក្រសួង​​ដែល​ប្រចាំ​ការ​នៅ​ប៉ោយ​ប៉ែត​ត្រូវ​​ក្រុម​កម្ម​ករ​ទំនើង​មួយ​ក្រុម​នោះ​ដណ្តើម​យក​​ទៅ​ទុក​នៅ​ក្នុង​ការ​ដ្ឋាន​​ដែល​ពួក​គេ​ធ្វើ​ការ។ ក្រោយ​ជម្លោះ​ស្ងប់​ស្ងាត់​ និង​ក្រោយ​ពី​កម្ម​ករ​ម្នាក់​ដែល​មាន​កាមេរ៉ា​ដើរ​ថត​ប៉ូលិស​​ត្រូវ​បាន​ឃាត់​ខ្លួននោះ ក្រុម​កម្ម​ករ​ផ្សេង​ទៀត​ចំនួន​៥​នាក់​ក៏​ត្រូវ​​ប៉ូលិស​​ហៅ​ឱ្យ​ឡើង​រថយន្ត​នាំ​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ដែរ។ មន្ត្រី​ប៉ូលិស​និយាយ​ថា ​កម្ម​ករ​មួយ​ក្រុម​នេះ​នៅ​ពេល​សមត្ថ​កិច្ចបំពេញ​ ការ​​ងារ​ពួក​គេ​​មាន​ចរិត​ក្រអឺត​ក្រទម​ចង់​ដំឡើង​សាច់​ដុំ​ដាក់​ប៉ូលិស​ទៀត​ផង ទំនង​ជា​គេ​អាង​បុគ្គល​ណា​នៅ​ពី​ក្រោយ​ខ្នង​ហើយ​មើល​ទៅ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​កម្ម​ករ​ទំនើង​ព្រួត​វាយ​ពុំ​ដឹង​មូល​ហេតុ​នោះ​ត្រូវ​​សមត្ថ​កិច្ច​ក្រសួង​​ស្រាវ​ជ្រាវ​រក​ឃើញ​ហើយ​ពេល​​នាំ​ទៅ​ដល់​អធិ​ការ​ដ្ឋាន​ក្រុង ​បាន​ចង្អុល​បង្ហាញ​ពី​ក្រុម​កម្ម​​ករ​ទំនើង​ដែល​វាយ​ពួក​គេ។ ភាគី​រង​គ្រោះ​ក្នុង​ជម្លោះ​ទី១ មាន​ចំនួន​៣​នាក់ ១-​ឈ្មោះ​យឹម ហើម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ, ២-​ឈ្មោះ​រ័ក្ស អ៊ុន​តាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះជួន ខ្លឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៣​​នាក់​​នេះ​រស់​នៅ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ និង​២​នាក់​ទៀត​រស់​នៅ​ភូមិ​ក្បាល​ស្ពាន ចំណុច​ក្បាល​កោះ។ ដោយ​ឡែក​ឈ្មោះ​ខ្លឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ សមត្ថ​កិច្ច​ពុំ​ទាន់​​រក​ឃើញ​​ទេ ព្រោះ​គេ​រវល់​ទៅ​ផ្សារ​រុង​ក្លឿ។ ទោះ​បី​ជា​បែប​ណាក្តី ភាគី​កម្ម​ករ​ទំនើង​ពុំ​ទាន់​​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ដោយ​ប៉ូលិស​ប្រាប់​ថា កំពុង​​សួរ​នាំ៕             

នាងប្រពន្ធនិងកូនតាមអង្វរលោកប្តីមានស្រីថ្មីវង្វេងផ្ទះ

Posted: 27 Feb 2011 06:08 PM PST

ស្ត្រីជាប្រពន្ធនិងកូនអង្គុយរៀបរាប់ប្រាប់កោះសន្តិភាព
រូបថតអនុស្សាវរីយ៍ថ្ងៃរៀបការ ពេលនេះក្លាយជាស្រមោលទៅហើយ

