VOA News: ព័ត៌មាន: “ប៉ូលិសបំបែកក្រុមអ្នកតវ៉ាបឹងកក់នៅមុខសាលារាជធានី” plus 2 more |
- ប៉ូលិសបំបែកក្រុមអ្នកតវ៉ាបឹងកក់នៅមុខសាលារាជធានី
- យូណេស្កូនឹងបញ្ជូនអ្នកជំនាញមកពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ
- ក្រុមគ្រួសារជនរងគ្រោះកោះពេជ្ររៀបចំបុណ្យ១០០ថ្ងៃ
ប៉ូលិសបំបែកក្រុមអ្នកតវ៉ាបឹងកក់នៅមុខសាលារាជធានី Posted: 28 Feb 2011 01:28 PM PST កងកម្លាំងប៉ូលីសបានបំបែកក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់ជាច្រើននាក់ដែលបានប្រមូលផ្តុំគ្នានៅខាងមុខសាលាក្រុងភ្នំពេញដើម្បីតវ៉ាប្រឆាំងនឹងការណ៍ដែលអាជ្ញាធរក្រុងភ្នំពេញបដិសេធសំណើរបស់ពួកគាត់សុំអភិវឌ្ឍនៅនឹងកន្លែង។ អាជ្ញាធរបានប្រើប្រាស់កងកម្លាំងសន្តិសុខដើម្បីវាយបំបែកក្រុមអ្នកតវ៉ានៅថ្ងៃច័ន្ទនេះដែលមានប្រមាណ១០០នាក់។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅមុខសាលាក្រុងភ្នំពេញនិងបានអំពាវនាវឱ្យលោកកែប ជុតិមា អភិបាល ក្រុងភ្នំពេញ ចេញមកជួបជាមួយពួកគាត់ដើម្បីពិភាក្សាអំពីសំណើសុំអភិវឌ្ឍនៅនឹងកន្លែងនេះ។ ការតវ៉ាបានធ្វើឡើងនៅមុខសាលាក្រុងភ្នំពេញលើមហាវិថីព្រះមុន្នីវង្ស ដែលបានធ្វើឱ្យស្ទះចរាចរណ៍អស់រយៈពេលជិតមួយម៉ោងមុនពេលប៉ូលីសធ្វើការបំបែក។ អាជ្ញាធរខណ្ឌដូនពេញបានអំពាវនាវតាមរយៈឧគ្ឃោសនាសព្ទដល់ក្រុមអ្នកតវ៉ាឱ្យចាកចេញពីផ្លូវនៅមុខសាលាក្រុងភ្នំពេញ ដើម្បីជៀសវាងការស្ទះចរាចរណ៍និងទៅធ្វើការតវ៉ានៅសួនសេរីភាពជំនួសវិញ។ ក្រុមអ្នកតវ៉ាបានឆ្លើយតបទៅអាជ្ញាធរថាពួកគាត់បានធ្វើការតវ៉ាពេញមួយសប្តាហ៍នៅសួនសេរីភាព កាលពីដើមខែមករា ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីទាល់តែសោះ។ សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថាកងកម្លាំងសន្តិសុខជាង១០០នាក់ប្រដាប់ដោយដំបងឆក់និង ខែលបានចូលទៅក្នុងហ្វូងអ្នកតវ៉ាដើម្បីរឹបអូសយកបដានិងឧគ្ឃោសនាសព្ទពីអ្នកតវ៉ាហើយបន្ទាប់មកក្រុមអ្នកតវ៉ាបានគប់ទឹកនិងស្បោងសំរាមដាក់ប៉ូលីសជាការសងសឹក។ សាក្សីបានបន្តថាប៉ូលីសបានចាប់អ្នកតវ៉ាយ៉ាងតិចបីនាក់បោះទៅលើរថយន្តនិងបើកចេញទៅកាន់ សាលាខណ្ឌដូនពេញយ៉ាងប្រញាប់ប្រញាល់បំផុត។ សាក្សីបានបន្ថែមថាប៉ូលីសបានវាយដំនិងទាត់អ្នកតវ៉ាជាស្ត្រីនៅពេលធ្វើការបំបែកនោះ។ អ្នកតវ៉ាម្នាក់ បានដួលសន្លប់នៅពេលដែលប៉ូលីសបានចាប់គាត់និងប្រុងបោះទៅលើរថយន្ត។ អ្នកស្រីតុន ស្រីពៅ អ្នកតវ៉ាម្នាក់បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំឃើញថាវាមានភាពអយុត្តិធម៌ខ្លាំងណាស់។ ពួកខ្ញុំមកទាមទារសិទ្ធិផ្ទះសម្បែងទេតែកងកម្លាំងនគរបាលប្រដាប់ដោយអាវុធវាយដំប្រជាជនហើយចាប់ប្រជាជនទៅទៀត។ ដាក់កម្លាំងមកបង្ក្រាបប្រជាជនប្រៀបដូចជាបង្ក្រាបចោរអញ្ចឹង។ ខ្មែរដូចគ្នា សម្លាប់ខ្មែរដូចគ្នានិងវាយខ្មែរដូចគ្នា។ អយុត្តិធម៌ណាស់ប្លន់ដីផ្ទះរបស់ខ្ញុំ។ គ្មានអ្នកណាជួយដោះស្រាយទេ។ ប្រើកម្លាំងវាយដំប្រជាជនសុទ្ធតែស្រីៗ។ ផ្ទះរបស់ខ្ញុំសោះហេតុអ្វីក៏ថាពួកខ្ញុំខុសច្បាប់។ ខ្ញុំអត់ទៅលួចប្លន់អ្នកណាទេ។ ខ្ញុំតវ៉ាសិទ្ធិផ្ទះរបស់ខ្ញុំទេហេតុអ្វីបានជាមកវាយដំគ្នាខ្ញុំយ៉ាងហ្នឹង។ បង្ក្រាបប្រជាជនមើលតែចោរ។ ពួកខ្ញុំមិនមែនចោរទេ ហេតុអ្វីក៏ដាក់កម្លាំងមកបង្ក្រាបនិងចាប់ប្រជាជនទៅបីបួននាក់ហើយអំបាញ់ម៉ិញនេះ»។ លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ដែលស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាឱ្យបរិវាររបស់ លោកដឹកស្ត្រីសន្លប់នោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រុមអ្នកតវ៉ាបានបដិសេធការជួយពីអាជ្ញាធរ។ លោកសុខ សម្បត្តិ បានបដិសេធនិយាយមកកាន់ក្រុមអ្នកយកព័ត៌មាន ដោយអង្គរក្សម្នាក់របស់លោក បានរារាំងពួកគេមិនឱ្យចូលទៅជិតលោកអភិបាលរូបនេះ។ នាពេលក្រោយមកអ្នកស្រីលី ស្រីលាង អ្នតតវ៉ាដែលត្រូវបានចាប់បោះលើរថយន្តបាននិយាយថាអាជ្ញាធរខណ្ឌដូនពេញបានដោះលែងអ្នកតវ៉ាទាំងបីនាក់មកវិញដោយធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរថាពួកគាត់ត្រូវឈប់ធ្វើការតវ៉ាខុសច្បាប់ទៀតបើមិនដូច្នេះទេប៉ូលីសនឹងចាប់ខ្លួននិងបញ្ជូនទៅប្រឈមនឹងតុលាការ។ «ខសន្យាថាបើសិនជាថ្ងៃក្រោយយើងធ្វើការតវ៉ាខុសច្បាប់ទៀត គេនឹងចោទយើងថាយើងបង្កបញ្ហានាំប្រជាជនឱ្យមកបះបោរកូដកម្មនៅសាលាក្រុងភ្នំពេញ។ អាជ្ញាធរចាប់ខ្លួនហើយបញ្ជូនទៅតុលាការ»។ កាលពីសប្តាហ៍មុន លោក Surya Subedi ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីប្រព័ន្ធតុលាការ សេរីភាពនៃការបញ្ចោញមតិនិងសិទ្ធិ លើដីធ្លី និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
យូណេស្កូនឹងបញ្ជូនអ្នកជំនាញមកពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ Posted: 28 Feb 2011 01:03 PM PST អង្គការយូណេស្កូ (UNESCO) គ្រោងនឹងបញ្ជូនអ្នកជំនាញ ដើម្បីវាយតម្លៃការខូចខាតនៅប្រាសាទព្រះវិហារបន្ទាប់ពីមានសេចក្តីរាយការណ៍មកថាបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែទាហានថៃបានបាញ់គ្រាប់កាំភ្លើងដាក់។ ការអះអាងនេះបានកើតមានឡើងបន្ទាប់ពីមានជំនួបគ្នាមួយនៅទីក្រុងភ្នំពេញរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តីសុខ អាន និង លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា (Koichiro Matsuura) បេសកជនពិសេសរបស់អង្គការយូណេស្កូ។ លោក ជុជ ភឿង ប្រធានអាជ្ញាធរជាតិព្រះវិហារ និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្បៈបានមានប្រសាសន៍ប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបគ្នាមួយរវាងលោកឧបនាយករដ្ឋមន្រ្តីសុខ អាន និងលោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ាបេសកជនពិសេសរបស់អង្គការយូណេស្កូនៅថ្ងៃច័ន្ទនេះថាអង្គការយូណេស្កូគ្រោងនឹងបញ្ជូនអ្នកជំនាញពិសេសដើម្បីធ្វើការវាយតម្លៃការខូចខាតនៅប្រាសាទព្រះវិហារក្នុងពេលឆាប់ៗខាងមុខនេះ។ លោកជុជ ភឿង បានមានប្រសាសន៍ទៀតថា នៅពេលណាអ្នកសង្កេតការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មកដល់ប្រទេសកម្ពុជានៅពេលនោះអង្គការយូណេស្កូនឹងបញ្ជូនអ្នកវាយតម្លៃការខូចខាតមកដល់កម្ពុជាភ្លាម។ «ក្រោយពេលដែលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដែលចាត់តាំងដោយអាស៊ានមកដល់ពេលណាគឺក្រោយនោះភ្លាមយូណេស្កូនឹងចាប់ផ្តើមបញ្ជូនអ្នកដែលមកវាយតម្លៃការខូចខាតមានប៉ុណ្ណា។ ការជួសជុលជាបន្ទាន់ភ្លាមក្រោយពេលមានការវាយតម្លៃថាប្រាសាទវាខូចខាតអស់ប៉ុណ្ណេះភាគរយហើយជ្រើសរើសអ្នកដែលជំនាញខាងការជួសជុលប្រាសាទនិងធ្វើការងារនេះ»។
លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា បេសកជនពិសេសរបស់អង្គការយូណេស្កូបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យដើម្បីបំពេញបេសកកម្មរបស់លោកចំនួនបីថ្ងៃបន្ទាប់ពីមានការស្នើសុំពីភាគីកម្ពុជាដើម្បីឲ្យពិនិត្យមើលនិងវាយតម្លៃការខូចខាតនៅតំបន់ប្រាសាទព្រះវិហារបន្ទាប់ពីមានការវាយប្រយុទ្ធគ្នារវាងកងទ័ពថៃនិងកម្ពុជា កាលពីដើមខែកុម្ភៈ។ នៅថ្ងៃច័ន្ទនេះ លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ាមានជំនួបដាច់ដោយឡែកមួយ ជាមួយនឹងលោកឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីនិងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ហើយនៅថ្ងៃអង្គារស្អែកនេះ លោកនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ លោកឧបនាយករដ្ឋមន្តី្រសុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការជាតិ UNESCO បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីជំនួបគ្នាមួយជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាអង្គការ UNESCO និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកត្រូវតែបំពេញភារកិច្ចរបស់ខ្លួនក្នុងការចូលរួមចំណែកដើម្បីការពារនិងសង្គ្រោះប្រាសាទព្រះវិហារ។ លោក សុខ អាន បានមានប្រសាសន៍ទៀតថាទាហានថៃបានបាញ់គ្រាប់កំាភ្លើងផ្លោងយ៉ាងតិចប្រមាណ៤០០គ្រាប់ទៅលើប្រាសាទព្រះវិហារដែលបានបណ្តាលឲ្យខូចខាតយ៉ាងដំណំ។ «UNESCO គាត់ស្ថិតនៅក្នុងដំណាក់កាលដែលចាត់បេសកជនមកទេដើម្បីស្វែងយល់ពីជំហរថៃ ស្វែងយល់ពីជំហរកម្ពុជា។ អញ្ចឹងឥឡូវយើងកំពុងតែបង្កលក្ខណៈ ដើម្បីឲ្យUNESCO និងបេតិកភណ្ឌ បង្ហាញពីការយកចិត្តទុកដាក់ឲ្យកាន់តែសកម្មក្នុងការរួមចំណែកក្នុងការការពារនិងសង្គ្រោះប្រាសាទព្រះវិហាររបស់យើង។ ហើយ UNESCO មានភារកិច្ចត្រូវរៀបចំការការពារឲ្យបានល្អ។ យើងកំពុងតែទំនាក់ទំនងជាប់ជាមួយអគ្គនាយក UNESCO ដើម្បីជំរុញការងារនេះថាយើងរៀបចំការពារនោះយ៉ាងណាព្រោះបើកម្លាំងប្រដាប់អាវុធ។ បើថៃប្រើកងទ័ពវាយ UNESCO អត់មានលទ្ធភាពទេ ។ UNESCO មិនមែនជាស្ថាប័នដែលនិយាយពីរឿងទ័ព»។ លោកឧបនាយករដ្ឋមន្រ្តីសុខ អាន បានមានប្រសាសន៍ទៀតថាទង្វើរបស់ប្រទេសថៃ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងសាសនា និងឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងវប្បធម៌ដែលប្រទេសថៃត្រូវតែទទួលខុសត្រូវចំពោះការខូចខាតទាំងនេះ។ លោក Panitan Watanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបានមានប្រសាសន៍យ៉ាងខ្លីថា កំពុងជាប់រវល់ប្រជុំ។ ក៏ប៉ុន្តែបើតាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានដកស្រង់សំដីលោក Thani Thongphakdee អ្នកនាំពាក្យក្រសួងការបរទេសថៃមកបញ្ជាក់ថា លោកKoichiro Matsuura បានយល់អំពីបញ្ហាជម្លោះនៅតំបន់ប្រសាទព្រះវិហារដែលបានចុះបញ្ជីនៅក្នុងបេតិកភណ្ឌរបស់ពិភពលោក៕ This posting includes an audio/video/photo media file: Download Now |
ក្រុមគ្រួសារជនរងគ្រោះកោះពេជ្ររៀបចំបុណ្យ១០០ថ្ងៃ Posted: 28 Feb 2011 12:45 PM PST ខណៈពេល១០០ថ្ងៃបានឈានចូលមកដល់គ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នាលើស្ពានពេជ្រនៃមណ្ឌលកម្សាន្តកោះពេជ្របាននាំគ្នាធ្វើបុណ្យ១០០ថ្ងៃទៅតាមប្រពៃណីនៅតាមផ្ទះរៀងៗខ្លួនដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះទាំងនោះ។ ដូចក្រុមគ្រួសាររបស់ជនរងគ្រោះនៅកោះពេជ្រជាច្រើនទៀតដែរ គ្រួសាររបស់លោក ឡឹង ពន នៅក្នុងភូមិតាំងទន្លេ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានសម្រេចចិត្តធ្វើបុណ្យបង្សុកូលគម្រប់១០០ថ្ងៃដល់សពប្រពន្ធរបស់គាត់គឺអ្នកស្រី តោ សុផលកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។ អ្នកស្រី តោ សុផល គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះយចំនួនជាង៣៥០នាក់ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នានៅលើស្ពានពេជ្រនៃមណ្ឌលកម្សាន្តកោះពេជ្រកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំមុន។ លោក ឡឹង ពន វ័យ៥៤ឆ្នាំ មានប្រសាសន៍បន្ទាប់ពីពិធីបុណ្យ១០០ថ្ងៃឲ្យប្រពន្ធរបស់លោកថាលោករៀបចំធ្វើបុណ្យ១០០ថ្ងៃនេះទៅតាមការដេញវេលារបស់លោកអាចារ្យវត្តម្នាក់ដើម្បីឲ្យព្រលឹងប្រពន្ធរបស់លោកបានទៅកាន់សុគតិភព។ «បុណ្យហ្នឹងឲ្យគាត់ឆាប់ចាប់ជាតិ កុំឲ្យនៅវិលវល់ កុំឲ្យកំសត់ដូចជាតិនេះទៀត។ ខ្ញុំប្រាថ្នាអញ្ចឹង អុជធូបផ្សងអញ្ចឹងរហូតឲ្យប្រពន្ធចាប់ជាតិឲ្យបានល្អ»។ ដោយនៅមិនទាន់អស់អាល័យនឹងប្រពន្ធ លោក ឡឹង ពន ដែលជាឪពុកនៃកូនបីនាក់និងបច្ចុប្បន្នប្រកបរបររត់ម៉ូតូឌុបនៅផ្សារក្បែរផ្ទះនៅតែមានអារម្មណ៍ហាក់មិនទាន់អស់ចិត្តចំពោះការស្លាប់ប្រពន្ធរបស់លោកទេ។ «ចង់ដឹងថា គេចាប់ជាតិនៅឯណា ចង់ដឹងទៀត។ ចង់ឲ្យគ្រូទាយ ទាយមើលថាតើគេចាប់ជាតិនៅទិសណា នៅខេត្តណា នៅភូមិណាទៀតហ្ន៎។ សព្វថ្ងៃចង់ដឹងទៀត ហេតុតែស្រលាញ់ប្រពន្ធពេកមិនអស់ចិត្ត»។ ប្រពន្ធរបស់លោក ឡឹង ពនគឺអ្នកស្រី តោ សុផល គឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់មួយរូប។ អ្នកស្រីគឺជាអ្នកគ្រប់គ្រងនិងទំនុកបម្រុងគ្រួសារដ៏សំខាន់បំផុតម្នាក់នៅពេលដែលអ្នកស្រីនៅរស់។ អ្នកស្រីនិងលោក ឡឹង ពន ព្រមទាំងអ្នកជិតខាងពីរនាក់ប្តីប្រពន្ធទៀតបាននាំគ្នាទៅដើរកម្សាន្តលេងនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកោះពេជ្រនៅយប់ទីបីនៃពិធីបុណ្យអុំទូក កាលពីឆ្នាំមុនហើយក៏កកស្ទះជាប់នៅលើស្ពាននោះទាំងអស់គ្នាតែម្តងនៅពេលនោះ។ ក្នុងចំណោមអ្នកទាំងបួន មានតែលោក ឡឹង ពនទេដែលមានវាសនានៅរស់រានមានជីវិត ទាំងត្រដាបត្រដួសដោយសារលោកប្រឹងទប់ទ្រូងរបស់លោកកុំឲ្យគេគាបខ្លាំងពេកខណៈដែលប្រពន្ធរបស់លោកបានរបេះដៃចេញពីលោកបាត់នោះ។ «បើខ្ញុំក្បែរស្លាប់ដែរហើយ ទំរាំស្រីៗ ខ្ញុំថាអត់សង្ឃឹមទេ។ មែន ដល់គេទាញអស់ មែនឃើញប្រពន្ធស្លាប់។ ដល់ឃើញប្រពន្ធស្លាប់ ស្លុតចិត្តហ្មង ឡើងវង្វេងហ្មងខ្ញុំ លែងនិយាយចេញ ដល់ប្រពន្ធស្លាប់។ ដល់មកដល់ពេទ្យបាននិយាយចេញ»។ បច្ចុប្បន្ន ក្រុមគ្រួសាររបស់លោក ឡឹង ពន បានរក្សាធាតុរបស់អ្នកស្រី តោក សុផលនៅលើផ្ទះដើម្បីគោរពបូជា។ គ្រួសាររបស់លោកឡឹង ពន បានទទួលថវិកាចំនួន១២.០០០ដុល្លារសហរដ្ឋអាមេរិកពីរដ្ឋាភិបាលនិងសប្បុរសជននានាចំពោះការស្លាប់ប្រពន្ធរបស់លោក។ ពួកគេបានចំណាយថវិកានេះមួយភាគសម្រាប់ការធ្វើបុណ្យឲ្យអ្នកស្រី តោក សុផល ហើយរក្សាខ្លះទុកប្រើប្រាស់នៅពេលអនាគត។ តែទោះជាយ៉ាងនេះក្តី លោក ឡឹង ពន មានប្រសាសន៍ដោយសំឡឹងមើលកូនប្រុសពៅរបស់លោកអាយុជាង១០ឆ្នាំប្លាយដែលបានកោរសក់បួសមុខភ្លើងនៅពេលបូជាម្តាយថា ទឹកប្រាក់នេះមិនអាចប្រៀបធៀបទៅនឹងអាយុជីវិតប្រពន្ធដ៏ជាទីស្រលាញ់របស់លោកបានទេ។ លោក ឡឹង ពន មានប្រសាសន៍ថា លោកបានណែនាំកូនចៅរបស់លោកមិនឲ្យទៅលេងនៅកោះពេជ្រទេនៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ដោយលោកហាក់នៅមានអារម្មណ៍ភ័យខ្លាចនៅឡើយក្រោយពីឆ្លងកាត់បទពិសោធដ៏រន្ធត់នៃឧបទ្ទវហេតុផ្អើលរត់ជាន់គ្នានៅលើស្ពានពេជ្រនោះមក។ «លែងទៅហើយ ផ្តាំកូនផ្តាំចៅ អត់ទៅទេ លែងទៅហើយ។ បើវាចង់ទៅមើល ពូថាមិនបាច់ទេ អង្គាសលុយកូនចៅទៅឯងមានប៉ុន្មាន អានេះទិញនេះ អានោះទិញនោះទៅ ធ្វើកម្មវិធីនៅផ្ទះទៅ ពូខ្លាចហើយ ពូស្បថលែងហ៊ានទៅហើយ»។ តែយ៉ាងណាក៏ដោយ លោក ឡឹង ពន មានប្រសាសន៍បន្ថែមថា លោកចង់ឃើញស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុនោះត្រូវបានគេសាងសង់នៅជិតស្ពាននោះដើម្បីជាការគោរពដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតនៅលើស្ពាននោះ។ លោក ឡឹង ពនក៏បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការរក្សានិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដើម្បីបញ្ជៀសឧបទ្ទវហេតុបែបនេះកុំឲ្យកើតឡើងជាថ្មីទៀតនៅក្នុងប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |