VOA News: ព័ត៌មាន: “សេនានុព័ន្ធយោធាបរទេសនឹងទៅមើលស្ថានភាពក្រោយការប្រយុទ្ធគ្នានៅព្រះវិហារ” plus 5 more |
- សេនានុព័ន្ធយោធាបរទេសនឹងទៅមើលស្ថានភាពក្រោយការប្រយុទ្ធគ្នានៅព្រះវិហារ
- អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមថាដើមបណ្តឹងមិនទទួលបានព័ត៌មានគ្រប់គ្រាន់
- ពិធីបុណ្យខួប១០០ថ្ងៃដ៏ស្ងៀមស្ងាត់រំឭកដល់អ្នកស្លាប់នៅស្ពានកោះពេជ្រ
- តុលាការកំពូលសម្រេចរក្សាទុកការចោទប្រកាន់លោកសមរង្ស៊ី
- មួយសប្តាហ៍ក្រោយពីការយល់ព្រមគ្នាក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមិនទាន់មកនៅឡើយ
- ខ្មែរ-អាមេរិកាំងនៅសាន់ហូស្សេជួបជុំពិភាក្សាទាមទារសំណងផ្លូវចិត្តពីសាលាក្តីខ្មែរក្រហម
សេនានុព័ន្ធយោធាបរទេសនឹងទៅមើលស្ថានភាពក្រោយការប្រយុទ្ធគ្នានៅព្រះវិហារ Posted: 02 Mar 2011 03:09 PM PST ក្រសួងការពារជាតិកម្ពុជាកំពុងរៀបចំដំណើរទស្សនកិច្ចសម្រាប់មន្ត្រីអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាទៅកាន់តំបន់ប្រាសាទព្រះវិហារដើម្បីស្វែងយល់ការណ៍ពិតបន្ទាប់ពីការវាយប្រយុទ្ធគ្នាចុងក្រោយរវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីដើមខែមុនដែលបានស្លាប់មនុស្សយ៉ាងតិច១០នាក់និងជនភៀសសឹកច្រើនរាប់ពាន់គ្រួសារនៃប្រទេសទាំងពីរ។ មន្ត្រីយោធាផ្លូវការកម្ពុជាបាននិយាយនៅថ្ងៃពុធនេះថាមន្ត្រីអនុព័ន្ធយោធាអមស្ថានទូតបរទេសចំនួន១៩រូបប្រចាំនៅទីក្រុងភ្នំពេញនឹងបានឃើញការខូចខាតប្រាង្គប្រាសាទព្រះវិហារដែលកងទ័ពថៃបានបាញ់គ្រាប់កាំភ្លើងផ្លោងដាក់នៅក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារកាលពីខែមុន។ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ ត្រូវបានបាក់បែកដោយ ការបាញ់គ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពថៃ។ ដោយសារការបាញ់ផ្លោងនេះ ប្រទេសកម្ពុជាបានសរសេរលិខិតទៅប្តឹងអង្គការ UNESCO ដើម្បីថ្កោលទោសចំពោះការបង្កឱ្យខូចខាតប្រាង្គប្រាសាទព្រះវិហារដោយគ្រាប់កាំភ្លើងធំរបស់កងទ័ពថៃ។ លោក កាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបទេសថៃបានឆ្លើយបដិសេធដោយសរសេរលិខិតទៅអង្គការសហប្រជាជាតិចោទប្រកាន់ថាប្រទេសកម្ពុជាបានយកតំបន់នោះធ្វើជាទីតាំងទ័ពដែលបានធ្វើឱ្យប្រាសាទទទួលរងការខូចខាត។ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងប្រាប់វីអូអេថា ក្រសួងការពារជាតិនឹងដឹកនាំគណៈប្រតិភូមន្ត្រីអនុព័ន្ធយោធាអមស្ថានទូតបរទេសចំនួន១៩នាក់ប្រចាំនៅកម្ពុជា មកពីប្រទេសចំនួន១៣ទៅទស្សនាស្ថានភាពជាក់ស្តែងនិងស្វែងយល់ការណ៍ពិតនៅតំបន់ប្រាសាទព្រះវិហារចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែមិនានេះ។ មន្ត្រីអនុព័ន្ធយោធាទាំងនេះរួមមានសហរដ្ឋអាមេរិក បារាំង រុស្ស៊ី ចិន ជប៉ុន កាណាដា និងសឹង្ហបូរីជាដើម។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថាមន្ត្រីអនុព័ន្ធយោធាទាំងនេះនឹងជួបជាមួយមេបញ្ជាការយោធាសមរភូមិមុខប្រចាំទិសប្រាសាទព្រះវិហារ មុននឹងទៅទស្សនាកន្លែងផ្សេងៗនៅក្នុងតំបន់នោះតាមដែលអាចធ្វើទៅបាន។ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានបន្តថាដំណើរទស្សនកិច្ចរបស់មន្ត្រីអនុព័ន្ធយោធាបរទេសនេះបានធ្វើឡើងក្នុងកាលៈទេសៈដ៏សមរម្យបំផុត។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានថ្លែងថាតាមទស្សនកិច្ចនេះ មន្ត្រីអនុព័ន្ធយោធានៃប្រទេសនីមួយៗនឹងបានឃើញភាពជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ។ «គាត់ទៅទស្សនកិច្ចនេះ។ គាត់នឹងឃើញជាក់ស្តែងហើយអ្វីដែលគាត់ឃើញ។ គាត់មានទស្សនៈផ្ទាល់ខ្លួនរបស់គាត់ហើយ។ ទស្សនកិច្ចរបស់ប្រទេសនីមួយៗ ដែលគេទៅនឹងឃើញការណ៍ជាក់ស្តែង។ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ឃើញថាដំណើរទស្សនកិច្ចទៅមើលប្រាសាទព្រះវិហារនៅពេលនេះជាអំណោយផលមួយល្អណាស់ដើម្បីឱ្យប្រទេសជាមិត្តរបស់យើងដែលមានដាក់ស្ថានទូតប្រចាំការនៅ ប្រទេសកម្ពុជាយើងស្វែងយល់អំពីការណ៍ពិតដោយផ្ទាល់ខ្លួនគាត់។ អ្វីដែលគាត់ឃើញ គាត់នឹងឃើញផ្ទាល់ភ្នែកនិងមានការយល់ឃើញដោយខ្លួនគាត់ផ្ទាល់ជាជាងយើងបាននិយាយប្រាប់គាត់។ គាត់ទៅឃើញជាក់ស្តែង។ គាត់នឹងមានទស្សនៈផ្ទាល់ និងអាស្រ័យទៅលើការយល់ឃើញរបស់គាត់ផ្ទាល់»។ កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់ប្រភពយោធាមករាយការណ៍ថាការនាំមន្ត្រីអនុព័ន្ធយោធាបរទេសទៅកាន់តំបន់ជម្លោះ៤,៦គីឡូម៉ែត្រការ៉េនៅជិតប្រាសាទព្រះវិហារធ្វើឱ្យមានភាពតានតឹងម្តងទៀត។ កាសែតបាងកកប៉ុស្តិ៍បានបញ្ជាក់ថាកងទ័ពថៃបានដាក់ការប្រុងប្រយ័ត្នជាបន្តនៅតំបន់៤,៦គីឡូម៉ែត្រការ៉េហើយភាគីថៃបានបដិសេធការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចូលទៅក្នុងតំបន់៤,៦គីឡូម៉ែត្រការ៉េនេះទេ។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកសង្កេតការណ៍ បាននិយាយថាមន្ត្រីអនុព័ន្ធយោធាបរទេសនឹងត្រូវបានបង្ហាញឱ្យឃើញដោយផ្ទាល់ភ្នែកនូវសំណល់អម្បែងគ្រាប់ផ្លោងប្រភេទផ្សេងៗនិងប្រភេទគ្រាប់មីនចង្កោមរបស់កងទ័ពថៃព្រមទាំងការខូចខាតផ្នែកខ្លះនៃប្រាង្គប្រាសាទព្រះវិហារដែលកងទ័ពថៃបានបាញ់ផ្លោងដាក់។ ការវាយប្រយុទ្ធគ្នាចុងក្រោយរវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីដើមខែកុម្ភៈបានស្លាប់មនុស្សយ៉ាងតិច១០នាក់និងបង្ខំឱ្យអ្នកភូមិភៀសសឹកច្រើនរាប់ពាន់គ្រួសារនៃប្រទេសទាំងពីរ ព្រមទាំងធ្វើឱ្យខូចខាតដល់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមថាដើមបណ្តឹងមិនទទួលបានព័ត៌មានគ្រប់គ្រាន់ Posted: 02 Mar 2011 02:41 PM PST មន្រ្តីសង្គមស៊ីវិលលើកឡើងថា ដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ ខ្វះការទទួលបាន ព័ត៌មានគ្រប់គ្រាន់អំពីដំណើរការឆ្ពោះទៅរកការកាត់ទោសសំណុំរឿងនេះ។ ក៏ប៉ុន្តែមន្រ្តីសាលាក្តីខ្មែរក្រហមច្រានចោលសេចក្តីអះអាងនេះ។ មន្ត្រីឃ្លាំមើលដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមចំនួនពីរូបបានលើកឡើងនៅថ្ងៃពុធនេះថាដើមបណ្តឹងរដ្ឋប្បវេណីជាង២.០០០នាក់នៅក្នុងសំណុំរឿង០០២មិនបានទទួលព័ត៌មានគ្រប់គ្រាន់អំពីដំណើការឆ្ពោះទៅរកការកាត់ទោសជនសង្ស័យចំនួនបួននាក់នៅក្នុងសំណុំរឿងនេះទេ ហើយកត្តានេះ គឺជាបច្ច័យមួយប៉ះពាល់ទៅដល់យុត្តិធម៌ត្រឹមត្រូវរបស់ពួកគេ។ លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាដើមបណ្តឹងរដ្ឋប្បវេណីកំពុងតែត្រូវការព័ត៌មានអំពីការរីកចម្រើនទៅមុខនៃការកាត់ទោសនៅក្នុងសំណុំរឿង០០២ និងតួនាទីពួកគេនៅក្នុងសំណុំរឿងនេះ។ «ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងពេលនេះ គាត់រង់ចាំព័ត៌មានជាច្រើនអំពីការវិវត្តការប្រែប្រួលរបស់ សាលាក្តី។ ជាពិសេសព័ត៌មានជាមូលដ្ឋានអំពីដំណើរការនីតិវិធីអំពីពេលវេលា ពេលណា ព្រោះតុលាការ គឺវាជិតដល់ពេលហើយ»។ មានដើមបណ្តឹងរដ្ឋប្បវេណីសរុប២.