រាជធានីភ្នំពេញ ៖ ដោយសារ​តែ​ខឹង​ប្ដី​ចុះ​ចោលផ្ទះ​ទៅ​មាន​ស្រី​ថ្មី​មិន​អើពើ​ជួយ​ចិញ្ចឹម​កូន​នៅ​តូច​ៗ ស្ដ្រី​ជា​ប្រពន្ធ​បានសំរេចចិត្ដ​នាំ​កូនស្រី​ទាំង​បី​នាក់​ទៅ​ដល់​ផ្ទះ​ស្រី​ថ្មី​របស់​ប្ដី ដើម្បី​ទាម​ទារ​​ឱ្យ​ប្ដី​ជួយ​ចិញ្ចឹម​កូន​ផង ។ ហេតុការណ៍​នេះ​បានកើតឡើង​កាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ជិត​ផ្សារ​សឡា ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

​ទាក់​ទិន​នឹង​រឿង​រ៉ាវ​នេះ ត្រូវ​បាន​​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ស្ដ្រី​ម្នាក់​បាន​នាំ​កូន​ស្រី​៣​នាក់​រួម​ជាមួយ​ប្អូនស្រី​ជិះ​ម៉ូតូ​មក​ឈប់​នៅ​មុខ​ផ្ទះ​ជួល​មួយ​ជិត​ផ្សារសឡា ដោយ​​ស្រែក​ខ្លាំង​ៗ​ថា បងប្អូន​អើយ​​ជួយ​​មើលចុះ ខ្ញុំ​ជា​ប្រពន្ធ​បុរស​នៅផ្ទះ​នេះ​ម្នាក់​ដែរ ថែម​ទាំង​មាន​កូន​ស្រី​៣​នាក់​ជាសាក្សី តែ​បុរស​ម្នាក់​នេះ​មិន​ដែល​ទៅ​ផ្ទះ​និង​ផ្ដល់​ប្រាក់​ជួយ​ចិញ្ចឹម​កូន​ទេ» ។ បន្ទាប់​ពី​ឮ​សម្លេង​ស្រែក​ដូច្នេះ អ្នក​នៅ​ជិតខាង ក៏​ផ្អើល​មក​មើល​ស្ដ្រី​រូប​នោះ ចំណែក​ផ្ទះ​ដែល​នាង​ចោទ​ថា​ ប្ដី​របស់​នាងនៅក្នុងនោះ​​មាន​ស្ដ្រី​វ័យ​ចំណាស់​ពីរ​នាក់​ចេញ​មក​ជេរប្រទេច និង​កាន់​កាំបិតប៉័ងតោ​គំរាមរ​កកាប់​ ។ នាង​បាន​ប្រាប់​ថា​ នាង​ជាប្រពន្ធ​បុរស​នៅផ្ទះ​នេះ រំពេច​នោះ​ស្ដ្រី​ម្នាក់​បាន​ស្រែក ហៅ​បុរស​ជា​ប្ដី​ឱ្យ​ចេញ​មក ពេល​ប្ដី​ចេញ​មក​បាន​រករឿង​ស្ដ្រី​ដែល​ប្រកាស​ថា​ ខ្លួន​ជា​ប្រពន្ធ​ហើយ​លើកដៃ​ប្រុង​វាយ តែ​ត្រូវប្អូនស្រី​របស់​ស្ដ្រី​​ដែល​អះ​អាង​ថា ជា​ប្រពន្ធ​លើក​ទូរស័ព្ទ​ថតរូប ទើប​បុរស​ជា​ប្ដី​ដាក់​​ដៃ​ចុះ​វិញ ។

បន្ទាប់​មក​ស្ដ្រី​ចំណាស់​ជា​ម្ចាស់ផ្ទះ​បាន​ស្រែក​ដេញ​បុរស​ដែល​នាង​​អះអាង​ថា​ ជា​ប្ដី​ឱ្យ​ចេញពី​ផ្ទះ​ហើយ​ឈប់​ឱ្យត្រឡប់​មក​ទៀត ។ បុរស​នោះ​ក៏​បើករថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ២​D​៦០៨៤ ចេញពីផ្ទះនោះទៅ​បាត់ ឯនាង​​ដែល​អះ​អាងជា​ប្រពន្ធនោះ​ក៏​ត្រឡប់​ទៅវិញដែរ ។ លុះ​ថ្ងៃ​ទី​២៥ កុម្ភៈ នាង​ដែល​អះអាង​ថា ខ្លួន​ជា​ប្រពន្ធ​នោះ​បាន​នាំ​កូន​ពីរ​នាក់​ទៅ​មើល​ផ្ទះ​នោះ​ទៀត ពេល​ទៅ​ដល់ឃើញ​រថយន្ដ​របស់​ប្ដី​ចត​នៅផ្ទះ​នោះ​ដដែល ។ ពេល​នោះនាង​ជិះ​ម៉ូតូ​មក​ឈប់​មុខ​ផ្ទះ ហើយមិន​ទាន់​ចុះ​ពីលើ​ម៉ូតូ​ផង ស្រាប់​តែស្ដ្រី​ចំណាស់​ពីរ​នាក់​ដដែល​នោះ​បាន​ចោល​​ពែងតែ​និង​ប៉ាន់តែ​មក​លើ​ក្បាល​នាង​ត្រូវ​មួក​ការ​ពារ​សុវត្ថិភាព តែមិនបង្ក​​ឱ្យមាន​គ្រោះ​ថ្នាក់​​ឡើយ ។ រំពេច​នោះ​ក៏មាន​អ្នក​យក​ព័ត៌មាន​ពីរ​រូប​បំរុង​ចូល​ទៅ​ថតរូប​ភាព ក៏ត្រូវ​ស្ដ្រី​ទាំង​ពីរ​នាក់​នោះ​កាន់​ព្រនង់​រកវាយ​រួច​ដេញ​ចេញរត់​បាតជើង​ស​ព្រាត​មិន​ឱ្យ​ថតរូប​ទេ ។

តាម​ការ​រៀបរាប់​ពី​ស្ដ្រី​ដែល​អះអាង​ថា ​ជា​ប្រពន្ធ​នោះ​បានឱ្យ​ដឹង​ថា នាងឈ្មោះហេង ប៊ុ​ន​ណា អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មានកូន​បី​នាក់​​សុទ្ធតែ​ស្រី ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះអ៊ុ​ន សុខ​ជា អាយុ​៣៧​ឆ្នាំ ជា​បុគ្គលិក​ទស្ស​នា​វ​ដ្តីមួយ ហើយ​លួច​មក​មាន​ស្រី​ស្នេហ៍​ថ្មី​នៅ​ជិត​ផ្សារ​សឡា សង្កាត់​ស្ទឹង​មាន​ជ័យ ។ ស្ដ្រី​ជា​ប្រពន្ធដើម​បាន​រៀបរាប់​ថា នាង​មានស្រុក​កំណើត​នៅ​ភូមិ​ជប់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​រៀប​ការ​ជាមួយ​ឈ្មោះអ៊ុ​ន សុខ​ជា តាំងពី​ថ្ងៃ​ទី​១៧ មករា ឆ្នាំ​១៩៩៧ មក​ម្ល៉េះ ដោយ​កាល​ណោះ​នាង​ជា​បុគ្គលិកក្រុមហ៊ុនចំការកៅស៊ូ ចំណែក​ប្ដី​របស់​នាង​គ្មាន​ការងារ​ធ្វើ​ទេ ។ ​ក្រោយ​មក​នាង​ធ្វើការ​បាន​ប្រាក់ខែ​សន្សំ​ទិញ​ម៉ូតូ​ឱ្យ​ប្ដី​
រត់​ម៉ូតូឌុប ។ នៅឆ្នាំ​២០០០ នាង​មានកូន​ស្រី​ម្នាក់​ ហើយបងស្រី​របស់​នាង​ហៅ​ឱ្យមក​រស់នៅ​​ភ្នំពេញ ពេល​នោះ​នាង​ក៏​សុំ​ក្រុមហ៊ុន​ផ្ទេរ​ឈ្មោះ នាង​ឱ្យ​ប្ដី​នាង​ធ្វើការ​ជំនួស​វិញ ដោយ​នាង​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​បងស្រី​តែ​ម្នាក់ឯង​ទេ ។ ​ការមក​នៅ​ជាមួយ​បងស្រីជួយ​លក់​អីវ៉ា​ន់​គាត់​នៅ​ផ្សារ ក្រោយមក​នាង​ទិញ​បាន​តូប​លក់​អី​វ៉ា​ន់​ខ្លួនឯង​ក៏​ហៅ​ប្ដី​និង​កូន​មក​ជួល​ផ្ទះ​គេ​នៅ​ភ្នំពេញ ។