១២២នាក់ ត្រូវបានទទួលស្គាល់ដោយសាលាក្តីខ្មែរក្រហមសម្រាប់សំណុំរឿង០០២នេះ។ សំណុំរឿងនេះ មានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធដែលសុទ្ធសឹងតែជាអតីតមេដឹកនាំកំពូលៗខ្មែរក្រហម។ តុលាការពិសេស គ្រោងនឹងធ្វើការកាត់ទោសជនសង្ស័យទាំងបួននាក់នេះ នៅខែមិថុនាឆ្នាំនេះ ចំពោះឧក្រិដ្ឋកម្មដែលពួកគេជាប់ពាក់ព័ន្ធដែលបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ជាងពីរលាននាក់។ លោកហង់ ឆៃយ៉ា នាយកប្រតិបត្តិវិទ្យាសា្ថនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យបានកត់សម្គាល់ដូចគ្នាដែរថា មេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីបានខ្វះចន្លោះនៅក្នុងការចុះទៅជួបជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីផ្តល់ព័ត៌មានដល់ពួកគេជាប្រចាំ។ លោកបានមានប្រសាសន៍ជាបន្ថែមថា ដើមបណ្តឹងរដ្ឋប្បវេណីត្រូវការដឹងថា តើសំណុំរឿងរបស់ពួកគាត់ត្រូវបានចាត់ការយ៉ាងដូចម្តេចនិងថាតើការកាត់ទោស និងប្រព្រឹត្តទៅយ៉ាងដូចម្តេច។ លោកហង់ ឆៃយ៉ា មានប្រសាសន៍ថាសម្រាប់អង្គការរបស់លោកដែលបានជួយសម្របសម្រួលដើមបណ្តឹងរដ្ឋប្បវេណីសរុប៧០០នាក់គឺមានតែដើមបណ្តឹងរដ្ឋប្បវេណីជាង១២០នាក់តែប៉ុណ្ណោះដែលបានទទួលព័ត៌មានផ្ទាល់និងជាប្រចាំពីអង្គការរបស់លោក ហើយលោកបញ្ជាក់ថានេះគឺជាកង្វល់មួយ។ «គឺអត់មានបានដំណឹងអ្វីពេញលេញ។ ឥឡូវដូចថា វានៅគាំងអត់មានអ្នកណាជួយគាត់សោះអាហ្នឹងជាការព្រួយបារម្ភ។ ហើយនេះ វាជាយុត្តិធម៌អប្បបរមា ដែលយើងអត់បានគិតគូ»។ លោកពេជ្រ អង្គ សហមេធាវីនាំមុខសម្រាប់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីមានប្រសាសន៍ថាលោក មិនពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយជូនដំណឹងទៅដល់ជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីនោះទេ ក៏ប៉ុន្តែលោកបានលើកឡើងថាមានការផ្សព្វផ្សាយព័ត៌មានជាច្រើនពីដំណើរការរបស់សាលាក្តីខ្មែរក្រហម។ ក៏ប៉ុន្តែវានៅតែជាការលំបាកនៅឡើយ។ ដោយឡែកលោកអ៊ឹម សុភា មន្រ្តីផ្នែកផ្សព្វផ្សាយរបស់អង្គភាពគាំទ្រជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហមបានច្រានចោលការលើកឡើងខាងលើនោះ។ «ខ្ញុំគិតថា ការលើកឡើងនោះ វាមិនគ្រប់ជ្រុងជ្រោយនោះទេ ពីព្រោះអង្គភាពគាំពារជនរងគ្រោះ បានប្រើមធ្យោបាយផ្សេងៗ ទាំងវិទ្យុ ទាំងសារព័ត៌មានបោះពុម្ព ហើយនឹងធ្វើវេទិកាតាមខេត្តជាច្រើនដែលឲ្យដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង០០២ចូលរួមម្តងៗវា ៣៥០នាក់ ហើយក្នុងចំណោមនោះ យើងធ្វើវេទិកាបី វាបាន១.០០០ជាងរួចទៅហើយ។ យើងនឹងធ្វើពីរទៀតសឹងតែគ្រប់អស់ទៅហើយ»។ លោកអ៊ឹម សុភា មានប្រសាសន៍ថាមន្រ្តីសាលាក្តីខ្មែរក្រហមនិងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានប្រាប់ពីនីតិវិធី លក្ខណៈផ្តល់សំណងនិងផ្តល់ព័ត៌មានថ្មីៗនៃដំណើរការកាត់ទោសនៅក្នុងសំណុំរឿង០០២នេះទៅដល់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។ ក៏ប៉ុន្តែលោកឡាត់ គី និងលោកហង់ ឆៃយ៉ា គិតថា ការផ្សព្វផ្សាយរបស់អង្គភាពគាំទ្រជនរងគ្រោះតាមរយៈការធ្វើវេទិកាសាធារណៈនៅតាមបណ្តាខេត្ត ពុំអាចផ្តល់ព័ត៌មានគ្រប់គ្រាន់ទៅដល់ជនរងគ្រោះនោះទេ៕ This posting includes an audio/video/photo media file: Download Now |
ពិធីបុណ្យខួប១០០ថ្ងៃដ៏ស្ងៀមស្ងាត់រំឭកដល់អ្នកស្លាប់នៅស្ពានកោះពេជ្រ Posted: 02 Mar 2011 02:13 PM PST ថ្ងៃនេះជាថ្ងៃគម្រប់ខួប១០០ថ្ងៃសម្រាប់អ្នកស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០។ ពុទ្ធសាសនិកជនដែលមានការអាណិតអាសូរដល់អ្នកស្លាប់នៅលើ ស្ពានកោះពេជ្របាននាំគ្នាប្រារព្ធពិធីបុណ្យខួបនេះនៅគល់ស្ពាន់កោះពេជ្រដោយនិមន្តព្រះសង្ឃចំនួន៧អង្គ ដើម្បីសូត្រមន្តឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ទាំងអស់នៅលើស្ពានកោះពេជ្រនេះ ស្របពេលដែលគ្រួសារសពនីមួយៗកំពុងតែប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃនេះដែរ។ ប្រជាពលរដ្ឋខ្មែរជាង៥០នាក់ បានប្រមូលផ្តុំគ្នានៅគល់ស្ពានកោះពេជ្រនៅថ្ងៃអង្គារនេះដើម្បីប្រារព្ធខួប១០០ថ្ងៃដល់អ្នកស្លាប់៣៥៣នាក់ដែលបានរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រក្នុងអំឡុងពិធីបុណ្យ ប្រណាំងទូក តាមប្រពៃណីខ្មែរ ខណៈដែលរដ្ឋាភិបាលមិនបានប្រារព្ធខួប១០០ថ្ងៃដល់អ្នកស្លាប់នៅលើ ស្ពានកោះពេជ្រនេះ។ ពុទ្ធសាសនិកជនបាននិមន្តព្រះសង្ឃចំនួនប្រាំពីរអង្គដើម្បីសូត្រមន្តឧទ្ទិសកុសលផលបុណ្យដល់អ្នកស្លាប់ ចំនួន៣៥៣នាក់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០ ពិធីបុណ្យខួប១០០ថ្ងៃនេះត្រូវបានប្រារព្ធឡើងនៅគល់ស្ពានកោះពេជ្រដោយមានព្រះសង្ឃចំនួនប្រាំពីរអង្គ និងពុទ្ធសាសនិកជនជាង៥០នាក់ចូលរួមស្របពេលដែលក្រុមគ្រួសារអ្នកស្លាប់កំពុងតែប្រារព្ធពិធីបុណ្យ ខួប១០០ថ្ងៃនេះចាប់ពីល្ងាចថ្ងៃច័ន្ទរហូតដល់ថ្ងៃអង្គារ៍។ប៉ុន្តែរដ្ឋាភិបាលមិនឃើញមានប្រារព្ធពិធីបុណ្យខួប១០០ ថ្ងៃនេះទេ។ អ្នកស្រីកែវ ថា អាយុ៥២ឆ្នាំ អ្នកទីក្រុងភ្នំពេញ បាននិយាយថាអ្នកស្រីបានមកចូលរួមប្រារព្ធខួប១០០ថ្ងៃ ជា មួយមនុស្សជាច្រើននាក់នៅគល់ស្ពានកោះពេជ្រដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកសម្លាប់នៅលើស្ពានកោះពេជ្រ។ លោកវន ពៅ អ្នកចូលរួមម្នាក់មកពីសមាគមប្រជាធិបយេត្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិយាយថា រដ្ឋាភិបាលគួរតែចាប់អារម្មឡើងវិញអំពីឧបទ្ទវហេតុនៅស្ពានកោះពេជ្រនិងប្រារព្ធខួប១០០ថ្ងៃដល់អ្នក ស្លាប់នៅលើស្ពានកោះពេជ្រ។ «ខ្ញុំមកថ្ងៃនេះដើម្បីប្រារព្ធពិធីគម្រប់ខួប១០០ថ្ងៃនៃអ្នកស្លាប់ក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រហើយ ម៉្យាងទៀតដើម្បីដាស់តឿនរំលឹកដល់អាជ្ញាធររដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ដល់ឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រកន្លងមកនេះហើយក៏សំណូមពរដល់រដ្ឋាភិបាលឱ្យចាត់វិធានការទប់ស្កាត់យ៉ាងណាកុំឱ្យមានឧបទ្ទវហេតុដូចនៅលើស្ពានកោះពេជ្រនេះ»។ អ្នកស្រីចឹក បូភី អាយុ៤០ឆ្នាំដែលជាម្តាយរបស់សពកញ្ញាឌុក ស្រីមុំ អាយុ២០ឆ្នាំនៅក្នុងឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្តាល និយាយថាអ្នកស្រីបាននិមន្តព្រះសង្ឃ៧អង្គមកពីវត្តចំនួនប្រាំពីរផ្សេងៗគ្នាធ្វើពិធី ប្រារព្ធខួបគម្រប់១០០ថ្ងៃឧទ្ទិសមគ្គផលជូនទៅដល់វិញ្ញាណក្ខន្ធកូនស្រីដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ។ «ខ្ញុំនិមន្តព្រះសង្ឃប្រាំពីរអង្គដែលគេហៅថាពិស្តារព្រះសង្ឃប្រាំពីរអង្គ និងប្រាំពីរវត្ត។ ខ្ញុំនិមន្តព្រះសង្ឃប្រាំ ពីរអង្គពីវត្តចំនួនប្រាំពីរដែលជានិមិត្តរូបពីបុរមបុរាណបាននិយាយថាអ្នកសម្លាប់នៅកោះពេជ្រអញ្ចឹងត្រូវ ការព្រះសង្ឃប្រាំពីរអង្គដាពិស្តារឱ្យប្រាំពីរចប់ ទើបបុណ្យបង្គ្រប់១០០ថៃ្ងនេះបានមគ្គផលដល់កូន ដែល បានស្លាប់។ ខ្ញុំបន់ស្រន់ឱ្យកូនខ្ញុំចាប់ជាតិនៅទីដ៏ឋានខ្ពង់ខ្ពស់ ឱ្យមានសេចក្តីសុខនិងកុំឱ្យមានជួបឧបសគ្គ ដ៏កាចសាហាវនេះកើតឡើងចំពោះដល់កូនទៀត»។ លោកសេង សៀន អាយុ៥៩ឆ្នាំដែលជាឱពុករបស់សពសៀន វ៉ាន់នី អាយុ២១ឆ្នាំ និងនាងហាក់ លីហួយ អាយុ២០ឆ្នាំ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ បានបញ្ជាក់ថាលោកបាននិមន្តព្រះសង្ឃចំនួនប្រាំអង្គសម្រាប់ប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃនេះ។ «ខ្ញុំនិមន្តព្រះសង្ឃសូត្រមន្តនៅពេលល្ងាចដោយមានបបរសម្រាប់ទទួលភ្ញៀវ និងមានទៀន ធូប តែ ស្ករ ភេជ្ជៈប្រគេនព្រះសង្ឃនៅពេលល្ងាចថ្ងៃច័ន្ទទី២៨ដល់ថ្ងៃអង្គារទី១ពេលព្រឹកយើងធ្វើពិធីដាឆ្លងចង្ហាន់បិណ្ឌ បាត រាប់បាត និងប្រគេនយីគូព្រះសង្ឃ និងបច្ឆ័យជាកិច្ចបង្ហើយបុណ្យនៅថ្ងៃត្រង់ម៉ោង១២ ដើម្បីឧទ្ទិស ជូនដល់វិញ្ញាណក្ខន្ធរបស់កូនប្រុសកូនស្រីដែលបានចែកឋាននៅកោះពេជ្រ»។ នាងសូ សុវលៃ អ្នកចូលរួមម្នាក់មកពីមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បាន និយាយថា៖ «ខ្ញុំមានការសោកស្តាយជាខ្លាំងចំពោះរដ្ឋាភិបាលដែលអត់បានប្រារព្ធពិធី១០០ថ្ងៃនៅក្នុងថ្ងៃនេះ ដើម្បីចង់ដាស់សតិនិងចង់រំលឹកដល់ប្រជាពលរដ្ឋនិងរដ្ឋាភិបាលហើយខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលឱ្យប្រារព្ធខួប១០០ថ្ងៃ ឬ ប្រារព្ធខួបមួយឆ្នាំពីថ្នាក់រដ្ឋាភិបាលរហូតដល់ថ្នាក់គ្រប់ស្ថាប័នទាំង អស់ ដើម្បីក្រើនរំលឹកពញាក់ស្មារតីដល់ប្រជាពលរដ្ឋ ស្ថាប័នទាំងអស់ និងរដ្ឋាភិបាល»។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីបុណ្យ ខួប១០០ថ្ងៃនេះជាពិធីឯកជន ដែលគ្រួសារសពនីមួយៗមានភារកិច្ចប្រារព្ធពិធីបុណ្យនេះតាមប្រពៃណី រៀងៗខ្លួន។ «រដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងច្រើនតាំងពីការរកជំនួយនិងការបែងចែកជំនួយសម្រាប់គ្រួសារអ្នករងគ្រោះនិងការធ្វើពិធីបុណ្យសព។ ដូច្នេះពិធីប្រារព្ធខួប១០០ថ្ងៃ ជាពិធីផ្ទាល់ខ្លួនរបស់គ្រួសារម្នាក់ៗ វាមិនមែនជាពិធីបុណ្យរួមទេ»។ តាមទំនៀមទម្លាប់ខ្មែរ ការប្រារព្ធពិធីបុណ្យខួប៧ថ្ងៃនិង១០០ថ្ងៃនេះមានគោលបំណងដូចគ្នាតែមួយ ដើម្បី ឧទ្ទិសកុសលផលបុណ្យទៅដល់អ្នកស្លាប់៕ This posting includes an audio/video/photo media file: Download Now |
តុលាការកំពូលសម្រេចរក្សាទុកការចោទប្រកាន់លោកសមរង្ស៊ី Posted: 02 Mar 2011 01:33 PM PST គណបក្សប្រឆាំងបានចាត់ទុកការប្រកាសសាលដីការបស់តុលាការកំពូលថាជារឿងនយោបាយ។ តុលាការកំពូលនៅថ្ងៃអង្គារ៍បានសម្រេចសាលដីការបស់សាលាឧទ្ធរណ៍ដែលបានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទជាប់ពាក់ព័ន្ធ និងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងការញុះញុងឲ្យមានការរើសអើងជាតិសាសន៍។ តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ចំពោះករណី លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដោយបានសម្រេចផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេលពីរឆ្នាំដដែល ហើយតុលាការក៏បានបដិសេធសំណើស្នើសុំរបស់លោកស្រីមាស ស្រី និងលោកព្រំ ជា អំពីសំណងរដ្ឋប្បវេណីចំនួនជាង៦០លានរៀល។ លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានចាត់ទុកថា តម្រុយបង្គោលព្រំដែន ដែលលោកសម រង្ស៊ី បានដកនេះ ជាអំពើខុសច្បាប់ ពីព្រោះតម្រុយនេះបានកំណត់ដោយគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។ លោកឃឹម ប៉ុណ្ណ បានមានប្រសាសន៍ទៀតថា លោកសម រង្ស៊ី គួរតែប្តឹងទៅស្ថាប័នរដ្ឋាភិបាល រដ្ឋសភា និងព្រះមហាក្សត្រ មិនត្រូវដកតម្រុយបង្គោលព្រំដែនដោយខ្លួនឯងទេ។ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីប្រទេសបារាំងថា រឿងនេះមិនមែនជារឿងតុលាការទេ វាជារឿងនយោបាយ។ លោកសម រង្ស៊ី បានអះអាងទៀតថា លោកសង្ឃឹមថា នឹងមានការសម្របសម្រួលចំពោះរឿងក្តីរបស់លោក ដោយសារតែកម្ពុជាកំពុងតែជួបប្រទះនូវវិបត្តិនយោបាយជាមួយប្រទេសជិតខាង។ «មិនមែនរឿងបុគ្គលសម រង្ស៊ី ជារឿងនយោបាយទាក់ទងនឹងព្រំដែនរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា។ រឿងនយោបាយទាមទារឲ្យមានដំណោះស្រាយនយោបាយ មិនមែនដំណោះស្រាយតុលាការទេ។ តុលាការនៅស្រុកខ្មែរ គឺជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច ដើម្បីបំបិទមាត់ សំឡេង ឬ បំបិទសំឡេងអ្នកដែលហ៊ាននិយាយការពិត »។ លោកចាន់ សុខយាង មេធាវីការពារក្តីរដ្ឋាភិបាល បានហៅសេចក្តីសម្រេចរបស់តុលាការថាបានផ្តល់យុត្តិធម៌ចំពោះរដ្ឋាភិបាល។ «តុលាការសម្រេចអញ្ចឹងហើយ គឺក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវតែគោរពច្បាប់ត្រូវតែអនុវត្តតាម ខ្ញុំអត់មានអ្វីអត្ថាធិប្បាយទេ ពីព្រោះថា ការសម្រេចនេះត្រឹមត្រូវតាមច្បាប់ហើយ ពីព្រោះថាការសម្រេចគឺ យើងបានអនុវត្តតាមច្បាប់ទាំងអស់ ពីព្រោះអំពើដែលគាត់បានប្រព្រឹត្តិគាត់ត្រូវតែទទួលខុសត្រូវ » ចំណែកលោកជួង ជួងី មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី បានមានប្រសាសន៍ថា សាលដីការបស់តុលាការកំពូលមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកទេ។ លោកជួង ជួងី បានមានប្រសាសន៍ទៀតថាបង្គោលព្រំដែនចំនួន៦(ប្រាំមួយ)ដើមមិនមានតម្លៃអ្វីដែលឲ្យកូនក្តីរបស់លោកបំផ្លាញទេ។ លោកបានមានប្រសាសន៍ទៀតថា លោកសម រង្ស៊ី ចង់ឲ្យមានដំណោះស្រាយបញ្ហាព្រំដែននៅពេល ដែលការបោះបង្គោលព្រំដែននេះ បានចូលដីស្រែរបស់ប្រជាកសិករ។ «លោកចង់ឲ្យមានការធានាថា រាល់ការបោះបង្គោលព្រំដែនត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ហើយធានាបាននូវការគោរពបូរណភាពទឹកដីខ្មែរ។ នេះគឺជាបំណងទី២ដែលឯកឧត្តសម រង្ស៊ី ចង់បាន។ គាត់មិនមានបំណងចង់ទៅបំផ្លាញបង្គោលប្រាំមួយដើមហ្នឹងទេ»។ លោកសម រង្ស៊ី ដែលកំពុងស្នាក់នៅឯក្រៅប្រទេស ត្រូវបានតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០១០ កាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ចំនួនជាង៦០លានរៀល ជាមួយនិងលោកព្រំ ជា និងអ្នកស្រីមាស ស្រី ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្រ្ទាខេត្តស្វាយរៀង និងញុះញុងឲ្យមានការរើសអើងជាតិសាសន៍។ លោកព្រំ ជា និងអ្នកស្រីមាស ស្រី ត្រូវបានសាលាឧទ្ធរណ៍ដោះលែងឲ្យនៅក្រៅឃុំបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ។ លោកសម រង្សី ត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំនៅក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា គឺសំណុំរឿងដកតម្រុយបង្គោលព្រំដែនលេខ១៨៥ និងក្លែងឯកសារសាធារណៈ៕ This posting includes an audio/video/photo media file: Download Now |
មួយសប្តាហ៍ក្រោយពីការយល់ព្រមគ្នាក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមិនទាន់មកនៅឡើយ Posted: 02 Mar 2011 12:47 PM PST កម្ពុជានិងថៃមិនទាន់បញ្ចប់កិច្ចការរៀបចំទទួលយកក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះនៅឡើយទេបន្ទាប់ពីប្រទេសទាំងពីរបានផ្តល់សញ្ញាយល់ព្រមទទួលយកមួយសប្តាហ៍មកហើយ។ ប្រទេសទាំងពីរអះអាងស្រដៀងគ្នាថាខ្លួនកំពុងពិភាក្សាជាមួយប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំនេះនៅឡើយក្នុងការទទួល យកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រមាណ៤០នាក់មកកាន់តំបន់ជម្លោះ។ កិច្ចពិភាក្សាពេលនេះគឺទាក់ទងនឹងកិច្ចការបច្ចេកទេសដែលត្រូវរៀបចំពីរចនាសម្ព័ននានាគោលបំណងនិងរបៀបរបបធ្វើកិច្ចការរវាងដៃគូពាក់ព័ន្ធក្នុងប្រទេសថៃនិងប្រទេសកម្ពុជា។ លោក កុយ គួង អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជានិងជាអនុរដ្ឋលេខា ធិការបានអះអាងថា៖កម្ពុជាបានជជែកនិងផ្លាស់ប្តូរសារលិខិតទៅវិញទៅមកហើយនឹងជួបប្រជុំជាមួយនឹងមន្ត្រីស្ថានទូតឥណ្ឌូនេស៊ីក្នុងទីក្រុងភ្នំពេញផងដែររួចហើយប៉ុន្មានថ្ងៃចុងក្រោយនេះ។ «យើងកំពុងតែពិភាក្សាគ្នាអំពីបែបបទនៃការងារនេះ។ ហើយភាគីឥណ្ឌូនេស៊ីបានលើកជាសំណើមក ហើយខាងកម្ពុជាយើងបានឯកភាពទាំងស្រុងហើយ»។ លោក គួងបានថ្លែងថាកម្ពុជាបានយល់ព្រមទៅនឹងសំណើទាំងអស់របស់ឥណ្ឌូនេស៊ីរួមនឹងការស្នើសុំឲ្យឥណ្ឌូនេស៊ីបញ្ជូនក្រុមអ្នកសង្កេតការណ៍ឲ្យបានឆាប់ដើម្បីត្រួតពិនិត្យកិច្ចឈប់បាញ់គ្នានៅតំបន់ទាំងពីរ។ «យើងយល់ថាវត្តមានរបស់អ្នកសង្កេតការណ៍នេះជាវត្តមានដ៏ចាំបាច់ដ៏មាន សារៈសំខាន់ណាស់ក្នុងការរក្សាសន្តិសុខនិងសន្តិភាពនៅតាមព្រំដែនដើម្បី បញ្ចៀសអំពីការឆ្លើយដាក់គ្នាថាអ្នកណាបង្ករឿងមុនអ្នកណាឈ្លានពានគេមុនអ្នកណាបាញ់ទៅគេមុននោះបាទ។ ហ្នឹងជាសាក្សីដ៏សំខាន់ណាស់ ហើយតំបន់ នោះអាចមាន ភាពស្ងប់ស្ងាត់ មានសន្តិសុខល្អ ទាំងសងខាង មិនមែនតែប្រទេសកម្ពុជា ប្រជាជនកម្ពុជាដែលរស់នៅតំបន់នោះទេ»។ កងទ័ពប្រទេសកម្ពុជានិងប្រទេសថៃបានវាយប្រយុទ្ធគ្នាជាលក្ខណៈទ្រង់ទ្រាយធំម្តងទៀតកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកុម្ភៈដោយសារការចោទប្រកាន់រឿងការរំលោភបំពានបូរណភាពទឹកដី។ ការវាយប្រយុទ្ធគ្នានោះបានធ្វើឲ្យមានរបួសនិងស្លាប់ទាំងសងខាង ប៉ៈពាល់ដល់ប្រជាពលរដ្ឋទាំងពីរប្រទេសនិងធ្វើឲ្យខូចខាតប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដែលច្បាប់អន្តរជាតិហាមដាច់ខាតមិនឲ្យប៉ះពាល់ពេលសង្គ្រាម។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានកោះប្រជុំជាបន្ទាន់ហើយជំរុញឲ្យប្រទេស កម្ពុជានិងថៃបញ្ឈប់ការវាយប្រយុទ្ធគ្នាហើយចរចាក្នុងក្របខណ្ឌអាស៊ានដើម្បី ដោះស្រាយជម្លោះប្រដាប់អាវុធនៃប្រទេសទាំងពីរ។ កម្ពុជានិងថៃបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំអាស៊ានកាលពីសប្តាហ៍មុនថានឹងសុខចិត្តទទួលយកក្រុមអ្នកសង្កេតការណ៍ពាក់កណ្តាលម្នាក់មកត្រួតពិនិត្យមើលកិច្ចឈប់បាញ់គ្នានៅតាមតំបន់ជម្លោះនៃប្រទេសទាំងពីរជាពិសេសតំបន់ជិតប្រាសាទព្រះវិហារ។ លោក ថានី ថងភក្តី (Thani Thongphakdi) អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃនិងឥណ្ឌូនេស៊ីកំពុងពិភាក្សាគ្នាអំពីបែបបទរឿងបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់ប្រទេសថៃដែរ។ ហើយរឿងនេះរំពឹងថាអាចនឹងលើកយកមកជជែកគ្នានៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការព្រំដែនចម្រុះនៃ ប្រទេសទាំងពីរ កម្ពុជានិងថៃ នៅពេលខាងមុខ ដោយសារថានេះជាកិច្ចការរបស់យោធាដែរ។ «ខ្ញុំគិតថាការបញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌូនេស៊ីជាប្រធាន អាស៊ានបច្ចុប្បន្ននេះនឹងជួយកសាងទំនុកចិត្តក្នុងចំណោមប្រជាពលរដ្ឋដែល កំពុងរស់នៅតាមបណ្តោយព្រំដែន។ ក្នុងករណីប្រទេសថៃយើងស្វាគមន៍ក្រុមអ្នកសង្កេតការណ៍ទាំងនេះពីព្រោះយើងមានតម្លាភាពហើយយើងជឿជាក់ថាពលរដ្ឋរបស់យើងដែលកំពុងរស់នៅជាយដែននិងទទួលបាននូវភាពសុខស្រួលកាន់តែខ្លាំងដោយសារមានវត្តមានអ្នកសង្កេតការណ៍ពីប្រទេសទីបី»។ ប្រទេសកម្ពុជានិងថៃគ្មានកិច្ចព្រមព្រៀងដកកងទ័ពថយនោះទេនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងកិច្ចប្រជុំអាស៊ាន។ កងទ័ពប្រទេសកម្ពុជានិងថៃ កំពុងតែមានភាពតានតឹងនៅឡើយជាពិសេសនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អាចដោះស្រាយបានតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលបានកាត់ ប្រាសាទព្រះវិហារឲ្យមកកម្ពុជាកាលពីឆ្នាំ១៩៦២។ តែការដាក់ក្រុមអ្នកសង្កេតការណ៍គ្រាន់តែអាចជួយឲ្យមានស្ថេរភាពមួយរយៈពេលប៉ុណ្ណោះ ជាមួយគ្នានឹងក្តីបារម្ភខ្លាចថាជម្លោះនេះនឹងអាចធ្វើឲ្យអូសបន្លាយរាប់សិប ទសវត្សរ៍ដូចជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយចំនួន ទោះជាមានអ្នកសង្កេតការណ៍អ.ស.បចូលរួមក្តី៕ This posting includes an audio/video/photo media file: Download Now |