ការ​មក​រស់នៅ​ភ្នំពេញ​ជុំ​គ្នា​ នាង​ទៅ​លក់​អី​វ៉ា​ន់​នៅ​ផ្សារ ចំណែក​ប្ដី​គ្មាន​ការងារ​ធ្វើ​ទេ នាង​ក៏​ចេះ​តែ​ស៊ើបសួរ​មិត្ដភក្ដិ​ជួយ​រក​ការងារ​ឱ្យ​ប្ដី​ធ្វើ ប៉ុន្ដែ​ចៃដន្យ​សៀវភៅ​មហា​សំណើច​ចេញ​លក់​មុនគេត្រូវការ​អ្នក​ដើរ​លក់​ស៊ី​ភាគរយពេល​នោះនាង​ក៏​សួរ​ប្ដី​ថា​ទៅ​លក់​ទេ ប្ដី​ក៏​ព្រមទៅ​លក់​សៀវភៅ​នោះ ហើយក្រោយមក​ទៀត​បាន​ចូល​ធ្វើការ​នៅទស្ស​នាវដ្តីមួយផ្នែក​​ចែកចាយ​វិញ​ម្ដង ។ ស្ដ្រី​ជា​ប្រពន្ធ​បាន​បន្ដ​ថា ដោយសារ​ការ​ខំប្រឹង​រកស៊ី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​ទិញ​បាន​ផ្ទះ​មួយនៅ​ភូមិ​ទួលសង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ហើយបន្ទាប់​ពី​ទិញ​ផ្ទះ​​បាន​មក​ប្ដី​នាង​ប្រែជា​មនុស្ស​ថ្មី​ដោយ​ដើរ​មាន​ស្រី​ខាងក្រៅ​រាប់​មិនអស់ ។ ជាក់ស្ដែង​កាល​នាង​ទំងន់​​កូន​ទី​បី​ខ្វះ​តែ​ពីរ​ថ្ងៃមុន​សំរាលនាង​ដឹង​ថា​ ប្ដី​មាន​​ស្រី លុះ​សំរាល​កូន​បាន​៤​ថ្ងៃ​នាង​ក៏​ចេញពីមន្ទីរ​ពេទ្យ ហើយ​ទៅ​ដល់​ផ្ទះ​ស្រី​នោះ​និយាយ​​អង្វរ​ឱ្យ​ឈប់​ទាក់ទង​ប្ដី​នាង​ទៀត​ទៅ ខណៈនោះ​ប្ដី​នាង​ឈប់​ចូល​ផ្ទះ តែ​ក្រោយមក​ដោយសារ​នាង​ចេះ​តែ​លួងលោម​អង្វរ​​ប្ដី​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះ​ក្រោយមក​ប្ដី​ទៅ​មាន​ស្រី​ម្នាក់​ទៀត នាងអង្វរ​ប្ដី​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ប្ដី​និយាយ​ថា​ដាច់ខាត​មិន​មក​វិញ​ទេ នាង​នៅ​តែ​អង្វរ​ដល់​ថ្នាក់​ដាក់​វេន​គ្នា​មួយ​យប់​ដេក​នៅ​ជាមួយ​នាងមួយ​យប់​នៅ​ជា​មួយ​ស្រី​ថ្មី​នោះឱ្យ​តែ​ត្រូវ​វេន​ទៅ​នៅ​ជាមួយ​ស្រី​នោះ​ចុះទោះបី​កូន​ឈឺ​អង្វរ​ឱ្យ​ប្ដី​នៅ​មួយ​យប់​ក៏​គាត់មិន​នៅ​ដែរ ។

ស្ដ្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ទៀតថា សារជាតិ​របស់​ប្ដី​មាន​ស្រី​ដូរ​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ គឺដូរ​រហូត ហើយ​នាងក៏​មិនសូវ​គិតគូរដែរ ពីព្រោះ​​អង្វរ​លួងលោម​ប្ដី​អស់ចិត្ដ​ហើយ ទើបតែ​ខែ​ឧសភា ឆ្នាំ​២០១០ នាង​បានឃើញ​រូប​ថតស្រី​ថ្មី​ម្នាក់​ទៀត ក៏​មានរឿង​ឈ្លោះប្រកែក​គ្នា​ឃាត់​មិន​ឱ្យ​ប្ដី​ចុះ​ចេញពីផ្ទះ​ដោយនាង​យក​​ដែក​ទៅ​ចាក់​កង់​រថយន្ដ​ឱ្យ​ធ្លាយ​កង់​អស់ពីរ តែ​ប្ដី​នៅ​តែ​ទៅ ដដែល ។ ស្អែក​ឡើង​ប្ដី​ត្រឡប់​មក​ផ្ទះ​រើ​យក​អី​វ៉ា​ន់​ចេញ ទោះបី​នាង​អង្វរ​យ៉ាងណា​ក៏​នៅ​តែ​ចេញ​ទៅ​បាត់​រហូត​មិន​ដែលត្រឡប់​មក​ផ្ទះ​វិញ​ទេ សូ​ម្បី​លុយកាក់​ចិញ្ចឹម​កូន​ក៏​មិន​ជួយ​ដែរ ដោយ​គ្រាន់តែ​ជួយ​បង់ថ្លៃ​សាលារៀន​អង់គ្លេស​ឱ្យ​កូន គឺ៣​ខែ​បង់​ម្ដង​ចំនួន​៣០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

នាង​បាន​រៀបរាប់​ទៀត​ថា នាង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាសង្កាត់​ទួល​សង្កែ​ឱ្យ​ប្ដី​ជួយ​ចិញ្ចឹម​កូន ហើយ​ប្ដី​បាន​សន្យាថា ឱ្យ​មួយ​ខែ​២៥​ម៉ឺន​រៀល តែ​មិន​ដែល​ឱ្យ​ទាល់តែ​សោះ ហេតុនេះ​ហើយ​បានជា​នាង​សំរេចចិត្ដ​យក​កូន​ទាំង​បី​នាក់​មក​ឱ្យ​អ្នកជិតខាង​ជួយ​មើល កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ​កន្លង​មកនេះ ។ ប៉ុន្ដែ​នៅ​ពេល​មក​ដល់​ផ្ទះ​ស្រី​ថ្មី​របស់​​ប្ដី​នោះ ប្ដី​និង​ស្រី​ស្នេហ៍​ថ្មីបាន​រត់គេច​ទាល់​តែ​ស្ដ្រី​ជា​បងស្រី​របស់​ស្រី​ស្នេហ៍​ថ្មី​ហៅ​ឱ្យ​ប្ដី​នាង​ចេញ​មក ទើប​ប្ដី​នាង​ចេញ​មក​គំរាម​ថា​ដាច់ខាត​មិនត្រឡប់​ទៅ​វិញ​ទេ ហើយ​គេ​នឹង​ប្ដឹង​លែងលះ​ពី​នាង​រួច​ទាមទារ​ចែកទ្រព្យ​សម្បត្ដិ​ពាក់កណ្ដាល​ជាមួយ​នាង​ទៀត រួច​ប្ដី​ក៏​ជិះរថ​យន្ដ​ចេញពីផ្ទះ​ស្រី​នោះ​ទៅ​បាត់ ។ ដោយសារ​តែ​មិន​អស់ចិត្ដ​ទើប​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ នាង​យក​កូន​មកមើលផ្ទះ​នេះម្ដងទៀត ស្រាប់តែ​ឃើញ​រថយន្ដ​​ប្តីចតនៅផ្ទះ​នេះ​ដដែល តែ​ស្រី​ថ្មី​និង​ប្ដី​របស់​នាង​បាន​ភៀសខ្លួន​ទៅ​ជួលផ្ទះ​ថ្មី​ទៀត​ហើយនៅ​តែ​បងស្រី និង​ម្ដាយ​របស់​ស្រី​នោះ​ប៉ុណ្ណោះ។ ស្ដ្រី​ជា​ប្រពន្ធដើម​បាន​សុំ​អំពាវនាវ​ជួយ​រក​យុត្ដិធម៌​ឱ្យ​នាង​ផង ព្រោះ​នាង​គ្មាន​ប្រាក់​សំរាប់​ប្ដឹងប្ដល់​ទេ រកស៊ី​តែ​ម្នាក់ឯង​ចិញ្ចឹម​កូន​មិន​គ្រប់​ផង ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!