ខ្មែរ-អាមេរិកាំងនៅសាន់ហូស្សេជួបជុំពិភាក្សាទាមទារសំណងផ្លូវចិត្តពីសាលាក្តីខ្មែរក្រហម Posted: 01 Mar 2011 05:21 PM PST សាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៖ ស្ថិតក្នុងចំណោមពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណជា៥០នាក់ដែលបានមកជួបជុំគ្នានៅឯវត្តខេមរារង្សីក្នុងទីក្រុងសាន់ហូស្សេរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាគ្នាពីអ្វីដែលជាសំណងផ្លូវចិត្តដែលពួកគេចង់បានពីការកាត់ក្តីមេខ្មែរក្រហមកំពូល លោកស្រីបៃ សូផានី ចង់ឱ្យមានការកសាងនូវស្តូបអនុស្សាវរីយ៍មួយដែលគាត់អាចចារឈ្មោះនិងរក្សាទុករូបថតកូនរបស់គាត់នៅក្នុងនោះបាន។ ជាង៣៥ឆ្នាំហើយតាំងពីលោកស្រីបានឃើញកូនស្រីពៅរបស់គាត់ត្រូវគ្រូពេទ្យខ្មែរក្រហមចាក់ថ្នាំសម្លាប់និងត្រូវពួកគេយកទៅកប់ចោលដោយគ្មានពិធីតាមសាសនាត្រឹមត្រូវនៅឯខេត្តតាកែវនិងបន្ទាប់មកបានស្លាប់បាត់បង់កូនពីរនាក់ទៀតជាបន្តបន្ទាប់ លោកស្រីសុផានីប្តេជ្ញាថានឹងតស៊ូដើម្បីយុត្តិធម៌ហើយសង្ឃឹមថាថ្ងៃណាមួយក្រុមមេដឹកនាំនៃរបបដ៏សាហាវឃោឃៅនិងបានចេញនូវគោលនយោបាយដ៏ចម្លែកនោះ នឹងត្រូវនាំយកមកកាត់ទោសចំពោះការបង្កឱ្យស្លាប់បាត់បង់ជីវិតប្រជាជនខ្មែរជិតពីរលាននាក់។ ឥឡូវនេះ លោកស្រីបៃ សុផានី ស្ថិតក្នុងក្រុមពលរដ្ឋខ្មែរ-អាមេរិកាំង៤១នាក់ដែលបានដាក់ពាក្យតាមរយៈវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ «ខ្ញុំដែលដាក់ពាក្យប្តឹងទៅសាលាក្តីខ្មែរក្រហមតាមរយៈមេធាវីហ្នឹងគឺមិនមែនចង់បានជារបស់អ្វីសម្រាប់ផ្ទាល់ខ្លួនខ្ញុំទេ។ ខ្ញុំចង់បានយុត្តិធម៌មួយដ៏ត្រឹមត្រូវ យុត្តិធម៌ដ៏ច្បាស់លាស់ ដែលមិនមែនជាយុត្តិធម៌ក្លែងក្លាយ ហើយដែលមិនមែនធ្វើទៅដូចជាឆាកកំប្លែង ដូចឆាកល្ខោននោះទេ គឺខ្ញុំចង់ឱ្យមានយុត្តិធម៌ត្រឹមត្រូវចំពោះកូនខ្ញុំដែលស្លាប់ទាំងបីនេះដោយអយុត្តិធម៌បំផុតនេះ»។ ការជួបជុំកាលពីថ្ងៃសៅរ៍នេះជាផ្នែកមួយនៃវេទិកាជាបន្តបន្ទាប់ រៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជានិងមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវដើម្បីសាកសួរយោបល់សហគមន៍ខ្មែរ-អាមេរិកាំងអំពីសំណងផ្លូវចិត្តដែលពួកគេចង់បានពីសាលាក្តីខ្មែរក្រហម និងក៏ដើម្បីជួយផ្សះផ្សាផ្លូវចិត្តរបស់ពួកគេផងដែរ។
លោកស្រីបណ្ឌិត នូ លក្ខិណា នាយិកាប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាបានបញ្ជាក់ថា៖ «អ្វីៗពួកខ្ញុំរៀបចំថ្ងៃនេះ គឺពួកខ្ញុំចង់ស្វែងរកយកគំនិតពីពួកគាត់ផ្ទាល់ហើយពិគ្រោះជាមួយតុលាការប៉ុន្តែបើតុលាការគេអត់ទទួលស្គាល់ ពួកខ្ញុំក៏នៅតែចាប់ផ្តើមធ្វើអ្វីដែលពួកខ្ញុំចង់ធ្វើសម្រាប់ឱ្យបងប្អូនខ្មែរយើងធ្វើអ្វីមួយជាអនុស្សាវរីយ៍។ ពួកខ្ញុំនៅតែរៀបចំព្រោះនេះជាការសំខាន់ដែលពួកខ្ញុំចង់ជួយផ្លូវចិត្តគាត់»។ អ្នកចូលរួមខ្លះបានយករូបថតសមាជិកក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមដើម្បីរំលឹកទៅដល់រឿងរ៉ាវរបស់ពួកគេហើយសម្រាប់អ្នកខ្លះអនុស្សាវរីយ៍ហាក់នៅស្រស់ៗពេកដែលធ្វើឱ្យពួកគេមិនអាចទប់ទឹកភ្នែកបាន។ ក្រុមមេធាវីនឹងធ្វើដំណើរទៅរដ្ឋមួយចំនួនទៀតដើម្បីជួបជាមួយសហគមន៍ខ្មែរនៅទីនោះ។ លោកស្រី អាន់ឌ្រៀ អេវ៉ាន នាយិកាខាងផ្នែកច្បាប់នៃមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវបានបញ្ជាក់ថា៖ «យើងសង្ឃឹមថានឹងប្រមូលព័ត៌មានឱ្យបានច្រើនតាមដែលយើងអាចធ្វើបាន។ បន្ទាប់មកពួកយើងនឹងទៅសហគមន៍ដទៃទៀតនៅជុំវិញសហរដ្ឋអាមេរិកដើម្បីប្រមូលព័ត៌មានឱ្យបានច្រើនតាមដែលយើងអាចធ្វើបានដើម្បីឱ្យយើងអាចទៅតុលាការយើងអាចមានជំហរល្អមួយដើម្បីតស៊ូទាមទារអ្វីដែលសហគមន៍នៅទីនេះចង់បាន»។ លោកស្រីអាន់ឌ្រៀបញ្ជាក់ថារហូតមកដល់ពេលនេះ សហគមន៍ខ្មែរចង់បានជាស្តូបអនុស្សាវរីយ៍និងវត្តុផ្សេងៗដើម្បីផ្តល់ជាកិត្តិយសដល់អ្នកដែលស្លាប់បាត់បង់ជីវិត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |